Search

Sermons

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 20-1] នាគនឹងត្រូវជាប់ឃុំ នៅក្នុងជង្ហុកធំ (វិវរណៈ ២០:១-១៥)

នាគនឹងត្រូវជាប់ឃុំ នៅក្នុងជង្ហុកធំ
(វិវរណៈ ២០:១-១៥)
«ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានលើមក ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់១យ៉ាងធំនៅដៃ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណៈរស់ឡើងវិញទី១ មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណៈរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្តីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនិងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដី និងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែក សេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹង ភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង»
 


ការកាត់ស្រាយ


ខ.១៖ ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានលើមក ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់១យ៉ាងធំនៅដៃ។ 
ដើម្បីសងដល់ពួកបរិសុទ្ធដែលបានលះបង់សម្រាប់ដំណឹងល្អ ដោយរង្វាន់របស់ទ្រង់ ព្រះអម្ចាស់នឹងប្រទានដល់ពួកគេនូវអំណោយនៃនគររបស់ព្រះគ្រីស្ទសម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ដើម្បីធ្វើដូច្នេះ ជាដំបូង ព្រះត្រូវតែចាប់ចងនាគទុកនៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ព្រះធ្វើការនេះជាមុន ពីព្រោះទ្រង់ត្រូវតែចាប់ចងនាគទុកនៅក្នុងជង្ហុកធំ ដើម្បីធ្វើឲ្យពួកបរិសុទ្ធអាចរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទបាន។ ដូច្នេះ ព្រះប្រទានកូនសោជង្ហុកធំ និងច្រវាក់យ៉ាងធំដល់ទេវតារបស់ទ្រង់ ដើម្បីបង្គាប់ឲ្យទេវតានោះចាប់ផ្តើមចាប់ចងនាគទុកនៅក្នុងជង្ហុកធំ។ 

ខ.២៖ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង។ 
អ្នកដែលបានល្បួង និងធ្វើឲ្យអ័ដាម និងអេវ៉ាធ្លាក់ចុះ គឺជាពស់នេះហើយ។ ព្រះគម្ពីរហៅសត្វពស់នេះថា នាគ និងសាតាំង។ ព្រះនឹងចាប់ចងនាគនេះទុកនៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ដើម្បីឲ្យពួកបរិសុទ្ធអាចរស់នៅជាមួយព្រះគ្រីស្ទនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ដោយសុខសាន្តបាន។ 

ខ.៣៖ ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច។ 
ដើម្បីបង្កើតនគររបស់ព្រះគ្រីស្ទនៅលើផែនដីនេះ ហើយអនុញ្ញាតឲ្យពួកបរិសុទ្ធសោយរាជ្យជាមួយព្រះអម្ចាស់ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ព្រះនឹងចាប់ចងនាគទុកនៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ដើម្បីកុំឲ្យវាបោកបញ្ឆោតពួកបរិសុទ្ធ។
បទគម្ពីរនៅទីនេះនិយាយថា «ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច»។ កាលណារយៈពេលមួយពាន់ឆ្នាំបញ្ចប់ទៅ ព្រះនឹងដោះលែងនាគមួយរយៈខ្លី ដើម្បីកាលណាវាចាប់ផ្តើមធ្វើទុក្ខដល់ពួកបរិសុទ្ធម្តងទៀត ទ្រង់នឹងបញ្ជូនវាទៅក្នុងស្ថាននរកជារៀងរហូតតែម្តង។ 

