Search

Sermones

Subject 11 : រោងឧបោសថ

[11-12] វាំងនន និងសសរនៃទីបរិសុទ្ធ (និក្ខមនំ ២៦:៣១-៣៧)

វាំងនន និងសសរនៃទីបរិសុទ្
(និក្ខមនំ ២៦:៣១-៣៧)
«រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្តីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា រួចត្រូវដាក់ទី សន្តោសប្រោសនៅលើហិបនៃសេចក្តីបន្ទាល់ខាងក្នុងទីបរិសុទ្ធបំផុត ហើយត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ឯជើងចង្កៀង នោះត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ នៅមុខត្រសាល ត្រូវធ្វើរនាំង ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។»
 


ទីបរិសុទ្ធ

ទីបរិសុទ្ធ
ខ្ញុំចង់ឆ្លុះបញ្ចាំងអំពីអត្ថន័យខាងវិញ្ញាណ ដែលមាននៅក្នុងសសរនៃទីបរិសុទ្ធ និងពណ៌នៃវាំងននរបស់វា។ រោងឧបសថដែលយើងកំពុងតែពិចារណានៅទីនេះ មានបណ្តោយប្រវែង ១៣.៥ ម៉ែត្រ និងទទឹងប្រវែង ៤.៥ ម៉ែត្រ ហើយត្រូវបានបែងចែកជាពីរបន្ទប់គឺ ទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ នៅក្នុងទីបរិសុទ្ធ មានជើងចង្កៀងមួយ តុតាំងនំប៉័ង អាសនាគ្រឿងក្រអូប ហើយនៅក្នុងទីបរិសុទ្ធបំផុត មានហិបសញ្ញា ដែលគេដាក់ទីសន្តោសប្រោស។
រោងឧបោសថមានទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត ហើយនៅគ្រប់ជ្រុងទាំងអស់ត្រូវបានព័ទ្ធទៅដោយក្តាឈើនាងនួន ដែលមានទទឹងប្រវែង ៧០សង់ទីម៉ែត្រ និងកម្ពស់ ៤.៥ ម៉ែត្រ។ ហើយនៅឯទ្វាររោងឧបោសថ មានដាក់សសរឈើនាងនួនចំនួនប្រាំ ដែលត្រូវបានស្រោបដោយមាស។ ទ្វារនេះ ដែលគេចូលពីទីលានខាងក្រៅទៅក្នុងរោងឧបោសថ ត្រូវបានធ្វើពីវាំងននអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ 
នៅទីលានខាងក្រៅនៃរោងឧបោសថ មានសសរចំនួនហុកសិប ដែលសសរនីមួយៗមានកម្ពស់ ២.២៥ ម៉ែត្រ។ ហើយទ្វារទីលាន ដែលត្រូវបានដាក់នៅជ្រុងខាងកើត ក៏ត្រូវបានធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ត្បាញជាមួយសំពត់ខ្លូតទេសផងដែរ ហើយគេត្រូវតែឆ្លងកាត់ទ្វារទីលានខាងក្រៅនេះ ទើបគេអាចចូលទៅទីលានរោងឧបោសថបាន។ នៅទីលានរោងឧបោសថនេះ មានអាសនាតង្វាយដុត និងចានក្លាំលង្ហិន។ 
បើសិនឆ្លងកាត់ទីលានទាំងពីរនេះ គេអាចចូលទៅដល់ទ្វាររោងឧបោសថ ដែលមានកម្ពស់ ៤.៥ ម៉ែត្របាន។ ទ្វារោងឧបោសថនេះមានសសរចំនួនប្រាំ ដែលមានជើងធ្វើពីប្រាក់។ ដូចទ្វារចូលទីលានរោងឧបោសថដែរ ទ្វាររោងឧបោសថត្រូវបានធ្វើពីវាំងននអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវបានព្យួរនៅលើទំពក់មាសនៅពីលើសសរទាំងប្រាំ។ វាំងនននេះបែងចែករវាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃរោងឧបោសថ។ 
 

អ្វីដែលយើងត្រូវតែពិចារណាមុនគេគឺ សសរទ្វារ រោងឧបោសថ

សសរទាំងប្រាំនៃទ្វាររោងឧបោសថមានកម្ពស់ ៤.៥ ម៉ែត្រ។ នៅលើ សសរទាំងនេះ គេដាក់វាំងននមួយ ដែលត្បាញដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
ជាដំបូង ចូរយើងផ្តោតលើការពិតថា សសរទាំងប្រាំនៃទ្វាររោងឧបោសថមានកម្ពស់ ៤.៥ ម៉ែត្រ។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ព្រះទ្រង់ផ្ទាល់បានសងថ្លៃយញ្ញបូជាដ៏ថ្លៃមួយ ដើម្បីដោះអំពើបាបរបស់យើងចេញ ហើយយកយើងធ្វើជាកូនរបស់ទ្រង់។ ដោយសារអ្នក និងខ្ញុំមានន័យនិស្ស័យមិនពេញលេញ និងខ្សោយ យើងរស់នៅលើផែនដីនេះ ដោយប្រព្រឹត្តអំពើទុច្ចរិតយ៉ាងច្រើន។ ដោយសារអ្នក និងខ្ញុំគឺជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរបំផុត ដែលប្រព្រឹត្តអំពើបាបគ្រប់ពេលវេលានៅក្នុងលោកិយនេះ យើងមានអំពើទុច្ចរិត និងកំហុសយ៉ាងច្រើន។ សសរទ្វាររោងឧបោសថទាំងនេះបង្ហាញប្រាប់យើងថា ដើម្បីសង្រ្គោះយើងចេញពីកំហុស និងអំពើបាបរបស់លោកិយនេះ ព្រះបានលះបង់ព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ទុកជាថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយថា ទ្រង់ពិតជាបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះប្រាកដមែន។ 
នៅក្នុងន័យផ្សេង សម្រាប់កំហុស និងអំពើបាបដែលយើងប្រព្រឹត្តនៅក្នុងលោកិយនេះ ព្រះយេស៊ូវគ្រីស្ទបានលះបង់រូបកាយរបស់ទ្រង់ផ្ទាល់ទុកជាតង្វាយយញ្ញបូជានៅចំពោះព្រះ ហើយបានសងថ្លៃឈ្នួលនៃអំពើបាបរបស់លោកិយនេះលើសពីគ្រប់គ្រាន់ ដើម្បីសង្រ្គោះយើង។ បើសិនមនុស្សម្នាក់បានប្រព្រឹត្តអំពើរំលងមួយ ហើយបានប្រព្រឹត្តរំលងច្បាប់ដោយអចេតនាទាស់នឹងរបស់បរិសុទ្ធរបស់ព្រះ គាត់ត្រូវតែនាំចៀមឈ្មោលមួយមកធ្វើជាតង្វាយ ហើយគាត់ត្រូវតែសងថ្លៃមួយភាគប្រាំឲ្យទៅពួកសង្ឃ (លេវីវិន័យ ៥:១៥-១៦)។ នេះមានន័យថា ព្រះយេស៊ូវគ្រីស្ទបានលះបង់អង្គទ្រង់ ដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប ហើយដូច្នេះ បានសងថ្លៃឈ្នួលនៃអំពើបាបលើសពីគ្រប់គ្រាន់ទៅទៀត។ ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីដោះអំពើបាបរបស់យើងចេញ ហើយបានលះបង់អង្គទ្រង់ទុកជាតង្វាយលោះបាបរបស់យើង។
តង្វាយទាំងអស់នៅក្នុងព្រះគម្ពីរ ដូចជា តង្វាយដុត តង្វាយលោះបាប និងតង្វាយមេត្រីភាព ត្រូវបានគេថ្វាយទៅកាន់ព្រះ ដើម្បីឲ្យអ្នកដែលបានធ្វើបាប អាចដោះអំពើបាបរបស់ពួកគេចេញ ដោយការដាក់ដៃលើតង្វាយយញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា។ ក្នុងចំណោមតង្វាយទាំងនោះ តង្វាយសម្រាប់ការរំលងច្បាប់គឺជាតង្វាយយញ្ញបូជាមួយ ដែលគេថ្វាយទៅកាន់ព្រះ ដើម្បីដោះកំហុសរបស់គេចេញ។ គេថ្វាយតង្វាយសម្រាប់ការរំលងច្បាប់នេះ កាលណាមនុស្សម្នាក់ធ្វើខុសចំពោះមនុស្សម្នាក់ទៀត ដោយអចេតនា ដើម្បីសងជម្ងឺចិត្តដល់ជនរងគ្រោះ និងស្តាទំនាក់ទំនងឡើងវិញ។ ហើយតង្វាយសម្រាប់ការរំលងច្បាប់តម្រូវឲ្យបន្ថែមការសងថ្លៃម្ភៃភាគរយ ទៅលើថ្លៃសងសរុប រួមទាំងការពិន័យ និងការខូចខាតផង។ នេះគឺជាសេចក្តីតម្រូវសំខាន់សម្រាប់តង្វាយសម្រាប់ការរំលងច្បាប់។ វាគឺជាតង្វាយមួយ ដែលគេថ្វាយសម្រាប់គោលបំណងនៃការធួននឹងកំហុសរបស់មនុស្សម្នាក់ នៅពេលគាត់បានធ្វើបាបដល់អ្នកដទៃ (លេវីវិន័យ ៥:១៤-៦:៧)។ 
តើអ្នក និងខ្ញុំនៅយ៉ាងឆ្ងាយពីបាបឬ? តើយើងមិនកំពុងតែរស់នៅ ដោយធ្វើបាបទេឬ? យើងកំពុងតែធ្វើដូច្នេះ ពីព្រោះអ្នក និងខ្ញុំគឺជាពូជរបស់អ័ដាម។ យើងខ្លួនឯងរស់នៅ ដោយប្រព្រឹត្តអំពើបាបយ៉ាងច្រើន។ តើមានការអាក្រក់ប៉ុន្មាន ដែលយើងបានប្រព្រឹត្តទាស់នឹងគ្នាទៅវិញទៅមក និងទាស់នឹងព្រះ? ដោយសារយើងមិនពេញលេញ និងយឺតពេក ក្នុងការទទួលស្គាល់ការអាក្រក់ទាំងនេះជាអំពើបាប ទើបជារឿយៗ យើងភ្លេចអំពីវា ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ។ ប៉ុន្តែអ្នក និងខ្ញុំត្រូវតែទទួលស្គាល់នៅចំពោះព្រះថា យើងបានប្រព្រឹត្តការរំលងយ៉ាងច្រើនចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះ ហើយយើងគឺជាពួកមនុស្សមានបាបនៅចំពោះទ្រង់។ 
ដើម្បីសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ ព្រះបានសព្វព្រះទ័យបញ្ជូនព្រះយេស៊ូវគ្រីស្ទឲ្យមកប្រសូតជាមនុស្សដូចជាពួកគេ។ តាមរយៈការអនុញ្ញាតឲ្យព្រះយេស៊ូវទទួលយកទោសនៃអំពើបាបរបស់យើង និងតាមរយៈតម្លៃនៃយញ្ញបូជារបស់ទ្រង់ ព្រះបានប្រទានឲ្យយើងនូវអំណោយទាននៃសេចក្តីសង្រ្គោះ។ នៅពេលព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រានៃទ្រង់ឲ្យយាងមកផែនដីនេះ ហើយបានបង្គាប់ឲ្យទ្រង់ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់ តើយើងអាចប្រៀបធៀបខ្លួនយើងទៅនឹងតម្លៃនៃយញ្ញបូជានេះបានយ៉ាងដូចម្តេច? ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ព្រះអម្ចាស់បានធ្វើជាយញ្ញបូជា ដើម្បីសងថ្លៃឈ្នូលនៃអំពើបាបទាំងអស់ ហើយដូច្នេះ បានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ តើនេះមិនមែនជាព្រះគុណដ៏អស្ចារ្យរបស់ព្រះទេឬ? តើសេចក្តីស្រឡាញ់របស់ព្រះមានជម្រៅ និងទំហំប៉ុណ្ណា? ការពិតថា សសរទ្វាររោងឧបោសថមានកម្ពស់ ៤.៥ ម៉ែត្រប្រាប់យើងអំពីសេចក្តីស្រឡាញ់របស់ព្រះ ដែលទ្រង់បានប្រទានឲ្យយើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 
ដើម្បីសង្រ្គោះមនុស្សជាតិដែលឥតតម្លៃដូចជាយើង ចេញពីទោសនៃបាប ព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈតង្វាយយញ្ញបូជារបស់ទ្រង់ផ្ទាល់។ ខ្ញុំ អរព្រះគុណដល់ទ្រង់ សម្រាប់សេចក្តីពិតនេះ។ នៅពេលយើងត្រូវតែធ្លាក់ទៅ ក្នុស្ថាននរក សម្រាប់ទណ្ឌកម្មនៃអំពើបាបរបស់យើង ហើយនៅពេលព្រះអម្ចាស់បានលះបង់រូបកាយរបស់ទ្រង់ផ្ទាល់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាប
ទាំងនេះ យើងត្រូវតែអរព្រះគុណដល់ទ្រង់។ យើងសូមថ្វាយការអរព្រះគុណដល់ទ្រង់! តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់យើងនៅលើរូបកាយដ៏មានតម្លៃរបស់ទ្រង់ បានសងថ្លៃឈ្នួលនៃអំពើបាប ដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងបានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង។ ដូច្នេះ យើងគ្រាន់តែអាចអរព្រះគុណដល់ទ្រង់បាន ដោយសេចក្តីជំនឿតាមដំណឹងល្អនេះប៉ុណ្ណោះ។ នេះហើយគឺជាអត្ថន័យដ៏ជ្រាលជ្រៅនៃសេចក្តីសង្រ្គោះ ដែលមាននៅក្នុងសសរទ្វាររោងឧបោសថ។ 
សសរនីមួយៗនៃសសរទាំងប្រាំនៃទ្វាររោងឧបោសថមានកម្ពស់ ៤.៥ ម៉ែត្រ។ ហើយនៅក្នុងព្រះគម្ពីរ លេខ «៥» សំដៅទៅលើ «ព្រះគុណរបស់ព្រះ»។ ដូច្នេះ ការដែលមានសសរប្រាំសំដៅទៅលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង។ ដោយស្រឡាញ់យើង និងប្រទានឲ្យយើងនូវសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះរបស់ទ្រង់ ព្រះបានធ្វើឲ្យយើងមិនខ្វះអ្វីសោះ ដើម្បីបានធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ នៅក្នុងព្រះគម្ពីរ មាសសំដៅទៅលើសេចក្តីជំនឿដែលជឿលើព្រះ ដែលបានសង្រ្គោះយើង តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅក្នុងន័យផ្សេង តាមរយៈមាស ព្រះគម្ពីរនិយាយអំពី «សេចក្តីជំនឿ» ដែលជឿយ៉ាងអស់ពីចិត្តតាមសេចក្តីពិតថា ព្រះទ្រង់ផ្ទាល់បានយាងមកផែនដីនេះ បានផ្ទុកអំពើបាបរបស់យើងនៅលើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីរាប់យើងជាសុចរិត និងគ្រប់លក្ខណ៍។ ដូច្នេះហើយបានជាសសរទីបរិសុទ្ធសុទ្ធតែត្រូវបានស្រោបដោយមាសទាំងអស់។ 
ការដែលជើងសសរនៃទ្វាររោងឧបោសថត្រូវបានធ្វើពីប្រាក់ បង្ហាញថា តាមរយៈការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតនៅលើឈើឆ្កាង ដើម្បីទទួលទោសជំនួសយើង ព្រះអម្ចាស់បានសង្រ្គោះយើងដែលត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់យើង។ ដោយសារយើងមានពេញទៅដោយកំហុសយ៉ាងច្រើន យើងគឺជាមនុស្សជាតិដែលឥតតម្លៃ ដែលត្រូវមានទោសស្លាប់ ប៉ុន្តែដើម្បីយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់ ព្រះដ៏បរិសុទ្ធ និងដាច់ខាតបានលះបង់អង្គទ្រង់ដែលមានតម្លៃយ៉ាងអស្ចារ្យជាងយើង។ ដូច្នេះហើយបានជាមាសសំដៅទៅលើសេចក្តីជំនឿដែលជឿតាមសេចក្តីពិតនេះ។ នេះគឺជារបៀបដែលយើងត្រូវតែយល់ពីពណ៌នៃទ្វាររោងឧបោសថ ហើយយើងក៏ត្រូវតែសញ្ជឹងគិតអំពីវា អរព្រះគុណសម្រាប់វា និងជឿតាមវានៅក្នុងចិត្តផងដែរ។ 
 

ជើងសសរប្រាក់នៃរោងឧបោសថ

នៅក្នុងរោងឧបោសថ មានតែជើងសសរនៃទ្វារប៉ុណ្ណោះ ដែលត្រូវបានធ្វើពីប្រាក់។ នេះមានន័យថា នៅលើផែនដីនេះ អ្នក និងខ្ញុំបានប្រព្រឹត្តអំពើបាបជាច្រើនទាស់នឹងគ្នាទៅវិញទៅមក និងទាស់នឹងព្រះ ហើយថា យើងត្រូវតែទទួលទោសសម្រាប់អំពើបាបទាំងនេះ។ សេចក្តីពិតដែលត្រូវបានលាក់ទុកនៅក្នុងជើងសសរប្រាក់ទាំងនេះ ធ្វើឲ្យយើងគិតអំពីអាសនាតង្វាយដុត។ នៅពេលចូលទៅក្នុងទីលានរោងឧបោសថ អ្វីដែលពួកមនុស្សមានបាបមើលឃើញជាដំបូងគេ គឺជាអាសនាតង្វាយដុតនេះ ដែលជាកន្លែងថ្វាយតង្វាយដុត។ 
ពាក្យថា «អាសនា» នៅទីនេះ មានន័យថា «ការឡើង»។ អាសនាតង្វាយដុតសំដៅទៅលើសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងជំនួសយើងដែលជាពួកមនុស្សមានបាប។ អាសនាតង្វាយដុតគឺជាកន្លែងមួយ ដែលគេសម្លាប់តង្វាយទទួលយកអំពើបាបតាមរយៈការដាក់ដៃលើ ទុកជាទណ្ឌកម្មនៃអំពើបាបទាំងនោះ។ ពួកសង្ឃប្រោសឈាមតង្វាយទាំងនោះទៅលើស្នែងអាសនាតង្វាយដុត ចាក់ឈាមដែលសល់នៅទីដីខ្សាច់ និងដុតសាច់វាដោយភ្លើងនៅលើអាសនា។ ដូច្នេះ វាគឺជាកន្លែងនៃ សេចក្តីស្លាប់ ដែលគេសម្លាប់តង្វាយដែលបានទទួលយកអំពើបាប។ 
អាសនាតង្វាយដុត ត្រូវបានដាក់នៅរវាងទ្វារចូលទីលានរោងឧបោសថ និងរោងឧបោសថផ្ទាល់។ ដូច្នេះ អ្នកណាដែលព្យាយាមចូលទៅក្នុងរោងឧបោសថ ត្រូវតែឆ្លងកាត់អាសនាតង្វាយដុតនេះជាមុនសិន។ ដូច្នេះ បើសិនមិនឆ្លងកាត់អាសនាតង្វាយដុតទេ នោះពិតជាគ្មានផ្លូវចូលទៅក្នុងរោងឧបោសថឡើយ។ អាសនានេះបើកសម្តែងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងឈើឆ្កាងរបស់ទ្រង់។ ហើយបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះអម្ចាស់អត់ទោសដល់សេចក្តីរំលងរបស់មនុស្សមានបាបទាំងអស់ ដែលចូលទៅចំពោះព្រះ។ 
ដូច្នេះ បើសិនមិននាំអំពើបាបរបស់ពួកគេមក និងឈប់នៅឯអាសនាតង្វាយដុតទេ ហើយបើសិនមិនចងចាំថា តង្វាយយញ្ញបូជាបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ ដោយការទទួលយកអំពើបាបទាំងនោះ តាមរយៈការដាក់ដៃលើ និងការសម្រក់ឈាមនៅកន្លែងនេះទេ គ្មានមនុស្សមានបាបណាអាចចូលទៅចំពោះព្រះបានឡើយ។ សេចក្តីជំនឿនេះគឺជាផ្លូវចូលទៅចំពោះព្រះ ហើយក្នុងពេលជាមួយគ្នា វាគឺជាអ្វីដែលដឹកនាំយើងទៅឯព្រះពរនៃការអត់ទោសបាប និងការទទួលយកទណ្ឌកម្មនៃបាប (ការស្លាប់ខាងឯបាប)។ 
នៅពេលពួកអ៊ីស្រាអែលថ្វាយតង្វាយមួយ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ជាដំបូង ពួកគេផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយ តាមរយៈការដាក់ដៃលើក្បាលវា សម្លាប់ និងសម្រក់ឈាមវា ប្រោសឈាមនេះទៅលើស្នែងអាសនាតង្វាយដុត ហើយចាកឈាមដែលសល់ទៅលើជើងអាសនា ដីនៅខាងក្រោមអាសនាតង្វាយដុតគឺជាផែនដីនេះ។ ផែនដីនៅទីនេះសំដៅទៅលើចិត្តរបស់មនុស្សជាតិ។ ដូច្នេះ វាប្រាប់យើងថា ពួកមនុស្សមានបាបទទួលបានការអត់ទោសបាប ដោយការជឿនៅក្នុងចិត្តថា តង្វាយយញ្ញបូជាបានទទួលយកអំពើបាបរបស់ពួកគេ ហើយបានស្លាប់ជំនួសពួកគេ ដែលស្របតាមច្បាប់នៃសេចក្តីសង្រ្គោះ។ ស្នែងអាសនាតង្វាយដុតប្រាប់យើងអំពីអំពើបាបដែលត្រូវបានកត់ទុកនៅក្នុងសៀវភៅជំនុំជម្រះខាងវិញ្ញាណ។
ពួកមនុស្សមានបាបនៅសម័យព្រះគម្ពីរសញ្ញាចាស់ ទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយការជឿលើការពិតថា ពួកគេបានដាក់ដៃរបស់ពួកគេលើក្បាលតង្វាយយញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា ហើយថា បន្ទាប់មក តង្វាយយញ្ញបូជានេះត្រូវបានសម្រក់ឈាមវា និងថ្វាយនៅលើអាសនាតង្វាយដុត។ បើសិនមិនមានការដាក់ដៃលើ និងការស្លាប់ និងការដុតតង្វាយយញ្ញបូជា ដែលធ្វើឲ្យពួកមនុស្សមានបាបអាចធួននឹងអំពើបាបរបស់ពួកគេទេ ផ្លូវដែលពួកគេចូលទៅចំពោះព្រះនឹងត្រូវបិទជិតទាំងស្រុងតែម្តង ហើយពួកគេលែងអាចចូលទៅចំពោះព្រះដ៏បរិសុទ្ធបានទៀតហើយ។ សរុបមក គ្មានសេចក្តីពិតណាផ្សេងទៀត ក្រៅពីប្រព័ន្ធថ្វាយយញ្ញបូជានេះ ដែលបានជួយឲ្យពួកគេអាចចូលទៅចំពោះព្រះបានឡើយ។ 
ដូច្នេះ បើសិនមិនមានសេចក្តីជំនឿលើបុណ្យជ្រមុជ ការសុគត និងយញ្ញបូជាធួននឹងបាបរបស់ព្រះយេស៊ូវទេ នោះយើងមិនមានផ្លូវ ដើម្បីទទួលបានការអត់ទោសបាប និងចូលទៅចំពោះព្រះឡើយ។ ទោះបីជាពួកអ៊ីស្រាអែលបាននាំកូនចៀមដ៏ល្អឥតខ្ចោះយ៉ាងណាទៅកាន់ពួកសង្ឃក៏ដោយ បើសិនពួកគេមិនបានដាក់ដៃរបស់ពួកគេលើក្បាលវាទេ បើសិនវាមិនបានទទួលយកអំពើបាបរបស់ពួកគេទេ ហើយបើសិនវាមិនសម្រក់ឈាម និងស្លាប់ទេ នោះតង្វាយយញ្ញបូជានេះមិនមានប្រសិទ្ធភាពអ្វីទាំងអស់។ 
ទាក់ទងនឹងសេចក្តីជំនឿរបស់យើង បើសិនយើងមិនជឿថា បុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួលពីលោកយ៉ូហាន និងព្រះលោហិតដ៏មានតម្លៃដែលទ្រង់បានសម្រាក់នៅលើឈើឆ្កាង បានអត់ទោសដល់អំពើបាបទាំងអស់របស់យើងទេ នោះយើងមិនអាចនិយាយថា យើងបានទទួលការអត់ទោសបាបដ៏គ្រប់លក្ខណ៍បានឡើយ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងពិតជាឈរនៅរវាងពួកមនុស្សមានបាប និងព្រះវរបិតា ហើយដូច្នេះ វាបានក្លាយជាកត្តាសម្រុះសម្រួល ដែលជួយសង្រ្គោះពួកមនុស្សមានបាបចេញពីសេចក្តីរំលងទាំងអស់របស់ពួកគេ។ 
អាសនាតង្វាយដុតគឺជាគំរូមួយ ដែលមានផ្ទុកនូវផែនការសង្រ្គោះដែលព្រះដ៏មានអំណាចព្រះចេស្តានៅស្ថានសួគ៌បានរៀបចំ និងបំពេញសម្រេចនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ លោកម៉ូសេបានសាងសង់រោងឧបោសថតាមរបៀបនៃ សេចក្តីសង្រ្គោះ និងគំរូដែលព្រះបានបង្ហាញគាត់នៅលើភ្នំស៊ីណាយ។ នៅពេលយើងពិនិត្យនៅក្នុងព្រះគម្ពីរ យើងអាចមើលឃើញថា សេចក្តីណែនាំនេះត្រូវបានប្រទានឲ្យជាច្រើនដង។ និក្ខមនំ ២៥:៤០ និយាយថា «ហើយត្រូវប្រយ័ត្ននឹងធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញឯងឃើញនៅលើភ្នំស្រាប់»។ 
មនុស្សអាចធ្វើឈើឆ្កាងមួយ ហើយឆ្កាងព្រះយេស៊ូវនៅលើវាបាន ប៉ុន្តែពួកគេមិនអាចធ្វើអ្វីលើសពីនេះបានឡើយ។ ពួកគេអាចចងព្រះហស្តរបស់ទ្រង់ ហើយអូសទ្រង់ទៅឯភ្នំកាលវ៉ារីបាន។ ពួកគេបានឆ្កាងទ្រង់ ខណៈដែលពួកគេមិនបានដឹងពីអ្វីដែលពួកគេកំពុងតែធ្វើនៅចំពោះព្រះនោះឡើយ។ ពួកមនុស្សមានបាបអាចធ្វើដូច្នេះបាន ពីព្រោះការទាំងនេះត្រូវតែបានសម្រេចទៅតាមទិព្វញ្ញាណដែលព្រះបានរៀបចំទុកជាមុន។ ទោះបីជាយ៉ាងណា គឺជាព្រះយេស៊ូវ គ្រីស្ទនេះហើយ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះ លាងសម្អាតវាចេញតែម្តងជាសម្រេច និងសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ដូច្នេះ នៅមុនការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅលើឈើឆ្កាង បុណ្យជ្រមុជរបស់ទ្រង់ដែលបានទទួលពីលោកយ៉ូហាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ការទទួលផ្ទុកអំពើបាប និងទោសនៃអំពើបាបទាំងនេះត្រូវបានកំណត់ ដោយព្រះ នៅមុនកំណើតលោកិយនេះទៅទៀត។ នៅក្នុង យ៉ូហាន ៣ ព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា នេះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ បុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវគឺជាទិព្វញ្ញាណរបស់ព្រះ ដែលត្រូវបានកំណត់ និងរៀបចំផែនការទុកជាមុននៅក្នុងព្រះយេស៊ូវគ្រីស្ទ។ 
ព្រះយេស៊ូវទ្រង់ផ្ទាល់បានមានបន្ទូលថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។ ហើយទាក់ទងនឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ សាវកពេត្រុសបាននិយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ» (១ពេត្រុស ៣:២១)។ ហើយនៅក្នុង កិច្ចការ ២:២៣ ក៏បានសរសេរផងដែរថា «ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង»។ 
បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងព្រះលោហិតទ្រង់នៅឈើឆ្កាង សុទ្ធតែត្រូវបានបំពេញសម្រេច ដោយគោលបំណង និងផែនការរបស់ព្រះដ៏មានអំណាចព្រះចេស្តា។ ដូច្នេះ ដោយសារគ្មានអ្នកណាម្នាក់អាចចូលទៅក្នុងនគរព្រះបាន ដោយមិនជឿ និងទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្ត យើងត្រូវតែដឹងថា ព្រះតម្រូវឲ្យយើងមានសេចក្តីជំនឿនេះ ហើយយើងត្រូវតេមាន សេចក្តីជំនឿនេះ។ បើសិនមិនមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះគ្មានអ្នកណាម្នាក់បានសង្រ្គោះឡើយ។ ហើយបើសិនព្រះយេស៊ូវមិនបានសម្រេចព្រះទ័យដោយអង្គទ្រង់ ដើម្បីទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីសង្រ្គោះជួយសង្រ្គោះអង្គទ្រង់ពីកណ្តាប់ដៃនៃពួកមនុស្សមានបាប និងសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ នោះពួកមនុស្សមានបាបមិនអាចចាប់ទ្រង់ឆ្កាងបានឡើយ។ គ្មានអ្នកណាបង្ខំឲ្យព្រះយេស៊ូវត្រូវគេអូសទៅឯភ្នំកាលវ៉ារីនោះឡើយ ប៉ុន្តែវាជាគឺជាព្រះហឫទ័យទ្រង់ទាំងស្រុង ដែលទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ និងបានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយដូច្នេះ បានសង្រ្គោះពួកមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
អេសាយ ៥៣:៧ សរសេរថា «ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺពិតជាតាមបំណងព្រះហឫទ័យទ្រង់ទាំងស្រុង ហើយតាមរយៈនេះ ទ្រង់បានសង្រ្គោះអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ចេញពីអំពើបាបទាំងអស់របស់ពួកគេតែម្តងជា សម្រេច។ ទាក់ទងនឹងព្រះរាជកិច្ចទាំងនេះរបស់ព្រះអម្ចាស់ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរក៏សរសេរផងដែរថា «ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយ៍មក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា» (ហេព្រើរ ៩:២៦)។ 
យើងអាចមើលឃើញពីអំណោយទាននៃសេចក្តីសង្រ្គោះខាងវិញ្ញាណពីស្ថានសួគ៌នៅក្នុងអាសនាតង្វាយដុត ដែលបង្ហាញប្រាប់យើងអំពីស្រមោលនៃបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងបាន។ ការស្លាប់របស់តង្វាយយញ្ញបូជានៅលើអាសនាតង្វាយដុត ពិតជាបើកសម្តែងអំពីបុណ្យជ្រមុជ និងការសុគតរបស់ព្រះ ដោយសារតែអំពើបាបរបស់មនុស្សទាំង អស់។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកមនុស្សមានបាបត្រូវបានធួននឹងសេចក្តីរំលងរបស់ពួកគេ តាមរយៈតង្វាយយញ្ញបូជារបស់ពួកគេ ដែលទទួលយកអំពើបាបរបស់ពួកគេ តាមរយៈការដាក់ដៃរបស់ពួកគេ និងស្លាប់ជំនួសពួកគេ។ តាមរបៀបដូចគ្នា នៅក្នុងព្រះគម្ពីរសញ្ញាថ្មី មុនពេលព្រះរាជបុត្រានៃព្រះត្រូវបានធ្វើគុត ដោយដៃរបស់ពួកមនុស្សឃោរឃៅនៅភ្នំកាលវ៉ារី ទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយដោយសារតែការធ្វើដូច្នេះ ទ្រង់ត្រូវសម្រក់ព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង។ 
ដូច្នេះ ព្រះបានរៀបចំផែនការ និងកំណត់ឲ្យព្រះយេស៊ូវទទួលយកការដាក់ដៃលើ និងការសុគតនៅលើឈើឆ្កាង ដើម្បីនាំសន្តិភាពរវាងឃាតករទាំងនេះដែលបានធ្វើគុតព្រះរាជបុត្រារបស់ទ្រង់ និងអង្គទ្រង់។ ព្រះបានរៀបចំផែនការច្បាប់នៃសេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយការដាក់ដៃលើ និងការស្លាប់ ហើយយោងតាមច្បាប់នេះ ទ្រង់បានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយការថ្វាយតង្វាយយញ្ញបូជាដល់ទ្រង់។ 
នៅក្នុងន័យផ្សេង ព្រះទ្រង់ផ្ទាល់បានធ្វើជាតង្វាយមេត្រីភាព ដើម្បីសង្រ្គោះពួកមនុស្សមានបាប។ សេចក្តីសង្រ្គោះរបស់ព្រះនេះពិតជាសុចរិត មានប្រាជ្ញា និងស៊ីជម្រៅមែន! ប្រាជ្ញា និងសេចក្តីពិតរបស់ទ្រង់ពិតជាអស្ចារ្យខ្លាំងណាស់។ តើអ្នកហ៊ានស្រម៉ៃអំពីទិព្វញ្ញាណរបស់ទ្រង់អំពីសេចក្តីសង្រ្គោះ ដែលត្រូវបានបង្កើតឡើង ដោយការដាក់ដៃលើ និងការសម្រក់ឈាម ដែលត្រូវបានបើក សម្តែងនៅក្នុងអាសនាតង្វាយដុត? ដូចសាវកប៉ុលដែរ អ្វីដែលយើងអាចធ្វើបាន គឺស្ងើចសរសើរថា «អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន» (រ៉ូម ១១:៣៣)។ 
 

ស្នែងអាសនាតង្វាយដុត
 
ស្នែងអាសនាតង្វាយដុត
មានស្នែងប្រាក់បួននៅលើជ្រុងទាំងបួននៃអាសនាតង្វាយដុត ដែលគេដាក់នៅក្នុងទីលានរោងឧបោសថ។ នៅក្នុងព្រះគម្ពីរ ស្នែងទាំងនេះបង្ហាញពីការជំនុំជម្រះបាប (យេរេមា ១៧:១; វិវរណៈ ២០:១១-១៥)។ នេះបង្ហាញប្រាប់យើងថា ដំណឹងល្អនៃឈើឆ្កាងមានបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ជាមូលដ្ឋានគ្រឹះ។ ដូច្នេះ សាវកប៉ុលបាននិយាយថា «ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយ សង្គ្រោះដល់អស់អ្នកណាដែលជឿ» (រ៉ូម ១:១៦)។ ហើយនៅក្នុង ១កូរិនថូស ១:១៨ គាត់សរសេរថា «ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ»។ 
ស្នែងទាំងអស់របស់អាសនាតង្វាយដុតប្រកាសយ៉ាងច្បាស់លាស់ថា ការជំនុំជម្រះដ៏សុចរិត និងសេចក្តីសង្រ្គោះរបស់ព្រះត្រូវបានបំពេញសម្រេចទាំងស្រុង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
 

ឈើស្នែងទាំងពីរដែលត្រូវបានព្រហកទៅក្នុងកងនៃអាសនាតង្វាយដុត

គ្រប់ទាំងប្រដាប់ប្រដានៃរោងឧបោសថ ដែលត្រូវបានសាងសង់នៅក្នុងវាលរហោស្ថាន សុទ្ធតែអាចត្រូវបានផ្លាស់ប្តូរទីតាំងបានទាំងអស់។ នេះគឺជាវិធីសាស្ត្រមួយ ដែលសាកសមនឹងលក្ខណៈរសាត់អណ្តែតនៃជីវិតរបស់ពួក អ៊ីស្រាអែលហើយ។ ពួកគេត្រូវតែធ្វើដំណើរចុះឡើងនៅក្នុងវាលរហោស្ថាន រហូតដល់ពួកគេបានរស់នៅក្នុងទឹកដីកាណាន។ ដោយសារជីវិតនៃធម្មយាត្រារបស់ពួកគេបានបន្ត ខណៈដែលពួកគេកំពុងតែឆ្លងកាត់វាលរហោស្ថាន ព្រះបានបង្គាប់ឲ្យពួកគេរៀបចំឈើស្នែងពីរ ដើម្បីស៊កតាមកងនៃអាសនាតង្វាយដុត ដើម្បីឲ្យពួកសង្ឃអាចសែងអាសនានេះបាន កាលណាទ្រង់បង្គាប់ឲ្យពួកគេធ្វើដំណើរទៅមុខទៀត។ 
និក្ខមនំ ២៧:៦-៧ សរសេរថា «ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសំរាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ ត្រូវព្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនាសំរាប់សែងទៅ»។ ដោយសារឈើស្នែងពីរត្រូវបានស៊កទៅក្នុងកងប្រាក់ទាំងបួននៃអាសនាតង្វាយដុតនៅជ្រុងទាំងពីររបស់វា កាលណាពួកលេវីចេញដំណើរទៅ ពួកគេអាចលើកវាដាក់លើស្មា ហើយសែងវាចេញទៅបាន។ អាសនាតង្វាយដុតបើកសម្តែងពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ដូច្នេះ ដូចដែលពួកលេវីបានលើកអាសនាតង្វាយដុត ដោយឈើស្នែងទាំងពីរ ហើយសែងវានៅក្នុងវាលរហោស្ថាន អ្នកបម្រើដំណឹងល្អអំពីបុណ្យជ្រមុជ និងឈើឆ្កាងក៏ត្រូវតែនាំដំណឹងល្អនេះទៅកាន់វាលរហោស្ថានទាំងមូលនៃលោកិយនេះផងដែរ។ 
មុនពេលយើងបន្តដំណើរទៅមុខទៀត មានការពិតមួយទៀត ដែលយើងត្រូវតែពិនិត្យមើល។ ការពិតនោះគឺថា មានឈើស្នែងពីរ ដែលជួយឲ្យសាសន៍ អ៊ីស្រាអែលអាចសែងបន្លាស់ទីអាសនាតង្វាយដុតបាន។ ដូចគ្នាដែរ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ត្រូវបានបង្កើតឡើង ដោយធាតុពីរផងដែរ។ ធាតុមួយគឺជាបុណ្យជ្រមុជដែលព្រះគ្រីស្ទបានទទួលពីលោកយ៉ូហាន ហើយធាតុមួយទៀតគឺជាទណ្ឌកម្មដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានទទួលយកនៅលើឈើឆ្កាង។ នៅពេលធាតុទាំងពីរនេះរួបរួមគ្នា សេចក្តីសង្រ្គោះនៃការអត់ទោសបាបត្រូវបានបំពេញសម្រេច។ អាសនាតង្វាយដុតមានឈើស្នែងពីរ។ នៅក្នុងន័យផ្សេង បើសិនមានតែឈើស្នែងតែមួយ ពួកគេមិនអាចបន្លាស់ទីអាសនាតង្វាយដុតបានឡើយ។ 
ដូច្នេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ត្រូវបានបង្កើតឡើង ដោយធាតុពីរផងដែរ។ ធាតុទាំងពីរនេះគឺជាបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួលពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងគឺជាធាតុបំពេញគ្នាទៅវិញទៅមក ដែលរួមគ្នាបង្កើតជាសេចក្តីពិតដ៏សុចរិត។ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវបានបំពេញសម្រេចយ៉ាងគ្រប់លក្ខណ៍នូវការអត់ទោសបាបរបស់ពួកមនុស្សមានបាប។ ក្នុងចំណោមធាតុទាំងពីរនេះ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង) បើសិនយើងព្រងើយកន្តើយចំពោះធាតុណាមួយ នោះមានន័យថា យើងកំពុងតែព្រងើយកន្តើយចំពោះធាតុមួយទៀតដែរ។ ដូច្នេះ មិនអាចមានសេចក្តីសង្រ្គោះ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងការសម្រក់ព្រះលោហិតរបស់ទ្រង់បានឡើយ។
ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ក៏មានសារៈសំខាន់ផងដែរ។ បើសិនមិនមានការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទទេ ការសុគតរបស់ទ្រង់នឹងឥតមានប្រយោជន៍អ្វីទាំងអស់។ បើសិនយើងជឿលើព្រះ គ្រីស្ទដែលសុគតតែមួយ នោះទ្រង់នឹងមិនអាចសង្រ្គោះអ្នកណាបានឡើយ ទោះទាំងអង្គទ្រង់ផង។ ប៉ុន្តែព្រះគ្រីស្ទដែលបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតដល់សុគតនៅលើឈើឆ្កាង និងបានយកឈ្នះលើសេចក្តីស្លាប់ បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតដល់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយចូលទៅចំពោះព្រះ។ ហើយទ្រង់ក៏បានធ្វើជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ និងព្រះអង្គការពារដ៏អស់កល្បជានិច្ចរបស់ពួកគេផងដែរ។
ការប្រកាសពីការសុគតរបស់ព្រះគ្រីស្ទ ដោយមិនប្រកាសពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺជាការប្រឆាំងគ្នា និងការបោកបញ្ឆោតតែប៉ុណ្ណោះ។ ហើយបើសិនមិនមានការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទទេ ឈើឆ្កាងរបស់ទ្រង់គឺគ្រាន់តែជាភាពបរាជ័យរបស់ព្រះប៉ុណ្ណោះ។ វាក៏នឹងប្រែក្លាយព្រះយេស៊ូវឲ្យទៅជាឧក្រិដ្ឋជនដ៏សាហាវឃោរឃៅម្នាក់ផងដែរ។ លើសពីនេះ វានឹងធ្វើឲ្យព្រះក្លាយជាអ្នកកុហក ដែលនាំឲ្យមានការសើចចម្អកដល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែដោយសារព្រះគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតដល់អ្នកដែលជឿលើទ្រង់។ 
ដំណឹងល្អដែលដកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ចេញពីដំណឹងល្អទាំងមូល ដែលគ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះកំពុងតែដើរតាម ក្បត់ព្រះ បោកបញ្ឆោតមនុស្ស និងដឹកនាំព្រលឹងរបស់ពួកគេទៅស្ថាននរក។ ហើយការជឿតាមដំណឹងល្អបែបនេះគឺជាការព្រងើយកន្តើយ និងបដិសេធព្រះបន្ទូលអំពីសេចក្តីពិតដ៏អស់កល្បជានិច្ចរបស់ព្រះ។ ពួកហោរាក្លែងក្លាយដែលកំពុងតែបង្រៀនអំពីឈើឆ្កាងរបស់ព្រះយេស៊ូវតែមួយមុខ កំពុងតែប្រែក្លាយជំនឿគ្រីស្ទបរិស័ទឲ្យទៅជាសាសនាមួយនៅក្នុងលោកិយនេះ។ ដូច្នេះហើយបានជាដំណឹងល្អដែលពួកគេកំពុងតែដើរតាម គឺពិតជាខុសគ្នាទាំងស្រុងពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ជំនឿគ្រីស្ទបរិស័ទគឺជាសាសនាតែមួយគត់ ដែលជឿលើព្រះតែមួយ និងព្រះគ្រីស្ទដ៏មានព្រះជន្មគង់នៅ។ ទោះបីជាយ៉ាងណា ទោះបីជាជំនឿគ្រីស្ទ បរិស័ទខ្ពស់ជាសាសនាទាំងអស់នៅក្នុងលោកិយនេះ ហើយប្រកាសខ្លួនជា សេចក្តីពិតតែមួយក៏ដោយ បើសិនវាឈរនៅលើសេចក្តីជំនឿលើព្រះតែមួយ ប៉ុន្តែដកសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចេញ ក៏វានៅតែមិនមែនជាសេចក្តីជំនឿនៃសេចក្តីស្រឡាញ់ និងសេចក្តីពិតដែរ ប៉ុន្តែគ្រាន់តែជាសាសនាដ៏ល្ងង់ខ្លៅមួយប៉ុណ្ណោះ។ 
 

ទីតាំងនៃអាសនាតង្វាយដុត

នៅទីនេះ ចូរយើងពិចារណាម្តងទៀតអំពីទីតាំងដែលអាសនាតង្វាយដុតត្រូវបានដាក់នៅក្នុងទីលានរោងឧបោសថ។ ក្នុងចំណោមប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថ អាសនាតង្វាយដុតមានទំហំធំជាងគេ។ ហើយវាគឺជាប្រដាប់ប្រដាដំបូងគេនៅក្នុងរោងឧបោសថ ដែលពួកសង្ឃចូលមកតាមលំដាប់លំដោយ នៅពេលពួកគេព្យាយាមចូលទៅថ្វាយបង្គំនៅក្នុងទីបរិសុទ្ធ។ អាសនាតង្វាយដុតគឺជាចំណុចចាប់ផ្តើមនៃសេចក្តីជំនឿលើព្រះ ហើយវាតម្រូវឲ្យមនុស្សធ្វើតាមរបៀបរបស់ទ្រង់ ដើម្បីចូលទៅចំពោះព្រះ។ នៅក្នុងន័យផ្សេង អាសនាតង្វាយដុតបើកសម្តែងពីសេចក្តីពិតថា មនុស្សត្រូវតែដោះស្រាយបញ្ហានៃអំពើបាបទាំងអស់របស់ពួកគេ ដោយការក្លាយជាអ្នកជឿ មិនមែនអ្នកមិនជឿទេ ពីព្រោះបើសិនមិនជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន និងឈើឆ្កាងទេ គ្មានអ្នកណាម្នាក់អាចចូលទៅចំពោះព្រះដ៏មានព្រះជន្មគង់នៅបានឡើយ។ មិនដោយសារការមិនជឿទេ ប៉ុន្តែដោយសារការជឿលើបុណ្យជ្រមុជ និងការសុគតរបស់ព្រះរាជបុត្រានៃព្រះ ដែលយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង។ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ហើយបានទទួលជីវិតថ្មី ដោយសារការជឿលើបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះរាជបុត្រាតែប៉ុណ្ណោះ។ 
ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះពិតជាមានសារៈសំខាន់ ភាពចាំបាច់ និងភាពគ្រប់លក្ខណ៍បំផុត យើងត្រូវតែបន្តសញ្ជឹងគិតអំពីវានៅក្នុងចិត្តរបស់យើងជានិច្ច។ យើងត្រូវតែជឿ និងទទួលស្គាល់ដំណឹងល្អនេះ។ ហើយយើងត្រូវតែជឿនៅក្នុងចិត្តថា យើងត្រូវធ្លាក់ទៅស្ថាននរក ហើយយើងក៏ត្រូវតែជឿដោយសេចក្តីជំនឿនេះផងដែរថា ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ និងបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ជាមួយនឹងអាសនាតង្វាយដុតនេះ ការដែលជើងសសរនៃទ្វាររោងឧបោសថត្រូវបានធ្វើពីប្រាក់ ប្រាប់យើងថា យើងត្រូវតែស្គាល់ការពិតថា យើងទាំងអស់គ្នាសមនឹងធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែកំហុសរបស់យើង។ ហើយយោងតាមការជំនុំជម្រះរបស់ព្រះ ដែលប្រកាសថា «ឈ្នូលនៃអំពើបាប គឺជាសេចក្តីស្លាប់» ប្រាកដណាស់ថា យើងទាំងអស់គ្នាត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់យើង។ 
ប៉ុន្តែដើម្បីសង្រ្គោះមនុស្សដូចជាយើងដែលពិតជាត្រូវធ្លាក់ស្ថាននរក ចេញពីការជំនុំជម្រះនៃអំពើបាបទាំងអស់របស់យើង ព្រះអម្ចាស់បានប្រសូតជាមនុស្សនៅក្នុងផែនដីនេះ បានទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ផ្ទាល់ ដោយការទទួលបុណ្យជ្រមុជ បាននាំអំពើបាបរបស់លោកិយនេះទៅលើឈើឆ្កាង បានទទួលទោស ដោយការសម្រក់ព្រះលោហិតទ្រង់ ដើម្បីសង្រ្គោះអ្នក និងខ្ញុំយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាប និងទោសរបស់យើង។ ដូច្នេះ មានតែអ្នកដែលជឿតាមសេចក្តីពិតប៉ុណ្ណោះ ដែលអាចចូលរួមក្នុងពួកជំនុំរបស់ព្រះ និងធ្វើបានរាស្ត្ររបស់ទ្រង់បាន។ វាំងនន និងសសរនៃទ្វាររោងឧបោសថបង្ហាញប្រាប់យើងថា មានតែអ្នកដែលមានសេចក្តីជំនឿបែបនេះប៉ុណ្ណោះ ដែលអាចធ្វើជារាស្ត្ររបស់ព្រះ និងចូលទៅក្នុងនគររបស់ទ្រង់បាន។ 
 


យើងត្រូវតែជឿតាមសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងពណ៌ទាំងបួននៃទ្វារវាំងនននៃរោងឧបោសថ

 

យើងត្រូវតែជឿតាមសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងពណ៌ទាំងបួននៃទ្វារវាំងនននៃរោងឧបោសថ
តើអ្នកជឿថា ព្រះអម្ចាស់បានសង្រ្គោះយើង ដោយការយាងមកផែនដីនេះ តាមរយៈព្រះរាជកិច្ចនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរទេ? អំបោះពណ៌ស្វាយមានន័យថា ព្រះយេស៊ូវគឺជាព្រះទ្រង់ផ្ទាល់ អំបោះពណ៌ផ្ទៃមេឃមានន័យថា ព្រះយេស៊ូវដ៏ជាព្រះបានប្រសូតមកជាមនុស្សម្នាក់ ហើយបានទទួលយកអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជនៅលើផែនដីនេះ ហើយអំបោះណ៌ក្រហមមានន័យថា ព្រះយេស៊ូវគ្រីស្ទដែលបានទទួលយកអំពើបាបទាំងអស់របស់យើង បានថ្វាយរូបកាយដ៏មានតម្លៃរបស់ទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង។ ដូច្នេះ យើងចាំបាច់ត្រូវតែជឿថា ព្រះយេស៊ូវដែលបានទទួលបុណ្យជ្រមុជ និងមានព្រះជន្មរស់ពីសុគតឡើងវិញ បានសង្រ្គោះអ្នក និងខ្ញុំយ៉ាងគ្រប់លក្ខណ៍។ 
មានតែអ្នកដែលពិតជាជឿតាមសេចក្តីពិតនេះប៉ុណ្ណោះ ដែលអាចធ្វើជាអ្នកបម្រើពួកជំនុំរបស់ព្រះបាន។ សសរទ្វាររោងឧបោសថសំដៅទៅលើអ្នកបម្រើ ការងារពួកជំនុំ។ សសរទាំងនោះបង្ហាញប្រាប់យើងថា មានតែអ្នកដែលជឿតាមរបៀបនេះប៉ុណ្ណោះ ដែលជារាស្ត្ររបស់ព្រះ ហើយថា មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលព្រះអាចប្រើជាសសរ និងអ្នកបម្រើការងាររបស់ទ្រង់បាន។ 
សំពត់ខ្លូតទេសពណ៌សវេញយ៉ាងខ្មាញ់ប្រាប់យើងថា អ្នកដែលបានធ្វើជារាស្ត្ររបស់ព្រះ គឺជាមនុស្សសុចរិត ដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ហើយបានសង្រ្គោះពួកមនុស្សមានបាប តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដោយសារព្រះអម្ចាស់បានសង្រ្គោះយើង ដោយការលះបង់ព្រះជន្មដ៏មានតម្លៃរបស់ទ្រង់ផ្ទាល់ យើងត្រូវតែជឿលើទ្រង់ដែលបានយាងមក ដោយទឹក និងឈាម (១យ៉ូហាន ៥:៦)។ 
អំបោះពណ៌ស្វាយសំដៅទៅលើការពិតថា ព្រះយេស៊ូវគឺជាស្តេចលើអស់ទាំងស្តេច។ នៅក្នុងន័យផ្សេង យើងត្រូវតែជឿថា ព្រះអម្ចាស់បានសង្រ្គោះយើង ដែលជាមនុស្សទាបថោក និងពេញដោយអំពើបាប ដោយការលះបង់ព្រះជន្មដ៏មានតម្លៃរបស់ទ្រង់ ហើយថា ទ្រង់បានយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ ឥឡូវនេះ បើសិនយើងគ្រាន់តែជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់យើង នោះដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ យើងទាំងអស់គ្នាអាចត្រឡប់ជាមនុស្សសុរិតដែលឥតមានបាបបាន។ ដូច្នេះ យើងត្រូវតែអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានឲ្យយើងនូវអំណោយទានសេចក្តីជំនឿនេះ ដើម្បីឲ្យយើងអាចមានសេចក្តីជំនឿនេះបាន។ 
តាមការពិត ការដែលយើងបានជឿតាមសេចក្តីពិតនេះគឺជាអំណោយទានមួយពីព្រះ។ ហើយសេចក្តីសង្រ្គោះចេញពីបាបរបស់យើងក៏ជាអំណោយទានមួយពីព្រះផងដែរ។ តើព្រះមិនបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការលះបង់ព្រះជន្មដ៏មានតម្លៃរបស់យើងទេឬ? ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង នោះយើងទាំងអស់គ្នាដែលជឿតាមដំណឹងល្អនេះ អាចទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះនេះ ហើយបានធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់បាន។ ទាក់ទងនឹងសេចក្តីសង្រ្គោះ ការប្រព្រឹត្តរបស់យើងផ្ទាល់មិនពាក់ព័ន្ធឡើយ។ យើងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទដែលបានយាងមក ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ។ សេចក្តីសង្រ្គោះនេះហើយគឺជាអំណោយរបស់ព្រះសម្រាប់យើង។
សេចក្តីជំនឿនៅក្នុងព្រះយេស៊ូវចាប់ផ្តើម ដោយការគិតជាដំបូងអំពី «ការដែលយើងពិតជាត្រូវធ្លាក់ទៅស្ថាននរក ឬយ៉ាងណា»។ ហេតុអ្វី? ពីព្រោះនៅពេលយើងទទួលស្គាល់និស្ស័យបាបពិតប្រាកដរបស់យើងជាមុន យើងត្រូវតែជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានធ្វើជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ យើងអាចបានសង្រ្គោះ ទោះបើយើងកំពុងតែធ្វើបាបបាន ដោយសារអំណោយទាននៃសេចក្តីសង្រ្គោះពីព្រះអម្ចាស់ ដែលបានលះបង់អង្គទ្រង់ជំនួសយើង។ តើបានសង្រ្គោះ ដោយការគ្រាន់តែជឿលើព្រះដែរទេ? តើយើងបានធ្វើជារាស្ត្ររបស់ព្រះ ដោយសារសេចក្តីជំនឿដែរទេ? តើយើងពិតជាមានសេចក្តីជំនឿបែបនេះដែរទេ? តើយើងអាចសារភាពថា សេចក្តីសង្រ្គោះរបស់យើងគឺជាអំណោយទានរបស់ព្រះ មិនមែនជាការប្រព្រឹត្តរបស់យើងបានដែរទេ? ហើយតើយើងពិតជាបានទទួលស្គាល់ថា យើងទាំងអស់គ្នាត្រូវធ្លាក់ទៅស្ថាននរក មុនពេលយើងជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យទេ? យើងត្រូវតែពិនិត្យមើលបញ្ហាទាំងនេះឡើងវិញម្តងទៀត។ 
 


រោងឧបោសថគឺជារូបភាពលម្អិតនៃព្រះយេស៊ូវ


សេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ បោះត្រាបិទមាត់របស់ពួកហោរាក្លែងក្លាយ។ នៅពេលយើងបើកព្រះបន្ទូលនៃរោងឧបោថ ហើយនិយាយអំពីវានៅចំពោះពួកគេ ការបោកបញ្ឆោតទាំងអស់របស់ពួកគេ ត្រូវបានបើកសម្តែងឲ្យមើលឃើញ។ 
សសរទ្វាររោងឧបោសថត្រូវបានស្រោបដោយមាសទាំងអស់។ នេះបង្ហាញថា គ្មានដានរបស់មនុស្សនៅក្នុងរោងឧបោសថឡើយ។ គ្រប់យ៉ាងនៅខាងក្នុងរោងឧបោសថត្រូវបានស្រោបដោយមាស។ សសេរទ្វាររោងឧបោសថត្រូវបានស្របដោយមាស ហើយគម្របពីលើសសរក៏ត្រូវបានស្រោបដោយមាសផងដែរ។ ប៉ុន្តែជើងសសរត្រូវបានស្រោបដោយប្រាក់វិញ។ នេះប្រាប់យើងថា ដោយសារអំពើបាប និងកំហុសរបស់យើង អ្នក និងខ្ញុំត្រូវធ្លាក់ទៅស្ថាននរក។ តើនេះត្រឹមត្រូវដែរទេ? តើនេះមិនមែនជាករណីរបស់យើងទេឬ? តើអ្នកពិតជាជឿថា អ្នកក៏ត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែអំពើបាប និងកំហុសដែលអ្នកប្រព្រឹត្តជារៀងរាល់ថ្ងៃផងដែរទេ? ការដែលអ្នកត្រូវធ្លាក់ទៅស្ថាននរក ដោយសារអំពើបាបរបស់អ្នក គឺជាការជំនុំជម្រះដ៏សុចរិតរបស់ព្រះ។ ដូច្នេះ តើអ្នកទទួលស្គាល់ការជំនុំជម្រះនេះដែរទេ? អ្នកត្រូវតែទទួលស្គាល់! នេះមិនមែនជាចំណេះដឹងមួយទេ ប៉ុន្តែអ្នកត្រូវតែទទួលស្គាល់ និងជឿតាមវា។ 
ព្រះគម្ពីរនិយាយថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ កាលណាយើងទទួលស្គាល់នៅក្នុងចិត្តថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ហើយកាលណាយើងជឿតាមសេចក្តីពិតថា ព្រះអម្ចាស់បានសង្រ្គោះ ដោយការប្រទានឲ្យយើងនូវអំណោយទាននៃសេចក្តីសង្រ្គោះ ដែលត្រូវបានបំពេញសម្រេច ដោយព្រះរាជកិច្ចរបស់ទ្រង់នៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម នោះយើងទាំងអស់គ្នាអាចចូលទៅរស់នៅក្នុងទីបរិសុទ្ធបាន។ យើងជឿថា ព្រះអម្ចាស់ដែលខ្ពស់ជាងយើង បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតទ្រង់ និងសុគតនៅលើឈើឆ្កាង ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ ហើយសង្រ្គោះយើងចេញពីទោស។ ព្រះអម្ចាស់បានរាប់យើងជាសុចរិត ដោយការសង្រ្គោះយើង តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
យើងពិតជាត្រូវតែជឿតាមការពិតនេះនៅក្នុងជម្រៅចិត្តរបស់យើង។ មានតែអ្នកដែលជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ ដែលអាចធ្វើជារាស្ត្ររបស់ព្រះ និងអ្នកបម្រើការងាររបស់ទ្រង់បាន។ ការទទួលយកសេចក្តីពិតនេះជាគំនិតរបស់មនុស្ស មិនមែនជាសេចក្តីជំនឿត្រឹមត្រូវឡើយ។ «អូ ដូច្នេះ រោងឧបោសថមានអត្ថន័យដូច្នេះសោះ។ ជារឿយៗ ខ្ញុំបានស្តាប់ឮអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងពួកជំនុំរបស់ខ្ញុំ ហើយដូច្នេះ យើងអាចកាត់ស្រាយអត្ថន័យរបស់វាតាមរបៀបនេះបាន!» ទោះបីជាអ្នកបានជឿតាមសេចក្តីពិតនេះនៅក្នុងគំនិតរបស់អ្នកដល់ពេលនេះក៏ដោយ ក៏ឥឡូវនេះគឺជាពេលវេលាដែលអ្នកត្រូវតែជឿយ៉ាងស្មោះត្រង់នៅក្នុងចិត្តរបស់អ្នក តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។
ជើងសសរនៃទ្វាររោងឧបោសថត្រូវបានធ្វើពីលង្ហិន។ ប៉ុន្តែជើងសសរលង្ហិនត្រូវបានប្រើសម្រាប់តែសសរទាំងប្រាំនៃទ្វាររោងឧបោសថប៉ុណ្ណោះ ប៉ុន្តែសម្រាប់វាំងនននៃទីបរិសុទ្ធបំផុតមិនមានជើងលង្ហិនទេ ប៉ុន្តែជើងទាំងបួននៃសសេរទាំងនេះត្រូវបានធ្វើពីប្រាក់ទាំងអស់។ នៅក្នុងព្រះគម្ពីរ ប្រាក់សំដៅទៅលើព្រះគុណ និងអំណោយទានរបស់ព្រះ ហើយមាសសំដៅទៅលើសេចក្តីជំនឿដ៏ពិតនៅក្នុងជម្រៅចិត្ត។ ហើយលង្ហិនសំដៅទៅលើការជំនុំជម្រះបាប។ តើយើងមិនត្រូវប្រឈមនឹងការជំនុំជម្រះរបស់ព្រះសម្រាប់អំពើបាបរបស់យើងទេឬ? ជារៀងរាល់ថ្ងៃ អ្នករាល់គ្នាត្រូវទទួលការជំនុំជម្រះសម្រាប់កំហុស និងអំពើបាបរបស់អ្នករាល់គ្នា នៅចំពោះព្រះ និងមនុស្ស។ តើនេះត្រឹមត្រូវដែរទេ? ខ្ញុំមិនកំពុងតែនិយាយថា មានតែអ្នកប៉ុណ្ណោះ ដែលដូច្នេះទេ ប៉ុន្តែខ្ញុំទទួលស្គាល់នៅចំពោះថា ខ្ញុំដ៏ដូច្នេះដែរ។ ហើយសម្រាប់ខ្លួនខ្ញុំ ខ្ញុំទទួលស្គាល់យ៉ាងពេញលេញនៅចំពោះព្រះថា ខ្ញុំត្រូវប្រឈមនឹងការជំនុំជម្រះពីទ្រង់សម្រាប់អំពើបាបរបស់ខ្ញុំ ហើយយោងតាមច្បាប់របស់ទ្រង់ ខ្ញុំត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែអំពើបាបរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំទទួលស្គាល់ការពិតនេះទាំងស្រុង។ 
ព្រះអម្ចាស់បានយាងមកផែនដីនេះ សម្រាប់មនុស្សដូចជាខ្ញុំ។ ទ្រង់បានយាងមកក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់ខ្ញុំដាក់លើរូបកាយរបស់ទ្រង់ផ្ទាល់ ដោយការទទួលបុណ្យជ្រមុជ បានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់របស់ខ្ញុំ ដោយការសុគតនៅលើឈើឆ្កាង ហើយបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ខ្ញុំ ដោយការមានព្រះជន្មរស់ពីសុគតឡើងវិញ។ នេះហើយគឺជាអ្វីដែលខ្ញុំជឿ។ ហើយនៅពេលខ្ញុំបានជឿដូច្នេះ សេចក្តីសង្រ្គោះរបស់ខ្ញុំដែលរៀបចំទុកតាំងពីមុនការបង្កបង្កើត ត្រូវបានបំពេញសម្រេចទាំងអស់។ វាត្រូវបានបំពេញសម្រេច នៅពេលខ្ញុំបានជឿតាមសេចក្តីពិតនេះនៅក្នុងជម្រៅចិត្ររបស់ខ្ញុំ។ 
ចិត្តរបស់អ្នកក៏ដូច្នេះដែរ។ ដោយការជឿតាមសេចក្តីពិតនេះ សេចក្តីសង្រ្គោះរបស់អ្នកដែលព្រះបានរៀបចំទុកនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនកំណើតលោកិយនេះ ក៏ត្រូវបានបំពេញសម្រេចនៅក្នុងចិត្តរបស់អ្នកផងដែរ។ ផែនការរបស់ព្រះក្នុងការយកអ្នកធ្វើជារាស្ត្ររបស់ទ្រង់ ត្រូវបានបំពេញសម្រេច នៅពេលអ្នកជឿនៅក្នុងចិត្តរបស់អ្នកថា សេចក្តីសង្រ្គោះដ៏ពិតកើតចេញពីក្នុងជម្រៅចិត្តរបស់យើង។ សេចក្តីសង្រ្គោះមិនកើតចេញពីគំនិតខាងសាច់ឈាមរបស់យើងឡើយ។ ហើយវាក៏មិនកើតចេញពីគោលលទ្ធិទេវសាស្ត្រណាមួយដែរ ប៉ុន្តែវាកើតចេញពីសេចក្តីជំនឿតាមសេចក្តីពិតតែប៉ុណ្ណោះ។ 
 


សេចក្តីសង្រ្គោះនេះត្រូវបានរៀបចំទុកនៅក្នុងព្រះយេស៊ូវ គ្រីស្ទ តាំងពីមុនការបង្កបង្កើត


សេចក្តីសង្រ្គោះគឺជាអំណោយទានមួយ ដែលព្រះបានប្រទានឲ្យយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ សេចក្តីសង្រ្គោះនេះពិតជាត្រូវបានបំពេញសម្រេចនៅលើផែនដីនេះ តាំងពីជាង២០០០ឆ្នាំមុនប្រាកដមែន។ ហើយគ្មានអ្នកណាម្នាក់ត្រូវបានដកចេញពីអំណោយទាននៃសេចក្តីសង្រ្គោះនេះឡើយ ពីព្រោះព្រះយេស៊ូវបានបំពេញសម្រេចផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះ ដើម្បីដោះអំពើបាបរបស់មនុស្សគ្រប់គ្នាចេញ។ ដូច្នេះ អ្នកដែលបានជឿលើសេចក្តីសង្រ្គោះនេះនៅក្នុងជម្រៅចិត្តរបស់ខ្លួន អាចធ្វើជាកូនរបស់ព្រះបាន។ ហើយអំពើបាបទាំងអស់របស់ពួកគេត្រូវបានដោះចេញ និងសស្អាតដូចជាព្រិល ហើយពួកគេទទួលបានដោយឥតគិតថ្លៃនូវការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ 
ទោះបីជាយ៉ាងណា មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលមិនបានទទួលការអត់ទោសបាប។ តើពួកគេគឺជាអ្នកណា? ពួកគេគឺជាអ្នកដែលមិនជឿតាមសេចក្តីពិត ទោះបើពួកគេស្គាល់សេចក្តីពិតក៏ដោយ។ អ្នកដែលមិនបានសារភាពនៅក្នុងជម្រៅចិត្តរបស់ខ្លួនថា ពួកគេត្រូវធ្លាក់ទៅស្ថាននរក និងអ្នកដែលមិនបានទទួលស្គាល់ដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ មិនមានចំណែកជាមួយព្រះអម្ចាស់ឡើយ។ 
ព្រះប្រទានសេចក្តីសង្រ្គោះឲ្យអ្នកដែលស្គាល់និស្ស័យបាបរបស់ខ្លួន និងទទួលស្គាល់ថា ពួកគេត្រូវប្រឈមនឹងទោស និងការបោះទម្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ពួកគេ។ តើសសរទាំងប្រាំនៃទ្វារវាំងននរោងឧបោសថ ដែលត្រូវបានធ្វើពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ត្រូវបានលើកដាក់នៅកន្លែងណា? សសេរទាំងនោះត្រូវបានលើកដាក់លើជើងប្រាក់។ អ្នក និងខ្ញុំត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែអំពើបាបរបស់យើង។ លុះត្រាតែយើងទទួលស្គាល់ការពិតនេះ ទើបសេចក្តីសង្រ្គោះរបស់យើងត្រូវបានលើកដាក់លើការទទួលស្គាល់នេះបាន។ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ» សម្រាប់អ្នក និងខ្ញុំ ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងបានសុគត ដើម្បីប្រទានសេចក្តីសង្រ្គោះចេញពីអំពើបាបដល់យើង។ 
ដូច្នេះ អ្នក និងខ្ញុំត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅចិត្តរបស់យើង។ យ៉ាងហោចណាស់ម្តង ចិត្តរបស់យើងត្រូវតែទទួលស្គាល់ថា «ខ្ញុំពិតជាត្រូវធ្លាក់ទៅក្នុងស្ថាននរកមែន ប៉ុន្តែព្រះអម្ចាស់បានសង្រ្គោះខ្ញុំ តាមរយៈទឹក និងព្រះវិញ្ញាណ»។ បន្ទាប់មក យើងត្រូវតែជឿនៅក្នុងចិត្ត ដើម្បីបានសង្រ្គោះ។ រ៉ូម ១០:១០ ប្រាប់ថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ
 យើងត្រូវតែជឿនៅក្នុងជម្រៅចិត្តយ៉ាងពិតប្រាកដ លើសេចក្តីសង្រ្គោះរបស់យើង ហើយប្រកាសវាដោយមាត់របស់យើងថា៖ «ព្រះអម្ចាស់បានសង្រ្គោះខ្ញុំ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ខ្ញុំត្រូវធ្លាក់ទៅទទួលទោសនៅស្ថាននរក ប៉ុន្តែព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់ខ្ញុំជំនួសខ្ញុំ បានផ្ទុកអំពើបាបរបស់ខ្ញុំ បានទទួលយកទណ្ឌកម្មទាំងអស់របស់ខ្ញុំ និងបានសង្រ្គោះខ្ញុំយ៉ាងពេញលេញ។ ទ្រង់បានយកខ្ញុំធ្វើជាកូនយ៉ាងគ្រប់លក្ខណ៍របស់ព្រះ»។ ដូច្នេះ យើងត្រូវតែជឿនៅក្នុងជម្រៅចិត្តរបស់យើង ហើយប្រកាសដោយមាត់របស់យើង។ តើអ្នកជឿដែរទេ?
តើអ្នកនៅតែមិនទទួលស្គាល់ការពិតថា អ្នកត្រូវធ្លាក់ទៅស្ថាននរក ទោះបើអ្នកជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយទោះបើអ្នកជឿថា ព្រះអម្ចាស់បានសង្រ្គោះអ្នកតាមរបៀបនេះដែរទេ? ព្រះគម្ពីរនិយាយថា «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣:២៣»។ សេចក្តីជំនឿត្រឹមត្រូវគឺជាការជឿថា ទោះបីជាគ្រប់គ្នាបានធ្វើបាប ហើយគ្រប់គ្នាត្រូវធ្លាក់ទៅស្ថាននរកក៏ដោយ ក៏ព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីរាប់យើងជាសុចរិត និងគ្រប់លក្ខណ៍ដែរ។ 
សេចក្តីសង្រ្គោះនេះពិតជាអស្ចារ្យខ្លាំងណាស់! រោងឧបោសថមិនត្រូវបានធ្វើតាមរបៀបណាក៏បាននោះឡើយ ប៉ុន្តែវាត្រូវបានធ្វើស្របតាមព្រះបន្ទូលយ៉ាងលម្អិតរបស់ព្រះ។ តាមរយៈរោងឧបោសថ ព្រះបានប្រាប់យើងយ៉ាងលម្អិតជាមុនថា ទ្រង់នឹងសង្រ្គោះយើង ដោយការប្រទានព្រះជន្មដ៏មានតម្លៃរបស់ទ្រង់ដល់យើង។ តាមរយៈរោងឧបោសថ ទ្រង់ប្រាប់យើងថា ព្រះយេស៊ូវបានប្រទានសេចក្តីសង្រ្គោះដ៏មានតម្លៃដល់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង ហើយអ្វីដែលយើងត្រូវតែធ្វើ គឺជឿតាមសេចក្តីពិតនេះនៅក្នុងជម្រៅចិត្តរបស់យើង។ តើអ្នកណាអាចផ្តល់សេចក្តីសង្រ្គោះដល់អ្នកបាន? អ្នកអាចបានសង្រ្គោះ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកក្នុងនាមជាមនុស្សម្នាក់ដូចជាអ្នកដែរ។ 
បើសិនមនុស្សម្នាក់បានទទួលយកអំពើបាបរបស់អ្នក ហើយបានទទួលទោសជំនួសអ្នក នោះអ្នកនឹងមានហេតុផលលើសពីគ្រប់គ្រាន់ក្នុងការអរគុណដល់គាត់ ប៉ុន្តែបើសិនព្រះអម្ចាស់យេស៊ូវដែលថ្លៃថ្នូរ និងឧត្តុង្គឧត្តមជាងយើងរាប់លានដង បានប្រទានយញ្ញបូជាដ៏មានតម្លៃរបស់ទ្រង់សម្រាប់យើង តើយើងត្រូវអរព្រះគុណដល់ទ្រង់លើសជាងអម្បារម៉ានទៅទៀត? អំណោយទាននេះពិតជាមានតម្លៃវិសេសវិសាលមែន។ ហើយតើយើងអាចមិនជឿលើអំណោយទាននេះបានយ៉ាងដូចម្តេច?
ដោយហេតុនោះ អ្នកដែលទទួលស្គាល់ភាពមានបាបរបស់ខ្លួន ត្រូវតែជឿតាមសេចក្តីពិតនេះ។ អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជឿតាមសេចក្តីពិតនេះ គឺជាអ្នកដែលទទួលស្គាល់ថា ពួកគេប្រឈមនឹងការធ្លាក់ទៅស្ថាននរក។ មានតែអ្នកដែលទទួលស្គាល់ថា ពួកគេគឺពិតជាមនុស្សមានបាបប៉ុណ្ណោះ ហើយថា ពួកគេត្រូវធ្លាក់ទៅស្ថាននរកជាពិតប្រាកដប៉ុណ្ណោះ ដែលជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការជឿលើសេចក្តីសង្រ្គោះដ៏មានតម្លៃរបស់ព្រះបាន ហើយទទួលបានវា ដោយសារសេចក្តីជំនឿ។ ហើយអ្នកដែលជឿតាមសេចក្តីជំនឿនេះនៅក្នុងចិត្ត អាចធ្វើជាអ្នកបម្រើពួកជំនុំរបស់ព្រះបាន។ 
យើងគឺជាមនុស្សជាតិទន់ទាប ដែលគ្មានអ្វីត្រូវអួតទេ សូម្បីតែយើងប្រៀបធៀបខ្លួនយើងជាមួយអ្នកដែលល្បីល្បាញនៅក្នុងពិភពលោក ជាមួយនឹងសមត្ថភាពបន្ទាប់បន្សំរបស់ពួកគេ។ ខណៈដែលនេះគឺជាការពិត តើយើងអាចហ៊ានអួតអំពីខ្លួនយើងនៅចំពោះព្រះដ៏បរិសុទ្ធ គ្រប់លក្ខណ៍ និងប្រកបដោយសព្វានុភាពបានយ៉ាងដូចម្តេច? អ្វីដែលយើងអាចធ្វើនៅចំពោះទ្រង់បាន គឺទទួលស្គាល់ថា ព្រះអម្ចាស់បានសង្រ្គោះយើង ទោះបើយើងត្រូវស្លាប់ ដោយសារតែអំពើបាបរបស់យើងក៏ដោយ។ 
ព្រះគម្ពីរប្រាប់យើងថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (រ៉ូម ៦:២៣)។ តាមការពិត យើងត្រូវតែសងថ្លៃឈ្នួលនៃសេចក្តីស្លាប់ ដោយសារអំពើបាបរបស់យើង។ ប៉ុន្តែដោយសារព្រះអម្ចាស់បានសង្រ្គោះយើងដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ឥឡូវនេះ យើងអាចចូលទៅក្នុងស្ថានសួគ៌បាន ដោយសារសេចក្តីជំនឿនេះហើយ។ បើសិនយើងដកសេចក្តីជំនឿនេះចេញ យើងនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកជាលើកទីមួយរយហើយ។ តើនេះត្រឹមត្រូវទេ? វាពិតជាត្រឹមត្រូវហើយ។ យើងទាំងអស់គ្នាសមនឹងបោះទម្លាក់ទៅក្នុងស្ថាននរក។
ប៉ុន្តែដោយសារព្រះអម្ចាស់ដ៏ខ្ពស់បំផុតប្រកបដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតទ្រង់ និងបានទទួលយកទោសនៅលើឈើឆ្កាង ឥឡូវនេះ យើងបានរួចពីទិសដៅនៃស្ថាននរករបស់យើងហើយ។ ដោយសារព្រះអម្ចាស់បានលះបង់ព្រះជន្មដ៏មានតម្លៃរបស់ទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង យើងបានទទួលការអត់ទោសបាប។ នៅពេលនេះគឺជាការពិត តើយើងអាចមិនជឿថា ព្រះ អម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងតែម្តងជាសម្រេច ហើយបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើងបានយ៉ាងដូចម្តេច? តើយើងអាចបដិសេធមិនធ្វើជាមនុស្សសុចរិតបានយ៉ាងដូចម្តេច? ហើយយើងអាចមិនជឿតាមសេចក្តីពិតបានយ៉ាងដូចម្តេច? ដូចដែលសសរសម្រាប់ទ្វារវាំងនននៃរោងឧបោសថត្រូវបានស្រោបដោយមាស យើងក៏ត្រូវតែស្រោបចិត្តរបស់យើងដោយសេចក្តីជំនឿផងដែរ។ យើងត្រូវតែស្រោបខ្លួនយើងយ៉ាងពេញលេញ ដោយសេចក្តីជំនឿ។ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងជម្រៅចិត្តរបស់យើង ពីព្រោះបើសិនយើងមិនជឿតាមដំណឹងល្អនេះទេ យើងមិនអាចចូលទៅចំពោះព្រះបានឡើយ។ 
ដោយសារសេចក្តីជំនឿ ដែលយើងដឹងថា យើងគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ហើយដោយសារសេចក្តីជំនឿ ដែលយើងអាចបានរាប់ជាសុចរិតនៅចំពោះព្រះបាន។ នៅក្នុងន័យផ្សេង ដោយសារសេចក្តីជំនឿ ដែលពួកមនុស្សមានបាបអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ គឺដោយជឿថា ព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈទឹក និងព្រះលោហិតរបស់ទ្រង់។ នេះហើយគឺជារបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ» (ហេព្រើរ ៩:២៧) ត្រូវបានបំពេញសម្រេច។ 
នៅពេលយើងកើតមកក្នុងលោកិយនេះម្តង យើងត្រូវទទួលទោសសម្រាប់អំពើបាបរបស់យើងរួចទៅហើយ។ ប៉ុន្តែព្រះបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង។ ដូច្នេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងជម្រៅចិត្តរបស់យើង យើងអាចធ្វើជាកូនរបស់ព្រះបាន។ ព្រះបានប្រទានសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះដ៏ឥតលក្ខខណ្ឌដល់អ្នកដែលជឿ។ ប៉ុន្តែទ្រង់នឹងវិនិច្ឆ័យ និងកាត់ទោសអ្នកដែលមិនជឿតាមដំណឹងល្អនេះ សម្រាប់អំពើបាបនៃការមិនជឿរបស់ពួកគេ (យ៉ូហាន ៣:១៦-១៨)។ 
 

យើងត្រូវតែជឿលើការពិតទាំងពីរនៃសេចក្តីសង្រ្គោះ

យើងគឺជាពួកមនុស្សមានបាប ដែលត្រូវប្រឈមនឹងទោស និងសេចក្តីស្លាប់ ដោយសារអំពើបាបរបស់យើង ប៉ុន្តែដោយសារការជឿលើសេចក្តីសង្រ្គោះនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះបានរៀបចំទុក និងបានប្រទានឲ្យយើង យើងបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង។ ពិតណាស់ យើងត្រូវតែសារភាពទៅកាន់ព្រះថា «ទូលបង្គំពិតជាត្រូវធ្លាក់ទៅស្ថាននរកប្រាកដមែន» ហើយយើងក៏ត្រូវតែប្រកាសផងដែរថា «ប៉ុន្តែទូលបង្គំជឿថា ព្រះអម្ចាស់បានសង្រ្គោះទូលបង្គំ តាមរយៈទឹក និងព្រះលោហិត»។ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដោយសារការជឿតាមសេចក្តីពិតនេះនៅក្នុងជម្រៅចិត្តរបស់យើង យើងបានសង្រ្គោះ។ ហើយដោយសារការជឿតាមដំណឹងល្អ យើងបានសង្រ្គោះ។ 
យើងបានសង្រ្គោះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សអាចធ្វើជារាស្ត្ររបស់ព្រះផ្ទាល់បាន លុះត្រាតែពួកគេជឿថា ព្រះអម្ចាស់បានសង្រ្គោះមនុស្សជាតិដែលត្រូវធ្លាក់ទៅស្ថាននរក តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ តើអ្នកជឿដែរទេ? មានតែសេចក្តីជំនឿលើសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ ដែលជាសេចក្តីជំនឿដ៏ពិតប្រាកដ។ 
នេះហើយគឺជាអត្ថន័យខាងវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងទ្វារវាំងនននៃរោងឧបោសថ។ តើអ្នកជឿដែរទេ? កាលណាមនុស្សជឿតាមសេចក្តីពិតនៅក្នុងចិត្តរបស់ពួកគេ ពួកគេអាចនិយាយយ៉ាងត្រឹមត្រូវអំពីសេចក្តីជំនឿត្រឹមត្រូវបាន។ សេចក្តីជំនឿត្រឹមត្រូវមិនមែនជាការប្រកាសដោយមាត់ពីសេចក្តីពិត ដោយមិនជឿនៅក្នុងចិត្តទេ ប៉ុន្តែជាការប្រកាសដោយមាត់នូវសេចក្តីជំនឿរបស់ខ្លួន ដោយជឿតាមសេចក្តីពិតនៅក្នុងជម្រៅចិត្តវិញ។ ដូច្នេះ អ្នកត្រូវតែជឿលើសេចក្តីសង្រ្គោះនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលបានសង្រ្គោះយើងជារៀងរហូត។ 
ទោះបីជាយើងព្យាយាមបម្រើទ្រង់ខ្លាំងយ៉ាងក៏ដោយ ក៏យើងមិនអាច អរព្រះគុណទ្រង់ឲ្យបានគ្រប់គ្រាន់ដែរ។ ដូច្នេះ តើយើងអាចបំភ្លេចសេចក្តីសង្រ្គោះរបស់យើងបានយ៉ាងដូចម្តេច? តើយើងអាចភ្លេចថា ព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំ ដែលជាមនុស្សដែលត្រូវធ្លាក់ទៅស្ថាននរក ចេញពីអំពើបាបទាំងអស់របស់យើងបានយ៉ាងដូចម្តេច? តើយើងអាចបំភ្លេចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានយ៉ាងដូចម្តេច ខណៈដែលអំពើបាបរបស់យើងសម្តែងចេញជារៀងរាល់ថ្ងៃដូច្នេះ? ហើយតើយើងអាចព្រងើយកន្តើយចំពោះដំណឹងល្អនេះបានយ៉ាងដូចម្តេច ខណៈដែលមិនមានផ្លូវណាផ្សេងសម្រាប់សេចក្តីសង្រ្គោះ ក្រៅតែពីដំណឹងល្អនេះ? ដូច្នេះ យើងតែងតែមានអំណរ សរសើរតម្កើង និង អរព្រះគុណដល់ព្រះជានិច្ច។
អ្នកដែលមិនស្គាល់សេចក្តីពិតនេះ និយាយថា ព្រះបានបង្កើតមនុស្សជាតិមកជាតុក្កតា ហើយកំពុងតែលេងសើចជាមួយពួកគេប៉ុណ្ណោះ។ ដោយទាស់ប្រឆាំងនឹងព្រះ ពួកគេនិយាយថា «ព្រះត្រូវតែអប់ផ្សុកហើយ។ ទ្រង់គ្រាន់តែបានបង្កើតយើងជាតុក្កតារបស់ទ្រង់ ហើយលេងសើចជាមួយយើងប៉ុណ្ណោះ។ ទ្រង់ជ្រាបថា យើងនឹងធ្វើបាប ប៉ុន្តែទ្រង់គ្រាន់តែទតមើលយើងប្រព្រឹត្តអំពើបាបប៉ុណ្ណោះ ហើយឥឡូវនេះ ទ្រង់មានបន្ទូលថា ទ្រង់បានសង្រ្គោះពួកមនុស្សមានបាប។ ដូច្នេះ តើទ្រង់មិនគ្រាន់តែលេងសើចជាមួយយើងទេឬ? ទ្រង់បង្កើតយើង ហើយបន្ទាប់មក ទ្រង់គ្រាន់តែលេងសើចជាមួយយើង តាមរបៀបដែលទ្រង់ចង់ប៉ុណ្ណោះ។ ដូច្នេះ តើព្រះមិនបានបង្កើតយើងជាតុក្កតាទេឬ?»។ មនុស្សយ៉ាងច្រើនរាប់មិនអស់គិតដូច្នេះ។ ពួកគេចងកំហិងជាមួយព្រះ ដោយនិយាយថា បើសិនទ្រង់ពិតជាបានស្រឡាញ់ពួកគេប្រាកដមែន ទ្រង់គួរតែបង្កើតពួកគេឡើងជាមនុស្សដ៏គ្រប់លក្ខណ៍ហើយ មិនមែនជាពួកមនុស្សមានបាបឡើយ។ មានមនុស្សយ៉ាងច្រើន ដែលនៅតែមិនយល់ពីព្រះហឫទ័យព្រះ ហើយចង្អុលទ្រង់ និងចោទប្រកាន់ទ្រង់ទៅវិញ។
 

យើងគឺជាស្នាព្រះហស្តដែលព្រះបានបង្កើត

ដូចជារុក្ខជាតិ និងសត្វដែរ មនុស្សជាតិត្រូវបានបង្កើតឡើង ដោយព្រះ។ ប៉ុន្តែព្រះមិនបានបង្កើតយើងឡើង ដូចជារុក្ខជាតិ និងសត្វឡើយ។ តាំងពីមុនពេលទ្រង់បានបង្កើតយើង ព្រះបានសម្រេចព្រះទ័យបង្កើតយើងឡើងជារាស្ត្ររបស់ទ្រង់ផ្ទាល់នៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយអនុញ្ញាតឲ្យយើងចូលរួមក្នុងសិរីល្អរបស់ទ្រង់ ហើយសម្រាប់គោលបំណងនេះហើយ ដែលព្រះបានបង្កើតយើងឡើង។ គោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ មានភាពខុសគ្នាពីគោលបំណងរបស់ព្រះសម្រាប់ស្នាព្រះហស្តដទៃទៀត។ ដូច្នេះ តើអ្វីគឺជាគោលបំណងរបស់ព្រះសម្រាប់មនុស្ស? គឺដើម្បីឲ្យពួកគេរស់នៅ និងទទួលទ្រព្យសម្បត្តិ និងសិរីល្អទាំងអស់ជារៀងរហូតនៅក្នុងនគររបស់ទ្រង់ ប៉ុន្តែរុក្ខជាតិ និងសត្វត្រូវបានបង្កើតឡើង ដើម្បីសរសើរតម្កើងសិរីល្អរបស់ព្រះតែប៉ុណ្ណោះ។ គោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ គឺដើម្បីជួយឲ្យពួកគេអាចស្គាល់និស្ស័យបាបរបស់ពួកគេ ជឿ និងទទួលស្គាល់ព្រះអង្គសង្រ្គោះដែលបានសង្រ្គោះពួកគេ ជាព្រះអម្ចាស់នៃការបង្កបង្កើត ហើយបានពេញលេញ និងចូលទៅក្នុងនគរព្រះនៅពេលអនាគត។ 
ព្រះមិនបានបង្កើតយើងជាតុក្កតា ឬមនុស្សយន្តទេ ប៉ុន្តែទ្រង់បានបង្កើតយើង ដើម្បីឲ្យយើងនឹងបានធ្វើជាកូនរបស់ទ្រង់ ដោយការទទួលស្គាល់ព្រះ អាទិករ ការជឿលើព្រះអង្គសង្រ្គោះ និងការបានកើតជាថ្មី តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យោងតាមគោលបំណងនៃការបង្កើបង្កើតយើង យើងនឹងទទួលបានសិរីល្អ។ នៅលើផែនដីនេះ យើងលះបង់ខ្លួនយើង ដើម្បីបម្រើព្រលឹងដទៃ ដោយដំណឹងល្អ ប៉ុន្តែនៅនគរព្រះ យើងនឹងត្រូវគេបម្រើវិញ។ តើអ្វីដែលអ្នកគិតថាជាគោលបំណងចម្បងរបស់ព្រះសម្រាប់មនុស្សជាតិ? គោលបំណងរបស់ទ្រង់ គឺដើម្បីជួយឲ្យមនុស្សអាចទទួលបានកិត្តិយស និងសិរីល្អរបស់ព្រះជារៀងរហូត។ គោលបំណងរបស់ព្រះក្នុងការបង្កើតមនុស្សជាតិ គឺដើម្បីយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ ហើយអនុញ្ញាតឲ្យពួកគេចូលរួមនៅក្នុងទ្រព្យសម្បត្តិ និងសិរីល្អរបស់ទ្រង់។ 
ហេតុអ្វីយើងបានកើតមក? តើអ្វីគឺជាគោលបំណងនៃជីវិត? តើយើងបានមកពីកន្លែងណា ហើយកំពុងតែធ្វើដំណើរទៅកាន់កន្លែងណា? សំណួរបែប ទស្សនៈវិទ្យាបែបនេះមិនទាន់ទទួលបានចម្លើយទេ ហើយមនុស្សយ៉ាងច្រើននៅតែព្យាយាមដោះស្រាយបញ្ហាយ៉ាងលំបាក។ ដោយមិនដឹងពីអនាគតរបស់ពួកគេ មនុស្សមួយចំនួនបែរទៅរកពួកគ្រូទាយ និងពួកគ្រូមន្តអាគម។ កិច្ចការទាំងនេះគឺជាលទ្ធផលនៃភាពបរាជ័យរបស់មនុស្សក្នុងការទទួលស្គាល់ព្រះដែលបានបង្កើតយើង និងក្នុងការជឿលើសេចក្តីសង្រ្គោះដែលទ្រង់បានប្រទានឲ្យពួកគេ។ 
ទោះបីជាយ៉ាងណា ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ព្រះបាន បង្កើតយើងយ៉ាងខុសគ្នាពីស្នាព្រះហស្តទាំងអស់ទៀត។ ហើយទ្រង់បានសង្រ្គោះយើង តាមរយៈទឹក និងព្រះវិញ្ញាណ ការរៀបចំសេចក្តីសង្រ្គោះរបស់យើងទុក តាំងពីមុនការបង្កបង្កើត ដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដោយការសង្រ្គោះយើង តាមរយៈច្បាប់នៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះពិតជាបានបំពេញសម្រេចគោលបំណងរបស់ទ្រង់សម្រាប់យើងប្រាកដមែន។ 
ដូច្នេះ ឥឡូវនេះ យើងត្រូវតែយល់ និងជឿលើគោលបំណងរបស់ព្រះក្នុងការប្រទានឲ្យយើងនូវជីវិតអស់កល្បជានិច្ចនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ បើសិនយើងមិនយល់ និងជឿលើគោលបំណងរបស់ព្រះទេ នោះសេចក្តីអាថ៌កំបាំងនៃជីវិតនឹងនៅតែមិនមានដំណោះស្រាយជារៀងរហូតហើយ។ ហេតុអ្វីយើងបានកើតមកនៅក្នុងលោកិយនេះ? ហេតុអ្វីយើងត្រូវតែរស់នៅ? ហេតុអ្វីយើងត្រូវតែបរិភោគ? ហេតុអ្វីយើងត្រូវតែរស់តាមកម្មវាសនា? តើយើងអាចដោះស្រាយបញ្ហានៃជីវិត និងសេចក្តីស្លាប់ដោយសារភាពចាស់ជរា និងជម្ងឺបានដោយរបៀបណា? ហេតុអ្វីយើងធ្លាក់ស្ថាននរក ដោយសារអំពើបាបរបស់យើង។ ហេតុអ្វីជីវិតវេទនាខ្លាំងម៉្លេះ? ហើយហេតុអ្វីជីវិតមានការឈឺចាប់ខ្លាំងបែបនេះ? សំណួរទាំងនេះអាចស្វែងរកចម្លើយបានពីព្រះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ 
ព្រះបានអនុញ្ញាតឲ្យយើងកើតមកនៅលើផែនដីនេះ ហើយបានយកយើងធ្វើជាសេចក្តីសង្ឃឹមសម្រាប់នគរស្ថានសួគ៌ ខណៈដែលយើងកំពុងតែមានជីវិតលំបាកនឿយហត់ ដើម្បីឲ្យទ្រង់នឹងសង្រ្គោះអ្នក និងខ្ញុំ ដែលត្រូវធ្លាក់ទៅស្ថាននរក ចេញពីអំពើបាបទាំងអស់របស់យើង ហើយដើម្បីឲ្យយើងនឹងទទួលបានជីវិតអស់កល្បជានិច្ច។ កាលណាយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះសេចក្តីអាថ៌កំបាំងនៃជីវិតទាំងអស់ត្រូវបានដោះស្រាយ។ 
 

ព្រះបានមានផែនការដ៏ប្រសើរអស្ចារ្យសម្រាប់អ្នក និងខ្ញុំ

ដូចដែលព្រះបានរៀបចំផែនការ ទ្រង់បានបញ្ជូនព្រះរាជបុត្រាយេស៊ូវគ្រីស្ទរបស់ទ្រង់មកកាន់ផែនដីនេះ បានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើរូបកាយដ៏មានតម្លៃរបស់ទ្រង់ ដោយការអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជ បានកាត់ទោសឲ្យទ្រង់ត្រូវសុគតជំនួសយើង ហើយដូច្នេះ បានសង្រ្គោះយើងដែលត្រូវប្រឈមនឹងសេចក្តីវិនាសដ៏អស់កល្បជានិច្ច ចេញពីអំពើបាប ទោស និង បណ្តាសាទាំងអស់របស់យើង។ ដូច្នេះ ឥឡូវនេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ ហើយយើងត្រូវតែថ្វាយការអរព្រះគុណរបស់យើងទៅកាន់ព្រះ សម្រាប់ការរំដោះយើងចេញពីវាសនានៃសេចក្តីវិនាស ទៅកាន់នគររបស់ព្រះរាជបុត្រានៃព្រះ និងសម្រាប់ការជួយឲ្យយើងអាចទទួលបានជីវិតអស់កល្បជានិច្ច។ នៅក្នុងន័យផ្សេង សេចក្តីពិតនៃសេចក្តីសង្រ្គោះពីព្រះគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងវាំងននដែលត្រូវបានត្បាញដោយសំពត់ខ្លូតទេស និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្យួរនៅលើទ្វាររោងឧបោសថ។
ជើងលង្ហិននៃសសរទ្វាររោងឧបោសថ បង្ហាញប្រាប់យើងអំពីនិស្ស័យបាបរបស់យើង ហើយជួយឲ្យយើងអាចជឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវបាន។ សសរទ្វាររោងឧបោសថ និងវាំងននដែលត្បាញដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម បើកសម្តែងពីសេចក្តីមេត្តាករុណារបស់ព្រះ ដែលបានសង្រ្កោះយើងដែលប្រឈមនឹងការធ្លាក់ទៅស្ថាននរក ចេញពីទោសរបស់យើង តាមរយៈយញ្ញបូជាដ៏មានតម្លៃរបស់ព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ។ តើអ្នកក៏ជឿដូច្នេះដែរទេ?
តើអ្នកជឿតាមសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថដែរទេ? អ្នក និងខ្ញុំសុទ្ធតែមានពរហើយ។ វាគឺជាព្រះពរដ៏ធំធេង ពីព្រោះទោះបីជាមានមនុស្សជាច្រើន ដែលកំពុងតែធ្វើដំណើរទៅកាន់ស្ថាននរកក៏ដោយ ក៏យើងបានស្វែងរកឃើញសេចក្តីពិត និងកំពុងតែរស់នៅក្នុងព្រះគ្រីស្ទនៅពេលនេះដែរ។ នៅក្នុងលោកិយនេះ យើងពិតជាឥតប្រយោជន៍ និងឥតតម្លៃ ហើយយើងបានកើតមក ដោយត្រូវតែធ្វើបាប និងធ្លាក់ទៅស្ថាននរក។ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើងជារៀងរហូតដែរ។ ដូច្នេះ យើងត្រូវតែស្ងើចសរសើរចំពោះការពិតថា យើងមិនគ្រាន់តែលែងទាក់ទងនឹងស្ថាននរកទៀតហើយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចធ្វើកិច្ចសុចរិតដែលមានប្រយោជន៍ និងមានតម្លៃផងដែរ។ 
អ្នកដែលអាចចូលទៅក្នុងទីបរិសុទ្ធបាន គឺជាអ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេតែម្តងជាសម្រេច។ ព្រះអម្ចាស់មិនបានដោះអំពើបាបពីអតីតកាលរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែដោយការទទួលបុណ្យជ្រមុជ ទ្រង់បានផ្ទុកអំពើបាបទាំងអស់នៅក្នុងជីវិតទាំងមូលរបស់យើង ហើយដោយការសុគតនៅលើឈើឆ្កាង ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត។ ដូច្នេះ មានតែអ្នកដែលជឿលើសេចក្តីសង្រ្គោះដែលត្រូវបានបំពេញសម្រេចតែម្តងជាសម្រេចប៉ុណ្ណោះ ដែលជាអ្នកមានសេចក្តីជំនឿរបស់ពួកសង្ឃ ហើយមានតែពួកគេប៉ុណ្ណោះ ដែលអាចចូលទៅទីបរិសុទ្ធបាន។ 
បើសិននិយាយយ៉ាងតឹងរឹង យោងតាមប្រព័ន្ធរោងឧបោសថ ពួកសង្ឃ ធម្មតាមិនអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបានឡើយ ប៉ុន្តែមានតែសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចចូលបាន។ ហើយសម្តេចសង្ឃដ៏អស់កល្បជានិច្ចគឺជាព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ មានតែអ្នកដែលជឿថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងប៉ុណ្ណោះ ទើបអាចចូលទៅក្នុងតំណាក់របស់ព្រះបាន ហើយក៏អាចចូលទៅក្នុងទីបរិសុទ្ធបំផុតជាមួយព្រះយេស៊ូវគ្រីស្ទបានផងដែរ។ 
«ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ» (ហេព្រើរ ១០:១៨-២២)។ អ្នកដែលចាត់ទុកខ្លួនឯងជាមនុស្សអាក្រក់ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក និងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការលាងសម្អាតនឹងទឹកដ៏ស្អាត (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) និងព្រះលោហិតនៃព្រះយេស៊ូវ អាចចូលទៅរស់នៅជាមួយព្រះនៅក្នុងនគររបស់ទ្រង់បានជារៀងរហូត។ 
អំពើបាបរបស់យើងមិនត្រូវបានលាងសម្អាត ដោយសារតែយើងបានលន់តួអំពើបាបរបស់យើងជារៀងរាល់ថ្ងៃឡើយ ប៉ុន្តែដោយសារព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះតែម្តងជា សម្រេច តាមរយៈការទទួលបុណ្យជ្រមុជ បានទទួលទោសនៅលើឈើឆ្កាង ទើបទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត។ «ត្បិតគួរឲ្យយើងធ្វើសំរេចគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ។» ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានទទួលយកអំពើបាបរបស់មនុស្សតែម្តងជាសម្រេច បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានសុគតនៅទីនោះ បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានសង្រ្គោះយើងតែម្តងជាសម្រេច។ ដូច្នេះ តែមានអ្នកដែលជឿតាមសេចក្តីពិនេះនៅក្នុងជម្រៅចិត្តប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីបរិសុទ្ធបាន។ យើងបានទទួលយកអត់ទោសបាបតែម្តងជាសម្រេច ដោយការជឿថា ព្រះអម្ចាស់បានសង្រ្គោះយើងតែម្តងជាសម្រេច ហើយថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើង និងអំពើបាបទាំងអស់របស់លោកិយនេះរួចហើយ។ 
តើអ្នកជឿថា ព្រះអម្ចាស់បានផ្ទុកអំពើបាបរបស់យើងតែម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជដែរទេ? ហើយតើអ្នកជឿថា ទ្រង់បានផ្ទុកអំពើបាបរបស់លោកិយនេះ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើងតែម្តងជា សម្រេចដែរទេ? នៅក្នុងរយៈពេល៣៣ឆ្នាំនៃព្រះជន្មរបស់ទ្រង់ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះតែម្តងជាសម្រេច។ ទ្រង់បានដោះអំពើបាបទាំងអស់ចេញ ដោយមិនបន្សល់ទុកអំពើបាបណាមួយឡើយ។ ខ្ញុំជឿតាម សេចក្តីពិតនេះនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ។ ខ្ញុំជឿថា នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ទ្រង់ផ្ទុកអំពើបាបរបស់លោកិយនេះតែម្តងជាសម្រេច ហើយទ្រង់បានទទួលយកទោសនៃអំពើបាបទាំងអស់របស់ខ្ញុំតែម្តងជាសម្រេច ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយថា ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ខ្ញុំ ដោយការមានព្រះជន្មរស់ពីសុគតឡើងវិញតែម្តងជាសម្រេច។ ដោយសារសេចក្តីជំនឿនេះហើយ ដែលខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្ញុំ។ 
ដោយសារការជឿតាមសេចក្តីពិតនេះ យើងទាំងអស់គ្នាអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ហើយខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ យើងត្រូវតែសញ្ជឹងគិតអំពីសេចក្តីជំនឿនេះជារៀងរាល់ថ្ងៃ។ ហេតុអ្វី? ពីព្រោះព្រះ អម្ចាស់បានដោះទាំងអំពើបាបដែលយើងមិនទាន់បានប្រព្រឹត្តផង។ ប៉ុន្តែគ្រប់ពេលដែលយើងធ្វើបាប យើងត្រូវតែសារភាព។ ហើយយើងត្រូវតែជឿនៅក្នុងជម្រៅចិត្តរបស់យើងថា ព្រះអម្ចាស់បានផ្តុកអំពើបាបទាំងនោះនៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ យើងត្រូវតែទទួលស្គាល់ថា ព្រះ អម្ចាស់បានដោះអំពើបាបរបស់លោកិយនេះចេញ ដោយការជឿម្តងទៀត។ ហេតុអ្វី? ពីព្រោះបើសិនយើងមិនសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណម្តងហើយម្តងទៀតទេ ចិត្តរបស់យើងនឹងត្រូវខូច។ ដោយសារព្រះ អម្ចាស់បានដោះអំពើបាបដែលយើងមិនទាន់បានប្រព្រឹត្តចេញ កាលណាភាពខ្សោយរបស់យើងសម្តែងចេញមក យើងត្រូវតែអរព្រះគុណដល់ទ្រង់ ដោយ សេចក្តីជំនឿរបស់លើព្រះរាជកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
យើងទាំងអស់គ្នាត្រូវតែជឿថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបរបស់យើងតែម្តងជាសម្រេច។ តែម្តងជាសម្រេច អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ ទ្រង់។ ដោយសារព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច តាមរយៈការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង យើងត្រូវតែជឿតាមសេចក្តីពិតនេះយ៉ាងរឹងមាំ និងយ៉ាងក្លាហាន។ ព្រះអម្ចាស់បានមានបន្ទូលថា យើងអាចទទួលបាននគរព្រះបាន ដោយសារសេចក្តីជំនឿដ៏រឹងមាំលើបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ព្រះយេស៊ូវបានមានបន្ទូលថា «តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង» (ម៉ាថាយ ១១:១២)។ ដោយសារសេចក្តីជំនឿ យើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដែលចេញពីរូបកាយ ចិត្ត គំនិត និងសាច់ឈាមរបស់យើងមក។ ដោយសារការជឿថា ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់នេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកទោសនៃអំពើបាបទាំងអស់នេះរួចហើយ យើងត្រូវតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដើម្បីទទួលបាននគរព្រះជាមរតក។ 
ទោះបីជាអ្នកមិនពេញលេញយ៉ាងណាក៏ដោយ បើសិនអ្នកគ្រាន់តែមានសេចក្តីជំនឿនេះ ក៏អ្នកគឺជាមនុស្សនៃសេចក្តីជំនឿដែរ។ ទោះបីជាអ្នកមិនពេញលេញក៏ដោយ ក៏ព្រះអម្ចាស់បានសង្រ្គោះអ្នកយ៉ាងគ្រប់លក្ខណ៍ដែរ ហើយដូច្នេះ អ្នកត្រូវតែជឿតាមសេចក្តីពិតនេះ។ ដោយសារព្រះអម្ចាស់គង់នៅជារៀងរហូត សេចក្តីសង្រ្គោះរបស់យើងក៏គ្រប់លក្ខណ៍ជារៀងរហូតដែរ។ អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែជឿលើសេចក្តីសង្រ្គោះរបស់យើង ដែលព្រះយេស៊ូវបានប្រទានឲ្យប៉ុណ្ណោះ។ នេះគឺជាការពិត! យើងបានសង្រ្គោះ ដោយការជឿ និងទទួលយកទ្រង់នៅក្នុងចិត្តរបស់យើង។ 
ដោយសារព្រះអម្ចាស់គឺជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង ទ្រង់បានដោះស្រាយបញ្ហាអំពើបាបទាំងអស់របស់យើង។ តើអ្នកជឿថា ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង បានសុគតម្តង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានប្រទានសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដល់យើងដែរទេ? សេចក្តីសង្រ្គោះនេះពិតជាអស្ចារ្យណាស់។ ទោះបីជាយើងមិនពេញលេញនៅក្នុងការប្រព្រឹត្តរបស់យើងក៏ដោយ ក៏យើងនៅតែអាចចូលទៅក្នុងនគរព្រះបាន ដោយការជឿតាមសេចក្តីពិតនេះដែរ។ ដោយសារសេចក្តីជំនឿ យើងនឹងអាចចូលទៅក្នុងនគរព្រះ ហើយទទួលបានអំណាច សិរិល្អ និងទ្រព្យសម្បត្តិរបស់ព្រះ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានព្រះពរទាំងនេះហើយ។ ប៉ុន្តែបើសិនមិនមានសេចក្តីជំនឿនេះទេ គ្មានអ្នកណាម្នាក់អាចឈានជើងជាន់នគររបស់ព្រះបានឡើយ។ 
សេចក្តីពិតដែលបានសង្រ្គោះយើង តាមរយៈសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ត្រូវបានរៀបចំ ដោយព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនកំណើតលោកិយនេះទៅទៀត។ ដោយសារព្រះបានសម្រេចព្រះទ័យសង្រ្គោះយើង ទ្រង់បានយាងមកផែនដីនេះនេះ បានទទួលបុណ្យជ្រមុជ និងបានទទួលយកអំពើបាបរបស់យើងតែម្តងជាសម្រេច បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង និងបានទទួលទោសតែម្តងជាសម្រេច បានសុគតម្តង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានប្រទានសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដល់យើង។ នេះហើយគឺជាសេចក្តីសង្រ្គោះរបស់យើង ដែលត្រូវបានបង្កើតឡើង ដោយព្រះរាជកិច្ចនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយយើងត្រូវតែជឿលើសេចក្តីសង្រ្គោះនេះ។ មានតែដូច្នេះទេ ទើបយើងអាចធ្វើជារាស្ត្រ និងអ្នកបម្រើដ៏គ្រប់លក្ខណ៍របស់ព្រះ ដោយសារសេចក្តីជំនឿបាន។ ហើយយើងនឹងចូលទៅក្នុងនគរដ៏គ្រប់លក្ខណ៍របស់ព្រះ ហើយរស់នៅទីនោះជារៀងរហូត។ 
ព្រះដ៏គ្រប់លក្ខណ៍បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ប៉ុន្តែយើងនៅតែមិនពេញលេញជារៀងរាល់ថ្ងៃ ពីព្រោះសាច់ឈាមរបស់យើងមិនពេញលេញ។ ប៉ុន្តែឥឡូវនេះ យ៉ាងដូចម្តេចដែរ? នៅពេលព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ តើទ្រង់ពិតជាទទួលយកអំពើបាបរបស់យើងដែរទេ? ពិតណាស់ ទ្រង់បានទទួលយក! ដោយសារព្រះអម្ចាស់បានដោះអំពើបាបរបស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ យើងទទួលស្គាល់ថា អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ តើអ្នកទទួលស្គាល់ថា អំពើបាបរបស់អ្នកពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរទេ? តាមរយៈការធ្វើដូច្នេះ ព្រះយេស៊ូវបាននាំអំពើបាបរបស់យើង និងអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចផែនការសង្រ្គោះរបស់ព្រះទាំងស្រុង។ ទោះបីជាយើងមិនពេញលេញក៏ដោយ ក៏យើងអាចចូលទៅក្នុងនគរព្រះ ដោយការជឿបានដែរ។ ដោយការជឿលើអ្វី? យើងអាចចូលទៅក្នុងនគរព្រះបាន ដោយការជឿលើព្រះរាជកិច្ចនៃសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
បន្ទាប់ពីយើងបានទទួលការអត់ទោសបាបហើយ យើងនៅតែជាមនុស្សមិនពេញលេញ ដែលមានសេចក្តីជំនឿល្អ និងធ្វើការល្អនៅក្នុងពួកជំនុំ។ ពួកជំនុំរបស់ព្រះមិនមែនជាកន្លែងមួយ ដែលអ្នកខ្លាំងសោយរាជ្យទេ ប៉ុន្តែជាកន្លែងមួយ ដែលមនុស្សមិនពេញលេញសោយរាជ្យ ដោយសារសេចក្តីជំនឿវិញ។ ហេតុអ្វី? ពីព្រោះនៅក្នុងពួកជំនុំរបស់ព្រះ យើងនៅតែអាចដើរតាមព្រះអម្ចាស់ ដោយ សេចក្តីជំនឿបាន លុះត្រាតែយើងដឹងថា យើងមិនពេញលេញ។ វាគឺជាកន្លែងមើលថែ និងព្យាបាលរបួស។ ស្ថានសួគ៌គឺជាកន្លែងមួយ ដែលហើយក្មេងលែងដោះ «នឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន» (អេសាយ ១១:៨) ហើយពស់នឹងមិនចឹកឡើយ ហើយស្ថានសួគ៌នៅលើផែនដីនេះគឺជាពួកជំនុំរបស់ព្រះនេះឯង។ នេះហើយគឺជាសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនៃពួកជំនុំរបស់ព្រះ។ 
ដោយសារសេចក្តីជំនឿ យើងចូលទៅក្នុងនគរព្រះ។ ហើយអ្នកដែលមានសេចក្តីជំនឿដ៏រឹងមាំ អាចទទួលបាននគរស្ថានសួគ៌បាន។ ដូច្នេះ តើអ្នកជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នកដែរទេ? ខ្ញុំក៏ជឿផងដែរ ហើយដូច្នេះ ខ្ញុំថ្វាយការអរព្រះគុណរបស់ខ្ញុំដល់ព្រះ។ 
ដោយសារខ្ញុំដឹងព្រះគុណចំពោះព្រះ ដែលខ្ញុំកំពុងតែបម្រើដំណឹងល្អនេះ។ ខ្ញុំរស់នៅសម្រាប់សេចក្តីពិតនេះ ហើយខ្ញុំបម្រើដំណឹងល្អ ពីព្រោះនៅមានមនុស្សជាច្រើន ដែលមិនទាន់ស្គាល់សេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅឡើយ។ ប៉ុន្តែនៅវេលានេះ ក្រៅពីសំណួរអំពីអ្នកណាបម្រើដំណឹងល្អនេះ ឬអត់ តើអ្នកត្រូវការអ្វីទៀត ដើម្បីជឿតាមដំណឹងល្អជាមុន?
ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកទាំងអស់គ្នាជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នកតែម្តងជាសម្រេច ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់អ្នក។