Search

説教集

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-1] សេចក្តីណែនាំទៅកាន់ជំពូក៧

តាមរយៈការឆ្លុះបញ្ចាំងលើការពិតថា នៅមុនសេចក្តីប្រោសលោះរបស់គាត់ សាច់ឈាមរបស់គាត់ត្រូវបានក្រិត្យវិន័យរបស់ព្រះកាត់ទោសឲ្យស្លាប់ សាវកប៉ុលបានប្រកាសសេចក្តីជំនឿថា គាត់បានស្លាប់ខាងឯបាបហើយ ដោយការជឿដល់ព្រះយេស៊ូវគ្រីស្ទ។ ចំណែកយើងវិញ មុនពេលយើងបានជួបសេចក្តីសុចរិតរបស់ព្រះ គឺមុនពេលយើងបានកើតជាថ្មី យើងទាំងអស់គ្នាដែលជឿដល់ព្រះគ្រីស្ទ ធ្លាប់រស់នៅក្រោមការគ្រប់គ្រង និងបណ្តាសារបស់ក្រិត្យវិន័យ។ ដូច្នេះ ក្រិត្យវិន័យនឹងមានអំណាចគ្រប់គ្រងលើយើង បើសិនយើងមិនបានប្រោសលោះចេញពីអំពើបាបរបស់យើង ដោយការជួបព្រះយេស៊ូវគ្រីស្ទ ដែលបាននាំសេចក្តីសុចរិតរបស់ព្រះមកឲ្យយើងទេ។
សាវកប៉ុលបាននិយាយអំពីបញ្ហាខាងវិញ្ញាណ ដែលសាច់ឈាមមិនអាចយល់បានទេ គឺថា អ្នកដែលបានស្លាប់ខាងឯបាបហើយ លែងស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់បាបទៀតហើយ ដូចដែលស្ត្រីម្នាក់ ដែលប្តីរបស់ខ្លួនបានស្លាប់ បានរួចទាំងស្រុងពីកាតព្វកិច្ចរបស់គាត់ចំពោះប្តីរួចហើយ។ បទគម្ពីរនេះអាចស្តាប់ទៅដូចជាធម្មតា ប៉ុន្តែវាគឺជាបទគម្ពីរសំខាន់ចាំបាច់ខាងវិញ្ញាណមួយ។ វាមានន័យថា អ្នកដែលមិនមានសេចក្តីសុចរិតរបស់ព្រះ ពិតជារស់នៅក្រោមអំណាចគ្រប់គ្រង និងបណ្តាសារបស់ក្រិត្យវិន័យ ពីព្រោះពួកគេមិនទាន់បានដោះស្រាយបញ្ហាបាបរបស់ពួកគេទេ។
រ៉ូម ៦:២៣ ប្រាប់យើងថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» ដែលមានន័យថា បាបនឹងរលាយបាត់ទៅ បើសិនឈ្នួលត្រូវបានសងរួចរាល់ហើយ។ បើសិនមនុស្សម្នាក់ជឿដល់ព្រះយេស៊ូវ តែមិនទាន់ស្គាល់សេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវប្រទានឲ្យ គាត់នៅតែរស់នៅក្នុងបាបដដែល ហើយគាត់ត្រូវតែសងថ្លៃឈ្នួលនៃបាបនោះ។ ដូច្នេះហើយបានជាយើងត្រូវតែទទួលបានសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ លុះត្រាតែយើងទទួលបានសេចក្តីសុចរិតរបស់ព្រះ ទើបយើងអាចស្លាប់ខាងឯបាប បានរួចពីក្រិត្យវិន័យ និងបានរៀបការជាមួយកូនកម្លោះថ្មីរបស់យើង ដែលជាព្រះគ្រីស្ទយេស៊ូវបាន។ 
តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចរកឃើញសេចក្តីសុចរិតរបស់ព្រះបាន ប៉ុន្តែបើសិនមិនជឿលើសេចក្តីសុចរិតរបស់ព្រះនេះទេ គ្មានអ្នកណាម្នាក់អាចបានរួចពីក្រិត្យវិន័យបានឡើយ។ ផ្លូវតែមួយគត់ ដើម្បីបានរួចពីបណ្តាសារបស់ក្រិត្យវិន័យ គឺត្រូវស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ តើអ្នកបានរកឃើញសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវហើយឬនៅ? បើសិនមិនទាន់រកឃើញទេ ឥឡូវនេះគឺជាពេលវេលាសម្រាប់អ្នកបោះបង់ចោលសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាបខ្លួន និងបែរមកឯព្រះបន្ទូលព្រះវិញ។ 
 
 
បន្ទាប់ពីបានស្លាប់ខាងឯបាប យើងគឺជារបស់ព្រះគ្រីស្ទ
 
សាវកប៉ុល បានប្រាប់បងប្អូននៅក្រុងរ៉ូមថា «អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ»។ អ្នកត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលថា «បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ»។ គ្មានអ្នកណាម្នាក់អាចទៅឯព្រះគ្រីស្ទ ដោយមិនបានស្លាប់ខាងឯបាប ដោយសាររូបអង្គនៃព្រះគ្រីស្ទបាន ឡើយ។ នៅក្នុងន័យផ្សេង អំពើបាបរបស់យើងត្រូវតែស្លាប់ជាមួយរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ ការនេះអាចកើតឡើងបាន លុះត្រាតែយើងជឿលើបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
យើងអាចស្លាប់ជាមួយព្រះគ្រីស្ទបាន ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់។ ដោយសារព្រះយេស៊ូវបានសុគតជាមួយនឹងអំពើបាបទាំងអស់របស់មនុស្សនៅលើអង្គទ្រង់ ដែលទ្រង់បានទទួលយកពីបុណ្យជ្រមុជ អំពើបាបទាំងអស់របស់យើងក៏បានស្លាប់ជាមួយទ្រង់ផងដែរ នៅពេលយើងបានជឿលើការពិតនេះ។ សេចក្តីពិតគឺថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ យើងមិនគួរគ្រាន់តែស្គាល់សេចក្តីពិតនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏គួររក្សាវាទុកនៅក្នុងចិត្តរបស់យើង ដោយសេចក្តីជំនឿផងដែរ។ ហើយយើងត្រូវតែរក្សាសេចក្តីជំនឿនេះ រហូតដល់យើងចូលទៅក្នុងនគរព្រះ។ ដូច្នេះហើយបានជាសាវកប៉ុលបាននិយាយថា យើងបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសាររូកាយរបស់ព្រះយេស៊ូវគ្រីស្ទហើយ។ ដូច្នេះ អ្នកដែលជឿតាមសេចក្តីពិតនេះ អាចទៅឯព្រះយេស៊ូវ គ្រីស្ទ រស់នៅជាមួយទ្រង់ និងបង្កើតផលផ្លែសុចរិតសម្រាប់ព្រះបាន។ 
យើងមិនគួរជឿតាមអាយុកាលនៃសំបុត្រទេ ប៉ុន្តែតាមសេចក្តីពិតថ្មីរបស់ព្រះវិញ្ញាណវិញ។ មនុស្សមានបាបពិតជាធ្វើបាបកាន់តែច្រើន ដោយសារក្រិត្យវិន័យ ពីព្រោះក្រិត្យវិន័យសម្តែងឲ្យឃើញអំពើបាបកាន់តែច្រើន ដែលត្រូវបានលាក់បាំងនៅក្នុងពួកគេ ហើយធ្វើឲ្យពួកគេកាន់តែទទួលស្គាល់អំពើបាបរបស់ពួកគេ និងអនុញ្ញាតឲ្យពួកគេធ្វើបាបកាន់ច្រើនឡើង។ តួនាទីមួយរបស់ក្រិត្យវិន័យ គឺត្រូវធ្វើឲ្យយើងទទួលស្គាល់អំពើបាបរបស់យើង ប៉ុន្តែវាក៏មានតួនាទីក្នុងការបើកសម្តែងនិស្ស័យបាប និងធ្វើឲ្យយើងប្រព្រឹត្តអំពើបាបកាន់តែច្រើនផងដែរ។ បើសិនព្រះមិនបានប្រទានក្រិត្យវិន័យដល់យើងទេ នោះយើងនឹងមិនបានដឹងថា មានបាបយ៉ាងខ្លាំងលាក់បាំងនៅក្នុងខ្លួនរបស់យើងឡើយ។ ប៉ុន្តែព្រះបានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់យើង ហើយក្រិត្យវិន័យនេះធ្វើឲ្យបាបកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យយើងប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើងៗ។ 
ដូច្នេះ សាវកប៉ុលនិយាយថា ដោយសារយើងបានស្លាប់ខាងឯបាប ដោយសាររូបកាយរបស់ព្រះគ្រីស្ទហើយ ឥឡូវនេះ យើងត្រូវតែបម្រើព្រះអម្ចាស់ ដោយជំនឿលើសេចក្តីសុចរិតរបស់ព្រះវិញ។ គាត់កំពុងតែប្រាប់យើងឲ្យបម្រើព្រះអម្ចាស់ ដោយជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទាននៃសេចក្តីប្រោសលោះ ដែលទ្រង់បានប្រទានឲ្យយើង គឺយើងបម្រើទ្រង់ ដោយជំនឿនៅក្នុងទីជម្រៅចិត្តរបស់យើង មិនបម្រើទ្រង់ ដោយជំនឿលើតួអក្សរជាក់ស្តែងនោះទេ។ ដោយសារព្រះគម្ពីរប្រាប់យើងថា «វិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ» យើងត្រូវតែដើរតាមព្រះអម្ចាស់ ដោយការដឹងពី អត្ថន័យពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីសុចរិតរបស់ព្រះ។ នៅក្នុងន័យផ្សេង នៅពេលយើងជឿតាមព្រះបន្ទូលព្រះ យើងត្រូវតែស្គាល់ និងជឿលើអត្ថន័យពិតដែលលាក់ទុកនៅក្នុងព្រះគម្ពីរ។ 
 
 
ដូច្នេះ តើក្រិត្យវិន័យគឺជាបាបឬ? ទេមិនពិតទេ!
 
សាវកប៉ុល បានពន្យល់អំពីក្រិត្យវិន័យរបស់ព្រះ ដោយផ្តោតលើតួនាទីរបស់វា។ នេះបង្ហាញពីសារៈសំខាន់នៃការជឿ ដោយមានការយល់ដឹងត្រឹមត្រូវអំពីតួនាទីរបស់ក្រិត្យវិន័យ។ សាវកប៉ុលបានសម្លឹងមើលអំពើបាបរបស់គាត់ តាមរបៀបពីមុនរបស់គាត់ ហើយដោយសាតែគាត់មិនបានដឹងពីអំពើបាបរបស់គាត់ ប៉ុន្តែតាមរយៈក្រិត្យវិន័យរបស់ព្រះ គាត់អាចដឹងថា គាត់មានចិត្តដែលលោភនៅក្នុងគាត់។
ខ្ញុំសង្ឃឹមថា អ្នកជឿសព្វថ្ងៃនេះក៏អាចទទួលបានការយល់ដឹងដូចគ្នាអំពីក្រិត្យវិន័យ ដូចជាសាវកប៉ុលផងដែរ។ មានមនុស្សយ៉ាងច្រើន ដែលមិនបានដឹងពីសេចក្តីពិតនៃក្រិត្យវិន័យ ព្យាយាមរស់នៅក្នុងជីវិតតាមក្រិត្យវិន័យ។ ពួកគេទៅពួកជំនុំ ដោយគិតថា បើសិនពួកគេព្យាយាមខ្លាំងជាងនេះបន្តិចទៀត ពួកគេនឹងអាចគោរពតាមក្រិត្យវិន័យបានទាំងស្រុង ហើយ។ ប៉ុន្តែតាមការពិត មនុស្សទាំងនេះពិតជាមិនអាចស្វែងរកសេចក្តីសុចរិតរបស់ព្រះឃើញឡើយ។
ពួកគេមិនបានដឹងពីអត្ថន័យស៊ីជម្រៅនៃក្រិត្យវិន័យរបស់ព្រះទេ ហើយពួកគេបានក្លាយជាអ្នកក្រិត្យវិន័យនិយម។ ពួកគេកំពុត ខ្វាក់ និងមិនអាចមើលឃើញចិត្តរបស់ខ្លួនបានឡើយ ហើយពួកគេមិនដឹងថា ពួកគេកំពុងតែឈរប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ នៅក្នុងសហគមន៍ គ្រីស្ទបរិស័ទឡើយ។ មានមនុស្សបែបនេះយ៉ាងច្រើន នៅក្នុងជំនឿគ្រីស្ទ បរិស័ទសព្វថ្ងៃនេះ។ អ្នកដែលពិតជាមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ និងបានទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះក្លែងក្លាយ មាន សេចក្តីជំនឿដែលគោរពតាមក្រិត្យវិន័យ ហើយនឹងមិនរួចពីទណ្ឌកម្មនៃសេចក្តីស្លាប់ដ៏អស់កល្បជានិច្ចឡើយ។
សាវកប៉ុលបាននិយាយថា តាមរយៈក្រិត្យវិន័យ គាត់បានដឹងពី សេចក្តីលោភនៅក្នុងចិត្តរបស់គាត់។ នៅពេលគាត់បានដឹងពីអំពើបាបរបស់គាត់ តាមរយៈក្រិត្យវិន័យ គាត់នៅតែជាអ្នកក្រិត្យវិន័យនិយមនៅឡើយ ដែលបានគិតថា គាត់ត្រូវតែគោរពតាមក្រិត្យវិន័យរបស់ព្រះ។ ក្រិត្យវិន័យរបស់ព្រះបានសម្តែងពីសេចក្តីលោភក្នុងចិត្តរបស់សាវកប៉ុល ហើយបានធ្វើឲ្យអំពើបាបរបស់គាត់កាន់តែធ្ងន់ធ្ងរ។ នេះហើយគឺជារបៀបដែលសាវកប៉ុលបានដឹងថា គាត់គឺពិតជាមនុស្សមានបាបធ្ងន់ធ្ងរម្នាក់។ 
មានអំពើបាបដប់ពីរប្រភេទ នៅក្នុងគំនិតរបស់មនុស្ស។ នៅពេលសាវកប៉ុលមិនបានដឹងពីតួនាទីនៃក្រិត្យវិន័យ គាត់បានចាត់ទុកខ្លួនគាត់ជាមនុស្សល្អម្នាក់ ដោយមិនបានដឹងថា គាត់ពិតជាមានបាបទេ។ ប៉ុន្តែ លទ្ធផលនៃការព្យាយាមរបស់គាត់ ដើម្បីរស់នៅតាមក្រិត្យវិន័យ បានបង្ហាញថា គាត់ពិតជាមិនអាចគោរពតាមក្រិត្យវិន័យបានឡើយ និងថា ក្រិត្យវិន័យពិតជាបានសម្តែងឲ្យឃើញថា គាត់មានបាបកាន់តែធ្ងន់ធ្ងរ។
នៅពេលមនុស្សជឿដល់ព្រះយេស៊ូវ តើពួកគេមានសភាពយ៉ាងដូចម្តេចដែរ? នៅពេលអ្នកបានចាប់ផ្តើមជឿព្រះយេស៊ូវដំបូង អ្នកអាចមានភាពឆេះឆួលយ៉ាងខ្លាំងនៅក្នុងសេចក្តីជំនឿរបស់អ្នក ប៉ុន្តែពេលវេលាកន្លងទៅ អ្នកនឹងមើលឃើញថា មានអំពើបាបធំៗជាច្រើននៅក្នុងអ្នក។ តើអ្នកអាចមើលឃើញអំពើបាបទាំងនេះ តាមរយៈអ្វី? តាមរយៈក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះ យើងអាចមើលឃើញអំពើបាបទាំងដប់ពីរប្រភេទនៅក្នុងចិត្តរបស់យើង។ ហើយយើងរួញខ្លួន នៅពេលមើលឃើញតួបាបរបស់យើង នៅចំពោះក្រិត្យវិន័យ។ នេះដោយសារតែតាមរយៈក្រិត្យវិន័យ យើងដឹងថា យើងពិតជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរម្នាក់មែន។
