Search

Sermones

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 11-1] តើដើមអូលីវទាំងពីរ និង ហោរាទាំងពីរគឺជាអ្នកណា? (វិវរណៈ ១១:១-១៩)

តើដើមអូលីវទាំងពីរ និង ហោរាទាំងពីរគឺជាអ្នកណា?
(វិវរណៈ ១១:១-១៩)
«មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនា ហើយនិងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដ៏ទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្តីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសំឡាប់គេផង ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា និងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់ ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភ័យខ្លាចជាខ្លាំង នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ នៅវេលានោះឯង មានកក្រើកដីជាខ្លាំង ទីក្រុងនោះ១ភាគក្នុង១០ក៏រលំអស់ទៅ ហើយមានមនុស្ស៧ពាន់នាក់ស្លាប់ ក្នុងខណៈដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់ គេមានចិត្តភ័យខ្លាច ក៏សរសើរដំកើងដល់ព្រះនៃស្ថានសួគ៌ សេចក្តីវេទនាទី២បានកន្លងទៅហើយ មើល សេចក្តីវេទនាទី៣ត្រូវមកជាឆាប់ ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់ ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង អស់ទាំងសាសន៍បានមានសេចក្តីកំហឹង ហើយសេចក្តីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហិបនៃសេចក្តីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ»
 


ការកាត់ស្រាយ


ខ.១៖ មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនា ហើយនិងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង។ 
នេះប្រាប់យើងថា ឥឡូវនេះ ការងារសង្រ្គោះសាសន៍អ៊ីស្រាអែលចេញពីបាប ដោយសារព្រះគុណនៃព្រះ ចាប់ផ្តើមហើយ។ «ខ្នាត» នៅទីនេះ មានន័យថា ព្រះអង្គទ្រង់ផ្ទាល់នឹងអន្តរាគមន៍ ដើម្បីសង្រ្គោះរាស្ត្រ អ៊ីស្រាអែលចេញពីអំពើបាបរបស់ពួកគេ នៅថ្ងៃចុងក្រោយ។ 
នៅក្នុងបទគម្ពីរមេនៃជំពូក១១ យើងត្រូវតែដាក់ការផ្តោតរបស់យើងលើសេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែលចេញពីបាប។ ព្រះបន្ទូលនេះប្រាប់យើងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងត្រូវបានប្រកាសទៅដល់រាស្ត្រអ៊ីស្រាអែល ចាប់ពីពេលនោះតទៅ ដែលជាការបង្ហាញប្រាប់ពីការចាប់ផ្តើមព្រះរាជកិច្ចរបស់ព្រះ ក្នុងការសង្រ្គោះសាសន៍អ៊ីស្រាអែលដែលជារាស្ត្ររបស់ព្រះ ចេញពីអំពើបាបទាំងអស់របស់ពួកគេ តាមរយៈព្រះគុណនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ ព្រះក៏បានកត់ត្រា វិវរណៈ១១ ផងដែរ ដើម្បីប្រទានការអត់ទោសបាបដល់សាសន៍អ៊ីស្រាអែល នៅថ្ងៃចុងក្រោយ។ «ខ្នាត» នៅក្នុងខ.១ និង២ មានន័យថា ការកំណត់ខ្នាតគំរូសម្រាប់គ្រប់ការទាំងអស់។ ដោយបានរៀបចំផែនការសង្រ្គោះសាសន៍អ៊ីស្រាអែលរួចហើយ គោលបំណងនៃព្រះនៅក្នុងការវាស់ព្រះវិហាររបស់ទ្រង់ គឺដើម្បីឲ្យដឹងថា ចិត្តរបស់ពួកគេត្រៀមរួចជាស្រេច ដើម្បីទទួលសេចក្តីសង្រ្គោះរបស់ពួកគេហើយឬនៅ។ ហើយបើសិនចិត្តរបស់ពួកគេមិនទាន់រួចរាល់ទេ នោះទ្រង់ត្រូវធ្វើឲ្យពួកគេត្រៀមខ្លួនរួចរាល់ ដើម្បីឲ្យចិត្តរបស់ពួកគេបានត្រឹមត្រូវ។ 

ខ.២៖ តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដ៏ទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ។ 
ព្រះបានប្រទានអំណាចដល់សាតាំង ដើម្បីជាន់ឈ្លីលើពួកសាសន៍ដទៃ សម្រាប់រយៈពេលបីឆ្នាំកន្លះ។ ដូច្នេះ ពួកសាសន៍ដទៃទាំងអស់ត្រូវតែប្រញាប់ទទួលយកទៅក្នុងចិត្ត នូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលអំពីសេចក្តីប្រោសលោះ នៅក្នុងរយៈពេលបីឆ្នាំកន្លះនៃរយៈពេលប្រាំពីរឆ្នាំនៃការរងទុក្ខវេទនាដ៏ធំ។ ប្រវត្តិសាស្ត្រនៃពិភពលោកនេះនឹងត្រូវបញ្ចប់ទៅ កាលណាការរងទុក្ខវេទនាដ៏ធំកន្លងផុតពីពាក់ កណ្តាលនៃរយៈពេលប្រាំពីឆ្នាំ ហើយចូលទៅក្នុងរយៈពេលពាក់កណ្តាលចុងក្រោយ។ ក្នុងពេលដ៏ឆាប់ខាងមុខ សាតាំងនឹងជាន់ឈ្លីលើសាសន៍ដទៃទាំងអស់ ក៏ដូចជាពួកបរិសុទ្ធដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនដែរ។ 
ដូច្នេះ ពួកសាសន៍ដទៃត្រូវតែទទួលយកការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ហើយត្រៀមជំនឿរបស់ពួកគេ នៅមុនរយៈពេលបីឆ្នាំកន្លះនៃការរងទុក្ខវេទនាដ៏ធំកន្លងផុតទៅ។ នៅពេលនេះ ប្រជាជន អ៊ីស្រាអែលក៏នឹងរងទុក្ខដោយសារសេចក្តីវេទនាដ៏ធំ ក្នុងកំឡុងរយៈពេលបីឆ្នាំកន្លះផងដែរ។ ប៉ុន្តែនៅពេលនេះ ពួកគេក៏នឹងទទួលយកការពិតថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេផងដែរ។ នៅថ្ងៃចុងក្រោយ ប្រជាជនអ៊ីស្រាអែលនឹងទទួលបានសេចក្តីសង្រ្គោះរបស់ខ្លួន ចេញពីអំពើបាបរបស់ទាំងអស់ ក្នុងកំឡុងរយៈពេលបីឆ្នាំកន្លះដំបូងនៃការរងទុក្ខវេទនាដ៏ធំ។ យើងត្រូវតែដឹងថា ព្រះនឹងប្រទានការអត់ទោសបាបដល់សាសន៍អ៊ីស្រាអែល សូម្បីតែក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំផង។ 

ខ.៣៖ អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង។
ព្រះនឹងលើកស្មរបន្ទាល់ពីរនាក់ឡើង ដើម្បីធ្វើជាអ្នកបម្រើរបស់ទ្រង់ជាពិសេស សម្រាប់រាស្ត្រអ៊ីស្រាអែល។ ហោរាទាំងពីរនាក់ដែលព្រះនឹងលើកឡើងសម្រាប់សាសន៍អ៊ីស្រាអែល នឹងទទួលបានអំណាចពីព្រះពីរដងច្រើនជាងហោរាពីមុនៗ ហើយតាមរយៈពាក្យនៃទីបន្ទាល់របស់ពួកគេ ព្រះនឹងចាប់ផ្តើមធ្វើការក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគេទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ តាមរយៈកិច្ចការរបស់ហោរាទាំងពីរនាក់នេះ ប្រជាជនអ៊ីស្រាអែលជាច្រើននឹងបានធ្វើជារាស្ត្ររបស់ព្រះដែលបានកើតជាថ្មីពិតប្រាកដ។
តាមរយៈហោរាទាំងពីរនាក់ ដែលព្រះនឹងបញ្ជូនមកនៅថ្ងៃចុងក្រោយ ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែលចេញពីអំពើបាបរបស់ពួកគេ និងធ្វើការអស្ចារ្យ ទ្រង់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលដែលនឹងត្រូវបានដឹកនាំដោយហោរាទាំងពីរនាក់នេះ បែរមកឯព្រះគ្រីស្ទ ហើយជឿ និងទទួលយកទ្រង់ជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ហោរាទាំងពីរនេះនឹងចិញ្ចឹមសាសន៍អ៊ីស្រាអែល ដោយព្រះបន្ទូលនៃព្រះ សម្រាប់រយៈពេល១២៦០ថ្ងៃ ក្នុងកំឡុងពេលបីឆ្នាំកន្លះដំបូងនៃការរងទុក្ខវេទនាដ៏ធំ។ ហើយតាមរយៈការប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់សាសន៍ អ៊ីស្រាអែល និងការធ្វើឲ្យពួកគេជឿតាមដំណឹងល្អនេះ ព្រះនឹងអនុញ្ញាតឲ្យពួកគេទទួលបានសេចក្តីសង្រ្គោះតែមួយ ដែលបានសង្រ្គោះពួកសាសន៍ដទៃនៅសម័យព្រះគម្ពីរសញ្ញាថ្មី តាមរយៈជំនឿដែរ។ 

ខ.៤៖ អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី។ 
«ដើមអូលីវទាំង២» នៅទីនេះ សំដៅទៅលើហោរាទាំងពីរនាក់របស់ព្រះ (វិវរណៈ ១១:១០)។ ហើយ «ជើងចង្កៀងទាំង២» សំដៅទៅលើពួកជំនុំនៃព្រះ ដែលទ្រង់បានបង្កើតក្នុងចំណោមពួកសាសន៍ដទៃ ហើយពួកជំនុំដែលទ្រង់បង្កើតឡើងសម្រាប់សាសន៍អ៊ីស្រាអែល។ ទ្រង់បានបង្កើតពួកជំនុំរបស់ទ្រង់ នៅក្នុងចំណោមសាសន៍យូដា និងយើងដែលជាសាសន៍ដទៃ ហើយទ្រង់នឹងបន្តធ្វើការងាររបស់ទ្រង់ ដើម្បីសង្រ្គោះព្រលឹងចេញពីបាប រហូតដល់ថ្ងៃចុងក្រោយ។ 
សាសន៍អ៊ីស្រាអែល មិនបានទទួលស្គាល់ពួកអ្នកបម្រើរបស់ព្រះ ដែលមានដើមកំណើតជាសាសន៍ដទៃឡើយ ហើយពួកគេមិនស្តាប់តាមអ្វីដែលពួកអ្នកបម្រើនៃព្រះត្រូវនិយាយទៅកាន់ពួកគេឡើយ។ ដោយសារពួកគេដឹងគ្រប់យ៉ាងអំពីប្រព័ន្ធថ្វាយយញ្ញបូជា និងបទទំនាយទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហោរារបស់ព្រះនៅថ្ងៃចុងក្រោយត្រូវតែចេញមកពីសាសន៍អ៊ីស្រាអែលផ្ទាល់តែម្តង។ សាសន៍អ៊ីស្រាអែលចេះបទគម្ពីរយ៉ាងស្ទាត់ ដែលពួកគេអាចសូត្រកណ្ឌគម្ពីរតូរ៉ាទាំងមូលបាន ខណៈដែលពួកគេកំពុងតែរត់។ ដូច្នេះហើយបានជាពួកគេមិនជឿលើអ្វីដែលអ្នកបម្រើព្រះដែលជាសាសន៍ដទៃនិយាយទៅកាន់ពួកគេឡើយ។ 
ប៉ុន្តែដោយស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអ្នក និងខ្ញុំកំពុងតែប្រាកសនៅពេលនេះ អ្នកបម្រើរបស់ព្រះនឹងលេចចេញមកពីសាសន៍របស់ពួកគេផ្ទាល់។ នៅពេលពួកអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចេញមកពីសាសន៍របស់ពួកគេផ្ទាល់ ហើយព្រះនឹងលើកហោរាពីរនាក់ឡើងចេញពីពួកគេ ដែលនឹងប្រកាស និងពន្យល់ព្រះបន្ទូលព្រះទៅកាន់ពួកគេ នោះពួកគេនឹងជឿតាម។ 
ជនជាតិអ៊ីស្រអែលនឹងដឹងថា ស្មរបន្ទាល់ទាំងពីរនាក់នេះគឺជាហោរា ដែលព្រះបានតាំង និងបញ្ជូនមក ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ នៅថ្ងៃចុងក្រោយ។ ហោរាទាំងពីរនាក់នេះនឹងបញ្ចេញអំណាចដ៏អស្ចារ្យរបស់ពួកគេ ដូចជាពួកអ្នកបម្រើរបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលជនជាតិអ៊ីស្រាអែលស្គល់ និងជឿតាមដែរ។ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងមើលឃើញដោយភ្នែករបស់ពួកគេ នូវការអស្ចារ្យទាំងឡាយដែលហោរាទាំងពីរនាក់នេះនឹងធ្វើ។ តាមរយៈការនេះ ជនជាតិអ៊ីស្រាអែលនឹងបែរមកឯព្រះយេស៊ូវគ្រីស្ទ និងជឿលើព្រះអម្ចាស់វិញ។ កាលណាពួកគេជឿ និងទទួលស្គាល់ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់ពួកគេ ដូចជាយើងដែរ នោះពួកគេនឹងមានជំនឿដូចគ្នានឹងជំនឿរបស់យើង គឺថា ពួកគេក៏នឹងបានសង្រ្គោះ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។
ដូចដែលខ.៤ប្រាប់យើងថា «អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី» ព្រះគម្ពីរហៅហោរាទាំងពីរនាក់នេះថា «ដើមអូលីវទាំង២»។ ដើមអូលីវទាំំង២សំដៅទៅលើហោរាទាំងពីរនាក់នៅថ្ងៃចុងក្រោយ។ ខ.១០ សរសេរថា «ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់»។ នៅទីនេះ យើងត្រូវតែដោះស្រាយព្រះបន្ទូលនេះ ដោយការផ្តោតលើអ្នកណាគឺជាដើមអូលីវទាំង២។ 
ដើមអូលីវត្រូវបានគេប្រើនៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ ដើម្បី ឧទ្ទិសរបស់របរនៅក្នុងទីបរិសុទ្ធ និងអាសនានៅក្នុងវិហាររបស់ព្រះ ដោយការលាបនឹងប្រេងរបស់វា។ ប្រេងអូលីវនេះក៏ត្រូវបានគេប្រើសម្រាប់គោលបំណងផ្សេងៗផងដែរ ដូចជាដុតជើងចង្កៀងនៅក្នុងព្រះវិហារ។ ពួកគេត្រូវតែប្រើប្រេងអូលីវសុទ្ធជានិច្ច។ ព្រះមិនអនុញ្ញាតឲ្យប្រើប្រេងអ្វីផ្សេងនៅក្នុងព្រះវិហាររបស់ទ្រង់ឡើយ ប៉ុន្តែទ្រង់បានធ្វើឲ្យប្រាកដថា គេប្រើតែប្រេងអូលីវប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែដឹងថា ដើមអូលីវ ក៏ជាដើមល្វា តំណាងឲ្យជនជាតិអ៊ីស្រាអែល។ 
មានការកាត់ស្រាយជាច្រើនអំពីដើមអូលីវទាំង២ និងជើងចង្កើងទាំង២នេះ។ មនុស្សមួយចំនួនអះអាងថា ពួកគេផ្ទាល់គឺជាដើមអូលីវ។ ប៉ុន្តែដើមអូលីវទាំំង២នេះសំដៅទៅលើអ្នកដែលត្រូវបានព្រះចាក់ប្រេងតាំង។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ មនុស្សទទួលការចាក់ប្រេងតាំង នៅពេលពួកគេត្រូវបានតែងតាំងជាហោរា ស្តេច ឬសង្ឃ។ ដូច្នេះ នៅពេលមនុស្សម្នាក់ទទួលការចាក់ប្រេងតាំង ព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតលើគាត់។ ដូច្នេះ ដើមអូលីវសំដៅទៅលើព្រះយេស៊ូវគ្រីស្ទដែលចាប់ទុំផ្ទៃម្តាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធ (រ៉ូម ១១:២៤)។ ប៉ុន្តែមនុស្សមានការយល់ច្រឡំជាច្រើនលើចំណុចនេះ។ 
ដើមអូលីវទាំង២ដែលជាស្មរបន្ទាល់ទាំង២ នៅក្នុងបទគម្ពីរនេះ សំដៅលើអ្នកបម្រើទាំង២នាក់រស់ព្រះ ដែលទ្រង់នឹងលើកឡើងនៅថ្ងៃចុងក្រោយ សម្រាប់សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល។
នេះគឺជាអ្វីដែលខ.៤កំពុងតែប្រាប់យើង។ ហើយជើងចង្កៀងទាំងពីរនៅទីនេះ សំដៅទៅលើពួកជំនុំនៃព្រះ ដែលទ្រង់បានបង្កើតក្នុងចំណោមពួកសាសន៍ដទៃ និងពួកជំនុំសម្រាប់សាសន៍អ៊ីស្រាអែល។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ សាសន៍អ៊ីស្រាអែលមានពួកជំនុំនៃព្រះមុនគេ។ ប៉ុន្តែចាប់ពីសម័យព្រះគម្ពីរសញ្ញាថ្មី ពួកគេលែងមានពួកជំនុំនៃព្រះទៀតហើយ។ ហេតុអ្វី? ពីព្រោះពួកគេមិនទាន់ទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយក៏មិនទាន់មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេដែរ។ 
ពួកជំនុំរបស់ព្រះលែងមានក្នុងចំណោមពួកគេទៀតហើយ ពីព្រោះពួកគេមិនបានទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬព្រះយេស៊ូវគ្រីស្ទទេ។ ប៉ុន្តែនៅមុនចុងបញ្ចប់នៃលោកិយនេះ គឺក្នុងកំឡុងពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំ ព្រះក៏នឹងនឹងបង្កើតពួកជំនុំរបស់ទ្រង់សម្រាប់សាសន៍អ៊ីស្រាអែលផងដែរ។ ដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងអំពីដើមអូលីវទាំងពីរ ដែលជាស្មរបន្ទាល់ទាំងពីរ។ 
ព្រះអម្ចាស់នឹងតាំងពួកជំនុំរបស់ទ្រង់ ហើយធ្វើកិច្ចការសង្រ្គោះព្រលឹងចេញពីបាប ក្នុងចំណោមសាសន៍យូដា និងយើងដែលជាសាសន៍ដទៃ។ ហើយតាមរយៈពួកជំនុំទាំងនេះ ទ្រង់នឹងធ្វើឲ្យពួកគេបម្រើកិច្ចការខាងវិញ្ញាណនៃការសង្រ្គោះព្រលឹងចេញពីបាប រហូតដល់អាទទឹងនឹងព្រះគ្រីស្ទលេចមក។ នេះមានន័យថា ព្រះនឹងធ្វើឲ្យពួកបរិសុទ្ធដែលជាសមាជិកនៃពួកជំនុំទ្រង់ បម្រើព័ន្ធកិច្ចសង្រ្គោះព្រលឹងដែលបាត់បង់នៅក្នុងបាប។ ដូច្នេះ យើងត្រូវតែអនុវត្តយ៉ាងឧស្សាហ៍នូវព័ន្ធកិច្ចដែលសេសសល់របស់យើង នៅក្នុងជំនឿ។ 

ខ.៥៖ បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ។ 
ព្រះបានប្រទានអំណាចដល់ហោរាទាំង២ ដើម្បីឲ្យពួកគេអាចអនុវត្តបេសកកម្មពិសេសរបស់ទ្រង់បាន។ ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលប្រែចិត្ត និងយកឈ្នះលើសាតាំងនៅថ្ងៃចុងក្រោយ ព្រះបង្ហាញប្រាប់យើងថា អ្នកណាដែលព្យាយាមសម្លាប់ស្មរបន្ទាល់ទាំងពីរនាក់នេះ នឹងត្រូវរងគ្រោះថ្នាក់ខ្លួនឯង ហើយថា អំណាចនៃព្រះបន្ទូលទ្រង់នឹងនៅជាមួយស្មរបន្ទាល់ទាំងពីរនាក់នេះ។ 
ដូច្នេះ ប្រជាជនអ៊ីស្រាអែលនឹងជឿតាមសេចក្តីបង្រៀនរបស់ហោរាទាំងពីរនាក់នេះ ហើយនឹងបែរមកឯព្រះយេស៊ូវគ្រីស្ទវិញ។ នេះហើយគឺជាមូលហេតុដែលព្រះតាំងដើមអូលីវទាំងពីរ ដែលជាស្មរបន្ទាល់ទាំងពីរនាក់នេះ សម្រាប់សាសន៍អ៊ីស្រាអែល ដើម្បីឲ្យពួកគេបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ក្នុងកំឡុងថ្ងៃចុងក្រោយ។ 

ខ.៦៖ អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្តីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។ 
ដោយសារសាសន៍អ៊ីស្រាអែលនឹងមិនប្រែចិត្តទេ បើសិនអ្នកបម្រើរបស់ព្រះដែលទ្រង់នឹងលើកឡើងសម្រាប់ពួកគេ មិនធ្វើការអស្ចារ្យក្នុងអំណាចរបស់ទ្រង់ នោះព្រះនឹងអនុញ្ញាតឲ្យស្មរបន្ទាល់ទាំងពីរធ្វើការជាមួយអំណាចរបស់ទ្រង់។ ហោរាទាំងពីរនាក់នឹងមិនគ្រាន់តែដឹកនាំសាសន៍អ៊ីស្រាអែលទៅកាន់ព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងយកឈ្នះលើពួកខ្មាំងសត្រូវរបស់ព្រះ ដោយអំណាច ហើយបំពេញកិច្ចការទាំងអស់តាមការត្រាស់ហៅរបស់ពួកគេផងដែរ។ ព្រះនឹងប្រទានដល់ពួកគេនូវអំណាចពិសេស ដើម្បីឲ្យពួកគេអាចប្រកាសព្រះបន្ទូលទំនាយទៅកាន់ប្រជាជនអ៊ីស្រាអែល ដែលធ្វើបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ មែស៊ីដែលពួកគេបាន និងកំពុងរង់ចាំជាយូរមកហើយ ហើយធ្វើឲ្យពួកគេជឿលើទ្រង់។ 

ខ.៧៖ កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសំឡាប់គេផង។ 
ព្រះបន្ទូលនេះប្រាប់យើងថា អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកលើផែនដីនេះ នៅពេលរយៈពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំកន្លងផុតទៅ។ ពេលនេះហើយ ដែលអស់អ្នកដែលជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលពួកគេរង់ចាំ នឹងលេចចេញមកពីសាសន៍អ៊ីស្រាអែល។ ប៉ុន្តែពួកគេជាច្រើននឹងត្រូវបានសត្វសាហាវ ដែលជាអាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វាសម្លាប់ ដើម្បីការពារជំនឿរបស់ខ្លួន។ ហើយហោរាទាំងពីររបស់ព្រះក៏នឹងត្រូវគេសម្លាប់ផងដែរ នៅពេលពួកគេបញ្ចប់កិច្ចការនៃការត្រាស់ហៅរបស់ពួកគេ។ 
ការដែលស្មរបន្ទាល់ទាំងពីរនេះ នឹងត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ គឺស្របតាមបំណងព្រះហឫទ័យព្រះ។ ហេតុអ្វី? ពីព្រោះព្រះក៏ចង់ប្រទានរង្វាន់ដល់ពួកគេ សម្រាប់ទុក្ករកម្មផងដែរ។ រង្វាន់នេះគឺសម្រាប់ពួកគេចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ចូលរួមជាមួយព្រះ អម្ចាស់នៅក្នុងពិធីមង្គលការរបស់កូនចៀម មានអំណរអស់កល្បជានិច្ច និងទទួលបានជីវិតអស់កល្បជានិច្ច។ ព្រះចង់ឲ្យពួកបរិសុទ្ធទាំងអស់ធ្វើទុក្ករកម្មសម្រាប់ជំនឿរបស់ពួកគេ ដើម្បីប្រទានព្រះពរនេះដល់ពួកគេ។ ដូច្នេះ ពួកបរិសុទ្ធមិនត្រូវភ័យខ្លាច ឬគេចពីទុក្ករកម្មឡើយ ប៉ុន្តែផ្ទុយទៅវិញ ទទួលយកទុក្ករកម្ម ដោយជំនឿត្រឹមត្រូវ និងទទួលរង្វាន់របស់ខ្លួន។ 

ខ.៨៖ ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ។ 
ខនេះប្រាប់យើងថា «ស្មរបន្ទាល់ទាំងពីរ» គឺពិតជាមកពីសាសន៍ អ៊ីស្រាអែលមែន។ អ្នកបម្រើទាំងពីរដែលព្រះនឹងលើកឡើងពីសាសន៍ អ៊ីស្រាអែល មិនមែនជាសាសន៍ដទៃទេ ប៉ុន្តែមកពីសាសន៍អ៊ីស្រាអែលផ្ទាល់តែម្តង។ ដូច្នេះ ស្មរបន្ទាល់ទាំងពីរត្រូវបានសម្លាប់ នៅកន្លែងតែមួយ ដែលគេបានឆ្កាងព្រះយេស៊ូវ។ ការពិតនេះប្រាប់យើងយ៉ាងច្បាស់លាស់ថា ស្មរបន្ទាល់ទាំងពីរនាក់នេះគឺជាសាសន៍អ៊ីស្រាអែល។ សម្រាប់សាសន៍អ៊ីស្រាអែល ពួកគេគឺជាអ្នកបម្រើរបស់ព្រះ។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់អ្នកបម្រើទាំងពីរនាក់របស់ព្រះ នៅកន្លែងដែលមានឈ្មោះថា ភ្នំលលាក្បាល ដែលគេបានឆ្កាងព្រះយេស៊ូវ។ ដោយសារអ្នកដើរតាមរបស់អាទទឹងនឹងព្រះគ្រីស្ទមានវិញ្ញាណអាក្រក់ ពួកគេនឹងស្អប់ស្មរបន្ទាល់ទាំងពីរនាក់នេះយ៉ាងខ្លាំង ពីព្រោះស្មរបន្ទាល់ទាំងពីរនាក់នេះជឿព្រះយេស៊ូវ និងធ្វើបន្ទាល់ពីទ្រង់។ 
ដូចដែលទាហានរ៉ូម៉ាំងដែលបានឆ្កាងព្រះយេស៊ូវ និងបានយកលំពែងចាក់ចំហៀងទ្រង់ពីមុនដែរ អស់អ្នកដែលមានវិញ្ញាណអាក្រក់ នឹងមិនគ្រាន់តែស្អប់ព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងស្អប់ស្មរបន្ទាល់ទាំងពីរនាក់របស់ព្រះ ហើយសម្លាប់ពួកគេផងដែរ។ 

