Search

キリスト教信仰に関するFAQ

主題3: 黙示録

3-5. តើនគររាជ្យមួយពាន់ឆ្នាំនឹងចាប់ផ្តើមនៅពេលណា? (តើវាគឺជានគរមុនការរងទុក្ខវេទនាដ៏ធំ ឬក្រោយការរងទុក្ខវេទនាដ៏ធំ?)

មនុស្សជាច្រើនជឿថា ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ នៅមុនសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ ហើយថា ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំនេះ ពួកគេនឹងបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទរួចទៅហើយ មិនមែននៅលើផែនដីទៀតទេ។ ប៉ុន្តែ នៅពេលយើងបញ្ជាក់ពីជំនឿនេះជាមួយព្រះបន្ទូលព្រះ យើងអាចមើលឃើញយ៉ាងងាយស្រួលថា វាគឺជាជំនឿខុសឆ្គងមួយ។ 
ព្រះរបស់យើងប្រទាននគររបស់ព្រះគ្រីស្ទដល់ពួកបរិសុទ្ធ សម្រាប់ រយៈពេលមួយពាន់ឆ្នាំ ទុកជារង្វាន់ដល់ពួកគេ សម្រាប់ការងារ និងការលះបង់ជីវិតរបស់ពួកគេដើម្បីប្រយោជន៍នៃដំណឹងល្អ។ វិវរណៈ ២០:៤ ប្រាប់យើងថា «ក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ»។ 
បទគម្ពីរខាងលើពន្យល់ប្រាប់យើងអំពីអ្នកដែលនឹងអាចចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ អ្នកទាំងនេះដែលបានស្ថិតនៅក្នុងសេចក្តីវេទនាដ៏ធំ ហើយបានតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ បានធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេ ហើយមិនបានទទួលយកសញ្ញារបស់សត្វ ឬថ្វាយបង្គំរូបរបស់វាឡើយ។ ដើម្បីញែកស្រូវចេញពីអង្កាម ព្រះបានអនុញ្ញាតឲ្យមនុស្សជាតិមានជម្រើសទទួលយកសញ្ញារបស់សត្វនេះ ឬមិនទទួលយក។ ដើម្បីលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយប្រទានរង្វាន់នៃនគររបស់ព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំដល់ពួកគេ សម្រាប់ជំនឿ និងជ័យជំនះរបស់ពួកគេលើសាតាំង ព្រះចង់ញែកជាស្រូវចេញពីអង្កាមឲ្យបានដាច់ស្រឡះ។ 
រាស្ត្ររបស់ព្រះគឺជាឧបសគ្គដ៏ធំបំផុត សម្រាប់អាទទឹងនឹងព្រះគ្រីស្ទក្នុងការទាស់ប្រឆាំងនឹងព្រះ ធ្វើខ្លួនវាជាព្រះ និងបង្ខំមនុស្សឲ្យទទួលយកសញ្ញារបស់វា។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទនឹងខិតខំអស់ពីសមត្ថភាព ដើម្បីកំចាត់ពួកគេចោល។ ប៉ុន្តែពួកបរិសុទ្ធនឹងមិនចុះចូលចំពោះសត្វជាដាច់ខាត ប៉ុន្តែតយុទ្ធជាមួយវា ដោយជំនឿ ហើយស៊ូធ្វើទុក្ករកម្មវិញ ដើម្បីថ្វាយសិរីល្អដល់ព្រះ។ ចំនួនពួកបរិសុទ្ធយ៉ាងច្រើនរាប់មិនអស់ដែលទន្ទឹងដល់ជីវិតបន្ទាប់របស់ពួកគេ នឹងស៊ូធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេនៅក្នុងព្រះ។ ដូច្នេះ ដោយសារអាទទឹងនឹងព្រះគ្រីស្ទនឹងនាំការរងទុក្ខយ៉ាងខ្លាំងមកលើពួកបរិសុទ្ធ ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ ព្រះបានត្រៀមគ្រោះកាចនៃចានទាំង៧ និងទណ្ឌកម្មនៃស្ថាននរកដែលឆេះដោយភ្លើង សម្រាប់វា និងពួកអ្នកដើរតាមរបស់វា។ 
ដូច្នេះ លោកិយនេះត្រូវវិនាសទាំងស្រុង ដោយគ្រោះកាចនៃចានទាំង៧ ដែលបង្កជារញ្ជួយដីដ៏ខ្លាំងដែលមនុស្សមិនធ្លាប់ឃើញពីមុន។ ជាលទ្ធផល ពិភពលោកទីមួយនឹងរលាយបាត់ទៅ ដោយមិនបន្សល់ដានអ្វីទាំងអស់។ បន្ទាប់មក ព្រះនឹងបង្គាប់ឲ្យទេវតារបស់ទ្រង់ចាប់ចងនាគទុកនៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ពីព្រោះព្រះអម្ចាស់នឹងត្រូវតែឃុំនាគនៅក្នុងជង្ហុកធំជាមុនសិន ទើបទ្រង់អាចអនុញ្ញាតឲ្យពួកបរិសុទ្ធរបស់ទ្រង់រស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទបាន។ 
ដោយសារសាតាំងមិនអាចនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ដែលពួក បរិសុទ្ទត្រូវសោយរាជ្យជាមួយព្រះគ្រីស្ទបាន នឹងមិនមានពួកអ្នកបោកបញ្ឆោត និងបណ្តាសាឡើយ។ អេសាយ ៣៥:៨-១០ ពន្យល់ពីនគររបស់ព្រះគ្រីស្ទដែលនឹងមកដល់ពួកបរិសុទ្ធដែលចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយដូចតទៅ៖ «ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា [ផ្លូវបរិសុទ្ធ] ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ ៩ នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួចគេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្តីត្រេកអរ និងសេចក្តីរីករាយ ឯអស់ទាំងសេចក្តីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»។ 
នគររបស់ព្រះគ្រីស្ទដែលមានរយៈពេលមួយពាន់ឆ្នាំខាងលើ នឹងមកដល់ បន្ទាប់ពីផែនដីនេះឆ្លងកាត់រយៈពេលប្រាំពីរឆ្នាំនៃសេចក្តីវេទនាដ៏ធំ និងបន្ទាប់ពីផែនដីនេះដែលគ្រប់គ្រងដោយសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ត្រូវបានបំផ្លាញទាំងស្រុង។ ដូច្នេះ នគរនេះគឺជារង្វាន់ដែលព្រះ អម្ចាស់របស់យើងនឹងប្រទានដល់ពួកបរិសុទ្ធរបស់ទ្រង់ សម្រាប់ការទទួលរងការបៀតបៀន និងការសម្លាប់ ដើម្បីការពារជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសម្រាប់ការងាររបស់ពួកគេក្នុងការប្រកាសដំណឹងល្អនេះ។