Sermons

[4-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក៤



នៅក្នុង រ៉ូម ៤:៦-៨ សាវកប៉ុលនិយាយអំពីមនុស្សដែលមានពរនៅចំពោះព្រះ។ មនុស្សដែលពិតជាមានពរនៅចំពោះព្រះ គឺជាអ្នកដែលអំពើរំលងច្បាប់របស់ខ្លួនត្រូវបានអត់ទោសឲ្យ និងគ្របបាំង។ ដូច្នេះ សាវក     ប៉ុលប្រកាសថា «មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» (រ៉ូម ៤:៨)។

បន្ទាប់មក សាវកប៉ុលបានណែនាំពីលោកអ័ប្រាហាំថា គាត់ជាមនុស្សមានពរម្នាក់។ ដោយប្រើលោកអ័ប្រាហាំជាតួយ៉ាងនៅក្នុងព្រះគម្ពីរ សាវកប៉ុលពន្យល់ពីអ្វីដែលជាសេចក្តីជំនឿពិត និងមានពរ។ បើសិនការប្រព្រឹត្តរបស់គាត់បានរាប់គាត់ជាសុចរិត លោកអ័ប្រាហាំនឹងមានអ្វីអួតពីខ្លួនឯងហើយ ប៉ុន្តែតាមការពិត វាមិនដូច្នេះទេ។ សេចក្តីសុចរិតរបស់ព្រះ ដែលគាត់បានទទួល គឺដោយសារតែការជឿតាមព្រះបន្ទូលព្រះប៉ុណ្ណោះ។ 

ព្រះគម្ពីរបញ្ជាក់ថា សេចក្តីជំនឿដែលនាំឲ្យមនុស្សម្នាក់បានរាប់ជាសុចរិត និងមានពរ គឺជាសេចក្តីជំនឿបរិសុទ្ធតាមព្រះបន្ទូលព្រះ ដូចជា   សេចក្តីជំនឿរបស់លោកអ័ប្រាហាំដែរ។ នៅក្នុងជំពូកនេះ សាវកប៉ុលនិយាយអំពីរបៀបដែលមនុស្សម្នាក់អាចទទួលបានសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់ខ្លួនបាន ដោយការជឿតាមព្រះបន្ទូលទ្រង់។ 

គ្មានអ្នកណាម្នាក់ ដែលមិនដែលធ្វើបាបឡើយ ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ។ លើសពីនេះ យើងដែលជាមនុស្ស ប្រព្រឹត្តអំពើបាបយ៉ាងច្រើន ដូចជាពពកដ៏ក្រាស់នៅលើមេឃ។ កណ្ឌគម្ពីរអេសាយសរសេរថា អំពើបាប និងអំពើរំលងរបស់យើងគឺដូចជាពពកដ៏ក្រាស់ (អេសាយ ៤៤:២២)។ ដូច្នេះ ឥតមានអ្នកណាម្នាក់នៅក្នុងចំណោមមនុស្សជាតិ ដែលអាចគេចផុតពីសេចក្តីជំនុំជម្រះរបស់ព្រះ ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះយេស៊ូវបានឡើយ។

បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ គ្រប់គ្នាប្រព្រឹត្តអំពើបាបជាមួយសាច់ឈាម គឺទាំងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មីផង។ លើសពីនេះ យើងប្រព្រឹត្តអំពើបាប ដែលយើងមិនបានដឹងខ្លួនឯង។ ដូច្នេះ យើងត្រូវទទួលការកាត់ទោសសម្រាប់អំពើបាបទាំងអស់នោះ។

យើងគួរតែចងចាំថា បើសិនមនុស្សម្នាក់មានបាបសូម្បីតែបន្តិច គាត់ក៏ត្រូវតែស្លាប់ នៅចំពោះយុត្តិធម៌របស់ព្រះដែរ ពីព្រោះព្រះគម្ពីរនិយាយថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ (រ៉ូម ៦:២៣)។ ដូច្នេះហើយបានជាយើងគួរតែស្គាល់ និងជឿតាមក្រិត្យវិន័យរបស់ព្រះ។ យើងត្រូវតែសងថ្លៃឈ្នួលនៃអំពើបាប ដែលយើងបានប្រព្រឹត្ត ដោយគំនិត និងទង្វើរបស់យើង ហើយលុះត្រាតែយើងសងថ្លៃឈ្នួលទាំងអស់ ទើបបញ្ហាបាបរបស់យើងត្រូវបានដោះស្រាយ។ ម៉្យាងវិញទៀត មិនថាយើងព្យាយាមខ្លាំងយ៉ាងណា បើសិនយើងមិនសងថ្លៃឈ្នួលនៃអំពើបាបទេ បញ្ហានៃសេចក្តីជំនុំជម្រះបាបនឹងមិនបញ្ចប់ឡើយ។ អ្វីដែលយើងគួរតែដឹងគឺថា សូម្បីតែមនុស្សម្នាក់ដែលជឿព្រះយេស៊ូវហើយក៏ដោយ ក៏នឹងត្រូវទទួលការកាត់ទោសដែរ បើសិនគាត់នៅតែមានបាប។ 

យើងរស់នៅក្នុងលោកិយនេះ ដែលពេញដោយអំពើបាបគ្រប់ប្រភេទ គឺអំពើបាបធំ និងតូច ដោយដឹងខ្លួន និងដោយមិនដឹងខ្លួន ហើយដោយចេតនា និងដោយអចេតនា។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ការពិតថា យើងគួរតែមានទោសដល់ស្លាប់ ដោយសារតែបាបរបស់យើង បើសិនផ្អែកលើក្រិត្យវិន័យរបស់ព្រះថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់»។ 

ប្រសិនបើមនុស្សម្នាក់ប្រាថ្នាចង់ឲ្យអំពើបាបទាំងអស់របស់ខ្លួនត្រូវបានគ្របបាំង គាត់គួរតែទទួលបានការអត់ទោសបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលមកជាមួយទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធ។ អ្នកណាដែលទទួលបានការអត់ទោសបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ អាច និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថ្វាយការសរសើរតម្កើងជានិច្ច ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះរួចទៅហើយ។ ហើយដោយសារព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះរួចទៅហើយ រួមទាំងអំពើបាបដ៏ខ្មៅងងឹតរបស់ខ្ញុំផង តាមរយៈបុណ្យជ្រមុជ ព្រះលោហិត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ យើងអាចថ្វាយការព្រះអរព្រះគុណដល់ព្រះ ដែលបានប្រទានជីវិតអស់កល្បជានិច្ចដល់យើងបាន។ 

ប្រសិនបើព្រះយេស៊ូវមិនបានទទួលយកអំពើបាបទាំងអស់នៅឯទន្លេយ័រដាន់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតនៅលើឈើឆ្កាងទេ យើងនឹងត្រូវសងថ្លៃឈ្នួលនៃអំពើបាប ដោយការធ្លាក់ទៅក្នុងស្ថាននរកបាត់ទៅហើយ។ ហើយបើសិនទ្រង់មិនបានលាងសម្អាតអំពើបាបទាំងអស់របស់យើងទាំងស្រុងទេ តើយើងអាចសរសើរតម្កើងទ្រង់បានយ៉ាងដូចម្តេច? បើសិនចិត្តរបស់យើងនៅពេញដោយបាប តើយើងអាចសរសើរតម្កើងព្រះនាមរបស់ព្រះដ៏បរិសុទ្ធបានដែរទេ? ហើយតើយើងពិតជាអាចថ្វាយការសរសើរតម្កើង ដល់សេចក្តីសុចរិតរបស់ទ្រង់ ដោយនិយាយថា «ទ្រង់បានអត់ទោសអំពើបាបទាំងអស់របស់ខ្ញុំហើយ!» បានដែរទេ បើសិនយើងនៅតែមានបាបនៅក្នុងចិត្តរបស់យើង? ទេ។

ប៉ុន្តែឥឡូវនេះ យើងអាចសរសើរតម្កើងទ្រង់ នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់បាន។ យើងអាចធ្វើដូច្នេះបាន ពីព្រោះយើងជឿលើអំណោយទានជាសេចក្តីសុចរិតរបស់ព្រះ ដែលបានគ្របបាំងពីលើយើង។ 



សាវកប៉ុលបាននិយាយថា យើងបានទទួលសេចក្តីសុចរិតរបស់ព្រះ ដោយការជឿលើអ្វីដែលព្រះបានធ្វើ


«បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ  តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» (រ៉ូម ៤:១-៥)។

នៅទីនេះ សាវកប៉ុលយកលោកអ័ប្រាហាំធ្វើជាគំរូ ដើម្បីពន្យល់ពីរបៀបបានរាប់ជាសុចរិត។ មនុស្សសមនឹងទទួលបានថ្លៃឈ្នួលនៃការងាររបស់ខ្លួន។ ប៉ុន្តែវាគឺជាអំណោយទានរបស់ព្រះទាំងស្រុង មិនមែនជាថ្លៃឈ្នួលសម្រាប់ការងាររបស់យើងទេ ដែលយើងបានរាប់ជាសុចរិត ដោយការបានកើតជាថ្មី ដោយមិនចាំបាច់ធ្វើអ្វីល្អ ឬរស់នៅក្នុងជីវិតគ្រប់លក្ខណ៍នៅចំពោះព្រះឡើយ។

សាវកប៉ុលបាននិយាយថា «ឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ»។ នេះនិយាយអំពីរបៀបដែលមនុស្សមានបាបមា្នក់បានទទួលបានសេចក្តីសង្រ្គោះចេញពីបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះប្រទានសេចក្តីសង្រ្គោះនេះជាអំណោយទានសម្រាប់ការអត់ទោសបាបដល់មនុស្សទាំងអស់ ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។

សេចក្តីសង្រ្គោះរបស់មនុស្សមានបាបម្នាក់ គឺជាអំណោយទានឥតលក្ខខណ្ឌ ដែលព្រះប្រទាន តាមរយៈសេចក្តីសុចរិតរបស់ទ្រង់។ មនុស្សម្នាក់ដែលបានកើតមកជាមនុស្សមានបាបម្នាក់ គ្មានជម្រើសអ្វីក្រៅតែពីធ្វើបាបឡើយ ហើយគាត់ក៏គ្មានជម្រើសអ្វីក្រៅតែពីសារភាពទៅចំពោះព្រះផងដែរថា គាត់គឺពិតជាមនុស្សមានបាបម្នាក់។ អំពើបាបរបស់មនុស្សមានបាបម្នាក់ មិនអាចរលាយបាត់ ដោយសារតែគាត់ខិតខំអធិស្ឋានលន់តួ ដោយជឿតាមគោលលទិ្ធគ្រីស្ទបរិស័ទមួយចំនួនឡើយ។

មនុស្សមានបាបម្នាក់មិនអាចអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួននៅចំពោះព្រះបានទេ។ «ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់» (អេសាយ ៦៤:៦)។ ដូច្នេះ មនុស្សមានបាបម្នាក់គ្មានជម្រើសអ្វីក្រៅតែពីជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបំពេញសម្រេចដោយបុណ្យជ្រមុជរបស់ព្រះ       អម្ចាស់នៅក្នុងទន្លេយ័រដាន់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីធួននឹងបាប។ មានតែតាមរបៀបនេះទេ ទើបមនុស្សម្នាក់អាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយសារជំនឿលើសេចក្តីសុចរិតរបស់ព្រះ គឺគ្មានអ្វីផ្សេងទៀតឡើយ សម្រាប់ឲ្យមនុស្សមានបាបម្នាក់ធ្វើ ដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ អ្នកអាចទទួលបានការអត់ទោសអំពើបាបបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ 

មនុស្សមានបាបទាំងអស់ អាចស្វែងរកសេចក្តីសុចរិតរបស់ទ្រង់បាន តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីធួននឹងបាប។ ដូច្នេះ ជំនឿលើសេចក្តីសុចរិតរបស់ព្រះបង្កើតលទ្ធភាពសម្រាប់មនុស្សមានបាបម្នាក់ ឲ្យអាចទទួលបានសេចក្តីសង្រ្គោះចេញពីបាបបាន។ នេះហើយគឺជាសេចក្តីពិត និងអំណោយទាននៃសេចក្តីសុចរិតរបស់ព្រះ។ 



សាវកប៉ុលនិយាយអំពីរបៀបដែលមនុស្សមានបាបម្នាក់ទទួលបាន សេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់


សាវកប៉ុល ពន្យល់ពីសេចក្តីនេះ ដោយយកលោកអ័ប្រាហាំជាឧទាហរណ៍មួយ។ «ឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ។» សាវកប៉ុលកំពុងតែនិយាយថា មនុស្សមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការប្រព្រឹត្តទង្វើល្អណាមួយបានឡើយ។ ប៉ុន្តែរបៀបតែមួយគត់ ដែលយើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ គឺតាមរយៈការជឿលើព្រះបន្ទូលសុចរិតរបស់ទ្រង់អំពីការកាត់ស្បែកខាងវិញ្ញាណ។

សេចក្តីសុចរិតរបស់ព្រះ គឺជាសេចក្តីពិត ដែលមនុស្សមិនអាចទទួលបាន តាមរយៈការខិតខំ និងការប្រព្រឹត្តបានឡើយ។ អំណោយទាននៃ    សេចក្តីសុចរិតរបស់ព្រះគឺថា អ្នក និងខ្ញុំគឺជាមនុស្សដែលត្រូវទទួលបានសេចក្តីវិនាស ប៉ុន្តែព្រះអង្គសង្រ្គោះយេស៊ូវគ្រីស្ទរបស់យើងបានទទួលយកអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់។ បន្ទាប់មក ទ្រង់បានដាក់អំពើបាបទាំងនោះនៅលើស្មារបស់ទ្រង់ ហើយនាំយកទៅឯឈើឆ្កាង ដែលជាកន្លែងដែលទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់ ដោយព្រះលោហិតទ្រង់។ ដូច្នេះ ព្រះយេស៊ូវបានបំពេញសម្រេចគ្រប់ទាំង      សេចក្តីសុចរិតរបស់ព្រះហើយ។ អំពើសុចរិតទាំងអស់របស់ទ្រង់បានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីសេចក្តីស្លាប់អស់កល្បជានិច្ច។



អ្នកដែលជឿតាមព្រះបន្ទូលព្រះ អាចទទួលបានសេចក្តីសុចរិត របស់ព្រះបាន!


ខ.៥ និយាយថា «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ»។

នៅក្នុងផ្នែកនេះ សាវកប៉ុលយក «មនុស្សទមិលល្មើស» ធ្វើជាឧទាហរណ៍ ដើម្បីពន្យល់ពីរបៀបទទួលបានសេចក្តីសុចរិតរបស់ព្រះ។     «មនុស្សទមិលល្មើស» មិនគ្រាន់តែជាអ្នកដែលមិនកោតខ្លាចព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ពេញមួយជីវិតរបស់ខ្លួនផងដែរ។ ព្រះបន្ទូលព្រះថា មនុស្សបានកើតមកជា «មនុស្សមានបាប» ពិតជាត្រឹមត្រូវ។ លើសពីនេះ វាក៏ត្រឹមត្រូវផងដែរថា តាមនិស្ស័យរបស់មនុស្សជាតិ យើងតែងតែធ្វើបាប រហូតដល់ពេលយើងទទួលបានការជំនុំជម្រះដ៏គួរឲ្យខ្លាចរបស់ព្រះ។ ប៉ុន្តែបើសិនព្រះហៅយើងដែលជាមនុស្សទមិលល្មើស ជាឥតបាប និងរាប់យើងជាសុចរិត ដោយសារជំនឿរបស់យើង តើមានអ្វីផ្សេងទៀតក្រៅតែពីសេចក្តីសុចរិតរបស់ព្រះ ដែលអាចបង្កើតលទ្ធភាពនេះបានទៅ?

ព្រះអម្ចាស់របស់យើង មានបន្ទូលមកកាន់យើងដែលជាមនុស្សទមិលល្មើសថា ព្រះអម្ចាស់ទ្រង់ផ្ទាល់ត្រូវតែទទួលបុណ្យជ្រមុជ នៅឯទន្លេយ័រដាន់ ពីលោកយ៉ូហាន-បាទ្ទីស ដែលជាសម្តេចសង្ឃនៃព្រះគម្ពីរសញ្ញាចាស់ ដើម្បីទទួលអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយទ្រង់ក៏ត្រូវតែសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ដោយការបង្ហូរព្រះលោហិតធួននឹងបាប នៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចព្រះបន្ទូលទ្រង់ថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់»។ តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទបានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ដោយសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ដែរឬទេ? ព្រះរាប់ជំនឿរបស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ជាសុចរិត។ នេះមិនមែនជាភាពចចេសរឹងរួសទេ ប៉ុន្តែជាការពិតមួយ ដែលត្រូវបានបង្កើតឡើង ដោយសេចក្តីសុចរិតរបស់ព្រះ។

ដូច្នេះ ព្រះវរបិតាមានបន្ទូលទៅកាន់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ថា «ត្រឹមត្រូវហើយថា ឯងគឺជារាស្ត្ររបស់អញ ពីព្រោះឯងពិតជាជឿលើសេចក្តីសុចរិតរបស់អញ។ ឥឡូវនេះ ឯងគឺជាកូនរបស់អញ ពីព្រោះឯងឥតមានបាបទេ។ ហេតុអ្វី? ពីព្រោះអញបានធ្វើឲ្យឯងត្រឡប់ជាឥតបាប ដោយការទទួលយកអំពើបាបទាំងអស់របស់ឯង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះរាជបុត្រានៃអញ! ទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបរបស់ឯងរួចហើយ ដោយការបង្ហូរព្រះលោហិត ដែលស្របតាមព្រះបន្ទូលថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់»។ ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ សម្រាប់ឯង។ ដូច្នេះ ទ្រង់គឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់ឯងហើយ។ តើឯងជឿលើការពិតនេះដែរទេ?»។

«ទូលបង្គំជឿហើយ។» បន្ទាប់មក ទ្រង់នឹងបន្តមានបន្ទូលថា «អញបានប្រទានដល់ឯងនូវសេចក្តីសុចរិតរបស់អញ ដែលត្រូវបានបំពេញសម្រេច ដោយព្រះរាជកិច្ចដ៏សុចរិតនៃព្រះរាជបុត្រានៃអញ។ ឥឡូវនេះ ឯងបានធ្វើជាកូនរបស់អញ ពីព្រោះអញបានទទួលឯងជាកូន តាមរយៈទឹក និងព្រះលោហិតរបស់ព្រះរាជបុត្រានៃអញហើយ»។ 

មនុស្សទាំងអស់ គឺទមិលល្មើសនៅចំពោះព្រះ។ ប៉ុន្តែព្រះអម្ចាស់យេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សទមិល្មើស ទាំងអំពើបាបដែលយើងបានប្រព្រឹត្តពីអតីតកាល និងអំពើបាបដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតផង តែម្តង តាមរយៈបុណ្យជ្រមុជដែលលោក    យ៉ូហានបានធ្វើថ្វាយទ្រង់។ លើសពីនេះ ព្រះបានដាក់អស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ហើយបានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ « ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៦-២៧)។ ឥឡូវនេះ សំណួរសួរថា តើយើងពិតជាជឿតាមព្រះបន្ទូលព្រះ ដោយចិត្តរបស់យើង ឬទេ? យើងបានរាប់ជាសុចរិត បើសិនយើងជឿ ប៉ុន្តែបើសិនយើងមិនជឿទេ យើងនឹងបាត់បង់សេចក្តីសុចរិតរបស់ព្រះហើយ។  



សូម្បីតែមនុស្សទមិលល្មើសនៅចំពោះព្រះ...


សូម្បីតែមនុស្សទមិលល្មើសនៅចំពោះព្រះ ក៏ទ្រង់បានសន្យាថា     សេចក្តីសុចរិតរបស់ទ្រង់នឹងក្លាយជាសេចក្តីសុចរិតរបស់ពួកគេផងដែរ បើសិនពួកគេគ្រាន់តែជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តែម្តង ដោយការទទួលយកបុណ្យជ្រមុជនៅឯទន្លេ          យ័រដាន់។ ព្រះពិតជាបានប្រទានសេចក្តីសុចរិតរបស់ទ្រង់ទៅដល់អ្នកជឿគ្រប់គ្នា គឺអ្នកណាដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ព្រះវរបិតារបស់យើងបានប្រាប់អស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ថា ពួកគេគឺជាកូនៗរបស់ទ្រង់។ «មែនហើយ ឥឡូវនេះ ឯងឥតមានបាបទេ ហើយឯងបានរាប់ជាសុចរិតហើយ ពីព្រោះព្រះរាជបុត្រានៃអញបានសង្រ្គោះឯងចេញពីអំពើបាបទាំងអស់របស់ឯង ហើយឯងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ។» 

ទោះបីជាយើងទមិលល្មើសក៏ដោយ ក៏ព្រះបោះត្រាសេចក្តីសុចរិតរបស់ទ្រង់នៅលើយើង ដើម្បីបញ្ជាក់ថា យើងបានរាប់ជាសុចរិតហើយ។ សេចក្តីសុចរិតរបស់ព្រះស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ព្រះយេស៊ូវពិតជាធ្វើការងារត្រឹមត្រូវសម្រាប់មនុស្សជាតិទាំងមូលហើយ។ ហើយមនុស្សនៅក្នុងលោកិយនេះបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ដោយសារសេចក្តីសុចរិតរបស់ព្រះ។ ព្រះរាប់ព្រលឹងរបស់មនុស្សទមិលល្មើសជាឥតមានបាប ដោយសម្លឹងទៅឯជំនឿរបស់ពួកគេលើសេចក្តីសុចរិតរបស់ទ្រង់។ «មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» ពីព្រោះគាត់បានទទួលព្រះពរនៃសេចក្តីសុចរិតរបស់ព្រះ ដោយសារជំនឿហើយ។ 

ព្រះសួរយើងថា «តើឯងគោរពព្រះជាម្ចាស់ដែរទេ?»។ បន្ទាប់មក យើងទទួលស្គាល់ការពិតថា យើងទមិលល្មើសនៅចំពោះព្រះ។ នៅពេលយើងទទួលស្គាល់ការពិតនេះ យើងអាចអរព្រះគុណថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជសម្រាប់មនុស្សមានបាប និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយថា វាគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ មិនមែនការខិតខំប្រព្រឹត្តល្អរបស់យើងឡើយ។ ប៉ុន្តែបើសិនយើងគិតថា យើងគឺជាមនុស្ស ដែលអាចគោរពតាមក្រិត្យវិន័យបានយ៉ាងល្អ យើងមិនអាចអរព្រះគុណ ឬមានជំនឿលើសេចក្តីសុចរិតរបស់ទ្រង់បានឡើយ។

អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ដែល «រាប់មនុស្សទមិលល្មើសជាសុចរិត» ទទួលបានសេចក្តីសុចរិតរបស់ទ្រង់ ទុកជាអំណោយ    ទាន។ ព្រះប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់អ្នកដែលជឿលើសេចក្តីប្រោសលោះ និងសេចក្តីជំនុំជម្រះរបស់ព្រះយេស៊ូវ ប៉ុន្តែទ្រង់នឹងចាក់សោរព្រះពរ និងព្រះគុណទាំងអស់សម្រាប់អស់អ្នកដែលមិនជឿវិញ។

សូម្បីតែមនុស្សសុចរិត និងបានកើតជាថ្មី ក៏សេចក្តីសុចរិតដែលព្រះយេស៊ូវបានសម្រេចបាន មានភាពចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួនដែរ ពីព្រោះយើងដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏ជាមនុស្សដែលតែងតែធ្វើបាបជារៀងរាល់ថ្ងៃដែរ ខណៈដែលកំពុងតែរស់នៅក្នុងលោកិយនេះ។ ដូច្នេះ យើងត្រូវរំឮកខ្លួនឯងយើងជារៀងរាល់ថ្ងៃ អំពីដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងរួចហើយ។ គ្រប់ពេលដែលយើងស្តាប់ឮដំណឹងល្អនេះ ព្រលឹងរបស់យើងបានធូរស្បើយ ហើយចិត្តរបស់យើងបានពេញដោយកម្លាំងឡើងវិញ។ តើអ្នកយល់ពីបទគម្ពីរថា «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» ដែរទេ? បទគម្ពីរនេះនិយាយទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ 

ព្រះគម្ពីរនិយាយលម្អិតអំពីរបៀបដែលមនុស្សអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ តាមរយៈគំរូរបស់លោកអ័ប្រាហាំ។ ប៉ុន្តែ ព្រះគម្ពីរនិយាយថា អ្នក «ដែលធ្វើការ» ទាស់ប្រឆាំងនឹងព្រះ ជាជាងអរព្រះគុណសម្រាប់សេចក្តីសង្រ្គោះរបស់ព្រះ។ ហើយអ្នក «ដែលធ្វើការ» មិនជឿលើសេចក្តីសុចរិតរបស់ព្រះទេ ហើយក៏មិនអរព្រះគុណដល់ទ្រង់ដែរ។ ខ.៤ និយាយថា មនុស្សម្នាក់ដែលព្យាយាមទៅស្ថានសួគ៌ ដោយការប្រព្រឹត្តល្អរបស់ខ្លួន មិនត្រូវការសេចក្តីសុចរិតរបស់ព្រះឡើយ។

ហេតុអ្វី? ពីព្រោះមិនមានសេចក្តីសុចរិតរបស់ព្រះសម្រាប់គាត់ឡើយ ដោយសារតែគាត់ព្យាយាមលាងសម្អាតអំពើបាបរបស់ខ្លួន ដោយការប្រព្រឹត្តល្អ និងការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ។ ហើយមនុស្សបែបនេះមិនចង់បានសេចក្តីសុចរិតរបស់ព្រះទេ ពីព្រោះគាត់មិនព្រមបោះបង់ចោលការប្រព្រឹត្តល្អរបស់គាត់ឡើយ ប៉ុន្តែតាមរយៈការអធិស្ឋានលន់តួ ដោយស្រែកយំ និងតមអាហារ គាត់ព្យាយាមទទួលបានសេចក្តីសង្រ្គោះសម្រាប់ព្រលឹងរបស់គាត់។ ដូច្នេះ ព្រះប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់អ្នកដែលពិតជាជឿលើព្រះបន្ទូលសុចរិតរបស់ទ្រង់តែប៉ុណ្ណោះ។



អ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ!


«តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» (រ៉ូម ៤:៥)។

បងប្អូន! ខគម្ពីរនេះទាក់ទងជាមួយនឹងមនុស្សម្នាក់ដែលទទួលស្គាល់ព្រះ និងជឿតាមព្រះបន្ទូលព្រះ ដូចជាលោកអ័ប្រាហាំដែរ។ យើងជឿលើព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ ដែលបានសង្រ្គោះមនុស្សទមិលល្មើស។ នៅក្នុងពិភពលោកនេះ មានគ្រីស្ទបរិស័ទពីរប្រភេទ។ នៅក្នុងខ.៤ មានអ្នក «ធ្វើការ» ហើយមនុស្សនេះមិនចាត់ទុកសេចក្តីសង្រ្គោះរបស់ព្រះជាអំណោយទានមួយទេ ប៉ុន្តែជាបំណុលមួយទៅវិញ។ ដោយសារមនុស្សបែបនេះចង់បានការទទួលស្គាល់នៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តល្អរបស់ខ្លួន បន្ទាប់ពីបានជឿព្រះយេស៊ូវហើយ ពួកគេងាយនឹងបដិសេធសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះខ្លួនណាស់។ តើអ្នកគិតថា ការលះបង់អ្វីខ្លះ ដែលអ្នកត្រូវធ្វើ ដើម្បីអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន? 

ប្រសិនបើអ្នកដើរនៅចំពោះព្រះ ដោយការប្រកាន់ខ្ជាប់នូវការប្រព្រឹត្តល្អរបស់ខ្លួន អ្នកក្លាយជាមនុស្សមានបាបម្នាក់ ដោយមិនបានទទួល        សេចក្តីសុចរិតរបស់ព្រះទេ។ តើអ្នកដឹងទេថា គោលលទ្ធិនៃការញែកជាបរិសុទ្ធ ដែលគ្រីស្ទបរិស័ទភាគច្រើនគាំទ្រ នាំពួកគេទៅធ្លាក់យ៉ាងជ្រៅទៅក្នុងការព្យាយាមប្រព្រឹត្តល្អ ហើយប្រែក្លាយពួកគេជាខ្មាំងសត្រូវរបស់ព្រះ ដោយការទាស់ប្រឆាំងនឹងអំណោយទាននៃសេចក្តីសុចរិតរបស់ទ្រង់? ព្រះគម្ពីរមិននិយាយថា យើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបន្តិចម្តងៗនោះឡើយ ហើយក៏មិននិយាយថា យើងអាចទទួលសេចក្តីសុចរិតរបស់ព្រះ តាមរយៈការប្រព្រឹត្តរបស់យើងដែរ។

ពួកអ្នកគាំទ្រ «ការប្រព្រឹត្តរបស់មនុស្ស» បង្រៀនថា ទោះបីជាព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នករួចទៅហើយក្តី អ្នកអាចបានញែកជាបរិសុទ្ធ បន្តិចម្តងៗបាន តាមរយៈការអធិស្ឋានលន់តួ។  ហើយអ្នកអាចកាន់តែសុចរិតទៅៗ បើសិនអ្នករស់នៅក្នុងជីវិតស្អាតបាត និងមានគុណធម៌ ហើយអ្នកអាចបានសង្រ្គោះ បើសិនអ្នកឧស្សាហ៍ធ្វើការទាំងនេះ រហូតដល់អ្នកស្លាប់។

ទោះបីជាយ៉ាងណា យើងមិនអាចប្រៀបធៀបសេចក្តីសុចរិតរបស់ព្រះ ជាមួយនឹងការប្រព្រឹត្តរបស់មនុស្សបានឡើយ។ អ្នកដែលទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ បានក្លាយជាសម្ព័ន្ធមិត្តរបស់សាតាំង     ហើយ។ ដោយសារមនុស្សបែបនេះបដិសេធសេចក្តីសុចរិតរបស់ព្រះអម្ចាស់ ពួកគេមិនអាចទទួលបានការអត់ទោសបាប នៅចំពោះព្រះ       អម្ចាស់បានឡើយ។ 

បងប្អូនអើយ! យើងពិតជាទមិលល្មើស១០០ភាគរយមែន។ ប៉ុន្តែការពិតគឺថា មនុស្សជាច្រើនយល់ច្រឡំអំពីសេចក្តីសុចរិតរបស់ព្រះ ហើយដើរតាមផ្លូវនៃជំនឿខុស ។ ដោយសារមនុស្សជាច្រើនគិតថា ពួកគេគោរពដល់ព្រះជាម្ចាស់ ពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។ ពួកគេជឿថា ពួកគេអាចទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃ និងនៅអនាគត ដោយការថ្វាយការអធិស្ឋានលន់តួដោយខ្លួនឯងបាន។ មនុស្សទាំងនេះជឿថា យ៉ាងហោចណាស់ មានការគោរពដល់ព្រះជាម្ចាស់ខ្លះនៅក្នុងខ្លួនរបស់ពួកគេដែរ។ ដូច្នេះហើយបានជាពួកគេខិតខំបង្កើនការប្រព្រឹត្តល្អ ដោយមិនស្វែងរក និងជឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។

