Search

คำสอน

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-9] ចូរយើងធ្វើតាមបំណេងព្រះហឫទ័យនៃព្រះវរបិតា ដោយជំនឿ (ម៉ាថាយ ៧:២១-២៣)

(ម៉ាថាយ ៧:២១-២៣)
«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះ អម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។»
 
 
ប្រហែល ខ្ញុំគឺជាមនុស្សម្នាក់...
 
តើគ្រប់គ្នាដែលនិយាយាថា «ឱព្រះអម្ចាស់ៗអើយ» បានទៅនគរស្ថានសួគ៌ទេ?
ទេ។ មានតែអ្នកដែលធ្វើតាម បំណងព្រះហឫទ័យព្រះប៉ុណ្ណោះ

ព្រះយេស៊ូវគ្រីស្ទ មានបន្ទូលថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះ អម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា»។ ព្រះបន្ទូលទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចនៅក្នុងចិត្តរបស់គ្រីស្ទបរិស័ទជាច្រើន ហើយជម្រុញឲ្យពួកគេធ្វើការយ៉ាងខ្លាំង ដើម្បីបានធ្វើតាមបំណងព្រះហឫទ័យព្រះ។
គ្រីស្ទបរិស័ទភាគច្រើន គិតថា ការតែមួយគត់ដែលត្រូវធ្វើ គឺពួកគេត្រូវជឿលើព្រះយេស៊ូវ ដើម្បីបានចូលទៅនគរស្ថានសួគ៌ ប៉ុន្តែ ម៉ាថាយ ៧:២១ ប្រាប់យើងថា មិនមែនគ្រប់គ្នាដែលនិយាយថា «ឱព្រះអម្ចាស់ៗអើយ» នឹងបានចូលទៅនគរស្ថានសួគ៌ទេ។
មនុស្សជាច្រើន ដែលបានអានខនេះ ហើយឆ្ងល់ថា «ប្រហែល ខ្ញុំគឺជាមនុស្សម្នាក់ដែរ» ប៉ុន្តែពួកគេព្យាយាមលើកទឹកចិត្តខ្លួនឯងថា «ទេ ព្រយេស៊ូវពិតជាចង់សំដៅទៅលើអ្នកមិនជឿ»។ ប៉ុន្តែគំនិតនេះនៅតែមាននៅក្នុងចិត្តរបស់ពួកគេ ហើយនៅតែបន្តរំអុកដល់ពួកគេជានិច្ច។ 
ដូច្នេះ ពួកគេយកផ្នែកចុងក្រោយនៃខគម្ពីរនេះ ដែលអានថា «ជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា»។ ពួកគេទទួលយកព្រះបន្ទូលទាំងនេះ «ធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា» ហើយគិតថា ពួកគេអាចតាមបំណងព្រះហឫទ័យព្រះបាន ដោយការថ្វាយតង្វាយមួយភាគដប់យ៉ាងស្មោះត្រង់ ការអធិស្ឋានពេលមាន់រងាវ ការប្រព្រឹត្តល្អ ហើយការមិនធ្វើបាប...។ល។ ពួកគេខិតខំយ៉ាងខ្លាំង។ ហើយខ្ញុំសោកស្តាយយ៉ាងខ្លាំង ដែលមើលឃើញពួកគេបានធ្វើបែបនេះ។
មនុស្សជាច្រើន ប្រព្រឹត្តកំហុស ពីព្រោះពួកគេមិនយល់ខគម្ពីរនេះ។ ដូច្នេះ ខ្ញុំចង់ពន្យល់អំពីខគម្ពីរនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យយើងទាំងអស់គ្នាអាចស្គាល់ និងរស់នៅតាមបំណងព្រះហឫទ័យព្រះបាន។
ជាដំបូង យើងត្រូវតែដឹងថា បំណងព្រះហឫទ័យព្រះ គឺដើម្បីឲ្យព្រះរាជបុត្រានៃទ្រង់ដោះអំពើបាបរបស់មនុស្សទាំងអស់ ហើយរំដោះពួកគេឲ្យរួចពីបាប។
អេភេសូរ ១:៥ សរសេរថា «ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់»។
តាមន័យផ្សេង គោលបំណងរបស់ទ្រង់ គឺដើម្បីឲ្យយើងបានស្គាល់ដំណឹងល្អពិតថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ ហើយអនុញ្ញាតឲ្យយើងបានកើតជាថ្មីហើយ។ ទ្រង់ចង់ឲ្យយើងបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ដោយការផ្ទេរអំពើបាបទាំងអស់របស់យើង ទៅលើព្រះរាជបុត្រានៃទ្រង់ គឺព្រះយេស៊ូវ។ នេះហើយគឺជាបំណងព្រះហឫទ័យព្រះ។
 
 
គ្រាន់តែនិយាយថា «ឱព្រះអម្ចាស់ៗអើយ!»
 
