Sermons

[8-10] គោលលទ្ធិខុសឆ្គង



<រ៉ូម ៨:២៩-៣០>

«ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។»



បទគម្ពីរនេះ ប្រាប់យើងថា ព្រះបានតម្រូវទុកជាមុនក្នុងការសង្រ្គោះមនុស្សនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ដើម្បីធ្វើដូច្នេះ ព្រះបានហៅពួកគេនៅក្នុងព្រះគ្រីស្ទ បានរាប់អ្នកដែលទ្រង់បានហៅ ជាសុចរិត និងបានតម្កើងអ្នកដែលទ្រង់បានរាប់ជាសុចរិត ឡើង។ មូលដ្ឋានគ្រឹះទាំងអស់នៃបទគម្ពីរត្រូវបានគ្រោង និងអនុវត្តនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នេះហើយគឺជាអ្វីដែលកណ្ឌគម្ពីររ៉ូមប្រាប់យើងអំពី ប៉ុន្តែទេវវិទូ និងអ្នកដឹកនាំខុសឆ្គងជាច្រើនបានប្រែក្លាយសេចក្តីពិតដែលសាមញ្ញា និងច្បាស់លាស់នេះ ទៅជាគោលលទ្ធិមួយ ដែលមានគំនិតផ្ទាល់ខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយផ្សព្វផ្សាយវាយ៉ាងទូលំទូលាយ។ ឥឡូវនេះ យើងនឹងផ្តោតការយកចិត្តទុកដាក់របស់យើង ដើម្បីពិនិត្យមើលពីរបៀបដែលមនុស្សជាច្រើនយល់ខុសអំពីសេចក្តីពិតនេះ។ 

ទេវវិទូមួយចំនួនបែងចែកបទគម្ពីរនេះទៅជាគោលលទ្ធិដែលមានប្រាំផ្នែក៖ ១. ការស្គាល់ជាមុន ២. ការតម្រូវទុកជាមុន ៣. ការត្រាស់ហៅដ៏មានប្រសិទ្ធភាព ៤. ការរាប់ជាសុចរិត និង ៥. ការតម្កើងឡើង។ គោលលទ្ធិទាំងប្រាំនេះត្រូវបានគេស្គាល់ជា «ច្រវ៉ាក់មាសនៃសេចក្តីសង្រ្គោះ» ហើយត្រូវបានចាត់ទុកជាសេចក្តីពិត និងផ្សព្វផ្សាយទៅកាន់ទាំងអ្នកជឿ និងអ្នកមិនជឿផង។ ប៉ុន្តែការអះអាងរបស់ពួកគេមានកំហុសយ៉ាងច្រើន។

គោលលទ្ធិទាំងប្រាំនេះ និយាយអំពីអ្វីដែលព្រះបានធ្វើហើយតែប៉ុណ្ណោះ គឺ «ព្រះបានស្គាល់រួចហើយ បានជ្រើសរើសរួចហើយ បានហៅរួចហើយ បានរាប់ជាសុចរិតរួចហើយ និងបានតម្កើងឡើងរួចហើយ»។ ប៉ុន្តែគោលលទ្ធិនៃការតម្រូវទុកជាមុនអះអាងថា ព្រះបានជ្រើសរើសអ្នកដែលទ្រង់បានសង្រ្គោះនៅមុនកំណើតរបស់ពួកគេ ដោយឥតលក្ខខណ្ឌ។ ប៉ុន្តែសេចក្តីពិតអំពីការតម្រូវទុកជាមុនពីព្រះគម្ពីរបង្រៀនថា ព្រះបានយកមនុស្សមានបាបធ្វើជាកូនរបស់ទ្រង់ ដោយការចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ដល់ពួកគេ។ ដូច្នេះ ដោយបានជ្រើសរើសពួកគេ ព្រះបានហៅពួកគេ បានរាប់ពួកគេជាសុចរិត និងបានតម្កើងពួកគេឡើង។ 



កំហុសនៃគោលលទ្ធិទេវសាស្ត្រនៃការតម្រូវទុកជាមុន និងការជ្រើសរើស


នៅក្នុងទេវសាស្ត្រគ្រីស្ទបរិស័ទ យើងមើលឃើញ «គោលលទ្ធិធំៗចំនួនប្រាំ» របស់លោក ចន កាល់វិន។ ហើយនៅក្នុងចំណោមនោះ មានគោលលទ្ធិនៃការតម្រូវទុកជាមុន និងការជ្រើសរើស។ នៅក្នុងការពិភាក្សាខាងក្រោមនេះ ខ្ញុំនឹងបង្ហាញចំណុចមិនស្របតាមព្រះគម្ពីរនៃគោលលទ្ធិទាំងនេះ ហើយធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

គោលលទ្ធិនៃការជ្រើសរើសមានកំណើតចេញពីទេវវិទូម្នាក់ ដែលមានឈ្មោះថា ចន កាល់វិន។ តាមការពិត ព្រះបានមានបន្ទូលអំពីការជ្រើសរើសនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅមុនពេលសម័យរបស់លោក កាល់វិន ទៅទៀត ប៉ុន្តែគោលលទ្ធិរបស់គាត់អំពីការជ្រើសរើសនេះបានដឹកនាំមនុស្សជាច្រើនឲ្យមានភាពច្របូកច្របល់។ គោលលទ្ធិខុសឆ្គងនេះកំណត់ព្រំដែនដល់សេចក្តីស្រឡាញ់របស់ព្រះ ហើយចាត់ទុកវាជាសេចក្តីស្រឡាញ់ដែលរើសអើង និងមិនយុត្តិធម៌។ តាមការពិត គ្មានដែនកំណត់សម្រាប់សេចក្តីស្រឡាញ់របស់ព្រះឡើយ។ ដូច្នេះ គោលលទ្ធិនៃការតម្រូវទុកជាមុន ដែលកំណត់ព្រំដែនកំណត់ដល់សេចក្តីស្រឡាញ់របស់ព្រះ ពិតជាខុសឆ្គងហើយ។ ប៉ុន្តែការពិតគឺថា មនុស្សជាច្រើនដែលជឿព្រះយេស៊ូវ បានទទួលយកគោលលទ្ធិនេះ។

គំនិតនៃគោលលទ្ធិអំពីការតម្រូវទុកជាមុននេះ បានគ្របដណ្តប់លើគំនិតរបស់មនុស្សជាច្រើន ពីព្រោះគោលលទ្ធិនេះសមស្របសម្រាប់ និងងាយស្រួលគ្រប់គ្រងគំនិតរបស់អ្នកដែលចូលចិត្តទស្សនវិជ្ជា។ គោលលទ្ធិនេះអះអាងថា តាំងពីមុនកំណើតលោកិយ ព្រះបានតម្រូវទុកជាមុន និងជ្រើសរើសមនុស្សមួយចំនួន ដោយឥតលក្ខខណ្ឌ និងបានបដិសេធមនុស្សមួយចំនួនទៀត។ បើសិនគោលលទ្ធិនេះពិតជាត្រឹមត្រូវមែន ព្រលឹងទាំងនោះ ដែលមិនត្រូវបានជ្រើសរើស នឹងអាចតវ៉ាប្រឆាំងនឹងព្រះបាន ហើយទ្រង់នឹងបានក្លាយទៅជាព្រះដែលអយុត្តធម៌ និងធ្វើឲ្យខូចប្រយោជន៍ហើយ។

ដោយសារគោលលទ្ធិទាំងនេះ ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះបានធ្លាក់ក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង។ ហើយជាលទ្ធផល គ្រីស្ទបរិស័ទជាច្រើនកំពុងតែរងទុក្ខ និងវង្វេង។ «តើព្រះបានជ្រើសរើសខ្ញុំដែរទេ? បើសិនព្រះបានជ្រើសរើសខ្ញុំរួចហើយ តាំងពីមុនកំណើតលោកិយ ហេតុអ្វីខ្ញុំចាំបាច់ជឿព្រះយេស៊ូវទៀត?» ពួកគេត្រឡប់មកចាប់អារម្មណ៍យ៉ាងខ្លាំងថា ពួកគេត្រូវបានរួមបញ្ចូល ឬដកចេញពីការជ្រើសរើសរបស់ព្រះ។ ដូច្នេះហើយបានជាគោលលទ្ធិនៃការតម្រូវទុកជាមុនបានបង្កើតភាពច្របូកច្របល់យ៉ាងខ្លាំង នៅក្នុងចំណោមអ្នកជឿព្រះយេស៊ូវ ពីព្រោះពួកគេផ្តោតសំខាន់តែលើសំណួរអំពីការជ្រើសរើសរបស់ពួកគេ ជាជាងលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ។ 

គោលលទ្ធិនេះបានផ្លាស់ប្តូរសេចក្តីពិតរបស់ជំនឿគ្រីស្ទបរិស័ទទៅជាសាសនាមួយទៀតនៅក្នុងលោកិយនេះ។ ប៉ុន្តែឥឡូវនេះគឺជាពេលវេលាសម្រាប់យើងបោះបង់គោលលទ្ធិខុសឆ្គងទាំងនេះ ចេញពីសង្គមគ្រីស្ទ បរិស័ទ ដែលមានដំណឹងល្អដែលបានធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ ជាដំបូង អ្នកត្រូវតែដឹងថា គោលលទ្ធិនៃការតម្រូវទុកជាមុនត្រឹមត្រូវ ឬុខុសឆ្គងសម្រាប់ខ្លួនឯង ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក ដោយការស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ គឺពិតជាអ្នកដែលព្រះបានជ្រើសរើសហើយ។



សេចក្តីពិតបាននិយាយអំពីការតម្រូវទុកជាមុន និងការជ្រើសរើស


អេភេសូរ ១:៣-៥ និយាយថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់»។ ការជ្រើសរើសដែលបទគម្ពីរនេះនិយាយអំពី គឺជាការជ្រើសរើស «ក្នុងព្រះ គ្រីស្ទ តាំងពីមុនកំណើតលោកីយ៍» (អេភេសូរ ១:៤)។ វាក៏ប្រាប់យើងផងដែរថា ព្រះយេស៊ូវមិនបានកាត់មនុស្សណាម្នាក់ ចេញពីព្រះគុណនៃ សេចក្តីសង្រ្គោះចេញពីបាបឡើយ។ 

ចេញពីបទគម្ពីរនេះ យើងត្រូវតែរកឲ្យឃើញនូវអ្វីដែលពិតជាខុសជាមួយគោលលទ្ធិនៃការតម្រូវទុកជាមុន។ កំហុសធំនៃគោលលទ្ធិនេះគឺថា វាប្រឆាំងនឹងខ្នាតគំរូនៃការជ្រើសរើសរបស់ព្រះ គឺមូលដ្ឋាននៃអ្នកនឹងត្រូវបានសង្រ្គោះ ឬមិនបានសង្រ្គោះ មិនផ្អែកលើព្រះបន្ទូលព្រះទេ ប៉ុន្តែផ្អែកលើការសម្រេចព្រះទ័យតាមតែទ្រង់ ដោយឥតលក្ខខណ្ឌវិញ។

ប្រសិនបើយើងផ្អែកសេចក្តីជំនឿលើព្រះយេស៊ូវរបស់យើង លើតក្កវិជ្ជានៃការជ្រើសរើស និងការតម្រូវទុកជាមុន ដោយឥតលក្ខខណ្ឌដូច្នេះ តើយើងអាចជឿព្រះយេស៊ូវ ដោយក្តីបារម្ភ និងភាពមិនច្បាស់លាស់របស់យើងបានយ៉ាងដូចម្តេច? គោលលទ្ធិរបស់លោក ចន កាល់វិន ប្រកាសសេចក្តីបង្រៀនខុសឆ្គង ដែលផ្លាស់ប្តូរព្រះដ៏យុត្តធម៌ទៅជាព្រះដ៏អយុត្តិធម៌វិញ។ មូលហេតុដែលគាត់មានកំហុសនេះគឺថា គាត់បានដកលក្ខខណ្ឌនៃ «នៅក្នុងព្រះយេស៊ូវគ្រីស្ទ» ចេញពីការតម្រូវទុកជាមុនរបស់ព្រះ ហើយកំហុសនេះធ្ងន់ធ្ងរណាស់ រហូតបានដឹកនាំ និងធ្វើឲ្យមនុស្សជាច្រើនមានភាពច្របូកច្របល់។ ប៉ុន្តែបទគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា «ព្រះបានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ» (អេភេសូរ ១:៤)។ 

ដូចដែលគោលលទ្ធិកាល់វិននិយមអះអាង បើសិនព្រះបានជ្រើសរើសមនុស្សមួយចំនួន ដោយឥតលក្ខខណ្ឌ ដើម្បីធ្វើជាព្រះរបស់ពួកគេ ប៉ុន្តែកាត់មនុស្សមួយចំនួនទៀតចេញ ដោយឥតហេតុផល តើវាមិនខុសហើយទេឬ? ដូច្នេះ លោក កាល់វិន បានផ្លាស់ប្តូរព្រះឲ្យក្លាយជាទៅជាព្រះដ៏អយុត្តធម៌មួយអង្គ នៅក្នុងគំនិតរបស់មនុស្សជាច្រើនហើយ។ ប៉ុន្តែព្រះគម្ពីរប្រាប់យើងនៅក្នុង រ៉ូម ៣:២៩ ថា «តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ»។ ដូច្នេះ ព្រះគឺជាព្រះ និងព្រះអង្គសង្រ្កោះរបស់មនុស្សគ្រប់គ្នា។

ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះសម្រាប់មនុស្សទាំងអស់។ ទ្រង់បានប្រទានសេចក្តីប្រោសលោះដល់មនុស្សគ្រប់គ្នា ដោយការទទួលយកអំពើបាបទាំងអស់របស់មនុស្សទាំងអស់ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង (ម៉ាថាយ ៣:១៥)។ ព្រះគម្ពីរប្រាប់យើងថា ព្រះគ្រីស្ទបានសង្រ្គោះមនុស្សគ្រប់គ្នា ដោយការទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការនាំអំពើបាបទាំងនេះទៅឯឈើឆ្កាង (យ៉ូហាន ១:២៩) និងទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងអស់ ជំនួសយើង (យ៉ូហាន ១៩)។ ហើយ យ៉ូហាន ៣:១៦ ក៏ប្រាប់យើងផងដែរថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់មនុស្សគ្រប់គ្នា បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ សម្រាប់មនុស្សទាំងអស់នៅក្នុងសេចក្តីសុចរិតរបស់ព្រះ។

ការយល់ដឹងរបស់យើងថា អ្នកណាដែលព្រះបានហៅ ត្រូវតែផ្អែកលើព្រះបន្ទូលទ្រង់។ ដើម្បីធ្វើដូច្នេះ ចូរយើងពិនិត្យមើលបទគម្ពីរ រ៉ូម ៩:១០-១២។ «មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា [កូនច្បងនឹងត្រូវបំរើប្អូន] ដូចមានសេចក្តីចែងទុកមកថា [អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ] គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។»

នៅទីនេះ បទគម្ពីរនិយាយថា ព្រះតំរិះរបស់ព្រះតាំងជាប់នៅ «ដោយអាងព្រះដែលទ្រង់ហៅវិញ»។ ដូច្នេះ តើព្រះបានហៅអ្នកណានៅក្នុងព្រះយេស៊ូវគ្រីស្ទ? ពួកគេពិតជាមនុស្សមានបាបហើយ ដែលព្រះបានហៅ។ រវាងអេសាវ និងយ៉ាកុប តើព្រះបានស្រឡាញ់អ្នកណា? ទ្រង់បានស្រឡាញ់យ៉ាកុប ប៉ុន្តែទ្រង់មិនស្រឡាញ់មនុស្សដូចជាអេសាវ ដែលមានពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួនទេ។ ទ្រង់បានហៅមនុស្សមានបាបដូចជាយ៉ាកុប និងអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាបំណងព្រះហឫទ័យនៃសេចក្តីសុចរិតរបស់ព្រះ ដែលបានជ្រើសរើសស្រឡាញ់ និងហៅមនុស្សមានបាបដូចជាយ៉ាកុប តាមរយៈព្រះយេស៊ូវគ្រីស្ទ។

ដោយសារអ័ដាមគឺជាឪពុកនៃមនុស្សទាំងអស់ មនុស្សទាំងអស់បានកើតមកជាពូជនៃមនុស្សមានបាបម្នាក់។ នៅក្នុង ទំនុកដំកើង ៥១ ស្តេចដាវីឌមានបន្ទូលថា ទ្រង់ជាប់មានបាប ចាប់តាំងពីទ្រង់នៅក្នុងផ្ទៃម្តាយមកម្ល៉េះ។ ដោយសារមនុស្សបានកើតមកជាមនុស្សមានបាប ពួកគេប្រព្រឹត្តអំពើបាប ទោះបើពួកគេតាំងចិត្តមិនប្រព្រឹត្តអំពើបាបក៏ដោយ។ នៅពេញមួយជីវិតរបស់ពួកគេ ពួកគេបន្តបង្កើតផលផ្លែបាបជានិច្ច។ ម៉ាកុស ៧:២១-២៣ ប្រាប់យើងថា មនុស្សត្រូវរស់នៅក្នុងបាប អស់មួយជីវិតរបស់ពួកគេ ពីព្រោះពួកគេបានកើតមកជាមួយបាប ដូចដែលដើមប៉ោមបង្កើតផ្លែប៉ោម ហើយដើមស្វាយបង្កើតផ្លែស្វាយដែរ។

អ្នកប្រាកដជាធ្លាប់បានប្រព្រឹត្តអំពើបាបប្រឆាំងនឹងបំណងរបស់ខ្លួនហើយ។ នេះដោយសារតែអ្នកបានកើតមកជាមនុស្សមានបាបម្នាក់ តាំងពីដំបូងមកម្ល៉េះ។ មនុស្សបានកើតមកជាមួយគំនិតអាក្រក់ដូចជា សេចក្តីកំផិត អាសអាភាស កាប់សម្លាប់ លួរប្លន់ សេចក្តីលោភ សេចក្តីអាក្រក់ ការបោកបញ្ឆោត និងសេចក្តីអាក្រក់ទាំងឡាយទៀតនៅក្នុងគំនិត។ ដូច្នេះហើយបានជាគ្រប់គ្នារស់នៅក្នុងបាប ដែលបានស្នងពីអ័ដាម និងអេវ៉ា ហើយយើងត្រូវជឿដល់ព្រះយេស៊ូវ និងសេចក្តីសុចរិតរបស់ព្រះ។

ដូច្នេះ តើនេះមានន័យថា ការដែលព្រះបានបង្កើតអ័ដាមមានកំហុសឬ? ទេ វាមិនមានកំហុសទេ។ ព្រះបានសម្រេចយកមនុស្សជាតិធ្វើជាកូនរបស់ទ្រង់ ហើយទ្រង់បានអនុញ្ញាតឲ្យមនុស្សដំបូងគេធ្លាក់ទៅក្នុងបាប។ តាំងពីដើមដំបូង ព្រះបានអនុញ្ញាតឲ្យយើងបានធ្វើជាមនុស្សមានបាប ដើម្បីឲ្យទ្រង់សង្រ្គោះយើង និងយកយើងធ្វើជាកូនរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់។ ដូច្នេះ យើងត្រូវតែដឹងថា យើងបានកើតមកជាមនុស្សមានបាប ដោយគ្មានការលើកលែងអ្វីទាំងអស់។

ទោះបីជាយ៉ាងណា ព្រះបានសម្រេចបញ្ជូនព្រះយេស៊ូវគ្រីស្ទមកផែនដីនេះ តាំងពីមុនកំណើតលោកិយទៅទៀត ដោយទ្រង់បានជ្រាបថា មនុស្សជាតិនឹងក្លាយជាមនុស្សមានបាប។ ដូច្នេះ ទ្រង់បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន និងបានអនុញ្ញាតឲ្យទ្រង់សុគតនៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង ទ្រង់បានសម្រេចប្រទានដល់គ្រប់គ្នាដែលជឿ នូវព្រះពរនៃសេចក្តីប្រោសលោះចេញពីបាប និងការបានធ្វើជាកូនរបស់ព្រះ។ នេះហើយគឺជាផែនការរបស់ព្រះ និងគោលបំណងរបស់ទ្រង់សម្រាប់ការបង្កើតមនុស្សជាតិ។

មនុស្សមួយចំនួនអាចសួរនៅក្នុងការយល់ខុសរបស់ខ្លួនថា «ចូរមើលទៅយ៉ាកុប និងអេសាវ។ តើព្រះមិនបានជ្រើសរើសម្នាក់ និងបោះបង់ម្នាក់ទៀតចោលទេឬ?»។ ប៉ុន្តែព្រះមិនបានជ្រើសរើសអ្នកដែលចង់បានសង្រ្គោះនៅខាងក្រៅព្រះយេស៊ូវគ្រីស្ទ ដោយឥតលក្ខខណ្ឌនោះឡើយ។ ទ្រង់ពិតជាបានសម្រេចជ្រើសរើសទទួលយកគ្រប់គ្នាធ្វើជាកូនរបស់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ បើសិនយើងពិចារណាតែព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ យើងអាចមើលឃើញថា ព្រះបានជ្រើសរើសតែភាគីម្ខាង ប៉ុន្តែជាមួយព្រះគម្ពីរសញ្ញាថ្មី យើងអាចមើលឃើញយ៉ាងច្បាស់លាស់ថា ព្រះបានជ្រើសរើសមនុស្សដូចជាយ៉ាកុប ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ យើងត្រូវតែមានការយល់ដឹងច្បាស់លាស់ថា ព្រះបានហៅអ្នកណា តាមរយៈព្រះបន្ទូលទ្រង់។ 

តើរវាងអេសាវ និងយ៉ាកុប ព្រះបានហៅ និងស្រឡាញ់អ្នកណា? ទ្រង់ពិតជាបានហៅយ៉ាកុប ដែលជាមនុស្សមានពេញដោយបាប ការបោកបញ្ឆោត និងសេចក្តីទុច្ចរិត ដើម្បីស្រឡាញ់ និងសង្រ្គោះអ្នកនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ហើយអ្នកក៏ត្រូវតែជឿតាមសេចក្តីពិតនេះផងដែរថា ព្រះវរបិតាបានហៅអ្នក ដោយសារសេចក្តីសុចរិតរបស់ទ្រង់ តាម រយៈព្រះយេស៊ូវគ្រីស្ទ។ ហើយអ្នកក៏ត្រូវតែជឿផងដែរលើការពិតថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ គឺជាសេចក្តីសុចរិតរបស់ព្រះ។ 

ដូច្នេះ តើហេតុអ្វីព្រះបានជ្រើសរើសមនុស្សដូចជាយ៉ាកុបដូច្នេះ? ព្រះបានជ្រើសរើសយ៉ាកុប ពីព្រោះគាត់គឺជាតំណាងនៃមនុស្សទុច្ចរិតទាំងអស់នៅក្នុងលោកិយនេះ។ ការត្រាស់ហៅរបស់ព្រះចំពោះយ៉ាកុប គឺជាការត្រាស់ហៅស្របតាមបំណងព្រះហឫទ័យទ្រង់ និងព្រះបន្ទូលដែលថា «យើងត្រូវបានជ្រើសរើសនៅក្នុងព្រះយេស៊ូវគ្រីស្ទ»។ ការត្រាស់ហៅនេះក៏ស្របតាមព្រះបន្ទូលនៃសេចក្តីពិតថា «ដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ»។ 

របៀបសង្រ្គោះមនុស្សមានបាប តាមរយៈព្រះយេស៊ូវគ្រីស្ទ គឺត្រូវបំពេញសម្រេចទាំងស្រុងនូវសេចក្តីសុចរិតរបស់ព្រះ ដោយសេចក្តីស្រឡាញ់របស់ទ្រង់។ នេះគឺជាច្បាប់នៃសេចក្តីសង្រ្គោះ ដែលសេចក្តីសុចរិតរបស់ព្រះបង្កើតសម្រាប់មនុស្សមានបាប។ ដើម្បីប្រដាប់ពួកគេនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ព្រះបានហៅមនុស្សដូចជាយ៉ាកុប ដែលគ្មានសេចក្តីសុចរិតផ្ទាល់ខ្លួនទាល់តែសោះ និងអ្នកដែលឆ្លើយតបចំពោះការហៅរបស់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 

តើព្រះបានហៅអ្នកដែលសុចរិតដោយខ្លួនឯង និងត្រឹមត្រូវឬ? ឬតើទ្រង់បានហៅអ្នកដែលគ្មានសេចក្តីសុចរិតផ្ទាល់ខ្លួន និងមានពេញដោយបាប? អ្នកដែលព្រះបានហៅ គឺជាមនុស្សដូចជាយ៉ាកុបដែរ។ ព្រះបានហៅ និងសង្រ្គោះមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់ពួកគេ។ ដូច្នេះ អ្នកត្រូវតែបានដឹងថា ចាប់ពីកំណើតរបស់អ្នក អ្នកក៏ជាមនុស្សមានបាបម្នាក់ដែរ ដែលខ្វះមិនដល់សិរីល្អនៃព្រះ និងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ នៅក្នុងន័យផ្សេង អ្នកត្រូវស្គាល់ពីខ្លួនពិតប្រាកដរបស់អ្នក។ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះបានហៅមនុស្សមានបាបទាំងអស់ ហើយបានសង្រ្គោះពួកគេនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ 

រាស្ត្ររបស់ព្រះគឺជាអ្នកដែលបានរាប់ជាសុចរិត ដោយសារការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ព្រះបានតម្រូវទុកជាមុនថា ទ្រង់នឹងហៅមនុស្សមានបាបទាំងអស់ ហើយសង្រ្គោះពួកគេនៅក្នុងព្រះយេស៊ូវ ហើយទ្រង់បានបំពេញសម្រេចអ្វីដែលទ្រង់បានតម្រូវទុកជាមុន។ នេះហើយគឺជាការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះពិតប្រាកដនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានមានបន្ទូលអំពី។ ដើម្បីយល់ពីការជ្រើសរើសពិតប្រាកដរបស់ព្រះ ជាដំបូង យើងត្រូវតែយល់ពីសាវតានៃសេចក្តីពិតអំពីការជ្រើសរើសរបស់ព្រះ ចេញពីព្រះគម្ពីរសញ្ញាចាស់សិន។



សាវតានៃការជ្រើសរើសរបស់ព្រះចេញពីព្រះគម្ពីរសញ្ញាចាស់


លោកុប្បត្តិ ២៥:២១-២៦ ប្រាប់យើងអំពីរឿងយ៉ាងកុប និងអេសាវ ខណៈដែលពួកគេទាំងពីរកំពុងតែនៅក្នុងផ្ទៃម្តាយ ដែលមានឈ្មោះថា រេបេកា។ រវាងអ្នកទាំងពីរ ព្រះបានជ្រើសរើសយ៉ាកុប។ លោក កាល់វិន បានផ្អែកគោលលទ្ធិរបស់គាត់លើបទគម្ពីរនេះ ប៉ុន្តែបន្តិចទៀត យើងនឹងបានដឹងថា ការយល់ដឹងរបស់គាត់មិនត្រឹមត្រូវតាមបំណងព្រះហឫទ័យព្រះឡើយ។ មូលហេតុមួយ ដែលព្រះបានស្រឡាញ់យ៉ាកុបច្រើនជាង អេសាវ គឺថា មនុស្សដូចជាអេសាវរស់នៅ ដោយជឿតាមកម្លាំងផ្ទាល់ខ្លួន ជាជាងពឹងផ្អែក និងទុកចិត្តព្រះ ប៉ុន្តែមនុស្សដូចជាយ៉ាកុបរស់នៅ ដោយពឹងផ្អែក និងទុកចិត្តសេចក្តីសុចរិតរបស់ព្រះវិញ។ នៅពេលបទគម្ពីរនិយាយថា ព្រះបានស្រឡាញ់យ៉ាកុបច្រើនជាងអេសាវ វាមានន័យថា ព្រះបានស្រឡាញ់មនុស្សដូចជាយ៉ាកុប។ ដូច្នេះហើយបានជាយើងត្រូវបាន «ជ្រើសរើសនៅក្នុងព្រះគី្រស្ទ» (អេភេសូរ ១:៤)។ 

«ការជ្រើសរើសដោយឥតលក្ខខណ្ឌ» ដែលមិនមានព្រះយេស៊ូវ និងនៅខាងក្រៅសេចក្តីសុចរិតរបស់ព្រះ គឺគ្រាន់តែជាគោលលទ្ធិគ្រីស្ទបរិស័ទខុសឆ្គងមួយប៉ុណ្ណោះ។ គំនិតនេះគឺដូចជាការជឿ និងនាំយកព្រះនៃវាសនាមួយចូលទៅក្នុងជំនឿគ្រីស្ទបិរស័ទអញ្ចឹង។ ប៉ុន្តែសេចក្តីពិតប្រាប់ថា ព្រះបានជ្រើសរើសមនុស្សមានបាបទាំងអស់នៅក្នុងព្រះយេស៊ូវ។ ដោយសារព្រះបានជ្រើសរើសសង្រ្គោះមនុស្សមានបាបទាំងអស់ «នៅក្នុងព្រះយេស៊ូវគ្រីស្ទ» នោះការជ្រើសរើសរបស់ទ្រង់គឺជាការជ្រើសរើសដ៏យុត្តិធម៌មួយ។ បើសិនព្រះបានជ្រើសរើសយ៉ាកុប ដោយឥតលក្ខខណ្ឌ តែបដិសេធអេសាវ ដោយឥតហេតុផល ទ្រង់នឹងក្លាយជាព្រះដ៏អយុត្តិធម៌មួយអង្គហើយ ប៉ុន្តែទ្រង់បានហៅយើងទាំងអស់គ្នា នៅក្នុងព្រះយេស៊ូវ គ្រីស្ទ។ ហើយដើម្បីសង្រ្គោះអ្នកដែលទ្រង់បានហៅ ទ្រង់បានបញ្ជូនព្រះយេស៊ូវមកផែនដីនេះ ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ និងដើម្បីបង្ហូរព្រះលោហិតដ៏ថ្លៃថ្លារបស់ទ្រង់នៅលើឈើឆ្កាង។ នេះហើយគឺជារបៀបដែលព្រះបានជ្រើសរើស និងស្រឡាញ់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 

យើងត្រូវតែបោះបង់គំនិតរបស់មនុស្សចោល ហើយជឿតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរវិញ មិននៅក្នុងសេចក្តីជំនឿតាមន័យរបស់ពាក្យទេ ប៉ុន្តែនៅក្នុងសេចក្តីជំនឿខាងវិញ្ញាណវិញ។ នៅក្នុងន័យផ្សេង ព្រះវរបិតាបានជ្រើសរើសយើងទាំងអស់គ្នា តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែតើលោក កាល់វិន ចាត់ទុកការជ្រើសរើសរបស់ព្រះយ៉ាងដូចម្តេច? យើងមានសេចក្តីជំនឿត្រឹមត្រូវ នៅពេលយើងស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែការជឿតាមគំនិតរបស់មនុស្សគឺដូចជាការថ្វាយបង្គំរូបព្រះវិញ។

ការជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ គឺពិតជាខុសគ្នាពីការជឿតាមគោលលទ្ធិខុសឆ្គង អំពីការតម្រូវទុកជាមុនរបស់ព្រះ។ បើសិនយើងមិនស្គាល់ និងជឿព្រះយេស៊ូវ ស្របតាមព្រះបន្ទូលទេ យើងក៏នឹងមិនខុសអ្វីពីសត្វព្រៃដែលគ្មានសមត្ថភាពផ្តល់ហេតុផលដែរ។ យើងត្រូវតែបានជ្រើសរើសធ្វើជាកូនរបស់ព្រះ ដោយត្រានៃសេចក្តីសុចរិតរបស់ព្រះ «នៅក្នុងព្រះយេស៊ូវគ្រីស្ទ»។ ដូច្នេះ យើងគួរតែពិនិត្យមើល សេចក្តីជំនឿរបស់យើង ដោយផ្អែកលើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ 

គោលលទ្ធិមួយនៃគោលលទ្ធិទាំងប្រាំរបស់លោក ចន កាល់វិន និយាយអំពី «ការធួននឹងបាបដែលមានដែនកំណត់»។ គោលលទ្ធិនេះអះអាងថា ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងលោកិយនេះ មនុស្សមួយចំនួនត្រូវបានកាត់ចេញពីសេចក្តីសង្រ្គោះរបស់ព្រះ។ ប៉ុន្តែសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះមិនអាចអយុត្តិធម៌បែបនេះបាន ឡើយ។ បទគម្ពីរប្រាប់យើងថា «ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្តីពិត» (១ធីម៉ូថេ ២:៤)។ បើសិនព្រះពរនៃសេចក្តីសង្រ្គោះមានដែនកំណត់ ដែលត្រូវប្រទានឲ្យមនុស្សមួយចំនួន និងមិនប្រទានឲ្យមនុស្សមួយចំនួនទៀត នឹងមានមនុស្សជាច្រើនបោះបង់ សេចក្តីជំនឿរបស់ខ្លួនលើព្រះយេស៊ូវហើយ។ ប៉ុន្តែអ្នកដែលជឿតាមគោលលទ្ធិខុសឆ្គងទាំងនេះ ត្រូវតែបែរមកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន និងទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្កោះរបស់ខ្លួន។ ព្រះបានសង្រ្គោះមនុស្សគ្រប់គ្នា ដោយសារសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។

ប្រសិនបើព្រះពិតជាបានស្រឡាញ់មនុស្សមួយចំនួន តែស្អប់មនុស្សមួយចំនួនទៀតមែន មនុស្សនឹងបែរខ្នងចេញពីព្រះហើយ។ ចូរយើងគិតថា ឥឡូវនេះ ព្រះកំពុងតែគង់នៅទីនេះ។ តើព្រះយុត្តិធម៌ទេ ដែលទ្រង់ត្រូវជ្រើសរើសអ្នកដែលកំពុងតែឈរនៅខាងស្តាំទ្រង់ សម្រាប់សេចក្តីសង្រ្គោះ និងអ្នកនៅខាងឆ្វេងទ្រង់សម្រាប់ស្ថាននរក ដោយឥតហេតុផល? អ្នកដែលនៅខាងឆ្វេងប្រាកដជានឹងទាស់ប្រឆាំងនឹងទ្រង់ហើយ។ បើសិនព្រះធ្វើដូច្នេះ តើអ្នកណានៅក្នុងលោកិយនេះនឹងបម្រើ និងថ្វាយបង្គំទ្រង់ជាព្រះពិត? អ្នកដែលទ្រង់បានស្អប់ ដោយឥតលក្ខខណ្ឌ នឹងតវ៉ាប្រឆាំងនឹងទ្រង់ ហើយពួកគេក៏ស្អប់ព្រះវិញផងដែរ។ សូម្បីតែឧក្រិដ្ឋជននៅលើផែនដីនេះ ក៏ត្រូវបានគេចាត់ទុកថា មានសីលធម៌ និងយុត្តិធម៌របស់ពួកគេដែរ។ ដូច្នេះ ព្រះអាទិកររបស់យើងមិនអាចប្រព្រឹត្តអំពើអយុត្តិធម៌បែបនេះបានឡើយ ហើយក៏គ្មានអ្នកណានឹងជឿលើព្រះដែលអយុត្តិធម៌បែបនេះដែរ។ 

ព្រះវរបិតារបស់យើងបានសម្រេចព្រះទ័យសង្រ្គោះមនុស្សមានបាបទាំងអស់ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ ដែលមាននៅក្នុងព្រះ រាជបុត្រាយេស៊ូវគ្រីស្ទរបស់ទ្រង់។ ដូច្នេះហើយបានជាគោលលទ្ធិរបស់លោក កាល់វិន អំពីការអួននឹងបាបដែលមានដែនកំណត់ មិនមានអ្វីទាក់ទងនឹងសេចក្តីសុចរិតរបស់ព្រះឡើយ។ ប៉ុន្តែដោយសារគោលលទ្ធិខុសឆ្គងទាំងនេះ មនុស្សជាច្រើននៅតែវង្វេង ដោយជឿលើព្រះតាមរបៀបខុស ឬបែរចេញពីទ្រង់ ដោយសារតែការយល់ខុសទាំងអស់របស់ពួកគេ។



ខ្សែភាពយន្តដែលកុហកមួយ


កាលពីប៉ុន្មានឆ្នាំមុន ខ្សែភាពយន្តភាគបែបប្រលោមលោកមួយរបស់លោក Stephen King បានដាក់បញ្ចាំងនៅលើទូរទស្សន៍ និងមានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ដំណើររឿងនៃខ្សែភាពយន្តនេះបង្ហាញដូចតទៅ៖ នៅក្នុងឆ្នាំ១៩៩១ គ្រោះកាចមួយបានវាយប្រហារសហរដ្ឋអាមេរិក ដែលបានបន្សល់មនុស្សចំនួនតែពីរបីពាន់នាក់ប៉ុណ្ណោះ ដែលស៊ាំទៅនឹងរោគរាត្បាត។ ក្នុងចំណោមអ្នកដែលនៅរស់រាន អ្នកដែលបម្រើព្រះជួបប្រជុំគ្នានៅក្នុងរដ្ឋ Boulder Colorado និង Nevada ប៉ុន្តែអ្នកដែលថ្វាយបង្គំ «មនុស្សខ្មៅ» ត្រូវបានអូសទៅរដ្ឋ Las Vegas និង Nevada។ ក្រុមទាំងពីរបានកសាងសង្គមឡើង ដាច់ដោយឡែកពីគ្នា រហូតដល់ក្រុមមួយត្រូវតែបំផ្លាញក្រុមមួយទៀត។ 

នៅក្នុងចំណោមអ្នកដែលនៅរស់រាន មានបុរសវ័យក្មេងម្នាក់ ដែលមានឈ្មោះថា Stuard បានយល់សុបិន្តជាបន្តបន្ទាប់ថា ចុងបញ្ចប់នៃពិភពលោកបានមកដល់ហើយ ហើយស្ត្រីចំណាស់ម្នាក់ ដែលមានឈ្មោះថា Abilgail ប្រាប់គាត់នៅក្នុងសុបិន្ត ឲ្យទៅកន្លែងមួយ ដោយរំឮកគាត់ថា ព្រះបានជ្រើសរើសគាត់រួចហើយ។ នៅក្នុងខ្សែភាពយន្តនេះ ព្រះបានសង្រ្គោះបុរសវ័យក្មេងម្នាក់នេះ ពីព្រោះទ្រង់បានតម្រូវគាត់ទុកជាមុន តាំងពីមុនកំណើតលោកិយមកម៉្លេះ ទោះបើគាត់មិនបានជឿដល់ព្រះ ឬព្រះយេស៊ូវក៏ដោយ។

ដូច្នេះ តើព្រះសង្រ្គោះអ្នកដែលមិនជឿព្រះយេស៊ូវ ដោយឥតលក្ខខណ្ឌឬ? មិនពិតទេ។ ព្រះបានតម្រូវមនុស្សគ្រប់គ្នាទុកជាមុននៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីសង្រ្គោះអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ ចេញពីអំពើបាបរបស់ពួកគេ។ 

