Sermons

[9-1] សេចក្តីណែនាំទៅកាន់ជំពូក៩



ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សម្រាប់ទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ!


ហេតុអ្វី សាវកប៉ុលនិយាយថា គាត់មានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច សម្រាប់ជាតិសាសន៍របស់គាត់? ពីព្រោះសាវកប៉ុលស្ម័គ្រចិត្តទទួលបណ្តាសា និងការកាត់ចេញពីព្រះគ្រីស្ទ ជំនួសជាតិសាសន៍របស់គាត់។ យោងតាមសាច់ឈាមរបស់គាត់ គាត់ពិតជាចង់ឲ្យជាតិសាសន៍របស់គាត់បានសង្រ្គោះណាស់។

នៅគ្រាចុងក្រោយនេះ យើងពិតជាចាប់អារម្មណ៍លើការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូល។ ការប្រកាសដំណឹងល្អអំពីសេចក្តីពិតនេះ គឺជាការយកព្រះទ័យទុកដាក់ដ៏ខ្លាំងរបស់ព្រះ និងជាគោលដៅសំខាន់បំផុតសម្រាប់អ្នកជឿដែលបានកើតជាថ្មី។ ការពិតថា សាសន៍អ៊ីស្រាអែលនឹងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬនឹងមិនទទួលយកនៅថ្ងៃចុងក្រោយ គឺជាចំណុចមួយទៀត ដែលទាក់ទាញការយកចិត្តទុកដាក់របស់យើង។ យើងត្រូវតែបន្តអធិស្ឋានឲ្យសាសន៍អ៊ីស្រាអែលបានសង្រ្គោះ ពីព្រោះកាលណាពួកគេទទួលយកដំណឹងល្អ យើងនឹងដឹងថា ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់របស់យើងជិតមកដល់ហើយ។

ប្រធានបទអំពីសេចក្តីអធិស្ឋានរបស់ខ្ញុំសម្រាប់ឆ្នាំនេះ គឺត្រូវអធិស្ឋានសម្រាប់ការផ្សាយដំណឹងល្អនៅទូទាំងពិភពលោក និងការដែលសាសន៍ អ៊ីស្រាអែលទទួលយកដំណឹងល្អពិត។ ហើយខ្ញុំក៏កំពុងតែអធិស្ឋានផងដែរថា សាសន៍អ៊ីស្រាអែលនឹងមានអ្នកបម្រើព្រះ ចេញពីសាសន៍របស់ពួកគេ។ កាលពីមុន ព្រះបានប្រទានក្រិត្យវិន័យរបស់ទ្រង់ ដល់ជនជាតិ អ៊ីស្រាអែល ហើយទ្រង់ក៏បានយកពួកគេធ្វើជានគរនៃសង្ឃ នៅចំពោះទ្រង់ផងដែរ។ ហើយព្រះគ្រីស្ទអង្គទ្រង់ផ្ទាល់ក៏បានយាងមកជាសាច់ឈាម ដែលចេញពីជនជាតិអ៊ីស្រាអែលដែរ ប៉ុន្តែពួកគេបានបដិសេធមិនជឿដល់ទ្រង់ ហើយនៅតែទាស់ប្រឆាំងនឹងព្រះ ដោយការបន្តទាស់ប្រឆាំងនឹងបំណងព្រះហឫទ័យទ្រង់។



ព្រះអម្ចាស់បានប្រាប់យើងថា នៅពេលទ្រង់យាងមកម្តងទៀត នឹងពិបាកស្វែងរកសេចក្តីជំនឿ


បំណងព្រះហឫទ័យព្រះ គឺថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានចេញពីក្រុងយេរូសាឡិមមក នឹងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកទាំងមូល។ ទោះបីយ៉ាងណា ចិត្តរបស់មនុស្សសព្វថ្ងៃនេះរឹងរូសខ្លាំងណាស់ ហើយមនុស្សជាច្រើនបានវង្វេងចេញពីការស្វែងរក សេចក្តីពិតហើយ។

ថ្មីៗនេះ ខ្សែភាពយន្តមួយមានចំណងជើងថា «សេចក្តីល្បួងចុងក្រោយរបស់ព្រះគ្រីស្ទ» ដែលបានបង្ហាញថា ព្រះយេស៊ូវគ្រាន់តែជាកូនក្មេងមិនស្របច្បាប់ម្នាក់ប៉ុណ្ណោះ ត្រូវបានដាក់បញ្ចាំងនៅក្នុងប្រទេស កូរ៉េ។ ខ្សែភាពយន្តនេះពោរពេញទៅដោយការប្រមាថ ហើយសារសំខាន់របស់វាគឺថា ព្រះយេស៊ូវមិនមែនជាព្រះឡើយ ប៉ុន្តែគ្រាន់តែជាបុរសសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយព្រះពុទ្ធទេ ទើបជាព្រះ។ ខ្សែភាពយន្តនេះជាន់ឈ្លីលើសេចក្តីពិតថា ព្រះយេស៊ូវគឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះហើយបានជាព្រះបានមានបន្ទូលថា «ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច» (លូកា ១៨:៨)។ 

ព្រះយេស៊ូវគ្រីស្ទ ដែលយើងជឿ គឺជាព្រះ មានអំណាចខ្ពស់ជាង ស្នាព្រះហស្តទាំងអស់របស់ទ្រង់ និងសមនឹងទទួលបានការសរសើរ តម្កើង។ ដោយបានប្រសូតមកជាជនជាតិអ៊ីស្រាអែល ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានបង្ហូរព្រះលហិត និងបានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី និងបានធ្វើជាព្រះអង្គសង្រ្គោះដល់អ្នកដែលជឿដល់ទ្រង់។ ហើយព្រះអម្ចាស់ដែលបានធ្វើជាសេចក្តីសុចរិតរបស់ព្រះ បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការរាប់យើងដែលជឿដល់ទ្រង់ ជាសុចរិត។

សាវកប៉ុលបានប្រាប់យើងថា ក្រៅពីចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់លោកអ័ប្រាហាំ មានតែអ្នកដែលជឿព្រះយេស៊ូវប៉ុណ្ណោះ ទើបអាចបានធ្វើជាកូនរបស់ព្រះបាន។ 

នៅពេលអនាគត សាសន៍អ៊ីស្រាអែលនឹងប្រឈមនឹងទុក្ខលំបាក និងសេចក្តីវេទនាជាច្រើន។ ប៉ុន្តែបំណងព្រះហឫទ័យព្រះគឺថា នៅទីបំផុត ពួកគេមួយចំនួននឹងជឿ និងទទួលយកព្រះអម្ចាស់ធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ប៉ុន្តែឥឡូវនេះ ទោះបីជាព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបរបស់សាសន៍អ៊ីស្រាអែលផង ចេញក៏ដោយ ក៏ពួកគេនៅតែបដិសេធមិនជឿ និងទទួលយកទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេដែរ។

តើអ្នកខ្សោយឬ? ពួកយើងខ្លះអាចខ្សោយជាង ឬខ្លាំងជាងគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះព្រះ យើងទាំងអស់គ្នាមានពេញដោយភាពមិនពេញលេញ។ ដូច្នេះ យើងអាចបានធ្វើជាកូនរបស់ព្រះ ដែលបានរួចពីបាបបាន លុះត្រាតែយើងជឿថា ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើងដាក់លើស្មារបស់ទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានទទួលការវិនិច្ឆ័យ និងទណ្ឌកម្មនៅលើឈើឆ្កាងជំនួសយើង។ ហើយយើងត្រូវតែសរសើរតម្កើង និងជឿលើអំណាចព្រះចេស្តារបស់ព្រះ ដែលបានធ្វើឲ្យរាស្ត្ររបស់ទ្រង់រួចពីបាប។ ព្រះអម្ចាស់របស់យើងពិតជាអស្ចារ្យណាស់។

មនុស្សមួយចំនួនគិតថា គ្រប់យ៉ាងកើតមាន ដោយសារតែមនុស្ស។ ជាក់ស្តែង ពួកគេគិតថា មនុស្សបានបង្កើតច្បាប់ឡើង ហើយច្បាប់មាននៅសម្រាប់ពួកគេ។ ប៉ុន្តែយើងត្រូវតែដឹងថា មិនមែនគ្រប់យ៉ាងបានកើតឡើង ដោយសារមនុស្សទេ។ គ្រប់យ៉ាងអាចកើតឡើងបាន ដោយសារបំណងព្រះហឫទ័យព្រះតែប៉ុណ្ណោះ។ ព្រះបានបង្កើតផែនដីនេះ និងចក្រវាលទាំងមូល។ ហើយសូម្បីតែខ្លឹមសារនៃច្បាប់ដែលមនុស្សបង្កើតឡើង ក៏មាននៅក្នុងបំណងព្រះហឫទ័យព្រះផងដែរ។

ដោយសារព្រះធ្វើការនៅក្នុងគ្រប់យ៉ាង ហើយគ្រប់យ៉ាងកើតឡើងស្របតាមបំណងព្រះហឫទ័យទ្រង់ យើងត្រូវតែស្វែងរកសេចក្តីសុចរិតរបស់ទ្រង់នៅក្នុងគ្រប់ទាំងអស់។ នៅពេលយើងខ្សោយ នៅពេលយើងធ្វើបាបទាស់ប្រឆាំងនឹងព្រះ និងនៅពេលយើងត្រូវបានកាត់ចេញពីទ្រង់ ដោយសារតែបាបរបស់យើង ព្រះបានសន្យាបញ្ជូនព្រះយេស៊ូវគ្រីស្ទមកដល់យើង។ ទ្រង់បានបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់ ដោយការចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូវ និងបុណ្យជ្រមុជរបស់ទ្រង់ ដែលទ្រង់ធ្វើ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។

ឥឡូវនេះ នៅពេលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសទៅកាន់គ្រប់ទីកន្លែងនៃពិភពលោកនេះ ផែនការដើមរបស់ព្រះនឹងត្រូវបានបំពេញសម្រេច។ នៅពេលយើងសម្លឹងទៅមើលព្រឹត្តិការណ៍ទាំងឡាយ ដែលបានកើតឡើងនៅក្នុងលោកិយនេះ យើងអាចមើលឃើញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺនៅចំចំណុចកណ្តាល។ ខ្ញុំជឿថា បើសិនគ្មានការអន្តរាគមន៍របស់ព្រះទេ សង្រ្គាមលោកមួយទៀតអាចនឹងកើតឡើងបាន។

នៅពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានដួលរំលំ ពិភពលោកទាំងមូលបានទទួលផលប៉ះពាល់យ៉ាងខ្លាំង។ ដូច្នេះ បើសិននៅពេលនេះ ពិភពលោកប្រឈមនឹងសង្រ្គាមលោកម្តងទៀត តើនឹងមានរឿងអ្វីកើតឡើងចំពោះយើង? យើងពិតជាមិនអាចងើបចេញពីសង្រ្គាមលោកមួយទៀតបានទេ ហើយសូម្បីតែធម្មជាតិក៏មិនអាចសះស្បើយពីការខូចខាត និងសេចក្តីវិនាស ដែលយើងបង្កបានដែរ។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអធិស្ឋាន ដើម្បីអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល ដោយសន្តិភាព។ ក្តីបារម្ភរបស់យើងគឺថា បើសិនគ្មានសន្តិភាពនៅក្នុងពិភពលោកទេ យើងមិនអាចធ្វើដូច្នេះបានឡើយ។ ដូច្នេះ យើងទាំងអស់គ្នាគួរតែអធិស្ឋានសម្រាប់ សន្តិភាព និងខិតខំលុបបំបាត់សង្រ្គាម និងភេវរកម្ម។

គ្មានសាសនាដែលមនុស្សបង្កើតណាមួយ អាចលុបបំបាត់អំពើបាបរបស់មនុស្សបានឡើយ។ មានតែព្រះយេស៊ូវគ្រីស្ទតែមួយអង្គគត់ ដែលអាចសង្រ្គោះយើងចេញពីអំពើបាបរបស់យើងបាន។ ហើយមានតែតាម រយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់ប៉ុណ្ណោះ ដែលអំពើបាបរបស់យើងអាចត្រូវបានកាត់ទោស និងលុបបំបាត់បាន។ ព្រះប្រទានព្រះពរនេះដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ផ្លូវតែមួយគត់ ដែលយើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន គឺត្រូវជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទ។ គ្មានផ្លូវណាផ្សេងទៀតហើយ។ ការអធិស្ឋានលន់តួបែបពិធីសាសនា ដែលមនុស្សជាច្រើនចូលចិត្តធ្វើនោះ មិនអាចធួននឹងបាបរបស់យើងបានឡើយ។ ប៉ុន្តែរបៀបធួននឹងបាបរបស់យើងតែមួយគត់ គឺត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈការចាប់កំណើតជាមនុស្សរបស់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ 



យើងបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


យើង ត្រូវតែប្រកាសសេចក្តីពិតនេះទៅកាន់គ្រប់ទីកន្លែងនៃពិភពលោកនេះ។ យើងត្រូវតែទទួលស្គាល់ថា វាគឺជាអំពើបាបមួយ ដែលសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃមិនជឿតាមសេចក្តីពិតនេះ។ គ្រប់គ្នាត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

ទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃតែងតែធ្វើបាបជានិច្ច ខណៈដែលកំពុងតែរស់នៅក្នុងលោកិយនេះ ប៉ុន្តែព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់នេះ តែម្តងជាសម្រេច ដោយបុណ្យជ្រមុជរបស់ទ្រង់។ តើមានសេចក្តីពិតងាយស្រួលជាង និងច្បាស់លាស់ជាងសេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទៀតទេ? ហេតុអ្វីលោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ? ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង ដើម្បីឲ្យទ្រង់អាចទទួលផ្ទុកអំពើបាបទាំងអស់របស់យើង តែម្តងជាសម្រេច។ ដោយមិនជឿតាមសេចក្តីពិតនេះ ឬមិនទទួលយកវាទុកនៅក្នុងចិត្ត មនុស្សកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់សេចក្តីវិនាសរបស់ពួកគេ ដោយសារតែអំពើបាបរបស់ពួកគេហើយ។

បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល «ដ្បិតគួរឲ្យ» (ម៉ាថាយ ៣:១៥) បំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ពាក្យថា «ដ្បិតគួរឲ្យ» ជាភាសាក្រិក «hoo’-tos gar» ដែលមានន័យថា «តាមរបៀបនេះ» «ត្រឹមត្រូវបំផុត» ឬ «គ្មានផ្លូវណាផ្សេងទៀតក្រៅពីនេះឡើយ!។ ពាក្យនេះបង្ហាញប្រាប់ថា ព្រះយេស៊ូវពិតជាបានទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ដោយមិនអាចកែប្រែបានឡើយ។ ដោយសារទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់អាចលីឈើឆ្កាង និងបង្ហូរព្រះលោហិតសម្រាប់យើងបាន។ ដូច្នេះ យើងត្រូវតែដឹងថា នេះគឺជាសេចក្តីពិតនៃការធួននឹងបាប ដែលអាចប្រោសលោះមនុស្សជាតិទាំងមូលចេញពីអំពើបាបរបស់ពួកគេបាន។

ព្រះអម្ចាស់បានប្រាប់យើងថា «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣១-៣២)។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់គឺជាសេចក្តីពិត ដែលសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយវាមាននៅក្នុងព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ។ ជាមួយនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សេចក្តីពិតអំពីការធួននឹងបាបត្រូវតែគង់នៅអស់កល្បជានិច្ច។ បំណងព្រះហឫទ័យព្រះវរបិតាគឺថា ទ្រង់បានសម្រេចព្រះទ័យធួននឹងបាបរបស់មនុស្សមានបាប ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នៅពេលយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ សម្រាប់សេចក្តីប្រោសលោះរបស់យើង យើងជឿលើអ្វីដែលព្រះបានរៀបចំសម្រាប់យើង។ អំពើបាបរបស់យើងអាចត្រូវបានធួនបាន លុះត្រាតែយើងជឿតាមសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។

នៅវេលានេះ បើសិនអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលជាសេចក្តីពិតអំពីការធួននឹងបាប ជាសេចក្តីប្រោសលោះរបស់អ្នក អ្នកបានរាប់ជាសុចរិតហើយ។ ផ្ទុយទៅវិញ បើសិនអ្នកមិនជឿទេ នោះអ្នកគឺជាមនុស្សមានបាបម្នាក់ហើយ។ «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣:២៣)។ យើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង និងបានធ្វើជាកូនរបស់ព្រះបាន លុះត្រាតែយើងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង។ គ្មានមូលហេតុអ្វីសោះឡើយ ដែលមនុស្សម្នាក់មិនគួរជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ ហើយគ្មានអ្នកណាម្នាក់ ដែលមិនត្រូវការដំណឹងល្អអំពីសេចក្តីប្រោសលោះនេះឡើយ គឺគ្រប់គ្នាត្រូវការសេចក្តីប្រោសលោះនេះ។ មូលហេតុដែលមនុស្សម្នាក់មិនចង់ជឿតាមដំណឹងល្អនេះ នៅពេលដំណឹងល្អនេះមានភាពច្បាស់លាស់នៅចំពោះគាត់ហើយ គឺថា គាត់គ្មានឆន្ទះចង់ទទួលបានការលាងសម្អាតអំពើបាបរបស់គាត់។

