Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)
[ជំពូក 11-2] សេចក្តីសង្រ្គោះ របស់សាសន៍អ៊ីស្រាអែល (វិវរណៈ ១១:១-១៩)
(វិវរណៈ ១១:១-១៩)
ហេតុអ្វីព្រះនឹងបញ្ជូនហោរាទាំង២ទៅកាន់សាសន៍អ៊ីស្រាអែល? ព្រះនឹងធ្វើដូច្នេះ ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែលជាពិសេស។ បទគម្ពីរមេប្រាប់យើងថា ព្រះនឹងធ្វើឲ្យស្មរបន្ទាល់ទាំង២របស់ទ្រង់ទាយ សម្រាប់ រយៈពេល១២៦០ថ្ងៃ។ នេះគឺដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែលជាចុងក្រោយ។ ដូច្នេះ ការដែលព្រះនឹងសង្រ្គោះសាសន៍អ៊ីស្រាអែលក៏មានន័យផងដែរថា ពេលវេលានៃទីបញ្ចប់នៃលោកិយនេះនឹងមកដល់។ ខ.២និយាយថា «តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដ៏ទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ»។ នេះមានន័យថា កាលណាគ្រោះកាចមកដល់ពួកសាសន៍ដទៃ កាលណារយៈពេលប្រាំពីរឆ្នាំនៃសេចក្តីវេទនាដ៏ធំចាប់ផ្តើមបន្តិចម្តងៗ ដោយការគ្រោះកាច និងភាពវឹកវរដ៏ធំ ហើយកាលណាអស់អ្នកក្នុងចំណោមពួកសាសន៍ដទៃបានស្តាប់ឮ និងជឿតាមដំណឹងល្អ ត្រូវបានគេសម្លាប់ដោយព្រោះជំនឿ ព្រះនឹងលើកហោរាទាំង២ឡើងសម្រាប់សាសន៍អ៊ីស្រាអែល ធ្វើឲ្យពួកគេធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះ និងព្រះអង្គសង្រ្គោះ ហើយសង្រ្គោះសាសន៍អ៊ីស្រាអែល។ វាប្រាប់យើងថា ទាំងនេះគឺជាព្រះរាជកិច្ចរបស់ព្រះដែលទ្រង់នឹងធ្វើ។ យើងត្រូវតែបង្រៀនព្រះបន្ទូលនេះដល់អស់អ្នកដែលបានចាញ់បោកសាតាំង ដែលអះអាងថា ពួកអ្នកដឹកនាំនិកាយរបស់ពួកគេគឺជាដើមអូលីវទាំង២នៅថ្ងៃចុងក្រោយ ឬថា បិតាស្ថានិកនៃនិកាយរបស់ពួកគេគឺជាហោរាអេលីយ៉ាសម្រាប់ថ្ងៃចុងក្រោយ។ កាលណាពួកជំនុំខាងលោកិយនេះនិយាយអំពីកណ្ឌគម្ពីរវិវរណៈ ពួកគេបង្ខូចបទគម្ពីរអំពីដើមទាំងអូលីវទាំង២នេះជាងគេ។ ក្នុងចំណោមមនុស្សទាំងអស់ដែលចាញ់បោកក្រុមខុសឆ្គងផ្សេងៗ ដែលខ្ញុំបានជួបនៅក្នុងជីវិតនៃជំនឿរបស់ខ្ញុំកន្លងមក គ្មានអ្នកណាម្នាក់ ដែលមិនអះអាងយ៉ាងខុសថា អ្នកដឹកនាំនិកាយរបស់ខ្លួនគឺជាដើមអូលីវ១ក្នុងចំណោមដើមអូលីវទាំង២ ដែលយើងនិយាយអំពីនៅទីនេះនោះឡើយ។ បុគ្គលដែលមានជំនឿខុសឆ្គង ដែលខ្ញុំស្គាល់ សុទ្ធតែមានការអះអាងបែបនេះទាំងអស់។ ប៉ុន្តែដើមអូលីវទាំង២ និងជើងចង្កៀងទាំង២នៅក្នុងកណ្ឌគម្ពីរ វិវរណៈ មិនមែនជាអ្វីដែលពួកបុគ្គលដែលមានជំនឿខុសឆ្គងទាំងនេះអះអាងឡើយ។ តាមការពិត ដើមអូលីវទាំង២នេះសំដៅទៅលើហោរាទាំង២ ដែលព្រះនឹងលើកឡើងជាពិសេស ចេញពីសាសន៍អ៊ីស្រាអែល ដើម្បីសង្រ្គោះពួកគេ។ ជំពូក១១ប្រាប់យើងយ៉ាងលម្អិត អំពីរបៀបដែលព្រះនឹងសង្រ្គោះសាសន៍អ៊ីស្រាអែល។ ដូចកណ្ឌគម្ពីររ៉ូមដែរ ជំពូកនីមួយៗនៃកណ្ឌគម្ពីរ វិវរណៈមានផ្ទៃរឿងពិសេសរបស់វា។ លុះត្រាតែយើងដឹងពីផ្ទៃរឿងនេះ ទើបយើងអាចយល់ពីអ្វីដែលជំពូកនេះនិយាយអំពីបាន។ តាមរយៈការអានថា ពួកសាសន៍ដទៃនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធ សម្រាប់រយៈពេល៤២ខែ មនុស្សមួយចំនួនអះអាងដោយមិនដឹងពីផ្ទៃរឿងនេះថា គ្រានៃពួកសាសន៍ដទៃនឹងត្រូវបញ្ចប់ទៅ ហើយគ្រានៃសេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែលនឹងបើកឡើង ហើយចាប់ពីពេលនោះតទៅ នឹងមានតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ ដែលនឹងបានសង្រ្គោះ។ ប៉ុន្តែការយល់នេះខុសឆ្ងាយពីសេចក្តីពិតខ្លាំងណាស់។ ជំពូក៧ប្រាប់យើងថា មនុស្សមួយហ្វូងធំពីពួកសាសន៍ដទៃក៏នឹងចេញមកពីសេចក្តីវេទនាដ៏ធំ ដោយបានសង្រ្គោះ ដែលនេះមានន័យថា ទាំងពួកសាសន៍ដទៃ និងទាំងសាសន៍អ៊ីស្រាអែលនឹងចេញមកពីសេចក្តីវេទនាដ៏ធំ ទាំងបានសង្រ្គោះ មិនមែនតែសាសន៍អ៊ីស្រាអែលមួយប៉ុណ្ណោះទេ។ ដូច្នេះ អ្វីដែលជំពូក១១ប្រាប់យើងគឺថា ព្រះនឹងលើកហោរាទាំង២ឡើង ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ប៉ុន្តែនេះមិនមានន័យថា ពួកសាសន៍ដទៃនឹងលែងបានសង្រ្គោះឡើយ។ មនុស្សមួយចំនួននឹងសួរត្រឡប់មកថា «តើជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់មិនបានសង្រ្គោះរួចហើយទេឬ បើសិនជំពូក៧ប្រាប់យើងថា នេះគឺជាចំនួនជនជាតិអ៊ីស្រាអែលដែលព្រះបានបោះត្រា?»។ ការទទួលការបោះត្រាមិនដូចជាការបានសង្រ្គោះទេ។ គ្មានអ្នកណាម្នាក់ ដែលអាចបានសង្រ្គោះ ដោយមិនទៅឯព្រះយេស៊ូវគ្រីស្ទបានឡើយ។ សេចក្តីសង្រ្គោះកើតឡើង ដោយសារការជឿថា ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះ ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ការនាំអំពើបាបទាំងអស់របស់លោកិយទៅលើឈើឆ្កាង និងការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទោះបីជាយើងដឹងថា យើងត្រូវធ្វើបាប រហូតដល់យើងស្លាប់ក៏ដោយ ក៏យើងអាចបានសង្រ្គោះ ដោយការជឿថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់យើងចេញទាំងស្រុង ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើងដែរ។ ដោយសារសាសន៍អ៊ីស្រាអែលចំនួន១៤៤០០០នាក់នឹងត្រូវបានបោះត្រា ព្រះក៏នឹងលើកហោរាទាំង២របស់ទ្រង់ឡើងផងដែរ ហើយតាមរយៈពួកគេ ទ្រង់ប្រកាសដំណឹងល្អរបស់ទ្រង់ទៅកាន់ពួក អ៊ីស្រាអែលទាំងនេះ។ នៅក្នុងន័យផ្សេង អ្វីដែលព្រះបន្ទូលប្រាប់យើងគឺថា ហោរាទាំង២នឹងប្រកាសដំណឹងល្អទៅកាន់សាសន៍អ៊ីស្រាអែល ហើយថា ពួកគេចំនួន១៤៤០០០នាក់នឹងបានសង្រ្គោះ។ ព្រះគម្ពីរមិនដែលមានបុរេនិច្ឆ័យ ឬការរើសអើងឡើយ។ គ្មានអ្នកណាម្នាក់ ដែលអាចបានសង្រ្គោះ ដោយមិនតាមរយៈព្រះយេស៊ូវគ្រីស្ទបានឡើយ។ ព្រះមិនមានបន្ទូលថា ដោយមិនតាមរយៈព្រះយេស៊ូវគ្រីស្ទ «អ្នកនេះបានសង្រ្គោះ ប៉ុន្តែអ្នកនោះមិនបានសង្រ្គោះ» ទេ។ ហោរាទាំង២ដែលជាដើមអូលីវទាំង២នៅក្នុងបទគម្ពីរមេ នឹងត្រូវបានគេសម្លាប់នៅកន្លែងមួយដែលហៅថា ភ្នំលលាក្បាល។ សាកសពរបស់ពួកគេនឹងត្រូវបានចោល ទាំងមិនបានបញ្ចុះ ហើយអស់អ្នកដែលមិនជឿ ឬទទួលយកព្រះយេស៊ូវ នឹងអរសប្បាយចំពោះសេចក្តីស្លាប់របស់ពួកគេ ហើយជូនអំណោយដល់គ្នាទៅវិញទៅមកផង។ ប៉ុន្តែខ.១១-១២ប្រាប់យើងថា «ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភ័យខ្លាចជាខ្លាំង នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ»។ នេះប្រាប់យើងដោយត្រង់ថា អ្នក និងខ្ញុំដែលជាពួកសាសន៍ដទៃ ក៏នឹងត្រូវធ្វើទុក្ករកម្ម ដោយជំនឿផងដែរ កាលណាពេលវេលានោះមកដល់ ហើយថា ភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់យើង នឹងមានការស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់យើង។ ប្រធានបទនេះបន្តមាននៅពាសពេញកណ្ឌគម្ពីរវិវរណៈទាំងមូល។ ហើយក៏មានបទគម្ពីរខ្លះផងដែរ ដែលប្រាប់យើងថា កាលណាគ្រោះកាចនៃចានទាំង៧ធ្លាក់មកលើផែនដីនេះ ពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ នឹងកំពុងតែសរសើរតម្កើងព្រះនៅលើអាកាស។ ជំពូក១៤ក៏និយាយអំពីមនុស្សចំនួន១៤៤០០០នាក់ ដែលបាន សង្គ្រោះ ដែលសរសើរតម្កើងព្រះ ដោយបទចម្រៀងដែលគ្មានអ្នកណាម្នាក់ក្រៅពីផ្លែដំបូងនៃសេចក្តីសង្រ្គោះអាចច្រៀងបាន។ នេះប្រាប់យើងថា កាលណាសាសន៍អ៊ីស្រាអែលបានសង្រ្គោះ ពួកគេនឹងត្រូវគេសម្លាប់នៅគ្រប់ទីកន្លែង ហើយភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកគេ នឹងមានការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ។ ហើយសម្រាប់ពួកសាសន៍ដទៃ ក៏ដូចគ្នាដែរ។ នៅថ្ងៃចុងក្រោយ អ្នក និងខ្ញុំនឹងត្រូវឆ្លងកាត់ទុក្ខលំបាកជាច្រើនពីគ្រោះកាចនៃត្រែទាំង៧ ប៉ុន្តែព្រះនឹងនៅតែការពារយើងចេញពីគ្រោះកាចទាំងនេះ។ កាលណាសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំឈានដល់ចំណុចកំពូលរបស់វា គឺនៅពេល រយៈបីឆ្នាំកន្លះដំបូងកន្លងផុតទៅ ការបៀតបៀនលើពួកបរិសុទ្ធក៏នឹងឈានដល់ចំណុចកំពូលរបស់វាផងដែរ។ ប៉ុន្តែការបៀតបៀនដ៏ខ្លាំងក្លានេះមាននៅសម្រាប់រយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។ ពួកបរិសុទ្ធ និងអ្នកបម្រើជាច្រើនរបស់ព្រះនឹងត្រូវគេសម្លាប់ ហើយភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ពួកគេនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌។ ហេតុអ្វី? ពីព្រោះកណ្ឌគម្ពីរវិវរណៈបន្តកត់ត្រាម្តងហើយម្តងទៀតថា កាលណាគ្រោះកាចនៃចានទាំង៧ធ្លាក់មកលើផែនដីនេះ ពួកបរិសុទ្ធនឹងបាននៅក្នុងស្ថានសួគ៌ និងសរសើរតម្កើងព្រះរួចទៅហើយ។ ហើយព្រះបន្ទូលប្រាប់យើងថា ការនេះអស្ចារ្យខ្លាំងណាស់។ វិវរណៈ ១០:៧ និយាយថា «នៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ នេះសំដៅទៅលើការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ដែលជាសេចក្តីអាថ៌កំបាំងរបស់ព្រះ។ នៅក្នុង ១ថែស្សាឡូនីច ៤:១៦ សាវកប៉ុលក៏ប្រាប់យើងផងដែរថា «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់»។ ប៉ុន្តែការដែលព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មក មិនមានន័យថា ទ្រង់នឹងយាងចុះមកផែនដីនេះភ្លាមៗនោះទេ។ ទ្រង់យាងចុះពីស្ថានសួគ៌មកលើអាកាស ហើយកាលណាការរស់ពីស្លាប់ឡើងវិញលើកទីមួយ ដែលប្រោសអស់អ្នកដែលដេកលក់ និងផ្លាស់ប្រែអស់អ្នកដែលបានកើតជាថ្មីដែលនៅរស់ កើតឡើង ការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ដើម្បីទទួលព្រះអម្ចាស់ នឹងកើតឡើងភ្លាមៗ។ បន្ទាប់ពីពិធីមង្គលការរបស់កូនចៀមនៅលើអាកាស ហើយផែនដីនេះត្រូវបានបំផ្លាញទាំងស្រុង ដោយគ្រោះកាចនៃចានទាំង៧ ព្រះអម្ចាស់នឹងយាងចុះមកលើផែនដីដែលកែជាថ្មីជាមួយយើង ហើយបង្ហាញអង្គទ្រង់នៅចំពោះអស់អ្នកដែលនឹងនៅមានជីវិតរស់នៅឡើយ។ ការកាត់ស្រាយព្រះបន្ទូលបើកសម្តែង និងព្រះគម្ពីរ ដោយផ្អែកលើគំនិតផ្ទាល់ខ្លួន គឺជាការធ្វើដំណើរតាមផ្លូវទៅកាន់សេចក្តីវិនាស។ វាពិតជាខុស ដែលគ្រាន់តែជឿតាមសម្មតិកម្មពីទេវវិទូមួយចំនួន ហើយគាំទ្រការអះអាងទាំងនេះ ដោយមិនមានការយល់ដឹងត្រូវត្រូវអំពីព្រះបន្ទូល។ ក្នុងចំណោមទេវវិទូដែលល្បីល្បាញ និងមានការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងសហគមន៍គ្រីស្ទបរិស័ទអភិរក្សនិយម មានសាស្រ្តាចារ្យព្រះគម្ពីរមួយចំនួន ដូចជាលោក L. Berkhof និងលោក Abraham Kuyper ដែលបានបង្កើតបដិសហស្សវត្សនិយម។ ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ក្រោយពេលសេចក្តីវេទនាដ៏ធំ និងបដិសហស្សវត្សនិយម ការជឿតាមគោលលទ្ធិអំពីបដិសហស្សវត្សិយមចុងក្រោយនេះគឺស្មើនឹងការមិនជឿតាមព្រះគម្ពីរតែម្តង។ ពេលវេលាដែលមនុស្សធ្លាប់ជឿតាមការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ក្រោយពេលសេចក្តីវេទនាដ៏ធំ បានកន្លងទៅហើយ ហើយនៅសព្វថ្ងៃនេះ គ្រប់គ្នាជឿតាមទ្រឹស្ត្រីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់វិញ។ ប៉ុន្តែទ្រឹស្តីនេះក៏មិនត្រឹមត្រូវតាមព្រះគម្ពីរដែរ។ ប៉ុន្តែមនុស្សនៅតែចូលចិត្តវាយ៉ាងខ្លាំង កាលណាពួកគេស្តាប់ឮពីទ្រឹស្ត្រីនេះ។ ហេតុអ្វី? ពីព្រោះយោងតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំ គ្រីស្ទបរិស័ទគ្មានអ្វីត្រូវបារម្ភអំពីសេចក្តីវេទនាដ៏ធំរយៈពេល៧ឆ្នាំឡើយ។ ដូច្នេះ វាបានត្រឡប់ជាអាចទទួលយកបានសម្រាប់អ្នកជឿ ដើម្បីរស់នៅក្នុងជីវិតនៃជំនឿដែលមិនក្តៅមិនត្រជាក់ ហើយសម្រាប់ពួកជំនុំដែលខ្វល់តែអំពីការពង្រីកទំហំនៃក្រុមជំនុំរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ជំនឿរបស់ពួកគេកាន់តែរសាយទៅៗ។ ដោយសារពួកគេគិតថា ពួកគេមិនចាំបាច់បារម្ភអំពីការប្រឈមនឹងសេចក្តីវេទនាដ៏ធំ ជំនឿរបស់ពួកគេ ត្រឡប់ជារិចរិលទៅៗ ដែលតាមការពិត ជំនឿរបស់ពួកគេត្រូវតែរីកចម្រើនខ្លាំងឡើងៗ ខណៈដែលថ្ងៃចុងក្រោយកាន់តែជិតមកដល់ហើយ។ ជាយូរមកហើយ មនុស្សធ្លាប់ជឿតាមបដិសហស្សវត្សនិយម ហើយបន្ទាប់មក ជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ក្រោយពេលសេចក្តីវេទនាដ៏ធំ ហើយឥឡូវនេះ ជឿលើទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់។ នៅក្នុងឆ្នាំ១៨៣០ លោកសាស្ត្រាចារ្យព្រះគម្ពីរ Scofield នៅឯវិទ្យាស្ថានព្រះគម្ពីរមូឌី (Moody Bible Institute) បានចាប់ផ្តើមសរសេរព្រះគម្ពីរយោង (Reference Bible) របស់គាត់។ គាត់បានទទួលឥទ្ធិពលយ៉ាងខ្លាំងពីទេវវិទូល្បីល្បាញពេញពិភពលោក ដែលមានឈ្មោះថា Darby។ លោក Darby ដែលជាអ្នកណែនាំខាងវិញ្ញាណរបស់លោក Scofield ដែលធ្លាប់ធ្វើជាសង្ឃកាតូលិកម្នាក់ពីមុន គឺជាមនុស្សម្នាក់ដែលមានប្រាជ្ញា និងការគោរពដ៏ខ្ពង់ខ្ពស់។ បន្ទាប់ពីបានដឹងពីជំនឿខុសឆ្គងរបស់ពួកជំនុំកាតូលិក គាត់បានចាកចេញពីទីនោះ ហើយបានចូលរួមនៅក្នុងអង្គការគ្រីស្ទបរិស័ទតូចមួយ ហើយបានធ្វើជាអ្នកដឹកនាំរបស់អង្គការនោះ។ ទោះបីជាលោក Darby តែងតែអាន និងសិក្សាព្រះគម្ពីរក៏ដោយ ក៏គាត់មិនអាចស្វែងយល់ចេញពីកណ្ឌគម្ពីរវិវរណៈថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងមុនពេល ឬបន្ទាប់ពីសេចក្តីវេទនាដ៏ធំ ដែរ។ ដូច្នេះ គាត់បានធ្វើដំណើរ ដើម្បីសិក្សាស្រាវជ្រាវរកភស្តុតាងច្បាស់លាស់បន្ថែមទៀតអំពីបញ្ហានេះ។ ក្នុងកំឡុងពេលធ្វើដំណើរ គាត់បានជួបជាមួយក្មេងស្រីជំទង់ម្នាក់ ដែលជាអ្នកដឹកនាំនៃអាត្មនសាស្ត្រ (វិទ្យាសាស្ត្រខាងព្រលឹង)។ ក្មេងស្រីម្នាក់នេះបានអះអាងថា ខ្លួនបានមើលឃើញតាមនិមិត្តថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅមុនពេលសេចក្តីវេទនាដ៏ធំមកដល់។ ដោយជឿតាមអ្វីដែលនាងបានប្រាប់គាត់ និងជឿថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅមុនពេលសេចក្តីវេទនាដ៏ធំមកដល់ លោក Darby បាន សន្និស្ឋានការសិក្សាព្រះគម្ពីររបស់គាត់ ជាមួយនឹងទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅមុនពេលសេចក្តីវេទនាដ៏ធំ។ ទោះបីយ៉ាងណា ដោយសារមនុស្សនៅសម័យនេះបានជឿយ៉ាងខ្លាំងតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធទៅស្ថានសួគ៌ក្រោយពេលសេចក្តីវេទនាដ៏ធំ ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់របស់លោក Darby មិនសូវមានការគាំទ្រប៉ុន្មានទេ។ លោក Darby បានអះអាងថា អ្វីដែលត្រូវបានសរសេរទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ គឺអំពីសេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល ហើយថា វាគ្មានអ្វីទាក់ទងនឹងសេចក្តីសង្រ្គោះរបស់ពួកសាសន៍ដទៃឡើយ។ ហើយតាមរយៈ «ឯងត្រូវទាយម្តងទៀត» (១០:១១) គាត់មិនបានកាត់ស្រាយវាជាការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ប៉ុន្តែជាការប្រកាសដំណឹងល្អអំពីនគរដែលប្រកាសពីការមកដល់របស់វា។ លោក Scofield ដែលបានទទួលយកសម្មតិកម្មរបស់លោក Darby បានដាក់បញ្ចូលទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅមុនពេលសេចក្តីវេទនាដ៏ធំមកដល់ ទៅក្នុងព្រះគម្ពីរយោងរបស់គាត់ ហើយជាចុងក្រោយ បានបង្កើតសម្មតិកម្មផ្ទាល់ខ្លួនរបស់គាត់អំពីគ្រាទាំង៧។ ការអះអាងរបស់លោក Scofield ដូច្នេះបំពេញតម្រូវការរបស់មនុស្សនៅសម័យរបស់គាត់ ហើយស៊ីគ្នាយ៉ាងល្អនឹងសាវតារបស់គាត់ ដែលល្បីល្បាញយ៉ាងខ្លាំងក្នុងចំណោមមនុស្សកាន់តាមសាសនានៅក្នុងពិភពលោក ហើយមានការទទួលយកយ៉ាងទូលំទូលាយ។ ប៉ុន្តែតើព្រះមានបន្ទូលយ៉ាងដូចម្តេចនៅក្នុងព្រះគម្ពីរ? នៅក្នុងព្រះគម្ពីរ យើងមើលឃើញព្រះយេស៊ូវកំពុងតែកាន់ និងបើកក្រាំងដែលមានបោះត្រាប្រាំពីរចំពោះបល្ល័ង្ករបស់ព្រះ ដែលបានបែងចែកប្រវត្តិសាស្ត្រទៅជាគ្រាទាំង៧របស់ទ្រង់ ជាមួយត្រាទាំង៧។ គ្រាទី១គឺជាគ្រាសេះស។ នេះគឺជាគ្រានៃសេចក្តីសង្រ្គោះ ដែលព្រះបានសម្រេចព្រះទ័យសង្រ្គោះយើង ចាប់តាំងពីពេលដែលទ្រង់បានបង្កើតសកលលោកនេះ និងមនុស្សមកម៉្លេះ ហើយទ្រង់បានសង្រ្គោះដូច្នេះ ហើយ។ ដូចដែល វិវរណៈ ៦:២ ប្រាប់យើងថា «ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យ ជំនះ ហើយឲ្យបានឈ្នះតទៅ» ព្រះ អម្ចាស់បានយកឈ្នះ ហើយនឹងបន្តមានជ័យជំនះជានិច្ច។ តាំងពីមុនការបង្កបង្កើត ដំណឹងល្អមានអត្ថិភាពរបស់វា ហើយសេចក្តីសង្រ្គោះបានចាប់ផ្តើមរួចទៅហើយ។ គ្រាទី២គឺជាគ្រាសេះក្រហម ដែលជាគ្រារបស់សាតាំង។ នេះគឺជាគ្រារបស់អារក្ស ដែលវានឹងនឹងនាំសន្តិភាពចេញពីមនុស្សជាតិ ធ្វើឲ្យពួកគេធ្វើសង្រ្គាមប្រឆាំងនឹងគ្នាទៅវិញទៅមក ស្អប់គ្នាទៅវិញទៅមក និងមានជម្លោះខាងសាសនា។ គ្រាទី៣គឺជាគ្រាសេះខ្មៅ ដែលជាពេលវេលានៃគ្រោះទុរ្ភិក្សខាងសាច់ឈាម និងខាងវិញ្ញាណ ហើយគ្រាទី៤គឺជាគ្រាសេះសម្បុរស្លាំង ដែលជាគ្រានៃទុក្ករកម្ម។ គ្រាទី៥គឺជាគ្រានៃការលើកពួកបរិសុទ្ធឡើងទៅស្ថាន សួគ៌។ ព្រះបានដាក់ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នៅក្នុងគ្រាមួយនៃគ្រាទាំងប្រាំមួយរបស់ទ្រង់។ គ្រាទី៦គឺគ្រានៃចានទាំង៧ដែលនឹងបំផ្លាញផែនដីនេះ ហើយបន្ទាប់ពីគ្រានេះ នឹងមានគ្រានគររាជ្យមួយពាន់ឆ្នាំ និងគ្រាផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះ ព្រះបានកំណត់ពេលវេលានៅលើផែនដីនេះទៅជាគ្រាទាំង៧នេះ នៅក្នុងក្រាំងដែលមានត្រាទាំង៧។ ការបែងចែកពេលវេលារបស់លោក Scofield ទៅជាគ្រាទាំង៧ គឺផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់គាត់។ ផ្ទុយទៅវិញ គ្រាទាំង៧ដែលត្រូវបានទាយទុកនៅក្នុង វិវរណៈ ៦ តាមរយៈត្រាទាំង៧លើក្រាំងនៅក្នុងព្រះហស្តរបស់ទ្រង់ ត្រូវបានកំណត់ដោយអង្គទ្រង់ផ្ទាល់។ ប៉ុន្តែមនុស្សនិយាយអំពីទ្រឹស្តីរបស់មនុស្សអំពីការលើកពួកបរិសុទ្ធទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់ ហើយមនុស្សជាច្រើនដែលបានជឿតាមទ្រឹស្តីនេះ សន្និដ្ឋានថា ពួកគេមិនចាំបាច់ជឿលើព្រះអម្ចាស់យ៉ាងខ្ជាប់ខ្ជួនឡើយ។ ពួកគេបានសម្រេចិត្តថា «ដោយសារយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ នៅមុនសេចក្តីវេទនាដ៏ធំមកដល់ យើងនឹងបាននៅក្នុងព្រះវត្តមានរបស់ព្រះរួចទៅហើយ នៅពេលសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំមកដល់។ ដូច្នេះ យើងគ្មានអ្វីត្រូវបារម្ភឡើយ!»។ បើសិនព្រះបន្ទូលបានប្រាប់យើងថា យើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ នៅមុន សេចក្តីវេទនាដ៏ធំមកដល់ នោះយើងមិនចាំបាច់ត្រៀមជំនឿរបស់យើង ហើយការចូលរួមក្នុងពួកជំនុំម្តង ឬពីរដងក្នុងមួយឆ្នាំនឹងគ្រប់គ្រាន់សម្រាប់យើងហើយ។ ប៉ុន្តែនេះមិនមែនជាអ្វីដែលព្រះបានប្រាប់យើងឡើយ។ «គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ។» «គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ។» ព្រះបន្ទូលនេះប្រាប់យើងថា ពួកសាសន៍ដទៃក៏នឹងបានសង្រ្គោះនៅក្នុងសេចក្តីវេទនាដ៏ធំផងដែរ។ ព្រះនឹងលើកហោរាទាំង២របស់ទ្រង់ឡើង ដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ គ្មានអ្នកណាម្នាក់ ដែលអាចឈរនៅចំពោះព្រះ ដោយមិនឆ្លងកាត់រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំបានឡើយ កាលណាពេលវេលានៃទុក្ខលំបាកមកដល់។ ហើយព្រះក៏ប្រាប់យើងផងដែរថា ទុក្ករបុគ្គលជាច្រើននឹងចេញមកពីសេចក្តីវេទនាដ៏ធំនៅពេលនេះ។ ដើម្បីជឿព្រះយេស៊ូវបានត្រឹមត្រូវ មនុស្សត្រូវតែរៀនព្រះគម្ពីរឲ្យបានត្រឹមត្រូវ ហើយជឿតាមអ្វីដែលពិតជាត្រឹមត្រូវ។ បើសិនមនុស្សជឿ និងប្រកាសតាមគំនិតរបស់ខ្លួន ដោយមិនអាចទំព័រនីមួយៗនៅក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ទេ នោះពួកគេនឹងក្លាយជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ ដូច្នេះហើយបានជាមាននិកាយយ៉ាងច្រើននៅក្នុងពិភពលោកនេះ ក៏ខុសឆ្គងផងដែរ ដោយសារតែការពិតថា មនុស្សជាច្រើនផ្អែកជំនឿរបស់ខ្លួនទៅលើការកាត់ស្រាយផ្ទាល់ខ្លួនទៅលើព្រះគម្ពីរ។ ការដែលសាសន៍អ៊ីស្រាអែលនឹងបានសង្រ្គោះ ប្រាប់យើងថា ផែនការរបស់ព្រះនឹងបានសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់។ ហើយនេះក៏ប្រាប់យើងផងដែរថា ព្រះមិនដែលបំពានព្រះបន្ទូលសន្យារបស់ទ្រង់ជាមួយយើងម្តងណាឡើយ ប៉ុន្តែទ្រង់តែងតែបំពេញសម្រេចវាទាំងអស់។ នេះហើយគឺជាមូលហេតុដែលយើងមានសង្ឃឹមដ៏ធំបែបនេះ។ បន្ទាប់ពីការស្លាប់របស់ពួកគេ ហោរាទាំង២របស់អ៊ីស្រាអែលនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ នៅក្នុងរយៈពេលបីថ្ងៃកន្លះ ហើយឡើងទៅស្ថានសួគ៌។ នេះគឺជាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ វាផ្តល់គំរូពីរបៀបដែលទុក្ករបុគ្គលនៅក្នុងសេចក្តីវេទនាដ៏ធំ នឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយក៏ពីរបៀបនៃការលើកឡើងទៅស្ថានសួគ៌របស់យើងផងដែរ។ ព្រះគម្ពីរប្រាប់យើងថា បន្ទាប់ពីសម្លេងត្រែទី៧ ផែនដីនេះនឹងប្រែក្លាយទៅជានគររបស់ព្រះគ្រីស្ទ ហើយទ្រង់នឹងសោយរាជ្យលើនគរនេះជារៀងរហូត។ ហើយអ្នកដែលបានទុកចិត្តលើព្រះយេស៊ូវ គ្រីស្ទ ក៏នឹងសោយរាជ្យជាមួយទ្រង់នៅទីនោះដែរ។ ព្រះនឹងបំផ្លាញផែនដីនេះចោលទាំងស្រុង បន្ទាប់ពីបានលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ហើយ។ យើងមិនដឹងថា ផែនដីនេះនឹងមាន សេចក្តីវិនាស១០០ភាគរយ ឬយ៉ាងណា ពីព្រោះព្រះគម្ពីរមិនបានកត់ត្រាលម្អិតអំពីវាទេ ប៉ុន្តែព្រះពិតជាប្រាប់យើងនៅក្នុង វិវរណៈ ១១:១៨ ថា «អស់ទាំងសាសន៍បានមានសេចក្តីកំហឹង ហើយសេចក្តីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើង កាលណាសេចក្តីវេទនាដ៏ធំកន្លងផុតពីចំណុចកំពូលរបស់យើង គឺបន្ទាប់ពីរយៈពេលបីឆ្នាំកន្លះដំបូងបញ្ចប់ទៅបន្តិច។ នេះគឺជាពេលដែលពួកបរិសុទ្ធពីសាសន៍អ៊ីស្រាអែលនឹងត្រូវបានគេសម្លាប់ ហើយការលើកពួកបិរសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងភ្លាមៗបន្ទាប់ពីនោះ។ ហើយកាលណាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង យើងទាំងអស់គ្នានឹងចូលរួមនៅក្នុងមង្គលការរបស់កូនចៀមនៅលើអាកាស។ ខណៈដែលយើងកំពុងតែចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀននៅលើអាកាស ដូចដែល ម៉ាថាយ ២៥ ប្រាប់យើងថា យើងនឹងធ្វើដូច្នេះ កាលណាគ្រោះកាចនៃចានទាំង៧នឹងធ្លាក់មកលើផែនដីនេះ។ ដោយសរសើរតម្កើងព្រះនៅលើស្ថានសួគ៌ ហើយមើលឃើញគ្រប់ការទាំងអស់ដែលកំពុងតែកើតឡើងនៅលើផែនដីនេះ យើងនឹងអរព្រះគុណដល់ព្រះ សម្រាប់ព្រះគុណរបស់ទ្រង់កាន់តែខ្លាំង។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា តាមរយៈព្រះបន្ទូលបើកសម្តែង អ្នកនឹងអាចយល់ដឹងពីពេលវេលាដែលថ្ងៃចុងក្រោយមកដល់ ជឿតាមព្រះបន្ទូលយ៉ាងត្រឹមត្រូវ មានជីវិតនៃជំនឿដែលឧស្សាហ៍ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ដើម្បីសរសើរតម្កើង ថ្វាយសិរីល្អ និងថ្វាយបង្គំព្រះអម្ចាស់ នៅពេលអ្នកកំពុងតែចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀមជាមួយទ្រង់ អ្នកត្រូវតែត្រៀមជំនឿរបស់អ្នកជាស្រេច។ ខ្ញុំសង្ឃឹមថា ព្រះបន្ទូលបើកសម្តែងនឹងធ្វើជាមគ្គុទេសក៍ដ៏អស្ចារ្យសម្រាប់អ្នកនៅថ្ងៃចុងក្រោយ ដោយរំឮកចិត្តរបស់អ្នកម្តងទៀតថា អ្នកត្រូវតែរស់នៅយ៉ាងឧស្សាហ៍ និងស្មោះត្រង់ ដោយសារជំនឿរបស់អ្នកតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
Lista