Sermons

[8-11] សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច<រ៉ូម ៨:៣១-៣៤>

«ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។»ប្រសិនបើព្រះបានសម្រេចព្រះទ័យគ្របបាំងយើង ដោយសេចក្តីសុចរិតរបស់ទ្រង់ នៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនកំណើតលោកិយរួចទៅហើយ នោះគ្មានអ្នកណាអាចរារាំងផែនការនេះបានជាដាច់ខាត។ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងមិនតាមរយៈគោលលទ្ធិនៃការរាប់ជាសុចរិត អ្នកដែលពិតជាបានត្រឡប់ជាឥតបាប គឺជាកូនរបស់ព្រះហើយ។

ដូច្នេះ មិនមែនមនុស្សទាំងអស់ដែលជឿដល់ព្រះ សុទ្ធតែត្រឹមត្រូវនោះទេ។ នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនតូចទទួលបានការបៀតបៀន សម្រាប់ការជឿព្រះយេស៊ូវ។ ប៉ុន្តែមនុស្សជាច្រើនដែលស្គាល់សេចក្តីសុចរិតពិតរបស់ព្រះ ត្រូវបានគេបៀតបៀន។ ទោះបីជាយ៉ាងណា អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ហើយ មិនអាចត្រូវបានបំបែកចេញពីព្រះបានឡើយ។ ដូច្នេះ បើសិនព្រះបានប្រទានដំណឹងល្អអំពីសេចក្តីសុចរិតរបស់ទ្រង់ដល់យើងហើយ តើអ្នកណាអាចទាស់ប្រឆាំងនឹងយើងបាន?ព្រះបានប្រទានគ្រប់ទាំងអស់ដល់យើងជាអំណោយទាន


«ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង» (រ៉ូម ៨:៣២)។ 

សម្រាប់អ្នកដែលទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿដល់ព្រះរាជបុត្រានៃទ្រង់ ព្រះបានប្រទានគ្រប់ទាំងអស់ជាអំណោយទាន គឺនគរស្ថានសួគ៌ ឯកសិទ្ធិនៃការបានធ្វើជាកូនរបស់ព្រះ ព្រះគុណនៃការយល់ពីព្រះបន្ទូលទ្រង់ ព្រះពរនៃជីវិតជាអ្នកបម្រើសេចក្តីសុចរិត និងព្រះពរនៃជីវិតអស់កល្បជានិច្ច។

ព្រះបានប្រទានដល់យើងនូវព្រះរាជបុត្រានៃទ្រង់ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ តើមានអ្វីផ្សេងទៀតដែលទ្រង់មិនប្រទានឲ្យយើង? ព្រះបានប្រទានដល់អ្នកដែលទទួលបានសេចក្តីជំនឿត្រឹមត្រូវ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ នូវព្រះពរទាំងអស់ពីស្ថានសួគ៌ និងផែនដីនេះ។ ដូច្នេះ អ្នកជឿ និងអ្នកបម្រើព្រះ សរសើរតម្កើងទ្រង់ ជារៀងរហូត ដោយសារតែសេចក្តីសុចរិតរបស់ទ្រង់។ តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន?


«តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ» (រ៉ូម ៨:៣៣-៣៤)។

គ្មានអ្នកណាម្នាក់អាចចោទប្តឹងពីពួករើសតាំងរបស់ព្រះ ដែលមានសេចក្តីសុចរិតរបស់ទ្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទបានឡើយ ពីព្រោះព្រះយេស៊ូវបានរំដោះពួកគេឲ្យរួចពីបាប តាមរយៈសេចក្តីសុចរិតរបស់ព្រះរួចហើយ។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ គ្មានបាបនៅក្នុងចិត្តរបស់ពួកគេទេ ពីព្រោះគ្មានអ្នកណាផ្សេងក្រៅតែពីព្រះទេ ដែលបានរាប់ពួកគេជាឥតបាប។

ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ក្នុងនិស្ស័យជាមនុស្ស បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស ទទួលយកបន្ទុកនៃអំពើបាបទាំងអស់របស់លោកិយនេះ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ហើយបានធ្វើជាព្រះអម្ចាស់ដល់អស់អ្នកដែលជឿ។ 

ដូច្នេះហើយបានជាយើងមិនអាចនិយាយបានថា អ្នកដែលបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាមនុស្សមានបាប និងមនុស្សអាក្រក់។ សូម្បីតែឥឡូវនេះ ព្រះនៅតែទទួលស្គាល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ហើយជាភស្តុតាងនៃការទទួលស្គាល់នេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ពួកគេ។ ដូច្នេះហើយបានជាគ្មានអ្នកណាម្នាក់អាចនិយាយបង្ខូចសេចក្តីសុចរិតរបស់ព្រះ ឬអ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ឲ្យ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់បានឡើយ។

សេចក្តីសុចរិតរបស់ព្រះបានលេចមក តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយនិងការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ហើយបន្ទាប់ពីបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា នៅក្នុងនាមជាព្រះអង្គសង្រ្គោះ និងអង្គទូលអង្វរជំនួសរបស់យើង។