Sermons

[8-13] តើអ្នកណានឹងពង្រាត់យើងចេញពី សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបាន?



<រ៉ូម ៨:៣៥-៣៩>

«តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី ដូចមាន សេចក្តីចែងទុកមកថា [យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់] គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុង សេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ។»



ខ.៣៥ និយាយថា «តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី»។ តើអ្នកណាអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលទ្រង់បានប្រទានឲ្យអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះបាន? តើការបៀតបៀន និងទុក្ខលំបាកអាចកាត់ផ្តាច់សេចក្តីស្រឡាញ់នេះបានដែរទេ? ហើយតើទុក្ខវេទនាប្រាំពីរឆ្នាំអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់នេះបានដែរទេ? ពិតជាមិនអាចឡើយ!

គ្មានសេចក្តីវេទនា ឬសេចក្តីអន្តរាយណាមួយនៅក្នុងលោកិយនេះអាចកាត់ផ្តាច់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងបានឡើយ។ សូម្បីតែនៅពេលយើងនឿយហត់ និងចង់នៅតែម្នាក់ឯងក៏ដោយ បើសិនមានអ្នកណាម្នាក់សួរយើងថា «តើព្រះយេស៊ូវបានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នកឬទេ?» ក៏យើងនឹងឆ្លើយតបដែរថា ព្រះយេស៊ូវពិតជាបានសង្រ្គោះយើងមែន និងថា យើងឥតមានបាបឡើយ។ ទោះបីជាចិត្តរបស់យើងនឿយហត់ និងវេទនាយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែបានសង្រ្គោះយើង ហើយទ្រង់នៅតែជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើងដែរ។ ទោះបីជាយើងនឿយហត់យ៉ាងខ្លាំង ឬឈឺមិនអាចទប់ខ្លួននឹងក៏ដោយ ក៏យើងនៅតែថ្វាយការអរព្រះគុណសម្រាប់សេចក្តីសុចរិតរបស់ព្រះដែរ។ ហើយគ្មានសេចក្តីវេទនាណាមួយ ដែលអាចបំបែកយើងចេញពីសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងបានឡើយ។

គ្មានសេចក្តីបៀតបៀន ឬសេចក្តីអត់ឃ្លាន ឬសេចក្តីអាក្រាត ឬដាវ ដែលអាចបំបែកយើងចេញពីសេចក្តីសុចរិតរបស់ព្រះបានឡើយ។ នៅពេលខ្លះ យើងត្រូវបានថ្កោលទោស និងមើលងាយ ដោយមនុស្សបែបសាសនា ហើយនេះគឺជាការបៀតបៀន ដែលយើងប្រឈមហើយ។ ការបៀតបៀនរបស់យើងរួមមានទាំងមិត្តភ័ក្តិ អ្នកជិតខាង សាច់ឈាម និងសមាជិកគ្រួសាររបស់យើងផ្ទាល់ផង។ ពួកគេចោទប្រកាន់យើងថា យើងគឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ដូច្នេះ តើការបៀតបៀនទាំងនេះអាចបំបែកយើងចេញពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវគ្រីស្ទបានទេ? ពិតជាមិនអាចឡើយ!

ទោះបីជាយើងត្រូវបានបៀតបៀនខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចកាត់ផ្តាច់យើងចេញពីសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះយើងបានដែរ។ ដោយសារសេចក្តីសុចរិតរបស់ព្រះបានរាប់យើងជាឥតបាប និងដោយសារនេះគឺជាសេចក្តីពិតដែលមិនចេះប្រួលប្រែ គ្មានអ្នកណាម្នាក់ និងអ្វីមួយ ដែលអាចបំបែកយើងចេញពីសេចក្តីស្រលាញ់របស់ព្រះបានឡើយ។

សេចក្តីអត់ឃ្លាន ទោះបើខាងសាច់ឈាម ឬខាងវិញ្ញាណក៏ដោយ មិនអាចបំបែកយើងបានឡើយ។ ដោយសារយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្វីដែលតែងតែនៅសល់នៅក្នុងចិត្តរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះ គឺដោយសារសេចក្តីជំនឿលើព្រះអម្ចាស់របស់យើង ទ្រង់បានរាប់យើងជាឥតបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាសេចក្តីជំនឿ និងព្រះពរនៃការជឿលើសេចក្តីសុចរិតរបស់ព្រះ។ «ដោយសារព្រះអម្ចាស់បានលុបបំបាត់អំពើបាបទាំងអស់របស់ខ្ញុំ ខ្ញុំឥតមានបាបទៀតទេ! ព្រះបានរាប់ខ្ញុំជាឥតបាប និងសុចរិត ហើយបំពាក់សេចក្តីសុចរិតរបស់ទ្រង់ដល់ខ្ញុំ!» ដូច្នេះហើយបានជាសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះមិនបាត់បង់ឡើយ ទោះបើយើងប្រឈមនឹងសេចក្តីអត់ឃ្លានខ្លាំងយ៉ាងណាក៏ដោយ។



សេចក្តីសុចរិតរបស់ព្រះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


ប្រសិនបើមនុស្សម្នាក់មិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ចិត្តរបស់គាត់នៅតែមានបាបជានិច្ច។ ប៉ុន្តែអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ឥតមានបាបឡើយ។ ដូច្នេះហើយបានជាព្រះអម្ចាស់របស់យើងមានបន្ទូលថា យើងអាចស្គាល់ដើមឈើ ដោយសារផ្លែរបស់វា។ អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ បោះបង់សេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវចោល នៅពេលពួកគេប្រឈមនឹងទុក្ខលំបាក សេចក្តីអត់ឃ្លាន ការបៀតបៀន ឬសេចក្តីវេទនាបន្តិចបន្តួច។

មនុស្សមួយចំនួនគិតថា «ទោះបីជាព្រះយេស៊ូវបានទទួលការជំនុំជម្រះនៅលើឈើឆ្កាង សម្រាប់អំពើបាបរបស់ខ្ញុំហើយក៏ដោយ ក៏ទ្រង់បានដោះបាបពីកំណើតរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំត្រូវតែទូលសុំការអត់ទោសសម្រាប់អំពើបាបដទៃទៀត ដែលខ្ញុំប្រព្រឹត្តជារៀងរាល់ថ្ងៃ»។ អ្នកដែលមានសេចក្តីជំនឿបែបនេះ កំពុងតែទាស់ប្រឆាំងនឹងព្រះ ដោយមិនជឿថា ព្រះយេស៊ូបានដោះអំពើបាបទាំងអស់របស់ពួកគេចេញរួចហើយ ហើយនៅក្នុងដំណើរការ ពួកគេថ្កោលទោស និងបង្ខូចខ្លួនឯង។ ពួកគេគឺជាអ្នកដែលបដិសេធព្រះយេស៊ូវ និងដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ។

ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយទោះបើប្រឈមនឹងស្ថានភាពបែបណាក៏ដោយ ក៏ពួកគេនឹងនៅតែខ្ជាប់ខ្ជួនជាមួយសេចក្តីជំនឿថា «ព្រះពិតជាបានសង្រ្គោះខ្ញុំចេញពីអំពើបាបទាំងអស់របស់លោកិយនេះហើយ។ ខ្ញុំឥតមានបាបឡើយ!» ដែរ។ ទោះបីជាយើងត្រូវប្រឈមនឹងសេចក្តីស្លាប់ដោយសារសេចក្តីអត់ឃ្លានខាងវិញ្ញាណក៏ដោយ ក៏យើងនឹងមិនបដិសេធថា ព្រះបានរាប់យើងជាឥតបាប និងថា យើងបានធ្វើជារាស្ត្ររបស់ទ្រង់ហើយដែរ។ សេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ នឹងតែងតែជាសេចក្តីជំនឿនៅក្នុងចិត្តរបស់យើងជានិច្ច។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺមានអំណាចខ្លាំងក្លាដូច្នេះ។ ទោះបីជាយើងប្រឈមនឹងសេចក្តីវេទនាយ៉ាងណានៅក្នុងជីវិតរបស់យើងក៏ដោយ ក៏យើងនឹងមិនត្រូវបានបំបែកចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែរ ដោយសារសេចក្តីសុចរិតរបស់ព្រះគឺនៅក្នុងព្រះគ្រីស្ទ។ 

តើ «សេចក្តីអាក្រាត» នៅក្នុងបទគម្ពីរខាងលើ មានន័យយ៉ាងដូចម្តេច? «សេចក្តីអាក្រាត» សំដៅទៅលើការបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់យើង។ នៅមជ្ឈិមសម័យ កាលណាមានបញ្ហានៅក្នុងភូមិមួយ ឬជាតិសាសន៍មួយនៅក្នុងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ជារឿយៗ មនុស្សទៅរកមេអាបធ្មប់ ដោយប្រើពពែដែលត្រូវបំបរបង់ ដើម្បីបន្ទោសសម្រាប់បញ្ហាទាំងអស់។ ហើយមនុស្សយកគ្រប់យ៉ាងចេញពីពួកគេ ហើយចោទប្រកាន់ពួកគេពីការមានជំនឿខុសឆ្គង។ ដូច្នេះហើយបានជាសាវកប៉ុលបានប្រើពាក្យថា «សេចក្តីអាក្រាត» នៅទីនេះ។

នៅសម័យនោះ គេអាចបោទប្រកាន់អ្នកណាម្នាក់ថា បុគ្គលដែលមានជំនឿខុសឆ្គងបាន ជាមួយនឹងសាក្សីម្នាក់ ឬពីរនាក់ ដើម្បីថ្កោលទោសដុតអ្នកនោះ រិបអូសទ្រព្យសម្បត្តិទាំងអស់របស់គាត់ និងបំបាត់កេរ្តិ៍ឈ្មោះរបស់គាត់ចោលតែម្តង។

ទោះបីជាយើងត្រូវបានគេបញ្ជូនទៅ នៅក្នុងសេចក្តីអាក្រាតបែបនេះ បាត់បង់គ្រប់យ៉ាងដែលយើងមាន និងត្រូវគេសម្លាប់ក៏ដោយ ក៏នៅក្នុង សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើង សេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ នឹងមិនបាត់បង់ពីយើងដែរ។ នេះហើយគឺជាភាពពេញលេញនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

គ្មានគ្រោះថ្នាក់ ឬដាវ ដែលអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។ ទោះបីជាយើងត្រូវគេសម្លាប់ដោយដាវក៏ដោយ ក៏យើងដែលជឿ ឥតមានបាបដែរ។ នៅសម័យពួកជំនុំដំបូង មានគ្រីស្ទបរិស័ទជាច្រើន ដែលត្រូវបានគេចោទប្រកាន់យ៉ាងខុសពីបទដុតទីក្រុងរ៉ូម ហើយត្រូវបានកាត់ទោសជាសាធារណៈ ដោយការបោះទៅឲ្យសត្វតោស៊ីជាចំណី។ ទោះបីជាពួកគេកំពុងស្លាប់ក៏ដោយ ក៏ពួកគេបានសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះពួកគេដែរ។ ហើយពួកគេអាចសរសើរតម្កើងបែបនេះ ដោយសារតែពួកគេគឺជាអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកដែលបានសង្រ្គោះ ដោយការជឿតាម សេចក្តីពិតថា ព្រះបានស្រឡាញ់ពួកគេ និងបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ អាចសរសើរតម្កើងព្រះអម្ចាស់បាន ទោះបើពួកគេត្រូវគេសម្លាប់ និងសត្វតោស៊ីជាចំណីក៏ដោយ។

កម្លាំងនេះចេញមកពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ និងលើសេចក្តីស្រឡាញ់របស់ទ្រង់។ ដោយសារព្រះគង់នៅក្នុងយើង មានបន្ទូលមកកាន់យើង រក្សាយើងឲ្យនៅតែខ្លាំង ការពារយើង និងកំសាន្តចិត្តយើង យើងអាចមានកម្លាំងដ៏ខ្លាំងបែបនេះបាន។ ដូច្នេះ គ្មានគ្រោះថ្នាក់ ឬដាវ ឬការគំរាមកំហែ ឬទុក្ករកម្មណា ដែលអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយ។

អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ និងជារាស្ត្ររបស់ព្រះគ្រីស្ទ។ ហើយអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអ្នកដែលព្រះគ្រីស្ទស្រឡាញ់។ ប៉ុន្តែមនុស្សមួយចំនួនបានផ្លាស់ប្តូរសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទទៅជាសេចក្តីស្រឡាញ់ខាងអារម្មណ៍វិញ ដោយគ្រាន់តែសម្លឹងមើលការសុគតរបស់ទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ហើយមានទុក្ខសោក និងយំចំពោះការរងទុក្ខរបស់ទ្រង់។ ប៉ុន្តែអារម្មណ៍របស់មនុស្សអាចប្រែប្រួលបាន ក្នុងពេលតែមួយយប់ប៉ុណ្ណោះ។

ទោះបីជាអារម្មណ៍របស់យើងប្រែប្រួលជារៀងរាល់ព្រឹក និងយប់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង មិនអាចប្រែប្រួលបានដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់មិនប្រែប្រួលជារៀង រហូត។ នេះហើយគឺជាអំណាចព្រះចេស្តាដ៏ខ្លាំងក្លានៃដំណឹងល្អអំពីទឹក ព្រះវិញ្ញាណ និងសេចក្តីសុចរិតរបស់ព្រះ។ គ្មានអ្នកណាម្នាក់ ដែលអាចបំបែកយើងចេញពីព្រះអម្ចាស់របស់យើង ដែលបានធ្វើឲ្យយើងបានគ្រប់លក្ខណ៍ និងបំពាក់សេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង បានឡើយ។ នេះហើយគឺជាអំណាចនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយវាក៏ជាអំណាចនៃសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះផងដែរ។

