Sermons

[6-3] <រ៉ូម ៦:១២-១៩> ចូរថ្វាយអវយវៈរបស់អ្នកទុកជា ប្រដាប់ប្រដានៃសេចក្តីសុចរិត



<រ៉ូម ៦:១២-១៩>

«ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង  ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ ដូច្នេះ ធ្វើដូចម្តេច តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រឹត្យវិន័យឬអី ទេ មិនគួរឡើយ តើអ្នករាល់គ្នាដឹងទេឬអី ថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបំរើ និងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបំរើរបស់ចៅហ្វាយនោះឯងដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្តីស្លាប់ ឬជារបស់ផងសេចក្តីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្តីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្តីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។»



យើងមិនអាចបន្តធ្វើបាប ដើម្បីឲ្យព្រះគុណបានចម្រើនឡើងបានទេ


នៅក្នុង រ៉ូម ៦ សាវកប៉ុលប្រាប់យើងអំពីរបៀបដែលមនុស្សសុចរិតគួរតែរស់នៅ បន្ទាប់ពីបានសង្រ្គោះចេញពីអំពើបាបហើយ។ អំពើបាបរបស់យើងត្រូវបានអត់ទោសឲ្យ តែម្តងជាសម្រេច តាមរយៈជំនឿលើបុណ្យជ្រមុជ ឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ 

យើងមិនអាចបានពេញដោយសេចក្តីសុចរិត និងសេចក្តីសង្រ្គោះរបស់ព្រះ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានឡើយ។ បើសិនព្រះយេស៊ូវមិនបានដោះអំពើបាបទាំងអស់របស់យើងចេញ នៅពេលទ្រង់ទទួលបុណ្យជ្រមុជទេ នោះយើងនឹងមិនអាចនិយាយថា យើងបានរាប់ជាសុចរិត បន្ទាប់ពីការទទួលបានការអត់ទោសបាបបានឡើយ។

ដោយទំនុកចិត្ត យើងអាចនិយាយថា យើងបានរាប់ជាសុចរិត ពីព្រោះអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ និងពីព្រោះទ្រង់បានសុគតនៅលើឈើឆ្កាង និងទទួលយកការជំនុំជម្រះសម្រាប់អំពើបាបទាំងអស់របស់យើង។ រ៉ូម ៦ បង្រៀនយើងអំពីសេចក្តីសង្រ្គោះតាមរយៈជំនឿ និងជីវិតរស់នៅរបស់មនុស្សសុចរិត។ គាត់និយាយថា «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី» (រ៉ូម ៦:១)។ ហើយគាត់និយាយនៅក្នុងបទគម្ពីរមុនថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ» (រ៉ូម ៥:២០-២១)។ អំពើបាបរបស់លោកិយនេះមិនអាចធំជាងសេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈសេចក្តីជំនឿតាមព្រះបន្ទូលពិតបានឡើយ។ 

ព្រះគម្ពីរនិយាយថា យើងមិនអាចចេះតែបន្តធ្វើបាប ដើម្បីឲ្យព្រះគុណបានចម្រើនឡើងបានឡើយ ទោះបើយើងមានសាច់ឈាម ហើយទទួលបានការអត់ទោស សម្រាប់អំពើបាបទាំងអស់របស់យើងក៏ដោយចុះ។ «ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម» (រ៉ូម ៦:២-៤)។ 



យើងត្រូវបានកប់ជាមួយនឹងព្រះយេស៊ូវហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់


មនុស្សចាស់របស់យើង ត្រូវបានឆ្កាងជាមួយព្រះយេស៊ូវហើយ។ នេះមានន័យថា យើងបានស្លាប់ខាងឯបាបហើយ។ ដូច្នេះ ការសុគតរបស់ព្រះយេស៊ូវគឺជាសេចក្តីស្លាប់ខាងឯបាបរបស់យើង។ «ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់។» មនុស្សចាស់ខាងសាច់ឈាមរបស់យើងត្រូវបានកប់ជាមួយទ្រង់ ទៅក្នុងសេចក្តីស្លាប់ តាមរយៈបុណ្យជ្រមុជហើយ។ 

ព្រះអម្ចាស់បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ជំនួសមនុស្សមានបាប។ តាមនិស្ស័យរបស់ទ្រង់ ទ្រង់ឥតមានបាបសោះ។ ប៉ុន្តែទ្រង់បានទទួលយកអំពើបាបទាំងអស់របស់មនុស្សមានបាប ដាក់លើអង្គទ្រង់ ហើយបានទទួលការជំនុំជម្រះ ជំនួសពួកគេ។ តើអ្នកជឿលើការពិតនេះទេ? អង្គទ្រង់ផ្ទាល់មិនគួរទទួលយកការជំនុំជម្រះឡើយ ប៉ុន្តែយើងទេតើ ដែលជាមនុស្សមានបាប ដែលបានទទួលការជំនុំជម្រះនៅក្នុងទ្រង់ ពីព្រោះយើងបានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវគ្រីស្ទ។

សាវកប៉ុលសង្កត់ធ្ងន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយយើងក៏ប្រកាសពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវផងដែរ។ យើងមិនខុសទេ ក្នុងការប្រកាសពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ចេញពីគំនិតស្មោះត្រង់។ ព្រះយេស៊ូវបានដោះអំពើបាបរបស់មនុស្សមានបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតសម្រាប់ពួកគេ ដូចជាមនុស្សមានបាបម្នាក់បានផ្ទេរអំពើបាបរបស់ខ្លួន ដោយការដាក់ដៃរបស់គាត់លើក្បាលរបស់តង្វាយលោះបាប និងការសម្លាប់វា នៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ដែរ។ 

លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដែលជាកូនចៀមនៃព្រះ ដែលបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ក្នុងនាមជាតង្វាយលោះបាប។ ដូច្នេះ ការសុគតរបស់ទ្រង់គឺជាការស្លាប់របស់យើង និងអ្នកជឿទាំងអស់។ អស់អ្នកដែលបានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវគ្រីស្ទ ត្រូវបានកប់ជាមួយទ្រង់ហើយ។ ប៉ុន្តែអស់អ្នកដែលមិនបានទទួលបុណ្យជ្រមុជទៅក្នុងទ្រង់ មិនជឿ មិនបដិសេធខ្លួនឯង មិនអាចយកឈ្នះលោកិយនេះ និងមិនអាចបានសង្រ្គោះឡើយ។

មានតែអ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទទេ ទើបដឹងថា ខ្លួនបានស្លាប់លើឈើឆ្កាងជាមួយទ្រង់ហើយ។ គាត់បដិសេធខ្លួនឯង យកឈ្នះលោកិយ និងសោយរាជ្យបាន ដោយពឹងផ្អែក និង

ជឿតាមព្រះបន្ទូលព្រះ។ មានតែអ្នកដែលជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺផ្លូវតែមួយគត់ សម្រាប់ទ្រង់ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ទទួលបានការអត់ទោសអំពើបាប ដែលជាសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍។ 

សារៈសំខាន់នៃសេចក្តីសង្រ្គោះតាមរយៈការអត់ទោសអំពើបាប គឺជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ បើសិនព្រះយេស៊ូវមិនបានដោះអំពើបាបរបស់មនុស្សមានបាបចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ ការសុគតរបស់ទ្រង់នឹងមិនមានឥទ្ធិពលអ្វីលើសេចក្តីសង្រ្គោះរបស់យើងឡើយ។ ដូច្នេះ ស្នូលនៃសេចក្តីសង្រ្គោះគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពីព្រោះអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលលោកយ៉ូហាន-បាទ្ទីសធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ 



យើងបានរស់នៅជាមួយព្រះ និងដើរនៅក្នុងជីវិតថ្មី


សាវកប៉ុល និយាយថា «ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ» (រ៉ូម ៦:៤)។ អស់អ្នកដែលបានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវគ្រីស្ទ មានសេចក្តីប្រោសលោះតាមរយៈសេចក្តីជំនឿ បានកប់ជាមួយទ្រង់ និងមានជីវិតថ្មីនៅក្នុងទ្រង់។ សេចក្តីជំនឿនេះគឺជាសេចក្តីជំនឿដ៏អស្ចារ្យ។ សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់គឺជាសេចក្តីជំនឿដែលសាងសង់ឡើងនៅលើដីរឹង។

«ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ» (រ៉ូម ៦:៤-៥)។ យើងអាចបានរួបរួមជាមួយព្រះបាន ដោយសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។

ឥឡូវនេះ អស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ អាចដើរនៅក្នុងជីវិតថ្មីបាន។ មនុស្សចាស់របស់យើងដែលមានពីមុន បានកើតមក ហើយស្លាប់បាត់ហើយ ហើយយើងបានក្លាយជាមនុស្សថ្មី ហើយអាចធ្វើការងារថ្មី រស់នៅក្នុងរបៀបថ្មី ដោយសេចក្តីជំនឿថ្មីបាន។ អ្នកដែលបានកើតជាថ្មី មិនរស់នៅក្នុងរបៀបរស់នៅចាស់ និងរបៀបគិតចាស់ឡើយ។ មូលហេតុដែលយើងត្រូវតែបដិសេធរបៀបគិតចាស់របស់យើងគឺថា មនុស្សចាស់របស់យើងបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូវគ្រីស្ទហើយ។

២កូរិនថូស ៥:១៧ និយាយថា «អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ»។ ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីដោះអំពើបាបរបស់យើងចេញ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ដើម្បីជួយឲ្យពួកគេអាចដើរនៅក្នុងជីវិតថ្មីបាន។ «សេចក្តីចាស់» ទាំងអស់របស់យើងបានកន្លងផុតទៅហើយ។ ឥឡូវនេះ ជីវិតថ្មីរបស់យើងបានចាប់ផ្តើមហើយ។ ហើយការបានសង្រ្គោះគឺជាចំណុចចាប់ផ្តើមនៃជីវិតថ្មីរបស់យើង។ 

ព្រះបានប្រាប់អ៊ីស្រាអែលឲ្យរក្សាតាមបុណ្យរំលង បន្ទាប់ពីពួកគេបានចាកចេញពីស្រុកអេស៊ីព្ទ ហើយចូលទៅក្នុងទឹកដីកាណាន។ ការចាកចេញពីស្រុកអេស៊ីព្ទគឺជានិមិត្តរូបនៃការបានសង្រ្គោះចេញពីបាប។ ព្រះបានប្រាប់ពួកអ៊ីស្រាអែលថា «ព្រះយេហូវ៉ា ទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា  ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំ      សំរាប់ឯងរាល់គ្នា  ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១ បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច  រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ ហើយត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើងទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា» (និក្ខមនំ ១២:១-១១)។ យើងត្រូវតែចងចាំថា ព្រះបានបង្គាប់ឲ្យពួកគេបរិភោគសាច់ចៀមជាមួយនឹងនំប៉័ងឥតដំបែ និងបន្លែល្វីង នៅក្នុងពិធីបុណ្យរំលង។

មានសេចក្តីល្វីងជូរចត់ជាច្រើន បន្ទាប់ពីបានសង្រ្គោះចេញពីអំពើ     បាប។ បន្លែល្វីងតំណាងឲ្យការបដិសេធខ្លួនឯង។ ពិតជាមានទុក្ខលំបាកផ្សេងៗនឹងកើតឡើងចំពោះយើង ប៉ុន្តែយើងត្រូវតែចងចាំថា យើងបានកប់ជាមួយព្រះគ្រីស្ទហើយ។ «ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:១០-១១)។ 

នេះគឺជាចិត្តនៃការបានរូបរួមជាមួយព្រះយេស៊ូវ។ យើងបានរួបរួមជាមួយព្រះយេស៊ូវ ដោយការជឿលើបុណ្យជ្រមុជ ឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ដែលទ្រង់បានបំពេញសម្រេច។ ព្រះរាជកិច្ចរបស់ទ្រង់រួមមាន ការចាប់កំណើតជាមនុស្សរបស់ទ្រង់ ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ការសុគតនៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ ការយាងត្រឡប់ទៅស្ថានសួគ៌វិញ និងការយាងមកម្តងទៀត ដើម្បីវិនិច្ឆ័យមនុស្សស្លាប់។ ការជឿលើការទាំងអស់នេះគឺជាសេចក្តីជំនឿត្រឹមត្រូវ ដែលជាសេចក្តីជំនឿលើសេចក្តីសង្រ្គោះ សេចក្តីជំនុំជម្រះ និងសេចក្តីសុចរិតរបស់ព្រះ។ 

រ៉ូម ៦:១០ និយាយថា «ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ»។ ព្រះយេស៊ូវមិនបានលាងសម្អាតអំពើបាបរបស់យើង ពីរដងឡើយ ប៉ុន្តែទ្រង់ធ្វើការនេះ តែម្តងជាសម្រេច។ រ៉ូម ៦:១០-១១ និយាយថា «ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសំរេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ យើងពិតជាបានស្លាប់ខាងបាប ហើយបានរស់ខាងព្រះវិញមែន។ ឥឡូវនេះ យើងមានជីវិតរស់នៅខាងឯព្រះ ដោយមានជីវិតថ្មី និងក្លាយជាស្នាព្រះហស្តថ្មីរបស់ទ្រង់។ 

«ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ» (រ៉ូម ៦:១២-១៤)។

«ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។» បន្ទាប់ពីបានប្រោសលោះហើយ យើងលែងមានបាបទៀតហើយ មិនថាយើងពិតជាភាពខ្សោយ ដោយព្រោះយើងនៅតែរស់នៅក្នុងសាច់ឈាមទេ។ ប៉ុន្តែបាបនឹងមិនមានអំណាចគ្រប់គ្រងលើយើងបានឡើយ។ គ្មានទោសសម្រាប់យើងឡើយ ពីព្រោះយើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់រួចហើយ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការជំនុំជម្រះបាបតាមរយៈព្រះលោហិតទ្រង់ ទោះបើយើងខ្សោយយ៉ាងណាក៏ដោយចុះ។ 

បាបពិតជាមិនអាចមានអំណាចគ្រប់គ្រងលើយើងបានឡើយ។ ព្រះបានធ្វើឲ្យមនុស្សសុចរិតមិនត្រូវបានគ្រប់គ្រង ដោយបាប។ ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញយ៉ាងស្អាត តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ តែម្តងជាសម្រេច ដើម្បីកុំឲ្យបាបមានអំណាចគ្រប់គ្រងលើយើងបាន ទោះបើយើងខ្សោយយ៉ាងណាក៏ដោយ។ ទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបនៅលើឈើឆ្កាងរួចហើយ។ ដូច្នេះ អ្នកជឿទាំងអស់ឥតមានបាបទេ ពីព្រោះព្រះអម្ចាស់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់រួចហើយ។ 

មនុស្សសុចរិតមើលឃើញថា ខ្លួនមានភាពខ្សោយ និងសេចក្តីអាក្រក់ជាច្រើននៅក្នុងខ្លួន ប៉ុន្តែបាបមិនអាចមានអំណាចគ្រប់គ្រងលើពួកគេបានឡើយ ហើយមិនមានទោសសម្រាប់ពួកគេឡើយ នៅពេលពួកគេពឹងផ្អែកលើព្រះអម្ចាស់ ដោយសេចក្តីជំនឿ។ ដូច្នេះ យើងតែងតែអាចដើរនៅក្នុងជីវិតថ្មីជានិច្ច។ 



ចូរថ្វាយអវយវៈរបស់អ្នកទុកជាប្រដាប់ប្រដានៃសេចក្តីសុចរិតនៃព្រះ


ព្រះអម្ចាស់ បានប្រទានពរឲ្យមនុស្សសុចរិត ឲ្យរស់នៅក្នុងជីវិតថ្មី ជារៀងរាល់ថ្ងៃ។ ប៉ុន្តែតើពួកគេបន្តរស់នៅក្នុងបាបទៀតដែរទេ? ពិតជាមិនទេ។ រ៉ូម ៦:១៣ និយាយថា «ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង»។ 

«ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ។» តាមនិស្ស័យរបស់យើងពីមុន យើងគឺជាទាសករនៃបាប ហើយពូកែធ្វើបាបខ្លាំងណាស់ ប៉ុន្តែព្រះគម្ពីរនិយាយថា «ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្តីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ» (រ៉ូម ៦:១៧-១៨)។ 

យើងដែលបានរាប់ជាសុចរិត បានរួចពីបាប និងបានក្លាយជាអ្នកបម្រើរបស់សេចក្តីសុចរិតនៃព្រះ ដែលអាចបានសុចរិត ដោយសារព្រះ     គុណ។ យើងបានរួចពីបាបទាំងស្រុង ហើយអាចបានរាប់ជាសុចរិត និងធ្វើការងារសម្រាប់សេចក្តីសុចរិតរបស់ទ្រង់បាន។ ប៉ុន្តែតើយើងគួរតែធ្វើយ៉ាងដូចម្តេចជាមួយសាច់ឈាមរបស់យើង បន្ទាប់ពីយើងទទួលបាន     សេចក្តីប្រោសលោះហើយ? ហើយតើយើងគួរតែប្រព្រឹត្តយ៉ាងដូចម្តេចជាមួយសាច់ឈាមរបស់យើង បន្ទាប់ពីយើងបានសង្រ្គោះហើយ? ព្រះគម្ពីរនិយាយថា «ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ» (រ៉ូម ៦:១៩)។ តើសាច់ឈាមធ្វើយ៉ាងដូចម្តេច ទោះបើយើងបានសង្រ្គោះហើយក៏ដោយ? សាច់ឈាមតែងតែធ្លាក់ទៅក្នុងបាប ទោះបើយើងមិនមានបាបនៅក្នុងចិត្តរបស់យើងក៏ដោយ។ ដូច្នេះ យើងអាចចៀសផុតពីការធ្លាក់ចុះទៅក្នុងបាបបាន នៅពេលយើងប្រគល់សាច់ឈាមរបស់យើងទៅចំពោះការងារសុចរិត ពីព្រោះយើងបានរាប់ជាសុចរិតហើយ។ 



យើងត្រូវហ្វឹកហាត់ខ្លួនឯងខាងឯការគោរពដល់ព្រះអម្ចាស់


បន្ទាប់ពីយើងបានសង្រ្គោះហើយ តើយើងឥតមានបាប ទោះបើសាច់ឈាមនៅខ្សោយខ្លាំងក៏ដោយឬ? ប្រាកដណាស់ថា អ្នកដែលជឿលើបុណ្យជ្រមុជឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការ      វិនិច្ឆ័យចុងក្រោយរបស់ព្រះយេស៊ូវ ឥតមានបាបឡើយ គឺពួកគេឥតមានបាបឡើយ។ យើងគ្រាន់តែត្រូវប្រគល់សាច់ឈាមរបស់យើង ទៅចំពោះការងារសុចរិតប៉ុណ្ណោះ ហើយចិត្តរបស់យើងក៏ចង់ធ្វើការងារសុចរិតផង     ដែរ។ ដូច្នេះ ១ធីម៉ូថេ ៤:៧ និយាយថា «ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ»។ យើងត្រូវតែបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះ។

យើងមិនអាចធ្វើវាបាន ក្នុងរយៈពេលខ្លីបានទេ។ នៅពេលចែកកូនសៀវភៅដំណឹងល្អទៅដល់អ្នកដទៃ យើងអាចមានសេចក្តីខ្មាសអៀន បើសិនយើងស្គាល់អ្នកទាំងនោះ។ យើងអាចត្រឡប់មកផ្ទះវិញ ពីព្រោះយើងមានសេចក្តីខ្មាសអៀន។ ប៉ុន្តែចូរព្យាយាមធ្វើវាបីបួនដង ដោយគិតថា       «មនុស្សចាស់របស់ខ្ញុំបានស្លាប់ហើយ» ហើយបន្ទាប់មក និយាយយ៉ាងក្លាហានថា «អ្នកនឹងធ្លាក់ទៅក្នុងស្ថាននរក បើសិនមិនមានសេចក្តីប្រោសលោះទេ។ ដូច្នេះ ចូរទទួលយកកូនសៀវភៅមួយនេះ ហើយអានវា ដើម្បីទទួលសេចក្តីប្រោសលោះចុះ!»។ នៅពេលអ្នកធ្វើដូច្នេះ អ្នកអាចប្រគល់សាច់ឈាមរបស់អ្នកទៅចំពោះសេចក្តីសុចរិតហើយ។

រ៉ូម ៦ ប្រាប់យើងឲ្យប្រគល់អវយវៈរបស់យើង ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត សម្រាប់សេចក្តីបរិសុទ្ធ។ ដូច្នេះ យើងត្រូវតែប្រគល់អវយវៈរបស់យើង ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត។ យើងត្រូវតែហ្វឹកហាត់ខ្លួនឯងជាច្រើនដង ពីព្រោះយើងមិនអាចធ្វើវាបាននៅក្នុងរយៈពេលខ្លីមួយបានទេ គឺយើងត្រូវតែព្យាយាមម្តងហើយម្តងទៀត។ យើងនឹងដឹងថា វាគួរឲ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណា ក្នុងការចូលរួមនៅក្នុងពួកជំនុំ បើសិនយើងព្យាយាមចូលរួមនៅក្នុងពួកជំនុំ។ យើងមិនត្រូវគិតថា «ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំចង់ជឿគ្រប់យ៉ាងនៅផ្ទះរបស់ខ្ញុំ ពីព្រោះខ្ញុំដឹងយ៉ាងច្បាស់លាស់ពីអ្វីដែលគ្រូគង្វាលរបស់ខ្ញុំនឹងអធិប្បាយហើយ»។ ទាំងសាច់ឈាម និងចិត្តរបស់យើងគួរតែនៅក្នុងពួកជំនុំ។ សេចក្តីជំនឿអាចរីកចម្រើននៅក្នុងចិត្តបាន លុះត្រាតែយើងប្រគល់អវយវៈរបស់យើង ទុកជាអ្នកបម្រើរបស់     សេចក្តីសុចរិត។ 

យើងត្រូវតែប្រគល់អវយវៈរបស់យើងទៅចំពោះការងាររបស់សេចក្តីសុចរិត។ តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយអំពីដែរទេ? យើងមិនត្រូវរក្សាខ្លួនឲ្យនៅដាច់ឆ្ងាយពីការជួបប្រជុំគ្នា និងជួបជាមួយអ្នកដឹកនាំទេ។ នៅពេលអ្នកទៅផ្សារ អ្នកគួរតែឈៀងចូលព្រះវិហារ ហើយបើកទ្វារ និងនិយាយថា «ខ្ញុំកំពុងតែទៅផ្សារ ប៉ុន្តែខ្ញុំឈៀងចូលនៅទីនេះបន្តិច។ តើអ្នកសុខសប្បាយជាទេ? ការឈៀងចូលព្រះវិហារជារឿយៗ គឺជាការប្រគល់អវយវៈរបស់អ្នក ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត។ 

បន្ទាប់មក អ្នកដឹកនាំនឹងនិយាយថា «ប្អូនស្រី តើប្អូនអាចសម្អាតកន្លែងនេះបានទេ?»។

«បាន។»

«ហើយសូមត្រឡប់មកព្រះវិហារវិញ នៅពេលល្ងាចនេះ។»

«ហេតុអ្វី?»

«យើងនឹងមានការប្រកបយុវជននៅល្ងាចនេះ។»

«បាន ខ្ញុំនឹងមកចូលរួមនៅល្ងាចនេះ។»

យើងរវល់នៅក្នុងលោកិយនេះ ប៉ុន្តែតើយើងត្រូវប្រគល់សាច់ឈាមរបស់យើងជាដំបូងទៅកន្លែងណា នៅពេលមនុស្សអញ្ជើញយើងឲ្យចូលរួមការប្រជុំរបស់ពួកគេ?

យើងត្រូវតែប្រគល់ខ្លួនយើងទៅចំពោះពួកជំនុំ។ យើងត្រូវតែចូលរួមនៅក្នុងពួកជំនុំ ទោះបើគេបានអញ្ជើញយើងទៅពិសារអាហារជាមួយអ្នកធ្វើការជាមួយយើងនៅក្រុមហ៊ុនក៏ដោយ។ នៅពេលចិត្តរបស់យើងនៅក្នុងព្រះវិហារ យើងមិនគួរអនុញ្ញាតឲ្យសាច់ឈាមរបស់យើងស្ថិតនៅក្នុងភោជនីយដ្ឋានទេ។ បើសិនយើងធ្វើឲ្យសាច់ឈាមរបស់យើងគេចចេញពីលោកិយនេះ នោះចូរធ្វើឲ្យវានៅក្នុងពួកជំនុំ នោះទាំងសាច់ឈាម និងចិត្តរបស់យើងនឹងមានសេចក្តីសុខសាន្ត។

តើអ្នកគិតយ៉ាងដូចម្តេច? បើសិនសាច់ឈាមរបស់អ្នកនៅកន្លែងរបស់លោកិយជារឿយៗ អ្នកនឹងក្លាយជាខ្មាំងសត្រូវរបស់ព្រះ និងឆន្ទះរបស់អ្នក ទោះបើចិត្តរបស់អ្នកចង់បានរួបរួមជាមួយពួកជំនុំក៏ដោយ។ 



យើងត្រូវតែហ្វឹកហាត់សាច់ឈាមរបស់យើងឲ្យបានល្អជាមួយនឹង ព្រះវិញ្ញាណ


យើង ត្រូវតែប្រគល់អវយវៈរបស់យើង ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត ប៉ុន្តែវាមិនមានន័យថា សាច់ឈាមគ្រប់លក្ខណ៍ឡើយ។ ម្តងហើយម្តងទៀត យើងត្រូវតែប្រគល់អវយវៈរបស់យើងទៅចំពោះការងារសុចរិត ទោះបើសាច់ឈាមរបស់យើងចូលចិត្តធ្វើអ្វីតាមតែចិត្តក៏ដោយ។ ជាទូទៅ យើងទៅតាមផ្លូវដដែលៗ។ វាអាស្រ័យលើយើងប្រគល់សាច់ឈាមរបស់យើងទុកជាអ្នកបម្រើរបស់អ្វី។

សាវកប៉ុលនិយាយថា «ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្តីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ»។ វាអាស្រ័យលើរបៀបដែលអ្នកបន្សាំងសាច់ឈាមរបស់អ្នក។ បើសិនអ្នកបន្សាំងសាច់ឈាមរបស់អ្នកឲ្យផឹក នោះសាច់ឈាមរបស់អ្នកនឹងទៅផឹក ដោយស្វ័យប្រវត្តិ។ ជាលទ្ធផល សាច់ឈាមប្រញ៉ាប់ប្រញ៉ាល់ទៅបារ      ខណៈដែលអ្នកកំពុងតែនៅក្នុងពួកជំនុំ។ បើសិនអ្នកអង្គុយនៅបារ ចិត្តមានសេចក្តីសុខសាន្ត ទោះបើសាច់ឈាមមានការឈឺចាប់ក៏ដោយ។

សាច់ឈាមក៏មានបុគ្គលិកលក្ខណៈរបស់វាផងដែរ។ សាច់ឈាមអាស្រ័យលើរបៀបដែលចិត្តរបស់អ្នកបន្សាំងវា។ សាច់ឈាមនិយាយថា     «ខ្ញុំចូលចិត្តផឹកស្រា» នៅពេលអ្នកនៅតែបន្តផឹកស្រា។ ប៉ុន្តែសាច់ឈាមនិយាយថា «ខ្ញុំស្អប់វា» នៅពេលអ្នកមិនផឹកស្រា។ ហេតុអ្វី? ពីព្រោះសាច់ឈាមមិនត្រូវបានបន្សាំងទេ។ វាអាស្រ័យលើរបៀបដែលយើងបន្សាំងសាច់ឈាម ទោះបើចិត្តរបស់យើងបានញែកជាបរិសុទ្ធហើយក៏ដោយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងទ្រទ្រង់យើង ទោះបើយើងនៅខាងក្រៅពួកជំនុំក៏ដោយ។ ប៉ុន្តែយើងត្រូវតែប្រគល់សាច់ឈាមរបស់យើង ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត សម្រាប់ជាប្រយោជន៍ដល់សេចក្តីបរិសុទ្ធ។ ដូច្នេះ ចូរបន្តចូលរួមនៅក្នុងពួកជំនុំជានិច្ច។ 

