Search

Sermons

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 13] ចូររស់នៅសម្រាប់សេចក្តីសុចរិតរបស់ព្រះ

រ៉ូម ១៣:១ និយាយថា «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»។ 
យើងត្រូវតែរស់នៅក្នុងព្រំដែននៃបទដ្ឋានសង្គម។ ព្រះបានបង្គាប់យើងឲ្យកោតខ្លាច និងគោរពដល់អ្នកដែលមានអំណាចលើជីវិតខាងវិញ្ញាណ និងសាច់ឈាមរបស់យើង។ សម្រាប់ហេតុផលមួយ ព្រះប្រទានអំណាចដល់មន្ត្រីរដ្ឋាភិបាល។ ដូច្នេះ យើងមិនត្រូវព្រងើយកន្តើយចំពោះពួកគេទេ។ យើងត្រូវតែចងចាំសម្តីរបស់សាវកប៉ុលថា «កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ» (រ៉ូម ១៣:៨)។
នេះហើយគឺជាមូលហេតុដែលយើងបាន និងកំពុងបោះពុម្ពផ្សាយសៀវភៅដែលឥតគិតថ្លៃ និងចែកចាយដំណឹងល្អពិតនេះទៅកាន់មនុស្សនៅទូទាំងពិភពលោក។
ព្រះអម្ចាស់បានមានបន្ទូលថា «ដែលស្រឡាញ់ដល់គេ នោះបានធ្វើសំរេចតាមក្រឹត្យវិន័យហើយ»។ មនុស្សជាប់នៅក្នុងមាយាការថា ពួកគេកំពុងតែគោរពតាមក្រិត្យវិន័យបានយ៉ាងស្មោះត្រង់ នៅក្នុងជីវិតបែបសាសនារបស់ពួកគេ។
ព្រះបានប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបើកសម្តែងឲ្យឃើញសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីសង្រ្គោះយើងចេញពីបាប។ យើងត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ការចែកចាយដំណឹងល្អពិតនេះ ដែលព្រះអម្ចាស់របស់យើងបានប្រទានឲ្យយើង គឺពិតជាជួយផ្តល់ជីវិតដល់អ្នកដទៃ ពីព្រោះវាសង្រ្គោះមនុស្សចេញពីអំពើបាបទាំងអស់របស់ពួកគេ។ យើងមិនត្រូវជំពាក់អ្វីទេ ក្រៅពីជំពាក់សេចក្តីស្រឡាញ់ ដែលមាននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ។
 
 
ដល់ពេលដែលយើងត្រូវភ្ញាក់ឡើងហើយ
 
ខ.១១ និយាយថា «ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ»។ យើងនឹងសោយរាជ្យជាមួយព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ នៅពេលរូបកាយដែលតែងតែស្លាប់របស់យើងត្រូវបានផ្លាស់ប្តូរ គឺនៅពេលរូបកាយរបស់យើងត្រូវបានប្រោសលោះ។
យើងអាចមើលឃើញពីភាពស្រដៀងគ្នា រវាងជំនាន់របស់យើង និងជំនាន់របស់លោកណូអេ។ រលកថ្មីនៃការស្រឡាញ់ភេទដូចគ្នាបានរំជើបរំជួលនៅក្នុងមហាវិទ្យាល័យផ្សេងៗ។ លោកិយនេះពិតជាអាក្រក់ខ្លាំងណាស់ ដែលមនុស្សប្រុសម្នាក់ចាក់សម្លាប់មនុស្សប្រុសម្នាក់ទៀត ដោយគ្រាន់តែការប្រើប្រាស់ទូរស័ព្ទបង់ប្រាក់យូរពេក។
ដូច្នេះ យើងត្រូវតែដឹងថា វាដល់ពេលដែលយើងត្រូវភ្ញាក់ឡើង ហើយ។ ពេលវេលាសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ពិតជាជិតមកដល់ហើយ។ យើងគួរតែមានភាពឆេះឆួល និងអាចដឹងថា សម័យនេះមានលក្ខណៈយ៉ាងណា ហើយការយាងមករបស់ព្រះអម្ចាស់ជិតមកដល់ហើយ។ ប៉ុន្តែនៅក្នុងពេលតែមួយ ចូរយើងចងចាំថា មានមនុស្សយ៉ាងច្រើន ដែលពិតជាមិនស្គាល់ពីសម័យនេះទេ។ 
«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ» (ម៉ាថាយ ២៤:៣៧)។ សូម្បីតែនៅសម័យលោកណូអេ មនុស្សបានសង់ផ្ទះ រៀបការ ប្រព្រឹត្តអំពើបាបគ្រប់ប្រភេទ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ រហូតដល់ការជំនុំជម្រះរបស់ព្រះបានធ្លាក់មកលើពួកគេជាមួយរំពេច។ គ្មានអ្នកណាបានគិតថា នឹងមានភ្លៀងខ្លាំង និងទឹកជំនន់ ដែលបោសសម្អាតមនុស្សទាំងអស់ឡើយ។ ប៉ុន្តែមានមនុស្សមួយចំនួនតូច ដែលបានរួចខ្លួននៅក្នុងទូករបស់លោកណូអេ។ អ្នកដែលវិនាស បានជួបនឹងការជំនុំជម្រះដ៏ឃោរឃៅរបស់ព្រះ ដោយដោយមិនដឹងខ្លួនជាមុន ខណៈដែលពួកគេកំពុងតែស៊ីផឹក។
ពិភពលោកនេះ មិនគ្រាន់តែងាយនឹងប្រឈមនឹងគ្រោះថ្នាក់ពីសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រឈមនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរនៃការបម្រែ បម្រូលអាកាសធាតុ ដែលកំពុងតែកើតឡើងនៅពាសពេញពិភពលោកផងដែរ។ ហើយក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងអាហារដែលយើងបរិភោគផងដែរ ហើយយើងមិនអាចបរិភោគអាហាររបស់យើង ដោយមិនបារម្ភពីគ្រោះថ្នាក់ទាំងនោះបានឡើយ។ ដូច្នេះ យើងត្រូវតែរស់នៅដោយភាពវ័យឆ្លាតនៅក្នុងសម័យនេះ និងចងចាំថា សេចក្តីសង្រ្គោះនៃរូបកាយរបស់យើងគឺកាន់តែខិតជិតមកដល់ហើយ។
 
 
តើអ្នកបានប្រដាប់ខ្លួនជាមួយនឹងសេចក្តីសង្រ្គោះ របស់ព្រះគ្រីស្ទហើយឬនៅ?
 
អ្នក អាចគិតថា ការវិនាសនៃពិភពលោកនេះមិនទាក់ទងគ្នានឹងពិភពនៃសេចក្តីជំនឿទេ ប៉ុន្តែវាទាក់ទងទាំងស្រុងនឹងនយោបាយ និងសេដ្ឋកិច្ច វិញ។ ប៉ុន្តែគ្រោះមហន្តរាយសកលគឺជាសញ្ញាព្រមានសម្រាប់ការវិនាសនៃពិភពលោកនេះ។ ពិភពលោកនេះនឹងប្រឈមនឹងបញ្ហាបរិស្ថាន និង សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងពេលដ៏ឆាប់។ ព្រះគម្ពីរប្រាប់យើងា «កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ» គឺជាការជួយ ការការពារ ការដឹកនាំ និងការសហការជាមួយគ្នាទៅវិញទៅមក នៅក្នុងសេចក្តីស្រឡាញ់។ ហើយយើងត្រូវតែដឹងថា សេចក្តីសង្ឃឹមរបស់យើងកាន់តែខិតជិតមកដល់ហើយ។
យើងកំពុងតែរស់នៅក្នុងសម័យមួយ ដែលយើងត្រូវរស់នៅក្នុង សេចក្តីសង្ឃឹម ដោយរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ។
តើសេចក្តីសង្ឃឹមរបស់យើងនៅឯណា? សេចក្តីសង្ឃឹមរបស់យើង គឺជាការរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ដែលនឹងប្រោសឲ្យយើងរស់នៅឡើងវិញ និងប្រទានពរដល់យើង ដើម្បីឲ្យយើងបានសោយរាជ្យជាមួយទ្រង់ នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ បន្ទាប់ទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ ហើយដោយសារពេលវេលាខិតជិតមកដល់ហើយ យើងត្រូវតែឈរឲ្យបានកាន់តែរឹងមាំនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបម្រើដំណឹងល្អនេះ ដោយអស់ពីចិត្តរបស់យើង។ ហើយយើងត្រូវតែពង្រីកព័ន្ធកិច្ចរបស់យើង ដើម្បីចែកចាយដំណឹងល្អដល់គ្រប់ព្រលឹងទាំងអស់ នៅក្នុងពិភពលោកទាំងមូល។
 
 
យើងមិនត្រូវជំពាក់អ្វីឡើយ លើកលែងតែជំពាក់សេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក
 
ខ្ញុំ ដឹងថា នឹងមានការរងទុក្ខយ៉ាងខ្លាំងពីគ្រោះធម្មជាតិ ដូចជា ការរញ្ជួយដី និងភ្នំភ្លើង។ មានខ្សែភាពយន្តជាច្រើននៅសព្វថ្ងៃនេះ ដែលបង្ហាញពីផ្ទៃរឿងអំពីការវិនាសរបស់ពិភពលោកនេះ។ ខ្ញុំគិតថា ពិភពលោកនេះនឹងបានដូចជាការស្រមើស្រមៃរបស់អ្នកនិពន្ធរឿងហូលីវូត ហើយនេះគឺជាភស្តុតាងបញ្ជាក់ថា មនុស្សមិនបានដឹងពីការវិនាសនៃពិភពលោកនេះដែលជិតមកដល់ទេ។
ដូច្នេះ យើងមិនគួរយកចិត្តទុកដាក់ចំពោះកិច្ចការខាងសាច់ឈាមទេ ប៉ុន្តែយកចិត្តទុកដាក់ចំពោះកិច្ចការខាងវិញ្ញាណវិញ។
យើងត្រូវតែជឿថា ជីវិតនៃការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាជីវិតល្អប្រសើរបំផុត។ មនុស្សនៅទូទាំងពិភពលោកនេះ មានការភ្ញាក់ផ្អើលចំពោះព័ន្ធកិច្ចរបស់ពួកយើង។ មនុស្សច្រើនរាប់មិនអស់បានប្រាប់យើងថា ព័ន្ធកិច្ចរបស់យើងបានប៉ះពាល់ចិត្តរបស់ពួកគេយ៉ាងខ្លាំង។ ពួកគេមិនអាចជឿថា យើងដែលជាក្រុមអ្នកបម្រើរបស់ព្រះពីប្រទេសកូរ៉េ ដែលជាប្រទេសតូចមួយ អាចផ្សព្វផ្សាយសេចក្តីសុចរិតរបស់ព្រះយ៉ាងមានប្រសិទ្ធភាពដូច្នេះទេ។ បាទ ពិតមែនហើយ យើងតូច និងខ្សោយ ប៉ុន្តែយើងនឹងនៅតែផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោកនេះ ពីព្រោះយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជា សេចក្តីសុចរិតរបស់ព្រះ។
រ៉ូម ១៤:៨ និយាយថា «ទោះបើយើងរស់ ឬស្លាប់ក្តី គង់តែយើងត្រូវរស់ ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ»។ យើងបានរស់នៅ និងធ្វើការនេះ ដោយព្រោះតែព្រះអម្ចាស់របស់យើង។
ដោយសារយើងបានកើតមកក្នុងលោកិយនេះ ដោយសារព្រះ អម្ចាស់របស់យើង និងបានរាប់ជាសុចរិត ដោយសារសេចក្តីសុចរិតរបស់ទ្រង់ យើងគឺជារបស់ព្រះគ្រីស្ទជានិច្ច ទោះបើយើងរស់ ឬស្លាប់ក្តី។ យើងនឹងរស់នៅ និងចាកចេញពីលោកិយនេះ ក្នុងនាមជាកម្មសិទ្ធិរបស់ព្រះ គ្រីស្ទ ដោយរស់នៅក្នុងជីវិតសម្រាប់សេចក្តីសុចរិតរបស់ព្រះ។ ព្រះគាប់ព្រះទ័យចំពោះយើង ហើយបានជ្រើសរើសប្រើយើងជាប្រដាប់ប្រដាផ្សព្វផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ ដូច្នេះ ទ្រង់បានបើកទ្វារយ៉ាងធំនៃការផ្សាយដំណឹងល្អសម្រាប់យើង។ ហើយទ្រង់បានអនុញ្ញាតឲ្យយើងផ្សព្វផ្សាយដំណឹងល្អ តាមរយៈសៀវភៅ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ជាតិសាសន៍ទាំងអស់ដោយផ្ទាល់ទេ។
សៀវភៅជាស៊េរី ដែលមានផ្ទុកនូវដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ ត្រូវបានបកប្រែ និងបញ្ជូនទៅកាន់បណ្តាប្រទេសដែលនិយាយភាសាអង់គ្លេស អេស៉្បាញ និងបណ្តាប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុបផងដែរ។ ខ្ញុំប្រាកដក្នុងចិត្តថា សៀវភៅជាស៊េរី ដែលមានចំណងជើងថា «ព្រះអម្ចាស់របស់យើង ដែលធ្វើជាសេចក្តីសុចរិតរបស់ព្រះ» នឹងផ្តល់ព្រះពរខាងវិញ្ញាណដ៏ធំធេងដល់ព្រលឹងទាំងអស់នៅក្នុងលោកិយនេះ។ របៀបដែលព្រះធ្វើការបំពេញសម្រេចបំណងព្រះហឫទ័យទ្រង់ តាមរយៈអ្នកជឿលើសេចក្តីសុចរិតរបស់ទ្រង់ គឺមានភាពអស្ចារ្យខ្លាំងណាស់។
នៅចុងបញ្ចប់ លោកិយនេះនឹងត្រូវបានគ្របដណ្តប់ ដោយដំណឹងល្អនេះ ហើយកាលណាដំណឹងល្អដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ ត្រូវបានផ្សព្វផ្សាយនៅពាសពេញពិភពលោកហើយ ព្រះនឹងបំពេញសម្រេចផែនការនីមួយៗ ដែលទ្រង់មានសម្រាប់យើង។
សម័យនេះកំពុងតែមានព្យុះដ៏កំណាចមួយ។ វិបត្តិប្រេង និងបញ្ហាហិរញ្ញវត្ថុសកល អាចនឹងវាយប្រហារពិភពលោកនេះម្តងទៀតបាន។ យើងត្រូវតែស្មោះត្រង់ចំពោះអ្វីដែលយើងត្រូវធ្វើ។ យើងត្រូវតែផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ទីបញ្ចប់នៃលោកិយនេះ។ ចូរយើងឧស្សាហ៍ផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីកុំឲ្យអ្នកណាម្នាក់នៅក្នុងលោកិយនេះត្រូវវិនាស ដោយមិនបានស្តាប់ឭដំណឹងល្អ ឲ្យសោះ។ យើងត្រូវតែសហការគ្នា និងធ្វើការសម្រាប់គោលបំណងតែ មួយ។ យើងត្រូវតែធ្វើការ ដូចជាទាហានទាំងបីរយនាក់របស់គីឌាន។ ទោះបីជាយើងមានគ្នាតិចក៏ដោយ ក៏យើងគឺជាទាហានដ៏ក្លាហានពីស្ថានសួគ៌ដែរ ហើយព្រះគង់នៅជាមួយយើង។ 
អ្នកណាដែលទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប និងអរព្រះគុណដល់ព្រះ អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកាសពីសេចក្តីសុចរិតរបស់ព្រះបានហើយ។ ដោយសារសេចក្តីជំនឿ យើងនឹងមានជ័យជំនះ ពីព្រោះយើងមានសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ តែងតែដេញតាមកិច្ចការរបស់ព្រះវិញ្ញាណ និងបង្កើតគោលដៅលើកិច្ចការខាងវិញ្ញាណ។
ខ្ញុំអធិស្ឋានថា អ្នកនឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ។