Search

Sermons

Subject 11 : រោងឧបោសថ

[11-19] ជើងចង្កៀងមាស (និក្ខមនំ ២៥:៣១-៤០)

ជើងចង្កៀងមាស
(និក្ខមនំ ២៥:៣១-៤០)
«រួចត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា ត្រូវមានមែក៦បែកចេញមកពីគល់ គឺមែក៣ម្ខាងៗ នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់ កន្សោមគ្រាប់នឹងមែកទាំងប៉ុន្មាននោះ ត្រូវឆ្លាក់ធ្វើពីមាសសុទ្ធភ្ជាប់ជាមួយគ្នា ត្រូវធ្វើចង្កៀង៧សំរាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ ឯឃ្នាបប្រឆេះ និងកន្ថោរដាក់កំទេចសំរាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ ត្រូវយកមាសសុទ្ធ១ហាបធ្វើជើងចង្កៀង ហើយនឹងគ្រឿងប្រដាប់ទាំងអស់នោះ ហើយត្រូវប្រយ័ត្ននឹងធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញឯងឃើញនៅលើភ្នំស្រាប់។»
 
 
ជើងចង្កៀងមាស
ជើងចង្កៀងមាសត្រូវបានធ្វើពីមាសសុទ្ធមួយហាប។ ដើមរបស់វាត្រូវបានឆ្លាក់ចេញពីមាសសុទ្ធមួយហាប ជាមួយមែកបីបែកចេញមកពីជ្រុងទាំងពីររបស់វា ហើយចង្កៀងចំនួនប្រាំពីរត្រូវបានដាក់ពីលើដើម និងមែកទាំងប្រាំមួយរបស់វា។ ដោយសារជើងចង្កៀងមាសត្រូវបានធ្វើពីមាសសុទ្ធមួយហាប វាមានភាពស្រស់ស្អាតខ្លាំងណាស់។
នៅពីលើជើងចង្កៀងមាស មានចង្កៀងចំនួនប្រាំពីរ ដើម្បីដាក់ប្រេងដុតបំភ្លឺទីបរិសុទ្ធគ្រប់ពេលវេលា។ គេអាចចូលទៅក្នុងទីបរិសុទ្ធបាន លុះត្រាតែគេបើកទ្វារដែលត្បាញដោយសំពត់ខ្លូតទេសយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃរោងឧបោសថ។ ហើយអ្នកដែលអាចចូលទៅកន្លែងនេះបាន មានតែអ្នកដែលជឿលើព្រះរាជកិច្ចសង្រ្គោះដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមតែប៉ុណ្ណោះ។ ដូច្នេះ គ្មានអ្នកណាអាចចូលទៅក្នុងទីបរិសុទ្ធ ដោយមិនមានសេចក្តីជំនឿបានឡើយ ពីព្រោះវាគឺជាកន្លែងមួយ ដែលអនុញ្ញាតឲ្យតែអ្នកដែលស្គាល់សេចក្តីអាថ៌កំបាំងនៃសំពត់ខ្លូតទេសយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារសំពត់នៃរោងឧបោសថ ចូលប៉ុណ្ណោះ។
ដូច្នេះ មានតែអ្នកដែលជឿលើសេចក្តីសង្រ្គោះដ៏អស្ចារ្យនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ ដែលអាចធ្វើជាសមាជិកនៃពួកជំនុំរបស់ព្រះបាន។ ពណ៌ទាំងបួននៃទ្វារសំពត់នៃរោងឧបោសថគឺជាស្រមោលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបើកសម្តែងជាមុនអំពីការយាងមករបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជ និងបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង តាមរយៈការបង្ហូរព្រះលោហិត និងការសុគតនៅលើឈើឆ្កាង។ 
មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ ដែលជាដំណឹងល្អអំពីការអត់ទោសបាបដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានបង្កើតឡើងពីបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងការជំនុំជម្រះនៅលើឈើឆ្កាង ដែលទ្រង់បានទទួល ដើម្បីប្រទានព្រះពរនៃការអត់ទោសបាបដល់យើង។ ដូច្នេះ មានតែអ្នកដែលជឿយ៉ាងអស់ពីចិត្តតាមសេចក្តីពិតនេះប៉ុណ្ណោះ ដែលអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេបាន។ នៅក្នុងន័យផ្សេង ព្រះអនុញ្ញាតឲ្យតែអ្នកដែលជឿតាមសេចក្តីពិតនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ ចូលទៅក្នុងទីបរិសុទ្ធ។
ដោយសារជើងចង្កៀងមាសនៅខាងក្នុងទីបរិសុទ្ធ តែងតែបញ្ចេញពន្លឺដ៏ភ្លឺរបស់វា អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក៏អាចបំភ្លឺលោកិយនេះ ដោយពន្លឺនៃសេចក្តីសង្រ្គោះដែលសង្រ្គោះមនុស្សចេញពីអំពើបាបរបស់ពួកគេបានផងដែរ។ នៅក្នុងន័យផ្សេង មានតែអ្នកដែលបានទទួលការអត់ទោសបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចបំពេញតួនាទីនៃជើងចង្កៀង ដែលបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះ ដើម្បីឲ្យអ្នកដទៃអាចស្គាល់សេចក្តីពិតនេះ ហើយទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេបាន។
ជើងចង្កៀងមាសមាន នប់ កន្សោមគ្រាប់ និងផ្កា។ ដោយសារព្រះបានបង្គាប់ថា ត្រូវដាក់ចង្កៀងចំនួនប្រាំពីរនៅលើជើងចង្កៀង នៅពេលគេដុតជើងចង្កៀង គ្រប់ពេលគ្មានភាពងងឹតនៅក្នុងទីបរិសុទ្ធឡើយ។ នេះមានន័យថា មនុស្សសុចរិតដែលបានស្អាតពីអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងប្រមូលផ្តុំគ្នា សាងសង់ពួកជំនុំរបស់ព្រះ ហើយបំភ្លឺលោកិយនេះ។ ពន្លឺនៃជើងចង្កៀងដែលបំភ្លឺនៅក្នុងទីបរិសុទ្ធ គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបណ្តេញសេចក្តីងងឹតនៃលោកិយនេះចេញ។ 
ដើម្បីសង្រ្គោះយើងចេញពីបាប ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានប្រសូតជាមនុស្សម្នាក់។ ហើយដើម្បីទទួលយកអំពើបាបរបស់យើង ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង ទ្រង់បានសុគតនៅលើឈើឆ្កាង។ ដូច្នេះ ព្រះយេស៊ូវបានធ្វើជាពន្លឺនៃសេចក្តីសង្រ្គោះ។ នៅទីលានរោងឧបោសថ ពួកមនុស្សមានបាបបានផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃលើក្បាលរបស់វា និងអនុញ្ញាតឲ្យវាទទួលទណ្ឌកម្មនៃអំពើបាបរបស់ពួកគេ ដោយការស្លាប់វា។
ដូចគ្នាដែរ ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង ដែលស្របតាមច្បាប់របស់ព្រះ ហើយទ្រង់បានធ្វើជាពន្លឺនៃសេចក្តីសង្រ្គោះសម្រាប់មនុស្សទាំងអស់។ តាមរយៈព័ន្ធកិច្ចដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់មនុស្សជាតិ។ ដូច្នេះ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង។ អ្នកដែលជឿលើព្រះយេស៊ូវ ក៏ត្រូវតែស្វែងរកពន្លឺនៃសេចក្តីពិតនេះផងដែរ។
ព្រះយេស៊ូវគ្រីស្ទបានបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះនេះ ទៅកាន់លោកិយនេះ ដើម្បីឲ្យអ្នកដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ អាចចូលទៅក្នុងនគរព្រះបាន។ ដូច្នេះ មានតែអ្នកដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណទេ ដែលអាចធ្វើជាផ្នែកនៃពួកជំនុំរបស់ព្រះ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចេញ និងប្រកាសពីពន្លឺនៃទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូលបាន។ ដោយសារពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយប្រកាសវា ព្រះបានប្រគល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះជាពិសេសទៅកាន់ពួកគេ ហើយបានអនុញ្ញាតឲ្យពួកគេបញ្ចេញពន្លឺនៃដំណឹងល្អដ៏ពិតប្រាកដ។
ដូច្នេះ យើងគួរតែដឹងថា យើងអាចធ្វើការងារប្រកាសពន្លឺនៃដំណឹងល្អនៅទូទាំងលោកិយនេះបាន លុះត្រាតែយើងជឿ និងចាត់ទុកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាសេចក្តីពិត។ ពួកមនុស្សមានបាបមិនអាចចូលទៅក្នុងទីបរិសុទ្ធបានឡើយ។ មានតែអ្នកដែលជឿតាមដំណឹងល្អដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃទ្វាររោងឧបោសថប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទីបរិសុទ្ធបាន។ ដូច្នេះ មានតែអ្នកដែលស្គាល់សេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយជឿតាមនៅក្នុងចិត្តប៉ុណ្ណោះ ទើបអាចចូលទៅក្នុងរោងឧបោសថ ហើយបំពេញកាតព្វកិច្ចនៃការបំភ្លឺពន្លឺនៃសេចក្តីសង្រ្គោះបាន។ 
នៅទ្វារចូលទីលានរោងឧបោសថ ក៏មានផ្ទាំងសំពត់មួយដែលត្រូវបានធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបំភ្លឺផ្លូវផងដែរ។ ព្រះបានធ្វើទ្វារចូលទីលានរោងឧបោសថដោយមានពណ៌ទាំងបួនដូចគ្នា សម្រាប់អ្នកដែលស្វែងរករោងឧបោសថ ដើម្បីថ្វាយតង្វាយនៅទីនោះ។ ប៉ុន្តែមនុស្សនៅសម័យព្រះគម្ពីរសញ្ញាចាស់មិនអាចបានពេញលេញជារៀងរហូត តាមរយៈតង្វាយប្រចាំថ្ងៃរបស់ពួកកេបានឡើយ។ ដូច្នេះ ពួកគេត្រូវតែបន្តរង់ចាំព្រះមែស៊ីជាបន្តទៀត។ ទោះបីជាយ៉ាងណា នៅពេលព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះមែស៊ីពិតជាបានយាងមក ពួកគេមិនបានដឹងថា ទ្រង់បានធ្វើជាព្រះមែស៊ីដ៏ពិត តាមរយៈការថ្វាយតង្វាយដ៏អស់កល្បជានិច្ចមួយ ដែលស្របតាមការបើកសម្តែងដេលនៅក្នុងនៅក្នុងពណ៌ទាំងបួននៃទ្វារសំពត់នៃរោងឧបោសថទេ។
នេះគឺដូចជាគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ ដែលទោះបើពួកអំពាវនាវដល់ព្រះនាមព្រះយេស៊ូវក្តី ក៏ពួកគេមិនដឹងថា ទ្រងបានយាងមក តាមរយៈសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយបានសង្រ្គោះយើងយ៉ាងឥតខ្ចោះដែរ។ នៅពេលមនុស្សនៅសម័យព្រះគម្ពីរសញ្ញាចាស់ថ្វាយតង្វាយយញ្ញបូជាជារៀងរាល់ថ្ងៃ ដោយការដាក់ដៃលើ និងឈាមរបស់តង្វាយ ពួកគេត្រូវតែជឿថា ព្រះអង្គសង្រ្គោះនឹងលេចមកតាមរបៀបនេះ គឺដូចជាតង្វាយយញ្ញបូជារបស់ពួកគេអញ្ចឹង។ 
ដូចគ្នាដែរ មនុស្សនៅក្នុងលោកិយនេះក៏ត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៃការដាក់ដៃលើ និងឈាមនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានជាប់ឆ្កាង និងបង្ហូរព្រះលោហិត ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីបាប។ ប៉ុន្តែដោយសារពួកគេមិនទាំងស្គាល់ប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ផង ពួកគេមិនដឹងទេថា ព្រះយេស៊ូវបានយាងមក ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ឬដោយព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ឬដោយក្នុងនាមជាព្រះអង្គសង្រ្គោះតែម្តង។
នៅចំពោះព្រះ សេចក្តីជំនឿដែលគ្រីស្ទបរិស័ទសព្វថ្ងៃនេះមានលើប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានភាពខុសឆ្គងដូចជាសេចក្តីជំនឿរបស់ពួកអ៊ីស្រាអែលដែរ។ ដោយសារពួកគេមិនមានសេចក្តីជំនឿត្រឹមត្រូវលើព្រះមែស៊ី ដែលត្រូវបានបើកសម្តែងនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជា ពួកគេមិនអាចជឿថា ព្រះមែស៊ីបានយាងមក បានទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទេ។ ប៉ុន្តែមនុស្សទាំងអស់នៅក្នុងលោកិយនេះ រួមទាំងពួកអ៊ីស្រាអែលផង ត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ តាមរយៈព័ន្ធកិច្ចនៃបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ 
ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសទាំងអស់របស់យើង ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទ្រង់។ ដូច្នេះ តាមរយៈសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែលត្រូវបានបើកសម្តែងនៅក្នុងទ្វាររោងឧបោសថ ដែលជាស្រមោលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទបាន។ សេចក្តីពិតនៃសេចក្តីសង្រ្គោះនេះគឺថា មនុស្សអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេបាន ដោយការជឿតាមដំណឹងល្អដ៏ពិតប្រាកដនៅក្នុងចិត្ត។ តាម រយៈការជឿ តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង អ្នកត្រូវតែមានសេចក្តីជំនឿដែលសង្រ្គោះនៅក្នុងចិត្តរបស់អ្នក។ ដូច្នេះ សេចក្តីពិតនេះបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក។ 
នៅក្នុងតំណាក់ដ៏បរិសុទ្ធរបស់ព្រះ មានទ្វារសំពត់ចំនួនបី។ ទ្វារសំពត់ទាំងនេះត្រូវបានត្បាញដោយសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូចដែលខ្ញុំបានប្រាប់អ្នកម្តងហើយម្តងទៀត ពណ៌ទាំងបួននេះបើកសម្តែងយ៉ាងត្រឹមត្រូវអំពីសេចក្តីសង្រ្គោះរបស់ព្រះ៖ ដើម្បីសង្រ្គោះយើងចេញពីអំពើបាប ព្រះបានបង្កើតច្បាប់នៃការអត់ទោសបាប ដែលត្រូវបានបំពេញសម្រេច ដោយសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ បើសិនយើងជឿតាមច្បាប់នៃការអត់ទោសបាបនេះ ព្រះនឹងទទួលយកសេចក្តីជំនឿរបស់យើង ហើយសង្រ្គោះយើងចេញពីអំពើបាបរបស់យើងជារៀងរហូត។ 
តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ជារៀងរហូតបាន។ តាមរយៈការយល់ និងជឿលើសារៈសំខាន់នៃប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានប្រទានឲ្យ មនុស្សអាចចូលទៅចំពោះទ្រង់បាន។ នៅទ្វារចូលទីបរិសុទ្ធ ដែលជាតំណាក់របស់ព្រះ មានសសរចំនួនប្រាំ ហើយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមត្រូវបានព្យួរនៅលើសសរទាំងនេះ។ ដើម្បីឲ្យយើងអាចចូលទៅចំពោះព្រះបាន យើងត្រូវតែមានសេចក្តីជំនឿដែលត្រូវបានបើកសម្តែងនៅក្នុងទ្វារសំពត់ដែលមានបួនពណ៌។ 
សេចក្តីជំនឿដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃនេះគឺថា ព្រះយេស៊ូវ គ្រីស្ទបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ ហើយសេចក្តីជំនឿដែលមាននៅក្នុងអំបោះពណ៌ក្រហមនេះគឺថា ព្រះយេស៊ូវបានទទួលយកទណ្ឌកម្មនៃបាប ដោយការជាប់ឆ្កាង និងការបង្ហូរព្រះលោហិតទ្រង់។ សេចក្តីជំនឿដែលមាននៅក្នុងពណ៌ស្វាយ គឺត្រូវជឿថា ព្រះយេស៊ូវទ្រង់ផ្ទាល់គឺជាព្រះ ហើយសេចក្តីជំនឿនៅក្នុងសំពត់ខ្លូតទេស គឺត្រូវជឿលើព្រះបន្ទូលរបស់ទ្រង់ថា ព្រះបានរាប់យើងជាឥតបាប ដោយការដោះអំពើបាបរបស់យើងចេញ តាមរយៈអំបោះដែលយើងនិយាយខាងលើ គឺអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ សេចក្តីពិតនេះត្រូវបានហៅថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ដោយការជឿថា ព្រះយេស៊ូវបានសង្រ្គោះយើង តាមរយៈទឹក និងព្រះវិញ្ញាណ យើងអាចចូលទៅក្នុងនគរព្រះបាន។ នេះហើយគឺជាសេចក្តីជំនឿរបស់អ្នកដែលអាចបើកទ្វាររោងឧបោសថ ហើយចូលទៅទីបរិសុទ្ធបាន។ 
ទ្វារចូលទីលានរោងឧបោសថ ដែលត្រូវបានត្បាញពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ជួយឲ្យយើងអាចដឹងពីរបៀបដែលព្រះគ្រោងនឹងសង្រ្គោះយើង គឺសេចក្តីសង្រ្គោះរបស់យើងកើតចេញពីការអត់ទោសបាបពីព្រះ មិនមែនតាមរយៈការប្រព្រឹត្តល្អរបស់មនុស្សឡើយ។ ទោះបីជាយើងទូលសូមការអត់ទោសសម្រាប់អំពើបាបរបស់យើងជារៀងរាល់ថ្ងៃក៏ដោយ បើសិនគ្មានតង្វាយយញ្ញបូជាសម្រាប់ធូននឹងបាប ការផ្ទេរបាបតាមរយៈការដាក់ដៃលើ និងការសម្រក់ឈាមទេ យើងក៏មិនអាចបានសង្រ្គោះចេញពីបាបរបស់យើងដែរ។ លុះត្រាតែតង្វាយយញ្ញបូជា ដែលបានយាងមកសង្រ្គោះយើងចេញពីបាប ទទួលយកអំពើបាបរបស់យើង ទើបយើងអាចទទួលបានការអត់ទោសបាប និងបានសង្រ្គោះយ៉ាងពេញលេញបាន។ 
បើសិននៅក្នុងចិត្តរបស់យើងមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អនៃសេចក្តីពិតនេះ យើងនឹងអាចប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលផ្តល់ជីវិតអស់កល្បជានិច្ចដល់ព្រលឹងដែលបាត់បង់ទាំងអស់បាន។ តាមរយៈការជឿលើព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម យើងអាចបំភ្លឺលោកិយនេះ ដោយសេចក្តីពិតអំពីការអត់ទោសបាបបាន។ ជើងចង្កៀងនៅក្នុងទីបរិសុទ្ធមានចង្កៀងចំនួនប្រាំពីរ ហើយកាលណាចង្កៀងទាំងនេះត្រូវបានដុត ពន្លឺរបស់វាចាំងឆ្លុះជញ្ជាំងដែលត្រូវបានធ្វើពីក្តាស្រោបដោយមាស ហើយបំភ្លឺយ៉ាងភ្លឺដល់ផ្ទៃខាងក្នុងទាំងមូលនៃទីបរិសុទ្ធ។ បើសិនមិនមានជើងចង្កៀងនៅក្នុងទីបរិសុទ្ធទេ វានឹងងងឹត។ ដូច្នេះហើយបានជាព្រះបានដាក់ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ទ្រង់ដេលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងលោកិយដ៏ងងឹតនេះ។ 
 


តើជើងចង្កៀងមាសមានតួនាទីអ្វីខ្លះ?


ជើងចង្កៀងមាសបង្ហាញប្រាប់យើងថា ព្រះបានប្រទានឲ្យយើងនូវសេចក្តីជំនឿដែលជឿតាមសេចក្តីពិត ដែលក្លាយជាពន្លឺរបស់លោកិយនេះ។ សេចក្តីជំនឿរបស់យើង គឺត្រូវជឿថា ព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅលើផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង ព្រះកំពុងតែបង្គាប់ឲ្យយើងបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះ តាម រយៈសេចក្តីជំនឿនេះ។ កាលណាយើងជឿតាមដំណឹងល្អអំពីសេចក្តីសង្រ្គោះនៅក្នុងចិត្តរបស់យើង ហើយប្រកាសពីសេចក្តីជំនឿនេះ នោះពន្លឺនៃសេចក្តីពិតបញ្ចេញពន្លឺ។ បន្ទាប់មក មនុស្សនឹងមើលឃើញ ហើយមកឯពន្លឺដ៏ភ្លឺនេះ ហើយបានដឹងថា ព្រះអម្ចាស់បានសង្រ្គោះពួកគេ តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយបានធ្វើជា រាស្ត្ររបស់ព្រះ។ ពន្លឺនៃសេចក្តីពិតនេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានរៀបចំ និងបំពេញសម្រេច ដោយព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ 
យើងកំពុងតែប្រកាសដំណឹងល្អទៅកាន់អ្នកដែលចង់បានសង្រ្គោះ ជាមួយសេចក្តីជំនឿរបស់យើងតាមសេចក្តីពិតថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងជាប់ឆ្កាង បានបង្ហូរព្រះលោហិត និងសុគត និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រទានការអត់ទោសសម្រាប់អំពើបាបទាំងអស់ដល់យើង។ បើសិនព្រះយេស៊ូវគ្រីស្ទមិនបានទទួលបុណ្យជ្រមុជ និងសុគតសម្រាប់យើងទេ អ្នក និងខ្ញុំមិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើងបានឡើយ។ 
ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិត និងបានថ្វាយអង្គទ្រង់ជាយញ្ញបូជាសម្រាប់យើង ទ្រង់អាចប្រទានឲ្យមនុស្សមានបាបទាំងអស់នូវសេចក្តីជំនឿដែលសង្រ្គោះពួកគេបាន។ យើងមិនកំពុងតែប្រកាសពីគោលលទ្ធិមិនត្រឹមត្រូវនៅទីនេះឡើយ។ នៅទូទាំងពិភពលោនេះ យើងកំពុងតែប្រកាសពីពន្លឺនៃសេចក្តីសង្រ្គោះ ដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដោយសារយើងមានសេចក្តីជំនឿដែលយល់ និងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង យើងកំពុងតែប្រកាសពីពន្លឺនៃជីវិតទៅកាន់អ្នកដែលមានចិត្តស្ថិតនៅក្នុងសេចក្តីងងឹត។ ដូច្នេះ អស់អ្នកដែលត្រូវបានបំភ្លឺដោយពន្លឺនេះ ធ្វើបន្ទាល់ពីការអស្ចារ្យនៃការដោះអំពើបាបចេញពីចិត្តរបស់ពួកគេ។ មនុស្សទាំងអស់នៅក្នុងលោកិយនេះក៏នឹងយល់ពីបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងយញ្ញបូជានៅលើឈើឆ្កាង ដែលទ្រង់បានថ្វាយ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញផងដែរ ហើយតាមរយៈការជឿថា ទាំងនេះគឺជាការអត់ទោសបាបផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងស្វែងរកពន្លឺនៃសេចក្តីពិតឃើញ។ 
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទត្រូវតែយាងមកផែនដីនេះ? ហេតុអ្វីទ្រង់ត្រូវតែទទួលបុណ្យជ្រមុជ? ហេតុអ្វីទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង? ហើយហេតុអ្វីទ្រង់ត្រូវតែមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី? មូលហេតុសម្រាប់ការទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី។ ដើម្បីបំពេញសម្រេចព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះទាំងអស់ ក្នុងនាមជាព្រះមែស៊ី ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិត ដើម្បីបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះទៅកាន់ពួកមនុស្សមានបាប។ ដូច្នេះ តាមរយៈការប្រកាសពីពន្លឺនៃសេចក្តីសង្រ្គោះនៅទូទាំងពិភពលោក យើងអាចជួយឲ្យមនុស្សជាច្រើនស្គាល់សេចក្តីពិតនេះ ជឿតាមសេចក្តីពិតនេះ និងទទួលបានជីវិតអស់កល្បជានិច្ច។ 
អ្នក និងខ្ញុំគឺជាជើងចង្កៀង ដែលបំភ្លឺលោកិយនេះ ដោយពន្លឺនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តាមរយៈដំណឹងល្អដែលយើងកំពុងតែប្រកាស មនុស្សនឹងបានស្គាល់ពន្លឺនៃសេចក្តីពិតដែលសង្រ្គោះពួកគេ។ អ្នកដែលកំពុងតែស្វែងរកពន្លឺនៅក្នុងលោកិយដ៏ងងឹតនេះ នឹងមើលឃើញពន្លឺដ៏ភ្លឺនេះ ដែលយើងកំពុងតែប្រកាស មកឯពន្លឺនៃសេចក្តីពិត ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ តាមរយៈការមានសេចក្តីជំនឿដែលជឿតាមសេចក្តីពិតនេះ មនុស្សទាំងអស់អាចបានសង្រ្គោះ។ 
ដំណឹងល្អនេះមិនមែនជាទ្រឹស្តីមួយឡើយ។ ដូច្នេះ យើងត្រូវតែជឿដោយចិត្តពិតប្រាកដរបស់យើង។ យើងអាចធ្វើការប្រកាសដំណឹងល្អបាន លុះត្រាតែយើងពិតជាជឿលើព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ប៉ុន្តែទោះបីជាយើងបានទទួលការអត់ទោសបាបហើយក៏ដោយ បើសិនគ្មានចង្កៀងដែលអាចដាក់ប្រេងបានទេ នោះយើងមិនអាចបញ្ចេញពន្លឺជារៀងរហូតបានទេ ហើយដូច្នេះ ព្រះបានប្រទានពួកជំនុំរបស់ព្រះ ដែលជាជើងចង្កៀង ដល់យើង។ នៅលើមែកនីមួយៗនៃជើងចង្កៀង មាននប់បី ហើយនៅខាងក្រោមនប់ទាំងនេះ មានកន្សោមគ្រាប់។ នេះមានន័យថា ពួកជំនុំត្រូវបានសាងសង់ឡើង ដោយសេចក្តីជំនឿ។ 
កន្លែងដែលមានតែអ្នកដែលបាទទួលការអត់ទោសបាប ដោយការជឿនៅក្នុងចិត្តរបស់ពួកគេ កំពុងតែប្រមូលផ្តុំគ្នា គឺជាពួកជំនុំពិតប្រាកដរបស់ព្រះ។ សិរសានៃពួកជំនុំគឺជាព្រះយេស៊ូវគ្រីស្ទ ហើយពួកជំនុំគឺជារូបកាយរបស់ទ្រង់។ ដូចដែលខ្លួនប្រាណធ្វើចលនាតាមការបញ្ជាពីក្បាល ពួកជំនុំក៏ធ្វើចលនាដៃជើងរបស់វា តាមការបង្គាប់របស់ព្រះយេស៊ូវគ្រីស្ទដែរ។ នេះហើយគឺជារបៀបដែលយើងបម្រើដំណឹងល្អ។ ដូច្នេះ តើពួកជំនុំរបស់ព្រះមានលក្ខណៈយ៉ាងដូចម្តេច? លោកិយទាំងមូលកំពុងតែវិនាសទៅ ដោយសារវាស្ថិតនៅក្នុងបាបដ៏ខ្មៅងងឹត ហើយពួកជំនុំសម្លឹងមើលព្រលឹងនៅក្នុងកណ្តាលលោកិយនេះ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ពួកជំនុំរបស់ព្រះកំពុងតែបំភ្លឺពួកគេ ដោយពន្លឺនៃសេចក្តីសង្រ្គោះ។ នេះហើយគឺជាអ្វីដែលអ្នក និងខ្ញុំកំពុងទែធ្វើនៅក្នុងពួកជំនុំរបស់ទ្រង់ ដោយសេចក្តីជំនឿតាមដំណឹងល្អ។ 
នៅប្រទេសទាំងឡាយ ដែលមានប្រវត្តិសាស្ត្រជំនឿគ្រីស្ទបរិស័ទដ៏យូរ មានមនុស្សជាច្រើនដែលមានការអប់រំខ្ពង់ខ្ពស់ និងចំណេះដឹងខាងព្រះគម្ពីរ។ ខ្ញុំជឿថា កាលណាមនុស្សនៅក្នុងចំណោមពួកគេដែលបន្តស្វែងរកសេចក្តីពិត ជួបសេចក្តីពិតនេះហើយ ពួកគេនឹងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេភ្លាម។ ដូច្នេះ ដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សបែបនេះ ខ្ញុំធ្វើការ ដោយរួបរួមជាមួយពួកបរិសុទ្ធដែលបានកើតជាថ្មីនៅក្នុងសេចក្តីជំនឿ។ 
ដោយសារជំនឿគ្រីស្ទបរិស័ទបានដាក់មូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់ខ្លួននៅលើព្រះបន្ទូល មិនដូចជាសាសនាផ្សេងៗទៀត មនុស្សនឹងទទួលបានការអត់ទោសបាប បើសិនយើងគ្រាន់តែប្រកាសព្រះបន្ទូលយ៉ាងត្រឹមត្រូវ។ ប៉ុន្តែក៏មានអ្នកដែលប្រឆាំងនឹងសេចក្តីពិតនេះផងដែរ គឺពួកគេចម្អកមើលងាយ ឬមិនជឿតាមសេចក្តីពិតនេះ ទោះបើយើងប្រកាសសេចក្តីពិតនេះទៅកាន់ពួកគេច្រើនដងយ៉ាងណាក៏ដោយ។ ជាពិសេស មានពួកក្រិត្យវិន័យនិយមដ៏មានះមួយចំនួន ដែលមិនជឿតាមព្រះបន្ទូលព្រះ ហើយពួកគេនឹងមិនជឿតាមសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណឡើយ។ ចុះចំណែកឯអ្នកដែលទទួលស្គាល់ព្រះគម្ពីរជាព្រះបន្ទូលព្រះវិញ? ពួកគេចំនួនយ៉ាងច្រើនរាប់មិនអស់នឹងទទួលបានការអត់ទោសបាប ដោយការស្តាប់ឮ និងការជឿតាមដំណឹងល្អនេះ។ 
ដោយសារខ្ញុំមានសេចក្តីជំនឿនេះ ទើបខ្ញុំបាន និងកំពុងតែបម្រើព្រះជាមួយអ្នក តាមរបៀបនេះ។ នៅថ្ងៃខាងមុខ ដំណឹងល្អនេះនឹងត្រូវបានប្រកាសទៅកាន់មនុស្សដ៏ច្រើនរាប់មិនអស់ ហើយការងារដំណឹងល្អដ៏អស្ចារ្យនឹងកើតឡើង។ ព្រះកំពុងតែធ្វើការ តាមរបៀបដែលយើងមិនអាចមើលឃើញ ហើយមនុស្សដ៏ច្រើនរាប់មិនអស់ពិតជាកំពុងតែទទួលបានការអត់ទោសបាបរបស់ពួកគេជារៀងរាល់ថ្ងៃ។ ហើយដូចជាអ្នក និងខ្ញុំដែរ មនុស្សដ៏ច្រើនរាប់មិនអស់នឹងក្លាយជាចង្កៀង ហើយប្រកាសទៅកាន់មនុស្សនៅក្នុងលោកិយទាំងមូលនូវ សេចក្តីជំនឿនៅក្នុងចិត្តរបស់ពួកគេ ដែលជឿលើសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ខ្ញុំជឿថា កាលណាពួកគេបំភ្លឺលោកិយទាំងមូលនេះ អ្នកជឿថ្មីៗនឹងបន្តលេចមក ហើយពួកគេក៏នឹងរីកចម្រើន ហើយប្រកាសដំណឹងល្អនេះបន្តទៅមុខទៀតដែរ។ 
យើងដែលនៅពេលនេះបានធ្វើជាចង្កៀងរបស់ព្រះ កំពុងតែបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះ ដោយសេចក្តីជំនឿរបស់យើងដែលជឿតាមសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ អំបោះពណ៌ផ្ទៃមេឃកំពុងតែបញ្ចេញពន្លឺនៃ សេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយទាំងមូល ដោយការទទួលបុណ្យជ្រមុជ។ អំបោះពណ៌ស្វាយកំពុងតែបញ្ចេញពន្លឺនៃសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើអស់ទាំងស្តេច។ អំបោះពណ៌ក្រហមកំពុងតែបញ្ចេញពន្លៃនៃសេចក្តីពិតថា ព្រះយេស៊ូវបាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង ហើយបានបង្ហូរព្រះលោហិតទ្រង់នៅទីនោះ។ ហើយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់កំពុងតែបញ្ចេញពន្លឺនៃសេចក្តីពិតថា ព្រះបន្ទូលព្រះបានរាប់ពួកមនុស្សមានបាបជាសុចរិត។ ព្រះបន្ទូលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានមក គឺជាពន្លឺនៃសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
ដំណឹងល្អនេះក៏ប្រាប់យើងផងដែរថា ទ្រង់នឹងយាងមកផែនដីនេះ ក្នុងនាមជាព្រះអម្ចាស់នៃការយាងមកជាលើកទីពីរ ប្រោសយើងឲ្យរស់ឡើងវិញ អនុញ្ញាតឲ្យយើងសោយរាជ្យជាមួយទ្រង់ សម្រាប់រយៈពេលមួយពាន់ឆ្នាំនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ហើយជួយឲ្យយើងអាចចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះ និងរស់នៅទីនោះជារៀងរហូត។ តើអ្នកអាចស្រមើស្រមៃអំពីភាព អស្ចារ្យនៃជីវិតអស់កល្បជានិច្ចបានដែរទេ?
សកលលោកនេះមានទំហំធំធេងខ្លាំងណាស់ រហូតដល់ពួកអ្នក វិទ្យាសាស្ត្រនិយាយថា មានប្រព័ន្ធផ្កាយពីលើប្រព័ន្ធផ្កាយនៅក្នុងកាឡាស៊ីដ៏ច្រើនរាប់មិនអស់ផ្សេងទៀត និងឆ្ងាយពីប្រព័ន្ធព្រះអាទិត្យរបស់យើង។ ព្រំដែននៃសកលលោកដែលព្រះបានបង្កើតពិតជាមានទំហំធំធេងខ្លាំងណាស់។ លើសពីសកលលោករបស់យើងមានពិភពដ៏ច្រើនរាប់មិនអស់ នៅពេលកាឡាស៊ីទាំងឡាយ ដែលយើងមិនស្គាល់។ ចំណែកផ្កាយដែលធ្លាក់ចុះនៅពេលនេះ គឺជាចំណែកនៃភពដែលបាក់បែកចូលទៅក្នុងកាឡាស៊ី កាលពីរាប់ពាន់លានឆ្នាំមុន ដែលឥឡូវនេះ កំពុងតែឈានមកដល់បរិយាកាសផែនដី ហើយឆេះផង។ 
នៅក្នុងន័យផ្សេង យើងយល់ស្របចំពោះអ្វីដែលបានកើតឡើងកាលពីរាប់ពាន់ឆ្នាំមុននៅពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ។ ដូច្នេះ មនុស្សនៅតែមិនស្គាល់ពីព្រំដែនដ៏ធំធេងនៃសកលលោកនេះ ដែលព្រះបានបង្កើតនៅឡើយ។ ប៉ុន្តែទោះបីជាយើងមិនទាន់យល់ពីសកលលោកលម្អិតយ៉ាងណាក៏ដោយ សម្រាប់ព្រះ សកលលោកនេះតូចដូចជាបាតដៃមួយអញ្ចឹង។ ព្រះគឺជាព្រះដ៏ប្រកបដោយសព្វញ្ញុតភាព និងសព្វានុភាព ដែលបានបង្កើតរបស់គ្រប់យ៉ាង ហើយបានបង្កើតសណ្តាប់ធ្នាប់នៃសកលលោកនេះផង។ 
យើងបំភ្លឺលោកិយនេះ ដោយពន្លឺនៃសេចក្តីពិតថា តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មនុស្សទាំងអស់អាចទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ច និងជីវិតអស់កល្បជានិច្ចបាន។ កូនរបស់ព្រះមានពន្លឺជីវិតដ៏ភ្លឺចិញ្ចែងចិញ្ចាច ដែលអនុញ្ញាតឲ្យពួកគេរស់នៅជាមួយព្រះយេស៊ូវ ឮគ្រីស្ទជារៀងរហូត។ ព្រះគង់នៅជាមួយយើងជារៀងរហូត ហើយទ្រង់អនុញ្ញាតឲ្យយើងទទួលបានព្រះពរ និងសិរីល្អរបស់ទ្រង់។ ហេតុអ្វី? ពីព្រោះយើងជឿលើពន្លឺនៃដំណឹងល្អអំពីព្រះចេស្តារបស់ទ្រង់។ កាលណាយើងស្វែងរកពន្លឺនេះឃើញ ដែលបានជួយឲ្យយើងស្គាល់សេចក្តីពិត យើងត្រូវតែបញ្ចេញពន្លឺនេះទៅកាន់អ្នកដទៃទៀត។ 
ហើយនៅពេលយើងមើលឃើញទិព្វញ្ញាណរបស់ព្រះជាម្ចាស់ ដែលធ្វើការនៅក្នុងសកលលោកទាំងមូលនេះ សេចក្តីជំនឿរបស់យើងលើព្រះរាជកិច្ចរបស់ទ្រង់រីកចម្រើនឡើង។ ផ្កាយមួយចំនួនបានបាត់ខ្លួន កាលពីរាប់កោតឆ្នាំមុន ប៉ុន្តែភ្នែករបស់យើងនៅតែមើលឃើញពួកវា ពីព្រោះពួកវាមានចម្ងាយឆ្ងាយពីភពផែនដីនេះរាប់កោតឆ្នាំពន្លឺ! យើងអាចស្រមើស្រមៃពីគំនិតនៃ «ភាពអស់កល្ប ជានិច្ច» បាន នៅពេលយើងពិចារណាពីភាពគ្មានព្រំដែននៃសកលលោកនេះ។ 
យើងដែលបានក្លាយជាផ្នែកមួយនៃពួកជំនុំរបស់ព្រះនៅពេលនេះ រស់នៅ ដោយការបញ្ចេញពន្លឺនៃដំណឹងល្អពិតប្រាកដ ពីព្រោះយើងជឿតាមសេចក្តីពិតដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ យើងជឿថា សេចក្តីសង្រ្គោះនេះធានាយើងពីជីវិតប្រកបដោយព្រះពរដ៏អស់កល្បជានិច្ចនៅក្នុងនគរស្ថានសួគ៌របស់ព្រះវរបិតា។ ហើយយើងដឹងថា ព្រះសព្វព្រះទ័យឲ្យមនុស្សទាំងអស់បានសង្រ្គោះ និងស្គាល់សេចក្តីពិត (១ធីម៉ូថេ ២:៤)។ ដូច្នេះ អ្នកដែលស្គាល់ពន្លឺនៃសេចក្តីសង្រ្គោះហើយ ត្រូវតែបំពេញកាតព្វកិច្ចនៃការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រគល់ឲ្យពួកគេ។ 
ព្រះបានប្រទានពរដល់យើង ដើម្បីឲ្យយើងអាចធ្វើកិច្ចការនេះបាន។ កាលណាយើងយល់ថា ការពិតនេះគឺជាព្រះពរដ៏អស្ចារ្យមួយ យើងត្រូវតែបំពេញកាតព្វកិច្ចរបស់យើង ដោយសេចក្តីជំនឿ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបំពេញចិត្តរបស់ខ្លួន ដោយពន្លឺដែលស្គាល់សេចក្តីពិតរបស់ព្រះ។ ដោយសារព្រះគុណរបស់ព្រះ អ្នក និងខ្ញុំបានជឿលើព័ន្ធកិច្ចនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយយើងបានធ្វើជាពន្លឺនៃសេចក្តីសង្រ្គោះ ដែលបំភ្លឺលោកិយទាំងមូលនេះ។ ហាលេលូយ៉ា! ខ្ញុំសូមអរព្រះគុណយ៉ាងខ្លាំងដល់ព្រះ។