តើមនុស្សប្រភេទណាអាចបានរាប់ជាសុចរិតបាន? អ្នកដែលមិនពូកែខាងការអធិស្ឋានលន់តួ អាចបានរាប់ជាសុចរិតបាន។ នេះមិនមានន័យថា មនុស្សមិនត្រូវការថ្វាយការអធិស្ឋានលន់តួទេ។ ខ្ញុំសង្ឃឹមថា អ្នកនឹងមិនយល់ច្រឡំអំពីខ្ញុំនូវចំណុចនេះទេ។ បន្តិចទៀត ខ្ញុំនឹងដោះស្រាយបញ្ហានៃ «ជីវិតរបស់មនុស្សសុចរិត»។ ប៉ុន្តែអ្នកដែលទាស់ប្រឆាំងនឹងព្រះ ផ្តល់តម្លៃយ៉ាងខ្ពស់ដល់ការប្រព្រឹត្តល្អ ការអធិស្ឋានលន់តួ ឬការរស់នៅក្នុងជីវិតឆេះឆួល។

ទោះបីជាយ៉ាងណា មានតែអ្នកដែលដឹងថា ការប្រព្រឹត្តរបស់ខ្លួនមិនគ្រប់គ្រាន់ទេ ទើបអាចបានរាប់ជាសុចរិតចេញពីសណ្ឋានរបស់មនុស្សមានបាបបាន ដោយការទទួលយកអំណោយទាននៃការអត់ទោសបាបនៅក្នុងចិត្តរបស់ខ្លួន។ កិច្ចការតែមួយគត់ ដែលយើងត្រូវតែធ្វើ គឺត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ និងដឹងថា យើងមិនមានអ្វីនឹងអួតពីសេចក្តីសុចរិតរបស់ខ្លួនយើងឡើយ។ យើងត្រូវតែទទួលស្គាល់នៅចំពោះព្រះថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំយើងខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនយ៉ាងនេះ ពីព្រោះយើងគឺជាមនុស្សមានបាប ហើយក៏នឹងបន្តធ្វើបាបជានិច្ច រហូតដល់ស្លាប់ដែរ»។ ហើយកិច្ចការតែមួយផ្សេងទៀត ដែលយើងត្រូវតែធ្វើ គឺត្រូវជឿថា ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់បានទាំងស្រុងហើយ។

ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ មនុស្សមានបាបគ្រប់រូបអាចទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបាន។ ដូច្នេះ យើងសរសើរតម្កើង ដោយជំនឿលើសេចក្តីសុចរិតរបស់ព្រះ     យេស៊ូវគ្រីស្ទ ពីព្រោះយើងដែលនឹងត្រូវវិនាសនៅក្នុងបាប បានទទួល    សេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ហើយ។



តើអ្នកណាគឺជាអ្នកមានពរពិត?


តើ អ្នកណាគឺជាអ្នកមានពរពិត នៅចំពោះព្រះ? ព្រះគម្ពីរកំណត់     អត្តសញ្ញាណអ្នកមានពរថា «មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។ ទោះបីជាមនុស្សម្នាក់មិនអាចធ្វើការល្អអ្វីសោះនៅចំពោះព្រះ មានភាពមិនពេញលេញ និងភាពខ្សោយ ឬមិនអាចធ្វើតាមផ្នែកទាំងអស់នៃក្រិត្យវិន័យបានក៏ដោយ ក៏ព្រះបានប្រទានពរនៃការអត់ទោសបាបដល់ពួកគេ បើសិនពួកគេជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបានលុបបំបាត់អំពើបាបទាំងអស់របស់ពួកគេ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ មនុស្សទាំងនេះជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយទទួលបានព្រះពរយ៉ាងច្រើននៅចំពោះព្រះ ពីព្រោះនៅក្នុងចំណោមមនុស្សច្រើនរាប់មិនអស់ ពួកគេបានទទួលព្រះពរពិសេសនៅចំពោះទ្រង់។ យើងបានទទួលសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងជឿថា ព្រះបានមានបន្ទូលយ៉ាងដូច្នេះ។ បើសិនព្រះបានមានបន្ទូលយ៉ាងដូច្នេះ តើយើងមានអ្វីផ្សេងទៀត ដើម្បីបន្ថែមទៅលើព្រះបន្ទូលទ្រង់ដែរទេ? ទេ យើងមិនមានអ្វីឡើយ។

មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលនៅតែព្យាយាមទទួលបានសេចក្តីសង្រ្គោះ តាមរយៈការប្រព្រឹត្តល្អរបស់ខ្លួននៅឡើយ ទោះបើពួកគេសារភាពថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ។

តើមានអ្វីផ្សេងទៀតទេ ដើម្បីកោតសរសើរពីសេចក្តីពិតអំពីសេចក្តីសង្រ្គោះចេញពីបាប ដែលព្រះប្រទានឲ្យ ដែលនិយាយថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ? ទេ ពិតជាមិនមានអ្វីផ្សេងទៀតឡើយ។ 

ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទសព្វថ្ងៃនេះយល់ច្រឡំយ៉ាងខ្លាំងអំពីផ្នែកនៃការជឿលើសេចក្តីសុចរិតរបស់ព្រះ។ មនុស្សដឹងថា ពួកគេអាចទទួលបានសេចក្តីសង្រ្គោះ ដោយការជឿលើព្រះយេស៊ូវ។ ប៉ុន្តែពួកគេនៅតែគិតថា សម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ ពួកគេចាំបាច់ត្រូវតែបានញែកជាបរិសុទ្ធបន្តិចម្តងៗ រស់នៅប្រកបដោយគុណធម៌ និងគោរពតាមក្រិត្យវិន័យ និងព្រះបន្ទូលព្រះ នៅពេលពួកគេចាប់ផ្តើមជឿព្រះយេស៊ូវ   ភ្លាម។ តាមរបៀបនេះ ពួកគេច្របូកច្របល់យ៉ាងខ្លាំង។

អ្វីដែលពួកគេនិយាយ ក៏ស្រដៀងគ្នានឹងអ្វីដែលមនុស្សសុចរិតនិយាយដែរ ប៉ុន្តែគ្រាន់តែថា វាខុសគ្នាយ៉ាងខ្លាំងពីជំនឿដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ តើមនុស្សម្នាក់អាចជឿលើព្រះអម្ចាស់បានយ៉ាងល្អបានយ៉ាងដូចម្តេច? គាត់អាចធ្វើដូច្នេះ និងបានសង្រ្គោះចេញពីបាបបាន លុះត្រាតែគាត់មានជំនឿត្រឹមត្រូវតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីពិតរបស់ព្រះជួយឲ្យយើងអាចទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយសារជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបានសម្តែងពីសេចក្តីសុចរិតរបស់ព្រះយ៉ាងច្បាស់។

