(វិវរណៈ ២:១-៧)
សម្រាប់យើងភាគច្រើន ពាក្យថា ទុក្ករកម្ម គឺជាពាក្យចម្លែកមួយ ប៉ុន្តែសម្រាប់អ្នកដែលបានដឹងក្តីឡើង នៅក្នុងវប្បធម៌ដែលមិនមែនជារបស់គ្រីស្ទបរិស័ទ ពាក្យនេះកាន់តែចម្លែកទៅទៀត។ តាមការពិត ពាក្យថា «ទុក្ករកម្ម» មិនមែនជាពាក្យ ដែលយើងស្តាប់ឮ ឬប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទេ ហើយយើងអារម្មណ៍ដាច់ឆ្ងាយពីពាក្យនេះ ពីព្រោះវាគឺជារឿងចម្លែកសម្រាប់យើង ក្នុងការស្រមើស្រមៃអំពីទុក្ករកម្មពិតប្រាកដរបស់យើង។ ទោះយ៉ាងណា ជំពូក២ និង៣នៃកណ្ឌគម្ពីរវិវរណៈនិយាយអំពីទុក្ករកម្មនេះ ហើយតាមរយៈព្រះបន្ទូលនៅក្នុងជំពូកទាំងពីរនេះ យើងត្រូវតែស្អាងសេចក្តីជំនឿលើទុក្ករកម្មឡើង នៅក្នុងចិត្តរបស់យើង ដែលជាជំនឿដែលនាំឲ្យយើងអាចប្រឈមនឹងទុក្ករកម្មបាន។
អធិរាជរ៉ូម៉ាំងគឺជាអ្នកដឹកនាំផ្តាច់ការនៃចក្រភពរ៉ូម៉ាំង ហើយដោយប្រកាន់យកអំណាចផ្តាច់ការនៅក្នុងការដឹកនាំ ពួកគេអាចធ្វើគ្រប់យ៉ាង តាមតែចិត្តរបស់ពួកគេចង់។ ហើយដោយបានបង្ក និងឈ្នះសង្រ្គាមជាច្រើន ចក្រភពរ៉ូម៉ាំងបានបង្រ្កាបជាតិសាសន៍ជាច្រើនឲ្យនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយការបង់សួយសារអាករពីជាតិសាសន៍ទាំងនោះបានធ្វើឲ្យខ្លួនមានទ្រព្យសម្បត្តិយ៉ាងបរិបូរ។ ដោយមិនធ្លាប់ចាញ់សង្រ្គាមណាមួយសោះ ជាតិសាសន៍ដ៏តូចមួយបានក្លាយជាចក្រភពដ៏ធំជាងគេនៅក្នុងពិភពលោកនេះ។ មានតែមេឃប៉ុណ្ណោះ ដែលអធិរាជគ្មានអំណាចគ្រប់គ្រងបាន។ ដូច្នេះ អំណាចនេះខ្លាំងអស្ចារ្យណាស់ រហូតដល់មនុស្សបានថ្វាយបង្គំ ទុកដូចជាព្រះរស់អញ្ចឹង។
តាមធម្មតា ពួកអធិរាជសាងសង់រូបសំណាកតាមរូបភាពរបស់ពួកគេ ហើយឲ្យប្រជាជនថ្វាយបង្គំរូបសំណាកទាំងនោះ។ ហើយការរីកចម្រើននៃចំនួនអ្នកជឿដល់ព្រះយេស៊ូវគឺជាការគំរាមកំហែងដ៏ខ្លាំងក្លាដល់អំណាចផ្តាច់ការរបស់ពួកអធិរាជដែលបានប្រកាសថា ខ្លួនពួកគេគឺជាព្រះ។ ដូច្នេះ ពួកគេបានចាត់ទុកការជួបជុំរបស់គ្រីស្ទបរិស័ទថា ខុសច្បាប់ ហើយបានបង្កើតច្បាប់កៀបសង្កត់ផ្សេងៗ ដើម្បីកាត់ទោស ចាប់ខ្លួន ចាប់ដាក់គុក និងប្រហារជីវិតគ្រីស្ទបរិស័ទ ដោយសារតែសេចក្តីជំនឿរបស់ពួកគេ។ វាប្រឆាំងនឹងប្រវត្តិសាស្ត្រ ដែលគ្រីស្ទបរិស័ទដើមដំបូងបានលាក់ខ្លួននៅក្រោមដីដូចជាកន្លែងបញ្ចុះសព ដើម្បីគេចពីការបៀតបៀន ហើយការបៀតបៀននេះហើយ ដែលបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេ ដើម្បីប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿដ៏សុចរិតរបស់ពួកគេ។
នេះហើយគឺជារបៀបដែលទុក្ករកម្មបានកើតឡើងនៅក្នុងកំឡុងពេលនៃពួកជំនុំដំបូង។ តាមការពិត ពួកបរិសុទ្ធសម័យនោះមិនបានប្រឈមនឹងទុក្ករកម្ម ដោយសារតែពួកគេបដិសេធមិនទទួលស្គាល់អំណាចរបស់អធិរាជឡើយ។ ពួកគេពិតជាបានទទួលស្គាល់អំណាចខាងលោកិយរបស់ពួកគេ ប៉ុន្តែពួកគេលែងទទួលស្គាល់ទៀតហើយ នៅពេលអំណាចនេះបានបង្ខំពួកគេឲ្យថ្វាយបង្គំមនុស្សទុកដូចជាព្រះ ហើយត្រូវបោះបង់ព្រះយេស៊ូវចេញពីចិត្តរបស់ខ្លួន ទោះបើពួកគេត្រូវបាត់បង់ជីវិតក៏ដោយចុះ។ ពួកអធិរាជបានបង្គាប់ឲ្យគ្រីស្ទបរិស័ទបដិសេធព្រះយេស៊ូវ ហើយបែរមកថ្វាយបង្គំពួកគេ មិនត្រឹមតែទុកដូចជាពួកអធិរាជប៉ុណ្ណោះទេ ប៉ុន្តែក៏ទុកដូចជាព្រះផងដែរ។ ដោយមិនអាច និងមិនសុខចិត្តចុះចូលចំពោះការតម្រូវនេះ គ្រីស្ទបរិស័ទដើមដំបូងបានបន្តការពារសេចក្តីជំនឿរបស់ខ្លួន ដោយការប្រឈមនឹងការបៀតបៀន និងទុក្ករកម្ម រហូតដល់មានរាជ្យសារ Edict of Milan ក្នុងឆ្នាំ៣១៣គ.ស បាននាំសេរីភាពខាងសាសនាជូនពួកគេវិញ។ ដូចដែលពួកព្ធយុកោនៃសេចក្តីនឿទាំងនេះដែរ យើងក៏នឹងប្រឈមនឹងសេចក្តីស្លាប់ដ៏សុចរិត ជាជាងបោះបង់ជំនឿរបស់យើងចោល។
បទគម្ពីរអំពីពួកជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ីមីន័រ មិនគ្រាន់តែជាការពិពណ៌នាអំពីស្ថានភាព និងកាលៈទេសៈនៅសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកសម្តែងអំពីពិភពលោកដែលនឹងមកដល់ផងដែរ។ នៅក្នុងបទគម្ពីរនេះ មានការបើកសម្តែងថា អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់នឹងត្រូវប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។ ដូចនៅក្នុងសម័យចក្រភពរ៉ូម៉ាំងដែរ នឹងមានពេលមួយ ដែលអ្នកគ្រប់គ្រងផ្តាច់ការនឹងលេចមកជាចក្រភពរ៉ូម៉ាំងសម័យទំនើប ដែលនឹងបង្រ្កាបមនុស្សគ្រប់គ្នាឲ្យនៅក្នុងក្រោមរាជ្យផ្តាច់ការរបស់ខ្លួន សាងសង់រូបសំណាកតាមរូបរបស់ខ្លួន តម្រូវឲ្យមនុស្សទាំងអស់ថ្វាយបង្គំរូបសំណាកទាំងនោះ និងតម្រូវឲ្យមនុស្សថ្វាយបង្គំខ្លួនទុកដូចជាព្រះ។ ការនេះមិននៅឆ្ងាយពីសម័យរបស់យើងទេ ហើយកាលណាគ្រានេះមកដល់ ពួកបរិសុទ្ធជាច្រើននឹងដើរតាមគំរូរបស់អ្នកជឿនៅពួកជំនុំដំបូង ដើម្បីប្រឈមនឹងទុក្ករកម្មរបស់ពួកគេ។
ដូច្នេះ យើងត្រូវតែរក្សាទុកនៅក្នុងចិត្តនូវព្រះបន្ទូលដាស់តឿន ដែលព្រះអម្ចាស់បានប្រទានដល់ពួកជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី។ បន្ទាប់ពីជម្រាបសួរ លើកទឹកចិត្ត និងដាស់តឿនដល់ពួកជំនុំទាំងប្រាំពីរនៅស្រុកអាស៊ីហើយ ព្រះបានសន្យានឹងពួកគេថា «អស់អ្នកណាដែលឈ្នះ» នឹង «បរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ» និងទទួលបាន «មកុដជីវិត» «បានបរិភោគនំម៉ាន៉ា» «ផ្កាយព្រឹក» និងផ្សេងៗទៀត! នេះគឺសេចក្តីសន្យាដ៏ស្មោះត្រង់របស់ព្រះ ដែលទ្រង់នឹងប្រទានគ្រប់ទាំងព្រះពរនៃស្ថានសួគ៌ដ៏អស់កល្បជានិច្ច ដល់អស់អ្នកណាដែលឈ្នះ តាម រយៈទុក្ករកម្មរបស់ខ្លួន។
ដូច្នេះ តើពួកបរិសុទ្ធនៃពួកជំនុំដំបូងអាចប្រឈមនឹងទុក្ករកម្មរបស់ពួកគេបានយ៉ាងដូចម្តេច? ចំណុចទីមួយ ដែលយើងត្រូវតែចងចាំគឺថា អ្នកដែលអាចប្រឈមនឹងទុក្ករកម្មបាន គឺជាអ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ មិនមែនគ្រប់គ្នា សុទ្ធតែអាចប្រឈមនឹងទុក្ករកម្មបានទេ គឺមានតែអ្នកដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន មិនចុះចាញ់ចំពោះការបៀតបៀន និងប្រកាន់ខ្ជាប់តាមជំនឿ និងការទុកចិត្តលើព្រះអម្ចាស់ប៉ុណ្ណោះ ទើបអាចប្រឈមនឹងទុក្ករកម្មបាន។
សាវកយ៉ូហាន ដែលយើងឃើញនៅទីនេះ កំពុងតែបន្ទោសពួកជំនុំក្រុងអេភេសូរ នៅក្នុងការនិរទេសរបស់គាត់នៅកោះប៉ាត់ម៉ុស គឺជាម្នាក់ដែលនៅរស់ចុងក្រោយគេបង្អស់ ក្នុងចំណោមពួកសាវកទាំងដប់ពីរនាក់របស់ព្រះយេស៊ូវ។ សាវកដទៃទៀតបានទទួលទុក្ករកម្មរបស់ពួកគេ ដូចជាពួកបរិសុទ្ធដែរហើយ។ បើសិននិយាយតាមប្រវត្តិសាស្ត្រ ចំនួនពួកបរិសុទ្ធនៃពួកជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី គ្រាន់តែជាចំនួនតូចមួយប៉ុណ្ណោះ ក្នុងចំណោមគ្រីស្ទបរិស័ទច្រើនរាប់មិនអស់ ដែលបានទទួលទុក្ករកម្ម នៅឆ្នាំ៣១៣គ.ស។ ដើម្បីគេចចេញពីការបៀតបៀនពីអាជ្ញាធររ៉ូម៉ាំង ពួកគេបានលាក់ខ្លួននៅក្នុងរូងក្រោមដី ដើម្បីកុំឲ្យគេរកឃើញ ហើយជួបជុំគ្នាថ្វាយបង្គំ នៅក្នុងទីកន្លែងបញ្ចុះសព។ ទោះបើបានឆ្លងកាត់ទុក្ខលំបាកទាំងនេះ និងលើសទៅទៀតក៏ដោយ ក៏ពួកគេមិនដែលបានក្បត់ជំនឿរបស់ពួកគេដែរ ហើយពួកគេស្ម័គ្រចិត្តប្រឈមនឹងទុក្ករកម្មរបស់ពួកគេ។
ទោះបីជាត្រូវបានព្រះបន្ទោសក៏ដោយ អ្នកបម្រើ និងពួកបរិសុទ្ធទាំងអស់នៃពួកជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី បានហ៊ានធ្វើទុក្ករកម្មដែរ។ អ្វីដែលបានជួយឲ្យពួកគេអាចធ្វើទុក្ករកម្មបាន គឺជាសេចក្តីជំនឿរបស់ពួកគេលើព្រះអម្ចាស់។ ពួកគេទាំងអស់គ្នាបានជឿថា ព្រះអម្ចាស់គឺជាព្រះ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ និងថា ទ្រង់គឺជាអ្នកគង្វាលដែលនឹងដឹកនាំពួកគេទាំងអស់គ្នាចូលទៅនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ សេចក្តីជំនឿ និងការជឿយ៉ាងមុតមាំ ដែលមានសង្ឃឹមនេះហើយ ដែលបានជួយឲ្យពួកគេអាចយកឈ្នះលើសេចក្តីភ័យខ្លាច និងការឈឺចាប់ទាំងអស់របស់ពួកគេ នៅក្នុងការធ្វើទុក្ករកម្ម។
ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងថ្ងៃចុងក្រោយ ដែលស្ថិតនៅមិនឆ្ងាយពីគ្រាមួយ ដែលពិភពលោកនេះនឹងត្រូវរួបរួមនៅក្រោមអំណាចតែមួយ និងដែលអ្នកដឹកនាំផ្តាច់ការម្នាក់នឹងលេចមក។ ដូចដែលកត់ត្រានៅក្នុង វិវរណៈ១៣ អ្នកដឹកនាំផ្តាច់ការនេះនឹងគំរាមកំហែងជីវិតរបស់ពួកបរិសុទ្ធ ហើយតម្រូវឲ្យពួកគេបោះបង់សេចក្តីជំនឿរបស់ពួកគេចោល។ ប៉ុន្តែយើងដែលជាពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ នឹងអាចយកឈ្នះលើការគំរាមកំហែង និងការបង្ខំរបស់វាបាន ហើយការពារសេចក្តីជំនឿរបស់យើង ដោយព្រមទទួលយកទុក្ករកម្ម ពីព្រោះយើងក៏មានសេចក្តីជំនឿដូចគ្នាតែមួយនឹងសេចក្តីជំនឿរបស់ពួកជំនុំដំបូងដែរ។
នៅក្នុងខ.៤-៥ ព្រះបានបន្ទោសពួកជំនុំក្រុងអេភេសូរថា «តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ»។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ពួកជំនុំក្រុងអេភេសូតបានបោះបង់ចោលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ។ ពួកបរិសុទ្ធទាំងអស់នៃពួកជំនុំដំបូង រួមទាំងពួកបរិសុទ្ធនៃពួកជំនុំក្រុងអេភេសូរផង សុទ្ធតែបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសារតែពួកសិស្សរបស់ព្រះយេស៊ូវធ្លាប់បានផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកគេ។ ដូច្នេះ ដំណឹងល្អដែលពួកបរិសុទ្ធសម័យនោះបានទទួលពីពួកសាវក គឺជាដំណឹងល្អពេញលេញ ដែលមិនមែនជាដំណឹងល្អក្លែងក្លាយរបស់មនុស្ស ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខនោះឡើយ។
ប៉ុន្តែបទគម្ពីរនៅទីនេះបាននិយាយថា អ្នកបម្រើនៃពួកជំនុំនៅក្រុង អេភេសូរបានចង់ចោលសេចក្តីស្រឡាញ់ដើមរបស់ពួកគេចោល។ នេះមានន័យថា នៅក្នុងការដឹកនាំពួកជំនុំរបស់ខ្លួន អ្នកបម្រើនៃពួកជំនុំនៅក្រុងអេភេសូរបានបោះបង់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចោល។ ហេតុនេះបានជាព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងដកហូតយកជើងចង្កៀងពួកគេពីកន្លែងចេញ បើសិនពួកគេមិនប្រែចិត្តទេ។ ការដកហូតជើងចង្រ្កៀងពីពួកគេ មានន័យថា ការដកហូតពួកជំនុំ ឬមានន័យថា ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការក្នុងពួកជំនុំក្រុងអេភេសូរបានទៀតឡើយ។
សម្រាប់អ្នកបម្រើនៃពួកជំនុំក្រុងអេភេសូរ ការត្រឡប់ទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពិតជាមិនមែនជាការងារពិបាកទេ។ ប៉ុន្តែនេះគឺជារឿងតូចមួយនៃបញ្ហាទាំងអស់របស់ពួកគេ។ បញ្ហាធំរបស់ពួកគេគឺថា ខណៈដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេមិនបានអធិប្បាយយ៉ាងត្រឹមត្រូវពីអ្វីដែលពួកគេបានជឿទេ។ ពួកគេបានទទួលមនុស្សទាំងអស់ដែលគ្រាន់តែប្រកាសទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះឲ្យចូលមកក្នុងពួកជំនុំ ទោះបើពួកគេមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ។ តាមការពិត ពួកគេត្រូវប្រកាសសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ទុក្ករកម្ម។
នៅក្នុងន័យផ្សេង ពួកគេបានស្វាគមន៍មនុស្សទាំងអស់ដែលបានមកពួកជំនុំរបស់ខ្លួន ដោយមិនខ្វល់ថា ពួកគេមានសេចក្តីជំនឿតែមួយលើព្រះ និងដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណ ឬមិនមានឡើយ។ ដោយសារការចូលរួមនៅក្នុងពួកជំនុំតម្រូវឲ្យមានការលះបង់យ៉ាងខ្លាំង និងដោយសារអ្នកបម្រើនៃពួកជំនុំក្រុងអេភេសូរខ្លាចថា ការលះបង់ទាំងនេះនឹងរារាំងមិនឲ្យមនុស្សច្រើនចូលមកក្នុងពួកជំនុំ ពួកគេមិនបានអធិប្បាយសេចក្តីពិត តាមរបៀបត្រឹមត្រូវ និងច្បាស់លាស់ឡើយ។
ប៉ុន្តែដោយសារព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅកន្លែងដែលគ្មានសេចក្តីពិត ព្រះបានមានបន្ទូលថា ទ្រង់នឹងដកហូតជើងចង្កៀងចេញពីពួកគេ។ នេះមិនដោយសារតែកង្វះកម្លាំងការងាររបស់អ្នកបម្រើ និងពួកបរិសុទ្ធនៃពួកជំនុំក្រុងអេភេសូរទេ ដែលព្រះនឹងដកហូតពួកជំនុំ ប៉ុន្តែទ្រង់មានន័យថា ទ្រង់លែងអាចគង់នៅក្នុងពួកជំនុំទៀតហើយ ពីព្រោះពួកជំនុំនេះលែងមានសេចក្តីពិតទៀតហើយ។
នេះគឺជាសេចក្តីតម្រូវដាច់ខាតមួយថា ពួកជំនុំនៃព្រះត្រូវតែដើរតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ត្រូវតែជឿតាមដំណឹងល្អនេះ ហើយប្រកាស និងបង្រៀនដំណឹងល្អនេះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ពីព្រោះមានតែនៅក្នុងដំណឹងល្អនេះទេ ដែលយើងអាចស្វែងរកសេចក្តីស្រឡាញ់របស់ព្រះ ព្រះគុណទ្រង់ និងព្រះពរទាំងអស់របស់ទ្រង់សម្រាប់យើងបាន។
ជំនួសឲ្យការអធិប្បាយដំណឹងល្អនេះ អ្នកបម្រើនៃពួកជំនុំក្រុងអេភេសូរបានទទួលអស់អ្នកដែលគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ឲ្យចូលមកក្នុងក្រុមជំនុំរបស់ខ្លួន។ ប៉ុន្តែសូម្បីតែសម្រាប់អ្នកបម្រើដែលបានកើតជាថ្មី ពួកបរិសុទ្ធ ឬពួកជំនុំក៏ដោយ ដែលជឿ តែមិនអធិប្បាយ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ក៏ព្រះនឹងរាប់ការងារទាំងអស់របស់ពួកគេសម្រាប់ព្រះអម្ចាស់ជាឥតប្រយោជន៍ដែរ។
ទោះបីជាយើងអាចមិនពេញលេញនៅចំពោះព្រះអម្ចាស់ក៏ដោយ បើសិនយើងជឿតាមដំណឹងល្អ និងប្រកាសវា ព្រះអម្ចាស់អាចគង់ និងធ្វើការនៅក្នុងយើង ក្នុងនាមជាព្រះវិញ្ញាណបរិសុទ្ធបាន។ ហើយទោះបីជាអ្នកបម្រើរបស់ព្រះ ឬពួកបរិសុទ្ធមានពេញដោយកំហុសក៏ដោយ ក៏ព្រះ អម្ចាស់អាចបង្រៀន និងដឹកនាំពួកគេ តាមរយៈព្រះបន្ទូលទ្រង់បានដែរ។ ពួកជំនុំដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានព្រះវិញ្ញាណបរិសុទ្ធ ហើយវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកជំនុំនេះ មានន័យថា ពួកជំនុំនេះបរិសុទ្ធ។
ប្រសិនបើអ្នកបម្រើរបស់ព្រះ ឬពួកបរិសុទ្ធមិនប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ មិនអាចមានសេចក្តីបរិសុទ្ធសម្រាប់ពួកគេបាន ឡើយ។ ពួកគេអាចនិយាយថា ពួកគេលែងមានបាបទៀតហើយ ប៉ុន្តែពួកគេមិនប្រកាសពីសេចក្តីបរិសុទ្ធ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ គឺជាដំណឹងល្អដែលពួកបរិសុទ្ធនៃពួកជំនុំដំបូងបានជឿ និងជាដំណឹងល្អដែលប្រកាសថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សជាតិ ដោយការទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការដោះអំពើបាបទាំងនេះចេញ ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានដោះភាពខ្សោយ និងកំហុសទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញពីភាពខ្សោយ និងភាពមិនពេញលេញរបស់យើង ហើយទ្រង់បានធ្វើជាអ្នកគង្វាលដ៏អស់កល្បជានិច្ចរបស់យើង។
ប្រសិនបើមានពរយ៉ាងបរិបូរបែបនេះ តើអ្នកណាអាចប្តូរព្រះអម្ចាស់ ជាមួយអធិរាជរ៉ូម៉ាំង ហើយថ្វាយបង្គំព្រះដែលស្លាប់វិញបាន? ដោយសារព្រះគុណរបស់ព្រះធំធេង និងបរិបូរ ការគំរាមកំហែង និងការបង្ខំរបស់អធិរាជរ៉ូម៉ាំងមិនអាចធ្វើឲ្យពួកបរិសុទ្ធបដិសេធសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ហើយពួកគេស្ម័គ្រចិត្តដោយសេចក្តីអំណរ ក្នុងការប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។ ពួកគេបានបដិសេធការគំរាមកំហែង និងការបង្ខំពួកគេឲ្យបោះបង់សេចក្តីជំនឿរបស់ពួកគេ និងការប៉ុនប៉ងតែងតាំងពួកគេជាមន្រ្តីសាធារណៈ ដើម្បីល្បួងពួកគេឲ្យបោះបង់សេចក្តីជំនឿរបស់ពួកគេចោល ដើម្បីទទួលបានផលប្រយោជន៍ខាងទ្រព្យសម្បត្តិ និងមុខតំណែង។ ប៉ុន្តែគ្មានអ្វីអាចធ្វើឲ្យពួកគេបោះបង់ជំនឿ និងព្រះរបស់ពួកគេចោលបានឡើយ ហើយភាពស្មោះត្រង់មិនខ្លាចស្លាប់នេះគឺជាអ្វីដែលបានជួយឲ្យពួកគេអាចប្រឈមនឹងទុក្ករកម្មបាន។
ចិត្តរបស់ទុក្ករបុគ្គលបានពេញទៅដោយការអរព្រះគុណសម្រាប់ព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ ដែលបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកដែលមានសេចក្តីជំនឿដែលមិនអាចក្បត់សេចក្តីស្រឡាញ់របស់ព្រះ ដែលបានរំដោះពួកគេចេញពីអំពើបាបរបស់ពួកគេ ហ៊ានទទួលយកទុក្ករកម្ម ជំនួសឲ្យការបោះបង់សេចក្តីជំនឿចោល។ ពេលវេលានឹងមកដល់ នៅពេលយើងនឹងត្រូវគេបង្ខំឲ្យបោះបង់ជំនឿរបស់យើងចោល ដូចដែលពួកអធិរាជរ៉ូម៉ាំងបានតម្រូវឲ្យពួកបរិសុទ្ធនៃពួកជំនុំដំបូងទទួលស្គាល់ភាពជាព្រះរបស់ពួកគេ និងថ្វាយបង្គំពួកគេ ទុកដូចជាព្រះដែរ។ នៅពេលការនេះកើតឡើង យើងត្រូវតែដើរតាមគំរូនៃពួកព្ធយុកោនៃសេចក្តីជំនឿ ហើយការពារសេចក្តីជំនឿរបស់យើង ដោយហ៊ានប្រឈមនឹងទុក្ករកម្ម។
ទោះបីជាយើងមានពេញដោយភាពខ្សោយក៏ដោយ ក៏ព្រះបានស្រឡាញ់យើងយ៉ាងខ្លាំង ដែលទ្រង់បានទទួលយកអំពើបាប និងភាពខ្សោយទាំងអស់របស់យើងដាក់លើអង្គទ្រង់។ ទោះបីជាយើងខ្វះមិនដល់សិរីល្អនៃទ្រង់ក៏ដោយ ក៏ទ្រង់បានទទួលយកទ្រង់ទៅក្នុងព្រះហស្តរបស់ទ្រង់ដែរ។ ទ្រង់មិនគ្រាន់តែបានឱបក្រសោបយើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដោះស្រាយបញ្ហាបាបទាំងអស់ និងសេចក្តីវិនាស ហើយបានយកយើងធ្វើជាកូនរបស់ទ្រង់ និងកូនក្រមុំរបស់ទ្រង់រហូតដល់អស់កល្ប ជានិច្ច។ ដូច្នេះហើយបានជាយើងមិនអាចក្បត់សេចក្តីជំនឿរបស់យើងលើទ្រង់ ហើយយើងនឹងស្ម័គ្រចិត្តដោយអំណរ ដើម្បីប្រឈមនឹងទុក្ករកម្ម ដើម្បីព្រះនាមទ្រង់។ ទុក្ករកម្ម គឺត្រូវការពារសេចក្តីស្រឡាញ់ដើម ដែលព្រះបានប្រទានឲ្យយើង។ វាមិនមែនជាផលនៃអារម្មណ៍របស់មនុស្សទេ ប៉ុន្តែវាគឺជាសេចក្តីជំនឿលើការពិតថា ព្រះបានប្រទានគ្រប់ទាំងព្រះពររបស់ទ្រង់ដល់យើងហើយ ទោះបើយើងមានភាពខ្សោយ និងភាពមិនពេញលេញក៏ដោយ។ វាមិនដោយសារកម្លាំងនៃឆន្ទះរបស់យើង ដែលយើងអាចប្រឈមនឹងទុក្ករកម្មបានទេ ប៉ុន្តែដោយសារសេចក្តីជំនឿរបស់យើងលើឧត្តមភាពរបស់ព្រះនៃយើង។
ពិតជាមានមនុស្សដែលស្លាប់នៅក្នុងទុក្ករកម្ម សម្រាប់ប្រទេស និងមនោគមវិជ្ជារបស់ពួកគេមែន។ មនុស្សទាំងនេះមានជំនឿមុតមាំលើអ្វីដែលពួកគេជឿថា ត្រឹមត្រូវ ហើយទាំងហ៊ានបាត់បង់ជីវិតរបស់ពួកគេសម្រាប់វាផងដែរ។ ចុះយើងវិញ យ៉ាងដូចម្តេចដែរ? តើកូនរបស់ព្រះដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ តាមរយៈសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ប្រឈមនឹងទុក្ករកម្មបានដោយរបៀបណា? យើងអាចប្រឈមនឹងទុក្ករកម្មបាន ពីព្រោះយើងមានការដឹងគុណដល់ដំណឹងល្អពិតដែលប្រាប់ថា ព្រះអម្ចាស់បានស្រឡាញ់ និងសង្រ្គោះយើង។ ដោយសារព្រះបានទទួលយកយើង ទោះបើយើងមានកំហុសច្រើនរាប់មិនអស់ក៏ដោយ ដោយសារទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង និងដោយសារទ្រង់បានយកយើងធ្វើជារាស្ត្ររបស់ទ្រង់ និងប្រទានពរឲ្យយើងរស់នៅក្នុងវត្តមានរបស់ទ្រង់ រហូតអស់កល្បជានិច្ច យើងពិតជាមិនអាចបោះបង់ទ្រង់បោលបានឡើយ។
ព្រះក៏បានសន្យាប្រទានឲ្យយើងនូវផ្ទៃមេឃថ្មី និងផែនដីថ្មីផងដែរ ហើយសម្រាប់សេចក្តីសង្ឃឹមនេះតែមួយ យើងមិនអាចបោះបង់សេចក្តីជំនឿរបស់យើងបានឡើយ។ ទោះបើជាមានរឿងអ្វីកើតឡើងក៏ដោយ ហើយទោះបីជានៅថ្ងៃចុងក្រោយ ពួកអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែង និងបៀតបៀនយើង រហូតដល់ស្លាប់ក៏ដោយ ក៏យើងមិនអាចបដិសេធព្រះអម្ចាស់របស់យើង និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដែរ។ ទោះបីជាគេអូសយើងទៅទាបនឹងជើងរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ ហើយសម្លាប់យើងក៏ដោយ ក៏យើងមិនអាចក្បត់ព្រះគុណ និងសេចក្តីស្រលាញ់របស់ព្រះ ដែលបានសង្រ្គោះយើងបានដែរ។ យើងនឹងនិយាយថា ទោះបីជា «រំលងសាកសពរបស់ខ្ញុំ» ក៏ដោយ ក៏ខ្ញុំនឹងមិនក្បត់ព្រះ អម្ចាស់ដែរ។ គេអាចបង្ខំឲ្យយើងធ្វើការជាច្រើនទៀត ប៉ុន្តែមានការមួយ ដែលយើងនឹងមិនព្រមធ្វើតាម៖ យើងនឹងមិនបោះបង់ ឬក្បត់សេចក្តីស្រឡាញ់របស់ព្រះ ដែលបានសង្រ្គោះយើងជាដាច់ខាត។
តើអ្នកគិតថា ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងមានសេចក្តីមេត្តាករុណាដល់យើង នៅពេលយើងមានភាពមិនពេញលេញឬ? ពិតជាមិនអាចឡើយ! វាមិនខ្វល់ឡើយ! ប៉ុន្តែព្រះអម្ចាស់របស់យើងបានធ្វើឲ្យយើងបានពេញលេញ ដោយការទទួលផ្ទុកអំពើបាបទាំងអស់របស់យើង និងការទទួលការជំនុំជំនុំជម្រះជំនួសយើង ទោះបើយើងពិតជាខ្សោយ និងមិនពេញលេញយ៉ាងណាក៏ដោយ។ ដូច្នេះហើយបានជាយើងមិនអាចបោះចង់សេចក្តីស្រឡាញ់ដែលសង្រ្គោះរបស់ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ ហើយយើងមិនបោះបង់សេចក្តីជំនឿរបស់យើងលើសេចក្តីស្រឡាញ់ដើមនេះបាន ឡើយ។ គ្មានអ្វីដែលត្រូវបានបោះបង់ចោលទេ បើសិនយើងមិនបោះបង់វានៅក្នុងចិត្តរបស់ជាមុនសិន។
ដូចគ្នាដែរ បើសិនយើងរក្សាសេចក្តីជំនឿរបស់យើងនៅក្នុងចិត្ត យើងអាចការពារវាបាន រហូតដល់ទីបញ្ចប់ ទោះបើមានការគំរាមកំហែង ការល្បួង ឬការបង្ខំខ្លាំងណាមកលើយើងក៏ដោយ។ ហើយបើសិនយើងស្គាល់នៅក្នុងចិត្ត ពីសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះសម្រាប់យើង ហើយបើសិនយើងប្រកាន់ខ្ជាប់តាមសេចក្តីនេះ រហូតដល់ទីបញ្ចប់ យើងអាចការពារដំណឹងល្អបាន រហូតដល់ទីបញ្ចប់។ សម្រាប់អ្នកដែលដើរនៅក្នុងសេចក្តីជំនឿ ទុក្ករកម្មមិនមែនជារឿងពិបាកនឹងប្រឈមឡើយ។
យើងទាំងអស់គ្នាត្រូវតែគិតយ៉ាងម៉ត់ចត់អំពីទុក្ករកម្មរបស់យើង។ ទុក្ករកម្មមិនគ្រាន់តែជាការទ្រទ្រាំនឹងការឈើចាប់ និងការរងទុក្ខប៉ុណ្ណោះទេ។ សូម្បីតែការចាប់ដោយម្ជុលដ៏តូចមួយ ក៏អាចបណ្តាលឲ្យរូបកាយរបស់យើងមានការឈឺចាប់យ៉ាងខ្លាំងដែរ ប៉ុន្តែការទ្រាំទ្រងនឹងការឈឺចាប់បែបនេះមិនមែនជាទុក្ករកម្មឡើយ។ ទុក្ករកម្មគឺជាការបាត់ជីវិតរបស់យើងតែម្តង គឺមិនមែនជាការឈឺចាប់ខាងរូបកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ជីវិតរបស់យើង។ នៅពេលពួកអាទទឹងនឹងព្រះគ្រីស្ទបង្ខំឲ្យយើងហៅ និងថ្វាយបង្គំវា ទុកដូចជាព្រះ យើងនឹងបដិសេធ រហូតដល់សេចក្តីស្លាប់របស់យើង ពីព្រោះតែមានព្រះអម្ចាស់តែមួយអង្គទ្រង់ ដែលជាព្រះ ហើយទ្រង់តែមួយអង្គគត់ ដែលសមនឹងទទួលបានការថ្វាយបង្គំពីយើង ហើយយើងសមនឹងទទួលយកទុក្ករកម្ម ដើម្បីការពារព្រះនាមទ្រង់តែមួយប៉ុណ្ណោះ។ យើងមិនអាចប្តូរសេចក្តីជំនឿនេះជាមួយអ្វីបានឡើយ។
តើពួកអាទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធព្រះ និងតម្រូវឲ្យគេថ្វាយបង្គំវាទុកដូចជាព្រះ ពិតជាសមនឹងទទួលការថ្វាយបង្គំពីមនុស្សឬ? ពិតជាមិនសមទេ! មានតែព្រះប៉ុណ្ណោះ ដែលមានអំណាចបង្កើតផែនដី និងចក្រវាលនេះ។ ទ្រង់តែមួយអង្គគត់ ដែលមានអំណាចលើជីវិត និង សេចក្តីស្លាប់ ហើយទ្រង់តែមួយអង្គគត់ ដែលឥតខ្ចោះ ឥតបាប និងសុចរិតទាំងស្រុងនៅចំពោះស្នាព្រះហស្តទាំងអស់ ហើយទ្រង់តែមួយអង្គគត់ ដែលមានអំណាចដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ បាប។ ចុះពួកអាទទឹងនឹងព្រះគ្រីស្ធវិញ យ៉ាងដូចម្តេចដែរ? អ្វីដែលពួកអាទទឹងនឹងព្រះគ្រីស្ទមាន គឺជាអំណាចនៅក្នុងលោកិយនេះ។ ដូច្នេះហើយបានជាយើងមិនអាចប្តូរព្រះអម្ចាស់ជាមួយវាបានឡើយ ហើយយើងក៏មិនអាចក្បត់សេចក្តីជំនឿរបស់យើងដល់ព្រះដ៏មានអំណាចព្រះចេស្តាដែរ។
ព្រះគឺជាព្រះអង្គដែលពិតជានឹងធ្វើឲ្យយើងមានសេចក្តីអំណររហូតអស់កល្បជានិច្ច។ ទ្រង់នឹងប្រោសអ្នកដែលត្រូវបានរាប់ជាឥតបាប ដោយការជឿដល់ព្រះយេស៊ូវគ្រីស្ទ ទៅក្នុងរូបកាយឧត្តម និងបើកទ្វារចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី សម្រាប់ពួកគេ។ ប៉ុន្តែអ្នកដែលថ្វាយបង្គំពួកអាទទឹងនឹងព្រះគ្រីស្ទ នឹងប្រឈមនឹងទណ្ឌកម្មដ៏អស់កល្បជានិច្ច ហើយនឹងធ្លាក់ទៅក្នុងស្ថាននរក ជាមួយសាតាំង។ វាគឺជារឿងដ៏ចំកួតបំផុត បើសិនយើងត្រូវបោះបង់សេចក្តីអំណរដ៏អស់កល្បជានិច្ចរបស់ចោល ហើយបែរមកឈរជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ ដោយព្រោះខ្លាចការរងទុក្ខ និងការឈឺចាប់តែមួយភ្លែត។ ដោយស្គាល់សេចក្តីពិត អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងឈរទាស់នឹងពួកអាទទឹងនឹងព្រះគ្រីស្ទ យ៉ាងក្លាហាន ព្រមធ្វើទុក្ករកម្ម និងទទួលបានអំណរដ៏អស់កល្បជានិច្ច ទុកជារង្វាន់សម្រាប់ការលះបង់របស់ពួកគេ។
អ្នក និងខ្ញុំ គឺយើងទាំងអស់គ្នា នឹងប្រឈមនឹងទុក្ករកម្ម។ ពិតប្រាកដណាស់ថា នៅពេលគ្រាសេះខ្មៅបញ្ចប់ទៅ គ្រាសេះសម្បុរស្លាំងនឹងមកដល់ ហើយបន្ទាប់មក ពួកអាទទឹងនឹងព្រះគ្រីស្ទប្រាកដជានឹងលេចមក ហើយគ្រោះកាចនៃត្រែទាំង៧នឹងចាប់ផ្តើម។ ពួកអាទទឹងនឹងព្រះគ្រីស្ទប្រាកដជានឹងលេចមក យើងដែលជាពួកបរិសុទ្ធ ប្រាកដជានឹងត្រូវប្រឈមនឹងទុក្ករកម្ម ហើយបន្ទាប់ពីការរស់ពីស្លាប់ឡើងវិញរបស់យើង យើងប្រាកដជានឹងត្រូវបានលើកឡើងទៅក្នុងពពក ហើយបន្ទាប់មក យើងប្រាកដជានឹងបានចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ ដូច្នេះហើយបានជានៅពេលពួកអាទទឹងនឹងព្រះគ្រីស្ទបៀតបៀន និងសម្លាប់យើង យើងទាំងអស់គ្នានឹងត្រូវប្រឈមនឹងទុក្ករកម្ម។
Quo Vadis គឺជាខ្សែភាពយន្តបុរាណមួយ ដែលបង្ហាញអំពីគ្រីស្ទ បរិស័ទជាច្រើន ដែលបានសុខចិត្តបាត់បង់អាយុជីវិត ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ ហើយបានច្រៀងសរសើរតម្កើងដល់ព្រះ ទោះបើពួកគេនឹងត្រូវគេសម្លាប់ក៏ដោយ។ ខ្សែភាពយន្តនេះគឺជារឿងប្រឌិតមួយ ប៉ុន្តែមានសាវតាប្រវត្តិសាស្ត្រត្រឹមត្រូវទាំងអស់ គឺគ្រីស្ទបរិស័ទជាច្រើនពិតជាបានសុខចិត្តបាត់បង់អាយុជីវិតរបស់ពួកគេ ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេមែន។ ហេតុអ្វីពួកគេបានធ្វើដូច្នេះ? ពីព្រោះរដ្ឋអំណាចរ៉ូម៉ាំងបានបង្ខំឲ្យពួកគេបដិសេធព្រះ ថ្វាយបង្គំព្រះដទៃ និងបោះបង់ចោល សេចក្តីជំនឿ ដែលជាអ្វីដែលពួកគេពិតជាមិនអាចទទួលយកបានឡើយ។
ប្រសិនបើពួកគេបានផ្លាស់ប្តូរព្រះ តាមការតម្រូវរបស់ពួកអធិរាជ រ៉ូម៉ាំង ពួកគេនឹងបានផ្លាស់ប្តូរគ្រប់យ៉ាងហើយ។ ពួកអធិរាជនឹងបានធ្វើជាព្រះរបស់ពួកគេ គ្រប់គ្រងពួកគេដោយអំណាចផ្តាច់ការ ហើយពួកគេនឹងត្រូវស្លាប់នៅក្នុងសង្រ្គាម ដូចជាទាហាន។ លើសពីនេះ ពួកគេនឹងមិនបានសង្រ្គោះចេញពីបាប ហើយពួកគេនឹងមិនអាចចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីបានដែរ។ ហេតុនេះ ពួកគេមិនអាចក្បត់សេចក្តីជំនឿរបស់ពួកគេបានឡើយ ហើយផ្ទុយទៅវិញ ពួកគេបានជ្រើសរើសការប្រឈមនឹង សេចក្តីស្លាប់ ដោយសេចក្តអំណរ និងការសរសើរតម្កើង។ ពួកគេអាចច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់បាន ទោះបើពួកគេកំពុងតែស្លាប់ក៏ដោយ ពីព្រោះសេចក្តីសង្ឃឹមរបស់ពួកគេធំធេងជាងការឈឺចាប់នៃសេចក្តីស្លាប់នេះឆ្ងាយណាស់។
យើងចាំបាច់ត្រូវតែការពារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយយើងចាំបាច់ត្រូវតែរស់នៅ ដោយសេចក្តីសង្ឃឹម និងសេចក្តីជំនឿ ដែលខ្ពស់ជាសេចក្តីស្លាប់របស់យើង និងដែលរង់ចាំជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកថ្មី ដោយមានពេញទៅដោយសិរីល្អ និងសុភមង្គល។
តើអ្នកធ្លាប់បានរងទុក្ខសម្រាប់ព្រះអម្ចាស់ដែរទេ? ហើយតើអ្នកពិតជាធ្លាប់បានរងទុក្ខ មិនមែនដោយសារតែកំហុស ឬភាពមិនពេញលេញរបស់អ្នក ប៉ុន្តែសម្រាប់ប្រយោជន៍ដល់ព្រះអម្ចាស់ដែរទេ។ បើសិនការរងទុក្ខរបស់យើងគឺសម្រាប់ព្រះអម្ចាស់ ការឈឺចាប់ទាំងអស់នឹងប្រែទៅជាអំណរសម្រាប់យើងវិញ។ សាវកប៉ុលបានបញ្ជាក់ពីអំណរនេះថា «ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ» (រ៉ូម ៨:១៨)។ ដោយសារអំណរនៃសិរីល្អ ដែលនឹងត្រូវបានបើកសម្តែងនៅក្នុងយើង ធំធេងយ៉ាងខ្លាំង នោះការឈឺចាប់នៃការរងទុក្ខរបស់យើងសម្រាប់ព្រះអម្ចាស់នៅពេលប្ចុប្បន្ននេះ នឹងត្រូវកប់នៅក្រោមអំណរ និងសេចក្តី អរសប្បាយដ៏ខ្លាំងក្រៃលែងនៃសេចក្តីជំនឿរបស់យើង។
នៅក្នុងន័យផ្សេង ពួកបរិសុទ្ធ និងទុក្ករបុគ្គលនៃពួកជំនុំដំបូងបានអាចយកឈ្នះលើការឈឺចាប់របស់ពួកគេ និងបានលះបង់ជីវិតរបស់ពួកគេសម្រាប់ព្រះអម្ចាស់បាន ពីព្រោះពួកគេបានដឹងថា សេចក្តីអំណរដែលកំពុងតែរង់ចាំពួកគេ មានទំហំធំធេងជាងការរងទុក្ខតែមួយភ្លែតរបស់ពួកគេ។ ទុក្ករកម្មរបស់ពួកគេមិនដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការទ្រាំទ្រនឹងការឈឺចាប់ និងការរងទុក្ខឡើយ ប៉ុន្តែដោយសារតែសេចក្តីសង្ឃឹមរបស់ពួកគេសម្រាប់សិរីល្អដែលកំពុងតែរង់ចាំពួកគេវិញ។
ជាទូទៅ មនុស្សទ្រាំទ្រនឹងការឈឺចាប់របស់ខ្លួន ដោយគិតថា ពួកគេត្រូវតែប្រឈមនឹងវា។ នេះគឺជាការប្រយុទ្ធដ៏លំបាក និងនឿយហត់មួយ។ ប៉ុន្តែនៅពេលការទ្រាំទ្ររបស់ពួកគេនាំមកនូវលទ្ធផលដែលខកចិត្ត ការបាក់ទឹកចិត្តរបស់ពួកគេកាន់តែមានខ្លាំងឡើង ហើយពួកគេគិតថា ការរងទុក្ខទាំងអស់នោះឥតប្រយោជន៍អ្វីសោះ! ប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទ អ្វីដែលកាន់តែខ្លាំងនោះ គឺជាសេចក្តីអំណរ និងសុភមង្គលនៃការអត់ធ្មត់របស់យើង ពីព្រោះយើងមានសុវត្ថិភាពនៅក្នុងភាពជឿជាក់នៃសេចក្តីជំនឿ និងរង្វាន់របស់យើង។ បើសិនយើងតាំងចិត្តគំនិតរបស់យើង ដើម្បីបម្រើព្រះអម្ចាស់ ដោយអស់ពីចិត្តរបស់យើង ក្នុងនាមជាអ្នកបម្រើស្មោះត្រង់របស់ទ្រង់ យើងដឹងថា សេចក្តីអំណរ និងសេចក្តីកំសាន្តចិត្ត ដែលរង់ចាំយើង គឺធំធេងជាងការឈឺចាប់នៃការលះបង់របស់ពួកគេនៅពេលបច្ចុប្បន្ននេះឆ្ងាយខ្លាំងណាស់។ ដោយទុក្ខលំបាកទាំងអស់ត្រូវបានកប់នៅក្នុងអំណរនេះ យើងទាំងអស់គ្នាអាចរស់នៅក្នុងជីវិតសម្រាប់ព្រះ ហើយថែមទាំងអាចប្រឈមនឹងទុក្ករកម្ម សម្រាប់ព្រះនាមទ្រង់ផងដែរ។
មនុស្សមានព្រលឹង អារម្មណ៍ គំនិត និងសេចក្តីជំនឿ។ សម្រាប់ព្រលឹងរបស់អ្នកដែលបានកើតជាថ្មី ការត្រូវបានបៀតបៀន ដោយព្រោះសេចក្តីសុចរិតរបស់ពួកគេ មានតែនាំមកនូវសេចក្តីអំណរ និងសេចក្តី អរសប្បាយដ៏រកថ្លែងពុំបាន សម្រាប់សិរីល្អដែលកំពុងតែរង់ចាំពួកគេប៉ុណ្ណោះ ពីព្រោះព្រះវិញ្ញាណនៃព្រះអម្ចាស់របស់យើងកំពុងតែគង់នៅក្នុងពួកគេ។ ប៉ុន្តេបើសិនពួកគេចាកចោលសេចក្តីស្រឡាញ់ដំបូង ព្រះអម្ចាស់ពិតជានឹងដកហូតជើងចង្កៀងពីពួកគេវិញហើយ។
ប្រសិនបើអ្នកដែលបាន និងកំពុងតែបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសេចក្តីអំណរ និងដោយអស់ពីចិត្ត ហើយឈប់ធ្វើដូច្នេះ នេះពិតជាមានន័យថា ពួកគេបានបោះបង់ចោលបន្តិចម្តងៗ នូវសេចក្តីអំណរនៃការបម្រើដំណឹងល្អ ដែលជាសេចក្តីស្រឡាញ់ដើមរបស់យើងហើយ ទោះបើពួកគេមិនបានបោះបង់ដំណឹងល្អនេះចោលទាំងស្រុងក៏ ដោយ។ ពួកគេអាចនៅប្រកាន់តាមសេចក្តីជំនឿផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែបើសិនពួកគេលែងមានមោទនភាពនៅក្នុងការអធិប្បាយ និងប្រកាសដំណឹងល្អទៀតហើយ ហើយបើសិនពួកគេលែងមានការយល់ដឹងច្បាស់លាស់អំពីរបៀបបានសង្រ្គោះទៀតហើយ (ព្រះលោហិតនៅលើឈើឆ្កាងមិនគ្រប់គ្រាន់សម្រាប់សេចក្តីសង្រ្គោះទេ) នោះសេចក្តីជំនឿរបស់ពួកគេពិតជាខ្សោយយ៉ាងខ្លាំង ហើយពួកគេនឹងមិនអាចប្រឈមនឹងទុក្ករកម្មរបស់ពួកគេបានឡើយ។ ដូច្នេះ ព្រះនឹងដកហូតជើងចង្កៀងរបស់ពួកគេចេញពីកន្លែងហើយ។
អ្នកដែលបម្រើដំណឹងល្អ ដោយសេចក្តីអំណរ និងសេចក្តីខ្ជាប់ខ្ជួន នឹងអាចប្រឈមនឹងទុក្ករកម្ម ដោយស្ម័គ្រចិត្តបាន ពីព្រោះពួកគេមិនបានបោះបង់សេចក្តីស្រឡាញ់ដើមរបស់ពួកគេចោលឡើយ។ ដោយពួកគេបានទទួលព្រះពរ សម្រាប់ការជឿ និងការប្រកាសសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ពួកគេអាចប្រឈមនឹងទុក្ករកម្មបាន។ មិនថាអ្នកមិនសមត្ថភាព ឬទេពកោសល្យប៉ុណ្ណាឡើយ បើសិនអ្នកមិនប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ពួកជំនុំរបស់អ្នកនឹងត្រូវបានដកហូតពីកន្លែងរបស់វាហើយ។ នេះហើយគឺជាព្រះរាជសារសំខាន់មួយ ដែលខ្ញុំចង់ឲ្យយើងទទួលយក។ បើសិនយើងដឹង និងជឿលើសេចក្តីពិតនេះ នៅថ្ងៃចុងក្រោយ យើងអាចកែចិត្តរបស់យើងជាថ្មី និងអាចប្រឈមនឹងទុក្ករកម្ម សម្រាប់ព្រះនាមព្រះបាន។
តើអ្វីគឺជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់សេចក្តីជំនឿរបស់យើង? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បើសិនមិនមានដំណឹងល្អនេះទេ តើការប្រព្រឹត្តនៃសេចចក្តីជំនឿរបស់យើងមានប្រយោជន៍អ្វី? មូលហេតុដែលយើងអាចរក្សាសេចក្តីជំនឿរបស់យើងបាន គឺដោយសារព្រះបានស្រឡាញ់យើង និងឱបក្រសោបយើងនៅក្នុងព្រះហស្តទ្រង់ ជាមួយនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារនេះគឹជាសេចក្តីស្រឡាញ់ដ៏មិនចេះប្រួលប្រែ ដែលលើកតំកើងយើងឡើង នោះយើងអាចរក្សា សេចក្តីជំនឿរបស់យើង និងបន្តអធិប្បាយ និងប្រកាសដំណឹងល្អបាន។
ទោះបីជាយើងមានភាពខ្សោយក៏ដោយ ក៏យើងអាចរត់តម្រង់ទៅឯព្រះ រហូតដល់ទីបញ្ចប់បានដែរ ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានសង្រ្គោះយើងហើយ និងដោយសារដំណឹងល្អនេះមាននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ យើងមានពេញដោយភាពមិនពេញលេញ ប៉ុន្តែដោយសារយើងបាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានពេញដោយសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់របស់យើង យើងអាចស្រឡាញ់បងប្អូនប្រុសស្រីរបស់យើង អ្នកបម្រើព្រះ និងព្រលឹងទាំងអស់នៅក្នុងលោកិយនេះបាន។ ជាមូលដ្ឋានគ្រឹះ មនុស្សមិនអាចឈានទៅដល់សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍បានឡើយ។ ហើយដោយសារយើងមិនមានសេចក្តីស្រឡាញ់ នោះយើងមិនអាចស្រឡាញ់អ្នកដទៃ ក្រៅតែពីខ្លួនយើងបានឡើយ។ ការសម្តែងតែសបកក្រៅ ដែលផ្ទុយពីចិត្តខាងក្នុង បានបញ្ឆោតមនុស្សជាច្រើន។ ពួកគេវិនិច្ឆ័យមនុស្សតាមទ្រព្យសម្បត្តិ និងឋានៈដែលពួកគេមាន។ ប៉ុន្តែនៅក្នុងចំណោមអ្នកជឿពិតប្រាកដ គឺជាសេចក្តីស្រឡាញ់របស់ព្រះវិញ។ នេះគឺជាអ្វីដែលជួយឲ្យយើងអាចប្រកាសដំណឹងល្អអំពីសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់បាន។
ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង និងបានលាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើង ដើម្បីសង្រ្គោះយើង។ ដូច្នេះ យើងមិនអាចបោះបង់សេចក្តីស្រឡាញ់ដើមរបស់ទ្រង់ ដែលបានយកយើងធ្វើជាកូនរបស់ទ្រង់បានឡើយ។ យើងអាចខ្វះនៅក្នុងផ្នែកជាច្រើន ប៉ុន្តែយើងមិនដែលខ្វះសេចក្តីជំនឿរបស់យើងនៅក្នុងសេចក្តីពិតនេះឡើយ។ យើងត្រូវតែប្រកាសដំណឹងល្អនេះ ដោយសេចក្តីជំនឿដាច់ខាតរបស់យើង។ នៅគ្រានៃសេចក្តីទុក្ខវេទនា យើងពិតជាត្រូវការសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ នៅពេលយើងប្រឈមនឹងការល្បងល និងសេចក្តីទុក្ខវេទនា កម្លាំងយកឈ្នះលើទុក្ខលំបាកទាំងអស់ នឹងបានមកពីសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះតែប៉ុណ្ណោះ។ ដោយសារអំណាចនៃដំណឹងល្អនេះហើយ ដែលយើងអាចងើបមុខឡើងនៅក្នុងសេចក្តីអំណរ ទោះបើយើងនឿយហត់ពីទុក្ខលំបាកដ៏ច្រើនរាប់មិនអស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងក៏ដោយ។ នេះហើយគឺជាសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់សម្រាប់យើង។
ពេលខ្លះ មនុស្សងាយនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកក្រិត្យវិន័យនិយម។ ពួកគេគិតថា ព្រះបានប្រទានពរដល់ពួកគេ សម្រាប់អ្វីដែលពួកគេបានធ្វើ។ ប៉ុន្តែខ្ញុំមិនមានន័យថា នេះខុសទាំងស្រុងឡើយ ពីព្រោះព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងស្រឡាញ់អ្នកណាដែលស្រឡាញ់ ទ្រង់។ ប៉ុន្តែមិនដោយសារតែអ្វីដែលយើងបានធ្វើ ទើបព្រះបានស្រឡាញ់យើងយ៉ាងខ្លាំង រហូតដល់រាប់យើងជាឥតបាបនោះឡើយ។ ដោយសារព្រះជ្រាបពីសេចក្តីសន្យាទាំងអស់ ដែលទ្រង់មានចំពោះយើង ហើយដោយសារទ្រង់ជ្រាបពីអំពើបាបទាំងអស់របស់យើង ទ្រង់បានឱបក្រសោបយើង និងធ្វើឲ្យយើងបានពេញលេញ នៅក្នុងសេចក្តីស្រឡាញ់ និងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍របស់ទ្រង់។ ដោយសារតែព្រះពររបស់ទ្រង់តែប៉ុណ្ណោះ ដែលយើងអាចរស់នៅ ដោយសេចក្តីអំណរបាន។ ដោយសារព្រះបានយកយើងធ្វើជារាស្ត្ររបស់ទ្រង់ និងអ្នកបម្រើរបស់ទ្រង់ ដែលយើងអាចធ្វើការសម្រាប់ព្រះអម្ចាស់ ទទួលបានសិរីល្អ និងប្រកាសដំណឹងល្អទៅកាន់អ្នកដទៃបាន ហើយកាលណាពេលវេលាមកដល់ យើងនឹងប្រឈមនឹងទុក្ករកម្មសម្រាប់ព្រះនាមទ្រង់។ ដូច្នេះ ទ្រង់គឺជាព្រះតែមួយអង្គគត់ ដែលជួយឲ្យយើងអាចធ្វើការទាំងអស់នេះបាន។
តើពួកទុក្ករនារីនៅក្នុងរឿង Quo Vadis បានទទួលកម្លាំងពីណា ដើម្បីច្រៀងសរសើរតម្កើងព្រះអម្ចាស់ ទោះបើពួកគេកំពុងតែត្រូវគេសម្លាប់ដូច្នេះ? ពួកគេបានទទួលកម្លាំងនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់នៃយើង គឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទមានទំហំយ៉ាងធំធេង ពួកគេអាចប្រឈមនឹងទុក្ករកម្ម ដោយការច្រៀងសរសើរតម្កើងបាន។
យើងអាចប្រើគោលការណ៍ដូចគ្នានេះ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងបាន។ យើងរស់នៅ ដោយសារព្រះអម្ចាស់បានជួយឲ្យយើងអាចធ្វើដូច្នេះបាន គឺមិនដោយសារតែការប្រព្រឹត្តរបស់យើង ដែលយើងអាចរស់នៅធ្វើជាកូន និងអ្នកបម្រើរបស់ព្រះទេ។ យើងមិនបានធ្វើអ្វី ដែលសមនឹងទទួលបានដូច្នេះឡើយ ប៉ុន្តែដោយសារសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ និងមិនប្រួលប្រែរបស់ព្រះសម្រាប់យើង និងសេចក្តីជំនឿរបស់យើងលើសេចក្តីស្រលាញ់នេះ ដែលយើងអាចដើរតាមទ្រង់ រហូតដល់ទីបំផុតបាន ទោះបើយើងជំពប់ដួលជាច្រើនដងក៏ដោយ។ ដូច្នេះ កម្លាំងនេះគឺជាកម្លាំងរបស់ព្រះ មិនមែនជាកម្លាំងរបស់យើងឡើយ។ ទុក្ករកម្មគឺអំពីសេចក្តីស្រឡាញ់របស់ព្រះ ដែលបានធ្វើឲ្យយើងបានពេញលេញ ហើយដោយសារព្រះគុណតែមួយប៉ុណ្ណោះ ដែលយើងអាចប្រឈមនឹងទុក្ករកម្មបាន។ សូមចងចាំសេចក្តីពិតនេះថា គឺជាព្រះដែលជួយឲ្យអ្នកអាចប្រឈមនឹងទុក្ករកម្មបាន ហើយចូរកុំខ្ជះខ្ជាយពេលវេលារបស់អ្នក ដើម្បីព្យាយាមត្រៀមខ្លួនរបស់អ្នកសម្រាប់ទុក្ករកម្ម ដូចជាអ្នកអាចធ្វើអ្វីមួយបានចំពោះទុក្ករកម្មឲ្យសោះ។ មានតែសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលនឹងអាចជួយយើងឲ្យសរសើរតម្កើងព្រះអម្ចាស់ រហូតដល់ដង្ហើមចុងក្រោយបាន។
ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកជំនុំទាំង៧ នៅស្រុកអាស៊ីថា «ចុះឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។ ដើមឈើជីវិតមាននៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ហើយនៅទីនោះ ក៏មានបល្ល័ង្កព្រះ ផ្ទះដែលសាងសង់ដោយថ្មមានតម្លៃ និងទឹកនៃជីវិតដែលហូរផងដែរ។ ព្រះបានសន្យាចំពោះអ្នកដែលឈ្នះថា ពួកគេនឹងទទួលស្ថានបរមសុខរបស់ទ្រង់ ដែលពួកគេនឹងរស់នៅយ៉ាងគ្រប់លក្ខណ៍ជាមួយទ្រង់រហូតអស់កល្បជានិច្ច។
អ្នកដែលឈ្នះ នឹងធ្វើដូច្នេះ ដោយសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្វីផ្សេងពីដំណឹងល្អនេះ នឹងមិនអាចជួយឲ្យពួកគេឈ្នះបានឡើយ គឺពួកគេអាចឈ្នះ ដោយសារកម្លាំងនៃព្រះ ដែលមកពីព្រះ មិនដោយសារកម្លាំងរបស់មនុស្សឡើយ។ យើងត្រូវតែដឹង និងផ្តល់តម្លៃដល់ឧត្តមភាពនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និង សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ ពីព្រោះដោយសារដំណឹងល្អនេះហើយ ដែលនឹងផ្តល់ឲ្យយើងនូវសេចក្តីជំនឿ ដែលអាចប្រឈមនឹងទុក្ករកម្មបាន។ យើងទាំងអស់គ្នាអាចខ្សោយ អសមត្ថភាព គ្មានទេពកោសល្យ ចំកួត និងល្ងង់ខ្លៅ ប៉ុន្តែយើងនៅតែមានអំណាច ពីព្រោះយើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់យើង។
ឈ្មោះរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតហើយ។ ម៉្យាងវិញទៀត អ្នកណាដែលមិនមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត នឹងចុះនៅចាញ់ពោះសាតាំង។ ហើយមានតែអ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលនឹងមិនលុតជង្គង់នៅចំពោះការអាក្រក់។ ដូច្នេះ អ្នកត្រូវតែប្រាកដថា ឈ្មោះរបស់អ្នកពិតជាត្រូវបានកត់ទុកក្នុងបញ្ជីជីវិតហើយ។
យើងនឹងប្រឈមនឹងទុក្ករកម្ម តាមរយៈសេចក្តីជំនឿរបស់យើង ដែលជាសេចក្តីស្រឡាញ់ដើមរបស់ព្រះគ្រីស្ទ ដែលទ្រង់បានប្រទានឲ្យ យើង។ យើងអាចរង់ចាំទុក្ករកម្មរបស់យើង ដោយឥតមានការព្រួយបារម្ភឬសេចក្តីភ័យខ្លាចឡើយ ពីព្រោះយើងជឿថា ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង នឹងប្រទានកម្លាំងដល់យើង ដើម្បីប្រឈមនឹងទុក្ករកម្ម។ ដោយសារការរងទុក្ខនៃទុក្ករកម្មមិនអាចប្រៀបផ្ទឹមនឹងសិរីល្អនៃស្ថានសួគ៌ ដែលរង់ចាំយើងបាន យើងមិនចុះចាញ់នៅចំពោះសេចក្តីស្លាប់របស់យើងឡើយ ប៉ុន្តែយើងប្រឈមនឹងទុក្ករកម្មយ៉ាងក្លាហាន ដើម្បីការពារដំណឹងល្អដ៏មានតម្លៃរបស់យើង។ ដូច្នេះ ឥឡូវនេះ យើងត្រូវតែបោះបង់ចោលការយល់ខុសទាំងអស់អំពីរបៀបដែលយើងអាចប្រឈមនឹងទុក្ករកម្មបាន ពីព្រោះយើងអាចប្រឈមនឹងវាបាន ដោយសារព្រះ មិនដោយសារការប្រព្រឹត្តរបស់យើងឡើយ។
ខ្ញុំជឿថា នៅថ្ងៃមួយ នឹងមានការប្រកាស ដោយមីក្រូហ្វូនថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់ នេះគឺជាថ្ងៃចុងក្រោយ ដើម្បីទទួលសញ្ញាហើយ។ ហើយមានតែមនុស្សបន្តិចបន្តួចប៉ុណ្ណោះ ដែលត្រូវទទួលសញ្ញានៅថ្ងៃនេះ។ យើងមានសេចក្តីសោមនស្សរីការាយ សម្រាប់ការសហការរបស់បងប្អូន រហូតមកដល់ពេលនេះ។ ការទទួលសញ្ញាគឺជាការតម្រូវ និងសេចក្តីល្អសម្រាប់បងប្អូន ពីព្រោះវាគឺដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេសរបស់យើង។ ដូច្នេះ សូមអញ្ជើញមកសាលាក្រុង ដើម្បីទទួលសញ្ញាឲ្យបានឆាប់។ ម្តងទៀត ខ្ញុំចង់ប្រាប់បងប្អូនថា នេះគឺជាថ្ងៃចុងក្រោយសម្រាប់បងប្អូន ដើម្បីទទួលសញ្ញាហើយ។ អ្នកដែលមិនទទួលសញ្ញា តាមពេលកំណត់ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ខ្ញុំនឹងហៅឈ្មោះអ្នកដែលមិនទាន់បានមកទទួលសញ្ញានេះ»។
អ្នកជឿនៃពួកជំនុំដំបូងសម្គាល់គ្នាទៅវិញទៅមក ដោយសញ្ញាត្រី។ សញ្ញាទាំងនេះគឺជាលេខសម្ងាត់សម្រាប់ពួកគេ។ ហើយយើងក៏នឹងបង្កើតសញ្ញាមួយ ដែលអាចជួយឲ្យយើងអាចសម្គាល់បងប្អូនប្រុសស្រីរបស់យើងបានផងដែរ ដើម្បីឲ្យយើងអាចលើកទឹកចិត្តដល់សេចក្តីជំនឿរបស់គ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ទុក្ករកម្ម។
ដោយសារយើងមិនអាចប្រឈមនឹងទុក្ករកម្ម ដោយការប្រព្រឹត្តរបស់យើងបាន យើងអាចជម្រះសេចក្តីទុក្ខព្រួយរបស់យើងចេញ ហើយប្រឈមនឹងវា ដោយសេចក្តីក្លាហានបាន។ គ្មានអ្វីដែលត្រូវភ័យខ្លាច នៅចំពោះសេចក្តីស្លាប់ដ៏សុចរិតនោះឡើយ។ អ្វីដែលយើងត្រូវតែធ្វើនៅលើផែនដីនេះ គឺត្រូវរស់នៅសម្រាប់ព្រះអម្ចាស់។ យើងអាចថ្វាយជីវិតរបស់យើងទៅចំពោះព្រះអម្ចាស់បាន ពីព្រោះយើងដឹងថា យើងនឹងត្រូវប្រឈមនឹងទុក្ករកម្ម សម្រាប់ព្រះនាមទ្រង់។ អ្នកត្រូវតែដឹងថា បើសិនអ្នកព្យាយាមគេចចេញពីទុក្ករកម្ម ដោយខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់អ្នក អ្នកនឹងប្រឈមនឹងគ្រោះកាច និងការរងទុក្ខដ៏ធំជាងទៅទៀត។ ដូច្នេះ អ្នកត្រូវតែធ្វើជារាស្ត្រនៃសេចក្តីជំនឿ ដែលរស់នៅសម្រាប់ព្រះអម្ចាស់ រហូតដល់ទីបញ្ចប់ ដោយដឹងថា អ្នកនឹងត្រូវប្រឈមនឹងទុក្ករកម្មសម្រាប់ព្រះគ្រីស្ទ។
នៅពេលយើងដឹងថា យើងនឹងត្រូវប្រឈមនឹងទុក្ករកម្ម យើងនឹងកាន់តែមានភាពវ័យឆ្លាតនៅក្នុងសេចក្តីជំនឿ គំនិត និងជីវិតជាក់ស្តែងរបស់យើង។ ចំណេះដឹងនេះគឺជាការព្យាបាលភាពល្ងង់ខ្លៅរបស់យើង ដែលនឹងជួយឲ្យយើងលះចោលនូវកិច្ចការខាងលោកិយទាំងអស់។ នេះមិនមានន័យថា យើងត្រូវតែបោះបង់ជីវិតរបស់យើងទេ ប៉ុន្តែថា យើងនឹងរស់នៅសម្រាប់ព្រះអម្ចាស់ គឺយើងរស់នៅសម្រាប់ទ្រង់ ដែលបានសង្រ្គោះយើង តយុទ្ធ និងយកឈ្នះលើសាតាំង និងពួកអាទទឹងនឹងព្រះ គ្រីស្ទ ហើយថ្វាយសិរីល្អនៃជ័យជំនះទាំងអស់ទៅចំពោះព្រះតែមួយអង្គគត់ រហូតដល់អំណាចព្រះចេស្តានៃព្រះបោះសាតាំងទៅក្នុងជង្ហុគដ៏ជ្រៅ។
យើងជឿថា ក្នុងពេលដ៏ឆាប់ ព្រះអម្ចាស់នឹងយាងមកទទួលយើងទៅ ហើយ។ នៅពេលព្រលឹងជាច្រើនងាកបែរមកឯព្រះ នៅថ្ងៃចុងក្រោយ ព្រះនឹងទទួលយកពួកគេទៅក្នុងព្រះហស្តទ្រង់ ហើយនឹងបីពួកគេយកទៅ។ នៅក្នុង វិវរណៈ ៣:១០ ព្រះបានមានបន្ទូលទៅកាន់ពួកជំនុំក្រុងភីឡាដិលភាថា «ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល»។
ដោយមានបន្ទូលថា «ឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ» ព្រះកំពុងតែសំដៅទៅលើជីវិតស្មោះត្រង់របស់ពួកបរិសុទ្ធ។ វាមានន័យថា ពួកគេបានប្រកាន់ខ្ជាប់តាមសេចក្តីជំនឿរបស់ពួកគេ ទោះបើអ្នកដទៃនិយាយ ឬប្រព្រឹត្តអ្វីចំពោះពួកគេក៏ដោយ។ នៅពេលព្រះមានបន្ទូលថា ទ្រង់ «អញនឹងរក្សាឯងឲ្យរួចពីវេលាល្បង» ទ្រង់កំពុងតែមានបន្ទូលថា អ្នកដែលបានរក្សាសេចក្តីបង្គាប់របស់ទ្រង់ ក្នុងការមានសេចក្តីអត់ធ្មត់ នឹងបានរួចពីការល្បងលនៃសេចក្តីជំនឿ។
នៅក្នុងន័យផ្សេង កាលណាគ្រានៃសេចក្តីទុក្ខវេទនា និងទុក្ករកម្មមកដល់ ព្រះពិតជានឹងទទួលយកយើងទៅហើយ ពីព្រោះយើងស្មោះត្រង់ចំពោះការបម្រើ និងការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ នៅពេលយើងតាំងចិត្តថា យើងនឹងត្រូវប្រឈមនឹងទុក្ករកម្ម ចិត្តរបស់យើងនឹងបានស្អាតពីសម្រាមទាំងអស់ ហើយសេចក្តីជំនឿរបស់យើងនឹងកាន់តែរឹងមាំឡើងៗ។ យើងត្រូវតែរស់នៅក្នុងជីវិតនៃសេចក្តីជំនឿបច្ចុប្បន្នរបស់យើង ដោយនឹកចាំពីសេចក្តីសន្យារបស់ព្រះថា តាមរយៈទុក្ករកម្មរបស់យើង យើងនឹងបានរួចពីពេលល្បងល។ ដូច្នេះ យើងត្រូវតែរស់នៅ ដោយអាងលើសេចក្តីជំនឿរបស់យើង។
សម័យនេះគឺជាសម័យនៃការបើកសម្តែង។ មានគ្រីស្ទបរិស័ទចំកួតជាច្រើន ដែលប្រកាន់តាមសេចក្តីជំនឿខុសឆ្គងតាមគោលលទ្ធិនៃការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា។ កាលណាថ្ងៃចុងក្រោយមកដល់ ពួកគេនឹងដឹងថា ពួកគេពិតជាបានជឿខុសមែន។ ថ្ងៃនៃអំណាច និងការគ្រង់គ្រងរបស់ពួកគេត្រូវបានកំណត់ហើយ។ ដូច្នេះ អ្វីដែលយើងត្រូវតែធ្វើគឺថា យើងត្រូវតែរស់នៅក្នុងសេចក្តីសង្ឃឹមតែមួយថា ព្រះពិតជានឹងបំពេញសម្រេចព្រះបន្ទូលសន្យារបស់ទ្រង់ជាមិនខាន។
នៅពេលយើងឈានទៅដល់ពាក់កណ្តាលនៃសេចក្តីទុក្ខវេទនាដ៏ធំ យើងនឹងត្រូវប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់យើង ហើយនៅមុនពេលគ្រោះកាចនៃចានទាំង៧ចាប់ផ្តើម ព្រះនឹងលើកយើងឡើងទៅក្នុងពពក ហើយចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ នៅពេលយើងស្គាល់សេចក្តីសង្ឃឹមរបស់យើង សម្រាប់ការសោយរាជ្យជាមួយព្រះគ្រីស្ទ រង្វាន់ដែលរង់ចាំយើង នឹងទូទាត់សងសម្រាប់ការរងទុក្ខទាំងអស់របស់យើងនៅលើផែនដីនេះ ហើយការដែលយើងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី នឹងនាំឲ្យយើងមានសេចក្តីអំណរដ៏រកថ្លែងពុំបាន។ នៅថ្ងៃនេះ យើងរស់នៅដោយអាងលើសេចក្តីជំនឿ សម្រាប់ព្រះអម្ចាស់ ដោយសង្ឃឹមដល់ការបំពេញសម្រេចនៃសេចក្តីសន្យារបស់ព្រះនេះ។ ដោយទុកចិត្តថា ព្រះអម្ចាស់របស់យើងនឹងបំពេញសម្រេចគ្រប់ទាំងសេចក្តីសន្យារបស់ទ្រង់ យើងរស់នៅ ដោយទន្ទឹងដល់ថ្ងៃនោះ ដែលយើងនឹងមានរូបកាយឧត្តម ហើយនឹងរស់នៅជាមួយទ្រង់រហូតអស់កល្បជានិច្ច។
ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការប្រទានដំណឹងល្អអំពីការអត់ទោសបាបដ៏គ្រប់លក្ខណ៍ដល់យើង សម្រាប់ជួយឲ្យយើងអាចប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់យើងនៅក្នុងទ្រង់ និងសម្រាប់ការជួយឲ្យយើងបានឈរនៅក្នុងចំណោមអ្នកមានពររបស់ទ្រង់។
សាវតានៃពួកជំនុំក្រុងអេភេសូរ
ទីក្រុងអេភេសូរ ដែលទីក្រុងកំពង់ផែដ៏ធំមួយ នៅស្រុកអាស៊ីមីន័រនៃចក្រភពរ៉ូម៉ាំង គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសកម្មភាពសាសនា មួយ។ នៅសម័យពួកជំនុំដំបូង វាគឺជាទីក្រុងអន្តរជាតិដ៏រីកចម្រើនមួយ។ យោងតាមទេវកថា Amazon ដែលជាព្រះស្រីដ៏ក្លាហានក្នុងសង្រ្គាម បានសាងសង់ទីក្រុងជាលើកដំបូង នៅក្នុងឆ្នាំ១២មុនគ.ស នៅពេលព្រះស្រីនេះបានប្រគល់ទីក្រុងនេះដល់ Androclus ដែលជាមហាក្សត្រសោយរាជ្យនៃទីក្រុងអាថែន។
ប្រសិនបើនិយាយអំពីទ្រព្យសម្បត្តិវិញ ក្រុងអេភេសូរគឺជាទីក្រុងដែលចម្រុងចម្រើនមួយ។ ហើយនេះក៏មានន័យថា វាគឺជាទីក្រុងមួយដែលមានលក្ខណៈខាងលោកិយយ៉ាងខ្លាំង។ ដូច្នេះហើយបានជាព្រះបានប្រាប់ពួកជំនុំក្រុងអេភេសូរឲ្យតយុទ្ធរហូតដល់ទីបញ្ចប់ ដើម្បីយកឈ្នះលើសាតាំង ដើម្បីកុំឲ្យពួកគេបាត់បង់ដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះ វិញ្ញាណ។ យើងត្រូវតែដឹងពីសារៈសំខាន់នៃព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះ ហើយយើងត្រូវតែការពារជំនឿរបស់យើង ក្នុងគ្រប់តម្លៃទាំងអស់។
តាមរយៈសាវកយ៉ូហាន ព្រះបានសរសេរទៅកាន់ពួកជំនុំក្រុង អេភេសូរថា «អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ»។ ព្រះបានសរសើរដល់ពួកជំនុំក្រុងអេភេសូរ សម្រាប់ការងារ សេចក្តីអត់ធ្មត់ ការមិនទ្រាំនឹងមនុស្សអាក្រក់ និងការល្បងលពួកសាវកក្លែងក្លាយ ការទ្រាំទ្រធ្វើការដោយនឿយហត់ និងឥតណាយចិត្តរបស់ពួកគេ ដោយព្រោះព្រះនាមទ្រង់។
ប៉ុន្តែពួកជំនុំក្រុងអេភេសូតក៏ត្រូវបានបន្ទោស ដោយសារកំហុសរបស់ខ្លួនដែរ។ បទគម្ពីរបន្តថា «អញ តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។
បទគម្ពីរខាងលើនិយាយថា ព្រះស្អប់ពួកនីកូឡាស។ នៅទីនេះ ពួក នីកូឡាសសំដៅទៅលើអ្នកជឿមួយក្រុម ដែលបានទាស់ប្រឆាំងនឹងព្រះ ពួកជំនុំរបស់ទ្រង់ និងសេចក្តីពិតរបស់ទ្រង់។ ហើយអ្វីដែលពួកនីកូឡាសបានធ្វើ មានសេចក្តីលម្អិតនៅក្នុងបទគម្ពីរបន្ទាប់មកទៀត ដែលជាសំបុត្រទៅកាន់ពួកជំនុំក្រុងពើកាម៉ុស។
កំហុសរបស់ពួកនីកូឡាស
វិវរណៈ ២:១៤ និយាយថា «ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង»។ យើងអាចមើលឃើញបទគម្ពីរដើមនេះ នៅក្នុង ជនគណនា ២២ ដែលកត់ត្រារឿងរបស់បាឡាក់ ដែលជាស្តេចសាសន៍ម៉ូអាប់។
នៅពេលជនជាតិអ៊ីស្រាអែលបានទៅដល់វាលទំនាបម៉ូអាប់នៅស្រុកកាណាន បន្ទាប់ពីការចាកចេញពីស្រុកអេស៊ីព្ទរបស់ពួកគេ ពួកគេបានចាប់យកពូជអំបូរចំនួនប្រាំពីរនៅទីនោះ «ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ»។ ដោយស្តាប់ឮពីការចាប់យកនេះ បាឡាក់បានភ័យខ្លាចចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែល ដោយគិតថា វាសនារបស់សាសន៍ម៉ូអាប់នឹងបានដូចជាវាសនារបស់ពូជអំបូរនៅស្រុកកាណា ដែលជនជាតិអ៊ីស្រាអែលបានចាប់យករួចហើយ។ នៅក្នុងការព្យាយាមរិះរកមធ្យោបាយការពារមិនឲ្យជនជាតិអ៊ីស្រាអែលចាប់យកទឹកដីរបស់ខ្លួន បាឡាក់បានអញ្ជើញបាឡាមដែលជាហោរាក្លែងក្លាយម្នាក់ឲ្យមកទឹកដីរបស់ខ្លួន ដើម្បីដាក់បណ្តាសាជនជាតិអ៊ីស្រាអែល។
បាឡាមគឺជាហោរាក្លែងក្លាយម្នាក់ ប៉ុន្តែពួកសាសន៍ដទៃបានចាត់ទុកគាត់ជាអ្នកបម្រើម្នាក់របស់ព្រះ។ គាត់មិនមែនជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន ឬសាសន៍លេវីឡើយ។ ប៉ុន្តែបាឡាក់ ដែលជាស្តេចសាសន៍ ម៉ូអាប់ បានជឿថា អ្នកដែលបាឡាមឲ្យពរ នឹងបានពរ ហើយអ្នកដែល បាឡាមដាក់បណ្តាសា នឹងត្រូវបណ្តាសា។ នៅពេលនោះ ក្នុងនាមជាហោរាក្លែងក្លាយម្នាក់ បាឡាមគឺជាគ្រូមន្តអាគមដ៏ល្បីល្បាញ។
ប៉ុន្តែបាឡាមមិនអាចសម្រេចតាមអ្វីដែលស្តេចបាឡាក់បានស្នើឲ្យគាត់ធ្វើបានឡើយ។ មូលហេតុគឺថា ជនជាតិអ៊ីស្រាអែលគឺជារាស្ត្ររបស់ព្រះ ហើយព្រះមិនអនុញ្ញាតឲ្យបាឡាមធ្វើដូច្នេះឡើយ ហើយការព្យាយាមធ្វើដូច្នេះមានតែនាំមកនូវបណ្តាសាដាក់លើខ្លួនគាត់ប៉ុណ្ណោះ។ ដោយសារអំណាចខាងវិញ្ញាណរបស់ព្រះបានគ្រប់គ្រងបាឡាម គាត់មិនអាចធ្វើអ្វីបានសោះឡើយ ក្រៅពីឲ្យពរដល់ជនជាតិអ៊ីស្រាអែលវិញ។ បន្ទាប់មក ស្តេចបាឡាក់បានខឹង ហើយបង្គាប់ឲ្យបាឡាមដាក់បណ្តាសាដល់ជនជាតិអ៊ីស្រាអែល ពីកន្លែងដែលគាត់អាចមើលឃើញពួកគេ។
បាឡាមបានទទួលទ្រព្យសម្បត្តិដ៏ច្រើនពីបាឡាក់ ហើយបានបង្រៀនបាឡាក់ពីរបៀបដាក់បណ្តាសាដល់ជនជាតិអ៊ីស្រាអែល។ ហើយផែនការអាក្រក់នេះ គឺត្រូវល្បួងពួកគេឲ្យប្រព្រឹត្តអំពើពេស្យាចារ ដោយការអញ្ជើញពួកគេមកឯពិធីជប់លៀងរបស់សាសន៍ម៉ូអាប់ ហើយផ្តល់ស្រីៗដល់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តអំពើបាប ហើយព្រះដាក់ទណ្ឌកម្មដល់ពួកគេ។ នេះហើយគឺជារបៀបដែលហោរាក្លែងក្លាយបាឡាមបានបង្រៀនស្តេចបាឡាក់ឲ្យនាំសេចក្តីវិនាសដល់ជនជាតិអ៊ីស្រាអែល។
ព្រះបានមានបន្ទូលថា ទ្រង់បានស្អប់បាឡាម ពីព្រោះគាត់គឺជាមនុស្សដែលស្រឡាញ់ប្រាក់។ នៅក្នុងសហគមន៍គ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានមនុស្សជាច្រើនក៏ដូចជាបាឡាមផងដែរ។ ការការពិត ពួកគេគឺជាហោរាក្លែងក្លាយទាំងអស់ ប៉ុន្តែពួកគេជាច្រើននៅតែមានការគោរពកោតខ្លាចពីមនុស្សដដែល។ ប៉ុន្តែបាឡាមបានដេញតាមទ្រព្យសម្បត្តិ លោកិយ។ កាលណាគាត់បានប្រាក់ គាត់មានពរ ហើយកាលណាគាត់មិនបានប្រាក់ គាត់មិនមានពរទេ។ គួរឲ្យសោកស្តាយ នៅក្នុងសហគមន៍គ្រីស្ទបរិស័ទសព្វថ្ងៃនេះ មនុស្សជាច្រើនដែលត្រូវធ្វើជាអ្នកបម្រើរបស់ព្រះ បានធ្វើដូចជាបាឡាមទៅវិញ។ នៅពេលអ្នកដែលជឿលើព្រះ ដេញតាមទ្រព្យសម្បត្តិលោកិយ ពួកគេគឺជាហោរាក្លែងក្លាយហើយ។ ដូច្នេះហើយបានជាព្រះបានស្អប់ពួកនីកូឡាស។
តើអ្នកដឹងថា អ្វីដែលនាំសេចក្តីវិនាសដល់ពួកជំនុំនៃព្រះ និងអ្នកបម្រើរបស់ទ្រង់ដែរទេ? វាគឺជាការស្រឡាញ់ប្រាក់។ អ្នកដែលដេញតាមទ្រព្យសម្បត្តិនៅចំពោះមុខខ្លួន នឹងប្រឈមនឹងសេចក្តីវិនាសរបស់ខ្លួន នៅចំពោះព្រះ។
ពួកជំនុំដែលដើរតាមបាឡាម
នៅសព្វថ្ងៃនេះ ក៏ដូចជានៅសម័យពួកសាវកដែរ មានពួកជំនុំ និងអ្នកមប្រើក្លែងក្លាយជាច្រើននៅលើផែនដីនេះ ដែលដើរតាមផ្លូវរបស់ បាឡាម។ ពួកគេរិះរកគ្រប់ទាំងមធ្យោបាយ ដើម្បីបោកប្រាក់ពីអ្នកដើរតាមរបស់ពួកគេ។ ជាឧទាហរណ៍ ការជម្រុញឲ្យក្រុមជំនុំប្រជែងគ្នាធ្វើបន្ទាល់ពីតង្វាយខាងសម្ភារៈរបស់ពួកគេ មិនមែនជំនឿខាងវិញ្ញាណទេ គឺវិភាគទានរបស់អ្នកជឿម្នាក់គឺជាប្រដាប់ស្ទង់ពីសេចក្តីជំនឿរបស់គាត់។ សេចក្តីជំនឿរបស់អ្នកដែលថ្វាយច្រើន ខ្លាំងជាងសេចក្តីជំនឿរបស់អ្នកដែលថ្វាយតិចហើយគោលបំណងនៃការជម្រុញនេះ គឺដើម្បីធ្វើឲ្យពួកគេមានទ្រព្យសម្បត្តិហូរហៀរ។
ប្រសិនបើអ្នកជឿសម្រេចចិត្តបម្រើព្រះ និងដំណឹងល្អរបស់ទ្រង់ ដោយទឹកចិត្តស្មោះត្រង់ នោះគឺជាការប្រពៃហើយ។ ប៉ុន្តែពួកហោរាក្លែងក្លាយដូចជាបាឡាម យកអ្នកជឿមកចម្អែតក្រពះរបស់ខ្លួន។ ពួកគេល្បួងឲ្យអ្នកដើរតាមប្រជែងគ្នាធ្វើទីបន្ទាល់ខាងទ្រព្យសម្បត្តិថា «ខ្ញុំបានថ្វាយតង្វាយមួយភាគដប់ យ៉ាងស្មោះត្រង់ ហើយព្រះបានប្រទានពរដប់ដង តាមរយៈជំនួញរបស់ខ្ញុំ»។ ដោយចាញ់បញ្ឆោតរបស់បាឡាម អ្នកជឿគិតថា នេះគឺជាផ្លូវមួយទៅកាន់សេចក្តីជំនឿត្រឹមត្រូវ ប៉ុន្តែតាមការពិត វាគឺជាផ្លូវទៅកាន់ភាពក្រីក្រខាងវិញ្ញាណ និងខាងសាច់ឈាម មោទនភាពក្លែងក្លាយ និងសេចក្តីវិនាសរបស់ពួកគេ។
«ទង្វើររបស់ពួកនីកូឡាស» គឺជាទង្វើររបស់បាឡាម។ ដូចដែល បាឡាមដែលមានសេចក្តីលោភ បានបង្រៀនបាឡាក់ឲ្យដាក់ថ្មជំពប់មួយនៅចំពោះជនជាតិអ៊ីស្រាអែល មនុស្សជាច្រើនដែលអះអាងខ្លួនជាអ្នកបម្រើរបស់ព្រះនៅក្នុងសហគមន៍គ្រីស្ទបរិស័ទសព្វថ្ងៃនេះ ចាប់អារម្មណ៍លើតែអ្វីដែលនៅក្នុងហោប៉ៅរបស់ក្រុមជំនុំរបស់ពួកគេប៉ុណ្ណោះ។ អ្នកដែលពួកហោរាក្លែងក្លាយទាំងនេះដឹកនាំឲ្យវង្វេង នឹងនៅតែបាតដៃទទេ បន្ទាប់ពីបានផ្តល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនទៅចំពោះពួកអ្នកគង្វាលក្លែងក្លាយទាំងនេះ ហើយកាន់តែធ្ងន់ធ្ងរជាងនេះគឺថា មិនយូរមិនឆាប់ ពួកគេនឹងដឹងថា អ្វីដែលពួកគបានជឿ គឺសុទ្ធតែខុសទាំងអស់។ នៅទីបំផុត ពួកគេនឹងបន្ទោសពួកជំនុំក្លែងក្លាយ ហើយបោះបង់សេចក្តីជំនឿរបស់ពួកគេចោល។ គួរឲ្យសោកស្តាយ បញ្ហានេះក៏កើតឡើងនៅក្នុងពួកជំនុំដំណឹងល្អនិយមផងដែរ។ ដោយបានចាញ់បញ្ឆោតបាឡាម អ្នកជឿជាច្រើនត្រូវបានដឹកនាំឲ្យវង្វេង ដោយសារសេចក្តីក្លែងក្លាយ ហើយចាកចោលពួកជំនុំ នៅទីបំផុត។
ព្រះគម្ពីរប្រាប់យើងថា ព្រះស្អប់ទង្វើររបស់ពួកនីកូឡាស។ បើសិនយើងដើរតាមពួកនីកូឡាស យើងនឹងបាត់បង់សេចក្តីជំនឿរបស់យើងលើព្រះហើយ។ យើងមានសេចក្តីបន្ទាល់ជាច្រើន ដែលព្រះបានប្រទានដល់យើង ហើយវាគឺជាកំណប់ដ៏មានតម្លៃខាងវិញ្ញាណ។ ប៉ុន្តែការដេញតាមទ្រព្យសម្បត្តិលោកិយ ដោយការប្រើសេចក្តីបន្ទាល់ទាំងនេះ គឺជាអ្វីដែលយើងត្រូវតែបែរចេញឲ្យឆ្ងាយ ពីព្រោះវាគឺជាផ្លូវរបស់ពួកនីកូឡាស ដែលព្រះទ្រង់ផ្ទាល់បានស្អប់។
សេចក្តីជំនឿជាមួយអត្តចរិត
ព្រះបានព្រមានដល់ពួកជំនុំទាំង៧នៅស្រុកអាស៊ី អំពីទង្វើររបស់ពួកនីកូឡាស។ លើសពីនេះ ទ្រង់ក៏បានសន្យាចំពោះពួកគេថា អ្នកដែលឈ្នះ នឹងបានបរិភោគផ្លែពីដើមជីវិត។ យើងបម្រើព្រះអម្ចាស់ ដោយសេចក្តីជំនឿ ពីព្រោះការអរព្រះគុណរបស់យើងសម្រាប់សេចក្តីប្រោសលោះរបស់ទ្រង់ ការយល់ដឹងពីការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាការងារត្រឹមត្រូវ។ យើងមិនបម្រើព្រះ ដើម្បីអួតអ្នកដទៃ ឬធ្វើឲ្យយើងមើលទៅដូចជាល្អនោះឡើយ ពីព្រោះការធ្វើដូច្នេះមិនមែនជាសេចក្តីជំនឿ និងការបម្រើពិតប្រាកដឡើយ។ នៅក្នុងពួកជំនុំនៃព្រះ យើងត្រូវតែប្រយ័ត្នបំផុតចំពោះទង្វើររបស់ពួកនីកូឡាស។ ដូច្នេះហើយបានជាព្រះអម្ចាស់បានព្រមានដល់ពួកជំនុំទាំង៧នៅស្រុកអាស៊ី អំពីពួកនីកូឡាស។
តើអ្នកដឹងពីមូលហេតុដែលពួកជំនុំជាច្រើន ដែលមិនបានកើតជាថ្មី បានរីកចម្រើនឡើងយ៉ាងឆាប់រហ័សដែរឬទេ? ពួកគេបានរីកចម្រើនដូច្នេះ ពីព្រោះអ្វីដែលបានស្អាងពួកជំនុំទាំងនេះឡើង គឺជាសេចក្តីជំនឿក្លែងក្លាយ និងសេចក្តីបន្ទាល់ក្លែងក្លាយ។ ដូច្នេះ អ្នកបម្រើព្រះមិនត្រូវប្រើប្រាស់ហ្វូងចៀមរបស់ខ្លួន ដើម្បីចម្អែតក្រពះរបស់ខ្លួនឡើយ។
សេចក្តីជំនឿពិត គឺត្រូវជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង តាមរយៈបុណ្យជ្រមុជរបស់ព្រះ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការទទួលការជំនុំជម្រះរបស់ទ្រង់ជំនួសយើង។ ប៉ុន្តែពួកជំនុំជាច្រើន ទោះទាំងបានកើតជាថ្មី និងមិនបានកើតជាថ្មីផង ប្រើសេចក្តីបន្ទាល់ ដើម្បីលួចប្រាក់ពីហោប៉ៅរបស់ក្រុមជំនុំរបស់ពួកគេ។ ដូច្នេះ អ្នកត្រូវតែប្រយ័ត្ន និងឆ្លាតវ័យ ដើម្បីដឹងថា សេចក្តីបន្ទាល់ពិតស្អាងសេចក្តីជំនឿរបស់អ្នកឡើង និងថ្វាយសិរីល្អដល់ព្រះ ប៉ុន្តែសេចក្តីបន្ទាល់ក្លែងក្លាយនឹងក្លាយជាអន្ទាក់សម្រាប់អ្នក។
ពួកជំនុំដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងលោកិយសព្វថ្ងៃនេះ ត្រូវបានដឹកនាំ ដោយអ្នកដឹកនាំដែលដូចជាបាឡាម។ អ្នកដឹកនាំពួកជំនុំ ដែលដើរតាមផ្លូវរបស់បាឡាម ប្រើប្រាស់ពួកជំនុំរបស់ខ្លួន ដើម្បីបំផ្លាញអ្នកដើរតាមរបស់ខ្លួន ហើយបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។ អ្នកដឹកនាំ គ្រីស្ទបរិស័ទដូចជាបាឡាម លួចប្រាក់ពីអ្នកដើរតាមរបស់ខ្លួន ដោយល្បួងឲ្យពួកគេប្រជែងគ្នាខាងសេចក្តីបន្ទាល់អំពីទ្រព្យសម្បត្តិ។
ជីវិតនៃសេចក្តីជំនឿពិតប្រាកដ ចាប់ផ្តើមពីសេចក្តីជំនឿតែម្តង។ យើងត្រូវតែមានភាពវ័យឆ្លាត ដើម្បីគេចចេញពីអន្ទាក់របស់ពួកនីកូឡាស ដែលសាតាំងបានដាក់។ គ្រប់គ្នាត្រូវតែដឹងពីទង្វើររបស់ពួកនីកូឡាស ហើយកុំចាញ់បញ្ឆោតពួកបាវបម្រើរបស់សាតាំង ដែលតែងតែមានសេចក្តីលោភ។ ជាពិសេស អ្នកបម្រើរបស់ព្រះ និងអ្នកដឹកនាំពួកគេត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ កាលណាអ្នកដឹកនាំខ្វល់ខ្វាយយ៉ាងខ្លាំងពីទ្រព្យសម្បត្តិរបស់ខ្លួនដូចជា ឡាន ផ្ទះធំ អចលនៈទ្រព្យ និងគណនីធនាគារ ពួកគេនឹងធ្វើឲ្យពួកជំនុំរបស់ពួកគេពុករលួយ និងដើរតាមផ្លូវរបស់ពួក នីកូឡាសហើយ។
ព្រះបានប្រាប់ពួកជំនុំទាំង៧នៅស្រុកអាស៊ី ឲ្យប្រយ័ត្នចំពោះបញ្ហានេះ។ មនុស្សដែលមានសេចក្តីជំនឿរបស់បាឡាម ស្វែងរកតែទ្រព្យសម្បត្តិ ប្រយោជន៍ផ្ទាល់ខ្លួន និងប៉ុនប៉ងធ្វើជាស្ថាបនិកនៃចលនាសាសនាមួយ។ ពួកជំនុំរបស់ព្រះមិនត្រូវដេញតាមទ្រព្យសម្បត្តិលោកិយនេះ ឡើយ។ ដោយសារព្រះបានសន្យាចំពោះយើងថា ទ្រង់នឹងប្រទានពរដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងត្រូវតែប្រើប្រាស់ទ្រព្យសម្បត្តិរបស់យើង ដើម្បីប្រកាសដំណឹងល្អ ដោយមិនរក្សាទុកវានៅលើផែនដីនេះទេ។
ចូរបដិសេធពួកគង្វាលក្លែងក្លាយ
សូម្បីតែអ្នកជឿដែលបានកើតជាថ្មី ក៏នឹងត្រូវវិនាសដែរ បើសិនពួកគេធ្លាក់ទៅក្នុងអន្ទាក់របស់ពួកនីកូឡាស។ ពេលដំបូង ពួកគេអាចគិតថា សេចក្តីជំនឿរបស់អ្នកដឹកនាំនោះខ្លាំង រឹងមាំ និងអស្ចារ្យណាស់ ប៉ុន្តែទីបំផុត ការបោកបញ្ឆោតរបស់ពួកគង្វាលក្លែងក្លាយនឹងដឹកនាំពួកគេទៅរកសេចក្តីវិនាស។
ព្រះបានប្រាប់ទេវតានៃពួកជំនុំក្រុងអេភេសូរថា ទ្រង់បានស្អប់ទង្វើរបស់ពួកនីកូឡាស។ គ្រប់គ្នាដែលធ្លាក់ទៅក្នុងអន្ទាក់របស់ពួកនីកូឡាស នឹងប្រឈមនឹងសេចក្តីវិនាសរបស់ខ្លួន។ ទោះបីជាគាត់គឺជាអ្នកជឿដែលបានកើតជាថ្មី អ្នកបម្រើម្នាក់របស់ព្រះ ឬអ្នកណាក៏ដោយ បើសិនគាត់ធ្លាក់ទៅក្នុងអន្ទាក់នេះ គាត់នឹងត្រូវវិនាសជាពិត។ ពួកគង្វាលអាក្រក់ដឹកនាំហ្វូងចៀមទៅរកសេចក្តីស្លាប់ ហើយពួកហោរាក្លែងក្លាយនាំបណ្តាសាមកលើពួកគេ។
ដូច្នេះហើយបានជាព្រះបានប្រាប់អ្នកបម្រើរបស់ទ្រង់ឲ្យ «ផ្តល់ចំណីដល់ចៀមរបស់ខ្ញុំ»។ អ្នកបម្រើរបស់ព្រះត្រូវតែឃ្វាលអ្នកជឿ ដូចជាអ្នកគង្វាលឃ្វាល ថែរក្សា និងការពារចៀមរបស់ពួកគេពីគ្រោះថ្នាក់ដែរ។ ក្នុងនាមជាអ្នកគង្វាល ពួកគេត្រូវតែប្រាកដថា ហ្វូងចៀមរបស់ពួកគេមិនវង្វេង ដឹងពីគ្រោះថ្នាក់នៅខាងមុខហ្វូងចៀម និងការពារហ្វូងចៀមមិនឲ្យទៅជិតគ្រោះថ្នាក់ទាំងនោះ។
ខ្ញុំបានស្តាប់ឮពីមនុស្សដែលចិញ្ចឹមសត្វចៀម ដែលជាសត្វមានះបំផុតមួយ។ តើយើងមិនដូចជាសត្វចៀមមានះទាំងនេះ នៅចំពោះព្រះទេឬ? ព្រះមានហេតុផលត្រឹមត្រូវមួយ នៅពេលប្រើពាក្យកូនចៀម ដើម្បីប្រៀបប្រដូចនឹងយើង ពីព្រោះទ្រង់ជ្រាបយ៉ាងច្បាស់លាស់ថា តាម និស្ស័យរបស់យើង យើងពិតជាមានះខ្លាំងណាស់។
ហេតុអ្វីបានជាព្រះបន្តមានបន្ទូលអំពីទង្វើរបស់ពួកនីកូឡាស យេសេបិល និងបាឡាម ទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ី? ហើយហេតុអ្វីទ្រង់បានសន្យាថា ទ្រង់នឹងប្រទានអ្នកដែលឈ្នះ បានបរិភោគផ្លែពីដើមជីវិត? ទ្រង់បានធ្វើដូច្នេះ ដើម្បីបង្រៀនយើងឲ្យការពារប្រឆាំងនឹងការបោកបញ្ឆោតរបស់ពួកហោរាក្លែងក្លាយ។ យើងត្រូវតែសញ្ជឹងគិតលើព្រះបន្ទូលព្រះ និងសួរខ្លនឯងថា «តើអ្វីគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ?»។ ការដាក់បញ្ចូលព្រះបន្ទូលព្រះជាមួយមេរៀនរបស់មនុស្ស និងរៀបចំវាជាប្រព័ន្ធ មិនមែនជាដំណឹងល្អទេ។ មានសេចក្តីអធិប្បាយល្អយ៉ាងច្រើននៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ដែលមិនទាក់ទងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាឡើយ។ គ្រូអធិប្បាយល្បីល្បាញជាច្រើនថែមទាំងមានអ្នកសរសេរសន្ទរកថាអាជីព ដែលសរសេរសេចក្តីអធិប្បាយជំនួសពួកគេទៀតផង ហើយអ្វីដែលពួកគេធ្វើ គឺគ្រាន់តែអានអត្ថបទដែលអ្នកដទៃបានរៀបចំឲ្យប៉ុណ្ណោះ។
យើងមិនត្រូវជាប់អន្ទាក់របស់ពួកនីកូឡាសឡើយ។ ពួកជំនុំដែលបានកើតជាថ្មី ត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះការដេញតាមទ្រព្យសម្បត្តិលោកិយ។ ជាពិសេស អ្នកដឹកនាំត្រូវតែប្រុងប្រយ័ត្នជានិច្ច ហើយអ្នកដទៃទៀតនៅក្នុងពួកជំនុំក៏ត្រូវតែប្រុងប្រយ័ត្នដែរ។ ការព្យាយាមទទួលបានប្រាក់ពីសមាជិកពួកជំនុំ នាំពួកជំនុំទៅក្នុងសេចក្តីបរិបូរខាងទ្រព្យសម្បត្តិ និងសាងសង់អាគារព្រះវិហារឲ្យដូចជាព្រះរាជវាំង ហើយបន្ទាប់មក អធិប្បាយថា ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ជិតមកដល់ហើយ សុទ្ធតែជាទង្វើនៃជំនឿមិនត្រឹមត្រូវ ដែលជាទង្វើរបស់ពួកនីកូឡាស។
យើងពិតជាត្រូវតែប្រយ័ត្នចំពោះពួកអ្នកគង្វាលក្លែងក្លាយ ហើយប្រាកដថា យើងមិនចាញ់បញ្ឆោតពួកគេ ហើយដើរតាមពួកគេទេ។ ពួកបរិសុទ្ធមិនត្រូវស្រឡាញ់ប្រាក់ឡើយ ប៉ុន្តែត្រូវតែស្រឡាញ់ និងថែរក្សាដំណឹងល្អអំពីទឹក និងព្រះលោហិត ដែលជាសេចក្តីស្រឡាញ់ដើមវិញ។ យើងត្រូវតែមានជីវិតស្មោះត្រង់ ដែលប្រកាន់ខ្ជាប់តាមសេចក្តីពិតថា ទ្រង់បានសង្រ្គោះយើង ដោយទឹក និងព្រះលោហិតរបស់ព្រះគ្រីស្ទរួចហើយ រហូតដល់ថ្ងៃដែលយើងជួបជាមួយទ្រង់។ យើងត្រូវតែជឿតាមព្រះបន្ទូលថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងរួចហើយ។
អ្នកដែលដើរតាមពួកនីកូឡាស មិនដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ ពួកគេមិនចាប់អារម្មណ៍លើការងារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ប៉ុន្តែលើការបង្កើតប្រាក់តែប៉ុណ្ណោះ។ ពួកគេគឺជាបាឡាមសព្វថ្ងៃនេះ ដែលធ្វើជាថ្មជំពប់ដល់ជនជាតិអ៊ីស្រាអែល និងដឹកនាំពួកគេទៅរកសេចក្តីវិនាស។ ដូច្នេះ អ្នកត្រូវតែចងចាំសេចក្តីនេះ។
ទីបំផុត បាឡាមត្រូវបានលោកយ៉ូស្វេសម្លាប់។ កណ្ឌគម្ពីរយ៉ូស្វេកត់ត្រាថា ហោរាក្លែងក្លាយនេះត្រូវបានសម្លាប់ ដោយដាវរបស់លោកយ៉ូស្វេ នៅពេលជនជាតិអ៊ីស្រាអែលចាប់យកស្រុកកាណាន។ នៅសព្វថ្ងៃនេះ អ្នកដែលប្រើព្រះនាមព្រះគ្រីស្ទ ដើម្បីបំផ្លាញអ្នកជឿដែលស្លូតត្រង់ ដើម្បីចម្អែតក្រពះរបស់ខ្លួន គឺជាបាឡាមហើយ។ ដូច្នេះ យើងត្រូវតែចងចាំថា បាឡាមបានប្រើគ្រប់មធ្យោបាយ ដើម្បីចម្អែតសេចក្តីលោភរបស់ខ្លួន។
ព្រះបានប្រាប់ពួកអ្នកបម្រើនៃពួកជំនុំក្រុងអេភេសូរថា «ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។ នៅក្នុងន័យផ្សេង បទគម្ពីរនេះក៏មានន័យផងដែរថា អ្នកដែលខ្សោយ និងវង្វេង នឹងស្លាប់។ ការដើរតាមផ្លូវរបស់បាឡាមនឹងនាំមកនូវការបរាជ័យ និងសេចក្តីវិនាស។ ព្រះបានប្រទានព្រះបន្ទូលព្រមានយល់យើង ដើម្បីឲ្យយើងនឹងមិនធ្លាក់ទៅក្នុងអន្ទាក់របស់ពួកនីកូឡាស ហើយខ្ញុំសូមអរព្រះគុណដល់ទ្រង់ សម្រាប់ការនេះ។ ខ្ញុំសង្ឃឹម និងអធិស្ឋានយ៉ាងស្មោះត្រង់ថា អ្នកនឹងមិនចុះចាញ់សេចក្តីល្បួងខាងទ្រព្យសម្បត្តិ ដើម្បីបំពេញតាមសេចក្តីលោភរបស់អ្នក ហើយត្រូវបានព្រះបោះបង់ចោលនោះឡើយ។