Search

Predigten

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 1-1] ចូរស្តាប់ព្រះបន្ទូល នៃការបើកសម្តែងរបស់ព្រះ (វិវរណៈ ១:១-២០)

ចូរស្តាប់ព្រះបន្ទូល នៃការបើកសម្តែងរបស់ព្រះ
(វិវរណៈ ១:១-២០)
«នេះជាសេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្តីដែលគាត់បានឃើញ មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះបន្ទូលថា អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្តីទុក្ខលំបាក និងក្នុងនគរ ហើយក្នុងសេចក្តីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល និងសេចក្តីបន្ទាល់ពីព្រះយេស៊ូវ គ្រីស្ទ ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុងស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ ខ្ញុំក៏បែរខ្លួនទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរខ្លួនទៅហើយ នោះក៏ឃើញជើងចង្កៀងមាស៧ នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្តីដែលឯងបានឃើញ ព្រមទាំងសេចក្តីដែលមានសព្វថ្ងៃនេះ និងសេចក្តីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។»
 

ការកាត់ស្រាយ

ខ.១៖ «នេះជាសេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯ យ៉ូហាន ជាបាវបំរើទ្រង់។»
កណ្ឌគម្ពីរវិវរណៈ ត្រូវបានសរសេរឡើង ដោយសាវកយ៉ូហាន ដែលបានកត់ត្រាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានបើកឲ្យគាត់មើលឃើញ ក្នុងកំឡុងពេលគាត់ស្នាក់នៅកោះប៉ាត់ម៉ុសនៅសមុទ្រ Aegean Sea ដែលគាត់ត្រូវបានគេនិរទេស នៅកំឡុងឆ្នាំនៃការធ្លាក់ចុះនៃរាជ្យរបស់អធិរាជ Domitian នៃចក្ររ៉ូម (ប្រហែលឆ្នាំ៩៥)។ ដោយសារការធ្វើបន្ទាល់ពីព្រះបន្ទូលព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ សាវក យ៉ូហានត្រូវបានគេនិរទេសទៅកោះប៉ាត់ម៉ុស ហើយនៅទីនេះហើយ ដែលគាត់បានមើលឃើញពិភពនៃព្រះ ដែលព្រះយេស៊ូវបានបើកបង្ហាញគាត់ តាមរយៈការបណ្តាលនៃព្រះវិញ្ញាណបរិសុទ្ធ និងទេវតារបស់ទ្រង់។ 
តើ «សេចក្តី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ» នេះគឺជាអ្វី? វាមានន័យថា ព្រះនឹងបើកសម្តែងដល់យើង តាមរយៈតំណាងរបស់ទ្រង់ ដែលជាព្រះយេស៊ូវ ពីអ្វីដែលនឹងកើតឡើងចំពោះលោកិយនេះ និងនគរស្ថានសួគ៌ នៅពេលអនាគត។ តើព្រះយេស៊ូវគឺជាអ្នកណា? ទ្រង់គឺជាព្រះអាទិករ ព្រះ និងព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់លោកិយនេះ។ 
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះនៃនគរថ្មីដែលនឹងមកដល់ ជាព្រះអង្គដែលបង្ហាញប្រាប់យើងពីគ្រប់យ៉ាងអំពីពិភពថ្មីដែលនឹងមកដល់នេះ និងជាតំណាងនៃព្រះវរបិតា។ តាមរយៈព្រះបន្ទូលនៃការបើកសម្តែង ដែលសាវកយ៉ូហានបានកត់ត្រាទុក យើងអាចមើលឃើញពីរបៀបដែលព្រះនឹងដោះស្រាយជាមួយលោកិយនេះ និងបើកពិភពថ្មី។

ខ.២៖ «គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល និងសេចក្តីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្តីដែលគាត់បានឃើញ។»
សាវកយ៉ូហាន អាចធ្វើបន្ទាល់ពីព្រះបន្ទូលនៃសេចក្តីពិតយ៉ាងច្បាស់លាស់បាន ពីព្រោះគាត់បានមើលឃើញអ្វីដែលព្រះយេស៊ូវគ្រីស្ទនឹងធ្វើនៅពេលអនាគត ក្នុងនាមទ្រង់ជាតំណាងនៃព្រះវរបិតា។ ហើយដោយសារសាវកយ៉ូហានបានមើលឃើញ និងស្តាប់ឮអ្វីដែលនឹងត្រូវបានបំពេញសម្រេច តាមរយៈព្រះយេស៊ូវគ្រីស្ទ គាត់អាចធ្វើបន្ទាល់ពីរឿងទាំងអស់នេះបាន។

ខ.៣៖ «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។»
នៅទីនេះ និយាយថា មានពរហើយ អ្នកណាដែលមើល និងស្តាប់ព្រះបន្ទូលព្រះ ដែលសាវកយ៉ូហានធ្វើបន្ទាល់ពី។ តើអ្នកណាមានពរ? ទីមួយ និងសំខាន់បំផុត ពួកគេគឺជាអ្នកជឿ ដែលបានធ្វើជារាស្ត្ររបស់ព្រះ ដោយការបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន តាមរយៈ សេចក្តីជំនឿរបស់ពួកគេតាមព្រះបន្ទូលព្រះ។ មានតែពួកបរិសុទ្ធប៉ុណ្ណោះ ទើបអាចមានពរ ពីព្រោះគឺជាពួកគេដែលអាន ស្តាប់ និងរក្សាសេចក្តីបន្ទាល់នៃព្រះបន្ទូលព្រះអំពីគ្រប់ទាំងការដែលនឹងមកដល់ តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលសាវកយ៉ូហានបានកត់ត្រាទុក។ 
ប្រសិនបើព្រះមិនបានប្រាប់យើងជាមុន តាមរយៈសាវកយ៉ូហាន អំពីអាថ៌កំបាំងនៃសេចក្តីពិតអំពីគ្រប់ទាំងការដែលនឹងកើតឡើងចំពោះផែនដី និងស្ថានសួគ៌ទេ តើពួកបរិសុទ្ធអាចស្តាប់ និងមើលការទាំងនេះបានដោយរបៀបណា? ហើយតើពួកគេអាចទទួលបានព្រះពរនៃការដឹងជាមុន និងការជឿលើការផ្លាស់ប្តូរទាំងអស់នៃលោកិយនេះតាមរបៀបណា? ខ្ញុំសូមអរព្រះគុណ និងថ្វាយសិរីល្អទាំងអស់ដល់ព្រះ សម្រាប់បើកសម្តែងដល់យើង តាមរយៈសាវកយ៉ូហាន ពីគ្រប់ទាំងការដែលនឹងកើតឡើងចំពោះផែនដីនេះ និងស្ថានសួគ៌។ នៅពេលបច្ចុប្បន្ននេះ ពិតជាមានពរហើយ អ្នកណាដែលអាចមើល និងអាន ដោយផ្ទាល់ភ្នែក នូវព្រះបន្ទូលនៃការបើក សម្តែងរបស់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 

ខ.៤៖ «សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត និងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់។»
នៅទីនេះ សាវកយ៉ូហាននិយាយថា គាត់កំពុងតែផ្ញើសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំទាំង៧ នៅស្រុកអាស៊ី។ ដោយបានកត់ត្រាទុកនូវ សេចក្តីទំនាយ និងការបើកសម្តែង ដែលព្រះបើកសម្តែងដល់គាត់ ក្នុង កំឡុងពេលការនិរទេសរបស់គាត់នៅកោះប៉ាត់ម៉ុស សាវកយ៉ូហានបានផ្ញើកំណត់ត្រានេះទៅកាន់ពួកជំនុំទាំង៧ នៅស្រុកអាស៊ី ក៏ដូចជាពួកជំនុំទាំងអស់របស់ព្រះ នៅពាសពេញលោកិយទាំងមូល។