យើងគួរតែបោះបង់ចោលនូវគោលលទ្ធិគ្រីស្ទបរិស័ទខុសឆ្គងអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ ការជ្រើសរើសដោយឥតលក្ខខណ្ឌ និងការរាប់ជាសុចរិតតាមតែមាត់ ឬជំនឿខុសឆ្គងទាំងឡាយ ដែលនិយាយថា មនុស្សអាចទទួលបានសេចក្តីសង្រ្គោះចេញពីបាប ដោយការមិនបរិភោគសាច់ជ្រូក ឬការរក្សាតាមថ្ងៃសាប្ប័ទ។ យើងគួរតែនៅឲ្យបានឆ្ងាយពីអ្នកដែលនិយាយអំពីសេចក្តីដែលឥតប្រយោជន៍ទាំងនេះ។ មិនមានការសន្និដ្ឋាន ឬចម្លើយត្រឹមត្រូវសម្រាប់ការនិយាយរបស់ពួកគេឡើយ។

បងប្អូនអើយ! តើវាគឺជាជំនឿត្រឹមត្រូវទេ ដែលយើងទទួលបាន      សេចក្តីសង្រ្គោះចេញពីបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយមិនចាំបាច់ប្រព្រឹត្តការល្អអ្វីសោះ? បាទ វាគឺជាជំនឿត្រឹមត្រូវ។ តើយើងបានធ្វើកិច្ចការអ្វី ដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះ? តើយើងបានប្រព្រឹត្តល្អនៅចំពោះព្រះដែរឬទេ? ទេ។ ហើយតើយើងបានគ្រប់លក្ខណ៍នៅក្នុងគំនិត ដោយខ្លួនឯងដែរទេ? ទេ យើងមិនគ្រប់លក្ខណ៍    ឡើយ។ ដូច្នេះ តើនេះមានន័យថា យើងគួរតែរស់នៅតាមរបៀបដែលយើងចូលចិត្តឬ? ទេ។ វាមានន័យថា យើងគួរតែបានធ្វើជាកូនរបស់ព្រះពិត ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ ការទទួលបានការអត់ទោសបាប និងការទទួលបានព្រះវិញ្ញាណបរិសុទ្ធពីទ្រង់។

មនុស្សពិតជាមិនអាចនៅរស់នៅក្នុងជីវិតល្អបានឡើយ។ ប៉ុន្តែសូម្បីតែមនុស្សដែលមិនធ្វើការ បើសិនគាត់នៅតែជឿលើសេចក្តីសុចរិត ដែលព្រះយេស៊ូវប្រទានឲ្យ គាត់គឺជាមនុស្សមានពរ ដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់ហើយ។ តាមនិស្ស័យរបស់យើង យើងម្នាក់ៗមិនអាចរស់នៅក្នុងជីវិតល្អបានឡើយ។ ដូច្នេះហើយបានជាព្រះមានសេចក្តីអាណិតអាសូរដល់យើង ហើយបានបញ្ជូនព្រះយេស៊ូវមកក្នុងលោកិយនេះ អនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីឲ្យទ្រង់អាចដោះអំពើបាបរបស់លោកិយនេះបាន។ បន្ទាប់មក ទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវនាំអំពើបាបទាំងអស់នោះទៅឯឈើឆ្កាង និងដោះស្រាយបញ្ហាបាបសម្រាប់យើង។ 

សុភាសិតអាស៊ីមួយ និយាយថា «យើងគួរតែលះបង់ជីវិតរបស់យើងសម្រាប់សេចក្តីល្អរបស់អ្នកដទៃ»។ បន្ទាប់ពីបានសង្រ្គោះមនុស្សម្នាក់ទៀតពីការលុងទឹក ពួកគេកោតសរសើរគាត់សម្រាប់ការលះបង់ខ្លួនឯងរបស់គាត់។ បងប្អូន! នេះមានន័យថា ទោះបីជាយើងជួយសង្រ្គោះមនុស្សលុងទឹកក៏ដោយ ក៏យើងឲ្យតម្លៃយ៉ាងខ្ពស់ចំពោះវាដែរ។

មានសុភាសិតមួយទៀតថា «Ingwa-eungbo»។ វាមានន័យថា បើសិនមនុស្សមា្នក់មានជីវិតល្អមួយ គាត់នឹងទទួលបានពរនៅក្នុងអនាគត ប៉ុន្តែនឹងមានទោសវិញ បើសិនគាត់ប្រព្រឹត្តអាក្រក់។ បងប្អូន! តើពិតជាមានមនុស្សម្នាក់ ដែលលះបង់ជីវិតរបស់ខ្លួនសម្រាប់អ្នកដទៃដែរទេ?       សូម្បីតែនៅក្នុងករណីស្នេហាផ្ទុយភេទ បុរស និងស្ត្រីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ដោយសារតែវាសមនឹងសេចក្តីប្រាថ្នារបស់ខ្លួនឯងដែរ។ ដូច្នេះ ជាទូទៅ មនុស្សទាំងអស់មានភាពអាត្មានិយម។

ដូច្នេះហើយបានជាព្រះមានបន្ទូលថា មិនអាចមានគុណធម៌នៅក្នុងមនុស្សជាតិបានឡើយ ហើយយើងគួរតែពិនិត្យឲ្យបានម៉ត់ចត់ថា យើងពិតជាពឹងផ្អែក និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ ដែលបានលុបបំបាត់អំពើបាបដ៏អាក្រក់បំផុតរបស់យើង ឬអត់។ ដូច្នេះ យើងគួរតែទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើ    សេចក្តីសុចរិតរបស់ព្រះ ដែលព្រះជាម្ចាស់របស់យើងបានប្រទានឲ្យ។



អ្នកគួរតែទទួលបានការអត់ទោសសម្រាប់អំពើបាបនៃ អំពើរំលងច្បាប់ទាំងអស់


តើ អំពើរំលងច្បាប់នៅចំពោះព្រះគឺជាអ្វី? ការប្រព្រឹត្តខុសទាំងអស់ ដែលយើងមាននៅចំពោះព្រះ គឺជាអំពើរំលងច្បាប់ទាំងអស់។

តើអ្នក និងខ្ញុំអាចមានការគ្របបាំងអំពើបាបរបស់យើងនៅចំពោះព្រះបានយ៉ាងដូចម្តេច? តើអាវក្រោះដ៏ក្រាស់មួយអាចគ្របបាំងអំពើបាបរបស់យើងបានដែរឬទេ? ហើយតើអាវក្រោះដែកកម្រាសមួយម៉ែត្រ ដែលធ្វើពីដែកដ៏រឹងបំផុត អាចគ្របបាំងអំពើបាបរបស់យើងនៅចំពោះព្រះបានដែរឬទេ? បងប្អូន! នៅពេលយើងធ្វើទង្វើល្អ តើទង្វើល្អទាំងនោះអាចគ្របបាំងកំហុស និងការអាក្រក់របស់យើងនៅចំពោះព្រះបានដែរឬទេ? ទេ។ ទង្វើល្អរបស់មនុស្សជាតិគ្រាន់តែជាការលួងលោមខ្លួនឯងប៉ុណ្ណោះ ហើយគ្មានអ្នកណាម្នាក់អាចគេចផុតពីការជំនុំជម្រះរបស់ព្រះ ដោយការលួងលោមបញ្ញាចិត្តរបស់ខ្លួន ដោយការធ្វើទង្វើល្អបានឡើយ។

«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង ។» នេះគឺជាអ្វីដែលព្រះគម្ពីរនិយាយ។ បងប្អូន! បើសិនយើងចង់ឲ្យអំពើបាបរបស់យើងត្រូវបានគ្របបាំង មានរបៀបតែមួយគត់ គឺត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយទ្រង់បានសង្រ្គោះយើង។ សេចក្តីសុចរិតរបស់ព្រះ រួមបញ្ចូលទាំងការដែលព្រះយេស៊ូវយាងមកលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជ ការដែលទ្រង់ទទួលយកអំពើបាបរបស់យើង និងការសុគតជំនួសរបស់ទ្រង់នៅលើឈើឆ្កាង។ នេះដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ និងដោយសារទ្រង់បានទទួលការជំនុំជម្រះ ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ។ អំពើបាបទាំងអស់ត្រូវបានគ្របបាំង នៅពេលមនុស្សម្នាក់ជឿលើសេចក្តីសុចរិតរបស់ទ្រង់។ 

នៅចំពោះព្រះ វានៅតែឥតប្រយោជន៍ទេ បើសិនមនុស្សម្នាក់ព្យាយាមគ្របបាំងអំពើបាប ដោយទង្វើល្អរបស់ខ្លួន។ មានតែព្រះរាជកិច្ចសុចរិតនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះ ទើបអាចគ្របបាំងអំពើបាបរបស់អ្នក និងខ្ញុំបាន។ យើងត្រូវទទួលការជំនុំជម្រះ សេចក្តីវិនាស និងការធ្លាក់ទៅក្នុងស្ថាននរក ដោយការទទួលបានសេចក្តីក្រោធដ៏ឃោរឃៅរបស់ព្រះ ដោយសារតែអំពើបាបរបស់យើង ប៉ុន្តែព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះសម្រាប់យើង ដោយការទទួលបុណ្យជ្រមុជពីលោក      យ៉ូហាន-បាទ្ទីស និងការសុគតនៅលើឈើឆ្កាង។ អ្នកគួរតែជឿលើការពិតទាំងនេះ។ យើងអាចគ្របបាំងអំពើបាបរបស់យើង ដោយសារជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ហេតុអ្វី? ពីព្រោះសេចក្តីសុចរិតរបស់ព្រះបានទូទាត់សងយ៉ាងត្រឹមត្រូវ សម្រាប់អំពើបាបទាំងអស់របស់លោកិយនេះរួចហើយ តាមរយៈបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់។ ឥឡូវនេះ អ្នក និងខ្ញុំអាចគ្របបាំងអំពើបាបរបស់យើងបាន ដោយការជឿលើសេចក្តីពិតនេះ។

តើមនុស្សប្រភេទណាមានពរ? មនុស្សម្នាក់ដែលមានជំនឿបែបនេះ មានពរហើយ។ «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ។» អ្នកដែលមានជំនឿបែបនេះ គឺជាមនុស្សមានពរ និងអំណរម្នាក់។ តើអ្នក និងខ្ញុំមានជំនឿបែបនេះដែរឬទេ? មនុស្សដែលមានពរពិត គឺជាអ្នកដែលបានជឿនៅក្នុងចិត្តតាមព្រះបន្ទូលព្រះថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើង ដោយទឹក និងព្រះវិញ្ញាណ     បរិសុទ្ធ។ អ្នកដែលទទួលយកព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងទឹក និងព្រះលោហិតរបស់ទ្រង់នៅក្នុងចិត្ត និងរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទ គឺពិតជាមនុស្សមានពរហើយ។

ដោយសារជំនឿ យើងដែលជាអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ បានទទួលសេចក្តីសង្រ្គោះដ៏អស្ចារ្យ ដែលមិនមានគុណធម៌ និងគំនិតរបស់មនុស្សជាតិសូម្បីតែបន្តិចសោះ។ ហើយមានតែអ្នកមានពរពិតប៉ុណ្ណោះ ទើបជឿលើជំនឿនេះ រក្សាជំនឿនេះនៅក្នុងចិត្តរបស់ខ្លួន ហើយអាចប្រកាសដំណឹងល្អពិតបាន។ 

បងប្អូន! សូមកុំព្យាយាមធ្វើជាកូនរបស់ព្រះ ឬបានសង្រ្គោះចេញពីបាប ដោយការបន្ថែមទង្វើគុណធម៌ផ្ទាល់ខ្លួនរបស់អ្នក ទៅលើព្រះគុណទ្រង់ឲ្យសោះ! តើអ្នកមានគុណធម៌ឬ? វាគឺជាការក្រអឺតក្រទម បើសិនមនុស្សម្នាក់ព្យាយាមមានគុណធម៌ ដោយគិតថា ខ្លួនអាចមានគុណធម៌បាន ទោះបើខ្លួនមិនមានគុណធម៌ក៏ដោយ។ បើសិនអ្នកក្រម្នាក់ទទួលបានពេជ្រដ៏ធំមួយគ្រាប់ពីមហាសេដ្ឋីម្នាក់ ទុកជាអំណោយ ការតែមួយគត់ ដែលអ្នកក្រនោះត្រូវធ្វើ គឺត្រូវនិយាយថា «អរគុណ»។ ហើយមនុស្សក៏ត្រូវតែធ្វើដូច្នេះដែរ សម្រាប់សេចក្តីសុចរិតរបស់ព្រះ។

រ៉ូម ៤ និយាយអំពីមនុស្សដែលមានពរពីព្រះ។ មនុស្សបែបនេះបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយការជឿតាមព្រះបន្ទូលអំពីដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។

ខ្ញុំ សង្ឃឹមថា ព្រះពរនេះនឹងក្លាយជាព្រះពររបស់អ្នក។