ខ.៤៖ ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ។ 
នៅក្នុងនគររបស់ព្រះគ្រីស្ទ គ្រីស្ទបរិស័ទដែលបានកើតជាថ្មី នឹងទទួលបានសិទ្ធិអំណាចវិនិច្ឆ័យ។ ពួកបរិសុទ្ធដែលបានធ្វើជាសង្ឃរបស់ព្រះគ្រីស្ទ នឹងសោយរាជ្យជាមួយព្រះអម្ចាស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ អ្នកដែលរស់នៅទីនោះ គឺជាអស់អ្នកដែលត្រូវបានគេសម្លាប់ ដើម្បីធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដើម្បីការពារជំនឿរបស់ខ្លួន និងអស់អ្នកដែលមិនបានទទួលយកសញ្ញារបស់សត្វ ឬថ្វាយបង្គំរូបរបស់វាឡើយ។
ពួកគេគឺជាអ្នកដែលត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ ហើយព្រះបានប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីសោយរាជ្យនៅក្នុងនគររបស់ព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ តាមពិត អស់អ្នកដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ក៏នឹងទទួលបានព្រះពរដូចគ្នាដែរ។ 
ព្រះអម្ចាស់បានប្រទានឲ្យមានការរស់ពីស្លាប់ឡើងវិញពីរដង៖ ការរស់ពីស្លាប់ឡើងវិញលើកទីមួយ និងការរស់ពីស្លាប់ឡើងវិញលើទីពីរ។ ពួកបរិសុទ្ធដែលនឹងរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ គឺជាអស់អ្នកដែលជារបស់ និងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ អស់អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយនេះ ក៏នឹងចូលរួមនៅក្នុងសិរីល្អនៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទផងដែរ។ ការរស់ពីស្លាប់ឡើងវិញលើកទីមួយនេះនឹងកើតឡើង នៅពេលព្រះយេស៊ូវ គ្រីស្ទយាងត្រឡប់មកលើកពួកបរិសុទ្ធទាំងអស់ (១ថែស្សាឡូនីច ៤:១៥-៧)។ ប៉ុន្តែការរស់ពីស្លាប់ឡើងវិញលើកទីពីរនឹងកើតឡើង នៅចុងបញ្ចប់នៃនគររាជ្យមួយពាន់ឆ្នាំ ពីព្រោះព្រះបានត្រៀមវាសម្រាប់មនុស្សមានបាប ដើម្បីកាត់ទោសពួកគេឲ្យស្លាប់អស់កល្បជានិច្ច។ 
ព្រះអម្ចាស់ដ៏មានអំណាចព្រះចេស្តាបានប្រទានសិទ្ធិអំណាច ដល់ពួកបរិសុទ្ធឲ្យសោយរាជ្យសម្រាប់រយៈពេលពាន់ឆ្នាំ។ ទ្រង់ប្រទាននគររបស់ព្រះគ្រីស្ទដល់ពួកគេ ពីព្រោះពួកគេបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ទ្រង់ ហើយបានលះបង់ជីវិតរបស់ពួកគេ ដើម្បីការពារជំនឿតាមដំណឹងល្អនេះ។ 

ខ.៥៖ តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណៈរស់ឡើងវិញទី១។ 
អស់អ្នកដែលមិនបានទទួលការអត់ទោសពីព្រះ សម្រាប់អំពើបាបរបស់ខ្លួន ទៅឯទ្រង់ បន្ទាប់ពីរស់នៅជាមនុស្សមានបាបនៅលើផែនដីនេះ នឹងមិនអាចចូលរួមនៅក្នុងការស់ពីស្លាប់ឡើងវិញលើកទីមួយ ដែលព្រះ អម្ចាស់នឹងប្រទានឲ្យពួកបរិសុទ្ធបានឡើយ។ ដូច្នេះ ទោះបីជាពួកបរិសុទ្ធរស់នៅសម្រាប់រយៈពេលមួយពាន់ឆ្នាំ នៅក្នុងនគររបស់ព្រះគ្រីស្ទដោយអំណរដ៏ដោយ ក៏ពួកគេនឹងមិនទទួលការរស់ពីស្លាប់ឡើងវិញដែរ ប៉ុន្តែពួកគេនឹងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីពីរវិញ។ មូលហេតុគឺថា ពួកបរិសុទ្ធដែលនឹងទទួលបានព្រះពរនៃការរស់ពីស្លាប់ឡើងវិញលើកទីមួយ ក៏នឹងទទួលបានសិទ្ធិអំណាចរស់នៅក្នុងនគររបស់ព្រះគ្រីស្ទ ជាមួយនឹងទ្រព្យសម្បត្តិ និងសិរីល្អ សម្រាប់រយៈពេលមួយពាន់ឆ្នាំដែរ។
ប៉ុន្តែព្រះនឹងប្រទាន «ការរស់ពីស្លាប់ឡើងវិញលើកទីពីរ» ឲ្យពួកមនុស្សមានបាប។ ហេតុអ្វី? ពីព្រោះនៅឯការរស់ពីស្លាប់ឡើងវិញលើកទីពីរ ព្រះនឹងប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យទ្រង់អាចកាត់ទោសពួកគេសម្រាប់អំពើបាបរបស់ពួកគេបាន។ វាសនារបស់ពួកគេគឺថា ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះកាត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ ដូច្នេះហើយបានជាការរស់ពីស្លាប់ឡើងវិញរបស់មនុស្សមានបាបខុសពីការរស់ពីស្លាប់ឡើងវិញរបស់ពួកបរិសុទ្ធ ទាំងលំដាប់ និងលទ្ធផល។
ខុសពីអស់អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ដោយសារជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់នឹងមិនអនុញ្ញាតអ្នកណាផ្សេងទៀតឲ្យរស់ឡើងវិញ រហូតដល់ រយៈពេលមួយពាន់ឆ្នាំបញ្ចប់ទៅ។ ដូច្នេះ ការរស់ពីស្លាប់ឡើងវិញរបស់មនុស្សសុចរិតកើតឡើងមួយពាន់ឆ្នាំ មុនការរស់ពីស្លាប់ឡើងវិញរបស់មនុស្សមានបាប។ ការរស់ពីស្លាប់ឡើងវិញរបស់មនុស្សសុចរិតគឺសម្រាប់ពួកគេទទួលបានព្រះពរ និងជីវិតអស់កល្បជានិច្ច ប៉ុន្តែការរស់ពីស្លាប់ឡើងវិញរបស់មនុស្សមានបាប គឺសម្រាប់ពួកគេទទួលទណ្ឌកម្មដ៏អស់កល្បជានិច្ចសម្រាប់អំពើបាបរបស់ពួកគេ។ 

ខ.៦៖ មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណៈរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្តីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ។ 
ព្រះគម្ពីរប្រាប់យើងថា សេចក្តីស្លាប់ទីពីរគ្មានអំណាចលើអស់អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយឡើយ។ ដូច្នេះ វាប្រាប់យើងថា អស់អ្នកដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ មានព្រះពរហើយ ពីព្រោះពួកគេក៏នឹងសោយរាជ្យនៅក្នុងនគររាជ្យមួយពាន់ឆ្នាំផងដែរ។ 

ខ.៧-៨៖ លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ។ 
ដោយត្រូវបានដោះលែង បន្ទាប់ពីត្រូវជាប់នៅក្នុងជង្ហុកធំ សម្រាប់ រយៈពេលមួយពាន់ឆ្នាំ នាគនឹងព្យាយាមទាស់ប្រឆាំងនឹងពួកបរិសុទ្ធម្តងទៀត ហើយព្រះនឹងបោះវាចុះទៅក្នុងភ្លើងដែលឆេះដោយស្ពាន់ធ័រ ដើម្បីកុំឲ្យវានឹងអាចចេញមកម្តងទៀត។ ហើយតាមរយៈការជំនុំជម្រះនេះ នាគនឹងនៅតែក្នុងស្ថាននរកប៉ុណ្ណោះ។
ដូច្នេះ យើងអាចសួរថា «តើវាមានន័យថា អស់អ្នកមិនបានកើតជាថ្មី នឹងនៅតែមាននៅក្នុងនគររាជ្យមួយពាន់ឆ្នាំឬ?»។ ចម្លើយគឺថា «បាទ»។ វិវរណៈ ២០:៨ កត់ត្រាថា មានមនុស្សជាច្រើននៅលើផែនដីនេះនៅក្នុងនគររបស់ព្រះគ្រីស្ទ។ យើងមិនដឹងច្បាស់ថា ពួកគេគឺជាមនុស្សដែលព្រះទើបបង្កើតឡើង ឬមនុស្សដែលបានរស់នៅលើផែនដីនេះពីមុនមក។ ប៉ុន្តែអ្វីដែលយើងដឹងច្បាស់គឺថា ព្រះស្គាល់ពួកគេ ហើយថា នឹងមានពួកបរិសុទ្ធយ៉ាងច្រើនសោយរាជ្យដូចជាខ្សាច់នៅសមុទ្រសោយរាជ្យនៅក្នុងនគររបស់ព្រះគ្រីស្ទ។
សេចក្តីពិតគឺថា នៅពេលពួកបរិសុទ្ធរស់នៅក្នុងនគររបស់ព្រះគ្រីស្ទ ពួកគេនឹងមើលឃើញមនុស្សនៅលើផែនដីនេះ។ ពួកគេនឹងមាននៅ ដើម្បីបម្រើពួកបរិសុទ្ធ ហើយចំនួនរបស់ពួកគេច្រើនដូចជាខ្សាច់នៅសមុទ្រ។ ទោះបីជាពួកគេនឹងរួបរួមជាមួយនាគម្តងទៀត ដើម្បីទាស់ប្រឆាំងនឹងពួកបរិសុទ្ធក៏ដោយ ក៏ពួកគេនឹងត្រូវវិនាស ដោយភ្លើងពីព្រះ ទទួលការជំនុំជម្រះដ៏អស់កល្បជានិច្ចពីបល្ល័ងសដ៏ធំរបស់ទ្រង់ ហើយត្រូវធ្លាក់ទៅក្នុង ភ្លើងដែលឆេះជារៀងរហូត។ ជាមួយនឹងការនេះ នគររាជ្យមួយពាន់ឆ្នាំនឹងត្រូវបញ្ចប់ ហើយចាប់ពីពេលនោះតទៅ ពួកបរិសុទ្ធនឹងត្រូវទៅរស់នៅអស់កល្បជានិច្ចនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 

ខ.៩៖ នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនិងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ។ 
នាគគឺជាសាតាំងដែលតែងតែបានទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ជានិច្ច។ ទោះបីជាវានឹងបោកបញ្ឆោតមនុស្សនៅលើផែនដីនេះដែលរស់នៅក្នុងនគររបស់ព្រះគ្រីស្ទ និងគំរាមកំហែងពួកបរិសុទ្ធក៏ដោយ ក៏ទ្រង់ដែលមានគ្រប់ទាំងអំណាច នឹងនាំភ្លើងពីមេឃមកលេបត្របាក់ពួកគេទាំងអស់ ហើយបោះនាគទៅក្នុងភ្លើងអស់កល្បជានិច្ច ដើម្បីកុំឲ្យវាទាស់ប្រឆាំងនឹងទ្រង់ និងពួកបរិសុទ្ធរបស់ទ្រង់ម្តងទៀត។ 

ខ.១០៖ រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។ 
តាមរយៈការបោះទម្លាក់នាគទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ទ្រង់នឹងធានាថា វានឹងរងទុក្ខនៅទីនោះទាំងយប់ទាំងថ្ងៃ។ នេះគឺជាការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដែលនាគ និងពួកអ្នកដើរតាមរបស់វាសមនឹងទទួល។

ខ.១១៖ ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើ ឯផែនដី និងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ។ 
ដោយបានបញ្ចប់ការប្រទានរង្វាន់ដល់ពួកបរិសុទ្ធរយៈពេលមួយពាន់ឆ្នាំ ឥឡូវនេះ ព្រះនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ ហើយគង់នៅជាមួយពួកគេនៅទីនោះជារៀងរហូត។ ដើម្បីសម្រេចការនេះ ព្រះនឹងត្រូវបញ្ចប់គ្រប់ការទាំងអស់ដែលទ្រង់បានធ្វើ។ កិច្ចការបញ្ចប់នេះគឺដើម្បីឲ្យព្រះអម្ចាស់គង់នៅលើបល្ល័ង្កស ក្នុងនាមជាចៅក្រោម ហើយធ្វើការជំនុំជម្រះលើមនុស្សមានបាបទាំងអស់ ដែលអំពើទាំងអស់របស់ពួកគេត្រូវបានកត់ទុកនៅក្នុងបញ្ជីប្រព្រឹត្ត លើកលែងតែអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។
ការជំនុំជម្រះរបស់ព្រះលើពួកមនុស្សមានបាបនឹងបញ្ចប់ទៅ ដោយការនេះ ហើយចាប់ពីពេលនោះតទៅ ពិភពនៃផ្ទៃមេឃថ្មី និងផែនដីថ្មីនឹងបើកឡើង។ ព្រះអម្ចាស់របស់យើងនឹងបង្កើតឲ្យផ្ទៃមេឃ និងផែនដីចាស់រលាយបាត់ទៅ បង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយអនុញ្ញាតឲ្យពួកបរិសុទ្ធរស់នៅក្នុងនគរនេះអស់កល្បជានិច្ច។ យោងតាមអ្វីដែលបានកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ទ្រង់ និងបញ្ជីជំនុំជំ្រះ ព្រះនឹងប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីដល់មនុស្សមួយក្រុម ហើយទណ្ឌកម្មនៃស្ថាននរកដល់មនុស្សមួយក្រុមទៀត។ 

ខ.១២៖ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ 
ការជំនុំជម្រះរបស់ព្រះគ្រីស្ទនៅពេលនេះ នឹងកំណត់ទណ្ឌកម្មចុងក្រោយ គឺទ្រង់នឹងធ្វើការកាត់ទោសជាចុងក្រោយលើពួកមនុស្សមានបាប ដោយទណ្ឌកម្មនៅក្នុងស្ថាននរក។ ពួកគេនឹងត្រូវបានកាត់ទោស តាមការប្រព្រឹត្តរៀងខ្លួន ដូចដែលបានកត់ទុកនៅក្នុងបញ្ជីជំនុំជម្រះ។ ដូច្នេះ ពួកមនុស្សមានបាបនឹងស្លាប់ពីរដង។ ការស្លាប់លើកទីពីររបស់ពួកគេគឺជាការរងទុក្ខនៅក្នុងស្ថាននរក ដែលព្រះគម្ពីរហៅថា សេចក្តីស្លាប់ដ៏អស់កល្ប ជានិច្ច។ ពួកមនុស្សមានបាបមិនអាចគេចចេញពីទណ្ឌកម្មនៅក្នុងស្ថាននរកបានឡើយ។ ដូច្នេះ ពួកគេត្រូវតែព្យាយាមរៀនពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលឥឡូវនេះ ខណៈដែលនៅរស់នៅលើផែនដីនេះនៅឡើយ ជឿតាមដំណឹងល្អនេះ ហើយទទួលបានព្រះពរនៃការមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត។ 

ខ.១៣៖ ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ 
ដូច្នេះ ទោះបីជាមនុស្សរស់នៅកន្លែងណាក៏ដោយ ក៏ពួកគេត្រូវតែដឹងថា ការដែលពួកគេជារបស់អ្នកណាគឺមានភាពចាំបាច់ណាស់។ អស់អ្នកដែលបានធ្វើជាបាវបម្រើរបស់សាតាំង ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីទទួលការជំនុំជម្រះ និងទណ្ឌកម្មចុងក្រោយ ប៉ុន្តែអស់អ្នកដែលបានបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីទទួលព្រះពរ និងជីវិតអស់កល្បជានិច្ច។ 
ដូច្នេះ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ មនុស្សត្រូវតែដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានដោះអំពើបាបរបស់មនុស្សជាតិចេញ មានសារៈសំខាន់បំផុត។ អស់អ្នកដែលបានធ្វើជាបាវបម្រើរបស់សាតាំង ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីទទួលការជំនុំជម្រះ និងទណ្ឌកម្មចុងក្រោយ ប៉ុន្តែអស់អ្នកដែលបានបម្រើព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះអម្ចាស់ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ដើម្បីទទួលព្រះពរ និងជីវិតអស់កល្បជានិច្ច។ មនុស្សមានបាបទាំងអស់នឹងទទួលការកាត់ទោសសម្រាប់សេចក្តីរំលេងទាំងឡាយរបស់ខ្លួន ហើយទទួលទណ្ឌកម្មជាចុងក្រោយនៅក្នុងស្ថាននរក។ នៅទីនេះ យើងមើលឃើញមូលហេតុដែលយើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ។ 

ខ.១៤៖ ចំណែកសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្តីស្លាប់ទី២។ 
ខនេះប្រាប់យើងអំពីការជំនុំជម្រះអំពើបាបរបស់មនុស្សជាតិ នៅចំពោះព្រះ ដែលពួកគេឈរនៅខាងសាតាំង។ ទណ្ឌកម្មដែលត្រៀមសម្រាប់ពួកមនុស្សអាក្រក់ដែលបានដឹកនាំមនុស្សទៅឯសាតាំង គឺត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើង។ នេះគឺជាសេចក្តីស្លាប់ទីពីរ ដែលព្រះនឹងទម្លាក់មកលើពួកមនុស្សមានបាប ហើយជាទណ្ឌកម្មនៅក្នុងបឹងភ្លើង។ សេចក្តីស្លាប់ដែលព្រះគម្ពីរនិយាយនៅទីនេះ មិនមែនជាការរលាយបាត់បង់រូបកាយ និងព្រលឹងនោះទេ ប៉ុន្តែវាគឺជាទណ្ឌកម្មនៃការរងទុក្ខដ៏អស់កល្បជានិច្ចនៅក្នុងភ្លើងនរក។
សេចក្តីសង្រ្គោះដែលព្រះគម្ពីរនិយាយ មិនជាអចិន្ត្រៃទេ តែអស់កល្បជានិច្ច។ អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ នឹងចូលទៅរស់នៅក្នុងនគរស្ថានសួគ៌យ៉ាងសប្បាយរីករាយជារៀងរហូត។ ភាពខុសគ្នារវាងរង្វាន់របស់ពួកអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងទណ្ឌកម្មរបស់ពួកអ្នកមិនជឿ គឺធំដូចជាភាពខុសគ្នារវាងស្ថានសួគ៌ និងផែនដីដែរ។ 

ខ.១៥៖ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។ 
តាមរយៈពាក្យថា «អ្នកណា» នៅទីនេះ ខនេះប្រាប់យើងថា ឈ្មោះរបស់មនុស្សបានកត់ទុកនៅក្នុងបញ្ជីជីវិត ឬមិនបាន អាស្រ័យទាំងស្រុងថា ពួកគេជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលធ្វើឲ្យអំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោស បានសដូចជាព្រិល ទោះបើពួកគេជាអ្នកចូលរួមក្នុងពួកជំនុំ ឬពួកជំនុំរបស់ពួកគេជារបស់និកាយខុសឆ្គងណាក៏ដោយ។ ដូច្នេះ អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ព្រះអម្ចាស់ នឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង ដោយគ្មានការលើកលែងឡើយ។
មនុស្សដែលកាន់តាមសាសនានៅលើផែនដីនេះ ផ្តល់សារៈសំខាន់លើពិធីសាសនារបស់ពួកគេ ខ្លាំងជាងសេចក្តីប្រោសលោះចេញពីបាបរបស់ពួកគេ។ ប៉ុន្តែនៅពេលពួកឈរនៅចំពោះព្រះ បើសិនចិត្តរបស់ពួកគេមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យទេ ឈោ្មះរបស់ពួកគេមិនមានកត់ទុកនៅក្នុងបញ្ជីជីវិតឡើយ ហើយពួកគេនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើង ទោះបើពួកគេគឺជាគ្រីស្ទបរិស័ទល្អយ៉ាងណាក៏ដោយ។
ដូច្នេះ ខណៈដែលអ្នកកំពុងតែរស់នៅលើផែនដីនេះ អ្នកត្រូវតែស្តាប់នឹងត្រចៀករបស់អ្នកនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ដែលបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ហើយអ្នកត្រូវតែជឿតាមដំណឹងល្អនេះ ដោយអស់ពីចិត្ត។ បន្ទាប់មក អ្នកនឹងទទួលបានសិរីល្អនៃការមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតហើយ។