Search

説教集

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 6-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក៦

 
 
យើងត្រូវតែដឹងពីអាថ៌កំបាំងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
តើ អ្នកដឹងពី និងជឿលើអាថ៌កំបាំងនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីសដែរឬទេ? ខ្ញុំចង់ប្រាប់អ្នកអំពី អាថ៌កំបាំងនេះ តាមរយៈ រ៉ូម ៦:១-៤។ «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ។»
ដើម្បីយល់ពីបទគម្ពីរនេះ និងស្វែងរកសេចក្តីពិតឃើញ ជាដំបូង យើងត្រូវតែយល់ពីសេចក្តីជំនឿរបស់សាវកប៉ុល ដែលត្រូវបានបង្ហាញនៅក្នុង កាឡាទី ៣:២៧ ហើយមានសេចក្តីជំនឿដូចគ្នាជាមួយគាត់សិន។ គាត់និយាយថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» តើបទគម្ពីរនេះមានន័យយ៉ាងដូចម្តេច? ឥឡូវនេះ យើងអាចយល់ពាក្យទាំងនេះបាន តាមរយៈ ម៉ាថាយ ៣:១៣-១៧។
សាវកប៉ុលសួរថា តើយើងនឹងបន្តរស់នៅក្នុងបាបទៀតទេ បើសិនយើងមានទទួលការអត់ទោសសម្រាប់អំពើបាប តែម្តងជាសម្រេច តាម រយៈការជឿលើសេចក្តីសុចរិតរបស់ព្រះដែរឬទេ? ចម្លើយរបស់គាត់គឺ ទេ ហើយវាក៏ជាចម្លើយរបស់អស់អ្នកដែលពិតជាជឿលើសេចក្តីសុចរិតរបស់ព្រះផងដែរ។ នេះមិនមានន័យថា មនុស្សសុចរិតមិនដែលធ្វើបាបនៅក្នុងសាច់ឈាមឡើយ។ 
ហើយវាក៏មិនមានន័យដែរថា ដោយសារអំពើបាបរបស់យើងត្រូវបានអត់ទោសឲ្យរួចហើយ យើងគួរតែរៀបផែនការធ្វើបាបកាន់តែច្រើននោះឡើយ។ មនុស្សសុចរិតបានទទួលបុណ្យជ្រមុជ ទៅក្នុងការសុគតរបស់ទ្រង់រួចហើយ។ តើអស់អ្នកដែលមានជំនឿលើសេចក្តីសុចរិតរបស់ព្រះ អាចនៅតែរស់នៅក្នុងបាបបានយ៉ាងដូចម្តេច? នេះមិនអាចជាការពិតបានទេ។ សាវកប៉ុលពន្យល់ពីមូលហេតុនៅក្នុង កាឡាទី ៣:២៧ ថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ»។
នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីឲ្យអស់អ្នកណាដែលបានជឿលើទ្រង់ អាច «ទទួលបុណ្យជ្រមុជទៅក្នុងព្រះគ្រីស្ទ» បាន ដោយសារសេចក្តីជំនឿ។ ដូច្នេះ យើងត្រូវតែមានជំនឿបែបនេះ។ 
 
 
យើងត្រូវតែមានសេចក្តីជំនឿមួយ ដែលរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
យើង ត្រូវតែមានសេចក្តីជំនឿមួយ ដែលរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់។ ខគម្ពីរខាងលើនិយាយថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ»។ បទគម្ពីរនេះមានន័យថា នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេ យ័រដាន់ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងភ្លាមៗតែម្តង។ នេះក៏មានន័យផងដែរថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាការធួននឹងអំពើបាបទាំងអស់របស់យើង ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ការយល់ និងការជឿតាមសេចក្តីពិតនេះ គឺជាការមានជំនឿមួយ ដែលរួបរួមជាមួយព្រះអម្ចាស់របស់យើង។ 
ដោយសារតែអំពើរំលងរបស់យើង យើងបានដាច់ចេញពីសេចក្តីសុចរិតរបស់ព្រះ។ តើអ្នកដឹងទេថា ព្រះយេស៊ូវបានទទួលយកអំពើបាប និងអំពើរំលងទាំងអស់របស់អ្នក នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន? ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងភ្លាមៗតែម្តង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប។ យើងគឺជាមនុស្សជាតិ ដែលតែងតែធ្វើបាបនៅចំពោះព្រះ ហើយពេញមួយជីវិតតែម្តង។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿមួយ ដែលរួបរួមជាមួយព្រះគ្រីស្ទ ដោយដាក់មូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់យើងនៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងនឹងបានរួបរួមជាមួយព្រះគ្រីស្ទ លុះត្រាតែយើងជឿថា ព្រះយេស៊ូវបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