ដូច្នេះហើយបានជាមនុស្សចំនួនបានបង្កើតគោលលទ្ធិនៃការរាប់ជាសុចរិត ដើម្បីលួងលោមខ្លួនឯង។ គោលលទ្ធិនេះអះអាងថា ទោះបីជាមានបាបនៅក្នុងចិត្តក៏ដោយ ក៏ព្រះនឹងរាប់យើងជាសុចរិតដែរ ពីព្រោះយើងជឿដល់ព្រះយេស៊ូវ។ ប៉ុន្តែនេះគ្រាន់តែជាគោលលទ្ធិមួយ ដែលមនុស្សបានបង្កើតឡើងប៉ុណ្ណោះ។ មនុស្សបានបង្កើត និងជឿតាមគោលលទ្ធិបែបនេះ ដើម្បីលាក់បាំងអំពើបាបរបស់ពួកគេ ដោយព្យាយាមរស់នៅក្នុងសេចក្តីរីករាយចំពោះគោលលទ្ធិនេះ។ ប៉ុន្តែដោយសារពួកគេនៅតែជាមនុស្សមានបាបនៅចំពោះក្រិត្យវិន័យ អំពើបាបរបស់ពួកគេកាន់តែធ្ងន់ធ្ងរទៅៗនៅក្នុងគំនិតរបស់ពួកគេ។ ប៉ុន្តែដើម្បីបានរួចពីអំពើបាបទាំងអស់របស់យើង យើងត្រូវតែជឿតាមដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ ដែលជាផ្លូវតែមួយគត់ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ 
ដោយសារសាវកប៉ុលកាលពីមុនបានគិតថា ព្រះបានប្រទានក្រិត្យ វិន័យមក ដើម្បីឲ្យមនុស្សគោរពតាម គាត់បានចាត់ទុកថា គាត់នឹងព្យាយាមដោយអស់ពីសមត្ថភាពរបស់គាត់ ដើម្បីគោរពតាមក្រិត្យវិន័យ។ ប៉ុន្តែផ្ទុយទៅវិញ គាត់បានដឹងថា ក្រិត្យវិន័យពិតជាកាត់ទោសឲ្យព្រលឹងរបស់គាត់ស្លាប់ ដោយសារបាប។ ជាចុងក្រោយ គាត់បានដឹងថា គាត់បានយល់ និងជឿយ៉ាងខុសលើក្រិត្យវិន័យរបស់ព្រះ។
មនុស្សគ្រប់គ្នាមានអំពើបាបទាំងដប់ពីរប្រភេទនៅក្នុងចិត្តរបស់ខ្លួន។ ម៉ាកុស ៧:២១-២៣ ប្រាប់យើងថា «ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»។ 
ទីបំផុត សាវកប៉ុល និងមនុស្សទាំងអស់បានស្គាល់ពីអំពើបាបរបស់ខ្លួន តាមរយៈក្រិត្យវិន័យរបស់ព្រះ។ ដោយសារក្រិត្យវិន័យ ពួកគេបានដឹងពីអំពើបាបរបស់ខ្លួន ហើយត្រូវបានកាត់ទោសឲ្យស្លាប់ ហើយបន្ទាប់មក ពួកគេបានស្វែងរកឃើញសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ គ្រីស្ទ និងបានជឿលើវា។ តើអ្នកគិតថា សេចក្តីសុចរិតរបស់ព្រះគឺជាអ្វី? តើអ្នកនៅតែព្យាយាមគោរពតាមក្រិត្យវិន័យ ដោយគិតថា អ្នកអាចគោរពតាមក្រិត្យវិន័យបានទាំងស្រុងឬ? ព្រះបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងស្គាល់ពីអំពើបាបរបស់យើង ហើយបែរមកឯទ្រង់វិញ ដើម្បីបានសង្រ្គោះចេញពីបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងត្រូវតែមានការយល់ដឹងត្រឹមត្រូវ អំពីមូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់យើង ហើយយើងត្រូវតែជឿលើវាយ៉ាងត្រឹម ត្រូវ។ កាលណាអ្នកស្គាល់ពីសេចក្តីពិតនេះ អ្នកនឹងដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធមានតម្លៃពិសេសយ៉ាងណា។ 
អ្នកដែលជឿលើក្រិត្យវិន័យរបស់ព្រះ អាចដឹងថា មនុស្សម្នាក់មានបាបធ្ងន់ធ្ងរយ៉ាងណានៅចំពោះព្រះ។ អ្នកដែលមិនស្គាល់ពីតួនាទីនៃក្រិត្យវិន័យ និងមិនជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងប្រឈមនឹងទុក្ខលំបាកធ្ងន់ធ្ងរនៅក្នុងជីវិតសាសនារបស់ខ្លួន ហើយទីបំផុត នឹងត្រូវវិនាស។ នេះដោយសារតែយើងមិនអាចគេចចេញពីបាបបានទេ ពីព្រោះយើងកំពុងតែរស់នៅក្នុងលោកិយដែលពេញដោយអំពើបាប។ ដូច្នេះហើយបានជាមនុស្សមួយចំនួនផ្តាច់ខ្លួនទៅរស់នៅក្នុងរូងភ្នំដាច់ស្រយាល ដើម្បីគេចចេញពីអំពើបាបរបស់លោកិយនេះ។
យើងត្រូវតែដឹងថា ទោះបីជាគ្រប់គ្នានៅក្នុងលោកិយនេះពិតជាប្រព្រឹត្តអំពើបាប និងមានបាបនៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏សេចក្តីប្រោសលោះចេញពីអំពើបាបទាំងអស់នោះ អាចត្រូវបានរកឃើញ ដោយការស្គាល់ និងការជឿលើសេចក្តីសុចរិតរបស់ព្រះដែរ។ ទោះបីជាយើងត្រូវគេចចេញពីអំពើបាបរបស់លោកិយនេះក៏ដោយ ក៏យើងនៅតែមិនអាចគេចចេញពីបាបនៅក្នុងចិត្តរបស់យើងបានដែរ។ នេះដោយសារយើងមានបាបនៅក្នុងចិត្តរបស់យើង។ ប៉ុន្តែដើម្បីពិតជាអាចដោះបាបនៅក្នុងខ្លួនរបស់យើងចេញបាន យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ក្រិត្យវិន័យ និងបញ្ញត្តរបស់ព្រះធ្វើឲ្យអំពើបាបរបស់យើងកាន់តែធ្ងន់ធ្ងរ។ ហើយអ្នកដែលមានអំពើបាបធ្ងន់ធ្ងរ ត្រូវតែស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានបើកសម្តែងដល់យើង។
 «ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង» (រ៉ូម ៧:១០-១១)។ យើងត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីក្រិត្យវិន័យ។ អ្នកដែលមិនបានយល់ដឹងយ៉ាងត្រឹមត្រូវអំពីក្រិត្យវិន័យ នឹងចំណាយពេលអស់មួយជីវិតរបស់ពួកគេ លេចលុងនៅក្នុងការគោរពតាមក្រិត្យវិន័យ ដោយព្យាយាមគេចចេញពីក្រិត្យវិន័យ រហូតដល់ថ្ងៃស្លាប់។ មានតែអ្នកដែលស្គាល់ពីតួនាទីពិតប្រាកដរបស់ក្រិត្យវិន័យទេ ទើបនឹងស្រឡាញ់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលព្រះយេស៊ូវសម្រេចបាន។ ដូច្នេះ តើអ្នកស្គាល់សេចក្តីសុចរិតរបស់ព្រះដែរទេ? 
