Search

Preken

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-4] ចូរស្មោះត្រង់ រហូតដល់ស្លាប់ (វិវរណៈ ២:៨-១១)

ចូរស្មោះត្រង់ រហូតដល់ស្លាប់
(វិវរណៈ ២:៨-១១)

ក្នុងកំឡុងសម័យពួកជំនុំដំបូង គ្រីស្ទបរិស័ទជាច្រើនបានខ្ចាត់ខ្ចាយនៅគ្រប់ទីកន្លែង ដើម្បីស្វែងរករកកន្លែងសុត្ថិភាពពីការបៀតបៀនរបស់អាជ្ញាធររ៉ូម៉ាំង។ ចក្រភពរ៉ូម៉ាំងបានបន្តគោលនយោបាយបៀតបៀនរបស់ខ្លួន សូម្បីតែបន្ទាប់ពីការសុគតរបស់អធិរាជនេរ៉ូ ដោយសារគ្រីស្ទបរិស័ទនៅតែមិនចុះចូលចំពោះពួកអធិរាជដែលគ្រងរាជ្យបន្តបន្ទាប់។ ពួកបរិសុទ្ធនៅសម័យមុនបានទទួលស្គាល់ និងទទួលយកអំណាចខាងលោកិយរបស់ពួកអធិរាជរ៉ូម៉ាំង ប៉ុន្តែពួកគេបានបដិសេធមិនទទួលស្គាល់ នៅពេលអំណាចនេះបានតម្រូវឲ្យពួកគេបោះបង់សេចក្តីជំនឿរបស់ពួកគេចោល។ ដោយសារពួកគេបានងើបទាស់ប្រឆាំងនឹងការតម្រូវរបស់អាជ្ញាធររ៉ូម៉ាំង ប្រវត្តិសាស្ត្រពួកជំនុំដំបូងបានពេញដោយការបៀតបៀន និងទុក្ករកម្ម។ 
យើងគួរតែសួរខ្លួនឯងថា ព្រះបន្ទូលនៃការបើកសម្តែងមានការទាក់ទងជាក់លាក់ណាមួយសម្រាប់អ្នកជឿសព្វថ្ងៃនេះ ឬមិនមាន។ ដូច្នេះ តើព្រះបន្ទូលនៃការបើកសម្តែងនេះត្រូវបានកត់ត្រាទុក អស់រយៈពេលជាងពីរពាន់ឆ្នាំទៅហើយ មិនមែនសម័យនេះទេឬ? ហើយតើវាត្រូវបានផ្ញើទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ី មិនមែនយើងទេឬ?
វាមានការទាក់ទងជាមួយយើង ពីព្រោះវាគឺជាព្រះបន្ទូលព្រះ ដែលបើកសម្តែងមកកាន់យើង នូវសេចក្តីអាថ៌កំបាំងនៃអ្វីដែលនឹងត្រូវមកដល់នៅពេលអនាគត។ យើងគួរតែដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាសេះខ្មៅ ដែលគ្រាទីបីនៃ «គ្រាសេះទាំងបួន» ដែលមានការបរិយាយនៅក្នុង វិវរណៈ ៦។ ដោយបានឆ្លងផុតគ្រាសេះស និងគ្រាសេះក្រហម ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាសេះខ្មៅ ដែលជិតផុតហើយ។ ក្នុងពេលដ៏ឆាប់ ពិភពលោកទាំងមូលនឹងប្រឈមនឹងគ្រោះទុរ្ភិក្សដ៏ធំ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង។ វាប្រហែលជាមានសុវត្ថិភាព បើសិនយើងនិយាយថា គ្រាគ្រោះទុរ្ភិក្សនេះបានមកដល់រួចហើយ។ នៅពេលគ្រាបច្ចុប្បន្ន ដែលជាគ្រាសេះខ្មៅ និងគ្រាគ្រោះទុរ្ភិក្ស កន្លងផុតទៅ គ្រាសេះសម្បុរស្លាំងនឹងមកដល់។
ត្រាទាំង៧ដែល វិវរណៈ ៦ និយាយអំពី មានន័យថា ព្រះបានរៀបចំផែនការនៅក្នុងព្រះគ្រីស្ទអំពីគ្រាទាំង៧ នៅពេលទ្រង់បានបង្កើតចក្រវាលនេះ តាំងពីដើមដំបូងមកម៉្លេះ។ គ្រាទីមួយ ដែលជាគ្រាសេះស គឺជាគ្រានៃដំណឹងល្អ គ្រាទីពីរ ដែលជាគ្រាសេះក្រហម គឺជាគ្រានៃសាតាំង ដែលអារក្សនាំភាពច្របូកច្របល់យ៉ាងខ្លាំងមកដល់លោកិយនេះ បង្កសង្រ្គាម និងបន្តធ្វើទុក្ខដល់ពួកជំនុំនៃព្រះ។ បន្ទាប់មក គ្រាសេះខ្មៅនឹងមកដល់ ជាមួយគ្រោះទុរ្ភិក្សខាងសាច់ឈាម និងខាងវិញ្ញាណ ដែលធ្វើទុក្ខលោកិយនេះ។ គ្រាសេះខ្មៅនេះបានចាប់ផ្តើមមួយរយៈពេលរួចទៅហើយ។
នៅពេលគ្រានេះកន្លងផុតទៅ គ្រាសេះសម្បុរស្លាំងនឹងចាប់ផ្តើម ដែលនឹងមានពួកអាទទឹងនឹងព្រះគ្រីស្ទលេចមក ព្រមទាំងគ្រោះកាចនៃត្រែទាំង៧ ដែលមានការបរិយាយនៅក្នុង វិវរណៈ៨ ផងដែរ។ នៅពេលត្រែចុងក្រោយត្រូវបានផ្លុំ ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅក្នុងពពក ហើយបន្ទាប់មក នឹងមានគ្រោះកាចនៃចានទាំង៧។ នឹងមានពិធីមង្គលការរបស់កូនចៀមនៅលើពពក សម្រាប់ពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅទីនោះ ហើយនៅពេលគ្រោះកាចនៃចានទាំង៧បញ្ចប់ទៅ ព្រះ អម្ចាស់នឹងយាងត្រឡប់មកផែនដីនេះជាមួយយើង ហើយចាប់ផ្តើមនគររាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។ បន្ទាប់ពីនគររាជ្យមួយពាន់ឆ្នាំ នឹងមានផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលចុះមកលើពួកបរិសុទ្ធដែលបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ បន្ទាប់ពីការរស់ពីស្លាប់លើកទីមួយរបស់ពួកគេ។ 
ដូច្នេះ បទគម្ពីរទាំងអស់នៅក្នុងកណ្ឌវិវរណៈ ដូចជា «ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង» និង «អ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ» សុទ្ធតែទាក់ទងដោយផ្ទាល់ជាមួយយើង។ នៅក្នុងន័យផ្សេង ព្រះបន្ទូលនៃការបើកសម្តែងមានការទាក់ទងយ៉ាងចាំបាច់ជាមួយគ្រីស្ទបរិស័ទ ដែលកំពុងតែរស់នៅក្នុងលោកិយសព្វថ្ងៃនេះ ពីព្រោះបើសិនការបើកសម្តែងមិនទាក់ទងជាមួយយើង នោះព្រះបន្ទូលព្រះទាំងអស់នេះនឹងមិនមាន អត្ថន័យអ្វីទាំងអស់។ 
ផែនការនៃគ្រាទាំង៧ ដែលត្រូវបានបើកសម្តែងនៅក្នុងកណ្ឌវិវរណៈ ត្រូវបានអនុវត្ត និងបំពេញសម្រេចនៅក្នុងព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់របស់យើង។ នៅពេលគ្រាសេះសម្បុរស្លាំងមកដល់ ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក។ ដូច្នេះ យើងត្រូវស្វែងរកចេញពីព្រះបន្ទូលព្រះ នូវផែនការអ្វីដែលព្រះអម្ចាស់មានសម្រាប់យើង នៅពេលនោះ។ វាពិតជាចាំបាច់ណាស់ ដែលយើងទាំងអស់គ្នាយល់ចេញពីព្រះបន្ទូលនៃការបើកសម្តែង អំពីរបៀបដែលព្រះបានបង្កើតផែនការទាំងមូលសម្រាប់យើង និងរបៀបដែលទ្រង់នឹងបំពេញសម្រេចវា។ គ្រោះកាចអ្វីដែលនឹងកើតមាននៅលើផែនដី អ្វីដែលនឹងកើតឡើងចំពោះអ្នកជឿ គ្រោះកាចអ្វីដែលនឹងធ្វើទុក្ខដល់អ្នកជឿ...។ល។ អ្នកត្រូវតែទទួលយក និងជឿលើសារៈសំខាន់ និងការទាក់ទងនៃព្រះបន្ទូលនៃសេចក្តីទំនាយនេះ សម្រាប់អ្នក។ 
ហើយអ្នកក៏ត្រូវតែមានការយល់ដឹងយ៉ាងត្រឹមត្រូវ អំពីអ្វីដែលកណ្ឌវិវរណៈនិយាយអំពីផងដែរ ដូចជា សេចក្តីទុក្ខវេទនារយៈពេល៧ឆ្នាំ និងការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទសព្វថ្ងៃនេះជាច្រើនជឿតាមគោលលទ្ធិនៃការលើកឡើងទៅក្នុងពពរមុនពេលសេចក្តីទុក្ខវេទនា ដែលត្រូវបានបង្កើតឡើងជាលើកដំបូងនៅប្រទេសអង់គ្លេស ក្នុងឆ្នាំ១៨៣០ ហើយបន្ទាប់មក ត្រូវបានផ្សព្វផ្សាយឲ្យបានល្បីល្បាញ ដោយអ្នកប្រាជ្ញម្នាក់ឈ្មោះថា C. I. Scofield ដែលជាសាស្ត្រាចារ្យម្នាក់នៅ វិទ្យាស្ថានព្រះគម្ពីរ Moody Bible Institute។
ទ្រឹស្តីនេះអះអាងថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងកើតឡើងមុនពេលគ្រាសេចក្តីទុក្ខវេទនារយៈពេល៧ឆ្នាំចាប់ផ្តើម។ យោងតាមទ្រឹស្តីនេះ ពួកសាសន៍ដទៃនឹងត្រូវបានលើកឡើងទៅក្នុងពពកមុនគេ ហើយបន្ទាប់មក ព្រះនឹងចាប់ផ្តើមការងារនៃសេចក្តីសង្រ្គោះរបស់ទ្រង់ សម្រាប់សាសន៍អ៊ីស្រាអែល។ ហើយការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកក៏នឹងកើតឡើងមុនពេលការលេចមករបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ និងគ្រោះកាចនៃចានទាំង៧ផងដែរ។ 
ជាទូទៅ គ្រីស្ទបរិស័ទភាគច្រើនជឿតាមបដិសហស្សវត្សនិយម ឬទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនានេះ។ ប៉ុន្តែទាំងនេះគ្រាន់តែជាសម្មតិកម្ម ដែលត្រូវបានបង្កើតឡើង ដោយចំណេះដឹង និងការយលដឹងមិនត្រឹមត្រូវ និងមិនគ្រប់គ្រាន់អំពីព្រះគម្ពីរប៉ុណ្ណោះ ពីព្រោះសម្មតិកម្មទាំងនេះមិនបានឆ្លើយតបចំពោះសំណួរជាច្រើន ដែលគ្រីស្ទបរិស័ទមានអំពីកណ្ឌវិវរណៈទេ ប៉ុន្តែបែរជាបានបង្កគ្រោះថ្នាក់កាន់តែខ្លាំង ដោយការបង្កើតសំណួរ និងការសង្ស័យកាន់តែច្រើនអំពីព្រះបន្ទូលនៃបើកសម្តែងទៅវិញ។ 
ប្រសិនបើទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាពិតជាត្រឹមត្រូវមែន តើកណ្ឌវិវរណៈមានអ្វីទាក់ទងនឹងអ្នកជឿដែលសាសន៍ដទៃ? សេចក្តីទុក្ខវេទនា និងព្រឹត្តិការជាបន្តបន្ទាប់ ដែលត្រូវបានទាយនៅក្នុងកណ្ឌវិវរណៈ នឹងមិនមានអ្វីទាក់ទងនឹងយើងទេ បើសិនយើងនឹងត្រូវបានព្រះលើកឡើងទៅក្នុងពពកជាមុន។ នេះគឺជាមូលហេតុដែលជារឿយៗ មនុស្សយកព្រះបន្ទូលនៃការបើកសម្តែងធ្វើជាបញ្ហាដែលត្រូវយល់ដឹង ជាជាងសេចក្តីជំនឿ។ 
ប៉ុន្តែយើងត្រូវតែដឹងថា ព្រះបន្ទូលនៃការបើកសម្តែងគឺពិតជាមានការទាក់ទងចាំបាប់សម្រាប់យើង ដែលកំពុងតែរស់នៅក្នុងលោកិយសព្វថ្ងៃនេះ។ ខ្ញុំចង់សួរអ្នកថា តើអ្នកជឿតាមព្រះបន្ទូលព្រះ ឬជឿតាមពាក្យរបស់អ្នកប្រាជ្ញ? មានទ្រឹស្តីយ៉ាងច្រើនអំពីថ្ងៃចុងក្រោយ ចាប់ពីបដិសហស្សវត្សនិយម ដល់ការលើកឡើងទៅក្នុងពពកក្រោយពេលនគររាជ្យមួយពាន់ឆ្នាំ ការលើកឡើងទៅក្នុងពពកក្រោយពេលសេចក្តីទុក្ខវេទនា ការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ការលើកឡើងទៅក្នុងពពកកំឡុងគ្រាសេចក្តីទុក្ខវេទនា...។ល។ ទ្រឹស្តីទាំងនេះដែលពួកអ្នកប្រាជ្ញបានបង្កើតឡើង គ្រាន់តែជាការស្មាន សម្មតិកម្ម និងឧបធារណ៍ប៉ុណ្ណោះ។ 
នៅក្នុងចំណោមទ្រឹស្តីទាំងនេះ តើអ្នកជឿតាមទ្រឹស្តីមួយណា? មនុស្សជាច្រើននិយាយថា ពួកគេជឿតាមទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ពីព្រោះនេះគឺជាអ្វីដែលគ្រូគង្វាលរបស់ពួកគបានបង្រៀនពួកគេ។ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកយ៉ាងច្បាស់លាស់ថា អ្នក និងខ្ញុំនឹងឆ្លងកាត់គ្រោះកាចនៃត្រៃទាំង៧ និងរស់នៅក្នុងសេចក្តីទុក្ខវេទនាដ៏ធំ។ ដោយសារយើងត្រូវឆ្លងកាត់សេចក្តីទុក្ខវេទនាដ៏ធំ យើងត្រូវតែមានសេចក្តីជំនឿត្រឹមត្រូវ និងរឹងមាំល្មម ដើម្បីយកឈ្នះលើការល្បងល និងសេចក្តីទុក្ខវេទនា ដែលកំពុងតែរង់ចាំយើង។ 
តើនឹងមានរឿងអ្វីកើតឡើង បើសិនអ្នកជឿតាមទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ហើយគិតថា «ខ្ញុំនឹងត្រូវបានលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ហើយខ្ញុំមិនខ្វល់ពីវាឡើយ» ហើយមិនត្រៀមសេចក្តីជំនឿរបស់អ្នក សម្រាប់ថ្ងៃចុងក្រោយ? ដូចដែលព្រះបន្ទូលព្រះប្រាប់ នៅពេលសេចក្តីទុក្ខវេទនាដ៏ធំមកដល់ អ្នកដែលមិនបានត្រៀមសេចក្តីជំនឿរបស់ខ្លួន សម្រាប់សេចក្តីទុក្ខវេទនា នឹងត្រូវច្របូកច្របល់ រងទុក្ខ និងស្លាប់ ពីព្រោះសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវនឹងត្រូវរង្គោះរង្គើរ។ ពួកគេជាច្រើនមិនអាចយកឈ្នះលើសេចក្តីទុក្ខវេទនាបានឡើយ ហើយពួកគេនឹងចាញ់ការតយុទ្ធខាងសេចក្តីជំនឿរបស់ពួកគេ។ 
មុនពេលការលេចមកនៃទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា គ្រីស្ទបរិស័ទជាច្រើនពិតជាបានជឿថា ពួកគេនឹងត្រូវឆ្លងកាត់សេចក្តីទុក្ខវេទនាដ៏ធំរយៈពេល៧ឆ្នាំ និងថា ពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពក បន្ទាប់មកការបញ្ចប់នៃសេចក្តីទុក្ខវេទនា នៅពេលព្រះគ្រីស្ទយាងត្រឡប់មកផែនដីនេះជាលើកទីពីរ។ ដោយគិតថា ពួកគេត្រូវតែទ្រាំទ្រនឹងសេចក្តីទុក្ខវេទនារយៈពេល៧ឆ្នាំ ពួកគេបានត្រៀមសេចក្តីជំនឿរបស់ពួកគេ យ៉ាងឆេះឆួល ប៉ុន្តែយ៉ាងភ័យខ្លាចផងដែរ។ ការឆ្លងកាត់គ្រោះកាចទាំងអស់ ពិតជាទិដ្ឋភាពដ៏ភ័យរន្ធត់មួយសម្រាប់ពួកគេ និងមនុស្សទាំងអស់។ ប៉ុន្តែសេចក្តីជំនឿបែបនេះគ្រាន់តែជាទ្រឹស្តីមួយ ដែលចេញមកពីការមិនយល់ព្រះបន្ទូលព្រះប៉ុណ្ណោះ។
បន្ទាប់មក មានក្រុមអភិរក្សនិយម ដែលជឿលើបដិសហស្សវត្ស និយម។ ពួកគេចាត់ទុកនគររាជ្យមួយពាន់ឆ្នាំជានិមិត្តរូបនៃសន្តិភាព ដែលអ្នកជឿដល់ព្រះគ្រីស្ទទទួលបាន តាមរយៈសេចក្តីសង្រ្គោះរបស់ពួកគេ។ បើសិនទ្រឹស្តីនេះពិតជាត្រឹមត្រូវមែន យើងមិនចាំបាច់ខ្វល់អំពីអ្វីដែលកើតឡើងចំពោះលោកិយនេះទេ ពីព្រោះយើងនឹងត្រូវបានព្រះលើកឡើងទៅក្នុងពពក នៅមុនពេលសេចក្តីទុក្ខវេទនាចាប់ផ្តើម។ 
ប៉ុន្តែបើសិនទ្រឹស្តីទាំងនេះមិនត្រឹមត្រូវវិញ តើនឹងមានរឿងអ្វីកើតឡើង? យើងនឹងមានសេចក្តីភ័យយ៉ាងខ្លាំង ពីព្រោះយើងនឹងប្រឈមនឹងសេចក្តីទុក្ខវេទនាដ៏ធំ ដោយឥតមានការត្រៀមសេចក្តីជំនឿរបស់យើងជាស្រេច។ ហើយយើងនឹងមិនអាចការពារសេចក្តីជំនឿរបស់យើងបានឡើយ ប៉ុន្តែយើងនឹងចុះចាញ់ចំពោះរលកនៃការល្បងល និងសេចក្តីទុក្ខវេទនា ហើយនឹងដួលចុះ ដូចជាលោកិយនេះដែរ។ ប៉ុន្តែព្រះបានប្រាប់យើងថា អ្នកណាដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត ដែលជាអ្នកដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ នឹងមិនចុះចាញ់ឡើយ។ 
នៅក្នុងព្រះបន្ទូលនៃការបើកសម្តែងរបស់ទ្រង់ ព្រះប្រាប់យើងថា អ្នកដែលបានកើតជាថ្មី នឹងយកឈ្នះលើការល្បងលនៃសេចក្តីទុក្ខវេទនាដ៏ធំ ដោយសារសេចក្តីជំនឿ និងថា ក្នុងកំឡុងសេចក្តីទុក្ខវេទនា ទ្រង់នឹងលើកពួកគេឡើងទៅក្នុងពពក។ ដូច្នេះ ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ខុសពីសេចក្តីពិតតាមព្រះគម្ពីរ ហើយការអះអាងនេះគ្រាន់តេជាឧបធារណ៍របស់មនុស្សប៉ុណ្ណោះ។ នៅក្នុងន័យផ្សេង វាគឺជាសេចក្តីកុហក មិនមែនជាសេចក្តីពិតទេ។ 
ទោះបីជាយ៉ាងណា ឥឡូវនេះ មនុស្សជាច្រើននៅទូទាំងពិភពលោកបានទទួលយកទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនានេះ។ អ្នកដែលជឿតាមការបង្រៀនរបស់លោក Scofied អំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ជឿដូចតទៅ៖
១. សេចក្តីទុក្ខវេទនារយៈពេល៧ឆ្នាំនឹងចាប់ផ្តើម បន្ទាប់ពីការលេចមករបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ នៅថ្ងៃចុងក្រោយ។
២. ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងគ្រប់គ្រងលោកិយនេះ ក្នុងកំឡុងសេចក្តីទុក្ខវេទនារយៈពេល៧ឆ្នាំ ហើយវានឹងធ្វើជាអ្នកគ្រប់គ្រងចិត្តល្អ សម្រាប់រយៈពេលបីឆ្នាំកន្លះ និងអ្នកគ្រប់គ្រងផ្តាច់ការ សម្រាប់រយៈពេលបីឆ្នាំកន្លះចុងក្រោយ។
៣. ព្រះវិហារក្រុងយេរូសាឡិមនឹងត្រូវបានសាងសង់ឡើងវិញ ហើយតង្វាយយញ្ញបូជានឹងដំណើរការឡើងវិញ។
៤. ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងបង្កើតសម័្ពន្ធមេត្រីរយៈពេល៧ឆ្នាំជាមួយអ៊ីស្រាអែល។
៥. បន្ទាប់ពីបីឆ្នាំកន្លះនៃសេចក្តីទុក្ខវេទនា ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងបញ្ចប់សម័្ពន្ធមេត្រីជាមួយអ៊ីស្រាអែល។
៦. រយៈបីឆ្នាំកន្លះបន្ទាប់មក គឺជាគ្រានៃសេចក្តីទុក្ខវេទនា និងការបៀតបៀនដ៏ធំសម្រាប់សាសន៍អ៊ីស្រាអែល។ កំឡុងគ្រានេះ ដំណឹងល្អអំពីនគររាជ្យមួយពាន់ឆ្នាំនឹងត្រូវបានប្រកាស ជំនួសដំណឹងល្អអំពីព្រះគុណ។
៧. ក្នុងចំណោមសាសន៍អ៊ីស្រាអែល មនុស្សចំនួន១៤៤០០០នាក់ នឹងបានឆ្លងផុតសេចក្តីទុក្ខវេទនា។
៨. សេចក្តីទុក្ខវេទនានឹងបញ្ចប់ទៅ ជាមួយនឹងសង្រ្គោះអាម៉ាគីដូន។
ដោយបានពន្យល់អំពីសេចក្តីទុក្ខវេទនាដ៏ធំ តាមរបៀបខាងលើ លោក Scofield មិនបានលើកឡើងអំពីអ្វីដែលនឹងកើតឡើងចំពោះពួកសាសន៍ដទៃ ក្នុងកំឡុងពេលសេចក្តីទុក្ខវេទនាទេ។ នៅក្នុងន័យផ្សេង គាត់បានពន្យល់ថា ពួកសាសន៍ដទៃទាំងអស់ ដែលពួកជឿដល់ព្រះគ្រីស្ទ នឹងត្រូវបានលើកឡើងទៅក្នុងពពក មុនពេលការចាប់ផ្តើមសេចក្តីទុក្ខវេទនា និងថា បន្ទាប់ពីការលើកឡើងទៅក្នុងពពករបស់ពួកគេ ព្រះនឹងចាប់ផ្តើមធ្វើការនៅក្នុងចំណោមសាសន៍អ៊ីស្រាអែល។ ហើយការងាររបស់ទ្រង់ គឺត្រូវសង្រ្គោះជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់ ដែលជាការបញ្ចប់ការងារសង្រ្គោះរបស់ទ្រង់។ បន្ទាប់មក នគររាជ្យមួយពាន់ឆ្នាំនឹងចាប់ផ្តើម។ 
ប្រភពនៃឥទ្ធិពលទៅលើលោក Scofield និងការអះអាងរបស់គាត់អំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា គឺជាលោក John Nelson Darby ដែលជាស្ថានិកនៃក្រុមមួយឈ្មោះថា Plumouth Brethen ដែលបានបង្កើតទ្រឹស្តីនេះឡើង បន្ទាប់ពីបានជួបជាមួយអ្នកដឹកនាំចលានពេនទីកុស្តម្នាក់។ អ្នកដឹកនាំនេះគឺយុវនារីម្នាក់ ដែលមានឈ្មោះថា Mararet MacDonald និងអាយុ១៥ឆ្នាំ ហើយមកពីប្រទេស ស្កតឡែន ដែលបានអះអាងនៅក្នុងឆ្នាំ១៨៣០ថា គាត់បានទទួលនិមិត្តមួយពីព្រះ ដែលគាត់មើលឃើញគ្រីស្ទបរិស័ទកំពុងតែត្រូវបានលើកឡើងទៅក្នុងពពក មុនពេលសេចក្តីទុក្ខវេទនាដ៏ធំចាប់ផ្តើម។ ដូច្នេះ បន្ទាប់ពីបានជួបជាមួយយុវនារីនេះហើយ លោក Darby បានចាប់ផ្តើមបង្រៀនអំពីទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា។ 
បន្ទាប់មក សេចក្តីបង្រៀនរបស់លោក Darby បានផ្ទេរទៅឲ្យលោក Scofield ដែលជាទេវវិទូជនជាតិអាមេរិក។ លោក Scofield ដែលបានចំណាយពេលអស់មួយជីវិតរបស់គាត់ ដើម្បីបង្កើតព្រះគម្ពីរយោង Scofield ដែលមានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងកំឡុងពេលដែលគាត់កំពុងតែគិតអំពីសំណួរថា ការលើកឡើងទៅក្នុងពពក នឹងកើតមុន ឬបន្ទាប់ពីសេចក្តីទុក្ខវេទនា។ នៅពេលគាត់បានស្តាប់ឮពីទ្រឹស្តីរបស់លោក Darby អំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា គាត់បានជឿទាំងស្រុងតាមការអះអាងនេះ ហើយបានបង្កើតទ្រឹស្តីថ្មីនេះ ដោយបញ្ចូលវាទៅក្នុងព្រះគម្ពីរយោង Scofield របស់គាត់។ នេះហើយគឺជារបៀបដែលលោក Scofield បានជឿ និងគាំទ្រទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា និងរបៀបដែលគ្រីស្ទបរិស័ទជាច្រើនៅសព្វថ្ងៃនេះបានដើរតាមទ្រឹស្តីនេះ។ 
មុនពេលលោក Darby និងលោក Scofield បានបង្កើតទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា គ្រីស្ទបរិស័ទភាគច្រើនបានជឿលើការលើកឡើងទៅក្នុងពពកបន្ទាប់ពីសេចក្តីទុក្ខវេទនា។ ប៉ុន្តែលោក Scofield ដែលជាសាស្ត្រាចារ្យម្នាក់នៅវិទ្យាស្ថានព្រះគម្ពីរមូឌី នៅសហរដ្ឋអាមេរិក បានមានឥទ្ធិពលយ៉ាងខ្លាំងលើបញ្ហាគោលលទ្ធិ ជាពិសេស ឥទ្ធិពលនៃព្រះគម្ពីរយោងរបស់គាត់ (Scofield Reference Bible)។ ដោយសារតែលោក Scofield និងឥទ្ធិពលរបស់គាត់ ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសហគមន៍គ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។ 
គួរឲ្យសោកស្តាយ ជាលទ្ធផល គ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះកំពុងតែដេកលក់នៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ ពួកគេកំពុងតែដេកលក់ ពីព្រោះពួកគេគិតយ៉ាងខុសថា ការលេចមកនៃពួកអាទទឹងនឹងព្រះគ្រីស្ទនឹងមិនពាក់ព័ន្ធអ្វីជាមួយពួកគេឡើយ។ ពួកគេមិនមើលឃើញភាពចាំបាច់សម្រាប់ការត្រៀមសេចក្តីជំនឿរបស់ពួកគេ សម្រាប់គ្រានៃសេចក្តីទុក្ខវេទនាដ៏ធំទេ ពីព្រោះពួកគេជឿថា ពួកគេនឹងត្រូវបានលើកឡើងទៅក្នុងពពក មុនពេលវាចាប់ផ្តើម។ ប៉ុន្តែព្រះអម្ចាស់បានប្រាប់យើងឲ្យតែងតែដឹងខ្លួនជានិច្ច ពីព្រោះគ្មានអ្នកណាដឹងថា នៅពេលណាកូនកម្លោះនឹងមកដល់ឡើយ។ ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកដែលមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលព្រះ និងពឹងផ្អែកលើសេចក្តីបង្រៀនអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា នៅតែដេកយ៉ាងលង់លក់នៅឡើយ។ 
ប៉ុន្តែឥឡូវនេះ គឺជាពេលដែលយើងត្រូវតែភ្ញាក់ឡើងហើយ។ យើងត្រូវតែបោះបង់សេចក្តីជំនឿខុសលើការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាចោល ហើយបែរមកជឿតាមព្រះបន្ទូលនៃសេចក្តីពិត វិញ។ ទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា និងទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកក្រោយពេលសេចក្តីទុក្ខវេទនា មិនមានមូលដ្ឋានគ្រឹះតាមព្រះគម្ពីរឡើយ។ ដូច្នេះ អ្នកត្រូវតែបែរមកឯព្រះបន្ទូលពិតនៃព្រះវិញ។ ព្រះបន្ទូលនៃការបើកសម្តែង (៦:៨) ប្រាប់យើងថា «ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា [សេចក្តីស្លាប់] ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ និងសេចក្តីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង»។ 
នៅទីនេះ និយាយថា ឈ្មោះរបស់ម្នាក់ដែលជិះលើសេះសម្បុរស្លាំងនេះ គឺជាអាទទឹងនឹងព្រះគ្រីស្ទ ដែលជាសេចក្តីស្លាប់ ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះ។ នេះមានន័យថា ពួកអាទទឹងនឹងព្រះគ្រីស្ទគឺជាឃាតករម្នាក់ ដែលដឹកនាំជនរងគ្រោះរបស់វាទៅក្នុងស្ថាន នរក។ នៅទីនេះ ក៏និយាយផងដែរថា វានឹងទទួលបានអំណាចមួយភាគបួននៅលើផែនដីនេះ ដើម្បីសម្លាប់ដោយដាវ អំណត់អត់ សេចក្តីវេទនា និងសត្វព្រៃនៅលើផែនដីនេះ។ នៅក្នុងន័យផ្សេង ពួកអាទទឹងនឹងព្រះ គ្រីស្ទនឹងប្រព្រឹត្តដូចជាពួកអធិរាជរ៉ូម៉ាំងអញ្ចឹង គឺសម្លាប់ រំលោភបំពាន បៀតបៀន និងបៀតបៀនគ្រីស្ទបរិស័ទ ហើយបំផ្លាញជំនឿរបស់ពួកគេ។ 
អ្នកគួរតែដឹងថា គ្រាសេះសម្បុរស្លាំងនេះគឺជាគ្រានៃពួកអាទទឹងនឹងព្រះគ្រីស្ទ។ ព្រះអម្ចាស់ប្រាប់យើងថា «ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ» (ម៉ាថាយ ១៦:៣)។ បើសិនយើងមិនអាចដឹងពីទីសម្គាល់នៃសម័យកាល យើងមិនអាចដឹងពីសេចក្តីជំនឿបែបណាដែលយើងត្រូវតែមានទេ។ ដូច្នេះ យើងមិនអាចទាំងព្រោះគ្រាប់ពូជ និងទាំងមិនអាចច្រូតកាត់ផង។ នៅក្នុងន័យផ្សេង យើងមិនអាចធ្វើការសម្រាប់ព្រះអម្ចាស់បានឡើយ។ នៅថ្ងៃនេះ គ្រាសេះក្រហមបានកន្លងផុតទៅ ហើយយើងកំពុងតែនៅក្នុងគ្រាសេះខ្មៅ។ ក្នុងដ៏ឆាប់ ពិភពលោកនឹងត្រូវប្រឈមនឹងគ្រោះសេដ្ឋកិច្ច និងគ្រាទុរ្ភិក្សដ៏ធ្ងន់ ធ្ងរ។ ហើយនឹងមានសេចក្តីអត់ឃ្លាននៅពាសពេញផែនដីនេះ។ កាលណាការទាំងនេះកើតឡើង មនុស្សជាច្រើននឹងរងទុក្ខ និងស្តាយក្រោយ។ ប៉ុន្តែកុំធ្វើដូចជាពួកគេឲ្យសោះ ប៉ុន្តែត្រូវធ្វើជាអ្នកដែលមានសេចក្តីជំនឿដែលអាចដឹងពីទីសម្គាល់នៃសម័យកាលវិញ។ 
គ្រានេះគឺជាគ្រាសេះខ្មៅ។ កាលណាគ្រាសេះខ្មៅនេះកន្លងផុតទៅ គ្រាសេះសម្បុរស្លាំងនឹងមកដល់។ ហើយពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកនៅក្នុងគ្រានេះ ហើយនឹងបៀតបៀន និងសម្លាប់ពួកបរិសុទ្ធ យ៉ាងព្រៃផ្សៃ ដែលធ្វើឲ្យគ្រានេះក្លាយទៅជាគ្រានៃទុក្ករកម្ម។ 
វិវរណៈ ១៣:៦-៨ និយាយថា «វាបើកមាត់ប្រមាថដល់ទាំងព្រះ និងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ»។ ពាក្យថា «វា» នៅទីនេះ សំដៅទៅលើពួកអាទទឹងនឹងព្រះគ្រីស្ទ។ បទគម្ពីរប្រាប់យើងថា អ្នកគ្រប់គ្រងលោកិយម្នាក់នឹងទទួលបានអំណាចប្រមាថដល់ព្រះ និងបៀតបៀនដល់ពួកបរិសុទ្ធ។ នេះគឺជាកូនរបស់អារក្ស ដែលមានអំណាចសត្វនាគ។ តាមរយៈអំណាចនេះ វានឹងតយុទ្ធ និង «យកឈ្នះ» លើពួកបរិសុទ្ធ។ ប៉ុន្តែការយកឈ្នះនេះគ្រាន់តែមានន័យថា វានឹងធ្វើ ទុក្ករកម្មដល់ពួកបរិសុទ្ធ ដែលជាសេចក្តីស្លាប់ខាងរូបកាយរបស់ពួកបរិសុទ្ធប៉ុណ្ណោះ ពីព្រោះពួកអាទទឹងនឹងព្រះគ្រីស្ទមិនអាចដកហូតសេចក្តីជំនឿរបស់ពួកបរិសុទ្ធបានឡើយ។ 
លោក Scofield អះអាងថា ពួកបរិសុទ្ធនឹងមិនប្រឈមនឹងសេចក្តីទុក្ខវេទនាដ៏ធំអ្វីទាំងអស់។ ប៉ុន្តែបើសិនមិនមានសេចក្តីទុក្ខវេទនារយៈ៧ឆ្នាំទេ ក៏មិនអាចមាននគររាជ្យមួយពាន់ឆ្នាំដែរ។ ពួកបរិសុទ្ធនឹងចេញពី សេចក្តីទុក្ខវេទនា ក្នុងនាមជាទុក្ករបុគ្គល។ សេចក្តីំនាយនៅព្រះគម្ពីរនេះបានត្រូវរៀបចំឡើងនៅក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកិយនេះមកម៉្លេះ។ ប្រវត្តិសាស្ត្រទាំងអស់នៅក្នុងលោកិយនេះនឹងបញ្ចប់ទៅ នៅក្នុងកិច្ចការដែលព្រះគ្រីស្ទនឹងបំពេញសម្រេច។ 
អ្នកត្រូវតែអាចស្គាល់គ្រាទាំង៧ ដែលព្រះបានបង្កើតឡើងសម្រាប់យើង។ គ្រាទីមួយគឺជាគ្រាសេះស ដែលព្រះបន្ទូលព្រះចាប់ផ្តើមការងារ។ គ្រាទីពីរគឺជាគ្រាសេះក្រហម ដែលជាគ្រារបស់អារក្ស។ គ្រាទីបីគឺជាគ្រាសេះខ្មៅ ដែលជាគ្រានៃគ្រោះទុរ្ភិក្សខាងសាច់ឈាម និងខាងវិញ្ញាណ។ គ្រាទីបួនគឺជាគ្រាសេះសម្បុរខ្លាំង ដែលពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក។ នេះគឺជាគ្រានៃត្រែទាំង៧ ដែលជាគ្រានៃទុក្ករកម្ម។ បើសិនយើងមិនស្គាល់គ្រាសេះសម្បុរស្លាំងនេះទេ យើងនឹងមានភាពច្របូកច្របល់។
ប្រសិនបើយើងមិនស្គាល់គ្រានេះទេ យើងមិនអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី យ៉ាងត្រឹមត្រូវឡើយ។ បើសិនយើងនៅតែមិនដឹងពីអ្វីដែលរង់ចាំយើង តើយើងអាចត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគតបានយ៉ាងដូចម្តេច? សូម្បីតែអ្នកដែលធ្វើជំនួញ ក៏ត្រូវតែដឹងជាមុនពីទំនោរផ្លាស់ប្តូរនៃពេលវេលា ដើម្បីជោគជ័យផងដែរ។ ដូច្នេះ តើយើងដែលជាអ្នកជឿដល់ព្រះគ្រីស្ទ អាចត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់បានយ៉ាងដូចម្តេច បើសិនយើងមិនដឹងអ្វីសោះពីអ្វីដែលកំពុងតែរង់ចាំយើង?
យើងត្រូវតែមានការយល់ដឹងច្បាស់លាស់អំពីសេចក្តីទុក្ខវេទនាដ៏ធំ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់វា។ ពួកបរិសុទ្ធនឹងឆ្លងកាត់រយៈពេលបីឆ្នាំកន្លះនៃសេចក្តីទុក្ខវេទនា ហើយកំឡុងពេលនេះហើយ ដែលពួកគេនឹងត្រូវប្រឈមនឹងទុក្ករកម្ម។ ពួកគេនឹងមិនឆ្លងកាត់រយៈពេលទាំង៧ឆ្នាំនៃសេចក្តីទុក្ខវេទនាទេ ប៉ុន្តែគ្រាន់តែបីឆ្នាំកន្លះដំបូងប៉ុណ្ណោះ ហើយបន្ទាប់មក តាមរយៈទុក្ករកម្មរបស់ពួកគេ ពួកគេនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅក្នុងពពក។ ហើយនៅពេលពួកបរិសុទ្ធត្រូវបានលើកឡើងទៅក្នុងពពក វាមិនមាន័យថា ព្រះគ្រីស្ទនឹងយាងចុះមកផែនដីនេះទេ ប៉ុន្តែទ្រង់នឹងលើកពួកគេឡើងទៅក្នុងអាកាស ដើម្បីចូលរួមពីធីមង្គលការរបស់កូនចៀម។ 
ក្នុងពេលតែមួយ ផែនដីនេះនឹងត្រូវវាយប្រហារ ដោយគ្រោះកាចនៃចានទាំង៧។ អ្នកដែលត្រឡប់មកផែនដីនេះ ជាមួយព្រះគ្រីស្ទ បន្ទាប់ពីគ្រោះកាច គឺជាអ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន និងបានសដូចជាព្រិល ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ នេះគឺជាមូលហេតុដែលយើងត្រូវតែត្រៀមសេចក្តីជំនឿរបស់យើងជាស្រេច ដោយការយល់ពីគ្រានេះ និងសារៈសំខាន់ និងការទាក់ទងចំាបាច់របស់វាសម្រាប់យើង។
ព្រះអម្ចាស់បានប្រាប់ទេវតានៃពួកជំនុំក្រុងស្មឺន៉ាថា «អញស្គាល់ សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្តីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង»។ ចេញពីបទគម្ពីរនេះ យើងអាចមើលឃើញថា ពួកជំនុំក្រុងស្មឺន៉ាត្រូវបានពួកយូដាបៀតបៀនយ៉ាង ខ្លាំង។ ប៉ុន្តែព្រះអម្ចាស់បានមានបន្ទូលថា ពួកយូដាទាំងនេះមិនមែនជាពួកយូដាពិតប្រាកដទេ ប៉ុន្តែជាវិហាររបស់សាតាំងវិញ។ ទ្រង់បានមានបន្ទូលដូច្នេះ មិនត្រឹមតែទៅកាន់ពួកជំនុំក្រុងស្មឺន៉ាប៉ុណ្ណោះទេ ប៉ុន្តែទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ីផងដែរ។ 
មានសហគមន៍សាសន៍យូដាដ៏ធំមួយនៅក្រុងស្មឺន៉ា ដែលគួរតែបានថ្វាយបង្គំព្រះតែមួយរបស់អ្នកជឿដល់ព្រះគ្រីស្ទដែរ។ ប៉ុន្តែពួកគេបានបៀតបៀនពួកបរិសុទ្ធនៃពួកជំនុំក្រុងស្មឺន៉ា ដូចដែលពួករ៉ូម៉ាំងបានធ្វើទៅ វិញ។ ព្រះបានមានបន្ទូលទៅកាន់ពួកបរិសុទ្ធ ដែលកំពុងតែប្រឈមនឹងការបៀតបៀននេះថា «ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង» និង «អ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ»។ ពួកគេបានប្រាប់ពួកបរិសុទ្ធថា ពួកគេត្រូវតែយកឈ្នះ។ ដូចគ្នាដែរ យើងក៏ត្រូវតែតយុទ្ធជាមួយពួក អាទទឹងនឹងព្រះគ្រីស្ទ រហូតដល់ចុងបញ្ចប់ និងយកឈ្នះលើវា នៅក្នុងការតយុទ្ធខាងសេចក្តីជំនឿរបស់យើង។ បន្ទាប់មក ព្រះអម្ចាស់របស់យើងនឹងប្រទានមកុដជីវិតដល់យើង។ នៅក្នុងន័យផ្សេង ទ្រង់នឹងប្រទានពរឲ្យយើងបានរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ដូច្នេះ តើអ្នកមានសេចក្តីក្លាហានក្នុងការប្រឈមនឹងទុក្ករកម្មដែរទេ? ឥឡូវនេះគឺជាពេលវេលាសម្រាប់អ្នក ដើម្បីត្រៀមសេចក្តីជំនឿនៃទុក្ករកម្មរបស់អ្នកហើយ។ ហើយដើម្បីធ្វើដូច្នេះ អ្នកត្រូវតែមានសេចក្តីជំនឿនៃ សេចក្តីប្រោសលោះ ដែលជួយឲ្យអ្នកអាចឈរនៅចំពោះព្រះបាន ដែលជាសេចក្តីជំនឿដែលអាចប្រឈមនឹងទុក្ករកម្មបាន ដោយឥតស្ទាក់ស្ទើរ។ 
ឥឡូវនេះ យើងត្រូវតែរក្សាសេចក្តីជំនឿនេះ។ ព្រះអម្ចាស់បានប្រាប់គ្រប់គ្នាថា គ្មានអ្នកណាម្នាក់អាចចូល ឬមើលឃើញនគរព្រះបានឡើយ បើសិនគាត់មិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់បានប្រាប់យើងថា សេចក្តីជំនឿតាមដំណឹងល្អនេះ គឺជាសេចក្តីជំនឿនៃ ទុក្ករកម្ម នៅថ្ងៃចុងក្រោយ។ 
ប្រសិនបើមានបាបនៅក្នុងចិត្តរបស់មនុស្ស តើពួកគេអាចប្រឈមនឹងទុក្ករកម្មបានយ៉ាងដូចម្តេច? ពួកគេមិនអាចប្រឈមនឹងទុក្ករកម្មបានទេ ហើយពួកគេនឹងដឹកនាំអ្នកដទៃឲ្យទទួលយកសញ្ញារបស់សត្វព្រៃវិញ! មានតែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលអាចលាងសម្អាតអំពើបាបរបស់យើងបាន។ ការអធិស្ឋានលន់តួតាមបែបសាសនា ដែលអ្នកថ្វាយជារៀងរាល់ថ្ងៃ ក៏មិនអាចលាងសម្អាតអំពើបាបរបស់អ្នកបាន ដែរ។ ដូច្នេះ ការព្យាយាមលាងសម្អាតអំពើបាបរបស់អ្នក ដោយការអធិស្ឋានលន់តួ គឺជាការចំណាយពេលវេលា និងកម្លាំងដោយឥតប្រយោជន៍។ 
អ្នកដែលព្យាយាមធ្វើដូច្នេះ ជឿលើអ្វីដែលពួកទេវវិទូបាននិយាយ ជាជាងលើអ្វីដែលព្រះបន្ទូលព្រះពិតជាប្រាប់ពួកគេ។ តើការពិតថា ពួកអ្នកប្រាជ្ញ ដែលជាមនុស្សដែលគ្រីស្ទបរិស័ទយ៉ាងច្រើនទុកចិត្ត ពន្យល់ និងជឿលើបដិសហស្សវត្សនិយម គ្រាន់តែបង្ហាញពីការមិនយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរទេឬ? យោងតាមពួកបដិសហស្សវត្សនិយមទាំងនេះ នឹងមិនមាននគររាជ្យមួយពាន់ឆ្នាំ ឬទុក្ករកម្មរបស់ពួកបរិសុទ្ធ នៅក្នុងគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំឡើយ។ ដូច្នេះ កណ្ឌគម្ពីរវិវរណៈមិនមានអត្ថន័យអ្វីទាំងអស់ សម្រាប់អ្នកដែលជឿតាមទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា ឬបដិសហស្សវត្សឡើយ! 
ព្រះបន្ទូលនៃការបើកសម្តែងគឺជាព្រះបន្ទូលព្រះ ដែលសាវកយ៉ូហានដែលជាសិស្សជាតីស្រឡាញ់របស់ព្រះគ្រីស្ទ បានកត់ទុក។
ខ្ញុំមិនកំពុងតែរិះគន់គោលលទ្ធិ និងទ្រឹស្តីរបស់ពួកទេវវិទូ ដោយឥតមូលហេតុទេ ប៉ុន្តែខ្ញុំធ្វើដូច្នេះ ដើម្បីត្រៀមសេចក្តីជំនឿរបស់អ្នក ដើម្បីឲ្យអ្នកអាចស្មោះត្រង់ចំពោះព្រះអម្ចាស់ រហូតដល់ស្លាប់បាន។ ខ្ញុំចង់ហ្វឹកហ្វឺនអ្នកនៅក្នុងព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដើម្បីឲ្យអ្នកនឹងត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមនឹងការបៀតបៀន និងការរងទុក្ខនៃសេចក្តីទុក្ខវេទនាដ៏ធំ ដោយចិត្តប្រុងប្រៀបជាស្រេច ដើម្បីប្រឈមនឹងទុក្ករកម្មរ។ 
ដើម្បីធ្វើដូច្នេះ ឥឡូវនេះ អ្នកត្រូវតែត្រៀមសេចក្តីជំនឿរបស់អ្នកជាស្រេច ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង អ្នកដែលមិនជឿតាមដំណឹងល្អនេះ នឹងចុះចាញ់ចំពោះសាតាំង និងត្រូវក្លាយជាខ្មាំងសត្រូវរបស់ព្រះ ពីព្រោះអ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងថ្វាយបង្គំសាតាំង។ នេះហើយគឺជាអ្វីដែលព្រះបន្ទូលព្រះប្រាប់យើង។ 
ព្រះនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើទុក្ករកម្ម នៅពាក់កណ្តាលពេលនៃទុក្ខវេទនាដ៏ធំ។ កាលបីឆ្នាំកន្លះដំបូងនៃទុក្ខវេទនាដ៏ធំរយៈពេល៧ឆ្នាំកន្លងផុតទៅ អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងធ្វើទុក្ករកម្ម។ ភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកគេ ពួកគេនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅក្នុងពពក។ នេះហើយគឺជាការសង្ខេបនៃកណ្ឌគម្ពីរវិវរណៈ ហើយនេះគឺជាមូលហេតុដែលខ្ញុំចំណុច គន្លឹះៗរបស់វាឡើងវិញម្តងទៀត។ 
អ្នកគួរតែចងចាំថា នៅពេលគ្រានៃពួកអាទទឹងនឹងព្រះគ្រីស្ទមកដល់ នឹងមានមនុស្សជាច្រើននឹងត្រូវបានរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅក្នុងពពកភ្លាមៗ បន្ទាប់ពីបានប្រឈមនឹងទុក្ករកម្មសម្រាប់សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលគ្រាសេះសម្បុរស្លាំងមកដល់ ផ្កានៃសេចក្តីជំនឿនឹងរីកជាមួយទុក្ករកម្មរបស់ពួកគេ។ កាលណាពេលវេលាកំណត់មកដល់ សេចក្តីជំនឿពិតប្រាកដបង្កើតផលផ្លែពិតប្រាកដ ហើយរីកជាមួយនឹងផ្កាដ៏ស្រស់ស្អាត។
នៅវាលរហោស្ថាន មានរុក្ខជាតិផ្សេងៗ ដែលដុះឡើង និងបង្កើតផលផ្លែ ក្នុងរយៈពេលមួយសប្តាហ៍ ពីព្រោះពួកវាស៊ាំទៅនឹងលក្ខខណ្ឌវាលរហោស្ថាន ដែលមិនងាយមានភ្លៀង និងទឹក។ ពួកវាត្រូវបានដុះឡើង និងបង្កើតផលផ្លែយ៉ាងលឿន ពីព្រោះការផ្គត់ផ្គង់ទឹកយូរម្តងៗមិនអាចមាន រយៈពេលយូរបានទេ។
ជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ក្នុង កំឡុងសេចក្តីទុក្ខវេទនាដ៏ធំរយៈពេល៧ឆ្នាំ គឺដូចជារុក្ខជាតិទាំងនេះ អញ្ចឹងដែរ។ រយៈពេលដ៏ខ្លីមួយនឹងគ្រប់គ្រាន់សម្រាប់អ្នកដែលជឿ ដើរតាម និងប្រឈមនឹងទុក្ករកម្មសម្រាប់ដំណឹងល្អនេះជាមួយយើង។ សេចក្តីខឹងសម្បាររបស់ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងឡើងដល់កំពូល នៅចំពេលនៃសេចក្តីទុក្ខវេទនាដ៏ធំ គឺបីឆ្នាំកន្លះចាប់ពីការចាប់ផ្តើមរបស់វា។ 
នេះគឺជាពេលដែលទុក្ករកម្មរបស់ពួកបរិសុទ្ធ នឹងកើតឡើង។ សូម្បីតែអស់អ្នកដែលបានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចហើយ តែមិនទាន់ទទួលយកដំណឹងល្អនេះដាក់នៅក្នុងចិត្តរបស់ពួកគេនៅឡើយ ក៏នៅតែអាចមានជំនឿត្រឹមត្រូវ និងចូលរួមជាមួយយើងនៅក្នុងទុក្ករកម្មរបស់យើងបានផងដែរ បើសិនពួកគេជឿតាមដំណឹងល្អនេះ ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំ គឺទោះបើពួកគេមានពេលវេលាតែបន្តិចបន្តួចក៏ដោយ។ នេះគឺជាមូលហេតុដែលយើងកំពុងតែប្រកាសដំណឹងល្អ ដើម្បីដាស់ គ្រីស្ទបរិស័ទទូទាំងពិភពលោកភ្ញាក់ពីដំណេកខាងវិញ្ញាណរបស់ពួកគេ។ យើងនឹងប្រកាសដំណឹងល្អនេះទៅកាន់ចុងបំបផុតនៃផែនដី រហូតដល់គ្រាទុក្ករកម្មរបស់យើង។ បើសិននឹងមិនមានទុក្ករកម្មទេ ដំណឹងល្អនេះក៏នឹងជាឥតប្រយោជន៍អ្វីដែរ។ អស់អ្នកដែលជឿតាមដំណឹងល្អនេះ នឹងអាចធ្វើទុក្ករកម្ម នៅថ្ងៃចុងក្រោយ។ ដូច្នេះ យើងត្រូវតែត្រៀមជំនឿរបស់យើង នៅពេលឥឡូវនេះ។
ប្រសិនបើឥឡូវនេះ យើងមិនត្រៀមសេចក្តីជំនឿរបស់យើង សម្រាប់ប្រឈមនឹងទុក្ករកម្ម ដើម្បីការពារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ យើងនឹងស្តាយក្រោយហើយ នៅពេលយើងមានសេចក្តីសុខសាន្តនៅចំពោះព្រះ។ កាលណាថ្ងៃចុងក្រោយមកដល់ យើងនឹងរវល់ជាមួយខ្លួនឯង ហើយនិយាយថា «ព្រះអម្ចាស់ ឥឡូវនេះ ទូលបង្គំរវល់ខ្លាំងណាស់។ ឥឡូវនេះ សូមរង់ចាំទូលបង្គំបន្តិចសិន ពីព្រោះទូលបង្គំកំពុងតែប្រែចិត្ត»។ បើសិននេះគឺជាសេចក្តីជំនឿ ដែលយើងប្រកាន់ខ្ជាប់ រហូតដល់ចុងបញ្ចប់ ព្រះអម្ចាស់នឹងប្រាប់យើងថា «ហេតុអ្វីឯងមិនលោតទៅក្នុងបឹងភ្លើង ដោយខ្លួនឯង? ឯងហួសពីអាចធ្វើដូច្នេះបាន!»។ ដូច្នេះ ឥឡូវនេះ អ្នកដែលមានបាប ត្រូវតែដឹងថា ពួកគេនឹងត្រូវបញ្ចប់ដូច្នេះ។ ដូច្នេះហើយបានជាព្រះមានបន្ទូលថា «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ»។ 
នៅគ្រាដែលពួកបរិសុទ្ធត្រូវប្រឈមនឹងទុក្ករកម្ម បរិស្ថានធម្មជាតិនៃលោកិយនេះនឹងត្រូវបំផ្លាញទាំងស្រុងតែម្តង។ ព្រៃឈើនឹងត្រូវឆេះខ្ទេច សមុទ្រ ទន្លេ និងរន្ធទឹកនឹងប្រែទៅជាឈាមស្អុយរលួយ ហើយព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយនឹងបាត់បង់ពន្លឺរបស់ខ្លួន ដែលនឹងធ្វើឲ្យផែនដីនេះ ងងឹង។ ហើយដោយបានគ្រប់គ្រងដោយពួកវិញ្ញាណអាក្រក់ មនុស្សទាំងអស់នៅលើផែនដីនេះនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយអត្តចរិតរបស់ពួកគេនឹងប្រែទៅជាកាចសាហាវ ហើយគោលដៅតែមួយរបស់ពួកគេ គឺត្រូវប្រមូលផ្តុំគ្នា ដើម្បីសម្លាប់កូនទាំងអស់របស់ព្រះ ដែលពួកគេអាចរកឃើញ។ នេះគឺជាមូលហេតុដែលអ្នកត្រូវតែយល់ និងជឿតាមព្រះបន្ទូលនៃការបើកសម្តែង។
ពួកជំនុំសព្វថ្ងៃនេះ ខ្វល់ខ្វាយតែពីការសាងសង់អាគារព្រះវិហារធំទូលាយ និងខ្ពស់ប៉ុណ្ណោះ។ ពួកគេចំណាយប្រាក់រាប់លានដុល្លារ ដើម្បីសាងសង់អាគារព្រះវិហាររបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ មានតែបាបប៉ុណ្ណោះ មិនមានសេចក្តីជំនឿដែលអាចប្រឈមនឹងទុក្ករកម្មសម្រាប់ព្រះគ្រីស្ទឡើយ។ ដូច្នេះ ជាដំបូង ពួកគេត្រូវតែទទួលបានការលាងសម្អាតអំពើបាបរបស់ខ្លួនជាមុនសិន។ 
នៅក្នុងពេលដ៏ឆាប់ លោកិយនេះនឹងឈានទៅដល់គ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ ដែលជាគ្រាសេះសម្បុរស្លាំង។ ដូច្នេះ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកនឹងមានសេចក្តីជំនឿ ដែលអាចប្រឈមនឹងទុក្ករកម្មបាន ហើយនៅតែស្មោះត្រង់ចំពោះព្រះគ្រីស្ទ រហូតដល់ស្លាប់។ យើងត្រូវតែជឿតាមព្រះបន្ទូលនៃការបើកសម្តែង បន្ទាប់ពីបានប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវ ឬមិនត្រូវផង។