តើអ្នកណាធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតា ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ទ្រង់? គឺជាព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ តែម្តងជា សម្រេច។ ព្រះយេស៊ូវអាចបង់ថ្លៃឈ្នួលនៃអំពើបាប ដោយការសុគតរបស់ទ្រង់បាន លុះត្រាតែទ្រង់ទទួលយកអំពើបាបទាំងអស់របស់យើង តាម រយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស ជាមុន សិន។ បើសិនយើងចង់បានរួបរួមជាមួយព្រះគ្រីស្ទ យើងត្រូវតែមានជំនឿលើបុណ្យជ្រមុជរបស់ទ្រង់ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើង តែម្តងជាសម្រេច។
យើងត្រូវតែបានរួបរួមជាមួយព្រះអម្ចាស់ និងជឿលើទ្រង់ ពីព្រោះទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ឥឡូវនេះ អ្នកមានតែជម្រើសតែមួយគត់គឺថា អ្នកទទួលយកសេចក្តីពិតនេះ ឬមិនទទួលយក។ ដើម្បីបានធ្វើជាកូនរបស់ព្រះបាន ដោយបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ឬត្រូវវិនាសនៅក្នុងសេចក្តីស្លាប់អស់កល្បជានិច្ចនៅក្នុងស្ថាននរក ដោយការបដិសេធសេចក្តីពិត គឺអាស្រ័យលើអ្នកផ្ទាល់ទាំងស្រុង។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីឲ្យអំពើបាបរបស់យើងត្រូវបានដោះចេញ (ម៉ាថាយ ៣:១៣-១៥)។
ប្រសិនបើយើងពិនិត្យមើល ម៉ាថាយ ៣:១៥ យើងអាចមើលឃើញពាក្យថា «ដ្បិតគួរឲ្យ» ដែលជារបៀបបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតនៃព្រះ។ ឃ្លាថា «ដ្បិតគួរឲ្យ» គឺជា «hoo’-tos gar» ជាភាសាក្រិក ដែលមានន័យថា «តាមរបៀបនេះ» «សាកសមបំផុត» ឬ «គ្មានរបៀបណាផ្សេងទៀតក្រៅពីរបៀបនេះឡើយ»។ នេះបញ្ជាក់ថា បុណ្យជ្រមុជរបស់ទ្រង់គឺជារបៀបត្រឹមត្រូវបំផុតក្នុងការផ្ទេរអំពើបាបរបស់យើង។ ពាក្យនេះក៏បញ្ជាក់ផងដែរថា ព្រះយេស៊ូវពិតជាបានទទួលអំពើបាបរបស់មនុស្សដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីសមែន។
នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើអង្គទ្រង់។ យើងត្រូវតែជឿតាមសេចក្តីពិតនៅក្នុង រ៉ូម ៦:៥-១១ ថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីឲ្យអំពើបាបរបស់យើងអាចត្រូវបានដោះចេញ ហើយថា ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សជាតិ។ 
ប្រសិនបើអ្នកសងអ្វីដល់អ្នកណាម្នាក់ អ្នកត្រូវតែសងថ្លៃឈ្នួលដែលស្មើនឹងបំណុលរបស់អ្នក។ តាមរបៀបដូចគ្នា យើងត្រូវតែដឹងពីរបៀប និងតម្លៃ ដែលព្រះអម្ចាស់របស់យើងបានសងថ្លៃឈ្នួល ដើម្បីដោះអំពើបាបរបស់យើងចេញ។ 
នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ ទ្រង់បានទទួលអំពើបាបទាំងអស់ ចាប់ពីពេលយើងបានកើតមក រហូតដល់អាយុ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំ ៦០ឆ្នាំ ៧០ឆ្នាំ ៨០ឆ្នាំ និង ៩០ឆ្នាំ ហើយនិងអំពើបាបដែលយើងនឹងប្រព្រឹត្ត រហូតដល់ដង្ហើមចុងក្រោយរបស់យើងផង។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ ហើយបានសងថ្លៃឈ្នួល។ ទ្រង់បានទទួលយកអំពើរំលងទាំងអស់របស់យើង តែម្តងជាសម្រេច ទោះបើអំពើរំលងទាំងនោះដោយចេតនា ឬ អចេតនាក៏ដោយ។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីលាងសម្អាតអំពើបាបរបស់យើង ហើយទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបនៅលើឈើ ឆ្កាង។ នេះហើយគឺជាសេចក្តីពិត ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងជាអ្វីដែលព្រះគម្ពីរនិយាយអំពី។ 
នៅទីនេះ យើងអាចមើលឃើញថា គ្រីស្ទបរិស័ទភាគច្រើនព្យាយាមយ៉ាងខ្លាំង ក្នុងការទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន ដោយការបង្កើត និងគាំទ្រគោលលទ្ធិនៃការញែកជាបរិសុទ្ធ ពីព្រោះពួកគេមិនយល់ពីអាថ៌កំបាំងនៃ «បុណ្យជ្រមុជ» ដែលសាវកប៉ុលបាននិយាយ អំពីទេ។ បើសិនព្រះយេស៊ូវមិនបានយាងមកផែនដីនេះ និងបានទទួល «បុណ្យជ្រមុជ» ពីលោកយ៉ូហាន-បាទ្ទីសទេ នោះអំពើបាបរបស់មនុស្សជាតិនឹងនៅតែមានជារៀងរហូតហើយ។ ដូច្នេះ យើងមិនត្រូវជឿតាមគោលលទ្ធិខុសឆ្គងនោះ ដែលបង្រៀនថា ចិត្ត និងរូបកាយរបស់យើងអាចបានញែកជាបរិសុទ្ធបាន តាមពេលវេលា។ 
សេចក្តីពិតដ៏អស់កល្បជានិច្ចតែមួយគត់នៅលើផែនដីនេះគឺថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានទទួលយកអំពើបាបទាំងអស់របស់យើង។ សេចក្តីជំនឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជួយយើងឲ្យយកឈ្នះលើគោលលទ្ធិខុសឆ្គងទាំងឡាយ ហើយនាំជ័យជំនះមកឲ្យអស់អ្នកដែលជឿ។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ។ គ្រីស្ទបរិស័ទមួយចំនួនធ្លាក់ទៅក្នុងស្ថាននរក ខណៈដែលពួកគេមិនបានកើតជាថ្មីឡើយ ពីព្រោះពួកគេមិនបានរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
តើអ្នកធ្លាប់បានមើលឃើញរូបបេះដូងមួយ ដែលត្រូវបានចាក់ទម្លុះដោយកាំបិតស្នៀតដែរឬទេ? វាបង្ហាញពីសេចក្តីស្រឡាញ់ដែលលះបង់របស់ព្រះ។ ដោយសារព្រះបានស្រឡាញ់យើងយ៉ាងខ្លាំង ទើបទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
អ្នកត្រូវតែទទួលយកសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានប្រទានដល់យើង ដោយការទទួលបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ចិត្តរបស់យើងត្រូវតែរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ។ ហើយយើងត្រូវតែរស់នៅ ដោយបានរួបរួមជាមួយព្រះ យេស៊ូវ។ ជីវិតស្មោះត្រង់មួយនៅក្នុងការរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ គឺល្អប្រសើរណាស់សម្រាប់យើង។ សាវកប៉ុលនិយាយនៅក្នុង រ៉ូម ៦ ថា យើងត្រូវតែរស់នៅ ដោយជំនឿដែលរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ។
ដូចដែលសាវកប៉ុលនិយាយនៅក្នុង រ៉ូម ៧:២៥ តើយើងបម្រើ ក្រិត្យវិន័យរបស់ព្រះ ដោយគំនិតរបស់យើង ប៉ុន្តែក្រិត្យវិន័យនៃបាប ដោយសាច់ឈាមរបស់យើងឬ? បាទ យើងធ្វើដូច្នេះ។ ដូច្នេះហើយបានជាយើងត្រូវតែមានចិត្តរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ ដូចជាសាវកប៉ុលដែរ។ តើមានរឿងអ្វីកើតឡើង បើសិនចិត្តរបស់យើងមិនរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះអម្ចាស់? សេចក្តីវិនាសទាំងស្រុង។
អស់អ្នកដែលបានរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ រស់នៅក្នុងជីវិតរួបរួមជាមួយពួកជំនុំរបស់ទ្រង់។ បើសិនអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ អ្នកត្រូវតែរួបរួមជាមួយពួកជំនុំ និងអ្នកបម្រើរបស់ទ្រង់។ សាច់ឈាមតែងតែព្យាយាមបម្រើក្រិត្យវិន័យនៃបាប ប៉ុន្តែយើងត្រូវតែរស់នៅ ដោយអាងសេចក្តីជំនឿ និងសញ្ជឹងគិតអំពីក្រិត្យវិន័យនៃជីវិតរបស់ព្រះ ។ បើសិនយើងចងចាំ និងសញ្ជឹងគិតអំពីសេចក្តីសុចរិតរបស់ព្រះ យ៉ាងខ្ជាប់ខ្ជួន និងជារៀងរាល់ថ្ងៃ យើងនឹងបានរួបរួមជាមួយទ្រង់ហើយ។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា សត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន (លេវីវិន័យ ១១:២-៣)។
ចូររួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ។ តើអ្នកមានអារម្មណ៍ថា មានកម្លាំងថ្មីឬទេ? ចូរព្យាយាមរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះនៅពេលឥឡូវនេះ! ចូរយើងនិយាយថា យើងបានរួបរួមចិត្តជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវរួចហើយ។ អញ្ចឹង តើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ? យើងមិនមានបាបទៀតទេ។ ឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងហើយ។ ចូរជឿលើការពិតនេះនៅក្នុងចិត្តចុះ។ តើចិត្តរបស់អ្នកក៏បានរួបរួមជាមួយការពិតនេះផងដែរឬទេ? ដូច្នេះ តើយើងបានស្លាប់ដែរឬទេ? យើងបានស្លាប់ហើយ។ ហើយតើព្រះគ្រីស្ទបានរស់ពីសុគតវិញដែរឬទេ? បាទ។ ដូច្នេះ យើងក៏បានរស់ពីស្លាប់វិញផងដែរ។ នៅពេលយើងរួបរួមចិត្តរបស់យើងជាមួយព្រះគ្រីស្ទ អំពើបាបរបស់យើងត្រូវបានលាងសម្អាត គឺយើងបានស្លាប់នៅលើឈើឆ្កាង ជាមួយទ្រង់ ហើយបានរស់ពីស្លាប់វិញ ជាមួយព្រះគ្រីស្ទ។
ទោះបីជាយ៉ាងណា តើមានរឿងអ្វីកើតឡើង នៅពេលយើងមិនបានរួបរួមជាមួយព្រះគ្រីស្ទ? «តើអ្នកកំពុងតែនិយាយអំពីអ្វី? អូ បាទ អ្នកកំពុងតែនិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ អ្នកចង់មានន័យថា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានការដាក់ដៃលើក្បាលរបស់តង្វាយ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី មានបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស។ ប្រហែលនេះត្រឹមត្រូវហើយ! ប៉ុន្តែការនេះមានសារៈសំខាន់អ្វីខ្លះ ដែលគ្រប់គ្នាត្រូវតែខ្វល់ខ្វាយពីវា?»
អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់តាមតែទ្រឹស្តី មិនមានជំនឿពិតទេ ហើយពួកគេនឹងចាកចោលព្រះគ្រីស្ទនៅទីបំផុត។ ជំនឿតាមទ្រឹស្តី ដូចជាព័ត៌មានដែលសិស្សរៀនពីគ្រូនៅក្នុងសាលា គឺមិនគ្រប់គ្រាន់សម្រាប់ការរៀនពីសេចក្តីសុចរិតរបស់ព្រះឡើយ។ ប៉ុន្តែមានសិស្សមួយចំនួន ដែលពិតជាគោរពលោកគ្រូអ្នកគ្រូរបស់ខ្លួន ហើយព្យាយាមរៀនពីអត្តចរិត និងការដឹកនាំរបស់លោកគ្រូអ្នកគ្រូរបស់ពួកគេ។ យើងមិនត្រូវទទួលយកព្រះបន្ទូលព្រះទុកគ្រាន់តែជាចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវទុកព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង រួមជាមួយអត្តចរិត សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងព្រះបន្ទូលសុចរិតរបស់ទ្រង់ផង។ នៅពេលយើងត្រូវបានបង្រៀនពីព្រះបន្ទូលព្រះ យើងត្រូវតែបោះបង់ចោលសេចក្តីប៉ងប្រាថ្នារបស់យើង ដែលរៀនតែចំណេះដឹងប៉ុណ្ណោះ។
ចិត្តគំនិតរបស់អស់អ្នកដែលបានរួបរួមជាជិតស្និទ្ធជាមួយព្រះបន្ទូលព្រះរួចហើយ មានការប្តេជ្ញាបម្រើព្រះអម្ចាស់ ហើយមានទំនាក់ទំនងល្អជាមួយទ្រង់ ហើយមិនងាយប្រែប្រួលទៅតាមស្ថានភាពឡើយ។ ពួកគេធ្វើចលនាដោយប្រុងប្រយ័ត្ន ដើម្បីតែសម្រេចមហាបេសកកម្មប៉ុណ្ណោះ។ ប៉ុន្តែកិច្ចការតូចតាចងាយនឹងប៉ះពាល់ដល់អស់អ្នកដែលមិនទាន់បានរួបរួមចិត្តជាមួយទ្រង់នៅឡើយ។ 
យើងត្រូវតែមានជំនឿមួយដែលរួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ អម្ចាស់។ ហើយយើងមិនត្រូវអនុញ្ញាតឲ្យចិត្តរបស់យើងរង្គោះរង្គើ ដោយរឿងតូចតាចនៅក្នុងលោកិយនេះឡើយ។ អស់អ្នកដែលមានចិត្តរួបរួមជាមួយព្រះគ្រីស្ទ បានទទួលបុណ្យជ្រមុជទៅក្នុងព្រះយេស៊ូវ បានស្លាប់នៅលើឈើឆ្កាងជាមួយទ្រង់ ហើយបានរស់ឡើងវិញជាមួយទ្រង់ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនហើយ។ យើងមិនមែនជាមនុស្សរបស់លោកិយនេះទេ ហើយយើងត្រូវតែជឿថា យើងត្រូវតែរួបរួមជាមួយសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីផ្គាប់ព្រះទ័យទ្រង់ ដែលបានហៅយើងជាអ្នកបម្រើសេចក្តីសុចរិតរបស់ទ្រង់។
ប្រសិនបើអ្នករួបរួមជាមួយសេចក្តីសុចរិតរបស់ព្រះ ចិត្តរបស់អ្នកនឹងតែងតែមានសន្តិភាព ហើយបានពេញដោយអំណរ ពីព្រោះអំណាចព្រះចេស្តារបស់ព្រះអម្ចាស់គឺជារបស់យើង។ យើងអាចរស់នៅ ដោយទទួលបានព្រះពរដ៏អស្ចារ្យ ពីព្រោះព្រះប្រទានព្រះពរ និងអំណាចព្រះចេស្តារបស់ទ្រង់ដល់យើងយ៉ាងបរិបូរ។
ដូច្នេះ ចូរបង្រួបបង្រួមចិត្តរបស់អ្នកជាមួយសេចក្តីសុចរិតរបស់ព្រះចុះ។ ហើយអ្នកនឹងអាចរួបរួមជាមួយអ្នកបម្រើព្រះ ដូចជាខ្ញុំ មានជំនឿរឹងមាំនៅក្នុងព្រះបន្ទូលទ្រង់ តាមរយៈការទំនាក់ទំនងគ្នាទៅវិញទៅមក និងបម្រើព្រះរាជកិច្ចរបស់ទ្រង់បានយ៉ាងល្អ។ ព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់អ្នក ទោះបើជំនឿរបស់អ្នកនៅតូចដូចជាគ្រាប់ស្ពៃមួយគ្រាប់ក៏ដោយ។ ចូររក្សាការរួបរួមជាមួយទ្រង់ ជាពិសេស ជាមួយបុណ្យជ្រមុជរបស់ទ្រង់ ទោះបើអ្នកមិនទាន់ពេញលេញក៏ដោយចុះ។
យើងអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានឲ្យយើងនូវជំនឿដែលរួបរួមជាមួយព្រះអម្ចាស់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងត្រូវតែរួបរួមចិត្តរបស់យើងជាមួយព្រះអម្ចាស់ ចាប់ពីពេលនេះរហូតដល់ថ្ងៃដែលយើងជួបព្រះអម្ចាស់របស់យើង។ យើងខ្សោយខ្លួនឯង ហើយយើងត្រូវតែរួបរួម។ តើអ្នកបានរៀនបានពីជំនឿ ដើម្បីរួបរួមចិត្តរបស់អ្នកជាមួយសេចក្តីសុចរិត ដែលព្រះយេស៊ូវបានបំពេញសម្រេចដែរឬទេ? តើអ្នកមានជំនឿដែលរួបរួមជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរឬទេ? ឥឡូវនេះ អ្នកត្រូវតែមានជំនឿ ដែលរួបរួមជាមួយបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ព្រះ យេស៊ូវ។ អស់អ្នកដែលមិនមានជំនឿបែបនេះ នឹងមិនបានសង្រ្គោះទេ ហើយរស់នៅក្នុងជីវិតមិនស្មោះត្រង់វិញ។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះគឺសំខាន់ចាំបាច់សម្រាប់ជីវិតរបស់អ្នកខ្លាំងណាស់។
ការរួបរួមជាមួយព្រះអម្ចាស់ នាំមកនូវព្រះពរនៃការអត់ទោសអំពើបាប និងការរស់នៅជាកូនរបស់ព្រះ តាមរយៈជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីប៉ងប្រាថ្នាដ៏ស្មោះត្រង់របស់ខ្ញុំគឺថា សេចក្តីសុចរិតរបស់ព្រះក្លាយជាសេចក្តីសុចរិតរបស់អ្នក។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ អម្ចាស់នៃសេចក្តីជំនឿរបស់អ្នក និងសេចក្តីសុចរិតរបស់ព្រះ។ ចូរជឿចុះ! ហើយទទួលបានសេចក្តីសុចរិតរបស់ព្រះ។ នោះព្រះនឹងប្រទានពរដល់អ្នកជាមិនខាន។
 
 
យើងមិនត្រូវថ្វាយតែការព្យាយាមរបស់យើងទៅកាន់ព្រះឡើយ
 
គ្រីស្ទបរិស័ទមួយចំនួន មិនជឿលើសេចក្តីសុចរិតរបស់ទ្រង់ទេ ហើយគ្រាន់តែសរសើរតម្កើងព្រះអម្ចាស់ថា «♫អូ ព្រះយកអ្វីដែលជារបស់ខ្ញុំ ហើយយកវាធ្វើជារបស់ទ្រង់។ ♫ភក្តីភាពដ៏តូចរបស់ខ្ញុំ ជីវិតរបស់ខ្ញុំ ការលះបង់របស់ខ្ញុំ ♫ទោះបើវាតូច ទូលបង្គំថ្វាយវាទាំងអស់ដល់ទ្រង់ មហាក្សត្ររបស់ទូលបង្គំ ♫ទូលបង្គំនឹងរស់នៅសម្រាប់ទ្រង់ ព្រះអម្ចាស់របស់ទូលបង្គំ! ♫អូ ព្រះវិញ្ញាណបរិសុទ្ធយាងមកដូចជាភ្លើង»។ យើងមិនត្រូវធ្វើដូចជាគ្រីស្ទបរិស័ទបែបនេះឡើយ។ ពួកគេសរសើរតម្កើងព្រះជារៀងរាល់ថ្ងៃ ហើយបន្តថ្វាយការព្យាយាម និងភក្តីភាពរបស់ពួកគេនៅចំពោះព្រះ ដោយគិតថា ព្រះនឹងប្រទានពរដល់ពួកគេ។
មនុស្សរំខានព្រះ ដោយការព្យាយាម និងភក្តីភាពហួសហេតុពេក។ ព្រះធុញទ្រាន់ចំពោះភក្តីភាពដ៏ល្ងិតល្ងង់របស់យើង។ ពួកគេទទូចឲ្យព្រះទទួលយកសេចក្តីសុចរិត «របស់មនុស្ស»។ ខណៈដែលពួកគេកំពុងតែធ្វើការ សម្អាតផ្ទះ និងបរិភោគអាហារ ពួកគេសរសើរ និងស្រែកទៅកាន់ព្រះអម្ចាស់ថា «ឱព្រះអង្គអើយ! សូមទទួលយកភក្តីភាពរបស់យើងផង!»។ គួរឲ្យសោកស្តាយណាស់ ដែលគ្រីស្ទបរិស័ទភាគច្រើនគ្រាន់តែទូលឲ្យព្រះយេស៊ូវទទួលភក្តីភាពខាងសាច់ឈាមរបស់ខ្លួន ខណៈដែលពួកគេមិនយល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះសោះ។ យើងត្រូវតែទុកភក្តីភាព និងការប្រឹងប្រែងរបស់យើងចោលមួយរយៈសិន ហើយបែរមកទទួលយកសេចក្តីសុចរិតរបស់ព្រះ ដែលមានផ្ទុកនូវបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងវិញ។ 
