Search

Preken

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-2] តើយើងពិតជាអាចទិញព្រះវិញ្ញាណបរិសុទ្ធ ដោយការប្រព្រឹត្តផ្ទាល់ខ្លួនបានឬ? (កិច្ចការ ៨:១៤-២៤)

(កិច្ចការ ៨:១៤-២៤)
«កាលពួកសាវ័ក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស និងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិត ដោយពួកសាវ័កដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្តីទុច្ចរិតផង ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ។»
 
 
តើមនុស្សម្នាក់អាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ ការដាក់ដៃលើបានទេ?
ទេ។ គាត់ត្រូវតែជឿតាមដំណឹងល្អ អំពីទឹក និងព្រះវិញ្ញាណ

ដោយផ្អែកលើបទគម្ពីរចម្បងខាងលើ ខ្ញុំចង់ផ្តល់ព្រះរាជសារមួយអំពី «មនុស្សអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការប្រព្រឹត្តរបស់ខ្លួន»។ នៅសម័យពួកជំនុំដំបូង ពួកសាវកបានទទួលអំណាចព្រះចេស្តាពីព្រះ ហើយព្រះបានបញ្ជូនពួកគេទៅកាន់កន្លែងផ្សេងៗ។ មានព្រឹត្តិការណ៍អស្ចារ្យផ្សេងៗ នៅក្នុងកណ្ឌគម្ពីរកិច្ចការ ដែលមួយក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះគឺ ការយាងមកសណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ទលើពួកអ្នកជឿ នៅពេលពួកសាវកដាក់ដៃលើក្បាលរបស់ពួកគេ។ ព្រះគម្ពីរ និយាយថា «នៅពេលពួកសាវកបានដាក់ដៃលើអស់អ្នកដែលបានជឿព្រះយេស៊ូវហើយ តែមិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ពួកគេក៏បានទទួលបានព្រះវិញ្ញាណបរិសុទ្ធ»។ 
ដូច្នេះ តើពួកគេបានទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាម រយៈការដាក់ដៃលើយ៉ាងដូចម្តេច? នៅពេលនោះ ដោយសារព្រះបន្ទូលព្រះកំពុងតែត្រូវបានកត់ត្រា ហើយការងារនៅមិនទាន់បញ្ចប់នៅឡើយ ព្រះបានប្រទានអំណាចព្រះចេស្តាដល់ពួកសាវក ដើម្បីបំពេញបេសកកម្មរបស់ទ្រង់។ ទ្រង់បានគង់ជាមួយពួកសាវក ហើយបានសម្តែងទីសម្គាល់ និងការអស្ចារ្យជាច្រើន តាមរយៈពួកគេ។ វាគឺជាពេលវេលាពិសេសមួយ នៅពេលព្រះបានធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលភ្នែករបស់មនុស្សអាចមើលឃើញ ដើម្បីធ្វើឲ្យពួកគេបានជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះ។ រួមជាមួយពួកសាវក ព្រះចាំបាច់ត្រូវបង្ហាញពីព្រះរាជកិច្ចដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងគោលបំណងដើម្បីបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ ហើយថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះ។ បើសិនព្រះវិញ្ញាណ បរិសុទ្ទមិនបានធ្វើទីសម្គាល់ និងការអស្ចារ្យនៅសម័យពួកជំនុំដំបូងទេ នោះគ្មានអ្នកណាបានជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះឡើយ។ 
ទោះបីជាយ៉ាងណា នៅសព្វថ្ងៃនេះ មិនមានភាពចាំបាច់ឲ្យយើងទទួលបានព្រះវិញ្ញាណបរិសុទ្ទ តាមរយៈទីសម្គាល់ និងការ អស្ចារ្យដែលមើលឃើញឡើយ ពីព្រោះព្រះគម្ពីរត្រូវបានសរសេរឡើងចប់សព្វគ្រប់អស់ហើយ។ ផ្ទុយទៅវិញ ឥឡូវនេះ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងនៅក្នុងជំនឿវិញ។ នៅក្នុងន័យផ្សេង គឺនៅក្នុងជំនឿតាមដំណឹងល្អអំពីសេចក្តីពិត។ ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នកដែលមានជំនឿតាមដំណឹងល្អអំពីសេចក្តី នៅចំពោះព្រះ។ ហើយការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ កើតឡើងចំពោះអស់អ្នកដែលជឿតាមព្រះបន្ទូលព្រះ ដែលត្រូវបានបំពេញសម្រេច ដោយការយាងរបស់ព្រះយេស៊ូវមកក្នុងលោកិយនេះ និងដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់តែប៉ុណ្ណោះ។ 
នៅសព្វថ្ងៃនេះ គ្រូគង្វាលជាច្រើនបង្រៀនអ្នកជឿថា បាតុភូតនៃការអស្ចារ្យដែលយើងមើលឃើញ គឺជាសញ្ញានៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយពួកគេដឹកនាំអ្នកជឿឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ តាមរបៀបដូចគ្នានេះ។ ពួកគេបោកបញ្ឆោតមនុស្ស ដោយផ្តល់សេចក្តីបង្រៀនខុសឆ្គងដូចជាថា ការនិយាយភាសាដទៃ គឺជាសញ្ញាមួយនៃការយាងមករបស់ព្រះវិញ្ញាណ បរិសុទ្ធ។ គ្រូគង្វាលទាំងនេះ ចាត់ទុកខ្លួនឯងជាពួកសាវក ដែលបានធ្វើទីសម្គាល់ និងការអស្ចារ្យធំៗ ហើយពួកគេទាក់ទាញចំណាប់អារម្មណ៍ពីពួកអ្នកវក់នឹងសាសនា ដែលចង់មានបទពិសោធន៍ជាមួយព្រះ តាមរយៈអារម្មណ៍របស់ពួកគេ។ 
អធិមុត្តិនិយមនេះ (ការវក់នឹងលទ្ធិណាមួយហួសហេតុ) បានរីករាលដាលដល់គ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក ហើយពួកគេជាច្រើនដើរតាមសេចក្តីជំនឿរបស់ខ្លួន ហើយទទួលបានវិញ្ញាណអាក្រក់ តាមរយៈរបៀបអធិធម្មជាតិនេះ។ ហើយសូម្បីតែសព្វថ្ងៃនេះ មនុស្សដែលបានទទួលឥទ្ធិពលពីអធិមុត្តិនិយម គិតថា ពួកគេអាចធ្វើឲ្យអ្នកដទៃទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈអធិស្ឋានការដាក់ដៃលើ។ 
ទោះបីជាយ៉ាងណា ដូចស៊ីម៉ូនដែលត្រូវបានបោកបញ្ឆោតដែរ ពួកគេគឺដូចជាគ្រូធ្មប់ ដែលលេចឡើងនៅក្នុងបទគម្ពីរចម្បងខាងលើ។ ពួកគេបានពុលនឹងការស្កប់ចិត្តខ្លួនឯង និងសេចក្តីលោភលន់ខាងសាច់ឈាម ប៉ុន្តែទង្វើទាំងអស់របស់ពួកគេគ្រាន់តែធ្វើឲ្យមនុស្សច្របូកច្របល់ប៉ុណ្ណោះ។ សេចក្តីបង្រៀនខុសឆ្គងប្រភេទនេះ បែរចេញពីផ្លូវពិត ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅចំពោះព្រះ។ 
សូម្បីតែនៅសព្វថ្ងៃនេះ ហោរាខុសឆ្គងជាច្រើនធ្វើការងាររបស់សាតាំង តាមរយៈការអនុវត្តបែបសាសនាដែលខុសរបស់ពួកគេ ហើយបែរជាធ្វើពុតជាបំពេញព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធទៅវិញ។ គ្រីស្ទបរិស័ទពិតប្រាកដ ត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ ដែលជាផ្លូវតែមួយគត់ ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកចលនាពេនទីកុស្ត ដែលផ្តោតយ៉ាងខ្លាំង លើបទពិសោធន៍ខាងសាច់ឈាមជាមួយព្រះវិញ្ញាណបរិសុទ្ធ គួរតែបោះបង់ចោលសេចក្តីជំនឿខុសឆ្គងរបស់ខ្លួន ហើយងាកមកឯព្រះបន្ទូលព្រះ និងជឿតាមសេចក្តីពិត ដែលនឹងធានាដឹកនាំពួកគេឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ។ 
នៅសម័យនោះ ស៊ីម៉ូនគឺជាគ្រូធ្មប់ល្បីឈ្មោះមួយរូប។ បន្ទាប់ពីបានមើលឃើញពួកសិស្សរបស់ព្រះយេស៊ូវ បណ្តាលឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ គាត់ចង់យកប្រាក់ទិញព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានជំនឿបែបនេះ គឺពិតជាទាសកររបស់សាតាំង ដែលសាតាំងប្រើឲ្យធ្វើការងាររបស់វា។ ស៊ីម៉ូន ចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែបំណងចិត្តរបស់គាត់គឺចេញមកពី សេចក្តីលោភលន់។ ហើយយើងអាចមើលឃើញថា ជំនឿបែបនេះមិនមែនជាជំនឿពិត ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ 
ស៊ីម៉ូន បានព្យាយាមយកប្រាក់ទិញព្រះវិញ្ញាណបរិសុទ្ធ តាមបំណងចិត្តអាត្មានិយម ដែលចង់បានអំណាចព្រះចេស្តារបស់ ទ្រង់។ ប៉ុន្តែគាត់ត្រូវបានអ្នកបម្រើរបស់ព្រះ គឺសាវកពេត្រុស បន្ទោសយ៉ាងខ្លាំងសម្រាប់ហេតុផលនេះ។ ទោះបីជាស៊ីម៉ូនបានជឿព្រះយេស៊ូវក៏ដោយ ក៏គាត់មិនមែនជាមនុស្សមា្នក់ ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសេចក្តីអត់ទោសអំពើបាបដែរ។ នៅក្នុងន័យផ្សេង គាត់បានគិតថា គាត់អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដោយការថ្វាយរបស់ខាងលោកិយនេះដល់ព្រះ។ 
ពីខាងក្រៅមើលទៅដូចជាគាត់ជាអ្នកជឿព្រះយេស៊ូវ ប៉ុន្តែគំនិតខាងក្នុងរបស់គាត់មិនទាក់ទងជាមួយព្រះបន្ទូលពិតរបស់ព្រះយេស៊ូវឡើយ។ ផ្ទុយទៅវិញ គាត់បានពេញទៅដោយសេចក្តីលោភលន់ខាងសាច់ឈាម។ ប៉ុន្តែសាវកពេត្រុស ដែលបានដឹងពីគំនិតរបស់ស៊ីម៉ូន ហើយបានបន្ទោសគាត់សម្រាប់ការព្យាយាមយកប្រាក់ទិញព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណោយទានរបស់ព្រះ គឺគាត់បានប្រាប់ស៊ីម៉ូនថា ស៊ីម៉ូននឹងវិនាសជាមួយប្រាក់របស់ខ្លួន។
នៅសព្វថ្ងៃនេះ ពួកហោរាក្លែងក្លាយ ដែលវិញ្ញាណអាក្រក់គ្រប់គ្រង ខិតខំបោកបញ្ឆោតមនុស្ស ដោយធ្វើឲ្យពួកគេគិតថា ទីសម្គាល់ និងការអស្ចារ្យទាំងអស់គឺជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយជារឿយៗ យើងអាចមើលឃើញថា មនុស្សដែលជឿតាមអំណាចបែបនេះ ខិតខំអធិស្ឋានដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាយ៉ាងណា យើងគួរតែចងចាំថា គ្មានអ្នកណាម្នាក់អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋាន ដែលចេញមកពីសេចក្តីលោភលន់ខាងសាច់ឈាមបានឡើយ។
តើអ្នកធ្លាប់បានជួបពួកខារីស្មាតិក (Charismatic People អ្នកជឿដែលទទួលបានទេពកោសល្យពីព្រះអម្ចាស់) ដែរឬទេ? អ្នកគួរតែប្រយ័ត្នចំពោះមនុស្សប្រភេទនេះ ពីព្រោះពួកគេចូលមកឯអ្នកដទៃ ជាមួយនឹងជំនឿវក់ខាងសាសនា។ ហើយពួកគេនិយាយថា ពួកគេអាចដេញអារក្ស ហើយបណ្តាលឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃរបស់ពួកគេលើ។ ប៉ុន្តែពួកគេមានអំណាចដែលមិនមកពីព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែមកពីវិញ្ញាណអាក្រក់វិញ។ អ្នកដែលអះអាងថា ខ្លួនទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរបៀបដាក់ដៃលើ ដឹកនាំទាំងខ្លួនឯង និងអ្នកដទៃឲ្យទទួលបានតែវិញ្ញាណអាក្រក់ប៉ុណ្ណោះ។ 
ការគង់សណ្ឋិតពិតប្រាកដរបស់ព្រះវិញ្ញាណបរិសុទ្ធ កើតឡើងចំពោះអស់អ្នកដែលជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ (១យ៉ូហាន ៥:៣-៧)។ ទោះបីជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងព្រះគម្ពីរ ហើយដោយសារមនុស្សជាច្រើនមានបាបនៅក្នុងចិត្តរបស់ខ្លួន ពួកគេព្យាយាមចូលទៅចំពោះព្រះ តាមរយៈអំណាច អធិធម្មជាតិ និងបទពិសោធន៍ផ្សេងៗដូចជា អារម្មណ៍អណ្តែត អណ្តូង ការនិយាយភាសាដទៃ ញ្ញាណឈ្វេងយល់ និងការដេញអារក្ស។ នេះគឺជាមូលហេតុដែលពួកហោរាក្លែងក្លាយអាចបោកបញ្ឆោតមនុស្សយ៉ាងច្រើន ឲ្យជឿតាមជំនឿគ្រីស្ទបរិស័ទដែលគ្មានអ្វីជាមូលដ្ឋាន ដែលចេញមកពីអារក្សបាន។
សាវកពេត្រុស បានបន្ទោសស៊ីម៉ូនថា «ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្តីទុច្ចរិតផង»។ 
យើង គួរតែសោកស្តាយចំពោះការពិតថា នៅសព្វថ្ងៃនេះ មានអ្នកបម្រើព្រះជាច្រើន ដែលដូចជាស៊ីម៉ូនដែរ។ ពួកគេភាគច្រើន គឺជាពួកខារីស្មាតិក។ ពួកគេទាមទារប្រាក់ពីហ្វូងចៀមរបស់ខ្លួន។ យើងគួរតែចេញឲ្យឆ្ងាយពីជំនឿបែបនេះ ហើយទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណវិញ (ម៉ាថាយ ៣:១៥; ១ពេត្រុស ៣:២១; យ៉ូហាន ១:២៩; យ៉ូហាន ១៩:២១-២៣)។ 
 
 
ពួកខារីស្មាតិកធ្វើការ តាមរយៈការដាក់ដៃលើ!
 
យើង គួរតែនៅឲ្យឆ្ងាយពីជំនឿបែបនេះ។ នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនមានជំនឿខុសឆ្គងថា ពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធពីអស់អ្នកដែលបានទទួលអំណាចព្រះចេស្តា។ ពួកគេគិតថា ព្រះគម្ពីរនិយាយថា មនុស្សជាច្រើនទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេទទួលការអធិស្ឋានដាក់ដៃលើពីពួកសាវក ហើយពួកគេក៏អាចធ្វើដូច្នេះបានដែរ។ មនុស្សកំពុតមួយចំនួន ក៏មានជំនឿខុសឆ្គងផងដែរថា ពួកគេអាចផ្តល់ឲ្យមនុស្សនូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានដាក់ដៃរបស់ពួកគេលើ។ ដូច្នេះ យើងគួរតែបានដឹងពីអត្ថិភាពនៃមនុស្សប្រភេទនេះ។ 
ទោះបីជាយ៉ាងណា យើងគួរតែចងចាំថា ជំនឿរបស់ពួកគេខុសគ្នាយ៉ាងខ្លាំងពីជំនឿរបស់ពួកសាវក នៅសម័យពួកជំនុំដំបូង។ នៅសព្វថ្ងៃនេះ ឧបសគ្គធំបំផុតសម្រាប់ជំនឿរបស់គ្រីស្ទបរិស័ទមួយចំនួនគឺថា ពួកគេមិនមានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ ពួកគេនិយាយថា ពួកគេជឿព្រះ ប៉ុន្តែពួកគេមិនគោរពកោតខ្លាចទ្រង់ទេ តែផ្ទុយទៅវិញ ពួកគេបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃ។ ទោះបីជាយ៉ាងណា មនុស្សមានបាបម្នាក់មិនអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏មិនអាចធ្វើឲ្យអ្នកដទៃទទួលបានដែរ។ បើសិនអ្នកណាម្នាក់និយាយថា វិញ្ញាណមួយបានយាងមកសណ្ឋិតលើមនុស្សមានបាបម្នាក់ វិញ្ញាណនោះមិនមែនជាព្រះវិញ្ញាណបរិសុទ្ធឡើយ ផ្ទុយទៅវិញ វាគឺជាវិញ្ញាណរបស់សាតាំង ដែលគ្រាន់តែបន្លំធ្វើជាព្រះវិញ្ញាណពិតប៉ុណ្ណោះ។ 
នៅសម័យពួកជំនុំដំបូង ពួកសាវកគឺជាមនុស្សដែលបានដឹង និងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយពួកគេអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ពីព្រោះពួកគេបានជឿតាមសេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើ ឆ្កាង។ ហើយពួកគេក៏បានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់អ្នកដទៃផងដែរ ដើម្បីជួយឲ្យពួកគេទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
ប៉ុន្តែនៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនមានជំនឿវក់បែបសាសនា។ តើមនុស្សមានបាបម្នាក់ពិតជាអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើរបស់អ្នកបម្រើព្រះម្នាក់ដែលមានបាបបានដែរឬ? ការនេះពិតជាមិនអាចកើតឡើងបានឡើយ។ មានមនុស្សមួយចំនួន ដែលនិយាយថា ទោះបីជាពួកគេមានបាបនៅក្នុងចិត្តក៏ដោយ ក៏ពួកគេនៅតែអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ហើយទោះបីជាមនុស្សម្នាក់មើលទៅដូចជាអ្នកគង្វាលល្អម្នាក់ សម្រាប់អ្នកដើរតាមរបស់ខ្លួនក៏ដោយ ក៏គាត់មិនអាចបណ្តាលឲ្យអ្នកដទៃណាម្នាក់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបានដែរ បើសិនគាត់នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ 
មនុស្សជាច្រើន មានជំនឿខុសបែបនេះ។ នេះគឺជាមូលហេតុដែលពួកហោរាខុសឆ្គងជាច្រើន អាចដឹកនាំមនុស្សឲ្យធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែអ្នកគួរតែដឹងការពិតថា អស់អ្នកដែលបង្រៀនពីជំនឿបែបនេះ គឺជាពួកហោរាក្លែងក្លាយទាំងអស់ ដែលត្រូវបានគ្រប់គ្រងដោយអារក្សរួចទៅហើយ។
បើសិនមនុស្សម្នាក់មានបាបនៅក្នុងចិត្ត តើព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅក្នុងគាត់បានដែរឬទេ? ចម្លើយគឺ ទេ។ ដូច្នេះ តើមនុស្សដែលមានបាបនៅក្នុងចិត្ត អាចបណ្តាលឲ្យអ្នកដទៃទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានដែរឬ? អញ្ចឹង តើអ្វីជួយឲ្យពួកខារីស្មាតិក (Charismatic People) អាចធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗនៅក្នុងជំនឿគ្រីស្ទបរិស័ទបាន ខណៈដែលពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន? ពួកវិញ្ញាណអាក្រក់ គឺជាអ្នកជួយពួកគេឲ្យធ្វើដូច្នោះ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនដែលគង់នៅជាមួយមនុស្សមានបាបឡើយ ប៉ុន្តែគង់នៅជាមួយអស់អ្នកដែលមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ ដូច្នេះ តើអ្នកប្រាកដទេថា វិញ្ញាណដែលបានមកសណ្ឋិតលើអ្នក គឺជាព្រះវិញ្ញាណបរិសុទ្ធ?
ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង យ៉ូហាន ៣:៥ ថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»។ ដូច្នេះ យើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ កំហុសដែលគ្រីស្ទបរិស័ទជាច្រើនធ្វើនៅសព្វថ្ងៃនេះ គឺជឿថា មនុស្សក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការទទួលការអធិស្ឋានដាក់ដៃលើពីអ្នកបម្រើព្រះដែលមានបាបផងដែរ។ នេះគឺជាកំហុសដ៏ធំបំផុតមួយ។ នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទ និងអ្នកបម្រើព្រះជាច្រើនមានជំនឿ និងចិត្តមុតមាំថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងចំពោះពួកគេ តាមរយៈការអធិស្ឋានដាក់ដៃលើ។ 
 
 
ទំនាក់ទំនងរវាងការអត់ទោសអំពើបាប និងការដាក់ដៃលើ
 
«ការដាក់ដៃលើ» គឺជារបៀបដែលមនុស្សម្នាក់អាចផ្ទេរអ្វីមួយនៅក្នុងខ្លួនគាត់ទៅលើអ្វីមួយផ្សេងទៀត។ ចូរគិតតាមរបៀបនេះ៖ បើសិនយើងនិយាយដាក់មីក្រូហ្វូនមួយ សម្លេងចូលតាមខ្សែភ្លើងទៅក្នុងប្រដាប់ពង្រីកសម្លេង ហើយបន្ទាប់មក ចេញពីធុងបាស ដើម្បីឲ្យគ្រប់គ្នាបានស្តាប់ឮ។ ស្រដៀងគ្នាដែរ នៅក្នុងព្រះគម្ពីសញ្ញាចាស់ នៅពេលមនុស្សមានបាបម្នាក់បានដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់តង្វាយលោះបាប អំពើបាបរបស់គាត់ត្រូវបានផ្ទេរទៅលើតង្វាយនោះ ហើយគាត់ទទួលបានការអត់ទោសអំពើ បាប។ តាមរបៀបដូចគ្នានេះ អំណាចព្រះចេស្តារបស់ព្រះផ្ទេរទៅលើមនុស្ស នៅពេលអ្នកបម្រើទ្រង់ដាក់ដៃរបស់ខ្លួននៅលើពួកគេ។ ដូច្នេះ ការដាក់ដៃលើ មានន័យថា «ផ្ទេរឲ្យ និងផ្ទេរទៅលើ»។ 
ពួកខារីស្មាតិច មិនអាចបណ្តាលឲ្យមនុស្សទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើរបស់ពួកគេបានឡើយ។ ផ្ទុយទៅវិញ ពួកគេបណ្តាលឲ្យមនុស្សទទួលបានវិញ្ញាណអាក្រក់វិញ។ ដូច្នេះ អ្នកត្រូវតែចងចាំថា មនុស្សមា្នក់ដែលមានអំណាចរបស់វិញ្ញាណអាក្រក់ ផ្ទេរវិញ្ញាណអាក្រក់ទៅឲ្យអ្នកដទៃ តាមរយៈការដាក់ដៃលើ។ នៅពេលមនុស្សដែលអារក្សគ្រប់គ្រង ដាក់ដៃរបស់ខ្លួនលើក្បាលរបស់អ្នកដទៃ អារក្សនៅក្នុងខ្លួនគាត់ត្រូវបានផ្ទេរទៅឲ្យអ្នកនោះ ពីព្រោះសាតាំងធ្វើការតាម រយៈមនុស្សមានបាប។ សម្រាប់ហេតុផលនេះ យើងគ្រប់គ្នាត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បើសិនយើងចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ។ សាតាំង គ្រប់គ្រងអស់អ្នកដែលនៅក្នុងបាប ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយចុះ ពីព្រោះពួកគេមិនបានទទួលសេចក្តីអត់ទោសអំពើបាបទេ។ 
បើសិនអ្នកណាម្នាក់ទទួលការដាក់ដៃលើពីមនុស្សដែលអារក្សគ្រប់គ្រង អារក្សក៏នឹងចូលមកគ្រប់គ្រងគាត់ ហើយគាត់ក៏នឹងធ្វើការអស្ចារ្យក្លែងក្លាយផងដែរ។ ដូច្នេះ យើងត្រូវតែដឹងថា អារក្សចូលមកសណ្ឋិតក្នុងមនុស្ស តាមរយៈការដាក់ដៃលើ ហើយថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណអាចកើតឡើងបាន លុះត្រាតែមនុស្សមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ការដាក់ដៃលើ គឺជារបៀបដែលព្រះបានបង្កើតមក ដើម្បីផ្ទេរអ្វីមួយទៅលើអ្វីមួយផ្សេងទៀត។ ប៉ុន្តែសាតាំងបណ្តាលឲ្យមនុស្សជាច្រើនទទួលបានវិញ្ញាណអាក្រក់ តាមរយៈការដាក់ដៃលើ។ ការពិតថា នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលព្យាយាមយកប្រាក់ទិញអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាបញ្ហាធំមួយ។ 
 
 
គ្រីស្ទបរិស័ទភាគច្រើនយល់ខុសពីការគង់សណ្ឋិត
របស់ព្រះវិញ្ញាណបរិសុទ្ធ
 
នៅពេលគេសួរពីរបៀបដែលពួកគេអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ទ មនុស្សជាច្រើនឆ្លើយថា ទទួលបានតាមរយៈការអធិស្ឋានលន់តួអំពើបាប ឬការតម។ ប៉ុន្តែនេះមិនត្រឹមត្រូវឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នក នៅពេលអ្នកថ្វាយការអធិស្ឋានពិសេសដល់ព្រះឬ? ទេ។ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ កើតឡើងចំពោះអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ដោយសារព្រះគឺជាសេចក្តីពិត ទ្រង់បានបង្កើតច្បាប់សម្រាប់ការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ។ តើព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅក្នុងមនុស្សម្នាក់ ដែលមានបាបនៅក្នុងចិត្តបានដែរឬទេ? ចម្លើយគឺ មិនអាចឡើយ។ មនុស្សមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើបានឡើយ។ ទោះបីជាមនុស្សម្នាក់ចូលរួមចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ និងអធិស្ឋានយ៉ាងស្មោះត្រង់យ៉ាងណាទៅកាន់ព្រះ ដើម្បីឲ្យគាត់អាចទទួលបានអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធនៅតែមិនអាចយាងមកឯគាត់បានឡើយ។ ច្បាស់លាស់ណាស់ថា មនុស្សមានបាបមិនអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ប៉ុន្តែមនុស្សមានបាបពិតជាអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបាន លុះត្រាតែពួកគេទទួលបានសេចក្តីអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាមុនសិន។
ដូច្នេះ អ្នកណាដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបានឡើយ។ ហើយនៅសព្វថ្ងៃនេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កំពុងតែរីកចម្រើនយ៉ាងខ្លាំង តាមរយៈអក្សរសាស្ត្រគ្រីស្ទបរិស័ទ ការជួបជុំនៅក្នុងពួកជំនុំ អ៊ីនធើណែត និងសៀវភៅអេឡិចត្រូនិក នៅទូទាំងពិភពលោក។ ដូច្នេះ អ្នកណាដែលចង់ស្វែងរកដំណឹងល្អពិត អាចជឿតាម ហើយទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបាន។ ប៉ុន្តែបើសិនអ្នកមិនទាន់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅឡើយ អ្នកគួរតែបានដឹងថា ដើម្បីទទួលបាន អ្នកត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
ឧទាហរណ៍ធំមួយអំពីជំនឿខុសឆ្គង!
 
នៅសព្វថ្ងៃនេះ នៅពេលយើងពិនិត្យមើលរោគសញ្ញានៃមនុស្សដែលទទួលព្រះវិញ្ញាណក្លែងក្លាយ យើងអាចមើលឃើញពីអត្ថិភាពនៃអារក្ស។ «ការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ» គឺជាការជួបជុំ ដែលមនុស្សរំពឹងចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្លាំង។ នៅក្នុងជួបជុំទាំងនេះ យើងមើលឃើញមនុស្សទះដៃរបស់ខ្លួន ហើយថ្វាយការអធិស្ឋានលន់តួ ខណៈដែលកំពុងយំ និងតម។ ហើយគ្រូគង្វាលណែនាំពួកគេឲ្យថ្វាយការអធិស្ឋានបែបសាសនា ដោយប្រាប់ពួកគេថា ព្រះវិញ្ញាណបរិសុទ្ធនឹងមិនយាងមកសណ្ឋិតលើពួកគេ បើសិនពួកគេមិនធ្វើដូច្នេះ។ ដូច្នេះ មនុស្សស្រែកថា «ព្រះអម្ចាស់» ហើយចាប់ ផ្តើមថ្វាយការអធិស្ឋានបែបលទ្ធិនិយមហួសហេតុ។
តើអ្នកលទ្ធិនិយមហួសហេតុទាំងនេះ អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរបៀបនេះដែរឬទេ? ទេ។ អ្នកនឹងមើលឃើញមនុស្សយំស្រែក ដួលសន្លប់ និងញាក់ញ័រខ្លួនប្រាណ ខណៈដែលកំពុងបញ្ចេញសម្លេងចម្លែកនៅក្នុងការជួបជុំទាំងនេះ។ អ្នកខ្លះដួលសន្លប់ និងញាក់ញ័រនៅទីនេះ និងនៅទីនោះ ហើយយើងមើលឃើញពួកគេយំស្រែក និងចាប់ផ្តើមនិយាយភាសាដទៃ។ មនុស្សម្នាក់ស្រែករហូតដល់ស្ទើរតែជ្រុះក្បាលរបស់ខ្លួនពេញនៅក្នុងការជួបជុំនោះ ហើយហ្វូងមនុស្សទាំងនោះពោរពេញទៅដោយអារម្មណ៍ពុះកញ្រ្ជោល។ ហើយអ្នកខ្លះចាប់ផ្តើមប្រកាច់ប្រកិន ញាក់ញ័រ និងនិយាយភាសាដទៃ។ មនុស្សនិយាយថា បាតុភូតនេះគឺជាភស្តុតាងបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេហើយ។ ប៉ុន្តែសូមគិត តើអ្វីដែលកើតឡើង នៅពេលអារក្សធ្វើកិច្ចការនេះ? ហើយតើទាំងនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឬ? ពិតជាមិនមែនឡើយ។
 
 
សាតាំងបោកបញ្ឆោតគ្រីស្ទបរិស័ទជាច្រើន
 
នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនមានជីវិតបែបសាសនា ដែលសាតាំងចង់បាន។ សាតាំងបោកបញ្ឆោតមនុស្ស ដោយប្រាប់ពួកគេថា ពួកគេត្រូវតែទទួលការដាក់ដៃលើពីអ្នកដឹកនាំដែលមានអំណាចណាម្នាក់ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយ គ្រីស្ទបរិស័ទជាច្រើនជឿថា ការធ្វើដូច្នេះគឺជាគោលលទ្ធិផ្លូវការ មួយ។ សាតាំងក៏បណ្តុះគំនិតនៅក្នុងមនុស្សថា ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ បើសិនពួកគេខិតខំអធិស្ឋានយ៉ាងខ្លាំងក្រៃលែង។ ហើយវាបានកំពុងតែព្យាយាមបង្កើនចំនួនពីរបីដងនៃមនុស្សដែលមានជំនឿបែបនេះ។
ដូច្នេះ មនុស្សជាច្រើនមិនដឹង ហើយក៏មិនទាំងព្យាយាមរៀនអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ ដូច្នេះ យើងត្រូវតែខិតខំគេចចេញពីគំនិតទាំងឡាយ ដែលសាតាំងព្យាយាមបណ្តុះនៅក្នុងខួរក្បាលរបស់យើង ហើយស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ ពីព្រោះការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងចំពោះអ្នកណា ដែលជឿតាមដំណឹងល្អនេះតែប៉ុណ្ណោះ។ ដូច្នេះ អ្នកត្រូវតែជឿតាមដំណឹងល្អនេះ។
 
 
ទស្សនៈខុសរបស់គ្រីស្ទបរិស័ទអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ
 
ទីមួយ មានការយល់ខុសដ៏ធំមួយនៅក្នុងជំនឿរបស់មនុស្សជាច្រើន ដែលប្រកាន់ខ្ជាប់តាមជំនឿគ្រីស្ទបរិស័ទដែលទទួលទេពកោសល្យពីព្រះជាម្ចាស់ (Charismatic Christianity)។ ពួកគេព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ខណៈដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ហើយពួកគេជឿយ៉ាងខុសថា ទោះបីជាពួកគេមានបាបនៅក្នុងចិត្តក៏ដោយ ពួកគេក៏នឹងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានដែរ។ ប៉ុន្តែមនុស្សម្នាក់ដែលមិនមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចទទួលបានភាពពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
ទីពីរ ពួកគេនិយាយថា ភាពក្រអឺតក្រទមរបស់មនុស្សរារាំងពួកគេមិនឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ តើនេះមានន័យថា មនុស្សម្នាក់អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន បើសិនគាត់មិនមានភាពក្រអឺតក្រទមឬ? ហើយតើមានអ្នកណាម្នាក់នៅក្នុងលោកិយនេះ ដែលមិនមានភាពក្រអឺតក្រទមសូម្បីតែបន្តិចសោះដែរឬទេ? មនុស្សក្រអឺតក្រទមម្នាក់ ដែលមិនអាចទទួលបានការអត់ទោសអំពើបាបពីព្រះបាន គឺជាមនុស្សដែលបន្ថែមគំនិតផ្ទាល់ទៅលើព្រះបន្ទូលព្រះ។ មានមនុស្សជាច្រើន ដែលព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈវិធីសាស្រ្តផ្ទាល់ខ្លួន ហើយព្រងើយកន្តើយចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទោះបីជាយ៉ាងណា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងចំពោះអ្នកណា ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។
ទីបី ពួកគេនិយាយថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើង នៅពេលមនុស្សម្នាក់លន់តួអំពើបាបរបស់ខ្លួនយ៉ាងស្មោះត្រង់នៅចំពោះព្រះ។ ដូច្នេះហើយបានជាពួកគេត្រូវបានទទូចឲ្យលន់តួអំពើបាបរបស់ខ្លួន នៅពេលពួកគេចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែអ្នកត្រូវតែចងចាំថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនកើតឡើងទេ នៅពេលមនុស្សម្នាក់គ្រាន់តែលន់តួអំពើបាបរបស់ខ្លួននោះ។ នៅសព្វថ្ងៃនេះ មាន គ្រីស្ទបរិស័ទជាច្រើន ដែលរំពឹងចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងភាពពេញលេញរបស់ទ្រង់យ៉ាងខ្លាំង ប៉ុន្តែពួកគេពិតជាមិនអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ពីព្រោះពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួននៅឡើយ។ ហើយមនុស្សដែលមានបំណងចិត្តបែបនេះ នឹងត្រូវបានអារក្សគ្រប់គ្រងហើយ។
ទីបួន អ្នកខ្លះនិយាយថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធអាចកើតឡើងបាន នៅពេលយើងទូលសុំព្រះយ៉ាងពិតប្រាកដ ឲ្យទ្រង់ប្រទានពរដល់យើង។ ប៉ុន្តែយើងមិនអាចទទួលបាន ដោយការទូលសុំបានទេ។ នេះគឺជាគំនិតខុសមួយប៉ុណ្ណោះ។
ទីប្រាំ អ្នកខ្លះកំណត់អត្តសញ្ញាណការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការមានអំណាចខាងវិញ្ញាណមួយចំនួន។ ពួកគេចាត់ទុកការនិយាយភាសាដទៃ ជាភស្តុតាងសាមញ្ញមួយអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងចិត្តរបស់មនុស្សម្នាក់ ដោយព្រោះគាត់អាចដេញអារក្សនៅក្នុងព្រះនាមព្រះយេស៊ូវ ឬនិយាយភាសាចម្លែកឡើយ។ បាបគឺជារបស់សាតាំង។ តើមនុស្សដែលមានបាបនៅក្នុងចិត្ត ពិតជាអាចនិយាយថា គាត់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះគាត់មានអំណាចចម្លែកមួយចំនួនបានដែរទេ? ជាថ្មីម្តងទៀត នេះគឺគ្រាន់តែជាសេចក្តីអន្តរាយ ដែលអារក្សបានបង្កើតឡើងប៉ុណ្ណោះ។ 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានដល់យើង គឺជាដំណឹងល្អពិតតែមួយគត់ ដែលអាចដឹកនាំយើងឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ ប៉ុន្តែបើសិនអ្នកនៅតែគិតថា អ្នកអាចទទួលបានព្រះវិញ្ញាណ និងការអត់ទោសអំពើបាបបាន តាមរយៈវិធីសាស្ត្រផ្សេងៗទៀត នោះអ្នកត្រូវបានអារក្សបោកបញ្ឆោតហើយ។ ខ្ញុំសង្ឃឹមថា អ្នកនឹងរំដោះខ្លួនអ្នកចេញពីជំនឿខុសទាំងឡាយ ហើយបែរមកមានគំនិតខាងវិញ្ញាណ និងជំនឿត្រឹមត្រូវវិញ។
យើង មិននិយាយបំផ្លើសឡើយ ដែលថា នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនត្រូវបានអារក្សគ្រប់គ្រង។ នៅក្នុងពិភពលោកនេះ មានគ្រីស្ទបរិស័ទជាច្រើន ដែលរស់នៅក្រោមអំណាចរបស់អារក្ស ពីព្រោះពួកគេចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ឬដោយការទទួលការដាក់ដៃលើ។ ពួកគេទៅឯមនុស្សជាក់លាក់ចំនួនដូចជា អ្នកដឹកនាំការអធិស្ឋានតាមផ្ទះ គ្រូជំនួយ អ្នកធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ឬគ្រូគង្វាល ដែលពួកគេចាត់ទុកថា បានទទួលអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេទៅឯមនុស្សទាំងនោះ ដោយសង្ឃឹមអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើ។ ទោះបីជាយ៉ាងណា គ្មានអ្នកណាម្នាក់អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿបែបនេះឡើយ មិនថាពួកគេជឿព្រះយេស៊ូវខ្លាំងយ៉ាងណាទេ។ នៅក្នុងន័យផ្សេង គ្មានអ្នកណាម្នាក់ លើកលែងតែព្រះ ដែលអាចបណ្តាលឲ្យមនុស្សម្នាក់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
ដូចជាស៊ីម៉ូនដែរ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនព្យាយាមទិញព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេព្យាយាមទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមសេចក្តីបង្រៀនរបស់លោកិយនេះ មិនតាមដំណឹងល្អឡើយ។ ដូច្នេះហើយបានជា គ្រីស្ទបរិស័ទភាគច្រើនជាប់ផុងនៅក្នុងផ្នត់គំនិតនេះ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នកណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទ្រង់តែប៉ុណ្ណោះ។ ហើយ លក្ខណៈសម្បត្តិតែមួយគត់ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ គឺដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនេះគឺជាចម្លើយតែមួយគត់សម្រាប់សេចក្តីពិត (កិច្ចការ ២:៣៨)។
ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការដាក់ដៃលើ គឺអាចកើតឡើងសម្រាប់រយៈពេលខ្លីមួយ នៅសម័យពួកជំនុំដំបូង។ បន្ទាប់មក ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងចំពោះមនុស្សនៅក្នុងពេលតែមួយ នៅពេលពួកគេស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ក្រៅពីកិច្ចការរបស់ព្រះវិញ្ញាណ តាមរយៈជំនឿតាមព្រះបន្ទូលព្រះ កិច្ចការដទៃៗទៀតគឺជាកិច្ចការរបស់អារក្សទាំងអស់។ ព្រះមានបន្ទូលថា ពួកអារក្សគឺជាអ្នកបម្រើរបស់សាតាំង ហើយសាតាំងបានធ្វើការតាមរបៀបនេះយ៉ាងប៉ិនប្រសប់ ដើម្បីមិនឲ្យមនុស្សអាចទទួលបានការអត់ទោសអំពើបាបបាន ទោះបីជាពួកគេជឿព្រះយេស៊ូវក៏ដោយ។ ហើយសាតាំងកុហកមនុស្ស ដោយនិយាយថា វានឹងឲ្យព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ បើសិនពួកគេជឿព្រះយេស៊ូវ ហើយទទួលការដាក់ដៃលើ។ ល្បិចនេះហើយដែលសាតាំងប្រើប្រាស់ ដើម្បីពង្រីកអាណាចក្ររបស់វា នៅទូទាំងពិភពលោកនេះ។
ឥឡូវនេះ យើងនឹងពិនិត្យមើលរោគសញ្ញារបស់អ្នកដែលអារក្សចូល។ ទីមួយ បើយើងពិនិត្យមើលរោគសញ្ញានៃការសណ្ឋិតរបស់អារក្សលើគ្រូទាយ ឬពួកសាម៉ាន់ យើងឃើញថា ពួកគេញ័រញាក់ ប្រកាច់ប្រកិន អណ្តែតអណ្តូង និងសន្លប់។ បន្ទាប់មក អណ្តាតរបស់ពួកគេបត់បែន ហើយពាក្យចម្លែកៗចេញពីមាត់របស់ពួកគេប្រឆាំងនឹងឆន្ទះរបស់ពួកគេ គឺពួកគេនិយាយភាសាដទៃ។
ទាំងគ្រូមន្តអាគម និងទាំងគ្រីស្ទបរិស័ទដែលត្រូវអារក្សចូល តាមរយៈការដាក់ដៃលើ មានបទពិសោធន៍នេះដូចគ្នា។ នៅពេលអ្នកធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណដែលទទួលទេពកោសល្យពីព្រះជាម្ចាស់ ទាញមីក្រូហ្វូនរបស់គាត់ និងស្រែកថា «ដោយភ្លើង ដោយភ្លើង ដោយភ្លើង» ក្រុមជំនុំចាប់ផ្តើមរំភើបញាប់ញ័រ ហើយបាត់ការគ្រប់គ្រងខ្លួនឯង។ បន្ទាប់មក អ្នកដែលចង់ទទួលការដាក់ដៃលើពីគាត់ មកខាងមុខ។ ហើយពួកគេញាក់ញ័រ ប្រកាច់ប្រកិន និងនិយាយភាសាដទៃផ្សេងៗ ដោយមិនអាចគ្រប់គ្រងបាន។ ទោះបីជាយ៉ាងណា រោគសញ្ញាទាំងនេះគឺជាកិច្ចការរបស់ពួកអារក្ស ដែលធ្វើពុតជាកំពុងតែធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
មនុស្សដែលត្រូវបានសណ្ឋិត ដោយវិញ្ញាណអាក្រក់ផ្សេងៗ ដែលពួកសាម៉ាន់ និងគ្រូទាយពីសាសនាបុរាណអាចហៅឲ្យមកសណ្ឋិតបាន មានរោគសញ្ញាដូចជាគ្រីស្ទបរិស័ទដែលត្រូវបានសណ្ឋិតដោយពួកអារក្ស តាមរយៈការដាក់ដៃលើផងដែរ។ ប៉ុន្តែមនុស្សយល់ច្រឡំករណីនេះ ទោះបើវាគឺជាភស្តុតាងក៏ដោយ។ ពួកគេបានធ្លាក់យ៉ាងជ្រៅទៅក្នុងភាពច្របូកច្របល់ ដោយគិតថា ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ នៅពេលពួកគេមានរោគសញ្ញាទាំងនេះ។ 
 
 
សាតាំងធ្វើការតាមរយៈគ្រីស្ទបរិស័ទដូចជាគ្រូទាយម្នាក់
 
សាតាំង ជួយឲ្យមនុស្សដែលអារក្សចូល អាចអធិស្ឋានទាយ បាន។ ពួកគេទាយថា «អ្នកនឹងក្លាយជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់។ កូនចៀមរាប់ពាន់នាក់នឹងស៊ីស្មៅនៅចំពោះមុខអ្នក។ ហើយព្រះនឹងហ្វឹកហ្វឺនអ្នក និងបង្កើតអ្នកដឹកនាំដ៏ឆ្នើមម្នាក់ចេញពីអ្នក នៅថ្ងៃអនាគត»។ ហើយពួកគេនិយាយបញ្ជោរអ្នកដទៃទៀតថា «អ្នកនឹងក្លាយជាអ្នកបម្រើដ៏អស្ចារ្យម្នាក់របស់ព្រះ។ ហើយអ្នកនឹងក្លាយជាអ្នកបម្រើដ៏ថ្លៃថ្នូរម្នាក់របស់ព្រះ» ដើម្បីលើកទឹកចិត្តឲ្យមនុស្សដើរតាមពួកគេ និងរស់នៅជាអ្នកបម្រើរបស់អារក្សអស់មួយជីវិត។
ពួកគ្រូទាយ ក៏ទាយអំពីអនាគតរបស់មនុស្សផងដែរ។ «អ្នកគួរតែប្រយ័ត្នទឹក នៅពេលអនាគត។» «អ្នកនឹងរកប្រាក់បានយ៉ាង ច្រើន។» «មនុស្សថ្លៃថ្នូរនឹងចេញពីភាគខាងកើតមក ដើម្បីជួយដល់អ្នក។» ទាំងនេះគឺជាឧទាហរណ៍ពីអ្វីដែលពួកគេនិយាយ។ ដូច្នេះ រោគសញ្ញាដំបូងគេ ដែលបង្ហាញខ្លួននៅក្នុងមនុស្សដែលអារក្សចូលគឺថា ពួកគេបង្កើតទំនាយខុស។
បន្ទាប់មក ពួកគេនិយាយភាសាដទៃ ដែលសូម្បីតែខ្លួនពួកគេក៏មិនយល់ផង។ ពួកគេមានបទពិសោធន៍ញាក់ញ័រ ហើយពួកគេបង្ហាញរោគសញ្ញានៃបុគ្គលិកលក្ខណៈច្របូកច្របល់។ ហើយបើសិនអ្នកជួបនឹងពួកសាម៉ាន់ ឬគ្រូទាយ តើអ្នកអាចអះអាងថា ពួកគេមានបុគ្គលិកលក្ខណៈត្រឹមត្រូវបានដែរឬទេ? ជារឿយៗ ពួកគេនិយាយបែបឈ្លើយទៅកាន់មនុស្សវ័យចាស់ជាង។
ទោះបីជាយ៉ាងណា មនុស្សដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ បានទទួលទ្រង់ដោយការជឿតាមសេចក្តីពិតតាមព្រះគម្ពីរ ដែលនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងរួចរាល់ហើយ។ ហើយមនុស្សទាំងនេះក៏ជួយអ្នកដទៃឲ្យបានស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងទទួលបានការអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ពួកគេព្យាយាមរស់នៅក្នុងរបៀបសុចរិត ហើយបុគ្គលិកលក្ខណៈរបស់ពួកគេគឺត្រឹមត្រូវ ហើយនាំមនុស្សដទៃឲ្យមានជំនឿត្រឹមត្រូវលើព្រះ និងជីវិតសុចរិតនៅចំពោះព្រះ។ ហើយព្រះតែងតែរំឮកពួកគេ ដើម្បីរក្សាពួកគេជាបរិសុទ្ធ នៅពេលគំនិតរបស់ពួកគេចង់ត្រឡប់ទៅឯលោកិយវិញ។
មនុស្សសុចរិតដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់ ពិតជាខុសគ្នាពីមនុស្សដែលពួកវិញ្ញាណអាក្រក់បានបំផ្លាញបុគ្គលិកលក្ខណៈរបស់ខ្លួន។ បុគ្គលិកលក្ខណៈពិតប្រាកដមានជីវិតឡើងវិញ បើសិនមនុស្សម្នាក់ទទួលបានការអត់ទោសអំពើបាប និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ លើសពីនេះ មនុស្សសុចរិតបារម្ភយ៉ាងខ្លាំងចំពោះអ្នកដទៃដែលស្ថិតនៅក្នុងស្ថានភាពមិនល្អ អំពីអ្វីដែលពួកគេពិតជាត្រូវការនៅក្នុងព្រះបន្ទូលព្រះ ការអធិស្ឋានសម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ និងការលះបង់ខ្លួនឯងដើម្បីជួយដល់ពួកគេ។ 
ម៉្យាងវិញទៀត យើងអាចមើលឃើញថា បុគ្គលិកលក្ខណៈរបស់មនុស្សដែលអារក្សសណ្ឋិត ត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីរ។ សាតាំងគ្រប់គ្រងពួកគេ ហើយចងពួកគេជាប់នឹងបំណងចិត្តរបស់វា ពីព្រោះពួកគេគិតថា ការញាក់ញ័រ និងការនិយាយភាសាដទៃគឺជាអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែបទពិសោធន៍ទាំងនេះមិនមែនជាអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ 
មានអ្នកដឹកនាំយ៉ាងច្រើន ដែលមានអំណួតពីអំណាចរបស់ខ្លួនក្នុងការទាយនៅក្នុងព្រះនាមព្រះ សម្តែងការអស្ចារ្យ និងនិយាយភាសាដទៃ។ ប៉ុន្តែបើសិនពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន នោះអំណាចរបស់ពួកគេគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកគេត្រូវបានអារក្សគ្រប់គ្រងហើយ។ ដូច្នេះ ពួកគេមិនអាចផ្តល់ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដទៃបានឡើយ ប៉ុន្តែអាចផ្តល់ការសណ្ឋិតរបស់អារក្សវិញ។ ហើយដោយសារតែសាតាំងតែងតែបោកបញ្ឆោត ការអស្ចារ្យដែលពួកគេសម្តែងនឹងរលត់បាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។
មានភាពខុសគ្នាច្បាស់លាស់មួយ រវាងព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់អារក្ស។ ទោះបីជាកិច្ចការរបស់ព្រះវិញ្ញាណហាក់ដូចជាមិនផ្តល់បទពិសោធន៍ជាក់លាក់ផ្សេងៗ ឬអំណោយទាយអស្ចារ្យពីដំបូង ប៉ុន្តែខណៈដែលពេលវេលាបន្តទៅមុខ អំណាចព្រះចេស្តារបស់ព្រះរីកចម្រើននៅក្នុងចិត្តរបស់មនុស្សសុចរិត ដូចជាព្រះអាទិត្យរះនៅពេលព្រឹកអញ្ចឹង។
 
 
គ្រីស្ទបរស័ទដែលអារក្សសណ្ឋិត
 
ហេតុអ្វីមនុស្សជាច្រើន ត្រូវបានអារក្សសណ្ឋិត ខណៈដែល កំពុងតែព្យាយាមទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ?
ពីព្រោះពួកគេទទួលអារក្ស តាមរយៈការដាក់ដៃលើ ពីពួកហោរាក្លែងក្លាយ

គួរឲ្យភ្ញាក់ផ្អើលណាស់ យើងអាចមើលឃើញអ្នកជឿព្រះយេស៊ូវជាច្រើន ដែលរូបកាយ និងព្រលឹងរបស់ខ្លួនត្រូវបានបំផ្លាញ ដោយព្រោះតែពួកគេបានទទួលអារក្ស តាមរយៈការដាក់ដៃលើពីពួកហោរាក្លែងក្លាយ។ មនុស្សទាំងនេះមិនមានអ្វីពាក់ព័ន្ធជាមួយព្រះឡើយ ពីព្រោះជំនឿរបស់ពួកគេមិនផ្អែកលើព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរទេ។ ពួកគេកំពុងតែរវល់ប្រើប្រាស់កម្លាំងថាមពលរបស់ខ្លួន ដោយមិនដឹងថា កិច្ចការរបស់ពួកគេកំពុងតែបណ្តាលឲ្យមនុស្សជាច្រើនធ្វើជាបាវបម្រើរបស់សាតាំងឡើយ។ ហេតុអ្វីពួកគេខិតខំយ៉ាងខ្លាំង ដើម្បីសម្តែងពីអំណាចរបស់ពួកគេនៅក្នុងជំនឿ គ្រីស្ទបរិស័ទ? ពីព្រោះអំណាចរបស់ពួកគេនឹងរលាយបាត់ទៅក្នុង រយៈពេលដ៏ខ្លី បើសិនពួកគេមិនប្រើប្រាស់ទេ។ ដូច្នេះហើយបានជាពួកគេមានភាពសកម្ម និងរវល់យ៉ាងខ្លាំង។ 
ពួកគេ តែងតែបន្តអធិស្ឋាន និងអនុវត្តទីសម្គាល់ និងការ អស្ចារ្យផ្សេងៗនៅក្នុងព្រះនាមព្រះយេស៊ូវ។ មនុស្សដែលនិយាយថា «ខ្ញុំទទួលបានអំណោយទាននៃការប្រកាសដំណឹងល្អហើយ» បន្តប្រកាសដំណឹងល្អ ពីព្រោះបើសិនពួកគេមិនប្រកាសទេ សេចក្តីសុខស្រួលរបស់ពួកគេនឹងរលាយបាត់ទៅវិញ ក្នុងរយៈពេលដ៏ខ្លី។ ហើយបើសិនពួកគេមិនស្មោះត្រង់ចំពោះអំណោយរបស់អារក្សដូចជា ការនិយាយភាសាដទៃ ការប្រោសឲ្យជា ឬទំនាយទេ ឬបើសិនពួកគេមិនស្មោះត្រង់ចំពោះការងាររបស់សាតាំងទេ នោះសាតាំងអាចធ្វើឲ្យពួកគេឈឺបាន។ វាដូចជាគ្រូទាយម្នាក់ ឬពួកសាម៉ាន់ម្នាក់មានជម្ងឺ ដោយសារតែពួកគេព្រងើយកន្តើយចំពោះតួនាទីជាបាវបម្រើរបស់សាតាំងអញ្ចឹងដែរ។ ដូច្នេះហើយបានជាពួកគេត្រូវតែប្រើប្រាស់អំណោយទានផ្សេងៗ ដែលពួកគេបានទទួលពីសាតាំង យ៉ាងខ្លាំងក្លា បើសិនពួកគេមិនចង់រងទុក្ខ បន្ទាប់ពីពួកគេបានប្រើប្រាស់កម្លាំងរបស់ខ្លួនអស់។
ពីមុន ខ្ញុំបានស្គាល់មនុស្សម្នាក់ ដែលជាអ្នកជឿព្រះយេស៊ូវយ៉ាងសកម្ម ហើយមានអំណាចព្រះចេស្តាជាច្រើនពីព្រះ។ គាត់បានលើកទឹកចិត្តមនុស្ស ឲ្យទទួលបានភាពពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយបានដឹកនាំការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ដែលនៅទីនោះ គាត់បានដេញអារក្ស តាមរយៈការអធិស្ឋានដាក់ដៃលើ ហើយក៏សម្តែងការអស្ចារ្យផ្សេងៗផងដែរដូចជា ការនិយាយភាសាដទៃ និងការប្រោសឲ្យជា។ មនុស្សជាច្រើនបានច្រណែននឹងគាត់ និងគោរពគាត់ តាមរយៈការសម្តែងការ អស្ចារ្យរបស់គាត់។ ហើយអ្នកជឿរាប់ពាន់នាក់បានដើរតាមគាត់។ ទោះបីជាយ៉ាងណា ក្នុងរយៈដ៏ខ្លីក្រោយមក គាត់បានចាប់ផ្តើមបដិសេធព្រះយេស៊ូវ ដោយនិយាយថា «ព្រះយេស៊ូវគ្រីស្ទគឺជា បរាជ័យ។ ហើយទ្រង់មិនមែនជាព្រះរាជបុត្រានៃព្រះឡើយ»។ ដូច្នេះ គាត់បានដាក់បណ្តាសាដល់ព្រះយេស៊ូវគ្រីស្ទ ហើយប្រកាសថា គាត់គឺជាព្រះ។ នៅទីបំផុត គាត់បានធ្វើគុតព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តរបស់គាត់ និងនៅក្នុងចិត្តរបស់គ្រីស្ទបរិស័ទជាច្រើន។ 
មនុស្សបែបនេះ បដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះសាតាំងគឺជាអ្នកដឹកនាំរបស់ពួកគេ។ ពួកគេមានជំនឿខុសចាប់ពីតាំងដំបូងមក ពីព្រោះពួកគេយល់ច្រឡំថា ពួកគេមានអំណាចព្រះចេស្តាដូចជាពួកសាវកដែរ មើលឃើញសមត្ថភាពរបស់ពួកគេ ធ្វើឲ្យមនុស្សនិយាយភាសាដទៃ និងដេញអារក្ស តាម រយៈការអធិស្ឋានដាក់ដៃលើ។ ហើយពួកគេជឿយ៉ាងមុតមាំថា ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធហើយ។
ពួកគេ បង្រៀនមនុស្សអំពីវិធីសាស្ត្រទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ ដោយការអធិស្ឋានលន់តួអំពើបាប។ ប៉ុន្តែវិធីសាស្រ្តនេះមិនផ្អែកលើព្រះបន្ទូលព្រះឡើយ។ ហើយពួកគេនិយាយថា បើសិនអ្នកជឿព្រះយេស៊ូវនិយាយភាសាដទៃ និងទាយ នោះជាភស្តុតាងបញ្ជាក់ពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធជាមួយគាត់ហើយ។ ប៉ុន្តែដោយសារតែមនុស្សមិនយល់ច្បាស់អំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេជឿថា ពួកគេក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ដោយការរៀន និងដើរតាមសេចក្តីបង្រៀនរបស់ពួកហោរាក្លែង ក្លាយ។ នេះហើយគឺជារបៀបដែលសាតាំងបំពេញគ្រីស្ទបរិស័ទដោយវិញ្ញាណរបស់អារក្ស ហើយគ្រប់គ្រងលើពួកគេ។ វិធីសាស្ត្រទាំងអស់នេះគឺសុទ្ធតែអន្ទាក់របស់សាតាំង។
មនុស្សយ៉ាងច្រើន ត្រូវបានពួកអារក្សគ្រប់គ្រង តាមរយៈ សេចក្តីបង្រៀនរបស់ពួកហោរាក្លែងក្លាយ។ អ្នកជឿធម្មតាមានជីវិតបែបសាសនាដដែលៗ ប៉ុន្តែមនុស្សដែលអារក្សចូលប្រើប្រាស់អំណាចរបស់វិញ្ញាណអាក្រក់ ហើយហាក់ដូចជាមានជីវិតបែបសាសនាឆេះឆួល។ តើពួកគេបង្ហាញសម្ថភាពអ្វីខ្លះ? ពួកគេមានសមត្ថភាពប្រោសឲ្យជា និយាយភាសាដទៃ និងដឹកនាំអ្នកដទៃឲ្យអារក្សគ្រប់គ្រង តាមរយៈការអធិស្ឋានដាក់ដៃលើ។ ដូច្នេះ យើងគួរតែដឹងថា ការអធិស្ឋានដាក់ដៃលើគឺជាវិធីសាស្ត្រមួយនៃការផ្ទេរអ្វីមួយទៅលើអ្នកដទៃ ហើយនគររបស់អារក្សត្រូវបានពង្រីកយ៉ាងសម្បើម តាមរយៈវិធីសាស្ត្រនេះ។
 
 
ពួកវិញ្ញាណអាក្រក់ធ្វើការ តាមរយៈសេចក្តីលោភលន់របស់មនុស្ស!
 
សាតាំង ធ្វើការនៅក្នុងមនុស្សដូចជាស៊ីម៉ូននៅក្នុងបទគម្ពីរខាងលើ។ មនុស្សទាំងនេះនិយាយថា ពួកគេអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានដាក់ដៃលើ ទោះបើពួកគេមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ។ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនត្រូវបានសាតាំងបោកបញ្ឆោត ហើយព្យាយាមទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានលន់តួអំពើបាប ការតម ការលះបង់ខ្លួនឯង ឬការអធិស្ឋានដាក់ដៃលើ។ ទោះបីជាយ៉ាងណា ពួកគេកំពុងតែត្រូវបានពួកអារក្សគ្រប់គ្រង និងមានជីវិតដែលត្រូវ បណ្តាសាហើយ។
យើង គួរតែបានដឹងយ៉ាងច្បាស់លាស់ថា ជំនឿគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះជួយពួកអារក្សឲ្យធ្វើការនៅក្នុងព្រលឹងរបស់មនុស្សគ្រប់គ្នា តាមរយៈវិធីសាស្ត្រ «ការអធិស្ឋានដាក់ដៃលើ»។ មនុស្សទាំងនេះ ដែលមាននិស្ស័យដូចជាស៊ីម៉ូន គឺជាពួកហោរាក្លែងក្លាយនៅចំពោះព្រះ។ ហើយសូម្បីតែអ្នកជឿព្រះយេស៊ូវក៏ដោយ បើសិនពួកគេមានបាបនៅក្នុងចិត្តរបស់ខ្លួន ក៏ពួកគេអាចត្រូវបានគ្រប់គ្រង ដោយពួកអារក្សបានផងដែរ។ មនុស្សទាំងនេះអាចសម្តែងការ អស្ចារ្យផ្សេងៗ តាមរយៈការងាររបស់អារក្ស។ ហើយសាតាំងដឹកនាំមនុស្សឲ្យទទួលការអធិស្ឋានដាក់ដៃលើពីពួកបាវបម្រើរបស់វា ដើម្បីសម្របសម្រួលឲ្យអារក្សអាចគ្រប់គ្រងលើពួកគេ និងពង្រីកអាណាចក្ររបស់វាបាន នៅទូទាំងលោកិយនេះ។ នៅសព្វថ្ងៃនេះ ពួកជំនុំរបស់ [1]ចលនាពេនទីកុស្តខារីស្មាតិច (Pentecost-Charismatic Movement) ត្រូវបានទទួលស្គាល់ជាផ្លូវការជានិកាយគ្រីស្ទបរិស័ទមួយ នៅទូទាំងពិភពលោក។
 
[1]ជំនឿគ្រីស្ទបរិស័ទលោកខាងលិចបានចាប់ផ្តើមវង្វេងឆ្ងាយ ដោយសារតែសេចក្តីចម្រុងចម្រើនខាងសម្ភារៈ និងការប្រើប្រាស់យ៉ាងច្រើនសម្បើម នៅពាក់កណ្តាលសតវត្សទី២០។ ក្នុងពេលជាមួយគ្នា ជាលទ្ធផល គ្រីស្ទបរិស័ទជាច្រើនដែលកំពុងតែស្វែងរកផ្លូវមួយដើរទៅឲ្យកាន់តែជិតព្រះយេស៊ូវ បានមិនពេញចិត្តជាមួយពួកជំនុំមុនៗរបស់ពួកគេ។ អ្នកខ្លះបានរងទុក្ខ ដោយការខ្វះ ឬការរីកចម្រើនខាងវិញ្ញាណយឺត ហើយអ្នកខ្លះទៀតមានអាក់អន់ចិត្ត ដោយសារតែពួកគេមិនមានសមត្ថភាពបកប្រែជំនឿរបស់ខ្លួនឲ្យទៅជាសេចក្តីស្រឡាញ់ផ្ទាល់ខ្លួនរបស់ព្រះយេស៊ូវ។ ដូច្នេះ ចលនាពេទីកុស្តខារីស្មាតិច បានកើតឡើងនៅក្នុងស្ថានភាពទាំងនេះ។ អ្នកដែលបានដើរតាមចលនានេះ ស្វែងរកបទពិសោធន៍ និងការអនុវត្តរំជើបរំជួលដូចជា ការនិយាយភាសាដទៃ ការទាយ ការសម្តែងការអស្ចារ្យ និងទីសម្គាល់ និងតម្កើងព្រឹត្តិការណ៍ថ្ងៃបុណ្យទី៥០លើកដំបូង។ នៅក្នុងភាពរំជើបរំជួលរបស់ពួកគេ ពួកគេស្ម័គ្រចិត្តប្រគល់ខ្លួនរបស់ពួកគេទៅចំពោះការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែសេចក្តីបង្រៀន និងការអនុវត្តភាគច្រើនរបស់ពួកគេមិនផ្អែកលើព្រះគម្ពីរឡើយ។ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ចលនានេះបានរីកចម្រើនយ៉ាងខ្លាំង នៅក្នុងបរិបទនៃសេចក្តីត្រូវការរបស់ពួកគេ។ ពួកអ្នកដឹកនាំរបស់ពួកគេបានទាក់ទាញគ្រីស្ទបរិស័ទ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដោយព្រះពរនៃទ្រព្យសម្បត្តិ សុខភាព និងភាពឆេះឆួលតាមសាសនា។ ចលនាខ្លះដែលបានបែកចេញពីចលនានេះ ដូចជា ចលនាពេទីកុស្តសម័យថ្មី (Neo-Pentecostalism) ក៏ប្រើប្រាស់សេចក្តីបង្រៀនដូចជាសេចក្តីបង្រៀនរបស់ចលនាសម័យថ្មីដែរ (New Age Movement)។
 
លោកិយនេះ កំពុងតែឈានទៅរកទីបញ្ចប់របស់ខ្លួនហើយ។ បើសិនយើងចង់បានកើតជាថ្មីនៅថ្ងៃចុងក្រោយ យើងត្រូវតែស្គាល់ពីរបៀបដែលពួកអារក្សធ្វើការ ហើយឈរឲ្យបានមាំមួនប្រឆាំងនឹងគម្រោងការរបស់វា។ ហើយយើងក៏ត្រូវតែបានសង្រ្គោះចេញពីអំពើបាបរបស់យើង តែម្តងជាសម្រេច និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ទុកជាអំណោយទានពីព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងត្រូវតែ ត្រឡប់ទៅឯសេចក្តីពិតវិញ ដោយការយល់ដឹងត្រឹមត្រូវអំពីរបៀបដែលព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើយើង។
ដូចដែលព្រះបានមានបន្ទូលថា «រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះ ដោយព្រោះឯងមិនព្រមទទួលដំរិះ» (ហូសេ ៤:៦) នៅសព្វថ្ងៃនេះ អ្នកស្វែងរកសេចក្តីពិតជាច្រើនកំពុងតែត្រូវវិនាសនៅក្នុង សេចក្តីចំកួតរបស់ខ្លួន ដោយពួកអ្នកខារីស្មាតិចដឹកនាំពួកគេឲ្យ វង្វេង។ ពួកជំនុំខារីស្មាតិចត្រូវបានសាងសង់ឡើង នៅក្នុងវាលរហោស្ថាន ហើយមនុស្សនឹងប្រមូលផ្តុំគ្នានៅទីនោះ។ ហេតុអ្វីដូច្នេះ? ពួកអ្នកខារីស្មាតិចពង្រីកពួកជំនុំរបស់ខ្លួន ដោយការធ្វើឲ្យអ្នកដទៃច្របូកច្របល់ជាមួយបារមីរបស់ខ្លួន ដោយដឹកនាំពួកគេឲ្យពួកអារក្សគ្រប់គ្រង តាមរយៈការអធិស្ឋានដាក់ដៃលើ។ សមត្ថភាពពិសេសមួយរបស់ពួកគេគឺថា កាលណាមនុស្សត្រូវបានអារក្សសណ្ឋិត តាមរយៈការអធិស្ឋានដាក់ដៃលើហើយ ពួកគេត្រឡប់ជាមានភាពឆេះឆួលចំពោះការមានជីវិតបែបសាសនា។
លក្ខណៈពិសេសមួយទៀតរបស់ពួកខារីស្មាតិចគឺថា ពួកគេបរិច្ចាគប្រាក់យ៉ាងច្រើនដល់ពួកជំនុំរបស់ខ្លួន ហើយធ្វើជាអ្នកជឿតាមលទ្ធិហួសហេតុដោយឥតលក្ខខណ្ឌ។ ហើយសូម្បីតែ គ្រីស្ទបរិស័ទយ៉ាងច្រើន ក៏មានភាពឆេះឆួលជាមួយការផ្សាយដំណឹងល្អដោយអំណាចរបស់ពួកអារក្សផងដែរ ប៉ុន្តែពួកគេប្រាកដជានឹងធ្លាក់ទៅក្នុងស្ថាននរក ដោយពួកគេមិនដឹងពីវាសនារបស់ ខ្លួន។ មនុស្សទាំងនេះ ដែលជឿយ៉ាងសកម្មថា អំណាចរបស់អារក្សគឺជាភស្តុតាងបញ្ជាក់ពីសេចក្តីសង្រ្គោះរបស់ខ្លួន កំពុងតែទន្ទឹងរង់ចាំដល់ស្ថានសួគ៌ ដោយមិនមានការសង្ស័យអ្វីបន្តិចសោះឡើយ។ ទោះបីជាយ៉ាងណា ពួកគេមានបាបនៅក្នុងចិត្តរបស់ខ្លួន ហើយនឹងត្រូវវិនាសនៅថ្ងៃចុងក្រោយវិញ។
ប្រសិនបើយើងសួរសំណួរទាំងនេះដល់ពួកគេ «តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក ខណៈដែលអ្នកជឿព្រះដែរឬទេ?» ពួកគេប្រាកដជាឆ្លើយថា វាជារឿងធម្មតាដែលធ្វើបាប ហើយមនុស្សម្នាក់មិនអាចមិនមានបាបនៅក្នុងចិត្តរបស់ខ្លួនបានឡើយ ទោះបើបានជឿព្រះយេស៊ូវហើយក៏ដោយ។
មនុស្ស ចូលចិត្តគិតថា ពួកគេសមនឹងបានចូលទៅក្នុងនគរស្ថានសួគ៌ ទោះបើពួកគេមានបាបនៅក្នុងចិត្តក៏ដោយ ពីព្រោះពួកគេមានសេចក្តីសុខ ដែលជឿលើព្រះយេស៊ូវ និងទទួលបាន ភស្តុតាងនៃអំណាចព្រះចេស្តាពីទ្រង់បែបនេះ។
នេះ គឺជាសេចក្តីសង្ឃឹមដែលខុស! ហេតុផលសម្រាប់ជំនឿមុតមាំរបស់ពួកគេគឺថា ពួកគេមានសមត្ថភាពបែបអធិធម្មជាតិ ផ្សេងៗ។ ពួកគេអាចនិយាយភាសាដទៃ ទទួលនិមិត្តផ្សេងៗ និងការប្រោសឲ្យជា ហើយពួកគេគិត និងជឿយ៉ាងមុតមាំថា បទពិសោធន៍ទាំងនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ពួកគេប្រាប់ខ្លួនឯងថា ពួកគេពិតជាទទួលបានសេចក្តីប្រោសលោះ និងព្រះវិញ្ញាណបរិសុទ្ធ តាមរយៈបទពិសោធន៍ទាំងនេះហើយ។
ដោយសារមនុស្សទាំងនេះមិនមានការយល់ដឹងត្រឹមត្រូវអំពីព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ ពួកគេមិនមានទំនុកចិត្តនៅក្នុង សេចក្តីសង្រ្គោះរបស់ខ្លួនឡើយ បើសិនសមត្ថភាពជាក់ស្តែងទាំងនេះមិនកើតមានសម្រាប់ពួកគេ។ ដូច្នេះ មនុស្សទាំងនេះព្យាយាមយ៉ាងខ្លាំង ក្នុងការស្វែងរកការធានាជាក់ស្តែងពីសេចក្តីសង្រ្គោះ ហើយក្រោយមក ត្រូវបានសាតាំងប្រើប្រាស់សម្រាប់ការងារបស់វា។ ហើយដោយសារមនុស្សទាំងនេះកំពុងតែព្យាយាមស្វែងរកចម្លើយរបស់ព្រះ តាមរយៈការអធិស្ឋានលន់តួអំពើបាប ឬការលះបង់ខ្លួនឯង ជាជាងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះជាចុងក្រោយ ពួកគេទទួលបានពួកវិញ្ញាណអាក្រក់ ជំនួសឲ្យព្រះវិញ្ញាណបរិសុទ្ធវិញ។
អារក្ស ចោទប្រកាន់មនុស្ស ដោយការខ្សឹបដាក់ត្រចៀករបស់ពួកគេថា «អ្នកបានធ្វើបាបហើយ មែនទេ?» ហើយដឹកនាំពួកគេឲ្យធ្លាក់ទៅក្នុងការកាត់ទោសខ្លួនឯង។ មានមនុស្សម្នាក់ ដែលខ្ញុំស្គាល់ ដែលឥឡូវនេះ គាត់បានទទួលការអត់ទោសអំពើបាប និងព្រះវិញ្ញាណបរិសុទ្ធហើយ។ នេះគឺជារឿងដែលបានកើតឡើងចំពោះគាត់ នៅមុនពេលគាត់បានកើតជាថ្មី គឺនៅពេលគាត់នៅជាអ្នកជឿព្រះយេស៊ូវយ៉ាងសកម្មតែមិនត្រឹមត្រូវម្នាក់។ គាត់ក៏អាចនិយាយភាសាដទៃ និងធ្វើការអស្ចារ្យផ្សេងៗបានផងដែរ។ ហើយនៅពេលគាត់បានស្រែកយំ និងអធិស្ឋានលន់តួអំពើបាបរយៈពេលពេញមួយយប់ ដោយមានជំនឿលើព្រះយេស៊ូវ បាបនៅក្នុងចិត្តរបស់គាត់បានបន្តធ្វើទារុណកម្មគាត់ជានិច្ច។ នេះហើយគឺជាពេលដែលសាតាំងចាប់ផ្តើមខ្សឹបដាក់ត្រចៀករបស់គាត់ថា «អ្នកបានធ្វើបាបហើយ ហើយអ្នកគួរតែស្លាប់ទៅប្រសើរជាងរស់នៅ។» ហើយជារឿយៗ សាតាំងបានមកឯគាត់ និងចោទប្រកាន់គាត់ ធ្វើទារុណកម្មគាត់ និងរំឮកគាត់ពីអំពើបាបរបស់គាត់។ សាតាំងបានដឹកនាំគាត់ឲ្យកាត់ទោសខ្លួនឯង និងវិនិច្ឆ័យខ្លួនឯង។ ប៉ុន្តែគ្រប់យ៉ាងដែលគាត់អាចធ្វើបាន គឺត្រូវលន់តួអំពើបាបនៅក្នុងចិត្តរបស់គាត់។ ហើយគាត់មិនអាចរំដោះខ្លួនគាត់ចេញពីការចោទប្រកាន់របស់សាតាំងបានឡើយ រហូតដល់គាត់បានស្តាប់ និងជឿតាមដំណឹងល្អពិត។ 
អ្នក គួរតែដឹងថា អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក្លាយជាចំណីរបស់អារក្ស។ តើអ្នកគិតថា អ្នកដែលមិនទទួលបានការអត់ទោសអំពើបាប មានអំណាចបដិសេធអារក្សដែរឬទេ? អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងត្រូវបានសាតាំងគ្រប់គ្រង និងធ្វើទារុណកម្ម។ ប៉ុន្តែដំណឹងល្អរបស់ព្រះអំពីទឹក និងព្រះវិញ្ញាណគឺពិតជាចាំបាច់សម្រាប់ការ បណ្តេញសាតាំងឲ្យចេញទៅ។ ដូច្នេះ គ្រប់គ្នាដែលជឿលើព្រះយេស៊ូវ គួរតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយក៏ប្រកាសដំណឹងល្អនេះ ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះផងដែរ។ ហើយអ្នកដែលស្តាប់ឮដំណឹងល្អនេះ គួរតែជឿតាម។
 
 
អាថ៌កំបាំងនៃសេចក្តីរំលងច្បាប់ត្រូវបានបើកសម្តែងនៅក្នុង លោកិយនេះហើយ!
 
ឥឡូវនេះ លោកិយទាំងមូលត្រូវបានគ្របដណ្តប់ដោយសកម្មភាពរបស់ពួកអារក្សហើយ។ បើសិនយើងចង់ប្រកាសដំណឹងល្អ ដែលដឹកនាំមនុស្សឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែដោះការយល់ខុសយ៉ាងខ្លាំងអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធចេញ។
ជាដំបូង យើងត្រូវតែដឹងឲ្យបានច្បាស់លាស់ថា វាគឺជាសេចក្តីកុហកមួយ ដែលព្រះវិញ្ញាណបរិសុទ្ធយាងមក តាមរយៈការអធិស្ឋានដាក់ដៃលើ។ យើងគួរតែធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា បទពិសោធន៍ដូចជា «ការនិយាយភាសាដទៃ បន្ទាប់ពីបានទទួលការអធិស្ឋានដាក់ដៃលើ ការមានអារម្មណ៍ក្តៅ តាមរយៈការលន់តួអំពើបាប និងការតម និងការស្តាប់ឮដោយផ្ទាល់នូវព្រះរាជសារពីព្រះយេស៊ូវ» គឺសុទ្ធតែជាកិច្ចការរបស់អារក្សទាំងអស់។ មានតែតាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមនុស្សអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបាន។
យើង ត្រូវតែយកឈ្នះលើអារក្ស «ឪពុកនៃសេចក្តីកុហក» ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សាតាំងបានចងមនុស្សទាំងអស់នៅទូទាំងលោកិយនេះ ដោយចំណងនៃការកាត់ទោសខ្លួនឯង។ ដូច្នេះហើយបានជាយើងគួរតែបង្វែរមនុស្សទាំងនេះមកឯសេចក្តីពិតវិញ ដោយការធ្វើឲ្យពួកគេបានដឹងថា បទពិសោធន៍ និងអារម្មណ៍ដែលខុសរបស់ពួកគេគឺជាល្បិចរបស់សាតាំង។
នៅសព្វថ្ងៃនេះ មនុស្សដូចជាស៊ីម៉ូនដែលជាសាសន៍សាម៉ារី ដែលបានព្យាយាមយកប្រាក់ទិញព្រះវិញ្ញាណបរិសុទ្ធ កំពុងតែដឹកនាំពួកជំនុំ។ ពួកគេគឺជាមនុស្សខ្វាក់ ដែលដឹកនាំមនុស្សខ្វាក់ ដែលមិនអាចបង្ហាញដល់មនុស្សនូវផ្លូវទៅកាន់សេចក្តីសង្រ្គោះគ្រប់លក្ខណ៍បានឡើយ ពីព្រោះពួកគេមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ ពួកគេអាចបណ្តាលឲ្យសាតាំងសណ្ឋិតនៅក្នុងចិត្តរបស់អ្នកដើរតាមខ្លួន ដោយបង្កើតការជួបជុំអធិស្ឋានពេញមួយយប់ ការហៅឲ្យអធិស្ឋានលន់តួអំពើបាប និងការប្រើការអធិស្ឋានដាក់ដៃលើ។ មនុស្សទាំងនេះពិតជាត្រូវបានអារក្សសណ្ឋិតមែន ហើយបើសិនយើងចង់ឲ្យពួកគេត្រឡប់មកឯព្រះបន្ទូលព្រះវិញ យើងត្រូវតែបំផ្លាញការងារបស់សាតាំងចោល ដោយការផ្តល់ឲ្យពួកគេនូវការយល់ដឹងត្រឹមត្រូវអំពីទឹក និងព្រះវិញ្ញាណវិញ។ បើសិនមនុស្សមិនស្គាល់ពីយុទ្ធសាស្ត្ររបស់សាតាំងទេ នោះពួកគេនឹងមិនមានជម្រើសអ្វីក្រៅពីត្រូវរងទុក្ខដោយអស់សង្ឃឹមតែប៉ុណ្ណោះ។ 
ដូចដែលខ្ញុំបាននិយាយហើយថា ការសម្តែងការអស្ចារ្យដូចជា ការនិយាយភាសាដទៃ និងការទាយ បន្ទាប់ពីបានទទួលការអធិស្ឋានដាក់ដៃលើហើយ គឺសុទ្ធតែជាសកម្មភាពរបស់អារក្សទាំងអស់។ ហើយនៅក្នុងន័យផ្សេង អំណាចរបស់ពួកខារីស្មាតិចត្រូវបានបើកសម្តែង តាមរយៈកិច្ចការរបស់អារក្ស។ ដូច្នេះ យើងគួរតែបង្រៀនពួកគេថា «វាគឺជាអារក្សទេ ដែលធ្វើការនៅក្នុងអ្នក បើសិនអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក។ ហើយបើសិនអ្នកគិតថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នក ខណៈដែលកំពុងតែមានបាបនៅក្នុងចិត្តរបស់អ្នក នោះអ្នកត្រូវបានសាតាំងបោកបញ្ឆោតហើយ»។ 
ជំនឿរបស់ពួកសាវក និងជំនឿរបស់មនុស្សដែលបានទទួលការអធិស្ឋានដាក់ដៃលើនៅក្នុង កិច្ចការ ៨ ខាងលើ ត្រូវបានដាក់នៅក្នុងចំណាត់ថ្នាក់តែមួយ ពីព្រោះទាំងពីរបានស្គាល់ពីដំណឹងល្អរបស់ព្រះយេស៊ូវអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែជំនឿរបស់ពួកសាវកគឺពិតជាខុសពីជំនឿរបស់គ្រីស្ទបរិស័ទភាគច្រើន នៅសព្វថ្ងៃនេះ ដែលជឿថា ការអធិស្ឋានដាក់ដៃលើនឹងជួយឲ្យពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ។
តើមនុស្សម្នាក់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានដាក់ដៃលើរបស់មនុស្សម្នាក់ ដែលបានទទួលការអត់ទោសអំពើបាបឬ? ទេ។ ព្រះគម្ពីរនិយាយថា ព្រះវិញ្ញាណនៃព្រះបានកំពុងរេរានៅលើផ្ទៃទឹក (លោកុប្បត្តិ ១:២)។ នេះមានន័យថា ដើម្បីឲ្យមនុស្សម្នាក់ទទួលបានការអត់ទោសអំពើបាប និងព្រះវិញ្ញាណបរិសុទ្ធ គាត់ត្រូវតែស្តាប់ឮ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះព្រះបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកជាអំណោយទានដល់គ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
យើង គួរតែចងចាំថា វាគឺដូចជាប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះប្រទានមក ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើងអញ្ចឹង បើសិនយើងបង្រៀនមនុស្សឲ្យស្វែងរកការអធិស្ឋានដាក់ដៃលើ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយការគិតថា មនុស្សម្នាក់អាចផ្តល់ឲ្យមនុស្សម្នាក់ទៀតនូវព្រះវិញ្ញាណបរិសុទ្ធ គឺដូចជាប្រឆាំងនឹងព្រះហើយ ហើយមនុស្សដែលមានជំនឿបែបនេះ ងាយនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងខ្លាំងណាស់។ ដូច្នេះ យើងមិនគួរបណ្តោយឲ្យមានសេចក្តីបង្រៀនទាំងនេះទេ។
អំពើបាបទាំងអស់របស់យើង ត្រូវបានអត់ទោសឲ្យ នៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ពីការពិតនេះ។ ហើយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ លែងមានបាបនៅក្នុងចិត្តរបស់ខ្លួនទៀតហើយ។ នេះមិនព្រោះតែគាត់មិនបានធ្វើបាបនោះទេ ប៉ុន្តែដោយព្រោះគាត់ជឿលើអំណាចព្រះចេស្តានៃទឹក និងព្រះវិញ្ញាណវិញ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណធ្វើបន្ទាល់ថា គាត់មិនមានបាបនៅក្នុងចិត្តទេ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ពីការពិតនេះផងដែរ។ ដូច្នេះ មនុស្សម្នាក់មិនអាចហៅព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួនបានទេ បើសិនមិនមានព្រះវិញ្ញាណនៃព្រះគង់នៅក្នុងខ្លួននោះ។ 
មនុស្សដែលអារក្សសណ្ឋិត មិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ហើយក៏មិនដែលយកដំណឹងល្អនេះធ្វើជាប្រធានបទសម្រាប់ការពិភាក្សាដែរ។ ពួកគេមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលើសពីនេះ ពួកគេមិនអាចស្គាល់ពីសេចក្តីពិតបានទៀតផង។ ប៉ុន្តែពួកគេបែរជានិយាយថា ព្រះវិញ្ញាណបរិសុទ្ធយាងមក នៅពេលពួកគេសម្តែង និងទទួលការអធិស្ឋានដាក់ដៃលើតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ព្រះវិញ្ញាណបរិសុទ្ធមិនយាងមក តាមរយៈការអធិស្ឋានដាក់ដៃលើឡើយ។ ហើយអ្នកគួរតែបានដឹងថា ឥឡូវនេះ កិច្ចការរបស់អារក្សមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សនៅក្នុងពួកជំនុំផ្សេងៗ នៅទូទាំងពិភពលោកនេះ ជាមួយនឹងសេចក្តីបង្រៀនខុសឆ្គងរបស់វា។ សម្រាប់ហេតុផលនេះ ការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណពិតប្រាកដ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាការប្រសើរបំផុតសម្រាប់មនុស្ស។