តើយើងត្រូវតែស្គាល់ពីអ្វី នៅពេលយើងជឿលើព្រះយេស៊ូវ?
បំណងព្រះហឫទ័យនៃព្រះវរបិតា

«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះ អម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។
យើង គួរតែយល់អំពីបំណងព្រះហឫទ័យនៃព្រះវរបិតា តាមរបៀបពីរយ៉ាង។ ទីមួយ យើងគួរតែដឹងថា បំណងព្រះហឫទ័យទ្រង់គឺថា យើងទទួលបានសេចក្តីអត់ទោសអំពើបាបរបស់យើង ហើយបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ហើយទីពីរ យើងគួរតែធ្វើការទៅតាមមូលដ្ឋានគ្រឹះនៃជំនឿនោះ។
បំណងព្រះហឫទ័យទ្រង់ គឺដើម្បីលុបបំបាត់អំពើបាបរបស់មនុស្សទាំងអស់នៅលើផែនដីនេះ។ សាតាំងបានបណ្តាលឲ្យមានការធ្លាក់ចុះ ដោយការធ្វើឲ្យអ័ដាមធ្វើបាប។ ប៉ុន្តែបំណងព្រះហឫទ័យនៃព្រះវរបិតារបស់យើង គឺដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់មនុស្ស។ ហើយយើងគួរតែយល់ថា បំណងព្រះហឫទ័យនៃព្រះវរបិតា មិនដើម្បីឲ្យយើងថ្វាយតង្វាយមួយភាគដប់ និងអធិស្ឋានពេលមានរងាវនោះទេ ប៉ុន្តែដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីបាបវិញ។ ដូច្នេះ បំណងព្រះហឫទ័យទ្រង់ គឺដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីការលិចលុងក្នុងសមុទ្របាប។
ព្រះគម្ពីរ និយាយថា មិនមែនគ្រប់គ្នាដែលនិយាយថា «ឱព្រះអម្ចាស់ៗអើយ» នឹងបានចូលទៅនគរស្ថានសួគ៌នោះទេ។ នេះមានន័យថា យើងមិនគួរគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែយើងក៏គួរតែដឹងផងដែរពីអ្វីដែលព្រះវរបិតារបស់យើង ចង់បានពីយើង។ បំណងព្រះហឫទ័យទ្រង់ គឺដើម្បីសង្រ្គោះយើងចេញពីបាប និងការដាក់ទណ្ឌកម្មទម្លាក់ទៅក្នុងស្ថាននរក ដោយទ្រង់ដឹងថា តាមរយៈកេរ្តិ៍ដំណែលរបស់អ័ដាម និងអេវ៉ា យើងនឹងនៅតែបន្តរស់នៅក្នុងបាបជានិច្ច។
 
 
បំណងព្រះហឫទ័យព្រះ
 
តើបំណងព្រះហឫទ័យព្រះគឺជាអ្វី?
ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់ ដោយការរំដោះយើងឲ្យរួចពីបាប

ម៉ាថាយ ៣:១៥ និយាយថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ ដូច្នេះ គឺដើម្បីបំពេញសម្រេចតាមផែនការរបស់ព្រះ ដែលព្រះយេស៊ូវបានយាងមកលោកិយនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាប។ បំណងព្រះហឫទ័យព្រះ ត្រូវបានបំពេញសម្រេច នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
ទ្រង់ ចង់សង្រ្គោះយើង ហើយយកយើងធ្វើជាកូនរបស់ទ្រង់។ ហើយដើម្បីធ្វើដូច្នេះបាន ព្រះរាជបុត្រានៃទ្រង់ត្រូវតែដោះអំពើបាបទាំងអស់របស់យើងចេញ។ បំណងព្រះហឫទ័យព្រះ គឺដើម្បីយកយើងធ្វើជាកូនរបស់ព្រះ។ ដូច្នេះ ទ្រង់បានបញ្ជូនព្រះរាជបុតារបស់ទ្រង់ផ្ទាល់ឲ្យមកដោះអំពើបាបរបស់មនុស្សទាំងអស់ ដែលបានធ្លាក់ចូលទៅក្នុងចំណងរបស់សាតាំង។ ហើយបំណងព្រះហឫទ័យព្រះ គឺដើម្បីប្រទានព្រះជន្មនៃព្រះរាជបុត្រានៃទ្រង់ផ្ទាល់សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យពួកគេអាចបានក្លាយជាកូនរបស់ទ្រង់។
នៅពេលព្រះយេស៊ូវបានទទូលបុណ្យជ្រមុជ និងបានសុគតនៅលើឆ្កាង បំណងព្រះហឫទ័យព្រះត្រូវបានសម្រេច។ បំណងព្រះហឫទ័យទ្រង់គឺថា យើងជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ហើយថា ទ្រង់បានទទួលយកការដាក់ទណ្ឌកម្មសម្រាប់អំពើរំលងទាំងអស់របស់យើង តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១» (យ៉ូហាន ៣:១៦)។ ព្រះបានសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីបាប។ ហើយដើម្បីធ្វើដូច្នេះបាន ជាដំបូង ព្រះយេស៊ូវបានបំពេញព្រះរាជកិច្ចជាសាធារណៈ គឺការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
«ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលទៅគាត់ថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ បំណងព្រះហឫទ័យព្រះគឺថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។
យើងគួរតែដឹងពីការនេះឲ្យបានច្បាស់លាស់។ មនុស្សជាច្រើន អាន ម៉ាថាយ ៧:២១ ហើយគិតថា វាគឺជាបំណងព្រះហឫទ័យព្រះសម្រាប់យើងបម្រើព្រះអម្ចាស់ សូម្បីរហូតដល់ស្លាប់ផង ដោយការថ្វាយតង្វាយខាងលោកិយ ដើម្បីសាងសង់ពួកជំនុំ។
ឱគ្រីស្ទបរិស័ទទាំងឡាយអើយ! ជាដំបូង យើងដែលជឿលើព្រះយេស៊ូវ គួរតែស្គាល់បំណងព្រះហឫទ័យព្រះ ហើយបន្ទាប់មក ធ្វើតាមបំណងព្រះហឫទ័យព្រះ។ វាគឺជាការខុស ដែលអ្នកថ្វាយខ្លួនរបស់អ្នកទៅចំពោះពួកជំនុំ ដោយមិនស្គាល់ពីបំណងព្រះហឫទ័យព្រះនោះ។ 
មនុស្ស សួរខ្លួនឯងថា តើមានអ្វីផ្សេងទៀត ក្រៅពីត្រូវរស់នៅដោយជំនឿនៅក្នុងពួកជំនុំដែលមានគោលលទ្ធិត្រឹមត្រូវបស់ខ្លួន? ប៉ុន្តែខ្ញុំផ្ទាល់ បានសិក្សាពីកាលវិននិយមនៅពួកជំនុំព្រីសបេធើរាន ហើយបានធំធាត់ឡើង ដោយម្តាយចិញ្ចឹម ដែលស្មោះត្រង់ចំពោះជំនឿដូចគ្រូគង្វាលជើងចាស់អញ្ចឹង។ ខ្ញុំបានរៀននៅក្នុងពួកជំនុំដែលអះអាងថា ខ្លួនមានគោលលទ្ធិត្រឹមត្រូវ។
សាវកប៉ុល បាននិយាយថា គាត់ក៏អាចអួតថា គាត់មកពីពូជអំបូរបេនយ៉ាមីន ហើយបានសិក្សាច្បាប់ពីលោកកាម៉ាលាស ដែលជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ នៅសម័យនោះ។ មុនពេលសាវកប៉ុលបានកើតជាថ្មី គាត់បានធ្វើដំណើរតាមផ្លូវ ទៅចាប់ខ្លួនអស់អ្នកដែលជឿលើព្រះយេស៊ូវ។ ប៉ុន្តែគាត់បានរកឃើញជំនឿនៅក្នុងព្រះយេស៊ូវ នៅតាមផ្លូវទៅក្រុងដាម៉ាស ហើយបានរាប់ជាសុចរិត តាម រយៈព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
 
 
យើងត្រូវតែស្គាល់បំណងព្រះហឫទ័យព្រះ មុនពេលយើងអាចធ្វើតាម
 
តើយើងចាំបាច់ត្រូវស្គាល់អ្វី មុនពេលយើងជឿព្រះយេស៊ូវ?
យើងត្រូវតែស្គាល់បំណងព្រះហឫទ័យព្រះ ជាមុនសិន

ការបានញែកជាបរិសុទ្ធរបស់យើង គឺជាបំណងព្រះហឫទ័យព្រះ។ «ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្តីកំផិតចេញ» (១ថែស្សាឡូនីច ៤:៣)។ យើងដឹងថា ព្រះមានបំណងព្រះហឫទ័យឲ្យយើងបានញែកជាបរិសុទ្ធទាំងស្រុង តាមរយៈទឹក និងព្រះវិញ្ញាណ ហើយរស់នៅក្នុងជំនឿពេញមួយជីវិតរបស់យើង។ 
បើសិនអ្នកដែលជឿលើព្រះយេស៊ូវ នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន គាត់កំពុងតែរស់នៅមិនស្របតាមបំណងព្រះហឫទ័យព្រះឡើយ។ ការដើរតាមបំណងព្រះហឫទ័យទ្រង់ តម្រូវថា យើងបានញែកជាបរិសុទ្ធ តាមរយៈដំណឹងល្អដែលមាននៅក្នុងព្រះយេស៊ូវ។ បើសិនយើងបានដឹងសេចក្តីនេះហើយ មានន័យថា យើងបានធ្វើតាមបំណងព្រះហឫទ័យព្រះហើយ។
នៅពេលខ្ញុំសួរអ្នកថា «តើអ្នកនៅមានបាបនៅក្នុងចិត្តរបស់អ្នក ទោះបីជាអ្នកបានជឿលើព្រះយេស៊ូវហើយឬ?» ហើយចម្លើយរបស់អ្នកគឺ បាទ។ ដូច្នេះ យើងអាចមើលឃើញយ៉ាងច្បាស់លាស់ថា អ្នកមិនទាន់ស្គាល់ពីបំណងព្រះហឫទ័យព្រះនៅឡើយទេ។ បំណងព្រះហឫទ័យព្រះគឺថា យើងគួរតែបានញែកជាបរិសុទ្ធ និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈជំនឿលើទឹក និងព្រះវិញ្ញាណ។ 
មានបុរសម្នាក់ ដែលមានកូនប្រុសៗ ដែលស្តាប់បង្គាប់។ ថ្ងៃមួយ គាត់បានហៅកូនប្រុសច្បង ដែលស្តាប់បង្គាប់គាត់ជាងគេ ហើយប្រាប់ថា «កូនប្រុស ចូរទៅភូមិនៅទល់មុខចំការ...»។
គាត់ មិនទាន់នឹងឈប់និយាយផង កូនប្រុសនោះបាននិយាយថា «បាទ លោកឪពុក» ហើយក៏ចាក់ចេញទៅ។ គាត់មិនបានរង់ចាំ ហើយបានដឹងពីអ្វីដែលគាត់ត្រូវធ្វើនោះទេ គឺគាត់បានចាកចេញទៅភ្លាមតែម្តង។
ឪពុករបស់គាត់ បានស្រែកប្រាប់ពីក្រោយថា «កូនប្រុស កូនស្តាប់បង្គាប់ឪពុកបានល្អណាស់ ប៉ុន្តែកូនគួរតែដឹងពីអ្វីដែលឪពុកចង់ឲ្យកូនធ្វើសិន»។
ប៉ុន្តែកូនប្រុសនោះបាននិយាយថា «មិនអី លោកឪពុក។ កូននឹងស្តាប់បង្គាប់តាមលោកឪពុក។ តើមានអ្នកណាទៀតអាចស្តាប់បង្គាប់តាមលោកឪពុកបានល្អជាងខ្ញុំនោះ?»។ 
គាត់ បានត្រឡប់មកវិញ ដោយដៃទទេ។ គាត់មិនបានដឹងថា ត្រូវធ្វើតាមបំណងរបស់ឪពុកខ្លួនយ៉ាងដូចម្តេចទេ ពីព្រោះគាត់មិនដឹងពីអ្វីដែលឪពុកខ្លួនចង់បាន គឺគាត់បានស្តាប់បង្គាប់ដោយ សេចក្តីល្ងិតល្ងង់វិញ។
យើង ក៏អាចដូចជាគាត់ផងដែរ បើសិនយើងមិនស្គាល់ព្រះយេស៊ូវគ្រីស្ទ។ មនុស្សជាច្រើន លះបង់ខ្លួនឯង ដើរតាមគោលលទ្ធិខាងទេវសាស្ត្រ ថ្វាយតង្វាយមួយភាគដប់ ដោយស្មោះត្រង់ អធិស្ឋានពេញមួយយប់ និងតមអាហារ ដោយមិនស្គាល់ពីបំណងព្រះហឫទ័យព្រះសោះ។ 
នៅពេលពួកគេស្លាប់ទៅជាមួយបាបនៅក្នុងចិត្ត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅតាមមាត់ទ្វារនគរស្ថានសួគ៌ឡើយ ពីព្រោះពួកគេឆេះឆួលចង់ធ្វើតាមបំណងព្រះហឫទ័យព្រះយ៉ាងខ្លាំង ប៉ុន្តែពួកគេមិនបានដឹងពីអ្វីដែលព្រះចង់បានសោះ។ 
 
តើប្រព្រឹត្តទទឹងច្បាប់ មានន័យយ៉ាងដូចម្តេច?
ជឿព្រះយេស៊ូវ តែនៅជាមនុស្សមានបាបម្នាក់ ដោយមិនស្គាល់ដំណឹងល្អអំពី ទឹក និងព្រះវិញ្ញាណ

«នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះ អម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២២-២៣)។
មានការជាច្រើន ដែលព្រះចង់ឲ្យយើងធ្វើ និងមានជំនឿ ដែលព្រះតម្រូវពីយើង។ ទ្រង់ចង់ឲ្យយើងជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញហើយ។ មានមនុស្សជាច្រើន ទាយ ដេញវិញ្ញាណអាក្រក់ និងធ្វើការអស្ចារ្យ ដោយនូវព្រះនាមទ្រង់ ដោយមិនដឹងពីសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណទេ។
សម្រាប់ពួកគេ ការធ្វើការអស្ចារ្យ មានន័យថា ការសាងសង់ពួកជំនុំ ការលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដើម្បីថ្វាយទៅពួកជំនុំ ការថ្វាយជីវិតរបស់ខ្លួនទៅចំពោះព្រះអម្ចាស់...។
ទាយដោយនូវព្រះនាមទ្រង់ មានន័យថា ធ្វើជាអ្នកដឹកនាំ ម្នាក់។ មនុស្សបែបនេះដូចជាពួកផារ៉ាស៊ី ដែលអួតពីការរស់នៅតាមក្រិត្យវិន័យ ខណៈដែលខ្លួនកំពុងបែរខ្នងដាក់ព្រះយេស៊ូវ។ នេះក៏សំដៅផងដែរទៅលើអ្នកដែលហៅខ្លួនឯងថា គ្រីស្ទបរិស័ទដែលមានគោលលទ្ធិត្រឹមត្រូវ។
ដេញវិញ្ញាណអាក្រក់ មានន័យថា អនុវត្តអំណាច។ ពួកគេទាំងអស់គ្នារំភើបនឹងជំនឿរបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្តែនៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹងប្រាប់ពួកគេថា ទ្រង់មិនស្គាល់ពួកគេទេ។ ហើយទ្រង់នឹងសួរពួកគេថា តើពួកគេអាចស្គាល់ទ្រង់បានយ៉ាងដូចម្តេច បើសិនទ្រង់មិនស្គាល់ពួកគេផង?
ព្រះអម្ចាស់ មានបន្ទូលថា «នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ នៅថ្ងៃនោះ ហ្វូងមនុស្សនឹងស្រែកយំដាក់ទ្រង់ថា «ឱព្រះអម្ចាស់អើយ ទូលបង្គំជឿថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ»។ ហើយពួកគេនឹងនិយាយថា ពួកគេស្រឡាញ់ទ្រង់ ប៉ុន្តពួកគេមានបាបនៅក្នុងចិត្ត។ ហើយព្រះអម្ចាស់ហៅពួកគេថា អ្នកប្រព្រឹត្តទទឹងច្បាប់ (មនុស្សមានបាបដែលមិនបានសង្រ្គោះ) ហើយនឹងប្រាប់ពួកគេឲ្យចេញឆ្ងាយពីទ្រង់ទៅ។
នៅថ្ងៃនោះ អ្នកដែលបានស្លាប់ដោយមិនបានកើតជាថ្មី នឹងស្រែកយំនៅចំពោះព្រះយេស៊ូវថា «ទូលបង្គំបានទាយ បង្កើតពួកជំនុំ និងបញ្ជូនបេសកជន៥០នាក់ដោយនូវព្រះនាមទ្រង់»។
ប៉ុន្តែព្រះយេស៊ូវនឹងប្រកាសទៅកាន់មនុស្សមានបាបទាំងនោះថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ 
«តើទ្រង់មានន័យយ៉ាងដូចម្តេច? តើទ្រង់មិនដឹងថា ទូលបង្គំបានទាយដោយនូវព្រះនាមទ្រង់ទេឬអី? ទូលបង្គំបានបម្រើពួកជំនុំអស់រយៈពេលជាច្រើនឆ្នាំ...ហើយទូលបង្គំបានបង្រៀនអ្នកដទៃឲ្យជឿដល់ទ្រង់។ ដូច្នេះ ហេតុអ្វីទ្រង់មិនស្គាល់ទូលបង្គំ?»
ទ្រង់ នឹងឆ្លើយតបថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ។ ឯងរាល់គ្នាដែលអះអាងថាស្គាល់អញ នៅមានបាបនៅក្នុងចិត្ត។ ដូច្នេះ ចេញឲ្យឆ្ងាយពីអញទៅ!»។
វាគឺជាសេចក្តីទទឹងច្បាប់នៅចំពោះព្រះ ដែលជឿលើទ្រង់ ដោយមានបាបនៅក្នុងចិត្តរបស់យើង ឬមិនជឿតាមច្បាប់នៃ សេចក្តីសង្រ្គោះរបស់ទ្រង់។ ហើយវាគឺជាសេចក្តីទទឹងច្បាប់នៅចំពោះព្រះ ដែលមិនស្គាល់ពីបំណងព្រះហឫទ័យទ្រង់ ព្យាយាមធ្វើតាមបំណងព្រះហឬទ័យទ្រង់ ដោយមិនស្គាល់ពីបំណងព្រះហឫទ័យទ្រង់ ឬមិនស្គាល់ពីព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ និងដើរតាមទ្រង់ ដោយមិនស្តាប់តាមបំណងព្រះហឫទ័យព្រះ។ សរុបមក សេចក្តីទទឹងច្បាប់គឺជាអំពើបាប។
 
 
បំណងព្រះហឫទ័យព្រះនៅក្នុងព្រះគម្ពីរ
 
តើអ្នកណាជាកូនរបស់ព្រះ?
មនុស្សសុចរិតដែលមិនមានបាប

បំណងព្រះហឫទ័យទ្រង់គឺថា យើងជឿលើដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អពិតបង្កើតការកើតបានជាថ្មីរបស់យើង។ ហើយបំណងព្រះហឫទ័យទ្រង់គឺថា យើងរស់នៅសម្រាប់ដំណឹងល្អ ក្នុងនាមជាកូនរបស់ទ្រង់។ ដូច្នេះ យើងគួរតែស្គាល់ពីបំណងព្រះហឫទ័យព្រះ ប៉ុន្តែមនុស្សជាច្រើនមិនស្គាល់ដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ 
នៅពេលខ្ញុំសួរមនុស្ស អំពីមូលហេតុដែលពួកគេជឿព្រះយេស៊ូវ មនុស្សជាច្រើននិយាយថា ពួកគេជឿលើព្រះយេស៊ូវ ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ។
ខ្ញុំ សួរថា «ដូច្នេះ តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នកឬទេ?»។
ពួកគេ និយាយថា «បាទ ខ្ញុំមាន»។
«អញ្ចឹង តើអ្នកបានសង្រ្គោះ ឬមិនបាន?»
«ពិតណាស់ ខ្ញុំបានសង្រ្គោះ។»
«តើមនុស្សម្នាក់ដែលមានបាបនៅក្នុងចិត្តអាចចូលទៅក្នុងនគរស្ថានសួគ៌បានដែរឬទេ?»
«ទេ គាត់មិនអាចទេ។»
«ដូច្នេះ តើអ្នកនឹងទៅនគរស្ថានសួគ៌ ឬភ្លើងនរក?»
ពួកគេ និយាយថា ពួកគេនឹងទៅនគរស្ថានសួគ៌ ប៉ុន្តែតើពួកគេអាចដែរឬទេ? ពួកគេនឹងទៅស្ថាននរកវិញ។
អ្នកខ្លះ គិតថា ដោយសារពួកគេជឿព្រះយេស៊ូវ ពួកគេអាចចូលទៅនគរស្ថានសួគ៌បាន ទោះបីជាពួកគេមានបាបនៅក្នុងចិត្តក៏ដោយ ហើយនេះគឺជាបំណងព្រះហឫទ័យព្រះសម្រាប់ពួកគេ។ ប៉ុន្តែព្រះមិនទទួលយកមនុស្សមានបាបចូលទៅក្នងស្ថានសួគ៌ទេ។
តើអ្វីគឺជាបំណងព្រះហឫទ័យព្រះ? ព្រះគម្ពីរនិយាយថា បំណងព្រះហឫទ័យព្រះគឺថា យើងជឿលើព្រះរាជបុត្រានៃទ្រង់ ជឿលើព្រះពរនៃការបានសង្រ្គោះ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
អ្នកដែលជឿលើព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ បានធ្វើជាកូនរបស់ព្រះ ហើយនេះគឺជាសិរីល្អរបស់យើង ដែលបានធ្វើជាកូនសុចរិតរបស់ទ្រង់។
នៅពេលព្រះរាប់យើងជាសុចរិត តើទ្រង់រាប់គ្រីស្ទបរិស័ទមានបាបជាសុចរិតដែរឬទេ? ព្រះមិនអាចកុហកបានឡើយ។ ដូច្នេះ នៅចំពោះទ្រង់ អ្នកត្រូវតែជាមនុស្សមានបាបម្នាក់ ឬមនុស្សសុចរិតម្នាក់ គឺមិនអាច «រាប់ជាឥតបាប» បានឡើយ។ ដូច្នេះ ទ្រង់រាប់ជាសុចរិត និងញែកជាបរិសុទ្ធដល់អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។
 
តើយើងអាចក្លាយជាកូនរបស់ព្រះ បានយ៉ាងដូចម្តេច?
ដោយការទទួលយកដំណឹងល្អអំពី ទឹក និងព្រះវិញ្ញាណ

ដោយសារតែព្រះបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើព្រះរាជបុត្រានៃទ្រង់ សូម្បីតែព្រះរាជបុត្រានៃទ្រង់ក៏ត្រូវរងការកាត់ទោសនៅលើឈើឆ្កាងដែរ។ ព្រះមិនអាចកុហកបាន ឡើយ។ ទ្រង់មានបន្ទូលថា «ឈ្នូលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ នៅពេលព្រះរាជបុត្រានៃទ្រង់បានសុគត ភាពងងឹតបានគ្របដណ្តប់ផែនដីនេះអស់រយៈពេលបីម៉ោង។
«ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ» (ម៉ាថាយ ២៧:៤៦)។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ ទ្រង់បានដោះអំពើបាបរបស់មនុស្សជាតិ ដោយដឹងថា ទ្រង់ត្រូវតែជាប់ឆ្កាង ហើយត្រូវបានបោះបង់ចោលដោយព្រះវរបិតានៃទ្រង់។ ដូច្នេះ ព្រះបានកាត់ទោសព្រះរាជបុត្រានៃទ្រង់ផ្ទាល់សម្រាប់អំពើបាប ដែលទ្រង់បានដោះនៅទន្លេយ័រដាន់ ហើយបានបោះបង់ចោលព្រះរាជបុត្រានៃទ្រង់អស់រយៈពេលបីម៉ោង។
«គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ» (យ៉ូហាន ១:១២)។
តើអ្នកគឺជាកូនរបស់ព្រះឬ? យើងគឺជាអ្នកដែលបានកើតជាថ្មី ពីព្រោះយើងបានទទួលយកដំណឹងល្អអំពីការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណរួចហើយ។ អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាមនុស្សសុចរិត។ ដូច្នេះ ឥឡូវនេះ យើងទាំងអស់គ្នាបានរាប់ជាសុចរិតហើយ។
«ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន» (រ៉ូម ៨:៣១)។ នៅពេលមនុស្សសុចរិតម្នាក់ហៅខ្លួនឯងថា សុចរិតនៅចំពោះព្រះ និងមនុស្ស អ្នកដែលមិនបានសង្រ្គោះចង់វិនិច្ឆ័យគាត់ភ្លាម។ ដូច្នេះហើយបានជាសាវកប៉ុលនិយាយថា «តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត» (រ៉ូម ៨:៣៣)។ ព្រះបានសម្អាតអំពើបាបទាំងអស់របស់យើងចេញ តាមរយៈព្រះយេស៊ូវ និងបានញែកយើងជាបរិសុទ្ធ ជាសុចរិត ហើយយកយើងធ្វើជាកូនរបស់ទ្រង់។ ទ្រង់បានប្រទានសិទ្ធិដល់យើងឲ្យធ្វើជាកូនដ៏មានសិរីល្អរបស់ព្រះ។
អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាកូនរបស់ទ្រង់ ហើយបានរស់នៅជាមួយទ្រង់នៅអស់កល្បជានិច្ច។ ពួកគេលែងជាស្នាព្រះហស្តនៅក្នុងលោកិយនេះទៀតហើយ ប៉ុន្តែជាកូនរបស់ព្រះ ដែលជារបស់ស្ថានសួគ៌វិញ។
ឥឡូវនេះ ដោយសារពួកគេគឺជាកូនសុចរិតរបស់ព្រះ នោះគ្មានអ្នកណាអាចចោទប្រកាន់ពួកគេ វិនិច្ឆ័យពួកគេ ឬបំបែកពួកគេចេញពីព្រះបានសោះឡើយ។
ដូច្នេះ យើងត្រូវតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីជឿលើព្រះយេស៊ូវ។ យើងត្រូវតែស្គាល់ព្រះគម្ពីរផងដែរ។ ហើយយើងចាំបាច់ត្រូវដឹង និងជឿតាមបំណងព្រះហឫទ័យព្រះ ដើម្បីឲ្យយើងអាចធ្វើតាមបាន។
 
 
បំណងព្រះហឫទ័យព្រះគឺថា មនុស្សមានបាបបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ
 
ហេតុអ្វីព្រះបានបញ្ជូន ព្រះរាជបុត្រានៃទ្រង់មក ក្នុងរូបភាពជាមនុស្សមានបាប?
ដើម្បីផ្ទេរអំពើបាបទាំងអស់ ទៅលើទ្រង់

បំណងព្រះហឫទ័យព្រះគឺថា យើងបានសង្រ្គោះ ហើយបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ «ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្តីកំផិតចេញ» (១ថែស្សាឡូនីច ៤:៣)។
វាគឺជាបំណងព្រះហឫទ័យព្រះ ដែលបញ្ជូនព្រះរាជបុត្រានៃទ្រង់ឲ្យមក ដើម្បីឲ្យអំពើបាបទំាងអស់ត្រូវបានផ្ទេរទៅលើទ្រង់ ហើយយើងបានសង្រ្គោះ។ នេះគឺជាច្បាប់នៃព្រះវិញ្ញាណ ដែលអនុញ្ញាតឲ្យយើងបានរួចពីអំពើបាប ហើយបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
យើង បានសង្រ្គោះហើយ។ ឥឡូវនេះ តើអ្នកទំាងអស់គ្នាស្គាល់បំណងព្រះហឫទ័យព្រះដែរឬទេ? វាគឺជាបំណងព្រះហឫទ័យទ្រង់ ដែលសង្រ្គោះយើងទាំងអស់គ្នា។ ហើយទ្រង់មិនចង់ឲ្យយើងសម្រុះសម្រួលជាមួយលោកិយនេះទេ ប៉ុន្តែជឿតាមព្រះបន្ទូលទ្រង់ និងថ្វាយបង្គំទ្រង់តែមួយគត់វិញ។
ហើយបំណងព្រះហឫទ័យព្រះគឺថា អ្នកដែលបានកើតជាថ្មី ធ្វើបន្ទាល់ពីដំណឹងល្អ ហើយរស់នៅក្នុងពួកជំនុំ លះបង់ខ្លួនទៅចំពោះការងារនៃការនាំព្រលឹងដទៃទៀតបែរមកឯព្រះវិញ។
យើង ធ្វើបាប មិនពីព្រោះយើងចង់ធ្វើបាបទេ ប៉ុន្តែពីព្រោះយើងខ្សោយ។ ប៉ុន្តែព្រះយេស៊ូវបានដោះអំពើបាបទាំងនោះចេញអស់ហើយ។ ព្រះបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស។ ទ្រង់បានបញ្ជូនព្រះរាជបុត្រានៃទ្រង់ផ្ទាល់ ដើម្បីឲ្យទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ហើយយើងបានសង្រ្គោះ ដោយសារការជឿលើសេចក្តីពិតនេះ។ នេះហើយគឺជាបំណងព្រះហឫទ័យព្រះ។ 
 
 
បំណងព្រះហឫទ័យព្រះគឺថា យើងជឿលើព្រះយេស៊ូវ ដែលទ្រង់បានបញ្ជូនមក
 
ហេតុអ្វីព្រះយេស៊ូវបានយាងមក ក្នុងរូបភាពជាមនុស្សមានបាប?
ដើម្បីដោះអំពើបាបទាំងអស់ របស់មនុស្សជាតិចេញ

ព្រះគម្ពីរ និយាយថា ការធ្វើតាមបំណងព្រះហឫទ័យព្រះ គឺត្រូវជឿលើព្រះយេស៊ូវ ដែលទ្រង់បានបញ្ជូនមក។ «ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្តីចែង ទុកមកថា លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» (យ៉ូហាន ៦:២៨-៣១)។
មនុស្ស បានប្រាប់ព្រះយេស៊ូវថា ព្រះបានប្រទានទីសំគាល់ដល់ម៉ូសេ នៅពេលគាត់នៅតាមផ្លូវទៅទឹកដីកាណាន ដោយប្រទានដល់ជនជាតិអ៊ីស្រាអែលនូវនំម៉ាន៉ាពីស្ថានសួគ៌ ហើយជាលទ្ធផល ពួកគេបានជឿលើព្រះ (យ៉ូហាន ៦:៣២-៣៩)។ មនុស្សសួរទ្រង់ថា «ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ?»។
ព្រះយេស៊ូវ បានឆ្លើយថា ពួកគេគួរតែជឿលើទ្រង់ ដើម្បីធ្វើការងារបស់ព្រះ។ បើសិនយើងត្រូវធ្វើការងាររបស់ព្រះ យើងត្រូវតែជឿលើការងាររបស់ព្រះយេស៊ូវគ្រីស្ទ។ វាគឺជាបំណងព្រះហឫទ័យព្រះ ដែលយើងមិនគ្រាន់តែជឿ និងអធិប្បាយដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែក៏រស់នៅតាមដំណឹងល្អផងដែរ។
ព្រះ បង្គាប់យើងថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប» (ម៉ាថាយ ២៨:១៩-២០)។
ព្រះយេស៊ូវ បានប្រាប់យើងយ៉ាងច្បាស់ឲ្យធ្វើបុណ្យជ្រមុជដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ បរិសុទ្ធ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់ព្រះវរបិតារបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ គឺមាននៅក្នុងបុណ្យជ្រមុជរបស់ទ្រង់ ហើយ។ នៅពេលយើងយល់សេចក្តីពិតនេះ យើងអាចជឿព្រះ ហើយមើលឃើញគ្រប់យ៉ាង ដែលព្រះយេស៊ូវបានធ្វើនៅក្នុងលោកិយនេះ និងរបៀបដែលព្រះវិញ្ញណបរិសុទ្ធបានធ្វើបន្ទាល់ពីកិច្ចការទាំងនោះ។
ព្រះយេស៊ូវ ត្រូវបានបញ្ជូនមក ដោយព្រះ ដើម្បីធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ កាលណាយើងជឿលើព្រះបន្ទូលព្រះ និងអ្នកបម្រើរបស់ទ្រង់ យើងអាចបានសង្រ្គោះ។
 
 
ធ្វើការងារបស់ព្រះ
 
តើអ្វីគឺជាគោលបំណង នៃជីវិតរបស់យើង?
ធ្វើតាមបំណងព្រះហឫទ័យព្រះ ដោយការចែកចាយដំណឹងល្អទៅកាន់ ពិភពលោកទាំងមូល

បើសិនយើងត្រូវធ្វើការងាររបស់ព្រះ ជាដំបូង យើងត្រូវតែជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងសិន។ ការងាររបស់ព្រះគឺថា យើងជឿលើព្រះយេស៊ូវ ដែលទ្រង់បានបញ្ជូនមក។ ហើយដើម្បីជឿលើព្រះយេស៊ូវ ជាដំបូង យើងគួរតែជឿថា ទ្រង់បានសង្រ្គោះយើង ដោយទឹក និងព្រះលោហិតរួចហើយ។
បំណងព្រះហឫទ័យព្រះ ត្រូវបានសម្រេចនៅក្នុងយើង នៅពេលយើងជឿលើព្រះយេស៊ូវ ហើយអធិប្បាយដំណឹងល្អ។ នេះហើយគឺជាការងាររបស់ព្រះ ដែលយើងត្រូវធ្វើ។ ទ្រង់បានប្រាប់យើងថា មានតែអ្នកដែលជឿលើព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ ទើបអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។
ចូរយើងទាំងអស់គ្នាទទួលយកកន្លែងរបស់យើង នៅនគរស្ថានសួគ៌ ដោយការទទួលយកសេចក្តីពិតចាំបាច់ដូចតទៅនេះ។ ការស្គាល់បំណងព្រះហឫទ័យពិតរបស់ព្រះ ដោយការស្គាល់ និងជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ រស់នៅសម្រាប់ការពង្រីកអាណាចក្ររបស់ទ្រង់។ ហើយជាចុងក្រោយ អធិប្បាយដំណឹងល្អ រហូតដល់ថ្ងៃយើងស្លាប់។
ឱគ្រីស្ទបរិស័ទាំងឡាយអើយ! អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលធ្វើការងារបស់ព្រះ។ ការងាររបស់ព្រះគឺថា យើងជឿលើព្រះយេស៊ូវ ដែលទ្រង់បានបញ្ជូនមក។ ហើយការធ្វើតាមបំណងព្រះហឫទ័យទ្រង់គឺថា យើងជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់ ដែលព្រះបានបញ្ជូនមក ហើយថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់យើងទាំងអស់គ្នា។ 
ការងារនៃការសង្រ្គោះមនុស្សចេញពីបាប ត្រូវបានសម្រេចបាន នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ នៅទន្លេយ័រដាន់ ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់យើង។ ផ្នែកទីពីរនៃការងាររបស់ព្រះគឺថា យើងជឿលើព្រះយេស៊ូវ ដែលទ្រង់បានបញ្ជូនមក ជឿលើព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយអធិប្បាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។
ឥឡូវនេះ យើងដែលបានកើតជាថ្មីហើយ គួរតែរស់នៅ និងអធិប្បាយដំណឹងល្អទៅកាន់ចុងបំផុតនៃផែនដីនេះ។
 
