Search

FAQ on the Christian Faith

Subject 2: The Holy Spirit

2-8. តើការទទួលបុណ្យជ្រមុជពីព្រះវិញ្ញាណបរិសុទ្ធមានន័យយ៉ាងដូចម្តេច?

យើងគួរតែដឹងពីមូលហេតុនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ សាវកប៉ុលបានអធិប្បាយដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវទៅកាន់ពួកកាឡាទីមួយចំនួន នៅពេលគាត់បានដឹងថា ពួកគេគ្រាន់តែបានទទួល «បុណ្យជ្រមុជពីលោកយ៉ូហាន» ប៉ុណ្ណោះ។ ពួកគេបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត ដោយការជឿលើអ្វី ដែលសាវកប៉ុលបាននិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ លក្ខណៈនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលពីលោកយ៉ូហាន និងបុណ្យជ្រមុជនៃការប្រែចិត្តរបស់លោកយ៉ូហាន គឺខុសគ្នា។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺត្រូវលាងសម្អាតអំពើបាបចេញ ដែលមានទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយការទទួលបានព្រះវិញ្ញាណបរិសុទ្ធរបស់យើង។
ដូច្នេះ តើបុណ្យជ្រមុជរបស់លោកយ៉ូហានមានលក្ខណៈយ៉ាងដូចម្តេច? គាត់បានប្រកាសថា «ឱពូជពស់វែកអើយ ចូរប្រែចិត្តចុះ! ចូរបោះបង់ព្រះដទៃរបស់អ្នក ហើយបែរមកឯព្រះពិតវិញ»។ បុណ្យជ្រមុជរបស់គាត់ គឺសម្រាប់ការប្រែចិត្ត ដែលបានធ្វើឲ្យមនុស្សងាកបែរមកឯព្រះវិញ។ ទោះបីជាយ៉ាងណា បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺសម្រាប់ឲ្យទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ នេះហើយគឺជាភាពខុសគ្នារវាងបុណ្យជ្រមុជរបស់លោកយ៉ូហាន និងបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។ 
ដូច្នេះ តើអ្វីគឺជាបុណ្យជ្រមុជដែលបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត? វាគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ចាប់តាំង អ័ដាមរហូតដល់មនុស្សចុងក្រោយនៅលើផែនដីនេះ។ នៅក្នុងន័យផ្សេង បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។
បំពេញសម្រេចសេចក្តីសុចរិត មានន័យថា ព្រះបានអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ ដើម្បីឲ្យទ្រង់អាចទទួលការកាត់ទោសជំនួសយើង ដោយការសុគតនៅលើឈើឆ្កាង។ ព្រះបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ និងញែកអ្នកជឿទាំងអស់ជាបរិសុទ្ធ។
ការនេះ ត្រូវបានធ្វើសម្រាប់មនុស្សទាំងអស់។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងបាននាំ សេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចមកឲ្យយើង ដែលជាសេចក្តីអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង និងឱកាសរស់នៅជាមួយព្រះអស់កល្បជានិច្ច។ នេះហើយគឺជាសេចក្តីសុចរិត សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់មនុស្សជាតិទាំងមូល។ នៅទីនេះ យើងអាចបញ្ជាក់បានថា បុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធត្រូវបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ដើម្បីទទួលបុណ្យជ្រមុជ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ យើងត្រូវមានសេចក្តីបន្ទាល់ពីការជឿថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ គ្រប់គ្នាដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គួរតែបានទទួលបុណ្យជ្រមុជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ 
ដូច្នេះ យើងបានទទួលបុណ្យជ្រមុជទុកជាភស្តុតាងនៃជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងស្របតាមសេចក្តីបង្គាប់របស់ទ្រង់ថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » (ម៉ាថាយ ២៨:១៩)។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយដោយសារតែសេចក្តីពិតនេះដឹកនាំមនុស្សឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងក៏អាចហៅវាថា បុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។