Search

Predigten

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 12-2] ចូរធ្វើទុក្ករកម្មរបស់អ្នក ដោយជំនឿក្លាហាន (វិវរណៈ ១២:១-១៧)

ចូរធ្វើទុក្ករកម្មរបស់អ្នក ដោយជំនឿក្លាហាន
(វិវរណៈ ១២:១-១៧)
 
ជំពូក១២ បង្ហាញប្រាប់យើងអំពីរបៀបដែលពួកជំនុំនៃព្រះនឹងប្រឈមនឹងសេចក្តីវេទនាដ៏ធំនៅថ្ងៃចុងក្រោយ។ ខ.១និយាយថា «រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ»។ «ម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ» នៅទីនេះ សំដៅទៅលើពួកជំនុំនៃព្រះនៅលើផែនដីនេះ ហើយឃ្លាថា «មានព្រះចន្ទនៅក្រោមជើង» មានន័យថា ពួកជំនុំនៃព្រះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកិយនេះ។ នេះប្រាប់យើងថា ពួកជំនុំនៃព្រះនៅលើផែនដីនេះ និងពួកបរិសុទ្ធនៅលើផែនដី នឹងថ្វាយសិរីល្អដល់ព្រះ តាមរយៈការធ្វើទុក្ករកម្ម។ 
ឃ្លាថា «មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ» បង្ហាញថា ពួកជំនុំនឹងតយុទ្ធនឹងសាតាំងនៅថ្ងៃចុងក្រោយ ហើយធ្វើទុក្ករកម្ម ដោយ ជំនឿ។ ដូចដែលព្រះបន្ទូលប្រាប់យើងថា ពួកជំនុំនៃព្រះពិតជានឹងឈ្នះ។ ទោះបីជាសាតាំងនឹងព្យាយាមបំផ្លាញជំនឿរបស់យើង ដោយគំរាមកំហែងយើងតាមគ្រប់រូបភាពទាំងអស់ ធ្វើទុក្ខ និងធ្វើឲ្យយើងឈឺចាប់ ហើយជាចុងក្រោយ សម្លាប់យើងក៏ដោយ ក៏យើងនឹងនៅតែការពារជំនឿរបស់យើង ហើយស៊ូធ្វើទុក្ករកម្មដ៏សុចរិតដែរ។
នៅសម័យពួកជំនុំដំបូង ពួកបរិសុទ្ធជាច្រើនដែលបានរស់នៅមុនយើង ក៏ត្រូវបានគេសម្លាប់ដោយព្រោះជំនឿផងដែរ។ ទុក្ករកម្មនេះអាចកើតឡើងបាន មិនដោយកម្លាំងផ្ទាល់ខ្លួនរបស់យើងឡើយ ប៉ុន្តែដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងចិត្តរបស់យើងវិញ។ 
ចេញពីឃ្លាថា «ម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ» «ស្ត្រី» នៅទីនេះ សំដៅទៅលើពួកជំនុំនៃព្រះ ហើយថា ស្ត្រីនេះ «ប្រដាប់ខ្លួនដោយព្រះអាទិត្យ» មានន័យថា ពួកជំនុំនឹងទទួលរងការបៀតបៀនដ៏កាចសាហាវ។ សូម្បីតែនៅក្នុងសេចក្តីវេទនាដ៏ធំ និងគ្រោះកាចនៅថ្ងៃចុងក្រោយក៏ដោយ ក៏ពួកបរិសុទ្ធនឹងការពារជំនឿរបស់ពួកគេយ៉ាងរឹងមាំ ហើយមិនចុះចូលចំពោះសាតាំងដែរ។ ហេតុអ្វី? ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេនឹងធ្វើឲ្យពួកគេឈរឡើង និងតយុទ្ធនឹងសាតាំង ហើយនឹងប្រទានឲ្យពួកគេនូវជំនឿដែលមិនចុះចាញ់ការគំរាមកំហែង ឬការបៀតបៀនណាមួយ ទោះបើត្រូវបាត់បង់ជីវិតរបស់ខ្លួនក៏ដោយចុះ។ 
ហើយដោយសារអស់អ្នកដែលដាក់សេចក្តីសង្ឃឹមរបស់ខ្លួន ទៅលើនគរស្ថានសួគ៌ ជឿតាមព្រះបន្ទូលព្រះដែលប្រាប់ពួកគេថា គ្រោះកាចនៃត្រែទាំង៧នឹងបញ្ចប់ទៅ ហើយគ្រោះកាចនៃចានទាំង៧នឹងកើតឡើងតាមក្រោយ ដើម្បីបំផ្លាញផែនដីនេះ ពួកគេមិនចុះចូលចំពោះសាតាំងឡើយ។ 
អស់អ្នកដែលដឹង និងជឿថា ពិភពលោកប្រសើរជាងមួយមិនរង់ចាំពួកគេទេ បើសិនពួកគេចុះចូលចំពោះសាតាំង មិនអាចចុះចូលចំពោះវាបានឡើយ។ គ្រោះកាចនៃចានទាំង៧ដែលនឹងត្រូវបានចាក់មកលើ អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា នឹងលេបត្របាក់ពួកគេយ៉ាងសាហាវព្រៃផ្សៃ។ ពួកបរិសុទ្ធដែលដឹងគ្រប់យ៉ាងអំពីគ្រោះកាចទាំងនេះ ពួកគេទាំងអស់ គឺ១០០ភាគរយនៃពួកគេ នឹងមិនបោះបង់ជំនឿរបស់ពួកគេចោល ដោយសារតែការគំរាមកំហែងឡើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងចិត្តរបស់ពួកគេ។ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង នឹងប្រទានកម្លាំងដល់យើង ដើម្បីទាស់ប្រឆាំងនឹងសាតាំង យកឈ្នះលើវា ហើយធ្វើទុក្ករកម្ម។ 
កាលណាគ្រោះកាចនៃត្រែទី៤កន្លងផុតទៅ ហើយគ្រោះកាចនៃត្រែទី៥ និងទី៦មកដល់ «ទុក្ករកម្ម» នឹងកើតឡើងចំពោះយើង។ អស់អ្នកដែលការពារជំនឿរបស់ខ្លួន ហើយស៊ូស្លាប់ដើម្បីជំនឿ គឺជាអស់អ្នកដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ កាលណាគ្រោះកាចនៃត្រែទី៧ធ្លាក់មក ព្រះនឹងអនុញ្ញាតឲ្យអាទទឹងនឹងព្រះគ្រីស្ទនឹងមានសិទ្ធិអំណាចជាបណ្តោះអាសន្តលើលោកិយនេះ។ 
ដោយដឹងថា សិទ្ធិអំណាចរបស់វានឹងស្ថិតស្ថេរនៅតែមួយរយៈខ្លី អាទទឹងនឹងព្រះគ្រីស្ទដែលជាបាវបម្រើរបស់សាតាំង នឹងបៀតបៀនអស់អ្នកដែលបម្រើព្រះយេស៊ូវគ្រីស្ទទុកជាព្រះអម្ចាស់របស់ពួកគេ ដើម្បីឲ្យវាអាចនាំមនុស្សច្រើនតាមដែលអាចធ្វើបាន ទៅស្ថាននរកជាមួយវា ដែរ។ ប៉ុន្តែអស់អ្នកដែលបានផ្ទេរអំពើបាបទាំងអស់របស់ខ្លួនទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នឹងមិនចុះចាញ់ការបៀតបៀនរបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែពួកគេការពារដំណឹងល្អដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ហើយស៊ូធ្វើទុក្ករកម្មវិញ។ 
ដូច្នេះ ទុក្ករកម្មគឺជាភស្តុតាងនៃជំនឿ។ អស់អ្នកដែលមានភស្តុតាងនេះ នឹងទទួលបាននគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលព្រះអម្ចាស់បានត្រៀមទុកឲ្យ។ ហើយការពិតនេះក៏នឹងកើតឡើងចំពោះអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលខ្ចាត់ខ្ចាយនៅពាសពេញផែនដីនេះផងដែរ។ ព្រះគម្ពីរប្រាប់យើងថា ក្នុងកំឡុងពេលនៃថ្ងៃចុងក្រោយទាំងនេះ ពួកបរិសុទ្ធដែលបានកើតជាថ្មីស្ទើរតែទាំងអស់ នឹងស៊ូធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេ។ 
ប៉ុន្តែដើម្បីគេចចេញពីទុក្ករកម្ម អស់អ្នកដែលបោះបង់ជំនឿរបស់ខ្លួនលើទឹក និងព្រះវិញ្ញាណ ឈរនៅខាងអាទទឹងនឹងព្រះគ្រីស្ទ ហើយបម្រើ និងថ្វាយបង្គំវាទុកដូចជាព្រះ នឹងត្រូវបានសម្លាប់ ដោយសារគ្រោះកាចនៃចានទាំង៧ និងកណ្តាប់ដៃរបស់អាទទឹងនឹងព្រះគ្រីស្ទផ្ទាល់។ ការស្លាប់របស់ពួកគេនឹងមិនមែនជាទុក្ករកម្មទេ ប៉ុន្តែគ្រាន់តែជាការស្លាប់ដោយអស់សង្ឃឹម និងឥតប្រយោជន៍ប៉ុណ្ណោះ។ កាលណាសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទត្រូវបានបោះទម្លាក់ទៅក្នុងស្ថាននរក មនុស្សទាំងនេះក៏នឹងធ្លាក់ទៅក្នុងនោះជាមួយគ្នាផងដែរ។ 
វាគឺជាសេចក្តីចំកួតទទេ ដែលក្បត់ព្រះយេស៊ូវគ្រីស្ទ ដើម្បីបានរួចពីទុក្ករកម្ម ហើយបន្ថយទុក្ខលំបាកនៃសេចក្តីវេទនាដ៏ធំសម្បីតែបន្តិច។ កាលណាគ្រោះកាចនៃត្រែទាំង៧បញ្ចប់ទៅ ហើយអស់អ្នកដែលបានការពារជំនឿរបស់ខ្លួនត្រូវបានសម្លាប់ គ្រោះកាចនៃចានទាំង៧នឹងបំផ្លាញផែនដីនេះយ៉ាងឆាប់រហ័ស ដោយបន្សល់ទុកមនុស្សមួយចំនួនតូចដែលរួចខ្លួន។ ភាពច្បាស់លាស់គឺថា អស់អ្នកដែលបានទទួលការអត់ទោសបាប ពិតជានឹងត្រូវបានសម្លាប់ ហើយថា ដើម្បីកុំឲ្យយើងក្បត់នឹងព្រះអម្ចាស់នៅពេលវេលានៃទុក្ករកម្ម យើងត្រូវតែត្រៀមជំនឿរបស់យើងជាស្រេចនៅពេលនេះ ដោយការជឿដោយការយល់ដឹងត្រឹមត្រូវអំពីថ្ងៃចុងក្រោយ និងព្រះបន្ទូល។ 
យើងបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង ហើយកាលណាយើងត្រូវបានសម្លាប់ យើងនឹងទទួលបានអំណរដ៏ធំ ពីព្រោះព្រះនឹងចម្រើនកម្លាំងដល់យើង។ ចូរឲ្យជំនឿរបស់យើងមានជាក់នៅក្នុងចិត្តរបស់យើង ដែលអ្នក និងខ្ញុំត្រូវតែធ្វើទុក្ករកម្មសម្រាប់ព្រះអម្ចាស់។ កាលណាពេលវេលានៃទុក្ករកម្មនេះកន្លងផុតទៅ ព្រះពិតជានឹងប្រទានការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ដល់យើង អនុញ្ញាតឲ្យយើងបានតម្កើងឡើងទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ប្រទានឲ្យយើងសោយរាជ្យនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយរស់នៅទីនោះជារៀងរហូត។ បើសិនយើងជឿយ៉ាងមុតមាំលើការទាំងនេះ ការរងទុក្ខរបស់យើងនឹងប្រែក្លាយទៅជាសេចក្តីអំណររបស់យើងវិញ។ 
សាវកប៉ុលបាននិយាយថា «ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ» (រ៉ូម ៨:១៨)។ ខណៈដែលកំពុងតែបម្រើដំណឹងល្អ សាវកប៉ុលបានរងទុក្ខយ៉ាងខ្លាំង គឺត្រូវគេវាយស្ទើរតែស្លាប់ជាច្រើនដង។ ប៉ុន្តែដោយជឿថា ការរងទុក្ខនេះគឺសម្រាប់សិរីល្អរបស់ព្រះ ការឈឺចាប់របស់គាត់បានប្រែក្លាយជាអំណរដ៏ធំរបស់គាត់វិញ។ ហើយយោងតាមកំណត់ត្រា និងរឿងរ៉ាវប្រវត្តិសាស្ត្រ សាវកស្ទើរតែទាំងអស់ រួមទាំងសាវកប៉ុលដែរ ត្រូវបានគេសម្លាប់ដោយព្រោះជំនឿ។ គេបាននិយាយថា សាវកពេត្រុសត្រូវបានគេឆ្កាងក្បាលចុះក្រោម នៅលើលើភ្នំវ៉ាទីកង់។ ហើយពួកអ្នកដឹកនាំពួកជំនុំដំបូង រួមទាំងលោកប៉ូលីខាព និងពួកបរិសុទ្ធជាច្រើនទៀត បានច្រៀងសរសើរតម្កើងព្រះ ទោះបើពួកគេកំពុងតែត្រូវបានគេដុតសម្លាប់ក៏ដោយ។ ការទាំងនេះអាចកើតឡើងបាន លុះត្រាតែព្រះបានចម្រើនកម្លាំងដល់ពួកគេ។ 
ទោះបីជាមានពួកបរិសុទ្ធបរិសុទ្ធដែលស្មោះត្រង់ដូច្នេះ នៅពេលនេះក៏ដោយ ក៏នៅតែមានអស់អ្នកដែលបានក្បត់នឹងជំនឿរបស់ខ្លួនដែរ។ លោក Origen ដែលជាទេវវិទូម្នាក់ដែលមានការគោរពដ៏ខ្ពង់ខ្ពស់ពីពួកទេវវិទូសព្វថ្ងៃនេះ គឺជាអ្នកដែលបានស្តាប់ឮដំណឹងល្អដោយផ្ទាល់ពីពួកសាវក។ ប៉ុន្តែនៅពេលគាត់ប្រឈមនឹងទុក្ករកម្ម គាត់បានរត់គេចពីវា ដើម្បីឲ្យបានរួចជីវិត ខណៈដែលពួកបរិសុទ្ធដទៃទៀតស៊ូស្លាប់ ដើម្បីការពារជំនឿរបស់ពួកគេ។ ការរត់គេចនេះបានកើតឡើង ដោយសារតែគាត់បានបដិសេធគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់គាត់តែម្តង។ ដូច្នេះ លោក Origen គឺជាតំណាងនៃអស់អ្នកដែលបានបដិសេធភាពជាព្រះរបស់ព្រះយេស៊ូវ។ ប៉ុន្តែទន្ទឹមនឹងការក្បត់របស់គាត់ ពួកទេវវិទូសព្វ្ថថ្ងៃនេះបានលើកគាត់ឡើងយ៉ាងខ្ពស់ នៅក្នុងចំណោមពួកទេវវិទូដែលល្បីល្បាញបំផុត។
ហេតុអ្វីលោក Origen បានរត់គេចពីទុក្ករកម្ម ខណៈដែលពួកបរិសុទ្ធដទៃទៀតបានស៊ូប្រឈមនឹងវា? វាមិនដោយសារកម្លាំងឆន្ទះរបស់គាត់ខ្សោយ ហើយកម្លាំងឆន្ទះរបស់ពួកបរិសុទ្ធដែលបានស៊ូធ្វើទុក្ករកម្ម ខ្លាំងនោះទេ។ ពួកបរិសុទ្ធដែលត្រូវបានសម្លាប់ ខណៈដែលកំពុងតែច្រៀងសរសើរតម្កើងព្រះ បានធ្វើដូច្នេះ ពីព្រោះពួកគេបានជឿតាមអ្វីដែលសាវកប៉ុលបាននិយាយថា «រាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ»។ នៅក្នុងន័យផ្សេង ពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខនាពេលបច្ចុប្បន្នរបស់ពួកគេបាន ពីព្រោះពួកគេបានជឿតាមព្រះបន្ទូលសន្យារបស់ព្រះ ដែលទ្រង់នឹងប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកពួកគេឡើងទៅស្ថានសួគ៌ ហើយប្រទាននគររាជ្យមួយពាន់ឆ្នាំរបស់ទ្រង់ដល់ពួកគេ។ 
យើងត្រូវដឹងយ៉ាងច្បាស់លាស់ថា ទុក្ករកម្មនឹងកើតឡើងចំពោះ យើង។ អស់អ្នកដែលរស់នៅក្នុងជីវិតនៃជំនឿ ជាមួយការយល់ដឹងច្បាស់លាស់អំពីការពិតនេះ គឹជាខុសពីអ្នកផ្សេងទាំងអស់ទៀត។ អស់អ្នកដែលជឿថា រូបភាពនៃពួកបរិសុទ្ធដែលបានស្លាប់ដោយព្រោះជំនឿនៅសម័យពួកជំនុំដំបូង គឺជារូបភាពរបស់ពួកគេផ្ទាល់ អាចមានជីវិតនៃជំនឿខ្លាំង រឹងមាំ និងក្លាហានបាន ពីព្រោះព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរនឹងបានជារឿងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេតែងតែរស់នៅជាមួយជំនឿដែលស៊ូធ្វើទុក្ករកម្ម គឺពួកគេរស់នៅ ដោយតែងតែជឿថា បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ព្រះនឹងប្រទានដល់ពួកគេនូវការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលទ្រង់បានរៀបចំផែនការ និងត្រៀមសម្រាប់ពួកគេជាយូរមកហើយ។ 
អស់អ្នកដែលជឿតាមសេចក្តីពិតនេះ តែងតែអាចរស់នៅក្នុងជីវិតនៃជំនឿក្លាហាន ពីព្រោះពួកគេដឹងថា ជំនឿរបស់ពួកគេត្រៀមពួកគេជាស្រេចសម្រាប់ថ្ងៃចុងក្រោយ ដែលពួកគេនឹងអាចស្លាប់ ខណៈដែលកំពុងតែសរសើរតម្កើងព្រះ។ ហើយដោយសារនេះមិនមែនជាបញ្ហាគោលលទ្ធិ តែជាជំនឿជាក់ស្តែង អស់អ្នកដែលមិនជឿទាំងស្រុងតាមព្រះបន្ទូលនេះ និងដំណឹងល្អ នឹងធ្វើជាអ្នកដំបូងគេដែលលក់យើងឲ្យទៅអាទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះហើយបានជាកាលណាអ្នក និងខ្ញុំដឹងថា យើងត្រូវធ្វើ ទុក្ករកម្ម បងប្អូនប្រុសស្រីរបស់យើងនៅក្នុងពួកជំនុំនៃព្រះ ដែលមានជំនឿដូចជាយើង និងដែលនឹងរស់នៅជាមួយយើងជារៀងរហូត មាន សារៈសំខាន់យ៉ាងខ្លាំងចំពោះយើង។ ពួកអ្នកបម្រើរបស់ព្រះ រាស្ត្ររបស់ទ្រង់ និងពួកជំនុំរបស់ទ្រង់ក៏មានតម្លៃយ៉ាងពិសេសចំពោះយើងផងដែរ។ 
ពួកបរិសុទ្ធនៅសម័យពួកជំនុំដំបូងបានមានជំនឿដែលខ្លាំង និងឆេះឆួលជាងជំនឿរបស់យើងដែលរស់នៅក្នុងថ្ងៃចុងក្រោយនេះទៅទៀត។ ពួកគេបានជឿលើទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ ហើយលើនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះហើយបានជាពួកគេបានរស់នៅក្នុងជីវិតនៃជំនឿ ទុកដូចជាពួកគេកំពុងតែរស់នៅក្នុងពេលវេលានៃសេចក្តីវេទនាដ៏ធំ ខណៈដែលការយាងមករបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ដូច្នេះ កាលណាយើងដែលរស់នៅសម័យដែលគ្រានៃសេចក្តីវេទានដ៏ធំជិតមកដល់ហើយ អានអំពីពួកគេ រឿងរបស់ពួកគេអំពាវនាវមកកាន់យើងយ៉ាងរស់រវើក និងពិតប្រាកដ ពីព្រោះពួកគេក៏បានដឹង និងជឿតាមព្រះបន្ទូលទាំងអស់របស់ព្រះអំពីសេចក្តីវេទនាដ៏ធំ និងទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ។ 
ដោយសារយើងពិតជាត្រូវរស់នៅក្នុងថ្ងៃចុងក្រោយដែលជិតមកដល់ យើងត្រូវតែត្រៀមជំនឿនៃទុក្ករកម្មរបស់យើងជាសម្រេចនៅក្នុងចិត្តរបស់យើង។ សាតាំងនឹងទាស់ប្រឆាំងនឹងអ្នកណាដែលជឿលើទឹក និងព្រះលោហិតរបស់ទ្រង់ ដោយបំផ្លាញជំនឿរបស់ពួកគេចោល។ ដើម្បីមិនចុះចាញ់នឹងការទាស់ប្រឆាំងរបស់សាតាំង យើងត្រូវចងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឲ្យជាប់នៅក្នុងចិត្តរបស់យើង រៀនពីវាឲ្យកាន់តែច្រើន ដោយសេចក្តីសង្ឃឹមសម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយធ្វើឲ្យប្រាកដថា ជំនឿរបស់យើងមិនរសាយឡើយ រហូតដល់ពេលវេលានៃទុក្ករកម្មរបស់យើង។ 
មូលហេតុដែលពួកបរិសុទ្ធនៃពួកជំនុំដំបូងបានការពារជំនឿរបស់ពួកគេបានយ៉ាងរឹងមាំគឺថា ពួកគេបានស្គាល់ និងជឿតាមព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរអំពីសេចក្តីវេទនាដ៏ធំ ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេផងដែរ។ អ្នក និងខ្ញុំក៏នឹងត្រូវស៊ូវធ្វើទុក្ករកម្មផងដែរ។ ខ្ញុំនឹងស្លាប់ ហើយអ្នកក៏នឹងស្លាប់ដែរ គឺយើងនឹងស្លាប់ ដើម្បីការពារជំនឿរបស់យើង។ ប្រហែលខ្ញុំគឺជាអ្នកដែលត្រូវគេចាប់ទៅសម្លាប់មុនគេ។ ការនេះអាចជាទិដ្ឋភាពគួរឲ្យភ័យតក់ស្លត់ ប៉ុន្តែជាចុងក្រោយ គ្មានអ្វីដែលយើងត្រូវភ័យខ្លាចនោះឡើយ ពីព្រោះការគេចចេញពីទុក្ករកម្មគឺជាការបដិសេធជំនឿរបស់យើង ដែលជាអ្វីមួយដែលយើងមិនអាចធ្វើបានឡើយ។ 
សរុបមក ព្រះត្រូវតែទទួលបានសិរីល្អ តាមរយៈទុក្ករកម្មរបស់យើង ហើយទ្រង់បានកំណត់ការនេះសម្រាប់វាសនារបស់យើង។ ដូច្នេះ នេះគឺជាអ្វីដែលយើងត្រូវតែទ្រាំទ្រ យ៉ាងហោចណាស់បានម្តងដែរ។ ដោយសារយើងមិនអាចគេចចេញពីការឆ្លងកាត់ទុក្ករកម្មបាន ចូរយើងរត់ទៅឯវា ដោយកម្លាំងពេញ ហើយយកឈ្នះលើវាដោយក្លាហាន។ យើងមានសិទ្ធិអំណាចរបស់ស្តេច ដែលគ្មានអ្នកណាអាចមានបានឡើយ ហើយយើងក៏តែងតែអធិស្ឋានទៅកាន់ព្រះ ឲ្យទ្រង់ចម្រើនកម្លាំងដល់យើង ហើយយើងថ្វាយសិរីល្អដល់ទ្រង់កាន់តែខ្លាំងផងដែរ។ តាមរយៈការជឿដោយមិនភ័យខ្លាចចំពោះទុក្ករកម្មរបស់យើង យើងនឹងទទួលបានអំណរកាន់តែធំ។ នេះគឺជាសិរីល្អដ៏ធំសម្រាប់ព្រះ និងជាព្រះពរដ៏ធំសម្រាប់យើង។ 
ព្រះបានសរសេរកណ្ឌគម្ពីរវិវរណៈនេះ ដើម្បីមានបន្ទូលមកកាន់យើងអំពីទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធ នគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះ បើសិនអ្នកមានការយល់ដឹងត្រឹមត្រូវអំពីកណ្ឌគម្ពីរវិវរណៈ អ្នកអាចរស់នៅក្នុងជំនឿនៅក្នុងលោកិយដែលធ្លាក់ចុះនេះបាន។ យើងមិនអាចធ្វើដំណើរតាមផ្លូវទៅកាន់ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានកត់ទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ ដោយមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ ហើយព្រះនឹងមិនទទួលយកជំនឿនេះទេ បើសិនវាមិនឆ្លងកាត់ទុក្ករកម្ម។ ដូច្នេះ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកនឹងចងជំនឿរបស់អ្នកជាប់នៅក្នុងចិត្ត ដោយជឿថា អ្នកនឹងមិនក្បត់ដំណឹងល្អទេ ប៉ុន្តែស៊ូធ្វើទុក្ករកម្មវិញ កាលណាពេលវេលានោះមកដល់ ហើយសម្លឹងទៅមុខ ដោយជំនឿ។ ដូច្នេះ ជីវិតនៃជំនឿរបស់អ្នកនឹងផ្លាស់ប្តូរ ចាប់ពីពេលនេះតទៅ។ 
យើងនឹងមិនជាប់អន្ទាក់របស់សាតាំង ហើយស្លាប់ដោយឥតប្រយោជន៍នោះឡើយ។ ដោយដើរតាមព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង យើងនឹងស្លាប់ ដើម្បីការពារជំនឿរបស់ យើង។ នេះហើយគឺជាទុក្ករកម្ម។ ថ្ងៃនៃទុក្ករកម្មរបស់យើងពិតជានឹងមកដល់។ ប៉ុន្តែយើងមិនខ្លាចវានោះឡើយ ពីព្រោះយើងដឹងថា ទោះបីជារូបកាយរបស់យើងនឹងត្រូវបានសាតាំងសម្លាប់ដោយ ក៏ព្រះនឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញនៅក្នុងរូបកាយឧត្តមក្នុងពេលដ៏ឆាប់ដែរ។ យើងក៏ដឹងផងដែរថា ភ្លាមៗបន្ទាប់ពីទុក្ករកម្ម យើងនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ ហើយអ្វីដែលរង់ចាំយើងចាប់ពីពេលនោះតទៅ គឺជាព្រះពរនៃការសោយរាជ្យនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងភាពជាស្តេចដ៏អស់កល្បជានិច្ចរបស់យើងនៅស្ថានសួគ៌។ 
ជាយូរមកហើយ អធិរាជចក្រភពរ៉ូម៉ាំងបានដុតទីក្រុងរ៉ូមចោល ដើម្បីសាងសង់ទីក្រុងឡើងវិញ។ នៅពេលពលរដ្ឋរ៉ូម៉ាំងបានខឹងសម្បារចំពោះរឿងនេះ គាត់បានទម្លាក់កំហុសទៅលើពួកគ្រីស្ទបរិស័ទ ហើយបានសម្លាប់ពួកគេចោល។ ដូចគ្នាដែរ កាលណាគ្រោះកាចវាយប្រហារផែនដីនេះ ក្នុងកំឡុងពេលនៃសេចក្តីវេទនាដ៏ធំ អាទទឹងនឹងព្រះគ្រីស្ទក៏នឹងទម្លាក់កំហុសមកលើពួកបរិសុទ្ធសម្រាប់គ្រោះកាចទាំងនេះ ចោទប្រកាន់យើងយ៉ាងខុស និងសម្លាប់យើងចោល។ 
ដូច្នេះ ចាប់ពីពេលនេះតទៅ យើងត្រូវតែអធិស្ឋានទៅកាន់ព្រះ ដើម្បីឲ្យទ្រង់ប្រទានឲ្យយើងនូវជំនឿនៃទុក្ករកម្ម ដែលជាជំនឿដែលយើងហ៊ានស្លាប់។ បើសិនយើងមិនបោះបង់ជំនឿរបស់យើងចោល និងស៊ូស្លាប់ សិរីល្អនៃព្រះនឹងលេចមកឯយើង។ ប៉ុន្តែបើសិនយើងបោះបង់ជំនឿរបស់យើងចោល ចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ហើយទទួលយកវាជាព្រះ ព្រះនឹងបោះយើងទម្លាក់ទៅក្នុងភ្លើងដ៏អស់កល្បជានិច្ចហើយ។ នៅក្នុងន័យផ្សេង បើសិនយើងអធិស្ឋានទៅកាន់ព្រះសម្រាប់ជំនឿដែលជួយឲ្យយើងអាចយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទបាន ព្រះអម្ចាស់នឹងប្រទានកម្លាំង និងអំណាចព្រះចេស្តាដល់យើង ប៉ុន្តែបើសិនយើងមិនមានចិត្តមាំមួន ហើយក្បត់ជំនឿរបស់យើង ទ្រង់មានតែប្រទានស្ថាននរកដល់យើងប៉ុណ្ណោះ។ 
សូមអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកអំពីរឿងខ្លីមួយពីសង្រ្គាមកូរ៉េ។ ពួកទាហានកូរ៉េខាងជើងបានមកដល់ពួកជំនុំមួយ នៅជនបទភាគខាងត្បូងប្រទេស ដែលមានគ្រូជំនួយម្នាក់ឈ្មោះ Chudal Bae គ្រប់គ្រង។ ដោយឃើញថា រាលហាលនៃព្រះវិហារកខ្វក់ ទាហានឈ្លានពានម្នាក់បានបញ្ជាឲ្យគ្រូជំនួយនោះសម្អាតវា។ ប៉ុន្តែគ្រូជំនួយនោះបានបដិសេធ ដោយនិយាយថា គាត់ត្រូវតែរក្សាថ្ងៃរបស់ព្រះអម្ចាស់ឲ្យបរិសុទ្ធ។ ដោយអស់ភាពអត់ធ្មត់ ពួកទាហានបានគំរាមសម្លាប់គាត់នៅចំពោះមុខក្រុមជំនុំទាំងមូល បើសិនគាត់នៅតែមិនសម្អាតរានហាលនោះ។ ប៉ុន្តែគ្រូជំនួយនោះបានបន្តបដិសេធមិនធ្វើ ដោយនិយាយថា គាត់ត្រូវតែការពារជំនឿរបស់គាត់ ហើយជាចុងក្រោយ ពួកទាហានបានសម្លាប់គាត់ចោលមែន។ រយៈពេលក្រោយមកទៀត គ្រីស្ទបរិស័ទមួយចំនួនបានហៅការស្លាប់របស់គាត់ថា ទុក្ករកម្ម ប៉ុន្តែនេះមិនមែនជាទុក្ករកម្មទេ។ ហេតុអ្វី? ពីព្រោះ ទុក្ករកម្មគឺជាការស្លាប់សម្រាប់ការងារសុចរិត គឺត្រូវសម្តែងពីសិរីល្អរបស់ព្រះ។ ឯការស្លាប់ដោយការភាពរឹងរូសរបស់មនុស្ស ក្រោមលេសថា ស្លាប់ដើម្បីព្រះ គឺជាមិនមែនជាការធ្វើទុក្ករកម្មឡើយ។ 
តើយើងអាចលះចោលសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្កោះដែលព្រះបានប្រទានឲ្យយើងដែរទេ? ដោយសារតែអំពើបាប និងកំហុសរបស់យើង ព្រះយេស៊ូវបានយាងមកទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយត្រូវបានគេឆ្កាងសម្លាប់។ បើសិនយើងថ្វាយការប្តេជ្ញាទាំងស្រុងរបស់យើងទៅចំពោះ សេចក្តីស្រឡាញ់របស់ព្រះ ដោយស៊ូស្លាប់មិនលះចោល យើងមិនអាចលះចោលដំណឹងល្អដែលផ្តល់ផ្ទៃមេឃថ្មី និងផែនដីថ្មីដល់យើង ដើម្បីប្រយោជន៍សាច់ឈាមដែលនឹងរលាយបាត់នៅពេលយើងស្លាប់នោះបានឡើយ។ យើងបានកើតមកក្នុងលោកិយនេះ ដើម្បីបានសង្រ្គោះ ប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះ ទៅកាន់មនុស្សគ្រប់គ្នានៅលើផែនដីនេះ និងស្លាប់ដោយការប្រកាសដំណឹងល្អនេះ។ ចូរកុំភ្លេចថា វាសនារបស់ពួកបរិសុទ្ធដែលបានទទួលការអត់ទោសបាប គឺត្រូវរស់នៅដោយជំនឿ និងស៊ូស្លាប់ ដើម្បីយកឈ្នះលើការបំផ្លាញជំនឿពីសាតាំង សម្រាប់សិរីល្អដែលព្រះនឹងប្រទានឲ្យយើង។ 
យើងមានកំហុស និងកន្លែងត្រូវបន្ទោសយ៉ាងច្រើន ដែលយើងមិនអាចថ្វាយសិរីល្អដល់ព្រះ តាមរយៈអ្វីទាំងអស់បាន។ សម្រាប់មនុស្សដូចជាយើង ព្រះបានប្រទានឱកាសដើម្បីថ្វាយសិរីល្អដ៏ធំដល់ព្រះអម្ចាស់ ហើយឱកាសនេះគឺជាទុក្ករកម្ម។ ដូច្នេះ ចូរយើងកុំគេចចេញពីវា។ ហើយចូរយើងជឿលើព្រះដែលនឹងបន្ថយពេលវេលានៃសេចក្តីវេទនាដ៏ធំ បើសិនយើងទូលសូមទ្រង់ ហើយដោយការប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីសង្ឃឹមរបស់យើងសម្រាប់មរដកនៃផ្ទៃមេឃថ្មី និងផែនដីថ្មី។ ចូរយើងយកឈ្នះលើការរងទុក្ខបណ្តោះអាសន្តរបស់យើង ដែលនឹងបញ្ចប់ទៅយ៉ាងឆាប់រហ័ស។ ហើយចូរយើងរស់នៅ ដោយជឿថា ព្រះអម្ចាស់នឹងមិនអនុញ្ញាតឲ្យយើងដែលបានរស់នៅសម្រាប់ទ្រង់ដោយស្មោះត្រង់ ទទួលរងការរងទុក្ខធ្ងន់ធ្ងរពេក ឬអនុញ្ញាតឲ្យវាអាចធ្វើឲ្យយើងក្បត់នឹងជំនឿរបស់យើងបានឡើយ ប៉ុន្តែទ្រង់នឹងការពារ និងប្រកាសព្រះគុណកាន់តែបរិបូរដល់យើង។ 
ដោយដឹងថា យើងត្រូវស៊ូធ្វើទុក្ករកម្ម យើងត្រូវការបទពិសោធន៍នៃការប្រឈមនឹងទុក្ខលំបាក ការស៊ូទ្រាំនឹងការរងទុក្ខ និងភាពនឿយហត់សម្រាប់ព្រះអម្ចាស់។ តាមរយៈបទពិសោធន៍ទាំងនេះ យើងនឹងរីកចម្រើនជំនឿរបស់យើង តាមរយៈបទពិសោធន៍នៃការដើរតាមព្រះអម្ចាស់ ហើយកាលណាថ្ងៃចុងក្រោយមកដល់ យើងនឹងអាចប្រឈមនឹងទុក្ករកម្មរបស់យើង ដោយកម្លាំងពីព្រះអម្ចាស់បាន។ បើសិនយើងនៅតែមិនមានបទពិសោធន៍នៃការរងទុក្ខសម្រាប់ព្រះអម្ចាស់ ការលះបង់សម្រាប់ទ្រង់ និងការធ្វើការនឿយហត់សម្រាប់ទ្រង់ សេចក្តីភ័យខ្លាចនឹងគ្រប់គ្រងលើយើង កាលណាយើងប្រឈមនឹងទុក្ករកម្ម នៅពេលសេចក្តីវេទនាដ៏ធំមកដល់។ មានតែអ្នកដែលបានរងទុក្ខ និងយកឈ្នះលើសេចក្តីឈឺចាប់ជាមុនប៉ុណ្ណោះ ទើបអាចយកឈ្នះលើការរងទុក្ខម្តងទៀតបាន។ 
ខ្ញុំសូមអធិស្ឋានទៅកាន់ព្រះថា ជីវិតនៃជំនឿរបស់អ្នកនឹងស៊ូទ្រាំចំពោះការរងទុក្ខសម្រាប់ព្រះអម្ចាស់ ហើយមានជ័យជំនះលើវា ហើយថា កាលណាពេលវេលានៃទុក្ករកម្មមកដល់ អ្នកក៏នៅក្នុងចំណោមមនុស្សស្មោះត្រង់ទាំងអស់ ដែលអាចរំឮកចិត្តរបស់ខ្លួន ហើយប្រកាសចេញពីមាត់ថា គ្រប់ការទាំងនេះគឺជាសិរីល្អរបស់ពួកគេ តាមរយៈព្រះពរ និងព្រះគុណរបស់ព្រះ។ 
បើសិនអ្នកពិតជាចង់ទទួលបាននគរស្ថានសួគ៌ ដោយជំនឿមែន ផ្ទៃមេឃថ្មី និងផែនដីថ្មីពិតជាក្លាយជារបស់អ្នក។ ព្រះសព្វព្រះទ័យឲ្យមនុស្សទាំងអស់បានសង្រ្គោះ ហើយបានស្គាល់សេចក្តីពិត (១ធីម៉ូថេ ២:៤)។