Search

Sermoni

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-8] សំបុត្រទៅកាន់ពួកជំនុំក្រុងធាទេរ៉ា (វិវរណៈ ២:១៨-២៩)

សំបុត្រទៅកាន់ពួកជំនុំក្រុងធាទេរ៉ា
(វិវរណៈ ២:១៨-២៩)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្តីស្រឡាញ់ សេចក្តីជំនួយ សេចក្តីជំនឿ សេចក្តីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត តែអញប្រកាន់សេចក្តីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្តីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រម? សោះ មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្តីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្តីបង្រៀននោះ ក៏មិនស្គាល់សេចក្តី ជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ ប៉ុន្តែ សេចក្តីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
 

ការកាត់ស្រាយ

ខ.១៨៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា។» 
កំហុសរបស់ពួកជំនុំក្រុងធាទេរ៉ា គឺការអនុញ្ញាតឲ្យសេចក្តីបង្រៀនរបស់យេសេបិលចូលទៅក្នុងពួកជំនុំ។ យេសេបិល ដែលជាមហាសីរបស់ស្តេចអ័ហាប់ បាននាំការថ្វាយបង្គំរូបព្រះចូលទៅក្នុងអ៊ីស្រាអែល ហើយបានបញ្ចុះបញ្ចូលសាសន៍អ៊ីស្រាអែល ឲ្យប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទ និងបរិភោគអាហារសំណែនទៅកាន់រូបព្រះ។ ប៉ុន្តែការពិពណ៌នាអំពីព្រះយេស៊ូវថា «មានព្រះនេត្រដូចជាអណ្តាតភ្លើង» គឺព្រះកំពុងតែព្រមានថា ទ្រង់នឹងបន្ទោស និងជំនុំជម្រះអ្នកដែលមានសេចក្តីជំនឿខុសឆ្គងនៅក្នុងពួកជំនុំរបស់ទ្រង់។ 

ខ.១៩៖ «អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្តីស្រឡាញ់ សេចក្តីជំនួយ សេចក្តីជំនឿ សេចក្តីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត។»
ប៉ុន្តែក្នុងពេលជាមួយគ្នា ព្រះមានបន្ទូលទៅកាន់អ្នកបម្រើរបស់ទ្រង់នៅក្នុងពួកជំនុំក្រុងធាទេរ៉ាថា ការងាររបស់ពួកគេបានល្អប្រសើរជាងមុន។

ខ.២០៖ «តែអញប្រកាន់សេចក្តីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្តីកំផិត ហើយបរិភោគ ដង្វាយដែលថ្វាយទៅរូបព្រះផង។» 
បញ្ហាសម្រាប់ពួកជំនុំក្រុងធាទេរ៉ាគឺថា ពួកជំនុំនេះបានទទួលយក សេចក្តីបង្រៀនរបស់ហោរាស្រីក្លែងក្លាយម្នាក់។ ដោយការអនុញ្ញាតឲ្យហោរាស្រីក្លែងក្លាយយេសេបិល ដែលជាស្រីពេស្យា ចូលទៅក្នុងពួកជំនុំ និងការដើរតាមសេចក្តីបង្រៀនរបស់ហោរាស្រីម្នាក់នេះ ចិត្តរបស់ពួកបរិសុទ្ធនៅក្នុងពួកជំនុំនេះបានបែរទៅដេញតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមវិញ។ ហើយជាលទ្ធផល សេចក្តីក្រោធដ៏ឃោរឃៅរបស់ព្រះនឹងត្រូវធ្លាក់មកលើពួកគេ។ 

ខ.២១៖ «អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រមសោះ។» 
នេះប្រាប់យើងថា អ្នកដែលនៅក្នុងសាច់ឈាម និងដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ មិនអាចស្គាល់ និងស្តាប់ឮសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ដូច្នេះហើយបានជាហោរាស្រីក្លែងក្លាយមិនអាចប្រែចិត្តចេញពីអំពើអសីលធម៌ផ្លូវភេទរបស់ខ្លួនបាន។ ហើយជាលទ្ធផល នាងត្រូវបានវាយ ដោយដាវរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវវិនាសទាំងរូបកាយ និងវិញ្ញាណ។
នៅក្នុងពួកជំនុំពិតនៃព្រះ មានតែអ្នកដែលជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចត្រូវបានតែងតាំងជាអ្នកបម្រើរបស់ព្រះបាន។ ប៉ុន្តែអ្នកដែលមិនជឿតាមដំណឹងល្អនេះ មិនអាចឡើយ ទោះបើពួកគេគឺជាគ្រូគង្វាលដ៏អស្ចារ្យម្នាក់នៅក្នុងលោកិយនេះក៏ដោយ។ ដូច្នេះ យើងត្រូវតែស្គាល់ពួកហោរាក្លែងក្លាយ ហើយ បណ្តេញពួកគេចេញពីពួកជំនុំរបស់យើង។ មានតែធ្វើដូច្នេះទេ ទើបពួកជំនុំនៃព្រះអាចបានរួចពីល្បិចកលទាំងអស់របស់សាតាំង ហើយដើរតាមទ្រង់ខាងវិញ្ញាណបាន។

ខ.២២៖ «មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្តីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ។» 
បទគម្ពីរនេះប្រាប់យើងថា បើសិនអ្នកបម្រើម្នាក់របស់ព្រះមិនស្គាល់ និងបណ្តេញពួកអ្នកកុហកទេ ព្រះអង្គទ្រង់ផ្ទាល់នឹងស្វែងរកអ្នកដែលប្រព្រឹត្តសេចក្តីកំផិតខាងវិញ្ញាណ ហើយបោះពួកគេទៅក្នុងសេចក្តីវេទនាដ៏ធំ។ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ត្រូវតែដឹងថា ព្រះទ្រង់ផ្ទាល់ថែរក្សាពួកជំនុំរបស់ទ្រង់ លាងសម្អាត និងដឹកនាំពួកគេទៅតាមផ្លូវត្រឹមត្រូវ។
ពួកហោរាក្លែងក្លាយ មិនអាចនៅក្នុងពួកជំនុំពិតនៃព្រះបានជាដាច់ ខាត។ បើសិនមានហោរាក្លែងក្លាយ ព្រះទ្រង់ផ្ទាល់នឹងស្វែងរកពួកគេ ដើម្បីជំនុំជម្រះ។ នៅពេលពួកហោរាក្លែងក្លាយទាំងនេះបាននាំភាពច្របូកច្របល់ចូលទៅក្នុងពួកជំនុំព្រះ ព្រះពិតជានឹងដាក់ទណ្ឌកម្មពួកគេ ជាមួយនឹងសេចក្តីវេទនាដ៏ធំ។ 

ខ.២៣៖ «ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត។» 
ព្រះបណ្តេញពួកហោរាក្លែងក្លាយចេញពីពួកជំនុំរបស់ទ្រង់ ដើម្បីឲ្យគ្រប់គ្នាដឹងថា ទ្រង់ការពារពួកជំនុំរបស់ទ្រង់។ ពួកបរិសុទ្ធនឹងបានដឹងថា ព្រះថែរក្សាពួកជំនុំរបស់ពួកគេ និងថា ទ្រង់ប្រទានរង្វាន់ដល់ការងារនៅក្នុងសេចក្តីជំនឿត្រឹមត្រូវ។

ខ.២៤៖ «តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្តីបង្រៀននោះ ក៏មិនស្គាល់សេចក្តីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ។» 
នេះមានន័យថា អ្នកដែលបានធ្វើជាពួកបរិសុទ្ធនៃព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ ត្រូវតែប្រកាន់ខ្ជាប់នឹង សេចក្តីជំនឿរបស់ខ្លួន រហូតដល់ចុងបញ្ចប់នៃលោកិយនេះ។ អ្នកដែលជឿតាមដំណឹងល្អនេះ គឺត្រូវតែរស់នៅក្នុងជីវិត ដែលរួបរួមចិត្តរបស់ខ្លួនជាមួយនឹងពួកជំនុំ និងពួកបរិសុទ្ធនៃព្រះ ហើយការពារសេចក្តីជំនឿរបស់ខ្លួន រហូតដល់ទីបញ្ចប់។ ហើយពួកជំនុំពិតនៃព្រះមិនត្រូវគ្រាន់តែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែវែកមុខពួកហោរាក្លែងក្លាយ ដោយសេចក្តីជំនឿតាមដំណឹងល្អនេះផងដែរ។

ខ.២៥៖ «ប៉ុន្តែ សេចក្តីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ។» 
អ្នកជឿមិនត្រូវបាត់បង់សេចក្តីជំនឿរបស់ខ្លួនតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ ហើយអ្នកជឿត្រូវតែប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿរបស់ខ្លួន រហូតដល់ថ្ងៃព្រះអម្ចាស់យាងត្រឡប់មកវិញ។ មានអំណាចព្រះចេស្តាដ៏អស្ចារ្យនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលលើសពីគ្រប់គ្រាន់សម្រាប់ការយកឈ្នះលើសាតាំងទៅទៀត។ ពួកបរិសុទ្ធអាចផ្គាប់ព្រះហឫទ័យព្រះ ដោយសារសេចក្តីជំនឿនេះបាន។ បើសិនពួកបរិសុទ្ធរស់នៅ ដោយអាងសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនៅតែរក្សាខ្លួននៅក្នុងពួកជំនុំពិតនៃព្រះ នោះពួកគេអាចយកឈ្នះនៅថ្ងៃចុងក្រោយបាន។ 

ខ.២៦៖ «ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ។» 
ពួកបរិសុទ្ធអាចយកឈ្នះលើសត្រូវទាំងអស់របស់ខ្លួនបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យពួកគេ។ ការតយុទ្ធខាងសេចក្តីជំនឿនេះ គឺជាការតយុទ្ធដែលតែងតែផ្តល់ជ័យជំនះដល់យើងជានិច្ច។ ដូច្នេះ ពួកបរិសុទ្ធទាំងអស់នឹងតយុទ្ធជាមួយពួកអាទទឹងនឹងព្រះគ្រីស្ទ និងទទួលទុក្ករកម្មនៅថ្ងៃចុងក្រោយ ហើយជា លទ្ធផល ព្រះនឹងប្រទានអំណាចដល់ពួកគេ ដើម្បីឲ្យពួកគេបានសោយរាជ្យជាមួយព្រះអម្ចាស់។ 

ខ.២៧៖ «អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែក ភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក។»
ព្រះអម្ចាស់នឹងប្រទានអំណាចជាស្តេចរបស់ទ្រង់ដល់ពួកបរិសុទ្ធដែលបានធ្វើទុក្ករកម្ម។ ដូច្នេះ អ្នកដែលឈ្នះ នឹងសោយរាជ្យជាមួយនឹងអំណាចនេះ ដូចដែលបទគម្ពីរនេះប្រាប់ថា វាខ្លាំងដូចជាដំបងដែរ ដែលអាចបំបែកភាជនៈដីឲ្យខ្ទេចខ្ទីបាន។

ខ.២៨៖ «អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។» 
ព្រះនឹងប្រទានពរឲ្យយល់ពីសេចក្តីពិតនៃព្រះបន្ទូល ដល់អ្នកដែលតយុទ្ធនឹងខ្មាំងសត្រូវ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 

ខ.២៩៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
ពួកបរិសុទ្ធទាំងអស់ អាចស្តាប់ឮសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈពួកជំនុំនៃព្រះ ពីព្រោះទ្រង់មានបន្ទូលទៅកាន់ពួកគេ តាមរយៈអ្នកបម្រើរបស់ព្រះ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែទទួលស្គាល់អ្វីដែលពួកគេស្តាប់ឮពីពួកជំនុំនៃព្រះ ជាសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធ។