Search

Sermones

Subject 11 : រោងឧបោសថ

[11-21] សម្តេចសង្ឃ ដែលបានថ្វាយតង្វាយនៅថ្ងៃធួននឹងបាប (លេវីវិន័យ ១៦:១-៣៤)

សម្តេចសង្ឃ ដែលបានថ្វាយតង្វាយនៅថ្ងៃធួននឹងបាប
(លេវីវិន័យ ១៦:១-៣៤)
«ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូន អើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់ គឺទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតអញនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោស នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១សំរាប់ជា ដង្វាយដុត ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ រួចត្រូវយកពពែឈ្មោល២ សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១ សំរាប់ជាដង្វាយដុត ពីពួកជំនុំកូនចៅអ៊ីស្រាអែល អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជា ដង្វាយលោះបាប តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្តីបន្ទាល់ ក្រែងលោត្រូវស្លាប់ ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្តីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្តីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះឲ្យបានធួននឹង ត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្តីស្មោកគ្រោករបស់គេ មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅ ធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្ស ហើយនឹងពួកជំនុំនៃសាសន៍ អ៊ីស្រាអែលទាំងអស់គ្នាផង រួចត្រូវឲ្យលោកចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់៧ដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្តីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល កាល អើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅ អ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីដំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពួកជនផង ឯខ្លាញ់នៃដង្វាយលោះបាបនោះ ត្រូវដុតនៅលើអាសនា ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបនឹងចូលមកក្នុងទីដំឡើងត្រសាលបាន ឯគោឈ្មោលនៃដង្វាយលោះបាប និងពពែនៃដង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធ ឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ ឯអ្នកណាដែលដុតសត្វទាំង២នោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន នេះជាច្បាប់សំរាប់ឯងរាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃ១០ខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួនមិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាផង ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា នេះជាថ្ងៃឈប់ សំរាកសំរាប់ឯងរាល់គ្នា ត្រូវឲ្យបញ្ឈឺចិត្តខ្លួន នេះគឺជាច្បាប់នៅអស់កល្បជានិច្ច ឯអ្នកណាដែលគេចាក់ប្រេងតាំងឡើងជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសំលៀកបំពាក់ខ្លូតទេស គឺជាសំលៀកបំពាក់បរិសុទ្ធនោះ សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត និងត្រសាលជំនុំ ហើយអាសនា ព្រមទាំងពួកសង្ឃ ហើយនឹងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែល១ឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។»
 

សម្តេចសង្ឃ គឺជាអ្នកថ្វាយតង្វាយនៅថ្ងៃធួននឹងបាប សម្រាប់បណ្តាជន អ៊ីស្រាអែល។ តង្វាយនេះត្រូវបានថ្វាយតែម្តងក្នុងមួយឆ្នាំ នៅថ្ងៃទីដប់នៃខែប្រាំពីរនៅក្នុងប្រតិទិនរបស់អ៊ីស្រាអែល។ នៅថ្ងៃនេះ នៅពេលសម្តេចសង្ឃអើរ៉ុនបានថ្វាយតង្វាយជំនួសឲ្យបណ្តាជនអ៊ីស្រាអែល អំពើរំលងទាំងអស់របស់ពួកគេពិតជាត្រូវបានផ្ទេរទៅលើតង្វាយយញ្ញបូជានេះ ហើយត្រូវបានលាងសម្អាតប្រាកដមែន។ ដូច្នេះ ថ្ងៃធួននឹងបាបបានក្លាយជាពិធីបុណ្យដ៏ធំមួយសម្រាប់សាសន៍អ៊ីស្រាអែល។ 
ដូចជាតង្វាយដទៃទៀតដែរ តង្វាយនៃថ្ងៃធួននឹងបាបមានខ្នាតគំរូបី៖ សត្វយញ្ញបូជាឥតខ្ចោះ ការដាក់ដៃលើ និងការបង្ហូរឈាមរបស់សត្វយញ្ញបូជា។ បន្ទាប់មក ព្រះបានសព្វព្រះទ័យទទួលយកតង្វាយដែលត្រូវបានថ្វាយតាមរបៀបនេះ។ ភាពខុសគ្នារវាងតង្វាយនេះពីតង្វាយដទៃទៀតគឺថា សម្តេចសង្ឃត្រូវតែយកឈាមតង្វាយយញ្ញបូជានេះចូលទៅក្នុងទីបរិសុទ្ធបំផុត។ 
បន្ទាប់ពីបានថ្វាយតង្វាយមួយសម្រាប់ខ្លួនគាត់ និងគ្រួសាររបស់គាត់ហើយ សម្តេចសង្ឃអើរ៉ុនបានថ្វាយពពែពីរក្បាលទៅកាន់ព្រះ សម្រាប់ បណ្តាជនអ៊ីស្រាអែល។ ជាដំបូង គាត់បានថ្វាយពពែមួយសម្រាប់ព្រះអម្ចាស់ ស្របតាមរបៀបថ្វាយតង្វាយលោះបាបដែលគាត់បានថ្វាយជាគោ។ ហើយបន្ទាប់មក គាត់បានថ្វាយពពែទីពីរសម្រាប់ជាពពែដែលត្រូវបំបរបង់។ គាត់បានផ្ទេរអំពើបាបរបស់បណ្តាជនអ៊ីស្រាអែលទៅលើពពែដែលត្រូវបំបរបង់នោះ តាម រយៈការដាក់ដៃរបស់គាត់លើក្បាលវា នៅចំពោះមុខសាសន៍អ៊ីស្រាអែល ហើយពពែនេះដែលបានទទួលយកអំពើបាបរបស់ពួកគេ ត្រូវបានបញ្ជូនទៅក្នុងវាលរហោស្ថាន ដោយមនុស្សម្នាក់ដែលប្រុងជាស្រេច។ 
 


តង្វាយនៅថ្ងៃធួននឹងបាបបានលាងសម្អាតអំពើបាបទាំងអស់របស់បណ្តាជនអ៊ីស្រាអែល


នៅថ្ងៃធួននឹងបាប សម្តេចសង្ឃដែលជាតំណាងរបស់អ៊ីស្រាអែល បានផ្ទេរអំពើបាបរបស់ពួកគេទៅលើក្បាលតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃរបស់គាត់លើវា។ គាត់បាននាំពពែដែលរស់ពីរក្បាលមក បោះឆ្នោតជ្រើសរើសយកពពែកមួយសម្រាប់ព្រះ និងពពែមួយទៀតសម្រាប់បណ្តាជនអ៊ីស្រាអែល។ 
ការដាក់ដៃលើនៅទីនេះមានន័យថា ការផ្ទេរអំពើបាបទាំងអស់ទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃនៅលើក្បាលវា។ ការដាក់ដៃលើនេះគឺជាវិធីសាស្ត្រនៃការលាងសម្អាតបាប ដែលព្រះបានបង្កើតឡើង ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ក៏មានការអនុវត្តវិធីសាស្រ្តនៃការដាក់ដៃលើនេះសម្រាប់ការលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិរបស់ព្រះយេស៊ូវផងដែរ។ ដើម្បីដោះអំពើបាបរបស់សម្តេចសង្ឃផ្ទាល់ អំពើបាបរបស់កូនចៅរបស់គាត់ និងអំពើបាបពេញមួយឆ្នាំរបស់បណ្តាជនអ៊ីស្រាអែល គាត់ពិតជាត្រូវដាក់ដៃរបស់គាត់នៅលើក្បាលពពែ ហើយផ្ទេរអំពើបាបទាំងអស់នេះទៅលើវាប្រាកដមែន។ ដូច្នេះ ដោយសារសម្តេចសង្ឃបានផ្ទេរអំពើបាបរបស់បណ្តាជនអ៊ីស្រាអែល ទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃរបស់គាត់លើក្បាលវា នោះអំពើបាបពេញមួយឆ្នាំរបស់សាសន៍អ៊ីស្រាអែលត្រូវបានដោះចេញទាំងអស់។ ដូច្នេះ តាមរយៈតង្វាយនៅថ្ងៃធួននឹងបាប បណ្តាជនអ៊ីស្រាអែលអាចអរព្រះគុណដល់ព្រះ សម្រាប់ការសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេបាន។ 
គ្រប់គ្នាដែលមានបាប ត្រូវទទួលទោស ដោយគ្មានការលើកលែង។ តង្វាយយញ្ញបូជាត្រូវតែទទួលយកអំពើបាបរបស់មនុស្សជាមុនសិន ដើម្បីអាចទទួលទោសទោសជំនួសពួកគេបាន។ បើសិនសម្តេចសង្ឃបានថ្វាយតង្វាយមួយទៅកាន់ព្រះ ដោយមិនមានការដាក់ដៃលើ នោះតង្វាយនេះគឺជាការប្រមាថដល់ព្រះហើយ ហើយដូច្នេះ សម្តេចសង្ឃមិនថ្វាយតង្វាយបែបនេះឡើយ។ ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូល ដែលបានក្លាយទៅជាពួកមនុស្សមានបាប ព្រះត្រូវតែបង្កើតផែនការសង្រ្គោះ ដែលត្រូវបានបំពេញសម្រេច តាមរយៈវិធី សាស្ត្រនៃការដាក់ដៃលើ។ ហើយដើម្បីដោះអំពើបាបរបស់ពួកអ៊ីស្រាអែលចេញ ព្រះបានលើកសម្តេចសង្ឃឡើងជាតំណាងរបស់ពួកគេ ហើយបានបង្គាប់ឲ្យគាត់ផ្ទេរអំពើបាបរបស់បណ្តាជនទាំងអស់របស់គាត់ ទៅលើតង្វាយយញ្ញបូជាតែម្តងជាសម្រេច ដោយការដាក់ដៃរបស់គាត់នៅលើក្បាលវា។ ដូច្នេះ សត្វយញ្ញបូជាទាំងអស់ដែលត្រូវបានថ្វាយទៅកាន់ព្រះនៅក្នុងរោងឧបោសថ បានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែល ដោយការដាក់ដៃលើ ហើយពួកវាបានទទួលយកទណ្ឌកម្មនៃអំពើបាបជំនួសពួកគេ ដោយការសម្រក់ឈាម និងការស្លាប់របស់វា។ 
ដើម្បីបំពេញសម្រេចសេចក្តីសុចរិត និងសេចក្តីស្រឡាញ់របស់ព្រះយ៉ាងគ្រប់លក្ខណ៍ សាសន៍អ៊ីស្រាអែលត្រូវតែថ្វាយតង្វាយយញ្ញបូជានៅថ្ងៃធួននឹងបាប ដោយការដាក់ដៃរបស់សម្តេចសង្ឃលើក្បាលសត្វយញ្ញបូជា និងការអារកសម្រក់ឈាមវាមួយឆ្នាំម្តង។ នៅក្នុងន័យផ្សេង តាមរយៈតង្វាយនេះ ព្រះចង់លាងសម្អាតអំពើបាបពេញមួយឆ្នាំរបស់បណ្តាជនអ៊ីស្រាអែល តែម្តងជាសម្រេច។ នេះគឺជាច្បាប់នៃសេចក្តីស្រឡាញ់របស់ព្រះ ដែលបំពេញតាមសេចក្តីមេត្តាករុណា និងយុត្តិធម៌របស់ទ្រង់។ ដោយសារព្រះទ្រង់យុត្តិធម៌ ព្រះបានរៀបចំកូនចៀមយេស៊ូវគ្រីស្ទ បានបង្គាប់ឲ្យទ្រង់ទទួលយកអំពើបាប តាមរយៈការដាក់ដៃលើ និងបានបង្គាប់ឲ្យទ្រង់សម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ 
ព្រះយេស៊ូវ ដែលបានថ្វាយអង្គទ្រង់ជាតង្វាយញ្ញបូជាដ៏អស់កល្បជានិច្ច បានទទួលយកអំពើបាបរបស់មនុស្សគ្រប់គ្នាតែម្តងជាសម្រេច តាមរយៈវិធី សាស្ត្រនេះ សម្រក់ព្រះលោហិតរបស់ទ្រង់តែម្តង និងបានបំពេញសម្រេច សេចក្តីសង្រ្គោះចេញពីបាបរបស់ពួកគេ។ ដូច្នេះ យើងក៏ត្រូវតែចូលទៅចំពោះព្រះ ដោយសេចក្តីជំនឿដែលជឿតាមសេចក្តីពិតអំពីសេចក្តីសង្រ្គោះ ដែលមាននៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមផងដែរ។ ដោយសារសេចក្តីជំនឿនេះ ដែលអំពើបាបទាំងអស់អាចត្រូវបានអត់ទោសឲ្យ តែម្តងជាសម្រេចបាន។ ដូច្នេះ អ្នកណាចង់ទទួលបានការអត់ទោសបាបតែម្តងជាសម្រេច ត្រូវតែចូលទៅកាន់ព្រះ ដោយសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 


អត្ថន័យនៃការដាក់ដៃលើ


ការដាក់ដៃលើមានន័យថា «ផ្ទេរ បញ្ជូន ឬកប់» (លេវីវិន័យ ១:៣-៤)។ កាលណាជនជាតិអ៊ីស្រាអេលធម្មតាម្នាក់បានធ្វើបាប ដោយអចេតនា ហើយបានដឹងខ្លួន គាត់ត្រូវតែថ្វាយតង្វាយដុតមួយទៅកាន់ព្រះ (លេវីវិន័យ ៤:២៧-២៩)។ ជាដំបូង គាត់ត្រូវតែនាំសត្វយញ្ញបូជាឥតខ្ចោះមួយមក ហើយបន្ទាប់មក ផ្ទេរអំពើបាបរបស់គាត់ទៅលើវា តាមរយៈការដាក់ដៃរបស់គាត់លើក្បាលវា។ ហើយគាត់ត្រូវតែអារកបង្ហូរឈាមវា ហើយប្រគល់ឈាមនេះទៅកាន់សង្ឃម្នាក់ (លេវីវិន័យ ៤:២៧-៣១)។ បន្ទាប់មក ពួកសង្ឃត្រូវតែយកម្រាមដៃជ្រលក់ឈាមនេះ ប្រោសនៅលើស្នែងអាសនាតង្វាយដុត និងចាក់ឈាមដែលនៅសល់នៅជើងអាសនា។ ហើយគាត់ក៏ត្រូវតែដុតខ្លាញ់វានៅលើអាសនាផងដែរ ហើយបន្ទាប់មក ព្រះបានទទួលក្លិនខ្លាញ់ដុត ដែលត្រូវបានថ្វាយនៅក្នុងតង្វាយនេះ។ 
យើងបានរៀនរួចហើយថា ដើម្បីដោះអំពើបាបរបស់ពួកអ៊ីស្រាអែលចេញ ព្រះបានរៀបចំតង្វាយនៅថ្ងៃធួននឹងបាប ដែលគេត្រូវតែដាក់ដៃលើវា និងបង្ហូរឈាមវា។ នៅក្នុងករណីនេះ ព្រះមិនអាចលាងសម្អាតអំពើបាបរបស់សាសន៍ អ៊ីស្រាអែល ដោយមិនមានការដាក់ដៃលើតង្វាយយញ្ញបូជាបានឡើយ។ ដូច្នេះ តង្វាយនៅថ្ងៃធួននឹងបាប ដែលពួកគេបានថ្វាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ 
ដោយសារតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវតែជាសត្វឥតខ្ចោះ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងនាមជាកូនចៀមដ៏ឥតខ្ចោះរបស់ព្រះ ហើយបានទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កា ដើម្បីលាងសម្អាតអំពើរំលងរបស់មនុស្សមានបាបទាំងអស់។ ហើយដោយសារសត្វយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវតែទទួលយកអំពើរំលងរបស់ពួកមនុស្សមានបាប តាមរយៈការដាក់ដៃលើ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលលោកយ៉ូហាន-បាទ្ទីសដាក់ដៃរបស់គាត់លើសិរសារបស់ព្រះយេស៊ូវ ដើម្បីធ្វើបុណ្យជ្រមុជថ្វាយទ្រង់នៅក្នុងទន្លេយ័ដាន់ (ម៉ាថាយ ៣:១៥)។ ទាំងយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងទាំងព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ត្រូវតែទទួលយកការដាក់ដៃលើ និងការសម្រក់ឈាមដល់ស្លាប់តាមរបៀបនេះ។ តង្វាយនៃការដាក់ដៃលើ និងការសម្រក់ឈាមគឺដូចគ្នានឹងតង្វាយដែលត្រូវបានរៀបចំសម្រាប់ពួកមនុស្សមានបាបទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងទាំងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ 
 

អំពើបាបរបស់មនុស្សជាតិពិតជាប្រឈមនឹងសេចក្តីក្រោធរបស់ព្រះ

នៅចំពោះព្រះ យើងគឺជាមនុស្សមានបាបដែលត្រូវស្លាប់ ដោយសារអំពើបាបរបស់យើង ដូចជាតង្វាយលោះបាបដែលត្រូវបានគេសម្លាប់ ដោយសារអំពើបាបដែលវាបានទទួលយកដែរ។ កាលណាយើងស្រម៉ៃអំពីតង្វាយយញ្ញបូជានេះត្រូវបានគេកាត់ជាចំណែកៗ និងដុតដោយភ្លើងនៅលើអាសនាតង្វាយដុត យើងអាចដឹងថា យើងក៏ត្រូវវិនាសនៅចំពោះព្រះ ដូចជាវាដែរ ប៉ុន្តែព្រះ អម្ចាស់បានសង្រ្គោះយើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ 
ដូច្នេះ អ្នកដែលមិនបានកើតជាថ្មី ត្រូវតែទទួលស្គាល់ថា ពួកគេគឺជាមនុស្សមានបាប ដែលត្រូវប្រឈមនឹងទណ្ឌកម្មដ៏សហាវសម្រាប់អំពើបាបរបស់ពួកគេនៅចំពោះព្រះ ហើយជឿ និងទទួលស្គាល់បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះអម្ចាស់ជាសេចក្តីសង្រ្គោះរបស់ពួកគេ។ ដើម្បីសង្រ្គោះយើងចេញពីអំពើបាប និងទណ្ឌកម្មនៃអំពើបាបរបស់យើង ព្រះបានរៀបចំតង្វាយនៃសេចក្តីសង្រ្គោះ បានផ្ទេរអំពើបាបរបស់យើងទៅលើតង្វាយយញ្ញបូជាដ៏អស់កល្ប ជានិច្ចនេះ និងបានបង្គាប់ឲ្យទ្រង់សម្រក់ព្រះលោហិតរបស់ទ្រង់ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ (លេវីវិន័យ ១៦:១-៣៤; រ៉ូម ៨:៣-៤; ហេព្រើរ ១០:១០-១២)។ ដូច្នេះ តើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកទេ? ដូច្នេះ ជាដំបូង អ្នកត្រូវតែទទួលស្គាល់នៅចំពោះព្រះថា អ្នកគឺជាមនុស្សមានបាប ដែលត្រូវប្រឈមនឹងទណ្ឌកម្មពីព្រះ ហើយអ្នកត្រូវតែជឿថា តាមរយៈព្រះ យេស៊ូវគ្រីស្ទ ព្រះបានបំពេញសម្រេចផែនការសង្រ្គោះ ដែលទ្រង់បានរៀបចំទុក តាំងពីមុនកំណើតលោកិយនេះមកម៉្លេះ។ 
បើសិនមិនមានការសងថ្លៃលោះត្រឹមត្រូវមួយទេ បាបមិនអាចត្រូវបានធួនបានឡើយ។ ដោយហេតុនោះ ព្រះបានប្រទានឲ្យពួកអ៊ីស្រាអែលនូវប្រព័ន្ធថ្វាយយញ្ញបូជា។ ហើយនៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជានេះ តង្វាយនៃសេចក្តីជំនឿពិតប្រាកដ ដែលអាចលាងសម្អាតអំពើបាបរបស់សាសន៍អ៊ីស្រាអែលបាន គឺជាតង្វាយដែលមានការដាក់ដៃលើ និងការសម្រក់ឈាម។ 
ដោយសារសេចក្តីជំនឿ យើងត្រូវតែថ្វាយទៅកាន់ព្រះនូវតង្វាយនេះ ដែលមានការដាក់ដៃលើ និងការសម្រក់ឈាម ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរ។ ព្រះអម្ចាស់បានសម្រក់ព្រះលោហិតរបស់ទ្រង់ ពីព្រោះទ្រង់បានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងបានទទួលទោសនៃបាបជំនួសយើង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ (ម៉ាថាយ ៣:១៥; យ៉ូហាន ១:២៩; អេសាយ ៥៣:១-៧)។ ដូច្នេះ កាលណាយើងជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ហើយកាលណាយើងដាក់ដៃរបស់យើងលើព្រះអម្ចាស់ ដែលបានធ្វើជាតង្វាយយញ្ញបូជារបស់យើង ដើម្បីផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់ យើងអាចទទួលបានការអត់ទោសបាប ដោយការជឿថា ព្រះអម្ចាស់ដែលបានទទួលយកអំពើបាបរបស់យើង ក៏បានទទួលយកទណ្ឌកម្មនៃបាបរបស់យើងជំនួសយើងផងដែរ។ ដូច្នេះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះអម្ចាស់ ដែលបានធ្វើជាតង្វាយយញ្ញបូជារបស់យើង ហើយយើងអាចស្លាប់ជាមួយទ្រង់ និងរស់ជាមួយទ្រង់បាន (រ៉ូម ៦:១-១១; កាឡាទី ៣:២៧)។ 
មេរៀនខាងវិញ្ញាណ ដែលយើងត្រូវតែរៀនបានពីតង្វាយនៅថ្ងៃធួននឹងបាបគឺថា ជាដំបូង យើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើង និងទោសនៃអំពើបាបរបស់យើង ហើយថា យើងត្រូវតែថ្វាយតង្វាយនៃសេចក្តីជំនឿ ដែលព្រះចង់បានពីយើង គឺយើងត្រូវតែមានសេចក្តីជំនឿលើព្រះយេស៊ូវ ដែលបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ យើងត្រូវតែដាក់ដៃរបស់យើងលើព្រះយេស៊ូវ ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់។ ហេតុអ្វី? ពីព្រោះលុះត្រាតែយើងដាក់ដៃរបស់យើងលើតង្វាយយញ្ញបូជា ដោយសេចក្តីជំឿ ហើយបង្ហូរឈាមវា ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន។ 
ដូច្នេះ អ្នកណាដែលចង់ទទួលបានការអត់ទោសបាបរបស់ខ្លួននៅចំពោះព្រះ ត្រូវតែសងថ្លៃលោះជាជីវិត ពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ទោះបីជាយើងគឺជាអ្នកមាន ឬអ្នកក្រីក្រក៏ដោយ ក៏យើងត្រូវតែមានតង្វាយយញ្ញបូជាមួយ ដែលសងថ្លៃឈ្នួលនៃអំពើបាប និងថ្លៃធួននឹងជីវិតរបស់អ្នកដែរ ពីព្រោះបើសិនមិនដូច្នេះទេ គ្មានអ្នកណាអាចទទួលបានការអត់ទោសបាប ដោយសេចក្តីជំនឿបានឡើយ។ 
 


តង្វាយនៅថ្ងៃធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់


ចូរយើងបែរទៅឯ លេវីវិន័យ ១៦:៦-១០៖ «អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯ ទីរហោស្ថាន»។ 
ដើម្បីជួយឲ្យពួកអ៊ីស្រាអែលអាចទទួលបានការអត់ទោស សម្រាប់អំពើបាបរបស់ពួកគេ ដោយសេចក្តីជំនឿបាន សម្តេចសង្ឃបានថ្វាយតង្វាយដែលមានការដាក់ដៃលើ និងការសម្រក់ឈាមជំនួសពួកគេ។ ដូច្នេះ តើសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទសព្វថ្ងៃនេះមានលក្ខណៈយ៉ាងដូចម្តេចដែរ? តើវាមិនមែនជាសេចក្តីជំនឿខាងទ្រឹស្តី និងគ្មានមូលដ្ឋានគ្រឹះ ដែលថ្វាយតង្វាយដោយមិនមានការផ្ទេរអំពើបាបរបស់ពួកគេ ដើម្បីទទួលបានការអត់ទោសបាបទេឬ? បើសិនសេចក្តីជំនឿរបស់អ្នកមិនផ្ទេរអំពើបាបរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ តាម រយៈការដាក់ដៃលើទេ នោះអ្នកមានបញ្ហាហើយ។ បើសិនសេចក្តីជំនឿរបស់អ្នកមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងទេ នោះវាមិនមែនជាសេចក្តីជំនឿត្រឹមត្រូវឡើយ។ 
យើងមិនអាចគោរពតាមក្រិត្យវិន័យនៅចំពោះព្រះបានឡើយ ហើយយើងបានប្រព្រឹត្តអំពើបាបគ្រប់ប្រភេទកាលពីឆ្នាំមុន។ ដូច្នេះ បើសិនយើងបានរស់នៅសម័យព្រះគម្ពីរសញ្ញាចាស់ យើងត្រូវទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការជឿលើតង្វាយលោះបាប ដែលសម្តេចសង្ឃថ្វាយជំនួសយើង។ ដើម្បីថ្វាយតង្វាយនៃសេចក្តីជំនឿទៅកាន់ព្រះ ជាដំបូង យើងត្រូវតែទទួលស្គាល់ថា យើងត្រូវវិនាស ដោយសារអំពើបាបរបស់យើង ហើយបន្ទាប់មក យើងត្រូវតែជឿលើការដាក់ដៃលើ ដែលផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើតង្វាយយញ្ញបូជា ដែលព្រះបានរៀបចំសម្រាប់យើង និងការសម្រក់ឈាមរបស់តង្វាយនេះ។ 
ដោយសារការដាក់ដៃលើសត្វយញ្ញបូជា និងការសម្រក់ឈាមរបស់វាមានអំណាចនៃសេចក្តីសង្រ្គោះ មនុស្សនៅសម័យព្រះគម្ពីរសញ្ញាចាស់អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ តាមរយៈតង្វាយនេះដែល សម្តេចសង្ឃបានថ្វាយស្របតាមប្រព័ន្ធថ្វាយយញ្ញបូជារបស់ព្រះ។ តាមរយៈការដាក់ដៃរបស់គាត់នៅលើតង្វាយយញ្ញបូជា សម្តេចសង្ឃបានផ្ទេរអំពើបាបរបស់ បណ្តាជនរបស់គាត់មួយឆ្នាំពេញទៅលើវា បានអារកបង្ហូរឈាមវា និងបានប្រោសឈាមនេះទៅលើទីសន្តោសប្រោស និងទៅលើជ្រុងខាងកើតរបស់វាចំនួនប្រាំពីរដង។ ហើយតាមរយៈការធ្វើដូច្នេះ គាត់បានបន្តថ្វាយតង្វាយត្រឹមត្រូវនេះទៅកាន់ព្រះជារៀងរាល់ឆ្នាំ។ នេះហើយគឺជារបៀបដែលពួកអ៊ីស្រាអែលអាចទទួលបានការអត់ទោសបាបដ៏គ្រប់លក្ខណ៍ នៅសម័យនោះ។ 
ដូច្នេះ តាមរយៈតង្វាយលោះបាបដែលសម្តេចសង្ឃបានថ្វាយ ពួក អ៊ីស្រាអែលបានជឿ និងបញ្ជាក់នៅក្នុងចិត្តរបស់ពួកគេថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានដោះចេញហើយ។ អ្វីដែលតង្វាយនៅថ្ងៃធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់កំពុងតែប្រាប់យើងគឺថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយថា យើងត្រូវតែជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទនេះជាព្រះអង្គសង្រ្គោះរបស់យើង និងទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ច ដោយសេចក្តីជំនឿ។ មនុស្សទាំងអស់នៅក្នុងលោកិយនេះ ដែលមានចិត្តរងទុក្ខចំពោះអំពើបាបរបស់ខ្លួន ត្រូវតែដឹងថា ពួកគេអាចទទួលបានការអត់ទោសបាបដ៏អស់កកល្បជានិច្ចបាន តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយពួកគេត្រូវតែជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់ពួកគេ។ ដូច្នេះ តង្វាយនៃការអត់ទោសបាបត្រូវបានព្រះបង្កើតឡើងជាមុន ហើយទ្រង់បានសន្យានឹងបំពេញសម្រេចវា ហើយសេចក្តីសន្យាពីសេចក្តីសង្រ្គោះនេះ ក៏ត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានប្រើជាសម្ភារៈនៃរោងឧបោសថផងដែរ។ 
 


