Sermons

[8-7] ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងនគររាជ្យមួយពាន់ឆ្នាំ<រ៉ូម ៨:១៨-២៥>

«ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបាន សង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់។»អ្នកដែលបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ បានទទួលសិរីល្អនៃស្ថានសួគ៌។ ដូច្នេះហើយបានជាពួកគេរងទុក្ខ ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ដើម្បីផ្តល់សិរីល្អនៃស្ថានសួគ៌ដល់មនុស្សទាំងអស់។ ហើយអ្នកជឿលះបង់ខ្លួនសម្រាប់ដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ និងរងទុក្ខនៅលើផែនដីនេះ ពីព្រោះការរួមចំណែកនៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ គឺសុចរិត និងមានសិរីល្អ។ 

យើងទទួលបានកិត្តិយស ដែលរងទុក្ខសម្រាប់ព្រះ ដែលយើងគោរព និងសរសើរតម្កើង។ មែនហើយ វាគឺជាការរងទុក្ខដែលមានសិរីល្អ។ ហេតុនេះហើយបានជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ រងទុក្ខសម្រាប់សេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ តើឥឡូវនេះអ្នកកំពុងតែរងទុក្ខសម្រាប់អ្នកណា? តើអ្នកកំពុងតែរងទុក្ខសម្រាប់លោកិយនេះ និងសាច់ឈាមរបស់អ្នកឬ? ហើយតើមានប្រយោជន៍អ្វីដែលព្រលឹងរបស់អ្នករងទុក្ខសម្រាប់លោកិយនេះ? ដូច្នេះ ចូររងទុក្ខសម្រាប់សេចក្តីសុចរិតរបស់ព្រះ និងជឿតាមសេចក្តីសុចរិតនេះចុះ នោះព្រះនឹងប្រទានសិរីល្អដល់អ្នក។មរតកដែលយើងនឹងទទួលបាននៅពេលអនាគត


ចូរ យើងគិតអំពីមរតក ដែលយើងនឹងទទួលបាន។ មរតកដែលយើងនឹងទទួលបាននៅស្ថានសួគ៌ គឺជារង្វាន់នៃការសោយរាជ្យជាមួយព្រះយេស៊ូវនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ហើយសិរីល្អដែលយើងនឹងទទួលបាននៅក្នុងរាជ្យមួយពាន់ឆ្នាំ និងនគរព្រះដ៏អស់កល្បជានិច្ចអស្ចារ្យណាស់ ដែលយើងមិនអាចវាស់ស្មានបានឡើយ។ ហើយមានតែអ្នកជឿដែលបានកើតជាថ្មីប៉ុណ្ណោះ ទើបអាចដឹង និងទទួលបានសិរីល្អនេះ ដែលកំពុងតែរង់ចាំពួកគេ។សិរីល្អដែលគ្មានអ្វីប្រៀបផ្ទឹមបាន


«ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ» (រ៉ូម ៨:១៨)។

ដោយប្រៀបធៀបសិរីល្អដែលអ្នកជឿនឹងទទូលបាន ជាមួយនឹងការរងទុក្ខរបស់ពួកគេនៅបច្ចុប្បន្ននេះ សាវកប៉ុលបាននិយាយថា សិរីល្អរបស់ពួកគេនឹងពិសេសជាងការរងទុក្ខរបស់ពួកគេនៅបច្ចុបន្ននេះ ឆ្ងាយខ្លាំងណាស់។ នេះពិតជាត្រឹមត្រូវហើយ គឺសិរីល្អដែលកំពុងតែរង់ចាំយើង គឺធំធេងជាងការរទុក្ខ ដែលយើងមាននៅពេលនេះ។ការទន្ទឹងរបស់ជីវិតទាំងឡាយ


«ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ» (រ៉ូម ៨:១៩-២១)។ 

ស្នាព្រះហស្តទាំងអស់របស់ព្រះ ទន្ទឹងចង់បានរួចពីសេចក្តីពុករលួយរបស់បាប។ ដើម្បីបានរួចពីសេចក្តីពុករលួយនេះបាន នគរព្រះត្រូវតែតាំងនៅលើផែនដីនេះ។ ស្នាព្រះហស្តទាំងនេះក៏រង់ចាំកូនៗរបស់ព្រះបានក្លាយជាម្ចាស់នៃរាជ្យមួយពាន់ឆ្នាំផងដែរ។ ដូច្នេះ ស្នាព្រះហស្តទាំងអស់រង់ចាំថ្ងៃដែលនគរព្រះមកដល់ ហើយកូនៗរបស់ព្រះសោយរាជ្យជាមួយទ្រង់ ដោយសិរីល្អរបស់ព្រះ។កំពុងតែរង់ចាំសម្រាប់សេចក្តីប្រោសលោះដល់រូបកាយរបស់យើង


«ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបាន សង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់» (រ៉ូម ៨:២២-២៥)។ 

អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ ហើយពួកគេរង់ចាំថ្ងៃដែលនគរព្រះនឹងមកដល់ ដោយសេចក្តីអត់ធ្មត់ចំពោះការរងទុក្ខទាំងអស់របស់ពួកគេ។ ពួកគេបន្តរងទុក្ខសម្រាប់ដំណឹងល្អ ហើយតាមរយៈការរងទុក្ខ ពួកគេកាន់តែមានសង្ឃឹមសម្រាប់នគរព្រះ។ នេះគឺជារឿងធម្មតាសម្រាប់ពួកគេទៅហើយ។ ពួកគេមិនរង់ចាំសេចក្តីសង្ឃឹម ដែលភ្នែករបស់មនុស្សមើលឃើញឡើយ ប៉ុន្តែពួកគេរង់ចាំនគរព្រះ និងការផ្លាស់ប្រែរបស់ពួកគេវិញ។

មនុស្ស និងស្នាព្រះហស្តទាំងអស់ទៀតនៅក្នុងលោកិយនេះ រស់នៅក្នុងជីវិតដ៏នឿយហត់បំផុត។ ពេលវេលាកន្លងទៅ ហើយពិភពលោកផ្លាស់ប្តូរ បច្ចេកវិទ្យា និងអារ្យធម៌រីកចម្រើន សេចក្តីសង្ឃឹមរបស់មនុស្សសម្រាប់អនាគតកើនឡើងនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេទន្ទឹងចង់ឃើញ ស្ថានសួគ៌នៅលើផែនដីនៅពេលអនាគត ប៉ុន្តែពួកគេត្រឡប់ជាថប់បារម្ភ ទុក្ខព្រួយ ភ័យ និងឆ្ងល់ថា «បើសិនមានការរីកចម្រើនទាំងអស់នេះហើយ ហេតុអ្វីដំណើរការត្រូវចំណាយពេលវេលាយូរយ៉ាងនេះ?»។ កុំព្យូទ័រ ទូរស័ព្ទចល័ត និងការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តទៅមុខ ប៉ុន្តែវានឹងកាន់តែពិបាកទៅៗ ក្នុងការស្តាប់ឮសំណើចរបស់មនុស្ស។

តើមានសេចក្តីសង្ឃឹមសម្រាប់មនុស្សជាតិនៅពេលអនាគតដែរទេ? ចម្លើយគឺថា ទេ។ យោងតាមព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរវិវរណៈ ក៏ដូចជាគំនិតរបស់អ្នកវិទ្យាសាស្ត្រ គ្រោះហន្តរាយផ្សេងៗកំពុងតែរង់ចាំយើង ដូចជា កង្វះទឹកប្រើប្រាស់ ការបាត់បង់ស្រទាប់អូហ្សូន គ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើ ដែលនឹងបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ ដោយសារការស្រេកទឹក និងកម្តៅ។ 

ដូច្នេះ តើយើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលរីករាយឬ? វាអាចរីករាយនៅក្នុងរបៀបខ្លះ។ តើមានអ្វីដែលយើងមិនអាចយកប្រាក់ទិញបាន? ប៉ុន្តែយើងត្រូវការទឹកស្អាត និងបរិស្ថានល្អ។ ប៉ុន្តែស្រទាប់ អូស្សូនកំពុងតែត្រូវបានបំផ្លាញហើយ ដែលបណ្តាលឲ្យកាំរស្មីសម្លាប់ចាំងទម្លុះមកបរិយាកាសរបស់យើង ហើយកាំរស្មីអ៊ុលត្រាវីយូបណ្តាលឲ្យរុក្ខជាតិប្រែប្រួល ហើយបេះដូងរបស់មនុស្សទៅជារឹង។ ដូច្នេះ មនុស្សកាន់តែបារម្ភថា «តើនឹងមានអ្វីកើតឡើងចំពោះពិភពលោកនេះ?»។ ប៉ុន្តែដោយខុសពីមនុស្សនៅក្នុងលោកិយនេះ យើងដែលជាអ្នកជឿដែលបានកើតជាថ្មី មានសេចក្តីជំនឿថា យើងនឹងមានចំណែកនៅក្នុងការរស់ឡើងវិញលើទីមួយ ហើយសោយរាជ្យជាមួយព្រះយេស៊ូវ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 