ភក្តីភាព និងការប្រឹងប្រែងខាងសាច់ឈាមរបស់យើង មិនមានប្រយោជន៍អ្វីនៅចំពោះព្រះឡើយ។ ប៉ុន្តែមនុស្សនៅតែហៅឲ្យព្រះទទួលយកភក្តីភាព និងការប្រឹងប្រែងរបស់ខ្លួន ហើយអត់ទោសដល់អំពើបាបរបស់ខ្លួនវិញ។ វាគឺដូចជាអ្នកសុំទានចំកួតម្នាក់ ដែលឲ្យរបស់របរទាំងអស់របស់ខ្លួនទៅដល់មហាសេដ្ឋី ហើយសុំឲ្យសេដ្ឋីនោះអនុញ្ញាតឲ្យខ្លួនបានរស់នៅក្នុងវិមានដ៏ស្កឹមស្កៃ ជាការតបស្នងសម្រាប់អំណោយដ៏ឥតតម្លៃ និងកខ្វក់របស់ខ្លួន។ ព្រះមិនចង់ឲ្យយើងអួតពីសេចក្តីសុចរិតរបស់យើងឡើយ ប៉ុន្តែទ្រង់ចង់ឲ្យយើងមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងវិញ។ 
ជំនឿគ្រីស្ទបរិស័ទមិនមែនជាសាសនាសប្បុរស ដែលមនុស្សបានបង្កើតឡើងនៅក្នុងលោកិយនេះឡើយ។ ជំនឿគ្រីស្ទបរិស័ទមិនដូចជាសាសនាលោកិយទាំងឡាយ ដូចជា សាសនាព្រះពុទ្ធ ដែលតម្រូវឲ្យមនុស្សតែងតែបន់ស្រន់ ថ្វាយបង្គំ និងបន្សុទខ្លួនឯងនោះឡើយ។ យើងមិនត្រូវមានជំនឿបែបនេះឡើយ។ យើងមិនត្រូវថ្វាយភក្តីភាព និងការប្រឹងប្រែងរបស់យើង ហើយស្នើសុំព្រះពរពីទ្រង់វិញឡើយ ប៉ុន្តែយើងត្រូវយល់ពី និងទទួលយកសេចក្តីសុចរិតរបស់ព្រះវិញ្ ពីព្រោះទ្រង់ពិតជាចង់ប្រទានវាឲ្យយើង។ 
យើងនឹងទទួលបានការអត់ទោសបាប នៅពេលយើងជឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសុគត ដើម្បីដោះអំពើបាបទាំងនោះចេញ តែម្តងជាសម្រេច។ ដូច្នេះ ទ្រង់មិនត្រូវការទទួលបុណ្យជ្រមុជ និងការសុគតម្តងទៀតឡើយ។
ហេព្រើរ ១០:១៨ និយាយថា «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ»។ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគត តែម្តង ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ឥឡូវនេះ ជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះគ្រីស្ទបានស្តាទំនាក់ទំនងរបស់យើងជាមួយព្រះឡើងវិញហើយ។
សាវកប៉ុលបន្តនិយាយថា «ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ» (រ៉ូម ៦:១២)។ យើងនឹងសោយរាជ្យជាមួយព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់ និងជាស្តេចលើសអស់ទាំងស្តេចរបស់យើង។ បាបមិនអាចមានអំណាចគ្រប់គ្រងលើអ្នកបានឡើយ។ ពេលវេលាដែលបាបសោយរាជ្យលើយើង បានបញ្ចប់ហើយ។ យើងមិនត្រូវដើរតាមសេចក្តីលោភ ឬមហិច្ឆតារបស់សាច់ឈាមយើងឡើយ។ ហើយយើងអាចយកឈ្នះការទាំងនេះបាន ពីព្រោះព្រះបានប្រទានសេចក្តីសុចរិតដ៏អស់កល្បជានិច្ចរបស់ទ្រង់ដល់យើងហើយ។
 
 
ចូរប្រគល់ចិត្ត និងរូបកាយរបស់អ្នក ទុកជាប្រដាប់ប្រដាសុចរិត របស់ព្រះ
 
«ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង» (រ៉ូម ៦:១៣)។ 
សាវកប៉ុលប្រាប់អំពីរបៀបសំខាន់បីសម្រាប់តយុទ្ធជាមួយអំពើបាប។ ជាដំបូង យើងមិនគួរស្តាប់តាមរូបកាយដែលពុករលួយនៅក្នុងសេចក្តីប៉ងប្រាថ្នារបស់វាទេ។ យើងត្រូវតែបដិសេធអ្វីដែលជីវិតចាស់របស់យើងព្យាយាមធ្វើនៅក្នុងសេចក្តីប៉ងប្រាថ្នា។ ទីពីរ យើងមិនត្រូវប្រគល់អវយវៈរបស់យើង ទុកជាប្រដាប់ប្រដានៃអំពើបាបឡើយ។ យើងត្រូវតែបញ្ឈប់ អវយវៈរបស់យើង ដែលជាសមត្ថភាពរបស់យើង ពីការធ្វើជាប្រដាប់ប្រដានៃសេចក្តីទុច្ចរិត។ ហើយទីបី យើងត្រូវតែប្រគល់អវយវៈរបស់យើង ទុកជាប្រដាប់ប្រដានៃសេចក្តីសុចរិតរបស់ព្រះ។ 
នៅមុនពេលយើងជឿព្រះយេស៊ូវ យើងបានប្រគល់ដៃ ជើង មាត់ និងភ្នែករបស់យើងទៅឲ្យបាប។ ហើយយើងបានក្លាយជាប្រដាប់ប្រដានៃបាប ហើយបានដើរតាមទៅកន្លែងដែលវានាំយើងទៅ។ ប៉ុន្តែឥឡូវនេះ យើងត្រូវតែសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់អវយវៈរបស់យើងជាប្រដាប់ប្រដានៃសេចក្តីទុច្ចរិត ដើម្បីធ្វើបាប។ យើងមិនត្រូវអនុញ្ញាតឲ្យបាបមានអំណាចគ្រប់គ្រងលើយើង ដោយមិនមានការតយុទ្ធនោះឡើយ។ នៅពេលសេចក្តីល្បួងនៃបាបមកដល់ យើងត្រូវតែប្រកាសថា «បាប ឯងបានស្លាប់នៅក្នុងព្រះគ្រីស្ទហើយ»។ ហើយយើងត្រូវតែប្រកាសថា ព្រះគឺជាព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលមាននៅ។
នៅក្នុងជីវិតនៃជំនឿ យើងគួរតែចងចាំពីអ្វីដែលយើងគួរតែធ្វើ និងអ្វីដែលយើងមិនគួរធ្វើ។ យើងមិនត្រូវប្រគល់អវយវៈរបស់យើងទៅឲ្យបាបទេ ប៉ុន្តែប្រគល់ពួកវាទៅព្រះវិញ។ អ្វីដែលយើងត្រូវធ្វើ គឺសំខាន់ដូចគ្នានឹងអ្វីដែលយើងមិនគួរធ្វើ។ បើសិនយើងមិនប្រគល់អ្វីសោះដល់ព្រះ វាមានន័យថា យើងកំពុងតែប្រគល់វាដល់បាបហើយ។ ឧទាហរណ៍ បើសិនយើងប្រគល់ពេលវេលារបស់យើងដល់ព្រះ យើងនឹងមិនមានពេលវេលា ដើម្បីប្រគល់វាដល់បាបឡើយ។ យើងត្រូវតែធ្វើជាខ្មាំងសត្រូវរបស់បាប ហើយធ្វើជាសមាជិកម្នាក់នៃគ្រួសារមួយរបស់ព្រះ។ 
យើងអាចនិយាយដោយចៃដន្យថា «ខ្ញុំមិនមានសេចក្តីក្លាហានយកឈ្នះលើបាបទេ»។ ប៉ុន្តែសាវកប៉ុលប្រាប់យើងនៅក្នុង រ៉ូម ៦:១៤ ថា «ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ»។ បើសិនយើងនៅតែស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់បាប យើងពិតជានឹងធ្វើបាបម្តងទៀតហើយ។ ប៉ុន្តែបើសិនយើងស្ថិតនៅក្រោមព្រះគុណព្រះ ព្រះគុណព្រះនឹងទ្រទ្រង់ និងផ្តល់ឲ្យយើងនូវភាពជោគជ័យ។ ដូច្នេះហើយបានជាអ្នកនិពន្ធទំនុកដំកើងអធិស្ឋានថា «សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្តីទុច្ចរិតណាមានអំណាចលើទូលបង្គំឡើយ» (ទំនុកដំកើង ១១៩:១៣៣)។ 
ដរាបណាយើងរស់នៅលើផែនដីនេះ បាបនឹងស្វែងរកផ្លូវរបស់វាទៅកាន់យើងជានិច្ច។ សូម្បីតែបន្ទាប់ពីយើងប្រកាសថា យើងបានស្លាប់នៅក្នុងព្រះគ្រីស្ទរួចហើយក៏ដោយ បាបនឹងនៅតែព្យាយាមធ្វើឲ្យយើងដួលចុះ ហើយគ្រប់គ្រងលើយើង។ បើសិនយើងព្យាយាមបានសុចរិតសម្រាប់ខ្លួនឯងនៅក្រោមក្រិត្យវិន័យ យើងមិនអាចបានរួចពីអំណាចគ្រប់គ្រងរបស់បាបបានឡើយ។ ប៉ុន្តែយើងត្រូវតែចងចាំថា យើងមានជំនឿជឿលើ សេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ បាបមិនអាចគ្រប់គ្រងលើយើងបាន ឡើយ។ យើងត្រូវតែដឹងការពិតនេះ ហើយស្រែកប្រកាសវាឲ្យខ្លាំងៗ។ 
អ្នកទាំងអស់គ្នា ត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយប្រើមាត់ប្រកាសវា។ «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ វាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្ត ហើយប្រើមាត់ប្រកាសវា។ 
ដូច្នេះ កាលណាបាបព្យាយាមសោយរាជ្យលើយើង កាលណាកំហឹងព្យាយាមគ្រប់គ្រងគំនិតរបស់យើង កាលណាសេចក្តីកំផិត និងសេចក្តីអាសអាភាសព្យាយាមបង្ខូចយើង កាលណាសេចក្តីលោភចូលមកល្បួងយើងឲ្យបញ្ឆោតអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនឯង និងកាលណាសម្អប់ ឬសេចក្តីច្រណែនគ្រប់គ្រងចិត្តរបស់យើង យើងត្រូវតែស្រែកថា «ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងនេះរួចហើយ!» ហើយយើងត្រូវតែស្រែកដោយជំនឿថា «បាប! ឯងមិនអាចគ្រប់គ្រងយើងបានឡើយ។ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ ព្រះបានសង្រ្គោះខ្ញុំទាំងស្រុងចេញពីអំពើបាប សេចក្តីវិនាស បណ្តាសារបស់ខ្ញុំហើយ និងក៏ចេញពីសាតាំងដែរ»។ 
ឃ្លាថា «យើងរស់នៅសម្រាប់ព្រះ» មានន័យថា យើងរស់នៅដោយសុចរិត ដោយសារតែជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ទ្រង់។ សេចក្តីសុចរិតរបស់ព្រះបានធ្វើឲ្យអស់អ្នកដែលបានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានគ្រប់លក្ខណ៍។ ដូច្នេះហើយបានជាយើងបានស្លាប់ខាងបាប ហើយបានរស់ខាងព្រះវិញ ដោយសារជំនឿលើសេចក្តីសុចរិតរបស់ទ្រង់។ មិនមានអ្វីសំខាន់ដូចជាការស្គាល់ និងការប្រកាសថា យើងបានរស់ឡើងវិញខាងវិញ្ញាណហើយ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។
សាវកប៉ុលបាននិយាយថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត» (រ៉ូម ៥:២០)។ មនុស្សបានយល់ច្រឡំពីគាត់ ហើយបាននិយាយថា មនុស្សត្រូវតែបន្តធ្វើបាប ដើម្បីយកឈ្នះលើព្រះគុណ។ ប៉ុន្តែសាវកប៉ុលបដិសេធទៅកាន់ពួកគេ។ គ្រប់ការទាំងអស់កំពុងតែរង់ចាំ បន្ទាប់ពីជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ អំពើបាបនៅក្នុងលោកិយនេះនឹងហ៊ុំព័ទ្ធយើង ហើយព្យាយាមគ្រប់គ្រងចិត្តរបស់យើង។
ទោះបីជាយ៉ាងណា កាលណាការនោះកើតឡើង យើងអាចពឹងផ្អែកលើសេចក្តីសុចរិតរបស់ព្រះ ហើយយកឈ្នះ និងបោះបង់ចោលភាពខ្សោយរបស់យើងបាន តាមរយៈជំនឿ។ យើងអាចរស់នៅធ្វើជាកូនរបស់ព្រះ ដែលទ្រង់ស្រឡាញ់យ៉ាងខ្លាំងបាន។ ជាមួយនឹងជំនឿបែបនេះ យើងអាចស្លាប់ខាងបាប ហើយរស់ខាងព្រះវិញបាន។ យើងអាចរស់នៅអស់មួយជីវិតរបស់យើងបាន ដោយជឿលើ និងដេញតាមសេចក្តីសុចរិតរបស់ព្រះ ហើយយើងនឹងរស់នៅជារៀងរហូតនៅក្នុងនគររបស់ទ្រង់ នៅពេលណាយើងទៅដល់ទីនោះ។
រ៉ូម ៦:២៣ និយាយថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ អាម៉ែន។ អស់អ្នកដែលបានទទួលយកព្រះគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន ជឿលើអំណាចនៃបុណ្យជ្រមុជរបស់ទ្រង់ និងឥទ្ធិពលនៃការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ អាម៉ែន។
ហាលេលូយ៉ា! សូមសរសើរតម្កើងព្រះអម្ចាស់!