Search

Predigten

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-1] សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច (យ៉ូហាន ៨:១-១២)

(យ៉ូហាន ៨:១-១២)
«តែ​ព្រះយេស៊ូវ​ទ្រង់​យាង​ទៅ​ឯ​ភ្នំ​ដើម​អូលីវ​វិញ។ ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះវិហារ ហើយ​បណ្តាជន​ក៏​មក​ឯ​ទទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ រួច​ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះអង្គុលី​វិញ តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះយេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ ព្រះយេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ។»
 
 
តើព្រះអំពើច្រើនប៉ុណ្ណា ដែលព្រះយេស៊ូវបានដោះចេញ?
អំពើបាបទាំងអស់របស់លោកិយ
 
ព្រះយេស៊ូវ បានប្រទានសេចក្តីប្រោសលោះដល់យើង។ នៅក្នុងលោកិយនេះ គ្មានអ្នកណាម្នាក់ដែលមិនអាចបានសង្រ្គោះទេ បើសិនគាត់ទទួលជឿ និងយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់គាត់។ ទ្រង់បានប្រោសលោះយើងទាំងអស់គ្នា។ បើសិនមានមនុស្សមានបាបម្នាក់ ដែលព្រួយចិត្តអំពីអំពើបាបរបស់ខ្លួន នោះក៏ដោយសារតែការយល់ខុសរបស់គាត់ អំពីរបៀបដែលព្រះយេស៊ូវបានសង្រ្គោះគាត់ចេញពីអំពើបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជ និងការជាប់ឆ្កាងរបស់ទ្រង់ប៉ុណ្ណោះ។
យើងទាំងអស់គ្នា គួរតែដឹង និងជឿលើសេចក្តីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះ។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង ហើយតាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ទ្រង់បានទទួលសេចក្តីជំនុំជម្រះសម្រាប់អំពើបាបរបស់យើង។
អ្នក គួរតែជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីប្រោសលោះចេញពីអំពើបាបទាំងអស់។ អ្នកគួរតែជឿលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ ដែលបានធ្វើឲ្យអ្នកបានសុចរិតរួចហើយ។ ចូរជឿលើអ្វីដែលទ្រង់បានធ្វើសម្រាប់ សេចក្តីសង្រ្គោះរបស់អ្នកនៅទន្លេយ័រដាន់ និងនៅលើឈើឆ្កាងចុះ។
ព្រះយេស៊ូវ ក៏បានដឹងពីអំពើបាបលាក់កំបាំងទាំងអស់របស់អ្នកផងដែរ។ មនុស្សមួយចំនួន មានការយល់ច្រឡំអំពីបាប។ ពួកគេគិតថា អំពើបាបខ្លះមិនអាចត្រូវអត់ទោសបានឡើយ។ ព្រះយេស៊ូវ បានប្រោសលោះយើងចេញពីអំពើបាបទាំងអស់ គឺចេញពីអំពើបាបនីមួយៗរបស់យើងហើយ។
មិនមានអំពើបាបណាមួយ នៅក្នុងលោកិយនេះ ដែលទ្រង់មិនបានអត់ទោសឲ្យសោះឡើយ។ ដោយសារទ្រង់បានដោះអំពើបាបទាំងអស់នៅក្នុងលោកិយនេះ នោះសេចក្តីពិតគឺថា មិនមានមនុស្សមានបាបទៀតទេ។ តើអ្នកបានដឹងថា ដំណឹងល្អបានអត់ទោសអំពើបាបទាំងអស់របស់អ្នក សូ​ម្បីតែអំពើបាបនៅអនាគតផងដែរឬទេ? ចូរជឿលើដំណឹងល្អនេះ និងបានសង្រ្គោះចុះ ហើយថ្វាយសិរីល្អទាំងអស់ដល់ព្រះ។
 
 
ស្រ្តីដែលគេចាប់បានពេលសាហាយស្មន់
 
តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងលោកិយនេះ ដែលប្រព្រឹត្តសេចក្តីកំផិត?
មនុស្សទាំងអស់
 
នៅក្នុង យ៉ូហាន ៨ មានរឿងអំពីស្ត្រីម្នាក់ ដែលគេចាប់បានកំពុងសាហាយស្មន់ ហើយយើងមើលឃើញពីរបៀបដែលព្រះយេស៊ូវបានសង្រ្គោះគាត់។ យើងក៏ចង់ទទួលបានព្រះគុណ ដែលគាត់បានទទួលបានផងដែរ។ វាមិនខុសទេ ដែលនិយាយថា មនុស្សជាតិទាំងអស់ប្រព្រឹត្តសេចក្តីកំផិត នៅក្នុងចំណុចមួយនៅក្នុងជីវិតរបស់យើង។ មនុស្សម្នាក់ៗ ប្រព្រឹត្តសេចក្តីកំផិត។
បើសិនមិនយល់ស្របទេ នោះដោយសារតែយើងប្រព្រឹត្តវាជាញឹកញាប់ ហើយគិតថា យើងមិនប្រព្រឹត្តទេ។ ហេតុអ្វី? យើងរស់នៅជាមួយសេចក្តីកំផិតយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើង។
ដោយមើលទៅស្ត្រីនៅក្នុង យ៉ូហាន ៨ ខ្ញុំឆ្ងល់ថា តើពិតជាមានមនុស្សណាម្នាក់ក្នុងចំណោមពួកយើង ដែលមិនធ្លាប់ប្រព្រឹត្ត សេចក្តីកំផិតទេ? តាមពិត ពិតជាមិនមានអ្នកណាម្នាក់ មិនធ្លាប់ប្រព្រឹត្តសេចក្តីកំផិតសោះឡើយ គឺដូចជាស្ត្រីម្នាក់ដែលគេចាប់បានពេលសាហាយស្មន់ផងដែរ។ ដូច្នេះ យើងទាំងអស់គ្នាបានប្រព្រឹត្តសេចក្តីកំផិត ប៉ុន្តែយើងធ្វើពុតជាមិនបានប្រព្រឹត្តទៅវិញ។
តើអ្នកគិតថា ខ្ញុំបាននិយាយខុសឬ? ទេ ខ្ញុំមិនបាននិយាយខុសទេ។ ចូរយើងមើលទៅខាងក្នុងយើង ដោយយកចិត្តទុកដាក់។ មនុស្សម្នាក់នៅលើលោកិយនេះ បានប្រព្រឹត្តសេចក្តីកំផិត។ ពួកគេប្រព្រឹត្តសេចក្តីកំផិត នៅពេលសំឡឹងមើលស្រីៗនៅតាមផ្លូវ នៅក្នុងគំនិត និងសកម្មភាពរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទី កន្លែងផងដែរ។
ពួកគេ មិនបានដឹងថា ពួកគេកំពុងប្រព្រឹត្តសេចក្តីកំផិតទេ។ មានមនុស្សជាច្រើន ដែលមិនបានដឹងរហូតដល់ថ្ងៃពួកគេស្លាប់ថា ពួកគេបានប្រព្រឹត្តសេចក្តីកំផិតច្រើនរាប់មិនអស់ នៅក្នុងជីវិតរបស់ពួកគេ។ មិនថាតែអ្នកដែលគេចាប់បានទេ ប៉ុន្តែយើងទាំងអស់គ្នាដែលគេចាប់មិនបាន ក៏ប្រព្រឹត្តសេចក្តីកំផិតដូចគ្នា។ ដូច្នេះ មនុស្សទាំងអស់ ប្រព្រឹត្តសេចក្តីកំផិតនៅក្នុងគំនិត និងសកម្មភាពរបស់ខ្លួន។ តើនេះមិនមែនជាផ្នែកមួយនៃជីវិតរ​បស់យើងឬ?
តើអ្នកមានការអាក់អន់ចិត្តដែរឬទេ? នេះគឺជាសេចក្តីពិត។ យើងមិនបង្ហាញពីសេចក្តីផិតរបស់យើងទេ ពីព្រោះយើងមានភាពអាម៉ាស់។ សេចក្តីពិតគឺថា នៅសព្វថ្ងៃនេះ មនុស្សទាំងអស់ប្រព្រឹត្តសេចក្តីកំផិត ប៉ុន្តែពួកគេមិនបានដឹងថា ពួកគេកំពុងប្រព្រឹត្តទេ។
មនុស្ស ប្រព្រឹត្តសេចក្តីកំផិតនៅក្នុងព្រលឹងរបស់ខ្លួនផងដែរ។ យើងដែលព្រះបានបង្កើតមក រស់នៅលើផែនដីនេះ ដោយមិនបានដឹងថា យើងក៏ប្រព្រឹត្តសេចក្តីកំផិតខាងវិញ្ញាណផងដែរ។ ការថ្វាយបង្គំព្រះផ្សេងៗ គឺដូចជាសេចក្តីកំផិតខាងវិញ្ញាណដែរ ពីព្រោះព្រះអម្ចាស់គឺជាស្វាមីតែមួយគត់របស់មនុស្សជាតិទាំងមូល។
ស្ត្រីដែលគេចាប់បានពេលសាហាយស្មន់ គឺជាមនុស្សម្នាក់ ដូចជាយើងទាំងអស់គ្នាដែរ ហើយគាត់បានទទួលបានព្រះគុណ ដូចជាយើងដែលបានសង្រ្គោះ បានទទួលបានដែរ។ ប៉ុន្តែពួកផារ៉ាស៊ីកំពុង បានដាក់ស្ត្រីនោះឲ្យឈរនៅចំពោះមុខពួកគេ បានចោទប្រកាន់គាត់ ដូចជាពួកគេគឺជាចៅក្រមអញ្ចឹង ហើយហៀបនឹងចោលគាត់នឹងដុំថ្មទៀត។ ពួកគេហៀបនឹងបន្ទោស និងកាត់ទោសស្ត្រីនោះ ដូចជាខ្លួនពួកគេបរិសុទ្ធ និងមិនដែលបានប្រព្រឹត្តសេចក្តីកំផិតសោះអញ្ចឹង។
គ្រីស្ទបរិស័ទដែលស្គាល់ថា ខ្លួនឯងគឺជាមនុស្សមានបាបម្នាក់ មិនវិនិច្ឆ័យអ្នកដទៃនៅចំពោះព្រះឡើយ។ ប៉ុន្តែពួកគេដឹងថា ខ្លួនពួកគេក៏ប្រព្រឹត្តសេចក្តីកំផិតពេញមួយជីវិតផងដែរ តែពួកគេទទួលបានព្រះគុណ ដែលបានប្រោសលោះយើងទាំងអស់គ្នា។ មានតែអ្នកដែលបានដឹងថា ខ្លួនគឺជាមនុស្សមានបាប ដែលបានប្រព្រឹត្តសេចក្តីកំផិតជានិច្ចប៉ុណ្ណោះ ដែលអាចបានទទួលសេចក្តីប្រោសលោះនៅចំពោះព្រះបាន។
 
 
តើអ្នកណាទទួលបានព្រះគុណ?
 
តើអ្នកណាទទួលបាន ព្រះគុណ?
អ្នកដែលមិនសមនឹងទទួលបាន
 
តើអ្នកដែលរស់នៅដោយបរិសុទ្ធ និងមិនប្រព្រឹត្តសេចក្តីកំផិត ទទួលបានព្រះគុណទ្រង់ ឬអ្នកដែលមិនសមនឹងទទួល ដែលទទួលស្គាល់ថា ខ្លួនមានបាប ទទួលបានព្រះគុណទ្រង់? អ្នកដែលទទួលបានព្រះគុណ គឺជាអ្នកដែលទទួលបានព្រះគុណដ៏បរិបូរនៃសេចក្តីប្រោសលោះរបស់ទ្រង់។ អ្នកដែលមិនអាចជួយខ្លួនឯងបាន អ្នកទន់ខ្សោយ និងអ្នកអស់សង្ឃឹម ទទួលបានសេចក្តីប្រោសលោះ។ ពួកគេ គឺជាអ្នកដែលនៅក្នុងព្រះគុណទ្រង់។
អ្នកដែលគិតថា ខ្លួនមិនមានបាបសោះ មិនអាចបានសង្រ្គោះបានឡើយ។ តើពួកគេអាចទទួលបានព្រះគុណនៃសេចក្តីប្រោសលោះរបស់ទ្រង់បានយ៉ាងដូចម្តេច នៅពេលមិនមានអំពើបាបអ្វីដែលត្រូវអត់ទោសផងនោះ?
ពួកអាចារ្យ និងពួកផារ៉ាស៊ី បានអូសស្រ្តីដែលគេចាប់បានកំពុងសាហាយស្មន់ ទៅកណ្តាលពួកគេ ហើយបានសួរព្រះយេស៊ូវថា «លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច?»។ ហេតុអ្វីពួកគេបាននាំស្ត្រីមកនៅចំពោះទ្រង់ ហើយល្បងលទ្រង់ដូច្នេះ?
ពួកគេខ្លួនឯង ក៏បានប្រព្រឹត្តសេចក្តីកំផិតជាច្រើនដងផងដែរ ប៉ុន្តែពួកគេបែរជាព្យាយាមយកព្រះយេស៊ូវឲ្យកាត់ទោស និង​​ សំឡាប់ស្ត្រីនេះ ហើយទម្លាក់កំហុសទៅលើទ្រង់ទៅវិញ។
ព្រះយេស៊ូវ បានដឹងពីគំនិតរបស់ពួកគេ ហើយបានដឹងរឿងគ្រប់យ៉ាងអំពីស្រ្តីម្នាក់នេះ។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ»។ បន្ទាប់មក ពួកអាចារ្យ និងពួកផារ៉ាស៊ី ចាប់ពីចាស់ជាងគេរហូតដល់ក្មេងជាងគេ បានចាកចេញទៅម្តងម្នាក់ៗ នៅសល់តែព្រះយេស៊ូវ និងស្ត្រីម្នាក់នោះ។
អ្នកដែលបានចាកចេញទៅ គឺជាពួកអាចារ្យ និងពួកផារ៉ាស៊ី ដែលជាពួកអ្នកដឹកនាំសាសនា។ ពួកគេហៀបនឹងកាត់ទោសស្ត្រីម្នាក់នោះ ដែលពួកគេចាប់បានពេលសាហាយស្មន់ ដូចជាខ្លួនពួកគេមិនមែនជាមនុស្សមានបាបអញ្ចឹង។
ព្រះយេស៊ូវ បានប្រកាសពីសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងលោកិយនេះ។ ទ្រង់គឺជាប្រភពនៃសេចក្តីស្រឡាញ់។ ព្រះយេស៊ូវ បានប្រទានអាហារដល់មនុស្ស ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ ប្រោសឡាសាពីស្រុកបេថានីឲ្យរស់ឡើងវិញ ប្រោសមនុស្សឃ្លង់ឲ្យជា ហើយសម្តែងការអស្ចារ្យជាច្រើនសម្រាប់មនុស្សក្រីក្រ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់មនុស្សមានបាប ហើយបានប្រទានសេចក្តីសង្រ្គោះដល់ពួកគេវិញ។
ព្រះយេស៊ូវ ស្រឡាញ់យើង។ ទ្រង់គឺជាព្រះដ៏មានព្រះចេស្តា ដែលអាចធ្វើគ្រប់យ៉ាងទាំងអស់ ប៉ុន្តែពួកផារ៉ាស៊ី និងពួកអាចារ្យបានចាត់ទុកទ្រង់ជាសត្រូវរបស់ពួកគេទៅវិញ។ នេះគឺជាមូលហេតុដែលពួកគេបាននាំយកស្ត្រីនោះមកនៅចំពោះទ្រង់ ហើយបានល្បងលទ្រង់។
ពួកគេ បានសួរទ្រង់ថា «លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច?»។ ពួកគេបានគិតថា ទ្រង់នឹងប្រាប់ពួកគេឲ្យចោលស្ត្រីនោះនឹងដុំថ្ម។ ហេតុអ្វី? បើសិនយើងត្រូវកាត់ទោស ទៅតាមអ្វីដែលមាននៅក្នុងក្រិត្យវិន័យរបស់ព្រះមែន គឺអ្នកណាដែលបានប្រព្រឹត្តសេចក្តីកំផិត នឹងត្រូវគេចោលនឹងដុំថ្មឲ្យស្លាប់ ដោយឥតមានការលើកលែងឡើយ។
មនុស្សទាំងអស់ ត្រូវគេចោលនឹងដុំថ្មឲ្យស្លាប់ ហើយមនុស្សទាំងអស់ក៏ត្រូវធ្លាក់ទៅក្នុងស្ថាននរកដែរ។ ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់។ ទោះបីយ៉ាងណា ព្រះយេស៊ូវមិនបានប្រាប់ឲ្យពួកគេចោលស្ត្រីម្នាក់នោះនឹងដុំថ្មឡើយ។ ផ្ទុយទោវិញ ទ្រង់បានមានបន្ទូលថា «អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ»។
 
ហេតុអ្វីព្រះបានប្រទានដល់យើងនូវ ៦១៣មាត្រាក្នុងច្បាប់ដល់យើង?
ដើម្បីជួយឲ្យយើងបានដឹងថា យើងជាមនុស្សមានបាប
 
ក្រិត្យវិន័យ នាំមកនូវសេចក្តីក្រោធ។ ព្រះជាម្ចាស់គឺបរិសុទ្ធ ហើយក្រិត្យវិន័យរបស់ទ្រង់ក៏បរិសុទ្ធដែរ។ ក្រិត្យវិន័យបរិសុទ្ធនេះ បានមកដល់ជា៦១៣មាត្រា។ មូលហេតុដែលព្រះបានប្រទាន៦១៣មាត្រាក្នុងក្រិត្យវិន័យដល់យើង គឺដើម្បីធ្វើឲ្យយើងបានដឹងថា យើងគឺជាមនុស្សមានបាប និងជាមនុស្សមិនឥតខ្ចោះ។ ក្រិត្យវិន័យ បង្រៀនយើងថា យើងត្រូវតែសង្វាតចង់បានព្រះគុណ ដើម្បីបានសង្រ្គោះ។ បើសិនយើងមិនបានដឹងពីសេចក្តីពិតនេះ ហើយគិតតែពីអ្វីដែលមានក្នុងក្រិត្យវិន័យ នោះយើងនឹងត្រូវគេចោលសំឡាប់ដោយដុំថ្ម ដូចជាស្ត្រីកំផិតដែលគេចាប់បានដែរហើយ។
ពួកអាចារ្យ និងពួកផារ៉ាស៊ី ដែលមិនបានដឹងពីសេចក្តីពិតអំពីក្រិត្យវិន័យរបស់ទ្រង់ បានគិតថា ពួកគេអាចចោលសំឡាប់ស្ត្រីនោះនឹងដុំថ្ម ឬចោលសំឡាប់យើងនឹងដុំថ្មផងដែរ។ ប៉ុន្តែ តើអ្នកណាហ៊ានចោលសំឡាប់ស្ត្រីដែលគ្មានសង្ឃឹមម្នាក់នឹងដុំថ្ម ក្នុងនាមជាមនុស្សមានបាបដូចគ្នាបានទៅ? ទោះបីជាស្ត្រីនោះត្រូវគេចាប់បានពេលសាហាយស្មន់ក៏ដោយ ក៏គ្មានអ្នកណាម្នាក់នៅក្នុងលោកិយនេះអាចចោលសំឡាប់គាត់នឹងដុំថ្មបានដែរ។
បើសិនស្ត្រីម្នាក់នោះ និងយើងម្នាក់ៗត្រូវបានកាត់ទោស ដោយផ្អែកលើក្រិត្យវិន័យវិញ នោះទាំងស្ត្រីនោះ និងយើងនឹងបានទទួលសេចក្តីជំនុំជម្រះដ៏អាក្រក់មួយទៅបាត់ហើយ។ ប៉ុន្តែព្រះយេស៊ូវបានសង្រ្គោះយើង ដែលជាមនុស្សមានបាប ឲ្យចេញពីអំពើបាបរបស់យើង និងចេញពីសេចក្តីជំនុំជម្រះនេះ។ បើសិនត្រូវអនុវត្ត ក្រិត្យវិន័យរបស់ព្រះយ៉ាងតឹងរឹង តើនឹងមានអ្នកណាម្នាក់ក្នុងចំណោមពួកយើង ដែលអាចនៅរស់ជាមួយអំពើបាបទាំងអស់បាន? យើងម្នាក់ៗ ប្រាកដជានឹងត្រូវធ្លាក់ក្នុងស្ថាននរកមិនខាន។
ប៉ុន្តែ ពួកអាចារ្យ និងពួកផារ៉ាស៊ី បានស្គាល់ពីក្រិត្យវិន័យ តាមតែអក្សរសរសរប៉ុណ្ណោះ។ បើសិនត្រូវអនុវត្តក្រិត្យវិន័យឲ្យបានត្រឹមត្រូវ នោះពួកគេនឹងត្រូវគេកាត់ទោស ដូចជាអ្នកដែលពួកគេកាត់ទោសផងដែរ។ ផ្ទុយទៅវិញ ក្រិត្យវិន័យរបស់ព្រះត្រូវបានប្រទានមក ដើម្បីជួយឲ្យមនុស្សបានដឹងពីអំពើបាបរបស់ខ្លួន ប៉ុន្តែពួកគេបានរងទុក្ខ ពីព្រោះពួកគេបានយល់ និងអនុវត្តក្រិត្យវិន័យតាមរបៀបខុស។
ពួកផារ៉ាស៊ីនៅសព្វថ្ងៃនេះ ក៏ដូចជាពួកផារ៉ាស៊ីនៅក្នុងព្រះគម្ពីរផងដែរ គឺស្គាល់ក្រិត្យវិន័យតាមតែអក្សរសរសេរប៉ុណ្ណោះ។ ពួកគេគួរតែយល់ពីព្រះគុណ យុត្តិធម៌ និងសេចក្តីពិតរបស់ព្រះ។ ហើយពួកគេគួរតែបានរៀនពីដំណឹងល្អនៃសេចក្តីប្រោសលោះ ដើម្បីបានសង្រ្គោះ។
ពួកផារ៉ាស៊ី បាននិយាយថា «​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច?»។ ពួកគេបានសួរព្រះយេស៊ូវដោយក្លាហាន និងដៃកាន់ដុំថ្មរួចជាស្រេច។ ពួកគេបានគិតយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវនឹងមិនមានអ្វីត្រូវមានបន្ទូលអំពីបញ្ហានេះឡើយ។ ពួកគេរង់ចាំមើលព្រះយេស៊ូវជាប់អន្ទាក់របស់ពួកគេ។
បើសិនព្រះយេស៊ូវបានកាត់ទោសទៅតាមក្រិត្យវិន័យ នោះពួកគេក៏នឹងចោលទ្រង់នឹងដុំថ្មផងដែរ។ គោលបំណងរបស់ពួកគេ គឺ ដើម្បីចោលសំឡាប់ទាំងស្ត្រី និងព្រះយេស៊ូវនឹងដុំថ្ម។ បើសិនព្រះយេស៊ូវបានមានបន្ទូលថា កុំចោលសំឡាប់ស្ត្រី នោះពួកគេនឹងចោទថា ព្រះយេស៊ូវបានមើលងាយក្រិត្យវិន័យរបស់ព្រះ ហើយចោលសំឡាប់ទ្រង់នឹងដុំថ្ម ដោយការប្រមាថព្រះ។ នេះគឺជាផែនការដ៏អាក្រក់មួយ!
ប៉ុន្តែ ព្រះយេស៊ូវបានឱនចុះ ហើយព្រះអង្គុលីទ្រង់សរសេរនៅលើដី ហើយពួកគេបានបន្តសួរទ្រង់ថា «លោកគិតដូចម្តេច? លោកកំពុងសសេរអ្វីនៅលើដី? ចូរឆ្លើយនឹងសំណួររបស់យើង។ លោកគិតដូចម្តេច?»។ ពួកគេបានយកម្រៀមដៃចង្អុលព្រះយេស៊ូវ ហើយនៅតែបន្តធ្វើឲ្យទ្រង់ខ្មាស់គេ។
បន្ទាប់មក ព្រះយេស៊ូវបានក្រោកឡើង ហើយប្រាប់ពួកគេថា អ្នកណាគ្មានបាបក្នុងចំណោមពួកគេ គួរតែចោលគាត់នឹងដុំថ្មមុនគេទៅ។ បន្ទាប់មក ទ្រង់បានឱនចុះ ហើយសរសេរនៅលើដីម្តងទៀត។ អ្នកដែលបានស្តាប់ឮ ត្រូវបានកាត់ទោសដោយបញ្ញាចិត្ត រ​បស់ខ្លួនឯង ហើយបានចាកចេញទៅ ចាប់ពីចាស់ជាងគេរហូតដល់អ្នកចុងក្រោយគេ។ ព្រះយេស៊ូវបានគង់នៅម្នាក់ឯង ជាមួយនឹងស្ត្រីម្នាក់នោះ។
 
 
«អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ ជា​មុន​គេ​ចុះ»
 
តើអំពើបាបត្រូវបាន កត់ត្រាទុកនៅកន្លែងណា?
នៅលើបន្ទះចិត្តរបស់យើង និងក្នុងសៀវភៅនៃការប្រព្រឹត្តរបស់យើង
 
ព្រះយេស៊ូវ បានប្រាប់ពួកគេថា «អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ» ហើយទ្រង់បានបន្តសរសេរនៅលើដី។ មនុស្សចាស់ពីរនាក់ បានចាប់ផ្តើមដើរចេញទៅបាត់។ ពួកផារ៉ាស៊ីវ័យចំណាស់ ដែលបានប្រព្រឹត្តអំពើបាបច្រើនជាងគេ បានដើរចេញទៅមុនគេ ហើយមនុស្សវ័យក្មេងក៏បានចាកចេញទៅបាត់ដែរ។ ឧបមាថា ព្រះយេស៊ូវកំពុងឈរក្នុងចំណោមយើង ហើយយើងកំពុងឈរនៅជុំវិញស្ត្រីកំផិតម្នាក់នោះ។ បើសិនព្រះយេស៊ូវប្រាប់យើងថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ តើយើងនឹងត្រូវធ្វើយ៉ាងដូចម្តេច?
តើព្រះយេស៊ូវបានសរសរអ្វីនៅលើដី? ព្រះដែលបានបង្កើតយើងមក សរសេរអំពើបាបរបស់យើងនៅកន្លែងពីរខុសគ្នា។
ទីមួយ ទ្រង់សរសេរអំពើបាបរបស់យើងនៅលើបន្ទះចិត្តរបស់យើង។ «អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ» (យេរេមា ១៧:១)។
ព្រះមានបន្ទូលមកយើង តាមរយៈពួកយូដា ដែលជាអ្នកតំណាងឲ្យយើង។ អំពើបាបរបស់មនុស្សជាតិត្រូវបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ។ អំពើបាបទាំងអស់ ត្រូវបានកត់ត្រានៅលើបន្ទះចិត្តរបស់យើង។ ព្រះយេស៊ូវបានឱនចុះ ហើយ សរសេរនៅលើដីថា មនុស្សទាំងអស់គឺជាមនុស្សមានបាប។
ព្រះ ជ្រាបថា យើងធ្វើបាប ហើយទ្រង់បានចារអំពើបាបទាំងអស់របស់យើងនៅលើបន្ទះចិត្តរបស់យើង។ ជាដំបូង ទ្រង់កត់ត្រាការប្រព្រឹត្តរបស់យើង ជាអំពើបាបដែលយើងបានប្រព្រឹត្ត ពីព្រោះយើងមានទោសនៅចំពោះក្រិត្យវិន័យ។ កាលណាអំពើបាបត្រូវបានកត់ត្រានៅក្នុងចិត្តរបស់យើង នោះយើងបានដឹងថា យើងគឺពិតជាមនុស្សមានបាប កាលណាយើងសំឡឹងទៅក្រិត្យវិន័យ។ ដោយសារទ្រង់បានកត់ត្រាអំពើបាបនៅក្នុងចិត្ត និងបញ្ញាចិត្តរបស់យើង យើងបានដឹងថា យើងគឺជាមនុស្សមានបាបនៅចំពោះទ្រង់។
ព្រះយេស៊ូវ បានឱនចុះ ហើយសរសេរនៅលើដីជាលើកទីពីរ។ ព្រះគម្ពីរ ក៏និយាយផងដែរថា អំពើបាបទាំងអស់របស់យើងត្រូវបានកត់ត្រានៅក្នុងសៀវភៅនៃការប្រព្រឹត្តនៅចំពោះព្រះ (វិវរណៈ ២០:១២)។ ឈ្មោះរបស់មនុស្សមានបាប និងអំពើបាបទាំងអស់របស់ពួកគេ ត្រូវបានកត់ត្រានៅក្នុងសៀវភៅនេះ ហើយនៅក្នុងចិត្តរបស់មនុស្សផងដែរ។ ដូច្នេះ អំពើបាបទាំងអស់របស់យើង ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅនៃការប្រព្រឹត្ត និងនៅលើបន្ទះចិត្តរបស់យើង។
អំពើបាប ត្រូវបានកត់ត្រានៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ គឺទាំងក្មេងទាំងចាស់។ នេះជាមូលហេតុដែលពួកគេមិនមានអ្វីនិយាយអំពីអំពើបាបរបស់ពួកគេទៅកាន់ព្រះយេស៊ូវ។ ពួកគេដែលបានព្យាយាមចោលសំឡាប់ស្ត្រីដោយដុំថ្ម អស់សង្ឃឹមនៅចំពោះព្រះបន្ទូលទ្រង់។
 
ពេលណាអំពើបាបរបស់យើង ដែលត្រូវបានកត់ទុក នៅពីរកន្លែង ត្រូវបានលុបចោល?
ពេលណាយើងទទួលយកសេចក្តីប្រោសលោះនៃទឹក និងលោហិតរបស់ព្រះយេស៊ូវនៅក្នុងចិត្ត
 
ផ្ទុយទៅវិញ នៅពេលអ្នកទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ អំពើបាបទាំងអស់របស់អ្នកត្រូវបានលុបចោល ហើយឈ្មោះរបស់អ្នកនឹងត្រូវបានកត់ទុកក្នុងបញ្ជីជីវិត។ អស់ដែលមានឈ្មោះនៅក្នុងបញ្ជីជីវិត នឹងទៅឯស្ថានសួគ៌ គឺពួកគេនឹងត្រូវបានទទួលយកទៅក្នុងស្ថានសួគ៌។ ទង្វើ និងកិច្ចការល្អៗ ដែលពួកគេបានធ្វើនៅក្នុងលោកិយនេះសម្រាប់នគរព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ ក៏ត្រូវបានកត់ទុកនៅក្នុងបញ្ជីនៃការប្រព្រឹត្តផងដែរ។ អ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន នឹងត្រូវបានទទួលយកចូលទៅក្នុងស្ថានសួគ៌ ដែលជាកន្លែងអស់កល្បជានិច្ច។
សូមចងចាំថា អំពើបាបទាំងអស់របស់មនុស្សម្នាក់ៗ ត្រូវបានកត់ទុកនៅក្នុងកន្លែងពីរ ដូច្នេះ គ្មានអ្នកណាម្នាក់អាចបញ្ឆោតព្រះបានឡើយ។ មិនមានអ្នកណាម្នាក់ ដែលមិនធ្លាប់ធ្វើបាប ឬប្រព្រឹត្តសេចក្តីកំផិតនៅក្នុងចិត្តរបស់ខ្លួននោះឡើយ។ មនុស្សទាំងអស់ គឺជាមនុស្សមានបាប និងមិនឥតខ្ចោះ។
អ្នក ដែលមិនទាន់ទទួលបានសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវនៅក្នុងចិត្ត ពិតជាត្រូវព្រួយចិត្តចំពោះអំពើបាបរបស់ខ្លួនឯងហើយ។ ពួកគេមិនមានទំនុកចិត្តឡើយ គឺពួកគេខ្លាចព្រះ និងមនុស្សដទៃទៀត ដោយសារតែអំពើបាបរបស់ខ្លួន។ ប៉ុន្តែកាលណាពួគគេទទួលយកដំណឹងល្អអំពីសេចក្តីប្រោសលោះ ដោយទឹក និងព្រះវិញ្ញាណនៅក្នុងចិត្ត នោះអំពើបាបទាំងអស់របស់ពួកគេដែលត្រូវបានកត់ទុកនៅក្នុងសៀវភៅនៃការប្រព្រឹត្ត ត្រូវបានលុបចោលទាំងអស់។ បន្ទាប់មក ពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនហើយ។
មានបញ្ជីជីវិតមួយនៅស្ថានសួគ៌។ ឈ្មោះរបស់អ្នកដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតនេះ ដើម្បីឲ្យពួកគេនឹងអាចទៅស្ថានសួគ៌បាន។ ពួកគេបានចូលទៅក្នុងស្ថានសួគ៌ មិនដោយសារតែពួកគេមិនបានធ្វើបាបនៅក្នុងលោកិយនេះទេ ប៉ុន្តែដោយសារតែពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយសារជំនឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ។ នេះគឺជា «ច្បាប់ខាងឯសេចក្តីជំនឿ» (រ៉ូម ៣:២៧)។
គ្រីស្ទបរិស័ទ ពួកអាចារ្យ និងពួកផារ៉ាស៊ី ក៏ជាមនុស្សមានបាប ដូចជាស្ត្រីម្នាក់ដែលគេចាប់បានពេលសាហាយស្មន់ផងដែរ។
តាមការពិត ពួកគេអាចបានប្រព្រឹត្តអំពើបាបច្រើនជាងផង ពីព្រោះពួកគេបានបញ្ឆោតខ្លួនឯង និងអ្នកដទៃឲ្យជឿថា ពួកគេមិនមែនជាមនុស្សមានបាបទេ។ ពួកអ្នកដឹកនាំសាសនា គឺជាចោរលួច ដោយមានការអនុញ្ញាតជាផ្លូវការ។ ពួកគេ គឺជាចោរខាងវិញ្ញាណ ឬចោរនៃជីវិត។ ពួកគេហ៊ានបង្រៀនអ្នកដទៃ ដោយមានទំនុកចិត្ត បើទោះបីជាពួកគេខ្លួនឯងមិនទាន់បានសង្រ្គោះផង។
យោងទៅតាមក្រិត្យវិន័យ មិនមានអ្នកណាម្នាក់ ដែលមិនមានបាបឡើយ។ ប៉ុន្តែមនុស្សម្នាក់អាចបានសុចរិត មិនដោយសារតែគាត់មិនបានប្រព្រឹត្តអំពើបាបឡើយ ប៉ុន្តែដោយសារតែគាត់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់គាត់។ មនុស្សបានសង្រ្គោះនេះ ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។ ការសំខាន់គឺថា ឈ្មោះរបស់យើងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត ឬអត់។ ដោយសារតែមនុស្សមិនអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាបនៅក្នុងជីវិត ពួកគេត្រូវតែបានសង្រ្គោះអស់កល្បជានិច្ច ដើម្បីត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។
អ្នក នឹងត្រូវបានទទួលចូលទៅស្ថានសួគ៌ ឬអត់ អាស្រ័យលើអ្នកជឿលើដំណឹងល្អពិតប្រាកដ ឬអត់។ អ្នកប្រាកដជាទទួលបានព្រះគុណ ឬអត់ អាស្រ័យលើ​អ្នកទទួលយកសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ ឬអត់ដែរ។ តើមានរឿងអ្វីបានកើតឡើងចំពោះស្ត្រីដែលគេចាប់បានពេលសាហាយស្មន់? គាត់អាចបានលុត ជង្គុងចុះ ហើយបិទភ្នែករបស់គាត់ ពីព្រោះគាត់បានដឹងថា គាត់នឹងត្រូវស្លាប់ហើយ។ គាត់អាចបានយំ ដោយការភ័យខ្លាច និងការលន់តួបាបផងដែរ។ មនុស្សមានភាពស្មោះត្រង់ចំពោះខ្លួនឯង នៅពេលពួកគេប្រឈមនឹងសេចក្តីស្លាប់។
«ឱព្រះអង្គអើយ ទូលបង្គំសមនឹងស្លាប់ហើយ។ សូមទទួលយកព្រលឹងរបស់ទូលបង្គំ ហើយអាណិតមេត្តាដល់ទូលបង្គំផង។ សូមអាណិតមេត្តាដល់ទូលបង្គំផង ឱព្រះយេស៊ូវអើយ។» គាត់អាចបានអង្វរព្រះយេស៊ូវសុំសេចក្តីប្រោសលោះថា «ឱព្រះអង្គអើយ បើសិនទ្រង់កាត់ទោសទូលបង្គំ នោះទូលបង្គំនឹងមានទោស ហើយបើសិនទ្រង់មានបន្ទូលថា ទូលបង្គំគ្មានទោស នោះអំពើបាបរបស់ទូលបង្គំនឹងត្រូវដោះចេញ។ គ្រប់យ៉ាង គឺស្រេចតែទ្រង់ប៉ុណ្ណោះ»។ គាត់អាចបាននិយាយសម្តីទាំងអស់នេះ ហើយបានជឿថា គ្រប់យ៉ាង គឺស្រេចលើតែព្រះយេស៊ូវប៉ុណ្ណោះ។
ស្ត្រីដែលគេបាននាំមកឯព្រះយេស៊ូវ មិនបាននិយាយថា «ខ្ញុំបានធ្វើខុសហើយ។ សូមអស់ទោសខ្ញុំដល់សម្រាប់សេចក្តីកំផិតនេះផង» ទេ ប៉ុន្តែបាននិយាយថា «សូមជួយសង្រ្គោះទូលបង្គំចេញពីអំពើបាបរបស់ទូលបង្គំផង។ បើសិនទ្រង់អត់ទោសដល់អំពើបាបរបស់ទូលបង្គំ នោះទូលបង្គំនឹងបានសង្រ្គោះ ប៉ុន្តែបើសិនទ្រង់មិនអត់ទោសទេ នោះទូលបង្គំនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ទូលបង្គំត្រូវការសេចក្តីប្រោសលោះរបស់ទ្រង់។ ទូលបង្គំពិតជាត្រូវសេចក្តីស្រឡាញ់របស់ព្រះ ហើយទូលបង្គំត្រូវការទ្រង់ផ្តល់សេចក្តីមេត្តាករុណាដល់ទូលបង្គំ»។ គាត់បានបិទភ្នែក ហើយសារភាពពីអំពើបាបរបស់គាត់។
ហើយព្រះយេស៊ូវបានសួរស្ត្រីនោះថា «នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា? គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី?»។ ហើយគាត់បាន​ឆ្លើយ​ថា «គ្មាន​ទេ លោក​ម្ចាស់»។
ហើយព្រះយេស៊ូវបានប្រាប់គាត់ថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»។ ព្រះយេស៊ូវ មិនបានកាត់ទោសគាត់ទេ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់គាត់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់រួចរាល់ហើយ ហើយគាត់បានសង្រ្គោះរួច។ ឥឡូវនេះ មិនមែនជាស្ត្រីនោះទេ តែជាព្រះយេស៊ូវវិញ ដែលត្រូវគេកាត់ទោសសម្រាប់អំពើបាបរបស់ស្ត្រីនោះ។
 
 
ទ្រង់បានមានបន្ទូលថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»
 
តើព្រះយេស៊ូវបាន កាត់ទោសគាត់ទេ?
អត់ទេ
 
ស្ត្រីម្នាក់នេះ បានទទួលព្រះពរនៃសេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវ។ គាត់បានសង្គ្រោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ ហើយព្រះអម្ចាស់យេស៊ូវរបស់យើងប្រាប់យើងថា ទ្រង់បាន សង្គ្រោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយយើងទាំងអស់គ្នាបានសុចរិតហើយ។
ទ្រង់ មានបន្ទូលប្រាប់យើងដូច្នេះ នៅក្នុងព្រះគម្ពីរ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃអំពើបាបរបស់យើង ដែលទ្រង់បានដោះចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ នៅឯទន្លេ យ័រដាន់។ ទ្រង់មានបន្ទូលប្រាប់យើងយ៉ាងច្បាស់ថា ទ្រង់បានសង្រ្គោះអស់អ្នកដែលជឿលើសេចក្តីប្រោសលោះនៃបុណ្យជ្រមុជ និងសេចក្តីជំនុំជម្រះរបស់ទ្រង់នៅលើឈើឆ្កាង។ យើងទាំងអស់គ្នា ត្រូវការព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលត្រូវបានកត់ចុះនៅក្នុងព្រះគម្ពីរ ហើយយើងត្រូវប្រកាន់ខ្ជាប់នូវព្រះបន្ទូលនោះ។ ដូច្នេះ យើងទាំងអស់គ្នានឹងទទួលបានព្រះពរនៃសេចក្តីប្រោសលោះជាពិត។
«ឱព្រះអង្គអើយ ទូលបង្គំមិនមានបុណ្យកុសលអ្វីនៅចំពោះទ្រង់ឡើយ។ ទូលបង្គំគ្មានអ្វីល្អនៅក្នុងទូលបង្គំសោះ។ ទូលបង្គំគ្មានអ្វីបង្ហាញទ្រង់ ក្រៅតែពីអំពើបាបរបស់ទូលបង្គំឡើយ។ ប៉ុន្តែទូលបង្គំជឿថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់នៃសេចក្តីប្រោសលោះរបស់ទូលបង្គំ ដែលបានដោះអំពើបាបទាំងអស់របស់ទូលបង្គំចេញ នៅទន្លេយ័រដាន់ ហើយបានធួននឹងអំពើបាបទាំងនោះនៅលើឈើឆ្កាង។ ទ្រង់បានដោះអំពើបាបទាំងអស់របស់ទូលបង្គំចេញ តាម រយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ឱព្រះអម្ចាស់អើយ ទូលបង្គំពិតជាជឿលើទ្រង់ហើយ។»
នេះគឺជារបៀបដែលអ្នកបានសង្រ្គោះ។ ព្រះយេស៊ូវ មិន «កាត់ទោសយើង» ទេ។ ប៉ុន្តែ ទ្រង់បានប្រទានសិទ្ធិឲ្យយើងធ្វើជាកូនរបស់ព្រះ៖ អស់អ្នកដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ទ្រង់បានដោះអំពើបាបទាំងអស់របស់ពួកគេចេញ ហើយធ្វើឲ្យពួកគេបានសុចរិត។
បងប្អូនអើយ! ស្ត្រីកំផិតម្នាក់នោះ បានសង្គ្រោះហើយ គឺបានទទួលព្រះពរនៃសេចក្តីប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវរបស់យើង ហើយយើងក៏អាចទទួលបានព្រះពរនេះផងដែរ។ អ្នកដែលស្គាល់បាបរបស់ខ្លួន ហើយទូលសូមព្រះឲ្យអាណិតមេត្តាដល់ខ្លួន ហើយអ្នកដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវ ទទួលបានព្រះពរនៃសេចក្តីប្រោសលោះពីព្រះ។ អ្នកដែលទទួលស្គាល់បាបរបស់ខ្លួននៅចំពោះព្រះ អាចបានសង្គ្រោះ ប៉ុន្តែអ្នកដែលមិនបានដឹងពីបាបរបស់ខ្លួន មិនបានទទួលព្រះពរនៃសេចក្តីប្រោសលោះឡើយ។
ព្រះយេស៊ូវ បានដោះអំពើបាបរបសលោកិយនេះចេញ (យ៉ូហាន ១:២៩)។ មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ អាចបានសង្រ្គោះបាន បើសិនជឿលើព្រះយេស៊ូវ។ ព្រះយេស៊ូវ បានមានបន្ទូលទៅកាន់ស្ត្រីកំផិតថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»។ ទ្រង់បានមានបន្ទូលថា ទ្រង់មិនកាត់ទោសគាត់ ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់គាត់ដាក់ទៅលើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរួចទៅហើយ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់ទៅលើអង្គទ្រង់ ហើយទ្រង់បានទទួលយកការកាត់ទោសជំនួសយើងវិញ។
 
 
យើងត្រូវតែបានសង្រ្គោះនៅចំពោះព្រះយេស៊ូវ
 
តើមួយណាធំជាង សេចក្តីស្រឡាញ់របស់ព្រះ ឬការជំនុំជម្រះរបស់ព្រះ?
សេចក្តីស្រឡាញ់របស់ព្រះ
 
ពួកផារ៉ាស៊ី ដែលកាន់ដុំថ្មក្នុងដៃ ក៏ដូចជាពួកអ្នកដឹកនាំសាសនានៅសព្វថ្ងៃនេះ កាត់ស្រាយក្រិត្យវិន័យទៅតាមតួអក្សរ។ ពួកគេជឿថា ដោយសារក្រិត្យវិន័យប្រាប់យើងមិនឲ្យកំផិត អ្នកដែលកំផិតត្រូវចោលសំឡាប់នឹងដុំថ្ម។ ពួកគេលួចមើលស្រីៗ ដោយភ្នែកមានចំណង់ ហើយធ្វើពុតជាមិនបានប្រព្រឹត្តសេចក្តី កំផិត។ ពួកគេមិនអាចបានប្រោសលោះ ឬបានសង្គ្រោះឡើយ។ ពួកផារ៉ាស៊ី និងពួកអាចារ្យ គឺជាអ្នកសីលធម៌និយមនៅលើលោកិយនេះ។ ពួកគេមិនមែនជាអ្នកដែលព្រះយេស៊ូវបានត្រាស់ហៅទេ ពីព្រោះពួកគេមិនដែលស្តាប់ឮទ្រង់មានបន្ទូលថា «ខ្ញុំនឹងមិនកាត់ទោសអ្នកទេ» ឡើយ។
មានតែស្ត្រីដែលគេចាប់បានពេលសាហាយស្មន់ប៉ុណ្ណោះ ដែលបានស្តាប់ឮព្រះបន្ទូលដ៏រីករាយនេះ។ បើសិនអ្នកស្មោះត្រង់នៅចំពោះទ្រង់ ដូចជាស្ត្រីម្នាក់នេះ អ្នកក៏អាចទទួលបានព្រះពរ ដូចគាត់ដែរ។ «ឱព្រះអង្គអើយ ទូលបង្គំប្រព្រឹត្តសេចក្តីកំផិតពេញមួយជីវិតរបស់ទូលបង្គំ។ ទូលបង្គំប្រព្រឹត្តវាជាញឹកញាប់ពេក គឺបីបួនដងក្នុងមួយថ្ងៃ ទើបទូលបង្គំមិនបានដឹងពីវា។»
នៅពេលយើងទទួលយកក្រិត្យវិន័យ និងសេចក្តីពិតថា យើងគឺជាមនុស្សមានបាប ដែលត្រូវតែស្លាប់ ហើយចូលទៅចំពោះទ្រង់ដោយស្មោះត្រង់ ហើយនិយាយថា «ឱព្រះអង្គអើយ នេះហើយគឺជាទូលបង្គំ។ សូមជួយសង្រ្គោះទូលបង្គំផង»។ ព្រះនឹងប្រទាន សេចក្តីប្រោសលោះរបស់ទ្រង់ដល់យើងជាមិនខាន។
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានឈ្នះលើសេចក្តីជំនុំជម្រះរបស់ព្រះ។ «ខ្ញុំក៏មិនកាត់ទោសនាងដែរ។» ទ្រង់មិនកាត់ទោសយើងទេ ប៉ុន្តែទ្រង់មានបន្ទូលថា «អ្នកបានសង្គ្រោះហើយ»។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង គឺជាព្រះនៃសេចក្តីមេត្តាករុណា ហើយទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។
ព្រះរបស់យើង គឺជាព្រះនៃយុត្តិធម៌ និងជាព្រះនៃសេចក្តី ស្រឡាញ់។ សេចក្តីស្រឡាញ់ដោយទឹក និងព្រះវិញ្ញាណបរិសុទ្ធ ធំធេងជាងសេចក្តីជំនុំជម្រះរបស់ទ្រង់ទៅទៀត។
 
 
សេចក្តីស្រឡាញ់របស់ព្រះធំធេងជាងយុត្តិធម៌របស់ទ្រង់
 
ហេតុអ្វីទ្រង់សង្គ្រោះ យើងទាំងអស់គ្នា?
ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ ធំធេងជាងយុត្តិធម៌របស់ទ្រង់
 
បើសិនព្រះបានអនុវត្តសេចក្តីជំនុំជម្រះរបស់ទ្រង់ ដើម្បីបំពេញតាមយុត្តិធម៌របស់ទ្រង់ នោះទ្រង់នឹងត្រូវកាត់ទោសមនុស្សមានបាបទំាងអស់ ហើយបញ្ជូនពួកគេទៅស្ថាននរកហើយ។ ប៉ុន្តែដោយសារសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវធំធេងជាង ដែលសង្រ្គោះយើងចេញពីសេចក្តីជំនុំជម្រះ ព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយ គឺព្រះយេស៊ូវ ឲ្យមកទទួលយកអំពើបាបទាំងអស់របស់យើងដាក់ទៅលើអង្គទ្រង់ ហើយបានទទួលសេចក្តីជំនុំជម្រះជំនួសយើងទាំងអស់គ្នាវិញ។ ឥឡូវនេះ អ្នកដែលជឿ និងយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន ក្លាយជាកូនរបស់ទ្រង់ ហើយបានសុចរិត។ ទ្រង់បានប្រោសលោះយើងទាំងអស់គ្នា ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់ធំធេងជាងយុត្តិធម៌របស់ទ្រង់។
យើង ត្រូវតែអរព្រះគុណដល់ព្រះ ដែលទ្រង់មិនកាត់ទោសយើង តាមយុត្តិធម៌របស់ទ្រង់។ ពេលមួយ ព្រះយេស៊ូវបានប្រាប់ដល់ពួកអាចារ្យ ពួកផារ៉ាស៊ី និងសិស្សរបស់ពួកគេថា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា [អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ] ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ» (ម៉ាថាយ ៩:១៣)។ មនុស្សមួយចំនួន អាចនៅតែសំឡាប់សត្វគោ ឬពពែជារៀងរាល់ថ្ងៃ ដើម្បីថ្វាយជាយញ្ញបូជាទៅកាន់ព្រះ ដោយអធិស្ឋានថា «ឱព្រះអង្គអើយ សូមអត់ទោសអំពើបាបរបស់ទូលបង្គំ ជារៀងរាល់ថ្ងៃផង»។ ព្រះមិនចង់បានយញ្ញបូជារបស់យើងទេ ប៉ុន្តែទ្រង់ចង់បានជំនឿរបស់យើងលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណវិញ។ ទ្រង់ចង់ឲ្យយើងបានប្រោសលោះ ហើយបាន សង្រ្គោះ។ ទ្រង់ចង់ទទួលយកសេចក្តីជំនឿរបស់យើង ហើយប្រទានដល់យើងនូវសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ តើអ្នកទាំងអស់គ្នា​មើលឃើញសេចក្តីពិតនេះដែរឬទេ? ព្រះយេស៊ូវ បានប្រទានសេចក្តីសង្រ្គោះដ៏ឥតខ្ចោះរបស់ទ្រង់ដល់យើងហើយ ។
ព្រះយេស៊ូវ ស្អប់បាប ប៉ុន្តែទ្រង់មានសេចក្តីស្រឡាញ់ដ៏ឆេះឆួលសម្រាប់មនុស្សជាតិ ដែលត្រូវបានបង្កើតឲ្យដូចរូបអង្គព្រះ។ ទ្រង់បានសម្រេចព្រះទ័យ តាំងពីមុនការបង្កបង្កើត ដើម្បីយកយើងធ្វើជារាស្ត្ររបស់ទ្រង់ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ព្រះបានបង្កើតយើង ដើម្បីសង្រ្គោះយើង ដាក់យើងនៅក្នុងព្រះយេស៊ូវ ហើយយកយើងធ្វើជាកូនរបស់ទ្រង់។ នេះគឺជាសេចក្តីស្រឡាញ់ ដែលទ្រង់មានសម្រាប់យើង ដែលជាស្នាព្រះហស្តទ្រង់។
បើសិនទ្រង់យកក្រិត្យវិន័យរបស់ទ្រង់មកកាត់ទោសយើង នោះយើងដែលជាមនុស្សមានបាប នឹងត្រូវស្លាប់ទាំងអស់ហើយ។ ប៉ុន្តែទ្រង់បានសង្រ្គោះយើង​ តាមរយៈបុណ្យជ្រមុជ និងការកាត់ទោសព្រះរាជបុត្រារបស់ទ្រង់នៅលើឈើឆ្កាងជំនួសវិញ។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ? ចូរយើងបញ្ជាក់អំពីសេចក្តីពិតនេះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
 
 
អើរ៉ុនបានដាក់ដៃលើសត្វពពែដែលត្រូវបំបរបង់
 
តើអ្នកណាបានផ្ទេរអំពើបាបរបស់ អ៊ីស្រាអែលទៅលើសត្វពពែរស់ ជាតំណាងរបស់ពួកគេ?
សម្តេចសង្ឃ
 
អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានទូទាត់សង តាម រយៈសេចក្តីជំនឿលើពិធីតែងតាំងជាអ្នកបម្រើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបទាំងអស់ជារៀងរាល់ឆ្នាំ ត្រូវបានធួន តាមរយៈសម្តេចសង្ឃ ដែលបានដាក់ដៃរបស់គាត់នៅលើក្បាលសត្វពពែរស់ និងឥតខ្ចោះ។
«រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់តួ​ពី​អស់​ទាំង​ សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន» (លេវីវិន័យ ១៦:២១)។
នេះគឺជារបៀបដែលគេធួននឹងបា នៅបសម័យព្រះគម្ពីរសញ្ញាចាស់។ ដើម្បីបានសង្រ្គោះចេញពីអំពើបាបជារៀងរាល់ថ្ងៃ មនុស្សបាននាំយកកូនចៀម ឬពពែឥតខ្ចោះមួួទៅកាន់រោងឧបោសថ ហើយថ្វាយវានៅអាសនា។ គេត្រូវដាក់ដៃរបស់ខ្លួននៅលើក្បាលសត្វ ហើយបន្ទាប់មក អំពើបាបទាំងអស់របស់គេត្រូវបានផ្ទេរទៅឲ្យតង្វាយនោះ។ បន្ទាប់មក​គេសំឡាប់យញ្ញបូជានោះ ហើយសង្ឃដាក់ឈាមរបស់វានៅលើស្នែងនៃអាសនា។
មានស្នែងនៅលើជ្រុងទាំងបួននៃអាសនា។ ស្នែងទាំងនេះ គឺជានិមិត្តរូបនៃសៀវភៅនៃការប្រព្រឹត្ត ដែលមានចែងនៅក្នុង វិវររណៈ ២០:១២។ ឈាមដែលនៅសល់ពីយញ្ញបូជា ក៏ត្រូវបានប្រោសទៅលើដីផងដែរ។ ដីនោះ តំណាងឲ្យចិត្តរបស់មនុស្ស ពីព្រោះមនុស្សត្រូវបានបង្កើតមកពីដី។ មនុស្ស ធួននឹងអំពើបាបរបស់ខ្លួនតាមរបៀបនេះ ជារៀងរាល់ថ្ងៃ។
ទោះបីយ៉ាងណា ពួកគេមិនអាចថ្វាយយញ្ញបូជាលោះអំពើបាប ជារៀងរាល់ថ្ងៃទេ ដូច្នេះ ព្រះបានអនុញ្ញាតឲ្យពួកគេធួននឹងអំពើបាបមួយឆ្នាំម្តងវិញ។ ការធួននឹងអំពើបាបនេះ ត្រូវធ្វើនៅថ្ងៃទីដប់នៃខែប្រាំពីរ ដែលជាថ្ងៃធួននឹងបាប។ នៅថ្ងៃនោះ សម្តេច​សង្ឃដែលជាអ្នកតំណាងឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ យកសត្វពពែពីរក្បាល ហើយដាក់ដៃរបស់គាត់ទៅលើក្បាលសត្វពពែ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់បណ្តាជនទៅលើវា ហើយថ្វាយវាទៅកាន់ព្រះ ដើម្បីធ្វើការធួននឹងអំពើបាបសម្រាប់បណ្តាជនអ៊ីស្រាអែល។
«រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន» (លេវីវិន័យ ១៦:២១)។
ព្រះ បានតែងតាំងអើរ៉ុន ដែលជាសម្តេចសង្ឃរបស់អ៊ីស្រាអែល ឲ្យធ្វើជាអ្នកតំណាង។ តាមពិត មនុស្សម្នាក់ៗត្រូវដាក់ដៃរបស់ខ្លួនទៅលើយញ្ញបូជាដោយផ្ទាល់ ប៉ុន្តែសម្តេចសង្ឃ ដែលជាអ្នកតំណាងឲ្យមនុស្សទាំងអស់ បានដាក់ដៃរបស់គាត់ទៅលើក្បាលសត្វពពែរស់សម្រាប់ការអត់ទោសអំពើបាបប្រចាំឆ្នាំ។
សម្តេចសង្ឃ រៀបរាប់អំពីអំពើបាបទាំងអស់របស់អ៊ីស្រាអែលនៅចំពោះព្រះថា «ឱព្រះអង្គអើយ អ៊ីស្រាអែល ដែលជាកូនៗរបស់ទ្រង់ បានធ្វើបាប។ យើងបានថ្វាយបង្គំរូបព្រះ បំពានបញ្ញត្ត និង ក្រិត្យវិន័យរបស់ទ្រង់ បានហៅព្រះនាមទ្រង់ជាអសារឥតការ បានបង្កើតរូបព្រះផ្សេងៗ ហើយស្រឡាញ់វាខ្លាំងជាងទ្រង់។ យើងមិនបានរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ មិនគោរពឪពុកម្តាយរបស់យើង បានកាប់សំឡាប់ បានកំផិត និងលួចប្លន់...យើងបានពោរពេញដោយសេចក្តីច្រណែន និងឈ្លោះប្រកែក»។
គាត់ បានកត់ចុះនូវអំពើបាបទាំងអស់ ហើយអធិស្ឋានថា «ឱព្រះអង្គអើយ ទាំងបណ្តាជនអ៊ីស្រាអែល ទាំងទូលបង្គំមិនអាចរក្សាតាមក្រិត្យវិន័យរបស់ទ្រង់បានឡើយ។ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់នេះ ទូលបង្គំដាក់ដៃរបស់ទូលបង្គំនៅលើក្បាលសត្វពពែនេះ ហើយផ្ទេរអំពើបាបទាំងអស់ទៅលើវា»។ ដូច្នេះ សម្តេចសង្ឃបានដាក់ដៃរបស់ខ្លួននៅលើក្បាលយញ្ញបូជា និងផ្ទេរអំពើបាបទាំងអស់ទៅលើវា សម្រាប់មនុស្សទាំងអស់។ ការដាក់ដៃលើ មានន័យថា «ផ្ទេរទៅឲ្យ» (លេវីវិន័យ ១:១-៤; ១៦:២០-២១)។
 
តើការធួននឹងបាបនៅ សម័យព្រះគម្ពីរសញ្ញាចាស់ ត្រូវបានធ្វើយ៉ាងដូចម្តេច?
តាមរយៈការដាក់ដៃ លើក្បាល តង្វាយលោះបាប
 
ព្រះជាម្ចាស់ បានប្រទានប្រព័ន្ធថ្វាយយញ្ញបូជាដល់ពួក អ៊ីស្រាអែល ដើម្បីឲ្យពួកគេអាចផ្ទេរអំពើបាបទាំងអស់របស់ពួកគេ ហើយបានសង្រ្គោះ។ ទ្រង់បានបញ្ជាក់ថា ពួកគេគួរតែរៀបចំតង្វាយលោះបាបដែលឥតខ្ចោះមួយ ហើយថា តង្វាយលោះបាបនោះត្រូវស្លាប់ជំនួសម្ចាស់តង្វាយ។ សេចក្តីប្រោសលោះនៃមនុស្សម្នាក់ៗគឺតាមរបៀបដូច្នេះ។
នៅថ្ងៃធួននឹងបាប គេសំឡាបើតង្វាយលោះបាប ហើយឈាមរបស់វាត្រូវបានគេយកចូលទៅក្នុងទីបរិសុទ្ធ និងបានប្រោសវានៅលើទីសណ្តោសប្រោសចំនួនប្រាំពីរដង។ ដូច្នេះ ពួកអ៊ីស្រាអែលបានធួននឹងបាបសម្រាប់មួយឆ្នាំ នៅថ្ងៃទីដប់នៃខែទីប្រាំពីរ។
សម្តេចសង្ឃ បានចូលទៅក្នុងទីបរិសុទ្ធតែម្នាក់ឯង ដើម្បីថ្វាយយញ្ញបូជា ប៉ុន្តែបណ្តាជនបានផ្តុំគ្នានៅខាងក្រៅ ហើយចាំស្តាប់ សម្លេងកន្តឹងមាស ដែលនៅជាប់នឹងជាយអេផូឌរបស់សម្តេច សង្ឃ។ កន្តឹងមាស បន្លឺសម្លេងចំនួនប្រាំពីរដង នៅពេលគាត់បានប្រោសឈាម​នៅលើទីសណ្តោសប្រោស។ បន្ទាប់មក បណ្តាជនមានអំណររីករាយ ដោយអំពើបាបទាំងអស់របស់ពួកគេត្រូវបានធួនហើយ។ សម្លេងកន្តឹងមាស គឺជាសម្លេងនៃដំណឹងល្អ។
មិនត្រឹមត្រូវទេថា ព្រះយេស៊ូវស្រឡាញ់មនុស្សមួយក្រុមដែលទ្រង់បានជ្រើសរើស ហើយបានសង្រ្គោះតែពួកគេប៉ុណ្ណោះ។ ព្រះយេស៊ូវ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់ចង់សង្រ្គោះយើងតែម្តងជាសម្រេច។ ទ្រង់មិនអាចអត់ទោសអំពើបាបរបស់យើងជារៀងរាល់ថ្ងៃឡើយ ដូច្នេះ ទ្រង់បានដោះវាចេញពីយើងម្តងជាសម្រេច។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការធួននឹងបាប ត្រូវធ្វើឡើង តាម រយៈការដៃលើ និងឈាមរបស់តង្វាយលោះបាប។ អើរ៉ុន បានដាក់ដៃរបស់គាត់នៅលើក្បាលសត្វពពែរស់ នៅចំពោះមុខបណ្តាជនទាំងអស់ ហើយបានរៀបរាប់ពីអំពើបាបទាំងអស់ ដែលពួកគេបានប្រព្រឹត្តពេញមួយឆ្នាំ។ គាត់បានផ្ទេរអំពើបាបទាំងអស់ទៅលើពពែ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់។ តើអំពើបាបទាំងអស់របស់បណ្តាជនបានទៅណា បន្ទាប់ពីសម្តេចសង្ឃបានដាក់ដៃលើពពែដែលត្រូវបំបរបង់នោះ? អំពើបាបទាំងអស់ បានធ្លាក់ទៅលើសត្វពពែនោះ។
បន្ទាប់មក សត្វពពែនោះជាមួយនឹងអំពើបាបទាំងអស់របស់ពួកអ៊ីស្រាអែល ត្រូវបានប្រគល់ឲ្យ «មនុស្សដែលប្រុងជាស្រេច» ដើម្បីដឹកវាទៅទីរហោស្ថាន ដែលគ្មានទឹក និងស្មៅ។ បន្ទាប់មក សត្វពពែនោះនឹងវង្វេងនៅទីរហោស្ថាន ក្រោមកម្តៅថ្ងៃយ៉ាងក្តៅ ហើយនឹងស្លាប់ទៅ។ ដូច្នេះ សត្វពពែនោះបានស្លាប់សម្រាប់អំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល។
នេះគឺជាសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីស្រឡាញ់សម្រាប់សេចក្តីប្រោសលោះ។ នេះគឺជារបៀបដែលពួកគេបានធួននឹងបាបរបស់ខ្លួនសម្រាប់ពេញមួយឆ្នាំ នៅសម័យនោះ។ ប៉ុន្តែយើងកំពុងរស់នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី។ ព្រះយេស៊ូវ បានយាងចុះមកផែនដី ប្រហែលជា២០០០ឆ្នាំកន្លងទៅហើយ។ ទ្រង់បានយាងមក ហើយបានបំពេញសម្រេចសេចក្តីសន្យា ដែលទ្រង់បានប្រទាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺទ្រង់បានយាងមក ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។
 
 
ដើម្បីសង្រ្គោះយើងទាំងអស់គ្នា
 
តើយេស៊ូវមានន័យយ៉ាងដូចម្តេច?
ព្រះអង្គសង្រ្គោះ ដែលនឹងសង្រ្គោះរាស្ត្ររបស់ទ្រង់ ចេញពីអំពើបាបរបស់ពួកគេ
 
ចូរយើងអាន ម៉ាថាយ ១:២០-២១។ «កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះអម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូវ ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​ រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប» (ម៉ាថាយ ១:២០-២១)។
ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ បានខ្ចីរូបកាយរបស់នាងព្រហ្មចារីម៉ារា ដើម្បីបញ្ជូនព្រះរាជបុត្រាទ្រង់មកកាន់លោកិយនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។ ទ្រង់បានបញ្ជូនទេវតាមួយមក​ឯនាងម៉ារា ហើយបានប្រាប់ថា «ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូវ»។ វាមានន័យថា ព្រះរាជបុត្រាដែលមកតាមរយៈនាងម៉ារា នឹងក្លាយជាព្រះអង្គសង្រ្គោះ។ ព្រះយេស៊ូវគ្រីស្ទ មានន័យថា ម្នាក់ដែលនឹងមកសង្រ្គោះរាស្ត្ររបស់ទ្រង់ ឬព្រះអង្គសង្រ្គោះ។
ដូច្នេះ តើព្រះយេស៊ូវបានសង្រ្គោះយើងទាំងអស់គ្នាចេញពីបាបយ៉ាងដូចម្តេច? ព្រះយេស៊ូវ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នៅឯទន្លេយ័រដាន់។ នៅពេលលោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយទ្រង់ អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅឲ្យទ្រង់។ ចូរយើងអាន ម៉ាថាយ ៣:១៣-១៧។
«នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»
(ម៉ាថាយ ៣:១៣-១៧)។
ព្រះយេស៊ូវ បានយាងទៅឯលោកយ៉ូហាន-បាទ្ទីស ដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាប។ ទ្រង់បានដើរចូលទៅក្នុងទឹក ហើយឱនព្រះសិរសារបស់ទ្រង់នៅចំពោះលោកយ៉ូហាន-បាទ្ទីស ហើយមានបន្ទូលថា «យ៉ូហាន ឥឡូវនេះ សូមជ្រមុជទឹកឲ្យខ្ញុំចុះ។ ត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់សេចក្តីសុចរិតយ៉ាងដូច្នេះ។ ដោយសារខ្ញុំត្រូវតែដោះអំពើបាបទាំងអស់របស់លោកិយចេញ ហើយសង្រ្គោះមនុស្សមានបាបទាំងអស់ នោះខ្ញុំត្រូវដោះអំពើបាបបស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជ។ ដូច្នេះ ចូរធ្វើម្តងនេះចុះ!»។
ត្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅឯទន្លេយ័រដាន់ ហើយនៅពេលនោះ សេចក្តីសុចរិតទាំងអស់របស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាប ត្រូវបានបំពេញ សម្រេច។
នេះ គឺជារបៀបដែលទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ អំពើបាបទាំងអស់របស់អ្នក ក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវផងដែរ។ តើអ្នកយល់សេចក្តីពិតនេះដែរឬទេ?
ដូច្នេះ ចូរជឿលើសេចក្តីប្រោសលោះនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះវិញ្ញាណ ហើយបានសង្រ្គោះចុះ។
 
តើគ្រប់ទាំងសេចក្តីសុចរិត បានសម្រេចដោយរបៀបណា?
តាមរយៈបុណ្យជ្រមុជ របស់ព្រះយេស៊ូវ
 
ព្រះ បានសន្យាជាដំបូងជាមួយអ៊ីស្រាអែលថា អំពើបាបទាំងអស់របស់លោកិយនេះ នឹងត្រូវបានលាងសម្អាតចេញ ដោយការដាក់ដៃលើ និងការថ្វាយតង្វាយលោះបាប។ ប៉ុន្តែដោយសារតែមនុស្សម្នាក់ៗមិនអាចដាក់ដៃលើក្បាលសត្វពពែដោយផ្ទាល់ ព្រះបានតែងតាំងអើរ៉ុនធ្វើជាសម្តេចសង្ឃ ដើម្បីឲ្យគាត់អាចថ្វាយយញ្ញបូជាជំនួសមនុស្សទាំងអស់។ ដូច្នេះ គាត់បានផ្ទេរអំពើបាបពេញមួយឆ្នាំរបស់ពួកគេទៅលើក្បាលសត្វពពែ ម្តងជាសម្រេច។ នេះគឺជាប្រាជ្ញា និងអំណាចនៃសេចក្តីប្រោសលោះរបស់ទ្រង់។ ព្រះទ្រង់មានប្រាជ្ញា និងអស្ចារ្យខ្លាំងណាស់។
ទ្រង់ បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ មកសង្រ្គោះលោកិយនេះទាំងមូល។ ដូច្នេះ តង្វាយលោះបាប បានធ្វើរួចរាល់ហើយ។ ឥឡូវនេះ ត្រូវមានអ្នកតំណាងម្នាក់នៃមនុស្សជាតិទាំងមូល គឺជាម្នាក់ដែលនឹងដាក់ដៃលើព្រះសិរសារបស់ព្រះយេស៊ូវ ហើយផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ អ្នកតំណាងនោះ គឺជាលោកយ៉ូហាន-បាទ្ទីស ដូចដែលបានចែងនៅក្នុងព្រះគម្ពីរថា ព្រះបានបញ្ជូនអ្នកតំណាងនៃមនុស្សជាតិទាំងមូល ឲ្យមកមុនព្រះយេស៊ូវ។
អ្នកតំណាងនោះ គឺជាលោកយ៉ូហាន-បាទ្ទីស ដែលជាសម្តេចសង្ឃចុងក្រោយរបស់មនុស្ស។ ម៉ាថាយ ១១:១១ ប្រាប់ថា «ក្នុង​ បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ»។ គាត់គឺជាអ្នកតំណាងតែម្នាក់គត់របស់មនុស្សជាតិទាំងមូល ដើម្បីគាត់អាចធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយផ្ទេរអំពើបាបរបស់លោកិយនេះទៅលើទ្រង់បាន។
បើសិនមនុស្សប្រាំមួយពាន់លាននាក់នៅលើផែនដីនេះ បានទៅឯព្រះយេស៊ូវ ហើយម្នាក់ៗនាំគ្នាដាក់ដៃលើព្រះយេស៊ូវ ហើយផ្ទេរអំពើបាបរបស់ខ្លួនទៅលើទ្រង់ តើនឹងមានរឿងអ្វីកើតឡើងចំពោះព្រះសិរសារបស់ទ្រង់? បើសិនមនុស្សជាងប្រាំមួយពាន់លាននាក់នៅលើផែនដីនេះ ត្រូវដាក់ដៃលើព្រះយេស៊ូវ វាជាចំនួនច្រើនណាស់។ មនុស្សមួយចំនួន អាចសង្កត់ខ្លាំង ធ្វើឲ្យព្រះកេសារបស់ទ្រង់ជ្រុះអស់។ ដូច្នេះ ព្រះដ៏មានប្រាជ្ញា បានតែងតាំងលោកយ៉ូហានធ្វើជាអ្នកតំណាងរបស់យើង ហើយបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ ម្តងជាសម្រេច។
ម៉ាថាយ ៣:១៣ សរសេរថា «នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់»។ ការនេះបានកើតឡើង នៅពេលព្រះយេស៊ូវមានព្រះជន្ម៣០ឆ្នាំ។ ព្រះយេស៊ូវ បានទទួលការកាត់ស្បែក រយៈពេល៨ថ្ងៃ បន្ទាប់ពីទ្រង់បានប្រសូត្រមក ហើយមានការកត់ត្រាតែបន្តិចបន្តួចអំពីទ្រង់ ចាប់ពីពេលនោះរហូតដល់ទ្រង់មានព្រះជន្ម៣០ឆ្នាំ។
យោងតាមព្រះគម្ពីរសញ្ញាចាស់ មូលហេតុដែលព្រះយេស៊ូវត្រូវរង់ចាំរហូតដល់ទ្រង់មានព្រះជន្ម៣០ឆ្នាំ គឺដើម្បីឲ្យបានស្របតាមច្បាប់ធ្វើជាសម្តេចសង្ឃនៅស្ថានសួគ៌។ ក្នុងកណ្ឌចោទិយកថា ព្រះបានប្រាប់ម៉ូសេថា សម្តេច​សង្ឃគួរតែមានអាយុយ៉ាងតិច៣០ឆ្នាំ មុនពេលគាត់អាចបំពេញការងារជាសម្តេ​ចសង្ឃបាន។ ព្រះយេស៊ូវ គឺជាសម្តេចសង្ឃពីស្ថានសួគ៌។ តើជឿសេចក្តីពិតនេះដែរឬទេ?
ម៉ាថាយ ៣:១៣-១៤ និយាយថា «ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ»។ តើអ្នកណាគឺជាអ្នកតំណាងនៃមនុស្សជាតិ? លោកយ៉ូហាន-បាទ្ទីស។ ហើយតើអ្នកណាជាអ្នកតំណាងនៃស្ថានសួគ៌។ ព្រះយេស៊ូវ។ បន្ទាប់មក អ្នកតំណាងទាំងពីរនាក់បានជួបគ្នា។ អញ្ចឹង តើអ្នកតំណាងមួយណាមានអំណាចធំជាង? គឺពិតជាអ្នកតំណាងពីស្ថានសួគ៌មានអំណាចធំជាងហើយ។
ដូច្នេះ លោកយ៉ូហាន-បាទ្ទីស ដែលបានស្រែកប្រកាសយ៉ាងក្លាហានដល់ពួកអ្នកដឹកនាំសាសនានៅសម័យនោះថា «ឱពូជនៃពស់វែកអើយ! ចូរប្រែចិត្តចុះ!» បានបន្ទាបខ្លួននៅចំពោះព្រះយេស៊ូវភ្លាមៗ ហើយបានទូលទ្រង់ថា «ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ»។
នៅត្រង់ចំណុចនេះ ព្រះយេស៊ូវបានមានបន្ទូលថា «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ»។ ព្រះយេស៊ូវ បានយាងមកក្នុងលោកិយនេះ ដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ហើយវាត្រូវបានបំពេញសម្រេច នៅពេលលោកយ៉ូហាន-ទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយទ្រង់។
«រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។»
នេះគឺជាអ្វីដែលពិតជាបានកើតឡើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ គឺមេឃក៏របើកឡើង នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ហើយបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះចេញ។
«តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង» (ម៉ាថាយ ១១:១២)។
ហោរា និងក្រិត្យវិន័យរបស់ព្រះទាំងអស់ បានទាយរហូតដល់គ្រាយ៉ូហាន-បាទ្ទីស។ «តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង។» អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ អាចចូលទៅក្នុងស្ថានសួគ៌បានយ៉ាងពិតប្រាកដ។
 
 
«ខ្ញុំក៏មិនកាត់ទោសអ្នកដែរ»
 
ហេតុអ្វីព្រះយេស៊ូវត្រូវគេ កាត់ទោសនៅលើឈើឆ្កាង?
ពីព្រោះទ្រង់បានដោះអំពើបាប ទាំងអស់របស់យើងចេញ
 
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ក្រោយមក ទ្រង់បានប្រាប់ស្ត្រីដែលគេចាប់បានពេលកំផិតថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»។ ទ្រង់មិនបានកាត់ទោសស្ត្រីនោះ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នៅឯទន្លេយ័រដាន់រួចហើយ ហើយទ្រង់ផ្ទាល់បានត្រូវគេកាត់ទោសសម្រាប់អំពើបាបទាំងនោះវិញ មិនមែនស្ត្រីទេ។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះ ចេញ។ យើងអាចមើលឃើញថា ទ្រង់ខ្លាចយ៉ាងណាពីការឈឺចាប់ ដែលទ្រង់នឹងទ្រាំទ្រនៅលើឈើឆ្កាង ពីព្រោះ «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ ទ្រង់បានអធិស្ឋានទៅកាន់ព្រះ វរបិតាចំនួនបីដងនៅលើភ្នំអូលីវ ដើម្បីដោះយកការកាត់ទោសនេះចេញពីទ្រង់។ ព្រះយេស៊ូវ មានសាច់ និងឈាម ដូចជាមនុស្សដទៃទៀតផងដែរ ដូច្នេះ យើងអាចយល់បានថា ទ្រង់បានខ្លាចពីការឈឺចាប់។ ព្រះយេស៊ូវ ត្រូវតែបង្ហូរព្រះលោហិតទ្រង់ ដើម្បីសម្រេចតាមការកាត់ទោសនេះ។
ដូចដែលយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់​ ត្រូវបង្ហូរឈាម ដើម្បីសងថ្លៃអំពើបាប ទ្រង់ក៏ត្រូវតែបានថ្វាយជាយញ្ញបូជានៅលើឈើឆ្កាងផងដែរ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញរួចរាល់ហើយ ហើយឥឡូវនេះ ទ្រង់ត្រូវតែថ្វាយព្រះជន្មរបស់ទ្រង់សម្រាប់សេចក្តីប្រោសលោះរបស់យើង។ ទ្រង់បានដឹងថា ទ្រង់នឹងត្រូវទទួលយកកាត់ទោសនៅចំពោះព្រះវរបិតា។
ព្រះយេស៊ូវ មិនបានមានបាបនៅក្នុងព្រះទ័យទ្រង់សោះ ប៉ុន្តែដោយសារអំពើបាបទាំងអស់របស់យើង ដែលត្រូវបានផ្ទេរទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នោះព្រះវរបិតាត្រូវតែកាត់ទោសព្រះរាជបុត្រាទ្រង់ផ្ទាល់វិញ។ ដូច្នេះ ជាដំបូង យុត្តិធម៌របស់ព្រះត្រូវបានបំពេញសម្រេច ហើយបន្ទាប់មក ទ្រង់បានប្រទានសេចក្តីស្រឡាញ់របស់ទ្រង់មកដល់យើង សម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះ ទ្រង់ត្រូវតែកាត់ទោសព្រះយេស៊ូវនៅលើឈើឆ្កាង។
ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំក៏មិនកាត់ទោសអ្នក ឬវិនិច្ឆ័យអ្នកដែរ» ពីព្រោះព្រះវរបិតាត្រូវតែកាត់ទោសអំពើបាបទាំងអស់របស់យើង ទាំងដោយចេតនា ឬមិនដោយចេតនា ហើយទាំងដឹងខ្លួន ឬមិនដឹងខ្លួន ដែលទ្រង់បានទទួលយកដាក់លើអង្គទ្រង់។
ព្រះ មិនបានកាត់ទោសយើងឡើយ។ ផ្ទុយទៅវិញ ទ្រង់បានកាត់ទោសព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់ទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ព្រះមិនចង់កាត់ទោសមនុស្សមានបាប ដោយព្រោះតែសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់។ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាសេចក្តីស្រឡាញ់ដែលប្រោសលោះយើង។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។
នេះគឺជារបៀបដែលយើងមើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះយេស៊ូវ មិនបានកាត់ទោសស្ត្រីកំផិតឡើយ។
ស្ត្រីនោះ បានដឹងថា ខ្លួនគឺជាមនុស្សមានបាបម្នាក់ ពីព្រោះគេចាប់គាត់បានពេលកំផិត។ គាត់មិនត្រឹមតែមានបាបនៅក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើបាបនៅក្នុងសាច់ឈាមទៀត។ គាត់ពិតជាមិនអាចបដិសេធអំពើបាបរបស់គាត់បានសោះឡើយ។ ប៉ុន្តែដោយសារគាត់បានជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់គាត់ចេញ នោះគាត់បានសង្រ្គោះ។ ដូច្នេះ បើសិនយើងជឿលើសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ យើងនឹងបានសង្រ្គោះ។ ចូរជឿចុះ! នេះគឺជាព្រះពរដ៏ធំធេងសម្រាប់អ្នក។
 
តើអ្នកណាបានទទួល ព្រះពរធំជាងគេ?
អ្នកដែលមិនមានបាប
 
មនុស្សទាំងអស់ ធ្វើបាប។ មនុស្សទាំងអស់ កំផិត។ ប៉ុន្តែមនុស្សទាំងអស់មិនត្រូវបានកាត់ទោស សម្រាប់អំពើបាបបស់ខ្លួនឡើយ​។ យើងទាំងអស់គ្នា បានធ្វើបាប ប៉ុន្តែអ្នកដែលជឿលើ សេចក្តីប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ គ្មានបាបនៅក្នុងចិត្តទេ។ អ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ គឺជាអ្នកដែលសប្បាយរីករាយបំផុត ហើយទទួលបានព្រះពរដ៏ធំបំផុត ពីព្រោះពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់ហើយ គឺឥឡូវនេះ ពួកគេបានសុចរិតនៅក្នុងព្រះយេស៊ូវ។
ព្រះ ប្រាប់យើងអំពីសេចក្តីអំណរនៅក្នុង រ៉ូម ៤:៧ ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​ការ​ទទឹង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ និង​បាន​ខ្លួន​បាន​គ្រប​បាំង»។ យើងទាំងអស់គ្នា ធ្វើបាន រហូតដល់ថ្ងៃយើងស្លាប់ ពីព្រោះយើងទទឹងនឹងច្បាប់ ហើយមិនពេញលេញនៅចំពោះព្រះ។ យើងបន្តធ្វើបាប សូម្បីតែបន្ទាប់ពីយើងបានស្គាល់ពីក្រិត្យវិន័យរបស់ទ្រង់ហើយ។ យើងទន់ខ្សោយណាស់។
ប៉ុន្តែព្រះបានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងលោហិតរបស់ព្រះរាជបុត្រាតែមួយរបស់ទ្រង់ ហើយប្រាប់អ្នកនិងខ្ញុំថា យើងលែងជាមនុស្សមានបាបទៀតហើយ ហើយថា ឥឡូវនេះ យើងបានសុចរិត ហើយជាកូនរបស់ទ្រង់ហើយ។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាដំណឹងល្អអំពីសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច។ តើអ្នកជឿលើដំណឹងល្អនេះដែរឬទេ? អ្នកដែលជឿ ទ្រង់រាប់ជាសុចរិត ហើយអ្នកបានសង្រ្គោះ និងធ្វើជាកូនរបស់ទ្រង់។ តើអ្នកណាគឺជាអ្នកដែលមានអំណរខ្លាំងជាងគេនៅក្នុងលោកិយនេះ? អ្នកដែលជឿលើដំណឹងល្អពិតប្រាកដ ហើយបានសង្រ្គោះ។ តើអ្នកបានសង្រ្គោះហើយឬនៅ?
តើព្រះយេស៊ូវមិនបានទទួលយកអំពើបាបរបស់អ្នកឬ? ទេ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់អ្នក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ចូរជឿលើសេចក្តីពិតនេះ ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកចុះ! ចូរយើងអាន យ៉ូហាន ១:២៩។
 