ព្រះគម្ពីរប្រាប់យើងថា ព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង (១ថែស្សាឡូនីច ៤:១៦)។ សំណួរគឺថា «នៅពេលណា» ទ្រង់នឹងយាងមក? ព្រះអម្ចាស់បានសន្យាថា ទ្រង់និងយាងចុះមក ដើម្បីនាំអ្នកដែលជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណទៅនគរស្ថានសួគ៌។ ដូច្នេហើយបានជាយើងកំពុងតែរង់ចាំថ្ងៃនោះ។

អ្នកដែលបានកើតជាថ្មី ជឿតាមដំណឹងល្អនេះ។ «អំពើបាបរបស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទទួលបុណ្យជ្រមុជ ហើយខ្ញុំជឿ និងទទួលយកព្រះអម្ចាស់ធ្វើជាព្រះអង្គសង្រ្គោះ ដែលបានទទួលការជំនុំសម្រាប់អំពើបាបរបស់ខ្ញុំ ជំនួសខ្ញុំ។» ព្រះបានប្រទានសេចក្តីសង្រ្គោះដល់យើង តាមរយៈព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវ គ្រីស្ទ។ ទ្រង់នឹងយាងមកម្តងទៀត ដើម្បីប្រោសរាស្ត្ររបស់ទ្រង់ឲ្យរស់ឡើងវិញ ហើយអនុញ្ញាតឲ្យពួកគេសោយរាជ្យជាមួយទ្រង់នៅលើផែនដីនេះ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ព្រះគម្ពីរគឺដូចជាការតម្រាបរូបភាពមួយ ដែលអ្នកលេងត្រូវតែតម្រាបរូបភាពទាំងអស់បញ្ចូលគ្នា។

នៅពេលព្រះយេស៊ូវបានយាងមកលោកិយនេះជាលើកដំបូង ទ្រង់បានយាងមកហៅមនុស្សមានបាបឲ្យប្រែចិត្ត។ ទ្រង់បានផ្ទុកអំពើបាបរបស់ពួកគេនៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលការជំនុំជម្រះ តាមរយៈការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ឥឡូវនេះ ព្រះអម្ចាស់គង់នៅស្ថានសួគ៌ ហើយនៅពេលទ្រង់យាងមកលោកិយនេះម្តងទៀត ទ្រង់នឹងប្រោសអស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះឲ្យរស់ឡើងវិញ ដើម្បីសោយរាជ្យជាមួយទ្រង់ សម្រាប់ រយៈពេលមួយពាន់ឆ្នាំ។នគររាជ្យមួយពាន់ឆ្នាំ


អ្នកដែលពិតជាស្រឡាញ់អ្នកដទៃនៅក្នុងលោកិយនេះ គឺជាកូនៗរបស់ព្រះ។ ពួកគេគឺជាអ្នកដែលប្រកាសដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះទៅកាន់ព្រលឹងដែលបាត់បង់ទាំងអស់ ដើម្បីនាំពួកគេមកឯព្រះគ្រីស្ទវិញ។ តើមនុស្សនៅក្នុងលោកិយនេះផ្តល់រង្វាន់ដល់កូនៗរបស់ព្រះទេ? ទេ។ ដូច្នេះ តើអ្នកណាផ្តល់រង្វាន់ដល់ពួកគេ? នៅពេលព្រះយេស៊ូវយាងមកម្តងទៀត ទ្រង់នឹងប្រទានរង្វាន់ដល់ពួកគេ ដោយការប្រោសឲ្យអ្នកដែលបានកើតជាថ្មីរស់ឡើងវិញ និងអនុញ្ញាតឲ្យពួកគេសោយរាជ្យជាមួយទ្រង់ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។

នគររាជ្យមួយពាន់ឆ្នាំគឺសម្រាប់យើង ដែលជាអ្នកជឿដែលបានកើតជាថ្មី។ សូម្បីតែលោកិយនេះ ក៏នឹងត្រូវបោះបង់ចោលដែរ នៅពេលព្រះ អម្ចាស់របស់យើងយាងត្រឡប់មកវិញ ប៉ុន្តែយើងនឹងរស់នៅក្នុងពិភពលោកថ្មីមួយ។ នៅទីនោះ ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យយើងបានសោយរាជ្យជាមួយទ្រង់ និងរស់នៅ ដោយអំណរ និងសន្តិភាព អស់រយៈពេលជាយូរ តាមដែលយើងចង់។

