Search

Preguntas Frecuentes sobre la Fe Cristiana

Tema 3 : Apocalipsis

3-14. ខ្ញុំជឿថា ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ មុនការរងទុក្ខវេទនាដ៏ធំ។ ប៉ុន្តែព្រះគម្ពីរនិយាយជាញឹកញាប់អំពីពួកបរិសុទ្ធដែលបន្តនៅលើផែនដីនេះ ក្នុងកំឡុងពេលនៃការរងទុក្ខវេទនាដ៏ធំ។ តើពួកគេគឺជាពួកអ្នកដែលបានសម្របសម្រួលជាមួយលោកិយ ហើយជំនឿរបស់ពួកគេបានត្រឡប់ជាក្តៅមិនក្តៅត្រជាក់មិនត្រជាក់ឬ?

ជាដំបូង អ្នកត្រូវតែដឹងថា ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំ ដែលអ្នកជឿតាម គឺពិតជាគោលលទ្ធិខុសឆ្គង។ នេះគឺជាផ្នែកដែលគ្រីស្ទបរិស័ទជាច្រើនបានយល់ច្រឡំ។ ពួកគេគិតថា ដោយសារពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌រួចហើយ មុនពេលការរងទុក្ខវេទនាដ៏ធំ កាលណាពេលវេលាមកដល់ នឹងមានតែមនុស្សមានបាបប៉ុណ្ណោះ ដែលរស់នៅលើផែនដីនេះ។ ប៉ុន្តែបញ្ហាគឺថា ព្រះគម្ពីរនិយាយជាញឹកញាប់អំពីពួកបរិសុទ្ធដែលបន្តរស់នៅលើផែនដីនេះ ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ យកឈ្នះលើការបៀតបៀន និងត្រូវបានសម្លាប់ដោយព្រោះជំនឿរបស់ពួកគេ។ 
ដូច្នេះ មនុស្សជាច្រើនគិតយ៉ាងខុសថា ពួកបរិសុទ្ធទាំងនេះដែលនៅសល់លើផែនដីនេះ និងទទួលរងការបៀតបៀននៅក្នុងពេលរងទុក្ខវេទនាដ៏ធំ គឺជាអស់អ្នកដែលបានសម្របសម្រួលជាមួយលោកិយនេះ និងមានជំនឿក្តៅមិនក្តៅត្រជាក់មិនត្រជាក់។
អ្នកដែលជឿតាមទស្សនៈនេះ រស់នៅក្នុងការយល់ច្រឡំ ពីព្រោះពួកគេមិនដឹងពីពេលវេលាពិតប្រាកដ នៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ចេញពីព្រះបន្ទូលព្រះទេ។ ដូច្នេះ តើពេលណាគឺជាពេលវេលាពិតប្រាកដនៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌? ទាក់ទងនឹងបញ្ហានេះ សាវកប៉ុលបាននិយាយមកកាន់យើងនៅក្នុង ២ថែស្សាឡូនីច ២:១-៤ ថា «ឥឡូវនេះ បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក ហើយយើងរាល់គ្នាត្រូវប្រជុំគ្នានៅចំពោះទ្រង់ នោះយើងខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណា ឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង»។ 
«មនុស្សដែលជាតួបាប...មនុស្សដែលត្រូវហិនវិនាស» នៅទីនេះ សំដៅទៅលើអាទទឹងនឹងព្រះគ្រីស្ទដែលនឹងលេចមក ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ។ នៅក្នុងន័យផ្សេង អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកក្នុងលោកិយនេះ មុនពេលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ដើម្បីលើកតម្កើងខ្លួនវាឲ្យខ្ពស់ដូចជាព្រះ។ ដូច្នេះ វានឹងធ្វើរូបខ្លួនឯង ហើយបង្ខំឲ្យមនុស្សថ្វាយបង្គំ ហើយបម្រើវា។ ដើម្បីដាក់មនុស្សទាំងអស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា វាក៏នឹងបង្ខំឲ្យមនុស្សទទួលយកសញ្ញានៃឈ្មោះ ឬលេខរបស់សត្វនៅលើដៃស្តាំ ឬថ្ងាស ហើយហាមឃាត់អ្នកណាដែលមិនមានសញ្ញានេះពីការទិញលក់គ្រប់ប្រភេទ។ 
កាលណាសត្វលេចមកលើផែនដីនេះ មនុស្សនៅលើផែនដីនេះនឹងត្រូវបានបង្ខំឲ្យទទួលយកសញ្ញានៃឈ្មោះ ឬលេខរបស់វា។ ដូច្នេះ គ្រប់គ្នាដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតតាំងពីការបង្កបង្កើតមក នឹងត្រូវទទួលយកសញ្ញានេះ ហើយថ្វាយបង្គំសត្វនេះ។ 
ទោះបីយ៉ាងណា ដោយសារពួកបរិសុទ្ធដែលបានធ្វើជារាស្ត្ររបស់ព្រះ មានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនអាចថ្វាយបង្គំស្នាព្រះហស្តណាមួយទុកដូចជាព្រះ ក្រៅពីព្រះអម្ចាស់ពិតប្រាកដរបស់ពួកគេបានឡើយ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងចិត្តរបស់ពួកគេ នឹងប្រទានកម្លាំងដល់ពួកគេ ដើម្បីបដិសេធការបង្ខំរបស់សាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ហើយដើម្បីការពារជំនឿរបស់ពួកគេ តាមរយៈទុក្ករកម្ម។ ហើយព្រះវិញ្ញាណបរិសុទ្ធក៏នឹងប្រទានដល់ពួកគេនូវព្រះបន្ទូលដែលជួយឲ្យពួកគេអាចទាស់ប្រឆាំងនឹងពួកខ្មាំងសត្រូវរបស់ពួកគេបានផងដែរ។ 
វិវរណៈ ១៧:១២-១៣ ប្រាប់យើងថា «ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំង និងអំណាចខ្លួនដល់សត្វនោះ»។ អាទទឹងនឹងព្រះគ្រីស្ទនឹងទទួលបានសិទ្ធិអំណាច ដើម្បីបៀតបៀនពួកបរិសុទ្ធ ហើយសោយរាជ្យលើជាតិសាសន៍ទាំងអស់នៅលើផែនដី សម្រាប់រយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីការបញ្ជារបស់អាទទឹងនឹងព្រះគ្រីស្ទឲ្យទទួលយកសញ្ញារបស់វាបន្តិច នឹងមានទុក្ករកម្មរបស់ពួកបរិសុទ្ធ។ 
ម៉្យាងវិញទៀត វិវរណៈ ១១:១១-១២ ប្រាប់យើងថា «ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភ័យខ្លាចជាខ្លាំង នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ»។ ចេញពីការពិតនេះថា ស្មរបន្ទាល់ទាំង២ដែលត្រូវគេសម្លាប់ដោយសារជំនឿ ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌នៅក្នុងរយៈពេលបីថ្ងៃកន្លះ យើងក៏អាចមើលឃើញផងដែរថា រយៈពេលចន្លោះរវាងទុក្ករកម្មនិងការលើកឡើងទៅស្ថានសួគ៌របស់យើង មិនមែនជាពេលវេលាយូរមួយទេ។ ស្មរបន្ទាល់ទាំង២នេះត្រូវបានលើកឡើទៅស្ថានសួគ៌ងភ្លាមៗ បន្ទាប់ពីការរស់ពីស្លាប់ឡើងវិញរបស់ពួកគេ។ កាលណាព្រះអម្ចាស់យាងមកវិញ ពួកបរិសុទ្ធដែលស្លាប់ដោយសារជំនឿ និងពួកបរិសុទ្ធដែលរួចខ្លួន ដែលមិនបានទទួលយកសញ្ញារបស់សត្វ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ លើកឡើងទៅលើអាកាស និងទទួលព្រះ អម្ចាស់នៅទីនោះ។ 
ដូច្នេះ យើងអាចដឹងថា ការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ ទុក្ករកម្ម និងការស់ពីស្លាប់ឡើងវិញរបស់ពួកបរិសុទ្ធ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ សុទ្ធតែទាក់ទងជាមួយគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ ដូច្នេះ សាវកប៉ុល និងសាវកយ៉ូហានបានពន្យល់យើងអំពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌យ៉ាងលម្អិតដូច្នេះ។ ពួកបរិសុទ្ធទាំងអស់នឹងឆ្លងកាត់រយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំ។ នៅក្នុងន័យផ្សេង រហូតដល់គ្រោះកាចនៃត្រែទាំង៧បញ្ចប់ទៅ ពួកគេទាំងអស់នឹងនៅតែរស់នៅលើផែនដីនេះនៅឡើយ។
ហើយនៅពេលអាទទឹងនឹងព្រះគ្រីស្ទលេចមក ពួកបរិសុទ្ធនឹងចូលទៅក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយ នៃសេចក្តីវេទនាដ៏ធំរួចហើយ ហើយពួកគេនឹងនៅតែរស់នៅលើផែនដីនេះ រហូតដល់ពួកគេត្រូវបានវាសម្លាប់ ដោយសារការបដិសេធមិនទទួលសញ្ញារបស់សត្វ។ ដោយដឹងពីការពិតនេះ ឥឡូវនេះ យើងទាំងអស់គ្នាត្រូវតែទទួលការចិញ្ចឹមខាងជំនឿនៅក្នុងពួកជំនុំរបស់ព្រះ។