Search

Preken

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-2] អ្នកដែលមិនបានធ្វើឲ្យ សំលៀកបំពាក់សខ្លួនស្មោកគ្រោក (វិវរណៈ ៣:១-៦)

អ្នកដែលមិនបានធ្វើឲ្យ សំលៀកបំពាក់សខ្លួនស្មោកគ្រោក
(វិវរណៈ ៣:១-៦)

បទគម្ពីរនៅទីនេះ និយាយថា «ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ»។ ការដើរជាមួយ «សំលៀកបំពាក់ស» មានន័យថា ពួកគេបានការពារសេចក្តីជំនឿរបស់ពួកគេនៅក្នុងសេចក្តីសុចរិតរបស់ព្រះ។ 
ទ្រង់គង់ជាមួយអស់អ្នកដែលរក្សាសេចក្តីបរិសុទ្ធនៃជំនឿរបស់ពួកគេ ហើយទ្រង់មិនដែលចាកចោលពួកគេឡើយ ប៉ុន្តែទ្រង់តែងតែគង់នៅជាមួយ និងប្រទានពរដល់ពួកគេជានិច្ច។
មានមនុស្សសុចរិតនៅលើផែនដីនេះ ដែលដើរជាមួយព្រះវិញ្ញាណ បរិសុទ្ធ។ ហើយព្រះបានកត់ឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីជីវិត ហើយបានអនុញ្ញាតឲ្យពួកគេទទួលបានជីវិតអស់កល្បជានិច្ចតទៅ។ តាមរយៈការបំពាក់សំលៀកបំពាក់សដល់មនុស្សសុចរិត និងការគង់នៅជាមួយពួកគេ ព្រះបានធ្វើឲ្យពួកគេតែងតែអាចយកឈ្នះលើសាតាំង នៅក្នុងការ តយុទ្ធរបស់ពួកគេជាមួយវាជានិច្ច។ 
 
 
ចូរធ្វើជាអ្នកដែលយកឈ្នះលើសាតាំង

ដើម្បីធ្វើជាអ្នកដែលឈ្នះលើសាតាំងបាន ជាដំបូង យើងត្រូវតែជឿតាមព្រះបន្ទូលអំពីសេចក្តីប្រោសលោះ ដែលព្រះអម្ចាស់បានប្រទានឲ្យយើង។ ដូច្នេះ ចូរយើងបែរទៅឯព្រះបន្ទូល ហើយមើលពីរបៀបដែលព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ចូរយើងចាប់ផ្តើម ដោយមើលទៅលើ លូកា ១០:២៥-៣៥។ «នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច អ្នកនោះទូលថា [ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ] ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ ព្រះយេស៊ូវមានព្រះបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពី ក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ ជួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក។»
នៅក្នុងបទគម្ពីរនេះ យើងមើលឃើញមានតួអង្គពីរនាក់៖ ព្រះយេស៊ូវ និងអ្នកប្រាជ្ញច្បាប់។ ដើម្បីអួតពីភាពស្មោះត្រង់របស់គាត់ចំពោះក្រិត្យ វិន័យ អ្នកប្រាជ្ញាច្បាប់បានសួរព្រះយេស៊ូវថា «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?»។ តើអ្នកមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចចំពោះសំណួរនេះ?
តាមរយៈសំណួរនេះ អ្នកប្រាជ្ញច្បាប់បានគិតយ៉ាងខុសថា គាត់អាចគោរពតាមក្រិត្យវិន័យ ដោយការស្តាប់បង្គាប់វាតាមន័យត្រង់បាន។ ប៉ុន្តែព្រះបានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់មនុស្សជាតិ ដើម្បីឲ្យមនុស្សជាតិអាចស្គាល់ពីបាបនៅក្នុងចិត្តរបស់ខ្លួន។ ក្រិត្យវិន័យរបស់ព្រះនិយាយអំពី និងបើកបង្ហាញអំពើបាប ដែលមានមូលដ្ឋានគ្រឹះនៅក្នុងចិត្តរបស់ មនុស្ស។ នៅក្នុងចិត្តរបស់ពួកគេមាន គំនិតអាក្រក់ គំនិតអសីលធម៌ គំនិតកាប់សម្លាប់ គំនិតលួច គំនិតនិយាយកុហក គំនិតឆ្កួតលីលា...។ល។ ដូច្នេះ ដើម្បីបង្ហាញពីបាបនៅក្នុងចិត្តរបស់អ្នកប្រាជ្ញ ព្រះអម្ចាស់របស់យើងបានសួរត្រឡប់ទៅគាត់វិញថា «ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ? តើអ្នកមើលយល់ដូចម្តេច?»។
ព្រះអម្ចាស់របស់យើងចង់ឲ្យអ្នកប្រាជ្ញច្បាប់មើលឃើញវត្តមាននៃបាបនៅក្នុងចិត្តរបស់គាត់។ ប៉ុន្តែតាមរយៈការសួរព្រះយេស៊ូវថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» អ្នកប្រាជ្ញច្បាប់បានអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់គាត់ទៅវិញ។ ចេញពីពាក្យសម្តីរបស់គាត់ យើងអាចមើលឃើញពីអ្វីដែលគាត់បានគិត៖ «កន្លងមក ខ្ញុំបានគោរពតាមក្រិត្យវិន័យបានយ៉ាងល្អ ហើយខ្ញុំប្រាកដថា ខ្ញុំនៅតែគោរពតាម រហូតដល់ខ្ញុំស្លាប់»។ 
ប៉ុន្តែយើងត្រូវតែដឹងថា ក្រិត្យវិន័យដែលព្រះបានប្រទានឲ្យ គឺមានតែព្រះមួយអង្គប៉ុណ្ណោះ ដែលអាចគោរពតាមបាន និងថា គ្មានអ្នកណាផ្សេង សូម្បីតែម្នាក់ផង ក៏មិនអាចគោរពតាមក្រិត្យវិន័យរបស់ទ្រង់បានទាំងស្រុងបានដែរ។ ដូច្នេះ សម្រាប់មនុស្សម្នាក់ដែលព្យាយាមគោរពតាមក្រិត្យវិន័យរបស់ព្រះ គឺគ្រាន់តែបង្ហាញពីភាពចំកួត និងភាពល្ងង់ខ្លៅរបស់ខ្លួននៅចំពោះព្រះប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា យើងគឺជាមនុស្សមានបាប ដែលមិនអាចគោរពតាមក្រិត្យវិន័យរបស់ព្រះបានឡើយ។
សម្រាប់យើងទាំងអស់គ្នា របៀបដែលយើងអានព្រះបន្ទូលព្រះ គឺមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលយើងអានព្រះបន្ទូលព្រះ យើងត្រូវតែអាន ដោយការស្គាល់ពីគោលបំណងដែលព្រះមានសម្រាប់យើង។ បើសិនយើងអានព្រះគម្ពីរ ដោយមិនមានការយល់ដឹងអំពីគោលបំណងរបស់ព្រះទេ សេចក្តីជំនឿរបស់យើងនឹងហូរបញ្ច្រាសទិសជាមួយបំណងព្រះហឫទ័យទ្រង់ហើយ។ ហេតុនេះហើយបានជាមាននិកាយយ៉ាងច្រើន ហើយជារឿយៗ អ្នកដែលមានសេចក្តីជំនឿរួបរួមជាមួយព្រះ ត្រូវបានគេ បដិសេធ។ 
នៅពេលអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អានព្រះគម្ពីរ ពួកគេអាចយល់យ៉ាងច្បាស់លាស់អំពីអ្វីដែលជាគោលបំណងរបស់ព្រះ។ ប៉ុន្តែនៅពេលមនុស្សអានព្រះគម្ពីរ ដោយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យទេ ពួកគេមានតែការយល់ខុសយ៉ាងខ្លាំង ហើយពួកគេមិនអាចមានជំនឿត្រឹមត្រូវតាមព្រះគម្ពីរបានទេ ទោះបើពួកគេព្យាយាមសិក្សាព្រះគម្ពីរខ្លាំងយ៉ាងណាក៏ដោយ។ 
 

តើក្រិត្យវិន័យនិយាយយ៉ាងដូចម្តេច?

យើងបន្តជាមួយបទគម្ពីរចេញពីកណ្ឌលូកា៖ «ទ្រង់មានព្រះបន្ទូលឆ្លើយថា ក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះ តើអ្នកមើលយល់ដូចម្តេច អ្នកនោះទូលថា [ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ]»។
រ៉ូម ៣:២០ និយាយថា «ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ»។ ព្រះគម្ពីរក៏ប្រាប់យើងថា «តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសាវិញ» (កាឡាទី ៣:១០)។ 
ក្រិត្យវិន័យមិនគ្រាន់តែធ្វើឲ្យយើងដែលបានកើតមកជាមនុស្សមានបាបប៉ុណ្ណោះទេ ប៉ុន្តែក៏បើកសម្តែងពីទង្វើខុសរបស់យើងផងដែរ។ ដូច្នេះហើយបានជា «អស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសា»។
មនុស្សមួយចំនួននិយាយថា មនុស្សអាចចូលទៅក្នុងស្ថានសួគ៌បាន បើសិនជឿលើព្រះ និងគោរពតាមក្រិត្យវិន័យបានល្អ និងថា មនុស្សត្រូវតែខិតខំគោរពតាមក្រិត្យវិន័យ។ ដូច្នេះ មនុស្សទាំងនេះ ទោះបើពួកគេជឿលើព្រះយេស៊ូវហើយក៏ដោយ ក៏ពួកគេចំណាយពេលមួយជីវិតរបស់ពួកគេ ដើម្បីព្យាយាមគោរពតាមក្រិត្យវិន័យ។ ប៉ុន្តែតាមការពិត ពួកគេស្ថិតនៅក្រោមបណ្តាសាក្រិត្យវិន័យ។ អស់អ្នកដែលមិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ ក៏មិនអាចគេចចេញពីព្រំដែននៃសេចក្តីជំនឿ ដែលខិតខំគោរពតាមក្រិត្យវិន័យដោយឥតប្រយោជន៍ដែរ។ ពួកគេអាចជឿលើព្រះយេស៊ូវ ប៉ុន្តែពួកគេនៅតែជាមនុស្សមានបាបនៅចំពោះព្រះដដែល ហើយមនុស្សមានបាបនៅចំពោះព្រះ ត្រូវតែប្រឈមនឹងការជំនុំជម្រះដ៏គួរតឲ្យខ្លាច។ ដូច្នេះហើយបានជាព្រះយេស៊ូវ ដែលជាព្រះ បានយាងមកឯយើង ក្នុងនាមជាព្រះអង្គសង្រ្គោះ និងបានធ្វើជាព្រះអង្គប្រោសលោះសម្រាប់មនុស្សមានបាប។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានដោះស្រាយជាមួយអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។ 
តើអ្នកដឹងទេថា បុណ្យជ្រមុជគឺជាសញ្ញានៃសេចក្តីសង្រ្គោះ ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើង? បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជារបៀបតែមួយគត់ ដែលព្រះបានបង្កើតឡើង ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង។ 
ព្រះគម្ពីរប្រាប់យើងនៅក្នុង ម៉ាថាយ ៣:១៥ ថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ ពាក្យថា «ត្បិតគួរឲ្យ» នៅក្នុងភាសាដើម មានន័យថា «ត្រឹមត្រូវបំផុត» ឬ «សាកសមបំផុត»។ នៅក្នុងន័យផ្សេង វាត្រឹមត្រូវ និងសាកសមបំផុត ដែលព្រះយេស៊ូវទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន។ សរុបមក បុណ្យជ្រមុជរបស់ព្រះយេស៊ូវបានដោះស្រាយអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង។ ដូច្នេះ កាលណាមនុស្សស្គាល់ សេចក្តីពិតដាច់ខាតនេះ និងតយុទ្ធជាមួយសេចក្តីកុហក ព្រះរាប់ពួកគេជាអ្នកដែលយកឈ្នះ។ 
 

តើអ្នកដែលបានកើតជាថ្មី ត្រូវតែតយុទ្ធជាមួយអ្នកណា?

អ្នកដែលបានកើតជាថ្មី ត្រូវតែតយុទ្ធជាមួយ និងយកឈ្នះលើពួក ក្រិត្យវិន័យនិយម។ តាមបែបសាសនា ពួកអ្នកដឹកនាំខាងក្រិត្យវិន័យមានអាកប្បករិយាល្អ ប៉ុន្តែពីជម្រៅខាងក្នុងវិញ ពួកគេគឺជាអ្នកប្រឆាំងនឹងព្រះ។ ពួកគេហាក់ដូចជាមានគុណធម៌ ប៉ុន្តែពាក្យសម្តីរបស់ពួកគេគឺជាពាក្យ សម្តីរបស់សាតាំង ដែលរក្សាអ្នកដើរតាមរបស់ពួកគេឲ្យនៅក្រោម បណ្តាសានៃបាប។ ដូច្នេះហើយបានជាពួកបរិសុទ្ធត្រូវតែតយុទ្ធជាមួយ និងយកឈ្នះលើពួកអ្នកសាសនានិយមទាំងនេះ។ 
ពួកអ្នកសាសនានិយមអះអាងថា សេចក្តីសង្រ្គោះកើតឡើង តាម រយៈការជឿលើព្រះយេស៊ូវ ប៉ុន្តែពួកគេក៏អះអាងផងដែរថា មនុស្សអាចចូលទៅក្នុងស្ថានសួគ៌បាន កាលណាពួកគេមានជីវិតប្រកបដោយគុណធម៌នៅចំពោះក្រិត្យវិន័យ។ តើសេចក្តីជំនឿបែបនេះអាចនាំមនុស្សទៅដល់សេចក្តីសង្រ្គោះដែរឬទេ? ពិតជាមិនអាចឡើយ!
រឿងប្រៀបប្រដូចមួយ ដែលលើកទឹកចិត្តពួកអ្នកក្រិត្យវិន័យនិយម និងយើង ដែលមានដំណើរថា៖ មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពី ក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ ជួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត។ តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា «ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក»។ 
តើក្នុងចំណោមអ្នកទាំងបីនាក់នេះ អ្នកណាគឺជាមនុស្សល្អ? ពិតជាសាសន៍សាម៉ារីហើយ។ សាសន៍សាម៉ារីនេះសំដៅទៅលើព្រះយេស៊ូវ។ អ្វីដែលបានសង្រ្គោះមនុស្សមានបាបដូចជាពួកយើង មិនមែនជាក្រិត្យវិន័យរបស់ព្រះ មិនមែនជាគ្រូខាងក្រិត្យវិន័យ អ្នកដឹកនាំ កម្លាំងផ្ទាល់ខ្លួនយើង ការខិតខំ ឬការអធិស្ឋានលន់តួឡើយ។ ព្រះអង្គសង្រ្គោះដ៏ពិតគឺជាព្រះយេស៊ូវតែមួយអង្គគត់ ដែលបានយាងមកផែនដីនេះ ដើម្បីលាងសម្អាតអំពើបាបរបស់យើង (ម៉ាថាយ ៣:១៥)។ ព្រះយេស៊ូវបាន «ត្បិតគួរឲ្យ (ម៉ាថាយ ៣:១៥) សង្រ្គោះមនុស្សមានបាបទាំងអស់។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងគឺជាសញ្ញានៃសេចក្តីសង្រ្គោះរបស់មនុស្សមានបាប (១ពេត្រុស ៣:២១)។ មនុស្សមានបាប ទាំងអស់នៅក្នុងលោកិយនេះត្រូវបានសង្រ្គោះ ដោយសារបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។ ដូច្នេះ អ្នកដែលជឿ និងទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងជាសេចក្តីសង្រ្គោះរបស់ខ្លួន បានសង្រ្គោះយ៉ាងពេញលេញចេញពីអំពើបាបទាំងអស់របស់ខ្លួនហើយ។ 
ព្រះយេស៊ូវបានប្រទានកម្លាំងដល់យើង ដើម្បីតយុទ្ធ និងយកឈ្នះលើគោលលទ្ធិខុសឆ្គងនៃសេចក្តីមិនពិត។ នៅពេលមនុស្សអះអាងថា «យើងជឿលើព្រះយេស៊ូវ ប៉ុន្តែបើសិនអ្នករក្សាតាមក្រិត្យវិន័យរបស់ព្រះ ហើយការប្រព្រឹត្តរបស់អ្នកល្អ នោះអ្នកនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក» ពួកគេកំពុងតែបង្ហាញពីភាពមានះ និងការផ្សព្វផ្សាយសេចក្តីកំហុករបស់ពួកគេតែប៉ុណ្ណោះ។ បើសិនអ្នកបន្ថែម ឬដកអ្វីមួយចេញពីសេចក្តីពិតនៃសេចក្តីសង្រ្គោះរបស់យើង ដោយសារព្រះយេស៊ូវ នោះវាលែងជាសេចក្តីពិតទៀតហើយ។ ដូច្នេះ ព្រះយេស៊ូវបានប្រទានកម្លាំងដល់យើង ដើម្បីតយុទ្ធ និងយកឈ្នះលើគោលលទ្ធិខុសឆ្គងនៃ សេចក្តីមិនពិតបែបនេះ។
អ្នកដឹកនាំនិយមក្រិត្យវិន័យនៅសព្វថ្ងៃនេះ និយាយទៅកាន់អ្នកដើរតាមរបស់ខ្លួនយ៉ាងខ្លាំង ធ្វើដូចជាពួកគេគោរពតាក្រិត្យវិន័យបានយ៉ាងល្អអញ្ចឹង។ ប៉ុន្តែជារឿយៗ យើងមើលឃើញថា ពួកគេមិនអាចធ្វើតាមពាក្យសម្តីរបស់ខ្លួនបានទេ នៅពេលពួកគេប្រឈមនឹងស្ថានភាពលំបាក ហើយពួកគេត្រូវតែគោរពតាមអ្វីដែលក្រិត្យវិន័យតម្រូវពួកគេ។ ពួកគេដឹងខ្លួនថា ពួកគេចង់ធ្វើល្អនៅក្នុងចិត្តរបស់ពួកគេ ប៉ុន្តែពួកគេមិនអាចធ្វើវាបានឡើយ ដោយសារតែភាពខ្សោយខាងសាច់ឈាមរបស់ពួកគេ។ ដោយការលាក់បាំងភាពខ្សោយរបស់ខ្លួន និងគ្របដណ្តប់ខ្លួនដោយរបៀបសាសនា ពួកគេបោកបញ្ឆោតអ្នកដទៃ និងទាញពួកគេឲ្យទទួលបន្ទុកដូចគ្នាដែរ។
ដូចដែលសង្ឃ និងពួកលេវីបានធ្វើនៅក្នុងបទគម្ពីរខាងលើ អ្នកក្រិត្យវិន័យនិយមនៅសព្វថ្ងៃនេះក៏អនុវត្តស្តង់ដាពីរ ដោយដើរហួសទៅម្ខាង កាលណាការប្តេជ្ញារបស់ពួកគេតម្រូវឲ្យមានការលះបង់របស់ពួកគេ។ នេះគឺជាភាពគ្មានកម្លាំងរបស់មនុស្សនៅចំពោះក្រិត្យវិន័យរបស់ព្រះ។ មនុស្សលាក់បាំងភាពគ្មានកម្លាំងនេះ ដោយការគ្របដណ្តប់ខ្លួនទៅក្នុងសំលៀកបំពាក់ស្អាត ដែលហៅថា សាសនា។ ប៉ុន្តែអស់អ្នកដែលលាក់ខ្លួនពីព្រះអម្ចាស់ មិនអាចបានសង្រ្គោះឡើយ។ មានតែអ្នកដែលទទួលស្គាល់ភាពមានបាបរបស់ខ្លួន ដោយការបើកសម្តែងខ្លួនពិតប្រាកដ តាមខ្នាតគំរូនៃ ក្រិត្យវិន័យប៉ុណ្ណោះ ទើបបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបាន តាមរយៈព្រះបន្ទូលនៃសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។ 
មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលមិនរំលងហួសពីមនុស្សមានបាបដែលកំពុងតែស្លាប់ ហើយមានតែទ្រង់ប៉ុណ្ណោះ ដែលសង្រ្គោះពួកគេ ដោយការស្វែងរក និងការជួបជាមួយពួកគេ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ ហើយទ្រង់បានសង្រ្គោះមនុស្សមានបាប ដែលកំពុងតែស្លាប់ចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយការសងថ្លៃឈ្នួលរបស់ពួកគេ ដោយយញ្ញបូជានៃរូបកាយរបស់ទ្រង់ផ្ទាល់។ នេះហើយគឺជារបៀបដែលព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះសម្រាប់មនុស្សមានបាបទាំងអស់។
 

អ្នកដែលឈ្នះ នឹងបានស្លៀកសំលៀកបំពាក់ស

បទគម្ពីរខាងលើនេះ ប្រាប់យើងថា អ្នកដែលឈ្នះ នឹងបានស្លៀក សំលៀកបំពាក់ស។ នេះមានន័យថា យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកអ្នកកុហកនៅក្នុងពិភពគ្រីស្ទបរិស័ទ។ សូម្បីតែវេលាដែលយើងកំពុងតែនិយាយនេះ ពួកអ្នកកុហកទាំងនេះកំពុងតែបង្រៀនមនុស្សឲ្យជឿលើព្រះយេស៊ូវ និងរស់នៅក្នុងសេចក្តីល្អ។ ការរស់នៅក្នុងសេចក្តីល្អពិតជាការល្អត្រឹមត្រូវហើយ។ ប៉ុន្តែតាមនិស្ស័យ ចិត្តរបស់មនុស្សពោរពេញទៅដោយការអាក្រក់គ្រប់ប្រភេទ ចាប់ពីការកាប់សម្លាប់ទៅដល់ការកំផិត ការលួចប្លន់ និងការច្រណែន។ ដូច្នេះ ការបង្រៀនមនុស្សឲ្យរស់នៅក្នុង សេចក្តីល្អគឺដូចជារារាំងពួកគេឲ្យដើរតាមសាសនា និងដឹកនាំពួកគេទៅឯសេចក្តីស្លាប់អញ្ចឹង ទោះបើការរស់នៅសេចក្តីល្អគឺជាការល្អក៏ដោយ។ ការប្រាប់មនុស្សដែលមានអំពើបាបជន់ដល់បំពង់ក ឲ្យ «រស់នៅក្នុងសេចក្តីល្អ» គឺជាការជំរុញឲ្យពួកគេកាត់ទោសខ្លួនឯងអញ្ចឹង។ 
ដូច្នេះ អ្វីដែលពួកគេពិតជាត្រូវការ គឺយើងជួយឲ្យពួកគេបានរួចពីអំពើបាបទាំងអស់របស់ពួកគេ ដោយការបង្រៀនពួកគេអំពីសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណ ដែលអាចសង្រ្គោះពួកគេចេញពីអំពើបាប។ នេះគឺជាមេរៀនត្រឹមត្រូវ ដែលផ្តល់ការដាស់តឿនឲ្យរស់នៅក្នុងជីវិតនៃសេចក្តីល្អនៅក្នុងព្រះ។ នៅក្នុងន័យផ្សេង អាទិភាពបន្ទាន់បំផុតសម្រាប់អ្នកដែលឈរនៅខាងក្រៅព្រះគ្រីស្ទ ក្នុងនាមជាមនុស្សមានបាប គឺត្រូវធ្វើឲ្យពួកគេបានរាប់ជាសុចរិត ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកគេជាមុនសិន។
 

ជំនឿគ្រីស្ទបរិស័ទធ្លាក់ចុះទៅជាសាសនារបស់លោកិយ

យើងមិនត្រូវចាញ់បញ្ឆោតសាសនារបស់លោកិយឡើយ។ កាលណាយើងតយុទ្ធ និងយកឈ្នះលើសាសនារបស់លោកិយ ដែលផ្សាយ សេចក្តីកុហក យើងអាចចូលទៅស្ថានសួគ៌បាន។ ដោយសារយើងមិនអាចរក្សាតាមក្រិត្យវិន័យរបស់ព្រះបាន យើងត្រូវការព្រះគុណនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវបានប្រទានដល់យើង ហើយមានតែជឿលើព្រះគុណនេះប៉ុណ្ណោះ ទើបយើងអាចជួបជាមួយព្រះអម្ចាស់បាន។ 
ប៉ុន្តែមនុស្សជាច្រើននៅក្នុងជំនឿគ្រីស្ទបរិស័ទ ត្រូវបានអ្នកដែលផ្សាយសេចក្តីកុហក បោកបញ្ឆោត និងទាញទម្លាក់ទៅក្នុងស្ថាននរក ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ។ ពួកគេចាញ់បោកគំនិតលួងលោមថា មនុស្សអាចធ្វើល្អ និងត្រូវតែល្អ។ ប៉ុន្តែដោយសារយើងបានកើតមកជាមួយបាប យើងមិនអាចបានល្អបានឡើយ ទោះបើយើងព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ ដូច្នេះ យើងអាចបានសង្រ្គោះបាន ដោយសារតែការជឿតាមដំណឹងល្អនៃសេចក្តីពិតថា ព្រះយេស៊ូវបានសង្រ្គោះយើង តាម រយៈទឹក និងព្រះវិញ្ញាណរបស់ទ្រង់តែប៉ុណ្ណោះ។ យើងអាចមានជីវិតថ្មីមួយបាន លុះត្រាតែយើងទទួលស្គាល់ថា យើងបានត្រឡប់ជាឥតបាប ដោយសារការជឿតាមសេចក្តីពិតនេះ។ 
ពួកផារ៉ាស៊ីនៅក្នុងព្រះគម្ពីរ និងគ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះ ដែលមិនបានស្អាតពីអំពើបាបរបស់ខ្លួន ដោយសារមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាបុគ្គលដែលមានជំនឿខុសឆ្គងដូចតែគ្នា។ ពួកផារ៉ាស៊ីបានជឿលើព្រះ ការរស់ពីស្លាប់ឡើងវិញនៃព្រលឹង និងជីវិតបន្ទាប់ពីស្លាប់ ដូចដែលមានកត់ទុកនៅក្នុងបទគម្ពីរ។ ប៉ុន្តែពួកគេមិនជឿ និងទទួលយកព្រះយេស៊ូវជាព្រះមែស៊ីរបស់ពួកគេឡើយ។ លើសពីនេះ ពួកគេបានជាន់ឈ្លី និងព្រងើយន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះ គ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងថែមទៀតផង។ 
នៅសព្វថ្ងៃនេះ មានគ្រីស្ទបរិស័ទជាច្រើន ដែលដូចជាពួកផារ៉ាស៊ីទាំងនេះដែរ។ ពួកគេមានទំនោរផ្តល់ការទទួលស្គាល់ចំពោះគោលលទ្ធិ គ្រីស្ទបរិស័ទ ខ្លាំងជាងព្រះគម្ពីរផ្ទាល់។ ដូច្នេះហើយបានជានៅសព្វថ្ងៃនេះ មានការរីករាលដាលនៃសេចក្តីបង្រៀនខុសឆ្គងច្រើនរាប់មិនអស់។ នៅក្នុង ទីតុស ៣:១០-១១ ព្រះប្រាប់យើងអំពីបុគ្គលដែលមានជំនឿខុសឆ្គងថា «ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាប ព្រមទាំងកាត់ទោសខ្លួនឯងគេផង»។ អ្នកដែលដើរតាមសេចក្តីបង្រៀនខុសឆ្គងទុកចិត្ត ជឿ និងដើរតាមអ្នកដឹកនាំសាសនារបស់ខ្លួន ជាជាងព្រះគម្ពីរ ហើយជាលទ្ធផល ពួកគេទាំងអស់នឹងត្រូវវិនាស។
ពីមុនមកដល់ពេលនេះ មានការរីករាលដាលនៃពួកហោរាខុសឆ្កងជាច្រើននៅក្នុងលោកិយនេះ។ តាមរយៈព្រះបន្ទូលនៅក្នុងបទគម្ពីរខាងដើម ព្រះបានប្រាប់យើងថា គ្រប់គ្នាត្រូវតែតយុទ្ធ និងយកឈ្នះលើពួកហោរាខុសឆ្គងទាំងនេះ។ ហើយទ្រង់ក៏បានមានបន្ទូលថា មានតែអ្នកដែលឈ្នះប៉ុណ្ណោះ ដែលនឹងបានស្លៀកសំលៀកបំពាក់នៃសេចក្តីសុចរិត។
នៅក្នុង លូកា ១៨ មាន «រឿងប្រៀបប្រដូចអំពីពួកផារ៉ាស៊ី និងអ្នកទារពន្ធ»។ ជនផារ៉ាស៊ីម្នាក់បានទៅឯព្រះវិហារ និងលើកដៃអធិស្ឋានដោយអំណួតថា «ព្រះជាម្ចាស់ ទូលបង្គំអធិស្ឋានតមពីរដងក្នុងមួយ សប្តាហ៍ ហើយទូលបង្គំថ្វាយតង្វាយមួយភាគដប់ពីគ្រប់ទាំងអស់ដែលទូលបង្គំរកបាន»។ ផ្ទុយទៅវិញ អ្នកទារពន្ធមិនអាចងើបមុខបានទេ នៅពេលគាត់អធិស្ឋានថា «ព្រះជាម្ចាស់ ទូលបង្គំមិនអាចធ្វើអ្វីដែលគាត់ធ្វើបានឡើយ។ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ដែលមានកំហុសយ៉ាងច្រើន ហើយមិនអាចអធិស្ឋានតមពីរដងក្នុងសប្តាហ៍ និងថ្វាយតង្វាយមួយភាគដប់បានឡើយ។ លើសពីនេះ ទូលបង្គំបានបោកប្រោសអ្នកដទៃ បានលួចពីពួកគេ និងបានប្រព្រឹត្តការអាក្រក់យ៉ាងច្រើន។ ទូលបង្គំគឺជាមនុស្សឥតតម្លៃម្នាក់។ ដូច្នេះ សូមប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំផង។ សូមជួយសង្រ្គោះទូលបង្គំផង»។ 
ព្រះគម្ពីរប្រាប់យើងថា មិនមែនពួកផារ៉ាស៊ីទេ តែអ្នកទារពន្ធត្រូវបានរាប់ជាសុចរិត ដោយសារព្រះ។ សំណួរសួរថា «តើអ្នកណាអាចទទួលបានការអត់ទោសបាប?»។ គ្មានអ្នកណាក្រៅពីអ្នកដែលស្គាល់ពីកំហុសរបស់ខ្លួននោះឡើយ។ អ្នកដែលដឹងថា ខ្លួនគឺជាមនុស្សមានបាប ហើយព្រលឹងរបស់ខ្លួននឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក អនុវត្តក្រិត្យវិន័យ និងការជំនុំជម្រះដ៏សុចរិតរបស់ព្រះ។ ហើយពួកគេគឺជាអ្នកដែលទទួលបានសេចក្តីសង្រ្គោះនៃសេចក្តីប្រោសលោះពីព្រះយេស៊ូវ។
ម៉ាថាយ ៣:១៥ កត់ត្រាពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល មុនពេលទ្រង់ទទួលបុណ្យជ្រមុជ។ «ដ្បិតគួរឲ្យ» នៅក្នុងខនេះ មានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជារៀបត្រឹមត្រូវបំផុត ក្នុងការសង្រ្គោះមនុស្សមានបាប គឺជាការសង្រ្គោះពួកគេ ដោយការដោះអំពើបាបរបស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលផ្ទេរអំពើបាបទាំងអស់ទៅលើទ្រង់។ 
តើអ្នកជឿលើការពិតថា «ដ្បិតគួរឲ្យ» បានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នកដែរទេ? ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់អ្នកដាក់លើអង្គទ្រង់ នៅពេល «ដ្បិតគួរឲ្យ» ទ្រង់ទទួលបុណ្យជ្រមុជ។ បន្ទាប់មក ទ្រង់បាននាំអំពើបាបទាំងអស់របស់លោកិយនេះទៅឯឈើឆ្កាង និងបានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់នោះ ដោយព្រះលោហិតទ្រង់ផ្ទាល់។ ដូច្នេះ អ្នកត្រូវតែជឿលើការពិតនេះ ដើម្បីឲ្យព្រលឹងរបស់អ្នកបានរស់នៅ។ ហើយនៅពេលអ្នកជឿលើការពិតនេះ ព្រលឹងរបស់អ្នកទទួលបានការធួននឹងបាប ហើយអ្នកបានកើតជាថ្មី ក្នុងនាមជាកូនរបស់ព្រះ។ 
ទោះបីជាយ៉ាងណា មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលបដិសេធសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីសេចក្តីសង្រ្គោះនេះ។ ដូច្នេះហើយបានជាយើងត្រូវតែតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ។ ខ្ញុំមិនកំពុងតែនិយាយថា យើងគួរតែប្រព្រឹត្តទង្វើអាក្រក់ឲ្យកាន់តែច្រើន ដើម្បីទទួលស្គាល់បាបរបស់យើងឡើយ ប៉ុន្តែខ្ញុំនិយាយថា យើងគួរតែបានពាក់ព្រះគុណរបស់ព្រះ ដោយការទទួលស្គាល់ខ្លួនឯងជាមនុស្សម្នាក់ ដែលជាប់មានបាប និងត្រូវទទួលការកាត់ទោសខាង វិញ្ញាណ។ អ្នកត្រូវតែទទួលយកការពិតថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់អ្នក។ គ្រប់គ្នាដែលចង់បានសង្រ្គោះ ត្រូវតែជឿលើព្រះយេស៊ូវនៃសេចក្តីប្រោសលោះ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ និងបានទទួលបានការជំនុំជម្រះជំនួស។ បន្ទាប់មក នឹងមិនអាចមានបាបនៅក្នុងចិត្តរបស់យើងទៀតបានឡើយ។ 
ឥឡូវនេះ តើមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ? អ្នកដែលគិតថា មានបាបនៅក្នុងចិត្តរបស់ខ្លួន ត្រូវតែស្គាល់ក្រិត្យវិន័យរបស់ព្រះជាមុន សិន។ តាមរយៈក្រិត្យវិន័យរបស់ព្រះ ឈ្នួលនៃអំពើបាបគឺជាសេចក្តី ស្លាប់។ ដូច្នេះ បើសិនអ្នកមានបាប អ្នកត្រូវតែស្លាប់។ ហើយបើសិនអ្នកស្លាប់ ដោយមិនមានការធួននឹងអំពើបាបរបស់អ្នក អ្នកនឹងត្រូវទទួលរង ការវិនិច្ឆ័យ ហើយធ្លាក់ទៅក្នុងស្ថាននរក។ ដោយសារមនុស្សគ្រប់រូបនៅក្នុងលោកិយនេះមានបាប នៅចំពោះក្រិត្យវិន័យរបស់ព្រះ មនុស្សគ្រប់គ្នាត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ នេះគឺជាមូលហេតុដែលព្រះបានសង្រ្គោះយើង ដោយបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវ គ្រីស្ទ ឲ្យយាងមកផែនដីនេះ អនុញ្ញាតឲ្យទ្រង់ «ដ្បិតគួរឲ្យ (ម៉ាថាយ ៣:១៥)» ទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នៅក្នុងទន្លេយ័រដាន់ និងកាត់ទោសទ្រង់នៅលើឈើឆ្កាងជំនួសយើង ដើម្បីឲ្យទ្រង់បានអនុញ្ញាតឲ្យយើងចូលទៅក្នុងស្ថានសួគ៌។
យើងមិនអាចបានសង្រ្គោះ ដោយសារតែការប្រព្រឹត្តល្អរបស់យើងបានឡើយ។ មនុស្សអាចមានសេចក្តីកំពុតតាមកម្រិតខុសៗគ្នា ប៉ុន្តែគ្រប់គ្នាគឺជាមនុស្សកំពុត ហើយគ្មានអ្នកណាអាចមានសេចក្តីល្អគ្រប់លក្ខណ៍បានឡើយ។ ដូច្នេះ មនុស្សអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបាន លុះត្រាតែពួកគេទទួលបានការអត់ទោសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការជឿលើសេចក្តីសង្រ្គោះនៃការធួននឹងបាបរបស់ព្រះគ្រីស្ទ។ នេះហើយគឺជាសេចក្តីពិតស្នូលនៃព្រះគម្ពីរ។ 
ដោយពិពណ៌នាអំពីសណ្ឋានរបស់គាត់ មុនពេលគាត់បានជួបព្រះអម្ចាស់ សាវកប៉ុលបានសារភាពថា «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ» (រ៉ូម ៧:១៩)។ ហេតុអ្វីសាវកប៉ុលមានសណ្ឋានបែបនេះ? ពីព្រោះមនុស្សជាតិគ្មានសមត្ថភាពធ្វើការល្អអ្វីទាំំងអស់។ គ្រប់គ្នាដឹងថា ការធ្វើល្អគឺជាការត្រឹមត្រូវ ប៉ុន្តែតាមនិស្ស័យរបស់ខ្លួន គ្មានអ្នកណាអាចធ្វើការល្អបានឡើយ។ នេះគឺជាភាពខុសគ្នាតាមទំហំ និងកម្រិត ពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលសូម្បីតែមនុស្សសុចរិតក៏មានផងដែរ។ ដូច្នេះហើយបានជាមនុស្សបានសង្រ្គោះ ដោយសារការជឿតាមដំណឹងល្អនៃសេចក្តីពិត ដែលព្រះ អម្ចាស់បានប្រទានឲ្យពួកគេតែប៉ុណ្ណោះ។
តើព្រះដ៏សុចរិត និងឥតមានបាប បានទទួលមនុស្សមានបាប និងកខ្វក់ដូចជាយើងយ៉ាងដូចម្តេចទៅ? ព្រះបានសង្រ្គោះ និងឱបក្រសោបយើង ដោយសារតែព្រះអម្ចាស់យេស៊ូវរបស់យើង។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាសម្តេចសង្ឃរបស់មនុស្សជាតិ បាននាំអំពើបាបទាំងអស់ទៅឯឈើឆ្កាង និងបានទទួលការកាត់ទោសជំនួសយើង។ តើអ្នកជឿលើព្រះយេស៊ូវដែរទេ? ការជឿលើព្រះយេស៊ូវ គឺត្រូវជឿលើអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ 
 

របៀបឈរនៅចំពោះព្រះ

កាអ៊ីន និងអេបិលបានកើតមកពីអ័ដាម និងអេវ៉ា ដែលជាឪពុកម្តាយដំបូងបង្អស់នៃមនុស្សជាតិ។ នៅពេលអ័ដាម និងអេវ៉ាបានធ្វើបាប ព្រះបានសម្លាប់សត្វមួយក្បាលជំនួសពួកគេ ហើយបានយកស្បែកសត្វនោះឲ្យពួកគេពាក់។ នេះបង្រៀនមនុស្សជាតិអំពីច្បាប់ពីររបស់ព្រះ។ ទីមួយគឺជាច្បាប់នៃយុត្តិធម៌របស់ព្រះ ដែលយកយញ្ញបូជាមកគ្របដណ្តប់អំពើបាបរបស់មនុស្សមានបាប។ សាតាំងបានបោកបញ្ឆោតអ័ដាម និងអេវ៉ា ហើយពួកគេបានធ្វើបាបទាស់នឹងព្រះ។ ទោះបីជាពួកគេបានធ្វើបាបបែបណាក៏ដោយ ក៏ពួកគេត្រូវតែស្លាប់ដែរ ពីព្រោះនៅចំពោះច្បាប់របស់ព្រះ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ប៉ុន្តែព្រះបានសម្លាប់សត្វមួយក្បាលជំនួសពួកគេ ហើយយកស្បែករបស់សត្វនោះឲ្យពួកគេពាក់វិញ។ នេះគឺជានិមិត្តរូបនៃយញ្ញបូជាធួននឹងបាបដែលនឹងមកដល់នាពេលអនាគត។
បន្ទាប់ពីធ្វើបាប អ័ដាម និងអេវ៉ាដេរស្លឹកល្វាធ្វើជាប្រដាប់ ប៉ឹង។ ប៉ុន្តែស្លឹកល្វានេះមិនអាចគង់នៅបានយូរអង្វែងទេ ពីព្រោះនឹងក្រៀមស្វិតដោយកម្តៅថ្ងៃ និងដាច់រហែកទៅនៅថ្ងៃណាមួយ។ ដូច្នេះ វាមិនអាចគ្របបាំងភាពអាម៉ាសរបស់ពួកគេបានឡើយ។ ដូច្នេះ ជំនួសឲ្យ អ័ដាម និងអេវ៉ា ដែលបានព្យាយាមគ្របបាំងសេចក្តីខ្មាសរបស់ខ្លួន ដោយស្លឹកល្វាឥតប្រយោជន៍ ព្រះបានសម្លាប់សត្វមួយក្បាល ហើយយកស្បែកវាធ្វើជាសំលៀកបំពាក់សម្រាប់ពួកគេ។ ក្នុងន័យផ្សេង តាមរយៈតង្វាយយញ្ញបូជា ព្រះបានគ្របបាំងសេចក្តីខ្មាសរបស់មនុស្សមានបាប។ 
នេះបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើង និងសេចក្តីសង្រ្គោះដ៏យុត្តិធម៌របស់ទ្រង់។ អ័ដាម និងអេវ៉ាបានដឹងថា ព្រះបានសម្លាប់សត្វជំនួសពួកគេ និងថា ទ្រង់ផ្ទាល់បានគ្របបាំងសេចក្តីខ្មាស់ទាំងអស់របស់ពួកគេ និងបានសង្រ្គោះពួកគេ។ ដូច្នេះ ពួកគេបានផ្ទេរសេចក្តីជំនឿនេះទៅដល់កូនចៅរបស់ពួកគេ។ 
អ័ដាមមានកូនប្រុសពីរនាក់ គឺកាអ៊ីន និងអេបិល។ កូនច្បង កាអ៊ីន បានថ្វាយតង្វាយដល់ព្រះនូវផលនៃកម្លាំង និងការខិតខំផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែតង្វាយរបស់អេបិលវិញគឺជាកូនចៀមដែលត្រូវបានសម្លាប់ ស្របតាមច្បាប់នៃការធួននឹងបាបរបស់ព្រះ។ តើព្រះបានទទួលយកតង្វាយមួយណា? តង្វាយទាំងពីរនេះគឺជាព្រឹត្តិការណ៍ពីរយ៉ាងសំខាន់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានបង្ហាញពីភាពផ្ទុយគ្នារវាងតង្វាយនៃ សេចក្តីជំនឿ និងតង្វាយនៃគំនិតរបស់មនុស្ស។ ព្រះបានទទួលយកតង្វាយរបស់អេបិល។ ព្រះគម្ពីរប្រាប់យើងថា ព្រះមិនទទួលយកតង្វាយរបស់កាអ៊ីន ដែលជាផលកើតចេញពីដី និងញើសឈាមរបស់គាត់ឡើយ ប៉ុន្តែទ្រង់ទទួលយកតង្វាយរបស់អេបិលវិញ ដែលជាសត្វ និងខ្លាញ់ដំបូងពីហ្វូងសត្វរបស់គាត់។ 
ព្រះគម្ពីរនិយាយថា «ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល និងដង្វាយរបស់គាត់»។ ព្រះបានសព្វព្រះ ទ័យទទួលយកតង្វាយរបស់អេបិល និងយញ្ញបូជារបស់គាត់។ ចេញពីព្រះបន្ទូលនេះ យើងពិតជាអាចមើលឃើញពីអ្វីដែលព្រះចង់បានពីយើង។ 
តើព្រះទទួលយកយើងដោយរបៀបណា? ជារៀងរាល់ថ្ងៃ យើងធ្វើខុសនៅចំពោះទ្រង់។ តើយើងអាចឈរនៅចំពោះព្រះបានដោយរបៀបណា? មានរបៀបតែមួយគត់ ដែលយើងអាចចូលទៅឯព្រះបាន គឺជារបៀបតែមួយ ដែលព្រះបានរៀបចំសម្រាប់យើង។ នេះគឺជាតាមរយៈ «តង្វាយ» ដែលមិនជាតង្វាយនៃ «ការប្រព្រឹត្ត» របស់យើងឡើយ ប៉ុន្តែជាតង្វាយនៃ «សេចក្តីជំនឿ» របស់យើងវិញ។ នេះហើយគឺជាអ្វីដែលព្រះទទួលយក។ 
តើសេចក្តីជំនឿបែបណាដែលអ័ដាម និងអេវ៉ាបានផ្ទេរទៅដល់កូនចៅរបស់ពួកគេ? វាគឺជាសេចក្តីជំនឿនៃ «សំលៀកបំពាក់ស្បែក»។ នៅក្នុងន័យផ្សេង វាគឺជាសេចក្តីជំនឿដែលបានជឿលើការធួននឹងបាប តាម រយៈតង្វាយយញ្ញបូជា។ នៅសព្វថ្ងៃនេះ នេះគឺជាសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ៖ «ខ្ញុំជឿថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានដោះចេញ ដោយសារបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ និងថា ទ្រង់បានទទួលការជំនុំជម្រះជំនួសខ្ញុំ។ ខ្ញុំថ្វាយសេចក្តីជំនឿនេះជាតង្វាយរបស់ខ្ញុំ។ ខ្ញុំជឿថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់ខ្ញុំ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ ខ្ញុំជឿថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ហើយដូចដែលព្រះបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យខ្ញុំ ត្រឡប់ទៅជាឥតបាប ដោយទ្រង់បានធ្វើជាតង្វាយកូនចៀម និងសុគតជំនួសខ្ញុំ។ ដូច្នេះ ខ្ញុំជឿលើសេចក្តីសង្រ្គោះនេះ»។ 
នៅពេលយើងឈរនៅចំពោះព្រះ ដោយជឿថា ព្រះអម្ចាស់បានសង្រ្គោះយើងហើយ ព្រះទទួលយកតង្វាយនៃសេចក្តីជំនឿនេះ ហើយទទួលយកយើង។ ហេតុអ្វី? ដោយសារ «តង្វាយយញ្ញបូជា» របស់ទ្រង់តែមួយគត់ យើងបានត្រឡប់ជាឥតបាប និងសុចរិតនៅចំពោះព្រះ។
ព្រះទទួលយកយើង ពីព្រោះយើងបានថ្វាយតង្វាយនៃសេចក្តីជំនឿរបស់យើង ដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង។ នៅក្នុងន័យផ្សេង នៅពេលព្រះបានទទួលយកយញ្ញបូជារបស់ព្រះ ទ្រង់ក៏បានទទួលយកយើងនៅក្នុងព្រះគ្រីស្ទផងដែរ។ មូលហតុគឺថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើតង្វាយរួចហើយ។ ដោយសារការជំនុំជម្រះសម្រាប់អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើតង្វាយនេះ យើងបានត្រឡប់ជាឥតបាប។ នេះហើយគឺជាយុត្តិធម៌ និងសេចក្តីសុចរិតរបស់ព្រះ ហើយក៏ជាសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ផងដែរ។ 
 

យើងក៏ថ្វាយជំនឿរបស់អេបិលដែរ

ព្រះគម្ពីរ ប្រាប់យើងថា ព្រះបានទទួលយកតង្វាយនៃសេចក្តីជំនឿរបស់អេបិល ដោយសេចក្តីអំណរ។ ដូច្នេះ តើតង្វាយនៃសេចក្តីជំនឿបែបណា ដែលព្រះនឹងទទួលយកពីយើងនៅសព្វថ្ងៃនេះ? កាលណាយើងជឿនៅក្នុងចិត្តរបស់យើងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងថា ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានទទួលទោសជំនួសយើង និងកាលណាយើងថ្វាយសេចក្តីជំនឿនេះទៅកាន់ព្រះ ព្រះទទួលយកយើង តាមរយៈតង្វាយនៃសេចក្តីជំនឿនេះ។ ទោះបីជាយើងមានកំហុសច្រើនយ៉ាងណា ព្រះវរបិតាទតឃើញអំពើបាបរបស់យើងនៅក្នុងព្រះរាជបុត្រាទ្រង់ មិនមែននៅក្នុងយើងទេ ពីព្រោះអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយទ្រង់បានទទួលទោសជំនួសយើងរួចរាល់ហើយ។ ដូច្នេះ ព្រះបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះរាជបុត្រាទ្រង់ បានកាត់ទោសទ្រង់ជំនួសយើង បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីសុគតនៅថ្ងៃទីបី និងបានដាក់ទ្រង់នៅខាងស្តាំព្រះហស្ត។ 
ព្រះបានសង្រ្គោះអស់អ្នកដែលជឿលើការពិតនេះ។ ទ្រង់បានទទួលយកតង្វាយនៃសេចក្តីជំនឿរបស់យើង។ បើសិនគ្មានព្រះយេស៊ូវគ្រីស្ទ យើងមិនអាចឈរនៅចំពោះព្រះបានឡើយ។ ប៉ុន្តែដោយសារព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង យើងអាចចូលទៅចំពោះព្រះ ជាមួយនឹងតង្វាយនៃសេចក្តីជំនឿនេះបាន ហើយដោយសារតែតង្វាយនេះ ព្រះអាចទទួលយកយើងបាន។ តើសេចក្តីជំនឿរបស់យើងនៅក្នុងសេចក្តីពិតនេះពេញលេញដែរឬទេ? ពិតជាពេញលេញហើយ!
ឥឡូវនេះ យើងពិតជាត្រឡប់ជាឥតបាបមែន។ ដោយសារអំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ព្រះបានបំពាក់សំលៀកបំពាក់សដល់យើង ពីព្រោះយើងឥតមានបាបទេ។ ទ្រង់បានធ្វើឲ្យយើងបាន សុចរិត។ ព្រះអម្ចាស់របស់យើងបានសន្យាថា «ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ»។ ទ្រង់នឹងបញ្ជាក់ឈ្មោះរបស់យើងនៅចំពោះពួកទេវតារបស់ទ្រង់។ 
នៅក្នុងពួកជំនុំសើដេស មានមនុស្សមួយចំនួន ដែលបានដើរជាមួយព្រះអម្ចាស់ ជាមួយសំលៀកបំពាក់ស។ មនុស្សទាំងនេះគឺជាពួកអ្នកបម្រើរបស់ព្រះ កូនៗ និងពួកបរិសុទ្ធរបស់ទ្រង់។ 
ព្រះបានទទួលយកតង្វាយរបស់អេបិល ហើយទ្រង់ក៏បានទទួលយកអេបិលផងដែរ។ ប៉ុន្តែព្រះមិនទទួលយកតង្វាយណាដែលមិនពេញលេញនោះឡើយ។ ដូច្នេះ ព្រះមិនបានទទួលយកកាអ៊ីន និងតង្វាយរបស់គាត់ទេ។ ហេតុអ្វីព្រះមិនបានទទួលយកកាអ៊ីន និងតង្វាយរបស់គាត់? ពីព្រោះតង្វាយរបស់កាអ៊ីនមិនមែនជាតង្វាយនៃជីវិត ដែលត្រូវបានរៀបចំដោយឈាមធួននឹងបាបទេ។ ព្រះគម្ពីរប្រាប់យើងថា កាអ៊ីនបានថ្វាយផលផ្លែពីដី ដែលជារបស់ពីកម្លាំងញើសឈាមរបស់គាត់ទៅចំពោះព្រះ។ និយាយយ៉ាងសាមញ្ញ គាត់បានថ្វាយកសិផលរបស់គាត់ ដែលអាចជាឪឡឹក ពោត និងដំឡូង...ដែលត្រូវបានរៀបចំយ៉ាងស្អាត។ ប៉ុន្តែព្រះមិនបានទទួលយកតង្វាយប្រភេទឡើយ។ 
តង្វាយរបស់កាអ៊ីននេះមានអត្ថន័យសំខាន់មួយ ដែលគ្រីស្ទបរិស័ទសព្វថ្ងៃនេះត្រូវតែយល់ ដើម្បីបានសង្រ្គោះ។ ប៉ុន្តែមួយចំនួនតូចពិតជាស្គាល់ព្រះទ័យរបស់ព្រះនៅក្នុងពិភពលោកសព្វថ្ងៃនេះ ហើយមនុស្សជាច្រើនមិនស្គាល់ឡើយ សូម្បីតែនៅក្នុងសុបិន្តរបស់ពួកគេ គឺពួកគេកំពុងតែថ្វាយតង្វាយរបស់កាអ៊ីនទៅចំពោះព្រះដែរ។ 
នៅពេលមនុស្សម្នាក់ឈរនៅចំពោះព្រះ ជាដំបូង គាត់ត្រូវតែទទួលថា ខ្លួនគាត់ត្រូវតែប្រឈមនឹងសេចក្តីស្លាប់ និងស្ថាននករ ដោយសារតែអំពើបាបរបស់គាត់។ តើអ្នកទទួលស្គាល់នៅចំពោះព្រះថា អ្នកត្រូវតែធ្លាក់ទៅក្នុងស្ថាននករ ដោយសារតែអំពើបាបរបស់អ្នកដែរឬទេ? បើសិនអ្នកមិនទទួលស្គាល់ការពិតនេះទេ អ្នកមិនចាំបាច់ជឿលើព្រះយេស៊ូវទេ ពីព្រោះព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។ ព្រះ អម្ចាស់បានប្រាប់យើងថា «អ្នកដែលជា មិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺវិញទេតើ ដែលត្រូវការគ្រូពេទ្យ»។ ព្រលឹងដែលកំពុងតែរងទុក្ខនៅក្រោមនឹមនៃបាប ត្រូវការព្រះអម្ចាស់ មិនមែនអ្នកដែលមិនដឹងពីអំពីបាបរបស់ខ្លួន និងដែលអះអាងថា ខ្លួនឥតមានបាប ខណៈដែលពួកគេមិនទាន់បានកើតជាថ្មីនៅឡើយទេ។ 
គ្រប់គ្នាគឺជាមនុស្សមានបាប តាំងពីកំណើតមក។ ដូច្នេះ ព្រះត្រូវតែជំនុំជម្រះមនុស្សជាតិ ហើយមនុស្សជាតិត្រូវតែប្រឈមនឹងការជំនុំជម្រះនៃសេចក្តីក្រោធរបស់ព្រះនេះ។ នៅក្នុងន័យផ្សេង អ្នក និងខ្ញុំត្រូវប្រឈមនឹងសេចក្តីវិនាស។ ប៉ុន្តែដើម្បីមិនបញ្ជូនយើងទៅក្នុងស្ថាននករនៃសេចក្តីវិនាស ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ និងបានទទួលការជំនុំជម្រះរបស់ព្រះជំនួសយើង។ ដោយហេតុនេះ ព្រះអម្ចាស់អាចសង្រ្គោះយើងទាំងអស់គ្នាទាំងស្រុង នៅចំពោះព្រះ។ ដូច្នេះ មានតែអ្នកដែលពិតជាប្រព្រឹត្តអំពើបាបនៅចំពោះ ហើយទទួលស្គាល់ថា ខ្លួនគឺជាមនុស្សមានបាបទេ ដែលត្រូវការជឿលើព្រះ ហើយព្រះបានធ្វើជាព្រះអង្គសង្រ្គោះសម្រាប់តែមនុស្សបែបនេះប៉ុណ្ណោះ។
 

ជំនឿដែលបំពាក់សំលៀកបំពាក់សនៃសេចក្តីសង្រ្គោះដល់យើង

ដូចដែលព្រះគម្ពីរប្រាប់យើងថា «ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម» ជីវិតរបស់មនុស្សម្នាក់ក៏នៅក្នុងឈាមផងដែរ។ ដោយសារអំពើបាបរបស់យើង យើងពិតជាត្រូវស្លាប់។ ដូច្នេះ ហេតុអ្វីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង? ទ្រង់បានសុគតនៅលើឈើឆ្កាង ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយដោយដារឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ព្រះយេស៊ូវបានបង្ហូរព្រះលោហិតនៃជីវិតរបស់ទ្រង់ ដើម្បីសងថ្លៃឈ្នួលនោះ ហើយបានសុគតជំនួសយើង។ ដើម្បីធ្វើបន្ទាល់ពីសេចក្តីពិតនេះ ទ្រង់បានជាប់ឆ្កាង បានបង្ហូរព្រះលោហិត និងបានសុគតជំនួសយើងនៅលើឈើឆ្កាង។ 
ដូចដែលព្រះគម្ពីរប្រាប់យើងថា «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយដំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ» ព្រះយេស៊ូវពិតជាបានសុគត ដោយសារតែអំពើទុច្ចរិត និងអំពើរំលងរបស់យើងមែន។ ដូច្នេះ ការសុគតរបស់ទ្រង់គឺជាការស្លាប់របស់យើង ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់គឺជាការរស់ពីស្លាប់ឡើងវិញរបស់យើង? តើអ្នកជឿលើការពិតនេះដែរទេ?
ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើង ហើយបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់យើងចេញ។ ហើយទ្រង់ក៏បានជាប់ឆ្កាងផងដែរ។ មនុស្សបានមើលងាយទ្រង់ ដណ្តើមសំលៀក បំពាក់ទ្រង់ ស្តោះដាក់ទ្រង់ និងទះកំផ្លៀងទ្រង់។ ហេតុអ្វីព្រះយេស៊ូវដែលជាព្រះ ប្រឈមនឹងទង្វើទាបថោក ដែលត្រូវគេទះកំផ្លៀង និងស្តោះដាក់បែបនេះ? គេបានមើលងាយទ្រង់ ដោយសារតែអំពើបាបរបស់យើង។ 
ដូច្នេះ ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះអម្ចាស់គឺជាការស្លាប់ និងការរស់ពីស្លាប់ឡើងវិញរបស់យើងម្នាក់ៗ។ គ្មានអ្នកដឹកនាំសាសនាណាម្នាក់នៅក្នុងពិភពលោកនេះ ដែលបានដោះស្រាយអំពើបាបរបស់យើងឡើយ។ មហាម៉ាត់ ឬព្រះពុទ្ធ ឬអ្នកណាផ្សេងទៀតនៅក្នុងលោកិយនេះ មិនបានលះបង់ជីវិតរបស់ពួកគេសម្រាប់អំពើបាបរបស់យើងឡើយ។ 
ប៉ុន្តែព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកផែនដីនេះ ហើយបានដោះអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ និងបានធ្វើឲ្យយើងត្រឡប់ជាឥតបាប។ ហើយដើម្បីរំដោះយើងចេញពីសេចក្តីស្លាប់ ទណ្ឌកម្ម សេចក្តីវិនាស និង បណ្តាសារបស់យើង ទ្រង់បានលះបង់ព្រះជន្មទ្រង់ផ្ទាល់។ 
ដូច្នេះ ដូចដែលព្រះគម្ពីរប្រាប់យើងថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះមានឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» ជំនឿរបស់យើងត្រូវតែបានពាក់សំលៀកបំពាក់នៃសេចក្តីសុចរិត និងបានធួននឹងអំពើបាបរបស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញពីយើង។ ដូច្នេះ សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ រួមបញ្ចូលសេចក្តីជំនឿលើសេចក្តីស្លាប់ និងការរស់ពីស្លាប់ឡើងវិញរបស់យើង។
ព្រះបានទទួលយកយើងជាកូនរបស់ទ្រង់ ដោយការទតឃើញ សេចក្តីជំនឿរបស់យើង ដែលជឿលើព្រះរាជបុត្រាទ្រង់។ នេះគឺជាការទទួលយក។ ព្រះទទួលយកទ្រង់ ដោយការទតឃើញតង្វាយនៃសេចក្តីជំនឿរបស់យើង ដែលយើងនាំមកចំពោះទ្រង់។ ទ្រង់មិនទទួលយកយើង ដោយការទតឃើញទង្វើរបស់យើងឡើង ប៉ុន្តែទ្រង់ទទួលយកយើងជាកូនរបស់ទ្រង់ ដោយការទតឃើញសេចក្តីជំនឿរបស់យើងលើព្រះរាជបុត្រានៃព្រះ ដែលជាព្រះអង្គសង្រ្គោះរបស់មនុស្សទាំងអស់ ដែលបានទទួលយកអំពើបាបរបស់យើង បានទទួលទោសជំនួសយើង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
បងប្អូនស្ងួនភ្ញាអើយ នេះហើយគឺជាសេចក្តីជំនឿពិតប្រាកដ។ យើងមិនបានសង្រ្គោះ ដោយសារទង្វើរបស់យើងឡើយ ប៉ុន្តែយើងបានស្លៀកសំលៀកបំពាក់ស ដោយសារព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទវិញ។ គ្មានទង្វើរបស់មនុស្សណាមួយ ដែលល្អស្អាតបាន១០០ភាគរយឡើយ។ ដើម្បីឲ្យចិត្តរបស់យើងត្រឡប់ជាឥតបាប យើងត្រូវតែបោះបង់ការខិតខំដ៏ឥតប្រយោជន៍របស់យើងចោល ហើយបែរមកជឿ និងទទួលយកព្រះ អម្ចាស់ជាព្រះអង្គសង្រ្គោះរបស់យើងវិញ។ ដោយការជឿលើសេចក្តីពិតនេះ ហើយតាមរយៈសេចក្តីពិតនេះតែមួយគត់ ដែលយើងអាចបានស្លៀកសំលៀកបំពាក់សបាន។ 
បន្ទាប់មក ឈ្មោះរបស់យើងនឹងត្រូវបានកត់នៅក្នុងបញ្ជីជីវិត ហើយព្រះនឹងទទួលយកយើង នៅចំពោះពួកទេវតារបស់ទ្រង់។ ព្រះយេស៊ូវទ្រង់ផ្ទាល់នឹងទទួលស្គាល់យើងជាកូនរបស់ព្រះ ដែលមានបន្ទូលថា «ខ្ញុំបានសង្រ្គោះអ្នក ហើយអ្នកបានសុចរិត ពីព្រោះខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ»។ នេះហើយគឺជាអត្ថន័យពិតប្រាកដនៃបទគម្ពីរចេញពីកណ្ឌវិវរណៈខាងលើ ដែលយើងកំពុងតែពិភាក្សាកន្លងមក។ ។ យើងអាចត្រូវបានធួននឹងបាបបាន លុះត្រាតែយើងចូលមកក្នុងពួកជំនុំរបស់ព្រះ ហើយអ្នកដែលត្រូវបានធួននឹងបាបហើយ មានតែនៅក្នុងពួកជំនុំរបស់ទ្រង់ប៉ុណ្ណោះ។
ព្រះវរបិតាបានសង្រ្គោះ ដោយការសម្លឹងលើសេចក្តីជំនឿរបស់យើងនៅក្នុងព្រះរាជបុត្រារបស់ទ្រង់។ ទោះបីជានៅក្នុងកំហុស និងភាពមិនពេញលេញរបស់យើង យើងតែងតែវង្វេង និងធ្លាក់ទៅក្នុងភាពខ្សោយជាប្រចាំក៏ដោយ ក៏ព្រះបានសម្លឹងមើលសេចក្តីជំនឿរបស់យើងនៅក្នុងព្រះ រាជុត្រារបស់ទ្រង់ដែរ ហើយដោយសារតែសេចក្តីជំនឿនេះ ទ្រង់បានទទួលយកយើង ដូចដែលទ្រង់បានទទួលយកព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ផងដែរ។ ដូច្នេះ ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងហើយ។ 
ហើយទ្រង់បានបំពាក់សំលៀកបំពាក់សដល់យើង។ សេចក្តីជំនឿលើភាពឥតមានបាបនៅក្នុងចិត្តគឺជាភស្តុតាងបញ្ជាក់អំពីការបានស្លៀក សំលៀកបំពាក់សរបស់យើង។ នៅពេលយើងឈរនៅចំពោះទ្រង់ ជាមួយនឹងចិត្តដែលបានស្លៀកសំលៀកបំពាក់ស ព្រះអម្ចាស់បានសន្យាចំពោះយើងដូច្នេះថា ទ្រង់នឹងបំផ្លាស់បំប្រែសាច់ឈាមរបស់យើងឲ្យទៅជារូបកាយដែលគោរពកោតខ្លាចព្រះ។ 
នៅក្នុងលោកិយនេះ មានពួកជំនុំព្រះ ដែលមានមនុស្សសុចរិត និងអ្នកបម្រើព្រះ។ មានអ្នកដែលបានស្លៀកសំលៀកបំពាក់សនៅក្នុងពួកជំនុំទាំងនោះ ហើយព្រះធ្វើការ តាមរយៈពួកជំនុំ និងអ្នកបម្រើរបស់ទ្រង់។ 
ចូរយើងត្រឡប់ទៅកាន់ វិវរណៈ ៣:៥ ម្តងទៀត៖ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ»។
បុរេលក្ខខណ្ឌមួយ ដែលព្រះបានប្រទានឲ្យយើងនៅក្នុងបទគម្ពីរខាងលើនេះគឺថា ទ្រង់នឹងបំពាក់សំលៀកបំពាក់សដល់ «អ្នកណាដែលឈ្នះ» តែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែឈ្នះ។ អ្នកដែលជឿលើព្រះ យេស៊ូវហើយ តែក៏ជឿផងដែរថា ពួកគេត្រូវតែអធិស្ឋានលន់តួសម្រាប់ការអត់ទោសចំពោះអំពើបាបប្រចាំថ្ងៃរបស់ពួកគេ មិនមែនជាអ្នកដែលឈ្នះសាតាំង នៅក្នុងការតយុទ្ធរបស់ខ្លួនឡើយ ប៉ុន្តែពួកគេគឺជាអ្នកដែលចាញ់ វិញ។ ហើយមនុស្សបែបនេះមិនអាចបានស្លៀកសំលៀកបំពាក់សបានឡើយ។ ហើយពួកគេក៏មិនបានក្លាយជាមនុស្សសុចរិតបានដែរ។
មានតែអ្នកដែលឈ្នះប៉ុណ្ណោះ ដែលជឿលើព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់។ ព្រះអម្ចាស់បានប្រទានដល់អ្នករួចហើយ នូវសេចក្តីជំនឿដែលអាចយកឈ្នះលើគោលលទ្ធិខុសឆ្គងអំពីការញែកជាបរិសុទ្ធ និងការរាប់ជាសុចរិតនេះ។ ព្រះក៏បានសង្រ្គោះយើងរួចហើយ តាមរយៈដំណឹងល្អពិតប្រាកដរបស់ទ្រង់ អំពីបុណ្យជ្រមុជ និងព្រះលោហិត ដើម្បីឲ្យយើងអាចតយុទ្ធ និងយកឈ្នះលើដំណឹងល្អក្លែងក្លាយទាំងឡាយ ដែលមិនដឹកនាំយើងទៅឯសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ និងបានរួចពីសាតាំង។
យើងត្រូវតែប្រគល់អំពើបាបរបស់យើងនៅក្នុងសេចក្តីជំនឿ ដែលទទួលស្គាល់ទាំងស្រុងនៅក្នុងចិត្តរបស់យើងថា អំពើបាបទាំងអស់របស់យើងពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ។ ហើយយើងត្រូវតែជឿថា យើងបានស្លាប់ នៅពេលព្រះយេស៊ូវបានសុគត និងថា ការសុគតរបស់ទ្រង់គឺជំនួសយើង។ ហើយយើងក៏ត្រូវតែជឿផងដែរថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើឲ្យយើងបានរស់ជាថ្មី។ ដូច្នេះ កាលណាយើងមានសេចក្តីជំនឿរឹងមាំតាមសេចក្តីពិតនេះ ហើយព្រះនឹងទតឃើញសេចក្តីជំនឿរបស់យើង ទ្រង់រាប់យើងជាសុចរិត។
នៅក្នុងន័យផ្សេង នេះគឺជាអត្ថន័យនៃព្រះបន្ទូលថា «ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:១២)។ មនុស្សមិនអាចបានធ្វើជាកូនរបស់ព្រះ ដោយគ្រាន់តែនិយាយដោយមាត់ថា «ខ្ញុំជឿលើព្រះយេស៊ូវ» តែពួកគេមិនមានការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវនោះបានឡើយ។
ព្រះបន្ទូលព្រះបន្តទៀតថា «គឺជាកូនដែលមិនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមបំណងនៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ»។ ត្រឹមត្រូវហើយ យើងអាចបានធ្វើជាកូនរបស់ព្រះបាន ដោយសារសេចក្តីជំនឿតែមួយប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែតយុទ្ធជាមួយ និងយកឈ្នះលើពួកអ្នកកុហក។ អ្នកដែលបានទទួលការអត់ទោសបាប ដោយការយកឈ្នះលើពួកអ្នកកុហក ក៏ត្រូវតែដើរជាមួយព្រះ ដោយការយកឈ្នះលើសេចក្តីប្រាថ្នាខាងសាច់របស់ពួកគេផងដែរ។ នៅក្នុងន័យផ្សេង ពួកគេត្រូវតែរស់នៅតាមបំណងព្រះហឫទ័យព្រះ។ 
ដូច្នេះ តើបំណងព្រះហឫទ័យព្រះគឺជាអ្វី? បំណងព្រះហឫទ័យព្រះ គឺដើម្បីឲ្យអស់អ្នកដែលបានស្លៀកសំលៀកបំពាក់សរួបរួមគ្នា និងបម្រើដំណឹងល្អរបស់ទ្រង់។ បំណងព្រះហឫទ័យទ្រង់ គឺដើម្បីឲ្យយើងរួបរួមជាមួយគ្នា ដើម្បីថ្វាយបង្គំ បម្រើ និងសរសើរតម្កើងព្រះ ហើយដើម្បីប្រកាសដំណឹងល្អទៅកាន់មនុស្សមានបាប ដើម្បីឲ្យពួកគេបានស្លៀក សំលៀកបំពាក់សដែរ។ ជីវិតនៃរាស្ត្ររបស់ទ្រង់ និងអ្នកបម្រើរបស់ទ្រង់គឺជាជីវិតនៃការបម្រើសេចក្តីសង្រ្គោះនៃព្រលឹង។ 
នៅពេលយើងមានជីវិតបែបនេះ ព្រះមិនគ្រាន់តែបំពាក់សេចក្តីសុចរិតដល់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ប្រទានគ្រប់ទាំងព្រះពរនៃសេចក្តីចម្រុងចម្រើននៅលើផែនដីនេះ និងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌ផងដែរ។ តាមរយៈការធ្វើឲ្យយើងប្រកាសដំណឹងល្អទៅកាន់មនុស្សជុំវិញយើង ទ្រង់ក៏បំពាក់សំលៀកបំពាក់សដល់ពួកគេផងដែរ។ ព្រះបានបំពាក់សំលៀកបំពាក់សដល់មនុស្សសុចរិតទាំងអស់ និងមនុស្សនៅជុំវិញពួកគេ។ ព្រះបានអនុញ្ញាតឲ្យយើងយកឈ្នះនៅក្នុងការតយុទ្ធរបស់យើងជាមួយសេចក្តីមិនពិត ដោយការជឿតាមព្រះបន្ទូលអំពីសេចក្តីពិត។ ហើយទ្រង់បានប្រទានព្រះពរនៃការបំពាក់សំលៀកបំពាក់ស ដល់មនុស្សសុចរិត ដែលយកឈ្នះនៅក្នុងការតយុទ្ធខាងវិញ្ញាណនេះ។ សូមសរសើរតម្កើងព្រះអម្ចាស់!