ខ.៥៖ «ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប។»
ហេតុអ្វីសាវកយ៉ូហានហៅព្រះយេស៊ូវគ្រីស្ទថា «ស្មរបន្ទាល់ស្មោះត្រង់»? ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីសង្រ្គោះអស់អ្នកដែលនៅក្នុងបាប និងត្រូវវិនាស។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះតែម្តង បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប ដោយព្រះជន្មទ្រង់ផ្ទាល់ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ដើម្បីសង្រ្គោះអ្នកជឿ និងលាងសម្អាតអំពើបាបរបស់ពួកគេ។ ហើយដោយសារគ្មានអ្នកណាផ្សេងក្រៅពីព្រះយេស៊ូវទ្រង់ផ្ទាល់ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ ចេញពីអំពើបាបទាំងអស់របស់ពួកគេ នោះព្រះគ្រីស្ទគឺជាស្មរបន្ទាល់រស់ពីសេចក្តីសង្រ្គោះនេះ។ 
ដោយនិយាយថា «ដែលកើតពីពួកស្លាប់មកមុនគេបង្អស់» សាវក យ៉ូហានកំពុងតែប្រាប់យើងថា ព្រះយេស៊ូវបានធ្វើជាផលផ្លែដំបូង ដោយការយាងមកផែនដីនេះ និងការបំពេញតាមសេចក្តីតម្រូវទាំងអស់របស់ ក្រិត្យវិន័យ។ នៅក្នុងន័យផ្សេង គឺដើម្បីសងថ្លៃឈ្នួលនៃអំពើបាប ដោយការទទួលយកអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ហើយដោយសារព្រះគ្រីស្ទ «ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់» ព្រះបានសង្រ្គោះអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 

ខ.៦៖ «ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។»
ក្នុងនាមជាតំណាងនៃព្រះវរបិតា ព្រះយេស៊ូវបានយាងមកលោកិយនេះ នៅក្នុងសាច់ឈាម និងបានសង្រ្គោះមនុស្សមានបាប ដោយបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ តាមរយៈព្រះរាជកិច្ចនៃព្រះគុណទាំងនេះ ព្រះគ្រីស្ទបានលាងសម្អាតយើង និងតាំងយើងឡើងជានគរ និងពួកសង្ឃរបស់ព្រះ។ ដូច្នេះ យើងសូមថ្វាយការអរព្រះគុណ ការសរសើរតម្កើង និងសិរីល្អទាំងអស់ដល់ព្រះវរបិតាដែលបានប្រទានព្រះពរនៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ និងព្រះរាជបុត្រាដែលជាតំណាងនៃទ្រង់ និងព្រះអង្គសង្រ្គោះរបស់យើង នៅអស់កល្បជានិច្ច! គោលបំណងនៃការចាប់កំណើតជាមនុស្សរបស់ព្រះគ្រីស្ទ គឺដើម្បីតាំងយើងឡើងជានគរ និងពួកសង្ឃនៃនគរព្រះ សម្រាប់ព្រះវរបិតា។ នៅក្នុងន័យផ្សេង យើងត្រូវបានតាំងឡើងជា «ស្តេច» នៃនគរស្ថានសួគ៌ ដែលជាកន្លែងដែលយើងនឹងរស់នៅជាមួយព្រះ នៅអស់កល្បជានិច្ច។

ខ.៧៖ «មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។»
នៅទីនេះ និយាយថា ព្រះគ្រីស្ទនឹងយាងមកតាមពពក ហើយខ្ញុំពិតជាជឿលើការនេះទាំងស្រុង។ នេះមិនមានជារឿងប្រឌិតបែបវិទ្យាសាស្ត្រឡើយ។ នេះគឺជាសេចក្តីទំនាយថា ព្រះយេស៊ូវគ្រីស្ទពិតជានឹងយាងពីស្ថានសួគ៌ មកផែនដីនេះវិញ។ នៅទីនេះ ក៏និយាយផងដែរថា «ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង» នឹងមើលឃើញទ្រង់។ តើពួកគេគឺជាអ្នកណា? ពួកគេគឺជាអ្នកដែលបានចាត់ទុកព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណជាគោលលទ្ធិសាសនារបស់លោកិយនេះ ទោះបើព្រះបន្ទូលនេះមានព្រះចេស្តាសង្រ្គោះពួកគេទាំងអស់គ្នាក៏ដោយ។
នៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ ពួកអ្នកដែលបានចាក់ទ្រង់ ដោយសេចក្តីមិនជឿរបស់ពួកគេ ពិតជានឹងយំសោក។ ពួកគេនឹងយំសោក ពីព្រោះនៅវេលាដែលពួកគេដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺពិតជាដំណឹងល្អអំពីសេចក្តីប្រោសលោះ និងសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ និងថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ គឺយឺតពេលសម្រាប់ពួកគេទៅហើយ។ 

ខ.៨៖ «ព្រះអម្ចាស់ដ៏ជាព្រះ ដែលទ្រង់គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត គឺជាព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះបន្ទូលថា អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង។»
ដោយនិយាយថា «អាលផា និងអូមេកា» សាវកយ៉ូហានប្រាប់យើងថា ព្រះអម្ចាស់របស់យើងគឺជាព្រះនៃការជំនុំជម្រះ តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃចក្រវាលទាំងមូល និងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ ទ្រង់គឺជាព្រះដ៏មានអំណាចព្រះចេស្តា ដែលនឹងជំនុំជម្រះអំពើបាបរបស់មនុស្ស និងប្រទានសេចក្តីសុចរិតដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។

ខ.៩-១០៖ «យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្តីទុក្ខលំបាក និងក្នុងនគរ ហើយក្នុងសេចក្តីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល និងសេចក្តីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា។»
ពាក្យថា «បងប្អូន» ត្រូវបានប្រើ នៅពេលអ្នកជឿហៅគ្នាទៅវិញទៅ មក។ នៅក្នុងពួកជំនុំព្រះដែលបានកើតជាថ្មី អ្នកដែលបានធ្វើជាគ្រួសារ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហៅគ្នាទៅវិញទៅមកថា បងប្អូនប្រុសស្រី ហើយឈ្មោះនេះត្រូវបានផ្តល់ឲ្យយើង ដោយ សេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
«ថ្ងៃនៃព្រះអម្ចាស់» នៅទីនេះ សំដៅទៅលើថ្ងៃបន្ទាប់ពីថ្ងៃសាប្ប័ទ នៅពេលព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដោយសារវាគឺជាថ្ងៃ ដែលព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ យើងហៅថ្ងៃអាទិត្យថា «ថ្ងៃនៃព្រះអម្ចាស់»។ ថ្ងៃនេះកំណត់ការបញ្ចប់នៃសម័យក្រិត្យ វិន័យ និងការបើកសម័យថ្មីនៃសេចក្តីសង្រ្គោះ។ ហើយតាមរយៈការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះអម្ចាស់របស់យើងក៏បានប្រាប់យើងផងដែរថា នគររបស់ទ្រង់មិនមែនជាលោកិយនេះទេ។ 

ខ.១២៖ «ការអ្វីដែលឯងឃើញ នោះចូរកត់ទុកក្នុងសៀវភៅចុះ រួចផ្ញើទៅពួកជំនុំទាំង៧ ដែលនៅស្រុកអាស៊ីផង គឺនៅក្រុងអេភេសូរ ក្រុង ស្មឺន៉ា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា ហើយនៅក្រុងឡៅឌីសេដែរ។»
សាវកយ៉ូហាន បានកត់ត្រាអ្វីដែលគាត់បានមើលឃើញ តាមរយៈការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានផ្ញើកំណត់ត្រានេះជាសំបុត្រទៅកាន់ពួកជំនុំទាំង៧ នៅស្រុកអាស៊ី។ នេះប្រាប់យើងថា ព្រះមានបន្ទូលទៅកាន់ពួកជំនុំទាំងមូល តាមរយៈអ្នកបម្រើរបស់ទ្រង់ ដែលបានដើរមុនយើង។

ខ.១៣៖ «នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា។» 
«១អង្គដូចជាកូនមនុស្ស» ដែលសាវកយ៉ូហានបានឃើញ «នៅត្រង់កណ្តាលជើងចង្កៀងទាំង៧» សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ។ ក្នុងនាមជាអ្នកគង្វាលនៃពួកបរិសុទ្ធ ព្រះយេស៊ូវជួប និងមានបន្ទូលទៅកាន់អ្នកដែលជឿតាមព្រះបន្ទូលនៃសេចក្តីពិតអំពីបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ការពិពណ៌នារបស់សាវកយ៉ូហានថា «ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា» គឺជានិមិត្តរូបនៃឋានៈរបស់ព្រះអម្ចាស់របស់យើង ក្នុងនាមជាតំណាងនៃព្រះវរបិតា។ 

ខ.១៤ «ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង។» 
ព្រះអម្ចាស់របស់យើង គ្រប់លក្ខណ៍ បរិសុទ្ធ និងឧត្តុង្គឧត្តម។ «ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង» មានន័យថា ក្នុងនាមជាព្រះដ៏មានអំណាចព្រះចេស្តា ទ្រង់គឺជាចៅក្រមដ៏សុចរិតនៃមនុស្សទាំងអស់។ 
ខ.១៥៖ «ព្រះបាទទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន។»
តើយើងគិតថា ព្រះយេស៊ូវគឺជាអ្នកណា? ពួកបរិសុទ្ធជឿថា ទ្រង់គឺជាព្រះយ៉ាងពេញលេញ ហើយមានគ្រប់ទាំងអំណាចព្រះចេស្តា និងគ្មានភាពខ្សោយសោះ។ ប៉ុន្តែដោយសារទ្រង់មានបទពិសោធន៍ភាពខ្សោយរបស់យើង កាលទ្រង់មានព្រះជន្មនៅលើផែនដីនេះ ទ្រង់ជ្រាបពីលក្ខខណ្ឌ និងស្ថានភាពទាំងអស់ ដើម្បីឲ្យទ្រង់អាចជួយយើងបាន។ ព្រះសូរសៀងរបស់ទ្រង់ដូចជាសូរនៃទឹកច្រើន បង្ហាញពីភាពបរិសុទ្ធ និងអំណាចព្រះចេស្តារបស់ព្រះអម្ចាស់របស់យើង។ មិនមានស្នាមមិនគ្រប់លក្ខណ៍ ឬភាពខ្សោយណា នៅក្នុងព្រះអម្ចាស់ឡើយ ហើយទ្រង់មានពេញដោយសេចក្តីបរិសុទ្ធ សេចក្តីស្រឡាញ់ សិរីល្អ និងអំណាចព្រះចេស្តាតែប៉ុណ្ណោះ។ 

ខ.១៦ «នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច។»
«នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧» មានន័យថា ព្រះអម្ចាស់ថែរក្សាពួកជំនុំព្រះ។ «ដាវមុខ២ដ៏មុត» ដែលចេញពីព្រះឱសទ្រង់មក គឺជានិមិត្តរូបថា ព្រះយេស៊ូវគឺជាព្រះដ៏មានអំណាចព្រះចេស្តា ដែលធ្វើការជាមួយព្រះបន្ទូលនៃអំណាចព្រះចេស្តារបស់ព្រះ។ ហើយ «ដូចជាថ្ងៃភ្លឺពេញអំណាច» មានន័យថា ព្រះអម្ចាស់របស់យើងគឺជាព្រះនៃព្រះបន្ទូល និងព្រះដែលប្រកបដោយសព្វានុភាព។

ខ.១៧ «កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង។»
ខគម្ពីរនេះ ប្រាប់យើងថា យើងខ្សោយ និងងងឹតយ៉ាងខ្លាំង នៅចំពោះភាពបរិសុទ្ធរបស់ព្រះ។ ព្រះអម្ចាស់របស់យើងតែងតែគ្រប់លក្ខណ៍ និងមានគ្រប់ទាំងអំណាចព្រះចេស្តាជានិច្ច ហើយទ្រង់បើកសម្តែងអង្គទ្រង់មកកាន់អ្នកបម្រើរបស់ព្រះ នៅពេលខ្លះ ក្នុងនាមជាមិត្តសម្លាញ់ និងពេលខ្លះទៀត ក្នុងនាមជាព្រះនៃការជំនុំជម្រះដ៏តឹងរឹង។

ខ.១៨ «ជាព្រះដ៏រស់នៅ អញបានស្លាប់ តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។» 
ក្នុងនាមជាតំណាងនៃព្រះវរបិតា ព្រះអម្ចាស់របស់យើង មានព្រះជន្មគង់នៅ ជារៀងរហូត ហើយមានគ្រប់ទាំងអំណាចព្រះចេស្តានៃស្ថាន សួគ៌។ ហើយក្នុងនាមជាព្រះអង្គសង្រ្គោះ និងចៅក្រមនៃមនុស្សជាតិ ទ្រង់គឺជាព្រះដែលមានអំណាចលើជីវិតអស់កល្បជានិច្ច និងសេចក្តីស្លាប់។

ខ.១៩ «ដូច្នេះ ចូរឲ្យឯងកត់អស់ទាំងសេចក្តីដែលឯងបានឃើញ ព្រមទាំងសេចក្តីដែលមានសព្វថ្ងៃនេះ និងសេចក្តីទាំងប៉ុន្មាន ដែលត្រូវកើតមកតាមក្រោយទៀតផង។» 
អ្នកបម្រើរបស់ព្រះ មានតួនាទីកត់ត្រាគោលបំណង និងការងាររបស់ព្រះ ទាំងនៅពេលបច្ចុប្បន្ន និងអនាគត។ ដូច្នេះ ព្រះអម្ចាស់បានប្រាប់សាវកយ៉ូហានឲ្យប្រកាសដោយសេចក្តីជំនឿ នូវអ្វីដែលទ្រង់បានបើក សម្តែងមកកាន់គាត់ សេចក្តីជំនឿនៃពួកជំនុំព្រះ ដែលនឹងទទួលបានជីវិតអស់កល្បជានិច្ច និងគ្រប់ទាំងការដែលនឹងកើតឡើងនៅពេលអនាគត។ នេះគឺជាអ្វីដែលព្រះបានបង្គាប់ឲ្យយើងធ្វើ តាមរយៈសាវកយ៉ូហាន។

ខ.២០ «ឯសេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧ ដែលឯងបានឃើញនៅដៃស្តាំអញ ហើយពីជើងចង្កៀងមាសទាំង៧ នោះស្រាយថា ផ្កាយទាំង៧នោះ គឺជាទេវតារបស់ពួកជំនុំទាំង៧ ហើយជើងចង្កៀងទាំង៧ នោះគឺជាពួកជំនុំទាំង៧នោះឯង។»
តើ «សេចក្តីអាថ៌កំបាំងពីផ្កាយទាំង៧» គឺជាអ្វី? វាមានន័យថា ព្រះនឹងស្អាងនគររបស់ទ្រង់ឡើយ ដោយតាំងយើងឡើងជារាស្ត្ររបស់ទ្រង់ តាមរយៈអ្នកបម្រើរបស់ទ្រង់។ «ជើងចង្កៀងមាស» គឺជានិមិត្តរូបនៃពួកជំនុំព្រះ ដែលត្រូវបានស្អាងឡើង ដោយពួកបរិសុទ្ធដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យមនុស្សជាតិ។ 
តាមរយៈពួកជំនុំរបស់ទ្រង់ និងអ្នកបម្រើរបស់ទ្រង់ ព្រះបានបើក សម្តែងដល់អ្នកជឿ នូវអ្វីដែលជាគោលបំណងរបស់ទ្រង់ និងអ្វីដែលរង់ចាំលោកិយនេះ នៅពេលអនាគត។ ហើយតាមរយៈព្រះបន្ទូលនៃការបើក សម្តែង ដែលទ្រង់បានបង្ហាញប្រាប់សាវកយ៉ូហាន និងបានបង្គាប់ឲ្យគាត់កត់ត្រាទុក យើងក៏នឹងមើលឃើញកិច្ចការរបស់ទ្រង់ ដោយភ្នែករបស់យើង នៅក្នុងពេលដ៏ឆាប់ផងដែរ។ ដូច្នេះ ខ្ញុំសូមអរព្រះគុណ និងសរសើរតម្កើងព្រះ សម្រាប់ទិព្វញ្ញាណនៃព្រះជាម្ចាស់ ដែលបានបើកសម្តែងគ្រប់ទាំងការដែលនឹងកើតឡើងនៅក្នុងលោកិយនេះ។