Sermons

[1-5] <រ៉ូម ១:១៨-២៥> អ្នកដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត



<រ៉ូម ១:១៨-២៥>

«ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត  ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែង     ការនោះឲ្យគេឃើញជាក់ ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ         តាំងពីកំណើតលោកីយ៍មក   ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក  ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ   ហើយចិត្តគេ   ដែលឥតយោបល់  ក៏បាន      ត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ  គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ  ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន។»



តើសេចក្តីក្រោធរបស់ព្រះបានសម្តែងមកទាស់នឹងអ្នកណា?


យើង អាចមើលឃើញថា សាវកប៉ុលក៏បានប្រកាសដំណឹងល្អតែមួយ ដែលយើងប្រកាសផងដែរ។ តើសេចក្តីក្រោធរបស់ព្រះបានសម្តែងមកទាស់នឹងអ្នកណា? សេចក្តីជំនុំជម្រះរបស់ព្រះបានសម្តែងមកទាស់នឹងមនុស្សមានបាប ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត គឺជាអ្នកមានបាប ដែលបិទបាំងសេចក្តីពិតនៅក្នុងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ 

សាវកប៉ុលនិយាយយ៉ាងច្បាស់លាស់ថា ជាដំបូង សេចក្តីក្រោធរបស់ព្រះបានសម្តែងមកទាស់នឹងអ្នកដែលបង្ខាំងសេចក្តីពិត ដោយ      សេចក្តីទុច្ចរិត។ ហើយព្រះនឹងវិនិច្ឆ័យពួកគេ។ ដូច្នេះ តើសេចក្តីក្រោធរបស់ព្រះមានលក្ខណៈបែបណា? សេចក្តីក្រោធរបស់ព្រះនឹងទម្លាក់រូបកាយ និងវិញ្ញាណរបស់ពួកគេទៅក្នុងស្ថាននរក។

យើងមិនត្រូវគិតថា ព្រះនឹងកាត់ទោសតែសាច់ឈាមប៉ុណ្ណោះឡើយ ពីព្រោះមនុស្សក៏មានវិញ្ញាណផងដែរ។ ដូច្នេះ ព្រះនឹងកាត់ទោសទាំងសាច់ឈាម និងវិញ្ញាណ។ មានមនុស្សជាច្រើន ដែលបង្ខាំងសេចក្តីពិតរបស់ព្រះ ដោយគំនិតខាងលោកិយរបស់ខ្លួន។ ហើយមានមនុស្សជាច្រើន ដែលមានបាប និងទាស់ប្រឆាំងនឹងមនុស្សសុចរិតផងដែរ។ ដូច្នេះ សេចក្តីក្រោធរបស់ទ្រង់ និងការកាត់ទោសរបស់ទ្រង់បានសម្តែងមកទាស់នឹងអ្នកដែលមានបាបនៅក្នុងចិត្តដ៏រឹងរួសរបស់ខ្លួន និងដែលមិនកោតខ្លាចព្រះ។ 



អ្នកមិនជឿស្ថិតនៅក្រោមសេចក្តីក្រោធរបស់ព្រះ


ព្រះ បានប្រទានសេចក្តីពិតនៃសេចក្តីសង្រ្គោះទៅដល់លោកិយទាំងមូល។ ហើយសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះបានជ្រួតជ្រាបនៅពេញលោកិយនេះ។ ដូច្នេះ មិនអាចមានលេសណាមួយ សម្រាប់ការព្រងើយកន្តើយចំពោះសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះបាន     ឡើយ។ ហើយព្រះនឹងវិនិច្ឆ័យអ្នកដែលមិនជឿតាមដំណឹងល្អអំពីសេចក្តីពិត និងប្រឆាំងនឹងដំណឹងល្អនេះ។

ចូរយើងគិតអំពីមនុស្សដែលមិនទាន់ទទួលបានសេចក្តីស្រឡាញ់នៃដំណឹងល្អពិត។ យើងមើលឃើញអ្វីៗដែលព្រះបានបង្កើតមក ដូចជា ស្មៅ ដើមឈើ ផ្ទៃមេឃ បក្សាបក្សី...។ល។ តើស្នាព្រះហស្តទាំងអស់មាននៅ ដោយមិនមានការបង្កើតរបស់ព្រះបានយ៉ាងដូចម្តេច? ព្រះគម្ពីរនិយាយថា «ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ» (ហេព្រើរ ៣:៤)។ ដូច្នេះ តើវាមិនមែនជាកំហុសរបស់ពួកគេទេឬ ដែលមិនជឿលើព្រះ និងព្រះបន្ទូលអំពីសេចក្តីពិត?

ដូច្នេះ មនុស្សដែលមិនជឿលើព្រះគុណនៃសេចក្តីអត់ទោសបាប សមនឹងទទួលបានការវិនិច្ឆ័យពីព្រះហើយ។ ពួកគេជឿតាមទ្រឹស្តីនៃវវត្តន៍ដែលថា សកលលោកនេះបានវិវត្តឡើងដោយខ្លួនឯង។ ពួកគេក៏និយាយផងដែរថា ពីដំបូង មានការផ្ទុះមួយយ៉ាងខ្លាំង ដែលហៅថា Big Bang ប្រហែលជា១៥ពាន់លានឆ្នាំមុន ហើយបន្ទាប់ពីនោះ មានជីវិតបានកើតឡើង។ ពួកគេនិយាយថា ការពិតនៃជីវិតពីដំបូងនេះបានផ្លាស់ប្តូរ ហើយវាបានវិវត្តទៅជាត្រី សត្វធំៗ ហើយជាចុងក្រោយ ទៅជាមនុស្ស។ បើសិនទ្រឹស្តីនេះពិតជាត្រឹមត្រូវមែន នោះមនុស្សជាតិនឹងត្រូវតែផ្លាស់ប្តូរទៅជាទម្រង់ជីវិតមួយផ្សេងទៀត បន្ទាប់ពីរយៈពេលពីរ ឬបីពាន់ឆ្នាំហើយ។ 

«ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក» (រ៉ូម ១:២០)។ មនុស្សបដិសេធ និងមិនទទួលស្គាល់ព្រះ ទោះបើពួកគេអាចមើលឃើញយ៉ាងច្បាស់លាស់ថា ព្រះមានព្រះជន្មគង់នៅ នៅពេលពួកគេសម្លឹងមើលអាថ៌កំបាំង និងភាពអស្ចារ្យរបស់       ធម្មជាតិក៏ដោយ។ ដូច្នេះ អ្នកជឿស្ថិតនៅក្រោមសេចក្តីក្រោធរបស់ព្រះ។ មនុស្សជាច្រើនមិនថ្វាយសិរីល្អ ឬដឹងគុណដល់ព្រះទេ ប៉ុន្តែពួកគេបែរជាមានគំនិតឥតប្រយោជន៍ទៅវិញ។ ចិត្តដ៏ចំកួតរបស់ពួកគេខ្មៅងងឹត ហើយបានផ្លាស់ប្តូរសិរីល្អរបស់ព្រះដ៏មិនចេះប្រួលប្រែទៅជារូបផ្សេងៗដែលតែងតែខូចវិញ ដូចជា បក្សាបក្សី សត្វជើងបួន និងសត្វលូនវៀរផ្សេងៗ។  ដូច្នេះ   សេចក្តីជំនុំជម្រះរបស់ព្រះកំពុងតែរង់ចាំមនុស្សទាំងអស់ហើយ។ ហើយមនុស្សទាំងអស់ដែលមិនបានកើតជាថ្មី ស្ថិតនៅក្រោមសេចក្តីជំនុំជម្រះរបស់ព្រះ ទោះបើពួកគេជឿ ឬមិនជឿព្រះយេស៊ូវក៏ដោយ។ 



ទ្រង់ប្រគល់អ្នកមិនជឿទៅឯសេចក្តីស្មោកគ្រោក


«ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក  គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗ របស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន» (រ៉ូម ១:២៤-២៧)។ 

តើបទគម្ពីរនេះកំពុងតែព្យាយាមនិយាយអំពីអ្វី? ព្រះទុកឲ្យមនុស្សដែលថ្វាយបង្គំ និងបម្រើស្នាព្រះហស្ត ធ្វើបាប តាមចិត្តរបស់ពួកគេ។ ហើយទ្រង់ក៏បានប្រគល់ពួកគេទៅឲ្យសាតាំងផងដែរ។ ព្រះអនុញ្ញាតឲ្យសាតាំងធ្វើតាមចិត្តរបស់វា។ ដូច្នេះ យើងត្រូវតែជឿលើព្រះ ហើយបាន     សង្រ្គោះ។      «ដ្បិតទាំងពួកស្រីៗ របស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា  ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក។» ទង្វើនេះដូចជាការបដិសេធព្រះ ហើយវាបណ្តាលឲ្យមានជម្ងឺអេដស៍។

ព្រះបានប្រទានទំនៀមទម្លាប់ធម្មតាដល់មនុស្ស គឺមនុស្សប្រុសគួរតែរស់នៅជាមួយមនុស្សស្រី។ ប៉ុន្តែការពិតថា មនុស្សប្រុសមានទំនាក់ទំនងផ្លូវភេទជាមួយមនុស្សប្រុស ហើយមនុស្សស្រីជាមួយមនុស្សស្រី បង្ហាញថា ពួកគេបានបដិសេធទំនៀមទម្លាប់ធម្មតា ដែលបានព្រះបានប្រទានឲ្យហើយ។ កណ្ឌគម្ពីររ៉ូមត្រូវបានសរសេរឡើង ប្រហែលជា១៩០០ឆ្នាំមុន។ សាវកប៉ុលបានទាយថា អ្នកដែលបោះបង់ចោលទំនៀមទម្លាប់ផ្លូវភេទតាមធម្មតារបស់ខ្លួន នឹងទទួលទណ្ឌកម្មសម្រាប់បញ្ហាផ្លូវភេទរបស់ខ្លួន។ ហើយនៅពេលនេះ ព្រះបន្ទូលព្រះត្រូវបានបំពេញសម្រេចហើយ។ យើងដឹងថា ជម្ងឺអេដស៍កំពុងតែកើតមាន ជាពិសេស នៅក្នុងចំណោមមនុស្សស្រឡាញ់ភេទដូចគ្នា។ 

ពួកគេ ពិតជាសមនឹងទទួលទណ្ឌកម្មសម្រាប់អំពើបាបខាងផ្លូវភេទរបស់ពួកគេ។ សេចក្តីក្រោធរបស់ព្រះបានសម្តែងមកទាស់នឹងមនុស្សប្រុសដែលផ្លាស់ប្តូរទំនៀមទម្លាប់ផ្លូវភេទរបស់ខ្លូន។ ពួកគេសមនឹងទទួលទណ្ឌកម្មជាជម្ងឺអេដស៍។ ជម្ងឺនេះត្រូវបានបង្កើតឡើង ដោយការមិនជឿព្រះ។ ព្រះប្រគល់អ្នកមិនជឿទៅគំនិតចោលម្សៀត។ នៅក្នុងន័យផ្សេង វាគឺពិតជាបណ្តាសារបស់ព្រះ។



ពួកគេប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ


មនុស្ស ដែលមិនចូលចិត្តដាក់ព្រះនៅក្នុងគំនិតរបស់ខ្លួន គឺដូចជាមនុស្ស «មានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស និងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង  ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុក           ម្តាយ  ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្តីមេត្តាករុណាសោះ គេក៏ស្គាល់សេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ» (រ៉ូម ១:២៩-៣២)។

តើ «អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ» ធ្វើយ៉ាងដូចម្តេចចំពោះអស់អ្នកដែលប្រព្រឹត្តការអាក្រក់ដូចគ្នា? ពួកគេ «យល់ព្រម» នឹងពួកគេ។ តើមនុស្សដែលប្រឆាំងនឹងព្រះ ធ្វើយ៉ាងដូចម្តេចចំពោះមនុស្សសុចរិត ដែលស្តាប់បង្គាប់តាមព្រះបន្ទូលព្រះ? ពួកគេបៀតបៀនមនុស្សសុចរិត ដោយនិយាយថា «អ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គង»។ បន្ទាប់ពីពួកគេជឿព្រះយេស៊ូវ មនុស្សសុចរិតត្រូវបានគេបៀតបៀន សម្រាប់ជាប្រយោជន៍ដល់សេចក្តីសុចរិត។ ប៉ុន្តែពួកគេទទួលបានព្រះពរហើយ។ 

មនុស្សអាណិតអាសូរអស់អ្នកដែលវង្វេងដោយសាច់ឈាម។ ប៉ុន្តែយើងមើលឃើញថា ពួកគេបដិសេធ និងរារាំងអ្នកដទៃមិនឲ្យជឿព្រះយេស៊ូវ និងបានរាប់ជាសុចរិត ដោយសេចក្តីអត់ទោសបាប។ នេះគឺដូចជាការរស់នៅជាបាវបម្រើរបស់អំពើបាបអញ្ចឹង ពីព្រោះពួកគេមិនជឿទាំងព្រះ និងមិនស្តាប់តាមព្រះបន្ទូលនៃសេចក្តីពិតផង។

ដូច្នេះ អ្នកមិនជឿ និងសាតាំងនិយាយថា យើងមិនគួរបានញែកជាបរិសុទ្ធ និងមានសេចក្តីអត់ទោសបាបទាំងស្រុងនោះទេ ទោះបើពួកគេអនុញ្ញាតឲ្យយើងជឿព្រះយេស៊ូវគ្រីស្ទក៏ដោយ។ អ្នកមិនជឿ និងអ្នកមិនស្តាប់បង្គាប់គិត និងនិយាយថា ពួកគេត្រូវតែជឿព្រះយេស៊ូវ ដើម្បីបានទៅស្ថានសួគ៌ ទោះបើពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេក៏ដោយ។ ដូច្នេះហើយបានជាពួកគេមានអារម្មណ៍សុខសាន្ត នៅពេលពួកគេជឿលើព្រះយេស៊ូវ តែនៅតែជាមនុស្សមានបាបដដែល។ មនុស្សដែលមិនស្គាល់ និងជឿព្រះ ទោះបើពួកគេគឺជាគ្រីស្ទបរិស័ទក៏ដោយ មិនទទួលស្គាល់ព្រះទេ ហើយក៏ប្រឆាំងនឹងទ្រង់ផង។ ពួកគេប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ។ ពួកគេក៏ថ្វាយបង្គំសាតាំង និងអំពើបាបទាំងអស់។ អ្នកដែលមិនបានកើតជាថ្មី ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ គឺដូចគ្នានេះដែរ។ ហើយក៏មានគ្រីស្ទបរិស័ទជាច្រើន ដែលមិនទាន់បានកើតជាថ្មីដែរ។ អ្នកដែលជឿព្រះយេស៊ូវ ដោយនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនស្តាប់បង្គាប់ព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះទេ ហើយពួកគេប្រឆាំងនឹងគ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដែលបានទទួលការអត់ទោសបាប និងបានញែកជាបរិសុទ្ធ ដោយការជឿតាមសេចក្តីពិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 



អ្នកដែលមិនបានកើតជាថ្មីប្រឆាំងនឹងអ្នកដែលបានកើតជាថ្មី


សាវកប៉ុល និយាយនៅក្នុងព្រះគម្ពីរថា សេចក្តីក្រោធរបស់ព្រះបានសម្តែងមកទាស់នឹងមនុស្សដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត។ គាត់ក៏និយាយផងដែរថា សេចក្តីជំនុំជម្រះរបស់ព្រះបានសម្តែងពីស្ថានសួគ៌មកទាស់នឹងសេចក្តីអាក្រក់ និងសេចក្តីទុច្ចរិតទាំងអស់។ គ្រប់យ៉ាងត្រូវធ្វើ ដោយផ្អែកលើសេចក្តីពិត។ ហើយសេចក្តីពិតគឺថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញហើយ។ សេចក្តីជំនុំជម្រះរបស់ព្រះបានសម្តែងមកកាន់អ្នកដែលប្រឆាំងនឹងសេចក្តីពិត និងបង្ខាំងសេចក្តីពិតទុក។ យើងរៀនពីព្រះបន្ទូលព្រះថា អ្នកជឿទាំងអស់ដែលមិនបានកើតជាថ្មី នឹងត្រូវបានជំនុំជម្រះ ដោយទ្រង់ គឺទ្រង់នឹងជំនុំជម្រះអស់អ្នកដែលមិនបានកើតជាថ្មី ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ 

អ្នកជឿដែលមិនបានកើតជាថ្មី ចូលចិត្តនិយាយបង្ខូចអ្នកដែលបានកើតជាថ្មី ជាមួយនឹងចិត្តពេញដោយការព្យាបាទ។ អ្នកទាំងនោះនឹងធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះព្រះនឹងទម្លាក់ពួកគេទៅក្នុងទីនោះ។ ពួកគេមានពេញដោយការព្យាបាទ និងការខ្សិបខ្សៀវគ្នាទៅវិញទៅមក។ មនុស្សមានបាបដែលនិយាយដើមប្រឆាំងនឹងមនុស្សសុចរិត ដែលមានសេចក្តីអត់ទោសបាប នឹងត្រូវទទួលរងនូវការជំនុំជម្រះ។ តើអ្នកយល់ពីអ្វីដែលខ្ញុំនិយាយទេ? យើងគួរតែអាណិតពួកគេ។ ពួកគេប្រឆាំងនឹងព្រះ ដោយអំពើបាបរបស់ខ្លួន ដោយមិនដឹងថា ពួកគេកំពុងតែប្រឆាំងនឹងព្រះផង។ ពួកគេខ្សិបថា «វាគឺជារឿងចម្លែក បើសិនពួកគេមិនមានអំពើបាប»។

សេចក្តីជំនុំជម្រះនៃព្រះ បានសម្តែងមកកាន់អ្នកដែលប្រឆាំងនឹងព្រះ ដោយការអាក្រក់របស់ខ្លួន។ ពួកគេយល់ព្រមនឹងអ្នកដែលប្រព្រឹត្តដូចគ្នាដែរ។ ពួកគេចាត់ទុកថា ការខ្សិបខ្សៀវ និងការនិយាយបង្ខូចគឺជារឿងត្រឹមត្រូវ។ គ្រីស្ទបរិស័ទដែលមិនបានកើតជាថ្មី ខ្សិបខ្សៀវគ្នា និងនិយាយបង្ខូចមនុស្សសុចរិត។ ហើយពួកគេនិយាយដើម និងស្អប់មនុស្សសុចរិត មានអំណួតចំពោះខ្លួនឯង និងបង្កើតគម្រោងការអាក្រក់រួមគ្នា។ តើអ្នកដឹងថា ពួកគេបង្កើតការអាក្រក់ដោយរបៀបណាទេ? ពួកគេប្រព្រឹត្តការអាក្រក់ ដោយការរួបរួមគ្នាទៅវិញទៅមក។ ពួកគេប្រឆាំងនឹងមនុស្សសុចរិត ដោយពាក្យស្លោកល្អៗដូចជា «ចូរជឿព្រះយេស៊ូវយ៉ាងខ្ជាប់ខ្ជួន។ ចូរមានសេចក្តីជំនឿត្រឹមត្រូវ។ ហើយចូរធ្វើជាពន្លឺនៃលោកិយនេះ»។ ពួកគេប្រព្រឹត្តអំពើបាបទាំងនេះ ដោយការរួបរួមគ្នា ពីព្រោះពួកគេមិនសប្បាយចិត្តក្នុងការធ្វើបាបតែម្នាក់ឯងឡើយ។ 

ដូច្នេះ ព្រះមានបន្ទូលនៅក្នុង ទំនុកដំកើង ២:៤ ថា «ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ» ពីព្រោះពួកស្តេចនៅផែនដីនេះទាស់ប្រឆាំងនឹងទ្រង់។ «គួរឲ្យអស់សំណើចណាស់។ ទោះបីជាអ្នកប្រឆាំងនឹងខ្ញុំខ្លាំងយ៉ាងណាក៏ដោយ ក៏នឹងមិនមានបញ្ហាអ្វីសម្រាប់ខ្ញុំទេ។ អ្នកទាំងអស់គ្នាផ្តល់សំណូកឲ្យខ្ញុំជំនុំជម្រះ។» ព្រះកំពុងតែរង់ចាំពេលវេលាជំនុំជម្រះ ពីព្រោះវាជាគួរឲ្យអស់សំណើចណាស់។ 