ពាក្យក្រិកសម្រាប់ «ដំណឹងល្អ» គឺ «euaggelion» ដែលមានពាក្យ «dunamis» ដែលពាក្យនេះមានន័យថា កម្លាំង អំណាច ឬសមត្ថភាពរបស់ព្រះ។ ហើយតាមរយៈពាក្យនេះ យើងមានពាក្យ «dynamite» ដែលមានន័យថា គ្រាប់រំសេវ។ គ្រាប់រំសេវតែមួយក្តាប់ដៃគឺគ្រប់គ្រាន់ ដើម្បីផ្តួលរំលំផ្ទះមួយឲ្យខ្ទេចខ្ទីរក្លាយទៅជាធូលីដីបាន។ មីស៊ីល Tomahawk ដែលបានបាញ់ចេញពីនាវចម្បាំងមួយ អាចបំផ្លាញអាគារបេតុងដ៏ធំមួយឲ្យក្លាយទៅជាផេះបាន។ មិនថាអាគារនោះរឹងមាំយ៉ាងណា វានៅតែមិនអាចទប់នឹងកម្លាំងបំផ្លាញរបស់មីស៊ីលនេះបានឡើយ។

យន្តហោះដឹកអ្នកដំណើរពីរគ្រឿង បានបុកទម្លោះអាគារភ្លោះនៃ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុង New York។ តើមានរឿងអ្វីបានកើតឡើង នៅពេលយន្តហោះបុកអាគារនោះ? ការបញ្ឆេះដោយការផ្ទុះរបស់យន្តហោះ បានធ្វើឲ្យសាំងយន្តហោះឆេះយ៉ាងសន្ធរសន្ធៅ ដែលបានរំលាយគ្រប់យ៉ាងនៅគ្រប់ជាន់ទាំងអស់ដែលយន្តហោះបានបុកទម្លោះ។ ដោយសារសរសរ និងគ្រោងដែករបស់ជាន់ទាំងនោះ ដែលទ្រទ្រង់អាគារទាំងមូល បានរលាយ ជាន់ទាំងនោះក៏បានដួលចុះជាមួយរំពេច ហើយដោយសារអាគារមិនអាចទប់នឹងទម្ងន់នៃជាន់ដែលបាក់ទាំងនោះបាន អាគារទាំងមូលក៏បានដួលរលំបាក់បែកទាំងស្រុងទៅ។ បើសិនជាន់ទាំងនោះបានបាក់ចុះយឺតៗ អាគារនឹងមិនដួលរលំទេ។ ប៉ុន្តែជាន់ទាំងនោះបានបាក់ធ្លាក់ចុះយ៉ាងលឿន និងជាមួយរំពេច ដែលបានធ្វើឲ្យសរសរ និងគ្រោងទ្រផ្សេងៗទៀតបាក់ ហើយអាគារទាំងមូលក៏បានដួលរលំដល់ដី តែប៉ុន្មានវិនាទីប៉ុណ្ណោះ។

អំណាចព្រះចេស្តានៃដំណឹងល្អរបស់ព្រះ គឺជាអំណាចព្រះចេស្តានៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយបានក៏ជាអំណាចព្រះចេស្តានៃសេចក្តីសុចរិតនៅក្នុងដំណឹងល្អនេះផងដែរ។ ការប្រើសោកនាដកម្មនេះ ដើម្បីពន្យល់ពីសេចក្តីសុចរិតរបស់ព្រះ ប្រហែលជាមិនសូវស៊ីគ្នាទេ ប៉ុន្តែអំណាចព្រះចេស្តានៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានសេចក្តីសុចរិតរបស់ព្រះ គឺដូចជាគ្រាប់រំសេវ ដែលអាចបំផ្លាញអំពើបាបទាំងអស់បាន។ សេចក្តីសុចរិតរបស់ព្រះគឺថា ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើង ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។

ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបទាំងអស់ ដែលមនុស្សជាតិបានប្រព្រឹត្ត ចាប់ពីដើមដំបូងនៃលោកិយនេះ រហូតដល់ចុងបញ្ចប់របស់វា។ ដូច្នេះហើយបានជាគ្មានអ្វីអាចបំបែកព្រះចេញពីអ្នកដែលទ្រង់ស្រឡាញ់ តាមរយៈសេចក្តីប្រោសលោះ ដោយសារសេចក្តីជំនឿលើដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះបានឡើយ។ ហើយសេចក្តីជំនឿរបស់សាវកប៉ុលក៏ជឿលើ សេចក្តីសុចរិតរបស់ព្រះផងដែរ។

ដូច្នេះ តើយើងអាចទទួលសេចក្តីសុចរិតរបស់ព្រះ តាមរយៈដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខបានឬ? យើងមិនអាច ឡើយ។ ការជឿតាមដំណឹងល្អអំពីព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ មិនអាចផ្តល់សេចក្តីសុចរិតរបស់ព្រះដល់យើងបានឡើយ។ ហើយអ្នកដែលជឿដូច្នេះ ងាយនឹងបោះបង់សេចក្តីជំនឿរបស់ខ្លួនលើព្រះ យេស៊ូវចោល ដោយសារតែបញ្ហាតូចតាចបំផុត។

ជាក់ស្តែង នៅពេលទ្រព្យសម្បត្តិខាងលោកិយនេះត្រូវបានដកចេញ ឬនៅពេលពួកគេប្រឈមនឹងទុក្ខលំបាកនៅកន្លែងការងារ ដោយសារការបៀតបៀនខាងសេចក្តីជំនឿ ពួកគេងាយនឹងបោះបង់សេចក្តីជំនឿរបស់ខ្លួនចោលណាស់។ នេះគឺជាលទ្ធផលពិតប្រាកដមួយ ហើយវាអាចអនុវត្តចំពោះគ្រីស្ទបរិស័ទជាច្រើនបាន។ អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេទេ មិនបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ហើយងាយនឹងចុះចាញ់ចំពោះការគំរាមកំហែងតូចតាចណាស់។

មូលហេតុដែលជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះខ្សោយយ៉ាងខ្លាំង នៅក្នុងលោកិយនេះ គឺដោយសារសេចក្តីជំនឿនេះមានដែនកំណត់ត្រឹមតែព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ។ សេចក្តីជំនឿនេះមិនអាចទទួលបាន សេចក្តីសុចរិតរបស់ព្រះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។

អ្នកជឿដែលសុចរិត និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ អាចធ្វើការឈោងចាប់ព្រលឹងជាច្រើនបាន។ ដោយសារគាត់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមានព្រះវិញ្ញាណបរិសុទ្ធ និងដោយសារព្រះគង់នៅជាមួយពួកគេនៅក្នុងព្រះបន្ទូលទ្រង់ ពួកគេអាចធ្វើការងារខាងវិញ្ញាណបានច្រើន ដើម្បីបង្វែរព្រលឹងជាច្រើនមកឯព្រះវិញបាន។ នេះហើយគឺជាសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះប្រទានដំណឹងល្អនេះ មិនដោយសារការប្រព្រឹត្តរបស់យើងទេ ហើយដោយសារព្រះ ដែលយើងអាចធ្វើការងាររបស់ទ្រង់បាន។

ខ.៣៦និយាយថា «ដូចមានសេចក្តីចែងទុកមកថា [យើងខ្ញុំត្រូវគេ សំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់] គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់»។ ក្នុងចំណោមអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលត្រូវបានគេបៀតបៀនតាមរបៀបនេះ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ។ តាមការពិត ជារឿយៗ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវបានស្អប់ ដោយអ្នកដទៃ ជាពិសេសអ្នកដែលមានជំនឿខុសឆ្គង ដែលអះអាងថា ខ្លួនគឺជា គ្រីស្ទបរិស័ទ ដោយខ្លួនឯង។

នៅក្នុងន័យផ្សេង គ្រីស្ទបរិស័ទដែលបានកើតជាថ្មី ត្រូវបានស្អប់ដោយគ្រីស្ទបរិស័ទក្លែងក្លាយ ច្រើនជាងពុទ្ធបរិស័ទទៅទៀត។ បទគម្ពីរដែលថា «ដូចមានសេចក្តីចែងទុកមកថា [យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់] គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់» គឺជាព្រះបន្ទូលព្រះទៅកាន់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតា ជាមួយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ព្រះអម្ចាស់របស់យើងត្រូវបាន «គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់»។ ព្រះ អម្ចាស់បានសង្រ្គោះយើង ដោយការយាងគង់នៅលើផែនដីនេះ។



សេចក្តីសុចរិតរបស់ព្រះបានយកឈ្នះលើអំពើបាបទាំងអស់ របស់លោកិយនេះ


ខ.៣៧ និយាយថា «គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង»។ តើយើងអាចយកឈ្នះលើការទាំងនេះបានយ៉ាងដូចម្តេច? យើងប្រកាសពីជ័យជំនះរបស់យើង ដោយអំណាចនៃសេចក្តីជំនឿរបស់យើងលើសេចក្តីស្រឡាញ់របស់ព្រះ។

អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានអំណាចព្រះចេស្តារបស់ព្រះ។ ប៉ុន្តែអ្នកដែលមិនជឿតាមដំណឹងល្អនេះ មានតែបាបនៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ សេចក្តីជំនឿ និងសេចក្តីសង្រ្គោះរបស់អ្នកដែលមានបាប តែងតែឡើងចុះជានិច្ច ដោយសារអារម្មណ៍របស់ពួកគេ។ ហើយពួកគេមិនមានអំណាចព្រះចេស្តារបស់ព្រះឡើយ។ ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អនេះ មានអំណាចព្រះចេស្តាវិញ។ ពួកគេមិនមានអំណាចព្រះចេស្តា ដោយខ្លួនឯងឡើយ ប៉ុន្តែពួកគេមានអំណាចព្រះចេស្តានៃដំណឹងល្អ ដែលព្រះបានប្រទានដល់ពួកគេ ហើយជាមួយអំណាចព្រះចេស្តានេះ ពួកគេអាចទប់ទល់ និងយកឈ្នះលើសេចក្តីវេទនា និងសេចក្តីបៀតបៀនទាំងអស់បាន។ មនុស្សសុចរិតត្រូវតែចូលរួមក្នុងសង្រ្គាមខាងវិញ្ញាណប្រឆាំងនឹងមនុស្សមានបាប ហើយអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេ។ ហើយមនុស្សសុចរិតក៏ត្រូវតែអត់ធ្មត់ចំពោះការបៀតបៀនផងដែរ សម្រាប់ដំណឹងល្អ ដែលជាជោគជ័យរបស់ខ្លួន។ ជីវិតមួយ ដែលរស់នៅសម្រាប់ព្រះអម្ចាស់ គឺជាជោគជ័យរបស់យើង។

សុភាសិតមួយនិយាយថា «បើសិនមនុស្សម្នាក់មិនអានតែមួយថ្ងៃ គាត់នឹងនិយាយពាក្យមិនល្អហើយ»។ ចុះចំណែកយើងវិញ? យើងងាយនឹងរត់ទៅរកសេចក្តីពុករលួយណាស់ បើសិនយើងមិនរស់នៅសម្រាប់ព្រះ និងដំណឹងល្អរបស់ទ្រង់តែមួយថ្ងៃ។ នេះហើយគឺជារបៀបដែលយើងនឹងរស់នៅ រហូតដល់យើងស្លាប់។ ប៉ុន្តែបើសិនយើងរស់នៅសម្រាប់ព្រះគ្រីស្ទ លះបង់ខ្លួនយើង និងរងការបៀតបៀនសម្រាប់ព្រះ និងបើសិនយើងប្រកាសសង្រ្គាមខាងវិញ្ញាណប្រឆាំងនឹងអំណាចរបស់វិញ្ញាណអាក្រក់ ចិត្តរបស់យើងនឹងបានពេញដោយអាហារខាងវិញ្ញាណ ដែលនាំឲ្យយើងមានកម្លាំងថ្មីសម្រាប់បន្តជីវិតជាបន្តទៀត។

នៅពេលគ្រីស្ទបរិស័ទធ្លាក់ចុះ គឺដោយសារតែពួកគេមិនបានរស់នៅសម្រាប់ព្រះអម្ចាស់។ ប៉ុន្តែនៅពេលយើងរស់នៅសម្រាប់ព្រះអម្ចាស់ កម្លាំងខាងវិញ្ញាណរបស់យើងរីកចម្រើនកាន់តែខ្លាំងឡើង ហើយកម្លាំង និងសុខភាពខាងរូបកាយរបស់យើងក៏កាន់តែខ្លាំងឡើងផងដែរ។

ខ.៣៨-៣៩និយាយថា «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទី ជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។ ក្នុងនាមជាអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សាវកប៉ុលបានជឿជាក់លើការពិតនេះ។ សេចក្តីពិតនេះក៏អនុវត្តសម្រាប់យើងផងដែរ៖ ទោះស្លាប់ ឬរស់ក្តី ក៏គ្មានអ្វីអាចពង្រាត់យើងចេញពីព្រះគ្រីស្ទបានឡើយ។

នៅសម័យបុរាណ មហាអំណាចទាំងនោះដូចជា ចក្រភពរ៉ូម៉ាំង បានព្យាយាមបញ្ចុះបញ្ចូលគ្រីស្ទបរិស័ទ ឲ្យបោះបង់សេចក្តីជំនឿរបស់ពួកគេចោល និងរាយការណ៍ពីអ្នកជឿផ្សេងទៀតទៅកាន់អាជ្ញាធរ ដោយការលួងលោម តំណែងខ្ពស់ៗ ប្រពន្ធ និងទ្រព្យសម្បត្តិ។ ពួកគេនឹងទទួលបានរបស់ទាំងនេះ បើសិនពួកគេព្រមបោះបង់សេចក្តីជំនឿរបស់ពួកគេចោល។ ប៉ុន្តែគ្រីស្ទបរិស័ទពិតប្រាកដ ដែលជឿលើដំណឹងល្អ មិនបានចុះចូលចំពោះសេចក្តីល្បួងនៃអំណាច ទ្រព្យសម្បត្តិ ឬកិត្តិយសទាំងនេះទេ។

សេចក្តីជំនឿមិនមែនជាអ្វី ដែលយើងអាចដោះដូរជាមួយអ្វី ដែលលោកិយនេះអាចផ្តល់ឲ្យបានឡើយ។ បើសិនអ្នកណាម្នាក់ផ្តល់សែកទទេមួយដល់យើង ហើយនិយាយប្រាប់យើងថា «ខ្ញុំនឹងផ្តល់សែកនេះដល់អ្នក បើសិនអ្នកឈប់ផ្សាយដំណឹងល្អនេះ» ដោយសារតែសេចក្តីសង្ឃឹមរបស់យើងសម្រាប់អនាគត និងសេចក្តីជំនឿដ៏រឹងមាំរបស់យើងលើព្រះ យើងនឹងអាចឆ្លើយតបថា «អ្នកនឹងត្រូវការ និងចំណាយវាសម្រាប់ខ្លួនអ្នក ប៉ុន្តែសម្រាប់ខ្ញុំ វាគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះ»។ 



មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលជាដំណឹងល្អមានសេចក្តីសុចរិតរបស់ព្រះ


មានមនុស្សជាច្រើន ដែលបាននិយាយមកកាន់ខ្ញុំថា «បើសិនអ្នកគ្រាន់តែទទួលស្គាល់ថា សេចក្តីជំនឿរបស់យើងលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ក៏ជាសេចក្តីជំនឿត្រឹមត្រូវដែរ នោះយើងក៏នឹងទទួលស្គាល់សេចក្តីជំនឿរបស់អ្នកវិញដែរ។ ហើយយើងមិនគ្រាន់តែឈប់ចោទប្រកាន់អ្នកពីជំនឿខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ពិតជានឹងជួយអ្នកផងដែរ»។ អ្នកដឹកនាំសាសនាទាំងនេះបានខិតខំសម្របសម្រួលជាមួយខ្ញុំ។ ប៉ុន្តែសេចក្តីសុចរិតរបស់ព្រះមានភាពច្បាស់លាស់ និងជាក់លាក់ នៅពេលវាស់វែងជាមួយព្រះបន្ទូលទ្រង់។ អ្វីដែលខុស គឺខុស ហើយអ្វីដែលជាសេចក្តីពិត គឺជាសេចក្តីពិត។ ការទទួលស្គាល់សេចក្តីជំនឿខុសឆ្គង គឺជាការបះបោរប្រឆាំងនឹងព្រះ ហើយខ្ញុំមិនអាចយល់ស្របជាមួយសេចក្តីជំនឿរបស់ពួកគេបានឡើយ ហើយខ្ញុំនៅតែបន្តបង្ហាញពីសេចក្តីខុសរបស់ពួកគេជានិច្ច។

«តើអ្នកគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខឬ? ដូច្នេះ អ្នកត្រូវតែមានបាបនៅក្នុងចិត្តរបស់អ្នកហើយ ហើយអ្នកត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ទោះបីជាអ្នកគិតថា ខ្ញុំម៉ឺងម៉ាត់ និងមិនចុះចាញ់យ៉ាងណាក៏ដោយ ក៏សេចក្តីពិតនៅតែជាសេចក្តីពិតដែរ។» ដោយសារពាក្យសម្តីទាំងនេះ មនុស្សនៅឆ្ងាយពីខ្ញុំ គឺពួកគេមិនអាចមានភាពស្និទ្ធស្នាលជាមួយខ្ញុំបានឡើយ។ មនុស្សជាច្រើនធ្លាប់បានមកឯខ្ញុំ ដោយគិតថា ខ្ញុំដូចជាពួកគេដែរ។ ប៉ុន្តែរាល់ពេល ខ្ញុំបានប្រាប់ពួកគេថា «អ្នកគឺជាអ្នកគង្វាលក្លែងក្លាយ និងអ្នកបោកប្រាស់ ដែលរកស្វែងរកកម្រៃនៅក្នុងព្រះនាមព្រះ ដើម្បីជីវភាពរបស់ខ្លួន គឺអ្នកគឺជាចោរ»។ នៅពេលខ្ញុំបាននិយាយដូច្នេះ តើអ្នកណាអាចនឹងចូលចិត្តខ្ញុំទៅ? ប៉ុន្តែអ្វីដែលមិន គឺមិន ហើយដូច្នេះហើយបានជាខ្ញុំមានភាពរឹងមាំ និងមិនផ្លាស់ប្តូរនៅក្នុងជំហររបស់ខ្ញុំឡើយ។

អ្នកដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ក៏បានល្បួងខ្ញុំថា ពួកគេនឹងផ្តល់អំណាចនេះ និងអំណាចនោះដល់ខ្ញុំ។ ប៉ុន្តែដោយសារបទគម្ពីរខាងលើនិយាយថា «ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី» យើងមិនត្រូវការអំណាចអ្វី និងកម្ពស់ ឬជម្រៅអ្វីឡើយ។ ហើយយើងក៏មិនត្រូវការអំណាចប្រោសឲ្យជា ដែលអ្នកបោកប្រាស់មួយចំនួនអះអាងថាមាននោះដែរ។ យើងទាំងអស់គ្នាដែលបានកើតជាថ្មីហើយ មិនត្រូវការអំណាចទាំងនោះឡើយ ហើយយើងក៏មិនដូចជាពួកគេដែរ។

បទគម្ពីរក៏ប្រាប់យើងផងដែរថា គ្មានរបស់អ្វីដែលកើតមកឯទៀត អាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានឡើយ។ ទោះបីជាមានមនុស្សភពផ្សេងនៅក្នុងចក្រវាលនេះក៏ដោយ ក៏ពួកគេនឹងមិនអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលបានសង្រ្គោះយើងបានដែរ។

មានគ្រីស្ទបរិស័ទមួយចំនួន ដែលជឿលើអត្ថិភាពនៃមនុស្សភព ផ្សេង។ សូម្បីតែក្នុងចំណោមគ្រូគង្វាល ក៏ពួកគេជាច្រើនជឿលើអត្ថិភាពនៃមនុស្សភពផ្សេងនេះផងដែរ។ ប៉ុន្តែគ្មានមនុស្សភពផ្សេងអ្វីឡើយ។ នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យព្រះគម្ពីរ សាស្ត្រាចារ្យរបស់ខ្ញុំម្នាក់ ដែលបានបង្រៀនភាសាក្រិក បានជឿលើអត្ថិភាពនៃមនុស្សភពផ្សេង។ ដូច្នេះ ខ្ញុំបានសួរគាត់ថា «តើលោកគ្រូមានភស្តុតាងអ្វីចេញពីព្រះគម្ពីរ ដើម្បី គាំទ្រជំនឿរបស់លោកគ្រូដែរទេ?» ពិតណាស់ថា គាត់មិនមានចម្លើយសម្រាប់ការជំទាស់របស់ខ្ញុំឡើយ។ ពិតជាគ្មានមនុស្សភពផ្សេងឡើយ។ ព្រះបានស្រឡាញ់លោកិយនេះយ៉ាងខ្លាំង រហូតដល់ទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកយើង។ បើសិនពិតជាមានមនុស្សភពផ្សេងមែន យើងមិនចាំបាច់ត្រូវការព្រះយេស៊ូវយាងមកចាប់កំណើតនៅលើផែនដីនេះឡើយ។

បន្ទាប់ពីការស្រាវជ្រាវ និងវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ យើងអាចធ្វើដំណើរទៅដល់ឋានព្រះច័ន្ទ ហើយប្រដាប់ស្ទង់របស់យើងថែមទាំងបានចុះចតនៅលើឋានព្រះច័ន្ទទៀតផង ប៉ុន្តែយើងមិនបានរកឃើញភស្តុតាងណាមួយ ដែលបង្ហាញពីអត្ថិភាពនៃទម្រង់ជីវិតនៅខាងក្រៅភពផែនដីនេះឡើយ។ ដូច្នេះ ខ្ញុំអាចនិយាយយ៉ាងមានទំនុកចិត្តថា ដោយផ្អែកតាមព្រះគម្ពីរ ទោះបើសមត្ថភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់មនុស្សមានការអភិវឌ្ឍន៍យ៉ាងណា និងយើងមានការស្រាវជ្រាវស៊ីជម្រៅយ៉ាងណាក៏ដោយ ក៏យើងនឹងមិនរកឃើញមនុស្សភពផ្សេងឡើយ។ ព្រះគម្ពីរប្រាប់យើងថា គ្មានរបស់អ្វីដែលកើតមកឯទៀត អាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបាន ឡើយ។ ដូច្នេះ តើសេចក្តីស្រឡាញ់របស់ព្រះគឺជាអ្វី? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាសេចក្តីស្រឡាញ់របស់ព្រះ។ សេចក្តីសង្រ្គោះដែលបានសង្រ្គោះយើង និងបានរាប់យើងជាឥតបាប ជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីស្រឡាញ់របស់ព្រះ ហើយគ្មានអ្វីអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់នេះបានឡើយ។

សាវកប៉ុលនិយាយអំពីសេចក្តីជំនឿម្តងទៀត នៅក្នុងជំពូក៩ ប៉ុន្តែវានៅក្នុងការសន្និដ្ឋាននៃជំពូក៨ ដែលជាចំណុចកំពូលនៃសេចក្តីជំនឿ។ ជំពូក១ ដល់៨នៅក្នុងកណ្ឌគម្ពីរ៉ូម បង្កើតជាផ្ទៃរឿងមួយ ជាមួយជំពូក៨ ដែលជាការសន្និដ្ឋាន បង្ហាញឲ្យយើងមើលឃើញចំណុចកំពូលនៃសេចក្តីជំនឿនៅទីនេះ។ ដូចដែលព្រះបន្ទូលព្រះនៅក្នុងជំពួក៨ប្រាប់យើង មានតែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមិនអាចត្រូវបានបំបែកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន។ 

ទោះបីយ៉ាងណា អ្នកដែលមិនជឿដូច្នេះ នឹងមិនអាចបានដូច្នេះ ឡើយ។ ពួកគេប្រហែលជាអាចរស់នៅសម្រាប់ព្រះអម្ចាស់ជាបណ្តោះអាសន្នបាន ប៉ុន្តែពួកគេមិនអាចការពារសេចក្តីជំនឿរបស់ពួកគេ និងរស់នៅសម្រាប់ទ្រង់ រហូតដល់ថ្ងៃស្លាប់របស់ពួកគេបានឡើយ។ ពួកគេអាចរស់នៅ យ៉ាងឆេះឆួល សម្រាប់រយៈដប់ ឬម្ភៃឆ្នាំ ប៉ុន្តែជាចុងក្រោយ សេចក្តីជំនឿរបស់ពួកគេនឹងពុកផុយ ហើយស្លាប់ទៅ ដោយទុកឲ្យពួកគេនៅដាច់ចេញពីព្រះជារៀងរហូត។ នេះមិនដោយសារពួកគេខ្វះការប្រព្រឹត្តល្អទេ ប៉ុន្តែដោយសារសេចក្តីស្រឡាញ់នៅក្នុងចិត្តរបស់ពួកគេសម្រាប់ព្រះគ្រីស្ទនឹងចាកចេញពីពួកគេ។ ដោយសារពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត ពួកគេមិនមានសេចក្តីស្រឡាញ់សម្រាប់ព្រះអម្ចាស់នៅក្នុងចិត្តឡើយ។ សរុបមក មានបាបនៅក្នុងចិត្តរបស់ពួកគេ។

ខណៈពេលវេលាកន្លងទៅ ខ្ញុំកាន់តែដឹងថា សេចក្តីស្រឡាញ់នៃ សេចក្តីសង្រ្គោះពិតជាស៊ីជម្រៅ និងគ្រប់លក្ខណ៍ ដែលព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលខ្ញុំបានជួបព្រះយេស៊ូវពីដំបូង ជម្រៅនៃការសរសើរតម្កើងរបស់ខ្ញុំដល់សេចក្តីស្រឡាញ់របស់ព្រះនៅស្ងៀមស្ងាត់ ដូចជាការបោះថ្មមួយចូលទៅក្នុងទន្លេ បង្កើតជារលកតូចៗ។ ការឆ្លើយតបរបស់ខ្ញុំគឺជាការដឹងដោយស្ងៀមស្ងាត់ពីការពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ខ្ញុំ និងថា ខ្ញុំបានត្រឡប់ជាឥតបាប។ ប៉ុន្តែរហូតដល់ពេលនេះ ដែលខ្ញុំកំពុងតែរស់នៅក្នុងជីវិត ដែលអធិប្បាយដំណឹងល្អ រលកនៅក្នុងចិត្តរបស់ខ្ញុំកាន់តែធំ និងជ្រៅទៅៗ ដូចជាគ្រាប់បែកផ្ទុះនៅក្នុងចិត្តរបស់ខ្ញុំអញ្ចឹង។ 

តើអ្នកណានិយាយថា យើងគួរតែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ? តើសាវកប៉ុលបាននិយាយដូច្នេះឬ? នៅក្នុងកណ្ឌគម្ពីរ៉ូម សាវកប៉ុលបាននិយាយយ៉ាងច្បាស់លាស់អំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណថា «តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុង សេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ» (រ៉ូម ៦:៣-៤)។ 

តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះមិនគ្រប់លក្ខណ៍ និង អស្ចារ្យទេឬ? ទោះបីជាសេចក្តីជំនឿរបស់យើងតូចយ៉ាងណាក៏ដោយ បើសិនយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏យើងនៅតែបានសង្រ្គោះចេញពីបាបដែរ។ ទោះបីជាយើងមានអំពើបាបច្រើនយ៉ាងណាក៏ដោយ ក៏ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណធ្វើឲ្យសេចក្តីជំនឿរបស់យើងបានពេញលេញដែរ។ ទោះបីជាយើងខ្សោយយ៉ាងណាក៏ដោយ ក៏យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ ហើយទោះបីជាយើងគ្មានកម្លាំងផ្ទាល់ខ្លួនក៏ដោយ បើសិនយើងរស់នៅសម្រាប់ព្រះ និងនៅជាមួយព្រះ ក៏ភាពកខ្វក់ទាំងអស់នឹងត្រូវរលាយចេញពីចិត្តរបស់យើងដែរ។

ប៉ុន្តែអ្នកដែលមិនជឿ ពីដើមដំបូង នឹងទាស់ប្រឆាំងនឹងព្រះ ហើយចាកចោលទ្រង់ នៅចុងបញ្ចប់វិញ ទោះបើពួកគេបានស្តាប់ឮដំណឹងល្អនេះ និងបានរស់នៅជាមួយវា អស់រយៈពេលដប់ឆ្នាំហើយក៏ដោយ។ អ្នកដែលបានសម្រេចចិត្តមិនមើល ឬស្តាប់សេចក្តីពិតរបស់ព្រះ ដោយបានបិទភ្នែក និងត្រចៀករបស់ខ្លួន គឺជាមនុស្សចំកួត ពីព្រោះបានបដិសេធព្រះពររបស់ព្រះ ដោយដៃរបស់ខ្លួនឯង ហើយកំពុងតែឆ្ពោះទៅរកសេចក្តីស្លាប់របស់ខ្លួនហើយ។ ពួកគេឆ្កាងព្រះគ្រីស្ទជារៀងរាល់ថ្ងៃ ដោយសារអំពើបាបរបស់ពួកគេ ទោះបើគ្មានការសុគតនៅលើឈើឆ្កាង និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវក៏ដោយ។

ជារៀងរាល់ថ្ងៃ ខ្ញុំបានដឹងថា ដំណឹងល្អនេះគ្រប់លក្ខណ៍ និងអស្ចារ្យខ្លាំងណាស់ គឺកាលណាខ្ញុំកាន់តែខ្សោយ ខ្ញុំកាន់តែដឹងយ៉ាងច្បាស់លាស់ថា សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ពេញលេញ និងអស្ចារ្យ ហើយខ្ញុំ អរព្រះគុណដល់ព្រះអម្ចាស់កាន់តែខ្លាំងឡើង។ ហើយកាលណាខ្ញុំកាន់តែអធិប្បាយដំណឹងល្អនេះ ខ្ញុំកាន់តែមានកម្លាំងឡើង ហើយកាលណាខ្ញុំកាន់តែអធិប្បាយដំណឹងល្អនេះ ខ្ញុំកាន់តែជឿទុកចិត្តឡើង។

ទោះបីជាអ្នកបានកើតជាថ្មីហើយក៏ដោយ បើសិនអ្នកមិនស្តាប់តាមព្រះបន្ទូលព្រះ និងមិនបម្រើទ្រង់ទេ ស្រង៉ែនឹងចាប់ផ្តើមដុះនៅក្នុងគំនិតរបស់អ្នកហើយ ហើយដោយសារតែស្រង៉ែទាំងនេះ គំនិតរបស់អ្នកនឹងកាន់តែវង្វេងទៅ។ នៅពេលការនេះកើតឡើង ចូរច្រៀងបទសរសើរតម្កើងរបស់អ្នកម្តងទៀត ហើយគិតអំពីព្រះយេហូវ៉ាចុះ។ តាមរយៈការច្រៀងបទសរសើរតម្កើងព្រះ គំនិតរបស់អ្នកនឹងត្រូវបានលាងសម្អាត ហើយអ្នកនឹងអាចតំកើងវិញ្ញាណរបស់អ្នកឡើងវិញម្តងទៀតបាន។

អ្នកគួរតែអង្រួនគំនិតរបស់អ្នក ដើម្បីឲ្យជ្រុះគ្រប់យ៉ាងដែលមិនបរិសុទ្ធ ហើយកែចិត្តរបស់អ្នកជាថ្មីឡើងវិញ ដោយការបំពេញនូវព្រះបន្ទូលព្រះ។ ចិត្តរបស់យើងបានស្អាតហើយ ប៉ុន្តែនៅពេលសេចក្តីមិនបរិសុទ្ធនៅលោកិយនេះចូលទៅក្នុងគំនិតរបស់យើង ហើយព្យាយាមធ្វើឲ្យយើងច្របូកច្របល់ យើងអាចថ្វាយបង្គំព្រះ និងអធិស្ឋានទៅកាន់ទ្រង់ម្តងទៀតបាន ដោយការច្រៀងសរសើរតម្កើងព្រះអម្ចាស់ កែ និងតំកើងចិត្តរបស់យើងឡើងវិញ។

ទោះបីជាយើងមើលឃើញខ្លួនយើងនៅកន្លែងណាក៏ដោយ ក៏ការសរសើរតម្កើងព្រះជាបទពិសោធន៍ដ៏មានអំណរ និងគួរឲ្យចាប់អារម្មណ៍។ គ្មានបាបនៅក្នុងចិត្តរបស់អ្នកដែលបានសង្រ្គោះទេ ហើយការសរសើរតម្កើង និងការមានអំណរ ចេញពីចិត្តរបស់ពួកគេ ដោយស្វ័យប្រវត្តិ។ បទសរសើរតម្កើងដែលចេញពីចិត្តដែលមានអំណររបស់យើង អាចធ្វើឲ្យ ស្រង៉ែដែលដុះនៅក្នុងគំនិតរបស់យើង រលាយបាត់បាន។