សាវកប៉ុលបាននិយាយនៅក្នុង រូម ៨:២៣ ថា «មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង»។ តើអ្នកកំពុងតែរង់ចាំថ្ងៃនោះដែរទេ? សូម្បីតែយើងដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំសេចក្តីប្រោសលោះដល់រូបកាយរបស់យើង។ ព្រះបានមានបន្ទូលថា ទ្រង់នឹងប្រោសយើងឲ្យរស់ឡើងវិញ ផ្លាស់ប្តូររូបកាយរបស់យើង និងអនុញ្ញាតឲ្យយើងបានរស់នៅជាមួយទ្រង់។ ដូច្នេះ យើងដែលបានកើតជាថ្មី និងសុចរិត សង្ឃឹម និងរង់ចាំការយាងមកជាលើកទីពីររបស់ទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ 

យើងថ្ងូរនៅក្នុងខ្លួនរបស់យើង។ អ្នកជឿដែលបានកើតជាថ្មី ដឹងថា លោកិយនេះនឹងទៅជាយ៉ាងណា។ អ្វីដែលគ្រូទាយទាយពីអនាគត គ្មានប្រយោជន៍អ្វីឡើយ។ អ្នកជឿដែលបានកើតជាថ្មី ដឹងយ៉ាងច្បាស់លាស់ថា នឹងមានអ្វីកើតឡើងចំពោះលោកិយនេះនៅពេលអនាគត។ ទោះបីជាលោកិយនេះនឹងត្រូវផ្លាស់ប្តូរទៅតាមអ្វីដែលយើងបានដឹងក៏ដោយ ក៏ឥឡូវនេះ គ្មានអ្នកណាម្នាក់ជឿតាមយើងដែរ។ ប៉ុន្តែអ្នកដែលជឿតាមព្រះបន្ទូលព្រះ រង់ចាំ ដោយមិនអួតពីអ្វីសោះ។ ទោះបីជាអ្នកដទៃទៀតដែលមិនទទួលស្គាល់ព្រះបន្ទូលព្រះ ចាត់ទុកការពិតនេះជារឿងគួរឲ្យស្អប់ខ្ពើមក៏ដោយ ក៏យើងនៅតែរស់នៅ ដោយសេចក្តីសង្ឃឹមដែរ។

ដូច្នេះ អ្នកដែលមិនជឿ ត្រូវតែទទួលបានសេចក្តីសង្រ្គោះ នៅមុនពេលជីវិតរបស់ពួកគេឈានដល់ទីបញ្ចប់។ ពួកគេត្រូវជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់ពួកគេដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់នោះ ដោយការទទួលការជំនុំជម្រះនៅលើឈើឆ្កាងជំនួសយើង។ មានតែធ្វើដូច្នេះទេ ទើបពួកគេអាចចូលទៅក្នុងនគរព្រះបាន នៅពេលថ្ងៃចុងក្រោយមកដល់។ ហើយយើងនឹងទទួលបានរង្វាន់ ហើយមានជីវិតអស់កល្ប ជានិច្ចនៅក្នុងនគររបស់ទ្រង់។

តើអ្នកពិបាកចិត្តឬ? តើអ្នកមានទុក្ខព្រួយឬ? ឬតើអ្នកពេញចិត្តនឹងជីវិតរបស់អ្នកហើយ? យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ និងជឿលើរបៀបដែលព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង នៅមុនពេលយើងស្លាប់ទៅវិញ។ ហើយយើងក៏ត្រូវតែត្រៀមខ្លួនសម្រាប់ជីវិតរបស់យើងនៅក្នុងនគរស្ថានសួគ៌ផងដែរ។ លោកិយនេះមិនមែនជាគ្រប់យ៉ាងសម្រាប់យើងទេ ហើយដោយដឹងពីការពិតនេះ យើងត្រូវតែត្រៀមខ្លួនរបស់យើង ដើម្បីរស់នៅក្នុងនគរស្ថានសួគ៌វិញ។ នេះហើយគឺជាអ្វីដែលមនុស្សមានប្រាជ្ញាធ្វើ។ តើនៅសព្វថ្ងៃនេះអ្នករស់នៅដោយសេចក្តីរីករាយឬ? បើសិនដូច្នេះមែន អ្នកគឺជាមនុស្សចំកួតម្នាក់ហើយ។ អ្នកដែលប៉ងចង់បាននគរស្ថានសួគ៌ដែលប្រសើរជាង ត្រៀមខ្លួនចូលទៅក្នុងនគរស្ថានសួគ៌។ ហើយនៅក្នុងន័យផ្សេង មនុស្សមានប្រាជ្ញាសង់ផ្ទះរបស់ខ្លួននៅលើថ្មី។នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ


ព្រះ បានបង្កើតយើងតាមរូបអង្គទ្រង់ ហើយចង់ឲ្យយើងរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។ ដូច្នេះហើយបានជាព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ រស់នៅជាមួយព្រះអម្ចាស់ ហើយទ្រង់នឹងប្រទានរង្វាន់ដល់ពួកគេ។ ហើយព្រះអម្ចាស់របស់យើងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់យើង ហើយប្រទានរង្វាន់ដល់យើងសម្រាប់ទុក្ខលំបាក និងភាពឯការទាំងអស់ ដែលយើងបានប្រឈម។

ព្រះកែគ្រប់ទាំងអស់ជាថ្មីឡើយវិញ។ ហើយទ្រង់នឹងអនុញ្ញាតឲ្យពិភពលោកថ្មីមកដល់ ដែលនៅទីនោះ កូនក្មេងអាចយកដៃទៅប៉ះសត្វពស់បាន ដោយពស់មិនចឹកឡើយ (អេសាយ ១១:៨)។ យើងត្រូវតែជឿ និងទន្ទឹងរង់ចាំអ្វីដែលមើលមិនឃើញ គឺសង្ឃឹមសម្រាប់ថ្ងៃនោះ ដោយ សេចក្តីអត់ធ្មត់។ បើសិនយើងនិយាយថា យើងរង់ចាំអ្វីដែលមើលឃើញ នោះយើងគឺជាមនុស្សចំកួតហើយ។ ប៉ុន្តែបើសិនយើងរង់ចាំអ្វីដែលមើលមិនឃើញ និងជឿតាមព្រះបន្ទូលព្រះ នោះយើងគឺជាមនុស្សមានប្រាជ្ញា វិញ។ បន្ទាប់ពីសេចក្តីសង្រ្គោះរបស់យើង យើងរង់ចាំសិរីល្អ ដែលភ្នែករបស់យើងមិនអាចមើលឃើញនៅគ្រាឥឡូវនេះបានទេ ប៉ុន្តែវាប្រាកដជានឹងមកដល់ជាមិនខាន។ 

ព្រះអង្គទ្រង់ផ្ទាល់ថ្ងូរខ្លាំងជាងយើងទៅទៀត ប៉ុន្តែទ្រង់នៅតែធ្វើឲ្យយើងរង់ចាំ។ យើងទន្ទឹងរង់ចាំរូបកាយរបស់យើងបានផ្លាស់ប្រែទៅរូបកាយខាងវិញ្ញាណ និងសោយរាជ្យ កាលណាពេលវេលារបស់យើងមក ដល់។ តើព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង មានបន្ទូលយ៉ាងដូចម្តេច? ហើយទ្រង់បានធ្វើឲ្យរង់ចាំអ្វី? ទ្រង់កំពុងតែធ្វើឲ្យយើងរង់ចាំនគររាជ្យមួយពាន់ឆ្នាំ។ ព្រះអម្ចាស់កំពុងតែរង់ចាំបំផ្លាស់បម្រែរូបកាយរបស់យើង និងគង់នៅជាមួយយើង។ ហើយយើងក៏កំពុងតែរង់ចាំសោយរាជ្យជាមួយទ្រង់ សម្រាប់រយៈពេលមួយពាន់ឆ្នាំផងដែរ។

ហាលេលូយ៉ា! យើងសូមអរព្រះគុណដល់ព្រះអម្ចាស់របស់យើង។

គ្រីស្ទបរិស័ទរស់នៅជាមួយនឹងសេចក្តីសង្ឃឹមរបស់ពួកគេ សម្រាប់ស្ថានសួគ៌ និងមានទំនុកចិត្តនៅក្នុងសេចក្តីសង្ឃឹមរបស់ពួកគេ។ ហើយទំនុកចិត្តនេះមិនផ្អែកលើអារម្មណ៍របស់យើងឡើយ ប៉ុន្តែលើព្រះបន្ទូលព្រះ ដែលមិនចេះកុហកវិញ។