Search

Sermones

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 12-1] ពួកជំនុំនៃព្រះ ដែលនឹងរងទុក្ខ យ៉ាងខ្លាំង នៅពេលអនាគត (វិវរណៈ ១២:១-១៧)

ពួកជំនុំនៃព្រះ ដែលនឹងរងទុក្ខ យ៉ាងខ្លាំង នៅពេលអនាគត
(វិវរណៈ ១២:១-១៧)
«រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ និងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧ កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ នោះមានចំបាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់ ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ»
 


ការកាត់ស្រាយ


ខ.១៖ រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ។ 
ខនេះប្រាប់យើងថា តាមរយៈទុក្ករកម្ម ពួកជំនុំនៃព្រះថ្វាយសិរីល្អដល់ទ្រង់។ «ម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ» សំដៅទៅលើពួកជំនុំនៃព្រះនៅលើផែនដីនេះ ហើយឃ្លាថា «មានព្រះចន្ទនៅក្រោមជើង» មានន័យថា ពួកជំនុំនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកិយនេះនៅឡើយ។ ហើយឃ្លាថា «ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ» មានន័យថា ពួកជំនុំរបស់ទ្រង់នឹងយកឈ្នះលើការគំរាម និងការបៀតបៀនរបស់សាតាំង ដោយទុក្ករកម្មរបស់ខ្លួន។ 
ខនេះសំដៅទៅលើពួកជំនុំនៃព្រះនៅក្នុងចំកណ្តាលនៃការរងទុក្ខវេទនាដ៏ធំ។ នៅថ្ងៃក្រោយ ពួកជំនុំរបស់ទ្រង់នឹងប្រឈមនឹងគ្រោះថ្នាក់ដ៏ធំពីសំណាក់សាតាំង ហើយត្រូវធ្វើទុក្ករកម្ម ប៉ុន្តែពួកជំនុំនឹងយកឈ្នះលើសាតាំង ដោយសារជំនឿរបស់ខ្លួន ហើយព្រះលើកតម្កើងពួកគេឡើយ។ សូម្បីតែនៅក្នុងពេលវេលានៃការរងទុក្ខវេទនាដ៏ធំ ក៏ពួកបរិសុទ្ធនៃពួកជំនុំរបស់ព្រះនឹងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយសារទុក្ករកម្មរបស់ពួកគេ តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ 
នៅថ្ងៃចុងក្រោយ កូនៗរបស់ព្រះដែលបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ ពិតជានឹងត្រូវធ្វើទុក្ករកម្ម។ អស់អ្នកដែលបានជឿ និងបម្រើព្រះរួចហើយ នៅមុនពេលវេលានៃការរងទុក្ខវេទនាដ៏ធំ និងអស់អ្នកដែលនឹងជឿតាមដំណឹងល្អ និងរីកឡើងដូចជាផ្សិតនៅកណ្តាលសេចក្តីទុក្ខវេទនាដ៏ធំ នឹងមានជំនឿនៃទុក្ករកម្ម ដែលជួយឲ្យពួកគេអាចតយុទ្ធ និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទបាន។ 
អស់អ្នកដែលត្រូវបានដកចេញពីទុក្ករកម្ម ដោយការក្បត់ទ្រង់ ក៏នឹងត្រូវបានដកចេញពីស្ថានសួគ៌ដែរ ហើយនឹងធ្លាក់ទៅក្នុងស្ថាននរកជាមួយសាតាំង។ ដូច្នេះ យើងត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកទុក្ករកម្មរបស់យើង ដោយជំនឿក្លាហាន បើសិនយើងមិនចង់បាត់បង់ព្រះពរដ៏អស់កល្បជានិច្ច ដែលទ្រង់បានរៀបចំសម្រាប់យើងទេ។ 
ដូច្នេះ យើងត្រូវតែរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ដោយដឹងថា កាលណាថ្ងៃចុងក្រោយមកដល់ យើងនឹងត្រូវធ្វើទុក្ករកម្ម ដោយជំនឿ និងតាម រយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានពាក្យដែលត្រូវនិយាយនៅក្នុងពេលនៃទុក្ករកម្ម ដែលជួយឲ្យយើងអាចមានភាពក្លាហានយកឈ្នះលើការបៀតបៀនរបស់យើង និងទទួលយកទុក្ករកម្មរបស់យើង ដោយមិនក្បត់ជំនឿរបស់យើង។ 
ទោះបីជានៅកណ្តាលនៃសេចក្តីវេទនាដ៏ធំក៏ដោយ ក៏ពួកជំនុំនៃព្រះនឹងនៅតែតយុទ្ធ និងយកឈ្នះលើសាតាំង តាមរយៈការធ្វើទុក្ករកម្មដែរ។ ប្រាកដណាស់ថា ពួកជំនុំនឹងទទួលបានរង្វាន់របស់ខ្លួនពីព្រះ ដោយសារការយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ តាមរយៈទុក្ករកម្ម និងជឿតាមព្រះបន្ទូលនៃព្រះអម្ចាស់សូម្បីតែនៅគ្រាចុងក្រោយនៃសាតាំងផង។ 

ខ.២៖ នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក។ 
ខនេះប្រាប់យើងអំពីពួកជំនុំនៃព្រះនៅក្នុងសេចក្តីវេទនាដ៏ធំ។ វាប្រាប់យើងអំពីពួកជំនុំទាំងមូលស៊ូទ្រាំនឹងការបៀតបៀន និងសេចក្តីវេទនាដ៏ធំពីសាតាំងនៅថ្ងៃចុងក្រោយ។ ពួកជំនុំនៃព្រះនឹងកន្លងហួសសេចក្តីវេទនាដ៏ធំ ដែលជាពេលវេលានៃការតយុទ្ធរបស់ខ្លួនជាមួយអាទទឹងនឹងព្រះគ្រីស្ទ។ ពួកបរិសុទ្ធនឹងអំពាវនាវទៅកាន់ព្រះ លុះត្រាតែពួកគេឆ្លងកាត់ការរងទុក្ខវេទនាដ៏ធំ។ ពួកគេអាចអធិស្ឋានថា «ឱព្រះជាម្ចាស់! សូមប្រទានព្រះគុណនៃទ្រង់ដល់យើង ដើម្បីឲ្យយើងអាចកន្លងហួសពីសេចក្តីវេទនាដ៏ធំទាំងនេះបានយ៉ាងឆាប់រហ័ស។ សូមជួយយើង ដោយការបន្ធូរបន្ថយសេចក្តីវេទនាដ៏ធំទាំងនេះ។ សូមអនុញ្ញាតឲ្យយើងយកឈ្នះលើ សេចក្តីវេទនាដ៏ធំរបស់យើង។ ហើយសូមជួយយើងឲ្យយកឈ្នះលើសាតាំងផង!»។ 

ខ.៣៖ ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ និងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧។ 
នៅពេលអនាគត កាលណាសាតាំងលេចមកនៅលើផែនដីនេះ វានឹងប្រព្រឹត្តដូចជាព្រះ និងថា ទ្រង់នឹងបង្រួបបង្រួមជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក ហើយប្រើពួកគេជាឧបករណ៍របស់វា ដើម្បីសម្រេចគោលបំណងរបស់វា។ ហើយវាក៏នឹងសម្លាប់ពួកបរិសុទ្ធ និងសោយរាជ្យលើផែនដីនេះ ដូចជាព្រះ និងស្តេចមួយអង្គអញ្ចឹង។ 
ឃ្លាថា «នាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ និងស្នែង១០ ឯនៅលើក្បាលវា មានមកុដ៧» បង្ហាញថា សាតាំង ដែលជាអ្នកបំផ្លាញសន្តិភាព នឹងប្រើស្តេច៧ និងជាតិសាសន៍៧ តាមការចាត់តាំងរបស់វា។ វាប្រាប់យើងថា តាមនិស្ស័យផ្ទាល់ខ្លួនរបស់វា សាតាំងទាស់ប្រឆាំងនឹងតាំងតែពីដើមមក។ 

ខ.៤៖ កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក។ 
ខនេះប្រាប់យើងពីអ្វីដែលសាតាំងធ្វើ។ នាគបានទាស់ប្រឆាំងនឹងព្រះនៅស្ថានសួគ៌ ហើយត្រូវបានបោះទម្លាក់ចេញពីស្ថានសួគ៌។ ហើយវាក៏បានដឹកនាំមួយភាគបីនៃទេវតានៅស្ថានសួគ៌ទៅតាមសេចក្តីវិនាសរបស់វាដែរ។ ដូច្នេះ វាត្រូវបានបណ្តេញចេញពីវត្តមាននៃព្រះ។ ប៉ុន្តែទោះបីជានៅលើផែនដីនេះក៏ដោយ ក៏វានៅតែព្យាយាមបញ្ឈប់កិច្ចការដំណឹងល្អរបស់ព្រះ ដោយការបៀតបៀនដល់អស់អ្នកដែលជឿតាមដំណឹងល្អដែរ។ 

ខ.៥៖ នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ។ 
ខនេះប្រាប់យើងថា ដោយសារពួកជំនុំនៃព្រះបានធ្វើទុក្ករកម្ម ដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ ពួកគេនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញជាមួយព្រះគ្រីស្ទ ហើយលើកឡើងទៅក្នុងនគរស្ថានសួគ៌។ 

ខ.៦៖ រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។
ខនេះប្រាប់យើងថា ព្រះនឹងចិញ្ចឹមរាស្ត្ររបស់ទ្រង់សម្រាប់រយៈពេលបីឆ្នាំកន្លះនៅក្នុងពិភពលោកនេះ។ ពួកជំនុំនៃព្រះនឹងត្រូវបានចិញ្ចឹម និងការពារ ដោយព្រះសម្រាប់រយៈពេល១២៦០ថ្ងៃ មុនពេលសេចក្តីវេទនាដ៏ធំបញ្ចប់ ហើយកាលណាពេលនោះមកដល់ ពួកជំនុំនឹងតយុទ្ធជាមួយអាំទទឹងនឹងព្រះគ្រីស្ទ ហើយធ្វើទុក្ករកម្ម។ 

ខ.៧-៨៖ នោះមានចំបាំងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតាវាក៏ច្បាំងនឹងលោកដែរ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង។
នេះសំដៅទៅលើសាតាំងដែលត្រូវបានបណ្តេញចេញពីស្ថានសួគ៌ទាំងស្រុង។
មុនពេលមកផែនដីនេះ សាតាំងត្រូវបានបណ្តេញចេញពីស្ថានសួគ៌ទាំងស្រុង។ អារក្សលែងអាចនៅស្ថានសួគ៌បានទៀតហើយ។ ឥឡូវនេះ សាតាំងដែលមានអំណាចលើអាកស អង្គុយលើ និងគ្រប់គ្រងលើអាកាស និងផែនដី។ ដោយសារវាត្រូវបានបណ្តេញចេញពីស្ថានសួគ៌ទាំងស្រុង នៅលើផែនដីនេះ ទ្រង់នឹងបៀតបៀនពួកបរិសុទ្ធកាន់តែខ្លាំងក្លា កាលណាថ្ងៃចុងក្រោយមកដល់។ ប៉ុន្តែបន្ទាប់មក សាតាំងនឹងត្រូវបានបោះទម្លាក់ទៅក្នុងជង្ហុកដ៏ធំ និងស្ថាននរក ដែលព្រះបានរៀបចំ។ 

ខ.៩៖ នោះនាគធំ ត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។ 
ដោយសារសាតាំងត្រូវបានបណ្តេញចេញពីស្ថានសួគ៌មកកាន់ផែនដីនេះ នៅថ្ងៃចុងក្រោយ វានឹងបៀតបៀន និងសម្លាប់ពួកបរិសុទ្ធជាលើកចុងក្រោយ។ ដូច្នេះ ពួកបរិសុទ្ធជាច្រើននឹងត្រូវបានស្លាប់ ដោយសារដៃវា។

ខ.១០៖ នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ។ 
សាតាំងនឹងលែងមាននៅក្នុងនគរស្ថានសួគ៌ទៀតហើយ។ កាលណាថ្ងៃចុងក្រោយកន្លងហួសទៅ វានឹងមិនអាចនៅក្នុងស្ថានសួគ៌បានទៀត ឡើយ។ ដូច្នេះហើយបានជា វិវរណៈ ២១:២៧ ប្រាប់យើងថា ទាំងអ្នកធ្វើអាក្រក់ និងទាំងអ្នកកុហក មិនមាននៅក្នុងស្ថានសួគ៌ឡើយ។ 

ខ.១១៖ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្តីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់។ 
កាលណាថ្ងៃចុងក្រោយមកដល់ ពួកបរិសុទ្ធនឹងត្រូវប្រឈមនឹងការធ្វើទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។ អ្នកណាដែលជាអ្នកបរិសុទ្ធ នឹងទទួលបានជ័យជំនះ តាមរយៈទុក្ករកម្មប្រកបដោយជំនឿរបស់ខ្លួន នៅថ្ងៃចុងក្រោយ។ នៅក្នុងន័យផ្សេង ទុក្ករបុគ្គលដែលជឿលើព្រះអម្ចាស់ នឹងយកឈ្នះនៅក្នុងការតយុទ្ធនឹងខ្លួនឯងពួកគេ។ 

ខ.១២៖ ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។ 
ដោយសារសាតាំងត្រូវបានបណ្តេញចេញពីស្ថានសួគ៌ និងមានអំណាចបណ្តោះអាសន្តលើផែនដីនេះ វានឹងធ្វើទុក្ខ និងបៀតបៀនដល់ពួកបរិសុទ្ធយ៉ាងសាហាវព្រៃផ្សៃ កាលណាវាមកផែនដីនេះ។ ប៉ុន្តែសម្រាប់ពួកបរិសុទ្ធដែលនឹងធ្វើទុក្ករកម្ម និងលើកឡើងទៅក្នុងអាកាស សេចក្តីអំណរដ៏ធំកំពុងតែរង់ចាំពួកគេ។ បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាស ព្រះនឹងចាក់គ្រោះកាចនៃចានទាំង៧មកលើផែនដី និងសមុទ្រ។ 

ខ.១៣៖ លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ។ 
នេះសំដៅទៅលើការបៀតបៀនដែលនឹងកើតឡើងចំពោះពួកបរិសុទ្ធ ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ។ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះនឹងស្លាប់នៅពេលនេះ ដោយព្រោះពួកគេធ្វើទុក្ករកម្ម ប៉ុន្តែនេះគឺជាការទទួលជ័យជំនះនៃជំនឿរបស់ពួកគេ។ នឹងលែងមានសេចក្តីស្លាប់ ការរងទុក្ខ ឬបណ្តាសាសម្រាប់ពួកគេទៀតឡើយ។ អ្វីដែលពួកគេត្រូវធ្វើ គឺត្រូវសរសើរតម្កើងព្រះ និងរស់នៅក្នុងសិរីល្អនៅក្នុងស្ថានសួគ៌ជារៀងរហូត។ 

ខ.១៤៖ តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ។ 
ព្រះគម្ពីរប្រាប់យើងថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសនឹងកើតឡើង បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំកន្លងផុតទៅ។ ព្រះបន្ទូលនេះប្រាប់យើងថា ព្រះនឹងប្រទានឲ្យពួកបរិសុទ្ធនូវការចិញ្ចឹម និងការការពារជាពិសេស នៅចំកណ្តាលនៃគ្រោះកាចនៃសេចក្តីវេទនាដ៏ធំ។ ព្រះនឹងចិញ្ចឹមយើងទាំងអស់គ្នាដែលរក្សាជំនឿរបស់យើង ដើម្បីឲ្យយើងអាចតយុទ្ធ និងយកឈ្នះលើសាតាំង ដោយសារជំនឿបាន។ 
ឥឡូវនេះ ដែលយើងកំពុងតែសរស់នៅ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការប្រកាសដំណឹងល្អនេះ ក្លាយជាអាហារខាងវិញ្ញាណសម្រាប់យើង។ យើងនឹងរស់នៅក្នុងជីវិតមួយ ដែលប្រកាសដំណឹងល្អនេះ រហូតដល់គ្រោះកាចនៃត្រែទាំង៧ធ្លាក់មកលើផែនដី។ ហេតុអ្វី? ពីព្រោះបើសិនយើងមិនប្រកាសដំណឹងល្អ រហូតដល់វេលាចុងក្រោយនៃទុក្ករកម្មរបស់យើងទេ នោះព្រលឹងយ៉ាងច្រើននឹងត្រូវបាត់បង់នៅក្នុងស្ថាននរក ហើយ។ ដូច្នេះ យើងត្រូវតែចាប់ផ្តើមពីពេលនេះ។ 

ខ.១៥-១៧៖ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ។
ពីមុន សាតាំងបានសម្លាប់ពួកបរិសុទ្ធ ដោយការបៀតបៀន និងធ្វើឲ្យពួកគេបែរចេញឆ្ងាយពីដំណឹងល្អ។ ប៉ុន្តែនៅសព្វថ្ងៃនេះ ដោយសារដំណឹងល្អត្រូវបានប្រកាសយ៉ាងទូលំទូលាយ តាមរបៀបយ៉ាងច្រើន វាព្យាយាមសម្លាប់ពួកបរិសុទ្ធ ដោយចាក់អំពើបាបមក ដើម្បីឲ្យពួកគេលេចលង់ទៅតាមលំហូរនៃបាប។ សាតាំងបានព្យាយាមនាំសេចក្តីស្លាប់ទៅកាន់ពួកបរិសុទ្ធជាច្រើន ដោយការបង្ហូរទន្លេនៃបាប ហើយធ្វើឲ្យពួកគេផឹកទឹកទន្លេនេះ ប៉ុន្តែអស់អ្នកដែលមិនបានកើតជាថ្មី បានផឹកទឹកទាំងអស់ពីទន្លេនៃបាបនេះ។ ដោយសារពួកបរិសុទ្ធបានរួចខ្លួន និងមិនត្រូវបានសម្លាប់ ដោយសារការប៉ុនប៉ងនេះ សាតាំងនឹងប្រើប្រាស់វិធីសាស្ត្រមួយទៀត ដើម្បីសម្លាប់ពួកគេទាំងស្រុង ដូចដែលជំពូក១៣ប្រាប់ដែរ។