Search

คำสอน

Subject 6 : ជំនឿខុសឆ្គង

[6-1] គ្រីស្ទបរិស័ទដែលប្រើនាមក្លែង និងបុគ្គលដែលមានជំនឿខុសឆ្គងនៅក្នុងជំនឿគ្រី (អេសាយ ២៨:១៣-១៤)

អេសាយ ២៨:១៣-១៤
«ហេតុ​ដូច្នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។ ដូច្នេះ ឱ​ពួក​ចំអក​ឡកឡឺយ ដែល​គ្រង​លើ​បណ្តាជន​នៅ​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ។»
 
 
លទ្ធិខុសឆ្គងតាមព្រះគម្ពីរ
 
តើព្រះគម្ពីរផ្តល់អត្ថន័យដល់ «បុគ្គលដែលមានជំនឿខុសឆ្គង» យ៉ាងដូចម្តេច?
បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកដែលមានបាបនៅក្នុងចិត្ត ទោះបីគាត់បានជឿព្រះយេស៊ូវរួចហើយ
 
នៅសព្វថ្ងៃនេះ មានអ្នកសរសេរព័តមានដែលប្រើនាមក្លែងជាច្រើន ពិសេសនៅប្រទេសដែលកំពុងអភិវឌ្ឍន៍។ ពួកគេធ្វើពុតជាអ្នកសរសេរព័តមាន ប៉ុន្តែជាទូទៅ ពួកគេកំហែងយកប្រាក់ពីជនរងគ្រោះរបស់ខ្លួន ដោយគំរាមផ្សព្វផ្សាយអ្វីដែលជនរងគ្រោះបានធ្វើ។ ពាក្យថា «ដែលប្រើនាមក្លែង» (pseudo) មានន័យថា អ្វីមួយដែលមើលទៅដូចជាពិតប្រាកដ ប៉ុន្តែមិនមែនជារបស់ពិតប្រាកដទេ។ ក្នុងន័យផ្សេង ពាក្យនេះសំដៅលើអ្វីមួយដែលការពិតរបស់ខ្លួនឯងខុសគ្នានឹងការមើលពីខាងក្រៅរបស់ខ្លួនឯង។
ជារឿយៗ ពាក្យថា «បុគ្គលដែលមានជំនឿខុសឆ្គង» និង «ដែលប្រើនាមក្លែង» ត្រូវបានប្រើ ជាពិសេសនៅក្នុងពួកជំនុំគ្រីស្ទ។
មាននិយមន័យជាក់លាក់ផ្សេងៗនៃ បុគ្គលដែលមានជំនឿខុសឆ្គង និង ដែលប្រើនាមក្លែង ហើយក៏មានមនុស្សជាច្រើនដែលបង្រៀនទស្សនៈទាំងនេះ ដោយស្របតាមព្រះគម្ពីរយ៉ាងតឹងរឹង។
នៅក្នុងកាលៈទេសៈនេះ ខ្ញុំមានកាតព្វកិច្ចក្នុងការបង្ហាញពីអ្វីដែលព្រះគម្ពីរផ្តល់អត្ថន័យដល់ «លទ្ធិខុសឆ្គង» និងការពន្យល់ច្បាស់លាស់លើប្រធានបទនេះ។ ហើយខ្ញុំក៏ចង់ចង្អុលបង្ហាញពីឧទាហរណ៍មួយចំនួននៃលទ្ធិខុសឆ្គង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយអនុញ្ញាតយើងគិតអំពីវាទាំងអស់គ្នា។ អ្នកដែលជឿលើព្រះ ត្រូវតែគិតអំពីលទ្ធិខុសឆ្គង យ៉ាងហោចណាស់ ឲ្យបានម្តងនៅក្នុងជីវិតរបស់ខ្លួន។
ទីតុស ៣:១០-១១ កំណត់អត្ថន័យនៃបុគ្គលដែលមានជំនឿខុសឆ្គងម្នាក់ជាមនុស្សដែលបំបែកជាក្រុមៗ ដែលធ្វើបាប និងខូចបង់ ហើយថ្កោលទោសខ្លួនឯង។ បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកដែលថ្កោលទោសខ្លួនឯងជាមនុស្សមានបាបម្នាក់។ ដូច្នេះ អ្នកដែលជឿលើព្រះយស៊ូវ តែមានបាបនៅក្នុងចិត្តរបស់ខ្លួន គឺជាបុគ្គលដែលមានជំនឿខុសឆ្គងនៅចំពោះព្រះហើយ។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ប៉ុន្តែបុគ្គលដែលមានជំនឿខុសឆ្គង បដិសេធមិនជឿលើដំណឹងល្អ ដែលនាំសេចក្តីសង្រ្គោះដល់មនុស្សមានបាប ហើយថ្កោលទោសខ្លួនឯងជាមនុស្សមានបាបវិញ។
តើអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងឬ? យើងត្រូវតែគិតអំពីការនេះ បើសិនយើងចង់មានជីវិតសុចរិត និងស្មោះត្រង់។
បើសិនអ្នកមិនបានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ តើអ្នកថ្កោលទោសខ្លួនឯងជាមនុស្សមានបាបម្នាក់ ទោះបីជាអ្នកជឿព្រះយេស៊ូវហើយដែរឬទេ? បើសិនអ្នកចាត់ទុកខ្លួនឯងជាមនុស្សមានបាបម្នាក់ នោះអ្នកកំពុងតែធ្វើអំពើដែលមានផលអាក្រក់ដល់ព្រះយេស៊ូវ ដោយមើលស្រាលសេចក្តីសង្រ្គោះដ៏ឥតខ្ចោះរបស់ទ្រង់ និងដំណឹងល្អអំពីទឹក​និងព្រះវិញ្ញាណហើយ។
ដែលហៅខ្លួនឯងជាមនុស្សមានបាបម្នាក់នៅចំពោះព្រះ គឺទទួលស្គាល់ថា ខ្លួនឯងមិនមែនជាកូនរបស់ព្រះទេ។ អ្នកដែលសារភាពទៅកាន់ព្រះយេស៊ូវថា «ព្រះអម្ចាស់ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់» ត្រូវតែពិចារណាជំនឿរបស់ខ្លួនឡើងវិញ។
នៅពេលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសង្រ្គោះអ្នកទំាងស្រុងចេញពីការដាក់ទណ្ឌកម្មអស់កល្បជានិច្ចហើយ តើអ្នកអាចជឿលើព្រះយេស៊ូវ ហើយនៅតែអះអាងថា ខ្លួន​ឯងគឺជាមនុស្សមានបាបទៀតបានយ៉ាងដូចម្តេច? ហើយនៅពេលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទទួលរងការដាក់ទោសសម្រាប់អំពើបាបទាំងនោះនