Search

Sermones

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 5-2] កូនចៀម ដែលគង់នៅលើបល្ល័ង្ក (វិវរណៈ ៥:១-១៤)

កូនចៀម ដែលគង់នៅលើបល្ល័ង្ក
(វិវរណៈ ៥:១-១៤)

យើង ទើបតែបានអាន វិវរណៈ ៥។ នៅទីនេះ ព្រះបន្ទូលព្រះប្រាប់យើងថា ព្រះអម្ចាស់គឺជាព្រះអង្គដែលនឹងសង្រ្គោះ និងជំនុំជម្រះមនុស្សជាតិ នៅថ្ងៃចុងក្រោយ។ តើព្រះអម្ចាស់ដែលយើងជឿនេះ គឺជាអ្នកណា? ព្រះបន្ទូលប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះសម្រាប់អ្នកដែលជឿដល់ទ្រង់ ជាចៅក្រមនៃមនុស្សទាំងអស់ និងជាស្តេចលើអស់ទាំងស្តេច។
ជារឿយៗ យើងចាត់ទុកព្រះយេស៊ូវជាព្រះអម្ចាស់ដែលមានដែនកំណត់ ប៉ុន្តែទ្រង់គឺជាចៅក្រមនៃស្នាព្រះហស្តទាំងអស់។
ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ការជំនុំជម្រះ និងសេចក្តីវិនាស ដោយការប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ព្រះអម្ចាស់បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិត និងព្រះដ៏ពិត។ នៅក្នុងពេលជាមួយគ្នា ទ្រង់គឺជាស្តេច និងចៅក្រមនៃមនុស្សជាតិទាំងមូល។ ដូច្នេះ នៅថ្ងៃនេះ ចូរយើងដាស់ចិត្តដែលអរព្រះគុណរបស់យើង សម្រាប់ព្រះអម្ចាស់ដែលយើងជឿ និងពឹងផ្អែកលើចុះ។
ចាប់ពីខ.១តទៅ យើងមើលឃើញថា នៅព្រះហស្តខាងស្តាំនៃព្រះអង្គដែលគង់នៅលើបល្ល័ង្ក មានកាន់ក្រាំងមួយ។ ហើយកូនចៀម ដែលជាព្រះយេស៊ូវ បានកាន់ក្រាំងនេះ។ ហើយយើងក៏មើលឃើញនៅក្នុងខចុងក្រោយផងដែរថា ព្រះអម្ចាស់បានគង់នៅលើបល្ល័ង្កនេះ។ ព្រះបន្ទូលនេះប្រាប់យើងថា ក្នុងពេលដ៏ឆាប់ ព្រះអម្ចាស់នឹងធ្វើជាចៅក្រមនៃមនុស្សជាតិទាំងមូល ទោះទាំងអ្នកជឿ និងអ្នកមិនជឿផង។ ដូច្នេះ យើងអាចដឹង និងជឿថា ព្រះយេស៊ូវគឺជាព្រះដែលបានធ្វើជាចៅក្រមនៃមនុស្សទាំងអស់។
ព្រះអម្ចាស់មិនគ្រាន់តែកំណត់រង្វាន់ និងទណ្ឌកម្មរបស់ទ្រង់មកលើយើងដែលបានកើតជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាចៅក្រមដ៏ពិត និងស្តេចលើអស់ទាំងស្តេចសម្រាប់មនុស្សជាតិ និងរបស់ទាំងអស់នៅក្នុងចក្រវាលនេះផងដែរ។ ជារឿយៗ មនុស្សនិយាយថា ឥឡូវនេះ យើងបានចូលទៅក្នុងសតវត្សទី២១ហើយ។ ហើយនេះគឺជាពេលវេលាសម្រាប់ការយាង ត្រឡប់មកវិញរបស់ព្រះអម្ចាស់។ នៅពេលយើងនិយាយថា ការយាង ត្រឡប់មកវិញរបស់ព្រះអម្ចាស់ជិតមកដល់ហើយ វាក៏មានន័យផងដែរថា សេចក្តីវិនាសនៃលោកិយនេះក៏ជិតមកដល់ហើយផងដែរ។ 
យើងអាចមើលឃើញពីព្រះបន្ទូលនៅទីនេះថា ព្រះអម្ចាស់មានអំណាចធ្វើជាចៅក្រមនៃមនុស្សទាំងអស់។ ទ្រង់បានយាងមកផែនដីនេះ នៅក្នុងរូបភាពជាមនុស្ស ហើយនៅពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយតាមរយៈការសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលការជំនុំជម្រះ សម្រាប់អំពើបាបទាំងអស់របស់មនុស្សជាតិ។
មានតែព្រះវរបិតាប៉ុណ្ណោះ ដែលអាចទទួលបានកិត្តិយស និងការថ្វាយបង្គំពីមនុស្សទាំងអស់ និងស្នាព្រះហស្តទាំងអស់នៅលើស្ថានសួគ៌ និងផែនដី។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានទទួលសិទ្ធិ កិត្តិយស និងការថ្វាយបង្គំ ជាមួយព្រះវរបិតា ពីព្រោះទ្រង់បានស្តាប់បង្គាប់ និងបំពេញសម្រេចតាមបំណងព្រះហឫទ័យព្រះវរបិតា។ ដូច្នេះ ព្រះគ្រីស្ទអាចទទួលបានអំណាចស្របច្បាប់ទាំងអស់ពីព្រះវរបិតា។ 
ព្រះយេស៊ូវគ្រីស្ទបានទទួលសិទ្ធិជំនុំជម្រះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់បានសង្រ្គោះ និងជំនុំជម្រះ ដោយសារទ្រង់។ វាមានប្រយោជន៍សម្រាប់យើង ដែលដឹងថា ព្រះអម្ចាស់ពិតជាអ្នកណាដែលបានសង្រ្គោះយើងដូច្នេះ។ ការដឹងនេះក៏មានភាពចាំបាច់សម្រាប់យើង ក្នុងការថែរក្សាសេចក្តីជំនឿឲ្យមានរឹងមាំ នៅថ្ងៃចុងក្រោយផងដែរ។ នៅពេលយើងជឿដល់ព្រះអម្ចាស់ ដោយដឹងយ៉ាងច្បាស់លាស់ពីអំណាចដែលទ្រង់មាន ការដឹងនេះក្លាយជាកម្លាំងដ៏អស្ចារ្យមួយសម្រាប់យើង។
ព្រះអម្ចាស់ ដែលបានសង្រ្គោះយើង គឺជាព្រះអង្គដែលមានអំណាចជំនុំជម្រះមនុស្សគ្រប់គ្នា សម្រាប់ការល្អ និងការអាក្រក់។ យើងត្រូវតែដឹង និងជឿថា ព្រះអម្ចាស់នេះសមនឹងទទួលបានការថ្វាយបង្គំ ដូចជាព្រះ វរបិតាទទួលបានដែរ។ បទគម្ពីរប្រាប់យើងថា ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ហើយត្រូវបានគេធ្វើគុត ហើយព្រះលោហិតរបស់ទ្រង់គឺជាថ្លៃលោះមនុស្សពីគ្រប់កុលសម័្ពន្ធ ភាសា និងជាតិសាសន៍ សម្រាប់យើង និងថា ទ្រង់បានយកពួកគេធ្វើជាស្តេច និងពួកសង្ឃ នៅចំពោះវត្តមាននៃព្រះរបស់យើង ដើម្បីសោយរាជ្យនៅលើផែនដីនេះ។ 
បន្ទាប់មក បទគម្ពីរប្រាប់យើងថា មានសម្លេងនៃទេវតានៅស្ថានសួគ៌ ដែលចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ក៏បន្លឺសម្លេងយ៉ាងខ្លាំងថា «កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ!»។ ហើយនៅក្នុង ខ.១៣ សាវកយ៉ូហានបន្តធ្វើសេចក្តីបន្ទាល់ពីអ្វីដែលគាត់បានមើលឃើញថា «នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ!»។ ដូច្នេះ តើស្នាព្រះហស្តទាំងអស់ថ្វាយគ្រប់ទាំងសិរីល្អដល់អ្នកណា? ពួកគេថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តាទាំងអស់ដល់កូនចៀម ដែលគង់នៅលើបល្ល័ង្ក នៅអស់កល្បជានិច្ចតទៅ។
សិរីល្អ ការសរសើរតម្កើង និងការថ្វាយបង្គំពីមនុស្សជាតិ គឺសម្រាប់តែព្រះវរបិតានៃព្រះយេស៊ូវប៉ុណ្ណោះ។ ប៉ុន្តែដោយសារឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទមានអំណាចស្មើនឹងព្រះវរបិតា ដោយការយាងមកផែនដីនេះ និងការសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ សេចក្តីវិនាស និងការជំនុំជម្រះ សម្រាប់សេចក្តីសង្រ្គោះនៃការធួននឹងបាប ទ្រង់មានសិទ្ធិទទួលបានគ្រប់ទាំងសិរីល្អ ជាមួយព្រះវរបិតា និងធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដែលសមនឹងទទួលបានការថ្វាយបង្គំទាំងអស់។ 
សូមគិតអំពីការដែលព្រះអម្ចាស់គង់នៅលើបល្ល័ង្ក ដែលជាព្រះអម្ចាស់ និងចៅក្រមនៃមនុស្សទាំងអស់ និងព្រះអង្គសង្រ្គោះរបស់យើង ប្រទានដល់យើងនូវសិរីល្អដែលបំពេញចិត្តរបស់យើង។ ពិតមែនហើយ ព្រះអម្ចាស់គឺជាស្តេចលើអស់ទាំងស្រេច និងជាព្រះអាទិករ ដែលបានបង្កើតចក្រវាល និងគ្រប់ទាំងអស់។
ដោយសារព្រះអម្ចាស់គឺជាព្រះអាទិករ ដែលបានយាងមកផែនដីនេះ និងសង្រ្គោះយើង ដោយទឹក និងព្រះលោហិតរបស់ទ្រង់ មនុស្សទាំងអស់ និងគ្រប់របស់ទាំងអស់សមនឹងលុតជង្គង់នៅចំពោះបល្ល័ង្កទ្រង់ ហើយថ្វាយការថ្វាយបង្គំ ការសរសើរតម្កើង សិរីល្អ និងកិត្តិនាមដល់ទ្រង់។ សេចក្តីជំនឿរបស់យើងបានរឹងមាំយ៉ាងខ្លាំង ហើយចិត្តរបស់យើងក៏បាន តំកើងឡើង ដោយសារយើងដឹងថា ព្រះអម្ចាស់នេះគឺជាព្រះអង្គដែលគង់នៅលើបល្ល័ង្កនៃសិរីល្អ ក្នុងនាមជាចៅក្រមនៃគ្រប់ទាំងអស់។ 
មនុស្សមួយចំនួនគិតថា ព្រះយេស៊ូវគ្រាន់តែជាម្នាក់ក្នុងចំណោមអ្នកប្រាជ្ញទាំងបួនប៉ុណ្ណោះ ប៉ុន្តែព្រះអម្ចាស់មិនមែនជាមនុស្សឡើយ។ ទ្រង់គឺជាព្រះរបស់យើង ដែលបានបង្កើត និងសង្រ្គោះយើង។ ដូច្នេះ យើងមិនអាចប្រៀបធៀបព្រះអាទិកររបស់យើង ជាមួយនឹងមនុស្សបានជាដាច់ ខាត។ ទោះបីជាលោកសូក្រាត ឬលោកខុងជឺ ឬព្រះពុទ្ធក៏ដោយ ក៏មិនអាចប្រៀបផ្ទឹមនឹងព្រះអម្ចាស់របស់យើងបានឡើយ។ ព្រះយេស៊ូវគ្រាន់តែបានមានព្រះជន្មគង់នៅជាមនុស្ស សម្រាប់រយៈពេល៣៣ឆ្នាំប៉ុណ្ណោះ ដើម្បីសង្រ្គោះយើង។ ប៉ុន្តែទ្រង់គឺជាព្រះ។ នេះអាចមិនមែនជាពាក្យប្រៀបធៀបល្អមួយទេ ប៉ុន្តែដូចដែលមនុស្សជាតិផ្តល់កំណើតដល់មនុស្សជាតិ ព្រះយេស៊ូវគ្រីស្ទក៏ជាព្រះ ដូចដែលទ្រង់គឺជាព្រះរាជបុត្រានៃព្រះដែរ។ 
ដូច្នេះ ព្រះយេស៊ូវទ្រង់ផ្ទាល់គឺជាព្រះ និងព្រះអាទិកររបស់យើង។ ប៉ុន្តែទ្រង់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង។ ដោយសារទ្រង់បានសង្រ្គោះយើង ទ្រង់សមនឹងទទួលបានសិរីល្អទាំងអស់ពីយើង ហើយយើងត្រូវតែជឿយ៉ាងរឹងមាំនៅក្នុងចិត្តថា ព្រះយេស៊ូវមិនមែនជាស្នាព្រះហស្តឡើង ប៉ុន្តែទ្រង់គឺជាព្រះអាទិករ។ យើងពិតជាមានអំណរ និងអរព្រះគុណដល់ព្រះ!
 

ព្រះអម្ចាស់របស់យើង ដែលអាចបំពេញសម្រេចផែនការរបស់ព្រះបាន

គ្មានអ្នកណាម្នាក់ ក្រៅពីព្រះអម្ចាស់ ដែលអាចបើកក្រាំងដែលមានបិទត្រា៧បានឡើយ។ ក្រាំងមានបិទត្រា៧នេះ គឺជាក្រាំងនៃសេចក្តីសន្យារបស់ព្រះ។ ព្រះបានបង្កើតគ្រប់យ៉ាងនៅក្នុងចក្រវាលនេះ រួមទាំងយើងដែរ នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នៅមុនកំណើតលោកិយនេះ ព្រះបានរៀបចំផែនការមួយនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ព្រះអម្ចាស់របស់យើងបានទទួលយកក្រាំងមានបិទត្រានេះ ដើម្បីបំពេញសម្រេចតាមគោលបំណងនៃការបង្កបង្កើតរបស់ព្រះ និងផែនការរបស់ទ្រង់ ដើម្បីសង្រ្គោះយើង និងជំនុំជម្រះមនុស្សជាតិ។ 
ព្រះបន្ទូលព្រះប្រាប់យើងថា «គ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ»។ នៅក្នុងន័យផ្សេង គ្មានអ្នកណាម្នាក់ ដែលអាចបំពេញសម្រេចផែនការរបស់ព្រះបានឡើយ។ មានតែព្រះយេស៊ូវមួយអង្គគត់ ដែលអាចធ្វើដូច្នេះបាន។ ហេតុអ្វី? ពីព្រោះព្រះវរបិតាបានរៀបចំផែនការសម្រាប់គ្រប់យ៉ាង តាមរយៈព្រះរាជបុត្រានៃទ្រង់។ 
នេះក៏មានន័យផងដែរថា ព្រះអម្ចាស់មានអំណាចបើកក្រាំងដែលមានបិទត្រា៧ ដែលជាផែនការរបស់ព្រះវរបិតា។ តាមរយៈអំណាចព្រះចេស្តានេះ ព្រះយេស៊ូវបានបំពេញសម្រេចគ្រប់ផ្នែកទាំងអស់នៃផែនការរបស់ព្រះត្រៃឯក ដោយការទទួលផ្ទុកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ និងការសង្រ្គោះយើង តាមរយៈការទទួលទណ្ឌកម្មសម្រាប់អំពើបាបទាំងនេះ នៅលើឈើឆ្កាង ជំនួសយើង។ ព្រះអម្ចាស់បានតាំងយើងឡើងជាពួកសង្ឃរបស់ទ្រង់ នៅចំពោះព្រះ ដោយការសង្រ្គោះយើងចេញពីបាប តាមរយៈយញ្ញបូជា និងតម្លៃនៃព្រះជន្មទ្រង់ផ្ទាល់។ 
ព្រះយេស៊ូវគ្រីស្ទក៏បានជួយឲ្យអ្នកដែលជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ សោយរាជ្យជាមួយទ្រង់ផងដែរ។ ដូចដែលព្រះបន្ទួលប្រាប់យើងថា «យើងនឹងសោយរាជ្យនៅលើផែនដីនេះ» នៅពេលព្រះអម្ចាស់យាង ត្រឡប់មកផែនដីនេះវិញ ទ្រង់នឹងសោយរាជ្យលើគ្រប់ទាំងអស់ម្តងទៀត ហើយនឹងនាំនគររាជ្យមួយពាន់ឆ្នាំមកកាន់ផែនដីនេះ។