Search

คำสอน

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 10-2] តើអ្នកដឹងថា ការលើក ពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅពេលណាទេ? (វិវរណៈ ១០:១-១១)

តើអ្នកដឹងថា ការលើក ពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅពេលណាទេ?
(វិវរណៈ ១០:១-១១)

ឥឡូវនេះ ចូរយើងបង្វែរចំណាប់អារម្មណ៍របស់យើងទៅលើបញ្ហានៃពេលវេលា ដែលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង វិញ។ មានបទគម្ពីរជាច្រើននៅក្នុងព្រះគម្ពីរ ដែលនិយាយអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីមានបទគម្ពីរជាច្រើន ដែលពិភាក្សាអំពីបញ្ហានេះ។ ជាក់ស្តែង ហោរាអេលីយ៉ាបានជិះរទេសភ្លើងឡើងទៅស្ថានសួគ៌ ហើយលោកអ៊ីណុកដែលបានដើរជាមួយព្រះ ត្រូវបានព្រះលើកឡើងទៅ។ យើងអាចមើលឃើញថា កន្លែងជាច្រើននៅក្នុងព្រះគម្ពីរ និយាយអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថាន សួគ៌។ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មានន័យថា «លើកឡើង» ដែលសំដៅទៅលើការដែលព្រះលើករាស្ត្ររបស់ទ្រង់ឡើងទៅស្ថានសួគ៌ ដោយអំណាចព្រះចេស្តារបស់ទ្រង់។ 
ទោះបីយ៉ាងណា សំណួរអំពីការលើកពួកបរិសុទ្ធឡើងទៅលើអាកាសក៏ជាចម្ងល់ដ៏ធំមួយនៅក្នុងព្រះគម្ពីរផងដែរ។ តើព្រះនឹងលើក រាស្ត្ររបស់ទ្រង់ឡើងនៅពេលណា? សំណួរអំពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅលើអាកាស គឺជាសំណួរដែលមានគេសួរច្រើនបំផុតនៅក្នុងជំនឿគ្រីស្ទបរិសុទ្ធ។ 
ចូរយើងបែរទៅ ១ថែស្សាឡូនីច ៤:១៤-១៧ ហើយពិនិត្យមើលអ្វីដែលព្រះបានប្រាប់យើង តាមរយៈសាវកប៉ុល៖ «ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ 
នៅក្នុង យូដាស ១:១៤ ព្រះក៏ប្រាប់យើងផងដែរថា «ឯហេណុក ជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន»។ នៅក្នុងន័យផ្សេង ពួកបរិសុទ្ធនឹងត្រូវបានព្រះលើកឡើងទៅលើអាកាស នៅពេលមានសម្លេងត្រែរបស់មហាទេវតា នៅលើអាកាសនោះមួយរយៈ បន្ទាប់មក ចុះមកផែនដីវិញជាមួយព្រះអម្ចាស់របស់យើង។ នេះហើយគឺជាការពិពណ៌នាត្រឹមត្រូវតាមព្រះគម្ពីរ អំពីការលើកពួកបរិសុទ្ធឡើងទៅលើអាកាស។ 
មូលហេតុដែលយើងបានពិនិត្យមើលបទគម្ពីរខាងលើកជាមុន គឺពីព្រោះ វិវរណៈ ១០ ប្រាប់យើងអំពីពេលវេលានៃការលើកឡើងទៅស្ថានសួគ៌។ ដូចដែលខ្ញុំបាននិយាយពីមុនមក បទគម្ពីរស្នូលនៃជំពូកនេះគឺខ.៧ ដែលនិយាយថា «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ ខនេះគឺជាគន្លឹះដើម្បីឆ្លើយនឹងសំណួរ និងចម្ងល់ទាំងអស់របស់យើងអំពីការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ពីព្រោះវាប្រាប់យើងអំពីពេលវេលាដែលការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើតឡើង។ 
ព្រះបញ្ជូនទេវតាដ៏មានអំណាចព្រះចេស្តាទៅឯសាវកយ៉ូហាន នៅក្នុងនិមិត្ត ហើយទ្រង់បង្ហាញពីអ្វីដែលទ្រង់នឹងធ្វើ តាមរយៈទេវតានេះ ដោយអនុញ្ញាតឲ្យទេវតានោះធ្វើដូចជាព្រះអម្ចាស់បានយាងមកផែនដីនេះអញ្ចឹង។ ទេវតានេះលើកដៃរបស់ខ្លួនទៅលើ «ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ»។ មិនគួរមានការពន្យាពេល មានន័យថា លែងមានហេតុផល ពន្យាពេលទៀតហើយ។ វាមានន័យថា «គ្មានពេលវេលាទេ»។ គ្មានពេលវេលា មានន័យថា នៅថ្ងៃឮសម្លេងទេវតាទី៧ សេចក្តីអាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបំពេញសម្រេច ដូចដែលព្រះបានប្រកាសទៅកាន់ពួកហោរារបស់ទ្រង់។ 
កាលណាត្រែចុងក្រោយពីគ្រោះកាចនៃត្រែទាំង៧ បន្លឺសម្លេងឡើង ពិភពលោកនេះនឹងចូលទៅក្នុងគ្រោះកាចនៃចានទាំង៧។ នៅពេលនោះ យើងត្រូវតែដឹងថា នឹងលែងមានពេលវេលាសេសសល់សម្រាប់លោកិយនេះទៀតហើយ។ ដូច្នេះ ព្រះបន្ទូលនៅក្នុងខ.៧ ថា «នៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ» សំដៅទៅលើពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ សាវកប៉ុលក៏បាននិយាយនៅកន្លែងផ្សេងទៀតថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង កាលណាមានសម្លេងមហាទេវតា និងសម្លេងត្រែរបស់ព្រះ។ នេះគឺជាអ្វីដែលសាវកប៉ុលមាននៅក្នុងគំនិតរបស់គាត់ ហើយនេះគឺជាចំណុចចាប់ផ្តើមសម្រាប់សេចក្តីយោងទាំងអស់នៅក្នុងព្រះគម្ពីរ ទៅកាន់ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ 
«នៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។» ព្រះបន្ទូលនេះប្រាប់យើងថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើតឡើង កាលណាទេវតាទី៧ផ្លុំត្រែរបស់ខ្លួន។ នៅពេលពួកអ្នកបម្រើរបស់ព្រះប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ព្រលឹងដែលបាត់បង់ ព្រះវិញ្ញាណបរិសុទ្ធពិតជាបានសណ្ឋិតនៅក្នុងចិត្តរបស់ពួកអ្នកជឿដែលបានទទួលយកដំណឹងល្អពិត ហើយពួកគេពិតជាបានធ្វើជាកូនរបស់ព្រះ។ ហើយក៏ដូចគ្នាសម្រាប់យើងដែរថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ដែលជាសេចក្តីអាថ៌កំបាំងរបស់ទ្រង់ នឹងកើតឡើងជាពិត។
បន្ទាប់ពីនេះ ព្រះនឹងបំផ្លាញផែនដីនេះចោលទាំងស្រុង ដោយការចាក់គ្រោះកាចចុងក្រោយនៃចានទាំង៧ នាំនគររបស់ព្រះមកលើផែនដីនេះ ដែលជាកន្លែងដែលយើងនឹងសោយរាជ្យជាមួយព្រះគ្រីស្ទ សម្រាប់ រយៈពេលមួយពាន់ឆ្នាំ ហើយបន្ទាប់មក ទ្រង់នាំយើងទៅឯផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងរស់នៅជារៀងរហូតតទៅ។ 
បន្ទាប់ពីប្រាប់សាវកយ៉ូហានអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ព្រះបង្គាប់ឲ្យគាត់បរិភោគក្រាំងតូច ហើយទាយម្តងទៀត។ មេរៀនសំខាន់បំផុត ដែលពួកអ្នកបម្រើរបស់ព្រះត្រូវតែបង្រៀនពួកបរិសុទ្ធដែលរស់នៅក្នុងថ្ងៃចុងក្រោយនេះ គឺអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ និងពេលវេលាជាក់លាក់របស់វា។ ពួកគេគួរតែបង្រៀនមេរៀនទាំងនេះទៅតាមអត្ថន័យត្រឹមត្រូវរបស់ព្រះគម្ពីរ។ ហើយពួកគេក៏ត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណយ៉ាងត្រឹមត្រូវផងដែរ។ ទាំងនេះគឺជាអ្វីដែលពួកអ្នកបម្រើរបស់ព្រះ និងបរិសុទ្ធរបស់ទ្រង់ ដែលរស់នៅថ្ងៃចុងក្រោយ ត្រូវតែធ្វើ។ ដូច្នេះ ព្រះបានប្រគល់កិច្ចការទាំងនេះដល់ពួកបរិសុទ្ធ ហើយក៏បើកសម្តែងពីសេចក្តីអាថ៌កំបាំងរបស់ទ្រង់ដល់ពួកគេផងដែរ។ ព្រះប្រាប់យើងថា ទ្រង់នឹងមិនពន្យាពេលទៀតទេ ប៉ុន្តែទ្រង់នឹងបំពេញសម្រេចកិច្ចការទាំងនេះ។ កាលណាពេលវេលាមកដល់ ព្រះនឹងបំពេញសម្រេចគ្រប់យ៉ាងជាពិត។ 
នៅក្នុងជំពូក១១ មាននិយាយអំពីដើមអូលីវទាំង២ ដែលជាហោរាទាំង២។ អ្នកបម្រើទាំង២របស់ព្រះ ដែលជាដើមអូលីវទាំង២ នឹងត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ ដោយសារពួកគេតយុទ្ធនឹងវា ប៉ុន្តែព្រះនឹងប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកពួកគេលើកទៅស្ថានសួគ៌ បន្ទាប់ពីរយៈពេលបីថ្ងៃកន្លះ។ នៅក្នុងន័យផ្សេង ព្រះបង្ហាញប្រាប់យើងជាច្រើនដងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង កាលណាពួកបរិសុទ្ធត្រូវបានសម្លាប់ នៅក្នុងកំឡុងពេលនៃការគ្រប់គ្រងរបស់អាទទឹងនឹងព្រះគ្រីស្ទ។ 
អ្វីដែលយើងត្រូវតែដឹងជាមុនគឺថា ពួកបរិសុទ្ធនឹងត្រូវរស់នៅឆ្លងកាត់សេចក្តីវេទនាដ៏ធំ ហើយនៅតែនៅលើផែនដីនេះ រហូតដល់គ្រោះកាចទាំង៦ដំបូងនៃគ្រោះកាចនៃត្រែទាំង៧បញ្ចប់ទៅ។ ហើយព្រះនឹងការពារពួកបរិសុទ្ធពីគ្រោះកាចនៃត្រែទាំង៧នេះ គឺទ្រង់នឹងការពារពួកគេ រហូតដល់គ្រោះកាចទី៦ ប៉ុន្តែជាចុងក្រោយ អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់ពួកគេ ក្នុងកំឡុងពេលអំណាចផ្តាច់ការរបស់វាឡើងដល់កំពូល នៅពេលវាប្រើពេលវេលាចុងក្រោយរបស់វា ដើម្បីទាស់ប្រឆាំងនឹងព្រះ។ សេចក្តីស្លាប់របស់ពួកបរិសុទ្ធនៅពេលនេះគឺជាទុក្ករកម្មរបស់ពួកគេ។ ដោយសារពួកគេនឹងស្លាប់ដោយសេចក្តីសុចរិត ដើម្បីការពារជំនឿរបស់ពួកគេ យើងហៅវាថា «ទុក្ករកម្ម»។ ដូច្នេះ យើងត្រូវតែជឿថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង បន្ទាប់ពីទុក្ករកម្មនេះ ហើយយើងក៏ត្រូវតែប្រកាសជំនឿនេះទៅកាន់អ្នកដទៃផងដែរ។ 
មនុស្សជាច្រើនបានយល់ច្រឡំយ៉ាងខ្លាំងអំពីពេលវេលាមុន និងក្រោយសេចក្តីវេទនាដ៏ធំ ដែលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង។ មនុស្សនៅសម័យបុរាណធ្លាប់គិតថា ព្រះគ្រីស្ទនឹងយាងមកវិញ បន្ទាប់ពីទុក្ករកម្ម ហើយថា ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅ កាលណាព្រះយេស៊ូវយាងត្រឡប់មកវិញម្តងទៀត។ ប៉ុន្តែនៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទភាគច្រើនជឿថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង មុនពេលមានសេចក្តីវេទនាដ៏ធំ។ ពួកគេគិតថា ពួកគេនឹងគ្មានអ្វីទាក់ទងនឹងគ្រោះកាចនៃត្រែទាំង៧ ឬគ្រោះកាចនៃចានទាំង៧ឡើយ ហើយថា ពួកគេនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ខណៈដែលពួកគេកំពុងតែប្រកបជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែយើងមិនត្រូវចាញ់បោក សេចក្តីបង្រៀនខុសឆ្គងនេះឡើយ។ មនុស្សទាំងនេះមានការយល់ដឹងយ៉ាងខុសអំពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយដោយសារថ្ងៃចុងក្រោយកាន់តែជិតមកដល់ហើយ ការគោរពកោតខ្លាចព្រះរបស់ពួកគេរសាយទៅ ហើយជំនឿរបស់ពួកគេនឹងរលាយបាត់ទៅ។ 
នៅពេលខ្ញុំប្រាប់យើងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង ក្នុងកំឡុងពេលនៃសេចក្តីវេទនាដ៏ធំ ខ្ញុំមិនកំពុងតែនិយាយដូច្នេះ ដើម្បីធ្វើឲ្យអ្នកកាន់តែមានសេចក្តីគោរពចំពោះព្រះនោះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកមានការយល់ដឹងច្បាស់លាស់ អំពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយរត់ចេញពីសេចក្តីបង្រៀនខុសឆ្គងអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំតែប៉ុណ្ណោះ ពីព្រោះនៅក្នុងខ.៧ ព្រះប្រាប់យើងយ៉ាងលម្អិតថា «នៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ កាលណាគ្រោះកាចនៃចានទាំង៧ធ្លាក់មក ដែលមិនដូចគ្រោះកាចនៃត្រែទាំង៧ វានឹងធ្លាក់មកបន្តបន្ទាប់គ្នាពីមួយទៅមួយ។ ដូច្នេះ យើងដែលជាពួកបរិសុទ្ធ ត្រូវតែដឹងពីការនេះ។ 
វិវរណៈ ១៦:១-២ ប្រាប់យើងថា «ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្តីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់»។ បន្ទាប់ពីការចាក់គ្រោះកាចដែលនៅសល់ នឹងមានគ្រោះកាចទី១នេះ ដែលគ្រោះកាចធ្លាក់មកជាបន្តបន្ទាប់គ្នា ដោយទេវតាទាំង៧នៅសល់ចានទទេ ហើយគ្មានសម្លេងត្រែ ឬសម្លេងអ្វីទាំងអស់។ នៅក្នុងន័យផ្សេង តាមរយៈការចាក់ចានទាំង៧ជាបន្តបន្ទាប់មក ព្រះនឹងបំផ្លាញផែនដីនេះចោលទាំងស្រុង។ ហេតុអ្វី? ពីព្រោះគ្រប់យ៉ាងនឹងបញ្ចប់ទៅ ដោយការចាក់គ្រោះកាចនៃចានទាំង៧ រួមជាមួយគ្រោះកាចនៃត្រែទាំង៧។ 
កាលណាគ្រោះកាចនៃត្រែទាំង៧មកដល់ យ៉ាងហោចណាស់ ក៏មានការផ្អាកខ្លីក្នុងរវាងគ្រោះកាចមួយទៅគ្រោះកាចមួយទៀតដែរ ប៉ុន្តែគ្រោះកាចនៃចានទាំង៧នឹងមិនមានការផ្អាកអ្វីឡើយ។ ដោយសារគ្រោះកាចនៃចានទាំង៧នេះ ត្រូវបានត្រៀមសម្រាប់ពេលវេលាចុងក្រោយ បន្ទាប់ពីគ្រោះកាចនៃត្រែទាំង៧មកដល់តាមលំដាប់លំដោយរបស់វាហើយ ហើយកាលណាត្រែចុងក្រោយបន្លឺសម្លេង ផែនដីនេះនឹងត្រូវវិនាសទាំងស្រុងតែម្តង។ 
ដូច្នេះហើយបានជា វិវរណៈ ១១:១៥-១៨ កត់ត្រាថា «ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ នោះពួកចាស់ទុំទាំង២៤នាក់ ដែលអង្គុយនៅលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំដល់ទ្រង់ ទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលគង់នៅ ក៏បានគង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀតអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានយកព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យឡើង អស់ទាំងសាសន៍បានមានសេចក្តីកំហឹង ហើយសេចក្តីខ្ញាល់ទ្រង់ក៏មកដល់ ជាពេលកំណត់ ដែលត្រូវជំរះពួកមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ គឺជាពួកបាវបំរើទ្រង់ទាំងតូចទាំងធំដែរ ហើយជាពេលត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។ 
ទីនេះនិយាយថា កាលណាទេវតាទី៧បានផ្លុំត្រែរបស់ខ្លួន មាន សម្លេងដ៏ខ្លាំងថា «នគរទាំងប៉ុន្មាននៅលោកីយ៍ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ ប៉ុន្តែមិនបាននិយាយអំពីគ្រោះកាចណាមួយទេ។ ហេតុអ្វី? ពីព្រោះភ្លាមៗបន្ទាប់ពីការផ្លុំត្រែទី៧ មិនមែនជាគ្រោះកាចទី៧ទេ ប៉ុន្តែជាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌។ ព្រះនឹងលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ទាំងអស់អ្នកដែលកំពុងតែរស់នៅលើផែនដីនេះ និងទាំងអស់អ្នកដែលបានដេកលក់ទៅហើយ ហើយកាលណាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌បញ្ចប់ទៅ ទ្រង់នឹងចាក់គ្រោះកាចនៃចានទាំង៧មក ហើយបំផ្លាញផែនដីនេះចោលទាំងស្រុងតែម្តង។ 
បើសិនយើងចង់ដឹងពីពេលវេលាជាក់លាក់នៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ យើងពិតជាត្រូវពិនិត្យមើលព្រះបន្ទូលព្រះដែលមាននៅក្នុង វិវរណៈ ១០:៧។ សេចក្តីអាថ៌កំបាំងរបស់ព្រះពិតជានឹងត្រូវបានបំពេញសម្រេចនៅពេលនេះ ដូចដែលទ្រង់បានប្រកាសប្រាប់ពួកអ្នកបម្រើរបស់ទ្រង់។ 
នៅទីនេះ ខ្ញុំផ្តល់បទគម្ពីរមួយទៀតសម្រាប់ជំនឿត្រឹមត្រូវ និងការយល់ដឹងច្បាស់លាស់របស់អ្នក។ ម្តងទៀត ព្រះគម្ពីរនិយាយថា «នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ ៥២ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ» (១កូរិនថូស ១៥:៥១-៥២)។ តើព្រះគម្ពីរមិននិយាយយ៉ាងច្បាស់លាស់ថា ការរស់ពីស្លាប់ឡើងវិញរបស់ពួកបរិសុទ្ធនឹងកើតឡើងនៅពេលចាប់ផ្តើមត្រែទី៧ទេឬ? កាលណាត្រែបន្លឺ សម្លេងឡើង អ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទ នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយយើងក៏នឹងបានផ្លាស់ប្រែភ្លាមៗ ដើម្បីទទួលការលើកឡើងទៅស្ថានសួគ៌ផងដែរ។ 
ទេវតាដែលលេចឡើងនៅក្នុងជំពូក១០ គឺជាទេវតាដ៏មានអំណាចព្រះចេស្តា ដែលព្រះបានបញ្ជូនមក ដែលខុសពីទេវតាដ៏ទៃទៀត ដែលផ្លុំត្រែទាំង៦ដំបូង។ នៅពេលយើងពិនិត្យមើលអ្វីដែលទេវតាដ៏មានអំណាចព្រះចេស្តានេះធ្វើ ទេវតានេះលេចមកដូចជាព្រះតែម្តង ដែលអាចធ្វើឲ្យយើងច្រឡំថា ទេវតានេះគឺជាព្រះ៖ «ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧»។ 
នៅក្នុងន័យផ្សេង យើងអាចច្រឡំថា ទេវតានេះគឺជាព្រះបាន ពីព្រោះទេវតាដ៏មានអំណាចព្រះចេស្តានេះធ្វើជំនួសព្រះយេស៊ូវ គ្រប់ការទាំងអស់ដែលទ្រង់ត្រូវធ្វើ។ នេះប្រាប់យើងថា ព្រះនឹងធ្វើការទាំងនេះ តាមរយៈទេវតាដ៏មានអំណាចព្រះចេស្តានេះ។ វាប្រាប់យើងថា ទេវតានេះដែលឈរនៅលើសមុទ្រ និងដីគោក នឹងបំផ្លាញទាំងដីគោក និងទាំង សមុទ្រ ហើយថា កាលណាមានផ្គរលាន់ ទេវតានេះនឹងបញ្ចប់គ្រប់យ៉ាងដែលព្រះបានរៀបចំផែនការនៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីការចាប់ផ្តើមនៃការបង្កបង្កើតសកលលោក និងមនុស្សជាតិមកម៉្លេះ។ 
យើងដែលជាពួកបរិសុទ្ធ នឹងរស់នៅឆ្លងកាត់ ហើយមានបទពិសោធន៍ជាមួយគ្រោះកាចចំនួន៦នៃគ្រោះកាចនៃត្រែទាំង៧ ហើយយើងនឹងបន្តប្រកាសដំណឹងល្អរហូតដល់ទីបញ្ចប់។ ព្រះបានប្រាប់ឲ្យសាវក យ៉ូហានយក និងបរិភោគក្រាំងតូច ហើយទាយម្តងទៀត ប៉ុន្តែព្រះបន្ទូលនេះក៏សម្រាប់អ្នក និងខ្ញុំផងដែរថា រហូតដល់ថ្ងៃចុងក្រោយ យើងត្រូវតែបន្តរស់នៅក្នុងជំនឿរបស់យើង។ ដោយសារការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើងមែន នៅពេលត្រែទី៧បន្លឺសម្លេងឡើង យើងត្រូវតែទទួលសេចក្តីពិតនៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នេះ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមជំនឿ ហើយស្តាប់ព្រះបន្ទូល និងប្រកាសដំណឹងល្អ រហូតដល់ថ្ងៃនោះមកដល់។ 
រហូតដល់ត្រែទី៧បន្លឺសម្លេងឡើង អាទទឹងនឹងព្រះគ្រីស្ទនឹងមានភាពសកម្មក្នុងកំឡុងគ្រោះកាចនេះ វានឹងសម្លាប់ពួកបរិសុទ្ធ ប៉ុន្តែភ្លាមៗបន្ទាប់មក ពួកបរិសុទ្ធនឹងត្រូវបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌។ ដូច្នេះ ទោះបីជានៅពេលនេះ ជំនឿរបស់អ្នកជឿជាច្រើនរង្គោះរង្គើរដល់ស្នូល និងបាត់បង់ភាពរស់រវើករបស់វា អ្នក និងខ្ញុំត្រូវតែរស់នៅដោយជំនឿដដែល។ នៅក្នុងន័យផ្សេង យើងត្រូវតែជឿថា ការលើកពួកយើងឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើង បន្ទាប់ពីការឮសម្លេងត្រែទី៧ ហើយរស់នៅដោយជំនឿនេះ។ 
ក្នុងពេលដ៏ឆាប់ យើងនឹងមើលឃើញគ្រោះកាចនៃត្រែទាំង៧ ដោយភ្នែករបស់យើងផ្ទាល់។ យើងនឹងមើលឃើញដោយភ្នែករបស់យើងផ្ទាល់ ហើយរាប់គ្រោះកាចទាំងនេះ ចាប់ពីគ្រោះកាចដំបូង រហូតដល់គ្រោះកាចទី៦។ បន្ទាប់មក កាលណាយើងដែលជាពួកបរិសុទ្ធ ដឹងដោយខ្លួនឯងថា ពេលវេលាសម្រាប់ទុក្ករកម្មរបស់យើងបានមកដល់ហើយ យើងពិតជានឹងត្រូវបានគេសម្លាប់ដូច្នេះដែរ។ នេះមិនមែនជារឿងនិទានអំពីអទិទេព ឬជារឿងប្រឌិតបែបវិទ្យាសាស្ត្រ ឬជាអ្វីមួយដែលអ្នកអាចជឿ ឬមិនជឿតាមចិត្តរបស់អ្នកបានឡើយ។ ប៉ុន្តែនេះគឺជាអ្វីដែលពិតជានឹងកើតឡើងចំពោះអ្នក និងខ្ញុំ។ 
វិវរណៈ ១០:៧ ដែលជាខបង្ហាញយ៉ាងច្បាស់លាស់បំផុតអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ចេញពីកណ្ឌគម្ពីរវិវរណៈ ប្រាប់យើងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង កាលណាមានឮសម្លេងត្រែទី៧ ហើយថា លោកិយនេះនឹងបញ្ចប់ទៅ ដោយសារគ្រោះកាចនៃចានទាំង៧។ បន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ព្រះនឹងបំផ្លាញលោកិយទាំងមូលចោលទាំងស្រុង។ កាលណាពួកបរិសុទ្ធត្រូវបានលើកឡើងទៅស្ថានសួគ៌ ពួកគេនឹងសរសើរតម្កើងព្រះអម្ចាស់នៅលើអាកាស។ ប៉ុន្តែនៅលើផែនដីនេះ គ្រោះកាចនៃចានទាំង៧នឹងត្រូវបានចាក់មក ហើយបំផ្លាញផែនដីនេះចោលទាំងស្រុង ហើយកាលណាគ្រោះកាចនៃចានទាំង៧នេះបញ្ចប់ទៅ ពួកបរិសុទ្ធនឹងចុះមកលើផែនដីដែលកែជាថ្មីជាមួយព្រះអម្ចាស់។ ហើយបន្ទាប់មក នគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទនឹងត្រូវបានសាងសង់នៅលើផែនដីនេះ។ 
គ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះ គាំទ្រទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់ ហើយពួកគេមួយចំនួនខុសកាន់តែខ្លាំង ដែលគាំទ្រទាំងបដិសហស្សវត្សទៀតផង គឺការជឿថាគ្មាននគររាជ្យមួយពាន់ឆ្នាំអ្វីទាំងអស់។ តើនគររាជ្យមួយពាន់ឆ្នាំមិនមែនជាការពិតទេឬ? នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលជឿដូច្នេះ។ ពួកគេខ្លះដែលជាអ្នកដឹកនាំនៃបណ្តាពួកជំនុំធំបំផុតនៅប្រទេស កូរ៉េ ប្រកាសថា គ្រប់យ៉ាងនៅក្នុងកណ្ឌគម្ពីរវិវរណៈ ចាប់ពីសញ្ញា៦៦៦ រហូតដល់ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មិនមែនជាការពិតទេ ប៉ុន្តែជានិមិត្តរូបតែប៉ុណ្ណោះ។ ដូចដែលព្រះអម្ចាស់របស់យើងមានសួរថា «កាលណាកូនមនុស្សមកដល់ តើទ្រង់ពិតជានឹងរកឃើញជំនឿនៅលើផែនដីនេះដែរទេ?» យើងពិតជាពិបាករកឃើញអ្នកជឿពិតប្រាកដ នៅថ្ងៃចុងក្រោយនេះ។ 
ប៉ុន្តែព្រះអម្ចាស់ប្រាប់យើងថា ការលើកយើងឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើងមែន។ កាលណាយើងត្រូវបានលើកឡើងទៅ យើងនឹងជួបជាមួយព្រះអម្ចាស់នៅលើអាកាស ហើយសរសើរតម្កើងទ្រង់ ហើយទ្រង់ថែរក្សា និងកំសាន្តចិត្តដល់យើង ហើយយើងនឹងត្រឡប់មកផែនដីនេះជាមួយទ្រង់។ យើងនឹងរស់នៅក្នុងជីវិតថ្មីនៅក្នុងរូបកាយដែលរស់ពីស្លាប់ឡើងវិញ និងផ្លាស់ប្រែ ជាមួយគ្រប់យ៉ាងដែលកែថ្មី ចាប់ពីជីវិតថ្មីរបស់យើង ដល់ព្រះពរថ្មី នៅក្នុងនគររាជ្យមួយពាន់ឆ្នាំនៅលើផែនដីនេះ។ យើងនឹងរស់នៅក្នុងសិរីល្អរបស់ព្រះ។ អ្នក និងខ្ញុំត្រូវតែរស់នៅជាមួយជំនឿនេះ និងសេចក្តីសង្ឃឹមនេះ។ ហើយកាលណានគររាជ្យមួយពាន់ឆ្នាំបញ្ចប់ទៅ យើងនឹងចូលទៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយសោយរាជ្យជាមួយព្រះគ្រីស្ទជារៀងរហូតតទៅ ជាមួយនឹងកិត្តិយស និងសិរីល្អដ៏អស់កល្បជានិច្ច។ 
កាលណាយើងចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ទេវតាទាំងអស់នឹងធ្វើជាអ្នកបម្រើយើង។ តើជីវិតខាងវិញ្ញាណទាំងអស់ លោកិយទាំងមូលដែលព្រះ និងព្រះយេស៊ូវបានបង្កើត និងគ្រប់យ៉ាងនៅក្នុងវាគឺជាកម្មសិទ្ធរបស់អ្នកណា? គ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់យើង។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា អស់អ្នកដែលនឹងទទួលបានគ្រប់យ៉ាងជាមរដក គឺជាពួកបរិសុទ្ធ។ ដោយសារអ្នក និងខ្ញុំគឺជាពួកបរិសុទ្ធ ដែលបានកើតជាថ្មី ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងគឺជាអ្នកស្នងមរដករបស់ព្រះ និងអ្នកស្នងមរដករួមគ្នាជាមួយព្រះ គ្រីស្ទ។ ដូច្នេះ អ្នក និងខ្ញុំត្រូវតែយកឈ្នះលើទុក្ខលំបាកទាំងឡាយនៅលើផែនដីនេះ ដោយជំនឿ ហើយស៊ូទ្រាំ ដោយសម្លឹងទៅឯថ្ងៃនៃការទទួលមរដករបស់យើង។ ហើយយើងក៏ត្រូវតែមានជំនឿដែលតយុទ្ធ ក្នុងនាមជាពួកទាហានពិសេសរបស់ព្រះផងដែរ។ 
ព្រះបានប្រាប់យើងថា ការទាំងអស់នេះនឹងត្រូវបានបំពេញសម្រេចយ៉ាងឆាប់រហ័ស និងមិនបង្អង់ឡើយ។ នៅក្នុងន័យផ្សេង ការទាំងនេះនឹងសម្រេចក្នុងពេលដ៏ឆាប់។ មនុស្សមួយចំនួនអាចឆ្ងល់ថា ហេតុអ្វីព្រះមិនបានប្រាប់យើងអំពីវាយ៉ាងលម្អិតជាងនេះ។ ចម្លើយសម្រាប់សំណួរនេះគឺថា ការលាក់បាំងកិច្ចការរបស់ព្រះគឺជាប្រាជ្ញារបស់ទ្រង់ (សុភាសិត ២៥:២; លូកា ១០:២១)។ 
បើសិនផែនការរបស់ព្រះត្រូវបានកត់ត្រាយ៉ាងលម្អិត វានឹងធ្វើឲ្យមានការថប់បារម្ភយ៉ាងខ្លាំងនៅក្នុងលោកិយនេះ។ ហើយពួកបរិសុទ្ធនឹងមិនអាចរស់នៅ រហូតដល់ថ្ងៃចុងក្រោយឡើយ។ ពួកបរិសុទ្ធស្ទើរទាំងអស់នឹងត្រូវបានពួកអ្នកមិនជឿសម្លាប់ចោល ហើយគ្មានមនុស្សបរិសុទ្ធម្នាក់ណានឹងរួចខ្លួនឡើយ។ បើសិនសេចក្តីលម្អិតទាំងអស់អំពីថ្ងៃចុងក្រោយត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ អស់អ្នកដែលមិនបានកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ នឹងសម្លាប់អ្នកជឿដែលបានកើតជាថ្មីទាំងអស់។ តាមរយៈការលាក់បាំងបំណងព្រះហឫទ័យរបស់ទ្រង់ ព្រះបើក សម្តែងវាទៅកាន់អស់អ្នកដែលសមនឹងដឹង ហើយទ្រង់លាក់បាំងសេចក្តីអាថ៌កំបាំងនេះពីអ្នកដទៃទាំងអស់ទៀត។ នេះហើយគឺជាប្រាជ្ញារបស់ព្រះ។ ព្រះបានបើកសម្តែងផែនការរបស់ទ្រង់ដល់យើងហើយបានអនុញ្ញាតឲ្យយើងដឹងពីផែនការទាំងនោះ ពីព្រោះវាមានភាពចាំបាច់ខ្លាំងណាស់សម្រាប់ពួកបរិសុទ្ទនៅសម័យនេះ។
ការដែលពួកជំនុំដែលបានកើតជាថ្មីរបស់ព្រះកំពុងតែប្រកាសអំពីថ្ងៃចុងក្រោយយ៉ាងលម្អិត មានន័យថា ថ្ងៃចុងក្រោយជិតមកដល់យើង ហើយ។ ដោយសារគ្រានៃសេចក្តីវេទនាដ៏ធំជិតមកដល់ហើយ ព្រះបន្ទូលនៃការបើកសម្តែងត្រូវបានប្រកាស ដើម្បីឲ្យពួកបរិសុទ្ធនឹងមានការយល់ដឹងត្រឹមត្រូវអំពីថ្ងៃចុងក្រោយ ដើម្បីស៊ូទ្រាំ និងយកឈ្នះលើសេចក្តីវេទនាដ៏ធំដែលជិតមកដល់នេះ។ សូម្បីតែអ្នកដែលបានកើតជាថ្មីក៏ដោយ បើសិនពួកគេប្រឈមនឹងសេចក្តីវេទនាដ៏ធំ ដោយមិនមានការយល់ដឹងអំពីថ្ងៃចុងក្រោយទេ ក៏ពួកគេនឹងមិនដឹងពីអ្វីដែលត្រូវធ្វើ ហើយមានភាពច្របូកច្របល់យ៉ាងខ្លាំងដែរ កាលណាសេចក្តីវេទនាដ៏ធំពិតជាមកដល់។ ភាពច្របូកច្របល់នេះនឹងកាន់តែធ្ងន់ធ្ងរសម្រាប់អស់អ្នកដែលពឹងផ្អែកលើជំនឿផ្ទាល់ខ្លួនរបស់ពួកគេ។ 
យើងអាចស្រមើស្រមៃថា ព្រលឹងជាច្រើនដែលមិនបានត្រៀមខ្លួនជាស្រេច នឹងចាប់ផ្តើមដើរតាមផ្លូវខុស ដោយភាពល្ងង់ខ្លៅ និងភាពច្របូកច្របល់របស់ពួកគេ នៅពេលថ្ងៃចុងក្រោយមកដល់។ «តើព្រះបានប្រាប់អ្វីដល់អ្នកដែរទេ?» «តើទ្រង់មិនបានបង្ហាញនិមិត្តមួយដល់អ្នក នៅពេលអ្នកកំពុងតែអធិស្ឋានទេឬ?» មនុស្សជាច្រើននឹងថប់បារម្ភ ហើយស្វែងរកនិមិត្តពីព្រះ ហើយមនុស្សជាច្រើននឹងអះអាងថា ពួកគេបានមើលឃើញនិមិត្តនៅថ្ងៃចុងក្រោយ។ «តើព្រះមិនបានប្រាប់អ្វីដល់អ្នក នៅពេលអ្នកកំពុងតែអធិស្ឋានទេឬ?» បើសិនពួកបរិសុទ្ធនៅតែមិនយល់ នេះនឹងជាសំណួរធម្មតាមួយក្នុងចំណោមពួកបរិសុទ្ធនៅថ្ងៃចុងក្រោយហើយ។ 
ប៉ុន្តែព្រះមិនធ្វើការតាមរបៀបនេះឡើយ ពីព្រោះទ្រង់បានបង្គាប់យើងរួចហើយថា «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ»។ នៅក្នុងន័យផ្សេង ពួកបរិសុទ្ធត្រូវតែស្តាប់អ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល តាមរយៈពួកជំនុំ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធដែលធានាអំពីព្រះបន្ទូលរបស់ព្រះ ធ្វើបន្ទាល់តែពីអ្វីដែលពិតប្រាកដ និងត្រឹមត្រូវប៉ុណ្ណោះ កាលណាគ្រោះកាចដែលបំផ្លាញផែនដីនេះមកដល់ យើងដែលជាពួកបរិសុទ្ធនឹងមិនភ្ញាក់ផ្អើល ដោយសារសេចក្តីវេទនាដ៏ធំដែលនឹងមកជាបន្តបន្ទាប់ឡើយ ប៉ុន្តែយើងនឹងរស់នៅដោយជំនឿវិញ ពីព្រោះនៅពេលនោះ យើងបានស្តាប់ឮព្រះបន្ទូលនៃសេចក្តពិត និងរក្សាវាទុកនៅក្នុងចិត្តរបស់យើងជាមុនរួចរាល់ទៅហើយ។ 
នេះគឺជាមូលហេតុដែលសាវកយ៉ូហានបានបើកសម្តែងមកកាន់យើងពីអ្វីដែលនឹងកើតឡើងនៅពេលអនាគតជាមុន ហើយជាមូលហេតុដែលពួកអ្នកបម្រើរបស់ព្រះប្រកាសសេចក្តីពិតនៅក្នុងព្រះគម្ពីរ។ ការទាយគឺជាការយល់ដឹង និងការប្រកាសពីអ្វីដែលនឹងមកពីព្រះគម្ពីរ។ ប៉ុន្តែការអះអាងថា ខ្លួនបានមើលឃើញនិមិត្តនៅក្នុងសុបិន្ត ឬការអធិស្ឋានមិនចេញមកពីព្រះគម្ពីរឡើយ!
ចូរកុំភ្លេចថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ពិតជានឹងកើតឡើង ហើយថា យើងគឺជាពួកបរិសុទ្ធរបស់ព្រះ។ ហើយក៏មិនត្រូវភ្លេចផងដែរថា អ្នកបានធ្វើជាមនុស្សបរិសុទ្ធម្នាក់រួចហើយ ដែលនឹងបាននៅជាមួយព្រះគ្រីស្ទនៅលើអាកាស នៅពេលការលើកឡើងទៅស្ថានសួគ៌មកដល់ ដែលនឹងចុះមកផែនដីដែលកែថ្មីម្តងទៀត ដើម្បីរស់នៅសម្រាប់រយៈពេលមួយពាន់ឆ្នាំ ហើយដែលនឹងរស់នៅជារៀងរហូតតទៅនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ បើសិនអ្នកស្តាប់ឮមនុស្សនិយាយគ្នាអំពីទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំ ឬការអះអាងថា មិនមាននគររាជ្យមួយពាន់ឆ្នាំអ្វីទាំងអស់ ប្រាប់ពួកគេអំពី សេចក្តីពិតចេញពីបទគម្ពីរដែលយើងបាន និងកំពុងតែពិភាក្សានៅទីនេះ។ ហើយអ្នកក៏គួរតែនិយាយអំពី ១ថែស្សាឡូនីច ៤ និង ១កូរិនថូស ១៥ ផងដែរ ហើយប្រាប់ពួកគេថា ព្រះនឹងចុះមក កាលណាឮសម្លេងមហាទេវតា និងសម្លេងត្រែចុងក្រោយ ហើយលើកពួកបរិសុទ្ធទៅលើអាកាសជាមួយទ្រង់។ លុះត្រាតែអ្នកជឿលើការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នេះ ទើបអ្នកអាចការពារជំនឿរបស់អ្នកបាន។ 
ដើម្បីបានព្រះអម្ចាស់លើកឡើងទៅស្ថានសួគ៌ ត្រូវតែមានទុក្កកម្មដោយជំនឿ និងការប្រោសឲ្យរូបកាយរស់ពីស្លាប់ឡើងវិញ។ ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង ភ្លាមៗបន្ទាប់ពីការប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ ដូច្នេះ ការស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅលើអាកាសគឺដូចគ្នា។ ការចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ គឺបានរស់នៅជាមួយព្រះអម្ចាស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ ហើយការបានលើកឡើងទៅស្ថានសួគ៌ក៏មានន័យផងដែរថា ការរស់នៅជាមួយព្រះអម្ចាស់ សម្រាប់រយៈពេលមួយពាន់ឆ្នាំនៅលើផែនដីនេះ។ 
ដូច្នេះ ហេតុអ្វីយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌? ពីព្រោះព្រះនឹងបំផ្លាញគ្រប់យ៉ាងនៅលើផែនដីនេះចោល ដោយការចាក់គ្រោះកាចនៃចានទាំង៧មក គឺទ្រង់នឹងលើកពួកបរិសុទ្ធឡើងទៅជាមុន ដើម្បីសង្រ្គោះកូនរបស់ទ្រង់ចេញពីគ្រោះកាចដ៏បំផ្លិចបំផ្លាញទាំងនេះ។ ដើម្បីបែងចែកពួកបរិសុទ្ធចេញពីពួកមនុស្សមានបាប ហើយដើម្បីបង្ហាញពីវាសនាខុសគ្នារបស់ពួកគេ ទ្រង់នឹងលើកពួកបរិសុទ្ធឡើងទៅ។ ដូច្នេះ យើងត្រូវតែជឿលើការទាំងអស់នេះ គឺការលើកយើងឡើងទៅស្ថានសួគ៌ ការប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ និងទុក្ករកម្មរបស់យើង។ 
សម្រាប់មនុស្សមួយចំនួន ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានបើកសម្តែងយ៉ាងលម្អិត ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត វានៅតែជាសេចក្តីអាថ៌កំបាំងទាំងស្រុង។ ដូចគ្នាដែរ ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកទៅលើអាកាសរបស់ពួកបរិសុទ្ធ និងការសោយរាជ្យរបស់ពួកគេនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីសុទ្ធតែជាសេចក្តីអាថ៌កំបាំងរបស់ព្រះទាំងអស់។ ព្រះបានបើកសម្តែង សេចក្តីអាថ៌កំបាំងនេះទៅដល់អ្នកដែលបានកើតជាថ្មីតែប៉ុណ្ណោះ។ ហើយដោយធ្វើឲ្យពួកគេជឿលើសេចក្តីអាថ៌កំបាំងទាំងនេះ ទ្រង់បានជួយឲ្យពួកគេអាចរស់នៅក្នុងថ្ងៃចុងក្រោយ និងយកឈ្នះលើទុក្ខលំបាកទាំងអស់របស់ពួកគេ ដោយសេចក្តីសង្ឃឹមលើការលើកឡើងទៅលើអាកាស និងនគរស្ថានសួគ៌។ 
អ្នក និងខ្ញុំត្រូវតែមានជំនឿបែបនេះ។ បើសិនគ្មានជំនឿបែបនេះ គឺមិនជឿថា យើងនឹងត្រូវបានលើកឡើង យើងនឹងរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី ព្រះអម្ចាស់នឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ នៅពេលអាទទឹងនឹងព្រះគ្រីស្ទសម្លាប់យើង លើកយើងឡើងទៅលើអាកាស និងនាំយើងមកផែនដីវិញ ដើម្បីសោយរាជ្យជាមួយទ្រង់សម្រាប់រយៈពេលមួយពាន់ឆ្នាំទេ យើងនឹងអស់សង្ឃឹម ហើយមិនអាចទ្រាំទ្រនឹងជីវិតដែលលំបាកនៅថ្ងៃចុងក្រោយបានឡើយ។ 
ពួកបរិសុទ្ធមានក្តីសុបិន្តល្អមួយ ហើយគ្មានអ្នកណាក្រៅពីព្រះអម្ចាស់ឡើយ ដែលអាចធ្វើឲ្យសុបិន្តនេះក្លាយជាការពិតបាន។ បើសិនគ្មានសង្ឃឹមដូច្នេះទេ យើងនឹងរស់នៅក្នុងសេចក្តីទុក្ខសោក និងការរងទុក្ខនៅក្នុងពិភពលោកដ៏អស់សង្ឃឹមនេះហើយ។ 
សាវកប៉ុលបានប្រាប់លោកធីម៉ូថេឲ្យរក្សាការល្អដែលត្រូវបានប្រគល់ឲ្យគាត់។ ដំណឹងល្អគឺល្អ ហើយទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់យើងក៏ល្អ ហើយការរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីក៏ល្អផងដែរ។ ទាំងនេះគឺសុទ្ធតែការល្អទាំងអស់ ដែលជារបស់ពួកបរិសុទ្ធតែប៉ុណ្ណោះ ហើយវាគឺជាជំនឿ និងសង្ឃឹមពិតប្រាកដទាំងអស់ មិនមែនជាការស្រមើស្រមៃ ឬមាយការទេ។ ទាំងនេះគឺជាជំនឿ និងសង្ឃឹមរបស់យើង ដែលព្រះអម្ចាស់បានប្រទានឲ្យ។ តាមរយៈជំនឿលើការទាំងនេះ យើងត្រូវតែរស់នៅក្នុងសម័យនេះ សម្រាប់ថ្ងៃនៃការមកដល់នៃនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
អស់អ្នកដែលនឹងត្រូវបានលើកឡើងទៅលើអាកាស គឺជាអ្នក និងខ្ញុំហើយ។ យើងត្រូវតែរស់នៅ ដោយសារជំនឿ ដោយរង់ចាំថ្ងៃដែលយើងនឹងត្រូវបានលើកឡើងទៅឈរនៅចំពោះព្រះអម្ចាស់ ហើយសោយរាជ្យនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ព្រះប្រាប់យើងថា ព្រះអង្គដែលនឹងយាងមក នឹងយាងមកក្នុងពេលដ៏ឆាប់។ គ្រោះកាចទាំងឡាយដែលនឹងមកដល់ ក្នុងកំឡុងពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ គឺជិតមកដល់ហើយ។ បើសិនគ្រោះកាចទាំងនោះនឹងបន្តពេញរយៈពេលប្រាំពីរឆ្នាំនៃសេចក្តីវេទនាដ៏ធំ តើអ្នកណានឹងប្រឈមនឹងពួកវាបាន? គ្រោះកាចដំបូងៗមានរយៈពេលខ្លី ហើយកាលណាពេលវេលាកាន់តែជិតមកដល់ទីបញ្ចប់ មនុស្សនឹងមើលឃើញគ្រោះកាចជាច្រើនទៀត។ កាលណាគ្រោះកាចនៃត្រែទាំង៧មកដល់ វានឹងឈានដល់ចំណុចធ្ងន់ធ្ងរបំផុតរបស់វា។
កាលណាសាតាំងព្យាយាមធ្វើឲ្យជំនឿរបស់ពួកបរិសុទ្ធរង្គោះរង្គើរ វានឹងសម្លាប់អ្នកដឹកនាំពួកជំនុំពីរនាក់ ទុកជាគំរូ។ សាតាំងអាចនិយាយថា «ខ្ញុំនឹងទុកជីវិតឲ្យអ្នក បើសិនអ្នកបដិសេធព្រះ!»។ ទោះបីជាលោកិយនេះនឹងត្រឡប់ជាល្អប្រសើរក៏ដោយ ក៏មនុស្សនឹងគិតឡើងវិញអំពីការផ្តល់ឲ្យរបស់សាតាំងនេះដែរ។ តើអ្នកណាគិតត្រឹមត្រូវ ដែលគាត់នឹងបដិសេធព្រះអម្ចាស់ នៅពេលគាត់ដឹងយ៉ាងច្បាស់លាស់ថា ព្រះអម្ចាស់នឹងចាក់គ្រោះកាចនៃចានទាំង៧មក ហើយថា គាត់នឹងត្រូវឆ្លងកាត់ការរងទុក្ខទាំងអស់ពីគ្រោះកាចទាំងនេះ? ពួកបរិសុទ្ធដែលដឹងពីចុងបញ្ចប់នៃលោកិយនេះ នឹងមិនបដិសេធព្រះអម្ចាស់ ឬក្បត់ជំនឿរបស់ពួកគេឡើយ។ ហើយដោយសារចិត្តរបស់យើងមានព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងប្រទានភាពក្លាហានដល់យើងជាមិនខាន។ 
ដោយសារផែនការទាំងអស់របស់ព្រះនឹងត្រូវបានបំពេញសម្រេចយ៉ាងឆាប់រហ័សនៅថ្ងៃចុងក្រោយ នឹងមិនមានកន្លែងសម្រាប់ភាពធុញទ្រាន់ឡើយ។ កាលណាគ្រោះកាចដែលមានរយៈពេលខ្លីបញ្ចប់ទៅ នឹងមានការរស់ពីស្លាប់ឡើងវិញ ហើយបន្ទាប់មក ការលើកឡើងទៅស្ថាន សួគ៌។ ចូរស្រម៉ៃថា រូបកាយរបស់យើងប្រែក្លាយទៅជារូបកាយខាងវិញ្ញាណ ដែលកំពុងតែសរសើរតម្កើងព្រះអម្ចាស់។ នៅក្នុងនគររបស់ព្រះ យើងអាចរីករាយជាមួយពិភពលោកថ្មីស្រឡាងមួយ ដែលស្រស់ស្អាត ដែលយើងមិនធ្លាប់បានឃើញនៅលើផែនដីនេះពីមុនមក។ ដោយសាររូបកាយខាងវិញ្ញាណមិនស្ថិតនៅក្នុងដែនកំណត់នៃកាល និងពេលវេលា យើងនឹងរស់នៅក្នុងពិភពលោកដ៏អស្ចារ្យមួយ ដែលយើងអាចទៅកន្លែងណាដែលយើងចង់បានដោយសេរី។ 
ខ្ញុំពិតជាអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានព្រះពរដ៏ធំនេះដល់យើង។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការបើកសម្តែងយ៉ាងលម្អិតដល់យើង តាមរយៈព្រះបន្ទូលទ្រង់ អំពីសេចក្តីវេទនាដ៏ធំ គ្រោះកាចទាំងឡាយ ទុក្ករកម្ម ការរស់ពីស្លាប់ឡើង និងការលើកឡើងទៅស្ថានសួគ៌របស់យើង។ ហើយខ្ញុំអធិស្ឋានឲ្យចិត្តរបស់យើងនឹងតែងតែរស់នៅ ដោយការស្គាល់គ្រានេះ និងការជឿតាមសេចក្តីពិតនេះ។