អស់អ្នកដែលបានសង្រ្គោះហើយ ត្រូវតែហ្វឹកហាត់ខ្លួនឯងខាងការគោរពដល់ព្រះ។ ព្រះគម្ពីរប្រាប់យើងឲ្យស្តាប់តាមព្រះបន្ទូលព្រះ និងអនុញ្ញាតឲ្យព្រះបន្ទូលដឹកនាំខ្លួន។ មូលហេតុដែលយើងគួរតែអនុញ្ញាតឲ្យព្រះបន្ទូលព្រះដឹកនាំយើងគឺថា យើងតែងតែចូលចិត្តធ្វើតាមសាច់ឈាម ដោយគិតថា សាច់ឈាមរបស់យើងគឺជារបស់យើង។ ដោយសារយើងទៅទិញទំនិញ រាំ និងផឹកស៊ី តាមចិត្តរបស់យើងចង់ យើងពិបាកនឹងអង្គុយ និងផ្តោតលើកម្មវិធីថ្វាយបង្គំនៅក្នុងពួកជំនុំណាស់។ ដូច្នេះ អ្នកដឹកនាំត្រូវតែដឹកនាំយើង។ 

«សូមអ្នកអង្គុយនៅទីនេះ ហើយស្តាប់ព្រះបន្ទូលព្រះ។»

«បាទ យល់ព្រម។»

យើងគួរតែអត់ធ្មត់ ទោះបើយើងធុញទ្រាន់ចំពោះការស្តាប់សេចក្តីអធិប្បាយក៏ដោយ ដោយគិតថា «ខ្ញុំត្រូវអង្គុយនៅទីនេះ ដោយភាពអត់     ធ្មត់។ ហេតុអ្វីខ្ញុំធុញទ្រាន់យ៉ាងនេះ ខណៈដែលអាចអង្គុយក្នុងបារបាន     រយៈពេលបីម៉ោងឯណោះ? ហេតុអ្វីខ្ញុំមិនអាចអង្គុយនៅទីនេះ សូម្បីតែមួយម៉ោង? រយៈពេលមួយម៉ោងបានកន្លងផុតទៅ ចាប់ពីខ្ញុំបានស្តាប់      សេចក្តីអធិប្បាយ! ខ្ញុំបានផឹកអស់រយៈពេលប្រាំម៉ោងនៅក្នុងបារ ហើយបានលេងបៀអស់រយៈពេលម្ភៃម៉ោង ដោយមិនសម្រាកសោះ»។

អ្វីៗទាំងអស់អាស្រ័យលើការបន្សាំងសាច់ឈាមរបស់យើង។ សាច់ឈាមដែលតែងតែអង្គុយនៅក្នុងពួកជំនុំ ស្អប់ការទៅបារ។ ប៉ុន្តែអ្នកដែលបន្សាំងសាច់ឈាមរបស់ខ្លួនឲ្យអង្គុយនៅក្នុងបារ ការអង្គុយនៅក្នុងពួកជំនុំគឺដូចជាស្ថាននរកអញ្ចឹង។ ខ្ញុំចង់ឲ្យអ្នកតស៊ូរយៈពេលបីបួនថ្ងៃ ហើយបន្ទាប់មក អ្នកនឹងអាចរៀនតស៊ូហើយ។ វាពិបាកណាស់ រហូតដល់ពេលអ្នកអាចបន្សាំងសាច់ឈាមរបស់អ្នកបាន។ យើងត្រូវតែចំណាយពេលវេលារបស់យើង នៅក្នុងពួកជំនុំ នៅពេលយើងចង់ចំណាយពេលវេលារបស់យើង ធ្វើអ្វីមួយផ្សេងទៀត។

យើងចំណាយពេលវេលារបស់យើង នៅក្នុងពួកជំនុំ ដើម្បីស៊ាំ ដោយការនិយាយជាមួយអ្នកដឹកនាំ និងបងប្អូនប្រុសស្រីរបស់យើង។ ខ្ញុំមានសេចក្តីសុខសាន្តនៅក្នុងពួកជំនុំខ្លាំងណាស់ ហើយមិនមានអ្វីមកបង្ខូចខ្ញុំនៅទីនោះទេ។ ប៉ុន្តែនៅពេលខ្ញុំដើរនៅតាមផ្លូវ ការជាច្រើនមកល្បួងខ្ញុំ! មានសេចក្តីល្បួងជាច្រើនដូចជា សំលៀកបំពាក់នៅក្នុងហាងជាដើម។ ខ្ញុំចំណាយពេលវេលាពីរម៉ោងធ្វើដំណើរទៅផ្ទះ ពេលខ្ញុំសម្លឹងមើលរបស់ទាំងអស់ដែលខ្ញុំចង់មើលឃើញ ហើយខ្ញុំអាចវង្វេងនៅទីបំផុត។ 

ខ្ញុំទៅមើលរបស់ចម្លែក បើសិនមានអ្វីចម្លែកនៅទីនោះ។ ក្រោយមក ខ្ញុំដឹងថា «តើនៅពេលណាខ្ញុំនឹងទៅដល់ផ្ទះ? ខ្ញុំចង់ឲ្យអ្នកណាម្នាក់នាំខ្ញុំទៅផ្ទះ។» ដូច្នេះ ចូរកុំវង្វេងពីកន្លែងមួយទៅកន្លែងមួយ នៅតាមផ្លូវទៅផ្ទះរបស់អ្នក។ យើងត្រូវតែទៅឲ្យដល់ផ្ទះ បន្ទាប់ពីកម្មវិធីថ្វាយបង្គំ ដោយជិះឡានរបស់ព្រះវិហារទៅឲ្យដល់គោលដៅរបស់យើង។ បើសិនអ្នកគិតថា «សូមកុំមកយកខ្ញុំទៅព្រះវិហារ ពីព្រោះខ្ញុំមានជើងទាំងពីរដែលខ្លាំង ហើយខ្ញុំនឹងទៅ ដោយខ្លួនឯង។ ដូច្នេះ ខ្ញុំមិនចាំបាច់ជិះឡានរបស់ព្រះវិហារទៅព្រះវិហារឡើយ» អ្នកអាចត្រូវសេចក្តីល្បួង ហើយវង្វេងបាន។ អ្នកគួរតែអរគុណ ដែលអ្នកអាចជិះឡានរបស់ព្រះវិហារទៅព្រះវិហារ ហើយត្រឡប់មកផ្ទះវិញ បន្ទាប់ពីកម្មវិធីថ្វាយបង្គំបានបញ្ចប់ ដោយមិនចាំបាច់បារម្ភអំពីការឥតប្រយោជន៍ទាំងឡាយ។ អ្នកគួរតែអានព្រះគម្ពីរ ថ្វាយសេចក្តីអធិស្ឋាន ហើយចូលគេងឲ្យបានឆាប់ បន្ទាប់ពីអ្នកបានទៅដល់ផ្ទះវិញ។

វាគឺល្អប្រសើរសម្រាប់អ្នក ដែលរស់នៅតាមរបៀបនេះ។ មនុស្សម្នាក់អាចគិតថា «ខ្ញុំមានជំនឿរឹងមាំហើយ ហើយខ្ញុំមិនមានបាបទេ។ ខ្ញុំនឹងបញ្ជាក់ពីខ្លួនខ្ញុំថា ទោះបីជាខ្ញុំទៅបារក៏ដោយ ក៏ខ្ញុំនឹងមិនផឹកស្រាដែរ។ ទីណាមានបាបចូលមក ទីនោះក៏មានព្រះគុណចម្រើនឡើងដែរ។ ខ្ញុំបានពេញដោយព្រះគុណ»។ បើសិនគាត់គិតដូច្នេះ ហើយទៅបារ មិត្តរបស់គាត់នឹងនិយាយថា «សួស្តី! មកផឹកបន្តិចទៅ»។

«ទេ តើអ្នកធ្លាប់ឃើញខ្ញុំផឹកស្រាឬ? ខ្ញុំបានឈប់ផឹកស្រាហើយ។»

«ផឹកបន្តិចទៅ ហើយវាមិនអីទេ។»

«ទេ។»

«ហេតុអ្វីអ្នកមិនអាចផឹកស្រាតែមួយកែវបានអញ្ចឹង?»

មិត្តរបស់គាត់បានចាក់ស្រាទៅក្នុងកែវ ហើយហុចឲ្យគាត់។ ប៉ុន្តែគាត់គិតថា «ខ្ញុំនឹងផឹកតែទឹកក្រូចទេ ទោះបើអ្នកល្បួងខ្ញុំឲ្យផឹកស្រាក៏ដោយ»។ បន្ទាប់មក គាត់នឹកចាំពីពេលវេលាគាត់ផឹកពីមុន ហើយគិតថា      «ស្រាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។ សូមឲ្យស្រាមួយកែវដល់ខ្ញុំ។ ខ្ញុំនឹងផឹកតែមួយកែវទេ»។ គាត់ផឹកទឹកក្រូចអស់យ៉ាងលឿន។

បន្ទាប់មក មិត្តរបស់គាត់បានដឹងថា គាត់ចង់ផឹកស្រា ហើយក៏ចាក់ស្រាទៅក្នុងកែវទទេ។

«ស្រានេះខ្សោយទេ។ អ្នកអាចផឹកវាដូចជាស្រាក្រឡុកបាន។»

«ទេ ខ្ញុំមិនគួរផឹកទេ។ តើអ្នកមិនដឹងថា ខ្ញុំជឿព្រះយេស៊ូវទេឬ?» ទោះបីជាយ៉ាងណា ទីបំផុត គាត់ផឹកស្រាមួយកែវនោះ ហើយមិត្តរបស់គាត់ដឹងថា គាត់ផឹកឆ្ងាញ់។

«សម្រាប់តែថ្ងៃនេះទេ។»

«យល់ព្រម។ ខ្ញុំនឹងផឹកស្រាតែថ្ងៃនេះទេ ប៉ុន្តែគួរតែជឿព្រះយេស៊ូវ    ដែរ។ ខ្ញុំឥតមានបាបទេ ទោះបើខ្ញុំផឹកស្រាក៏ដោយ។ ប៉ុន្តែតើអ្នកមានបាបទេ? អ្នកគួរតែបានសង្រ្គោះចេញពីអំពើបាបរបស់អ្នក។»



ការសំខាន់គឺជាកន្លែងដែលយើងប្រគល់សាច់ឈាមទៅកាន់


មនុស្សជាតិ គឺបែបដូច្នេះ។ ពួកគេមិនអ្វីពិសេសទេ។ ការសំខាន់គឺជាកន្លែងដែលយើងប្រគល់សាច់ឈាមទៅកាន់។ ដូច្នេះ ចូរប្រគល់អវយវៈរបស់អ្នក ទុកជាអ្នកបម្រើរបស់សេចក្តីសុចរិត ដើម្បីជាប្រយោជន៍ដល់    សេចក្តីបរិសុទ្ធ។ ចូរប្រគល់សាច់ឈាមរបស់អ្នកទៅចំពោះសេចក្តីបរិសុទ្ធ ពីព្រោះសាច់ឈាមមិនបរិសុទ្ធឡើយ។ ខ្ញុំបានប្រើការស៊ីផឹកធ្វើជា       ឧទារហណ៍នៅទីនេះ។ ប៉ុន្តែការដទៃៗទៀតក៏ដូចគ្នានេះផងដែរ។ វាអាស្រ័យលើរបៀបដែលយើងបន្សាំងសាច់ឈាមរបស់យើង។

យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿ តែមួយដង្ហើម ហើយវានឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ប៉ុន្តែការគោរពដល់ព្រះពីចិត្ត និងសាច់ឈាមអាស្រ័យលើយើងប្រគល់សាច់ឈាមទៅកន្លែងណា។ យើងមានអារម្មណ៍ថា ចិត្តក៏នឹងត្រឡប់ជាកខ្វក់ដែរ បើសិនយើងប្រគល់សាច់ឈាមរបស់យើងទៅចំពោះភាពកខ្វក់ ទោះបើចិត្តល្អស្អាតក៏ដោយ។ បន្ទាប់មក យើងនឹងបោះបង់ចោលសេចក្តីជំនឿរបស់យើង ទាស់ប្រឆាំងនឹងពួកជំនុំ បញ្ចេញព្រះនាមព្រះជាអសារឥតការ ហើយឃ្លាតឆ្ងាយពីវត្តមានរបស់ព្រះ និងត្រូវបានសាតាំងបោកបញ្ឆោត។ ហើយយើងនឹងត្រូវវិនាស នៅថ្ងៃចុងក្រោយ។