តើអ្នកដែលជឿព្រះយេស៊ូវ ដោយមិនស្គាល់បំណងព្រះហឫទ័យព្រះ នឹងទៅណា?
ពួកគេនឹងទៅស្ថាននរក

«នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះ អម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២២-២៣)។
បទគម្ពីរនេះ ប្រាប់យើងយ៉ាងច្បាស់ថា អ្នកណាគឺជាមនុស្សមានបាបនៅចំពោះព្រះ ហើយអ្នកណាគឺជាអ្នកប្រព្រឹត្តទទឹងច្បាប់។ 
មានមនុស្សជាច្រើនក្នុងចំណោមអ្នកទាំងនោះ ដែលមិនបានកើតជាថ្មី និយាយថា «ឱព្រះអម្ចាស់ៗអើយ»។ ពួកគេកំពុងតែនៅក្នុងការឈឺចាប់ ពីព្រោះពួកគេនៅមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ ពួកគេស្រែកយំទៅចំពោះព្រះថា «ឱព្រះអម្ចាស់ៗអើយ» នៅក្នុងរបៀបរអ៊ូរទាំពាក់កណ្តាល និងសេចក្តីអធិស្ឋានថ្វាយបង្គំបែបមិនត្រឹមត្រូវ។
ពួកគេ ជឿថា បញ្ញាចិត្តរបស់ខ្លួននឹងត្រូវបានលាងសម្អាត បើសិនពួកគេស្រែកយំនៅក្នុងសេចក្តីអធិស្ឋាន ប៉ុន្តែវាមិនអាចទៅរួចឡើយ ពីព្រោះបាបនៅតែមាននៅក្នុងចិត្តរបស់ពួកគេ។ ពួកគេអធិស្ឋាននៅក្នុងភ្នំ ហើយស្រែកយំដោយការឈឺចាប់ ដូចជាព្រះគង់នៅឆ្ងាយណាស់អញ្ចឹង។ នៅពេលយើងមិនមានជំនឿពេញលេញ យើងចូលចិត្តស្រែកថា «ឱព្រះអម្ចាស់ៗអើយ» ជារឿយៗ។ 
នៅក្នុងពួកជំនុំខ្លះ ដែលមានសមាជិកមិនបានកើតជាថ្មី ពួកគេអធិស្ឋានដោយសេចក្តីរំភើប រហូតដល់បាក់អាសនា។
ប៉ុន្តែយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរថា មិនមែនគ្រប់អ្នកដែលស្រែកហៅថា «ឱព្រះអម្ចាស់ៗអើយ» បានចូលទៅក្នុងនគរស្ថានសួគ៌ទាំងអស់ឡើយ។ ប៉ុន្តែមានតែអ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបមានជំនឿ ដែលអាចដឹកនាំពួកគេឲ្យធ្វើការងារបស់ព្រះបាន។
ព្រះគម្ពីរ ប្រាប់យើងថា វាគឺជាការទទឹងច្បាប់ ដែលស្រែកហៅព្រះនាមទ្រង់ ជាមួយនឹងចិត្តដែលមានបាប។ តើអ្នកធ្លាប់បានទៅចូលរួមការប្រជុំអធិស្ឋាននៅលើភ្នំដែរឬទេ? គ្រូជំនួយស្រីមួយចំនួន ស្រែកយំ ហើយស្រែកយំទៀត ហៅព្រះនាមទ្រង់ ពីព្រោះពួកគេមិនបានជួបព្រះយេស៊ូវនៅក្នុងសេចក្តីពិត ឬបានទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេ ឬបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ ពួកគេស្រែកហៅព្រះនាមទ្រង់យ៉ាងស្វាហាប់ ពីព្រោះពួកគេរស់នៅក្នុងសេចក្តីភ័យខ្លាចជាអចិន្ត្រៃ រហូតដល់ពួកគេនឹងទៅស្ថាននរក។
ឧបមាថា មនុស្សម្នាក់ដែលបានលះបង់ជីវិតរបស់ខ្លួនចំពោះការបម្រើពួកជំនុំ ក្នុងនាមជាបេសកជនម្នាក់ ឬគ្រូគង្វាលម្នាក់ ត្រូវបានព្រះអម្ចាស់បោះបង់ចោល នៅថ្ងៃចុងក្រោយ។ ត្រូវបានបោះបង់ដោយឪពុកម្តាយ ឬប្តីប្រពន្ធ គឺគ្រប់គ្រាន់ឲ្យយើងឈឺចាប់ទៅហើយ ចុះទម្រាប់ត្រូវបានបោះបង់ដោយព្រះ ដែលជាស្តេចលើសអស់ទាំងស្តេច និងជាចៅក្រោមនៃព្រលឹងរបស់យើង តើយើងនឹងត្រូវទៅណា?
ខ្ញុំ សង្ឃឹមថា ការនេះនឹងមិនកើតឡើងចំពោះអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទេ។ សូមស្តាប់ និងជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចុះ។ វាគឺជាបំណងព្រះហឫទ័យព្រះ ដែលយើងបានកើតជាថ្មី និងរស់នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
យើងដែលជាគ្រីស្ទបរិស័ទ ត្រូវតែជឿយ៉ាងពិតប្រាកដលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទាញយកកំឡាំងពី សេចក្តីពិតនៅក្នុងព្រះគម្ពីរ។ គឺដូច្នេះហើយ ដែលយើងបានសង្រ្គោះចេញពីការដាក់ទណ្ឌកម្មដ៏អស់កល្បជានិច្ចរបស់ព្រះ។