Search

Μελέτη της Σκηνής του Μαρτυρίου

ទីបរិសុទ្ធបំផុត

Σχετικά κηρύγματα

· អ្នកដែលអាចចូលទៅក្នុង ទីបរិសុទ្ធបំផុតបាន (និក្ខមនំ ២៦:៣១-៣៣)

អ្នកដែលអាចចូលទៅក្នុង ទីបរិសុទ្ធបំផុតបាន
(និក្ខមនំ ២៦:៣១-៣៣)
«រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្តីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា។»
 


សម្ភារៈនៃរោងឧបោសថ


រោងឧបោសថគឺជាផ្ទះបត់តូចមួយ ដែលគ្របដោយគម្របបួនប្រភេទ ហើយត្រូវបានធ្វើឡើងពីសម្ភារៈផ្សេងៗ។ ជាក់ស្តែង ជញ្ជាំងរបស់វាត្រូវបានធ្វើឡើងពីក្តាឈើនាងនួនចំនួន៤៨។ កម្ពស់នៃក្តានីមួយៗមានប្រវែង ៤.៥ ម៉ែត្រ () ហើយមានទទឹងប្រវែង ៦៧.៥ សង់ទីម៉ែត្រ ()។ ក្តារទាំងអស់ត្រូវបានស្រោបដោយមាស។
គម្របរោងឧបសោថត្រូវបានធ្វើពីសម្ភារៈដូចតទៅ៖ គម្របទីមួយត្រូវបានធ្វើពីវាំងននត្បាញដោយអំបោះខ្លូតទេសយ៉ាងម៉ដ្តពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ គម្របទីពីរត្រូវបានធ្វើពីរោមពពែ។ គម្របទីបីត្រូវបានធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយគម្របទីបួនត្រូវបានធ្វើពីស្បែកផ្សោត។ 
ដូចដែលយើងបានពិនិត្យមើលរួចមកហើយ ទ្វារទាំងអស់របស់រោងឧបោសថត្រូវបានធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ 
ពណ៌នៃអំបោះទាំងបួននេះ ដែលត្រូវបានប្រើប្រាស់សម្រាប់ទ្វារវាំងនននៃទីបរិសុទ្ធបំផុត បើកសម្តែងពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានសង្រ្គោះមនុស្សចេញពីបាប។ ដោយសារពណ៌ទាំងបួននេះគឺជាពន្លឺនៃសេចក្តីពិត ដែលបើកសម្តែងថា ព្រះយេស៊ូវគ្រីស្ទនឹងប្រទានឲ្យយើងនូវអំណោយទាននៃការអត់ទោសបាប ពួកវាគឺជាអំណោយទាន ដែលអ្នកជឿត្រូវអរព្រះគុណ និងដឹងព្រះគុណព្រះ។ 
 

សម្ភារៈនៃទ្វារទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត
 
សម្ភារៈនៃទ្វារទីបរិសុទ្ធ និងទីបរិសុទ្ធបំផុតសម្ភារៈនៃទ្វារទីបរិសុទ្ធ និងទីបរិសុទ្ធបំផុតគឺជាសំពត់ដែលត្បាញដោយអំបោះខ្លូតទេសយ៉ាងម៉ដ្តពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ ទ្វារទាំងអស់នៃរោងឧបោសថត្រូវបានធ្វើពីសំពត់នេះ។ មនុស្សនឹងមកដល់ទ្វារសំពត់នៃទីបរិសុទ្ធ បន្ទាប់ពីបានឆ្លងកាត់ទ្វាររោងឧបោសថ ដែលនាំទៅក្នុងទីបរិសុទ្ធ។ ទ្វារទីបរិសុទ្ធបំផុតបង្ហាញប្រាប់យើងថា ព្រះអម្ចាស់បានអត់ទោសអំពើបាបរបស់យើង តាមរយៈព្រះរាជកិច្ចទាំងបួនរបស់ទ្រង់ ដែលត្រូវបានបើក សម្តែងនៅក្នុងអំបោះខ្លូតទេសយ៉ាងម៉ដ្តពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ 
អំបោះខ្លូតទេសយ៉ាងម៉ដ្តពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ ដែលត្រូវបានប្រើសម្រាប់ទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត គឺជាស្រមោលមួយដែលបើកសម្តែងថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតទ្រង់ ហើយដូច្នេះ បញ្ចប់ព្រះរាជកិច្ចសង្រ្គោះ។ ក្នុងចំណោមសម្ភារៈទាំងនេះ អំបោះពណ៌ផ្ទៃមេឃគឺជាស្រមោលដែលបើកសម្តែងពីបុណ្យជ្រមុជដែលព្រះយេស៊ូវនឹងទទួល ហើយអំបោះពណ៌ក្រហមគឺជាស្រមោលនៃតង្វាយយញ្ញបូជា ដែលទ្រង់នឹងថ្វាយទៅកាន់ព្រះវរបិតា សម្រាប់អំពើបាបរបស់លោកិយនេះ ដែលទ្រង់បានទទួលផ្ទុកលើអង្គទ្រង់។ ដូច្នេះ ដើម្បីលាងសម្អាតអំពើបាបរបស់យើង ព្រះអម្ចាស់របស់យើងបានទទួលបុណ្យជ្រមុជ និងទទួលយកទណ្ឌកម្មនៃបាប។ នេះហើយគឺជាអ្វីដែលទ្វារសំពត់នៃទីបរិសុទ្ធបំផុតបង្រៀនយើង។ 
 

បាតរោងឧបោសថ

រោងឧបោសថត្រូវបានសាងសង់លើដីខ្សាច់រាបស្មើ ដែលជាដី។ ដីនៅទីនេះសំដៅទៅលើចិត្តរបស់មនុស្ស។ ការដែលរោងឧបោសថត្រូវបានសាង់សង់នៅលើដី និងដីខ្សាច់នេះ ក៏ប្រាប់យើងផងដែរថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីដោះអំពើបាបចេញពីចិត្តរបស់យើង។ ដោយសារព្រះយេស៊ូវបានប្រឈមនឹងភាពខ្សោយទាំងអស់របស់មនុស្សជាតិ ទ្រង់បានលាងសម្អាតអំពើបាបទាំំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតដ៏មានតម្លៃ ដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង។ ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីបញ្ចេញពន្លឺនៃសេចក្តីពិតដ៏ភ្លឺទៅកាន់លោកិយនេះ ហើយដោះស្រាយបញ្ហាបាបរបស់មនុស្សជាតិ។ ព្រះយេស៊ូវគឺជាព្រះនៃស្នាព្រះហស្ត ដែលបានបង្កើតសកលលោកទាំងមូល និងគ្រប់យ៉ាងនៅក្នុងវា ហើយទ្រង់គឺជាពន្លឺនៃសេចក្តីសង្រ្គោះ ដែលបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាប និង បណ្តាសាទាំងអស់របស់ពួកគេ។ 
 

សសរនៃទីបរិសុទ្ធបំផុត

សសរនៃទីបរិសុទ្ធបំផុតត្រូវបានធ្វើពីឈើនាងនួនបួនដើម។ នៅក្នុងព្រះគម្ពីរ លេខ៤មានន័យថា ការរងទុក្ខ។ សសរនៃទីបរិសុទ្ធបំផុតបង្ហាញប្រាប់យើងថា មនុស្សមិនអាចបានសង្រ្គោះបានឡើយ បើសិនពួកគេមិនជឿលើពន្លឺនៃសេចក្តីសង្រ្គោះដ៏ភ្លឺចិញ្ចែងចិញ្ចាច ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ។ នៅក្នុងន័យផ្សេង សសរទាំងនេះបើកសម្តែងថា យើងអាចស្វែងរកពន្លឺនៃសេចក្តីសង្រ្គោះដ៏ភ្លឺនេះបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះទ្រង់ផ្ទាល់បានបំពេញសម្រេច តាមរយៈការរងទុក្ខរបស់ទ្រង់។ 
អ្នកដែលចង់ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយឈរនៅចំពោះវត្តមានរបស់ព្រះ ត្រូវតែជឿតាមដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អនៃសេចក្តីសង្រ្គោះ ដែលព្រះបានរៀបចំទុក។ ប៉ុន្តែអ្នកដែលចូលទៅចំពោះព្រះ ដោយមិនជឿតាមដំណឹងល្អនេះ នឹងប្រឈមនឹងសេចក្តីក្រោធដ៏សាហាវរបស់ទ្រង់វិញ។ អ្នកដែលឈរនៅចំពោះព្រះ ត្រូវតែមានសេចក្តីជំនឿដែលជឿតាមសេចក្តីពិតដ៏ភ្លឺ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ តាមរយៈពន្លឺនៃសេចក្តីពិតដ៏ភ្លឺចិញ្ចែងចិញ្ចាចនេះ យើងទាំងអស់គ្នាត្រូវតែចូលទៅក្នុងទីបរិសុទ្ធបំផុត ដែលជាតំណាក់របស់ព្រះ។ 
ដំណឹងល្អអំពីការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយដំណឹងល្អអំពីការអត់ទោសបាប ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ត្រូវបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ដូច្នេះ យើងអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបាន លុះត្រាតែយើងមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អដ៏បរិសុទ្ធបំផុតនេះ។ 
 


យើងត្រូវតែជឿលើសេចក្តីសង្រ្គោះរបស់យើង ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និង ពណ៌ក្រហម


ហេព្រើរ ១១:៦ ប្រាប់យើងថា «តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ ព្រះនឹងគង់នៅជារៀងរហូត។ ហើយដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់យើង ទ្រង់បានប្រទានពរឲ្យយើងទទួលបានការអត់ទោសអំពើបាប តាមរយៈសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ដើម្បីទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ព្រះអម្ចាស់បានបំពាក់ដល់យើងនូវភាពបរិសុទ្ធដ៏គ្រប់លក្ខណ៍ តាមរយៈការលាងសម្អាតអំពើបាបទាំងអស់នៃជីវិតចាស់របស់យើង ដោយការទទួលការជំនុំជម្រះជំនួសយើង និងការប្រទានឲ្យព្រលឹងរបស់យើងនូវសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ដោយការប្រទានជីវិតថ្មីដល់យើង ព្រះអម្ចាស់បានជួយឲ្យយើងអាចចូលទៅចំពោះព្រះ ហើយអធិស្ឋានទៅកាន់ទ្រង់បាន។ លើសពីនេះ ទ្រង់ក៏បានប្រទានព្រះគុណឲ្យយើងអាចឈរនៅចំពោះវត្តមានរបស់ព្រះ ហើយហៅទ្រង់ថា ព្រះវរបិតារបស់យើងបានផងដែរ។ ទាំងនេះគឺជាអំណោយទានពីព្រះ ដែលយើងទទួលបាន តាមរយៈសេចក្តីសង្រ្គោះដែលទ្រង់បានប្រទានឲ្យយើង។ តាមរយៈការប្រទានសេចក្តីសង្រ្គោះនេះដល់យើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះបានប្រទានឲ្យយើងនូវសេចក្តីជំនឿដែលជួយឲ្យយើងអាចបានសង្រ្គោះ និងឈរនៅចំពោះទ្រង់បាន។
បើសិនអ្នក និងខ្ញុំស្លាប់នៅថ្ងៃស្អែក តើយើងមានទំនុកចិត្តគ្រប់គ្រាន់ថា យើងនឹងទៅស្ថានសួគ៌ដែរទេ? ចូរយើងគីតអំពីអនាគតរបស់យើងនៅទីនេះមួយភ្លែត។ នៅពេលមនុស្សស្លាប់ ពួកគេទាំងអស់គ្នាឈរនៅចំពោះទីជំនុំជម្រះរបស់ព្រះ។ នេះមានន័យថា យើងត្រូវតែដោះស្រាយបញ្ហាអំពើបាបទាំំងអស់ ដែលយើងបានប្រព្រឹត្តនៅលើផែនដីនេះ។ ដូច្នេះ តើយើងអាចដោះស្រាយបញ្ហានេះបានដោយរបៀបណា? បើសិនយើងគ្រាន់តែជឿ និងទទួលយកព្រះយេស៊ូវយ៉ាងល្ងិតល្ងង់ តើវាមិនមានន័យថា យើងគ្រាន់តែជឿតាមសាសនាមួយប៉ុណ្ណោះទេឬ? 
ជីវិតរបស់ខ្ញុំពីមុនក៏មិនបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ ហើយខ្ញុំបានព្យាយាមដោះស្រាយបញ្ហាអំពើបាបរបស់ខ្ញុំ ដោយជឿយ៉ាង ល្ងិតល្ងង់លើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខគត់។ នៅពេលនោះ ខ្ញុំបានជឿយ៉ាងខុសថា ព្រះយេស៊ូវបានរងទុក្ខ និងសុគតនៅលើឈើឆ្កាងសម្រាប់មនុស្សដូចជាខ្ញុំ ហើយថា ទ្រង់បានដោះស្រាយបញ្ហាបាបទាំងអស់ហើយ។ ប៉ុន្តែតាមរយៈសេចក្តីជំនឿនេះ ខ្ញុំមិនអាចដោះស្រាយបញ្ហាអំពើបាបដែលខ្ញុំប្រព្រឹត្តប្រចាំថ្ងៃបានឡើយ។ ផ្ទុយទៅវិញ គឺដោយសារការជឿលើសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលវិញ្ញាណរបស់ខ្ញុំបានកើតជាថ្មីទាំងស្រុង។ 
តើអំពើបាបទាំងអស់របស់យើងពិតជាត្រូវបានដោះចេញ នៅពេលយើងជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះយ៉ាងល្ងិតល្ងង់ឬ? សេចក្តីជំនឿដែលជួយឲ្យយើងអាចចូលទៅចំពោះព្រះបាន មិនមាននៅក្នុងសេចក្តីជំនឿដ៏ល្ងិតល្ងង់បែបនេះឡើយ ប៉ុន្តែមាននៅក្នុងការយល់ និងការជឿតាម សេចក្តីពិតវិញ។ ទោះបីជាយើងជឿយ៉ាងមាំមួនលើព្រះយេស៊ូវក៏ដោយ បើសិនយើងមិនស្គាល់ដំណឹងល្អនៃសេចក្តីពិត ដែលបានសង្រ្គោះពួកមនុស្សមានបាប តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ ក៏យើងមិនអាចជួបជាមួយព្រះដ៏បរិសុទ្ធបានដែរ។ លុះត្រាតែយើងមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបយើងអាចជួបជាមួយព្រះដ៏បរិសុទ្ធបាន។ ដូច្នេះ តើសម្ភារៈនៃសេចក្តីជំនឿអ្វីខ្លះ ដែលបង្កើតសេចក្តីពិតដែលជួយឲ្យយើងអាចឈរនៅចំពោះព្រះ ក្នុងនាមជាអ្នកដែលបានសង្រ្គោះបាន? តើដំណឹងល្អអ្វីដែលជួយឲ្យយើងអាចមានសេចក្តីជំនឿបែបនេះបាន? ដំណឹងល្អនេះគឺជាដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ 
ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍សម្រាប់យើងដែលជឿ។ ដូច្នេះ បើសិនព្រលឹងរបស់យើងចង់បានស្អាតពីបាប ហើយចូលទៅក្នុងនគរនៃសេចក្តីពិតដ៏ភ្លឺ យើងត្រូវតែជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន (ម៉ាថាយ ៣:១៥) និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង (យ៉ូហាន ១៩:៣០)។ បើសិនយើងមិនជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកធ្វើជាព្រះអង្គសង្រ្គោះរបស់យើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ យើងមិនអាចមានចិត្តសស្អាតដូចជាព្រិលបានឡើយ។ 
នៅពេលខ្លះ នៅពេលយើងសម្លឹងមើលភាពខ្សោយខាងសាច់ឈាមរបស់យើង យើងទួញសោកចំពោះវា។ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏ដោយសារតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងនៅតែអាចថ្វាយការអរព្រះគុណរបស់យើងទៅកាន់ព្រះបានដែរ ពីព្រោះព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចហើយ។ អ្នក និងខ្ញុំមិនអាចត្រឡប់ជាបរិសុទ្ធតាមរបៀបណាមួយបានឡើយ ប៉ុន្តែដោយការជឿតាមដំណឹល្អអំពីទឹក និងព្រះវិញ្ញាណនេះ យើងបានត្រឡប់ជាបរិសុទ្ធបាន។ ព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់បានធ្វើឲ្យយើងសុចរិត និងបរិសុទ្ធ។ 
នៅក្នុង ម៉ាថាយ ១៩:២៤ ព្រះអម្ចាស់បានមានបន្ទូលថា «ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ»។ អ្នកដែលមានខាងវិញ្ញាណ មិនអាចបានសង្រ្គោះបានឡើយ ពីព្រោះពួកគេមិនជឿថា ពួកគេអាចទទួលបានការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានទេ។ មានតែអ្នកដែលពិតជាខ្សត់ខាងវិញ្ញាណ ចង់ទៅស្ថានសួគ៌ ទូលសុំជំនួយពីព្រះ បោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេចោល និងបែរមកជឿលើសេចក្តីសុចរិតរបស់ព្រះ១០០ភាគរយទេ ទើបអាចទទួលបានជីវិតអស់កល្បជានិច្ច ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានបញ្ចេញពន្លឺដ៏ភ្លឺនៃសេចក្តីសង្រ្គោះ ដើម្បីឲ្យយើងអាចជួបជាមួយព្រះដ៏បរិសុទ្ធបំផុតបាន។ យើងមិនអាចបានបរិសុទ្ធ ដោយខ្លួនឯងបានឡើយ ប៉ុន្តែនៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ យើងពិតជាអាចត្រឡប់ជាបរិសុទ្ធ និងចូលទៅក្នុងនគរនៃសេចក្តីពិតបាន។ 
 

យើងត្រូវតែបោះបង់សេចក្តីជំនឿបែបសាសនា និងបែបគោលលទ្ធិចោល

នៅក្នុង យ៉ូហាន ៣:៣ ព្រះយេស៊ូវទ្រង់ផ្ទាល់បានមានបន្ទូលថា «បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ» ហើយលោក នីកូដេមបានសួរទ្រង់ថា «ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ?» (យ៉ូហាន ៣:៤)។ 
អ្នកដែលមិនបានកើតជាថ្មី គិតថា ការបានកើតជាថ្មី ដោយសារសេចក្តីជំនឿតែមួយមិនអាចទៅរួចឡើយ។ នៅពេលខ្លះ សូម្បីតែពួកសិស្សរបស់ព្រះយេស៊ូវ ក៏មិនយល់ពីព្រះបន្ទូលទ្រង់ ហើយសង្ស័យដែរ។ ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា «ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់» (ម៉ាថាយ ១៩:២៦)។ ពិតណាស់ មនុស្សជាតិមិនអាចចូលទៅក្នុងនគរព្រះ ដោយសារសេចក្តីជំនឿបែបសាសនារបស់ពួកគេបានឡើយ ប៉ុន្តែពួកគេអាចចូលបាន ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ ទោះបីជាយើងមិនអាចត្រឡប់ជាបរិសុទ្ធ ដោយខ្លួនឯងបានក៏ដោយ ក៏ព្រះបានជួយឲ្យយើងចូលនគរស្ថានសួគ៌របស់ទ្រង់ដែរ បើសិនយើងជឿថា ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រទានពន្លៃនៃសេចក្តីសង្រ្គោះ ដែលដោះអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត។ 
សេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលគេបានប្រើជាសម្ភារៈសម្រាប់រោងឧបោសថ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានបំពេញសម្រេចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងន័យផ្សេង ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺដូចគ្នានឹងសេចក្តីពិត ដែលត្រូវបានបើក សម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរ។ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺជាស្រមផលនៃសេចក្តីសង្រ្គោះដ៏ពិត ហើយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាខ្លឹមសារពិតប្រាកដនៃស្រមោលនេះ។ 
ដូច្នេះ យើងអាចស្វែងរកឃើញសេចក្តីពិតដ៏ភ្លឺនៃសេចក្តីសង្រ្គោះ តាម រយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយសម្រាកនៅក្នុងវាបាន។ មាន សន្តិភាពនៅក្នុងដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណ ដូចដែលក្មេងដែលផ្តាច់ដោះម្នាក់កំពុងតែលេង សម្រាក និងគេងយ៉ាងសុខសាន្តនៅក្នុងដៃរបស់ម្តាយ អញ្ចឹងដែរ។ លុះត្រាតែយើងស្វែងរកឃើញពន្លឺដ៏បរិសុទ្ធបំផុតនៅក្នុងដំណឹងល្អ ទើបយើងអាចជួបជាមួយព្រះដ៏បរិសុទ្ធបំផុតបាន។ លុះត្រាតែយើងជឿលើដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណ ទើបយើងអាចស្វែងរកឃើញសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើងបាន។ ហើយមានតែអ្នកដែលជឿលើ សេចក្តីសង្រ្គោះដែលព្រះបានប្រទានឲ្យនេះប៉ុណ្ណោះ ដែលអាចទទួលបាន សេចក្តីសម្រាកដ៏អស់កល្បជានិច្ចបាន។ 
សរុបមក ការជឿតាមដំណឹងល្អដ៏បរិសុទ្ធបំផុតអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីជំនឿដែលជួយឲ្យយើងអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបាន។ សេចក្តីជំនឿដែលជឿតាមដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណនេះជួយឲ្យយើងអាចទទួលបានការអត់ទោសបាបរបស់យើងបាន។ ព្រះអម្ចាស់បានយាងមកផែនដីនេះ ហើយតាមរយៈសេចក្តីពិតនៃដំណឹងល្អ ដែលទ្រង់បានដោះអំពើបាបរបស់យើងចេញតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់។ ឥឡូវនេះ ទ្រង់បានបំពេញសម្រេចសេចក្តីសន្យា ដែលទ្រង់បានប្រទានឲ្យយើង តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ មានតែអ្នកដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចមានជីវិតអស់កល្បជានិច្ច និងចូលទៅក្នុងស្ថានសួគ៌បាន។ 
បើសិនដំណឹងល្អដ៏ពិតអំពីទឹក និងព្រះវិញ្ញាណនេះមិនត្រូវបានប្រកាសតាំងពី៣០ឆ្នាំមុន វាប្រាកដជានឹងត្រូវបាត់បង់ចេញពីពិភពលោកនេះហើយ។ ប៉ុន្តែវាគឺជាទិព្វញ្ញាណរបស់ព្រះ ដែលសេចក្តីពិតនេះត្រូវបានប្រកាសនៅថ្ងៃចុងក្រោយនេះ។ ព្រះអម្ចាស់បានមានបន្ទូលនៅក្នុងកណ្ឌវិវរណៈថា នៅថ្ងៃចុងក្រោយ មនុស្សយ៉ាងច្រើនរាប់មិនអស់នឹងបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ។ ហើយទ្រង់ក៏បានមានបន្ទូលផងដែរថា នឹងមានទុក្ករបុគ្គលជាច្រើន ហើយថា ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ មនុស្សមួយចំនួនធំនឹងសម្តែងសេចក្តីជំនឿរបស់ពួកគេ ដោយការទុកចិត្តលើព្រះអម្ចាស់ ហើយទទួលយកទុក្ករកម្មរបស់ពួកគេ។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់បានផ្តោតលើថ្ងៃចុងក្រោយជាពេលវេលាប្រមូលព្រលឹងជាច្រើន។ ផែនការរបស់ព្រះគឺសម្រាប់តែអ្នកដែលពិតជាជឿតាមដំណឹងល្អនៃសេចក្តីពិតនេះប៉ុណ្ណោះ ដើម្បីទទួលបានអំណោយទាននៃ សេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់។
ដោយសារអ្នកមានពរសមល្មម ដែលស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅសម័យនេះ ហើយអ្នកអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់បាន។ ខ្ញុំពិតជាអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ តើអ្វីនឹងអាចកើតឡើងចំពោះយើងទាំងអស់គ្នា បើសិនយើងមិនបានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ? ការពិតគឺថា សូម្បីតែនៅវេលានេះ មិនមែនគ្រប់គ្នាទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ ហើយសេចក្តីពិតនេះមិនមែនជាអ្វីដែលអាចចូលទៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាបានដែរ។ 
តាមការពិត យើងមើលឃើញថា ទោះបីជាមានគ្រីស្ទបរិស័ទជាច្រើននៅ ទូទាំងពិភពលោកនេះក៏ដោយ ក៏ពួកគេជាច្រើនមិនទាំងស្គាល់ ឬជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះផង។ ដូច្នេះ តើពួកគេដែលមិនស្គាល់ដំណឹងល្អដ៏ពិត អាចបានសង្រ្គោះចេញពីបាបបានដោយរបៀបណា? ដូច្នេះហើយបានជាព្រះបានអនុញ្ញាតឲ្យយើងប្រកាសដំណឹងល្អដ៏ពិត តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រគ្រីស្ទបរិស័ទ។ 
មានមនុស្សជាច្រើននៅពាសពេញពិភពលោកនេះ ដែលធ្វើបន្ទាល់ថា ពួកគេបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បន្ទាប់ពីពួកគេបានអានអក្សរសាស្ត្រដំណឹងល្អ ដែលយើងបាន និងកំពុងតែប្រកាសនេះ។ មុនពេលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេទាំងអស់គ្នាបានស្គាល់ព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ពួកគេអរព្រះគុណដល់ព្រះអម្ចាស់ ដែលពួកគេអាចទទួលបានការយល់ដឹងច្បាស់លាស់អំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជឿតាម។ ហើយក៏មានមនុស្សជាច្រើន ដែលធ្វើបានបន្ទាល់ថា ពីមុន ពួកគេមិនបានយល់ពីសារៈសំខាន់ដ៏អស្ចារ្យបែបនេះត្រូវបានលាក់ទុកនៅក្នុងការពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហានឡើយ។ ឥឡូវនេះ ពួកគេជឿតាមដំណឹងល្អនេះ ហើយអរព្រះគុណយ៉ាងខ្លាំងដល់ព្រះ។ 
យើងអាចមើលឃើញថា ទ្វារចូលទីលានរោងឧបោសថក៏ត្រូវបានធ្វើពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ ពណ៌ទាំងបួននេះគឺដូចគ្នានឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយតាមរបៀបដូចគ្នានេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ត្រូវបានបើកសម្តែងនៅក្នុងទ្វារសំពត់នៃទីបរិសុទ្ធ និងទ្វារវាំងនននៃទីបរិសុទ្ធបំផុតផងដែរ។ លើសពីនេះ គម្របទីមួយនៃរោងឧបោសថក៏ត្រូវបានត្បាញដោយពណ៌ទាំងបួនដូចគ្នាដែរ៖ សំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីពិតនេះសំដៅទៅលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានប្រកាសអង្គទ្រង់ជាផ្លូវទៅស្ថានសួគ៌។ តាមរយៈការយាងមកផែនដីនេះ និងការសង្រ្គោះពួកមនុស្សមានបាប ដោយសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទ្រង់បានធ្វើឲ្យអ្នកដែលជឿត្រឡប់ជាឥតបាប។ 
ផ្លូវចូលទៅនគរស្ថានសួគ៌ មាននៅក្នុងសេចក្តីជំនឿដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ចេញពីបាប។ តើនៅកន្លែងណាដែលអ្នកគិតថា អ្នកអាចស្វែងរកឃើញសេចក្តីពិតនេះ? បើសិនអ្នកជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង អ្នកនឹងបានសង្រ្គោះចេញពីអំពើបាបទាំំងអស់ ហើយទទួលបានជីវិតអស់កល្បជានិច្ចតែម្តងជាសម្រេច។ 
ដូច្នេះ តើអ្វីគឺជាភាពខុសគ្នារវាងសេចក្តីជំនឿដែលគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីជំនឿដែលជឿយ៉ាងត្រឹមត្រូវតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ? ដោយសារតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះ អម្ចាស់បានសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើទុច្ចរិតរបស់ពួកគេ នោះការជឿតាមដំណឹងល្អនេះក៏ជាការជឿយ៉ាងត្រឹមត្រូវលើព្រះអម្ចាស់ដែរ។ ហើយដោយសារព្រះអម្ចាស់បានសង្រ្គោះពួកមនុស្សមានបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ការជឿ និងទទួលយកព្រះអម្ចាស់ជាព្រះអង្គសង្រ្គោះគឺដូចគ្នានឹងការបានសង្រ្គោះចេញពីបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានបំពេញសម្រេចដែរ។ ការដែលគ្រាន់តែជឿលើព្រះនាមទ្រង់ មិនមានន័យថា យើងនឹងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ហើយចូលទៅក្នុងនគរស្ថានសួគ៌ទេ។ 
ប៉ុន្តែដោយសារការជឿយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហានសម្រាប់យើង បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ នោះយើងអាចទទួលបានការអត់ទោសបាបរបស់យើង និងធ្វើជារាស្ត្ររបស់ព្រះបាន។ ព្រះអនុញ្ញាតឲ្យតែអ្នកដែលមានសេចក្តីជំនឿតាមដំណឹងល្អដ៏បរិសុទ្ធបំផុតអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ចូលទៅក្នុងនគរស្ថានសួគ៌។ ប៉ុន្តែអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ ពីព្រោះពួកគេមិនបានកើតជាថ្មីទេ។
ដោយសារការជឿតាមដំណឹងល្អដ៏ភ្លឺអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ យើងអាចទទួលបានសេចក្តីជំនឿដ៏បរិសុទ្ធបំផុត ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ។ ទោះបីជាការប្រព្រឹត្តរបស់យើងមិនពេញលេញក៏ដោយ ក៏នៅពេលយើងមានសេចក្តីជំនឿបែបនេះ តើអ្នកណាអាចនិយាយបានថា យើងមិនបានរាប់ជាសុចរិត? នៅពេលយើងបានបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើយើងអាចនៅតែមានបាបបានយ៉ាងដូចម្តេច? មនុស្សមួយចំនួនឆ្ងល់ពីរបៀបដែលយើងអាចនិយាយថា យើងឥតមានបាប ខណៈដែលយើងនៅតែមានសាច់ឈាមដែលបន្តធ្វើបាប។
ប៉ុន្តែនេះគឺគ្រាន់តែជាគំនិតខាងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ អ្នក ដែលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យល់ស្របថា មនុស្សជាតិមានរូបកាយមិនគ្រប់លក្ខណ៍ ហើយដូច្នេះ ពួកគេតែងតែធ្វើបាប រហូតដល់ពួកគេស្លាប់។ ទោះបីជាយ៉ាងណា ពួកគេក៏ជឿផងដែរថា នៅក្នុង សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍នៃបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ ពួកគេបានទទួលការអត់ទោសបាបជារៀងរហូត រួមទាំងអំពើបាបដែលពួកគេនឹងប្រព្រឹត្តនៅពេលអនាគតដែរ។ 
ការដែលអ្នក និងខ្ញុំអាចមានព្រះបន្ទូលនៃសេចក្តីជំនឿខាងវិញ្ញាណ និងមានសេចក្តីជំនឿដ៏បរិសុទ្ធបំផុត ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ គឺដោយសារតែការពិតថា ព្រះអម្ចាស់បានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះអម្ចាស់បានប្រទានឲ្យយើងនូវសេចក្តីជំនឿទុកជាអំណោយទានសម្រាប់យើង ដែលជួយឲ្យយើងអាចជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ដោយសារសេចក្តីជំនឿរបស់យើងលើព្រះអម្ចាស់ យើងអាចមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ហើយរស់នៅដោយបម្រើព្រះអម្ចាស់ និងស្រឡាញ់គ្នាទៅវិញទៅមក។ នេះហើយគឺជាសុភមង្គលដ៏ពិតរបស់យើង។ 
យើងត្រូវតែអរព្រះគុណសម្រាប់ដំណឹងល្អនេះ។ វាអស្ចារ្យណាស់ ដែលខ្ញុំអាចស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជឿតាម! នៅពេលខ្ញុំមិនមានការយល់ដឹងសូម្បីតែបន្តិចអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ តាមរយៈព្រះបន្ទូលនៃសេចក្តីពិត ព្រះបានប្រទានឲ្យចិត្តរបស់ខ្ញុំមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយដោយសារការជឿតាមដំណឹងល្អនេះ យើងទាំងអស់គ្នាបានទទួលព្រះពរពីស្ថានសួគ៌។ 
 

ដោយសារតែដំណឹងល្អដ៏ពិតនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំប្រកាសវា ដោយការអរព្រះគុណ

ខណៈដែលកំពុងតែអានព្រះគម្ពីរ សំណួរមួយបានចាប់ផ្តើមលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ៖ ហេតុអ្វីព្រះទទួលបុណ្យជ្រមុជ? ដោយសារសំណួរនេះនៅតែបន្តលេចឡើង ខ្ញុំបានព្យាយាមស្វែងរកចម្លើយរបស់វា តាមរយៈព្រះគម្ពីរ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចបង្រៀនខ្ញុំបានឡើយ។ ដូច្នេះហើយបានជាខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ រហូតដល់ខ្ញុំបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ជារឿយៗ ខ្ញុំអានបទគម្ពីរចេញពី ម៉ាថាយ ៣:១៣-១៧ ជាពិសេសនៅកន្លែងដែលព្រះយេស៊ូវមានបន្ទូលទៅកាន់លោកយ៉ូហាន មុនពេលទ្រង់ទទួលបុណ្យជ្រមុជ៖ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» ប៉ុន្តែខ្ញុំមិនអាចយល់ពីអត្ថន័យរបស់វាបានឡើយ។ ដូច្នេះ ជារឿយៗ ខ្ញុំបានសួរអ្នកដទៃអំពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងទន្លេយ័រដាន់ ប៉ុន្តែខ្ញុំមិនដែលទទួលបានចម្លើយគួរឲ្យពេញចិត្តឡើយ។ ផ្ទុយទៅវិញ ព្រះបានជួយឲ្យខ្ញុំអាចយល់ពីគោលបំណងនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន។ នេះគឺជាបដិវត្តន៍ខាងវិញ្ញាណមួយសម្រាប់ខ្ញុំ ដូចជាមនុស្សខ្វាក់ម្នាក់បានមើលឃើញវិញ។ ដូច្នេះ បន្ទាប់ពីខ្ញុំយល់ពីអត្ថន័យនៃ ម៉ាថាយ ៣:១៣-១៧ ខ្ញុំបានយល់ពី សេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលបានសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ។
មុនពេលខ្ញុំយល់ពីសេចក្តីពិតនេះ ខ្ញុំបានជឿ និងទទួលយកព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខគត់ជាសេចក្តីសង្រ្គោះរបស់ខ្ញុំ ប៉ុន្តែការពិតគឺថា ខ្ញុំនៅតែមានបាប ហើយជាមនុស្សមានបាបម្នាក់ដដែល។ នៅពេលនោះ ខ្ញុំបានជឿថា ខ្ញុំអាចទទួលបានការអត់ទោសសម្រាប់បាបតាំងពីកំណើតរបស់ខ្ញុំបាន ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ ប៉ុន្តែអំពើបាបជាក់ស្តែងរបស់ខ្ញុំនៅតែមាននៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ខ្ញុំមិនបានស្គាល់សេចក្តីពិតដែលធ្វើឲ្យមនុស្ស ត្រឡប់ជាឥតបាបទេ គឺខ្ញុំមិនស្គាល់បុណ្យជ្រមុជដែលព្រះយេសូវបានទទួលពីលោកយ៉ូហានឡើយ។ ទោះបីជាយ៉ាងណា ព្រះបានបំភ្លឺចិត្តរបស់ខ្ញុំ ដោយពន្លឺដ៏ភ្លឺនៃការអត់ទោសបាប ដូចជាពន្លឺបំភ្លឺនៅក្នុងបន្ទប់ងងឹងមួយ។ «តាមការពិត បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការដាក់ដៃលើនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់! ដូច្នេះ នេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ!»
ប៉ុន្តែមានរឿងអ្វីកើតឡើង? ដោយសារការភ្ញាក់ផ្អើលចំពោះការទទួលស្គាល់របស់ខ្ញុំ ភាពជ្រួលច្របល់ដ៏ធំមួយបានចាប់ផ្តើមកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានយល់ពីសេចក្តីពិតនេះ៖ បើសិនគ្មានដំណឹងល្អណាផ្សេងក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ តើនឹងមានរឿងអ្វីកើតឡើងចំពោះលោកិយនេះ? ខ្ញុំបានគិតថា សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទដំណឹងល្អនិយមត្រឹមត្រូវតាមព្រះគម្ពីរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានយល់ថា ដំណឹងល្អទាំងអស់ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺសុទ្ធតែជាដំណឹងល្អក្លែងក្លាយ ដែលមកពីសាតាំងទាំងអស់។
ដូច្នេះ គ្រប់យ៉ាងដែលខ្ញុំបានធ្វើចាប់ពីនោះមក គឺជឿ និងប្រកាសថា គ្មានដំណឹងល្អពិតប្រាកដណា ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ មនុស្សមួយចំនួនបានរិះគន់ខ្ញុំសម្រាប់ការនេះ។ ព្រះក៏បានបើកសម្តែងដល់ខ្ញុំដែលជាមនុស្សម្នាក់ដែលមានភាពខ្សោយយ៉ាងច្រើន នូវសេចក្តីពិតអំពីសេចក្តីសង្រ្គោះដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ ហើយទ្រង់ក៏បានជួយឲ្យខ្ញុំអាចជឿ និងប្រកាសថា សេចក្តីពិតនេះគឺជាដំណឹងល្អពិតប្រាកដ។ មានដំណឹងល្អស្រដៀងគ្នាជាច្រើននៅក្នុងពិភពលោកនេះ ប៉ុន្តែមានដំណឹងល្អពិតប្រាកដតែមួយប៉ុណ្ណោះ។ នេះហើយគឺជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល។ 
កាលណាខ្ញុំគិតអំពីរបៀបដែលខ្ញុំបានប្រកាសសេចក្តីពិតអំពីការអត់ទោសបាប និងរបៀបដែលខ្ញុំបានស្គាល់ ជឿ និងប្រកាសដំណឹងល្អដ៏បរិសុទ្ធបំផុតអំពីទឹក និងព្រះវិញ្ញាណ ខ្ញុំដឹងថា ខ្ញុំពិតជាបានទទួលព្រះពរដ៏ធំធេងពីព្រះ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺគ្រាន់តែជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយអំពើបាបទាំងអស់របស់ខ្ញុំត្រូវបានដោះចេញ! ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិត ហើយខ្ញុំអរព្រះគុណដល់ព្រះអម្ចាស់ ដែលប្រទានដំណឹងល្អនេះដល់ខ្ញុំ។ ខ្ញុំគឺជាមនុស្សម្នាក់ ដែលទទួលបានព្រះពរដ៏ធំធេងពីព្រះ។ ហើយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងវិញ្ញាណនេះ ក៏ទទួលបានព្រះពរដ៏ធំធេងនេះផងដែរ។ 
ខ្ញុំជឿថា គ្រប់យ៉ាងគឺជាព្រះពរដែលព្រះបានប្រទានដល់ខ្ញុំ។ ដូចដែលសាវកប៉ុលបានសារភាពថា «ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ» (១កូរិនថូស ១៥:១០) ខ្ញុំត្រូវតែសរសើរតម្កើងព្រះគុណរបស់ទ្រង់ ដែលទ្រង់បានប្រទានដល់ខ្ញុំ។ និយាយយ៉ាងស្មោះត្រង់ បើសិនមិននៅក្នុងពួកជំនុំរបស់ព្រះទេ តើអ្នកអាចបានស្តាប់ឮដំណឹងល្អអំពីសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបានដោយរបៀបណា? អ្នកដែលស្តាប់ឮ និងជឿតាមព្រះបន្ទូលអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម នឹងបានស្អាតនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ តើអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គិតយ៉ាងដូចម្តេចអំពីដំណឹងល្អនេះ? សម្រាប់ពួកគេ សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណគឺគ្រាន់តែរឿងគួរឲ្យធុញទ្រាន់ប៉ុណ្ណោះ។ 
តើអ្នកមានសេចក្តីជំនឿដែលជឿលើអំបោះពណ៌ផ្ទៃមេឃ និងពណ៌ក្រហមនៃទ្វារវាំងននសម្រាប់ទីបរិសុទ្ធបំផុតដែរទេ? នៅពេលអ្នកស្តាប់ឮព្រះបន្ទូលនេះ ចូរកុំគិតថា អ្នកស្គាល់វារួចហើយឲ្យសោះ ប៉ុន្តែអ្នកត្រូវពិនិត្យមើលខ្លួនអ្នកថា ចិត្តរបស់អ្នកមានសេចក្តីពិតនេះហើយឬនៅ? នៅក្នុងន័យផ្សេង ឥឡូវនេះ អ្នកត្រូវតែធ្វើជាអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលស្របតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ អ្នកនឹងមានព្រះពរ បើសិនអ្នកអាចចូលទៅក្នុងពួកជំនុំរបស់ព្រះ ស្តាប់ឮព្រះបន្ទូលព្រះ និងមានឯកសិទ្ធិចូលទៅស្ថានសួគ៌បាន។ 
ផ្ទុយទៅវិញ បើសិនអ្នកមិនអាចស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានសេចក្តីជំនឿពិតប្រាកដ និងចូលនគរស្ថានសួគ៌បានទេ គ្រប់យ៉ាងដែលអ្នកស្តាប់ឮពីរឿងដែលមនុស្សបង្កើតឡើង តើអ្នកនឹងទទួលបានផលប្រយោជន៍អ្វីខ្លះ? បើសិនដំណឹងល្អដែលអ្នកជឿតាម ខុសពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើព្រលឹងរបស់អ្នកអាចមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់បាន? ព្រះបន្ទូលព្រះ និងសេចក្តីជំនឿរបស់អ្នកត្រូវតែស៊ីគ្នាទាំងស្រុង ដូចដែលសេចក្តីជំនឿរបស់សាវកប៉ុល និងសេចក្តីជំនឿរបស់យើងដូចគ្នាដែរ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសាវកពេត្រុសបានជឿតាម ក៏ជាដំណឹងល្អដែលយើងជឿតាមដែរ (១ពេត្រុស ៣:២១)។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការអនុញ្ញាតឲ្យយើងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណនៅថ្ងៃចុងក្រោយនេះ។ ហើយកាលណាអ្នកជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងសៀវភៅរបស់យើង ហើយចែកចាយវាជាមួយអ្នកដទៃ ពួកគេក៏នឹងទទួលបានការអត់ទោសបាប ហើយអរព្រះគុណដល់ព្រះដោយអំណរផងដែរ។ យើងត្រូវតែដឹងថា គ្រប់ទាំងគំរូ និងប្រដាប់ប្រដានៅក្នុងរោងឧបោសថផ្តល់នូវរូបភាពលម្អិតនៃព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ ដែលបានបោះអំពើបាបទាំងអស់របស់យើងចេញ ហើយយើងត្រូវតែអរព្រះគុណដល់ព្រះសម្រាប់សេចក្តីពិតនេះ។ 
យើងមានពរហើយ ដែលបានសង្រ្គោះ និងចូលទៅក្នុងស្ថានសួគ៌ កាលណាយើងជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងទ្វារាំងនននៃទីបរិសុទ្ធបំផុត។ លើសពីនេះ ព្រះបានជួយឲ្យយើងអាចប្រកាសទៅទូទាំងពិភពលោកនេះនូវសេចក្តីពិតអំពីការអត់ទោសបាប ដែលមាននៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ។ ព្រះបានប្រគល់ការងារនេះដល់យើង។ ពីកន្លែងបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់យើង យើងស្មោះត្រង់ចំពោះការងារ ដែលទ្រង់បានប្រគល់ឲ្យយើងម្នាក់ៗ ហើយព្រះកំពុងតែប្រទានពរដល់យើងសម្រាប់សេចក្តីស្មោះត្រង់នេះ។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះ។ ខ្ញុំថ្វាយសិរីល្អដល់ទ្រង់ តាមរយៈសេចក្តីជំនឿរបស់ខ្ញុំ ដែលជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះខ្លូតទេសត្បាញយ៉ាងម៉ដ្តពណ៌ផ្ទៃមេឃ ពណ៌ក្រហម និងពណ៌ស្វាយ ដែលត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបផសថ គឺដូចគ្នានឹងពណ៌ទាំងបួន ដែលត្រូវបានបើកសម្តែងនៅក្នុងទ្វារវាំងនននៃទីបរិសុទ្ធបំផុតដែរ។ ឥឡូវនេះ ខ្ញុំសង្ឃឹមយ៉ាងស្មោះត្រង់ថា អ្នកទាំងអស់គ្នានឹងក្លាយជាអ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយសារសេចក្តីជំនឿ ហើយអាចចូលទៅក្នុងទីបរិសុទ្ធបំផុតដែលព្រះគង់នៅជារៀងរហូតបាន។ ដូច្នេះ តើសេចក្តីជំនឿរបស់អ្នកកំពុងតែឈរយ៉ាងរឹងមាំនៅលើសេចក្តីពិតនេះដែរទេ?