Sermons

[8-1] សេចក្តីណែនាំទៅកាន់ជំពូក៨



យើង អាចចាត់ទុកជំពូក៨ជាជំពូកសំខាន់បំផុត នៅក្នុងកណ្ឌគម្ពីររ៉ូមបាន។ តាមរយៈផ្ទៃរឿងជាច្រើន ដែលមាននៅក្នុងជំពូកនេះ សាវកប៉ុលបង្ហាញដល់យើងពីភាពអស្ចារ្យនៃព្រះរាជកិច្ចនៃសេចក្តីសុចរិតរបស់ព្រះ។

ផ្ទៃរឿងទីមួយគឺ៖ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។ នេះមានន័យថា ទោះបីជាយើងខ្សោយ និងមិនពេញលេញយ៉ាងណានៅក្នុងសាច់ឈាមក៏ដោយ ក៏សេចក្តីសុចរិតរបស់ព្រះបានរំដោះយើងឲ្យរួចពីអំពើបាបទាំងអស់របស់យើងដែរ។ 

ផ្ទៃរឿងទីពីរគឺ៖ «ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម» (រ៉ូម ៨:៣)។ នេះមានន័យថា ដោយសារសាច់ឈាមរបស់មនុស្សមិនអាចធ្វើតាមក្រិត្យវិន័យ ដែលព្រះបានប្រទានឲ្យបានទេ នោះព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ និងការជំនុំជម្រះ ដោយការទទួលយកអំពើបាបទាំងអស់របស់ពួកគេដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើ ឆ្កាង។ ហើយវាគឺដោយសារព្រះយេស៊ូវបានយាងមកលោកិយនេះ និងបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិតែម្តង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ដើម្បីឲ្យទ្រង់បានស្ពាយអំពើបាបទាំងអស់យកទៅឯឈើឆ្កាង ដើម្បីសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះអ្នកណាដែលជឿតាមសេចក្តីពិតនេះ។ ដូច្នេះ ដោយការស្តាប់បង្គាប់តាមបំណងព្រះហឫទ័យព្រះវរបិតា កិច្ចការទាំងនេះរបស់ព្រះអម្ចាស់ គឺដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ។ 

ផ្ទៃរឿងទីបីគឺ៖ «ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ» (រ៉ូម ៨:៥)។ នេះមានន័យថា នៅពេលយើងសម្រេចចិត្តជឿលើព្រះ យើងគួរតែជឿលើទ្រង់ ដោយមិនតាមគំនិតផ្ទាល់ខ្លួនរបស់យើង ប៉ុន្តែដោយតាមព្រះបន្ទូលព្រះវិញ។

ផ្ទៃរឿងទីបួនគឺ៖ «តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ» (រ៉ូម ៨:៩)។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ បានទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេ និងបានធ្វើជាកូនរបស់ព្រះ។ ហើយនេះក៏មានន័យផងដែរថា អ្នកមិនអាចបានធ្វើជាកូនរបស់ព្រះ ដោយសារតែអ្នកចូលរួមនៅក្នុងពួកជំនុំ យ៉ាងឧស្សាហ៍បាននោះឡើយ។

ផ្ទៃរឿងទីប្រាំគឺ៖ «ដូច្នេះ បងប្អូនអើយ យើងមានសេចក្តីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ» (រ៉ូម ៨:១២)។ ផ្ទៃរឿងនេះប្រាប់យើងថា អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អរបស់ព្រះអម្ចាស់ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ មិនអាចជាអ្នកជំពាក់ចំពោះសាច់ឈាម និងបាវបម្រើរបស់សាច់ឈាមបានឡើយ។

ផ្ទៃរឿងទីប្រាំមួយគឺ៖ «អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ» (រ៉ូម ៨:១៥)។ ដោយសារអ្នកដែលជឿលើព្រះ បានទទួលព្រះវិញ្ញាណបរិសុទ្ធ ឥឡូវនេះ ពួកគេអាចហៅព្រះវរបិតាថា «ឱអ័ប្បា ព្រះវរបិតា»។

ផ្ទៃរឿងទីប្រាំពីរគឺ៖ «ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ» (រ៉ូម ៨:១៦-១៧)។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលនឹងគ្រងមរដកនៃនគរស្ថានសួគ៌របស់ទ្រង់ជាមួយព្រះគ្រីស្ទ។

ផ្ទៃរឿងទីប្រាំបីគឺ៖ «ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ» (រ៉ូម ៨:២២)។ នេះប្រាប់យើងថា សូម្បីតែអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏ជួបនឹងទុក្ខលំបាកនៅក្នុងលោកិយនេះដែរ គឺដូចជាស្នាព្រះហស្តទាំងអស់ទៀតដែរ ប៉ុន្តែខគម្ពីរនេះក៏ប្រាប់យើងផងដែរថា នៅនគរស្ថានសួគ៌នឹងមិនមានការឈឺចាប់ និងការទួញថ្ងូរឡើយ។

ផ្ទៃរឿងទីប្រាំបួនគឺ៖ «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ» (រ៉ូម ៨:៣០)។ នេះប្រាប់យើងថា ព្រះបានត្រាស់ហៅមនុស្សមានបាប នៅក្នុងព្រះរាជបុត្រាយេស៊ូវគ្រីស្ទរបស់ទ្រង់ និងថា ទ្រង់បានយកពួកគេធ្វើជាកូនៗរបស់ទ្រង់ ដោយការដោះអំពើបាបទាំងអស់របស់ពួកគេចេញ ដោយសេចក្តីសុចរិតរបស់ទ្រង់ តែម្តងជាសម្រេច។

ជាចុងក្រោយ ផ្ទៃរឿងទីដប់គឺ៖ «តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត» (រ៉ូម ៨:៣៣)។ គ្មានអ្នកណាម្នាក់អាចចោទប្តឹងកូនរបស់ព្រះ ដែលបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ សម្រាប់ការបានសង្រ្គោះចេញពីបាបរបស់ពួកគេ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះបានឡើយ។

ដូច្នេះ ផ្ទៃរឿងទាំងដប់នេះគឺជាការសង្ខេបនៃកណ្ឌគម្ពីរ៉ូម ជំពូក៨។ ហើយឥឡូវនេះ យើងនឹងពិនិត្យមើលលម្អិតលើផ្ទៃរឿងទាំងនេះ នៅក្នុងការពិភាក្សាចម្បងរបស់យើង។