ព្រះនឹងវិនិច្ឆ័យអ្នកដែលវិនិច្ឆ័យមនុស្សសុចរិត 


អ្នកដែលប្រឆាំងនឹងសេចក្តីពិតរបស់ព្រះ និងមិនបានកើតជាថ្មី ប្រព្រឹត្តអំពើបាប។ ហើយអ្នកដែលបានកើតជាថ្មី ក៏មានការព្យាបាទ និងភាពមិនគ្រប់លក្ខណ៍នៅក្នុងសាច់ឈាមផងដែរ។ ប៉ុន្តែតាមការពិត អ្នកទាំងពីរមានមូលដ្ឋានគ្រឹះខុសគ្នា។ យើងជឿលើព្រះ និងសេចក្តីពិត ហើយបានទទួលការអត់ទោសបាប តាមរយៈព្រះ។ ប៉ុន្តែពួកគេមិនជឿលើព្រះសោះឡើយ។ មនុស្សទាំងនេះប្រឆាំងនឹង «សេចក្តីសុចរិត និង     សេចក្តីពិតរបស់ព្រះ»។ «ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ» (រ៉ូម ២:១)។ 

សាវកប៉ុលនិយាយទៅកាន់គ្រីស្ទបរិស័ទ និងពួកយូដាដែលមិនបានកើតជាថ្មី និងជាប់ផុងនៅក្នុងក្រិត្យវិន័យ។ ពួកគេវិនិច្ឆ័យអ្នកដទៃថា «កុំសម្លាប់ កុំកំផិត កុំលួច ហើយបម្រើតែព្រះមួយប៉ុណ្ណោះ» ខណៈដែលពួកគេមិនរក្សាតាមក្រិត្យវិន័យផង។ មានតែព្រះទេ ទើបវិនិច្ឆ័យបានត្រឹមត្រូវ ហើយមានតែរាស្ត្ររបស់ព្រះ ដែលបានកើតជាថ្មីទេ ទើបអាចវិនិច្ឆ័យ ដោយផ្អែកលើព្រះបន្ទូលព្រះបាន។ 

មនុស្សទាំងនេះនឹងត្រូវទទួលរងនូវការវិនិច្ឆ័យ ពីព្រោះពួកគេវិនិច្ឆ័យមនុស្សសុចរិត តាមតែអំពើចិត្ត។ ព្រះនឹងវិនិច្ឆ័យមនុស្សទាំងអស់ដែលមិនបានកើតជាថ្មី ទោះបើជាពួកយូដា និងគ្រីស្ទបរិស័ទគោរពតាមក្រិត្យវិន័យក៏ដោយ។ សេចក្តីក្រោធរបស់ព្រះបានសម្តែងមកកាន់អ្នកដែលមានជីវិតបែបសាសនា ដែលគោរពតាមក្រិត្យវិន័យ តែមិនបានកើតជាថ្មី ហើយដែលមិនជឿថា ពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរក បើសិនពួកគេមិនស្តាប់បង្គាប់ព្រះ និងមិនជឿថា ពួកគេនឹងបានទៅស្ថានសួគ៌ បើសិនពួកគេធ្វើតាមអ្វីដែលព្រះបានមានបន្ទូល។ មនុស្សនៃសេចក្តីជំនឿគឺជាអ្នកដែលបានរាប់ជាសុចរិត បន្ទាប់ពីគាត់ជឿលើព្រះយេស៊ូវគ្រីស្ទ។ យើងត្រូវតែបែងចែកឲ្យបានដាច់ស្រឡះ។ អ្នកដែលអាចជឿព្រះ និងមានជីវិតឆេះឆួល ដោយមិនមានការបានកើតជាថ្មី វិនិច្ឆ័យមនុស្សសុចរិត តាម        លក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ពួកគេ។ 

ទោះបីជាយ៉ាងណា ព្រះប្រាកដជានឹងវិនិច្ឆ័យពួកគេ។ ពួកគេមិនដឹងថា ពួកគេកំពុងតែវិនិច្ឆ័យខ្លួនឯង តាមលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ពួគគេទេ។ ឱអ្នកដែលវិនិច្ឆ័យមនុស្សសុចរិត ដែលមានសេចក្តីអត់ទោសបាប ដោយជំនឿខុស និងមិនជឿលើព្រះគុណនៃសេចក្តីពិតរបស់ព្រះអើយ តើអ្នកគិតថា អ្នកអាចគេចចេញពីការជំនុំជម្រះរបស់ព្រះបានយ៉ាងដូចម្តេចទៅ? ព្រះនឹងវិនិច្ឆ័យមនុស្សទាំងនេះជាមិនខាន។ 



សេចក្តីជំនុំជម្រះរបស់ព្រះគឺសុចរិត


«តែយើងរាល់គ្នាដឹងថា ចំណែកសេចក្តីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្តីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ» (រ៉ូម ២:២)។  យើងដឹងច្បាស់ថា សេចក្តីជំនុំជម្រះរបស់ព្រះគឺផ្អែកលើសេចក្តីពិត ដែលទាស់នឹងអ្នកដែលវិនិច្ឆ័យអ្នកដទៃ ខណៈដែលខ្លួនមិនបានកើតជាថ្មីទេ ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ យើងត្រូវតែដឹងថា ព្រះបញ្ជូនមនុស្សទាំងនេះទៅកាន់ស្ថាននរក ពីព្រោះសេចក្តីពិតរបស់ទ្រង់គឺត្រឹមត្រូវ និងពីព្រោះសេចក្តីជំនុំជម្រះរបស់ទ្រង់គឺយុត្តធម៌។ ទោះបីជាមនុស្សទៅស្ថាននរក ឬមិន មិនអាស្រ័យលើគោលលទ្ធិនៃការតម្រូវទុកជាមុនរបស់ព្រះ ដែលបង្រៀនថា «ព្រះស្រឡាញ់មនុស្សមួយចំនួន ប៉ុន្តែទ្រង់ស្អប់មនុស្សមួយចំនួនទៀត ដោយឥតលក្ខខណ្ឌ» នោះឡើយ។ តាមការពិត ព្រះបានជ្រើសរើសមនុស្សទាំងអស់នៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅមុនការបង្កបង្កើតផែនដីនេះទៅទៀត (អេភេសូរ ១:៤)។ 

អ្នកណាដែលជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្លួនហើយ ទទួលបានការអត់ទោសបាប។ ព្រះបានតម្រូវការនេះទុកជាមុន។ ដូច្នេះ អស់អ្នកដែលមិនបានកើតជាថ្មី ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ នឹងធ្លាក់ទៅក្នុងស្ថាននរក។ ពួកគេនឹងទៅស្ថាននរក ដោយយោងតាមសេចក្តីជំនុំជម្រះរបស់ព្រះ ហើយនេះគឺជាសេចក្តីពិត។ 

សេចក្តីជំនុំជម្រះរបស់ព្រះ ដែលបញ្ជូនមនុស្សទៅស្ថាននរក គឺត្រឹមត្រូវ។ ហេតុអ្វី? ពីព្រោះពួកគេបានបដិសេធសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ និងមិនជឿព្រះ ហើយមិនទទួលយកសេចក្តីសង្រ្គោះរបស់ព្រះទេ។ ដូច្នេះ យោងតាមសេចក្តីពិត ទ្រង់សមនឹងបញ្ជូនអស់អ្នកដែលមិនបានកើតជាថ្មី ទៅស្ថាននរកហើយ។ 

អ្នកខ្លះនឹងនិយាយថា «ហេតុអ្វីព្រះមិនបានប្រកាសដំណឹងល្អដល់ខ្ញុំ?» តើទ្រង់មិនបានប្រកាសទេឬ? ទ្រង់បានប្រកាសដំណឹងល្អទៅកាន់អ្នកជាច្រើនដងហើយ។ ចូរព្យាយាមទទួលបានសេចក្តីសង្រ្គោះ ដោយបើកភ្នែករបស់អ្នកឲ្យបានធំៗ។ មានពួកជំនុំតែបន្តិចបន្តួចទេ ដែលប្រកាសដំណឹងល្អពិតនៅក្នុងលោកិយនេះ។ ទោះបីជាយ៉ាងណា អ្នកអាចជួបសេចក្តីពិតបាន បើសិនអ្នកពិតជាស្វែងរកវាមែន។ នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំពិតជាបានព្យាយាមស្វែងរកឃើញសេចក្តីពិត! នៅពេលខ្ញុំមិនទាន់បានកើតជាថ្មី បន្ទាប់ពីអធិប្បាយសេចក្តីអធិប្បាយមួយហើយ ខ្ញុំបានអធិស្ឋានថា «ឱព្រះអម្ចាស់! ទូលបង្គំគឺជាមនុស្សមានបាបម្នាក់នៅចំពោះព្រះ ទោះបើទូលបង្គំបានអធិប្បាយព្រះបន្ទូលទ្រង់ទៅកាន់មនុស្សដូច្នេះក៏ដោយ។ អ្វីដែលទូលបង្គំបានប្រាប់មនុស្សគឺជាអ្វីដែលទូលបង្គំកំពុងតែនិយាយមកកាន់ខ្លួនឯង។ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់។ សូមជួបទូលបង្គំ។ ហើយសូមសង្រ្គោះទូលបង្គំផង»។ 

ខ្ញុំមិនដឹងថា ខ្ញុំបានព្យាយាមស្វែងរកសេចក្តីពិតខ្លាំងយ៉ាងណាទេ។ ព្រះចង់ជួបជាមួយអ្នកណាដែលស្វែងរកទ្រង់។ ព្រះចង់ប្រោសលោះមនុស្សទាំងនោះ ដែលមិនបានស្វែងរកទ្រង់។ «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» (រ៉ូម ៩:២៥)។ ព្រះមានបន្ទូលថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង ដែលបានយាងមកលោកិយនេះ ដើម្បីសង្រ្គោះយើង។ អ្នកដែលបានស្វែងរកទ្រង់ដោយស្មោះត្រង់ ប្រាកដជានឹងបានជួបទ្រង់។ មនុស្សផ្សេងទៀតមិនបានស្វែងរកព្រះទេ ប៉ុន្តែមាន     ឱកាសជួបព្រះអម្ចាស់ នៅពេលគ្រូអធិប្បាយដំណឹងល្អមកឯពួកគេ ហើយអធិប្បាយដំណឹងល្អដល់ពួកគេ។ អ្នកខ្លះទៀតចាប់អារម្មណ៍លើដំណឹងល្អ ប៉ុន្តែអ្នកខ្លះទៀតមិនចាប់អារម្មណ៍ទេ។ ប៉ុន្តែមនុស្សដែលនឹងទៅស្ថាននរក នឹងទៅស្ថាននរក ពីព្រោះពួកគេបានបដិសេធដំណឹងល្អ។