សាវកប៉ុលបាននិយាយថា ដោយសារគាត់មិនបានកើតជាថ្មីនៅកាលពីមុន គាត់គឺជារបស់សាច់ឈាម និងនៅក្រោមអំណាចនៃបាប។ ហើយគាត់ក៏សារភាពផងដែរថា គាត់ពិតជាចង់រស់នៅតាមក្រិត្យវិន័យណាស់ ប៉ុន្តែគាត់ធ្វើតែអ្វីដែលគាត់មិនចង់ធ្វើទៅវិញ។ នេះដោយសារតែគាត់មិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួន គឺគាត់មិនមានសេចក្តីសុចរិតរបស់ព្រះ។ បន្ទាប់មក គាត់ទទួលស្គាល់ថា មូលហេតុដែលគាត់បានធ្វើបាបទាស់នឹងបំណងចិត្តរបស់គាត់ គឺដោយសារតែបាបនៅក្នុងចិត្តរបស់គាត់ ពីព្រោះនៅពេលនោះ គាត់មិនទាន់រកឃើញសេចក្តីសុចរិតរបស់ព្រះនៅឡើយទេ។
ដូច្នេះ សាវកប៉ុលបានដឹងពីច្បាប់មួយ ហើយច្បាប់នោះគឺជាច្បាប់នៃបាប ដែលការយល់ដឹងសំខាន់បំផុតរបស់គាត់អំពីការពិតថា មនុស្សដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនអាចគេចចេញពីការធ្វើបាបបានឡើយ។ ហើយគាត់ក៏បានដឹងផងដែរថា មនុស្សខាងក្នុងនៅតែមានបំណងចង់រស់នៅតាមក្រិត្យវិន័យរបស់ព្រះដដែល។ ប៉ុន្តែគាត់បានសារភាពថា ដូចដែលដើមបាបបង្កើតផ្លែបាបដែរ គាត់គឺជាមនុស្សមានបាបម្នាក់ ដែលនឹងបន្តធ្វើបាបជានិច្ច ពីព្រោះគាត់មិនទាន់បានជួបព្រះយេស៊ូវគ្រីស្ទ និងទទួលបានសេចក្តីប្រោសលោះចេញពីបាបនៅឡើយទេ។ នៅក្នុងន័យផ្សេង គាត់សមនឹងទទួលទោសដល់ស្លាប់ ដោយសារតែអំពើបាបរបស់គាត់ហើយ។
ដូច្នេះហើយបានជាគាត់បានទទួលស្គាល់ថា គាត់គឺជាមនុស្សវេទនាម្នាក់ ដែលទួញសោកថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។ នេះគឺជាការឆ្លុះបញ្ចាំងរបស់សាវកប៉ុលលើខ្លួនរបស់គាត់ កាលពីគាត់នៅជាមនុស្សមានបាបម្នាក់។ អ្នកក៏គួរតែអនុវត្តការទទួលស្គាល់របស់សាវកប៉ុលទៅចំពោះខ្លួនរបស់អ្នកដែរ។ តើអ្នកនៅតែជាប់ក្នុងតួសេចក្តីស្លាប់នេះ ដែលមិនអាចធ្វើតាមក្រិត្យ វិន័យបានឬ? យើងត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានលាក់បាំងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយយើងអាចទទួលបានសេចក្តីសុចរិតនេះ ដោយការជឿតាមដំណឹងល្អនេះ។
សាវកប៉ុលបានរួចពីសេចក្តីវេទនាទាំងអស់របស់គាត់ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។