មនុស្សជាច្រើននៅទូទាំងពិភពលោកនេះ បានទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយកំពុងតែប្រកាសវាបន្ថែមទៀតផង។ ហើយពួកគេខ្លះបានស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តចាយចាយសៀវភៅរបស់យើង។ បើសិនអ្នកអាចបានសង្រ្គោះចេញពីអំពើបាបរបស់អ្នក ដោយការជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ នោះមនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះនឹងបានរាប់ជាសុចរិត និងរួចពីបាបទាំងអស់ហើយ។ ហើយបើសិនអ្នកជឿតែព្រះលោហិតរបស់ព្រះយេស៊ូវ អ្នកនឹងនៅតែបន្តនៅក្នុងបាប ហើយទោះបើអ្នកបន្តអធិស្ឋានលន់តួជារៀងរាល់ថ្ងៃក៏ដោយ ក៏វាគ្រាន់តែជាការហ្វឹកហាត់នៅក្នុងពិធីសាសនាប៉ុណ្ណោះដែរ។

ប្រសិនបើអ្នកកំពុងតែព្យាយាមលាងសម្អាតអំពើបាបរបស់អ្នក ដោយការថ្វាយការអធិស្ឋានលន់តួ នោះអ្នកពិតជាកំពុងតែប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរមួយ នៅចំពោះព្រះហើយ ពីព្រោះទង្វើរបស់អ្នកមើលងាយដល់សេចក្តីសុចរិតរបស់ព្រះ ដែលអ្នកមិនអាចទទួលបាន ដោយសារការប្រព្រឹត្តរបស់អ្នកទេ ប៉ុន្តែដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់អ្នកចេញ និងទទួលយកទណ្ឌកម្មជំនួសអ្នក។

ប្រសិនបើអ្នកទទួលយកព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក ចូរជឿថា ការធួននឹងបាបរបស់អ្នកគឺតាមរយៈបុណ្យជ្រមុជរបស់ព្រះ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ព្រះយេស៊ូវបានសន្យាសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ ហើយទ្រង់បានរក្សាសេចក្តីសន្យារបស់ទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅទន្លេយ័រដាន់ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ តើយើងមានមូលហេតុអ្វីដែលមិនជឿតាមសេចក្តីពិតនេះ? អ្នកត្រូវតែជឿ និងទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ធ្វើជាសេចក្តីប្រោសលោះរបស់អ្នក។ 

សេចក្តីពិតថា ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ មាននៅក្នុង ម៉ាថាយ ៣:១៣-១៧។ មានតែអ្នកដែលមិនចង់ទទួលបានការអត់ទោសដល់អំពើបាបរបស់ខ្លួនប៉ុណ្ណោះ ទើបនឹងបដិសេធមិនជឿតាមសេចក្តីពិតនេះ។ អ្នកអាចបានធ្វើជាកូនរបស់ព្រះ និងទទួលបានជីវិតអស់កល្បជានិច្ចបាន លុះត្រាតែអ្នកជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះគ្មានអ្វីផ្សេងទៀត ដែលនឹងសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នកឡើយ។ គ្មានអ្វីអស្ចារ្យជាងការជឿតាមសេចក្តីពិតនេះឡើយ ហើយគ្មានអ្វីដែលជាអំណោយទានពីព្រះដែលប្រសើរជាងសេចក្តីអត់ទោសរបស់ទ្រង់ឡើយ។ ក្នុងចំណោមអំណោយទានជាច្រើន ដែលព្រះបានប្រទានឲ្យយើង ការធួននឹងអំពើបាបរបស់យើងគឺជាអំណោយពិសេសបំផុត។

អំណោយទានពិសេសទីពីរ ដែលព្រះបានប្រទានឲ្យយើង គឺនគររាជ្យមួយពាន់ឆ្នាំ ដែលយើងនឹងសោយរាជ្យជាមួយទ្រង់ ហើយអំណោយទានពិសេសទីបីគឺថា យើងនឹងរស់នៅក្នុងនគរស្ថានសួគ៌ និងសោយរាជ្យជាមួយព្រះអស់កល្បជានិច្ច។ សូម្បីតែមកដល់ថ្ងៃចុងក្រោយនេះ ព្រះបានអនុញ្ញាតឲ្យសេចក្តីពិតបានបើកសម្តែងទៅកាន់ទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃដែរ។

ដូចដែលបានទាយនៅក្នុងព្រះគម្ពីរថា អ្នកបម្រើពីរនាក់របស់ព្រះនឹងលេចចេញពីចំណោមសាសន៍អ៊ីស្រាអែលមក ហើយព្រះនឹងធ្វើការអស្ចារ្យនៃដំណឹងល្អ តាមរយៈពួកគេ។ បន្ទាប់មក សាសន៍អ៊ីស្រាអែលនឹងស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈអ្នកបម្រើទាំងពីរនោះ ដែលព្រះនឹងលើកឡើងពីសាសន៍របស់ពួកគេផ្ទាល់ ហើយពួកគេជាច្រើននឹងជឿ និងទទួលយកព្រះយេស៊ូវជាព្រះមែស៊ីរបស់ពួកគេ។ យើងរង់ចាំថ្ងៃនោះមកដល់ ដូចដែលសាវកយ៉ូហានបានថ្លែងថា «ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក» (វិវរណៈ ២២:២០)។

នៅពេលព្រះអម្ចាស់យាងមកម្តងទៀត អ្នកនឹងដឹងថា អ្នកត្រូវអរព្រះគុណដល់ទ្រង់ខ្លាំងយ៉ាងណា ដែលបានជឿតាមសេចក្តីពិតនេះ ដែលបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ លោកិយនេះនឹងផ្លាស់ប្តូរ ប៉ុន្តែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានមក ដើម្បីសង្រ្គោះយើង គឺជាសេចក្តីដ៏អស់កល្បជានិច្ច និងមិនចេះប្រែប្រួលឡើយ។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ ដើម្បីទទួលបានសេចក្តីសង្រ្គោះនៃការធួននឹងបាបដ៏មិនចេះប្រែប្រួល។ សូមឲ្យសេចក្តីពិតអំពីសេចក្តីប្រោសលោះរបស់ព្រះបានជារបស់អ្នក។



ព្រះបានសង្រ្គោះយើង ដោយការយកយើងធ្វើជាភាជន៍នៃ សេចក្តីមេត្តាករុណា


រ៉ូម ៩ សរសេរថា ព្រះបានសង្រ្គោះយ៉ាកុប ពីព្រោះទ្រង់បានស្រឡាញ់គាត់ជាងអេសាវ។ ដូច្នេះ ទ្រង់បានយកយ៉ាកុបធ្វើជាភាជន៍នៃសេចក្តីមេត្តាករុណា ប៉ុន្តែទ្រង់បានយកអេសាវធ្វើជាភាជន៍នៃសេចក្តីក្រោធវិញ។ នេះនាំឲ្យមានសំណួរថា ហេតុអ្វីព្រះបានស្រឡាញ់យ៉ាកុប តែមិនស្រឡាញ់អេសាវដូច្នេះ? ពិតជានឹងមានមនុស្សយ៉ាងច្រើន ដែលតវ៉ាថា «ដោយសារព្រះបានជ្រើសរើសស្រឡាញ់មនុស្សម្នាក់ ហើយស្អប់មនុស្សម្នាក់ទៀត ដោយឥតលក្ខខណ្ឌ នោះការជ្រើសរើស និងការតម្រូវទុកជាមុនរបស់ទ្រង់ គឺមិនត្រឹមត្រូវឡើយ»។ 

នៅពេលយើងសម្លឹងមើលពិភពលោក ដែលព្រះបានបង្កើតឡើង យើងអាចមើលឃើញថា ស្នាព្រះហស្តទាំងអស់របស់ទ្រង់ពិតជាស្រស់ស្អាត និងបរិសុទ្ធណាស់។ រុក្ខជាតិ សត្វ និងរបស់ទាំងអស់ទៀត ដែលព្រះបានបង្កើតឡើង មានភាពឥតខ្ចោះ។ ដូច្នេះ តើព្រះអាចស្រឡាញ់មនុស្សម្នាក់ ហើយស្អប់មនុស្សម្នាក់ទៀត ដោយលម្អៀងបែបនេះបានយ៉ាងដូចម្តេច? ប៉ុន្តែព្រះមិនបានធ្វើដូច្នេះឡើយ។

ដោយសារតែការមិនស្តាប់បង្គាប់របស់អ័ដាម និងអេវ៉ា បាបបានចូលមកក្នុងលោកិយ ហើយដោយសារតែបាបនេះ មនុស្សទាំងអស់ដែលបានកើតមកពីពួកគេ ត្រូវបន្តរស់នៅក្នុងបាប និងមិនអាចគេចពីការកាត់ទោសទម្លាក់ទៅក្នុងស្ថាននរកបានឡើយ។ ការដែលព្រះបានសង្រ្គោះយ៉ាកុបចេញពីបាប និងមិនបានសង្រ្គោះអេសាវ មិនកំណត់ថា ទ្រង់បានធ្វើខុសនោះឡើយ។ នៅចំពោះព្រះ ព្រះមានហេតុផលក្នុងការធ្វើដូច្នេះ។

យើងអាចមើលឃើញមនុស្សជាច្រើន ដែលប្រព្រឹត្តដូចជាអេសាវដែរ នៅក្នុងសហគមន៍គ្រីស្ទបរិស័ទ។ ជាទូទៅ ពួកគេនឹងមិនដែលខកខានកម្មវិធីថ្វាយបង្គំឡើយ ទោះបើកម្មវិធីថ្វាយបង្គំនៅពេលព្រឹកព្រហៀម រហូតដល់ពេលយប់ជ្រៅ ឬនៅពេលណា និងកន្លែងក៏ដោយ។ មនុស្សមួយចំនួនចំណាយពេលច្រើននៅក្នុងពួកជំនុំ ជាងនៅផ្ទះទៅទៀត ហើយធ្វើដំណើរពីកន្លែងការងារទៅពួកជំនុំ មិនទៅផ្ទះទេ។ យើងអាចហៅពួកគេថា «អ្នកឆេះឆួលខាងសាសនា»។ ប៉ុន្តែនៅក្នុងចំណោមពួកគេ មនុស្សជាច្រើនមិនយកចិត្តទុកដាក់ចំពោះសេចក្តីសុចរិតរបស់ព្រះឡើយ។ នេះដោយសារតែពួកគេកំពុងតែព្យាយាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ។

សូម្បីតែអ្នកដែលព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ ក៏នៅតែចង់បានទៅស្ថានសួគ៌ និងការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេដែរ។ ប៉ុន្តែពួកគេបែរជាព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេនៅចំពោះព្រះ និងអ្នកដទៃ មិនព្យាយាមបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេឡើយ។ ព្រះបានមានបន្ទូលទៅកាន់អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់ថា សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។

ដូច្នេះ តើមនុស្សបែបណាដែលអាចជឿលើសេចក្តីសុចរិតរបស់ព្រះបាន? ពួកគេគឺជាអ្នកដែលទទួលស្គាល់ភាពមានបាបរបស់ខ្លួន និងដឹងនៅក្នុងចិត្តថា ពួកគេមិនជាអ្វីឡើយ។ ពួកគេគឺជាអ្នកដែលជឿភ្លាម នៅពេលពួកគេស្វែងរកឃើញសេចក្តីសុចរិតរបស់ព្រះ តាមរយៈការធួននឹងបាបរបស់ទ្រង់ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការដែលយើងជឿលើសេចក្តីសុចរិតរបស់ព្រះ និងបានសង្រ្គោះ មានន័យថា យើងគឺជាមនុស្សដែលគួរឲ្យអាណិត ដែលត្រូវការសេចក្តីសុចរិតរបស់ព្រះ។ បើមិនដូច្នេះទេ យើងនឹងត្រូវរស់នៅក្នុងបាប អស់មួយជីវិតហើយ។ 

ប៉ុន្តែអ្នកដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួននៅចំពោះព្រះ គឺជាអ្នកដែលមានពេញដោយអំណួត។ ពួកគេអាចនិយាយថា «ព្រះអម្ចាស់ ទូលបង្គំបានថ្វាយតង្វាយមួយភាគដប់ដល់ទ្រង់ បានចំណាយពេលពេញមួយយប់អធិស្ឋានទៅកាន់ទ្រង់ មិនធ្លាប់បានខកខានកម្មវិធីថ្វាយបង្គំពេលព្រឹកព្រហៀម អស់រយៈពេលដប់ឆ្នាំមកហើយ ហើយបានធ្វើការល្អជាច្រើនសម្រាប់ទ្រង់»។ 

ទោះបីជាយ៉ាងណា ព្រះនឹងសព្វព្រះទ័យ បើសិនពួកគេបានទទួលស្គាល់ថា ពួកគេមិនមានសេចក្តីសុចរិតផ្ទាល់ខ្លួនសោះ និងត្រូវការជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈការធួននឹងបាប ដោយទឹក និងព្រះវិញ្ញាណ ជាជាងពួកគេព្យាយាមបង្ហាញពីអ្វីដែលពួកគេមិនអាចមាន និងធ្វើ ដោយការប្រព្រឹត្តរបស់ពួកគេ។

សូម្បីតែឥឡូវនេះ នៅក្នុងសហគមន៍គ្រីស្ទបរិស័ទ មានមនុស្សជាច្រើន ដែលកំពុងតែធ្វើគ្រប់យ៉ាង ដើម្បីបង្ហាញពីសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេខ្លះប្រព្រឹត្តយ៉ាងស្មោះត្រង់តាមពាក្យសម្តីរបស់ពួកគេទៀតផង។ ប៉ុន្តែដោយសារពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានសម្តែងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អំពើបាបរបស់ពួកគេមិនត្រូវបានអត់ទោសឲ្យទាំងស្រុងឡើយ។ ព្រះនឹងកំណត់ចុងបញ្ចប់របស់ពួកគេ។ យើងទាំងអស់គ្នាសង្ឃឹមថា ពួកគេនឹងបានធ្វើជាកូនពិតរបស់ព្រះ តាមរយៈការអត់ទោសអំពើបាប ដោយសារសេចក្តីជំនឿរបស់ពួកគេលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះអម្ចាស់ ដែលជាសេចក្តីពិតអំពីការធួននឹងបាប។

អំពីភាជន៍នៃសេចក្តីសង្រ្គោះ សាវកប៉ុលបាននិយាយថា ព្រះអាណិតអាសូរដល់អ្នកណា ដែលទ្រង់អណិតអាសូរ ហើយមានសេចក្តីមេត្តាករុណាដល់អ្នកណា ដែលទ្រង់មានសេចក្តីមេត្តាករុណាចំពោះ។ ដូច្នេះ តើអ្នកណាគឺជាអ្នកដែលទទួលបានសេចក្តីអាណិតអាសូររបស់ព្រះ? មនុស្សជាតិមិនអាចរស់នៅតាមព្រះបន្ទូលព្រះបានឡើយ ទោះបើពួកគេមានបំណងចិត្តពិតប្រាកដចង់ជឿ និងរស់នៅតាមព្រះបន្ទូលទ្រង់ក៏ដោយ។ ពួកគេមានតែសោកស្តាយ និងមានទោសនៅចំពោះព្រះប៉ុណ្ណោះ ហើយដឹងថា ពួកគេសមនឹងទទួលទោសធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ ពួកគេទូលសុំឲ្យព្រះមានក្តីអាណិតអាសូរដល់ពួកគេ ដោយទទួលស្គាល់ថា ពួកគេគួរឲ្យអាណិតទាំងនៅក្នុងលោកិយនេះ និងនគររបស់ព្រះផង។ ហើយដោយសារព្រះដឹងថា ពួកគេមិនអាចបានសង្រ្គោះ បើសិនព្រះមានអាណិតអាសូរដល់ពួកគេទេ ពួកគេទូលសុំក្តីអាណិតអាសូរពីទ្រង់។

នៅក្នុងន័យផ្សេង ការបានសង្រ្គោះចេញពីបាប មានសម្រាប់អ្នកដែលព្រះមានសេចក្តីអាណិតអាសូរ និងសេចក្តីមេត្តាករុណាចំពោះ។ សម្រាប់អ្នកទាំងនេះ ព្រះបានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់ទទួលផ្ទុកអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះពួកគេចេញពីសេចក្តីវិនាស។ ដូច្នេះ ព្រះវរបិតារបស់យើងមានសេចក្តីមេត្តាករុណាដល់អ្នកដែលគួរឲ្យអាណិតអាសូរ។ 

ប៉ុន្តែនៅក្នុងលោកិយនេះ ហាក់ដូចជាមានមនុស្សកាន់តែច្រើន ដែលព្រះមានសេចក្តីក្រោធចំពោះ ជាងមនុស្សដែលទ្រង់មានសេចក្តីមេត្តាករុណាចំពោះ។ ព្រះបានប្រាប់យើងថា នៅក្នុងសហគមន៍គ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានទាំងភាជន៍នៃសេចក្តីមេត្តាករុណា និងភាជន៍នៃសេចក្តីក្រោធ។ ហើយនៅក្នុងន័យផ្សេង មានមនុស្ស ដែលព្រះស្រឡាញ់ និងមនុស្ស ដែលព្រះមិនស្រឡាញ់។

 រ៉ូម ៩:១៧ ប្រាប់យើងថា «ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា [អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញផែនដី]»។ ព្រះបានអនុញ្ញាតឲ្យមនុស្សដូចជាផារ៉ោនមានអំណាច ដើម្បីឲ្យអំណាចព្រះចេស្តារបស់ទ្រង់បានល្បីរន្ទឺ។ ប៉ុន្តែទ្រង់បង្ហាញសេចក្តីស្រឡាញ់ដល់ភាជន៍នៃសេចក្តីមេត្តាករុណា ដើម្បឲ្យព្រះនាមទ្រង់ត្រូវបានប្រកាសនៅពាសពេញពិភពលោក។ ដោយសារតែអំពើបាបរបស់យើង និងសេចក្តីក្រោធរបស់ព្រះ យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយសារទ្រង់បានប្រទានសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ទ្រង់ដល់យើង ពីព្រោះទ្រង់មានសេចក្តីមេត្តាករុណាដល់យើង ដែលបានជឿដល់ទ្រង់។

អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ និងគ្រាន់តែចាប់អារម្មណ៍តែលើការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនប៉ុណ្ណោះ កំពុងតែទាស់ប្រឆាំងនឹងព្រះហើយ។ ពួកគេគឺជាអ្នកដែលព្រះទុកសម្រាប់សេចក្តីក្រោធរបស់ទ្រង់ ពីព្រោះសេចក្តីក្រោធដ៏ឃោរឃៅរបស់ទ្រង់បានសម្តែងមក ហើយត្រូវតែមានអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ ហើយតាមរយៈការនេះ យុត្តិធម៌នៃការជំនុំជម្រះរបស់ព្រះត្រូវបានសម្តែងឲ្យឃើញ។

មនុស្សដូចជាផារ៉ោន គឺជាអ្នកដែលបានបដិសេធសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ។ ព្រះបានទម្លាក់គ្រោះកាចទាំងដប់លើផារ៉ោន ដែលគ្រោះកាចចុងក្រោយបង្អស់គឺជាសេចក្តីស្លាប់។ សម្រាប់អ្នកដែលបានបដិសេធសេចក្តីស្រឡាញ់របស់ព្រះ មានតែបឹងភ្លើងដែលឆេះមិន ឈប់។ នេះគឺជាសេចក្តីក្រោធនៃអំណាចព្រះចេស្តារបស់ព្រះ។ មានមនុស្សដែលមានអំណាចយ៉ាងច្រើននៅក្នុងលោកិយនេះ និងមនុស្សជាច្រើនទៀត ដែលបដិសេធព្រះ ប៉ុន្តែទីបំផុត ព្រះនឹងទម្លាក់ពួកគេចុះ ដើម្បីប្រកាសពីអំណាចនៃសេចក្តីក្រោធរបស់ទ្រង់។ ដូច្នេះហើយបានជាទ្រង់បោះបង់តែចិត្តរឹងរួសរបស់អ្នកដែលបដិសេធទ្រង់ប៉ុណ្ណោះ។

ដូច្នេះ អ្វីដែលសំខាន់សម្រាប់យើង គឺរបៀបដែលយើងអាចធ្វើជាភាជន៍នៃសេចក្តីមេត្តាករុណា ដែលអាចជឿលើសេចក្តីស្រឡាញ់នៃ សេចក្តីសុចរិតរបស់ព្រះបាន។ យើងគ្មានអ្វីដែលត្រូវបង្ហាញនៅចំពោះព្រះឡើយ ប៉ុន្តែយើងបានកើតមក ដើម្បីជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ។ ព្រះគម្ពីរប្រាប់យើងពីរឿងមួយអំពីអ្នកទារពន្ធម្នាក់ និងពួក ផារ៉ាស៊ីម្នាក់ ដែលកំពុងតែអធិស្ឋានទៅកាន់ព្រះ។ ព្រះមានសេចក្តីមេត្តាករុណាដល់អ្នកទារពន្ធ ប៉ុន្តែទ្រង់មិនសព្វព្រះទ័យចំពោះពួកផារ៉ាស៊ីម្នាក់នោះទេ។ មនុស្សដូចជាអ្នកទារពន្ធ គឺជាអ្នកដែលទទួលស្គាល់ថា ពួកគេមិនបានធ្វើអ្វីល្អ និងខ្វះមិនដល់សិរីល្អនៃព្រះ ហើយពួកគេត្រូវទូលសុំ សេចក្តីមេត្តាករុណាពីព្រះ។

មនុស្សទាំងនេះ គឺជាអ្នកដែលនឹងបានពាក់សេចក្តីស្រឡាញ់នៃ សេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែមនុស្សដែលប្រព្រឹត្តដូចជាពួកផារ៉ាស៊ី តែងតែអួតពីស្នាដៃរបស់ពួកគេសម្រាប់ព្រះ គឺពួកគេថ្វាយតង្វាយមួយភាគដប់ អធិស្ឋានតមពីរដងក្នុងមួយសប្តាហ៍ អធិស្ឋាន និងមានភក្តីភាព។ ដោយយោងតាមរបៀបដែលពួកគេឈរនៅចំពោះព្រះ ពួកគេនឹងមិនបានពាក់សេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ និងត្រូវទទួលសេចក្តីក្រោធនៃការដាក់ទណ្ឌកម្មរបស់ទ្រង់។ ដូច្នេះ បើសិនយើងមានចិត្តរឹងរួសនៅចំពោះព្រះ អំពើបាបរបស់យើងនឹងនៅតែមិនបានទទួលការអត់ទោសជារៀងរហូត។ ហើយបើសិនគ្មានការអត់ទោសដល់អំពើបាប វាសនារបស់យើងគឺត្រូវធ្លាក់ទៅក្នុងស្ថាននរក។ 

ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសទៅគ្រប់ទីន្លែងនៃលោកិយនេះ។ អ្នកមិនបានសង្រ្គោះ នៅតែមិនបានសង្រ្គោះ ដោយសារតែពួកគេមានចិត្តរឹងរួស។ គ្មានអ្វីសុចរិតនៅក្នុងមនុស្សឡើយ ហើយមានតែសេចក្តីជំនឿប៉ុណ្ណោះ ដែលអាចពាក់សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះបាន។ ទោះបីជាព្រះបានបង្កើតពួកគេក៏ដោយ ក៏ព្រះស្អប់អ្នកដែលបដិសេធមិនទទួលស្គាល់សេចក្តីសុចរិតរបស់ទ្រង់ដែរ។ ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីសុចរិតរបស់ព្រះ នឹងត្រូវបានស្រឡាញ់ ដោយព្រះ និងទទួលបានជីវិតអស់កល្បជានិច្ច។

នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនកំពុងតែរស់នៅជាភាជន៍នៃ សេចក្តីក្រោធនៅចំពោះព្រះ។ ដូច្នេះហើយបានជាយើងត្រូវរៀនពីកណ្ឌគម្ពីររ៉ូមថា អ្វីគឺជាសេចក្តីសុចរិតរបស់ព្រះ។ មូលហេតុដែលព្រះស្រឡាញ់មនុស្សមួយចំនួន តែមិនស្រឡាញ់មនុស្សមួយចំនួនទៀតគឺថា មនុស្សមួយចំនួនជឿលើសេចក្តីសុចរិតរបស់ទ្រង់ ប៉ុន្តែមនុស្សមួយចំនួនទៀតមិនជឿទេ។ នេះគឺជាសេចក្តីពិត ដែលខ្ញុំចង់និយាយអំពី។ អ្វីដែលព្រះបានធ្វើចំពោះយ៉ាកុប និងអេសាវ គឺត្រឹមត្រូវហើយ។ ក្នុងចំណោមអ្នកដែលជឿដល់ព្រះយេស៊ូវ មានមនុស្សជាច្រើនដែលចង់ឲ្យព្រះស្រឡាញ់ ដោយមិនចាំបាច់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ ពួកគេដូចជា អេសាវ ហើយព្រះនឹងកាត់ទោសពួកគេ សម្រាប់អំពើបាបរបស់ពួកគេ។

ព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់ឲ្យយាងមក ដើម្បីទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តែម្តងជាសម្រេច។ តើអ្នកជឿតាមសេចក្តីពិតនេះទេ? ហើយតើអ្នកពិតជាជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នកទេ? យើងនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងភ្លាមតែម្តង នៅពេលយើងជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសម្តែងឲ្យឃើញពីសេចក្តីសុចរិតរបស់ព្រះ។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានដាក់អំពើបាបទាំងនេះនៅលើស្មារបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ តែម្តងជាសម្រេច ដើម្បីឲ្យយើងក៏អាចបានរួចពីអំពើបាបរបស់យើង តែម្តងជាសម្រេចផងដែរ។

ប៉ុន្តែបើសិនយើងប៉ុនប៉ងចង់បានការធួននឹងបាប ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះ យើងធ្វើបាបទាស់ប្រឆាំងនឹងទ្រង់ហើយ។ បើសិនយើងមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់ទេ នោះមានន័យថា ព្រះយេស៊ូវគ្រីស្ទនឹងត្រូវតែទទួលបុណ្យជ្រមុជ និងសុគត ជារៀងរាល់ថ្ងៃ សម្រាប់អំពើបាបរបស់យើងហើយ។ នៅក្នុងប្រាជ្ញារបស់ទ្រង់ តើព្រះនឹងជ្រើសរើសផ្លូវនេះឬ? ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះបានបញ្ជូនព្រះរាជបុត្រានៃទ្រង់តែម្តង ដើម្បីទទួលបុណ្យជ្រមុជ សុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញតែម្តង សម្រាប់អំពើបាបទាំងអស់របស់យើង ដើម្បីឲ្យទ្រង់សង្រ្គោះយើងទាំងស្រុង តែម្តងជាសម្រេច។

ព្រះរបស់យើងគឺជាព្រះដ៏សុចរិត ហើយទ្រង់បានរៀបចំផែនការអត់ទោសដល់អំពើបាបរបស់យើង នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ទ្រង់មិនលុបបំបាត់អំពើបាបរបស់យើង ដោយសារតែយើងអធិស្ឋានសម្រាប់ការអត់ទោសពីទ្រង់ រាល់ពេលដែលយើងធ្វើបាបនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានលុបបំបាត់អំពើបាបទាំងអស់របស់អ្នកដែលបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ តែម្តងជាសម្រេច។

ដូច្នេះ តើមានអ្វីកើតឡើងចំពោះអំពើបាបប្រចាំថ្ងៃ ដែលយើងប្រព្រឹត្តបន្ទាប់មកទៀត? ព្រះបានទទួលយកអំពើបាបទាំងនេះ នៅពេលយើងថ្វាយបង្គំទ្រង់ ដោយការអរព្រះគុណសម្រាប់សេចក្តីសុចរិតរបស់ទ្រង់ និងថ្វាយគ្រប់ទាំងសិរីល្អដល់ទ្រង់តែមួយអង្គគត់។ នៅចំពោះទ្រង់ ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់តែម្តង បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងទទួលការកាត់ទោសជំនួសយើងតែម្តង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញតែម្តង និងប្រទានសេចក្តីសង្រ្គោះពេញលេញដល់យើង តែម្តងជាសម្រេច។ សេចក្តីស្រលាញ់នៃសេចក្តីសុចរិតរបស់ព្រះ បានបំពេញសម្រេចផែនការរបស់ទ្រង់ ក្នុងការលុបបំបាត់អំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច។

រ៉ូម ៩:២៥ និយាយថា «ដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា [អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ]»។ បាទ ព្រះបានមានបន្ទូលថា ទ្រង់នឹងហៅអ្នកដែលមិនមែនជា រាស្ត្ររបស់ទ្រង់ ជារាស្ត្ររបស់ទ្រង់។ ដោយសារសេចក្តីសុចរិតរបស់ព្រះ ដែលយើងជឿ មិនមែនជាទ្រឹស្តីទេ ប៉ុន្តែជាការពិត យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើសេចក្តីសុចរិតនេះ។ ដោយសារវាគឺជាការពិត អ្នកដែលព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ទ្រង់ នឹងត្រូវបានស្អប់ និងវិនិច្ឆ័យ ដូចជាអេសាវដែរ។ គ្មានអ្នកណាម្នាក់អាចអួតពីសេចក្តីសុចរិតរបស់ខ្លួននៅចំពោះព្រះបានឡើយ។

ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ព្រះបានសង្រ្គោះយើង ដោយសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ តើយើងមិនអាចអរព្រះគុណ និងសរសើរតម្កើងទ្រង់បានយ៉ាងដូចម្តេច? យើងត្រូវតែផ្សព្វផ្សាយដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ ដោយការអរព្រះគុណ និងសេចក្តីជំនឿ។