Search

説教集

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 5-1] ព្រះយេស៊ូវ ដែលគង់លើបល្ល័ង្ក ក្នុងនាមជាតំណាងនៃព្រះវរបិតា (វិវរណៈ ៥:១-១៤)

ព្រះយេស៊ូវ ដែលគង់លើបល្ល័ង្ក ក្នុងនាមជាតំណាងនៃព្រះវរបិតា
(វិវរណៈ ៥:១-១៤)
«ឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រំាង ដែលសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង រួចឃើញទេវតា១ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជា សេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់ គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។»
 

ការកាត់ស្រាយ

ខ.១៖ «ឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រំាង ដែលសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង។» 
បទគម្ពីរនេះ និយាយថា ព្រះវរបិតាមានក្រាំងមួយដែលបិទត្រាប្រាំពីរ នៅក្នុងព្រះហស្តស្តាំរបស់ទ្រង់។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានទទួលយកក្រាំងនេះ ពីព្រះហស្តស្តាំរបស់ព្រះវរបិតា ដែលមានន័យថា ព្រះវរបិតាបានប្រទានគ្រប់ទាំងអំណាចព្រះចេស្តានៅស្ថានសួគ៌ដល់ព្រះយេស៊ូវ។

ខ.២-៤៖ «រួចឃើញទេវតា១ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ។»
គ្មានអ្នកណាម្នាក់ ក្រៅពីព្រះយេស៊ូវ ដែលអាចជំនុំជម្រះលោកិយនេះ បង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី និងរស់នៅជាមួយពួកបរិសុទ្ធនៅក្នុងនគរនោះ ក្នុងនាមជាតំណាងនៃព្រះវរបិតាបានឡើយ។

ខ.៥៖ «រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។» 
នៅទីនេះ ឃ្លាថា «សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ» បញ្ជាក់ពីការពិតថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះដ៏មានអំណាចព្រះចេស្តា និងស្តេចលើអស់ទាំងស្តេច ដែលអាច និងសមនឹងបំពេញសម្រេចផែនការរបស់ព្រះវរបិតាទាំងស្រុង។ ព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់គឺជាព្រះ និងតំណាងនៃព្រះ ដែលបំពេញសម្រេចផែនការរបស់ព្រះវរបិតា។

ខ.៦៖ «ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅ កណ្តាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។» 
ដោយបានទទួលគ្រប់ទាំងអំណាចព្រះចេស្តានៅលើផែនដី និងស្ថានសួគ៌ ពីព្រះវរបិតាហើយ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះដ៏មានអំណាចព្រះចេស្តា ដែលបានបង្កើតគ្រប់ទាំងអស់។ ទ្រង់គឺជាព្រះអង្គដែលបានយាងមកផែនដីនេះ នៅក្នុងរូបភាពជាមនុស្សម្នាក់ បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ និងបានសុគតសម្រាប់អំពើបាបទាំងនេះ ដើម្បីប្រោសលោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ 

ខ.៧៖ «កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ។» 
ដោយសារព្រះយេស៊ូវគ្រីស្ទមានឋានៈស្មើព្រះ ទ្រង់អាចយកក្រាំងពីព្រះវរបិតាបាន។ នេះមានន័យថា ចាប់ពីពេលនោះមក ព្រះអម្ចាស់របស់យើងនឹងអនុវត្តព្រះរាជកិច្ចទាំងអស់របស់ព្រះ។

ខ.៨៖ «លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ។» 
នេះមានន័យថា ព្រះយេស៊ូវគ្រីស្ទដើរតួនាទីដូចជាព្រះ សម្រាប់ព្រះ វរបិតា ដែលតួនាទីទីមួយ គឺត្រូវស្តាប់ការអធិស្ឋានរបស់ពួកបរិសុទ្ធ ដែលពួកចាស់ទុំទាំង២៤នាក់ និងតួជីវិតទាំង៤ថ្វាយដល់ទ្រង់។

ខ.៩៖ «ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។» 
នៅទីនេះ បន្ទាប់ពីបានធ្វើជាតំណាងនៃព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទកំពុងតែត្រូវបានសរសើរតម្កើង ដោយអ្នកបម្រើការងារនៅស្ថានសួគ៌។ ពួកគេសរសើរតម្កើងព្រះយេស៊ូវគ្រីស្ទ សម្រាប់ការសង្រ្គោះមនុស្សមានបាបនៅលើផែនដីនេះ ចេញពីអំពើបាបរបស់លោកិយនេះ។ ខណៈដែលគង់នៅលើផែនដីនេះ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ហើយទ្រង់បានលោះមនុស្សមានបាបទាំងនេះថ្វាយព្រះវរបិតា តាមរយៈការសងថ្លៃឈ្នួលនៃអំពើបាប ដោយព្រះលោហិតទ្រង់។ ហេតុនេះហើយបានជាអ្នកបម្រើការងារនៅស្ថានសួគ៌កំពុងតែសរសើរតម្កើងព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះមួយអង្គ ដែលបានធ្វើជាព្រះរបស់ពួកគេ។ 

ខ.១០៖ «ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។» 
ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាតំណាងនៃព្រះវរបិតា បានយកពួកបរិសុទ្ធធ្វើជានគរ និងពួកសង្ឃនៅក្នុងនគរព្រះ ហើយអនុញ្ញាតឲ្យពួកគេសោយរាជ្យនៅក្នុងនគរនេះ។ ដូច្នេះ ទ្រង់កាន់តែសមនឹងទទួលបានគ្រប់ទាំងសិរីល្អ និងការសរសើរតម្កើងពីអ្នកបម្រើការងារនៅស្ថានសួគ៌។

ខ.១១-១២៖ «នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់ គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ។» 
ដោយសារព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់អាចបង្ហូរព្រះលោហិតនៅលើឈើឆ្កាងបាន ហើយក្នុងនាមជាតំណាងនៃព្រះវរបិតា ទ្រង់សមនឹងទទួលបានគ្រប់ទាំងអំណាចព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ ពីស្នាព្រះហស្តទាំងអស់នៅលើស្ថានសួគ៌។ ដោយមានទេវតា និងអ្នកបម្រើការងារនៅជុំវិញអង្គទ្រង់ ព្រះយេស៊ូវទទួលបានការសរសើរតម្កើង និងការថ្វាយបង្គំរបស់ពួកគេ។ ហាលេលូយ៉ា! សូមសរសើរតម្កើងព្រះអម្ចាស់! នៅជុំវិញ បល្ល័ង្កព្រះ មានតួជីវិតទាំង៤ និងពួកចាស់ទុំទាំង២៤នាក់ ដែលបានសរសើរតម្កើងព្រះ ដែលបានសង្រ្គោះព្រលឹងទាំងអស់ចេញពីបាប ហើយសិរីល្អរបស់ព្រះនឹងមិនកន្លងបាត់ឡើយ។ 

ខ.១៣-១៤៖ «នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្ប ជានិច្ចរៀងរាបតទៅ រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។»
ទីបំផុត ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាតំណាងនៃព្រះ បានតំកើងឡើងជាព្រះអង្គដែលសមនឹងទទួលបានគ្រប់ទាំងការសរសើរតម្កើង និងការថ្វាយបង្គំពីពួកអ្នកបម្រើការងារនៅស្ថានសួគ៌។ ពួកអ្នកបម្រើការងារទាំងអស់នៅស្ថានសួគ៌បានថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ទ្រង់ ដោយសេចក្តីស្ញប់ស្ញែង និងការអរព្រះគុណ។ ដូច្នេះ ពួកបរិសុទ្ធទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅលើផែនដីផង ត្រូវតែថ្វាយគ្រប់ទាំងសិរីល្អ និងកិត្តិនាម ដល់ទ្រង់ដែលគង់នៅលើបល្ល័ង្ក ក្នុងនាមជាតំណាងនៃព្រះវរបិតា។