Sermons

[8-9] គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អ



<រ៉ូម ៨:២៨-៣០>

«តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។»



នៅថ្ងៃនេះ ខ្ញុំចង់ពិចារណាបទគម្ពីរនៅក្នុង រ៉ូម ៨ ខាងលើ។ បទគម្ពីរនេះនិយាយថា ព្រះបានតម្រូវទុកជាមុន បានហៅ និងតម្កើងយើងដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។ យើងនឹងពិភាក្សាចំណុចទាំងនេះ និងអំពីរបៀបដែលមនុស្សយល់អំពីគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ។

រ៉ូម ៨:២៨ និយាយថា «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ ដូច្នេះ យើងត្រូវតែគិតអំពីអ្នកណាគឺជា «ពួកអ្នកដែលស្រឡាញ់ព្រះ»។

តើគ្រប់ការទាំងអស់ពិតជាផ្សំគ្នាសម្រាប់សេចក្តីល្អឬ? ព្រះបានមានបន្ទូលយ៉ាងដូច្នេះ។ តាំងពីដំបូង នៅមុនពេលព្រះបានបង្កើតមនុស្ស ទ្រង់បានរៀបផែនការយកយើងធ្វើជារាស្ត្ររបស់ទ្រង់ តាមព្រះដំរិះរបស់ទ្រង់ ហើយបានសម្រេចដូច្នេះ សម្រាប់សេចក្តីល្អនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់។

យើងត្រូវតែចងចាំថា នៅក្នុងសួនច្បារអេដែន មានដើមឈើដឹងខុសត្រូវ។ «ហេតុអ្វីបានជាព្រះដាំដើមឈើនេះ? វាប្រសើរជាង បើសិនព្រះបានដាំដើមឈើដឹងខុសត្រូវ តាំងពីដំបូង» មនុស្សជាច្រើនពិតជាចង់ដឹង និងយល់ពីចំណុចនេះខ្លាំងណាស់។

វាគឺជាផែនការ និងព្រះដំរិះដ៏ស៊ីជម្រៅរបស់ព្រះ ដែលបង្កើតមនុស្សឡើងឲ្យដូចជារូបអង្គទ្រង់។ តាមការពិត មនុស្សជាតិមិនខុសគ្នាពីស្នាព្រះហស្តដទៃទៀតទេ មុនពេលយើងទទួលបានសេចក្តីសុចរិតរបស់ព្រះ។



ហេតុអ្វីបានជាព្រះដាំដើមឈើដឹងខុសត្រូវ?


នេះ គឺជាមូលហេតុដែលយើងត្រូវតែដឹងពីមូលហេតុដែលព្រះបានបង្គាប់ឲ្យអ័ដាម និងអេវ៉ាមិនឲ្យបរិភោគផ្លែពីដើមឈើដឹងខុសត្រូវ។ តើអ្វីគឺជាមូលហេតុ? គឺដើម្បីរក្សាមនុស្សជាតិឲ្យនៅក្រោមច្បាប់របស់ព្រះ និងដើម្បីយកពួកគេធ្វើជាកូនរបស់ទ្រង់ ដោយការសង្រ្គោះយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សេចក្តីសុចរិតទាំងអស់របស់ព្រះត្រូវបានលាក់ទុកនៅក្នុងព្រះបន្ទូលថា «គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ»។ ហើយដោយសារព្រះបានមានបន្ទូលថា «គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់» (រ៉ូម ៨:២៨) យើងត្រូវតែស្វែងរកចម្លើយសម្រាប់សំណួរនេះនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង។ 

ដើម្បីធ្វើដូច្នេះ ជាដំបូង យើងត្រូវតែទទួលស្គាល់ដំណឹងល្អរបស់ព្រះសិន។ បន្ទាប់មក យើងនឹងដឹងថា គ្រប់យ៉ាងដែលព្រះបានរៀបចំ និងធ្វើ គឺល្អ។ ប៉ុន្តែដើម្បីយល់ពីសេចក្តីពិតនេះ យើងត្រូវតែបានកើតជាថ្មី ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងត្រូវតែរកចម្លើយនៅក្នុងដំណឹងល្អ ដែលព្រះបានប្រទានឲ្យយើង។

មូលហេតុដែលព្រះបានបង្កើតយើង បានដាំដើមឈើដឹងខុសត្រូវនៅក្នុងសួនច្បារអេដែន បានអនុញ្ញាតឲ្យអ័ដាម និងអេវ៉ាបរិភោគផ្លែរបស់ដើមឈើនេះ និងបានអនុញ្ញាតឲ្យយើងបានស្គាល់ពីក្រិត្យវិន័យរបស់ទ្រង់ គឺដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ព្រះអម្ចាស់របស់យើង ដែលបានសង្រ្គោះយើងទាំងអស់គ្នា និងបានអនុញ្ញាតឲ្យការទាំងនេះកើតឡើង ដើម្បីឲ្យទ្រង់អាចប្រទានសេចក្តីអត់ទោសសម្រាប់អំពើបាប ជីវិតអស់កល្បជានិច្ច សិរីល្អ និងស្ថានសួគ៌ដល់យើងបាន។ ព្រះបានបង្កើតមនុស្សពីធូលីដី ហើយមនុស្សជាតិត្រូវបានបង្កើតឡើង និងបានកើតមកខ្សោយ។ ជារឿយៗ ព្រះគម្ពីរប្រៀបធៀបយើងទៅនឹងដីឥដ្ឋ។ ព្រះដែលជាជាងស្មូន បានបង្កើតមនុស្សចេញពីដីឥដ្ឋ និងបានផ្លុំខ្យល់ដង្ហើមនៃសេចក្តីស្រឡាញ់នៃទឹក និងព្រះវិញ្ញាណដល់ពួកគេ។ ទ្រង់បានប្រទានសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណដល់យើង ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់។

ប្រដាប់ប្រដាធ្វើពីដីឥដ្ឋងាយនឹងបែកបាក់ខ្លាំងណាស់។ តាមរបៀបនេះ ព្រះបានបង្កើតរូបកាយ និងវិញ្ញាណរបស់មនុស្សឲ្យខ្សោយ ដើម្បីយកពួកគេធ្វើជាកូនរបស់ទ្រង់។ ព្រះដំរិះរបស់ទ្រង់ត្រូវបានបំពេញសម្រេច ដោយព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ និងបានបំពាក់សេចក្តីបរិសុទ្ធរបស់ព្រះដល់ពួកគេ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ ដោយការធ្វើឲ្យពួកគេបានកើតជាថ្មី ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះគឺជាមូលហេតុដែលព្រះបានបង្កើតយើងឲ្យមិនគ្រប់លក្ខណ៍ និងខ្សោយ តាំងពីដំបូង។



ហេតុអ្វីបានជាព្រះបង្កើតមនុស្សឲ្យខ្សោយតាំងពីដំបូង?


ហេតុអ្វី ព្រះបានដាំដើមឈើដឹងខុសត្រូវនៅក្នុងសួនច្បារអេដែន និងបន្ទាប់មក បង្គាប់អ័ដាម និងអេវ៉ាមិនឲ្យបរិភោគផ្លែរបស់វា? យើងត្រូវតែយល់ និងជឿលើមូលហេតុពីខាងក្រោយការនេះ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហេតុអ្វីព្រះបានមានបន្ទូលថា ពូជរបស់ស្ត្រីនឹងជាន់ក្បាលរបស់សាតាំង និងថា សាតាំងនឹងចឹកកែងជើងរបស់ទ្រង់ នៅពេលអ័ដាម និងអេវ៉ាបានធ្លាក់ចុះ និងធ្វើបាប? គ្រប់ការទាំងនេះ គឺដើម្បីយកមនុស្សធ្វើជាកូនរបស់ទ្រង់។ នេះគឺជាផែនការរបស់ទ្រង់សម្រាប់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់។

ដូច្នេះ តើអ្នកណាត្រូវបាន «ហៅ» តាមព្រះដំរិះរបស់ព្រះ? ពួកគេគឺជាអ្នកដែលទទួលស្គាល់អំពើបាប និងសេចក្តីរំលងរបស់ខ្លួន ហើយស្វែងរកសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះវិញ។ យើងត្រូវតែដឹងថា ការអះអាងខាងទេវសាស្ត្ររបស់គោលលទ្ធិនៃការជ្រើសរើសដោយឥតលក្ខខណ្ឌ និងគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗគឺខុសឆ្គង។ គោលលទ្ធិនៃការជ្រើសរើសដោយឥតលក្ខខណ្ឌ គឺខុសឆ្គង ពីព្រោះព្រះរបស់យើងមិនមែនជាព្រះដែលជ្រើសរើសមនុស្សមួយចំនួន តែបោះបង់មនុស្សមួយចំនួនទៀតចោល ដោយឥតហេតុផលឡើយ។

ប៉ុន្តែអ្នកដែលព្រះជ្រើសរើស និងហៅ គឺជាអ្នកដែលអស់សង្ឃឹមចំពោះអំពើបាបរបស់ខ្លួន និងសារភាពថា ពួកគេនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ពួកគេគឺជាអ្នកដែលព្រះមានសេចក្តីមេត្តាករុណាចំពោះ និងអ្នកដែលទ្រង់ហៅ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

នៅក្នុងចំណោមមនុស្សយ៉ាងច្រើនរាប់មិនអស់ ដែលបានកើតមកក្នុងលោកិយនេះ និងបានត្រឡប់ទៅកាន់ព្រះវិញ គ្មានមនុស្សណាម្នាក់ ដែលមិនត្រូវបានជ្រើសរើស ឬបោះបង់ចោល ដោយព្រះ ដោយឥតហេតុផលឡើយ។ បើសិនព្រះមិនបានជ្រើសរើសអ្នក ដោយឥតហេតុផល អ្នកនឹងតវ៉ាជាមួយព្រះហើយ។ វាមិនត្រឹមត្រូវទេ ដែលនិយាយថា ព្រះបានយកអ្នក ឬអ្នកណាម្នាក់ធ្វើជាកូនរបស់អារក្ស ដោយឥតហេតុផល។ នេះមិនមែនជាអ្វីដែលព្រះបានធ្វើឡើយ។ 

ប្រសិនបើអ្នកមិនត្រូវបានជ្រើសរើស ដោយព្រះទេ នោះពីព្រោះតែអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង បើសិនអ្នកមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ព្រះនឹងបោះបង់អ្នកចោលហើយ ពីព្រោះព្រះអម្ចាស់បានមានបន្ទូលថា «ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ» (ម៉ាថាយ ៩:១៣)។ ប៉ុន្តែគួរឲ្យសោកស្តាយ អ្វីដែលពួកទេវិទូបានធ្វើ គឺដើម្បីប្រែក្លាយព្រះរបស់យើងទៅជាព្រះដែលចំកួត និងអន្តរាយវិញ។



តើអ្នកណាត្រូវបានហៅ តាមបំណងព្រះហឫទ័យព្រះ?


អ្នកដែលព្រះបានហៅ គឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ពួកគេចូលមកចំពោះព្រះ ហើយសារភាពថា ពួកគេសមនឹងធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែពួកគេខ្សោយ និងមិនស្តាប់បង្គាប់តាមបញ្ញតរបស់ទ្រង់ រហូតដល់ពួកគេស្លាប់។ ព្រះបានហៅមនុស្សមានបាប និងដោះអំពើបាបរបស់ពួកគេចេញ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង ទ្រង់បានហៅអ្នកដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

ព្រះមិនបានយាងមក ដើម្បីហៅអ្នកដែលល្អ និងស្តាប់បង្គាប់តាម ក្រិត្យវិន័យឡើយ។ ប៉ុន្តែទ្រង់ហៅអ្នកដែលពិតជាពិបាករស់នៅតាមបំណងព្រះហឫទ័យទ្រង់ តែទទួលស្គាល់ថា ភាពខ្សោយរបស់ពួកគេបង្ខំពួកគេឲ្យធ្វើបាប ទោះបើពួកគេដាក់សេចក្តីជំនឿ និងការពឹងផ្អែកលើព្រះក៏ដោយ។ បំណងព្រះហឫទ័យព្រះ គឺត្រូវហៅអ្នកដែលខ្សោយ និងមិនពេញលេញ ដើម្បីរាប់ពួកគេជាសុចរិត និងយកពួកគេធ្វើជាកូនរបស់ ទ្រង់។ នេះហើយគឺជាការហៅរបស់ព្រះ ដែលស្របតាមបំណងព្រះហឫទ័យទ្រង់។ គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់អ្នកដែលទ្រង់បានហៅ តាមព្រះដំរិះរបស់ទ្រង់។

យើងត្រូវតែជឿលើការហៅរបស់ព្រះ ហើយមិនត្រូវនិយាយថា យើងជឿព្រះយេស៊ូវ ដោយឥតហេតុផលទេ ពីព្រោះវាមិនមែនជាសេចក្តីជំនឿត្រឹមត្រូវទេ។ សេចក្តីជំនឿត្រឹមត្រូវ គឺត្រូវជឿលើព្រះអម្ចាស់ ដោយស្របតាមបំណងព្រះហរទ័យព្រះ មិនតាមបំណងរបស់អ្នកឡើយ គឺយើងត្រូវតែជឿថា ព្រះស្គាល់ពីភាពខ្សោយរបស់យើងយ៉ាងច្បាស់លាស់ បានដោះអំពើបាបរបស់យើងចេញ តែម្តងជាសម្រេច និងបានរាប់យើងជាឥត បាប។ ដោយដាក់សេចក្តីជំនឿរបស់យើងលើព្រះដំរិះរបស់ព្រះ ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចបានធ្វើជាកូនរបស់ទ្រង់។ ព្រះមានបំណងព្រះហឫទ័យយកយើងធ្វើជាកូនឥតបាបរបស់ទ្រង់ នៅពេលយើងទទួលស្គាល់ និងទទួលយកព្រះដំរិះរបស់ទ្រង់។ ទាំងនេះហើយគឺជាមនុស្សដែលព្រះពិតជាស្រឡាញ់ និងហៅ។



តើព្រះបានជ្រើសរើសអ្នកណា?


ព្រះ មិនអនុញ្ញាតឲ្យមនុស្សឈរជាពីរជួរ ហើយជ្រើសរើសអ្នកនៅខាងស្តាំ ដោយនិយាយថា «ចូរមក និងជឿដល់ព្រះយេស៊ូវ ហើយទៅស្ថានសួគ៌ចុះ» ហើយបែរទៅអ្នកនៅខាងឆ្វេង និងប្រាប់ថា «ទៅស្ថាននរកចុះ» ឡើយ។

អ្នកកាល់វិននិយមអះអាងថា ព្រះបានជ្រើសរើសមនុស្សជាក់លាក់ ដោយឥតលក្ខខណ្ឌ ហើយសម្រេចព្រះទ័យបោះបង់មនុស្សដទៃទៀត តាំងពីដើមដំបូង។ ប៉ុន្តែព្រះមិនបានប្រព្រឹត្តដូច្នេះឡើយ។ ព្រះបានធ្វើឲ្យគ្រប់យ៉ាងផ្សំគ្នា សម្រាប់សេចក្តីល្អដល់អ្នកដែលទ្រង់ហៅតាមព្រះដំរិះរបស់ទ្រង់។ វាមិនត្រឹមត្រូវទេ ដែលយើងគិតថា យើងត្រូវបានជ្រើសរើស ដោយឥតលក្ខខណ្ឌ។

ដូច្នេះ តើព្រះអយុត្តិធម៌ឬ? មិនពិតទេ។ គ្រប់គ្នាគឺស្មើគ្នានៅចំពោះព្រះ ក្រិត្យវិន័យរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់។ យើងបានទទួលព្រះគុណនៃសេចក្តីសង្រ្គោះពីព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ឱកាសជឿតាមសេចក្តីពិតនេះ គឺមានភាពស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា។ ទ្រង់អនុញ្ញាតឲ្យអ្នកដែលទទួលយកព្រះដំរិះរបស់ទ្រង់ និងស្គាល់ពីភាពខ្សោយរបស់ពួកគេ ស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

ដូច្នេះ តើអ្វីគឺជាការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះដ៏ពិត? គឺជាការដែលព្រះហៅយើងតាមព្រះដំរិះរបស់ទ្រង់ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យយើង។ ព្រះបានដោះអំពើបាបរបស់យើងចេញ តាមរយៈព្រះយេស៊ូវ ហើយបានរៀបចំផែនការយកយើងធ្វើជាកូនរបស់ទ្រង់ ដោយបានអនុញ្ញាតឲ្យយើងបានកើតមកនៅក្នុងលោកិយនេះ និងបានប្រទានឱកាសឲ្យយើងបានស្តាប់ឮដំណឹងល្អ។ ហើយព្រះបានរៀបចំផែនការទាំងអស់នេះនៅក្នុងព្រះយេស៊ូវគ្រីស្ទជាមុន។ នេះហើយគឺជាផែនការរបស់ព្រះ។ ដូច្នេះ នៅពេលយើងចូលទៅចំពោះព្រះ យើងត្រូវតែពិចារណាថា យើងដូចជាយ៉ាកុប ឬអេសាវ។

ព្រះគម្ពីរប្រាប់យើងថា ព្រះបានស្រឡាញ់យ៉ាកុប តែទ្រង់បានស្អប់អេសាវវិញ។ វាក៏និយាយអំពីកាអ៊ីន និងអេបិលផងដែរ ដែលព្រះបានស្រឡាញ់អេបិល ប៉ុន្តែបានស្អប់កាអ៊ីនវិញ។ តើព្រះបានស្អប់អេសាវ និងកាអ៊ីន ហើយបានស្រឡាញ់យ៉ាកុប និងអេបិល ដោយឥតហេតុផលឬ? ទេ។ គឺដោយសារអេសាវ និងកាអ៊ីនបានទុកចិត្តលើកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ និងមិនដែលទូលសុំសេចក្តីមេត្តាករុណារបស់ព្រះសោះ ប៉ុន្តែយ៉ាកុប និងអេបិលបានស្គាល់ពីភាពខ្សោយរបស់ពួកគេ បានទូលសុំសេចក្តីមេត្តាករុណារបស់ព្រះ និងបានទុកចិត្តលើព្រះបន្ទូលទ្រង់។

ព្រះគម្ពីរពន្យល់អំពីការជ្រើសរើស និងការតម្រូវទុកជាមុនរបស់ព្រះ ដោយការយកមនុស្សទាំងនេះធ្វើជាឧទាហរណ៍។ តើយើងនៅខាងភាគីមួយណា? តើយើងអាចជួបព្រះបានទេ បើសិនយើងទុកចិត្តលើកម្លាំងផ្ទាល់ខ្លួនរបស់យើង ដូចដែលអេសាវបានធ្វើ? ទេ យើងមិនអាចទេ! របៀបតែមួយគត់ ដែលយើងអាចជួបព្រះបាន គឺត្រូវជួបទ្រង់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានពេញដោយសេចក្តីមេត្តាករុណារបស់ព្រះ។ តើយើងឈរនៅខាងភាគីមួយណា នៅពេលយើងឈរនៅចំពោះព្រះ? យើងគឺជាអ្នកដែលចង់ទទួលបានព្រះពរនៅចំពោះព្រះ ប៉ុន្តែយើងតែងតែមិនអាចធ្វើបាប ដោយសារភាពខ្សោយរបស់យើង។ ទោះបីជាយើងចង់រស់នៅតាមបំណងព្រះហឫទ័យព្រះក៏ដោយ ក៏យើងនៅតែខ្សោយ និងមិនពេញលេញនៅចំពោះព្រះដែរ។ ដូច្នេះហើយបានជាយើងត្រូវតែទូលសុំសេចក្តីមេត្តាករុណាពីព្រះ។

ប្រសិនបើយើងចង់ទទួលបានព្រះពរពីព្រះ យើងត្រូវតែធ្វើដូចជា យ៉ាកុប និងមានសេចក្តីជំនឿរបស់អេបិល។ យើងត្រូវតែទទួលស្គាល់នៅចំពោះព្រះថា យើងខ្សោយ មិនពេញលេញ និងកំសាក។

ដើម្បីឲ្យព្រះស្រឡាញ់យើង យើងត្រូវដឹងថា យើងខ្សោយ និងមានបាប។ ហើយយើងត្រូវដឹងថា យើងមិនអាចធ្វើតាមក្រិត្យវិន័យបានទាំងស្រុងទេ។ ដូច្នេះ យើងមិនអាចមានជីវិតគ្រប់លក្ខណ៍បានឡើយ។

ទំនុកដំកើង ១៤៥:១៤ និយាយថា «ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ»។ ពិតណាស់ គ្រប់គ្នាគ្មានសេចក្តីក្លាហានទេ ហើយយើងឱនចុះនៅចំពោះព្រះ។ សម្រាប់ផលប្រយោជន៍តែបន្តិចបន្តួច យើងអាចសម្របសម្រួលបាន។ យើងពិតជាកំសាកខ្លាំងណាស់។ នៅពេលខ្លះ យើងហាក់ដូចជាក្លាហាន ប៉ុន្តែបានតែមួយវិនាទីប៉ុណ្ណោះ។ ហើយបើសិនយើងពិនិត្យមើលជីវិតរបស់យើងយ៉ាងយកចិត្តទុកដាក់ យើងអាចដឹងបានថា យើងពិតជាកំសាកខ្លាំង ណាស់។ យើងចុះចូលចំពោះអ្នកខ្លាំង និងអ្នកមិនស្មោះត្រង់ ដែលបង្ខំឲ្យយើងបោះបង់សេចក្តីពិតចោល។ ប៉ុន្តែព្រះបានហៅមនុស្សកំសាកដូចជាយើង ដើម្បីស្រឡាញ់ និងប្រទានសេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់បានយកយើងធ្វើជាកូនរបស់ទ្រង់។

ប្រសិនបើខ្ញុំគ្រប់លក្ខណ៍ ខ្ញុំមិនចាំបាច់ត្រូវការព្រះអង្គសង្រ្គោះទេ។ បើសិនយើងគ្រប់លក្ខណ៍ ហេតុអ្វីយើងត្រូវការជំនួយ និងព្រះពរពីព្រះ? គឺដោយសារតែយើងខ្សោយយ៉ាងខ្លាំងនៅចំពោះព្រះ ទើបយើងត្រូវការព្រះពររបស់ទ្រង់។ យើងត្រូវការសេចក្តីមេត្តាករុណារបស់ទ្រង់។ ហើ យសេចក្តីមេត្តាករុណារបស់ទ្រង់សម្រាប់យើងគឺខ្លាំងក្លាណាស់ ដែលទ្រង់បានបញ្ជូនព្រះរាជបុត្រានៃទ្រង់ និងបានអនុញ្ញាតឲ្យទ្រង់ទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ដើម្បីលាងសម្អាត។ ហើយព្រះបានដាក់ការជំនុំជម្រះអំពើបាបលើព្រះយេស៊ូវ ដើម្បីឲ្យយើងបានសង្រ្គោះចេញពីបាបបាន។ នេះហើយគឺជាអ្វីដែលយើងត្រូវតែជឿ។

លុះត្រាតែយើងមានសេចក្តីជំនឿបែបនេះ ទើបយើងអាចធ្វើជាកូនជាទីស្រឡាញ់របស់ព្រះបាន។ មិនដោយសារការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើង ដើម្បីទទួលបានសេចក្តីសង្រ្គោះទេ ប៉ុន្តែដោយសារតែសេចក្តីមេត្តាករុណានេះ ទើបយើងបានពាក់សេចក្តីស្រឡាញ់របស់ទ្រង់។

ទោះបីជាគ្រីស្ទបរិស័ទជាច្រើនបង្រៀន និងដើរតាមគោលលទ្ធិនៃការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះក៏ដោយ ក៏ពួកគេមានអារម្មណ៍មិនទុកចិត្តលើគោលលទ្ធិទាំងនេះដែរ ពីព្រោះពួកគេនៅតែឆ្ងល់ថា ព្រះបានជ្រើសរើសពួកគេ ឬមិនបានជ្រើសរើសពួកគេ។

៩០ភាគរយនៃទេវសាស្ត្ររបស់លោក កាល់វិន គឺជាគោលលទ្ធិទាំងពីរនេះ។ សំណួរគឺថា ដោយមិនគិតពីសេចក្តីជំនឿលើព្រះយេស៊ូវ តើពួកគេពិតជាត្រូវបានព្រះជ្រើសរើស ឬអត់? ហើយការឆ្ងល់នេះធ្វើឲ្យពួកគេមានក្តីថប់បាតម្ភ។ ដែលអ្នកត្រូវបានជ្រើសរើស ឬអត់ មិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺ អ្នកត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានសង្រ្គោះ ដោយការទទួលបានសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកដែលបានទទួលសេចក្តីសុចរិតរបស់ព្រះ ដោយសារសេចក្តីជំនឿ គឺជាអ្នកដែលព្រះបានជ្រើសរើសហើយ។

មានបណ្ឌិតខាងទេវសាស្ត្រម្នាក់ ដែលត្រូវបានគេចាត់ទុកជាបិតានៃទេវសាស្ត្របែបអភិរក្សនិយម។ គាត់បានផ្តោតយ៉ាងសំខាន់លើសេចក្តីបង្រៀនរបស់លោក កាល់វិន ដូចជាគោលលទ្ធិនៃការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ។

នៅថ្ងៃមួយ នៅពេលគាត់កំពុងតែបង្រៀន សិស្សម្នាក់បានសួរគាត់ថា «តើព្រះបានជ្រើសរើសលោកគ្រូដែរទេ? ហើយតើលោកគ្រូអាចដឹងថា អ្នកណាដែលព្រះបានជ្រើសរើស បានយ៉ាងដូចម្តេច?»។

គាត់បានឆ្លើយថា «តើអ្នកណាអាចដឹងពីការនេះទៅ? យើងនឹងដឹងពីវា នៅពេលយើងឈរនៅចំពោះ»។ 

សិស្សក៏បានសួរគាត់ទៀតថា «ដូច្នេះ តើលោកគ្រូនឹងធ្វើយ៉ាងដូចម្តេច នៅពេលលោកគ្រូឈរនៅចំពោះព្រះ ហើយទ្រង់មានបន្ទូលថា ទ្រង់មិនបានជ្រើសរើសលោកគ្រូទេ?»។

សាស្ត្រាចារ្យនោះបានឆ្លើយថា «ខ្ញុំមិនអាចធ្វើអ្វីបានឡើយ ចំពោះអ្វីដែលព្រះបានសម្រេច ដោយអង្គទ្រង់រួចហើយ។ ដូច្នេះហើយបានជាខ្ញុំបាននិយាយថា អ្នកនឹងដឹង នៅពេលអ្នកឈរនៅចំពោះព្រះ»។

សិស្សបានគិតថា «គាត់គឺជាមនុស្សដែលបន្ទាបខ្លួនម្នាក់។ សូម្បីតែមនុស្សអស្ចារ្យដូចជាគាត់ ក៏និយាយថា គាត់មិនដឹងថា ព្រះបានជ្រើសរើសគាត់ ឬមិនដែរ។ ដូច្នេះ វាជារឿងធម្មតាទេ ដែលគ្មានអ្នកណាម្នាក់ដឹងថា ព្រះបានជ្រើសរើសខ្លួន ឬមិន»។ 

ប៉ុន្តែឥឡូវនេះ សេចក្តីពិតដែលបានលាក់ទុកសេចក្តីសុចរិតរបស់ព្រះ ត្រូវបានបើកសម្តែងឲ្យឃើញយ៉ាងច្បាស់លាស់ហើយ។ មានកិច្ចការពីរបី ដែលព្រះលាក់បាំងពីមនុស្ស ប៉ុន្តែទ្រង់បានបើកសម្តែងឲ្យឃើញនៅពេលកំណត់។ តើគ្រូផ្សាយដំណឹងល្អអាចប្រកាសដំណឹងល្អបានយ៉ាងដូចម្តេច បើសិនគាត់មិនដឹងថា គាត់បានសង្រ្គោះ ឬមិនបានសង្រ្គោះ? អ្នកដែលព្រះបានហៅ គឺជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។ 

រ៉ូម ៨:២៩ និយាយថា «ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន» ព្រះវរបិតាបានតម្រូវយើងទុកជាមុន ដើម្បីឲ្យយើងបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាយេស៊ូវគ្រីស្ទនៃទ្រង់ ដើម្បីឲ្យទ្រង់បានធ្វើជាកូនច្បងក្នុងចំណោមបងប្អូនយ៉ាងច្រើន។ នៅទីនេះ ព្រះយេស៊ូវត្រូវបានហៅថា «បងច្បង»។ បើសិនយើងជឿដល់ព្រះយេស៊ូវ និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យយើង យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង និងបានធ្វើជាកូនរបស់ព្រះ។ ដូច្នេះ តើព្រះយេស៊ូវគឺជាអ្វីនឹងយើង? ទ្រង់គឺជាកូនច្បងរបស់ព្រះ ហើយទ្រង់នឹងធ្វើជាបងច្បងរបស់យើង ហើយយើងនឹងធ្វើជាប្អូនៗរបស់ទ្រង់។

ជាយូរមកហើយ នៅពេលខ្ញុំរស់នៅក្នុងផ្ទះអធិស្ឋាន គ្រូផ្សាយដំណឹងល្អចំណាស់ម្នាក់បានមកសួរសុខទុក្ខខ្ញុំ។ គាត់បានចាប់ផ្តើមជឿព្រះយេស៊ូវ នៅពេលគាត់នៅប្រទេសចិន ហើយបន្ទាប់មក គាត់បានមករស់នៅប្រទេសកូរ៉េ។ ថ្ងៃមួយ ខ្ញុំបានស្តាប់ឮគាត់អធិស្ឋានថា «បងប្រុសយេស៊ូវ និងព្រះវរបិតា អរគុណសម្រាប់ការសង្រ្គោះទូលបង្គំ។ បងប្រុសយេស៊ូវ សូមជួយខ្ញុំផង»។ ដូច្នេះ ព្រះយេស៊ូវគឺជាបងប្រុសរបស់យើង!

យើងអាចសួរថា តើព្រះជ្រាបគ្រប់យ៉ាងអំពើបាបយើងដែរទេ? ចម្លើយគឺថា ទ្រង់ជ្រាបគ្រប់យ៉ាងអំពីយើង។ ព្រះវរបិតាបានរៀបចំផែនការសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈព្រះរាជបុត្រានៃទ្រង់ នៅមុនកំណើតលោកិយទៅទៀត។ នេះហើយគឺជាផែនការរបស់ព្រះ។ ព្រះរាជបុត្រានៃទ្រង់បានយាងមកលោកិយនេះ បានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ព្រះបានរៀបចំផែនការនេះរួចទៅហើយ។

យើងអាចនិយាយបានថា នៅមុនកំណើតលោកិយនេះ ព្រះបានហៅឲ្យមាន «ការប្រជុំត្រៃភាគី» មួយ។ ព្រះត្រៃឯក ដែលមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បានរៀបចំផែនការសង្រ្គោះអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ផែនការរបស់ទ្រង់ គឺត្រូវបង្កើតមនុស្ស និងយកពួកគេធ្វើជាកូនរបស់ទ្រង់ ហើយគង់នៅជាមួយពួកគេនៅក្នុងនគរដ៏គ្រប់លក្ខណ៍របស់ទ្រង់។

ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានព្រមព្រៀងគ្នានៅក្នុងផែនការនេះ។ បន្ទាប់មក នៅក្នុងដំណើរការនៃការគិតអំពីរបៀបដែលទ្រង់គួរតែបង្កើតមនុស្ស និងយកមនុស្សជាតិធ្វើជាកូនរបស់ទ្រង់ ព្រះបានរៀបចំផែនការបញ្ជូនព្រះរាជបុត្រាយេស៊ូវមកកាន់លោកិយ និងអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីឲ្យមនុស្សអាចផ្លាស់ប្រែទៅជារូបអង្គនៃព្រះរាជបុត្រានៃទ្រង់បាន។

តើអ្វីគឺជាបំណងព្រះហឫទ័យព្រះក្នុងការបង្កើតយើង? គឺដើម្បីឲ្យយើងបានធ្វើជាកូនរបស់ទ្រង់។ តើព្រះយេស៊ូវគឺជាកូនច្បងរបស់ព្រះឬ? បាទ មែនហើយ ហើយដោយសារតែយើងបានធ្វើជាកូនរបស់ព្រះ យើងក៏ជាប្អូនៗរបស់ទ្រង់ផងដែរ។

កំឡុងពេល៣៣ឆ្នាំនៃការគង់នៅលើផែនដីនេះ ព្រះយេស៊ូវក៏បានមានភាពមិនពេញលេញ និងភាពខ្សោយទាំងអស់របស់មនុស្សផងដែរ។ ដូច្នេះហើយបានជានៅពេលយើងអធិស្ឋាន យើងនិយាយថា «ព្រះយេស៊ូវ ទូលបង្គំខ្សោយ។ សូមជួយទូលបង្គំ និងការពារទូលបង្គំផង។ សូមជួយបន្ទន់ចិត្តរបស់មនុស្សឲ្យទទួលយកព្រះបន្ទូលទ្រង់ ការពារ ប្រទានព្រះគុណ និងជួយពួកគេផង»។ ព្រះអម្ចាស់ស្តាប់ និងឆ្លើយតបចំពោះការអធិស្ឋានរបស់យើង។ ការអធិស្ឋានទៅកាន់ព្រះយេស៊ូវ និងការអធិស្ឋានទៅកាន់ព្រះ គឺជាដូចគ្នា។

តើអ្វីគឺជាគោលបំណងនៃព្រះក្នុងការបង្កើតយើង? គឺដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ព្រះស្គាល់គ្រប់យ៉ាងអំពីយើង។ ទ្រង់បានអនុញ្ញាតឲ្យយើងបានកើតមកក្នុងលោកិយនេះ និងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ពីព្រោះទ្រង់បានតម្រូវយើងទុកជាមុន ដើម្បីធ្វើជាកូនប្រុសស្រីរបស់ទ្រង់ តាំងពីមុនកំណើតលោកិយមកម៉្លេះ។ ដូច្នេះ ទ្រង់មិនត្រឹមតែស្គាល់ពីជីវិត និងសេចក្តីស្លាប់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ស្គាល់គ្រប់ទាំងចលនារបស់យើងផងដែរ។ ទ្រង់ដឹងថា យើងបានកើតមកនៅពេលណា បានកើតមកជាកូនរបស់អ្នកណា បានរៀបការជាមួយអ្នកណា កូនរបស់យើងជាអ្នកណា និងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើង។ ដូច្នេះ ព្រះដែលដឹងគ្រប់យ៉ាងអំពីជីវិតរបស់យើង បានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមក ដើម្បីឲ្យយើងអាចជឿដល់ព្រះយេស៊ូវគ្រីស្ទ និងបានធ្វើជាកូនរបស់ព្រះ។

ព្រះបានស្គាល់យើងជាមុន និងបានតម្រូវយើងទុកជាមុន។ រ៉ូម ៨:៣០ និយាយថា «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ ខ្ញុំមិនអាចផ្តោតឲ្យបានគ្រប់គ្រាន់លើសារៈសំខាន់សម្រាប់យើងយល់ និងជឿលើបទគម្ពីរនេះទេ។

មនុស្សជាច្រើនយកបទគម្ពីរខាងលើនេះ ដើម្បីគាំទ្រដល់គោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ។ ដោយផ្អែកលើបទគម្ពីរនេះថា ព្រះបានតម្រូវយើងទុកជាមុន បានហៅយើង បានរាប់យើងជាសុចរិត និងបានតម្កើងយើងឡើង ពួកគេអះអាងថា នេះគឺជាមូលហេតុដែលទោះបីជាយើងមានបាបនៅក្នុងចិត្តរបស់យើងក៏ដោយ ក៏ព្រះរាប់យើងជាឥតបាបដែរ ហើយបន្ទាប់បានឆ្លងកាត់ពេលវេលានៃការញែកជាបរិសុទ្ធ យើងនឹងបានតម្កើងឡើង ពីព្រោះមានតាមតំណាក់កាល ដែលយើងបានបរិសុទ្ធ។

តើព្រះមិនបានតម្រូវមនុស្សមានបាបទាំងអស់ទុកជាមុន ដើម្បីហៅពួកគេនៅក្នុងព្រះយេស៊ូវគ្រីស្ទទេឬ? ទ្រង់បានហៅយើងទាំងអស់គ្នា ប៉ុន្តែមនុស្សមួយចំនួនមិនឆ្លើយតបចំពោះការហៅរបស់ទ្រង់ទេ។ ពួកគេដូចជាអេសាវ និងកាអ៊ីន ដែលនឹងត្រូវបានបញ្ជូនទៅស្ថាននរក។



នៅក្នុងសេចក្តីមេត្តាករុណារបស់ព្រះ


ព្រះវរបិតា បានរៀបចំផែនការហៅយើងនៅក្នុងព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ និងបានតម្រូវយើងទុកជាមុន ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ដោយការលាងសម្អាតអំពើបាបរបស់យើង ដោយទឹក និងព្រះលោហិត។ ទោះបីជាព្រះបានមនុស្សទាំងអស់ក៏ដោយ ក៏ពួកគេនៅតែមិនចូលទៅចំពោះព្រះដែរ ហើយពួកគេនៅខាងក្រៅសេចក្តីសង្រ្គោះរបស់ព្រះ។ មនុស្សទាំងនេះត្រូវបានកាត់ចេញពីព្រះគុណរបស់ទ្រង់ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែក៏មានមនុស្សមួយចំនួនផងដែរ ដែលបានស្តាប់បង្គាប់តាមការហៅរបស់ព្រះ។ ពួកគេនិយាយថា «ព្រះអម្ចាស់ តើទ្រង់នឹងទទួលយកទូលបង្គំទេ បើសិនទូលបង្គំខ្សោយដូច្នេះ?»។

ព្រះមានបន្ទូលថា «ពិតហើយ ខ្ញុំនឹងទទួលយកអ្នក»។

«ពិតមែនឬ? តើទ្រង់នឹងទទួលយកទូលបង្គំទេ បើសិនទូលបង្គំខ្សោយដូច្នេះ?»

«ពិតហើយ ខ្ញុំនឹងទទួលយកអ្នក។»

«ព្រះជាម្ចាស់ ទូលបង្គំមិនមានអ្វីពិសេសថ្វាយដល់ទ្រង់ទេ ហើយទូលបង្គំក៏មិនអាចសន្យាជាមួយទ្រង់ថា ទូលបង្គំនឹងល្អចាប់ពីពេលនេះតទៅបានដែរ។»

«ខ្ញុំនឹងនៅតែទទួលយកអ្នក។»

«ប្រហែលជាទ្រង់មិនស្គាល់ទូលបង្គំទេ។ ទ្រង់នឹងខកព្រះទ័យចំពោះទូលបង្គំ។»

នៅពេលយើងស្គាល់ពីខ្លួនឯង ហើយអ្នកណាម្នាក់និយាយថា គាត់ពិតជាជឿលើយើង ជាទូទៅ យើងមានអារម្មណ៍ខ្មាស់ និងចង់រត់ទៅពួននៅកន្លែងណាមួយ។ ហេតុអ្វីយើងចង់រត់ទៅពួន? យើងចង់ពួន ពីព្រោះយើងមិនអាចបានប្រសើរឡើង ហើយយើងក៏មិនអាចរក្សាអ្វីដែលយើងបាមានកន្លងមកដែរ។

ដូច្នេះហើយបានជាយើងបន្តសួរទ្រង់ថា «តើទ្រង់នឹងទទួលយកទូលបង្គំ ទោះបើទូលបង្គំខ្សោយដូច្នេះឬ? តើទ្រង់ពិតជានឹងទទួលយកទូលបង្គំឬ? តើទ្រង់អនុញ្ញាត្តឲ្យទូលបង្គំជឿដល់ទ្រង់ឬ? តើមនុស្សដូចជាទូលបង្គំអាចទទួលបានការអត់ទោសអំពើបាបបានឬ? ហើយតើមនុស្សដូចជាទូលបង្គំអាចបានរាប់ជាសុចរិត ទោះបើទូលបង្គំនឹងមិនអាចធ្វើល្អនៅពេលអនាគតឬ?»។ ប៉ុន្តែព្រះរបស់យើងមានអំណាចព្រះចេស្តាប្រែក្លាយដើមអូលីវព្រៃទៅជាដើមអូលីវដែលបំបៅ។

ដើមកំណើតរបស់យើងគឺជាដើមអូលីវព្រៃ ប៉ុន្តែយើងបានក្លាយជាដើមអូលីវដែលបំបៅ ដោយសារដំណឹងល្អ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង។ ទ្រង់បានហៅយើង ដែលតែងតែធ្វើបាប។ តើទ្រង់បានហៅយើង នៅពេលយើងនៅខ្សោយតែបន្តិចបន្តួចឬ? ទ្រង់បានហៅយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅពេលយើងអសមត្ថភាពទាំងស្រុង មានពេញដោយកំហុស និងភាពមិនពេញលេញ។ ហើយបន្ទាប់បានហៅយើង តើទ្រង់ធ្វើយ៉ាងដូចម្តេច? ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់យើង ដើម្បីឲ្យយើងអាចមានជីវិតអស់កល្បជានិច្ចបាន។

តើទ្រង់បានធ្វើកិច្ចការទាំងអស់នេះដោយរបៀបណា? ម៉ាថាយ ៣ បានប្រាប់យើងថា ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដែលព្រះបានបង្កើតសម្រាប់មនុស្សជាតិទាំងមូល។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបរបស់លោកិយនេះ។ ទ្រង់បានប្រទានជីវិតថ្មីដល់យើង ហើយដើម្បីធ្វើដូច្នេះ ទ្រង់បានរាប់យើងជាសុចរិត និងបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវបានហៅយើង បានលាងសម្អាតអំពើបាបរបស់យើង ដោយទឹក និងព្រះលោហិត បានប្រទានសេចក្តីសុចរិតរបស់ព្រះដល់យើង បានរាប់យើងជាឥតបាប បានតម្កើងយើងឡើង និងបានយកយើងធ្វើជាកូនរបស់ព្រះ។

ព្រះយេស៊ូវបានតម្កើងយើងឡើង ដើម្បីឲ្យយើងចូលទៅក្នុងស្ថានសួគ៌ និងរស់នៅជាកូនរបស់ព្រះដ៏អស់កល្បជានិច្ច។ តើអ្នកយល់ពីការពិតនេះទេ? ប៉ុន្តែគោលលទ្ធិបែបសាសនាបង្រៀនថា បើសិនអ្នកជឿដល់ព្រះយេស៊ូវ ទោះបីជាអ្នកគឺជាមនុស្សមានបាបម្នាក់ក៏ដោយ ក៏អ្នកនឹងបានញែកជាបរិសុទ្ធបន្តិចម្តងៗទៅតាមពេលវេលា និងថា នៅពេលអ្នកស្លាប់ អ្នកនឹងឈរនៅចំពោញព្រះ ក្នុងនាមជាមនុស្សគ្រប់លក្ខណ៍ម្នាក់ដែរ។ ប៉ុន្តែគោលលទ្ធិនេះប្រឆាំងនឹងសេចក្តីពិតហើយ។ វាមិនមែនជាសេចក្តីជំនឿត្រឹមត្រូវឡើយ ប៉ុន្តែគ្រាន់តែជាសេចក្តីជំនឿតាមគោលលទ្ធិនៃការញែកជាបរិសុទ្ធ ដែលមិនមែនជាសេចក្តីពិតប៉ុណ្ណោះ។

ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយព្រះបានតម្រូវយើងទុកជាមុន បានហៅយើង បានលាងសម្អាតអំពើបាបរបស់យើង ដោយទឹក និងព្រះលោហិត តែម្តងជាសម្រេច បានយកយើងធ្វើជាកូនរបស់ទ្រង់ ដែលបានញែកជាបរិសុទ្ធ ហើយប្រទានពរដល់យើង ដើម្បីឲ្យយើងអាចចូលទៅក្នុងនគរព្រះជាមួយនឹងសិរីល្អបាន។ នេះគឺជាសេចក្តីពិត ហើយនេះគឺជារបៀបដែលទ្រង់បានមានបន្ទូលអំពីសេចក្តីពិត ដោយដាក់ព្រះពរទាំងអស់ នៅក្នុងព្រះយេស៊ូវគ្រីស្ទធ្វើជាប្រយោគតែ មួយ។ បទគម្ពីរនេះមិននិយាយអំពីដំណាក់កាលទាំងប្រាំពីរនៃគោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗនោះឡើយ។ វាមិននិយាយថា យើងនឹងបានគ្រប់លក្ខណ៍បន្តិចម្តងៗ តាមរយៈដំណាក់កាលទាំងប្រាំពីរ រហូតដល់យើងបានញែកជាបរិសុទ្ធទាំងស្រុងទេ។

រ៉ូម ៨:៣០ មិននិយាយថា ព្រះនឹងហៅយើង បន្ទាប់ពីយើងជឿព្រះយេស៊ូវ ឬថា យើងនឹងបានញែកជាបរិសុទ្ធ នៅពេលយើងមានវ័យចាស់នោះឡើយ។ ខនេះក៏មិននិយាយដែរថា យើងឡើងជណ្តើរនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ និងមួយកាំម្តងៗ រហូតដល់យើងឈានទៅដល់ការញែកជាបរិសុទ្ធទាំងស្រុង។ នៅពេលយើងបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់បានហៅយើង ទ្រង់បានអត់ទោសដល់អំពើបាបរបស់យើង តែម្តងជាសម្រេច តាមរយៈទឹក និងព្រះលោហិត។ ទ្រង់នៅឱបក្រសោបយើងនៅក្នុងព្រះហស្តទ្រង់ នៅពេលយើងចូលមកចំពោះព្រះជាមួយនឹងដំណឹងល្អអំពីសេចក្តីពិតនេះ។

មនុស្សមួយចំនួននិយាយថា «ខ្ញុំមិនបានទាំងដឹងពីអំពើបាបរបស់ខ្ញុំពីអតីតកាលផង ប៉ុន្តែបន្ទាប់ពីបានស្តាប់សេចក្តីអធិប្បាយហើយ ខ្ញុំចាប់ផ្តើម

ដឹងពីវា។ មានអំពើបាបមួយ ឬពីរ ដែលខ្ញុំនៅចងចាំពីអតីតកាល ហើយខ្ញុំប្រហែលនឹងបន្តធ្វើបាបទៀតនៅពេលអនាគត។ ដូច្នេះ ខ្ញុំមិនអាចជឿលើព្រះបានឡើយ»។ ប៉ុន្តែការគិតបែបនេះមិនត្រឹមត្រូវទេ។ យើងគួរតែគិតបែបដូច្នេះវិញថា «អូ ត្រឹមត្រូវហើយ។ ខ្ញុំមិនបានដឹងពីអំពើបាបរបស់ខ្ញុំ នៅពេលខ្ញុំកំពុងតែប្រព្រឹត្តអំពើបាបទាំងនោះទេ។ ប៉ុន្តែគ្រប់ទាំងព្រះបន្ទូលព្រះសុទ្ធតែត្រឹមត្រូវ។ ហើយខ្ញុំត្រូវតែជឿតាមព្រះបន្ទូលទ្រង់ ប៉ុន្តែខ្ញុំមិនអាចរស់នៅតាមព្រះបន្ទូលបានឡើយ។ ខ្ញុំគឺជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរម្នាក់ ដែលត្រូវធ្លាក់ទៅស្ថាននរក។ ដូច្នេះហើយបានជាព្រះយេស៊ូវបានយាងមកផែនដីនេះ»។

ព្រះរាប់យើងជាឥតបាប ដោយការជឿលើព្រះយេស៊ូវ និងការទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប។ ហើយយើងបានញែកជាបរិសុទ្ធ និងបានធ្វើជាកូនរបស់ព្រះ។ ដោយសារយើងគឺជាកូនរបស់ព្រះ យើងអាចចូលទៅក្នុងស្ថានសួគ៌ និងបានតម្កើងឡើងបាន។ នេះហើយគឺជា សេចក្តីសុចរិតរបស់ព្រះ និងសេចក្តីពិត។

ព្រះបានតម្រូវយើងទុកជាមុន បានហៅយើង បានរាប់យើងជាសុចរិត និងបានតម្កើងយើងឡើង។ អ្នកអាចគិតថា គោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗគឺត្រឹមត្រូវ ពីព្រោះ «ខ្ញុំនឹងផ្លាស់ប្តូរបន្តិចម្តងៗ និងក្លាយទៅជាមនុស្សឥតមានបាបម្នាក់»។ ប៉ុន្តែអ្នកបានរាប់ជាសុចរិត និងបានញែកជាបរិសុទ្ធ តែម្តងជាសម្រេច នៅពេលអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ចិត្តរបស់អ្នកមិនផ្លាស់ប្តូរទៅតាមតំណាក់ កាលៗឡើយ ប៉ុន្តែបានរាប់ជាឥតបាបភ្លាមតែម្តង ហើយវាគឺជាសេចក្តីជំនឿរបស់អ្នក ដែលរីកចម្រើនបន្តិចម្តងៗ នៅពេលអ្នកជឿតាមព្រះបន្ទូលព្រះ និងពួកជំនុំរបស់ទ្រង់។

នៅពេលយើងបរិភោគអាហារនៃព្រះបន្ទូលព្រះ សេចក្តីជំនឿរបស់យើងរីកចម្រើនបន្តិចម្តងៗ រហូតដល់ចំណុចមួយ ដែលយើងអាចបង្រៀនអ្នកដទៃបាន។ ប៉ុន្តែការអះអាងថា យើងនឹងក្លាយជាកូនរបស់ព្រះ បន្ទាប់ពីយើងកាន់តែឥតបាបបន្តិចម្តងៗ មិនផ្អែកលើព្រះគម្ពីរឡើយ។

តើព្រះបានហៅយើងតាមការតម្រូវទុកជាមុនរបស់ទ្រង់ នៅក្នុងព្រះយេស៊ូវគ្រីស្ទទេ? បាទ ទ្រង់បានហៅយើង បានរាប់យើងជាឥតបាប និងសុចរិត យកយើងធ្វើជាកូនរបស់ទ្រង់ និងតម្កើងយើងឡើង នៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យយើងអាចចូលទៅក្នុងនគររបស់ទ្រង់។

យើងបានរាប់ជាសុចរិតភ្លាមៗ ដោយការជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ហើយយើងបានទទួលព្រះពរ ពីព្រោះយើងបានស្តាប់បង្គាប់តាមការហៅរបស់ព្រះ និងបានជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ បានយកយើងធ្វើជាកូនឥតបាប និងសុចរិតរបស់ព្រះ និងជារាស្ត្រនៃនគររបស់ទ្រង់ ទោះបើយើងមិនពេញលេញក៏ដោយ។

ដូច្នេះហើយបានជាគោលលទ្ធិនៃការញែកជាបរិសុទ្ធមិនត្រឹមត្រូវ និងឥតប្រយោជន៍។ ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ សេចក្តីជំនឿរីកចម្រើនបន្តិច ម្តងៗ ប៉ុន្តែសេចក្តីអត់ទោសសម្រាប់អំពើបាប ការបានធ្វើជាកូនរបស់ព្រះ និងការបានចូលទៅក្នុងនគរស្ថានសួគ៌ កើតឡើង តែម្តងជាសម្រេច។ តើអ្នកជឿលើសេចក្តីពិតនេះដែរទេ?

យើងអាចបានធ្វើជាកូនរបស់ព្រះបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះបានសង្រ្គោះជីវិតដ៏ឥតប្រយោជន៍របស់យើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈព្រះគុណនៃទឹក និងព្រះវិញ្ញាណ។ តើយើងបានធ្វើអ្វីមួយដល់ព្រះសម្រាប់សេចក្តីសង្រ្គោះរបស់យើងដែរទេ? ហើយតើយើងបានរួមចំណែកអ្វីខ្លះនៅក្នុងការបានរាប់ជាសុចរិត? យើងមិនបានរៀបចំផែនការអ្វីទាំងអស់ ហើយគ្មានអ្នកណាម្នាក់ ដែលសម្រេចិត្តជឿដល់ព្រះយេស៊ូវ មុនពេលខ្លួនបានកើតមកដែរ។ តើមានអ្នកណាម្នាក់ ដែលសម្រេចចិត្តជឿដល់ព្រះយេស៊ូវ ខណៈដែលខ្លួនកំពុងតែនៅក្នុងផ្ទៃម្តាយដែរទេ?

យើងបានស្តាប់ឮសេចក្តីពិត ពីអ្នកដែលបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានដឹងថា វាគឺជាសេចក្តីពិត និងបានគិតចំពោះខ្លួនឯងថា «ខ្ញុំត្រូវតែជឿតាមដំណឹងល្អនេះ គឺខ្ញុំគឺជាមនុស្សមានបាបម្នាក់ ហើយខ្ញុំត្រូវជឿតាមដំណឹងល្អនេះ»។ ចាប់ពីពេលនោះមក យើងបានចាប់ផ្តើមជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប និងបានធ្វើជាកូនរបស់ព្រះ។

មានតែមនុស្សសុចរិតប៉ុណ្ណោះ ដែលបានធ្វើជាកូនរបស់ព្រះ។ ហើយព្រះតម្កើងពួកគេឡើងជារៀងរហូត ជាមួយសេចក្តីបរិបូរ និងកិត្តិយសរបស់នគរស្ថានសួគ៌។ នេះហើយគឺជាការតម្កើងឡើង។ ព្រះបានប្រទានព្រះពរទាំងនេះដល់អ្នកជឿ ដែលជឿ និងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

សូមសរសើរតម្កើងព្រះអម្ចាស់!