តង្វាយនៅថ្ងៃធួននឹងបាបត្រូវបានបំពេញសម្រេចនៅក្នុងរោងឧបោសថ


នៅថ្ងៃធួននឹងបាប ដើម្បីដោះអំពើបាបទាំងអស់របស់បណ្តាជន អ៊ីស្រាអែលចេញ សម្តេចសង្ឃបានដាក់ដៃរបស់គាត់លើក្បាលតង្វាយយញ្ញបូជា នៅចំពោះមុខពួកអ៊ីស្រាអែលទាំងអស់ (លេវីវិន័យ ១៦:១-២៣)។ គាត់ចាំបាច់ត្រូវតែផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់គាត់លើក្បាលតង្វាយយញ្ញបូជាជំនួសពួកគេ។ ហើយនៅពេលសម្តេចសង្ឃ អើរ៉ុនបានថ្វាយតង្វាយនៅថ្ងៃធួននឹងបាបនៅខាងក្នុងរោងឧបោសថ សម្រាប់បណ្តាជនអ៊ីស្រាអែល អ្នកផ្សេងទៀតមិនអាចចូលទៅក្នុងរោងឧបោសថបានឡើយ។ វាគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ពីព្រោះធ្លាប់តែមានសង្ឃជាច្រើននៅទីលានរោងឧបោសថ លើកលែងតែនៅថ្ងៃធួននឹងបាប។ 
សម្តេងសង្ឃបានផ្ទេរអំពើបាបរបស់បណ្តាជនអ៊ីស្រាអែល ទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់គាត់នៅក្បាលវា បានយកឈាមវាចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយបានយកម្រាមដៃប្រោសឈាមនេះទៅលើជ្រុងខាងកើតនៃទីសន្តោសប្រោស និងប្រោសនៅមុខទីសន្តោសប្រោសចំនួនប្រាំពីរដង (លេវីវិន័យ ១៦:១៤)។ 
នៅពេលនេះ កណ្តឹងមាសដែលនៅជាប់នឹងជាយអាវរបស់សម្តេចសង្ឃនឹងត្រូវបន្លឺសម្លេង ហើយដូច្នេះ គ្រប់ពេលដែលគាត់បានប្រោសឈាមនៅមុខទីសន្តោសប្រោស និងនៅជ្រុងខាងកើត កណ្តឹងបានបន្លឺសម្លេង ហើយបណ្តាជនអ៊ីស្រាអែលដែលកំពុងតែឈរនៅខាងក្រៅរោងឧបោសថ អាចស្តាប់ឮសម្លេង កណ្តឹងបាន។ កាលណាបណ្តាជនអ៊ីស្រាអែលបានស្តាប់ឮសម្លេងកណ្តឹងហើយ ពួកគេបានដឹងថា ឥឡូវនេះ សម្តេចសង្ឃកំពុងតែថ្វាយតង្វាយទៅកាន់ព្រះជំនួសពួកគេហើយ។ ហើយបន្ទាប់ពីបានស្តាប់ឮសម្លេងកណ្តឹងគ្រប់ចំនួនប្រាំពីរដងហើយ ពួកគេបានធូរស្បើយចិត្ត ពីព្រោះពួកគេបានដឹងថា ការថ្វាយតង្វាយនៅថ្ងៃធួននឹងបាបបានបញ្ចប់ហើយនៅពេលនេះ ដែលពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបពេញមួយឆ្នាំរបស់ពួកគេ។ 
បន្ទាប់មក សម្តេចសង្ឃអើរ៉ុនបានចេញពីរោងឧបោសថមក បានយកពពែមួយទៀតធ្វើជាតង្វាយមួយទៀត ហើយបានថ្វាយតង្វាយនៅថ្ងៃធួននឹងបាបនេះនៅចំពោះវត្តមាននៃពួកអ៊ីស្រាអែល។ នៅថ្ងៃធួននឹងបាប ព្រះបានបង្គាប់មិនឲ្យសាសន៍អ៊ីស្រាអែលធ្វើអ្វីឡើយ (លេវីវិន័យ ១៦:២០-២១, ២៩)។ ខណៈដែលបណ្តាជនអ៊ីស្រាអែលដ៏ធំបានប្រមូលផ្តុំគ្នានៅខាងក្រៅរោងឧបោសថ ដើម្បីមើលការថ្វាយតង្វាយនេះ សម្តេចសង្ឃបានដាក់ដៃរបស់គាត់លើក្បាលរបស់ពពែយញ្ញបូជា ដើម្បីបំពេញកាតព្វកិច្ចរបស់គាត់ ហើយបានប្រគល់វាឲ្យទៅមនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីបញ្ជូនវាទៅវាលរហោស្ថាន។ 
នៅថ្ងៃធួននឹងបាប សម្តេចសង្ឃបាននាំពពែមកចំពោះមុខបណ្តាជនអ៊ីស្រាអែល បានដាក់ដៃរបស់គាត់លើក្បាលវា ហើយបានសារភាពពីអំពើរំលេង និងអំពើទុច្ចរិតទាំងអស់របស់កូនចៅអ៊ីស្រាអែល ដើម្បីផ្ទេរទៅលើពពែ។ «ឱព្រះ អម្ចាស់អើយ ទូលបង្គំសូមសារភាពអំពើបាបទាំងអស់ ដែលបណ្តាជនអ៊ីស្រាអែលបានប្រព្រឹត្ត កាលពីកំឡុងឆ្នាំមុន។ យើងមិនបានគោរពតាមក្រិត្យវិន័យទាំងអស់បានទាំងស្រុងឡើយ យើងបានប្រព្រឹត្តអំពើបាបយ៉ាងច្រើនរាប់មិនអស់ប្រឆាំងនឹងទ្រង់ និងប្រឆាំងនឹងគ្នាទៅវិញទៅមក យើងមិនបានរស់នៅតាមរបៀបដែលទ្រង់បានបង្គាប់យើងឲ្យរស់នៅឡើយ ហើយយើងបានធ្វើការទាំងអស់ ដែលទ្រង់បានបង្គាប់មិនឲ្យយើងធ្វើ។ កាលពីឆ្នាំមុន យើងបានបំពានបញ្ញាត្តិយ៉ាងច្រើនរបស់ទ្រង់។ យើងបាននិយាយកុហក យើងបានកាប់សម្លាប់គេ យើងបានប្រព្រឹត្តសេចក្តីកំផិត។ ហើយយើងបានលួច។» ដូច្នេះ សម្តេចសង្ឃបានផ្ទេរអំពើបាបទាំងអស់របស់បណ្តាជនអ៊ីស្រាអែល ទៅលើពពែយញ្ញបូជា ដោយការដាក់ដៃរបស់គាត់លើក្បាលវា នៅចំពោះវត្តមានរបស់ពួកគេ ហើយបន្ទាប់មក បានប្រគល់វាឲ្យទៅមនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីបញ្ជូនវាទៅក្នុងវាលរហោស្ថាន។ 
ដោយសារឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ព្រះមិនអាចអនុញ្ញាតឲ្យពពែយញ្ញបូជានៅរស់បានទេ បន្ទាប់ពីវាបានទទួលយកអំពើបាបរបស់ពួក អ៊ីស្រាអែលរួចហើយ។ ពពែដែលត្រូវបំបរបង់ដែលគេបានបោះបង់ចោលទៅក្នុងវាលរហោស្ថាន ត្រូវតែរងទុក្ខ និងស្លាប់នៅទីនោះ ពីព្រោះវាបានផ្ទុកអំពើរំលង កំហុស និងអំពើទុច្ចរិតទាំងអស់របស់ពួកអ៊ីស្រាអែល។ ដូច្នេះ ឥឡូវនេះ សាសន៍អ៊ីស្រាអែលបានចាប់ផ្តើមរីករាយចំពោះពីធីបុណ្យរោងឧបោសថ (លេវីវិន័យ ២៣:៣៤) ពីព្រោះតាមរយៈតង្វាយនៅថ្ងៃធួននឹងបាប ពួកគេបានដោះអំពើបាបទាំងអស់នៅក្នុងឆ្នាំកន្លងទៅចេញហើយ។ 
ការដាកដៃលើ គឺជាមធ្យោបាយផ្ទេរអំពើបាបរបស់មនុស្សទៅលើតង្វាយយញ្ញបូជា។ នៅពេលសម្តេចសង្ឃបានដាក់ដៃរបស់គាត់លើក្បាលសត្វយញ្ញបូជា អំពើបាបទាំងអស់របស់ពួកអ៊ីស្រាអែលសម្រាប់រយៈពេលមួយឆ្នាំត្រូវបានផ្ទេរទៅលើវាតែម្តងជាសម្រេច។ អំពើបាបនីមួយៗរបស់សាសន៍អ៊ីស្រាអែល ម្នាក់ៗត្រូវបានផ្ទេរទៅលើតង្វាយយញ្ញបូជាតែម្តងជាសម្រេច តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃ។ 
តើអំពើបាបទាំងអស់របស់មនុស្សនៅសម័យនេះក៏អាចត្រូវបានផ្ទេរទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃលើ ដូចដែលអំពើបាបរបស់បណ្តាជន អ៊ីស្រាអែលត្រូវបានផ្ទេរ តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានដែរទេ? បើសិនមិនអាចទេ តើមនុស្សនៅសម័យនេះអាចទទួលបានការអត់ទោសបាបរបស់ពួកគេតាមរបៀបណា? តើអ្នកណាផ្ទេរអំពើបាបរបស់មនុស្សសម័យនេះ? តាមរបៀបណា? ហើយតាមរយៈអ្នកណា? យោងតាមប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានបង្កើតឡើងនៅសម័យព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់លោកិយនេះ តាម រយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅសម័យព្រះគម្ពីរសញ្ញាថ្មី។ ដូចដែលអំពើបាបពេញមួយឆ្នាំរបស់ពួកគេត្រូវបានផ្ទេរទៅលើពពែយញ្ញបូជា តែម្តងជាសម្រេច តាមរយៈតង្វាយនៅថ្ងៃធួននឹងបាប ដែលសម្តេចសង្ឃបានថ្វាយសម្រាប់បណ្តាជនអ៊ីស្រាអែល អំពើបាបរបស់យើងក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាសម្តេចសង្ឃចុងក្រោយបង្អស់ផងដែរ។ ដូច្នេះ តើអំពើបាបទាំងអស់របស់មនុស្សនៅសម័យនេះនៅកន្លែងណា? ឥឡូវនេះ អំពើបាបទាំងនោះនៅលើសិរសារបស់ព្រះយេស៊ូវគ្រីស្ទ។
ដូចដែលពពែដែលត្រូវបំបរបង់ បានទទួលយកអំពើបាបទាំងអស់របស់ បណ្តាជនអ៊ីស្រាអែល តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃ ព្រះយេស៊ូវបានធ្វើជាតង្វាយយញ្ញបូជានៃការអត់ទោសដ៏អស់កល្បជានិច្ចសម្រាប់យើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងសម័យនេះ។ ព្រះយេស៊ូវដែលបានធ្វើជាពពែដែលត្រូវបំបរបង់របស់យើងផ្ទាល់ បានថ្វាយអង្គទ្រង់ទៅកាន់ព្រះ ទុកជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានលះបង់ព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាង ដូចនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះបានរៀបចំតង្វាយយញ្ញបូជាមួយសម្រាប់បណ្តាជនអ៊ីស្រាអែល ហើយបានផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជានោះ ហើយកាត់ទោសវាជំនួសពួកគេ។ 
ពពែដែលត្រូវបំបរបង់ ដែលត្រូវបានគេបញ្ជូនទៅក្នុងវាលរហោស្ថាន មិនអាចរស់បានឡើយ ពីព្រោះនៅទីនោះ មិនមានទឹកទេ ប៉ុន្តែមានកម្តៅថ្ងៃដ៏សែនក្តៅនៅក្នុងវាលរហោស្ថានខ្សាច់ប៉ុណ្ណោះ។ ដូចគ្នាដែរ ព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង ពីព្រោះទ្រង់បានទទួលយកអំពើបាបរបស់មនុស្សជាតិ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់រួចទៅហើយ។ ព្រះយេស៊ូវដែលបានទទួលយកអំពើបាបរបស់លោកិយនេះត្រូវបានមនុស្សជាច្រើនស្អប់ និងមើលងាយ ដូចដែលពពែដែលត្រូវបំបរបង់ត្រូវបានគេបោះបង់ចោលនៅក្នុងវាលរហោស្ថានដែលឥតជីវិតដែរ។ បើសិនពពែយញ្ញបូជាត្រូវបានបញ្ជូនទៅក្នុងវាលរហោស្ថាន ហើយបោះបង់ចោលនៅក្នុងទឹកដីដែលឥតជីវិត និងដាច់ស្រយាល តើវានឹងមិនវង្វេង ហើយស្លាប់ ដោយសារការស្រេកទឹកទេឬ?
តាមរបៀបដូចគ្នានេះ ព្រះយេស៊ូវដែលបានទទួលយកអំពើបាបរបស់យើង ត្រូវបានមនុស្សជាច្រើនបដិសេធ ហើយទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបរបស់យើង សម្រក់ព្រះលោហិតរបស់ទ្រង់ និងសុគត។ នេះហើយគឺជាសេចក្តីសង្រ្គោះដ៏ពិត ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច ដើម្បីប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះដ៏ពិតរបស់ទ្រង់នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ពួកអ៊ីស្រាអែលបានមើលឃើញផ្ទាល់ភ្នែក នូវដំណើរការនៃការធួននឹងបាបនៃការអត់ទោសបាប ហើយបានជឿលើវានៅក្នុងចិត្តរបស់ពួកគេ។ ដូចជាពួកគេដែរ ឥឡូវនេះ យើងអាចទទួលបានការអត់ទោសបាបរបស់យើង ដោយការមើលឃើញ ការស្តាប់ឮ និងការជឿលើព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តរបស់យើង។ សេចក្តីពិតរនេះប្រាប់យើងថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានផ្ទុកអំពើបាបរបស់លោកិយនេះ បានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយថា យើងនឹងបានសង្រ្គោះ ដោយការមើលឃើញការពិតទាំងនេះ ដោយភ្នែកខាងវិញ្ញាណរបស់យើង និងការជឿលើការពិតទាំងនោះនៅក្នុងចិត្តរបស់យើង។
តង្វាយនៅថ្ងៃធួននឹងបាបនេះនឹងបន្តមាន ដរាបណាសាសន៍អ៊ីស្រាអែលនៅតែបន្តមាននៅ។ ពួកគេនៅតែថ្វាយតង្វាយនៅថ្ងៃធួននឹងបាបនេះ នៅថ្ងៃទីដប់នៃខែប្រាំពីរនៅក្នុងប្រតិទិនរបស់ពួកគេដដែល ពីព្រោះព្រះបានប្រាប់ពួកគេថា «នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែល១ឆ្នាំម្តង» (លេវីវិន័យ ១៦:៣៤)។ តាមរយៈការបង្គាប់ឲ្យពួកអ៊ីស្រាអែលថ្វាយតង្វាយនៅថ្ងៃធួននឹងបាបតាមរបៀបនេះ ព្រះបានប្រទានសេចក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកគេ ដើម្បីឲ្យអំពើបាបទាំងអស់របស់ពួកគេនឹងត្រូវបានលាងសម្អាត ហើយពួកគេនឹងបានសង្រ្គោះចេញពីទណ្ឌកម្មនៃអំពើបាបទាំងនេះ។ 
សម្រាប់មនុស្សនៅសព្វថ្ងៃនេះផងដែរ ព្រះបានជួយឲ្យពួកគេបានដឹងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចការលាងសម្អាតបាបដ៏អស់កល្បជានិច្ច។ ព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានធ្វើជាសម្តេចសង្ឃដ៏អស់កល្បជានិច្ចនៅនគរស្ថានសួគ៌។ ដូច្នេះ ឥឡូវនេះ អ្វីដែលយើងត្រូវធ្វើ គឺជឿតាមសេចក្តីពិតនេះ។ 
 

តង្វាយនៃការធួននឹងបាបដ៏អស្ចារ្យ ដែលព្រះមែស៊ីបានថ្វាយទៅកាន់ព្រះវរបិតា គឺជារូបកាយរបស់ទ្រង់ផ្ទាល់

ហេតុអ្វីព្រះបានបង្គាប់ឲ្យពួកអ៊ីស្រាអែលថ្វាយតង្វាយនៅថ្ងៃធួននឹងបាបដល់ទ្រង់? ទ្រង់បានធ្វើដូច្នេះ ដើម្បីឲ្យពួកគេរង់ចាំដោយសេចក្តីជំនឿរបស់ពួកគេដល់ថ្ងៃដែលព្រះវរបិតានឹងបង្គាប់ឲ្យព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់ ថ្វាយការធួននឹងបាបដ៏ធំសម្រាប់អំពើបាបរបស់មនុស្សទាំងអស់ តាមរយៈបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវ គ្រីស្ទដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះវរបិតា និងព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ បានយាងមកផែនដីនេះ ដើម្បីដោះអំពើបាបរបស់គ្រប់គ្នាចេញ បានបំពេញសម្រេចគ្រប់យ៉ាង ដោយសេចក្តីស្រឡាញ់របស់ព្រះ និងបានបើកសម្តែងសេចក្តីសង្រ្គោះដល់មនុស្សជាតិ។ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ព្រះយេស៊ូវបានដោះអំពើបាប និងអំពើរំលងទាំងអស់របស់លោកិយនេះចេញ បានទទួលទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់ ហើយបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ 
ព្រះបានហៅលោកម៉ូសេ ហើយបានប្រទានក្រិត្យវិន័យដល់គាត់ជាមុន។ ហើយបន្ទាប់មក ទ្រង់បានបង្គាប់ឲ្យគាត់សាងសង់រោងឧបោសថពីសម្ភារៈដូចជា សំពត់ខ្លូតទេសយ៉ាងម៉ដ្ត អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយទ្រង់បានប្រទានប្រព័ន្ធថ្វាយយញ្ញបូជាដល់គាត់។ ដោយធ្វើដូច្នេះ ព្រះបានជួយឲ្យបណ្តាជនអ៊ីស្រាអែលអាចយល់ពីសារៈសំខា់នៃការដាក់ដៃលើ និងការសម្រក់ឈាម ហើយបន្ទាប់មក ទ្រង់បានបង្ហាញពួកគេថា ព្រះយេស៊ូវ ដែលជាទ្វារនៃសេចក្តីសង្រ្គោះ ដែលត្រូវបានទាយនៅក្នុងរោងឧបោសថ នឹងយាងមកផែនដីនេះ ទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ សម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង។ សេចក្តីសង្រ្គោះនៃការលាងសម្អាតបាប ដែលព្រះបានប្រទានឲ្យយើង ត្រូវបានបើកសម្តែងយ៉ាងច្បាស់លាស់នៅក្នុងសម្ភារៈដែលគេបានប្រើសម្រាប់ទ្វាររោងឧបោសថ។ 
ក្នុងចំណោមសម្ភារៈដែលគេបានប្រើសម្រាប់ទ្វាររោងឧបោសថ អំបោះពណ៌ផ្ទៃមេឃមានន័យថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះតែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន អំបោះពណ៌ស្វាយមានន័យថា ព្រះយេស៊ូវគឺជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ពីព្រោះទ្រង់បានបង្កើតសកលលោកនេះ អំបោះពណ៌ក្រហមប្រាប់យើងថា ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ទ្រង់បានទទួលយកទណ្ឌកម្មនៃបាបសម្រាប់មនុស្សមានបាបទាំងអស់ ដោយការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ប្រាប់យើងថា ព្រះគម្ពីរកំពុងតែពិពណ៌នាយ៉ាងល្អិតល្អន់អំពីព្រះរាជកិច្ចទាំងបីនេះ ដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយព្រះបានប្រទានការអត់ទោសបាបដល់អ្នកដែលជឿតាមព្រះបន្ទូលទ្រង់។ 
ឥឡូវនេះ គ្រប់គ្នាត្រូវតែរំឮកខ្លួនឯងម្តងទៀត ហើយជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេ ហើយទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយសេចក្តីពិតក៏ត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលគេបានប្រើជាសម្ភារៈសម្រាប់ទ្វាររោងឧបោសថផងដែឬ ហើយពួកគេត្រូវតែទទួលបានការអត់ទោសបាបរបស់ពួកគេ។ តាមរយៈលោកម៉ូសេ ព្រះបានបង្កើតច្បាប់នៃសេចក្តីសង្រ្គោះ ដែលជាច្បាប់នៃការអត់ទោសបាបសម្រាប់មនុស្សជាតិ ហើយកាលពេលវេលាមកដល់ ទ្រង់បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកផែនដីនេះ ហើយបានបង្គាប់ឲ្យទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីឲ្យទ្រង់ធ្វើជាតង្វាយយញ្ញបូជា ដែលលាងសម្អាតអំពើបាបរបស់លោកិយនេះ។ ហើយដោយធ្វើដូច្នេះ ព្រះបានជួយឲ្យអ្នកដែលជឿអាចបានស្អាតពីអំពើបាបទាំងអស់របស់ពួកគេ ដោយសេចក្តីជំនឿបាន។
ដូច្នេះ កាលណាយើងប្រកាសជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង យើងត្រូវតែជឿ ដោយយល់ពីបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានទទួលយកអំពើបាបរបស់ពួកមនុស្សមានបាប តាមរយៈការដាក់ដៃលើ ហើយបានទទួលទោសជំនួសពួកគេ ដោយការសម្រក់ឈាមជំនួសពួកគេ ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងនាមជាតង្វាយយញ្ញបូជាលោះបាប សម្រាប់មនុស្សគ្រប់គ្នានៅលើផែនីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ និងបានសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបរបស់អ្នកដែលជឿ តែម្តងជាសម្រេច។ 
យើងត្រូវតែជឿតាមសេចក្តីពិតនៅក្នុងព្រះគម្ពីរ។ សេចក្តីពិតតាមព្រះគម្ពីរគឺថា តាមរយៈវិធីសាស្ត្រតែមួយ ដែលសម្តេចសង្ឃបានថ្វាយយញ្ញបូជាសម្រាប់ជនជាតិរបស់គាត់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតរបស់ទ្រង់ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច។ ដូច្នេះ យើងត្រូវតែជឿតាមព្រះគម្ពីរ តាមដែលវាត្រូវបានសរសេរទុក។ យើងត្រូវប្រឈមនឹងទោសសម្រាប់អំពើបាបរបស់យើង ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ការមិនជឿតាមសេចក្តីពិតនេះ ទោះបើព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់យើងតាមរបៀបនេះក៏ដោយ គឺជាអំពើបាបមួយដែលព្រះមិនអាចអត់ទោសឲ្យបានឡើយ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ លើកលែងតែអំពើបាបមួយគត់ គឺ «អំពើបាបនៃការប្រមាថព្រះវិញ្ញាណបរិសុទ្ធ» (ម៉ាកុស ៣:២៨-២៩)។ ដូច្នេះ អ្នកដែលពិតជាចង់ទទួលបានការអត់ទោសបាប ត្រូវតែជឿតាមសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតរបស់ទ្រង់ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ក្រៅពីសេចក្តីជំនឿនេះ តើអំពើល្អអ្វីខ្លះដែលយើងត្រូវតែធ្វើសម្រាប់ការអត់ទោសបាបរបស់យើង? ឥឡូវនេះ ដល់ពេលវេលាដែលយើងត្រូវស្គាល់សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជឿតាមសេចក្តីពិតនេះហើយ។ 
គ្រប់គ្នាត្រូវតែយល់ និងជឿថា សេចក្តីពិតដែលមាននៅក្នុងទ្វាររោងឧបោសថ ដែលត្រូវបានត្បាញ ដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺជាដំណឹងល្អអំពីសេចក្តីសង្រ្គោះដ៏ពិត និងជាស្រមោលនៃព្រះយេស៊ូវគ្រីស្ទដែលត្រូវយាងមក។ ទាក់ទងនឹងការជឿលើព្រះយេស៊ូវគ្រីស្ទ បុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់នៅលើឈើឆ្កាង មានភាពចាំបាច់សម្រាប់សេចក្តីសង្រ្គោះរបស់យើង ហើយយើងត្រូវតែជឿតាមសេចក្តីពិតទាំងពីរនេះ។ សេចក្តីពិតដែលមិនអាចប្រកែកបានគឺថា ព្រះយេស៊ូវបានប្រទានសេចក្តីសង្រ្គោះដល់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ ការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ហើយការពិតទាំងនេះ គឺដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ 
 

យញ្ញបូជារបស់ព្រះរាជបុត្រា ដែលព្រះវរបិតាចង់បាន

ចូរយើងពិនិត្យមើល ហេព្រើរ ១០:៥-៩៖ «ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ៍ ទ្រង់មានព្រះបន្ទូលថា [ព្រះអង្គមិនចង់បានយញ្ញបូជា និងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ បានជាទូលបង្គំទូលថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្តីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ) ក្រោយដែលមានព្រះបន្ទូលថា យញ្ញបូជា និងដង្វាយ ហើយដង្វាយដុត និងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រឹត្យវិន័យ នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា [មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់] ដូច្នេះ ទ្រង់បានលើកចោលសេចក្តីមុន ដើម្បីនឹងតាំងសេចក្តីក្រោយវិញ»។ 
តើបទគម្ពីរនៅទីនេះចង់មានន័យយ៉ាងដូចម្តេច ដែលនិយាយថា ព្រះមិនចង់បានតង្វាយ និងយញ្ញបូជាទេ? បទគម្ពីរនេះដកស្រង់ចេញពី ទំនុកដំកើង ៤០:៦-៧។ វាមានន័យថា អំពើបាបទាំងអស់របស់លោកិយនេះមិនអាចត្រូវបានដោះចេញទាំងស្រុង ដោយការថ្វាយតង្វាយប្រចាំថ្ងៃនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានឡើយ ហើយថា ដើម្បីថ្វាយតង្វាយលោះបាបដ៏អស់កល្បជានិច្ច ព្រះយេស៊ូវគ្រីស្ទបានយាមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតរបស់ទ្រង់ បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះដល់យើងទាំងអស់គ្នា។ អត្ថន័យនៃ ទំនុកដំកើង ៤០:៧ ដែលនិយាយថា «បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្តីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ» គឺថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ហើយបានលាងសម្អាតអំពើបាបទាំងអស់ តាមរយៈការដាក់ដៃលើ និងការសម្រក់ព្រះលោហិតរបស់ទ្រង់ ដូចដែលត្រូវបានសរសេរទុកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
នៅសម័យព្រះគម្ពីរសញ្ញាចាស់ អំពើបាបរបស់ពួកអ៊ីស្រាអែលត្រូវបានដោះចេញ នៅពេលសត្វយញ្ញបូជាត្រូវបានថ្វាយទៅកាន់ព្រះនៅថ្ងៃធួននឹងបាប តាមរយៈការដាក់ដៃរបស់សម្តេចសង្ឃ និងការសម្រក់ឈាមតង្វាយយញ្ញបូជានោះ។ ដូចគ្នាដែរ ព្រះយេស៊ូវគ្រីស្ទដែលបានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចសម្រាប់មនុស្សជាតិទាំងមូល បានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជ តាមទម្រង់នៃការដាក់ដៃលើ និងបានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់របស់មនុស្សជាតិទាំងមូល ដោយការនាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង ការសម្រក់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់ និងការសុគតនៅលើឈើឆ្កាង។ តាមរយៈការធ្វើដូច្នេះ ព្រះយេស៊ូវបានប្រទានសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចដល់អ្នកដែលជឿ។ 
តាមដែលព្រះបានសន្យា តាមរយៈប្រព័ន្ធរោងឧបោសថ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានបំពេញសម្រេចសេចក្តី សង្គ្រោះរបស់យើងតែម្តងជាសម្រេច។ ដូច្នេះ អ្នកដែលជឿ បានសង្រ្គោះចេញពីអំពើបាបទាំងអស់។ នៅក្នុងរោងឧបោសថ មានសេចក្តីសន្យារបស់ព្រះថា ព្រះយេស៊ូវនឹងដោះអំពើបាបរបស់មនុស្សទាំងអស់ចេញតែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ហើយព្រះយេស៊ូវពិតជាបានយាងមក ហើយបានបំបេញសម្រេចសេចក្តីសង្រ្គោះដែលព្រះបានសន្យា តាមរយៈការទទួលបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់ប្រាកដមែន ដើម្បីបំពេញសម្រេចព្រះបន្ទូលព្រះយ៉ាងឥតខ្ចោះ។ នៅក្នុងន័យផ្សេង សេចក្តីសន្យាទាំងអស់របស់ព្រះអំពីសេចក្តីសង្រ្គោះពិតជាត្រូវបានបំពេញសម្រចនៅក្នុងព្រះយេស៊ូវគ្រីស្ទទាំងអស់។ 
ពួកអ៊ីស្រាអែលជឿថា ច្បាប់ និងពាក្យរបស់ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាព្រះបន្ទូលព្រះ។ ប៉ុន្តែពួកគេមិនអាចជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកឯយើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីជាព្រះ ឬព្រះអង្គសង្រ្គោះបានឡើយ។ ឥឡូវនេះ មនុស្សទាំងអស់នៅក្នុងលោកិយនេះ រួមទាំងពួកអ៊ីស្រាអែលដែរ ត្រូវតែដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះទ្រង់ផ្ទាល់ ហើយទទួលយកនៅក្នុងចិត្តរបស់ពួកគេថា ទ្រង់គឺជាព្រះមែស៊ីដែលត្រូវយាងមកនោះហើយ។ 
 


ហេតុអ្វីព្រះយេស៊ូវបានយាងមកផែនដីនេះ?


ដោយសារព្រះយេស៊ូវបានយាងមក ដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះវរបិតា ទ្រង់គឺជាព្រះអង្គសង្រ្គោះដល់អ្នកដែលជឿលើទ្រង់ ហើយទ្រង់បានយាងមកផែនដីនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត។ ហេព្រើរ ១០:១០ ប្រាប់យើងថា «គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច»។ យើងត្រូវតែយល់ និងជឿយ៉ាងត្រឹមត្រូវថា ដោយសារបំណងព្រះហឫទ័យព្រះវរបិតា ទើបព្រះយេស៊ូវគ្រីស្ទបានប្រសូតមកនៅលើផែនដីនេះ បានទទួលបុណ្យជ្រមុជ និងបានជាប់ឆ្កាងតាមបំណងព្រះហឫទ័យព្រះវរបិតា បានសម្រក់ព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះដល់អ្នកដែលជឿ។ ហើយដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ស្របតាមបំណងព្រះហឫទ័យព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទត្រូវតែបំពេញសម្រេចសេចក្តីសង្រ្គោះរបស់មនុស្សជាតិ ដោយការដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ ដូច្នេះ ទ្រង់បានស្ម័គ្រព្រះទ័យលះបង់អង្គទ្រង់ឲ្យសុគតនៅលើឈើឆ្កាង ដើម្បីប្រទានសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ដល់យើង។ 
យើងអាចបានសង្រ្គោះបាន លុះត្រាតែយើងម្នាក់ៗជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់យើង ពីព្រោះព្រះយេស៊ូវមិនគ្រាន់តែបានលះបង់អង្គទ្រង់ ដើម្បីដោះអំពើបាបរបស់ពួកអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ដោះអំពើបាបរបស់មនុស្សជាតិទាំងមូលចេញផងដែរ។ នៅក្នុងព្រះជន្មទាំង៣៣វស្សារបស់ទ្រង់ ព្រះ យេស៊ូវបានទទួលបុណ្យជ្រមុជម្តង និងបានថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាម្តង ដើម្បីសង្រ្គោះពួកមនុស្សមានបាបនៅក្នុងលោកិយនេះតែម្តងជាសម្រេច។ នេះហើយគឺជាសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍តែមួយគត់។ 
ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិ ចាប់ដើមដំបូងដល់ចុងបញ្ចប់នៃលោកិយនេះ ហើយទ្រង់ក៏បានជួយឲ្យយើងអាចបានសង្រ្គោះ ដោយសេចក្តីជំនឿតែម្តងជាសម្រេចផងដែរ។ តាមរយៈការថ្វាយរូបកាយរបស់ទ្រង់ផ្ទាល់តែម្តងជាសម្រេច ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យយើងគ្រប់លក្ខណ៍ជារៀងរហូត។ ដោយសារទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការសម្រក់ព្រះលោហិតរបស់ទ្រង់ ឥឡូវនេះ យើងត្រូវជឿដោយអំណរតាមដំណឹងល្អនេះនៅក្នុងចិត្តរបស់យើង ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ តាមបំណងព្រះហឫទ័យព្រះវរបិតាព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយសងថ្លៃឈ្នួលជាជីវិត ហើយទ្រង់បានបើកសម្តែងសេចក្តីសង្រ្គោះដ៏ពិតរបស់ទ្រង់ តាមរយៈសេចក្តីស្រឡាញ់របស់ព្រះ ដែលស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ 
ព្រះបន្ទូលនេះគឺពិតជាសេចក្តីពិត ដែលអ្នក និងខ្ញុំដែលកំពុងតែរស់នៅក្នុងពិភពលោកទំនើបនេះ ត្រូវតែជឿតាម។ យើងត្រូវតែចងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងជាមួយគ្នា ហើយជឿ និងចាត់ទុកសេចក្តីពិតទាំងពីរនេះជាសេចក្តីពិតតែមួយ ដែលសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ បើសិនយើងមិនធ្វើដូច្នេះទេ នោះយើងនឹងបាត់បង់ការអត់ទោសបាបដ៏អស់កល្បជានិច្ចហើយ។ ដូច្នេះ យើងត្រូវតែជឿតាមព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ និងតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបញ្ចេញពន្លឺនៃសេចក្តីសង្រ្គោះ ប៉ុន្តែបើសិនយើងបន្ថែមអ្វីផ្សេង ឬដកផ្នែកសំខាន់ណាមួយចេញពីដំណឹងល្អដ៏ពិតនេះ នៅពេលយើងជឿលើព្រះ ឬបើសិនយើងមិនជឿតាមសេចក្តីពិតដែលមានស្រាប់ទេ នោះពន្លឺនៃដំណឹងល្អអំពីសេចក្តីសង្រ្គោះនេះនឹងត្រូវបានលាក់ទុក និងបាត់បង់ទៅ។ 
យើងមិនត្រូវធ្លាក់ទៅក្នុងការបោកបញ្ឆោតថា សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺគ្រាន់តែជាគោលលទ្ធិខាងលោកិយមួយប៉ុណ្ណោះ ខណៈដែលការបោកបញ្ឆោតនេះបង្រៀនថា យើងអាចទទួលបានការអត់ទោសបាបបាន តាមរយៈការអធិស្ឋានលន់តួអំពើបាប ដោយការទូលសុំព្រះឲ្យអត់ទោសដល់អំពើបាបរបស់យើងជារៀងរាល់ថ្ងៃ។ ព្រះបានមានបន្ទូលយ៉ាងច្បាស់លាស់នៅក្នុង ហេព្រើរ ១០:១១ ថា «ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ»។ នៅក្នុងន័យផ្សេង ទ្រង់បានប្រាប់យើងថា អំពើបាបដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ មិនអាចត្រូវបានលាងសម្អាត ដោយសេចក្តីជំនឿរបស់យើងលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខបានឡើយ។ 
ដោយការជឿលើតង្វាយយញ្ញបូជានេះ យើងបានសង្រ្គោះទាំងស្រុងចេញពីបាប ពីព្រោះតង្វាយយញ្ញបូជានេះ ដែលព្រះយេស៊ូវគ្រីស្ទបានថ្វាយទៅកាន់ព្រះវរបិតា ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតនៅលើឈើឆ្កាង គឺជាតង្វាយនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍។ ហើយដោយសារអំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ តែម្តងជាសម្រេច នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទើបព្រះយេស៊ូវអាចនាំអំពើបាបរបស់យើងទៅឯឈើឆ្កាង ហើយសុគតនៅទីនោះ ដើម្បីបញ្ចប់ទណ្ឌកម្មនៃអំពើបាបរបស់ពួកគេ ហើយដោយសារតែដូច្នេះ ទើបបាបរបស់អ្នកដែលជឿលើបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ទ្រង់ ត្រូវបានលាងសម្អាត។ 
យើងបានស្លាប់ជាមួយព្រះយេស៊ូវគ្រីស្ទ និងបានរស់ជាមួយទ្រង់ ដោយសារសេចក្តីជំនឿលើបុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ រ៉ូម ៦:២៣ ប្រាប់យើងថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ទោះបើអំពើបាបនោះមានលក្ខណៈបែបណាក៏ដោយ ហើយដូច្នេះ យើងត្រូវតែសងថ្លៃឈ្នួលរបស់វា ដោយជីវិត។ ដោយហេតុនេះ ព្រះយេស៊ូវគ្រីស្ទចាំបាច់ត្រូវតែយាងមកផែនដីនេះ ប្រសូតជាមនុស្សម្នាក់ ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ការផ្ទេរអំពើបាបរបស់អ្នកពិតប្រាកដទៅលើព្រះយេស៊ូវ ត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយដោយការផ្ទុកអំពើបាបទាំងនេះ និងការសុគត ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបរបស់អ្នក ដើម្បីដោះអំពើបាបទាំងនោះចេញតែម្តងជាសម្រេច។ ទោះបីជាព្រះបានប្រទានឲ្យយើងនូវសេចក្តីពិតនៃដំណឹងល្អនេះហើយក៏ដោយ ក៏មានមនុស្សជាច្រើន ដែនៅតែទូលអង្វរព្រះឲ្យអត់ទោសអំពើបាបជាក់ស្តែងរបស់ពួកគេជារៀងរាល់ថ្ងៃដែរ ពីព្រោះពួកគេមិនយល់ពីសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
បើសិនមនុស្សមានបាបនៅក្នុងចិត្តរបស់ពួកគេ ពួកគេត្រូវតែភ័យញ័រនៅចំពោះព្រះ ដោយសារបាបនេះ។ ពិតជាមានមនុស្សជាច្រើន ដែលនៅតែមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមិនទាន់បានស្អាតពីអំពើបាបរបស់ពួកគេនៅឡើយ នៅជាប់នៅក្នុងសេចក្តីភ័យខ្លាច ដោយសារអំពើបាបនៃបញ្ញាចិត្តរបស់ពួកគេ។ ទោះបីជាយ៉ាងណា ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសម្រក់ព្រះលោហិតនៅលើឈើឆ្កាង និងបានសង្រ្គោះពួកគេយ៉ាងគ្រប់លក្ខណ៍។ ដូច្នេះ ហេតុអ្វីយើងត្រូវបារម្ភ បើសិនដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះ បានសង្រ្គោះយើងទាំងស្រុង និងដោះស្រាយទណ្ឌកម្មនៃបាបរបស់យើងរួចហើយ?
អ្នកដែលយល់ និងជឿយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពិតជាអាចបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយសារសេចក្តីជំនឿបាន ដូចដែលព្រះបានសន្យាថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ» (អេសាយ ១:១៨)។ យើងទាំងអស់គ្នាអាចបានសង្រ្គោះ ដោយសារសេចក្តីជំនឿបាន ពីព្រោះមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានទទួលយកអំពើបាបរបស់លោកិយនេះ ស្របតាមច្បាប់របស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានផ្ទេរអំពើបាបទាំងអស់ទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃលើ។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទើបទ្រង់អាចសុគតនៅលើឈើឆ្កាង ហើយដោយសារសេចក្តីសង្រ្គោះដែលព្រះបានមានបន្ទូលអំពី នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានបំពេញសម្រេច ទើបយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយសារសេចក្តីជំនឿតែមួយបាន។ 
ប៉ុន្តែទោះបីជាមានសេចក្តីពិតនេះក៏ដោយ ក៏យើងនៅតែមើលឃើញមនុស្សមួយចំនួនដែលជឿលើព្រះយេស៊ូវ ដោយគ្រាន់តែបង្ហាញពីសេចក្តីអាណិតអាសូរចំពោះទ្រង់ប៉ុណ្ណោះ។ ពួកគេយំសោកជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសេចក្តីជំនឿរបស់ពួកគេ ពីព្រោះមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់ពួកគេ គឺត្រូវអាណិតអាសូរដល់ព្រះយេស៊ូវ ដែលទ្រង់បានទ្រាំទ្រ និងរងទុក្ខរហូតដល់សុគតនៅលើឈើឆ្កាង។ ចិត្តរបស់ពួកគេខុសហើយ ហើយពួកគេត្រូវតែបោះបង់ សេចក្តីជំនឿខុសរបស់ពួកគេចោល។ 
អ្នក និងខ្ញុំគឺជាអ្នកដែលត្រូវការបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្រ្គោះរបស់យើង មិនមែនព្រះយេស៊ូវដែលត្រូវការសេចក្តីអាណិតអាសូរ ឬភក្តីភាពរបស់យើងឡើយ។ សេចក្តីពិតដ៏សាមញ្ញគឺថា យើងគឺជាអ្នកដែលពិតជាត្រូវការព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះ ហើយប៉ុន្តែមានមនុស្សជាច្រើន ដែលជឿលើព្រះ ដោយមិនមានមូលហេតុជាក់លាក់របស់ខ្លួន ហើយគិតថា ព្រះគឺជាអ្នកដែលខ្វះអ្វីមួយ ទុកដូចជាទ្រង់កំពុងតែអង្វរឲ្យពួកគេជឿលើទ្រង់អញ្ចឹង។ ប៉ុន្តែព្រះស្អប់សេចក្តីជំនឿខុសឆ្គងបែបនេះ។ 
អ្នកដែលនិយាយចម្អកដល់ព្រះយេស៊ូវថា ពួកគេនឹងជឿលើទ្រង់ ទុកដូចជាពួកគេកំពុងតែជួយដល់ទ្រង់ ដាក់ចិត្តរបស់ពួកគេនៅខ្ពស់ជាងព្រះ ហើយដូច្នេះ នៅក្នុងភាពល្ងង់ខ្លៅរបស់ពួកគេ ពួកគេមិនអាចទទួលយកនៅក្នុងចិត្តនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះពួកគេយ៉ាងគ្រប់លក្ខណ៍ចេញពីបាបបានឡើយ។ ពួកគេមិនសូវគោរពចំពោះព្រះបន្ទូលព្រះប៉ុន្មានទេ។ ពួកគេចាត់ទុកព្រះបន្ទូលព្រះខុសគ្នាបន្តិចពីអ្វី ដែលអ្នកជិតខាងរបស់ពួកគេនិយាយ ហើយពួកគេប្រមាថ និងមើលងើយព្រះបន្ទូលព្រះ ទុកដូចជាពួកគេកំពុងតែជួយព្រះ ដោយសារពួកគេមានសេចក្តីអាណិតអាសូរចំពោះទ្រង់។ 
នៅចុងបញ្ចប់ ពួកគេគឺជាអ្នកដែលមិនជឿ និងចាត់ទុកបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវ ជាការអត់ទោសបាបរបស់ពួកគេទេ ហើយពួកគេទាស់ប្រឆាំងនឹងព្រះ។ ពួកគេជឿថា អំពើបាបរបស់ពួកគេអាចត្រូវបានលាងសម្អាត តាមរយៈការអធិស្ឋានយំស្រែកលន់តួអំពើបាបរបស់ពួកគេ ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារពួកគេបញ្ចេញព្រះនាមព្រះជាអាសារឥតការ ពួកគេមិនដឹង និងមិនជឿថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបរបស់ពួកគេចេញទាំងស្រុងឡើយ ហើយដូច្នេះ ពួកគេមិនអាចបានសង្រ្គោះបានឡើយ។ 
ព្រះបានមានបន្ទូលថា «អញនឹងផ្សាយសេចក្តីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្តីក្តួលអាណិត ដល់អ្នកណាដែលអញ ក្តួលអាណិត» (រ៉ូម ៩:១៥)។ បើសិនព្រះបានសម្រេចព្រះទ័យសង្រ្គោះពួកមនុស្សមានបាប ដោយច្បាប់នៃសេចក្តីសង្រ្គោះ ដែលកើតចេញពីសេចក្តីមេត្តាករុណារបស់ទ្រង់ នោះទ្រង់នឹងធ្វើតាមដែលទ្រង់បានសម្រេចព្រះទ័យ។ ដូច្នេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានសេចក្តីសង្រ្គោះដ៏ពិតរបស់យើង។ 
អ្នកដែលមិនជឿតាមព្រះបន្ទូលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងបានស្គាល់ពីភាពសាហាវនៃសេចក្តីក្រោធរបស់ព្រះ។ ប៉ុន្តែអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងបានស្គាល់ពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏អស្ចារ្យរបស់ទ្រង់។ អ្នកដែលទទួលស្គាល់បាបរបស់ខ្លួននៅចំពោះព្រះ ហើយទទួលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះ នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់។ 
អ្នកដែលជឿថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់ពួកគេ តាមរយៈការទទួលបុណ្យជ្រមុជ នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ផ្ទុយទៅវិញ អ្នកដែលមើលងើយសេចក្តីពិតនេះ នឹងប្រឈមនឹងទណ្ឌកម្ម៏សាហាវសម្រាប់អំពើបាបរបស់ពួកគេ។ ដូច្នេះ មនុស្សទាំងអស់នៅក្នុងលោកិយនេះត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជា សេចក្តីពិតដ៏ត្រឹមត្រូវ។ មនុស្សមានបាបទាំងអស់ដែលមិនខ្លាចការជំនុំជម្រះរបស់ព្រះ ហើយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពិតជានឹងទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់ពួកគេ។ ប៉ុន្តែអ្នកដែលជឿតាមសេចក្តីពិតអំពីការលាងសម្អាតបាបរបស់ព្រះយេស៊ូវ នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
គ្រប់គ្នាដែលមានបាបនៅក្នុងបញ្ញាចិត្ត នៅមុខសុខទេ ហើយដូច្នេះ ពួកគេបង្កើតគោលលទ្ធិនៃសេចក្តីសង្រ្គោះដែលគ្មានមូលដ្ឋាន និងខុសពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីលួងលោមបញ្ញាចិត្តដែលរងទុក្ខរបស់ពួកគេ។ ហើយក៏មានអ្នកដែលនិយាយថា «តាំងពីខ្ញុំជឿលើព្រះយេស៊ូវមក វាមិនជាបញ្ហាទេ ដែលខ្ញុំមានបាបនៅក្នុងចិត្តរបស់ខ្ញុំ»។ ប៉ុន្តែយើងមិនត្រូវភ្លេចថា អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន នឹងប្រឈមនឹងទណ្ឌកម្មនៅស្ថាននរក ពីព្រោះព្រះពិតជានឹងប្រទានការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ទៅដល់ពួកគេ សម្រាប់អំពើបាបរបស់ពួកគេ។ ដោយសារពួកគេឈរនៅខាងសាតាំង ព្រះមិនអាចអត់ទោសឲ្យពួកគេបានឡើយ។ 
ប៉ុន្តែអ្នកដែលយល់ពីយុត្តិធម៌របស់ព្រះថា នឹងមានការជំនុំជម្រះរបស់ទ្រង់លើបាប ទូលសូមសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាពីព្រះ ចង់បានសង្រ្គោះចេញពីអំពើបាបទាំងអស់ ស្វែងរកសេចក្តីពិត និងចង់ឈរនៅជាមួយព្រះ។ សម្រាប់ពួកគេ នេះគឺជាសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជ។ ហើយមនុស្សមានបាបម្នាក់ៗត្រូវតែជឿតាមសេចក្តីពិតនេះ ហើយទទួលបានការអត់ទោសបាប។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់លោកិយទាំងមូលតែម្តងជាសម្រេច និងបានសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយរាប់យើងជាសុចរិត។ 
ឥឡូវនេះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នាត្រូវតែយល់ពីសេចក្តីសង្រ្គោះដ៏ពិតរបស់យើង ហើយនៅក្នុងចិត្តរបស់យើង យើងត្រូវតែមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អនេះ។ អ្នកដែលជឿតាម សេចក្តីពិតនេះនៅក្នុងចិត្ត ទោះបើពួកគេបានប្រព្រឹត្តអំពើបាបបែបណាក៏ដោយ នឹងបានស្អាតពីអំពើបាបទាំងអស់របស់ពួកគេ ដោយសេចក្តីជំនឿ ហើយទទួលបានការអត់ទោសបាបដ៏ពិត និងជីវិតអស់កល្បជានិច្ច។ ដូច្នេះ តើអ្នកមិនចង់ជឿតាមព្រះបន្ទូលដំណឹងល្អនេះ ហើយទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសេចក្តីជំនឿទេឬ? អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅចំពោះព្រះ ពិតជានឹងទទួលបានការអត់ទោសបាបជាក់ជាមិនខាន។ 
 


ការអធិស្ឋានលន់តួអំពើបាបរបស់អ្នកមិនអាចសង្រ្គោះ អ្នកបានឡើយ


នៅសព្វថ្ងៃនេះ មនុស្សជាច្រើនដែលប្រកាសជឿលើព្រះយេស៊ូវ ថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃ ដើម្បីសុំឲ្យព្រះអត់ទោសដល់អំពើបាបរបស់ពួកគេ។ ពួកគេរស់នៅក្នុងជីវិតនៃសេចក្តីជំនឿ ដោយការថ្វាយតង្វាយយញ្ញបូជារបស់ពួកគេទៅកាន់ព្រះជារៀងរាល់ថ្ងៃ ដូចនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ដែរ។ ប៉ុន្តែអ្នកមិនត្រូវរស់នៅក្នុងជីវិតនៃសេចក្តីជំនឿបែបនេះឡើយ។ តើព្រះយេស៊ូវសម្រក់ព្រះលោហិតនៅលើឈើឆ្កាង ដើម្បីលាងសម្អាតអំពើបាបរបស់អ្នក កាលណាអ្នកថ្វាយការអធិស្ឋានលន់តួអំពើបាបឬ? មិនមែនឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែលាងសម្អាតអំពើបាបរបស់ទ្រង់តែម្តងជាសម្រេច ដោយការជឿថា អំណាចនៃបុណ្យជ្រមុជ និងការសម្រក់ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទស្ថិតស្ថេរនៅជារៀងរហូត។ អ្នកដែលព្យាយាមបានស្អាតពីអំពើបាបរបស់ខ្លួន ដោយការថ្វាយការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃ មិនអាចទទួលបានការអត់ទោសដ៏អស់កល្បជានិច្ចបានឡើយ ហើយពួកគេក៏មិនមានសេចក្តីជំនឿ ដែលជួយឲ្យពួកគេអាចទទួលបានការ សេចក្តីសង្រ្គោះដ៏ពិតបានផង។ 
បើសិនគ្រប់គ្នាទទួលបានការអត់ទោសបាប តាមរយៈការអធិស្ឋានលន់តួអំពើបាប ឬពិធីដែលមនុស្សបង្កើតឡើង នោះព្រះក៏មិនចាំបាច់បង្កើតច្បាប់ដែលប្រកាសថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ដែរ។ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន មនុស្សត្រូវតែថ្វាយតង្វាយមួយ ដែលផ្ទេរអំពើបាបរបស់ពួកគេទៅលើរូបកាយរបស់ព្រះយេស៊ូវនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលគេបានប្រើសម្រាប់ទ្វាររោងឧបោសថ។ នៅក្នុងន័យផ្សេង យើងត្រូវតែដឹងថា មែនតែសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចផ្តល់ការលាងសម្អាតបាបដ៏ពិតដល់យើងបាន ហើយយើងត្រូវតែជឿតាមដំំណឹងល្អនេះនៅក្នុងចិត្តរបស់យើង។ 
ដូចដែលពួកមនុស្សមានបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានផ្ទេរអំពើបាបរបស់ពួកគេទៅលើសត្វយញ្ញបូជារបស់ពួកគេ តាមរយៈការដាក់ដៃរបស់ពួកគេលើក្បាលវា នៅពេលពួកគេថ្វាយតង្វាយលោះបាបរបស់ពួកគេ យើងក៏ត្រូវតែផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ផងដែរ ហើយដោយសារសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង យើងត្រូវតែចូលទៅចំពោះព្រះ ហើយទទួលបានការអត់ទោសបាបដ៏អស់កល្បជានិច្ច។ ព្រះបានមានបន្ទូលថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» ហើយថា «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» (រ៉ូម ១០:១០, ១៧)។ 
យ៉ូហាន ១:២៩ និយាយថា «លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ បទគម្ពីរនិយាយអំពីការធ្វើបន្ទាល់របស់លោក យ៉ូហាននៅថ្ងៃបន្ទាប់ថា គាត់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ នៅពេលលោកយ៉ូហាន-បាទ្ទីសបានឃើញព្រះយេស៊ូវយាងមកឯគាត់ គាត់បានិយាយថា «បងប្អូន! ចូរមើល! នោះគឺជាព្រះអង្គដែលត្រូវយាងមក!»។ ការនេះបាន បណ្តាលឲ្យមានភាពច្របូលច្របល់ ក្នុងចំណោមហ្វូងមនុស្សនៅជុំវិញលោក យ៉ូហាន។ ហើយលោកយ៉ូហានបានស្រែកថា «នុ៎ះន៍ កូនចៀមនៃព្រះ! ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលជាកូនចៀមនៃព្រះ ដែលបានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈខ្ញុំ។ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាកូនចៀមនៃព្រះ។ នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ 
ដោយសារលោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយបានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើទ្រង់ ទើបលោកយ៉ូហាន- បាទ្ទីសផ្ទាល់អាចធ្វើបន្ទាល់ពីព្រះយេស៊ូវបាន។ ហើយនៅក្នុងន័យផ្សេង ដោយសារគាត់បានផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវ តាមរយៈការធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាកូនចៀមនៃព្រះវរបិតា។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សទទួលបានការអត់ទោសបាប តាម រយៈការថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងទទួលបានការអត់ទោសបាបរបស់យើង ដោយសារសេចក្តីជំនឿដែលជឿទាំងស្រុងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដោយសារព្រះបានទទួលយកសត្វដូចជា គោឈ្មោល កូនចៀម និងពពែជាតង្វាយយញ្ញបូជា ដើម្បីដោះអំពើបាបរបស់ពួកអ៊ីស្រាអែលចេញ សត្វយ៉ាងច្រើនរាប់មិនអស់ត្រូវបានសម្រក់ឈាម កាត់ជាចំណែកៗ និងដុតនៅលើអាសនាតង្វាយដុត។ ដូច្នេះ សត្វយ៉ាងច្រើនរាប់មិនអស់ពិតជាត្រូវបានសម្លាប់ ដោយសារតែអំពើបាបរបស់មនុស្ស។ 
ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវមិនបានថ្វាយសត្វយញ្ញបូជាបែបនេះទេ ប៉ុន្តែទ្រង់បានថ្វាយរូបកាយរបស់ទ្រង់ផ្ទាល់សម្រាប់យើងវិញ។ ទ្រង់បានជួយឲ្យអ្នកដែលជឿតាមសេចក្តីពិតនេះ អាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេតែម្តងជាសម្រេចបាន ពីព្រោះទ្រង់ដ៏ជាកូនចៀមនៃព្រះបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើរូបកាយរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះយេស៊ូវបានយាងមកឯយើង ដើម្បីដោះអំពើបាបរបស់យើងចេញជារៀងរហូត ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ 
ឥឡូវនេះ ព្រះកំពុងតែបង្គាប់ឲ្យអ្នក និងខ្ញុំជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះនេះ។ ទ្រង់កំពុងតែប្រាប់យើងថា «អញបានដោះអំពើបាបទាំងអស់របស់ឯងចេញហើយ ពីព្រោះអញបានស្រឡាញ់ឯង។ អញបានសង្រ្គោះឯងតាមរបៀបនេះ។ ដូច្នេះ ចូរជឿចុះ! អញបានដោះអំពើបាបរបស់ឯងចេញ ដោយការលះបង់ព្រះរាជបុត្រារបស់អញជាតង្វាយលោះបាបសម្រាប់ឯង។ អញបានអនុញ្ញាតឲ្យព្រះរាជបុត្រារបស់អញគង់នៅលើផែនដីនេះ សម្រាប់រយៈពេល៣៣ឆ្នាំ អញបានបង្គាប់ឲ្យទ្រង់ទទួលបុណ្យជ្រមុជ ហើយអញបានបង្គាប់ឲ្យទ្រង់សម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងសម្រាប់ឯង ហើយដោយធ្វើដូច្នេះ អញបានសង្រ្គោះឯងទាំងស្រុងចេញពីអំពើបាប និងទោសទាំងអស់របស់ឯង។ ឥឡូវនេះ ដោយការជឿតាមសេចក្តីពិតនេះ ឯងអាចធ្វើជាកូនជាទីស្រឡាញ់របស់អញ និងរស់នៅក្នុងអំណាចរបស់អញបាន។» ដូច្នេះ ចូរយល់ និងជឿនៅក្នុងចិត្តរបស់អ្នកតាមសេចក្តីពិតថា អ្នកដែលជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងព្រះលោហិតដែលទ្រង់បានសម្រក់ នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ហើយទទួលបានសិទ្ធិធ្វើជាកូនរបស់ព្រះផ្ទាល់។ 
 


តើព្រះយេស៊ូវពិតជាបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញមែនឬ?


ចូរយើងពិនិត្យមើល ហេព្រើរ ១០:១៤-១៨៖ «ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានព្រះបន្ទូលថា [ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង] នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា [អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត] ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ»។
បទគម្ពីរនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា៖ «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ»។ ចូរស្តាប់ដំណឹងល្អដែលប្រាប់យើងថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយ់បុណ្យជ្រមុជដែលទ្រង់បានទទួល! មិនគ្រាន់តែអំពើបាបទាំងអស់ដែលអ្នក និងខ្ញុំប្រព្រឹត្តនៅក្នុងជីវិតទាំងមូលរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែអំពើបាបទាំងអស់របស់លោកិយទាំងមូលនេះផង ក៏ត្រូវបានផ្ទេរទៅលើទ្រង់ផងដែរ។ ដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ ព្រះយេស៊ូវបានទទួលការដាក់ដៃលើ ដែលជាការត្រូវបានជ្រមុជទៅក្នុងទឹក និងការត្រូវបានលើកឡើងពីទឹក ដើម្បីអនុញ្ញាតឲ្យអំពើបាបទាំងអស់អាចត្រូវបានផ្ទេរទៅលើអង្គទ្រង់បាន។ 
លើសពីនេះ បន្ទាប់ពីបានផ្ទុកអំពើបាបទាំងអស់ ទ្រង់បានសុគត ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយដូច្នេះ ឥឡូវនេះ អ្នកដែលជឿបានសង្រ្គោះចេញពីការជំនុំជម្រះរបស់ពួកគេហើយ។ ដូចដែលសម្តេចសង្ឃបានផ្ទេរអំពើបាបរបស់បណ្តាជនអ៊ីស្រាអែល ទៅលើតង្វាយយញ្ញបូជា តាមរយៈការដាក់ដៃរបស់គាត់លើក្បាលវា លោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយការធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ហើយព្រះយេស៊ូវបានផ្ទុកអំពើបាបទាំងនេះ ហើយបានសុគត ដើម្បីសង្រ្គោះគ្រប់គ្នាដែលជឿលើទ្រង់ចេញពីបាប។ ដូច្នេះ អ្នកដែលជឿតាមសេចក្តីពិតនេះ អាចទទួលបានសិទ្ធិធ្វើជាកូនរបស់ព្រះផ្ទាល់បាន។ 
រ៉ូម ១០:១០ និយាយថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»។ សម្រាប់មនុស្សគ្រប់គ្នា ដោយសារការជឿដោយចិត្តលើសេចក្តីសុចរិតរបស់ព្រះ ទើបយើងអាចបានរាប់ជាសុចរិតបាន ហើយដោយសារការជឿដោយចិត្តតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះ ទើបយើងអាចទទួលបានការអត់ទោសបាប ហើយចូលទៅក្នុងនគរស្ថានសួគ៌បាន។ ដូច្នេះ ឱបងប្អូនប្រុសស្រីអើយ តើអ្នកបានសង្រ្គោះ ដោយការជឿដោយចិត្តរបស់អ្នក និងការប្រកាសដោយមាត់របស់អ្នកថា បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគឺជាធាតុដ៏ចាំបាច់ដែលបង្កើត «សេចក្តីសុចរិតរបស់ព្រះ» «សេចក្តីពិតនៃសេចក្តីសង្រ្គោះ» និង «ដំណឹងល្អអំពីការអត់ទោសបាប» ហើយឬនៅ? យោងតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបរបស់សាសន៍អ៊ីស្រាអែលមិនត្រូវបានដោះចេញ ដោយការសម្លាប់សត្វយញ្ញបូជា ដោយមិនមានការដាក់ដៃលើ ដែលផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជានោះឡើយ។ ដូចគ្នាដែរ បើសិនយើងជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ហើយដកបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលចេញ នោះអំពើបាបទាំងអស់របស់យើងមិនអាចត្រូវបានលាងសម្អាតបានឡើយ។ 
«អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀតដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ» (ហេព្រើរ ១០:១៧-១៨)។ ហេតុអ្វីព្រះបានមានបន្ទូលនៅទីនេះថា ទ្រង់នឹងលែងនឹកចាំពីអំពើបាបរបស់យើង? ទោះបីជាយើងបន្តធ្វើបាប រហូតដល់ថ្ងៃដែលយើងស្លាប់ក៏ដោយ ក៏ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះតែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជ ឥឡូវនេះសេចក្តីសង្រ្គោះរបស់យើងត្រូវបានបំពេញសម្រេច ហើយនឹងស្ថិតស្ថេរនៅជារៀងដរាបទៅ ហើយនៅពេលនេះ យើងដែលជឿតាមសេចក្តីពិតនេះ ឥតមានបាបឡើយ។ ដូច្នេះហើយបានជាព្រះមិនចាំបាច់នឹកចាំពីអំពើបាបរបស់យើងទៀតឡើយ។ 
សេចក្តីសុចរិតរបស់ព្រះគឺជាយុត្តិធម៌របស់ទ្រង់។ យុត្តិធម៌របស់ព្រះវរបិតាបង្ហាញថា ដោយសារទ្រង់បរិសុទ្ធ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏បរិសុទ្ធ និងឥតបាបផងដែរ។ តាំងពីដើមដំបូងមក ព្រះបានស្រឡាញ់យើង ហើយចង់យកយើងធ្វើជាកូនរបស់ទ្រង់ផ្ទាល់។ ប៉ុន្តែទោះបីជាទ្រង់ចង់យកយើងធ្វើជាកូនរបស់ទ្រង់ក៏ដោយ ក៏ទ្រង់មិនអាចធ្វើដូច្នេះបានដែរ ដោយសារអំពើបាបរបស់យើង។ ដូច្នេះ ព្រះវរបិតាបានមានដំណោះស្រាយមួយ ដើម្បីដោះស្រាយបញ្ហានេះ។ 
ដោយសារព្រះបានរៀបចំតង្វាយដ៏ឥតខ្ចោះមួយ ដែលនឹងត្រូវបានថ្វាយជំនួសយើង ដើម្បីលាងសម្អាតអំពើបាបរបស់យើង ដោយការផ្ទេរអំពើបាបរបស់យើងទៅលើវា ព្រះយេស៊ូវមិនស្ទាក់ស្ទើរក្នុងការទទួលបុណ្យជ្រមុជ ក្នុងការធ្វើជាតង្វាយយញ្ញបូជារបស់យើង ក្នុងការទទួលទណ្ឌកម្មជំនួសយើង និងក្នុងការថ្វាយតង្វាយលោះបាបដ៏អស់កល្បជានិច្ចឡើយ។ ហើយតាមរយៈតង្វាយលោះបាបនេះ ព្រះបានបំពេញសម្រេចទិព្វញ្ញាណរបស់ទ្រង់ ក្នុងការលាងសម្អាតអ្នកដែលជឿ ចេញពីអំពើបាបរបស់ពួកគេ ហើយយកពួកគេធ្វើជាកូនរបស់ទ្រង់ ផ្ទាល់។ ឥឡូវនេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេ។ ដោយសារព្រះ យេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជរួចហើយ បើសិនយើងជឿលើព្រះយេស៊ូវនេះ ដែលបានលាងសម្អាតអំពើបាបរបស់មនុស្សជាតិ ដោយការទទួលទោសជំនួសពួកគេ យើងលែងចាំបាច់ថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើងទៀតហើយ។ ដូច្នេះ ឱបងប្អូនប្រុសស្រីអើយ តើយើងនៅតែត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់យើងទៀតដែរទេ? ទេ យើងមិនចាំបាច់ធ្វើដូច្នេះឡើយ!
តើអ្នកដឹងពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ទោះបើទ្រង់បរិសុទ្ធ និងឥតមានបាបដែរទេ? តាមការពិត ទោះបីជាទ្រង់បានសុគតនៅលើឈើឆ្កាងក៏ដោយ ក៏ទ្រង់មិនបានធ្វើអ្វីខុសដែរ។ ប៉ុន្តែដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ទើបទ្រង់ត្រូវតែសុគតជំនួសយើង។ ដូច្នេះ មូលហេតុដែលទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង គឺដោយសារទ្រង់បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយត្រៀមរួចជាស្រេច ដើម្បីបំពេញសម្រេចសេចក្តីសុចរិតទាំងអស់។ 
នៅពេលព្រះរាជបុត្រានៃព្រះបានទទួលបុណ្យជ្រមុជ ដើម្បីបំពេញសម្រេចសេចក្តីសុចរិតទាំងអស់តាមរបៀបនេះ តើយើងមិនអាចអរព្រះគុណដល់ទ្រង់បានយ៉ាងដូចម្តេច? ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង ទើបទ្រង់បានទទួលយកការរងទុក្ខនៅលើឈើឆ្កាងយ៉ាងស្ងៀមស្ងាត់ ដូចជាចៀមនៅចំពោះអ្នកកាត់រោមរបស់វា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែនឹកចាំពីបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់ជារៀងរហូត ពីព្រោះបើសិនទ្រង់មិនទទួលទោស និងសុគតទេ នោះយើងខ្លួនឯងនឹងត្រូវទទួលទោស និងស្លាប់ជាក់ជាមិនខានឡើយ។ 
ព្រះអម្ចាស់របស់យើងមិនគ្រាន់តែបានទទួលយកអំពើបាបទាំងអស់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានទទួលយកទណ្ឌកម្មនៃបាបទាំងអស់របស់យើងផងដែរ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវទ្រង់ផ្ទាល់ដែលបានទទួលយកអំពើបាបរបស់យើង បានធ្វើជាតង្វាយលោះបាបរបស់យើងផ្ទាល់ ហើយទទួលយកទណ្ឌកម្មនៅលើឈើឆ្កាងដោយស្ងៀមស្ងាត់ ដើម្បីសង្រ្គោះយើងចេញពីបាប និងបំពេញសម្រេចតាមបំណងព្រះហឫទ័យព្រះ។ ដោយហេតុនេះ ព្រះគម្ពីរនិយាយថា «[អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត] ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ» (ហេព្រើរ ១០:១៧-១៩)។ 
ឥឡូវនេះ តើអ្នកយល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងដែរទេ? យើងមិនត្រូវជឿលើព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយមុខឡើយ ប៉ុន្តែយើងត្រូវតែយល់ពីមូលហេតុដែលទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង ហើយយើងត្រូវតែយល់ និងជឿយ៉ាងត្រឹមត្រូវថា មូលហេតុនេះមាននៅក្នុងបុណ្យជ្រមុជដែលទ្រង់បានទទួល។ បើសិនអ្នក និងខ្ញុំចង់ដឹង និងជឿយ៉ាងត្រឹមត្រូវអំពីកន្លែង និងរបៀបដែលអំពើបាបរបស់យើងត្រូវបានលាងសម្អាត យើងត្រូវតែដឹង និងជឿថា យើងត្រូវបានលាងសម្អាតចេញពីអំពើបាបរបស់យើង ដោយជំនឿ ដោយសារអំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់។ 
 


ឥឡូវនេះ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការស្គាល់ និងការជឿតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


