Soggetto 2: Lo Spirito Santo
2-2. បើសិនគាត់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកដែលបានកើតជាថ្មីគ្រប់ពេលវេលា ឬព្រះវិញ្ញាណបរិសុទ្ធគ្រាន់តែរេរានៅជុំវិញគាត់ ហើយយាងចូលគង់នៅក្នុងគាត់ នៅពេលណាដែលគាត់ទួលសូមជំនួយ?
ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះដ៏ជាជំនួយ ឬព្រះវិញ្ញាណនៃសេចក្តីពិត ដែលព្រះបានប្រទានដល់មនុស្សសុចរិតទាំងអស់ ដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ (យ៉ូហាន ១៥:២៦)។ អេភេសូរ ១:១៣ និយាយថា «ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា»។ ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើមនុស្សសុចរិត ដែលបានទទួលសេចក្តីអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបោះត្រាពួកគេធ្វើជាកូនរបស់ព្រះ។ ព្រះអម្ចាស់ បានមានបន្ទូលនៅក្នុង យ៉ូហាន ១៤:១៦ ថា «នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ»។ ពួកសិស្សរបស់ព្រះយេស៊ូវបានទទួលសេចក្តីអត់ទោសចំពោះអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់។ នេះហើយគឺជាមូលហេតុដែលលោកយ៉ូហាន-បាទ្ទីសបាននិយាយថា «នុះន៍! កូនចៀមនៃព្រះដែលបានដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ «បាបមនុស្សលោក» គឺជាអំពើបាបទាំងអស់ ដែលមនុស្សទាំងអស់នៅក្នុងលោកិយនេះបានកំពុងតែប្រព្រឹត្ត ចាប់ពីដើមដំបូងរហូតដល់ចុងបញ្ចប់នៃផែនដីនេះ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេច បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានរាប់យើងជាសុចរិតអស់កល្បជានិច្ច។ ហេព្រើរ ១០:១២-១៤ សរសេរថា «តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាប ដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ»។ ព្រះអម្ចាស់ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានរាប់យើងជាសុចរិតអស់កល្បជានិច្ច។ យើងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង តែម្តងជា សម្រេច និងក្លាយជាកួនរបស់ព្រះ តាមរយៈព្រះយេស៊ូវ ហើយ សេចក្តីពិតនេះនៅស្ថិតស្ថេរនៅអស់កល្បជានិច្ច។ អស់អ្នកដែលបានរាប់ជាសុចរិត តាមរយៈជំនឿ មិនមានបាបនៅក្នុងចិត្តរបស់ខ្លួនឡើយ។ ទោះបីជាមនុស្សនៅតែធ្វើបាប ដោយសារតែភាពខ្សោយរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនមានបាបជារៀងរហូត ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ពួកគេចេញរួចហើយ។ ដូច្នេះ ពួកគេមិនអាចក្លាយជាមនុស្សមានបាបម្តងទៀតបានឡើយ។ ព្រះវិញ្ញាណបរិសុទ្ធ គង់អស់កល្បជានិច្ចនៅក្នុងចិត្តរបស់មនុស្សសុចរិត ដែលបានញែកជាបរិសុទ្ធ។ ដោយសារតែភាពមិនពេញលេញរបស់យើង យើងនៅតែបន្តធ្វើបាបជានិច្ច ប៉ុន្តែបើសិនយើងនឹងក្លាយជាមនុស្សមានបាប នៅគ្រប់ពេលដែលយើងធ្វើបាប នោះអំណោយទានរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានរាប់យើងជាសុចរិតជារៀងរហូត នឹងបានជាឥតប្រយោជន៍ ហើយទ្រង់នឹងត្រូវតែសុគតសម្រាប់យើងម្តងទៀត បន្ទាប់ពីបានទទួលយកអំពើបាបរបស់យើងហើយ។ នេះគឺជាអំពើបាបនៃការប្រមាថព្រះវិញ្ញាណបរិសុទ្ធ (ហេព្រើរ ៦:៤-៨; ១០:២៦-២៩)។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សសុចរិត ដែលបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់យើង និងបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សាវកប៉ុលបាននិយាយថា «ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានព្រះបន្ទូលថា [អញនឹងនៅក្នុងគេ ហើយនឹងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជា រាស្ត្រដល់អញ]» (២កូរិនថូស ៦:១៦)។ ព្រះវិញ្ញាណបរិសុទ្ធ តែងតែគង់នៅក្នុងកូនរបស់ព្រះ ដែលបានញែកជាបរិសុទ្ធជារៀងរហូត។ ពាក្យថា «គង់» នៅទីនេះ មិនមានន័យថា ទ្រង់រេរានៅជុំវិញយើង ហើយបន្ទាប់មកយាងមកឯយើង នៅពេលណាយើងអធិស្ឋានស្រែកហៅទ្រង់នោះឡើយ ប៉ុន្តែទ្រង់ «តែងតែគង់នៅក្នុងយើង» វិញ។ ទ្រង់តែងតែគង់នៅក្នុងអស់អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ បង្រៀនពួកគេពីគ្រប់ការទាំងអស់ ហើយដឹកនាំពួកគេឲ្យស្គាល់ព្រះបន្ទូលព្រះ (យ៉ូហាន ១៤:២៦)។ ដូច្នេះ អ្នកណាដែលមិនមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ មិនមែនជារបស់ទ្រង់ឡើយ (រ៉ូម ៨:៩)។ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអស់អ្នកដែលបានបរិសុទ្ធ និងឥតមានបាប បង្រៀនពួកគេពីគ្រប់ទាំងកិច្ចការខាងស្ថានសួគ៌ ហើយធ្វើបន្ទាល់ថា ពួកគេគឺជាកូនរបស់ព្រះ។ វាមិនពិតទេថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជិតយើង យាងមកឯយើង ដោយសារតែការប្រព្រឹត្តរបស់យើងនោះ ប៉ុន្តែទ្រង់តែងតែគង់នៅក្នុងកូនរបស់ព្រះ ដែលបានកើតជាថ្មីដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទោះបីជាយ៉ាងណា មនុស្សជាច្រើនមិនស្គាល់សេចក្តីពិតនេះទេ ហើយព្យាយាមទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាមួយនឹងចិត្តដែលមានបាបរបស់ខ្លួនទៅវិញ។ ហើយជាលទ្ធផល ពួកគេគិតថា ទ្រង់យាងមកសណ្ឋិតលើពួកគេ នៅពេលពួកគេព្យាយាមយ៉ាងខ្លាំងនៅក្នុងការអធិស្ឋានលន់តួអំពើបាប ប៉ុន្តែថា ទ្រង់ចាកចេញពីពួកគេវិញ នៅពេលពួកគេធ្វើបាប។ នេះគឺជាជំនឿរបស់អស់អ្នកដែលមិនទាន់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលមានជំនឿត្រឹមត្រូវជឿថា ពួកគេទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានមួយ តាមរយៈសេចក្តីអត់ទោសអំពើបាប។ យើងគួរតែបោះបង់ចោលនូវគំនិតផ្ទាល់ខ្លួន ហើយងាកមកឯជំនឿតាមព្រះបន្ទូលព្រះវិញ។
IL ELENCO