Search

Preken

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 14-1] ការសរសើរតម្កើងរបស់អ្នកដែលបានរស់ពីស្លាប់ឡើងវិញ និងទុក្ករបុគ្គលដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ (វិវរណៈ ១៤:១-២០)

ការសរសើរតម្កើងរបស់អ្នកដែលបានរស់ពីស្លាប់ឡើងវិញ និងទុក្ករបុគ្គលដែលត្រូវបានលើកឡើងទៅស្ថានសួគ៌
(វិវរណៈ ១៤:១-២០)
«ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ និងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកដន្ត្រីដែលកំពុងតែចាប់ស៊ុង ច្រៀងបទ១ថ្មី នៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ និងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម មិនឃើញមានសេចក្តីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង និងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់ នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែយ៉ាងមុតដែរ ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្តីក្រោធនៃព្រះ នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំងសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ»
 


ការកាត់ស្រាយ


ខ.១៖ ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ និងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ។
ខនេះនិយាយអំពីពួកបរិសុទ្ធដែលបានកើតជាថ្មី ដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ ហើយកំពុងតែសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌ បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ដោយសារអាទទឹងនឹងព្រះគ្រីស្ទ។ ឥឡូវនេះ ពួកបរិសុទ្ធដែលត្រូវបាន អាទទឹងនឹងព្រះគ្រីស្ទសម្លាប់ និងពួកបរិសុទ្ធដែលបានដេកលក់ នឹងនៅស្ថានសួគ៌ ហើយកំពុងតែសរសើរតម្កើងព្រះអម្ចាស់ ដោយទំនុកថ្មី។ នៅក្នុងខ.៤ យើងមើលឃើញថា មនុស្សចំនួន១៤៤០០០នាក់បានទំនុកថ្មីនេះ។ អ្នកអាចឆ្ងល់ថា អ្នកដែលត្រូវបានលើកឡើងទៅស្ថានសួគ៌មានចំនួនតែ១៤៤០០០នាក់ ឬយ៉ាងណា។ ប៉ុន្តែលេខ១៤នៅទីនេះ មានន័យថា គ្រប់ទាំងអស់បានផ្លាស់ប្តូរ (ម៉ាថាយ ១:១៧)។ 
យើងត្រូវតែដឹងថា បន្ទាប់ពីទុក្ករកម្ម និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធ ព្រះអម្ចាស់នឹងផ្លាស់ប្រែលោកិយនេះឲ្យទៅជាពិភពលោកថ្មីស្រឡាងមួយ។ ជំនួសឲ្យផែនដីនេះ ព្រះអម្ចាស់នឹងបង្កើតពិភពលោកមួយដែលទ្រង់នឹងគង់នៅជាមួយរាស្ត្ររបស់ទ្រង់។ នេះហើយគឺជាបំណងព្រះហឫទ័យរបស់ព្រះអាទិករ។ 
អស់អ្នកដែលសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌ គឺជាអ្នកដែលបានធ្វើជាពួកបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះគ្រីស្ទបានប្រទានឲ្យ កាលពួកគេនៅលើផែនដីនេះនៅឡើយ។ ដូច្នេះ នៅលើថ្ងាសរបស់ពួកគេ មានសរសេរឈ្មោះរបស់កូនចៀម និងឈ្មោះរបស់ព្រះវរបិតា ពីព្រោះពួកគេគឺជារបស់ព្រះគ្រីស្ទ។

ខ.២៖ រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកដន្ត្រីដែលកំពុងតែចាប់ស៊ុង។ 
ពួកបរិសុទ្ធនៅស្ថានសួគ៌គឺជាអ្នកដែលបានស្លាប់ ដើម្បីការពារ សេចក្តីសង្រ្កោះដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ និងជំនឿរបស់ពួកគេលើការពិតថា ព្រះអម្ចាស់តែមួយគឺជាព្រះរបស់ពួកគេ ហើយដែលត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ ដោយសាររូបកាយរបស់ពួកគេត្រូវបានប្រោសឲ្យរស់ឡើងវិញ ហើយពួកគេត្រូវបានលើកឡើងទៅស្ថានសួគ៌ ដោយអំណាចព្រះចេស្តារបស់ព្រះអម្ចាស់ ពួកគេកំពុងតែសរសើរតម្កើងទ្រង់នៅស្ថានសួគ៌ សម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់ និងការប្រទានសិទ្ធិអំណាចរបស់ទ្រង់ដល់ពួកគេ។ សម្លេងសរសើរតម្កើងរបស់ពួកគេពីរោះដូចជាទឹកហូរ ហើយលាន់ឮដូចជាសម្លេងផ្គរលាន់។ ពួកគេទាំងអស់គ្នាត្រូវបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ តាមរយៈសេចក្តីប្រោសលោះចេញពីអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ កាលពួកគេនៅលើផែនដីនេះនៅឡើយ។ 

ខ.៣៖ គេច្រៀងបទ១ថ្មី នៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ និងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ។
មនុស្សចំនួន១៤៤០០០នាក់នៅទីនេះ សំដៅទៅលើពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌។ នៅក្នុងព្រះគម្ពីរ លេខ១៤មានន័យថា ការផ្លាស់ប្តូរថ្មី។ អស់អ្នកដែលអាចសរសើរតម្កើងព្រះអម្ចាស់ជាមួយទំនុកថ្មីនៅស្ថានសួគ៌បាន គឺជាអស់អ្នកដែលបានផ្លាស់ប្រែ ដោយការទទួលបានការអត់ទោសបាប និងការកើតជាថ្មី តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាលពួកគេនៅលើផែនដីនេះនៅឡើយ។ ដូច្នេះហើយបានជាព្រះអម្ចាស់មានបន្ទូលថា ពួកគេមានចំនួន១៤៤០០០នាក់។
ក្រៅពីពួកគេ គ្មានអ្នកណាផ្សេង ដែលអាចសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ព្រះពរនៃសេចក្តីប្រោសលោះរបស់ទ្រង់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានទេ។ ដូច្នេះ ព្រះអម្ចាស់របស់យើងត្រូវបានសរសើរតម្កើង ដោយអស់អ្នកដែលមានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធទុកជាអំណោយទានពីព្រះ។ 

ខ.៤៖ នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម។ 
ពួកបរិសុទ្ធគឺជាអ្នកដែលមិនបានបង្ខូចជំនឿរបស់ខ្លួនជាមួយនឹងអំណាចខាងលោកិយ ឬសាសនាលោកិយឡើយ។ មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលផ្លាស់ប្តូរជំនឿរបស់ខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសម្រាប់អស់អ្នកដែលបានធ្វើជាពួកបរិសុទ្ធ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះអម្ចាស់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយបានទទួលការអត់ទោសសម្រាប់អំពើបាប ជំនឿរបស់ពួកគេមិនអាចផ្លាស់ប្តូរសម្រាប់អ្វីនៅក្នុងលោកិយនេះបានឡើយ។ 
ពួកបរិសុទ្ធដែលឡើងទៅស្ថានសួគ៌ ហើយសរសើរតម្កើងព្រះអម្ចាស់ គឺជាអ្នកដែលតែងតែបានរក្សាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ ហើយការពារជំនឿរបស់ខ្លួនជានិច្ច។ ដូច្នេះ អ្នកដែលអាចសរសើរតម្កើងព្រះអម្ចាស់នៅនគរស្ថានសួគ៌បាន គឺជាអ្នកដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ ដោយព្រះអម្ចាស់ សម្រាប់ជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
នៅពាក់កណ្តាលខ.៤សរសេរថា «គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ»។ អ្នកត្រូវតែដឹងថា អស់អ្នកដែលបានស្អាតពីអំពើបាបទាំងអស់របស់ខ្លួនតែម្តងជាសម្រេច តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែដើរតាមព្រះអម្ចាស់ទៅគ្រប់ទីកន្លែងដែលទ្រង់ដឹកនាំទៅ។ ដោយសារពួកគេបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ នៅក្នុងចិត្តរបស់ពួកគេ មានបំណងចិត្តដើរតាមព្រះអម្ចាស់ដោយអំណរទៅគ្រប់ទីកន្លែងដែលទ្រង់ដឹកនាំទៅ។ ដូច្នេះ នៅថ្ងៃចុងក្រោយ ពួកគេនឹងកំពុងតែសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌ បន្ទាប់ពីបានធ្វើទុក្ករកម្ម ដោយសារអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីការពារជំនឿរបស់ខ្លួន និងត្រូវបានព្រះអម្ចាស់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌។
ខនេះក៏សរសេរផងដែរថា «ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម»។ ក្នុងចំណោមមនុស្សយ៉ាងច្រើនរាប់មិនអស់ដែលកំពុងតែរស់នៅលើផែនដីនេះ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ដូច្នេះហើយបានជាព្រះអម្ចាស់មានបន្ទលនៅក្នុង យេរេមា ៣:១៤ ថា «ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតអញជាប្តីដល់ឯងរាល់គ្នាហើយ នោះអញនឹងយកឯងរាល់គ្នា ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ»។ អស់អ្នកដែលបានជួបដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបានទទួលការអត់ទោសអំពើបាប មានចំនួនបន្តិចតែប៉ុណ្ណោះ។ 
ដោយសារពួកគេជារបស់កូនចៀម ពួកគេនឹងជាអ្នកដែលទទួលបានផ្លែដំបូងនៃការរស់ពីស្លាប់ឡើងវិញ ដែលនឹងត្រូវបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌ និងដែលសរសើរតម្កើងព្រះគ្រីស្ទជារៀងរហូត តាមដែលព្រះអម្ចាស់បានសន្យា។ ហើយនៅផែនដីនេះ ពួកគេគឺជាអ្នកដែលដើរតាមព្រះអម្ចាស់ទៅគ្រប់ទីកន្លែងដែលទ្រង់ដឹកនាំពួកគេទៅ។ ការទាំងនេះកើតឡើង ដោយសារព្រះគុណ និងអំណាចព្រះចេស្តារបស់ព្រះ។ 

ខ.៥៖ មិនឃើញមានសេចក្តីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។ 
អស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចប្រកាសដំណឹងល្អពិតនេះចេញពីមាត់របស់ពួកគេបាន។ ខណៈដែលមានមនុស្សជាច្រើននៅសព្វថ្ងៃនេះ ដែលកំពុងតែប្រកាសដំណឹងល្អតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ ពិតណាស់ថា មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះ ដែលពិតជាកំពុងតែប្រកាសដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ 
អស់អ្នកដែលប្រកាសព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ មិនកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យទេ។ ហេតុអ្វី? ពីព្រោះគ្មានដំណឹងល្អណាផ្សេងទៀតឡើយ ក្រៅពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អពិតចេញពីព្រះគម្ពីរ។ ដោយសារអំពើបាបទាំងអស់របស់មនុស្សសុចរិតត្រូវបានដោះចេញ ដោយសារព្រះបន្ទូលនៃដំណឹងល្អពិត យើងអាចប្រកាសដំណឹងល្អនេះចេញពីមាត់របស់យើង ដោយទំនុកចិត្តបាន។ 

ខ.៦-៧៖ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំ ជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។ 
ពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវតែបន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅលើផែនដីនេះ។ ដូច្នេះ ការងារប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះត្រូវតែបន្តនៅលើផែនដីនេះ រហូតដល់ថ្ងៃនៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។
មានតែអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលនឹងព្រមធ្វើទុក្ករកម្ម ដោយសារអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីការពារជំនឿរបស់ខ្លួន ហើយពួកគេតែប៉ុណ្ណោះ ដែលនឹងត្រូវបានលើកឡើងទៅនគរស្ថានសួគ៌។ គ្រប់គ្នាត្រូវតែកោតខ្លាចព្រះ ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានការអត់ទោសបាបរបស់ខ្លួន និងព្រះវិញ្ញាណបរិសុទ្ធ។ បើសិនគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនអាចជឿដោយការអរព្រះគុណ តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យទេ ជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវនឹងនៅជាឥតប្រយោជន៍ទទេ។ 
ព្រះអង្គដែលបានបង្កើតសកលលោកទាំងមូលនេះ និងគ្រប់របស់ទាំងអស់នៅក្នុងវា គឺជាព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ មនុស្សជាតិត្រូវតែទទួលស្គាល់ទ្រង់ជាព្រះរបស់ពួកគេ ដែលបានបង្កើតពួកគេ ហើយប្រទានដល់ពួកគេនូវសេចក្តីសង្រ្គោះ ដែលអស់ទោសចំពោះអំពើបាបរបស់ពួកគេ ហើយដូច្នេះ ពួកគេត្រូវតែថ្វាយបង្គំទ្រង់ ពីព្រោះតាមរយៈព្រះហស្តរបស់ទ្រង់ គ្រប់ទាំងអស់ត្រូវបានបង្កើតឡើងយ៉ាងពេញលេញ។ ដោយការជឿតាមដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្ត មនុស្សទាំងអស់អាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន និងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត។
ឥឡូវនេះ លោកិយនេះត្រៀមទទួលការជំនុំជម្រះដែលព្រះយេស៊ូវ គ្រីស្ទនឹងទម្លាក់មកលើអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ។ ហើយយើងក៏ត្រូវតែត្រៀមជំនឿរបស់យើងផងដែរ ដើម្បីត្រូវបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌ ពីព្រោះថ្ងៃជំនុំជម្រះរបស់ព្រះជិតមកដល់ហើយ។ របៀបត្រៀមសម្រាប់ការលើកឡើងទៅស្ថានសួគ៌ គឺត្រូវជឿតាមព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ហេតុអ្វី? ពីព្រោះលុះត្រាតែជឿតាមដំណឹងល្អនេះ ទើបមនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយកាលណាថ្ងៃចុងក្រោយមកដល់ ពួកគេនឹងត្រូវបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌។
ដូច្នេះ កាន់តែឆាប់កាន់តែល្អ មនុស្សមានបាបទាំងអស់ត្រូវតែជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះនៃស្នាព្រះហស្ត និងសេចក្តីសង្រ្គោះ ហើយថ្វាយបង្គំទ្រង់ដូច្នេះ។ ពួកគេត្រូវតែទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទុកនៅក្នុងចិត្ត ហើយទទួលបានព្រះគុណនៃសេចក្តីប្រោសលោះរបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលថ្វាយបង្គំព្រះ មិនបដិសេធ តែទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទុកនៅក្នុងចិត្តរបស់ខ្លួន ពីព្រោះនេះគឺជារបៀបដែលពួកគេអាចថ្វាយបង្គំព្រះបាន។ 

ខ.៨៖ មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្តីឃោរឃៅរបស់ការកំផិតខ្លួន។ 
លោកិយនេះនឹងរលាយបាត់ទៅ ដោយសារការជំនុំជម្រះដ៏កាច សាហាវរបស់ព្រះយេស៊ូវគ្រីស្ទ។ ដោយសារសាសនាទាំងអស់របស់លោកិយនេះត្រូវបានបង្កើតឡើង ដោយសេចក្តីបង្រៀនខុសឆ្គង វានឹងត្រូវបានបំផ្លាញ ដោយព្រះ។ សាសនាទាំងនេះបានធ្វើឲ្យមនុស្សដើរតាមលោកិយនេះជាជាងព្រះ ហើយបានប្រើប្រាស់ពួកគេជាឧបករណ៍ទាស់ប្រឆាំងនឹងព្រះ។ ដូច្នេះ លោកិយនេះនឹងត្រូវវិនាស ពីព្រោះមនុស្សនៅក្នុងលោកិយនេះបានចាកចោលព្រះ ហើយដេញតាមសាសនាខាងលោកិយទាំងនេះ។ 
ការដែលពួកគេបានដើរតាមសាសនាខាងលោកិយ មានន័យថា ពួកគេបានដើរតាមព្រះក្លែងក្លាយ ដែលជាពួកវិញ្ញាណអាក្រក់។ ដូច្នេះ ព្រះនឹងបំផ្លាញលោកិយនេះចោលនៅក្នុងសេចក្តីក្រោធរបស់ទ្រង់។ ហើយព្រះក៏នឹងបំផ្លាញគ្រប់យ៉ាងនៅក្នុងលោកិយនេះ និងសាសនាក្លែងក្លាយរបស់វាផងដែរ ហើយពួកវានឹងផឹកស្រានៃសេចក្តីក្រោធរបស់ព្រះ។ ដូច្នេះ អស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ រួមទាំងពួកវិញ្ញាណអាក្រក់ដែលរស់នៅដូចជាប៉ារ៉ាស៊ីត ដែលពាក់ព័ន្ធនឹងសាសនាលោកិយនេះ នឹងត្រូវទទួលរងគ្រោះកាចរបស់ព្រះ ហើយនឹងត្រូវធ្លាក់ទៅក្នុងនរកដ៏អស់កល្បជានិច្ច។ 

ខ.៩-១០៖ រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង និងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ និងកូនចៀមផង។ 
ព្រះព្រមានមនុស្សគ្រប់គ្នានៅទីនេះថា បើសិនអ្នកណាថ្វាយបង្គំសត្វ និងរូបរបស់វា ឬទទួលយកសញ្ញារបស់វាដាក់នៅលើដៃស្តាំ ឬថ្ងាស អ្នកនោះនឹងទទួលបានទណ្ឌកម្មនៅក្នុងស្ថាននរក។ តាមរយៈការធ្វើការតាម រយៈមនុស្សជាច្រើន សាតាំងនឹងបង្ខំមនុស្សទាំងអស់ឲ្យថ្វាយបង្គំរូបរបស់អាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែអស់អ្នកដែលបានកើតជាថ្មី នឹងតយុទ្ធនឹង អាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានវាសម្លាប់ ដើម្បីការពារជំនឿរបស់ពួកគេ។ ពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវតែការពារជំនឿរបស់ខ្លួន ដោយទាស់ប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ និងធ្វើទុក្ករកម្ម។ 
បើសិនអ្នកណាចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ថ្វាយបង្គំរូបរបស់វា និងទទួលយកសញ្ញានៃឈ្មោះ ឬលេខរបស់វា អ្នកនោះនឹងទទួលសេចក្តីក្រោធរបស់ព្រះ ដែលនឹងបោះទម្លាក់ខ្លួនទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រអស់កល្បជានិច្ច។ កាលណាពេលវេលានៃសេចក្តីវេទនាដ៏ធំមកដល់ ពួកបរិសុទ្ធត្រូវតែអធិស្ឋានទៅកាន់ព្រះ ការពារជំនឿរបស់ខ្លួននៅក្នុងព្រះអម្ចាស់ និងដាក់សេចក្តីសង្ឃឹមរបស់ខ្លួនទៅលើនគររបស់ ទ្រង់។ ហើយដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ពួកគេត្រូវតែទាស់ប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ ហើយការពារជំនឿរបស់ខ្លួន ចូលរួមនៅក្នុង ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ខ្លួន ហើយទទួលព្រះពរដ៏អស់កល្បជានិច្ចនៃការរស់នៅជាមួយព្រះ អម្ចាស់នៅក្នុងនគររបស់ទ្រង់។ 

ខ.១១៖ ឯផ្សែងនៃសេចក្តីទុក្ខលំបាករបស់គេ និងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្តីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ និងរូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង។ 
សម្រាប់អស់អ្នកដែលថ្វាយបង្គំសាតាំងទុកដូចជាព្រះ ព្រះនឹងទម្លាក់គ្រោះកាច និងទណ្ឌកម្ននៅស្ថានសួគ៌អស់កល្បជានិច្ច។ នៅថ្ងៃចុងក្រោយ អ្នកណាដែលចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ និងថ្វាយបង្គំរូបរបស់វា នឹងត្រូវរងទុក្ខនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ដោយពេញដោយសេចក្តីក្រោធរបស់ព្រះ។ យើងទាំងអស់គ្នាត្រូវតែជឿថា អ្នកណាដែលដើរតាមសត្វ និងរូបរបស់វា និងអ្នកណាដែលទទួលយកសញ្ញារបស់សត្វ នឹងមិនបានសម្រាកទាំងយប់ទាំងថ្ងៃ។ 

ខ.១២៖ នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវ។ 
ដោយសារពួកបរិសុទ្ធជឿលើទ្រព្យសម្បត្តិ សិរីល្អ និងព្រះពរទាំងអស់ ដែលព្រះអម្ចាស់បានសន្យាជាមួយពួកគេ ពួកគេត្រូវស៊ូទ្រាំ ហើយអត់ធ្មត់។ ហើយពួកគេត្រូវតែស៊ូទ្រាំចំពោះពេលវេលានៃសេចក្តីវេទនាដ៏ធំផងដែរ។ សេចក្តីសន្យារបស់ព្រះអម្ចាស់ជាមួយពួកបរិសុទ្ធអំពីថ្ងៃចុងក្រោយគឺថា ទ្រង់នឹងប្រទានឲ្យពួកគេនូវព្រះពរនៃការរស់នៅជាមួយទ្រង់ បន្ទាប់ពីទុក្ករកម្មរ ការរស់ពីស្លាប់ឡើងវិញដោយអំណាចព្រះទ្រង់ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ។
ដូច្នេះ ពួកបរិសុទ្ធស៊ូទ្រាំ ពីព្រោះពួកគេជឿលើព្រះពរដែលអនុញ្ញាតឲ្យពួកគេចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀម ជាមួយព្រះអម្ចាស់ សោយរាជ្យជាមួយទ្រង់សម្រាប់រយៈពេលមួយពាន់ឆ្នាំ និងរស់នៅជាមួយទ្រង់អស់កល្បជានិច្ចនៅលើស្ថានសួគ៌។ កាលណាថ្ងៃចុងក្រោយមកដល់ ពួកបរិសុទ្ធត្រូវតែធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេ។ ពួកគេត្រូវតែស៊ូទ្រាំ និងអត់ធ្មត់ចំពោះសេចក្តីវេទនាដ៏ធំទាំងអស់នៅពេលនោះ។
ឥឡូវនេះ ពួកបរិសុទ្ធដែលកំពុងតែរស់នៅលើផេនដីនេះនាពេលបច្ចុប្បន្ននេះ ត្រូវតែធ្វើទុក្ករកម្មរបស់ខ្លួន ដោយការជឿតាមសេចក្តីសន្យារបស់ព្រះអម្ចាស់ កាលណាអាទទឹងនឹងព្រះគ្រីស្ទបង្ខំ គំរាមកំហែង កៀបសង្កត់ និងលួងលោមឲ្យពួកគេក្បត់នឹងជំនឿរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះភ្លាមៗបន្ទាប់ពីនោះ ព្រះពរទាំងអស់របស់ព្រះអម្ចាស់នឹងត្រូវបានបំពេញសម្រេចទាំងអស់ តាមដែលទ្រង់បានសន្យាជាមួយយើង។ ពួកបរិសុទ្ធទាំងអស់អាចទទួលបានរង្វាន់របស់ខ្លួនបាន លុះត្រាតែពួកគេរក្សាជំនឿរបស់ពួកគេតាមព្រះបន្ទូលព្រះ និងនៅក្នុងព្រះអម្ចាស់។ ដូច្នេះ ចូររក្សាជំនឿរបស់អ្នកនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់ចុះ។ ព្រះនឹងស្វាគមន៍ពួកបរិសុទ្ធ ដែលបានការពារជំនឿរបស់ខ្លួនតាមព្រះបន្ទូលទ្រង់ និងនៅក្នុងព្រះយេស៊ូវ ឲ្យចូលទៅក្នុងពិភពលោកថ្មីស្រឡាងរបស់ទ្រង់។ 
មានមូលហេតុជាច្រើន ដែលពួកបរិសុទ្ធដែលបម្រើដំណឹងល្អរបស់ព្រះអម្ចាស់ ត្រូវតែស៊ូទ្រាំ និងអត់ធ្មត់ចំពោះទុក្ខលំបាកទាំងអស់នៅក្នុងពេលវេលានៃសេចក្តីវេទនាដ៏ធំ។ សម្រាប់អនាគតដ៏ប្រសើរជាង ពួកគេត្រូវតែស៊ូទ្រាំ និងអត់ធ្មត់ចំពោះការរងទុក្ខនាពេលបច្ចុប្បន្ននេះ។ 
រ៉ូម ៥:៣-៤ ប្រាប់យើងថា «មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ ៤ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម»។ ពួកបរិសុទ្ធដែលអាចស៊ូទ្រាំនឹង សេចក្តីវេទនាដ៏ធំ ដោយការជឿលើព្រះអម្ចាស់ នឹងរស់នៅក្នុងជីវិតដែលមានព្រះពរ ទទួលបានការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ពីទ្រង់ ហើយសោយរាជ្យនៅក្នុងនគររបស់ទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែស៊ូទ្រាំនឹងសេចក្តីវេទនាដ៏ធំ ដោយជំនឿរបស់យើង។ ដោយរក្សាជំនឿរបស់យើងលើព្រះអម្ចស់ ពួកបរិសុទ្ធពិតជាស៊ូទ្រាំនឹង សេចក្តីវេទនាដ៏ធំនៅថ្ងៃចុងក្រោយបាន។ ពួកបរិសុទ្ធជឿលើគ្រប់ទាំងការដែលព្រះអម្ចាស់នឹងបំពេញសម្រេចសម្រាប់ពួកគេ ទាំងនៅក្នុងលោកិយនេះ និងទាំងនៅស្ថានសួគ៌។ 

ខ.១៣៖ ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់។ 
ខនេះនិយាយថា «អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ»។ ហេតុអ្វី? ពីព្រោះកាលណាពេលវេលានៃសេចក្តីវេទនាដ៏ធំមកដល់ គឺកាលណាអាទទឹងនឹងព្រះគ្រិស្ទគ្រប់គ្រងលើលោកិយនេះ មនុស្សមានបាបទាំងអស់ដែលកំពុងតែរស់នៅលើផែនដីនេះ នឹងត្រូវវិនាសទាំងអស់។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែសម្លឺងទៅនគររបស់ព្រះដែលនឹងមកដល់ ការពារជំនឿរបស់ខ្លួន និងធ្វើទុក្ករកម្មនៃជំនឿ។ អស់អ្នកដែលបានស្លាប់ដោយព្រោះជំនឿ ដើម្បីថ្វាយសិរីល្អដល់ព្រះអម្ចាស់ មានពរហើយ ហើយដូច្នេះ ពួកគេត្រូវតែធ្វើទុក្ករកម្មរបស់ខ្លួន ដើម្បីការពារជំនឿរបស់ខ្លួន។ 
ដូច្នេះ ព្រះអម្ចាស់នឹងថែរក្សាពួកបរិសុទ្ធបែបនេះ ដោយអនុញ្ញាតឲ្យពួកគេរស់ពីស្លាប់ឡើងវិញ និងលើកពួកគេឡើងទៅស្ថានសួគ៌របស់ទ្រង់។ ការងារទាំងអស់របស់ពួកបរិសុទ្ធនៅលើផេនដីនឹងត្រូវបញ្ចប់ ហើយពួកគេនឹងរស់នៅជាមួយនឹងរង្វាន់ដែលព្រះអម្ចាស់ប្រទានឲ្យ។ នៅពេលនេះ ពួកបរិសុទ្ធទាំងអស់នឹងមានអំណរ ដោយសោយរាជ្យជាមួយព្រះអម្ចាស់ និងមានជីវិតអស់កល្បជានិច្ច ទ្រព្យសម្បត្តិ និងសិរីល្អនៅក្នុងនគររបស់ទ្រង់ជារៀងរហូតតទៅ។ 
ដូច្នេះហើយបានជាអស់អ្នកដែលបានធ្វើទុក្ករកម្មនៅថ្ងៃចុងក្រោយ ដើម្បីការពារជំនឿរបស់ខ្លួន ពិតជាមានព្រះពរដ៏ធំ ពីព្រោះពួកគេនឹងរស់នៅជាមួយព្រះអម្ចាស់ជាមួយនឹងទ្រព្យសម្បត្តិ និងសិរីល្អទាំងអស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ដ៏អស់កល្បជានិច្ចរបស់ទ្រង់។ ព្រះនឹងប្រទានព្រះពរនៃការសោយរាជ្យជាមួយព្រះអម្ចាស់ជារៀងហូតដល់អស់អ្នកដែលមិនចុះចូលចំពោះសត្វ ហើយបានការពារជំនឿរបស់ខ្លួននៅក្នុងព្រះអម្ចាស់។ 

ខ.១៤៖ នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត។ 
ខនេះប្រាប់យើងយើងថា ព្រះអម្ចាស់នឹងយាងមកលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ ដោយសារព្រះអម្ចាស់គឺជាម្ចាស់នៃពួកបរិសុទ្ធ ទ្រង់នឹងប្រោសពួកគេដែលត្រូវបានសម្លាប់ ដើម្បីការពារជំនឿរបស់ពួកគេ ហើយលើកពួកគេឡើងទៅនគររបស់ព្រះ។ នៅក្នុងពេលវេលានៃសេចក្តីវេទនាដ៏ធំ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើង។ 

ខ.១៥៖ រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច។ 
ព្រះបន្ទូលនេះសំដៅទៅលើភាពពេញលេញនៃការដែលព្រះអម្ចាស់លើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ នៅក្នុងន័យផ្សេង ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង បន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធយ៉ាងច្រើនរាប់មិនអស់។ ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើងចំពោះពួកបរិសុទ្ធដែលបានដេកលក់ និងពួកបរិសុទ្ធដែលត្រូវបានគេសម្លាប់។ ជំនឿរបស់ពួកបរិសុទ្ធលើភាពពេញលេញនៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មាននៅក្នុងសេចក្តីសង្រ្គោះ ទុក្ករកម្ម ការលើកឡើងទៅស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ចរបស់ពួកគេ។ ពេលវេលានៃការលើកភពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ គឺបន្ទាប់ពីការបៀតបៀន និងទុក្ករកម្មរបស់ពួកគេពីអាទទឹងនឹងព្រះគ្រីស្ទ ហើយភ្លាមៗបន្ទាប់មក ពួកគេនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌។ 

ខ.១៦៖ នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។ 
ខនេះក៏សំដៅទៅលើការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ដែរ។ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មានន័យថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាស។ ដូច្នេះ តើវាមានន័យថា ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅលើអាកាស ហើយបន្ទាប់មក ចុះមកផែនដីវិញជាមួយព្រះអម្ចាស់ឬ? ពិតមែនហើយ! បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ព្រះអម្ចាស់នឹងបំផ្លាញផែនដី សមុទ្រ និងគ្រប់ទាំងអស់នៅក្នុងវា ដោយការចាក់គ្រោះកាចនៃចានទាំង៧មក ហើយបន្ទាប់មក ទ្រង់នឹងយាងចុះមកលើផែនដីនេះជាមួយពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅលើអាកាស។ 
បន្ទាប់ពីព្រះអម្ចាស់ និងពួកបរិសុទ្ធរបស់ទ្រង់នឹងសោយរាជ្យនៅលើផែនដីនេះ សម្រាប់រយៈពេលមួយពាន់ឆ្នាំ ហើយកាលណាពិធីមង្គលការរបស់កូនចៀមបញ្ចប់ទៅ ពួកគេនឹងឡើងទៅនគរស្ថានសួគ៌ដ៏អស់កល្ប ជានិច្ច។ នៅពេលពួកបរិសុទ្ធចូលរួមជាមួយព្រះអម្ចាស់នៅក្នុងពិធីមង្គលការរបស់កូនចៀម ព្រះអម្ចាស់បានកែផែនដីនេះ និងគ្រប់ទាំងអស់ឡើងជាថ្មីរួចទៅហើយ។ 
បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ពួកគេនឹងនៅលើអាកាសជាមួយព្រះអម្ចាស់មួយរយៈខ្លី ហើយកាលណាគ្រោះកាចនៃចានទាំង៧បញ្ចប់ទៅ ពួកគេនឹងចុះមកផែនដីដែលកែជាថ្មីជាមួយទ្រង់ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ បន្ទាប់មក ពួកគេនឹងចូលទៅក្នុងនគររបស់ព្រះជាមួយព្រះអម្ចាស់ ហើយរស់នៅជាមួយទ្រង់ជារៀងរហូត។ 

ខ.១៧៖ រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែយ៉ាងមុតដែរ។ 
ទេវតាដែលលេចមកនៅទីនេះ គឺជាទេវតានៃការជំនុំជម្រះ។ ទេវតានេះនឹងចាក់គ្រោះកាចដ៏ធំមកលើមនុស្សនៅលើផែនដីនេះ ដែលបានទាស់ប្រឆាំងនឹងព្រះ ហើយបោះពួកគេចុះទៅក្នុងភ្លើងដ៏អស់កល្បជានិច្ច។ តួនាទីរបស់ទេវតានេះ គឺត្រូវចង និងបោះអាទទឹងនឹងព្រះគ្រីស្ទ បាវបម្រើរបស់វា និងមនុស្សមានបាបទាំងអស់នៅលើផែនដីនេះដែលមិនបានកើតជាថ្មី ចូលទៅក្នុងជង្ហុកធំ។ 

ខ.១៨៖ ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ។ 
ព្រះបន្ទូលនេះប្រាប់យើងថា ឥឡូវនេះ ពេលវេលាបានមកដល់ហើយ សម្រាប់ពួកមនុស្សមានបាបទទួលការជំនុំជម្រះពីព្រះ ដោយសារអំពើបាបរបស់ពួកគេដែលទាស់ប្រឆាំងនឹងទ្រង់។ នៅក្នុងពេលវេលារបស់ព្រះ មានពេលវេលានៃការអនុវត្តផែនការរបស់ព្រះ។ ដើម្បីជំនុំជម្រះពួកមនុស្សមានបាបដោយភ្លើង ព្រះនឹងប្រមូលមនុស្សមានបាបទាំងអស់ និងអស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ ហើយដាក់ទោសពួកគេទៅតាមការប្រព្រឹត្តរបស់ពួកគេរៀងៗខ្លួន។

ខ.១៩៖ ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្តីក្រោធនៃព្រះ។ 
ព្រះបន្ទូលនេះបង្ហាញប្រាប់យើងថា បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ អាទទឹងនឹងព្រះគ្រីស្ទ និងពួកមនុស្សមានបាបនឹងរស់នៅយ៉ាងខ្លាំង នៅក្រោមគ្រោះកាចនៃចានទាំង៧។ នៅលើផែនដីនេះដែរ ព្រះនឹងនាំសេចក្តីក្រោធរបស់ទ្រង់មកលើមនុស្សមានបាប ដោយការទម្លាក់គ្រោះកាចដ៏សាហាវមកលើពួកគេ ហើយបន្ទាប់មក នឹងមានទណ្ឌកម្មនៅក្នុងស្ថាននរក។ ដូច្នេះ គ្រោះកាចដែលព្រះនឹងចាក់មកលើពួកមនុស្សមានបាប អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វាគឺជា សេចក្តីក្រោធដ៏សុចរិតរបស់ទ្រង់។ នេះហើយគឺជាទិព្វញ្ញាណរបស់ព្រះសម្រាប់មនុស្សមានបាបដែលទាស់ប្រឆាំងនឹងទ្រង់។ 

ខ.២០៖ នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំងសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ។ 
ខនេះប្រាប់យើងថា ទណ្ឌកម្មនៃសេចក្តីក្រោធរបស់ព្រះ តាមរយៈគ្រោះកាចទាំង៧នឹងមានភាពធ្ងន់ធ្ងរ និងកាចសាហាវចំពោះមនុស្សដែលនៅលើផែនដីនេះ ទាំងមនុស្ស និងស្នាព្រះហស្តទាំងអស់។ វាក៏ប្រាប់យើងផងដែរថា គ្រោះកាចទាំងនេះនឹងបំផ្លិចបំផ្លាញផែនដីទាំងមូល។ កាលណាពួកបរិសុទ្ធត្រូវបានសម្លាប់ ប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ ចាប់ពីពេលនេះតទៅ សេចក្តីក្រោធនៃគ្រោះកាចនៃចានទាំង៧នឹងត្រូវបានចាក់មកបំផ្លាញគ្រប់ទាំងអស់ចោល។
គ្មានអ្នកណាម្នាក់ ក្រៅពីពួកបរិសុទ្ធនៅស្ថានសួគ៌ និងពួកទេវតារបស់ទ្រង់ដែលបានឈរនៅខាងព្រះ នឹងបានរួចពីគ្រោះកាចទាំងនេះ។ ម៉្យាងវិញទៀត សម្រាប់អស់អ្នកដែលទាស់ប្រឆាំងនឹងព្រះ មានតែទណ្ឌកម្មនៅក្នុងស្ថាននរកប៉ុណ្ណោះ ដែលរង់ចាំពួកគេ។ ប៉ុន្តែនៅពេលនោះ ពួកបរិសុទ្ធដែលបានកើតជាថ្មី នឹងបាននៅក្នុងពិធីមង្គលការរបស់កូនចៀមជាមួយព្រះអម្ចាស់នៅលើអាកាស អរព្រគុណ និងសរសើរតម្កើងទ្រង់ សម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់។ ចាប់ពីពេលនោះតទៅ ពួកបរិសុទ្ធនឹងរស់នៅជាមួយព្រះអម្ចាស់ នៅក្នុងព្រះពរដ៏អស់កល្បជានិច្ចរបស់ទ្រង់។