Search

Sermoni

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 11] តើអ៊ីស្រាអែលនឹងបានសង្រ្គោះទេ?

រ៉ូម ១១:១ និយាយថា «ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន»។ នៅក្នុងន័យផ្សេង ព្រះមិនបានបោះបង់ជនជាតិអ៊ីស្រាអែលទេ ពីព្រោះសាវកប៉ុលផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ផងដែរ។
ព្រះមានបន្ទូលនៅក្នុង រ៉ូម ១១:២-៥ ថា «ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ»។
ដោយសារព្រះបានប្រាប់យើងថា នឹងមានជនជាតិអ៊ីស្រាអែលជាច្រើន ត្រឡប់មកឯទ្រង់វិញ ដោយការជឿដល់ព្រះយេស៊ូវ នោះសាសន៍ យូដាជាច្រើននឹងបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ។ យើងត្រូវតែជឿថា នៅពេលថ្ងៃចុងក្រោយមកដល់ ចំនួនដ៏ធំនៃសាសន៍ដទៃនឹងបានប្រោសលោះពីអំពើបាបរបស់ពួកគេ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងការមកឯព្រះយេស៊ូវគ្រីស្ទ។
សាវកប៉ុលបានសួរថា «តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី?»។ នៅទីនេះ សាវកប៉ុលកំពុងតែសំដៅទៅលើការពិតថា នៅថ្ងៃចុងក្រោយ នឹងមានជនជាតិអ៊ីស្រាអែលជាច្រើន ដែលនឹងទុកចិត្តលើសេចក្តីសុចរិតរបស់ព្រះ ដែលបានដោះអំពើបាបរបស់ពួកគេចេញ។ ជាមួយនឹងព្រះបន្ទូលព្រះទៅកាន់ហោរាអេលីយ៉ា ព្រះគម្ពីរប្រាប់យើងថា ជនជាតិអ៊ីស្រាអែលជាច្រើននឹងទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ហើយយើងជឿតាមព្រះបន្ទូលនេះ។ 
នៅក្នុងព្រះគម្ពីរ លេខ «៧» តំណាងឲ្យភាពពេញលេញ។ ព្រះបានបង្កើតលោកិយនេះនៅក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយទ្រង់បានសម្រាកនៅថ្ងៃទីប្រាំពីរ។ ព្រះបានសន្យានឹងរក្សាទុកមនុស្សប្រាំពីរពាន់នាក់ ដែលនឹងមិនលុតជង្គុងថ្វាយបង្គំព្រះបាល។ នេះមានន័យថា នឹងមានជនជាតិ អ៊ីស្រាអែលជាច្រើននាក់ ដែលនឹងទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ដោយការទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ 
នៅក្នុងការពន្យល់អំពីទំនាក់ទំនងរវាងជនជាតិអ៊ីស្រាអែល និងសាសន៍ដទៃ សាវកប៉ុលបានជឿថា មនុស្សជាច្រើននៅក្នុងចំណោមសាសន៍អ៊ីស្រាអែលនឹងបានសង្រ្គោះ។
 
 
តើពួកគេបានជំពប់ដួលឬ?
 
សាវកប៉ុល បាននិយាយនៅក្នុង រ៉ូម ១១:៦-២១ ថា បើសិនជនជាតិអ៊ីស្រាអែលបានទទួលយកទាំងស្រុងនូវការពិតថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ពួកគេ នោះនឹងមិនមានសម័យនៃសេចក្តីសង្រ្គោះរបស់សាសន៍ដទៃទេ។ ដោយសារជនជាតិអ៊ីស្រាអែលមិនបានទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ ព្រះបានអនុញ្ញាតឲ្យសាសន៍ដទៃមានឱកាសបានសង្រ្គោះ ដោយសារដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ តាមរយៈការនេះ ព្រះចង់ឲ្យជនជាតិអ៊ីស្រាអែលច្រណែននឹងសាសន៍ដទៃ ដែលបានជឿដល់ព្រះយេស៊ូវ និងបានធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងចាប់ផ្តើមទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ និងទទួលយកការពិតថា ព្រះយេស៊ូវគ្រីស្ទគឺពិតជាព្រះមែស៊ីរបស់ពួកគេមែន។
 
 
បើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ
 
រ៉ូម ១១:១៣ និយាយថា «ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃ បានជាខ្ញុំដំកើងដល់ការងារខ្ញុំ»។ សាវកប៉ុលបាននិយាយថា គាត់បានដំកើងដល់ព័ន្ធកិច្ចរបស់គាត់ ក្នុងនាមជាសាវករបស់សាសន៍ដទៃ។ គាត់បានចង់សង្រ្គោះមនុស្សជាតិសាសន៍របស់គាត់ ដោយការធ្វើឲ្យពួកគេច្រណែននឹងសាសន៍ដទៃដែលបានកើតជាថ្មី។
«ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្តីមេត្រីដល់លោកីយ៍ដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ» (រ៉ូម ១១:១៥-១៦)។ បទគម្ពីរនេះមានន័យថា បើសិនលោកអ័ប្រាហាំ ដែលជាឫសរបស់ជនជាតិ អ៊ីស្រាអែល បានសង្រ្គោះ និងទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមព្រះបន្ទូលទ្រង់ នោះជនជាតិអ៊ីស្រាអែល ដែលជាមែករបស់លោកអ័ប្រាហាំ នៅតែអាចបានសង្រ្គោះនៅឡើយ។ 
ក្នុងពេលជាមួយគ្នា សាវកប៉ុលបានព្រមានសាសន៍ដទៃដែលបានកើតជាថ្មីថា ពួកគេមិនគួរអួតថា ខ្លួនបានបរិសុទ្ធទេ ពីព្រោះពួកគេគ្រាន់តែជាដើមអូលីវព្រៃ ដែលត្រូវបានបំបៅកណ្តាលមែករបស់ដើមអូលីវស្រុកប៉ុណ្ណោះ។ រ៉ូម ១១:១៨ និយាយថា «នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ»។ 
យើងបានធ្វើជារាស្ត្ររបស់ព្រះ ពីព្រោះយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ប៉ុន្តែបើសិនយើងបោះបង់សេចក្តីសុចរិតរបស់ព្រះចោល យើងក៏នឹងត្រូវបានបោះបង់ចោលផងដែរ។ យើងមិនអាចធ្វើដូច្នេះបានទេ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះរួចហើយ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង និងពីព្រោះយើងពិតជាបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ។ យើងបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតដាច់ខាតរបស់ព្រះ មិនដោយសារការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើងឡើយ។ យើងដែលជាសាសន៍ដទៃ បានធ្វើជារាស្ត្ររបស់ទ្រង់ តាមរយៈសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ទ្រង់ និងការជំនួសមែកខូចរបស់ជនជាតិអ៊ីស្រាអែល។
 
 
យើងអាចឈរបានយ៉ាងមាំមួន ពីព្រោះយើងជឿលើ សេចក្តីសុចរិតរបស់ព្រះ
 
ដូច្នេះ ដោយជឿលើសេចក្តីសុចរិតរបស់ព្រះ ទាំងគ្រីស្ទបរិស័ទ និងពួកយូដា អាចត្រូវបានផ្សាំទៅក្នុងព្រះយេស៊ូវ ដើម្បីបានធ្វើជារាស្ត្ររបស់ទ្រង់បាន។ ប៉ុន្តែបើសិនយើងមិនជឿលើសេចក្តីសុចរិតរបស់ព្រះទេ យើងប្រាកដជានឹងស្លាប់ នៅក្នុងការជំនុំជម្រះដ៏យុត្តធម៌របស់ទ្រង់ ដោយសារតែអំពើបាបរបស់យើងហើយ។ សាវកប៉ុលបានព្រមានការពិតនេះដល់ជនជាតិអ៊ីស្រាអែលជាមុន ប៉ុន្តែយើងក៏គេចមិនរួចពីការព្រមាននេះដែរ។ 
ព្រះបានអាណិតដល់យើងដែលជាសាសន៍ដទៃ ហើយបានសង្រ្គោះយើងទាំងស្រុង តាមរយៈសេចក្តីសុចរិតរបស់ទ្រង់។ អ្នកដែលស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ គ្រីស្ទបិរស័ទទាំងអស់នៅសព្វថ្ងៃនេះ នឹងត្រូវវិនាស បើសិនពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលបានសង្រ្គោះពួកគេយ៉ាងគ្រប់លក្ខណ៍ ទោះបើពួកគេទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ។ 
រ៉ូម ១១:២៣-២៤ និយាយថា «ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្តីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះ នឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត»។ នៅក្នុងន័យផ្សេង ព្រះមានអំណាចដឹកនាំមនុស្សគ្រប់គ្នាឲ្យមានជំនឿលើសេចក្តីសុចរិតរបស់ទ្រង់បាន។ អំណាចនោះត្រូវបានសន្យានៅក្នុងសេចក្តីសុចរិតរបស់ព្រះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
សម្រាប់ទាំងជនជាតិអ៊ីស្រាអែល និងសាសន៍ដទៃ ការប្រព្រឹត្តរបស់ពួកគេមិនដឹកនាំពួកគេឲ្យបានធ្វើជាកូនរបស់ព្រះឡើយ។ ប៉ុន្តែពួកគេអាចធ្វើជាកូនរបស់ព្រះបាន លុះត្រាតែពួកគេជឿលើសេចក្តីសុចរិត និងសេចក្តីសន្យារបស់ទ្រង់ ដែលយកពួកគេធ្វើជាកូនរបស់ទ្រង់។ សេចក្តីសុចរិតរបស់ព្រះពិតជាមិនពាក់ព័ន្ធអ្វីសោះ ជាមួយនឹងសេចក្តីសុចរិតរបស់ក្រិត្យ វិន័យ។ តាមរយៈក្រិត្យវិន័យរបស់ព្រះ ទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃនៅទូទាំងលោកិយនេះ នឹងបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់ពួកគេ។ នេះហើយគឺជាព្រះពរនៃសេចក្តីសង្រ្គោះដ៏អស្ចារ្យរបស់ព្រះ ដែលមាននៅក្នុងដំណឹងល្អ។ អំណាចរបស់ព្រះនេះគឺជាសេចក្តីសន្យារបស់ទ្រង់អំពីសេចក្តីជំនឿនៅក្នុងសេចក្តីសង្រ្គោះរបស់ទ្រង់។ 
ចូរយើងពិនិត្យមើល រ៉ូម ១១:២៦-២៧។ «នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តី ទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ។»
ព្រះបានសន្យាថា នៅពេលចុងក្រោយ ទ្រង់នឹងសង្រ្គោះជនជាតិ អ៊ីស្រាអែល។ ដូច្នេះ ព្រះអង្គទ្រង់ផ្ទាល់បានសន្យានឹងបោសសម្អាតការអាក្រក់ និងភាពកខ្វក់ចេញពីគំនិតរបស់ជនជាតិអ៊ីស្រាអែល ហើយជួយ ឲ្យពួកគេជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ទោះបីជាពួកគេមានពួកព្ធយុកោស្មោះត្រង់ក៏ដោយ ក៏ជនជាតិ អ៊ីស្រាអែលមិនបានទទួលសេចក្តីសង្រ្គោះដែរ។ ប៉ុន្តែព្រះចង់ឲ្យពួកគេបានសង្រ្គោះនៅពេលអនាគតដ៏ខ្លី ដោយការប៉ះពាល់ចិត្តរបស់ពួកគេ និងការធ្វើឲ្យពួកគេជឿលើសេចក្តីសុចរិតរបស់ទ្រង់។
 
 
ព្រះបានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា!
 
ចូរ យើងអានខ.៣២ ដែលជាខគម្ពីរមានអត្ថន័យជ្រាលជ្រៅ។ «ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា។» គ្រប់គ្នាបះបោរ ហើយទាស់ប្រឆាំងនឹងព្រះ។ គ្មានអ្នកណាម្នាក់អាចស្តាប់បង្គាប់តាមទ្រង់បានទាំងស្រុងឡើយ ប៉ុន្តែមូលហេតុថា ព្រះបានបង្ខាំងយើងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ គឺដើម្បីឲ្យទ្រង់ប្រទានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដល់យើងវិញ។ នេះគឺជាសេចក្តីពិតដ៏អស្ចារ្យ និងគួរ ឲ្យភ្ញាក់ផ្អើលមួយ។
តាមរយៈបទគម្ពីរនេះ យើងអាចយល់ពីមូលហេតុដែលព្រះបានបង្ខាំងមនុស្សនៅក្នុងសេចក្តីមិនស្តាប់បង្គាប់។ ទិព្វញ្ញាណនៃព្រះអម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់! ព្រះបានដាក់យើងឲ្យធ្វើជាអ្នកមិនស្តាប់បង្គាប់ ដើម្បីបំពាក់សេចក្តីស្រឡាញ់ និងសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ទ្រង់ដល់យើង។ ដូច្នេះ យើងមានតែការជឿ និងការអរព្រះគុណដល់ទ្រង់ សម្រាប់គោលបំណងដ៏អស្ចារ្យរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះក៏បានបង្ខាំងជនជាតិអ៊ីស្រាអែលនៅក្នុងការមិនស្តាប់បង្គាប់ផងដែរ ដើម្បីប្រទានសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ទ្រង់ដល់ពួកគេ។ ប៉ុន្តែពួកគេនៅតែមើលងាយព្រះយេស៊ូវ ដោយគ្រាន់តែចាត់ទុកទ្រង់ជាមនុស្សម្នាក់ ដែលមានជីវិតលំដាប់ទាបពីស្រុកណាសារ៉ែតប៉ុណ្ណោះ ហើយគ្រីស្ទបរិស័ទជាសាសន៍ដទៃជាច្រើនប្រើប្រាស់ទ្រង់ជាមធ្យោបាយរកប្រាក់។
អ្នកដែលមិនស្តាប់បង្គាប់សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដែលព្រះបានរៀបចំរួចជាស្រេចសម្រាប់ពួកគេ។ ប៉ុន្តែទ្រង់មិនចង់ទតឃើញមនុស្សធ្លាក់ទៅក្នុងស្ថាននរកឡើយ ពីព្រោះទ្រង់មានសេចក្តីអាណិតយ៉ាងខ្លាំងដល់ពួកគេ។ «តើខ្ញុំអាចបញ្ជូនអ្នកទៅស្ថាននរបានយ៉ាងដូចម្តេច?» បន្ទាប់ពីចំនួនពេញលេញនៃសាសន៍ដទៃបានចូលទៅក្នុងសេចក្តីសង្រ្គោះរបស់ទ្រង់ហើយ ជនជាតិ អ៊ីស្រាអែលជាច្រើននឹងជឿ និងទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ គឺនៅពេលពួកអាទទឹងនឹងព្រះគ្រីស្ទបៀតបៀនពួកគេ ក្នុងកំឡុងពាក់កណ្តាលនៃទុក្ខវេទនាប្រាំពីរឆ្នាំ។ នៅពេលអនាគត នឹងមានចំនួនអ្នកជឿជាច្រើន ដែលប្រកាសថា ព្រះយេស៊ូវគឺជាសេចក្តីសុចរិតរបស់ព្រះ ចេញពីក្នុងចំណោមជនជាតិអ៊ីស្រាអែល។
«ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្តីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសំដែងនូវសេចក្តីមេត្តាករុណាដល់គ្រប់គ្នា។» នេះគឺជាខគម្ពីរដ៏អស្ចារ្យ ដែលពន្យល់ថា ព្រះបានអនុញ្ញាតឲ្យមនុស្សមានបាបបានសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ 
ព្រះបានប្រាប់សាវកប៉ុលថា ទ្រង់នឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលប្រែចិត្ត និងជឿដល់ព្រះគ្រីស្ទ នៅពេលចំនួនគ្រប់គ្រាន់នៃសាសន៍ដទៃបានក្លាយជាទុក្ករបុគ្គល ក្នុងកំឡុងពេលកើតទុក្ខវេទនា។ ហើយសាវកប៉ុលនិយាយនៅក្នុង រ៉ូម ១១:៣៣ ថា «អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន!»
ប្រាជ្ញា និងទិព្វញ្ញាណពិតប្រាកដទាំងអស់ចេញមកពីព្រះ។ ទ្រង់បានធ្វើឲ្យមនុស្សទាំងអស់ក្លាយជាមិនញលេញ តាំងពីដំបូង។ ការនេះបង្ហាញពីប្រាជ្ញារបស់ព្រះ ដែលអនុញ្ញាតឲ្យយើងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។ ដោយសារហេតុនេះ ការជឿលើទ្រង់ ក្នុងកំឡុងពេលថ្ងៃចុងក្រោយ នឹងសង្រ្គោះជនជាតិអ៊ីស្រាអែលទាំងអស់ផង។ យើងទាំងអស់គ្នាត្រូវតែធ្លាក់ទៅក្នុងសម្រាម និងភ្លើង ប៉ុន្តែព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដោយសារសេចក្តីសុចរិតរបស់ទ្រង់ ដែលទ្រង់បានរៀបចំ និងសម្រេចបាន។ ដោយសារមនុស្សជាតិបានចាញ់ល្បួងរបស់សាតាំង និងបំពានក្រិត្យវិន័យរបស់ព្រះ ទ្រង់ចង់ឲ្យមនុស្សមានបាបទាំងអស់បានសង្រ្គោះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ដូច្នេះ តើគ្រប់គ្នាអាចហ៊ានទាស់ប្រឆាំងនឹងប្រាជ្ញារបស់ព្រះបានយ៉ាងដូចម្តេច? «ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច អាម៉ែន។» តើអ្នកណាអាចយល់ពីសេចក្តីពិតនេះបាន ដែលព្រះបានបង្ខាំងយើងនៅក្នុងការមិនស្តាប់បង្គាប់ ដើម្បីប្រទានសេចក្តីមេត្តាករុណាដល់យើង? តើមានអ្នកណាហ៊ាននិយាយថា ទ្រង់ធ្វើដូច្នោះគឺខុសហើយដែរទេ? គ្មានអ្នកណាម្នាក់ហ៊ានឡើយ! សិរីល្អ និងទិព្វញ្ញាណទាំងអស់គឺជារបស់ទ្រង់ អស់កល្បជានិច្ច។
ដោយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ សាវកប៉ុលបានសរសេរថា «តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់មកអ្នកនោះវិញ ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់» (រ៉ូម ១១:៣៤-៣៦)។ 
ទោះបីជាយើងមានពេញដោយកំហុសក៏ដោយ ក៏យើងរស់នៅ ដើម្បីផ្សាយដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះដែរ។ អ្នកដែលទាស់ប្រឆាំងនឹងដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ គឺជាខ្មាំងសត្រូវរបស់ទ្រង់។ មែនហើយ! មនុស្សបែបនេះអាចកើតចេញពីក្នុងចំណោមយើង ហើយយើងគួរតែអធិស្ឋាន និងដឹងខ្លួន ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមយើងធ្លាក់ទៅក្នុងសេចក្តីល្បួងបែបនេះ។ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងមិនគួរទាស់ប្រឆាំងនឹងដំណឹងល្អនេះដែរ។ យើងមិនត្រូវបែរមកទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយចិត្តមិនជឿឡើយ។ អ្នកដែលទាស់ប្រឆាំងនឹងដំណឹងល្អនេះ នឹងត្រូវវិនាសនៅក្នុងលោកិយនេះ និងបន្ទាប់ពីស្លាប់ទៅ។
ពេលវេលាសម្រាប់ជនជាតិអ៊ីស្រាអែល ក្នុងការជឿដល់ព្រះយេស៊ូវ ជិតមកដល់ហើយ។ តើវានឹងអស្ចារ្យយ៉ាងណា បើសិនមនុស្សចំនួនប្រាំមួយពាន់លាននាក់នៅលើផែនដីនេះនឹងបែរមកឯព្រះ និងទទួលបានសេចក្តីសង្រ្គោះ? មនុស្សសុចរិត ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ មិនគួរសម្លឹងមើលតែស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែសម្លឹងមើលផែនការរបស់ព្រះសម្រាប់ជនជាតិអ៊ីស្រាអែល និងរៀបចំសេចក្តីជំនឿរបស់ពួកគេ ដើម្បីចូលទៅ និងរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីផងដែរ។ មនុស្សសុចរិតគួរតែរស់នៅ ដោយអាងសេចក្តីជំនឿ និងសេចក្តីសង្ឃឹមជានិច្ច។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបានដឹងថា ថ្ងៃដែលជនជាតិ អ៊ីស្រាអែលនឹងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេ ជិតមកដល់យើង។ 
ឱព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់យាងមកឲ្យបានឆាប់!