ដូច្នេះ ចូរប្រយ័ត្នខ្លួន កុំឲ្យត្រូវវិនាសឲ្យសោះ។ បន្ទាប់ពីយើងបានសង្រ្គោះចេញពីអំពើបាបហើយ តើយើងអាចដោះស្រាយជាមួយអំពើបាបប្រចាំថ្ងៃរបស់យើងបានយ៉ាងដូចម្តេច? ទីណាមានបាបចូលទៅ ទីនោះក៏មានព្រះគុណចម្រើនឡើងដែរ។ ព្រះអម្ចាស់ក៏បានលាងសម្អាតអំពើបាបប្រចាំថ្ងៃរបស់យើងផងដែរ ដើម្បីឲ្យយើងមិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបាន ទោះបើយើងធ្វើបាបជាច្រើនដងក៏ដោយ។ 

ទោះបីជាយ៉ាងណា យើងអាចមានបញ្ហា បើសិនសាច់ឈាមរបស់យើងចូលចិត្តតែធ្វើបាប ម្តងហើយម្តងទៀត។ តើយើងគួរតែប្រគល់សាច់ឈាមរបស់យើងទៅកាន់កន្លែងណា? សាច់ឈាមគួរតែទៅកន្លែងដែលបានកំណត់។ ខ្ញុំបាននិយាយរហូតមកដល់ពេលនេះ ដើម្បីធ្វើឲ្យអ្នកយល់ពីសេចក្តីនេះ។

សាច់ឈាមនឹងបានបរិសុទ្ធ ដូចដែលចិត្តបរិសុទ្ធ ហើយវានឹងធ្វើជាអ្នកបម្រើរបស់សេចក្តីសុចរិតនៅចំពោះព្រះ នៅពេលយើងប្រគល់វាឲ្យធ្វើជាអ្នកបម្រើរបស់សេចក្តីសុចរិត។ បន្ទាប់យើងបានសង្រ្គោះហើយ យើងត្រូវតែផ្តោតជីវិតរបស់យើងនៅលើពួកជំនុំ បើសិនយើងមិនដឹងពីរបៀបរស់នៅ បន្ទាប់ពីយើងបានសង្រ្គោះហើយ។ ព្រះគម្ពីរនិយាយថា ពួកជំនុំគឺដូចជាផ្ទះលំហែរមួយ ដែលយើងអាចផឹកទឹក បរិភោគអាហារខាងវិញ្ញាណ និងបន្តមានទំនាក់ទំនង ដូចដែលយើងផឹក និងនិយាយជាមួយគ្នាទៅវិញទៅមក នៅក្នុងផ្ទះលំហែរដែរ។

ពួកជំនុំគឺដូចជាផ្ទះលំហែរមួយ។ យើងបន្តមានទំនាក់ទំនង និងនិយាយជាមួយគ្នាទៅវិញទៅមក នៅក្នុងពួកជំនុំ។ ដូច្នេះ យើងត្រូវទៅពួកជំនុំ។ មនុស្សម្នាក់ដែលទៅពួកជំនុំ ក្លាយជាមនុស្សខាងវិញ្ញាណម្នាក់។ អ្នកដែលមិនទៅពួកជំនុំ មិនអាចដើរនៅក្នុងព្រះវិញ្ញាណបានឡើយ ទោះបើពីមុនពួកគេមានជំនឿមាំមួនយ៉ាងណាក៏ដោយ។ អ្នកដែលទៅពួកជំនុំ រីកចម្រើនខាងវិញ្ញាណ ដោយស្វ័យប្រវត្តិ ទោះបើពួកគេខ្សោយយ៉ាងណាក៏ដោយ។ ដូច្នេះ បន្ទាប់ពីទទួលបានសេចក្តីប្រោសលោះហើយ យើងគួរតែមានទំនាក់ទំនងខាងវិញ្ញាណ។

មិនមានកន្លែងណាដូចជាពួកជំនុំសម្រាប់ឲ្យយើងនៅឡើយ។ ខ្ញុំចង់ឲ្យអ្នកមកពួកជំនុំរបស់ព្រះ ជាច្រើនដងតាមដែលអ្នកអាចធ្វើបាន ហើយបន្តមានទំនាក់ទំនងជាមួយរាស្ត្ររបស់ទ្រង់។ ចូរឈៀងចូលពួកជំនុំ ចូលរួមរាល់កម្មវិធីថ្វាយបង្គំ ស្តាប់ព្រះបន្ទូលព្រះ ហើយប្រឹក្សាយោបល់ជាមួយអ្នកដឹកនាំពួកជំនុំ អំពីគម្រោងផែនការទាំងឡាយរបស់អ្នក។

យើងត្រូវតែផ្តោតជីវិតរបស់យើងនៅលើព្រះបន្ទូលព្រះ ហើយប្រមូលខ្លួនយើងមកជាមួយគ្នា។ ដូច្នេះ យើងអាចមានភាពជោគជ័យនៅក្នុងជីវិតនៃសេចក្តីជំនឿរបស់យើងបាន។ ហើយព្រះអាចប្រើយើងយ៉ាងមានតម្លៃ ហើយទ្រង់នឹងប្រទានពរដល់យើង។ ដូច្នេះ ខ្ញុំចង់ឲ្យអ្នកប្រគល់សាច់ឈាម និងចិត្តរបស់អ្នក ទុកជាប្រដាប់ប្រដានៃសេចក្តីសុចរិតនៃព្រះ។