Search

キリスト教信仰に関するFAQ

主題3: 黙示録

3-7. តើសញ្ញារបស់សត្វគឺជាអ្វី?

ក្នុងកំឡុងពេលសេចក្តីវេទនាដ៏ធំ ដើម្បីដាក់មនុស្សគ្រប់គ្នានៅក្រោមអំណាចគ្រប់គ្រងរបស់ខ្លួន អាទទឹងនឹងព្រះគ្រីស្ទនឹងបង្ខំឲ្យមនុស្សទាំងអស់ទទួលយកសញ្ញានៅលើដៃស្តាំ ឬថ្ងាសរបស់ពួកគេ។ សញ្ញានេះគឹជាសញ្ញារបស់សត្វ។ អាទទឹងនឹងព្រះគ្រីស្ទនឹងបញ្ជាឲ្យមនុស្សទទួលយកសញ្ញានេះ ដើម្បីឲ្យវាអាចប្រែក្លាយពួកគេទៅជាបាវបម្រើរបស់វា។ វានឹងបន្តគម្រោងការនយោបាយរបស់វា ដោយការប្រើប្រាស់ជីវិតរបស់មនុស្សជាកម្លាំងរបស់វា។ បើសិនមនុស្សមិនមានសញ្ញាដែលបង្ហាញថា ពួកគេគឺជាគ្នារបស់សត្វ វានឹងហាមឃាត់មិនឲ្យទិញ ឬលក់អ្វីទាំងអស់។ សញ្ញានេះគឺជាឈ្មោះរបស់សត្វ ឬលេខរបស់វា។ កាលណាសត្វលេចមកនៅលើផែនដីនេះ មនុស្សនឹងត្រូវបានបង្ខំឲ្យទទួលយកសញ្ញានេះ ដែលជាលេខ ឬឈ្មោះរបស់វា។ 
នៅពេលយើងរាប់លេខរបស់សត្វនៅលើសញ្ញានេះ វាគឺជាលេខ៦៦៦។ នេះមានន័យថា សត្វដែលជាអាទទឹងនឹងព្រះគ្រីស្ទ ប្រកាសថា ខ្លួនវាគឺជាព្រះ។ នៅក្នុងន័យផ្សេង វាបង្ហាញពីភាពល្ងង់ខ្លៅរបស់មនុស្សដែលព្យាយាមធ្វើជាព្រះ។ ដូច្នេះ អ្នកណាដែលទទួលយកសញ្ញានេះនៅលើដៃស្តាំ ឬថ្ងាសរបស់ខ្លួន នឹងបម្រើ ហើយថ្វាយបង្គំអាទទឹងនឹងព្រះ គ្រីស្ទទុកដូចជាព្រះ។
នៅពេលពិភពលោកនេះប្រឈមនឹងសេចក្តីវេទនាដ៏ធំ ពីគ្រោះកាចនៃត្រែទាំង៧ អាទទឹងនឹងព្រះគ្រីស្ទដែលបានទទួលសិទ្ធិអំណាចពី សាតាំងមក នឹងដាក់ពិភពលោកទាំងមូលនៅក្រោមអំណាចគ្រប់គ្រងរបស់វា ដោយកម្លាំងដ៏ខ្លាំងអស្ចារ្យ។ តាមរយៈការព្យាបាលរបួសដល់ស្លាប់របស់វា និងការអស្ចារ្យធ្វើឲ្យភ្លើងធ្លាក់ពីមេឃមក វានឹងធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះដើរតាមវា។ ដូចដែលពួកវីរៈបុរសលេចមកនៅពេលមានទុក្ខលំបាក អាទទឹងនឹងព្រះគ្រីស្ទដែលបានទទួលសិទ្ធិអំណាចពីសាតាំងមក នឹងដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក ដោយសិទ្ធិអំណាចដ៏ធំ ហើយមនុស្សទាំងអស់នឹងកោតខ្លាចវាទុកដូចជាព្រះ។ ដូច្នេះ សាតាំងធ្វើឲ្យមនុស្សបម្រើអាទទឹងនឹងព្រះគ្រីស្ទទុកដូចជាព្រះ ហើយមនុស្សជាច្រើននឹងថ្វាយបង្គំវា។ 
ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទធ្វើកិច្ចការចុងក្រោយរបស់វា ដោយមានជំនួយពីសត្វមួយទៀត ដែលចេញពីផែនដីនេះមក។ សត្វទីពីរបង្ខំឲ្យមនុស្សធ្វើរូបសត្វទីមួយដែលជាអាទទឹងនឹងព្រះគ្រីស្ទ ផ្តល់ដង្ហើមដល់រូបនេះ ដោយអំណាចរបស់សាតាំង ធ្វើឲ្យវានិយាយ ហើយសម្លាប់អ្នកណាដែលមិនថ្វាយបង្គំវា។ វាបង្ខំឲ្យមនុស្សទាំងអស់ទទួលយកសញ្ញារបស់វាដាក់នៅលើដៃស្តាំង ឬថ្ងាស ហើយហាមឃាត់អស់អ្នកដែលមិនទទួលយកសញ្ញានេះ ពីការទិញលក់គ្រប់ប្រភេទ។ 
ការទទួលយកសញ្ញារបស់សត្វមានន័យថា ការចុះចូលចំពោះវា និងការធ្វើជាបាវបម្រើរបស់វា។ មនុស្សមិនត្រូវបានបង្ខំដោយកម្លាំងបាយ ឲ្យទទួលយកសញ្ញានេះទេ ប៉ុន្តែដោយការសម្រេចផ្ទាល់ខ្លួនដែលគិតថាត្រឹមត្រូវ។ ប៉ុន្តែដោយសារបើសិនមិនទទួលយកសញ្ញាទេ គ្មានអ្នកណាម្នាក់អាចទិញ ឬលក់អ្វីទាំងអស់ ឬរស់នៅបានផង មនុស្សទាំងអស់នៅលើផែនដីនេះដែលមិនបានទទួលការអត់ទោសបាប នឹងឈរនៅខាងសត្វ និងចុះចូលចំពោះវា។ 
ដូច្នេះ អស់អ្នកដែលចុះចូលចំពោះសត្វ ហើយទទួលយកសញ្ញារបស់វា នឹងត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ជាមួយនឹងអារក្ស។ គ្រីស្ទបរិស័ទក្លែងក្លាយដែលមិនបានកើតជាថ្មី ចុះចូលចំពោះសាតាំងនៅថ្ងៃចុងក្រោយ ទទួលយកសញ្ញារបស់វា ហើយថ្វាយបង្គំវាទុកដូចជាព្រះ ពីព្រោះចិត្តរបស់ពួកគេមិនមានការគង់នៅរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅពេលនេះ មានតែអស់អ្នកដែលបានទទួលការអត់ទោសបាប ហើយដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តប៉ុណ្ណោះ ទើបអាចបដិសេធការបញ្ជារបស់សត្វឲ្យទទួលយកសញ្ញារបស់វា ហើយតយុទ្ធ និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយជំនឿបាន។