Sermons

[16] ជម្រាបសួរគ្នាទៅវិញទៅមក



នៅក្នុង អាវសានកថារបស់គាត់ សាវកប៉ុលបានប្រាប់ឲ្យពួកបរិសុទ្ធនៅក្រុងរ៉ូម និងយើងផងដែរ ជម្រាបសួរគ្នាទៅវិញទៅមក។ តើយើងអាចជម្រាបសួរអ្នកណា ដោយអស់ពីចិត្តនៅក្នុងព្រះអម្ចាស់ នៅសម័យនេះបាន? យើងអាចជម្រាបសួរអ្នកដឹកនាំ និងអ្នកជឿ ដែលកំពុងតែប្រកាសព្រះបន្ទូលព្រះនៅទូទាំងពិភពលោកបាន។ យើងអាចមានទំនាក់ទំនងជាមួយអ្នកដែលបានសង្រ្គោះ ដោយការអានសៀវភៅអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ហើយយើងក៏មានពួកជំនុំ អ្នកជឿ និងអ្នកបម្រើព្រះផងដែរ ដែលយើងអាចជម្រាបសួរនៅក្នុងព្រះគ្រីស្ទបាន។

មនុស្សសុចរិតមិនអាចជម្រាបសួរមនុស្សគ្រប់គ្នាបានទេ ពីព្រោះមិនមែនគ្រប់គ្នាសុទ្ធតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ មិនមានមនុស្សយ៉ាងច្រើននៅក្នុងលោកិយនេះទេ ដែលយើងអាចជម្រាបសួរដោយអំណរបាន។ ហើយគួរឲ្យសោកស្តាយ ដែលមិនមានមនុស្សយ៉ាងច្រើនទេ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយយើងអាចជម្រាបសួរ និងមានទំនាក់ទំនងជាមួយ នៅក្នុងសេចក្តីជំនឿតែមួយបាន។ យើងមិនអាចមានទំនាក់ទំនងជាមួយមនុស្សមានបាប ដែលធ្វើពុតជាអ្នកបម្រើរបស់ព្រះ នៅក្នុងពួកជំនុំរបស់លោកិយនេះបានឡើយ។

ដូចដែលបាប និងព្រះវិញ្ញាណបរិសុទ្ធ មិនអាចនៅជាមួយគ្នាបាន មនុស្សមានបាប និងមនុស្សសុចរិត ក៏មិនអាចជម្រាបសួរគ្នាទៅវិញទៅមកបានដែរ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចថ្វាយការថ្វាយបង្គំខាងវិញ្ញាណដល់ព្រះ និងធ្វើកិច្ចការខាងវិញ្ញាណបាន។ ប៉ុន្តែមនុស្សមានបាប ដែលមិនទាន់ទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ប៉ុនប៉ងបានសង្រ្គោះ ដោយការគោរពតាមក្រិត្យវិន័យរបស់ព្រះវិញ ហើយពួកគេមិនអាចមានទំនាក់ទំនងខាងវិញ្ញាណជាមួយមនុស្សសុចរិតបានឡើយ។ ដូចដែលសត្វព្រៃ និងមនុស្ស មិនអាចសន្ទនាជាមួយគ្នាបាន មនុស្សសុចរិតក៏មិនអាចមានទំនាក់ទំនងខាងវិញ្ញាណជាមួយមនុស្សមានបាបបានដែរ។

យើងអាចមើលឃើញថា មានតែអ្នកដែលសាវកប៉ុលមានទំនាក់ទំនងខាងវិញ្ញាណជាមួយប៉ុណ្ណោះ គឺជាអ្នកដែលមានសេចក្តីជំនឿដូចជាសេចក្តីជំនឿរបស់គាត់ដែរ។ យើងដឹងថា បើសិនមនុស្សម្នាក់មានទំនាក់ទំនងជាសាវកប៉ុល វាមានន័យថា សាវកប៉ុលបានទទួលស្គាល់សេចក្តីជំនឿរបស់គាត់ហើយ។ ដូច្នេះ ខ្ញុំបានគិតថា «បើសិនខ្ញុំត្រូវទៅតំបន់ណាមួយនៅថ្ងៃនេះ តើខ្ញុំគួរតែជម្រាបសួរ និងសួរសុខទុក្ខអ្នកណា?»។ ខ្ញុំប្រាកដថា ខ្ញុំនឹងទៅសួរសុខទុក្ខពួកជំនុំ Sokcho បើសិនខ្ញុំទៅ Sokcho ហើយខ្ញុំនឹងទៅសួរសុខទុក្ខពួកជំនុំ Gangneung បើសិនខ្ញុំទៅ Gangneung។ នៅទីនោះ ខ្ញុំអាចជួបជាមួយអ្នកបម្រើរបស់ព្រះ និងអ្នកជឿ ហើយមានទំនាក់ទំនង និងកាច់នំប៉័ងជាមួយពួកគេបាន។ ហើយនៅទីនោះ ខ្ញុំក៏អាចទៅសួរសុខទុក្ខដល់ផ្ទះរបស់បងប្អូនប្រុសស្រីរបស់ខ្ញុំ និងជម្រាបសួរពួកគេបានផងដែរ។ ប៉ុន្តែអ្នកដែលខ្ញុំអាចជម្រាបសួរបាន គឺជាអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ ដែលយើងមានសេចក្តីជំនឿតែមួយនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ 

យើងអាចមើលឃើញថា អ្នកដែលសេចក្តីជំនឿរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយសាវកប៉ុល មានពរហើយ។ វាអស្ចារ្យណាស់ ដែលយើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបញ្ជាក់ពីសេចក្តីជំនឿ និងជម្រាបសួរគ្នាទៅវិញទៅមក។ តើអ្នកមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យអ្នកជម្រាបសួរគ្នាទៅវិញទៅមកដែរទេ? តើអ្នកអាចប្រកាសយ៉ាងស្មោះត្រង់ និងឥតសង្ស័យថា អ្នកឥតមានបាបដែរទេ?

ខ្ញុំ បានមានឱកាសជម្រាបសួរបងប្អូនរួមជំនឿនៅប្រទេសចិន នៅពេលខ្ញុំធ្វើទស្សនកិច្ចនៅទីនោះ។ ខ្ញុំបានទៅសួរសុខទុក្ខប្អូនប្រុសម្នាក់ នៅតាមដងទន្លេ Heran។ បន្ទាប់ពីយើងបានភ្ញាក់ឡើងនៅព្រឹកបន្ទាប់ គាត់បានរៀបចំអាហារពេលព្រឹកយ៉ាងឆ្ងាញ់សម្រាប់យើង។ យើងបានអង្គុយនៅជុំវិញតុដ៏ធំមួយ ដែលជាតុដែលយើងធ្លាប់តែប្រើសម្រាប់ច្រើនគ្រួសារ ហើយយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជឿនៅទីនោះ។ ក៏មានគ្រូផ្សាយដំណឹងល្អម្នាក់នៅទីក្រុងក្បែរនោះដែរ ដែលពិតជាចង់ជួបជាមួយយើង។ ដូច្នេះ យើងក៏បានទៅសួរសុខទុក្ខ និងមានទំនាក់ទំនងល្អជាមួយគាត់ផងដែរ។ ដូច្នេះ យើងអាចជម្រាបសួរអ្នកណាដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។

តើខ្ញុំនឹងទៅណា បើសិនខ្ញុំទៅសហរដ្ឋអាមេរិក? ខ្ញុំនឹងទៅសួរសុខទុក្ខលោកគ្រូគង្វាល Sangchan Lee និងភរិយារបស់គាត់ នៅ Flushing ទីក្រុង New York។ ហើយនៅទីនោះ ខ្ញុំក៏នឹងទៅសួរសុខទុក្ខពួកជំនុំជីវិតថ្មី ដើម្បីជួបជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំផងដែរ។ ហើយនៅប្រទេស រុស្សី ក៏មានពួកជំនុំដែលបានកើតជាថ្មីមួយផងដែរ ដែលខ្ញុំបានទៅសួរសុខទុក្ខ កាលពីពីរបីឆ្នាំមុន។ ហើយនៅប្រទេសជប៉ុន ខ្ញុំចង់ទៅសួរសុខទុក្ខដល់ផ្ទះរបស់អ្នកគ្រូជំនួយ Soon-Ok Park នៅទីក្រុងតូក្យូ។

យើងគឺជាមនុស្សសុចរិត ដែលបានសង្រ្គោះ ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងមិនបានសង្រ្គោះ ដោយសារការសម្រេចបានខាងសាច់ឈាមរបស់យើងឡើយ ប៉ុន្តែដោយសារសេចក្តីសុចរិតរបស់ព្រះ ដែលយើងទទួលបាន តាមរយៈ សេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។

ដូចដែលអ្នកអាចមើលឃើញហើយ ព្រះបានញែកមនុស្សមួយចំនួនសម្រាប់ឲ្យមនុស្សសុចរិតជម្រាបសួរ ដូចដែលសាវកប៉ុលមានបញ្ជីរាយនាមមនុស្ស ដែលត្រូវជម្រាបសួរនៅក្នុង រ៉ូម ១៦ ដែរ។ ហើយដូចដែលសាវកប៉ុលបានធ្វើ យើងមិនអាចជម្រាបសួរគ្រីស្ទបរិស័ទទាំងអស់បានទេ ពីព្រោះមិនមែនពួកគេទាំងអស់សុទ្ធតែមានសេចក្តីជំនឿត្រឹមត្រូវទេ ប៉ុន្តែយើងអាចជម្រាបសួរតែអ្នកដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ យើងពិតជាសរសើរតម្កើងព្រះ សម្រាប់ការប្រទានដល់យើងនូវសេចក្តីជំនឿ ដែលយើងអាចជម្រាបសួរគ្នាទៅវិញទៅមកបាន។ 



សាវកប៉ុលបានព្រមានយើងឲ្យនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ


ចាប់ពី ខ.១៧ ការដាស់តឿនទីពីររបស់សាវកប៉ុលដល់យើង គឺត្រូវនៅឲ្យឆ្ងាយពីអ្នកដែលបម្រើតែពោះរបស់ខ្លួនប៉ុណ្ណោះ។ «ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្តីរវាតចិត្ត ខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចផង» (រ៉ូម ១៦:១៧-១៨)។ មានពួកអ្នកដែលមិនបម្រើព្រះគ្រីស្ទទេ តែបម្រើតែពោះរបស់ពួកគេប៉ុណ្ណោះវិញ។ ពួកគេគឺជាអ្នកដែលបណ្តាលឲ្យមានការបែកបាក់នៅក្នុងចំណោមអ្នកជឿ និងបោកបញ្ឆោតមនុស្សស្លូតត្រង់ ដោយពាក្យសម្តីផ្អែមពីរោះ និងពាក្យបញ្ចើច។ ដូច្នេះ យើងមិនត្រូវជម្រាបសួរមនុស្សទាំងនេះឡើយ ប៉ុន្តែយើងត្រូវតែនៅឲ្យឆ្ងាយពីពួកគេវិញ។ 

សាវកប៉ុលបានព្រមានយើង ឲ្យនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ពីព្រោះពួកគេបង្កតែបញ្ហានៅក្នុងពួកជំនុំប៉ុណ្ណោះ ដោយបង្អាក់អ្នកដែលជឿព្រះដោយស្មោះត្រង់ និងប្រមូលមនុស្សស្លូតត្រង់ ដើម្បីបំពេញតាមសេចក្តីលោភលន់របស់ពួកគេ។ អ្នកដឹកនាំគ្រីស្ទបរិស័ទដែលបោកបញ្ឆោតបែបនេះ ព្យាយាមបង្ខាំងមនុស្សនៅក្នុងបាប ដោយបង្រៀនមនុស្សឲ្យគោរពតាមក្រិត្យវិន័យទាំងស្រុង។ ហើយពួកគេគ្រាន់តែចង់ចម្អែតក្រពះរបស់ពួកគេ និងបោកមនុស្សស្លូតត្រង់ នៅក្នុងព្រះនាមព្រះយេស៊ូវតែប៉ុណ្ណោះ។ ដូច្នេះ យើងមិនចាំបាច់ជម្រាបសួរពួកគេឡើយ ពីព្រោះពួកគេចូលមកក្នុងព័ន្ធកិច្ចរបស់យើង ដើម្បីតែបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ។



ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវតែបានប្រកាសទៅដល់ គ្រប់ទាំងជាតិសាសន៍!


ទីបី សាវកប៉ុលបាននិយាយអំពីភាពចាំបាច់សម្រាប់ការប្រកាសដំណឹងល្អទៅកាន់គ្រប់ទាំងជាតិសាសន៍។ ខ.២៦ និយាយថា «តែឥឡូវនេះបានបើកសំដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវ»។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសាវកប៉ុលបានប្រកាស គឺពិតជាដំណឹងល្អ ដែលគ្រប់ទាំងជាតិសាសន៍ត្រូវតែជឿតាម និងស្តាប់តាម។ គួរឲ្យសោកស្តាយណាស់ ដែលឥឡូវនេះ ស្ទើរតែគ្រប់តំបន់ដែលសាវកប៉ុលបានដាំក្រុមជំនុំ ជាមួយអ្នកដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានក្លាយជាតំបន់ដែលជឿតាមសាសនាអ៊ីស្លាម។ 

នៅពេលនោះ សាវកប៉ុលបានទៅតំបន់ទាំងនេះ ហើយបានបង្កើតអ្នកដឹកនាំពួកជំនុំនៅក្នុងចំណោមអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ វាស្រដៀងគ្នានឹងរបៀបដែលយើងបញ្ជូនអ្នកធ្វើការទៅពួកជំនុំរបស់យើង បន្ទាប់ពីបានហ្វឹកហ្វឺនពួកគេនៅក្នុងសាលាបេសកកម្មរបស់យើងរួចហើយ។ ទោះបីជាពួកគេនៅពេលនោះ បានរក្សាសេចក្តីជំនឿរបស់ខ្លួនបានយ៉ាងល្អនៅក្នុង «ព្រះអម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១» (អេភេសូរ ៤:៥) ក៏ដោយ ក៏ពួកគេខកខានមិនបានរក្សាសេចក្តីជំនឿនៅក្នុងដំណឹងល្អ ដូចដែលពួកគេមិនបានសរសេរកត់ត្រាដំណឹងល្អដែរ។

ឥឡូវនេះ យើងកំពុងតែស្ថិតនៅក្នុងដំណើរការនៃការបកប្រែសៀវភៅរបស់យើងទៅជាភាសាតួគី។ មនុស្សម្នាក់ពីប្រទេសតួគីត្រូវបានប៉ះពាល់ ដោយសៀវភៅជាភាសាអង់គ្លេសរបស់យើង ហើយបានស្ម័គ្រចិត្តបកប្រែសៀវភៅទាំងនោះ។ ឥឡូវនេះ យើងកំពុងតែចាប់ផ្តើមផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់កន្លែងដែលសាវកប៉ុលធ្លាប់បានប្រកាសដំណឹងល្អ និងដាំក្រុមជំនុំរបស់ព្រះ។ យើងកំពុងតែប្រកាសដំណឹងល្អតែមួយ ដែលសាវកប៉ុលបានប្រកាសនៅពាសពេញតំបន់ដូចគ្នា ដែលគាត់បានទៅដល់។ ដំណឹងល្អដែលសាវកប៉ុលបានប្រកាស គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចសង្រ្គោះជាតិសាសន៍ទាំងអស់បាន ដោយការជឿ និងស្តាប់តាម។ 

នៅក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីររ៉ូម សាវកប៉ុលបានប្រាប់ពួកបរិសុទ្ធនៅក្រុងរ៉ូម ឲ្យជម្រាបសួរគ្នាទៅវិញទៅមក នៅឲ្យឆ្ងាយពីអ្នកដែលចម្អែតតែពោះរបស់ខ្លួន និងផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅដល់គ្រប់ទាំងជាតិសាសន៍។ 



ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងតាំងអ្នកឲ្យបានខ្ជាប់ខ្ជួន


ចំណុចទីបួន ដែលសាវកប៉ុលបាននិយាយអំពីគឺថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាប្រាជ្ញារបស់ព្រះ ដែលនឹងតាំងយើងឲ្យបានខ្ជាប់ខ្ជួន។ «រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្តីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក តែឥឡូវនេះបានបើកសំដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន» (រ៉ូម ១៦:២៥-២៧)។ តើអ្វីអាចតាំងពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យបានខ្ជាប់ខ្ជួនបាន? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់សាវកប៉ុល ដែលអាច និងបានតាំងពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យបានខ្ជាប់ខ្ជួន។ ហើយដំណឹងល្អនេះក៏ជាប្រាជ្ញារបស់ព្រះផងដែរ។ 

ប្រាជ្ញារបស់ទ្រង់មាននៅក្នុងដំណឹងល្អ ដែលទ្រង់បានប្រទានដល់យើង។ ហើយដំណឹងល្អនេះមានអំណាចដោះអំពើបាបទាំងអស់របស់មនុស្សមានបាបចេញ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវបានរាប់ជាឥតបាប និងជាអ្នកប្រកាសដំណឹងល្អនេះ ទោះបើពួកគេខ្សោយ និងមានកំហុសជាច្រើនក៏ដោយ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងប្រាជ្ញារបស់ព្រះចេញពីដំណឹងល្អនេះ ធ្វើឲ្យយើងក្លាយជាមនុស្សសុចរិតពេញលេញ។ ហើយគ្មានសេចក្តីពិតណាផ្សេងទៀត ក្រៅពីដំណឹងល្អនេះ ដែលអាចតាំងព្រលឹង ចិត្ត និងរូបកាយរបស់មនុស្សឲ្យបានខ្ជាប់ខ្ជួនបានឡើយ។

សាវកប៉ុលមិនគ្រាន់តែហៅដំណឹងល្អថា «ដំណឹងល្អ» ប៉ុណ្ណោះទេ ប៉ុន្តែគាត់ហៅវាថា «ដំណឹងល្អខ្ញុំ»។ ដំណឹងល្អដែលគាត់បានប្រកាស គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងឲ្យឃើញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ដំណឹងល្អនេះផ្អែកលើដំណឹងល្អដែលពួកគេហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានបើកសម្តែង ហើយព្រះយេស៊ូវបានបំពេញសម្រេចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «ដំណឹងល្អរបស់គាត់» ត្រូវបានបើក សម្តែងឲ្យឃើញពីអាថ៌កំបាំង ដែលបានលាក់ទុកនៅក្នុងគម្ពីរហោរា។

ដំណឹងល្អដែលសាវកប៉ុលបានប្រកាស សំដៅទៅលើប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងកណ្ឌទាំងប្រាំដំបូង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាពិសេស កណ្ឌគម្ពីរលេវីវិន័យ ហើយត្រូវបានបំពេញសម្រេច ដោយព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាសេចក្តីសុចរិតរបស់ព្រះ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ដូច្នេះហើយបានជាសាវក ប៉ុលថ្វាយគ្រប់ទាំងសិរីល្អដល់ «ព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ»។

ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាំងពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះឲ្យបានខ្ជាប់ខ្ជួនឡើង។ តាមរយៈដំណឹងល្អនេះ សេចក្តីជំនឿ ព្រលឹង ចិត្តគំនិត និងរូបកាយរបស់យើងត្រូវបានតាំងឲ្យខ្ជាប់ខ្ជួនឡើង។ តើសេចក្តីជំនឿរបស់យើងអាចត្រូវបានតាំងឲ្យខ្ជាប់ខ្ជួនដោយរបៀបណា? ហើយតើអ្វីធ្វើឲ្យយើងឈរយ៉ាងរឹងមាំគ្រប់ពេលវេលា នៅពេលយើងតែងតែខ្សោយដូច្នេះ?

សេចក្តីជំនឿរបស់យើងកាន់តែរឹងមាំទៅៗ ពីព្រោះយើងបានទទួលសេចក្តីសង្រ្គោះរបស់ព្រះគ្រីស្ទ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ យើងអាចនិយាយថា យើងឥតមានបាបនៅចំពោះព្រះទេ ពីព្រោះចិត្តរបស់យើងមិនមានអ្វីត្រូវខ្មាស់ទៀតឡើយ ហើយជាមួយនឹងសេចក្តីជំនឿខាងវិញ្ញាណដែលមិនខ្មាស់ យើងអាចផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅដល់អ្នកដែលនៅជាប់នៅក្នុងបាបបាន។



ការដាស់តឿនចុងក្រោយ


សាវកប៉ុល បញ្ចប់ជំពូក១៦នេះ ដោយការអធិស្ឋានបញ្ចប់ថា «ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន»។ តើអ្វីថ្វាយសិរីល្អដល់ព្រះបំផុត? ការប្រកាសពីសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ថ្វាយសិរីល្អដល់ព្រះខ្លាំងបំផុត។ យើងក៏ទទួលបានសិរីល្អផងដែរ នៅពេលយើងបម្រើដំណឹងល្អ ដោយអស់ពីចិត្តរបស់យើង។ 

ខ្លឹមសារនៃសាររបស់សាវកប៉ុលនៅក្នុង រ៉ូម ១៦ គឺ៖ ជម្រាបសួរគ្នាទៅវិញទៅមក នៅឲ្យឆ្ងាយពីអ្នកដែលបម្រើតែពោះរបស់ខ្លួន ផ្សាយដំណឹងល្អទៅកាន់គ្រប់ទាំងជាតិសាសន៍។ នេះគឺជាការដាស់តឿនចុងក្រោយ ដែលសាវកប៉ុលបានផ្តល់ដល់ពួកជំនុំនៅក្រុងរ៉ូម។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសាវកប៉ុលបានប្រកាស មានអំណាចតាំងយើងឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃបាន។ នេះហើយជាអ្វីដែលយើងជឿ។ សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីជំនឿតែមួយ ដែលពួកសាវកនៅក្នុងព្រះគម្ពីរមាន និងអ្វីដែលពួកជំនុំរបស់យើងជឿតាមនៅពេលឥឡូវនេះ។ 

តើអ្នកមើលឃើញពីភាពដូចគ្នាដែរទេ? ខ្ញុំមានសេចក្តីស្ងើចសរសើរ កាលណាខ្ញុំអានព្រះគម្ពីរ និងបានដឹងថា យើងក៏មានសេចក្តីជំនឿដូចគ្នានឹងសេចក្តីជំនឿរបស់តួអង្គនៅក្នុងព្រះគម្ពីរ ដែលបានរស់នៅកាលពីជាងពីរពាន់ឆ្នាំមុនដែរ។ 

តើអ្នកធ្លាប់បានគិតអំពីចំនួនមនុស្សដែលយើងចែកចាយដំណឹងល្អជាមួយជារៀងរាល់ថ្ងៃដែរទេ? យើងចែកចាយដំណឹងល្អជាមួយមនុស្សមិនតិចជាងពីរពាន់នាក់ទេក្នុងមួយថ្ងៃ។ ពីរពាន់នាក់នេះនឹងចម្រើនឡើងជាមួយម៉ឺននាក់ក្នុងពេលដ៏ឆាប់ បើសិនអ្នកដែលបានកើតជាថ្មីនៅក្នុងជាតិសាសន៍នីមួយៗប្រកាសដំណឹងល្អទៅកាន់អ្នកជិតខាងរបស់ពួកគេ ហើយមួយម៉ឺននាក់នឹងចម្រើនឡើងជាពីរម៉ឺននាក់ បើសិនពួកគេគ្រាន់តែចែកចាយដំណឹងល្អតែម្តងទៅកាន់អ្នកដទៃ។ ដូច្នេះ ដូចដែលអ្នកអាចមើលឃើញហើយ ការប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូលមិនមែនជាកាតព្វកិច្ចមួយ ដែលយើងមិនអាចធ្វើបាននោះឡើយ។

ពិតមែនហើយ លក្ខណៈពិសេសនៃសៀវភៅរបស់យើងអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺថា ដំណឹងល្អមិនបាត់បង់ឡើយ ប៉ុន្តែត្រូវបានរក្សាទុក ហើយអត្ថន័យក៏មិនផ្លាស់ប្តូរដែរ ទោះបើមនុស្សជាច្រើនអានក៏ដោយ។ នៅទីណាមានសៀវភៅមួយក្បាល ដែលមានផ្ទុកនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មនុស្សជាច្រើននឹងខ្ចីអាន ហើយដំណឹងល្អរបស់ព្រះនឹងផ្សព្វផ្សាយចេញទៅ។ ថ្ងៃដែលដំណឹងល្អនឹងទៅដល់លោកិយទាំងមូល កាន់តែខិតជិតមកដល់ហើយ។ 

សេចក្តីសុចរិតរបស់ព្រះ ដែលអ្នកទទួលបាន ដោយសារសេចក្តីជំនឿរបស់អ្នក គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសូម្បីតែមនុស្សនៅក្នុងប្រទេសអភិវឌ្ឍក៏មិនបានស្គាល់ដែរ។ ដំណឹងល្អពិត ដែលយើងចង់ចែកចាយជាមួយលោកិយទាំងមូល គឺជាអាថ៌កំបាំង ដែលលោកិយនេះមិនបានដឹង។ ដូច្នេះហើយបានជាយើងមានភាពឆេះឆួលចង់បើកសម្តែងអាថ៌កំបាំងនៃសេចក្តីសង្រ្គោះនេះ ទៅដល់អ្នកដែលជាប់នៅក្នុងអំពើបាបរបស់ខ្លួន។ សេចក្តីសុចរិតរបស់ព្រះនេះ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បញ្ជាក់យ៉ាងច្បាស់ថា អ្នកណាដែលទទួលយកដំណឹងល្អនេះ នឹងថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះ។ 

មនុស្សមួយចំនួនគិតថា យើងបន្តនិយាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដដែលៗ។ ប៉ុន្តែទោះបីជាយើងនិយាយអំពីវាជាច្រើនដង ក៏វានៅតែបង្កើតអំណរ និងការអរព្រះគុណនៅក្នុងព្រលឹងរបស់យើងដែរ។ ដោយសារមានគ្រីស្ទបរិស័ទយ៉ាងច្រើន នៅតែជាប់នៅក្នុងបាបរបស់ខ្លួននៅឡើយ យើងនៅតែបន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូលជានិច្ច។ ដោយសារដំណឹងល្អនេះគឺជាដំណឹងល្អដែលពួកសាវក រួមទាំងសាវកប៉ុលផង បានផ្តល់ឲ្យ ព្រលឹងទាំងអស់គួរតែជឿតាមដំណឹងល្អនេះ។ យើងត្រូវស្តាប់ និងឆ្លាក់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះនៅក្នុងចិត្តរបស់យើង ពីព្រោះវាពិតជាសំខាន់សម្រាប់ គ្រីស្ទបរិស័ទម្នាក់ៗមែន។

តាមរយៈសៀវភៅបោះពុម្ព និងអេឡិចត្រូនិក និងគេហទំព័ររបស់យើង យើងចែកចាយដំណឹងល្អជាមួយមនុស្សជាងពីរពាន់នាក់ក្នុងមួយថ្ងៃៗ។ យើងមានភាពប្រាកដច្បាស់ថា បើសិនពូជនៃសេចក្តីពិតធ្លាក់ទៅលើដីល្អ វានឹងអាចបង្កើតផលផ្លែជាសាមសិបដង ហុកសិបដង ឬមួយរយដង។ មនុស្សម្នាក់អាចប្រកាសដំណឹងល្អទៅកាន់មនុស្សជាច្រើននាក់បាន ហើយពួកគេម្នាក់ៗអាចប្រកាសដំណឹងល្អ ទៅកាន់មនុស្សជាច្រើននាក់ផ្សេងទៀតបាន។

នៅពេលយើងស្តាប់ឮថា ដំណឹងល្អរបស់យើងកំពុងតែត្រូវបានផ្សាយទៅដល់មនុស្សចំនួនពីរពាន់នាក់ជារៀងរាល់ថ្ងៃ ចិត្តរបស់យើងបានពេញដោយសេចក្តីសុចរិតរបស់ព្រះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការបើកផ្លូវ ឲ្យយើងបានប្រកាសដំណឹងល្អនេះ ទៅកាន់លោកិយទាំងមូល។ ខ្ញុំអធិស្ឋានថា ព្រះនឹងតាំងសេចក្តីជំនឿរបស់អ្នកបម្រើទ្រង់ឲ្យកាន់តែខ្ជាប់ខ្ជួនឡើង។ 

ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលឥឡូវនេះ កំពុងតែផ្សាយទៅពាសពេញលោកិយនេះ គឺជារលកថ្មីមួយនៃសេចក្តីពិតសម្រាប់សេចក្តី សង្រ្គោះ។ ដំណឹងល្អនេះគឺជាផ្លូវតែមួយគត់ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងចូលទៅក្នុងនគរព្រះ។ មិនថាអ្នកព្យាយាមស្វែងរកនៅក្នុងសាសនាទាំងឡាយនៅក្នុងលោកិយនេះយ៉ាងណា អ្នកនឹងមិនរកឃើញដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះឡើយ។

មនុស្សនៅទូទាំងពិភពលោក នឹងអរព្រះគុណដល់ព្រះ ពីព្រោះឥឡូវនេះ ពួកគេជឿលើសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គ្រប់គ្នាដែលអានសៀវភៅរបស់យើង នឹងនិយាយថា «អ្ហា! នេះគឺជារបៀបដែលព្រះយេស៊ូវបានសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ!» ពីព្រោះពួកគេមិនធ្លាប់បានស្តាប់ឮដំណឹងល្អនេះពីមុនមកឡើយ។

អ្នកដែលចង់បានរួចពីចំណងបាប និងអ្នកដែលចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ នឹងទទួលបានសេចក្តីអត់ទោសពេញលេញសម្រាប់អំពើបាបរបស់ខ្លួន និងសន្តិភាពផ្លូវចិត្ត កាលណាពួកគេស្គាល់ និងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ចាប់ពីវេលានេះតទៅ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងផ្សាយទៅដល់គ្រប់ទាំងជាតិសាសន៍នៅក្នុងលោកិយនេះ។ 

ចិត្តរបស់ខ្ញុំបានពេញដោយអំណរ ដែលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណកំពុងតែផ្សាយទៅកាន់ពិភពលោកទាំងមូល។ ទោះបើជាខ្ញុំបម្រើដំណឹងល្អ ក៏ខ្ញុំដឹងថា ខ្ញុំនៅពេញដោយភាពខ្សោយ និងកំហុស។ ប៉ុន្តែដោយសារខ្ញុំជឿទាំងស្រុងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងស្គាល់សេចក្តីសុចរិតរបស់ព្រះ ខ្ញុំតែងតែទទួលបានកម្លាំងពីព្រះអម្ចាស់ជានិច្ច ដើម្បីឲ្យខ្ញុំអាចបន្តបម្រើដំណឹងល្អនេះជាបន្តទៀតបាន។ ឥឡូវនេះ ដំណឹងល្អបានចូលទៅដល់ជាតិសាសន៍កាន់តែច្រើនឡើងៗ ហើយមនុស្សកាន់តែច្រើនឡើងៗបានអានសៀវភៅរបស់យើង និងបានស្ងើចសរសើរពីដំណឹងល្អដ៏គ្រប់លក្ខណ៍នេះ។

អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ នៅពាសពេញពិភពលោក គឺជាអ្នកដែលបានសង្រ្គោះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មូលហេតុដែលយើងអាចឈរបានរឹងមាំ និងពេញលេញយ៉ាងនេះគឺថា យើងជឿដល់ព្រះអម្ចាស់ ដែលជាសេចក្តីសុចរិតរបស់យើង។ យើងគឺជាអ្នកធ្វើការងាររបស់ព្រះ ហើយយើងមិនព្យាយាមបំពេញក្រពះរបស់យើងឡើយ ប៉ុន្តែផ្សាយសេចក្តីជំនឿពិតទៅកាន់ពិភពលោកទាំងមូលវិញ។ ខ្ញុំសង្ឃឹមថា អ្នកជឿជាច្រើន ដែលបានរាប់ជាសុចរិត នឹងលេចមកចូលរួមក្នុងការងារផ្សាយដំណឹងល្អរបស់យើង នៅពាសពេញពិភពលោកនេះ។ 

យើងអាចផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយមិនគិតពីពេលដែលព្រះអម្ចាស់យាងមក ដូចដែលសាវកប៉ុលបានធ្វើដែរ។ ចូរយើងខិតខំធ្វើការជាមួយគ្នា សម្រាប់មហាបេសកកម្មនេះ។ នៅពេលយើងផ្សាយដំណឹងល្អទៅដល់ចុងបំផុតនៃផែនដីនេះ ព្រះអម្ចាស់នឹងយាងមកតាមសេចក្តីសន្យារបស់ទ្រង់ ហើយនាំយើងទៅផ្ទះវិញ។ យើងត្រូវតែស្តាប់យ៉ាងយកចិត្តទុកដាក់នូវអ្វីដែលសាវកប៉ុលបានដាស់តឿនយើង គឺត្រូវជម្រាបសួរ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ទោះបីជាការប្រព្រឹត្តរបស់យើងមិនពេញលេញក៏ដោយ ក៏យើងបានមាំមួនខាងវិញ្ញាណ តាមរយៈសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះដែរ។ យើងបានដឹងថា សេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺពិតជាត្រឹមត្រូវ និងពិតប្រាកដមែន។ យើងគឺពិតជាអ្នកជឿដល់ព្រះអម្ចាស់របស់យើង ដែលសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះ។ 

នៅពេលយើងសម្លឹងមើលលោកិយនេះ ដោយសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ យើងមើលឃើញថា មានកិច្ចការយ៉ាងច្រើន ដែលយើងត្រូវធ្វើ។ យើងទាំងអស់គ្នាអាចរស់នៅក្នុងជីវិតនៃការផ្សាយដំណឹងល្អទៅកាន់លោកិយទាំងមូលបាន ដោយការសរសើរតម្កើងព្រះ ជាមួយនឹងសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគ្រីស្ទ ដែលជាសេចក្តីសុចរិតរបស់ព្រះ។

ហាលេលូយ៉ា! ខ្ញុំសរសើរតម្កើងព្រះអម្ចាស់ ដែលជាសេចក្តីសុចរិតរបស់ព្រះ ជារៀងរហូត!