សាច់រឿងនៃខ្សែភាពយន្តនេះផ្អែកលើគោលលទ្ធិរបស់លោក កាល់វិន អំពីការតម្រូវទុកជាមុន និងការជ្រើសរើស។ ខ្សែភាពយន្តនេះគ្រាន់តែជារឿងមួយ ដែលគ្រាន់តែប្រាប់អំពីផ្នែកមួយនៃគោលលទ្ធិរបស់ទេវវិទូប៉ុណ្ណោះ។ តើព្រះអាចសម្រេចបញ្ជូនមនុស្សមួយចំនួនទៅស្ថាននរក ហើយជ្រើសរើសមនុស្សមួយចំនួនទៀត តាមតែព្រះទ័យទ្រង់បានយ៉ាងដូចម្តេច? ដោយសារព្រះយុត្តិធម៌ ទ្រង់បានតម្រូវទុកជាមុន និងជ្រើសរើសគ្រប់គ្នានៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយគ្មានអ្នកណាម្នាក់នៅខាងក្រៅសេចក្តីសង្រ្គោះនៃសេចក្តីសុចរិតរបស់ទ្រង់ឡើយ។ ដូច្នេះ ការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ ដោយមិនមានព្រះយេស៊ូវគ្រីស្ទ គឺឥតមានន័យ និងមិនស្របតាមព្រះគម្ពីរឡើយ។ គួរឲ្យសោកស្តាយណាស់ ដែលទេវវិទូយ៉ាងច្រើនបន្តអះអាងថា ព្រះបានជ្រើសរើសមនុស្សមួយចំនួន ប៉ុន្តែបានបដិសេធមនុស្សមួយចំនួនទៀត។ 

នៅមុនពេលទ្រង់បង្កើតសកលលោកនេះ ព្រះបានរៀបចំផែនការសង្រ្គោះមនុស្សមានបាបទាំងអស់ និងយកពួកគេធ្វើជាកូនរបស់ទ្រង់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងន័យ ផ្សេ ទ្រង់បានជ្រើសរើសមនុស្សមានបាបទាំងអស់ តាមរយៈដំណឹងល្អរបស់ព្រះយេស៊ូវ។ ដូច្នេះ តើអ្នកជឿយ៉ាងដូចម្តេច?

តើអ្នកជឿថា សង្ឃព្រះពុទ្ធសាសនា ដែលធ្វើសម្មាធិនៅក្នុងរូងភ្នំ ត្រូវបានកាត់ផ្តាច់ចេញពីការជ្រើសរើសរបស់ព្រះឬ? បើសិនការជ្រើសរើស និងការតម្រូវទុកជាមុនរបស់ព្រះ ឥតលក្ខខណ្ឌ ដោយមិនមានព្រះយេស៊ូវគ្រីស្ទ យើងមិនចាំបាច់ប្រកាស ឬជឿតាមព្រះបន្ទូលទ្រង់ឡើយ។ បើសិនមិនមានព្រះយេស៊ូវគ្រីស្ទ មនុស្សមួយចំនួនត្រូវបានតម្រូវឲ្យបានសង្រ្គោះ និងមនុស្សមួយចំនួនទៀតមិន មនុស្សមានបាបទាំងអស់ពិតជាមិនចាំបាច់ជឿដល់ព្រះយេស៊ូវទេ។ ការដែលព្រះយេស៊ូវបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់ ក៏នឹងត្រឡប់ទៅជាឥតន័យខ្លឹមសារអ្វីទាំងអស់ដែរ។ ប៉ុន្តែនៅក្នុងសេចក្តីសុចរិតរបស់ព្រះ ដែលមាននៅក្នុងព្រះយេស៊ូវគ្រីស្ទ ព្រះបានអនុញ្ញាតឲ្យសង្ឃព្រះពុទ្ធសាសនាទាំងនេះ ដែលមិនជឿដល់ព្រះយេស៊ូវអាចទទួលបានសេចក្តីសង្រ្គោះ បើសិនពួកគេប្រែចិត្ត និងបែរចិត្តគំនិតរបស់ព្រះមកឯព្រះវិញ។

មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលរស់នៅក្នុងជីវិតដែលជឿដល់ព្រះយេស៊ូវ។ តើយើងត្រូវបែងចែកពួកគេជាពីរក្រុម ដែលមួយក្រុមដូចជាអេសាវ និងមួយក្រុមទៀតដូចជាយ៉ាកុបឬ? មនុស្សដូចជា យ៉ាកុបចាត់ទុកខ្លួនឯងជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ។ ប៉ុន្តែក្រុមមួយទៀតដូចជាអេសាវ ដែលព្យាយាមចូលទៅក្នុងស្ថានសួគ៌ ដោយការបន្ថែមការប្រព្រឹត្តរបស់ខ្លួនទៅលើសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវ។

ដូច្នេះ តើអ្នកដូចជាអ្នកណា? យ៉ាកុប ឬអេសាវ? តើអ្នកជឿលើ សេចក្តីសុចរិតរបស់ព្រះដែរទេ? ឬតើអ្នកជឿតាមគោលលទ្ធិខុសឆ្គងអំពីការតម្រូវទុកជាមុនរបស់ព្រះ។ ការជ្រើសរើសរបស់អ្នក រវាងសេចក្តីជំនឿទាំងពីរនេះ នឹងកំណត់ថា អ្នកនឹងបានទៅស្ថានសួគ៌ ឬធ្លាក់ទៅស្ថាន នរក។ ដូច្នេះ អ្នកត្រូវតែបោះបង់គោលលិទ្ធខុសឆ្គងទាំងនេះចោល ហើយទទួលយកសេចក្តីសុចរិតរបស់ព្រះ ដើម្បីបានមេត្រីជាមួយព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះមានតែសេចក្តីជំនឿបែបនេះប៉ុណ្ណោះ ដែលផ្តល់ឲ្យយើងនូវការសង្រ្គោះដ៏គ្រប់លក្ខណ៍ចេញពីអំពើបាបរបស់យើង និងជីវិតអស់កល្បជានិច្ច។