អ្នកដែលបដិសេធដំណឹងល្អ សមនឹងទៅស្ថាននរក ដោយយោងតាមសេចក្តីពិតរបស់ព្រះ។ អ្នកដែលសមនឹងទៅនគរស្ថានសួគ៌ នឹងទៅស្ថានសួគ៌ ដោយការជឿលើព្រះយេស៊ូវ ដោយយោងតាមការបែងចែកត្រឹមត្រូវ ទោះបើពួកគេមិនមានផលផ្លែលេចធ្លោអ្វីសោះក៏ដោយ។

ព្រះមិនបញ្ជូនមនុស្សម្នាក់ទៅស្ថាននរក ហើយមនុស្សម្នាក់ទៀតទៅស្ថានសួគ៌ ដោយភាពលម្អៀងឡើយ។ ប៉ុន្តែទ្រង់វិនិច្ឆ័យ ដោយយោងតាមសេចក្តីវិនិច្ឆ័យត្រឹមត្រូវនៅក្នុងសេចក្តីពិតវិញ។ ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អ។ «មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី  ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី» (រ៉ូម ២:៣-៤)។ 



ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់រួចហើយ


សាវកប៉ុល និយាយទៅកាន់មនុស្សមានបាប ពួកយូដា និងគ្រីស្ទ     បរិស័ទដែលគោរពក្រិត្យវិន័យ និងដែលមិនទទួលយកសេចក្តីស្រឡាញ់របស់ព្រះ និងមិនបានកើតជាថ្មីថា ព្រះនឹងជំនុំជម្រះពួកគេ ហើយពួកគេត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែអ្វីគឺជាដំណឹងល្អ? នៅក្នុង រ៉ូម ២:៤ ព្រះមានបន្ទូលថា «ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី»។ សេចក្តីស្រឡាញ់របស់ព្រះបានសម្តែងយ៉ាងច្បាស់លាស់មកកាន់មនុស្សទាំងអស់ ហើយគង់នៅយ៉ាងសុចរិត។

មិនមានអ្នកណាម្នាក់ ដែលត្រូវបានកាត់ចេញពីព្រះគុណនៃសេចក្តីសង្រ្គោះរបស់ព្រះឡើយ។ ព្រះយេស៊ូវបានលុបបំបាត់អំពើបាបទាំងអស់របស់លោកិយនេះហើយ។ ទ្រង់បានញែកយើងជាបរិសុទ្ធហើយ។ តើទ្រង់គ្រាន់តែលុបបំបាត់បាបតាំងពីកំណើត ហើយអត់ទោសអំពើបាបប្រចាំថ្ងៃរបស់យើង នៅពេលយើងអធិស្ឋានសម្រាប់ការអត់ទោសឬ? ទេ។ ព្រះអម្ចាស់បានលុបបំបាត់អំពើបាបទាំងអស់នៅក្នុងលោកិយនេះ តែម្តងជាសម្រេច។ ប៉ុន្តែអស់អ្នកដែលប្រឆាំងនឹងព្រះ ព្រងើយកន្តើយចំពោះសេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ «តើព្រះយេស៊ូវបានសង្រ្គោះយើងដោយរបៀបណា? តើខ្ញុំអាចនិយាយថា [ខ្ញុំមិនមានបាប] បានយ៉ាងដូចម្តេច បើសិនខ្ញុំនៅតែបន្តធ្វើបាបជានិច្ចដូច្នេះ? វាឥតប្រយោជន៍ឡើយ។ ទោះបីជាទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់ក៏ដោយ តើព្រះអាចលុបបំបាត់អំពើបាបទាំងអស់របស់ខ្ញុំបានយ៉ាងដូចម្តេច បើសិនខ្ញុំនៅតែបន្តធ្វើបាបជានិច្ចដូច្នេះ?»

មនុស្សគិតតាមសាច់ឈាមដូច្នេះ ប៉ុន្តែព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ដោយសេចក្តីស្រឡាញ់របស់ទ្រង់រួច    ហើយ។ ព្រះម្ចាស់បានយាងមកលោកិយនេះ ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់យើងទាំងស្រុង។ ព្រះអម្ចាស់ជ្រាបពីភាពមិនគ្រប់លក្ខណ៍ និងការបន្តធ្វើបាបរបស់មនុស្ស។ ដូច្នេះ ទ្រង់បានលុបបំបាត់អំពើបាបទាំងអស់របស់លោកិយនេះចេញ តែម្តងជាសម្រេច ដោយបុណ្យជ្រមុជរបស់ទ្រង់ និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះ      អម្ចាស់ជ្រាបពីការបន្តធ្វើបាបរបស់មនុស្សយ៉ាងច្បាស់លាស់។  «ខ្ញុំបានសង្រ្គោះអ្នក ពីព្រោះខ្ញុំបានដឹងថា អ្នកនឹងបន្តធ្វើបាប ម្តងហើយម្តងទៀត រហូតដល់អ្នកស្លាប់។»

ព្រះអម្ចាស់ បានលាងសម្អាតអំពើបាបរបស់លោកិយនេះចេញ      ហើយ។ ព្រះអម្ចាស់បានទទួលយកយើងទាំងអស់គ្នា ដោយការប្រោសលោះយើង។ ព្រះអម្ចាស់បានបង់ថ្លៃឈ្នួលនៃអំពើបាបសម្រាប់មនុស្សមានបាប ហើយបានញែកពួកគេជាបរិសុទ្ធ ដោយអំណាច និងសេចក្តីសុចរិតរបស់ទ្រង់ (ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-    បាទ្ទីស នៅទន្លេយ័រដាន់)។ ព្រះអម្ចាស់បានអនុញ្ញាតឲ្យយើងទទួលបានព្រះពរ បានធ្វើជាកូនរបស់ទ្រង់ ហើយបានជួយឲ្យយើងបានទៅនគរ    ស្ថានសួគ៌ ដោយការបង់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង ដោយព្រះជន្មរបស់ទ្រង់ (ព្រះលោហិត) គឺព្រះអម្ចាស់បានធ្វើឲ្យមនុស្សមានបាបក្លាយទៅជាកូនសុចរិតរបស់ទ្រង់។ 

មនុស្សមានបាបត្រូវតែប្រែចិត្ត និងបែរចិត្តរបស់ខ្លួនមកឯព្រះអម្ចាស់   វិញ។ «ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី។» ព្រះកាត់ទោសអស់អ្នកដែលមើលងាយ និងបដិសេធសេចក្តីល្អ សេចក្តីសប្បុរសដ៏ឥតគណនា សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ព្រះ ឲ្យធ្លាក់ទៅក្នុងស្ថាននរក។ ប្រាកដណាស់ថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ ហើយថា ដំណឹងល្អត្រូវបានប្រកាសទៅទូទាំងលោកិយនេះ។ ប៉ុន្តែមនុស្សនឹងទៅស្ថាននរក ពីព្រោះពួកគេមិនជឿតាមដំណឹងល្អ។ ព្រះយេស៊ូវបានសង្រ្គោះយើង ដោយការលាងសម្អាតអំពើបាបទាំងអស់របស់យើង ដើម្បីការពារយើងមិនឲ្យធ្លាក់ទៅក្នុងស្ថាននរក ទោះបើយើងចង់ទៅស្ថាននរក ដោយការមើលងាយសេចក្តីទ្រាំទ្រ និងសេចក្តីសប្បុរសដ៏ឥតគណនានៃសេចក្តីល្អរបស់ទ្រង់ក៏ដោយ។ ទោះបីជាយើងមានបំណងចង់ទៅស្ថាននរកក៏ដោយ ក៏ទ្រង់បានសង្រ្គោះយើងហើយ។ 

ដូច្នេះ ដើម្បីបានសង្រ្គោះ យើងត្រូវតែជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ ចូរជឿ ហើយបានសង្រ្គោះចុះ។ អ្នកដែលមើលងាយសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ នឹងធ្លាក់ទៅក្នុងស្ថាននរក។ ស្ថាននរកគឺជាកន្លែងមួយ ដែលព្រះបានរៀបបំសម្រាប់អស់អ្នកដែលមើលងាយព្រះគុណនៃសេចក្តីសង្រ្គោះរបស់ទ្រង់ និង      សេចក្តីសប្បុរសដ៏ឥតគណនានៃសេចក្តីល្អរបស់ទ្រង់។ អ្នកមិនជឿបានទិញសំបុត្ររបស់ពួកគេទៅស្ថាននរករួចហើយ។ ដូច្នេះ អ្នកដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ត្រូវតែប្រែចិត្ត និងបែរចិត្តរបស់ខ្លួនមកឯព្រះអម្ចាស់       វិញ ពីព្រោះបើសិនអ្នកមិនមានជំនឿតាមដំណឹងល្អពិតទេ នោះអ្នកក៏នឹងនិយាយថា លាហើយ ទៅកាន់នគរស្ថានសួគ៌ផងដែរ។ 



មនុស្សទៅស្ថាននរក ពីព្រោះពួកគេបដិសេធសេចក្តីស្រឡាញ់របស់ព្រះ


«តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក» (រ៉ូម ២:៥)។ អ្នកដែលរឹងរបឹង ហើយមិនព្រមប្រែចិត្ត នឹងធ្លាក់ទៅស្ថាននរក។ មនុស្សមួយចំនួនធ្លាក់ទៅស្ថាននរក ពីព្រោះពួកគេបានបដិសេធសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ មនុស្សមានបាប ដែលបដិសេធសេចក្តីពិត ដោយចិត្តរឹងរួស ហើយដេញតាមគំនិតផ្ទាល់ខ្លួន នឹងធ្លាក់ទៅស្ថាននរក ដោយសារតែឈ្នួលនៃអំពើបាបរបស់ខ្លួន។ ហើយអ្នកដែលបដិសេធមិនទទួលសេចក្តីស្រឡាញ់របស់ព្រះ និងនៅតែមានះអធិស្ឋានលន់តួ ដើម្បីបានការញែកជាបរិសុទ្ធបន្តិចម្តងៗ នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក នៅទីបំផុត។ ការបដិសេធសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ គឺដូចជាការប្រមូលសេចក្តីក្រោធរបស់ព្រះ រហូតដល់ថ្ងៃនៃសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះដែរ។

នៅក្នុងផែនការប្រោសលោះរបស់ទ្រង់ ព្រះបានសម្រេចព្រះទ័យសង្រ្គោះមនុស្សមានបាប ហើយរាប់ពួកគេជាសុចរិត នៅមុនពេលសាតាំងបានបង្ខូចយើងទៅក្នុងបាបទៅទៀត។ ព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់មកសង្រ្គោះ និងញែកយើងជាបរិសុទ្ធ។ ប៉ុន្តែមនុស្សមានបាបមិនបានទទួលសេចក្តីសង្រ្គោះនេះទេ។ ពួកគេបានប្រមូលសេចក្តីក្រោធរបស់ព្រះទុកយ៉ាងពេញប្រៀប ដោយការបដិសេធសេចក្តីស្រឡាញ់របស់ព្រះ ហើយពួកគេនឹងត្រូវបានជំនុំជម្រះ នៅថ្ងៃនៃសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះ។ សេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះ គឺត្រូវបញ្ជូនអស់អ្នកដែលមានអំពើបាបនៅក្នុងចិត្ត ឲ្យទៅស្ថាននរក។

ហេតុអ្វី? ពីព្រោះព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសង្រ្គោះមនុស្សគ្រប់រូបនៅក្នុងលោកិយនេះ ដោយសារសេចក្តីជំនឿហើយ។ មនុស្សមានបាបប្រាកដជាធ្លាក់ទៅស្ថាននរក។ ដោយសារពួកគេមានចិត្តរឹងរួស និងស្ម័គ្រចិត្តទៅស្ថាននរក នៅថ្ងៃចុងក្រោយ ពួកគេប្រាកដជានឹងស្តាយក្រោយចំពោះសេចក្តីចំកួតរបស់ខ្លួនជាមិនខាន។ ដូច្នេះ មនុស្សមានបាបនឹងទៅស្ថាននរក បើសិនពួកគេមិនទទួលយកសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ 

មនុស្ស គិតថា ព្រះមិនសមហេតុផលទេ ពីព្រោះទ្រង់បញ្ជូនមនុស្សមួយចំនួនទៅស្ថាននរក ហើយមួយចំនួនទៀតទៅនគរស្ថានសួគ៌ តាមតែអំណាចរបស់ទ្រង់។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ ព្រះបានបង្កើតស្ថាននរកសម្រាប់អ្នកដែលមានចិត្តរឹងរួស និងបដិសេធសេចក្តីពិត និង    សេចក្តីស្រឡាញ់របស់ទ្រង់ ដើម្បីឲ្យមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេទៅ។ 

ព្រះគម្ពីរ និយាយថា ស្ថាននរកគឺជាបឹងមួយ ដែលភ្លើង និងស្ពាន់ធម៌ឆេះ។ ហើយមានដង្កូវកខ្វក់វៀររវីមរវៀមសម្រាប់អស់អ្នកដែលចូលចិត្តមានបាប។ ពួកគេយំថា «ទេ ទេ ខ្ញុំស្អប់កន្លែងនេះខ្លាំងណាស់»។ ប៉ុន្តែព្រះនឹងមានបន្ទូលថា «អញបានលាងសម្អាតអំពើបាបទាំងអស់របស់ឯងហើយ ប៉ុន្តែឯងបាននិយាយថា វាមិនមានបញ្ហាអ្វីទេ ដែលឯងមានបាប។ ដូច្នេះ អញឲ្យដង្កូវជាអំណោយ និងជាមិត្តភ័ក្តិដល់ឯង ពីព្រោះឯងមិនបានចូលចិត្តសេចក្តីអត់ទោសបាបទេ»។ ពួកគេឆ្លើយថា «ទេ ទូលបង្គំស្អប់កន្លែងនេះខ្លាំងណាស់»។

«ឯងបានទទូចចង់បានវា ទោះបើឯងស្អប់វាក៏ដោយ។ អញគឺជាព្រះអម្ចាស់នៃសេចក្តីសុចរិត។ អញបានឲ្យអ្វីដែលឯងចង់បាន។ អញឲ្យស្ថាននរកដល់អស់អ្នកដែលចូលចិត្តមានបាបនៅក្នុងចិត្តរបស់ខ្លួន។» នេះគឺជាសេចក្តីវិនិច្ឆ័យដ៏សុចរិតរបស់ព្រះ។ មនុស្សជាតិធ្វើបាប ខណៈដែលកំពុងរស់នៅក្នុងលោកិយនេះ ប៉ុន្តែពួកគេមិនគួរព្រងើយកន្តើយចំពោះដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះទេ។ 

មនុស្សទៅស្ថាននរក ពីព្រោះពួកគេមានចិត្តរឹងរួស។ ប៉ុន្តែយើងមិនគួរមានចិត្តមានះនៅចំពោះព្រះឡើយ។ យើងត្រូវតែជឿថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចហើយ។ ហើយយើងត្រូវតែជឿ ទោះបើយើងមើលវាមិនឃើញក៏ដោយ។



ព្រះប្រាប់យើងថា ទ្រង់បានស្រឡាញ់យើងរួចហើយ


ព្រះ ប្រាប់យើងថា ទ្រង់បានស្រឡាញ់យើងរួចហើយ។ «ខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នករួចហើយ។» អ្នកត្រូវតែជឿលើការពិតនេះ។ នៅពេលព្រះមានបន្ទូលថា ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី យើងត្រូវតែជឿតាម ពីព្រោះព្រះបន្ទូលព្រះគឺពិត។ សេចក្តីជំនឿចាប់ផ្តើមដោយការជឿតាមព្រះបន្ទូលព្រះ។ មនុស្សជឿលើអ្វីមួយ លុះត្រាតែពួកគេយល់ពីវា ដោយក្បាលដ៏តូចរបស់ខ្លួន ហើយមិនជឿលើវា នៅពេលណាពួកគេមិនអាចយល់ពីវាបាន។ អ្នកជឿទាំងអស់ដែលមិនជឿថា ព្រះបានសង្រ្គោះមនុស្សមានបាបទាំងអស់ ចេញពីអំពើបាបរបស់ពួកគេរួចហើយ នឹងត្រូវទៅស្ថាននរក។ ពួកគេគឺជាអ្នកសម្រេចិត្តទៅស្ថាននរកដោយខ្លួនឯង។

មានគ្រីស្ទបរិស័ទលេចធ្លោម្នាក់ ដែលធ្លាប់បានប្រកាសប្រាប់              ជាសាធារណៈថា «ខ្ញុំសូមសារភាពនៅចំពោះព្រះថា ខ្ញុំគឺជាមនុស្សមានបាបម្នាក់ រហូតដល់ខ្ញុំស្លាប់ទៅវិញ»។ គាត់បានស្លាប់ទៅ ហើយធ្លាក់ទៅក្នុងស្ថាននរកមែន។ គាត់បាននិយាយទៅកាន់ព្រះថា «ទូលបង្គំសូមប្រកាសថា ទូលបង្គំគឺជាមនុស្សមានបាបម្នាក់នៅចំពោះព្រះ ហើយមិនអាចបានរាប់ជាសុចរិតនៅចំពោះទ្រង់បានឡើយ»។ គាត់នៅតែបានទទូចធ្វើជាមនុស្សមានបាបម្នាក់ រហូតដល់ពេលគាត់ស្លាប់។ គាត់បានបដិសេធសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះ រហូតដល់ដង្ហើមចុងក្រោយរបស់គាត់។ បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលថា «អ្នកពិតជាស្មោះត្រង់ចំពោះសេចក្តីជំនឿរបស់អ្នកមែន! តាមរយៈជំនឿបែបនេះ អ្នកសមនឹងទៅស្ថាននរកហើយ។ ខ្ញុំបញ្ជូនអ្នកទៅស្ថាននរក ពីព្រោះមនុស្សមានបាបមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ»។ 



បើសិនខ្ញុំបានជឿ


បុរស ដែលបាននិយាយថា «ខ្ញុំសូមប្រកាសថា ខ្ញុំគឺជាមនុស្សមានបាបម្នាក់ រហូតដល់ខ្ញុំស្លាប់» បានធ្លាក់ទៅក្នុងស្ថាននរក។ ហើយព្រះក៏មិនអាចជួយមនុស្សបែបនេះដែរ។ ពួកគេមិនគ្រាន់តែប្រកាសថា ពួកគេគឺជាមនុស្សមានបាបប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បង្រៀនអ្នកជឿដែលទុកចិត្តលើពួកគេថា «យើងគឺជាមនុស្សមានបាប រហូតដល់យើងស្លាប់ ហើយយើងនឹងនៅតែជាមនុស្សមានបាបដដែល នៅពេលយើងឈរនៅចំពោះព្រះ»។ ដូច្នេះ អ្នកជឿជាច្រើនក៏ដើរតាមផ្លូវសាសនាដូចគ្នានេះ។ ប៉ុន្តែព្រះបានមានបន្ទូលថា មនុស្សមានបាបនឹងធ្លាក់ទៅក្នុងស្ថាននរក។ ហើយក៏មានគ្រីស្ទបរិស័ទច្រើនរាប់មិនអស់ នៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ដើរតាមសេចក្តីបង្រៀននេះផងដែរ។ ព្រះបានមានបន្ទូលថា មនុស្សមានបាបទាំងនោះនឹងស្តាយក្រោយជារៀងរហូត ហើយសង្កៀតធ្មញនៅក្នុង    ភ្លើងនរកដ៏ក្តៅគគុក។ នៅពេលនោះ ពួកគេនឹងនិយាយថា «បើសិនខ្ញុំបានជឿ ហើយបើសិនខ្ញុំគ្រាន់តែបានជឿតាមដំណឹងល្អ»។ 

«បើសិនខ្ញុំជឿលើការពិតថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំ និងបោះបង់ចោលគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ នោះខ្ញុំនឹងបានចូលទៅក្នុងនគរស្ថានសួគ៌ហើយ!» «បើសិនខ្ញុំបានជឿ ហើយបើសិនខ្ញុំគ្រាន់តែបានជឿ។» នឹងមានមនុស្សជាច្រើននិយាយបែបនេះ នៅក្នុងស្ថាននរក។ ពួកគេនឹងនិយាយថា «បើសិន បើសិន បើសិនខ្ញុំបានជឿ។ បើសិនខ្ញុំបានទទួលយកសេចក្តីពិត នោះខ្ញុំនឹងបានធ្វើជាកូនរបស់ទ្រង់    ហើយ។ ហេតុអ្វីក៏ខ្ញុំមានចិត្តរឹងរួសយ៉ាងនេះ?»។

យើង ដែលជាមនុស្សសុចរិត នឹងសួរព្រះនៅពេលនោះថា «ព្រះអម្ចាស់ សូមបង្ហាញឲ្យពួកទូលបង្គំបានឃើញថា ឥឡូវនេះ មនុស្សមានបាបកំពុងតែធ្វើអ្វី។ ពួកគេបានបៀតបៀនពួកទូលបង្គំ ដែលជាមនុស្សសុចរិត»។ ព្រះអាចឆ្លើយថា «ទេ វាមិនល្អសម្រាប់ពួកកូនទេ ពីព្រោះពួកកូននឹងពិបាកចិត្ត ដែលមើលឃើញអ្នកមួយចំនួនដែលពួកកូនស្គាល់ កំពុងតែរងទុក្ខនោះ»។ «សូមបង្ហាញកូនតែម្តងបានហើយ!» នៅថ្ងៃមួយ ព្រះអម្ចាស់នឹងបង្ហាញឲ្យយើងឃើញមិនខាន ពីព្រោះទ្រង់មានសេចក្តី     សប្បុរស។ ដូច្នេះ ចូរយើងចាត់ទុកថា យើងមើលឃើញការរងទុក្ខរបស់ពួកគេ។ នឹងមានឮសម្លេងស្រែកថា «បើសិនខ្ញុំបានជឿៗ»។ បន្ទាប់មក យើងនឹងឆ្ងល់ថា «តើនេះគឺជាសម្លេងអ្វី? តើពួកគេកំពុងតែច្រៀងឬ?»។ ព្រះប្រាប់ថា «ចូរស្តាប់ដោយយកចិត្តទុកដាក់មើលថា ពួកគេកំពុងតែច្រៀង ឬសោកស្តាយ»។ មនុស្សប្រុសស្រីនៅក្នុងភ្លើងកំពុងតែច្រៀង និងសោកស្តាយថា «បើសិនខ្ញុំបានជឿ»។ 

មនុស្សដែលមានចិត្តរឹងរួស នឹងធ្លាក់ទៅក្នុងស្ថាននរក បើសិនពួកគេមិនរឹងរួសនៅក្នុងផ្លូវត្រឹមត្រូវទេ។ យើងពិតជាត្រូវការភាពខ្ជាប់ខ្ជួនជាមួយសេចក្តីពិត។ មនុស្សមិនគួរស្ទាក់ស្ទើរទេ ប៉ុន្តែយើងគួរតែខ្ជាប់ខ្ជួន នៅពេលយើងត្រូវតែខ្ជាប់ខ្ជួន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែខ្ជាប់ខ្ជួននៅក្នុងផ្លូវត្រឹមត្រូវ ហើយយើងត្រូវតែបំបែកភាពខ្ជាប់ខ្ជួនរបស់យើង នៅពេលវានៅក្នុងផ្លូវមិនត្រឹមត្រូវ។ 



ព្រះនឹងសងដល់មនុស្សទាំងអស់ តាមទង្វើដែលពួកគេបានប្រព្រឹត្ត


ព្រះ «ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ» (រ៉ូម ២:៦-៧)។ ព្រះសងដល់មនុស្សគ្រប់គ្នា តាមទង្វើរបស់ពួកគេរៀងខ្លួន និងវិនិច្ឆ័យពួកគេតាមរបៀបនេះ។ ព្រះ «សង» មានន័យថា «ទ្រង់ផ្តល់រង្វាន់ តាមទង្វើណាមួយ»។ តើមនុស្សប្រភេទណាមានភាពអត់ធ្មត់បន្តធ្វើការល្អ ខណៈដែលកំពុងស្វែងរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីមិនពុករលួយ? ពួកគេគឺជាមនុស្សដែលជឿលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវ។ 

មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ប៉ុន្តែព្រះប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលទ្រាំទ្រសម្រាប់សេចក្តីសុចរិត និងជឿលើសេចក្តីពិត មិនថាអ្នកដទៃនិយាយអ្វីក៏ដោយ។ ព្រះប្រទានសិរីល្អនៃនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ចដល់អ្នកដែលចង់ធ្វើជាមនុស្សសុចរិត និងចង់មានជីវិតពេញដោយអំណរអស់កល្បជានិច្ច។ ពួកគេបន្តធ្វើការល្អ ស្វែងរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីមិនពុករលួយ គឺចង់ធ្វើជាកូនៗរបស់ព្រះ។ ពួកគេទ្រាំទ្រ និងបន្តធ្វើការល្អ ដើម្បីដេញតាម និងដើរតាមសេចក្តីសុចរិតរបស់ព្រះ។ ព្រះប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សទាំងនេះ អនុញ្ញាតឲ្យពួកគេរស់នៅអស់កល្បជានិច្ច ហើយយកពួកគេធ្វើជាកូនៗរបស់ទ្រង់។ កូនៗរបស់ព្រះគឺជាពួកបរិសុទ្ធនៅក្នុងនគររបស់ទ្រង់។ 

«តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ» (រ៉ូម ២:៨)។ «តែពួកអ្នក» សំដៅទៅលើក្រុមមនុស្សដែលប្រឆាំងនឹងពួកអ្នកមានពរ។ សេចក្តីក្រោធ និងសេចក្តីឃោរឃៅរបស់ព្រះត្រូវធ្លាក់ទៅលើពួកអ្នកដែលមិនស្តាប់បង្គាប់តាមសេចក្តីសុចរិតរបស់ទ្រង់ ចូលចិត្តឈ្លោះប្រកែក និងមិនស្តាប់តាមសេចក្តីពិត។ ព្រះបញ្ជូនពួកគេទៅស្ថាននរក។ ពួកអ្នកដែលមិនបានកើតជាថ្មី និងមិនស្តាប់តាមសេចក្តីពិត ចូលចិត្តឈ្លោះប្រកែក និងប្រឆាំងនឹងសេចក្តីពិត ជាក្រុម។

ពួកអ្នកដែលមិនបានកើតជាថ្មី ចូលចិត្តទាស់ទែង និងបង្កើតបក្ស      ពួក។ ពេញក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េ បុព្វបុរសរបស់យើងបានបង្កើតបក្សពួក ហើយប្រហារគ្នាទៅវិញទៅមក នៅក្នុងបញ្ហានយោបាយ។ គេនឹងសម្រេចជ្រើសរើសយកក្រុមដែលមានអំណាចគ្រប់គ្រង ធ្វើជាស្តេច។ នៅពេលមនុស្សម្នាក់ពីគ្រួសារលីបានក្លាយជាស្តេច មនុស្សទាំងអស់របស់គ្រួសារលីត្រូវបានតែងតាំងឲ្យមានតំណែងខ្ពស់ៗ ហើយអ្នកដទៃទៀតត្រូវបានបណ្តេញចេញ ឬធ្វើទុក្ខបុកម្នេញ។ ប៉ុន្តែនៅពេលរាជ្យបាល័ង្លផ្លាស់ប្តូរទៅឲ្យគ្រួសារគីមវិញ គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរដែរ។ ដូច្នេះ មនុស្សបង្កើតបក្សពួកសម្រាប់ផលប្រយោជន៍របស់ខ្លួន មិនសម្រាប់បុព្វហេតុត្រឹមត្រូវឡើយ។

ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ក៏ស្រដៀងគ្នានេះដែរ។ ពួកគេបង្កើតនិកាយ និងក្រុមផ្សេងៗ។ សម្រាប់អ្វី? ដើម្បីបដិសេធសេចក្តីពិត ជា      ក្រុម។ ពួកគេនិយាយថា ពួកគេមានបាប ទោះបើព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់លោកិយនេះរួចហើយក៏ដោយ។ ពួកគេធ្វើពុតជាសុចរិត និងបានសង្រ្គោះ ប៉ុន្តែមិនស្តាប់តាមសេចក្តីពិតសោះ។ ពួកគេថ្កោលទោសមនុស្សសុចរិតថា ពួកមានជំនឿខុសឆ្គង ហើយពួកគេខ្លួនឯងអាចមានបាបបាន។ ព្រះអម្ចាស់មានបន្ទូលថា មនុស្សមានបាបដែលចូលចិត្តទាស់ប្រឆាំងនឹងមនុស្សសុចរិត គឺខុស ហើយពួកគេទាំងអស់គ្នាត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។

អស់អ្នកដែលស្តាប់តាមព្រះ និងសេចក្តីពិត ស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងដែលជាមនុស្សសុចរិត ជឿថា សេចក្តីជំនុំជម្រះរបស់ព្រះគឺដោយយោងទៅតាមសេចក្តីពិត។



តើនិកាយគ្រីស្ទបរិស័ទផ្សេងៗអាចនាំយើងទៅនគរស្ថានសួគ៌បានទេ?


ភរិយារបស់ខ្ញុំ បានធ្វើឲ្យម្តាយក្មេករបស់គាត់ខឹង នៅពេលគាត់និយាយថា «និកាយសាសនាមិនអាចនាំអ្នកម្តាយទៅនគរស្ថានសួគ៌បានឡើយ»។ និយាយដោយស្មោះត្រង់ ខ្ញុំមិនយល់ពីមូលហេតុដែលម្តាយរបស់ខ្ញុំបានខឹងនឹងការអះអាងនេះ រហូតដល់ពេលឥឡូវនេះទេ។ តើអ្នកគិតថា និកាយសាសនាអាចនាំអ្នកទៅនគរស្ថានសួគ៌បានដែរទេ? យើង   ម្នាក់ៗបានសង្រ្គោះ និងចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយការជឿតាមព្រះបន្ទូលព្រះ។ តើនិកាយព្រេសបេតធើរៀនអាចនាំអ្នកទៅនគរស្ថានសួគ៌បានទេ? តើនិកាយបាប់ទីស្ទអាចនាំអ្នកទៅនគរស្ថានសួគ៌បានទេ? ហើយចុះពួកជំនុំសេចក្តីបរិសុទ្ធ និង និកាយ Seven Day Adventist? ទេ។ ដូច្នេះ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន លុះត្រាតែយើងជឿលើសេចក្តីអត់ទោសបាប ដែលព្រះយេស៊ូវបានរៀបចំសម្រាប់យើង។



យើងត្រូវតែនៅជាប់ជាមួយពួកជំនុំនៃព្រះ


សាវកប៉ុល បានបំបែកមនុស្សបាបដែលនឹងធ្លាក់ទៅស្ថាននរក ឲ្យដាច់ស្រឡះចេញពីមនុស្សសុចរិតនៅក្នុងចំណោមគ្រីស្ទបរិសុទ្ធ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌។ ដំណឹងល្អផ្តល់ភាពស្មើគ្នាដល់មនុស្សគ្រប់រូប ទាំងសាសន៍យូដា និងសាសន៍ក្រិកផង។ នៅទីនេះ សាសន៍ក្រិកតំណាងឲ្យសាសន៍ដទៃ ហើយសាសន៍យូដាតំណាងឲ្យជនជាតិអ៊ីស្រាអែល។ ព្រះមិនសម្លឹងមើលរូបរាងខាងក្រៅរបស់មនុស្សឡើយ។ ប៉ុន្តែទ្រង់ស្វែងរកមនុស្សដែលជឿតាមព្រះបន្ទូលព្រះ ដោយអស់ពីចិត្តវិញ។ តើអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះដែរឬទេ? ហើយតើអ្នកជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើងដែរឬទេ? យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន លុះត្រាតែយើងជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ហើយ។ យើងត្រូវតែជឿលើការពិតនេះ ហើយមិនត្រូវក្បត់ការពិតនេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង ការពារមិនឲ្យយើងក្បត់នឹងសេចក្តីជំនឿរបស់យើង ហើយជួយយកឈ្នះខ្មាំងសត្រូវរបស់យើង នៅពេលយើងប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះ យើងត្រូវតែមានការប្រុងប្រយ័ត្ន។ 

នៅក្នុងព្រះគម្ពីរ មានរឿងប្រៀបប្រដូចអំពីដីទាំងបួនប្រភេទ ប៉ុន្តែដីខ្លះតំណាងឲ្យអ្នកដែលមិនអាចបានសង្រ្គោះ។ គ្រាប់ពូជដែលព្រោះទៅលើដីទាំងនោះ ងាប់បន្ទាប់ពីដុះឡើងបានបន្តិច។ គ្រាប់ពូជដុះបែបនេះគឺដូចជាគ្រាប់ពូជដែលងាប់ដែរ។ លទ្ធផលដូចគ្នា គឺសេចក្តីស្លាប់។ ដូច្នេះ តើយើងអាចរក្សាសេចក្តីជំនឿដោយខ្លួនឯងបានដែរឬទេ? ទេ។ យើងអាចរក្សាសេចក្តីជំនឿរបស់យើងបាន លុះត្រាតែព្រះអម្ចាស់ប្រទានកម្លាំងដល់យើង ដើម្បីតយុទ្ធជាមួយបញ្ហាផ្សេងៗ និងថ្នាំបន្សាបសម្រាប់ជម្ងឺខាងវិញ្ញាណ នៅពេលយើងនៅជាប់នឹងដើមទំពាំងបាយជូរដ៏ពិត។

ពួកជំនុំរបស់ព្រះគឺជាដើមទំពាំងបាយជូរ។ ព្រះអម្ចាស់ប្រទានឲ្យយើងនូវព្រះពរ ដំណោះស្រាយ ការលើកទឹកចិត្ត និងសេចក្តីជំនឿ ដើម្បី   តយុទ្ធជាមួយការបៀតបៀន ខណៈដែលយើងនៅជាប់នឹងពួកជំនុំនៃព្រះ។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងចំពោះយើង បើសិនយើងមិននៅជាប់នឹងដើមទំពាំងបាយជូរ? យើងនឹងស្លាប់ទៅយ៉ាងឆាប់រហ័ស។ ចិត្តរបស់មនុស្សសុចរិតមិនអាចទ្រាំទ្រជាមួយការវាយប្រហាររបស់សាតាំងបានទេ ហើយជាទីបំផុត នឹងធ្លាក់ខ្លួនឈឺ បើសិនពួកគេមិនរួបរួមជាមួយពួកជំនុំ ទោះបើពួកគេមានសមត្ថភាព និងអំណាចយ៉ាងខ្លាំងក៏ដោយ។ តើអ្នកយល់ទេ? បន្តិចម្តងៗ ពួកគេនឹងធ្លាក់ចុះ ហើយត្រឡប់ជាឥតប្រយោជន៍ទៅៗ។ ព្រះគម្ពីរនិយាយថា «អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ» (ម៉ាថាយ ៥:១៣)។

សូម្បីតែមនុស្សសុចរិតក៏ឥតប្រយោជន៍ដែរ បើសិនពួកគេរស់នៅដាច់ឆ្ងាយពីពួកជំនុំ។ ពួកគេអាចបញ្ចេញពន្លឺរបស់ខ្លួន និងទទួលបានព្រះពរ នៅពេលពួកគេនៅជាប់នឹងពួកជំនុំ។ ប៉ុន្តែពួកគេនឹងត្រូវវិនាស នៅពេលពួកគេរស់នៅដាច់ឆ្ងាយពីពួកជំនុំ ហើយមិនអាចយកឈ្នះលោកិយបានទេ បើសិនពួកគេវង្វេងទៅក្នុងលោកិយ និងនៅឆ្ងាយពីពួកជំនុំ។ តើអ្នកអាចទ្រទ្រង់ជំនឿផ្ទាល់ខ្លួនរបស់អ្នកបានយូរប៉ុណ្ណា? ហើយតើអ្នកអាចនៅឆ្ងាយពីពួកជំនុំនៃព្រះបានយូរប៉ុណ្ណា? សូម្បីតែអ្នកបម្រើព្រះក៏មិនអាចធ្វើដូច្នេះបានយូរដែរ។ ទោះបីជាយ៉ាងណា បើសិនយើងនៅជាប់នឹងដើមទំពាំងបាយជូរ គ្រួសាររបស់យើងនឹងបានសង្រ្គោះ ហើយមនុស្សជាច្រើនអាចទទួលបានការអត់ទោសបាប តាមរយៈយើងបាន។ តើឡុតបានទៅឯណា បន្ទាប់ពីបានដេញតាមបំណងចិត្តខាងសាច់ឈាម? គាត់បានទៅក្រុងសុដុំម ហើយរស់នៅទីនោះដោយសេចក្តីសុខសាន្ត។ តើគាត់បានទទួលលទ្ធផលអ្វី? គាត់បានវិនាស។ ព្រះគម្ពីរនិយាយថា ពូជពង្សទាំងអស់របស់ឡុតត្រូវវិនាសទាំងអស់។ សាសន៍ម៉ូអាប់ និងអាំម៉ូន បានកើតចេញពីកូនស្រីៗរបស់ឡុត។ 

ហេតុអ្វីពូជពង្សដែលប្រឆាំងនឹងព្រះ បានកើតមកពីឡុត ដែលជាមនុស្សសុចរិតម្នាក់? ពីព្រោះគាត់បានឃ្លាតឆ្ងាយពីពួកជំនុំ។ មូលហេតុដែលខ្ញុំមិនអាក់អន់ចិត្តនៅក្នុងពេលវេលាទុក្ខលំបាកទាំងអស់គឺថា ព្រះបានបង្កើតពួកជំនុំរបស់ទ្រង់។ ហើយព្រះប្រទានពរពួកជំនុំ ដែលជាកន្លែងមនុស្សសុចរិតជួបជុំគ្នា និងទ្រង់ធ្វើជាអ្នកគង្វាល និងព្រះអម្ចាស់នៃពួកជំនុំ សម្រាប់មនុស្សបរិសុទ្ធទាំងអស់។ នេះហើយគឺជាសេចក្តីសន្យា និងការធានារបស់ទ្រង់។ 

«ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រឹត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជំរះវិញ  ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ  ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រឹត្យវិន័យនោះឯង គេជាក្រឹត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក» 

(រ៉ូម ២:១២-១៥)។ 

នៅសព្វថ្ងៃនេះ អ្នកដែលមិនទៅពួកជំនុំ មិនស្គាល់ពីក្រិត្យវិន័យទេ។ ដូច្នេះ បញ្ញាចិត្តរបស់គាត់ក្លាយទៅជាក្រិត្យវិន័យវិញ ពីព្រោះគាត់មិនស្គាល់ក្រិត្យវិន័យ។ គាត់ប្រព្រឹត្តការអាក្រក់ ទោះបើគាត់ដឹងថា វាខុស ឬត្រូវនៅក្នុងបញ្ញាចិត្តរបស់គាត់ក៏ដោយ។ ដូច្នេះ នេះគឺជាអំពើបាបមួយ ហើយគាត់ត្រូវតែស្វែងរកព្រះអម្ចាស់ ដើម្បីបានសង្រ្គោះចេញពីបាប។ ហើយព្រះនឹងជួបជាមួយអ្នកណាដែលពិតជាស្វែងរកទ្រង់។ 



អំពើបាបរបស់ពួកយូដា


ឥឡូវនេះ សាវកប៉ុលប្រកាសដំណឹងល្អយ៉ាងលម្អិតទៅកាន់ពួកយូដា បន្ទាប់ពីបំបែកពួកគេចេញពីអស់អ្នកដែលនឹងទៅនគរស្ថានសួគ៌។

«បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ  ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ  ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង និង    សេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ» (រ៉ូម ២:២២-២៧)។ 

យើងត្រូវតែដឹងដូចតទៅ។ ពីដំបូង ព្រះបានមានបន្ទូលទៅកាន់ពួកយូដា ដើម្បីឲ្យពួកគេមានព្រះបន្ទូលព្រះ និងប្រព័ន្ធថ្វាយយញ្ញបូជា។ ទ្រង់បានសន្យាអំពីព្រះមែស៊ី តាមរយៈពួកយូដា ហើយបានបង្ហាញផែនការរបស់ទ្រង់ តាមរយៈអ្នកបម្រើជាសាសន៍យូដារបស់ទ្រង់។ ដូច្នេះ លោក     ម៉ូសេ និងហោរាទាំងអស់គឺជាពួកយូដា។ ប៉ុន្តែពួកយូដាបានគិតថា ពួកគេបានយល់ពីអ្វីដែលផ្គាប់ព្រះទ័យព្រះ និងអ្វីគឺជាក្រិត្យវិន័យរបស់ទ្រង់ ហើយពួកគេអាចសូត្រ និងទន្ទេញព្រះបន្ទូលព្រះបានយ៉ាងល្អ។ ប៉ុន្តែសាវកប៉ុលបាននិយាយថា «បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ»។ ពួកយូដាមិនបានសង្រ្គោះទេ ទោះបើពួកគេបានអួតពីព្រះ និងបានបំពេញការងារយញ្ញបូជាបានយ៉ាងល្អក៏ដោយ។ អ្នកដែលមិនទទួលយកព្រះយេស៊ូវទាំងស្រុងជាព្រះអង្គសង្រ្គោះ គឺដូចគ្នានឹងអ្នកមិនជឿដែរ។ វាមានន័យថា ពួកគេមិនបានជឿលើសេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងសង្រ្គោះពួកគេ ដូចនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា និងមិនទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ។

ពួកយូដានឹងធ្លាក់ទៅស្ថាននរក ពីព្រោះពួកគេមិនទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ។ វាគឺជាការឥតប្រយោជន៍ ដែលពួកគេដាក់ដៃរបស់ខ្លួនទៅលើក្បាលសត្វចៀម ម្តងហើយម្តងទៀត។ ពួកគេមិនបានជឿយ៉ាងពិតប្រាកដទេថា «ការដាក់ដៃលើ» មានន័យថា «ការផ្ទេរអំពើបាប» នៅក្នុងសម័យហោរាម៉ាឡាគី ដែលនៅចុងបញ្ចប់នៃព្រះគម្ពីរសញ្ញា        ចាស់។ ពួកគេបានជឿយ៉ាងត្រឹមត្រូវ រហូតដល់សម័យស្តេចដាវីឌ ប៉ុន្តែជំនឿរបស់ពួកគេបានចាប់ផ្តើមធ្លាក់ចុះ ចាប់ពីសម័យស្តេចសាឡូម៉ូន។ ក្នុងកំឡុងសម័យបែងចែកអាណាចក្រ ពួកគេបានថ្វាយបង្គំរូបផ្សេងៗ ដូចជា ព្រះបាល និងព្រះអាសេរ៉ា ខណៈដែលពួកគេបានបំពេញការងារយញ្ញបូជាផ្លូវនៅក្នុងព្រះវិហារ។ ការបំពេញការងារយញ្ញបូជាជាផ្លូវការ គឺដូចគ្នានឹងការមិនជឿលើព្រះ។ ព្រះសព្វព្រះទ័យ នៅពេលយើងជឿ និងស្តាប់តាមព្រះបន្ទូលទ្រង់។ 

នៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ អំពើបាបរបស់មនុស្សម្នាក់ត្រូវបានផ្ទេរទៅលើក្បាលសត្វយញ្ញបូជាមួយ នៅពេលគាត់បានដាក់ដៃរបស់គាត់នៅលើវា។ ប៉ុន្តែពួកគេមិនបានជឿលើការនេះទេ ទោះបើពួកគេបានដឹងពីអ្វីដែលខុស និងត្រូវក៏ដោយ។ វាគឺជាអំពើបាបរបស់សាសន៍យូដា។ ដែលស្គាល់ព្រះបន្ទូលទ្រង់យ៉ាងច្បាស់លាស់ និងបង្រៀនព្រះបន្ទូលដល់អ្នកដទៃ តែមិនជឿលើសេចក្តីពិតនៃព្រះបន្ទូលទ្រង់ គឺជាអំពើបាបរបស់សាសន៍យូដា។

វាដូចគ្នានឹងការមិនជឿលើព្រះដែរ។ វាគឺជាអំពើបាបធ្ងន់ធ្ងរមួយ។     «បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ។» សាវកប៉ុលបានបង្ហាញពីអំពើបាបនៃការមិនជឿក្នុងចំណោមសាសន៍យូដា។ 



ការជឿព្រះដោយមានបាបនៅក្នុងចិត្តគឺជាការប្រមាថព្រះ


គ្រីស្ទបរិស័ទសព្វថ្ងៃនេះ អាចធ្វើកំហុសរបស់សាសន៍យូដាដែរ។ សាសន៍យូដាគឺដូចជាអស់អ្នកដែលមិនជឿថា ព្រះយេស៊ូវបានញែកពួកគេជាបរិសុទ្ធ ដោយការលាងសម្អាតអំពោះបាបទាំងអស់របស់ពួកគេ។         «អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ» (រ៉ូម ២:២៣-២៤)។ បើសិនយើងជឿលើព្រះយេស៊ូវ តាមរបៀបខុសឆ្គង នោះយើងប្រមាថដល់ព្រះនាមព្រះហើយ។ ហើយបើសិនយើងមិនជឿទាំងស្រុងលើអ្វីដែលព្រះយេស៊ូវបានធ្វើ និងបើសិនយើងមិនបានកើតជាថ្មីទេ នោះយើងប្រមាថដល់ព្រះនាមព្រះហើយ។

យើងប្រមាថព្រះហើយ បើសិនយើងជឿព្រះ ដោយមិនបានកើតជាថ្មី។ «រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ  ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ  ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ  រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ» (រ៉ូម ២:២៥-២៩)។ យើងទាំងអស់គ្នាត្រូវតែជឿតាមព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់យើង។ 



តើមួយណាបានមកមុន ការកាត់ស្បែក ឬក្រិត្យវិន័យ?


តើ មួយណាបានមកមុន ការកាត់ស្បែក ឬក្រិត្យវិន័យ? ហើយតើព្រះបានប្រទានមួយណាដល់អ៊ីស្រាអែលមុនគេ? ការកាត់ស្បែក។ ព្រះបានប្រាប់លោកអ័ប្រាហាំឲ្យកាត់ស្បែក។ លោកអ័ប្រាហាំមិនបានមានកូនប្រុសស្របច្បាប់ទេ ទោះបើគាត់មានអាយុ៩៩ឆ្នាំហើយក៏ដោយ។ ប៉ុន្តែនៅពេលគាត់មានអាយុ៧៥ឆ្នាំ ព្រះបានសន្យាជាមួយគាត់ថា គាត់នឹងមានកូនប្រុសម្នាក់។ ព្រះបានប្រាប់លោកអ័ប្រាហាំថា «ចូរមកខាងក្រៅ យើងនឹងប្រទានពូជពង្សជាច្រើនដល់ឯង គឺច្រើនដូចជាផ្កាយនៅលើមេឃ»។ ហើយគាត់បានជឿតាមព្រះបន្ទូលព្រះ ហើយបានរង់ចាំអស់រយៈពេល២៥ឆ្នាំ ទោះបើគាត់អាក់អន់ចិត្តបន្តិចបន្តួច និងបានធ្វើកំហុសជាច្រើន ខណៈដែលគាត់កំពុងរង់ចាំក៏ដោយ។ ព្រះក៏បានសន្យានឹងប្រទានឲ្យគាត់ និងកូនប្រុសរបស់គាត់នូវទឹកដីសន្យាផងដែរ គឺទឹកដីកាណាន ដែលតំណាងឲ្យនគរស្ថានសួគ៌ខាងវិញ្ញាណ។ 

បន្ទាប់ពីបានសន្យាអំពីនគរស្ថានសួគ៌ ព្រះបានប្រាប់លោកអ័ប្រាហាំ និងមនុស្សប្រុសៗនៅក្នុងគ្រួសាររបស់គាត់ ឲ្យកាត់ស្បែក។ ព្រះបានមានបន្ទូលថា ការកាត់ស្បែកគឺជាសញ្ញានៃសម័្ពន្ធមេត្រីរវាងព្រះ និងពួកគេ។ ដូច្នេះ លោកអ័ប្រាហាំបានកាត់ស្បែកអង្គជាតិរបស់គាត់ ហើយមនុស្ស     ប្រុសៗទាំងអស់នៅក្នុងគ្រួសាររបស់គាត់ក៏ធ្វើដូច្នេះដែរ។ ការកាត់ស្បែកគឺដូចគ្នានឹងសេចក្តីជំនឿ និងការទទួលយកដំណឹងល្អអំពីសេចក្តីពិតដែរ។



អ៊ីស្រាអែលបានបដិសេធមិនកាត់ស្បែកនៅក្នុងចិត្ត


ទោះបីជាយ៉ាងណា អ៊ីស្រាអែលបានអួតពីភាពជាពូជពង្សរបស់លោកអ័ប្រាហាំ និងការបានកាត់ស្បែក។ ពួកគេបានសួរពួកសាសន៍ដទៃយ៉ាងគំរួសគំរើយថា «តើអ្នកបានកាត់ស្បែកដែរឬទេ?»។ យើងត្រូវតែបានកាត់ស្បែកនៅក្នុងចិត្ត។ យើងបានសង្រ្គោះ នៅពេលយើងទទួលស្គាល់ព្រះបន្ទូលថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ ហើយជឿព្រះបន្ទូលនេះនៅក្នុងចិត្ត។

មិនមានប្រទេសណា ដែលត្រូវបានគេឈ្លានពានច្រើនជាងប្រទេសអ៊ីស្រាអែលទេ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ក្នុងនាមជាជាតិសាសន៍ឥតមានប្រទេស អស់រយៈពេលជិតពីរពាន់ឆ្នាំ។ ហេតុអ្វី? ពីព្រោះពួកគេមិនបានជឿដល់ព្រះ។

ពួកគេបានប្រមាថព្រះនាមព្រះ ពីព្រោះពួកគេមិនបានជឿ ទោះបើព្រះបានស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេជឿថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេហើយក៏ដោយ។ ទ្រង់ចង់យកឈ្នះខ្មាំងសត្រូវរបស់ពួកគេ ក្នុងនាមជាអ្នកគង្វាលនៃអ៊ីស្រាអែល ហើយចង់ប្រទានពរ ស្រឡាញ់ និងផ្តល់សិរីល្អដល់ពួកគេ។ 

ព្រះបានសន្យានឹងប្រទានសិរីល្អដល់មនុស្សទាំងអស់ ហើយយកពួកគេធ្វើជាកូនរបស់ទ្រង់ បើសិនពួកគេជឿលើទ្រង់នៅក្នុងចិត្ត ហើយទទួលបានការអត់ទោសបាប។ តាមរយៈគំរូរបស់អ៊ីស្រាអែល ព្រះព្រមានមនុស្សទាំងអស់នៅក្នុងលោកិយនេះថា ទ្រង់នឹងបញ្ជូនពួកគេទៅស្ថាននរក បើសិនពួកគេមិនទទួលយកសេចក្តីសន្យារបស់ទ្រង់ទេ។ 

ព្រះបានសន្យាថា អ្នកណាដែលជឿតាមដំណឹងល្អអំពីសេចក្តីពិតរបស់ទ្រង់ អាចទទួលបានព្រះពរទាំងអស់ ដែលព្រះយេស៊ូវបានសន្យា ទោះបើការប្រព្រឹត្តល្អរបស់គាត់មិនគ្រប់គ្រាន់ក៏ដោយ។ ហើយផ្លូវតែមួយគត់ ដើម្បីចៀសចេញពីសេចក្តីជំនុំជម្រះរបស់ព្រះ គឺត្រូវជឿតាមដំណឹងល្អ។ ដូច្នេះ ចូរជឿតាមដំណឹងល្អ នោះអ្នកនឹងបានសង្រ្គោះ ហើយអាចគេចផុតពីស្ថាននរកបាន។

សូមឲ្យព្រះគុណនៃព្រះអម្ចាស់បាននៅជាមួយព្រលឹងទាំងអស់។