ខ.៩៖ នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា និងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ។ 
ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ក៏មានអ្នកដែលមិនជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ពួកគេផងដែរ។ ដោយមើលឃើញសាកសពរបស់អ្នកបម្រើទាំងពីរនាក់ (ដើមអូលីវទាំងពីរ) អ្នកទាំងនេះនឹងពោរពេញទៅដោយគំនិតនៃជ័យជំនះរបស់ពួកគេ ហើយដើម្បីពង្រីកគំនិតនៃជ័យជំនះនេះ ពួកគេថែមទាំងនឹងមិនកប់សាកសពរបស់ជនរងគ្រោះរបស់ពួកគេឲ្យបានស្រួលបួលទៀតផង។ ប៉ុន្តែជ័យជំនះរបស់ពួកគេនឹងបាក់បែកខ្ទេចខ្ទីរ កាលណាព្រះប្រោស «ស្មរបន្ទាល់ទាំងពីរ» ឲ្យរស់ពីស្លាប់ឡើងវិញ ហើយពួកគេនឹងកោតខ្លាចចំពោះព្រះ។ 
ពួកគេអាចសាទរចំពោះខ្លួនឯង សម្រាប់ការស្លាប់របស់អ្នកបម្រើទាំងពីររបស់ព្រះបាន ប៉ុន្តែការសាទរនេះមិនស្ថិតស្ថេរបានយូរទេ ពីព្រោះពួកគេនឹងដឹងយ៉ាងឆាប់ថា អាទទឹងនឹងព្រះគ្រីស្ទមិនអាចប្រៀបស្មើនឹងព្រះយេស៊ូវគ្រីស្ទបានឡើយ។ ដូច្នេះ ពួកគេមានតែការខកចិត្ត និងភាពទទេប៉ុណ្ណោះ។ 
អ្នកទាំងនេះមិនចូលចិត្តព្រះបន្ទូលនៃទំនាយរបស់ព្រះ ដែលហោរាទាំងពីរនាក់បានប្រកាសឡើយ។ ដោយទាស់ប្រឆាំងនឹងអ្នកបម្រើទាំងពីរនាក់នេះ ដែលព្រះនឹងលើកឡើង ពួកគេនឹងត្រូវកាត់ចេញពីចម្រូតនៃ សេចក្តីសង្រ្គោះចុងក្រោយ ហើយក្លាយជាអ្នកដើរតាមសាតាំង។ 

ខ.១០៖ ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។ 
ដោយសារពួកគេនឹងប្រកាសព្រះបន្ទូលនៃទំនាយរបស់ព្រះ ស្មរបន្ទាល់ទាំងពីរនាក់ ដែលព្រះបានតាំងឡើងសម្រាប់សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល នឹងធ្វើជាការឈឺចាប់ដ៏ខ្លាំងមួយនៅក្នុងករបស់ពួកអ្នកដើរតាមសាតាំង។ ដូច្នេះ ពួកគេនឹងអរសប្បាយ ពីការស្លាប់របស់ស្មរបន្ទាល់ទាំងពីរនាក់ ហើយផ្ញើអំណោយជូនគ្នាទៅវិញទៅមក ដើម្បីសាទរចំពោះការស្លាប់របស់ពួកគេ។ 
យើងក៏អរសប្បាយផងដែរ កាលណាអស់អ្នកដែលបានធ្វើទុក្ខដល់យើង ស្លាប់។ អាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វាស្អប់ នៅពេលស្មរបន្ទាល់ទាំងពីរនាក់ប្រកាសព្រះបន្ទូលទ្រង់។ គ្រប់ពេលដែលពួកគេស្តាប់ឮព្រះបន្ទូលនៃព្រះ វិញ្ញាណរបស់ពួកគេនឹងពេញទៅដោយការរងទុក្ខ។ ដូច្នេះ ដោយសារពួកគេរងទុក្ខ កាលណាស្មរបន្ទាល់ទាំងពីរនាក់និយាយអំពីព្រះយេស៊ូវទៅកាន់ពួកគេ ពួកគេនឹងអរសប្បាយ នៅពេលពួកគេមើលឃើញអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ស្មរបន្ទាល់ទាំងពីរនាក់។ នេះហើយគឺជាមូលហេតុដែលពួកគេនឹងផ្លាស់ប្តូរអំណោយគ្នា ដើម្បីសាទរចំពោះការស្លាប់នេះ។ 

ខ.១១៖ ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភ័យខ្លាចជាខ្លាំង។ 
ទោះបីយ៉ាងណា ព្រះនឹងអនុញ្ញាតឲ្យស្មរបន្ទាល់ទាំង២នាក់ចូលរួមក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ ព្រះបន្ទូលនេះគឺជាភស្តុតាងនៃការពិតថា ពួកបរិសុទ្ធដែលបានធ្វើទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ខ្លួន បន្ទាប់ពីបានសង្រ្គោះចេញពីបាប ដោយសារការជឿតាមព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានប្រទានឲ្យ នឹងចូលរួមក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ។ 
វិញ្ញាណនៃជីវិតបានចូលទៅក្នុងពួកគេ «ក្រោយ៣ថ្ងៃកន្លះមក» ប្រាប់យើងថា ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យការរស់ពីស្លាប់ឡើងវិញរបស់ពួកគេកើតឡើងក្នុងពេលដ៏ឆាប់ ដូចដែលអង្គទ្រង់ផ្ទាល់បានមានព្រះជន្មរស់ពីសុគតឡើងវិញដែរ។ សម្រាប់ពួកបរិសុទ្ធ ការដែលព្រះអនុញ្ញាតឲ្យពួកគេទាំងអស់គ្នាមានជំនឿលើការរស់ពីស្លាប់ឡើងវិញលើកទីមួយ គឺជាព្រះពរដ៏ធំពីព្រះ ប៉ុន្តែសម្រាប់មនុស្សមានបាបទាំងអស់ វានឹងនាំមកនូវការខកចិត្ត និងសេចក្តីភ័យខ្លាចយ៉ាងខ្លាំង។ ការរស់ពីស្លាប់ឡើងវិញលើកទីមួយរបស់ពួកបរិសុទ្ធគឺជាសេចក្តីសន្យារបស់ព្រះ និងរង្វាន់របស់ទ្រង់សម្រាប់ជំនឿរបស់ពួកគេ។ 

ខ.១២៖ នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញ
ដែរ។ 
ព្រះបន្ទូលនេះប្រាប់អំពីការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធទាំងអស់ឡើងទៅស្ថានសួគ៌។ ដោយបានជឿតាមព្រះបន្ទូលទំនាយរបស់ព្រះអម្ចាស់ អស់អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន នឹងត្រូវតែធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ខ្លួន។ ខនេះបង្ហាញប្រាប់យើងថា ព្រះអម្ចាស់នឹងប្រោសពួកបរិសុទ្ធទាំងនេះឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកពួកគេឡើងទៅស្ថានសួគ៌។ ពួកបរិសុទ្ធ និងពួកអ្នកបម្រើរបស់ព្រះ ដែលបានធ្វើទុក្ករកម្មនៅក្នុងសេចក្តីស្មោះត្រង់របស់ខ្លួនចំពោះទ្រង់ នឹងទទួលបានព្រះពរនៃការលើកឡើងទៅស្ថានសួគ៌ ដោយសារជំនឿរបស់ពួកគេលើព្រះអម្ចាស់។ យើងត្រូវតែអរព្រះគុណដល់ព្រះអម្ចាស់ សម្រប់ការប្រទានដល់យើងនូវការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ជារង្វាន់សម្រាប់ការធ្វើទុក្ករកម្ម បន្ទាប់ពីបានសង្រ្គោះ ដោយការជឿលើការអត់ទោសបាប ដែលទ្រង់បានប្រទានឲ្យយើង។ 
ព្រះវរបិតានឹងអនុញ្ញាតឲ្យការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌កើតឡើងសម្រាប់អស់អ្នកដែលទាស់ប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ និងបានធ្វើទុក្ករកម្ម ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ។ យើងត្រូវតែជឿតាមការពិតនេះ។ ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធគឺជាព្រះពរដែលហូរចេញពីសេចក្តីសង្រ្គោះរបស់ពួកគេ តាម រយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះប្រទានឲ្យ។ នៅថ្ងៃចុងក្រោយ សាតាំង និងពួកអ្នកដើរតាមរបស់វានឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីហោះទៅក្នុងអាកាស នៅពេលពួកគេមើលឃើញពួកបរិសុទ្ធដែលពួកគេបានបៀតបៀន និងសម្លាប់ រស់ពីស្លាប់ឡើងវិញ និងត្រូវបានលើកឡើងទៅស្ថានសួគ៌។ 
ព្រះនឹងប្រោសឲ្យពួកបរិសុទ្ធដែលបានធ្វើទុក្ករកម្ម រស់ពីស្លាប់ឡើងវិញ ហើយលើកពួកគេឡើងទៅស្ថានសួគ៌ ប៉ុន្តែទ្រង់នឹងបំផ្លាញអស់អ្នកដែលនៅសល់នៅលើផែនដីនេះ ដោយការចាក់បង្ហូរគ្រោះកាចនៃចានទាំង៧មក។ នៅពេលកិច្ចការនេះត្រូវបានបញ្ចប់យ៉ាងលឿន ទ្រង់នឹងយាងចុះមកផែនដីនេះ ជាមួយពួកបរិសុទ្ធ ហើយអញ្ជើញមនុស្សសុចរិតឲ្យចូលរួមក្នុងពិធីមង្គលការរបស់ព្រះគ្រីស្ទ។ ព្រះអម្ចាស់របស់យើងនឹងមានពិធីលៀងនេះ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ហើយកាលណារយៈពេលមួយពាន់ឆ្នាំនេះបញ្ចប់ទៅ ទ្រង់នឹងអនុញ្ញាតឲ្យសាតាំងឡើងពីជង្ហុកធំមួយភ្លែត ហើយទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ប៉ុន្តែជាចុងក្រោយ ទ្រង់នឹងបំផ្លាញសាតាំង និងពួកអ្នកដើរតាមរបស់វា ដោយបោះទម្លាក់ពួកគេទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច។ ប៉ុន្តែមនុស្សសុចរិតនឹងចូលទៅក្នុងនគរស្ថានសួគ៌របស់ព្រះអម្ចាស់ ហើយរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។

ខ.១៣៖ នៅវេលានោះឯង មានកក្រើកដីជាខ្លាំង ទីក្រុងនោះ១ភាគក្នុង១០ក៏រលំអស់ទៅ ហើយមានមនុស្ស៧ពាន់នាក់ស្លាប់ ក្នុងខណៈដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់ គេមានចិត្តភ័យខ្លាច ក៏សរសើរដំកើងដល់ព្រះនៃស្ថានសួគ៌។ 
បន្ទាប់ពីការធ្វើទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ហោរាទាំង២នាក់ ដែលព្រះនឹងលើកឡើងជាពិសេសសម្រាប់សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល ទ្រង់នឹងអនុញ្ញាតឲ្យពួកទេវតារបស់ទ្រង់ចាក់គ្រោះកាចនៃចានទាំង៧ដោយសេរី។ អស់អ្នកដែលនៅសល់នៅលើផែនដីនេះ បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ហើយ នឹងទទួលបានគ្រោះកាចនៃចានទាំង៧នេះទុកជាអំណោយ។ មានតែដូច្នេះទេ ទើបពួកគេមានសេចក្តីភ័យខ្លាច និងថ្វាយសិរីល្អដល់ព្រះ ប៉ុន្តែវាលែងមានប្រយោជន៍សម្រាប់ពួកគេទៀតហើយ ពីព្រោះវាមិនមែនជាទង្វើចេញពីជំនឿពិតលើសេចក្តីស្រឡាញ់របស់ព្រះឡើយ។ 
កាលណាផែនដីនេះត្រូវបានបំផ្លាញ មនុស្សសុចរិតនឹងទទួលបានស្ថានសួគ៌ ការរស់ពីស្លាប់ឡើងវិញ និងព្រះពរដ៏អស់កល្បជានិច្ច ប៉ុន្តែសម្រាប់ពួកមនុស្សមានបាបវិញ មានតែការរងទុក្ខនៅក្នុងភ្លើងដ៏អស់កល្បជានិច្ចទេ ដែលនឹងរង់ចាំពួកគេ។ ដូច្នេះហើយបានជាគ្រប់គ្នាត្រូវតែទទួលបានការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ ហើយដោយសារអស់អ្នកដែលបានប្រោសលោះចេញពីអំពើបាបរបស់ខ្លួន ជឿលើពិភពលោកថ្មីដែលព្រះបានសន្យាជាមួយពួកគេ ពួកគេប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សគ្រប់គ្នា។

ខ.១៤៖ សេចក្តីវេទនាទី២បានកន្លងទៅហើយ មើល សេចក្តីវេទនាទី៣ត្រូវមកជាឆាប់។ 
សម្រាប់ពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល សេចក្តីវេទនាទីបីពីព្រះនឹងរង់ចាំគ្រប់គ្នា លើកលែងតែអស់អ្នកដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ បន្ទាប់ពីបានសង្រ្គោះ និងធ្វើទុក្ករកម្ម។ 
គ្រោះកាចចាប់ពីការបន្លឺសម្លេងត្រែរបស់ទេវតាទី៦ ដល់ការចាប់ផ្តើមនៃគ្រោះកាចនៃចានទាំង៧ ដោយការបន្លឺសម្លេងត្រែទី៧ ត្រូវបានហៅថា សេចក្តីវេទនាទីពីរ។ គ្រោះកាចនៃត្រែទាំង៧ចែកចេញជាបីកំឡុងពេល គឺកំឡុងពេលមុនដំបូង កំឡុងពេលពាក់កណ្តាល និងកំឡុងពេលចុង ក្រោយ។ គ្រោះធម្មជាតិ និងទុក្ករកម្មរបស់ពួកបរិសុទ្ធ ដែលបង្កឡើងដោយអាទទឹងនឹងព្រះគ្រីស្ទ រួមបញ្ចូលនៅក្នុងសេចក្តីវេទនាទីមួយ និងទី ពីរ។ ហើយសេចក្តីវេទនាទីបីគឺជាគ្រោះកាចដែលនឹងបំផ្លាញផែនដីនេះចោលទាំងស្រុង។ សេចក្តីវេទនាទីបីនេះគឺជាចាននៃសេចក្តីក្រោធរបស់ព្រះ ដែលនឹងត្រូវចាក់មកលើមនុស្សមានបាបដែលនៅលើផែនដីនេះ។

ខ.១៥៖ ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ។ 
ឃ្លាថា «នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃ» បង្ហាញប្រាប់យើងថា ពួកបរិសុទ្ធ និងអ្នកបម្រើរបស់របស់ព្រះដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់ បាននៅលើស្ថានសួគ៌រួចទៅហើយ នៅពេលគ្រោះកាចនៃចានទាំង៧ចាប់ផ្តើមនៅលើផែនដីនេះ។ ដូច្នេះ នៅពេលនេះ រាស្ត្ររបស់ព្រះលែងនៅក្នុងលោកិយនេះទៀតហើយ។ យើងត្រូវតែដឹងពីការពិតនេះ។ «នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ!»
នៅពេលនេះ ពួកបរិសុទ្ធនឹងសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌ ប៉ុន្តែបន្ទាប់ពីគ្រោះកាចទាំងអស់នៃចានទាំង៧ត្រូវបានចាក់មក ពួកគេក៏នឹងចុះមកផែនដីថ្មីជាមួយព្រះអម្ចាស់ ហើយសោរាជ្យជាមួយទ្រង់សម្រាប់រយៈពេលមួយពាន់ឆ្នាំផងដែរ។ ដូច្នេះ បន្ទាប់ពីនោះ នឹងមានការសោយរាជ្យរបស់ព្រះអម្ចាស់ និងពួកបរិសុទ្ធនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ដើម្បីសង្រ្គោះយើងចេញពីបាប ព្រះអម្ចាស់បានបម្រើយើងក្នុងនាមជាអ្នកបម្រើម្នាក់ អស់មួយរយៈនេះ ដោយទ្រង់មិនបានសោយរាជ្យជា ស្តេចលើយើងទេ។ ទ្រង់បានប្រទានដល់យើងនូវព្រះគុណរបស់ទ្រង់ ដែលធ្វើឲ្យអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក្លាយជាកូនរបស់ព្រះ។ ដោយសារព្រះអម្ចាស់គឺជាស្តេចដ៏អស់កល្បជានិច្ចសម្រាប់យើង ទ្រង់ក៏នឹងអនុញ្ញាតឲ្យរាស្ត្ររបស់ទ្រង់សោយរាជ្យអស់កល្បជានិច្ចផងដែរ។ ហាលេលូយ៉ា! សូមអរព្រះគុណដល់ព្រះអម្ចាស់!

ខ.១៦៖ នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់។
ព្រះសមនឹងទទួលបានសិរីល្អទាំងអស់។ មានតែអស់អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនទេ ដែលសមនឹងក្រាបចុះ ថ្វាយបង្គំ និងសរសើរតម្កើងព្រះ។ ព្រះអម្ចាស់របស់យើងដែលបានធ្វើកិច្ចការសង្រ្គោះមនុស្សមានបាប សមនឹងទទួលបានការសរសើរតម្កើង និងការថ្វាយបង្គំពីពួកបរិសុទ្ធ និងស្នាព្រះហស្តទាំងអស់ អស់កល្បជានិច្ច។ 

ខ.១៧៖ ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង។ 
ដើម្បីសោយរាជ្យជាមួយរាស្ត្ររបស់ទ្រង់ចាប់ពីពេលនោះតទៅ ព្រះអម្ចាស់របស់យើងនឹងយកឈ្នះលើសាតាំង ហើយទទួលបានអំណាចដ៏ខ្លាំងអស្ចារ្យពីព្រះវរបិតា។ ដូច្នេះ ព្រះអម្ចាស់នឹងសោយរាជ្យជារៀងរហូតតទៅ។ ទ្រង់សមនឹងធ្វើដូច្នេះ។ ខ្ញុំសូមថ្វាយសិរីល្អដល់ទ្រង់ ពីព្រោះព្រះ អម្ចាស់ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដែលបានសង្រ្គោះអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងដែលបានវិនិច្ឆ័យពួកខ្មាំងសត្រូវរបស់ទ្រង់ សមនឹងទទួលអំណាចដ៏អស្ចារ្យរបស់ទ្រង់ ហើយសោយរាជ្យអស់កល្បជានិច្ច។ ដូច្នេះ អ្នកដែលទទួលស្គាល់អធិបតេយភាពរបស់ព្រះ នឹងបានពាក់សិរីល្អនៃការសរសើរតម្កើងព្រះ ជាមួយអំណាច និងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអម្ចាស់។ 

ខ.១៨៖ អស់ទាំងសាសន៍បានមានសេចក្តីកំហឹង ហើយសេចក្តីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង។ 
ក្នុងពេលដំណាលគ្នានឹងការចាក់គ្រោះកាចនៃចានទាំង៧មក ឥឡូវនេះ នឹងមានការវិនាសសាច់ឈាមរបស់អស់អ្នកដែលនៅតែជាសាសន៍ដទៃខាងវិញ្ញាណ។ ព្រះបន្ទូលនេះប្រាប់យើងថា បន្ទាប់ពីនោះគឺជាពេលវេលាសម្រាប់ព្រះវិនិច្ឆ័យមនុស្សគ្រប់គ្នា ក្នុងនាមជាចៅក្រមលើមនុស្សទាំងអស់ ប្រទានរង្វាន់ដល់ពួកហោរា អ្នកបម្រើ និងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយបំផ្លាញអស់អ្នកដែលទាស់ប្រឆាំង និងមិនស្តាប់បង្គាប់តាមបំណងព្រះហឫទ័យទ្រង់។ ព្រះអម្ចាស់នឹងនាំសេចក្តីក្រោធតាមរយៈការវិនិច្ឆ័យរបស់ទ្រង់ មកលើអស់អ្នកដែលមិនទទួលស្គាល់ អធិបតេយភាពរបស់ទ្រង់ ប៉ុន្តែទ្រង់នឹងអនុញ្ញាតឲ្យពួកបរិសុទ្ធបានតម្កើងឡើងជាមួយទ្រង់។ នេះមានន័យថា ព្រះអម្ចាស់បានធ្វើជាចៅក្រមលើមនុស្សទាំងអស់ ទោះទាំងមនុស្សល្អ និងទាំងមនុស្សអាក្រក់ផង។ 
កាលណាព្រះអម្ចាស់គង់នៅលើបល្ល័ង្ករបស់ទ្រង់ ក្នុងនាមជាស្តេចនៃអ្នកដែលបានកើតជាថ្មី ហើយវិនិច្ឆ័យលើមនុស្សទាំងអស់ មនុស្សសុចរិត និងមនុស្សមានបាបទាំងអស់ នឹងទទួលបានការវិនិច្ឆ័យដ៏យុត្តិធម៌របស់ ខ្លួន។ នៅពេលនេះ តាមសេចក្តីសម្រេចនៃការវិនិច្ឆ័យរបស់ទ្រង់ ព្រះ អម្ចាស់នឹងប្រទានស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចដល់ពួកបរិសុទ្ធ ប៉ុន្តែទ្រង់នឹងនាំទណ្ឌកម្មនៃស្ថាននករ និងសេចក្តីវិនាសអស់កល្បជានិច្ចមកលើមនុស្សមានបាបវិញ។ អធិបតេយភាពរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះពរនៃការសោយរាជ្យរបស់រាស្ត្រទ្រង់ នឹងបន្តគង់នៅអស់ល្បជានិច្ច។ នៅពេលនេះ ពិភពលោកចាស់នឹងរលាយបាត់ទៅ ហើយពិភពលោកថ្មីមួយដែលជានគររបស់ព្រះគ្រីស្ទ នឹងចាប់ផ្តើម។ 

ខ.១៩៖ នោះមានគេបើកព្រះវិហារនៃព្រះ នៅស្ថានសួគ៌ ហើយឃើញមានហិបនៃសេចក្តីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី និងព្រិលយ៉ាងធំៗ។ 
ព្រះនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធ ដែលជាមនុស្សសុចរិតរបស់ទ្រង់ ទទួលបានព្រះពរ និងរស់នៅក្នុងព្រះវិហាររបស់ទ្រង់។ ការទាំងអស់នេះត្រូវបានបំពេញសម្រេច ដោយស្របទៅតាមសេចក្តីសន្យារបស់ទ្រង់ចំពោះមនុស្សជាតិនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នគរព្រះចាប់ផ្តើម ដោយព្រះបន្ទូលទំនាយរបស់ព្រះ ហើយវាបានពេញលេញ ដោយសារការបំពេញសម្រេចនៃទំនាយនេះ។ 
សេចក្តីសន្យាទាំងអស់របស់ព្រះ ចាប់ពីការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ការចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀមជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះពររបស់ពួកគេក្នុងការសោយរាជ្យជាស្តេចអស់កល្បជានិច្ច ត្រូវបានប្រទានស្មើៗគ្នាដល់ ប្រជាជនអ៊ីស្រាអែល និងយើងដែលជាសាសន៍ដទៃ។ ហើយទ្រង់ប្រទានតម្លៃស្មើៗគ្នាដល់សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល ក្នុងកំឡុងថ្ងៃចុងក្រោយ និងសេចក្តីសង្រ្គោះរបស់យើង ធ្វើឲ្យទទួលយកទុក្ករកម្មនៅ កំឡុងពេលនេះ ប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ លើកយើងឡើងទៅលើអាកាស និងប្រទានសិរីល្អដល់យើងស្មើៗគ្នា។ ព្រះបន្ទូលប្រាប់យើងថា ទោះបីជាសាសន៍អ៊ីស្រាអែល និងយើងដែលជាសាសន៍ដទៃ គឺជាមនុស្សខុសគ្នាខាងសាច់ឈាមក៏ដោយ ក៏យើងនៅតែជារាស្ត្រខាងវិញ្ញាណដូចគ្នារបស់ព្រះដែរ។ 
មនុស្សជាច្រើនអះអាង និងជឿថា អ្នកដែលបានកើតជាថ្មី នឹងត្រូវបានលើកឡើងទៅលើអាកាស នៅមុនការរងទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំចាប់ផ្តើម។ ប៉ុន្តែជំនឿនេះមិនត្រឹមត្រូវទេ។ និយាយតាមព្រះគម្ពីរ មនុស្សនឹងបន្តស្តាប់ឮដំណឹងល្អ និងអាចបានសង្រ្គោះពេញក្នុងកំឡុងពេលបីឆ្នាំកន្លះដំបូងនៃរយៈពេលប្រាំពីរឆ្នាំនៃការរងទុក្ខវេទនាដ៏ធំ។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ពួកបរិសុទ្ធនឹងត្រូវធ្វើ ទុក្ករកម្ម ហើយបន្ទាប់ពីការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅលើអាកាស នឹងមានពិធីមង្គលការរបស់កូនចៀម ដែលអនុញ្ញាតឲ្យពួកបរិសុទ្ធសោយរាជ្យជាមួយទ្រង់សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 
ពួកបរិសុទ្ធត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីពេលវេលានៃទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកគេ។ បើសិនមិនដឹងពីពេលវេលាទាំងនេះទេ ពួកគេនឹងបន្តវង្វេងនៅក្នុងការយល់ច្រឡំ ហើយស្លាប់ខាងវិញ្ញាណហើយ។ 
អ្នកដែលមានការយល់ដឹងត្រឹមត្រូវអំពីទិព្វញ្ញាណរបស់ព្រះអំពីថ្ងៃចុងក្រោយ មានសង្ឃឹមសម្រាប់ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពក ហើយនឹងបម្រើដំណឹងល្អយ៉ាងឧស្សាហ៍។ អ្នកដែលដឹងថា នៅលើផែនដីនេះ គ្មានសង្ឃឹមអ្វីសោះ ត្រូវតែមានសង្ឃឹមដូចជាអ្នកដែលបានកើតជាថ្មីដែរ ដោយជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយពួកបរិសុទ្ធត្រូវធ្វើទុក្ករកម្ម ដោយការជឿតាមព្រះបន្ទូលនៃព្រះ។ 
នៅគ្រានេះ មនុស្សពិតជាត្រូវការជំនឿដែលស្គាល់ពីពេលវេលា។ ពេលវេលាជិតមកដល់ហើយ ដែលគ្រោះកាច និងសេចក្តីវេទនាដ៏ធំធា្លក់មកលើផែនដីទាំងមូល ហើយអាទទឹងនឹងព្រះគ្រីស្ទលេចមក។ ឥឡូវនេះគឺជាពេលវេលាដែលត្រូវភ្ញាក់ពីដំណេករបស់អ្នកហើយ។ យើងត្រូវតែចងចាំថា យើងត្រូវឆ្លងកាត់សេចក្តីវេទនាស្ទើរតែទាំងអស់នៃសេចក្តីវេទនាដ៏ធំ។ ហើយយើងចាំបាច់ត្រូវតែជឿលើការយាងត្រឡប់មកវិញរបស់ព្រះ គ្រីស្ទ ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅលើអាកាសរបស់យើង ហើយនិងការចូលរួមក្នុងពិធីមង្គលការរបស់កូនចៀមជាមួយព្រះ គ្រីស្ទ។ ដើម្បីឲ្យយើងមានជំនឿត្រឹមត្រូវបំផុតនៅគ្រានេះ យើងត្រូវតែចូលទៅក្នុងហិបសញ្ញានៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ខ្ញុំសង្ឃឹម និងអធិស្ឋានថា តាមរយៈការដឹងពីគ្រាបច្ចុប្បន្ននេះ អ្នកនឹងមានជំនឿបន្ទាន់ និងត្រឹមត្រូវបំផុតសម្រាប់គ្រានេះ។