ជាច្រើនដង ភាពខ្សោយរបស់យើងត្រូវបានបើកសម្តែង។ ដោយសារអារម្មណ៍ និងគំនិតរបស់យើងងាយនឹងអាចផ្លាស់ប្តួរ ទៅតាមស្ថានភាពផ្សេងៗ ទោះបើយើងមានអារម្មណ៍ល្អ និងមានអំណរ នៅពេលយើងនៅជាមួយបងប្អូននៅក្នុងព្រះគ្រីស្ទរបស់យើងក៏ ក៏យើងអាចមានគំនិតមិនស្អាត និងមិនបរិសុទ្ធដែរ។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៤-២៥)។ 

សាវកប៉ុលបានពេញលេញ តាមរយៈការបានសង្រ្គោះ ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើគាត់ខ្សោយនៅក្នុងសាច់ឈាមរបស់គាត់ក៏ដោយ។ ដូច្នេះ តើសាវកប៉ុលគឺជាមនុស្សតែម្នាក់ ដែលមានសភាពបែបនេះឬ? ខ្ញុំក៏ដូចជាគាត់ផងដែរ។ តើអ្នកមិនដូចជាគាត់ទេឬ?

នៅពេលមនុស្សរបស់លោកិយនេះជួបជុំគ្នា ជាទូទៅ បុរសចិត្តផឹកស្រា និងនិយាយអំពីការងារបស់ពួកគេ និងថា អ្នកណាបានឡើងតំណែង និងអ្នកណាមិនបានឡើងតំណែង ខណៈដែលស្ត្រីរវល់អួតតែពីប្តី កូន ផ្ទះសំបែងរបស់ខ្លួន។ ប៉ុន្តែការសន្ទនាក្នុងចំណោមមនុស្សសុចរិតវិញ គឺខុសគ្នាពីការសន្ទនារបស់មនុស្សរបស់លោកិយនេះ។ សូម្បីតែនៅពេលបរិភោគនំប៉័ងជាមួយគ្នា យើងនិយាយអំពីព្រលឹងទាំងឡាយនៅទូទាំងពិភពលោក ដែលបានសង្រ្គោះ៖ នៅប្រទេសឥណ្ឌា ជប៉ុន អឺរ៉ុប អាហ្វ្រិក សហរដ្ឋាអាមេរិក...ការសរសើរតម្កើងព្រះ និងការមានទំនាក់ទំនងគ្នាទៅវិញទៅមក។

នៅពេលអានកណ្ឌគម្ពីររ៉ូម យើងអាចមានបទពិសោថន៍ និងចែករំលែកចេញពីចិត្តរបស់យើងអំពីសេចក្តីជំនឿរបស់សាវកប៉ុល។ ហើយយើងក៏អាចដឹង និងមើលឃើញពីឧត្តមភាពនៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើងផងដែរ។ យើងអាចយល់ពីបទគម្ពីរទាំងឡាយ និងស្វែងយល់ពីអត្ថន័យ ដែលត្រូវបានលាក់ទុកនៅក្នុងបទគម្ពីរទាំងនោះ។ ហើយដោយសារយើងបានដឹងពីភាពពេញលេញ និងភាពគ្រប់លក្ខណ៍នៃសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់សម្រាប់យើង យើងត្រូវសរសើរតម្កើង សេចក្តីសុចរិតរបស់ទ្រង់។ 

ទោះបីជាលោកិយទាំងមូលត្រូវប្រែប្រួលនៅពេលនេះក៏ដោយ ក៏ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង នឹងនៅតែមិនប្រែប្រួលដែរ។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានសង្រ្គោះយើង និងដោយសារសេចក្តីស្រឡាញ់នេះមិនដែលចាកចោលយើង និងតែងតែនៅជាមួយយើងជានិច្ច គ្រប់យ៉ាងដែលយើងត្រូវតែធ្វើ គឺត្រូវបង្វែរចិត្តរបស់យើងចេញឲ្យឆ្ងាយពីលោកិយនេះ ហើយផ្តោតលើព្រះម្តងទៀត។ យើងខ្សោយ ហើយដោយសារភាពខ្សោយនេះ ពេលខ្លះ យើងធ្លាក់ទៅក្នុងផ្លូវរបស់លោកិយ ប៉ុន្តែគ្រប់ពេលដែលការនេះកើតឡើង យើងត្រូវតែបង្វែរចិត្តគំនិតរបស់យើងមកឯព្រះវិញ ហើយជឿតាមសេចក្តីពិតថា ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងរួចហើយ។

សាច់ឈាមរបស់យើងមិនទាន់បានផ្លាស់ប្តូរទេ ហើយនៅតែរស់នៅក្រោមអំណាចរបស់អំពើបាបនៅឡើយ។ ដូច្នេះ យើងត្រូវតែបន្តបដិសេធសាច់ឈាមរបស់យើង ហើយរស់នៅក្នុងជីវិត ដែលមានគំនិតខាង វិញ្ញាណ។ ដើម្បីបញ្ឈប់ស្រង៉ែមិនឲ្យដុះនៅក្នុងចិត្តរបស់យើង យើងតែងតែត្រូវបែរមកឯព្រះ ហើយសរសើរតម្កើងសេចក្តីសុចរិតរបស់ទ្រង់ជានិច្ច។

ឥឡូវនេះ តើអ្នកបានដឹងពីអំណាចព្រះចេស្តានៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយឬនៅ? ដោយសារកណ្ឌគម្ពីររ៉ូមមានមូលដ្ឋានគ្រឹះនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងមិនយល់ពីព្រះបន្ទូលព្រះ ដោយមិនជឿតាមដំណឹងល្អនេះជាមុនបានឡើយ។

ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានអនុញ្ញាតឲ្យយើងបើកសម្តែង និងមើលឃើញអាថ៌កំបាំងនៃព្រះបន្ទូលនេះ។ គ្មានអ្នកណាម្នាក់ដែលអាចបំបែកយើងចេញពីសេចក្តីសុចរិតរបស់ព្រះ ដែលជាសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយ។ បើសិនអ្នកចង់ជឿលើសេចក្តីសុចរិតរបស់ព្រះ ចូរជឿលើ និងទទួលយកបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ ជាសេចក្តីប្រោសលោះ និងសេចក្តីសង្រ្គោះរបស់អ្នកចុះ។ បន្ទាប់មក អ្នកក៏នឹងទទួលបានសេចក្តីសុចរិតរបស់ព្រះផងដែរ។

សូមឲ្យអ្នកទទួលបានព្រះពរនៃសេចក្តីសុចរិតរបស់ព្រះអម្ចាស់របស់យើង។