Search

説教集

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 7-4] សាច់ឈាមរបស់យើង ដែលបម្រើ តែសាច់ឈាមប៉ុណ្ណោះ (រ៉ូម ៧:១៤-២៥)

(រ៉ូម ៧:១៤-២៥)
«ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។»
 
 
ព្រះគុណរបស់ទ្រង់អស្ចារ្យខ្លាំងណាស់!
 
យើង សូមអរព្រះគុណដល់ព្រះរបស់យើង ដែលបានអនុញ្ញាតឲ្យយើងរៀបចំការជួបជុំសិក្សាព្រះគម្ពីររដូវក្តៅ ហើយបានគ្រប់គ្រងលើអាកាសធាតុ ដោយការពារមិនឲ្យមានខ្យល់ព្យុះកើតឡើង ដើម្បីឲ្យយើងអាចមានថ្ងៃដ៏ល្អទាំងនេះ។ ហើយទ្រង់បានបញ្ជូនព្រលឹងវិញ្ញាណ និងប្រមូលផ្តុំរាស្ត្ររបស់ទ្រង់ជាមួយគ្នា ដើម្បីប្រទានព្រះបន្ទូលទ្រង់ដល់យើង និងអនុញ្ញាតឲ្យយើងមានសេចក្តីប្រកបជាមួយគ្នាទៅវិញទៅមក និងជាមួយព្រះវិញ្ញាណបរិសុទ្ធ។
ព្រះមានព្រះជន្មរស់នៅ! ព្រះគុណរបស់ទ្រង់អស្ចារ្យខ្លាំងណាស់! ឥឡូវនេះ មនុស្សគិតថា ខ្យល់ព្យុះនោះនឹងមកដល់ប្រទេសរបស់យើង ហើយមន្ត្រីយាមល្បាតបានជម្លាសអ្នកបោះជំរុំទាំងអស់ ចេញពីតំបន់ជ្រលងភ្នំ In-Jae។ នៅថ្ងៃរសៀលនេះ ខ្ញុំបានទៅក្រុង In-Jae ហើយខ្ញុំបានស្តាប់ឮមនុស្សនិយាយគ្នាទៅវិញទៅមក ដោយបារម្ភអំពីខ្យល់ព្យុះនោះ និងកម្លាំងបំផ្លិចបំផ្លាញរបស់វា។
ប៉ុន្តែ តើគ្រប់យ៉ាងនឹងកើតឡើង តាមរបៀបដែលពួកគេរំពឹងឬ ទោះបើយើងដែលជាកូនរបស់ព្រះ បានប្រមូលផ្តុំគ្នានៅក្នុងទីនេះ សម្រាប់ការសម្រាកលំហែររដូវក្តៅក៏ដោយ? បើសិនយើងអធិស្ឋាន វានឹងមិនភ្លៀងទេ ដោយសារសេចក្តីមេត្តាករុណារបស់ព្រះ។ តើព្រះនឹងបណ្តេញរាស្ត្ររបស់ទ្រង់ចេញឬ? ព្រះគ្រប់គ្រងលើអាកាសធាតុ ប៉ុន្តែទ្រង់ធ្វើដូច្នេះ ដោយសារសេចក្តីជំនឿរបស់យើង។ ទ្រង់ធ្វើការយ៉ាងឆ្លាតវៃ ហើយនេះមានន័យថា ទ្រង់នឹងមិនល្បងលយើងដែលមានសេចក្តីជំនឿ ដោយធ្វើឲ្យយើងឆ្ងល់ថា «ហេតុអ្វីព្រះប្រទានខ្យល់ព្យុះដល់យើង នៅពេលយើងមានការសម្រាកលំហែររដូវក្តៅដូច្នេះ?» ទេ។ 
នៅពេលខ្ញុំបានអានព័ត៌មានអំពីខ្យល់ព្យុះនោះ ខ្ញុំមិនមានអំណាចរារាំងវាឡើយ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺជាការអធិស្ឋាន។ យើងបានរៀបគម្រោងសម្រាប់ការជួបជុំសិក្សាព្រះគម្ពីររដូវក្តៅនេះរួចទៅហើយ យើងបានប្រមូលផ្តុំគ្នារួចទៅហើយ ហើយយើងមិនអាចដោះស្រាយបញ្ហានេះបានឡើយ។ ហើយខ្ញុំបានបារម្ភថា សាលប្រជុំនេះនឹងមិនរឹងមាំ ក្នុងការទប់ទល់ជាមួយខ្យល់ព្យុះនេះទេ ពីព្រោះវាគ្រាន់តែត្រូវបានសាងសង់ឡើង ដោយសម្ភារៈផ្គុំនៅនឹងកន្លែងប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំមិនអាចជួយអ្វីបានឡើយ ប៉ុន្តែមានតែពឹងផ្អែកលើព្រះប៉ុណ្ណោះ។ ខ្ញុំបានអធិស្ឋានថា «ឱព្រះអង្គអើយ សូមជួយ និងការពារយើងផង។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន»។ ហើយព្រះពិតជាបានការពារមិនឲ្យមានខ្យល់ព្យុះនោះមែន! ខ្ញុំជឿថា ព្រះជ្រាបគ្រប់ការទាំងអស់ ហើយទ្រង់ដឹកនាំយើងទៅកាន់សុវត្ថិភាព ពីព្រោះទ្រង់យល់ពីស្ថានភាពរបស់យើងយ៉ាងច្បាស់លាស់ជាងយើងទៅទៀត។
អាកាសធាតុបានបង្ហាញប្រាប់យើងថា ព្រះមានព្រះជន្មរស់នៅ។ ខ្ញុំបានឮសូរផ្គរលាន់ដូចសម្លេងផ្ទុះកាំភ្លើង ពីក្នុងតង់របស់ខ្ញុំ។ មេឃងងឹត និងពពកក្រាស់កំពុងតែគ្របដណ្តប់លើជ្រលងភ្នំ។ ដូច្នេះ ខ្ញុំបានសួរថា «ព្រះអម្ចាស់ តើពពកទាំងនោះកំពុងតែធ្វើដំណើរមកគ្របដណ្តប់លើយើងឬ?» សេចក្តីជំនឿរបស់ខ្ញុំបានចាប់ផ្តើមខ្សោយ ហើយខ្ញុំបានសួរថា «ព្រះអម្ចាស់ តើមានរឿងអ្វីកំពុងតែកើតឡើង? តើខ្យល់ព្យុះបានមកដល់ទីនេះហើយឬ? តើវាពិតជាបានមកដល់ទីនេះហើយឬ?»។ ប៉ុន្តែខ្ញុំបានអធិស្ឋាន និងជឿលើព្រះ និងប្រកាន់ខ្ជាប់ជាមួយជំនឿនេះ ដោយទូលទៅកាន់ព្រះថា «ទូលបង្គំជឿថា ទ្រង់នឹងថែរក្សាយើង។ ទូលបង្គំជឿលើទ្រង់។ ទូលបង្គំបានជឿរួចហើយថា ទ្រង់នឹងធ្វើការសម្រាប់យើង»។ ទីបំផុត ព្រះពិតជាបានប្រទានពរដល់យើង នៅពេលយើងជឿលើទ្រង់។ ដូច្នេះ យើងសូមអរព្រះគុណដល់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។ 
 
 
សាច់ឈាមអាក្រក់ និងអាត្មានិយម
 
យើង មិនអាចធ្វើអ្វីបានឡើយ បើសិនព្រះមិនធ្វើការសម្រាប់យើង។ ព្រះរបស់យើងថែរក្សា និងជួយយើង។ ចូរយើងពិនិត្យមើលព្រះបន្ទូលព្រះនៅក្នុង រ៉ូម ១៤-២៥ ដែលប្រាប់យើងថា សាវកប៉ុលបានដឹងថា ខ្លួនគាត់នៅក្នុងសាច់ឈាម និងនៅក្រោមអំណាចរបស់អំពើបាប។ ហើយគាត់ក៏បានដឹងផងដែរថា មានអំណាចមួយ ដែលសាច់ឈាមបន្តធ្វើបាបជានិច្ច ខណៈដែលគាត់កំពុងតែមានជីវិតរស់នៅ។
យើងដែលបានកើតជាថ្មីហើយ ក៏ធ្វើការអាក្រក់ផងដែរ ទោះបើយើងចង់ធ្វើការល្អជាមួយសាច់ឈាមក៏ដោយ។ រ៉ូម ៧:១៩ និយាយថា «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ»។ យើងមើលឃើញថា គ្មានអ្វីនៅក្នុងខ្លួនរបស់យើង ឡើយ។ ដូច្នេះហើយបានជាយើងដកដង្ហើមនៅក្នុងទុក្ខព្រួយ និងគិតថា «តើខ្ញុំនឹងអាចរក្សាសេចក្តីជំនឿរបស់ខ្ញុំបានទេ?»។ យើងមានទុក្ខព្រួយយ៉ាងខ្លាំង ដោយសារតែសាច់ឈាមដែលអាក្រក់ និងអស់សង្ឃឹមរបស់យើង។ តើអ្នកដឹងថា សាច់ឈាមអាត្មានិយមយ៉ាងណាទេ? រ៉ូម ៧:១៨ និយាយថា «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ»។ 
យើងតែងតែគិតពីខ្លួនឯង ទោះបើយើងគឺជាពូជអ្នកប្រព្រឹត្តការអាក្រក់ក៏ដោយ។ តើអ្នកដឹងថា យើងដែលជាមនុស្សជាតិ អាត្មានិយមយ៉ាងណាទេ? យើងពិតជាដឹងថា យើងអាក្រក់ ប៉ុន្តែយើងមិននៅខាងព្រះអម្ចាស់យើង ប៉ុន្តែនៅខាងខ្លួនឯងវិញ។ ព្រះអម្ចាស់គឺពិតជាល្អ ហើយបំណងព្រះហឫទ័យទ្រង់ក៏ល្អផងដែរ។ យើងដឹងថា យើងអាក្រក់ ប៉ុន្តែយើងស្រឡាញ់ខ្លួនឯងខ្លាំងណាស់។ ព្រះបានបង្គាប់មិនឲ្យយើងមានព្រះឯណាទៀតនៅចំពោះត្រង់ ដើម្បីជួយឲ្យយើងដឹងថា យើងមានបាប។
យើងស្រឡាញ់ខ្លួនឯង និងធ្វើគ្រប់យ៉ាងសម្រាប់ខ្លួនឯង ទោះបើយើងដឹងថា យើងអាត្មានិយម និងសុចរិតដោយខ្លួនឯងយ៉ាងណាក៏ ដោយ។ យើងសប្បាយចិត្ត នៅពេលអ្វីមួយមានប្រយោជន៍ដល់យើង ប៉ុន្តែយើងពិតជាអាក្រក់ និងកំណាញ់ជាមួយព្រះអម្ចាស់ខ្លាំងណាស់! នេះដោយសារតែយើងមិនមានចិត្ត។ ក្មេងៗមិនបោះបង់នំរបស់ខ្លួនឡើយ។ ពួកគេក្តាប់អ្វីដែលមាននៅក្នុងដៃរបស់ពួកគេ រហូតដល់វាបែកខ្ទេច ហើយពួកគេមិនចែករំលែកជាមួយអ្នកណាឡើយ ពីព្រោះពួកគេនៅក្មេង និងមិនមានចិត្ត។ ពួកគេមិនដឹងថា មានរបស់យ៉ាងមានតម្លៃជាងនំរបស់ពួកគេទេ។ ដូច្នេះ ក្មេងប្រព្រឹត្តដូច្នេះ ហើយយើងក៏ប្រព្រឹត្តដូចជាក្មេងៗផងដែរ។
អំពើបាបរបស់យើងត្រូវបានលាងសម្អាតហើយ ប៉ុន្តែយើងនៅតែអាត្មានិយមដដែល។ យើងអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការរាប់យើងជាឥតបាប និងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង ដោយអំណាចព្រះចេស្តារបស់ទ្រង់។ ប៉ុន្តែបន្ទាប់ពីបានទទួលការអត់ទោសអំពើបាប និងបានកើតជាថ្មីហើយសង្រ្គាមបានចាប់ផ្តើមនៅក្នុងខ្លួនរបស់ យើង។ សង្រ្គោះនេះ គឺរវាងសាច់ឈាម និងព្រះវិញ្ញាណ។ យើងមានអំណរ បន្ទាប់ពីយើងបានកើតជាថ្មី ប៉ុន្តែយើងមានទុក្ខព្រួយ ដោយសារសង្រ្គាមនេះ។ ប៉ុន្តែឥឡូវនេះ ព្រះអម្ចាស់ចង់ឲ្យយើងធ្វើការសម្រាប់នគរព្រះវិញ។
ព្រះអម្ចាស់របស់យើងបានបោះបង់សិរីល្អរបស់ទ្រង់ចោល សម្រាប់យើង។ ទ្រង់ត្រូវបានបញ្ជូនមកនៅក្នុងរូបភាពជាមនុស្សមានសាច់ឈាម មិនមែនជាបុរសសង្ហារម្នាក់ឡើយ។ ទ្រង់បានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សបន្ទាបខ្លួនម្នាក់ ដែលអាចមានជើងខ្លី និងរូបរាងអាក្រក់។ តាមការពិត ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវមិនសង្ហារឡើយ។ ហោរាអេសាយបាននិយាយថា «ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ» (អេសាយ ៥៣:២)។ ប៉ុន្តែព្រះអម្ចាស់នៅតែបានដោះអំពើបាបទាំងអស់របស់យើងចេញ។
សាច់ឈាមរបស់យើងបម្រើតែបាបប៉ុណ្ណោះ។ សាវកប៉ុលបានដឹងថា សាច់ឈាមរបស់យើងមានពេញដោយបាប ហើយគាត់បាននិយាយថា «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ» ប៉ុន្តែគាត់មិនបាននិយាយយ៉ាងលម្អិតទេ ពីព្រោះគាត់ខ្មាស់ចំពោះអំពើបាបរបស់គាត់។ 
យើងគឺដូចជាធុងសម្រាមអញ្ចឹង។ យើងមានពេញដោយបាប។ យើងមិនសប្បាយចិត្តទេ បើសិនយើងមើលឃើញខ្លួនឯងតែងតែជ្រុះ សម្រាមពីខាងក្រោយខ្លួនជានិច្ច។ ប៉ុន្តែបញ្ញាចិត្តរបស់យើងធ្វើឲ្យយើងទូលទៅកាន់ព្រះថា «ព្រះអម្ចាស់ ទូលបង្គំមិនគួរធ្វើដូច្នេះទេ ហើយទូលបង្គំចង់រស់នៅតាមបំណងព្រះហឫទ័យទ្រង់វិញ ប៉ុន្តែទូលបង្គំបានធ្វើការអាក្រក់នេះ ម្តងទៀតហើយ។ តើទូលបង្គំអាចឈប់ប្រព្រឹត្តការអាក្រក់នេះបានដោយរបៀបណា?»។ 
 
 
យើងអាចអរព្រះគុណដល់ព្រះបាន នៅពេលយើងស្គាល់ពី សេចក្តីអាក្រក់របស់យើង
 
យើង ត្រូវតែគិតអំពីព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរបស់យើងបានប្រទានដល់យើង។ ជាមួយនឹងចិត្តរបស់យើង យើងត្រូវតែគិតអំពីអ្វីដែលព្រះបានធ្វើ។ បន្ទាប់មក យើងអាចដឹងពីអ្វីដែលត្រឹមត្រូវ និងចាប់ផ្តើមបម្រើព្រះអម្ចាស់បាន។ ដោយសារព្រះគុណរបស់ព្រះ និងសេចក្តីជំនឿរបស់យើងលើទ្រង់ ដែលយើងស្វែងរកព្រះ ថ្វាយខ្លួនទៅចំពោះទ្រង់ និងយកឈ្នះឧបសគ្គទាំងឡាយ ខណៈដែលយើងកំពុងតែដើរតាមទ្រង់ ដោយចិត្តរបស់យើង។
យើងចាប់ផ្តើមបដិសេធខ្លួនយើង នៅពេលយើងបានដឹងថា យើងអាក្រក់ និងឥតប្រយោជន៍នៅចំពោះព្រះ។ យើងដឹងថា យើងមិនអាចគេចចេញពីបាបបានឡើយ បើសិនយើងមិនបម្រើព្រះអម្ចាស់ ពីព្រោះសាច់ឈាមរបស់យើងមិនអាចធ្វើអ្វីល្អបានឡើយ។ ហើយដោយសារតែភាពខ្សោយរបស់យើង យើងបានទទួលព្រះពរដ៏ធំធេង។ ដូច្នេះ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលប្រទានឲ្យខ្ញុំបានបម្រើទ្រង់។ បើសិនព្រះមិនបានដាក់ខ្ញុំនៅក្នុងព័ន្ធកិច្ចបម្រើដំណឹងល្អទេ ខ្ញុំនឹងនៅតែមានពេញដោយបាប នៅក្នុងសាច់ឈាម និងមិនអាចធ្វើការសុចរិតនៅចំពោះទ្រង់បានឡើយ។
ខ្ញុំអរព្រះគុណដល់ព្រះ សម្រាប់ការជួយឲ្យខ្ញុំអាចបម្រើទ្រង់បាន។ នេះគឺជាមូលហេតុដែលទ្រង់ថ្វាយការអធិស្ឋានបែបនេះថា «សូមអរព្រះគុណដល់ព្រះអម្ចាស់។ ទូលបង្គំត្រូវការប្រាក់ ប៉ុន្តែទូលបង្គំគ្មានអ្វីសោះ។ ទូលបង្គំចង់ធ្វើកិច្ចការទាំងនេះសម្រាប់ទ្រង់ ទោះបើទូលបង្គំគ្មានអ្វីសោះក៏ដោយ។ សូមជួយទូលបង្គំផង។ ទូលបង្គំនឹងមិនចំណាយប្រាក់សម្រាប់ខ្លួនឯងទេ ប៉ុន្តែសម្រាប់ព្រះអម្ចាស់វិញ។ បើសិនទូលបង្គំចំណាយប្រាក់សម្រាប់ខ្លួនឯង សាច់ឈាមនឹងបានសុខស្រួល។ ប៉ុន្តែទូលបង្គំចង់ចំណាយវាសម្រាប់ព្រះអម្ចាស់ និងសម្រាប់ការងារសុចរិតវិញ។ ប្រាក់មានតម្លៃសម្រាប់ទូលបង្គំ ពីព្រោះទូលបង្គំខិតខំធ្វើការសម្រាប់វា។ ហើយដោយសារវាមានតម្លៃដល់ទូលបង្គំ ទូលបង្គំថ្វាយវាទៅចំពោះទ្រង់។ ដូច្នេះ សូមប្រើប្រាស់ប្រាក់នេះសម្រាប់ការងារសុចរិតរបស់ទ្រង់ចុះ»។ 
អ្នកដែលស្គាល់ពីសេចក្តីអាក្រក់របស់ខ្លួន ដឹងថា គ្មានការល្អនៅក្នុងខ្លួនរបស់ពួកគេទេ។ តើខ្ញុំចង់មានន័យយ៉ាងដូចម្តេច នៅពេលខ្ញុំប្រើពាក្យថា «គ្មានការល្អនៅក្នុងខ្លួនរបស់ពួកគេទេ»? វាមានន័យថា ពួកគេមានតែការអាក្រក់នៅក្នុងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ ហើយការរស់នៅសម្រាប់តែខ្លួនឯងគឺជាការអាក្រក់មួយ។ 
 
 
យើងអរព្រះគុណដល់ព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង
 
សាវកប៉ុល បាននិយាយថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៤-២៥)។ តើសាច់ឈាមបម្រើអ្វី? សាច់ឈាមតែងតែបម្រើបាប។ ទោះបីជាយ៉ាងណា យើងបម្រើព្រះ ដោយចិត្តរបស់យើង។ តើយើងអរព្រះគុណដល់ព្រះ តាមរយៈអ្នកណា? យើងអរព្រះគុណដល់ព្រះ តាមរយៈយេស៊ូវគ្រីស្ទរបស់យើង។
សាវកប៉ុលបាននិយាយថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ!»។ ហើយខ្ញុំក៏អរព្រះគុណដល់ព្រះ តាមរបៀបនេះផងដែរ។ បើសិនព្រះអម្ចាស់មិនបានដោះអំពើបាបទាំងអស់របស់ខ្ញុំចេញទេ ខ្ញុំមិនអាចបានសង្រ្គោះបានទេ ពីព្រោះឥឡូវនេះ សាច់ឈាមនៅតែបម្រើបាបដដែល។
«អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ!» យើងអរព្រះគុណដល់ព្រះអម្ចាស់ ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់សាច់ឈាមចេញហើយ។ សាច់ឈាមរបស់យើងបម្រើតែបាបប៉ុណ្ណោះ សូម្បីតែបន្ទាប់ពីយើងទទួលបានសេចក្តីអត់ទោសអំពើបាបផង។ ប៉ុន្តែចិត្តរបស់យើងចង់បម្រើព្រះ។ មូលហេតុដែលយើងអរព្រះគុណដល់ព្រះ និងចិត្តរបស់យើងបានរាប់ជាសុចរិត គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ។ តើអ្នកជឿលើការពិតនេះទេ? យើងអរព្រះគុណដល់ព្រះ និងបម្រើទ្រង់ ពីព្រោះទ្រង់បានដោះអំពើបាបរបស់យើងចេញ។ ប៉ុន្តែបើសិនទ្រង់មិនបានដោះ និងសង្រ្គោះយើងចេញពីអំពើបាបរបស់សាច់ឈាមទេ យើងនឹងត្រូវវិនាសអស់កល្បជានិច្ចហើយ។ តើអ្នកជឿលើការពិតនេះទេ?
ប្រសិនបើព្រះអម្ចាស់មិនបានដោះអំពើបាបរបស់យើងចេញទេ តើយើងអាចមានសន្តិភាព អរព្រះគុណដល់ទ្រង់ និងបម្រើទ្រង់បានយ៉ាងដូចម្តេច? តើមនុស្សម្នាក់ដែលនៅក្រោមអំណាចបាប អាចជួយអ្នកដទៃបានយ៉ាងដូចម្តេច? ហើយតើមនុស្សម្នាក់ដែលជាប់គុក អាចសង្រ្គោះអ្នកដទៃនៅក្នុងគុកបានយ៉ាងដូចម្តេច? «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ!» ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដើម្បីឲ្យយើងបានបម្រើទ្រង់ ហើយទ្រង់បានប្រទានសន្តិភាពដល់ចិត្តរបស់យើង។ 
 
 
យើងបានស្លាប់នៅក្នុងលោកិយនេះហើយ
 
ប្រសិនបើគ្មានព្រះអម្ចាស់ តើយើងអាចប្រកាសដំណឹងល្អ បម្រើព្រះ ធ្វើការសម្រាប់ទ្រង់ និងចូលរួមក្នុងព័ន្ធកិច្ចរបស់ទ្រង់បានយ៉ាងដូចម្តេច? យើងធ្វើកិច្ចការទាំងអស់នេះបាន តាមរយៈព្រះអម្ចាស់របស់យើង។ យើងបន្តដើរតាមព្រះអម្ចាស់ នៅថ្ងៃនេះ ថ្ងៃស្អែក និងខានស្អែក ដោយមិនប្រែប្រួលឡើយ។ នេះហើយគឺជាសេចក្តីជំនឿត្រឹមត្រូវ។ អ្នកដែលបម្រើព្រះអម្ចាស់ ប្រៀបដូចជាស្ត្រីវ័យឆ្លាត និងមានគុណធម៌ម្នាក់ ដែលថែរក្សាផ្ទះរបស់ខ្លួនបានយ៉ាងល្អ។ ចូរកុំមានជីវិតបែបសាសនាដែលងាយនឹងប្រែប្រួល ដូចជាខ្ទះមួយ ដែលត្រជាក់យ៉ាងឆាប់រហ័ស បន្ទាប់ពីក្តៅយ៉ាងខ្លាំងនៅលើភ្លើង។ គ្រប់ពេលវេលា រហូតដល់ទ្រង់យាងមកវិញ យើងគួរតែដើរតាមព្រះអម្ចាស់។ បន្ទាប់ពីបានកើតជាថ្មីហើយ ចូរចាត់ទុកខ្លួនអ្នកត្រូវបានកាត់ចេញ និងវិនាសពីលោកិយនេះហើយ។ ខ្ញុំចង់ឲ្យអ្នកចងចាំថា អ្នកមិនមែនជាមនុស្សរបស់លោកិយនេះទៀតទេ ពីព្រោះយើងបានស្លាប់នៅក្នុងលោកិយនេះហើយ។
ឈ្មោះរបស់យើងត្រូវបានលុបចេញពីបញ្ជីគ្រួសាររបស់លោកិយនេះហើយ។ តើអ្នកយល់ទេ? ឈ្មោះរបស់យើងមិននៅទីនេះទៀតឡើយ។
លោកិយនេះអាចនិយាយមកកាន់អ្នកថា «ខានជួបគ្នាយូរហើយ។ តើអ្នកសុខសប្បាយជាទេ? ខ្ញុំបានឮថា អ្នកចូលរួមក្នុងពួកជំនុំ ហើយអំពើបាបទាំងអស់របស់អ្នកត្រូវបានអត់ទោសឲ្យហើយ។ ដូច្នេះ អ្នកមិនមានបាបទៀតទេ។ តើមែនទេ?»។
«ទេ ខ្ញុំឥតមានបាបទៀតទេ។»
«ចម្លែកណាស់។ ខ្ញុំគិតថា អ្នកអាចបានធ្លាក់ទៅក្នុងពួកជំនុំខុសឆ្គងហើយ។»
«ទេ កុំគិតដូច្នេះ។ សូមមកពួកជំនុំរបស់ខ្ញុំ ហើយអ្នកនឹងដឹងថា វាល្អប៉ុណ្ណា។»
«ខ្ញុំនៅតែគិតថា អ្នកចម្លែក។»
បន្ទាប់មក យើងគិតថា «ហេតុអ្វីពួកគេមិនយល់ពីខ្ញុំ? ខ្ញុំចង់ឲ្យពួកគេយល់ពីខ្ញុំ»។ ប៉ុន្តែតើអ្នកដែលមិនបានកើតជាថ្មី អាចយល់ពីយើងដែរទេ? តើអ្នកដែលមិនដឹងថា មនុស្សអាចត្រឡប់ជាឥតបាប អាចយល់ពីយើងបានយ៉ាងដូចម្តេច? ហើយតើពួកគេអាចយល់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញបានយ៉ាងដូចម្តេច? ពួកគេមិនអាចឡើយ។ ដូច្នេះ ចូរកុំរំពឹងថា ពួកគេយល់ពីអ្នក។ ព្រះអម្ចាស់បានមានបន្ទូលថា លាហើយ ទៅកាន់លោកិយនេះ ជំនួសយើងហើយ។ ទ្រង់បានគ្រវីកន្សែងដៃពណ៌លឿងនៅលើឈើឆ្កាងរួចហើយ។ ទ្រង់បានមានបន្ទូលថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០) ក្រែងយើងមិនអាចនិយាយថា លាហើយ ទៅកាន់លោកិយនេះ យើងងាយនឹងទន់ចិត្តណាស់។ ហើយទ្រង់ក៏បានមានបន្ទូលផងដែរថា «ខ្ញុំបានលុបឈ្មោះរបស់អ្នកចេញពីបញ្ជីគ្រួសារនៅក្នុងលោកិយនេះរួចហើយ»។ 
 
 
ព្រះអម្ចាស់បានជួយយើង ដែលមិនអាចបម្រើទ្រង់ ឲ្យអាចបម្រើទ្រង់បាន ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ
 
ព្រះ ជួយយើងដែលមិនអាចបម្រើព្រះ ឲ្យអាចបម្រើទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ តាមនិស្ស័យ យើងគឺជាមនុស្សដែលមិនអាចបម្រើព្រះបានឡើយ។ ដូច្នេះ យើងត្រូវតែសរសើរតម្កើងព្រះអម្ចាស់ ដែលបាននាំយើងមកក្នុងពួកជំនុំរបស់ទ្រង់ និងធ្វើឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើទ្រង់។ ព្រះអម្ចាស់ប្រើយើង គឺយើងមិនធ្វើការងាររបស់ទ្រង់ទេ។ តើអ្នកយល់ទេ? នៅក្នុងន័យផ្សេង ព្រះអម្ចាស់ដ៏សុចរិតប្រើយើងនៅក្នុងការងារដ៏សុចរិតរបស់ទ្រង់។ 
មានពេលមួយ លោកគ្រូផ្សាយដំណឹងល្អឈ្មោះ លី បាននិយាយអំពីលាមកសត្វនៅក្នុងសេចក្តីអធិប្បាយជាស៊េរីរបស់គាត់ថា គាត់កខ្វក់ និងគួរឲ្យខ្ពើមដូចជាគំនរលាមកសត្វអញ្ចឹង។ ប៉ុន្តែនេះគឺជាការនិយាយបែបសុភាពមួយ។ តាមការពិត មានរបស់ជាច្រើនទៀត ដែលយើងដឹងថា យើងពិតជាកខ្វក់ជាងទៅទៀត។ យេរេមា ១៧:៩ និយាយថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»។ ព្រះបានជួយយើងដែលមានចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ឲ្យអាចរស់នៅសម្រាប់សិរីល្អរបស់ព្រះដ៏ខ្ពស់បំផុតបាន។ ហើយទ្រង់បានត្រាស់ហៅយើងឲ្យបំពេញការងារដ៏សុចរិតរបស់ទ្រង់។ 
យើងអាចដើរតាមព្រះអម្ចាស់ និងរស់នៅក្នុងព្រះគុណទ្រង់បាន ពីព្រោះទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងហើយ។ យើងអាចរងទុក្ខជាមួយទ្រង់ និងបានតម្កើងឡើងជាមួយទ្រង់បាន។ សម្រាប់ព្រះអម្ចាស់ យើងបានស្លាប់រួចហើយ។ បើសិនព្រះអម្ចាស់មិនបានដោះអំពើបាបទាំងអស់របស់យើងចេញទេ យើងនឹងមិនបានសង្រ្គោះឡើយ។ ហើយបើសិនយើងបានរស់នៅតាមសាច់ឈាម យើងនឹងនៅតែជាមនុស្សរបស់លោកិយនេះដដែល។
ព្រះអម្ចាស់បានសង្រ្គោះយើង តែម្តងជាសម្រេច និងអស់កល្ប ជានិច្ច។ ទ្រង់បានសង្រ្គោះយើង និងយកយើងធ្វើជាប្រដាប់ប្រដានៃព័ន្ធកិច្ចដ៏អស់កល្បជានិច្ចរបស់ទ្រង់។ យើងពិតជាអាក្រក់ និងកខ្វក់ខ្លាំងណាស់! បន្ទាប់ពីបានជួបព្រះអម្ចាស់ យើងកាន់តែដឹងថា យើងអាក្រក់ និងកខ្វក់ខ្លាំងយ៉ាងណា។ ដូច្នេះហើយបានជាយើងអរសប្បាយ នៅពេលយើងមើលឃើញពន្លឺ។ ប៉ុន្តែនៅពេលយើងសម្លឹងមើលខ្លួនឯង យើងមានទុក្ខព្រួយ ដូចដែលសាវកប៉ុលបានសារភាពថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។
បន្ទាប់មក សាវកប៉ុលបានសរសើរតម្កើងព្រះអម្ចាស់ភ្លាមថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់សាច់ឈាមហើយ។ តើសាច់ឈាមរបស់អ្នកប្រព្រឹត្តអំពើបាបប៉ុន្មានក្នុងមួយថ្ងៃ? ចូរកុំធ្វើពុតជាសាច់ឈាមរបស់អ្នកមិនធ្វើបាបសោះ។ 
 
 
តើអ្នកអរព្រះគុណដល់ព្រះអម្ចាស់ទេ?
 