អ្វីដែលខ្ញុំបានប្រាប់អ្នកកន្លងមក គឺជាសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះគម្ពីរនិយាយអំពីយ៉ាងល្អិតល្អន់។ ហើយសេចក្តីពិតនេះគឺជាសេចក្តីសង្រ្គោះដែលត្រូវបានរៀបចំទុក តាំងពីមុនកំណើតលោកិយនេះទៅទៀត ហើយក៏ត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាសម្ភារៈដែលគេបានប្រើសម្រាប់ទ្វាររោងឧបោសថផងដែរ។ រួមជាមួយនឹងសហការីរបស់ខ្ញុំ ខ្ញុំបាន និងកំពុងតែប្រកាសសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះទៅកាន់មនុស្សយ៉ាងច្រើនរាប់មិនអស់នៅក្នុងពិភពលោកនេះ។ ហើយសូម្បីតែនៅវេលានេះ ដំណឹងល្អនេះកំពុងតែធ្វើដំណើរចេញទៅកាន់ពិភពលោកទាំងមូល តាមរយៈសៀវភៅរបស់យើង។ 
ប៉ុន្តែមានអ្នកដែលអះអាងថាជឿលើព្រះយេស៊ូវ ទោះបើពួកគេមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផង។ ខ្ញុំហ៊ានចាត់ទុកពួកគេជាមនុស្សចំកួត ពីព្រោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះគឺជាសេចក្តីពិតស្នូល ដែលប្រាប់យើងអំពីប្រព័ន្ធថ្វាយយញ្ញបូជាដ៏ពិត ដែលត្រូវបានបំពេញសម្រេច ដោយព្រះយេស៊ូវគ្រីស្ទ ដែលជាខ្លឹមសារដ៏ពិតនៃស្រមោលនៃសេចក្តីសង្រ្គោះ ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ។ ឥឡូវនេះ ដល់វេនអ្នកហើយ។ បើសិនអ្នកបានជឿ ដោយមិនស្គាល់សេចក្តីពិត ឥឡូវនេះ អ្នកត្រូវតែបែរមកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក។ 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ត្រូវបានសន្យា តាំងពីមុនកំណើតលោកិយនេះមកម្ល៉េះ ហើយការពិតទាំងពីរនេះក៏ត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមផងដែរ។ ដើម្បីបំពេញសម្រេចសេចក្តីសន្យានេះ ហើយដើម្បីសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយនៅវេលានេះ ទ្រង់កំពុងតែគង់នៅខាងស្តាំព្រះវរបិតា។ 
តើអ្នកនៅតែព្យាយាមជឿលើព្រះយេស៊ូវ ដោយការដើរតាមបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ដោយមិនយល់ពីសេចក្តីពិតនេះឬ? មានមនុស្សបែបនេះជាច្រើននៅក្នុងលោកិយនេះ ប៉ុន្តែពួកគេត្រូវតែបែរចេញពីសេចក្តីជំនឿខុសឆ្គងរបស់ពួកគេ ហើយជឿយ៉ាងអស់ពីចិត្តតាមសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានលាក់ទុកនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងទ្វាររោងឧបោសថ។ 
ហេព្រើរ ១០:១៩-២០ សរសេរថា «ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់»។ ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជ ហើយនៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង វាំងននព្រះវិហារបានរហែកជាពីរ ហើយអំពើបាបរបស់មនុស្សជាតិត្រូវបានលាងសម្អាត ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ វាំងននព្រះវិហារដែលត្បាញដោយសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ស្វិតខ្លាំងណាស់ រហូតដល់សេះបួនក្បាលទាញពីជ្រុងទាំងបួនក៏មិនដាច់ផង។ 
ការដែលវាំងននព្រះវិហារដដ៏ស្វិតនេះបានរហែកពីលើដល់ក្រោម ទោះបើគ្មានអ្នកណាបានប៉ះវាក៏ដោយ បើកសម្តែងថា នៅវេលាដែលព្រះយេស៊ូវបានបញ្ចប់ព្រះរាជកិច្ចរបស់ទ្រង់ ទ្វារស្ថានសួគ៌បានរបើកឡើងយ៉ាងធំ។ ហើយការរហែកវាំងននព្រះវិហារពីលើដល់ក្រោមនេះមានន័យថា តាមរយៈព្រះយេស៊ូវ គ្រីស្ទ ព្រះបានដោះជញ្ជាំងបាបទាំងនេះចេញ។ 
ដូច្នេះ តើជញ្ជាំងបាបបានដួលរលំមានន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់គ្នាអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់បាន ដោយការជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ អ្វីដែលព្រះចង់បើកសម្តែងតាមរយៈទ្វាររោងឧបោសថគឺថា សេចក្តីសង្រ្គោះរបស់មនុស្សជាតិត្រូវបានបំពេញសម្រេចតែម្តងជាសម្រេច តាមរយៈព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបើកសម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ក្រហម។ ដោយសារការធួននឹងបាបដ៏អស់កល្បជានិច្ចរបស់យើង ដែលព្រះបានសន្យាជាមួយយើងត្រូវបានបំពេញសម្រេច ទើបទ្វារវាំងនននៃទីបរិសុទ្ធបំផុតដែលធ្វើពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម បានរហែកពីលើដល់ក្រោម ដោយព្រះហស្តរបស់ព្រះផ្ទាល់ មិនមែនដោយដៃរបស់មនុស្សឡើយ។ 
នេះបើកសម្តែងថា ព្រះយេស៊ូវគ្រីស្ទដែលបានធ្វើជាតង្វាយដ៏អស់កល្ប ជានិច្ចសម្រាប់អំពើបាបរបស់មនុស្សជាតិ បានសង្រ្គោះយើងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះវរបិតាបានកំណត់ថា អ្នកណាជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវគ្រីស្ទបានទទួល និងការសម្រក់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង អាចទទួលបានការអត់ទោសបាប និងឈរនៅចំពោះវត្តមានរបស់ទ្រង់បាន។ ដូច្នេះ តើអ្នកនឹងជឿតាមសេចក្តីពិតនេះដែរទេ? 
ដូចដែលព្រះបានស្រឡាញ់អ្នក ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះរាជបុត្រានៃព្រះក៏ស្រឡាញ់អ្នកដែរ ហើយទ្រង់បានប្រទានឲ្យអ្នកនូវសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតនៅលើឈើឆ្កាង។ ដោយបានទទួលសេចក្តីស្រឡាញ់របស់ព្រះ ដែលទ្រង់បានប្រទានឲ្យយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដោយបានជឿតាមសេចក្តីពិតដែលជួយឲ្យយើងអាចចូលទៅក្នុងនគរព្រះបាន អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញទាំងស្រុង។ ហើយដោយបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សូម្បីតែអំពើបាបជាក់ស្តែងទាំងអស់របស់យើងក៏ត្រូវបានដោះចេញផងដែរ ពីព្រោះអំពើបាប និងទោសទាំងអស់របស់យើងត្រូវបានលាងសម្អាត ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងរួចទៅហើយ។ 
ហេព្រើរ ១០:២២ សរសេរថា «នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ»។ ព្រះគម្ពីរបន្តនិយាយអំពីការលាងសម្អាតបាប។ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿតាមសេចក្តីពិតថា តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជាមួយសាច់ឈាម និងគំនិតរបស់យើង។
ដូចដែលសម្តេចសង្ឃត្រូវលាងសម្អាតភាពកខ្វក់របស់គាត់នៅឯចានក្លាំលង្ហិន បន្ទាប់ពីបានថ្វាយតង្វាយ ហើយបន្ទាប់ពីបានលាងសម្អាតអំពើបាបរបស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះ យើងក៏ត្រូវតែនឹកចាំពី សេចក្តីជំនឿនេះជារៀងរាល់ថ្ងៃផងដែរ។ ដោយសារសម្តេចសង្ឃបានលាងខ្លួនប្រាណរបស់គាត់នៅចានក្លាំលង្ហិន យើងត្រូវតែលាងសម្អាតអំពើបាបជាក់ស្តែងរបស់យើង ដោយការនឹកចាំ និងការជឿជារៀងរាល់ថ្ងៃថា អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាត ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវរួចហើយ ពីព្រោះខណៈដែលយើងកំពុងតែរស់នៅក្នុងលោកិយនេះ ជាច្រើនដង យើងប្រឡាក់ភាពកខ្វក់របស់វា។ 
អំពើបាបទាំងអស់ ទោះបើយើងប្រព្រឹត្តដោយរូបកាយ ចិត្ត ឬគំនិតក៏ដោយ ក៏សុទ្ធតែជាអំពើបាបរបស់លោកិយនេះទាំងអស់។ ដូច្នេះ តើយើងអាចលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះបាន ដោយសារសេចក្តីជំនឿប្រភេទណា? យើងអាចលាងសម្អាតអំពើបាបទាំងនេះបាន ដោយសារបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល។ អ្នកដែលបានស្អាត ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ត្រូវតែរក្សាចិត្តរបស់ខ្លួនឲ្យបានស្អាត ហើយកាលណាពួកគេធ្វើបាប ពួកគេត្រូវតែលាងសម្អាតអំពើបាបទាំងនោះម្តងទៀត ដោយ សេចក្តីជំនឿ។ អ្នកដែលនឹកចាំពីបុណ្យជ្រមុជជារៀងរាល់ថ្ងៃ និងលាងសម្អាត សំលៀកបំពាក់នៃការប្រព្រឹត្តរបស់ពួកគេ ដោយសេចក្តីជំនឿ គឺជាអ្នកដែលមានពរហើយ។ ដោយសារអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន យើងអាចបានសង្រ្គោះយ៉ាងពេញលេញ ចេញពីអំពើបាបទាំងអស់បានជារៀងរហូតបាន ដោយការសញ្ជឹងគិត និងការជឿតាមសេចក្តីពិតនេះជារៀងរាល់ថ្ងៃ។ 
អ្នកត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលប្រាប់ថា អំពើបាបរបស់អ្នកក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទផងដែរ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ អ្នកមិនបាត់អ្វី ដោយសារការជឿតាមដំណឹងល្អនេះឡើយ ពីព្រោះព្រះដ៏ប្រកបដោយសព្វានុភាពបានរៀបចំវាទុក តាំងពីមុនកំណើតលោកិយនេះ គឺនៅមុនសម័យព្រះគម្ពីរសញ្ញាចាស់ទៅទៀត។ សេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័ដាន់ និងបានទទួលយកទណ្ឌកម្មនៃអំពើបាបរបស់អ្នក តាមរយៈការយាងទៅឯឈើឆ្កាង បានជួយឲ្យអ្នកអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីសង្រ្គោះរបស់អ្នកបាន។ សេចក្តីពិតដែលបានជួយឲ្យអ្នកអាចដឹងថា ព្រះយេស៊ូវដ៏ជាស្តេចលើអស់ទាំងស្តេចបានសង្រ្គោះអ្នកចេញពីបាបជារៀងរហូត ហើយសេចក្តីពិតដែលបានលាងសម្អាតចិត្តរបស់អ្នកចេញពីបញ្ញាចិត្តអាក្រក់ និងបានលាងសម្អាតរូបកាយរបស់អ្នក ដោយទឹកដ៏ស្អាត គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាព្រះបន្ទូលដ៏ខ្វះមិនបានសម្រាប់ជីវិតរបស់អ្នក ហើយវាបញ្ចេញពន្លឺកាន់តែភ្លឺ កាលណាអ្នកជឿតាមវា។ 
ក្នុងកំឡុងពេលបីឆ្នាំនៃព្រះជន្មជាសាធារណៈរបស់ទ្រង់ កិច្ចការទីមួយដែលព្រះយេស៊ូវបានធ្វើ ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូលចេញពីបាប គឺការទទួលបុណ្យជ្រមុជ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវគ្រីស្ទត្រូវបានទទួលយកអំពើបាបរបស់យើង ហើយដើម្បីធ្វើដូច្នេះ ទ្រង់ត្រូវតែយាងទៅឯលោកយ៉ូហាន ដើម្បីទទួលបុណ្យជ្រមុជពីគាត់។ ដូច្នេះ នៅដើមដំបូងនៃកណ្ឌដំណឹងល្អទាំងបួន មានការសរសេរអំពីព្រឹត្តិការណ៍ដ៏ចាំបាច់នេះ។
តាមការពិត អ្នក និងខ្ញុំត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើង។ ប៉ុន្តែតើមានរឿងអ្វីបានកើតឡើង? ព្រះអម្ចាស់របស់យើងបានយាងមក បានទទួលយកអំពើបាបរបស់យើង តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានធ្វើជាកូនចៀមនៃព្រះ បាននាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង ត្រូវបានគេបោះភ្ជាប់ព្រះហស្ត និងព្រះបាតទៅនឹងឈើឆ្កាង ដោយសារអំពើបាបរបស់យើង បានសម្រក់ព្រះលោហិតទាំងអស់ និងសុគត និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលថា «ការស្រេចហើយ!» កាលទ្រង់ហៀបនឹងសុគតនៅលើឈើឆ្កាង។ 
គ្រប់យ៉ាងដែលព្រះយេស៊ូវបានប្រាប់ និងបានធ្វើ សុទ្ធតែជាការពិតទាំ ងអស់។ ព្រះយេស៊ូវបានធ្វើជាតង្វាយលោះបាបរបស់យើង ដើម្បីសង្រ្គោះយើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។ ហើយបន្ទាប់ពីបានមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានធ្វើបន្ទាល់ពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់អស់រយៈពេល៤០ថ្ងៃ និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយឥឡូវនេះ ទ្រង់កំពុងតែគង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះវរបិតា។ ព្រះយេស៊ូវគ្រីស្ទនេះនឹងយាងមកផែនដីនេះម្តងទៀត ដើម្បីនាំយើងទៅស្ថាន សួគ៌។ ទ្រង់បានយាងមកលើកដំបូង ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ប៉ុន្តែទ្រង់នឹងយាងមកវិញម្តងទៀត ដើម្បីធ្វើជាចៅក្រមកាត់ទោសអ្នកដែលមិនជឿលើទ្រង់។ 
ឥឡូវនេះ អ្នកត្រូវតែដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដីនេះក្នុងនាមជាចៅក្រម ដើម្បីហៅ និងទទួលយកកូនៗដែលជឿលើសេចក្តីសង្រ្គោះតាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដែលទ្រង់បានបំពេញសម្រេចនៅក្នុងរយៈពេល៣៣ឆ្នាំនៃព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះ ហើយជួយឲ្យពួកគេអាចរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងស្ថានសួគ៌ដ៏អស់កល្បជានិច្ច ហើយដើម្បីប្រទានការជំនុំជម្រះដ៏អស់កល្បជានិច្ចរបស់ទ្រង់ដល់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ និងបានបដិសេធសេចក្តីស្រឡាញ់របស់ព្រះ។ 
ឥឡូវនេះ អ្នកមិនត្រូវព្រងើយកន្តើយចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយធ្វើពុតជាមិនយល់ពីវាឡើយ ប៉ុន្តែអ្នកត្រូវតែជឿតាមសេចក្តីពិតនៃសេចក្តីសង្រ្គោះនេះ។ ហើយអ្នកត្រូវតែដឹងថា តាមដែលព្រះបានសន្យាតាម រយៈរោងឧបោសថ និងប្រព័ន្ធថ្វាយយញ្ញបូជា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជតាមទម្រង់នៃការដាក់ដៃលើ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះជាតិសាសន៍ទាំងអស់នៅក្នុងលោកិយនេះចេញពីអំពើបាបទាំងអស់ ហើយអ្នកត្រូវតែទទួលបានការអត់ទោសបាបរបស់អ្នក ដោយការជឿតាមសេចក្តីពិតនេះដោយអស់ពីចិត្តរបស់អ្នក។ 
ទោះបីជាយ៉ាងណា សាសន៍អ៊ីស្រាអែលនៅតែព្រងើយកន្តើយចំពោះ សេចក្តីពិតនេះ ហើយកំពុងតែរង់ចាំព្រះមែស៊ីមួយអង្គទៀតនៅឡើយ។ ប៉ុន្តែសាសន៍អ៊ីស្រាអែលត្រូវតែដឹងថា ទោះបីជាពួកគេព្យាយាមរង់ចាំព្រះមែស៊ីមួយអង្គទៀតក្រៅពីព្រះយេស៊ូវយ៉ាងណាក៏ដោយ ក៏ក្រៅពីព្រះយេស៊ូវគ្រីស្ទនេះ មិនមានព្រះមែស៊ីណាផ្សេងទៀតឡើយ។ ការដែលមិនមានព្រះមែស៊ីណាផ្សេងទៀតក្រៅពីព្រះយេស៊ូវនៅលើផែនដីនេះ គឺជាសេចក្តីពិតដែលផ្តល់ភស្តុតាងដោយខ្លួនឯង ហើយសម្រាប់សេចក្តីពិតនេះ សូម្បីតែពួកអ៊ីស្រាអែលក៏គ្មានការលើកលែងដែរ ហើយក៏មិនមានព្រះអង្គសង្រ្គោះណាផ្សេងទៀតសម្រាប់ពួកគេដែរ។ 
ដូច្នេះ ពួកអ៊ីស្រាអែលត្រូវតែប្រែចិត្តចេញពីអំពើបាបរបស់ពួកគេនៃការមិនជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយពួកគេត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះមែស៊ីដ៏ពិតរបស់ពួកគេ ហើយទទួលយកសេចក្តីពិតនេះ។ សាសន៍អ៊ីស្រាអែលពិតជានឹងបានធ្វើជាជាតិសាសន៍ជ្រើសរើសខាងវិញ្ញាណដ៏ពិតរបស់ព្រះ បើសិនពួកគេបញ្ជាក់ និងជឿជាថ្មីម្តងទៀតថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះដែលត្រូវយាងមកនោះហើយ។ 
សូម្បីតែឥឡូវនេះ ពួកអ៊ីស្រាអែលកំពុងតែរង់ចាំព្រះមែស៊ីដ៏មានអំណាច សិរីល្អ និងសមត្ថភាពមួយអង្គ ដែលអាចសង្រ្គោះពួកគេចេញពីទុក្ខលំបាក និងការរងទុក្ខនៅក្នុងលោកិយនេះបាន។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់រួចទៅហើយ ហើយក្នុងនាមជាព្រះមែស៊ី ទ្រង់បានសង្រ្គោះពួកគេដែលត្រូវប្រឈមនឹងការជំនុំជម្រះដោយភ្លើង ចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ដូច្នេះ ពួកគេត្រូវតែទទួលស្គាល់ និងជឿតាមសេចក្តីពិតនេះ។ សម្រាប់ព្រលឹងរបស់ពួកគេ ព្រះយេស៊ូវផ្ទាល់បានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយយញ្ញបូជារបស់ពួកគេ ដែលព្រះបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេជារៀងរហូត ហើយបានយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ 
ព្រះយេស៊ូវគ្រីស្ទដែលបានយាងមកធ្វើជាព្រះអម្ចាស់ បានសង្រ្គោះយើងទាំងអស់គ្នា តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយទ្រង់ពិតជានឹងជួយឲ្យយើងដែលជឿ អាចសោយរាជ្យជាមួយទ្រង់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំបាន។ បន្ទាប់ពីនោះ ទ្រង់ក៏នឹងអនុញ្ញាតឲ្យយើងចូលរួមនៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះ ហើយរស់នៅដោយសិរីល្អ និងសុភមង្គលជាមួយព្រះជារៀងរហូតតទៅ។ 
ដូច្នេះ ខណៈដែលយើងកំពុងតែនៅលើផែនដីនេះនៅឡើយ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយចិត្តរបស់យើង ហើយធ្វើជាកូនរបស់ព្រះផ្ទាល់។ ហើយមានតែអ្នកដែលជឿតាមដំណឹងល្អនៃសេចក្តីពិតនេះទេ ដែលអាចធ្វើជាកូនដ៏ឥតបាបរបស់ព្រះ និងត្រូវបានធានាថា ពួកគេទទួលបានព្រះពរទាំងអស់ ដែលកំពុងតែរង់ចាំពួកគេនៅនគរស្ថានសួគ៌។ 
ហាលេលូយ៉ា! ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដោយសេចក្តីជំនឿរបស់ខ្ញុំ សម្រាប់ការប្រទានឲ្យយើងនូវព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌។ ព្រះ អម្ចាស់របស់យើងបានសន្យាថា ទ្រង់នឹងយាងត្រឡប់មកវិញក្នុងពេលដ៏ឆាប់នេះ។ ដូច្នេះ ឱព្រះអម្ចាស់អើយ សូមយាងមក!