Search

Predigten

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 3-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក ៣

សាវកប៉ុល បាននិយាយថា ការមិនជឿរបស់មនុស្សមិនបានធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះត្រឡប់ទៅជាឥតប្រយោជន៍ឡើយ។ ដោយបានបន្តពីជំពូក២ សាវកប៉ុលបានចង្អុលបង្ហាញនៅក្នុងជំពូកនេះថា សាសន៍យូដាមិនបានមានប្រយោជន៍អ្វីសម្រាប់សាសន៍ដទៃទេ។ ហើយនៅក្នុងជំពូកនេះ សាវកប៉ុលបានប្រៀបធៀបក្រិត្យវិន័យជាមួយនឹងច្បាប់នៃសេចក្តីសុចរិតរបស់ព្រះ មុននឹងគាត់និយាយអំពីច្បាប់នៃសេចក្តីសុចរិតរបស់ព្រះ ដែលធ្វើឲ្យមនុស្សមានបាបទទួលបានសេចក្តីសុចរិតរបស់ទ្រង់ និងដឹកនាំពួកគេទៅកាន់ជីវិតពិតប្រាកដ។ ហើយគាត់ក៏បានសង្កត់ធ្ងន់នៅក្នុងជំពូកនេះផងដែរថា សេចក្តីសង្រ្គោះចេញពីបាបមិនកើតឡើង តាម រយៈការប្រព្រឹត្តរបស់យើងឡើយ ប៉ុន្តែតាមរយៈសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះវិញ។
សាវកប៉ុលបាននិយាយថា ទោះបីជាសាសន៍យូដា និងមនុស្សដទៃទៀតមិនជឿលើសេចក្តីសុចរិតរបស់ព្រះក៏ដោយ ក៏ការមិនជឿរបស់ពួកគេមិនធ្វើឲ្យសេចក្តីសុចរិតរបស់ទ្រង់ត្រឡប់ជាឥតប្រយោជន៍ដែរ។ ព្រះមិនអាចកុហកបានឡើយ ហើយសេចក្តីស្មោះត្រង់ចំពោះសេចក្តីសុចរិតរបស់ទ្រង់ក៏នឹងមិនបាត់បង់ដែរ។ ដូច្នេះ ទោះបីជាសាសន៍យូដាមិនជឿលើ សេចក្តីសុចរិតរបស់ទ្រង់ក៏ដោយ ក៏សុពលភាពនៃសេចក្តីសុចរិតរបស់ទ្រង់នឹងមិនបាត់បង់ដែរ។
សេចក្តីសុចរិតរបស់ព្រះ ដែលសាវកប៉ុលបានប្រកាស មិនអាចបាត់បង់សុពលភាព ដោយសារតែការមិនជឿរបស់មនុស្សបានជាដាច់ ខាត។ ប៉ុន្តែអ្នកណាដែលជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានដល់មនុស្សមានបាប ទទួលបានសេចក្តីសុចរិតរបស់ព្រះ ហើយសេចក្តីសុចរិតនេះគ្រប់លក្ខណ៍លើសពីគំនិត ឬសីលធម៌របស់មនុស្សទៅទៀត។
សាវកប៉ុលបានបន្ទោសអ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបានធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហក។ ព្រះបានមានបន្ទូលថា ទ្រង់បានសង្រ្គោះមនុស្សចេញពីអំពើបាបរបស់ពួកគេទាំងស្រុង តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ ប៉ុន្តែពួកគេមិនជឿលើការពិតនេះឡើយ។ ដូច្នេះ ពួកគេបានធ្វើឲ្យទ្រង់ក្លាយជាអ្នកកហុកទៅវិញ។ ប៉ុន្តែសេចក្តីសុចរិតរបស់ទ្រង់មិនត្រឡប់ជាឥតប្រយោជន៍ ដោយសារតែការមិនជឿរបស់ពួកគេឡើយ។ 
 
 
តើសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងដោយរបៀបណា?
 
អ្នក ដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងទទួលបានការជំនុំជម្រះសម្រាប់អំពើបាបរបស់ខ្លួន។ យើងអាចបញ្ជាក់សេចក្តីសុចរិតរបស់ព្រះ ជាមួយនឹងសេចក្តីសង្រ្គោះ ដែលទ្រង់ប្រទានឲ្យ។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ ទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប និងជីវិតអស់កល្បជានិច្ច។ ដូច្នេះ គ្រប់គ្នាអាចទទួលបានព្រះពរនេះបានដោយការជឿលើសេចក្តីស្មោះត្រង់នៃសេចក្តីសុចរិតរបស់ព្រះ។
សេចក្តីសុចរិតរបស់ព្រះមិនខុសឡើយ ប៉ុន្តែពិតជាត្រឹមត្រូវណាស់។ មនុស្សម្នាក់ៗគឺជាអ្នកកុហកនៅចំពោះព្រះវិញ ប៉ុន្តែព្រះធ្វើតាមអ្វីដែលទ្រង់បានសន្យា។ ដូច្នេះ សេចក្តីស្មោះត្រង់របស់ព្រះឈ្នះលើសេចក្តីកុហករបស់មនុស្ស។ មនុស្សជាតិត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះព្រះមិនផ្លាស់ប្តូរអ្វីដែលទ្រង់បានមានបន្ទូលឡើយ ប៉ុន្តែមនុស្សតែងតែផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ដោយយោងទៅតាមការវិនិច្ឆ័យតាម កាលៈទេសៈ។ ព្រះតែងតែស្មោះត្រង់ចំពោះអ្វីដែលទ្រង់បានប្រាប់ដល់មនុស្សជាតិ។ 
រ៉ូម ៣:៥ និយាយថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក)»។ សេចក្តីទុច្ចរិតរបស់មនុស្សបើកសម្តែងពី សេចក្តីសុចរិតរបស់ព្រះ។
សេចក្តីសុចរិតរបស់ព្រះ ត្រូវបានបើកសម្តែងឲ្យឃើញកាន់ច្បាស់ តាមរយៈភាពខ្សោយរបស់យើង។ នេះដោយសារតែព្រះយេស៊ូវបានបំពេញព្រះរាជកិច្ចដ៏សុចរិត ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះបញ្ចេញរស្មីកាន់តែច្បាស់ឡើង តាមរយៈភាពមិនពេញលេញរបស់មនុស្ស។ យើងអាចស្វែងរកបានសេចក្តីពិតនេះនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពេញទៅដោយសេចក្តីសុចរិតរបស់ព្រះ។ មូលហេតុគឺថា មនុស្សទាំងអស់ធ្វើបាប រហូតដល់ថ្ងៃស្លាប់ ហើយសេចក្តីស្រឡាញ់របស់ព្រះធំជាងអំពើបាបទាំងអស់នោះទៅទៀត។ ដូច្នេះ សេចក្តីស្រឡាញ់របស់ព្រះសង្រ្គោះមនុស្សមានបាបដែលទន់ខ្សោយចេញពីអំពើបាបរបស់ពួកគេ។
ព្រះអម្ចាស់របស់យើង បានយកឈ្នះលើអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានបញ្ចប់សេចក្តីសង្រ្គោះរបស់ទ្រង់ តាមរយៈ សេចក្តីអត់ទោសសម្រាប់អំពើបាប។ មិនមានមនុស្សណាម្នាក់អាចរស់នៅក្នុងជីវិតដែលឥតមានបាបបានឡើយ។ ដោយសារមនុស្សត្រូវធ្លាក់ទៅក្នុងស្ថាននរក ព្រះការពារពួកគេ ដោយសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនេះគឺជាសេចក្តីសុចរិតរបស់ទ្រង់ហើយ។
យើងដែលជាមនុស្ស គឺជាអ្នកកុហក ចាប់តាំងថ្ងៃដែលយើងបានកើតមក ហើយបានបដិសេធសេចក្តីសុចរិតរបស់ព្រះ ដោយការមិនជឿតាមព្រះបន្ទូលទ្រង់។ មនុស្សជាតិត្រូវវិនាសនៅចំពោះព្រះ ពីព្រោះទ្រង់មិនអាចទទួលយកការប្រព្រឹត្តរបស់ពួកគេបានឡើយ។ ប៉ុន្តែព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយសេចក្តីស្រឡាញ់របស់ទ្រង់ ពីព្រោះទ្រង់បានអាណិតអាសូរដល់យើង។ មនុស្សទាំងអស់ត្រូវធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះពួកគេពុករលួយ ដោយការបោកបញ្ឆោតរបស់សាតាំង ហើយពួកគេទាំងអស់គ្នាធ្វើបាប។ ទោះបីជាយ៉ាងណា ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួននភ្ងាតែមួយរបស់ទ្រង់ ឲ្យមកសង្រ្គោះមនុស្សចេញពីកណ្តាប់ដៃរបស់អារក្ស និងអំណាចនៃសេចក្តីងងឹត។ 
សាវកប៉ុលបាននិយាយថា មនុស្សជាតិអាចព្យាយាមប្រព្រឹត្តល្អជារៀងរាល់ថ្ងៃបាន ប៉ុន្តែពួកគេនៅតែបន្តធ្វើបាបពេញមួយជីវិតរបស់ពួកគេ។ ប៉ុន្តែសេចក្តីអាក្រក់របស់មនុស្សនឹងបើកសម្តែងពីសេចក្តីសុចរិត និង សេចក្តីស្រឡាញ់របស់ព្រះកាន់តែច្បាស់។ នៅក្នុងសេចក្តីពិត មនុស្សមិនមានសេចក្តីសុចរិតទេ។ ដូច្នេះ ពួកគេត្រូវការអ្នកនាំសារម្នាក់ ដូចជាសាវកប៉ុល ដែលបានស្គាល់ និងទទួលបានសេចក្តីសុចរិតរបស់ព្រះ និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះហើយបានជាគាត់អាចអធិប្បាយសេចក្តីសុចរិតរបស់ព្រះបាន។
 
 
ដំណឹងល្អដែលសាវកប៉ុលបានប្រកាស ផ្អែកលើ សេចក្តីសុចរិតរបស់ព្រះ
 
សាវកប៉ុល បានអធិប្បាយដំណឹងល្អ ដែលផ្អែកលើសេចក្តីសុចរិតរបស់ព្រះ។ គាត់ត្រូវតែអធិប្បាយដំណឹងល្អនេះ ពីព្រោះព្រះបានស្រឡាញ់មនុស្សមានបាប ហើយបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ។ សេចក្តីស្រឡាញ់នៃការសង្រ្គោះរបស់ព្រះ ស្ថិតនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ សេចក្តីអត់ទោសសម្រាប់អំពើបាបអាស្រ័យលើជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែបញ្ហាគឺថា ជាទូទៅ មនុស្សគិតថា ពួកគេត្រូវតែរស់នៅប្រកបដោយគុណធម៌ ដើម្បីបានសង្រ្គោះនៅចំពោះព្រះ។ បើសិនតាមនិស្ស័យរបស់មនុស្ស ពួកគេមិនអាចធ្វើល្អបានឡើយ ហើយការធ្វើល្អតែខាងក្រៅគ្រាន់តែជាឧបសគ្គសម្រាប់ការទទួលយកសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ មនុស្សត្រូវតែបំបែកគំនិតរឹងរួសរបស់ខ្លួនអំពីការរស់នៅប្រកបដោយគុណធម៌ ដើម្បីទទួលយកដំណឹងល្អអំពីការកាត់ស្បែកខាងវិញ្ញាណ ដែលព្រះបានប្រទានឲ្យ។
គ្មានអ្នកណាម្នាក់នៅលើផែនដីនេះ ពិតជាអាចធ្វើល្អបានទាំងស្រុងឡើយ។ ដូច្នេះ តើមនុស្សមានបាបអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបានដោយរបៀបណា? ពួកគេត្រូវតែបោះបង់ចោលគំនិតដែលថា ពួកគេគួរតែរស់នៅក្នុងជីវិតល្អ ដើម្បីបានសង្រ្គោះ។ ដោយសារមនុស្សជាច្រើនបដិសេធមិនបោះបង់ចោលគំនិត និងខ្នាតគំរូរបស់ខ្លួន ពួកគេមិនអាចបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបរបស់ខ្លួនបានឡើយ។ សេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អអំពីការកាត់ស្បែកខាងវិញ្ញាណ បានធ្វើឲ្យយើងបានដឹងថា សេចក្តីទុច្ចរិតរបស់យើងគ្រាន់តែបើកសម្តែងពីទំហំនៃសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ។ សម្រាប់ហេតុផលនេះ អ្នកដែលជឿលើ សេចក្តីសុចរិតរបស់ព្រះមានមោទនភាពចំពោះ និងផ្តល់តម្លៃខ្ពស់ដល់ សេចក្តីសុចរិតរបស់ព្រះ ពីព្រោះវាមកពីព្រះ។
សាវកប៉ុល បង្រៀនតួនាទីនៃក្រិត្យវិន័យដល់ពួកក្រិត្យវិន័យនិយម ដែលជឿថា ពួកគេនឹងបានទៅស្ថានសួគ៌ បើសិនពួកគេប្រព្រឹត្តល្អ ប៉ុន្តែបើសិនពួកគេមិនរស់នៅក្នុងជីវិតប្រកបដោយគុណធម៌ទេ ពួកគេនឹងមិនទទួលបានសេចក្តីសុចរិតរបស់ព្រះឡើយ។ ក្រិត្យវិន័យគឺដូចជាកញ្ចក់ ដែលបង្ហាញពីអំពើបាបរបស់មនុស្ស។ សាវកប៉ុលបង្រៀនថា មនុស្សមានជំនឿបែបសាសនា និងខុសឆ្គង។ នេះគឺជាសេចក្តីបង្រៀន និងការណែនាំរបស់សាវកប៉ុលទៅកាន់សេចក្តីសុចរិតរបស់ព្រះ។
សាវកប៉ុលនិយាយទៅកាន់អស់អ្នកដែលដើរតាមគ្រូខុសឆ្គង ដែលមិនជឿថា ពួកគេអាចបានរាប់ជាសុចរិត បន្ទាប់ពីជឿព្រះយេស៊ូវទេ។ គាត់បង្រៀនអ្នកមិនជឿឲ្យជឿលើសេចក្តីសុចរិតរបស់ព្រះ និងបានរួចពីការកាត់ទោស។ សាវកប៉ុលនិយាយថា អស់អ្នកដែលមិនជឿលើសេចក្តីសង្រ្គោះនៃទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ នឹងទទួលបានសេចក្តីជំនុំជម្រះ ហើយដោយសារពួកគេមិនជឿព្រះ ពួកគេសមនឹងទទួលបានការជំនុំជម្រះ។ គាត់និយាយថា មនុស្សមានបាបគួរតែបែរមក និងទទួលយកសេចក្តីសុចរិតរបស់ព្រះវិញ ដើម្បីបានរួចពីការជំនុំជម្រះដ៏ឃោឃៅរបស់ព្រះ។ 
 
 
ដូច្នេះ តើយើងអាចធ្វើបាបបន្ថែមទៀត ដោយសារតែយើងបានជឿលើសេចក្តីសុចរិតរបស់ព្រះហើយឬ?
 
ខ.៧ និយាយថា «ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត»។ ដូច្នេះ បើសិនយើងត្រូវបានរាប់ជាឥតមានបាប តើយើងអាចធ្វើបាបដោយសេរីឬ? សាវកប៉ុលពន្យល់ពីចំណុចនេះ។ ដោយសារព្រះបានសង្រ្គោះអ្នក តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ តើទ្រង់អនុញ្ញាតឲ្យអ្នកកហុកដោយសេរីឬ? បើសិនអ្នកជឿដូច្នេះ នោះអ្នកគួរតែដឹងថា អ្នកមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះទេ ហើយអ្នកកំពុងតែបង្ខូចសេចក្តីសុចរិតរបស់ទ្រង់ហើយ។
សូម្បីតែនៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលបង្ខូចសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់ពួកគេ គឺវាមិនខុសគ្នាពីសម័យបុរាណទេ។ សាវកប៉ុលបានសរសរបទគម្ពីរនេះ ជិត២០០០ឆ្នាំមកហើយ ហើយនៅសម័យនោះ ក៏មានមនុស្សជាច្រើន ដែលដើរតាមរបៀបគិតផ្ទាល់ខ្លួនរបស់ពួកគេដែរ។
នៅសព្វថ្ងៃនះ គ្រីស្ទបរិស័ទភាគច្រើន ដែលមិនទាន់បានកើតជាថ្មី យល់ខុសថា បើសិនមនុស្សម្នាក់ឥតមានបាប គាត់អាចប្រព្រឹត្តអំពើបាបដោយសេរី។ អ្នកដែលមិនបានកើតជាថ្មី និយាយបង្កាច់មនុស្សសុចរិត ដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ដោយផ្អែកលើគំនិតខាងសាច់ឈាមរបស់ពួកគេ ហើយនិយាយអាក្រក់ពីអ្នកដែលបានកើតជាថ្មី។ គ្រីស្ទបរិស័ទដែលមិនបានកើតជាថ្មី បាននិយាយបង្កាច់គ្រីស្ទបរិស័ទដែលពិតជាបានកើតជាថ្មី ដោយគំនិតដែលឥតជំនឿរបស់ពួកគេ។ ជំនឿត្រឹមត្រូវមិនអាចត្រូវបានយល់ខុស ដោយសាច់ឈាមរបស់មនុស្សបាន ឡើយ។ អំពើបាបគឺជាអ្វីដែលអ្នកតែងតែប្រព្រឹត្តពេញមួយជីវិតរបស់អ្នក។ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតសុទ្ធតែធ្វើបាបដូចគ្នា។ ប៉ុន្តែអ្នកដែលបដិសេធសេចក្តីសុចរិតរបស់ព្រះ មានបាប ខណៈដែលអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ឥតមានបាបទេ។ 
សាវកប៉ុលបាននិយាយទៅកាន់អ្នកមិនជឿថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ» (រ៉ូម ៣:៣-៤)។ ទោះបីជាមនុស្សជាតិមិនជឿលើសេចក្តីសុចរិតរបស់ព្រះក៏ដោយ ក៏ការមិនជឿរបស់ពួកគេមិនអាចធ្វើឲ្យសេចក្តីសុចរិតរបស់ទ្រង់ត្រឡប់ជាឥតប្រយោជន៍បានដែរ។ ប៉ុន្តែបើសិនមនុស្សម្នាក់ជឿលើសេចក្តីសុចរិតរបស់ព្រះ គាត់បានសង្រ្គោះ ហើយបើសិនគាត់មិនជឿទេ គាត់មិនអាចទទួលបានសេចក្តីសុចរិតរបស់ទ្រង់បានឡើយ។ សេចក្តីសុចរិតរបស់ព្រះនឹងស្ថិតស្ថេរជារៀងរហូត។ អ្នកដែលធ្លាក់ទៅក្នុងស្ថាននរក មិនជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ ហើយនឹងមិនអាចលាងសម្អាតអំពើបាបរបស់ខ្លួនបានឡើយ។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះ ដែលដឹកនាំអ្នកជឿឲ្យបានកើតជាថ្មី នឹងមិនត្រឡប់ជាឥតប្រយោជន៍ ដោយសារតែមនុស្សមិនជឿនោះឡើយ។
 
 
ការទទួលបានសេចក្តីសុចរិតរបស់ព្រះមិនពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់មនុស្សឡើយ
 
ការទទួលបានសេចក្តីសុចរិតរបស់ព្រះអម្ចាស់ មិនពាក់ព័ន្ធនឹងការប្រព្រឹត្តល្អរបស់មនុស្សឡើយ ប៉ុន្តែវាពាក់ព័ន្ធនឹងសេចក្តីជំនឿរបស់យើងលើសេចក្តីពិតថា សេចក្តីសុចរិតគឺជាការអត់ទោសសម្រាប់អំពើបាបរបស់យើងតែប៉ុណ្ណោះ។ យោងតាមសេចក្តីពិតនៃព្រះបន្ទូលព្រះ អ្នកដែលជឿលើសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ ទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយសារសេចក្តីជំនឿ ប៉ុន្តែអ្នកដែលមិនជឿ នឹងទទួលបានការជំនុំជម្រះវិញ។
ដូច្នេះ ព្រះបានបញ្ជូនព្រះយេស៊ូវមកលោកិយនេះ ដើម្បីធ្វើជាថ្មចំពប់ដល់អ្នកដែលមិនស្តាប់តាមសេចក្តីសុចរិតរបស់ព្រះ។ មានមនុស្សជាច្រើន ដែលស្ម័គ្រចិត្តទទួលយកស្ថាននរក ពីព្រោះពួកគេមិនចង់ជឿលើសេចក្តីសុចរិតរបស់ទ្រង់ទេ ទោះបើព្រះយេស៊ូវបានប្រទានសេចក្តីសុចរិតរបស់ព្រះដល់ពួកគេ ដោយការធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេរួចហើយក៏ដោយ។ សូម្បីតែមនុស្សអាក្រក់បំផុត ក៏ទ្រង់បានប្រទានផ្លូវឲ្យអាចបានរាប់ជាសុចរិត និងទទួលបានជីវិតអស់កល្បជានិច្ចដែរ។ ហើយអ្នកដែលធ្វើការល្អយ៉ាងច្រើន ក៏មិនអាចបានសង្រ្គោះចេញពីសេចក្តីវិនាសបានដែរ បើសិនគាត់មិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលជួយឲ្យគាត់ទទួលបានការអត់ទោសអំពើបាប និងបានកើតជាថ្មី។ 
ដោយសារឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ អ្នកណាដែលមានបាប នឹងធ្លាក់ទៅស្ថាននរក តាមរយៈការជំនុំជម្រះ។ ព្រះយេស៊ូវធ្វើជាថ្មចំពប់ដល់អ្នកដែលព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួន និងចូលទៅក្នុងស្ថានសួគ៌ ដោយមិនចាំបាច់ជឿលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ មនុស្សដែលមានហេតុផល នឹងត្រូវវិនាស ទោះបើពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ ពីព្រោះពួកគេមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់។
មនុស្សមួយចំនួននិយាយថា ពួកគេគឺជាមនុស្សមានបាប ដែលបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ប៉ុន្តែមិនអាចមាន «មនុស្សមានបាបដែលបានសង្រ្គោះ» ឡើយ។ តើមនុស្សម្នាក់អាចក្លាយជាមនុស្សមានបាបម្តងទៀត បន្ទាប់ពីបានសង្រ្គោះចេញពីបាបហើយបានយ៉ាងដូចម្តេច? គាត់ឥតមានបាបទេ បើសិនគាត់បានសង្រ្គោះចេញពីបាបហើយ ហើយគាត់មានបាប បើសិនគាត់មិនទាន់ទទួលបានសេចក្តីសង្រ្គោះចេញបាបនៅឡើយ។ នៅក្នុងនគរស្ថានសួគ៌ នឹងមិនមានមនុស្សមានបាបម្នាក់ណាសោះឡើយ។ ព្រះមានបន្ទូលថា «ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ ឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ» (ទំនុកដំកើង ១:៥)។
មនុស្សសួរសំណួរធំមួយដល់ខ្លួនឯងថា «បើសិនខ្ញុំប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃដូច្នេះ តើខ្ញុំអាចបានរាប់ជាសុចរិតបានយ៉ាងដូចម្តេច?»។ ទោះបីជាយ៉ាងណា ពួកគេមិនចាំបាច់បារម្ភអំពីបញ្ហានេះទេ។ ពួកគេអាចបានរាប់ជាសុចរិតបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះនៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញរួចរាល់ទៅហើយ រួមទាំងអំពើបាបនៅពេលអនាគតផង។ មនុស្សមានបាបអាចបានរាប់ជាសុចរិតបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ តើអ្នកនៅតែជាកូនបំណុល បន្ទាប់ពីបំណុលទាំងអស់របស់អ្នកត្រូវបានសងរួចហើយឬ?
ព្រះអម្ចាស់របស់យើង បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយសេចក្តីសុចរិតរបស់ទ្រង់។ ហើយទ្រង់បានសង្រ្គោះអ្នកដែលមានសេចក្តីជំនឿពេញលេញតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ គ្មានទោសសម្រាប់ពួកគេទេ ទោះបើពួកគេនៅតែខ្សោយក៏ដោយ គឺគ្រប់គ្នាបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ 
 
 
គំនិតរបស់មនុស្សដឹកនាំយើងទៅរកសេចក្តីស្លាប់
 
គំនិតរបស់មនុស្ស ដឹកនាំយើងទៅរកសេចក្តីស្លាប់ ហើយវាចេញមកពីគំនិតខាងសាច់ឈាម ប៉ុន្តែគំនិតខាងវិញ្ញាណចេញមកពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះវិញ។ អារក្សអាចគ្រប់គ្រងលើគំនិតរបស់មនុស្សបាប ហើយពួកគេគ្មានជម្រើសអ្វីក្រៅតែពីធ្វើបាបជាមួយសាច់ឈាមទេ។ ទោះបីជាយ៉ាងណា អ្នកដែលមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ បានរាប់ជាសុចរិត ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ប៉ុន្តែមនុស្សមិនអាចបានរាប់ជាសុចរិត ដោយការការព្យាយាមមិនធ្វើបាបបានឡើយ គឺមនុស្សមិនអាចត្រឡប់ទៅជាឥតបាប ដោយការផ្លាស់ប្រែខាងសាច់ឈាម ដើម្បីឈានដល់ភាពបរិសុទ្ធបានឡើយ។ ដូច្នេះ វាគឺជាសេចក្តីចំកួត ដែលគ្រីស្ទបរិស័ទម្នាក់គិតថា គាត់អាចចូលទៅស្ថានសួគ៌បាន ដោយការក្លាយជាមនុស្សបរិសុទ្ធម្នាក់ ដែលមិនដែលធ្វើបាបនៅចំពោះព្រះ។
យើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបាន តែម្តងជា សម្រេច ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ លើសពីនេះ មនុស្សមានបាបគ្រប់គ្នាអាចបានសង្រ្គោះទាំងស្រុងចេញពីបាបរបស់ខ្លួនបាន បើសិនគាត់ជឿលើព្រះគុណនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលដឹកនាំអ្នកជឿឲ្យបានកើតជាថ្មី។ តាមទស្សនៈរបស់មនុស្ស ការត្រឡប់ជាឥតបាប និងការបានសង្រ្គោះតាមរបៀបនេះ ហាក់ដូចជាមិនអាចទៅរួចទេ ប៉ុន្តែវាពិតជាអាចទៅរួចបាន ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលព្រះ។ មនុស្សមិនអាចរស់នៅ ដោយមិនធ្វើបាបជាមួយសាច់ឈាមបានឡើយ ប៉ុន្តែចិត្តរបស់មនុស្សត្រឡប់ជាឥតបាប នៅពេលមនុស្សពិតជាជឿលើសេចក្តីសុចរិតរបស់ព្រះ។ រូបកាយរបស់មនុស្សត្រូវបំពេញតាម សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ហើយរូបកាយមិនអាចឈប់ធ្វើបាបបានទេ ពីព្រោះពួកគេបន្តមានសេចក្តីប៉ងប្រាថ្នាជានិច្ច។ ព្រះមានបន្ទូលអំពីការពិតថា មនុស្សអាចបានរាប់ជាសុចរិត ដោយការមានសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់របស់យើងបានប្រទានឲ្យ។ ហើយយើងមិនអាចចូលនគរស្ថានសួគ៌ ដោយសារការប្រព្រឹត្តរបស់សាច់ឈាមបានឡើយ ប៉ុន្តែយើងអាចចូលស្ថានសួគ៌បាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។
 
 
មានភាពខុសគ្នាមួយ រវាងគំនិតខាងវិញ្ញាណ និងគំនិតខាងសាច់ឈាម
 
គំនិតខាងសាច់ឈាម មិនអាចយល់ពីសេចក្តីពិតថា ពួកគេអាច ត្រឡប់ជាឥតមានបាបបាន ដោយសារសេចក្តីជំនឿ និងថា ពួកគេអាចក្លាយជាមនុស្សសុចរិត ដែលជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មីបានទេ ពីព្រោះពួកគេគិតថា ទោះបីជាមនុស្សម្នាក់ប្រែចិត្តសម្រាប់កំហុសរបស់ខ្លួនហើយ ក៏គាត់នឹងនៅតែបន្តធ្វើបាបទៀតដែរ។
ទោះបីជាយ៉ាងណា មនុស្សមិនអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តរបស់ខ្លួនបានទេ ប៉ុន្តែគាត់ពិតជាអាចបានរាប់ជាសុចរិតបាន ដោយសារសេចក្តីសុចរិតរបស់ព្រះ។ នេះដោយសារតែគាត់អាចទទួលបានសេចក្តីសុចរិតរបស់ទ្រង់បាន ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ សេចក្តីសុចរិតរបស់ព្រះអាចលុបបំបាត់អំពើបាបរបស់មនុស្សទាំងអស់បាន ហើយជួយឲ្យពួកគេបានរាប់ជាសុចរិត និងហៅព្រះថា ព្រះវរបិតារបស់យើង។ ដូច្នេះ អ្នកគួរតែដឹងថា សេចក្តីជំនឿពិតចាប់ផ្តើមពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីជំនឿពិតមិនចាប់ផ្តើមពីគំនិតខាងសាច់ឈាមឡើយ ប៉ុន្តែជាមួយសេចក្តីជំនឿតាមព្រះបន្ទូលនៃសេចក្តីពិតវិញ។
មនុស្សជាច្រើន ដែលមិនបានកើតជាថ្មី មិនអាចគេចចេញពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ ពីព្រោះពួកគេតែងតែជាប់គាំងនៅក្នុងគំនិតទាំងនោះ។ មនុស្សទាំងនេះមិនអាចនិយាយថា ពួកគេបានរាប់ជាសុចរិតបានទេ ពីព្រោះពួកគេគិតដោយគំនិតខាងសាច់ឈាម ទោះបើពួកគេនិយាយថា ពួកគេជឿព្រះយេស៊ូវក៏ដោយ។ មនុស្សម្នាក់អាចនិយាយថា គាត់ឥតមានបាបនៅចំពោះព្រះយេស៊ូវបាន លុះត្រាតែគាត់ជឿតាមព្រះបន្ទូលអំពីការកាត់ស្បែកខាងវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ 
ដូច្នេះ បើសិនមនុស្សម្នាក់ចង់ទទួលបានសេចក្តីសុចរិតរបស់ព្រះ គាត់គួរតែស្តាប់ព្រះបន្ទូលនៃសេចក្តីពិតពីមនុស្សដែលពិតជាបានកើតជាថ្មី និងជឿដោយចិត្តតាមពួកគេ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សបរិសុទ្ធគ្រប់រូប ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នារក្សាសេចក្តីពិតនេះនៅក្នុងគំនិត។ បើសិនអ្នកពិតជាចង់ទទួលបានព្រះពរនៃការបានកើតជាថ្មីមែន ព្រះនឹងអនុញ្ញាតឲ្យអ្នកជួបនឹងមនុស្សដែលបានកើតជាថ្មី ដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។
 
 
អ្នកនិយាយថា គ្មានអ្នកណាម្នាក់សុចរិតទេ?
 
ខ.៩ និង ១០ និយាយថា «ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍ យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»។ បទគម្ពីរប្រាប់យើងថា គ្មានអ្នកណាម្នាក់សុចរិតទេ សូម្បីតែម្នាក់ក៏គ្មានផង។
តើនេះមានន័យយ៉ាងដូចម្តេច? តើបទគម្ពីរនេះនិយាយអំពីស្ថានភាពរបស់យើង នៅមុន ឬបន្ទាប់ពីយើងបានកើតជាថ្មី? យើងទាំងអស់គ្នាគឺជាមនុស្សមានបាប មុនពេលយើងបានកើតជាថ្មី។ ឃ្លាថា «គ្មានអ្នកណាសុចរិតសោះ» សំដៅទៅលើស្ថានភាពរបស់យើង មុនពេលព្រះយេស៊ូវបានបំពេញសម្រេចព្រះរាជកិច្ចនៃការលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។ មនុស្សមិនអាចបានរាប់ជាសុចរិត ដោយមិនជឿព្រះយេស៊ូវបានឡើយ។
ដូច្នេះ ពាក្យថា «ការញែកជាបរិសុទ្ធបន្តិចម្តងៗ» ត្រូវបានបង្កើតឡើង ដោយមនុស្សដែលបានបម្រើសាសនាខុសឆ្គង ឬរូបព្រះផ្សេងៗ។ «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង។» តើអ្នកគិតថា មនុស្សមានបាបអាចបានរាប់ជាសុចរិត ដោយការហ្វឹកហ្វឺន និងសម្មាធិបានទេ? មនុស្សមិនអាចបានរាប់ជាសុចរិត ដោយខ្លួនឯងបានឡើយ។
«គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង។» គ្មានអ្នកណាម្នាក់ ដែលនឹងបានរាប់ជាសុចរិត ឬបានរាប់ជាសុចរិត ដោយសារតែការរស់នៅថ្លៃថ្នូររបស់ខ្លួនឡើយ។ ហើយគ្មានអ្នកណាម្នាក់ ដែលត្រឡប់ជាឥតមានបាប ដោយសារការប្រព្រឹត្តរបស់ខ្លួនឡើយ។ ប៉ុន្តែវាអាចកើតឡើងបាន តាមរយៈសេចក្តីជំនឿលើការកាត់ស្បែកខាងវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។
ខ.១១ និយាយថា «គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ»។ គ្មានអ្នកណាដែលយល់ពីការអាក្រក់របស់ខ្លួនឡើយ។ នៅក្នុងន័យផ្សេង គ្មានអ្នកណាដែលយល់ថា ខ្លួននឹងធ្លាក់ទៅក្នុងស្ថាននរក ឡើយ។ មនុស្សមានបាបម្នាក់រស់នៅ ដោយមិនអាចយល់ថា គាត់គឺជាមនុស្សមានបាបម្នាក់ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរកបានទេ។ ដូច្នេះ ពួកគេត្រូវតែព្យាយាមទទួលបានសេចក្តីសង្រ្គោះចេញពីបាប ដោយការយល់ថា ពួកគេសមនឹងទៅស្ថាននរក ដោយសារតែបាបរបស់ពួកគេ។ ប៉ុន្តែគ្មានអ្នកណាដែលយល់ពីនិស្ស័យបាបរបស់ខ្លួននៅចំពោះព្រះ ឬវាសនារបស់ខ្លួន ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរកឡើយ។
តើយើងគឺជាមនុស្សដែលមានប្រយោជន៍ ឬឥតប្រយោជន៍នៅចំពោះព្រះ? មនុស្សជាតិទាំងមូលគឺឥតប្រយោជន៍ទទេ បើសិនពួកគេមិនបានកើតជាថ្មី។ ទោះបីជាយើងទាំងអស់គ្នាបានរាប់ជាសុចរិត ដោយសារទ្រង់ក៏ដោយ ក៏កាលពីមុន យើងធ្លាប់ជាមនុស្សដែលទាស់ប្រឆាំងនឹងព្រះ ហើយបានបដិសេធមិនជឿលើសេចក្តីពិត និងបានបន្ទោសទ្រង់ដែរ។
ដូច្នេះ តើមនុស្សមានបាបម្នាក់អាចថ្វាយសិរីល្អដល់ព្រះបានយ៉ាងដូចម្តេច? តើមនុស្សមានបាបម្នាក់ ដែលមិនទាន់ដោះស្រាយបញ្ហាបាបរបស់ខ្លួន អាចសរសើរតម្កើងព្រះបានយ៉ាងដូចម្តេច? ការសរសើរតម្កើងព្រះ ដោយសណ្ឋានមនុស្សមានបាប មិនមែនជាការសរសើរតម្កើងពិតប្រាកដទេ។ តើមនុស្សមានបាបម្នាក់អាចសរសើរតម្កើងព្រះបានយ៉ាងដូចម្តេច? មនុស្សមានបាបម្នាក់មិនអាចថ្វាយសិរីល្អដល់ព្រះ ហើយទ្រង់ក៏មិនទទួលយកអ្វីមួយពីមនុស្សមានបាបដែរ។
នៅសព្វថ្ងៃនេះ មានព័ន្ធកិច្ចសរសើរតម្កើងជាច្រើននៅពាសពេញពិភពលោកនេះ ប៉ុន្តែមានតែអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ ដែលអាចសរសើរតម្កើងព្រះបាន។ តើអ្នកគិតថា ព្រះនឹងសព្វព្រះទ័យចំពោះការសរសើរតម្កើងរបស់មនុស្សមានបាបឬ? ការសរសើរតម្កើងរបស់មនុស្សមានបាបម្នាក់ គឺដូចជាតង្វាយរបស់កាអ៊ីនអញ្ចឹង។ ហេតុអ្វីព្រះនឹងទទួលយកការសរសើរតម្កើងឥតន័យ និងចិត្តដែលមានបាបរបស់មនុស្ស?
ខ.១២ ប្រាប់យើងថា «គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង»។ មនុស្សមានបាបទាំងអស់ ដែលបាន «បែរចេញ» មិនស្គាល់ពីព្រះរាជកិច្ចដ៏អស្ចារ្យ ដែលព្រះបានបំពេញសម្រាប់ពួកគេ ហើយមិនជឿដល់ទ្រង់ ឬព្រះបន្ទូលអំពីសេចក្តីពិតឡើយ។ លើសពីនេះ មនុស្សមានបាបមិនគ្រាន់តែបដិសេធមិនជឿតាមព្រះបន្ទូលព្រះទេ ប៉ុន្តែពួកគេក៏តែងតែគិតអំពីទំនោរខាងសាច់ឈាម ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ដូច្នេះ ពួកគេមិនអាចបែងចែករវាងអ្វីដែលខុស និងត្រូវនៅចំពោះព្រះបានឡើយ។ 
មានតែព្រះបន្ទូលអំពីសេចក្តីពិត ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ទើបអាចវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ។ ការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ អាចកើតឡើងបាននៅក្នុងសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។ ដូច្នេះ អ្នកគួរតែដឹងថា ការវិនិច្ឆ័យស្របច្បាប់ទាំងអស់មិនមាននៅក្នុងគំនិតរបស់មនុស្សទេ ប៉ុន្តែនៅក្នុងសេចក្តីសុចរិតរបស់ព្រះវិញ ពីព្រោះគំនិតរបស់មនុស្សទាំងអស់បានបែរចេញ ហើយបដិសេធ សេចក្តីសុចរិតរបស់ព្រះ។ មនុស្សនិយាយថា «ខ្ញុំគិតតាមរបៀបនេះ ហើយខ្ញុំជឿតាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ទោះបើព្រះគម្ពីរនិយាយយ៉ាងណាក៏ដោយ»។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកដែលមិនបោះបង់គំនិតផ្ទាល់ខ្លួនចោល គឺជាអ្នកដែលបដិសេធសេចក្តីសុចរិតរបស់ព្រះ ដោយចិត្តរឹងរួស និងអាត្មានិយមរបស់ខ្លួនហើយ។ ដូច្នេះ ការគិតតាមរបៀបនេះមិនជួយឲ្យមនុស្សបែរមកឯសេចក្តីសុចរិតរបស់ព្រះវិញទេ។ 
 
 
គំនិតខាងសាច់ឈាមដឹកនាំវិញ្ញាណរបស់មនុស្សទៅរកសេចក្តីស្លាប់
 
អ្នកដែលមិនបានកើតជាថ្មី គឺជាចៅក្រមសម្រាប់ខ្លួនឯង។ ពួកគេពិតជាមិនខ្វល់អំពីអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះបន្ទូលព្រះឡើយ ប៉ុន្តែផ្ទុយទៅវិញ បើសិនមានអ្វីមួយខុសពីគំនិតរបស់ពួកគេ ពួកគេនិយាយថា វាខុសហើយ ហើយពួកគេយល់ស្របជាមួយតែផ្នែកណា ដែលស្របជាមួយគំនិតផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ព្រះគម្ពីរប្រាប់ថា មនុស្សបានបែរចេញទៅតាមគំនិតផ្ទាល់ខ្លួន និងការផ្តោតលើខ្លួនឯងរបស់ពួកគេ។ បើសិនមនុស្សម្នាក់សង្ឃឹមចង់បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន តាមរបៀបដ៏ត្រឹមត្រូវបំផុត គាត់ត្រូវការសេចក្តីសុចរិត និងយុត្តិធម៌របស់ព្រះ។ ដូច្នេះ តើយុត្តិធម៌របស់ទ្រង់គឺជាអ្វី?
យុត្តិធម៌របស់ព្រះគឺជាសេចក្តីសុចរិតរបស់ព្រះ ហើយអ្នកគួរតែដឹងថា ព្រះបន្ទូលព្រះគឺជាលក្ខណៈវិនិច្ឆ័យសម្រាប់យុត្តិធម៌ដ៏សុចរិតរបស់ ទ្រង់។ «កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ» (យ៉ូហាន ១:១)។ តើអ្នកណាដែលត្រូវបានហៅថា «ព្រះបន្ទូល»? តើអ្នកណាបាននៅជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ? ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះ និងជាស្តេចលើសអស់ទាំងស្តេចរបស់យើង។ ទ្រង់គឺជាព្រះ។
កណ្ឌគម្ពីរយ៉ូហានប្រាប់យើងថា កាលពីដើមដំបូង មានព្រះបន្ទូល ហើយព្រះបន្ទូលបាននៅជាមួយព្រះ។ បាទ ព្រះអម្ចាស់យេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង។ ព្រះបន្ទូលគឺជាព្រះ ហើយទ្រង់គឺជារូបភាពនៃអង្គទ្រង់ (ហេព្រើរ ១:៣)។ ព្រះអង្គសង្រ្គោះគឺជាព្រះ។ ដូច្នេះ ដោយសារព្រះបន្ទូលគឺជាព្រះ ព្រះបន្ទូលរបស់ទ្រង់អំពីសេចក្តីសុចិរតក៏ខុសពីគំនិតរបស់មនុស្សដែរ។ អ្នកត្រូវតែបានដឹងថា មនុស្សមានបាបហ៊ានយល់ពី សេចក្តីសុចរិតរបស់ព្រះ តាមរយៈគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេមិនស្គាល់ពីសេចក្តីសុចរិតរបស់ទ្រង់ផង។ អ្នកដែលឈរយ៉ាងរឹងមាំនៅក្នុងសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាមនុស្សមានប្រយោជន៍ ដែលព្រះនឹងប្រើ។ ហើយអ្នកដែលឈរយ៉ាងរឹងមាំ និងជឿតាមព្រះបន្ទូលព្រះគឺជាមនុស្សនៃសេចក្តីជំនឿ ដែលមានប្រយោជន៍នៅចំពោះព្រះ។ គាត់ក៏ជាមនុស្សដែលមានពរផងដែរ។
មនុស្សទាំងអស់ទាស់ប្រឆាំងនឹងព្រះ ដោយអំពើបាប និងគំនិតផ្ទាល់ខ្លួនរបស់ពួគគេ។ អ្នកគួរតែដឹងថា ការធ្វើពុតជាបរិសុទ្ធ និងល្អ ឬសប្បុរស និងមានក្តីមេត្តាដល់អ្នកដទៃ គឺជាទង្វើកំពុត ដែលចេញមកពីគំនិតរបស់មនុស្ស ដែលបោកបញ្ឆោតព្រះ។ ការធ្វើពុតជាល្អ គឺទាស់ប្រឆាំងនឹង ព្រះហើយ ពីព្រោះគ្មានអ្នកណាល្អទេ គឺមានតែទ្រង់ប៉ុណ្ណោះដែលល្អ។ បើសិនគ្រីស្ទបរិស័ទម្នាក់មិនទទួលយកសេចក្តីស្រឡាញ់ ដែលទ្រង់បានសម្រេចបាន និងសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយមិនបានកើតជាថ្មី វាគឺជាការទាស់ប្រឆាំងនឹងព្រះ និងការមិនស្តាប់បង្គាប់តាមសេចក្តីពិតហើយ។
តើអ្នកគិតថា មានតែអ្នកដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ នៅក្នុងលោកិយនេះប៉ុណ្ណោះ ដែលនឹងទទួលការជំនុំជម្រះរបស់ព្រះឬ? អស់អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងគេចមិនរួចពីសេចក្តីក្រោធដ៏ឃោរឃៅរបស់ព្រះឡើយ។
អ្នកដែលមិនជឿដល់ព្រះយេស៊ូវ គិតតែអំពីការរស់នៅក្នុងជីវិតល្អប៉ុណ្ណោះ។ តើអ្នកណាបានបង្រៀនគំនិតនេះ? សាតាំងបានបង្រៀនគំនិតនេះ។ ប៉ុន្តែមនុស្សជាតិមិនអាចមានជីវិតល្អ ចាប់តាំងពីកំណើតរបស់ពួកគេមកម៉្លេះ។ ដូច្នេះ ព្រះបន្ទូលព្រះប្រាប់យើងថា យើងត្រូវតែទទួលបានការអត់ទោសអំពើបាប។ តើនេះមានន័យថា យើងគួរតែធ្វើការអាក្រក់តាមចិត្ត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬ? មិនពិតឡើយ។ ដោយសារមនុស្សជាតិមានបាប ចាប់តាំងពីថ្ងៃដែលពួកគេបានកើតមក ពួកគេត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែរបួសនៃបាបដែលបានឆ្លង។ ដូច្នេះ ព្រះបានប្រាប់ពួកគេឲ្យទទួលការអត់ទោសអំពើបាប ដែលព្រះយេស៊ូវបានរៀបចំសម្រាប់ពួកគេរួចរាល់ហើយ។ ទ្រង់គឺជាព្រះនៃសេចក្តីសង្រ្គោះ ហើយប្រឹក្សាយោបល់ឲ្យយើងទទួលបានសេចក្តីសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ទ្រង់ ដែលជាសេចក្តីពិត។
 
 
តាមនិស្ស័យ តើមនុស្សគឺជាអ្វី?
 
ខ.១៣-១៨ និយាយថា «បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើ អណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»។ 
«គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត។» មនុស្សទាំងអស់ពូកែកុហកខ្លាំងណាស់។ ព្រះនិយាយអំពីសាតាំងថា «កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង» (យ៉ូហាន ៨:៤៤)។ «ខ្ញុំកំពុងតែនិយាយការពិត។ តើអ្នកយល់ដែរទេ?» អស់អ្នកដែលមិនបានកើតជាថ្មី និយាយថា «ខ្ញុំពិតជានិយាយការពិតមែន» ប៉ុន្តែការនិយាយរបស់ពួកគេសុទ្ធតែជាការកុហកទាំងអស់។
អស់អ្នកដែលបញ្ជាក់ថា ការនិយាយរបស់ខ្លួនគឺជាការពិត គឺជាអ្នកកុហក។ តើអ្នកធ្លាប់បានឃើញអ្នកបោកប្រាស់និយាយថា «ខ្ញុំគឺជាមនុស្សកុហកម្នាក់ ហើយខ្ញុំគឺជាអ្នកបោកប្រាស់ម្នាក់» ដែរទេ នៅពេលពួកគេព្យាយាមបោកអ្នកដទៃ? ពួកគេនិយាយដូចជាការពិតអញ្ចឹង ដោយលួងលោមថា «សូមឲ្យខ្ញុំប្រាប់រឿងមួយដល់អ្នក។ បើសិនអ្នកវិនិយោគប្រាក់របស់អ្នកលើជំនួញនេះ អ្នកនឹងចំណេញប្រាក់យ៉ាងច្រើន។ បើសិនអ្នក វិនិយោគប្រាក់មួយលានដុល្លារ អ្នកអាចចំណេញបានដើមទុនវិញក្នុងពេលដ៏ឆាប់ ហើយអ្នកនឹងចំណេញបានដប់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ។ នេះគឺជាការវិនិយោគដ៏អស្ចារ្យមួយ។ តើអ្នកចង់វិនិយោគដែរទេ?»។ អស់អ្នកដែលមិនបានកើតជាថ្មី តែងតែបោកបញ្ឆោត ដោយអណ្តាតរបស់ពួកគេ។ 
ព្រះគម្ពីរប្រាប់យើងថា នៅពេលសាតាំងនិយាយកុហក វានិយាយចេញពីប្រភពរបស់វា។ គ្រូអធិប្បាយម្នាក់ដែលមិនបានកើតជាថ្មី ក៏តែងតែនិយាយកុហកផងដែរ។ គាត់អះអាងថា មនុស្សអាចក្លាយជាអ្នកមាន បើសិនពួកគេថ្វាយតង្វាយមួយភាគដប់យ៉ាងច្រើន។ តើមានបទគម្ពីរណាដែលនិយាយថា មនុស្សម្នាក់អាចក្លាយជាអ្នកមាន បើសិនគាត់បានធ្វើជាចាស់ទុំម្នាក់ដែរទេ? ហេតុអ្វីមនុស្សព្យាយាមធ្វើជាចាស់ទុំ? ពួកគេព្យាយាមធ្វើជាចាស់ទុំ ពីព្រោះត្រូវបានដឹកនាំឲ្យជឿថា បើសិនពួកគេបានធ្វើជាចាស់ទុំ ព្រះនឹងប្រទានព្រះពរខាងសាច់ឈាមដល់ពួកគេ។ ពួកគេបានចាញ់បោកគេ ពីព្រោះពួកគេជឿថា ពួកគេអាចទទួលបានព្រះគុណនៃទ្រព្យសម្បត្តិ បើសិនពួកគេបានធ្វើជាចាស់ទុំ។ ដូច្នេះ ពួកគេត្រូវជាប់អន្ទាក់នៃការបោកបញ្ឆោត។
តើអ្នកបានធ្វើជាចាស់ទុំ ដោយសារការបោកបញ្ឆោតនេះឬ? មនុស្សជាច្រើនបានរស់នៅដូចជាអ្នកសូមទាន បន្ទាប់ពីបានធ្វើជាចាស់ទុំហើយ។ ខ្ញុំស្គាល់ពួកគេជាច្រើននាក់។ ពួកហោរាក្លែងក្លាយដែលមិនបានកើតជាថ្មី តែងតាំងអ្នកមានទ្រព្យសម្បត្តិច្រើន ធ្វើជាចាស់ទុំនៅក្នុងពួកជំនុំរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះពួកគេចង់ឲ្យពួកចាស់ទុំផ្តល់វិភាគទានដ៏ច្រើនដល់ពួកជំនុំរបស់ពួកគេ។ ពេលខ្លះ ពួកគេតែងតាំងអ្នកក្រធ្វើជាចាស់ទុំ ពីព្រោះពួកគេចង់ធ្វើឲ្យពួកគេក្លាយជាអ្នកដើរតាមដែលខ្វាក់។
ចូរយើងពិនិត្យមើល រ៉ូម ៣:១០ ម្តងទៀត។ ឃ្លាថា «ដូចមានសេចក្តីចែងទុកមកថា» បង្ហាញប្រាប់យើងថា ខបន្តបន្ទាប់ទៀតគឺជាការដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់។ ដោយមិនពន្យល់បន្ថែម សាវកប៉ុលបានដកស្រង់បទគម្ពីរដើមពីព្រះគម្ពីរសញ្ញាចាស់ថា «ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្តីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្តីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត» (ទំនុកដំកើង ៥:៩)។ «ជើងគេរត់ទៅតាមសេចក្តីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្តីទុច្ចរិតទទេ មានសេចក្តីវិនាស និងសេចក្តីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ» (អេសាយ ៥៩:៧)។ យើងគួរតែអាណិតដល់មនុស្សដែលត្រូវធ្លាក់ទៅស្ថាននរក ដោយព្រោះពួកគេមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ។
ខ.១៩ ប្រាប់យើងថា «រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ»។
«ឯក្រឹត្យវិន័យ នោះបង្កើតសេចក្តីក្រោធ» (រ៉ូម ៤:១៥)។ ព្រះប្រទានក្រិត្យវិន័យដល់អ្នកដែលមិនបានកើតជាថ្មី ដើម្បីធ្វើឲ្យពួកគេបានដឹងថា ពួកគេគឺជាមនុស្សមានបាប។ ក្រិត្យវិន័យបង្រៀនមនុស្សមានបាបម្នាក់ៗថា គាត់មិនអាចរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់បានឡើយ។ ហើយព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់លាស់ថា ព្រះមិនបានប្រទាន ក្រិត្យវិន័យ ដើម្បីឲ្យយើងរស់នៅតាមឡើយ។ ដូច្នេះ តើព្រះបានធ្វើឲ្យ ក្រិត្យវិន័យទៅជាឥតប្រយោជន៍ឬ? ទេ ទ្រង់មិនបានធ្វើដូច្នេះទេ។ ព្រះបានមានបន្ទូលថា ទ្រង់បានប្រទានក្រិត្យវិន័យដល់យើង តាមរយៈលោកម៉ូសេ ដើម្បីបង្រៀនយើងថា យើងគឺជាមនុស្សមានបាប គឺទ្រង់ចង់ឲ្យយើងបានស្គាល់ពីនិស្ស័យបាបរបស់យើង តាមរយៈក្រិត្យវិន័យ មិនមែនចង់ឲ្យយើងធ្វើតាមទេ។ ដូច្នេះ តួនាទីនៃក្រិត្យវិន័យ គឺត្រូវបង្ហាញថា យើងគឺជាមនុស្សដែលមិនពេញលេញ និងខ្សោយ។
ដូច្នេះ ខ.២០ ប្រាប់យើងថា «ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»។ នៅចំពោះទ្រង់ សាច់ឈាមមិនអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។ មិនសម្រាប់តែសាវកប៉ុលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកបម្រើព្រះផ្សេងៗទៀតផងដែរ គឺ «គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ» គឺគ្មានអ្នកណាម្នាក់ ដែលអាច នឹងអាច និងបានធ្វើតាម ក្រិត្យវិន័យបានឡើយ។ ដូច្នេះ ការសន្និដ្ឋានគឺថា មនុស្សមិនអាចបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។
តើយើងអាចផ្លាស់ប្រែទៅជាមនុស្សសុចរិត ដោយការប្រព្រឹត្តតាម ក្រិត្យវិន័យបានដែរទេ? នៅពេលយើងពិនិត្យមើលបទគម្ពីរទាំងនេះ យើងអាចគិតបានយ៉ាងងាយស្រួលថា យើងអាចបានបរិសុទ្ធ បន្តិចម្តងៗ រហូតទៅដល់ការបានញែកជាបរិសុទ្ធ ដោយសារជីវិតល្អ និងការប្រព្រឹត្តរបស់យើង បន្ទាប់ពីយើងបានជឿដល់ព្រះយេស៊ូវ។ ប៉ុន្តែគំនិតនេះពិតជាមិនត្រឹមត្រូវឡើយ។ ការនិយាយថា មនុស្សអាចចូលនគរស្ថានសួគ៌បាន ដោយការបានញែកជាបរិសុទ្ធបន្តិចម្តងៗ គឺពិតជាមិនត្រឹមត្រូវឡើយ។
អស់អ្នកដែលមិនបានកើតជាថ្មី នៅតែស្ថិតនៅក្រោមក្រិត្យរបស់ព្រះ ដែលជាច្បាប់នៃបាប និងសេចក្តីស្លាប់ (រ៉ូម ៨:២)។ គឺដោយសារកាលណាមនុស្សមា្នក់ក្លាយជាគ្រីស្ទបរិស័ទម្នាក់ គាត់គិតថា គាត់ត្រូវតែរស់នៅតាមព្រះបន្ទូលព្រះ។ គ្រីស្ទបរិស័ទគិតថា ពួកគេមានកាតព្វកិច្ចប្រព្រឹត្តតាមក្រិត្យវិន័យ ប៉ុន្តែតាមការពិត ពួកគេមិនអាចប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។ ដូច្នេះហើយបានជាពួកគេអធិស្ឋានប្រែចិត្ត ជារៀងរាល់ថ្ងៃ។ ពួកគេមិនបានដឹងទេថា ពួកគេកំពុងតែធ្លាក់ទៅក្នុងភក់ជ្រាំនៃសាសនាដែលឥតមានសង្ឃឹមមួយ ដែលជាជំនឿគ្រីស្ទបរិស័ទ។ ការនេះបង្ហាញថា ការរស់នៅក្នុងជីវិតបែបសាសនានេះគឺខុស តាំងពីដើមដំបូងមកម៉្លេះ។ ការព្យាយាមប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះ បន្ទាប់ពីបានយល់ខុសអំពីក្រិត្យវិន័យ ដឹកនាំអ្នកកាន់សាសនាគ្រីស្ទបរិស័ទឲ្យទាស់ប្រឆាំងនឹង សេចក្តីសុចរិតរបស់ព្រះ ទោះបើក្រិត្យវិន័យមានគោលបំណងដើម្បីបង្រៀនមនុស្សថា ពួកគេគឺជាសមនុស្សមានបាបក៏ដោយ។
គោលលទ្ធិនៃការបានញែកជាបរិសុទ្ធបន្តិចម្តងៗ នៅក្នុងជំនឿ គ្រីស្ទបរិស័ទ គឺដូចជាគោលលទ្ធិរបស់សាសនាដែរ។ ដោយស្រដៀងគ្នានឹងគោលលទ្ធិនៃការចូលនិពាន្វនៅក្នុងព្រះពុទ្ធសាសនា គោលលទ្ធិនៃការបានញែកជាបរិសុទ្ធបន្តិចម្តងៗនៅក្នុងជំនឿគ្រីស្ទបរិស័ទ បង្រៀនថា សាច់ឈាម និងវិញ្ញាណរបស់មនុស្សអាចត្រឡប់ទៅជាបរិសុទ្ធទៅៗ បន្ទាប់ពីពួកគេជឿដល់ព្រះយេស៊ូវ ហើយទីបំផុត ពួកគេបានបរិសុទ្ធគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងស្ថានសួគ៌។
អ្នកដែលបានកើតមកជាមួយបាប អាចធ្វើកិច្ចការពង្រាយបាបនៅពេញមួយជីវិតរបស់ខ្លួនតែប៉ុណ្ណោះ។ មូលហេតុគឺថា មនុស្សបានកើតមកមានបាបរួចទៅហើយ។ មេរោគបាបចេញមកពីរូបកាយរបស់មនុស្ស ទោះបើគាត់មិនចង់បញ្ចេញវាក៏ដោយ។ ប៉ុន្តែមានការព្យាបាលតែមួយគត់ សម្រាប់ជម្ងឺនេះ គឺត្រូវស្តាប់ និងជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីសេចក្តីពិត ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ ហើយយើងអាចបានសង្រ្គោះចេញពីបាប និងទទួលបានជីវិតអស់កល្បជានិច្ចបាន លុះត្រាតែយើងស្តាប់ និងជឿតាមព្រះបន្ទូលអំពីការអត់ទោសអំពើបាបដ៏ពិត ដែលអាចជួយឲ្យយើងទទួលបានការកាត់ស្បែកខាងវិញ្ញាណបាន។ 
តើអាចមានមនុស្សម្នាក់នៅក្នុងលោកិយនេះ ដែលរស់នៅយ៉ាងគ្រប់លក្ខណ៍តាមក្រិត្យវិន័យ បន្ទាប់ពីគាត់បានកើតជាថ្មីហើយបានយ៉ាងដូចម្តេច? គ្មានអ្នកណាម្នាក់សោះឡើយ។ ព្រះគម្ពីរប្រាប់យើងថា «ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ» (រ៉ូម ៣:២០)។ តើសេចក្តីពិតនេះមិនសាមញ្ញ និងច្បាស់លាស់ទេឬ? អ័ដាម និងអេវ៉ាបានបោះបង់ព្រះបន្ទូលព្រះចោល ដោយការមិនជឿ និងការធ្លាក់ចុះទៅក្នុងបាប ដោយសារបានចាញ់បោកសាតាំងនៅក្នុងសម័យមិនមានទោស ហើយពួកគេបានបន្តចម្លងបាបដល់ពូជពង្សរបស់ពួកគេ។ ទោះបីជាយ៉ាងណា ទោះបីជាមនុស្សទាំងអស់បានស្នងបាបពីពួកព្ធយុកោរបស់ពួកគេក៏ដោយ ក៏ពួកគេមិនបានដឹងយ៉ាងច្បាស់លាស់ថា ពួកគេគឺជាមនុស្សមានបាបដែរ។ 
ចាប់ពីសម័យលោកអ័ប្រាហាំមក ព្រះបានប្រទានដល់មនុស្សជាតិនូវការស្គាល់ច្បាស់លាស់ពីសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីជួយឲ្យយើងទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមព្រះបន្ទូលព្រះ។ 
 
 
ក្រៅពីក្រិត្យវិន័យ សាវកប៉ុលនិយាយអំពីសេចក្តីសុចរិតរបស់ព្រះ
 
ខ.២១-២២ និយាយថា «ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ»។
ខទាំងនេះនិយាយថា សេចក្តីសុចរិតរបស់ព្រះបានបើកសម្តែងឲ្យឃើញ «ដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង»។ «ក្រឹត្យវិន័យ និងពួកហោរា» សំដៅទៅលើព្រះគម្ពីរសញ្ញាចាស់។ ឥឡូវនេះ សាវកប៉ុលនិយាយអំពីដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងឲ្យឃើញ តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។ ព្រះគម្ពីរបង្ហាញប្រាប់យើងយ៉ាងច្បាស់លាស់អំពីសេចក្តីសុចរិតរបស់ព្រះ ដែលជួយឲ្យមនុស្សអាចទទួលបានការអត់ទោសបាប តាមរយៈតង្វាយលោះបាប ហើយសេចក្តីជំនឿរបស់សាវកប៉ុលក៏ផ្អែកលើសេចក្តីជំនឿលើសេចក្តីសុចរិត ដែលត្រូវបានបើកសម្តែងនៅក្នុងបទគម្ពីរទាំងអស់ដែរ។ 
សាវកប៉ុលប្រកាសថា អ្នកណាដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទ អាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន។ ដែលបានសង្រ្គោះ ឬ មិនបាន អាស្រ័យទាំងស្រុងថា មនុស្សមានជំនឿ ឬមិនមានជំនឿ។ ដូច្នេះ គាត់និយាយថា សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែង «ដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ»។ 
តើសេចក្តីជំនឿពិតគឺជាអ្វី? តើអ្នកណាគឺជាធាតុចាំបាច់នៃសេចក្តីជំនឿ? គឺជាព្រះយេស៊ូវគ្រីស្ទ។ ហេព្រើរ ១២:២ និយាយថា «ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង»។ យើងគួរតែរៀនពីសេចក្តីពិតរបស់ព្រះពីមនុស្សបរិសុទ្ធដែលបានកើតជាថ្មី ហើយទទូលបានសេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដោយការជឿតាមសេចក្តីពិតនេះ និងរស់នៅ ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលព្រះ។ ដូច្នេះ សេចក្តីជំនឿពិត គឺត្រូវជឿដោយចិត្តលើសេចក្តីសុចរិតរបស់ព្រះអម្ចាស់។
រ៉ូម ១០:១០ ប្រាប់យើងថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។ យើងអាចបានរាប់ជាសុចរិតបាន ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះ ដោយចិត្តរបស់យើង និងបញ្ជាក់ពីសេចក្តីជំនឿរបស់យើង ដោយមាត់ប្រកាសពីសេចក្តីជំនឿរបស់យើង។ ប៉ុន្តែយើងមិនអាចទទួលបានការអត់ទោសសម្រាប់អំពើបាប ដោយសារការប្រព្រឹត្តរបស់យើងបានឡើយ តែដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះវិញ។
ខ.២៣-២៥ ប្រាប់យើងថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។ 
ព្រះគម្ពីរ បញ្ជាក់ថា គ្រប់គ្នាបានធ្វើបាន ហើយខ្វះមិនដល់សិរីល្អនៃព្រះ។ មនុស្សមានបាបគ្មានជម្រើសអ្វីក្រៅពីធ្លាក់ទៅស្ថាននរកឡើយ។ ប៉ុន្តែតាមរយៈសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវ និងសេចក្តីសុចរិតរបស់ព្រះ មនុស្សបានទទួលការអត់ទោសសម្រាប់អំពើបាបដោយឥតគិតថ្លៃ។ មនុស្សត្រឡប់ជាឥតបាប ពីព្រោះពួកគេបានជឿលើសេចក្តីសុចរិតរបស់ព្រះ។ ហើយដោយសារសេចក្តីជំនឿ ព្រះបានតាំងព្រះយេស៊ូវជាទីសន្តោសប្រោស តាមរយៈព្រះលោហិតរបស់ទ្រង់។
ខ.២៥-២៦ ប្រាប់យើងថា «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។
នៅទីនេះ ឃ្លាថា «សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ» សំដៅទៅលើសេចក្តីសុចរិតរបស់ព្រះ ដែលអំពើដ៏សុចរិតរបស់ព្រះយេស៊ូវគ្រីស្ទសម្រេចបាន។ មូលហេតុដែលព្រះយេស៊ូវបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងគឺថា មុនពេលទ្រង់សុគត ទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះរួចហើយ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់ (ម៉ាថាយ ៣:១៣-១៧)។ ហើយព្រះវរបិតាបានអនុញ្ញាតឲ្យព្រះយេស៊ូវធ្វើជាយញ្ញបូជានៃទីសន្តោសប្រោសសម្រាប់អំពើបាបរបស់លោកិយនេះ ដើម្បីបង្កើតមេត្រីភាពរវាង មនុស្សជាតិ និងអង្គទ្រង់។ ព្រះយេស៊ូវគឺជាការយកនិស្ស័យជាមនុស្សនៃសេចក្តីសុចរិតរបស់ព្រះ។ 
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ហើយព្រះយេស៊ូវបានធ្វើជាអាល់ហ្វា និងអូមេហ្គា។ នេះមានន័យថា មនុស្សគ្រប់គ្នាអាចទទួលបានសេចក្តីសង្រ្គោះចេញពីបាប បើសិនពួកគេជឿតាមព្រះបន្ទូលដែលថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញរួចហើយ ចាប់តាំងពីដើមដំបូង រហូតដល់ចុងបញ្ចប់។
សេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវបានសម្រេចបាន អនុញ្ញាតឲ្យយើងបានមេត្រីជាមួយព្រះ។ ហើយទ្រង់បានធ្វើដូច្នេះ ដើម្បីឲ្យអ្នកដែលបានមេត្រីជាមួយព្រះតែប៉ុណ្ណោះ អាចចូលទៅស្ថានសួគ៌ បាន។ រហូតដល់ខ្ញុំចាប់ផ្តើមជឿតាមដំណឹងល្អអំពីសេចក្តីពិត ទើបខ្ញុំបានយល់ខគម្ពីរថា «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម»។ ខណៈដែលទ្រង់កំពុងតែមានសេចក្តីអត់ធ្មត់ ខ្ញុំបានយល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ។
សេចក្តីសុចរិតរបស់ព្រះ ត្រូវបានបំពេញសម្រេចនៅក្នុងឃ្លាអតីតកាលបរិបូរ ដែលបង្ហាញថា វាត្រូវបានបំពេញសម្រេចរួចរាល់ហើយ។ យើងបានទទួលការអត់ទោសអំពើបាប ដោយសារសេចក្តីជំនឿតាមព្រះបន្ទូលដ៏ពិត ដែលនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចរាល់ហើយ។ ទោះបីជាវិញ្ញាណរបស់យើងត្រូវបានអត់ទោសអំពើបាបឲ្យរួចហើយក៏ដោយ ក៏សាច់ឈាមរបស់យើងនៅតែបន្តធ្វើបាបដដែល។ ប៉ុន្តែព្រះបានចាត់ទុកអំពើបាបដែលយើងប្រព្រឹត្ត នៅពេលបច្ចុប្បន្ននេះ ជា «អំពើបាប ដែលយើងបានប្រព្រឹត្តពីដើម»។ 
ហេតុអ្វី? ព្រះបានយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវធ្វើជាចំណុចចាប់ផ្តើមនៃសេចក្តីសង្រ្គោះ។ ដូច្នេះ ការអត់ទោសអំពើបាបត្រូវបានបំពេញសម្រេច តែម្តងជាសម្រេច តាមរយៈសេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវបានសម្រេចបាន។ នៅចំពោះព្រះ អំពើបាបដែលយើងប្រព្រឹត្តជាមួយសាច់ឈាមនៅពេលនេះ គឺជាអំពើបាបដែលត្រូវបានលាងសម្អាតរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានអត់ទោសឲ្យរួចរាល់ហើយ។ «ទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម» មានន័យថា «ចាត់ទុកថា ឈ្នួលនៃអំពើបាបត្រូវបានសងរួចរាល់ហើយ»។ អំពើបាបទាំងអស់របស់លោកិយនេះ គឺជាអំពើបាបដែលត្រូវបានលាងសម្អាតរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះអម្ចាស់។
ដូច្នេះ អំពើបាបទាំងអស់របស់មនុស្សជាតិ ចាប់ពីដើមដំបូង រហូតដល់ចុងបញ្ចប់នៃផែនដីនេះ គឺចាប់ពីសម័យអ័ដាម រហូតដល់ថ្ងៃចុងក្រោយនៃផែនដីនេះ អំពើបាបទាំងអស់គឺជាអំពីបាប «ដែលយើងបានប្រព្រឹត្តពីដើម» ដែលព្រះយេស៊ូវបានដោះចេញរួចរាល់ទៅហើយ។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ឥតមានបាបទេ។ សេចក្តីពិតនេះគឺថា អំពើបាបដែលយើងបានប្រព្រឹត្តពីដើម ត្រូវបានអត់ទោសឲ្យរួចទៅ ហើយ សូម្បីតែអំពើបាបដែលយើងកំពុងតែប្រព្រឹត្តនៅវេលានេះផង ក៏ជាផ្នែកនៃអំពើបាបដែលយើងបានប្រព្រឹត្តពីដើម ដែលព្រះបានអត់ទោសឲ្យរួចហើយ។ មនុស្សនៅក្នុងលោកិយនេះកំពុងតែប្រព្រឹត្តអំពើបាប ដែលព្រះរាជបុត្រានៃព្រះបានដោះចេញហើយ។ ដូច្នេះ តើអ្នកយល់សេចក្តីពិតនេះដែរទេ?
ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានលាងសម្អាតអំពើបាបរបស់លោកិយនេះ ដោយសារសេចក្តីសុចរិតរបស់ព្រះ។ បើសិនយើងមិនយល់អត្ថន័យនៃបទគម្ពីរនេះបានច្បាស់លាស់ទេ យើងអាចយល់ខុសពីសេចក្តីពិតនេះ។ តាមទស្សនៈរបស់ព្រះ អំពើបាបដែលមនុស្សប្រព្រឹត្ត គឺជាអំពើបាបដែលត្រូវបានដាក់ទៅក្នុងការជំនុំជម្រះ ចាប់ពីពេលទ្រង់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងបានសុគតនៅលើឈើឆ្កាងមក។ មូលហេតុដែលព្រះប្រាប់យើងមិនឲ្យបារម្ភអំពីអំពើបាបគឺថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានញែកមនុស្សជាបរិសុទ្ធឥតខ្ចោះ តែម្តងជាសម្រេចរួចទៅហើយ។
សេចក្តីពិតនេះ ដែលសាវកប៉ុលនិយាយអំពីនៅក្នុងបទគម្ពីរនេះ គឺសំខាន់ខ្លាំងណាស់ដល់អ្នកដែលបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ ប៉ុន្តែមនុស្សដែលមិនបានកើតជាថ្មី ព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ ហើយនឹងធ្លាក់ទៅស្ថាននរក។ អ្នករាល់គ្នាគួរតែស្តាប់ និងយល់ព្រះបន្ទូលព្រះឲ្យបានច្បាស់លាស់ ហើយវានឹងមានប្រយោជន៍ដល់ភាពមាំមួននៃសេចក្តីជំនឿរបស់អ្នក និងការប្រកាសដំណឹងល្អទៅកាន់អ្នកដទៃ។ តើអ្នកដឹងថា ការកាត់ទោសអំពើបាប សេចក្តីសុចរិត និងការវិនិច្ឆ័យលោកិយនេះ គឺដើម្បីសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ដែរទេ (យ៉ូហាន ១៦:៨)?
ដោយសារសេចក្តីជំនឿ ព្រះបានតាំងព្រះយេស៊ូវឲ្យធ្វើជាទី សន្តោសប្រោស តាមរយៈព្រះលោហិតរបស់ទ្រង់ ដើម្បីសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ ពីព្រោះនៅក្នុងសេចក្តីអត់ធ្មត់របស់ទ្រង់ ព្រះបានលើកទោសដល់អំពើបាបដែលមនុស្សបានប្រព្រឹត្តពីដើមហើយ។ ដោយសារព្រះបានតាំងព្រះយេស៊ូវជាទីសន្តោសប្រោស ទ្រង់បង្រៀនយើងថា សូម្បីតែអំពើបាបដែលយើងបានប្រព្រឹត្តពីមុន ក៏ត្រូវបានលាងសម្អាតរួចហើយដែរ។ ដូច្នេះ យើងបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ 
ខ.២៦ សរសេរថា «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ «នៅជាន់ឥឡូវនេះ» ព្រះអនុញ្ញាតឲ្យយើងមានជីវិតអស់កល្បជានិច្ច ហើយទ្រង់មិនចង់កាត់ទោសលោកិយនេះទេ។ «នៅជាន់ឥឡូវនេះ» នៅពេលព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមក «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ» ព្រះអម្ចាស់បានសម្តែងពីសេចក្តីសុចរិតរបស់ព្រះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ហើយព្រះបានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ឲ្យយាងមកលោកិយនេះ ហើយទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង គឺដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ទ្រង់ដល់យើង។
ព្រះបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈព្រះយេស៊ូវ។ ដូច្នេះ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ បានរាប់ជាសុចរិត។ ព្រះរបស់យើងបានបំពេញសម្រេចអំពើដ៏សុចរិតនៃការលាងសម្អាតអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេចរួចហើយ។ ដូច្នេះ តើយើងអាចជឿដោយចិត្តលើសេចក្តីសុចរិតរបស់ព្រះបានដែរឬទេ? ព្រះមានបន្ទូលថា យើងបានរាប់ជាសុចរិត និងឥតមានបាប នៅពេលយើងជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ហេតុអ្វី? អ្នកជឿព្រះយេស៊ូវឥតមានបាបទេ ពីព្រោះទ្រង់បានបំពេញអំពើដ៏សុចរិតនៃការលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចរាល់ហើយ។ អ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ បានរាប់ជាសុចរិត ពីព្រោះគាត់លែងមានបាបទៀតហើយ។ ហើយដោយសារព្រះអម្ចាស់បានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តនៅពេញមួយជីវិតរបស់យើង យើងអាចជឿលើសេចក្តីសុចរិតរបស់ព្រះ បាន។ បើមិនដូច្នោះទេ យើងនឹងមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបានឡើយ។
 
 
យើងអួតពីសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ 
 
ខ.២៧-៣១ និយាយថា «ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ»។ 
ការតាំងក្រិត្យវិន័យឲ្យកាន់តែមាំមួនឡើង មានន័យថា យើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់យើងបានឡើយ។ យើងគឺជាស្នាព្រះហស្តដែលខ្សោយ និងមិនគ្រប់លក្ខណ៍ ប៉ុន្តែសេចក្តីសុចរិតរបស់ព្រះបានធ្វើឲ្យយើងបានគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលទ្រង់។ ការជឿតាមព្រះបន្ទូលព្រះអំពីសេចក្តីសុចរិត បានសង្រ្គោះយើងហើយ។ សូម្បីតែបន្ទាប់ពីយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអម្ចាស់របស់យើងនៅតែបន្តមានបន្ទូលមកកាន់យើងថា «អ្នកមិនពេញលេញទេ ប៉ុន្តែខ្ញុំបានញែកអ្នកជាបរិសុទ្ធហើយ។ ដូច្នេះ អ្នកគួរតែចូលមកចំពោះព្រះ ជាមួយនឹងសេចក្តីសុចរិតរបស់ទ្រង់»។
ខ.២៧ សរសេរថា «ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ »។
យើងគួរតែដឹងថា យើងអាចបានសង្រ្គោះចេញពីអំពីអំពើបាបរបស់យើងបាន លុះត្រាតែយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយយើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តល្អរបស់យើងបានឡើយ។ សាវកប៉ុលនិយាយអំពីផ្នែកនេះនៅក្នុង រ៉ូម ៣ ថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី?» អ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងឈរនៅខ្ជាប់ខ្ជួន ប៉ុន្តែអ្នកមិនជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងធ្លាក់ចុះ។
រ៉ូម ៣ បើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះយ៉ាងច្បាស់លាស់។ អ្នកគួរតែចងចាំថា ព្រះបានបង្កើតច្បាប់នៃសេចក្តីសុចរិតរបស់ទ្រង់ឡើង ដើម្បីធ្វើឲ្យអ្នកដែលជឿតាមគំនិតផ្ទាល់ខ្លួន ដួលចុះ។ ហើយព្រះបានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយការជឿតាមព្រះបន្ទូលព្រះ ដែលបើកសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់។ យើងអាចទទួលបាននគរព្រះជាមរតក និងមានមេត្រីភាពជាមួយទ្រង់បាន ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ 
អ្នក ដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ មិនអាចមានសន្តិភាពនៅក្នុងចិត្តរបស់ខ្លួនបានឡើយ។ មនុស្សម្នាក់មានពរ ឬត្រូវបណ្តាសា អាស្រ័យថា គាត់ជឿលើសេចក្តីសុចរិតរបស់ព្រះ ឬមិនជឿ។ បើសិនមនុស្សម្នាក់មិនទទួលយកព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះទេ គាត់នឹងទទួលបានការជំនុំជម្រះ ដោយផ្អែកលើការកាត់ទោសដោយយុត្តិធម៌របស់ទ្រង់ហើយ។ សេចក្តីសង្រ្គោះកើតចេញពីសេចក្តីស្រឡាញ់របស់ទ្រង់ ហើយយើងទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ យើងសរសើរតម្កើងដល់ព្រះអម្ចាស់របស់យើង ដែលបានប្រទានដល់យើងនូវជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ចូរយើងថ្វាយការអរព្រះគុណសម្រាប់ការពិតថា យើងក៏មានជំនឿដូចគ្នានឹងជំនឿរបស់សាវកប៉ុលផងដែរ! យើងសូមសរសើរតម្កើងដល់ព្រះអម្ចាស់។
យើងក៏សូមអរព្រះគុណ និងសរសើរតម្កើងដល់ទ្រង់ សម្រាប់ការសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងដែរ។ បើសិន សេចក្តីសង្រ្គោះមិនបានកើតចេញពីផ្លូវនេះទេ យើងមិនអាចទទួលបានការអត់ទោសបាបបានឡើយ។ យើងពិតជាបានជឿលើសេចក្តីសុចរិតរបស់ព្រះ ដោយចិត្តរបស់យើងមែន ហើយយើងប្រើមាត់របស់យើង ដើម្បីប្រកាសពីសេចក្តីសង្រ្គោះទៅកាន់អ្នកដទៃទៀត។ យើងសូមអរព្រះគុណដល់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ តាមរយៈ សេចក្តីសុចរិតរបស់ទ្រង់។