ព្រះអម្ចាស់ បានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជាមួយសាច់ឈាមចេញហើយ។ តើអ្នកជឿទេ? ការដែលព្រះអម្ចាស់បានដោះអំពើបាបរបស់លោកិយនេះចេញ អាចមិនសូវសំខាន់សម្រាប់អ្នក ប៉ុន្តែនៅពេលអ្នកបានដឹងថា ទ្រង់បានដោះអំពើបាបទាំងអស់ ដែលសាច់ឈាមរបស់អ្នកបានប្រព្រឹត្ត អ្នកនឹងស្រែកថា «ទូលបង្គំសូមអរព្រះគុណដល់ព្រះអម្ចាស់! ទូលបង្គំសូមសរសើរតម្កើងទ្រង់!»។
បាបមានទម្ងន់របស់វា។ ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តពេញមួយជីវិតរបស់យើង។ ដូច្នេះ យើងពិតជាអរ ព្រះគុណដល់ទ្រង់យ៉ាងខ្លាំងក្រៃលែង! បើសិនយើងបានប្រព្រឹត្តអំពើបាបបន្តិចបន្តួច យើងអាចទូលសុំការអត់ទោសពីទ្រង់ តាមរយៈការអធិស្ឋានប្រែចិត្តរបស់យើងបាន។ ប៉ុន្តែអំពើបាបរបស់យើងច្រើនរាប់មិនអស់ និងនៅតែកើតមាន រហូតដល់ចុងបញ្ចប់នៃជីវិតរបស់យើង។ នៅពេលយើងបានដឹងការពិតនេះ យើងមានតែសរសើរតម្កើងព្រះថា «សូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់ទូលបង្គំចេញ! ទូលបង្គំសូមសរសើរតម្កើងទ្រង់!» ប៉ុណ្ណោះ។ នៅក្នុងន័យផ្សេង យើងអរព្រះគុណដល់ព្រះ «តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង»។ ដូច្នេះ តើអ្នកសារភាព និងអរព្រះគុណដល់ព្រះដូច្នេះទេ? «សូមអរព្រះគុណដល់ព្រះអម្ចាស់។ ខ្ញុំសូមសរសើរតម្កើងទ្រង់ សម្រាប់ការត្រាស់ហៅ និងការសង្រ្គោះទូលបង្គំទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចបម្រើសេចក្តីសុចរិតរបស់ទ្រង់បាន។ ហើយខ្ញុំសូមអរព្រះគុណដល់ទ្រង់ ដែលបានសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់សាច់ឈាម។» តើអ្នកអរព្រះគុណដល់ព្រះអម្ចាស់ទេ? សេចក្តីប្រោសលោះចេញពីបាបពិតប្រាកដ គឺសាមញ្ញបែបនេះ ប៉ុន្តែក្នុងពេលជាមួយគ្នា យើងមិនគួរមើលស្រាលវាទេ។ សេចក្តីប្រោសលោះនេះពិតជាស៊ីជម្រៅ អស្ចារ្យ ទូលំទូលាយ មានតម្លៃ និងអស់កល្បជានិច្ច។ 
 
 
យើងត្រូវតែដើរតាមព្រះអម្ចាស់ ពីព្រោះគ្មានអ្វីមានប្រយោជន៍ នៅក្នុងយើងឡើយ
 
យើង មានពេញដោយបាប។ យើងត្រូវតែដឹងថា ខ្លួនរបស់យើងគឺជាសេចក្តីងងឹត។ «ទូលបង្គំគឺជាសេចក្តីងងឹង ប៉ុន្តែទ្រង់គឺជាពន្លឺ។ ទ្រង់គឺជាពន្លឺដ៏ពិត ប៉ុន្តែទូលបង្គំគឺជាសេចក្តីងងឹតសូន្យសុង។ ទ្រង់គឺជាព្រះអាទិត្យ ហើយទូលបង្គំគឺជាព្រះច័ន្ទ។» ព្រះច័ន្ទអាចបំភ្លឺផែនដីបាន ដោយការទទួលពន្លឺពីព្រះអាទិត្យតែប៉ុណ្ណោះ។
ព្រះច័ន្ទខ្លួនឯងមិនអាចមានពន្លឺបានឡើយ ប៉ុន្តែភ្លឺដោយទទួលពន្លឺពីព្រះអាទិត្យវិញ។ គ្រប់យ៉ាងគឺជាសេចក្តីងងឹត។ តើអ្នកគឺជាពន្លឺ ឬសេចក្តីងងឹត? យើងនៅក្នុងសេចក្តីងងឹត បើសិនយើងមិនមានព្រះអម្ចាស់។ យើងអាចអរព្រះគុណ បម្រើ និងដើរតាមព្រះបាន ដោយសារព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងទ្រង់ គ្មានទោសសម្រាប់យើងទេ។ ម៉្យាងវិញទៀត ការបម្រើតែសាច់ឈាមរបស់យើង គឺជាការបម្រើតែសេចក្តីងងឹត។ ដូច្នេះ ចូរបោះបង់វាចោលឲ្យបានឆាប់ តាមដែលអ្នកអាចធ្វើបាន។ ទោះបីជាយើងព្យាយាមខ្លាំងយ៉ាងណា ក៏សាច់ឈាមរបស់យើងមិនផ្លាស់ប្តូរដែរ។ គ្មានអ្វីពិសេសនៅក្នុងយើងឡើយ ហើយសាច់ឈាមរបស់យើងក៏មិនគង់នៅអស់កល្បជានិច្ចដែរ។ ដូច្នេះ យើងត្រូវតែរស់នៅសម្រាប់កិច្ចការអស់កល្បជានិច្ចវិញ។ អ្នកដែលរស់នៅសម្រាប់កិច្ចការអស់កល្បជានិច្ច គឺជាមនុស្សវ័យឆ្លាត។ យើងត្រូវតែស្គាល់ពីខ្លួនឯងឲ្យបានឆាប់ និងបោះបង់ខ្លួនឯងឲ្យបានឆាប់។ យើងត្រូវតែដឹងថា យើងមិនអាចរំពឹងអ្វីពីខ្លួនរបស់យើងបានឡើយ ហើយក៏គ្មានអ្វីល្អនៅក្នុងយើងដែរ។ យើងគឺជាមនុស្សមានបាប ដែលតែងតែបម្រើសាច់ឈាមជានិច្ច។ សាច់ឈាមនិយាយថា «ចូរឲ្យគ្រប់យ៉ាងដែលខ្ញុំចង់បាន» ហើយធ្វើដូចជាឈ្លើងជជក់ឈាមពីរូបកាយ (សុភាសិត ៣០:១៥)។ 
បន្ទាប់ពីបរិភោគអាហារ និងទៅបង្គន់ហើយ យើងមានអារម្មណ៍ឃ្លានភ្លាម។ ទោះបីជាអាហារថ្លៃ និងឆ្ងាញ់យ៉ាងណាក៏ដោយ ក៏យើងនឹងឃ្លានម្តងទៀត បន្ទាប់ពីមួយ ឬពីរម៉ោងដែរ។ ប៉ុន្តែបើសិនយើងអរ ព្រះគុណ និងដើរតាមព្រះអម្ចាស់ អំណររបស់យើងកាន់តែធំធេង។
យើងមិនអារម្មណ៍ទទេទេ នៅពេលយើងដើរតាមព្រះអម្ចាស់របស់យើង។ តើអ្នកចង់មានអំណរដ៏អស់កល្បជានិច្ចទេ បន្ទាប់ពីបានទទួល សេចក្តីប្រោសលោះហើយ? ដូច្នេះ ចូរដើរតាមព្រះអម្ចាស់ចុះ។ តើអ្នកចង់មានជីវិតដែលមានពន្លឺទេ? ចូរដើរតាមព្រះអម្ចាស់ចុះ។ តើអ្នកចង់មានជីវិតនៃព្រះគុណទេ? ចូរដើរតាមព្រះអម្ចាស់ចុះ។ ហើយតើអ្នកចង់មានជីវិតដែលមានផលផ្លែទេ? ចូរដឹងថា អ្នកនៅក្នុងសេចក្តីងងឹត ហើយដើរតាមពន្លឺចុះ។
យើងដើរតាមព្រះអម្ចាស់ នៅកន្លែងណាដែលទ្រង់យាងទៅ ហើយយើងឈប់ នៅកន្លែងណាដែលទ្រង់ឈប់។ យើងធ្វើអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ ហើយមិនធ្វើអ្វីដែលទ្រង់មិនចង់ឲ្យយើងធ្វើ។ យើងត្រូវតែដើរជាមួយទ្រង់ និងដើរតាមទ្រង់។ តើអ្នកមានអ្វីដែលអាចរំពឹងពីខ្លួនអ្នកបានទេ? ពិតជាមិនមានទេ! យើងត្រូវតែដើរតាមទ្រង់ ពីព្រោះគ្មានអ្វីដែលយើងអាចរំពឹងពីខ្លួនយើងបានឡើយ។ តើសាច់ឈាមរបស់អ្នកអស់កល្បជានិច្ចទេ? ពិតជាមិនទេ! ដូច្នេះ ហេតុអ្វីអ្នកកំពុងតែដើរតាមអ្វីដែលមិនអស់កល្បជានិច្ច ឬមិនអាចផ្តល់អ្វីសោះដល់អ្នក?
ជាយូរមកហើយ ខ្ញុំធ្លាប់បានច្រៀងចម្រៀងមួយបទថា «សូមប្រទានយុវភាពដល់ទូលបង្គំវិញ»។ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនមានបញ្ហាទេ ទោះបើព្រះមិនប្រទានយុវភាពដល់ខ្ញុំវិញក៏ដោយ។ ម៉្យាងវិញទៀត ខ្ញុំបានដឹងថា ទោះបីជាខ្ញុំបានត្រឡប់ទៅកាន់យុវភាពរបស់ខ្ញុំវិញក៏ដោយ ក៏ខ្ញុំនឹងមិនមានអំណរដែរ។ បើសិនយើងដើរតាមព្រះអម្ចាស់ ដែលជាពន្លឺនៃជីវិតរបស់យើង មកុដនៃសិរីល្អនឹងជារបស់យើង។ អ្នកមិនចាំបាច់ត្រឡប់កុមារភាពរបស់អ្នកម្តងទៀតទេ។ ប៉ុន្តែយើងច្រៀងថា «♪ខ្ញុំនឹងមិនបដិសេធព្រះអម្ចាស់ទេ ហើយខ្ញុំនឹងដើរតាមទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់ខ្ញុំ♪»។ នេះបង្ហាញពីសេចក្តីជំនឿពិត ដែលយើងមិនបដិសេធព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង និងពីការដែលយើងតែងតែអរ ព្រះគុណដល់ព្រះ។ ចូរយើងច្រៀងចម្រៀងដំណឹងល្អនេះ!
«♪ខ្ញុំស្រឡាញ់ព្រះអម្ចាស់ដ៏ជាព្រះ ដែលបានបង្កើតមនុស្សពីធូលីដី ដែលបានផ្លុំខ្យល់ដង្ហើមជីវិតចូលទៅក្នុងច្រមុះរបស់មនុស្ស ♫និងដែលបានបញ្ជូនព្រះរាជបុត្រាទ្រង់សម្រាប់យើង ទ្រង់បានបង្កើតខ្ញុំឲ្យដូចជារូបអង្គទ្រង់ ដើម្បីឲ្យខ្ញុំថ្វាយរូបកាយរបស់ខ្ញុំទៅចំពោះព្រះអម្ចាស់ ♫ខ្ញុំនឹងមិនបដិសេធព្រះអម្ចាស់ទេ ហើយខ្ញុំនឹងដើរតាមទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់ខ្ញុំ♪»
 
 
ខ្ញុំពិតជាអរព្រះគុណដល់ព្រះអម្ចាស់
 
ខ្ញុំ ពិតជាអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានដោះអំពើបាបរបស់យើងចេញ និងបានជួយឲ្យយើងអាចបម្រើទ្រង់ ដើរតាមទ្រង់ និងបំពេញការងារសុចរិតរបស់ទ្រង់។ បើសិនព្រះអម្ចាស់មិនបានដោះអំពើបាបទាំងអស់របស់យើង ដែលយើងប្រព្រឹត្តជាមួយសាច់ឈាមរបស់យើងចេញទេ តើយើងអាចបំពេញការងារសុចរិតរបស់ទ្រង់បានយ៉ាងដូចម្តេច? យើងមិនអាចបំពេញការងាររបស់ទ្រង់បានឡើយ សូម្បីតែបន្តិចក៏មិនបានផង។មនុស្សមានបាបម្នាក់នៅតែអាក្រក់ ទោះបើគាត់មានឥរិយាបទ និង អត្តចរិតល្អយ៉ាងណាក៏ដោយ។ កិច្ចការដ៏អស្ចារ្យគឺថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់យើង និងជួយឲ្យយើងអាចបម្រើទ្រង់បាន។ ទ្រង់បានលុបបំបាត់អំពើបាបទាំងអស់របស់យើង និងប្រទានពរដល់យើង ដែលពោរពេញដោយភាពកខ្វក់នៅក្នុងជីវិតឥតប្រយោជន៍ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។
ទ្រង់បានជ្រើសរើសយើងឲ្យបម្រើទ្រង់ ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ និងការប្រទានសេចក្តីប្រោសលោះដល់យើង តាម រយៈសេចក្តីជំនឿ។ ការទាំងនេះបង្ហាញថា ព្រះគុណរបស់ព្រះអស្ចារ្យខ្លាំងណាស់។ តើយើងអាចបានរាប់ជាសុចរិតបានយ៉ាងដូចម្តេច បើសិនយើងមានបាបនៅក្នុងចិត្តរបស់យើង? ការពិតថា យើងឥតមានបាប បង្ហាញពីព្រះគុណដ៏អស្ចារ្យ។ សូមសរសើរតម្កើងព្រះ! សាច់ឈាមពិតជានៅតែប្រព្រឹត្តអំពើបាបជានិច្ច។ ទោះបីជាឥឡូវនេះយើងស្តាប់ឮព្រះបន្ទូលព្រះក៏ដោយ ក៏យើងនឹងធ្វើបាបម្តងទៀតដែរ គឺអាចបន្ទាប់ពីយើងចាកចេញពីសាលប្រជុំនេះតែម្តង។ ដូច្នេះហើយបានជាខ្ញុំសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ពិតប្រាកដណាស់ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ និងបានបញ្ចប់ការជំនុំជម្រះសម្រាប់បាបនៅលើឈើឆ្កាង! ខ្ញុំជឿ និងសរសើរតម្កើងព្រះ! ដូច្នេះ តើយើងអាចសរសើរតម្កើងព្រះបានដោយរបៀបណា? យើងអាចសរសើរតម្កើងព្រះបាន តាមរយៈព្រះយេស៊ូវគ្រីស្ទ!
ពួកបរិសុទ្ធជាទីស្រឡាញ់! យើងមិនអាចតបស្នងចំពោះព្រះគុណរបស់ព្រះបានឡើយ ទោះបើយើងព្យាយាមតបស្នងអស់មួយជីវិតរបស់យើងក៏ដោយ។ ទោះបីជាយើងអរព្រះគុណដល់ទ្រង់អស់កល្បជានិច្ចក៏ដោយ ក៏វានៅតែគ្រប់គ្រាន់ដែរ។ ទ្រង់បានជួយឲ្យយើងអាចបម្រើការងារសុចរិត និងមានផលផ្លែរបស់ទ្រង់ ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ ទោះបើយើងខ្សោយយ៉ាងណាក៏ដោយ។ ដូច្នេះ យើងមិនអាចសរសើរតម្កើងទ្រង់ឲ្យបានគ្រប់គ្រាន់ទេ ទោះបើយើងសរសើរតម្កើងទ្រង់អស់មួយជីវិតរបស់យើងក៏ដោយ។
យើងដឹងយ៉ាងច្បាស់នៅក្នុងគំនិតរបស់យើងថា គ្មានអ្វីល្អនៅក្នុងយើងឡើយ។ ចូរគិតអំពីវា។ តើអ្នកនឹងធ្វើបាបជានិច្ច ដរាបណាអ្នកនៅមានជីវិតរស់នៅឬ? អ្នកពិតជានឹងធ្វើបាប ប៉ុន្តែព្រះអម្ចាស់បានដោះអំពើបាបរបស់អ្នកចេញអស់ហើយ។ ព្រះអម្ចាស់អនុញ្ញាតឲ្យយើងបម្រើទ្រង់ ដោយការធ្វើការងាររបស់ព្រះ។ ដូច្នេះ យើងមានតែអរព្រះគុណដល់ព្រះ អម្ចាស់របស់យើងទេ។ ខ្ញុំចង់ឲ្យអ្នកសរសើរតម្កើងព្រះអម្ចាស់ និងរស់នៅក្នុងជីវិតដែលអរព្រះគុណដល់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ អស់មួយជីវិតរបស់អ្នក។ ហើយព្រះរបស់យើងជួយឲ្យយើងអាចធ្វើដូច្នេះបាន។ ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជាមួយសាច់ឈាមរបស់យើង ដើម្បីឲ្យយើងបម្រើទ្រង់ ដោយចិត្តរបស់យើង។ ដោយសារព្រះគុណរបស់ព្រះអម្ចាស់ធំធេង យើងចង់ដើរតាម និងបម្រើទ្រង់។ ដូច្នេះ ចូរយើងអរព្រះគុណដល់ទ្រង់ ដោយអស់ពីចិត្ត។
ព្រះគុណដ៏អស្ចារ្យរបស់ព្រះត្រូវបានប្រទានដល់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទ! ខ្ញុំពិតជាចង់ឲ្យអ្នកដឹងថា សាច់ឈាមរបស់អ្នកអាក្រក់ និងខ្សោយខ្លាំងណាស់ សម្លឹងមើលអ្វីដែលអ្នកកំពុងតែធ្វើ គិតអំពីការដែលព្រះអម្ចាស់បានដោះអំពើបាបរបស់អ្នកចេញ អរព្រះគុណដល់ព្រះ និងរស់នៅ ដោយសារសេចក្តីជំនឿ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានជួយឲ្យយើងមានជីវិតដ៏មានតម្លៃ។ «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៥)។ យើងស្រឡាញ់ព្រះ ដោយចិត្តរបស់យើង ប៉ុន្តែសាច់ឈាមរបស់យើងស្រឡាញ់បាប។ ប៉ុន្តែព្រះអម្ចាស់របស់យើងគួរឲ្យស្រឡាញ់ជាង។ វាគឺជាអំពើបាបមួយ នៅពេលយើងប្រព្រឹត្តទង្វើល្មើសច្បាប់ជាមួយសាច់ឈាម ប៉ុន្តែព្រះអម្ចាស់របស់យើងបានដោះអំពើបាបដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតចេញអស់ហើយ។ ដូច្នេះហើយបានជាព្រះអម្ចាស់របស់យើងគួរឲ្យស្រឡាញ់ជាង ហើយយើងត្រូវតែអរព្រះគុណដល់ទ្រង់។
សូមអរព្រះគុណដល់ព្រះអម្ចាស់។ ទូលបង្គំសូមសរសើរតម្កើងទ្រង់ សម្រាប់ការប្រទានឲ្យយើងមានចិត្តបម្រើទ្រង់ និងសម្រាប់ការសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបទាំងអស់របស់សាច់ឈាម នៅពេញមួយជីវិតរបស់យើង។