 
ដូចត្រូវបានសម្អាតដោយអំបោស
 
តើព្រះយេស៊ូវបានដោះ បាបប៉ុន្មានចេញ?
អំពើបាបទាំងអស់ របស់លោកិយ
 
«លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១:២៩)។
«នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក!»
លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ នៅឯទន្លេយ័រដាន់។ នៅថ្ងៃបន្ទាប់ គាត់បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលដោះបាបទាំងអស់របស់លោកិយចេញ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយដាក់លើស្មារបស់ទ្រង់។
អំពើបាបទាំងអស់របស់លោកិយ សំដៅទៅលើអំពើបាបទាំងអស់ ដែលមនុស្សជាតិប្រព្រឹត្តនៅក្នុងលោកិយនេះ ចាប់តាំងពីការបង្កបង្កើតរហូតដល់ចុងបញ្ចប់របស់វា។ រយៈពេលប្រហែល២០០០ឆ្នាំ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយ ហើយបានសង្រ្គោះយើង។ ក្នុងនាមជាកូនចៀមនៃព្រះ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើង ហើយបានទទួលការកាត់ទោសជំនួសយើងវិញ។
រាល់អំពើបាបនីមួយៗ ដែលមនុស្សជាតិប្រព្រឹត្ត ត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ ពីព្រោះទ្រង់បានក្លាយជាកូនចៀមនៃព្រះ ដែលដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
ព្រះយេស៊ូវ បានយាងមកផែនដីនេះ ជាមនុស្សបន្ទាបខ្លួនម្នាក់ ហើយជាម្នាក់ដែលនឹងសង្រ្គោះមនុស្សមានបាបទាំងអស់ នៅក្នុងលោកិយនេះ។ យើងធ្វើបាប ពីព្រោះយើងគឺជាមនុស្សទន់ខ្សោយ អាក្រក់ ចំកួត ភ្លីភ្លើ និងមិនពេញលេញ។ ម៉្យាងវិញទៀត យើងធ្វើបាប ពីព្រោះយើងបានស្នងបាបពីបុព្វបុរសរបស់យើង គឺអ័ដាម។ អំពើបាបទាំងអស់នេះ ត្រូវបានបោសសម្អាត ហើយដាក់នៅលើអង្គព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នៅទន្លេយ័រដាន់។ ហើយទ្រង់បានបំបាត់អំពើបាបទាំងអស់នេះ ដោយការសុគតខាងសាច់ឈាមរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់ត្រូវបានគេបញ្ចុះ ប៉ុន្តែព្រះបានប្រោសទ្រង់ឲ្យមានព្រះជន្មពីសុគត នៅថ្ងៃទីបី។
ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់ អង្គជ័យជំនះ និងចៅក្រម ឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា ហើយទ្រង់មិនចាំបាច់សង្រ្គោះយើងម្តងហើយម្តងទៀតនោះទេ។ អ្វីដែលយើងត្រូវធ្វើ គឺជឿលើទ្រង់ ហើយបានសង្រ្គោះ។ ជីវិតអស់កល្បជានិច្ច រង់ចាំអ្នកដែលជឿ ហើយសេចក្តីវិនាសរង់ចាំអ្នកដែលមិនជឿ គឺគ្មានជម្រើសអ្វីក្រៅពីនេះឡើយ។
ព្រះយេស៊ូវ បានសង្រ្គោះអ្នកទាំងអស់គ្នាហើយ។ អ្នកគឺជាមនុស្សមានអំណរខ្លាំងបំផុតនៅលើផែនដីនេះ។ អ្នកប្រាកដជានឹងធ្វើបាប នៅពេលអនាគត ដោយសារភាពខ្សោយរបស់អ្នក ប៉ុន្តែទ្រង់ក៏បានដោះអំពើបាបទាំងនោះផងដែរ។
តើមានបាបនៅសល់នៅក្នុងចិត្តរបស់អ្នកដែរឬទេ? —ទេ—
តើព្រះយេស៊ូវបានទទួលយកវាទាំងអស់ឬ? —បាទ! ទ្រង់បានទទួលយកអស់ហើយ—
មនុស្សទាំងអស់ គឺដូចគ្នា។ គ្មានអ្នកណាបរិសុទ្ធជាងអ្នកជិតខាងរបស់ខ្លួនឡើយ។ ប៉ុន្តែមានមនុស្សជាច្រើនមានសេចក្តីកំពុត ដោយជឿថា ពួកគេមិនមែនជាមនុស្សមានបាបទេ ដែលការពិត ពួកគេគឺជាមនុស្សមានបាបដែរសោះ។ ពិភពលោកនេះ គឺផ្ទះជាពណ៌បៃតង ដែលបណ្តុះឲ្យមានបាប។
នៅពេលមនុស្សស្រីចេញពីផ្ទះរបស់ខ្លួន ពួកគេលាបក្រែបបបូរមាត់ ផាត់ម្សៅមុខ ចងសក់ ស្លៀកពាក់សំលៀកបំពាក់ស្អាតៗ និងពាក់ស្បែកជើងកែងចោត ឲ្យមើលទៅឃើញស្រស់ស្អាត។ មនុស្សប្រុស ទៅកាត់សក់ សម្អិតសម្អាតខ្លួន ស្លៀកពាក់ខោអាវស្អាតៗ ក្រវ៉ាត់ក និងស្បែកជើងទាន់សម័យ ឲ្យមើលទៅឃើញសង្ហា។
ប៉ុន្តែខណៈដែលពួកគេអាចមើលទៅដូចជាម្ចាស់ក្សត្រា និងម្ចាស់ក្សត្រីពីខាងក្រៅ ពួកគេពិតមានភាពកខ្វក់ពីខាងក្នុង។
តើប្រាក់ធ្វើឲ្យមនុស្សសប្បាយចិត្តដែរឬទេ? តើសុខភាពធ្វើឲ្យមនុស្សសប្បាយចិត្តដែរឬទេ? ទេ។ មានតែសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច ដែលជាការអត់ទោសអំពើបាបទាំងអស់ទេ ដែលធ្វើឲ្យមនុស្សសប្បាយរីករាយពិតប្រាកដ។ មិនថាពីខាងក្រៅ មនុស្សម្នាក់សប្បាយរីករាយខ្លាំងប៉ុណ្ណាទេ គាត់មានទុក្ខ បើសិនគាត់មានបាបនៅក្នុងចិត្ត។ មនុស្សបែបនេះ រស់នៅដោយសេចក្តីភ័យខ្លាចពីសេចក្តីជំនុំជម្រះ។
មនុស្សបានសង្រ្គោះហើយ ក្លាហានដូចជាសត្វតោអញ្ចឹង ទោះបីជាគាត់ជួបការឈឺខ្លាំងយ៉ាងណាក៏ដោយ ពីព្រោះគាត់មិនមានបាបនៅក្នុងចិត្តរបស់គាត់ឡើយ។ «សូមអរព្រះគុណដល់ព្រះអម្ចាស់ ទ្រង់បានសង្រ្គោះមនុស្សមានបាបម្នាក់ដូចជារូបទូលបង្គំនេះ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់ទូលបង្គំចេញ។ ហើយទូលបង្គំដឹងថា ទូលបង្គំមិនសមនឹងទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ ប៉ុន្តែទូលបង្គំសូមសរសើរតម្កើងទ្រង់ ដែលទ្រង់បានសង្រ្គោះទូលបង្គំ។ ឥឡូវនេះ ទូលបង្គំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ទូលបង្គំ អស់កល្បជានិច្ចហើយ។ សូមថ្វាយសិរីល្អដល់ព្រះអង្គ!»
អ្នកដែលបានសង្រ្គោះ គឺជាអ្នកដែលមានអំណរពិតប្រាកដ ហើយអ្នកដែលទទួលបានព្រះពរ នៅក្នុងព្រះគុណនៃសេចក្តីប្រោសលោះរបស់ទ្រង់ គឺជាអ្នកដែលមានអំណរពិតប្រាកដ។
ដោយសារព្រះយេស៊ូវ ដែលជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» បានដោះអំពើបាបទាំងអស់របស់យើងចេញ យើងមិនមានបាបទៀតទេ។ ទ្រង់ «បានសម្រេច» សេចក្តីសង្រ្គោះសម្រាប់យើងនៅឯឈើឆ្កាង។ អំពើបាបទាំងអស់របស់អ្នកនិងខ្ញុំ ត្រូវបានបូកបញ្ចូលជាមួយអំពើបាបរបស់លោកិយនេះហើយ។ ដូច្នេះ យើងទាំងអស់គ្នាបានសង្រ្គោះហើយ។
 
 
ដោយតាមបំណងព្រះហឫទ័យរបស់ព្រះ
 
តើយើងមានបាប នៅក្នុងចិត្តទៀតទេ នៅពេលយើង នៅក្នុងព្រះយេស៊ូវគ្រីស្ទ?
ទេ យើងមិនមានទេ
 
បងប្អូនអើយ ស្ត្រីកំផិតដែលគេចាប់បាននោះ បានជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយគាត់បានសង្រ្គោះ។ រឿងរបស់គាត់ ត្រូវបានកត់ទុកក្នុងព្រះគម្ពីរ ពីព្រោះគាត់បានទទួលព្រះពរនៃ សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចរបស់ទ្រង់។ ប៉ុន្តែពួកអាចារ្យ និងពួកផារ៉ាស៊ី បានរត់ចេញពីព្រះយេស៊ូវទៅ។
បើសិនអ្នកជឿលើព្រះយេស៊ូវ ស្ថានសួគ៌រង់ចាំអ្នក ប៉ុន្តែបើសិនអ្នកចាកចោលព្រះយេស៊ូវ អ្នកនឹងត្រូវទៅស្ថាននរកវិញ។ ហើយបើសិនអ្នកជឿលើសេចក្តីសុចរិតរបស់ទ្រង់ វាគឺជាស្ថានសួគ៌ ប៉ុន្តែបើសិនអ្នកមិនជឿលើការប្រព្រឹត្តរបស់ទ្រង់ទេ វាគឹជាស្ថាននរក។ សេចក្តីប្រោសលោះ មិនអាស្រ័យលើការខិតខំព្យាយាមរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែអាស្រ័យសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវវិញ។
ចូរយើងអាន ហេព្រើរ ១០។ «ដ្បិត​ឯ​ក្រឹត្យវិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្តី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញបូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ តែ​យញ្ញបូជា​ទាំង​នោះ​នាំ​ឲ្យ​រំឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះបន្ទូល​ថា [ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា និង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូបកាយ​ឲ្យ​ទូលបង្គំ​វិញ ទ្រង់​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ ដង្វាយ​លោះ​បាប​ដែរ បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)] ក្រោយ​ដែល​មាន​ព្រះបន្ទូល​ថា យញ្ញបូជា និង​ដង្វាយ ហើយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យវិន័យ នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា [មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់] ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្តី​មុន ដើម្បី​នឹង​តាំង​សេចក្តី​ក្រោយ​វិញ គឺ​ដោយសារ​ចំណង់​ព្រះហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ​១​ដង​ជា​សំរេច» (ហេព្រើរ ១០:១-១០)។
«ដោយតាមបំណងព្រះហឫទ័យរបស់ព្រះ» ព្រះយេស៊ូវបានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងចេញ ហើយបានទទួលការកាត់ទោស ម្តងជាសម្រេច ហើយបានមានព្រះជន្មរស់ឡើងវិញ។
ដូច្នេះ យើងបានញែកជាបរិសុទ្ធ​ហើយ។ «បានញែកជាបរិសុទ្ធ» (ហេព្រើរ ១០:១០) ត្រូវបានសរសេរនៅក្នុងកាលបច្ចុប្បន្នពេញលេញ ដែលមានន័យថា សេចក្តីប្រោសលោះរបស់យើងបានពេញលេញហើយ ហើយមិនចាំបាច់និយាយឡើងវិញទៀតទេ។ ដូច្នេះ អ្នកបានញែកជាបរិសុទ្ធហើយ។
«ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញបូជា​ដដែល​ជា​ញឹកញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ​១​នោះ» (ហេព្រើរ ១០:១១-១៤)។
អ្នកទាំងអស់គ្នា បានញែកជាបរិសុទ្ធជារៀងរហូតហើយ។ បើសិនថ្ងៃស្អែក អ្នកធ្វើបាបទៀត តើអ្នកនឹងត្រឡប់ជាមនុស្សមានបាបម្តងទៀតដែរឬទេ? តើព្រះយេស៊ូវមិនបានដោះអំពើបាបទាំងនោះចេញដែរឬទេ? ទ្រង់ក៏បានដោះអំពើបាបនៅអនាគតចេញផងដែរ។
«ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា [ឯ​សេចក្តី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង] នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះបន្ទូល​នេះ​ទៀត​ថា [អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត] ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ» (ហេព្រើរ ១០:១៥-១៨)។

ឃ្លា «ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនេះរួចហើយ» មានន័យថា ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ។ ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់អ្នក និងខ្ញុំ។ ជំនឿជឿលើព្រះយេស៊ូវ បានសង្រ្គោះយើងហើយ។ នេះគឺជាសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវ និងជាអំណោយទាន និងព្រះគុណដ៏ធំធេងពីព្រះ។ អ្នក និងខ្ញុំដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់ គឺជាអ្នកដែលមានព្រះពរធំធេងបំផុត!