រ៉ូម ១៤:១ និយាយថា «ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្តីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្តីប្រកាន់ផ្សេងៗ ឡើយ»។
សាវកប៉ុលបានព្រមានពួកបរិសុទ្ធនៅក្រុងរ៉ូម មិនឲ្យវិនិច្ឆ័យ ឬរិះគន់សេចក្តីជំនឿរបស់អ្នកដទៃ។ នៅពេលនោះ ដោយសារនៅក្នុងពួកជំនុំមានអ្នកដែលស្មោះត្រង់យ៉ាងខ្លាំង និងអ្នកមិនសូវស្មោះត្រង់ ពួកគេបានរិះគន់សេចក្តីជំនឿរបស់គ្នាទៅវិញទៅមក។ បើសិនការនេះកើតឡើងចំពោះអ្នក អ្នកត្រូវតែគោរពសេចក្តីជំនឿរបស់គ្នាទៅវិញទៅមក ហើយបោះចោលគំនិតរិះគន់ប្រឆាំងនឹងអ្នកបម្រើរបស់ព្រះ ពីព្រោះវាគឺអាស្រ័យលើព្រះ មិនមែនយើងទេ ដែលលើកតម្កើង និងបង្កើតអ្នកបម្រើរបស់ទ្រង់។
សូម្បីតែនៅក្នុងពួកជំនុំព្រះ ក៏មានបញ្ហាជាច្រើននៅក្នុងចំណោមអ្នកជឿផងដែរ។ បើសិនយើងពិនិត្យមើលសេចក្តីជំនឿរបស់ពួកគេ យើងអាចមើលឃើញសេចក្តីជំនឿគ្រប់ប្រភេទ។ ដោយសារអ្នកខ្លះបានប្រកាន់ខ្ជាប់តាមក្រិត្យវិន័យ មុនពេលពួកគេទទួលបានសេចក្តីប្រោសលោះ ពួកគេនៅតែមានស្នាមនៃសេចក្តីជំនឿតាមក្រិត្យវិន័យចាស់របស់ពួកគេ។
គ្រីស្ទបរិស័ទមួយចំនួនផ្តោតជាសំខាន់លើការបរិភោគ។ ហើយជាឧទាហរណ៍ ពួកគេអាចជឿថា ពួកគេមិនត្រូវបរិភោគសាច់ជ្រូកឡើយ។ ហើយអ្នកខ្លះទៀតអាចជឿថា ពួកគេត្រូវតែរក្សាថ្ងៃសាប្ប័ទ នៅគ្រប់ ស្ថានភាពទាំងអស់។ ប៉ុន្តែយើងត្រូវតែដោះស្រាយភាពខុសគ្នាទាំងនេះនៅក្នុងសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ និងមិនរិះគន់គ្នាទៅវិញទៅមក អំពីរឿងតូចតាចបែបនេះទេ។ នេះហើយគឺជាចំណុចសំខាន់ ដែលសាវកប៉ុលបាននិយាយអំពី។
សាវកប៉ុលបង្រៀននៅក្នុងជំពូក១៤ថា យើងមិនគួររិះគន់ភាពខ្សោយរបស់បងប្អូនរួមជំនឿរបស់យើងទេ បើសិនពួកគេមានជំនឿលើ សេចក្តីសុចរិតរបស់ព្រះ។ ហេតុអ្វី? ពីព្រោះទោះបីជាខ្សោយក៏ដោយ ក៏ពួកគេជឿលើសេចក្តីសុចរិតរបស់ព្រះដែរ។
ព្រះគម្ពីរ ចាត់ទុកអ្នកដែលបានប្រោសលោះពីអំពើបាបរបស់ខ្លួន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ជាមនុស្សដ៏មានតម្លៃរបស់ព្រះ។ ខណៈដែលពួកគេអាចមិនបានពេញលេញ នៅចំពោះគ្នាទៅវិញទៅមក ព្រះបានបង្គាប់មិនឲ្យយើងរិះគន់សេចក្តីជំនឿរបស់អ្នកជឿដទៃទៀតទេ ពីព្រោះទោះបើពួកគេមិនបានពេញលេញនៅក្នុងសាច់ឈាមក៏ដោយ ក៏ពួកគេនៅតែជាកូនរបស់ព្រះ ដោយសារសេចក្តីជំនឿដែរ។
សេចក្តីជំនឿរបស់មនុស្សគ្រប់គ្នាខុសពីគ្នា
ខ.២-៣ និយាយថា «ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀត ដែលខ្សោយ បរិភោគតែបន្លែទេ កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា»។
អាចមានភាពខុសគ្នានៅក្នុងចំណោមអ្នកបម្រើរបស់ព្រះ នៅក្នុងការជឿលើសេចក្តីសុចរិតរបស់ទ្រង់ និងការដើរតាមទ្រង់។ ហើយសេចក្តីជំនឿលើសេចក្តីសង្រ្គោះគឺតែមួយទេ ប៉ុន្តែចំនួននៃសេចក្តីជំនឿតាមព្រះបន្ទូលទ្រង់អាចខុសគ្នា។
ប្រសិនបើមនុស្សម្នាក់ធ្លាប់ជាអ្នកក្រិត្យវិន័យនិយម មុនពេលគាត់បានកើតជាថ្មី ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ គាត់នឹងត្រូវការពេលវេលា ដើម្បីបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់គាត់ចោល ហើយបែរមកជឿលើសេចក្តីសុចរិតរបស់ព្រះទាំងស្រុងវិញ។ មនុស្សទាំងនេះចូលចិត្តផ្តោតសំខាន់លើការរក្សាថ្ងៃសាប្ប័ទ ប៉ុន្តែអ្នកមិនគួររិះគន់ពួកគេទេ ពីព្រោះពួកគេក៏ជឿលើសេចក្តីសុចរិតរបស់ព្រះផងដែរ។
ព្រះគាប់ព្រះទ័យចំពោះសេចក្តីជំនឿរបស់អ្នកដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ហើយទ្រង់បានយកពួកគេធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ អ្នកដែលពិតជាជឿលើសេចក្តីសុចរិតរបស់ព្រះ គួរតែខិតខំលើកទឹកចិត្តអ្នកជឿដូចគ្នា ដោយសេចក្តីសុចរិតរបស់ព្រះ ប៉ុន្តែមិនគួររិះគន់អំពីភាពខ្សោយនៃសេចក្តីជំនឿរបស់ពួកគេទេ។
យើងមិនត្រូវវិនិច្ឆ័យអ្នកបម្រើរបស់ព្រះឡើយ
ខ.៤ និយាយថា «តើអ្នកជាអ្វីដែលនិន្ទាបាវបំរើរបស់គេ អ្នកនោះឈរឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន»។
យើងត្រូវតែទទួលស្គាល់អ្នកបម្រើរបស់ព្រះ ដែលព្រះបានជ្រើសតាំង ហើយនឹងសេចក្តីជំនឿរបស់ពួកគេផងដែរ។ តើអ្នករិះគន់ និងវិនិច្ឆ័យអ្នកបម្រើរបស់ព្រះ ខណៈដែលគឺជាគ្រីស្ទបរិស័ទម្នាក់ឬ? ដូច្នេះ ព្រះនឹងបន្ទោសសេចក្តីជំនឿរបស់អ្នកកាន់តែខ្លាំង។ បើសិនអ្នកថ្កោលទោស សេចក្តីជំនឿរបស់អ្នកដែលព្រះជ្រើសតាំង ដោយសារតែអ្នកមិនចូលចិត្តពួកគេ នោះអ្នកកំពុងតែឡើងលើបល្ល័ង្កជំនុំជម្រះរបស់ព្រះ ដើម្បីកាត់ទោសអ្នកបម្រើរបស់ទ្រង់ហើយ។ ហើយការនេះមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែទទួលអ្នកបម្រើរបស់ព្រះទាំងនោះ ដែលអ្នកមិនចូលចិត្ត ហើយស្តាប់តាមការណែនាំរបស់ពួកគេ នៅពេលពួកគេកំពុងតែលើកតម្កើងសេចក្តីសុចរិតរបស់ព្រះ។
ព្រះត្រូវតែទទួលស្គាល់សេចក្តីជំនឿរបស់យើង។ យើងគួរតែមានសេចក្តីជំនឿពិតប្រាកដ ដែលបានរួចពីការកាត់ទោសរបស់ព្រះ និងទទួលបានរង្វាន់ពីទ្រង់វិញ។ ដោយសារព្រះបានអនុញ្ញាតឲ្យយើងថ្វាយជីវិតរបស់យើងទៅចំពោះព្រះយេស៊ូវគ្រីស្ទ យើងអរព្រះគុណទ្រង់សម្រាប់ សេចក្តីសុចរិតរបស់ទ្រង់។ យើងត្រូវតែទទួលស្គាល់អ្នកដែលព្រះទទួលស្គាល់ និងមិនទទួលស្គាល់អ្នកដែលព្រះមិនទទួលស្គាល់។ ខ្ញុំសង្ឃឹមថា អ្នកនឹងថ្វាយសិរីល្អដល់ព្រះ ដោយការមានជំនឿលើសេចក្តីសុចរិតរបស់ទ្រង់ ដោយមិនលើកតម្កើងសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកទេ។ ហើយខ្ញុំសង្ឃឹមថា ព្រះនឹងទទួលស្គាល់សេចក្តីជំនឿរបស់អ្នក។ បន្ទាប់មក អ្នកនឹងត្រូវបានលើកតម្កើង ដោយសារតែសេចក្តីជំនឿរបស់អ្នកលើសេចក្តីសុចរិតរបស់ទ្រង់។
បើសិនពួកគេក៏ជឿលើសេចក្តីសុចរិតរបស់ព្រះផងដែរ...
«ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា» (រ៉ូម ១៤:៥-៦)។
នៅក្នុងចំណោមពួកយូដា មានអ្នកដែលបានសង្រ្គោះ ដោយការជឿដល់ព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់យើង។ ពួកគេជាច្រើននាក់ ទោះបើបានជឿដល់ព្រះយេស៊ូវហើយក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់តាមក្រិត្យវិន័យដែរ។ ប៉ុន្តែពួកគេបានធ្វើជាអ្នកបម្រើសេចក្តីសុចរិតរបស់ព្រះរួចទៅហើយ ពីព្រោះគ្រប់យ៉ាងដែលពួកគេធ្វើ ដើម្បីគោរពតាមក្រិត្យវិន័យ គឺពួកគេបានធ្វើ ដើម្បីប្រកាសពី សេចក្តីសុចរិតរបស់ព្រះ។
ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីឲ្យបានពួកយូដា ហើយដូចជានៅក្រោមបន្ទុកក្រឹត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រឹត្យវិន័យ តែខ្ញុំមិនមែននៅក្រោមបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រឹត្យវិន័យ ហើយដូចជាឥតក្រឹត្យវិន័យដល់ពួកអ្នកដែល គ្មានក្រឹត្យវិន័យ មិនមែនថាខ្ញុំឥតក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំនៅក្នុង ក្រឹត្យវិន័យព្រះគ្រីស្ទវិញ ដើម្បីឲ្យបានពួកអ្នកដែលគ្មានក្រឹត្យវិន័យដែរ» (១កូរិនថូស ៩:២០-២១)។
យើងមិនត្រូវព្រងើយកន្តើយ ឬបដិសេធសេចក្តីជំនឿរបស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។ បើសិនពួកគេជឿលើសេចក្តីសុចរិតរបស់ព្រះ និងបម្រើទ្រង់ យើងត្រូវតែទទួលស្គាល់ពួកគេជាអ្នកបម្រើរបស់ព្រះ។
មនុស្សសុចរិតនឹងរស់នៅសម្រាប់ព្រះអម្ចាស់
ខ.៧-៩ និយាយថា «ដ្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើង ដែលរស់សំរាប់ខ្លួនឯងទេ ក៏គ្មានអ្នកណាស្លាប់សំរាប់ខ្លួនឯងដែរ ទោះបើយើងរស់ ឬស្លាប់ក្តី គង់តែយើងត្រូវរស់ ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ ដ្បិតដោយហេតុនោះឯង បានជាព្រះគ្រីស្ទទ្រង់សុគត ហើយមានព្រះជន្មរស់ឡើងវិញ គឺដើម្បីនឹងធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង»។
យើងរស់នៅជាមួយព្រះគ្រីស្ទ ហើយស្លាប់ជាមួយទ្រង់ ពីព្រោះយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង និងទទួលបានជីវិតថ្មី ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។ នៅក្នុងព្រះគ្រីស្ទ គ្រប់យ៉ាងដែលចាស់ត្រូវបានកន្លងផុតទៅ ហើយយើងបានក្លាយជាស្នាព្រះហស្តថ្មី។ ដែលពិតជាជឿលើសេចក្តីសុចរិតរបស់ព្រះ មានន័យថា យើងស្គាល់ និងជឿតាមសេចក្តីពិតថា យើងគឺជារបស់ព្រះគ្រីស្ទ។ ដូច្នេះ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ មិនពាក់ព័ន្ធជាមួយលោកិយនេះទៀតទេ ប៉ុន្តែបានក្លាយជាអ្នកបម្រើរបស់ព្រះវិញ។
ប្រសិនបើអ្នកគឺជាអ្នកបម្រើរបស់ព្រះ អ្នកនឹងលើកតម្កើងទ្រង់ ស្រឡាញ់ទ្រង់ រស់នៅសម្រាប់សិរីល្អរបស់ទ្រង់ និងអរព្រះគុណដល់ទ្រង់ ដែលអនុញ្ញាតឲ្យអ្នករស់នៅក្នុងជីវិតបែបនេះ។
តើអ្នកពិតជារបស់ព្រះគ្រីស្ទមែនឬ? អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានស្លាប់នៅលើឈើឆ្កាងជាមួយព្រះគ្រីស្ទ ហើយបានរស់នៅពីស្លាប់ជាមួយទ្រង់វិញហើយ។ ដូច្នេះ ទោះបីជាយើងរស់ ឬស្លាប់ក្តី យើងគឺជារបស់ព្រះគ្រីស្ទ ដោយសារសេចក្តីសុចរិតរបស់ព្រះ។ ព្រះអម្ចាស់បានធ្វើជាព្រះអម្ចាស់របស់អ្នកដែលបានសង្រ្គោះ។
យើងមិនគួរវិនិច្ឆ័បងប្អូនរួមជំនឿរបស់យើងទេ
ខ.១០-១២ ប្រាប់យើងថា «ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ ដ្បិតមានសេចក្តីចែងទុកមកថា [ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង] ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើងជាមិនខាន»។
ដោយសារព្រះគ្រីស្ទរបស់យើងមានព្រះជន្មគង់នៅ នៅថ្ងៃមួយ យើងនឹងលុតជង្គុងនៅចំពោះទ្រង់ ហើយរៀបរាប់គ្រប់យ៉ាងដល់ទ្រង់។ ដូច្នេះ យើងមិនត្រូវឈរនៅមុខទីជំនុំជម្រះ ហើយវិនិច្ឆ័យបងប្អូនប្រុសស្រីរបស់យើងទេ ប៉ុន្តែយើងត្រូវឈរនៅចំពោះព្រះ ដោយសេចក្តីសុភាព វិញ។ ដែលយើងរស់នៅសម្រាប់បំណងព្រះហឫទ័យព្រះ វាសំខាន់ជាងដែលថ្កោលទោស និងវិនិច្ឆ័យគ្នាទៅវិញទៅមក នៅក្នុងពួកជំនុំរបស់ទ្រង់ ។ បើសិនយើងវិនិច្ឆ័យភាពខ្សោយរបស់បងប្អូនយើង យើងក៏នឹងត្រូវបានវិនិច្ឆ័យសម្រាប់ភាពខ្សោយរបស់យើងនៅចំពោះព្រះដែរ។ ដូច្នេះហើយបានជាយើងត្រូវតែដឹងថា យើងចាំបាច់ត្រូវរស់នៅជាមួយគ្នានៅក្នុងជំនុំរបស់ទ្រង់ សម្រាប់បំណងព្រះហឫទ័យព្រះ។
សេចក្តីជំនឿពិតស្អាងចិត្តអ្នកជឿដទៃទៀត និងដេញតាមសេចក្តីសុចរិតរបស់ព្រះ។ ចូរចងចាំថា សេចក្តីជំនឿក្លែងក្លាយមួយនឹងបោះបង់សេចក្តីសុចរិតរបស់ព្រះចោល ហើយសាងសង់សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់វាតែប៉ុណ្ណោះ។ ចុះអ្នកវិញ យ៉ាងដូចម្តេចដែរ? តើអ្នកកំពុងតែដេញតាមសេចក្តីសុចរិតរបស់ព្រះ ដោយសេចក្តីជំនឿឬ? ឬតើអ្នកកំពុងតែដេញតាមសេចក្តីសុចរិតរបស់សាច់ឈាមរបស់អ្នក?
យើងត្រូវតែស្អាងសេចក្តីជំនឿរបស់អ្នកដទៃ
ខ.១៣-១៤ និយាយប្រាប់យើងថា «ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ »។
ដោយសារមានភាពខុសគ្នាខាងសេចក្តីជំនឿ ក្នុងចំណោមអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ យើងគួរតែខិតខំស្អាងសេចក្តីជំនឿរបស់គ្នាទៅវិញទៅមក ដោយការស្អាតចិត្តគ្នាទៅវិញទៅមក។ ការធ្វើដូច្នេះនាំឲ្យមានការរីកចម្រើនដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។ បើសិនយើងពិតជារស់នៅសម្រាប់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ យើងទាំងអស់គ្នាគឺជារាស្ត្ររបស់ទ្រង់ហើយ។
ប្រសិនបើអ្នកគឺជាគ្រីស្ទបរិស័ទម្នាក់ ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ អ្នកអាចធ្វើគ្រប់យ៉ាងបាន ដោយសារសេចក្តីជំនឿរបស់អ្នកតាមព្រះបន្ទូលព្រះ។ ប៉ុន្តែបើសិនអ្នកមិនអាចធ្វើបាន នោះដោយសារតែអ្នកកំពុងតែដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកហើយ មិនមែនសេចក្តីសុចរិតរបស់ព្រះទេ។ ការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងសេចក្តីសុចរិតរបស់ព្រះ គឺដូចជាការដេញតាមលោកិយនេះ និងការមានជំនឿខុស។
អ្នកដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ទោះបើបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះក៏ដោយ ក៏ពួកគេកំពុងតែរស់នៅធ្វើជាខ្មាំងសត្រូវរបស់ព្រះដែរ។ ព្រះចង់ឲ្យអ្នកដែលបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ និងរក្សាការដើរតាមសេចក្តីសុចរិតរបស់ទ្រង់ អស់មួយជីវិតរបស់អ្នក។
ចូរដើរនៅក្នុងសេចក្តីស្រឡាញ់
ខ.១៥-១៨ និយាយថា «ប៉ុន្តែ បើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារម្ហូបរបស់អ្នកឡើយ ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹង សេចក្តីសុចរិត សេចក្តីមេត្រី និងសេចក្តីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្តីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ»។
អ្នកដែលបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងកំពុងតែរស់នៅ ដើម្បីប្រកាសដំណឹងល្អនេះ មិនមើលងាយរាស្ត្ររបស់ទ្រង់ ដោយសារតែចំណីអាហារនោះឡើយ។ ពេលខ្លះ យើងមានចំណីអាហារសម្រាប់បរិភោគរួមគ្នា និងមានទំនាក់ទំនងជាមួយគ្នានៅក្នុង សេចក្តីស្រឡាញ់។ ប៉ុន្តែសាវកប៉ុលកំពុងតែព្រមានយើងអំពីការមិនរាប់បញ្ចូលបងប្អូនប្រុសស្រីដែលក្រីក្ររបស់យើង ហើយចែករំលែកតែក្នុងចំណោមពួកអ្នកមាន ពីព្រោះទង្វើនេះអាចធ្វើឲ្យបងប្អូនរួមជំនឿរបស់យើងជំពប់ដួលបាន។
ព្រះពរទាំងអស់ ដែលព្រះបានប្រទានដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ កំពុងតែអនុញ្ញាតឲ្យយើងដើរតាមសេចក្តីសុចរិតរបស់ព្រះ ហើយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផ្តល់សន្តិភាពផ្លូវចិត្តដល់យើង ហើយយើងអាចបម្រើព្រះអម្ចាស់ជាមួយគ្នា និងចែករំលែកអំណររបស់គ្នាទៅវិញទៅមកបាន។ ដូច្នេះ អ្នកដែលមានទ្រព្យសម្បត្តិច្រើនគួរតែដឹងថា ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេគឺមកពីព្រះ និងចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់អ្នកដទៃ ដើម្បីបម្រើដំណឹងល្អ និងដើរតាមសេចក្តីសុចរិតរបស់ព្រះជាមួយគ្នា។ ហើយព្រះសព្វព្រះទ័យ និងស្រឡាញ់អ្នកដែលរស់នៅក្នុងជីវិតបែបនេះ។
ខិតខំស្អាងចិត្តអ្នកដទៃ
ខ.១៩-២០ និយាយប្រាប់យើងថា «ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំង សេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ កុំឲ្យបំផ្លាញការព្រះ ដោយព្រោះតែម្ហូបណានោះឡើយ គ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែន តែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញ គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ»។
ជាយូរមកហើយ នៅក្នុងទីក្រុងដូចជា ក្រុងរ៉ូម និងក្រុងកូរិនថូស មនុស្សបានលក់ចំណីអាហារ ដែលបានសែនទៅរូបព្រះរួចហើយ។ អ្នកជឿមួយចំនួនលើសេចក្តីសុចរិតរបស់ព្រះ ធ្លាប់បានទិញសាច់នោះទៅ បរិភោគ។ បន្ទាប់មក អ្នកជឿមួយចំនួនទៀត ដែលមានជំនឿខ្សោយលើពួកជំនុំរបស់ព្រះ បានគិតថា ការបរិភោគសាច់បែបនេះគឺជាអំពើបាប។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា «កុំឲ្យបំផ្លាញការព្រះ ដោយព្រោះតែម្ហូបណានោះឡើយ» (ខ.២០)។
រឿងស្រាក៏ដូចគ្នាដែរ។ មានអ្នកជឿមួយចំនួន ដែលមិនខ្វល់អំពីការផឹកស្រាទេ។ ប៉ុន្តែសាវកប៉ុលបានដាស់តឿនថា បើសិនអាកប្បកិរិយាបែបនេះត្រូវធ្វើឲ្យសេចក្តីជំនឿរបស់អ្នកជឿដទៃទៀតខ្សោយ ពួកគេគួរតែឈប់ផឹកស្រា ដើម្បីកុំឲ្យអ្នកជឿដទៃទៀតរវាតចិត្ត។ ហើយរឿងនេះក៏កើតឡើងនៅក្នុងចំណោមពួកយើងផងដែរ។ ដូច្នេះ យើងត្រូវតែរស់នៅក្នុងជីវិត គ្រីស្ទបរិស័ទរបស់យើង តាមរបៀបមួយ ដែលស្អាតចិត្តអ្នកដទៃ និងស្វែងរកសេចក្តីសុចរិតរបស់ព្រះ។ បញ្ហាអាចកើតឡើងនៅថ្ងៃនេះ ទាក់ទងអំពីចំណីអាហារ ដែលបានសែនដល់ពួកព្ធយុកោដែលបានស្លាប់ទៅ ហើយយល់ល្អ យើងមិនគួរបរិភោគចំណីអាហារបែបនោះ ដើម្បីជាប្រយោជន៍ដល់អ្នកដែលមានជំនឿខ្សោយវិញ។
ចូរមានជំនឿលើសេចក្តីសុចរិតរបស់ព្រះ
ខ.២២-២៣ និយាយប្រាប់យើងថា «អ្នកឯងមានសេចក្តីជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ មានពរហើយ អ្នកណាដែលមិនកាត់ទោសខ្លួនឯង ក្នុងការដែលខ្លួនរាប់ថាធ្វើបាន តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្តីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្តីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ»។
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអ្នកដែលមានជំនឿពិតប្រាកដ។ សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះគឺជាសេចក្តីជំនឿដែលព្រះប្រទានឲ្យ ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ដូច្នេះ គ្រីស្ទបរិស័ទត្រូវតែជឿយ៉ាងមុតមាំលើសេចក្តីសុចរិតរបស់ព្រះ។
ព្រះគម្ពីរប្រាប់យើងថា ការដើរតាមព្រះ ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអំពើបាបមួយ។ គ្រប់យ៉ាង ដែលយើងធ្វើដោយឥតមានសេចក្តីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។ ហើយដោយដឹងថា គ្រប់យ៉ាងដែលធ្វើដោយឥតមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាអំពើបាបទាំងអស់ យើងត្រូវតែមានសេចក្តីជំនឿកាន់តែមុតមាំលើសេចក្តីសុចរិតរបស់ទ្រង់។
ព្រះគម្ពីរនិយាយថា «តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ»។ គ្រប់របស់ទាំងអស់គឺស្អាត បើសិនអ្នកបរិភោគ ដោយ សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះព្រះបានបង្កើតបន្លែ និងសត្វទាំងអស់។
យើងត្រូវតែយល់ថា ការស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់យើង។ ហើយយើងក៏ត្រូវតែស្អាងចិត្តអ្នកជឿដែលបានកើតជាថ្មីដទៃទៀត និងគោរពសេចក្តីជំនឿរបស់ពួកគេផងដែរ។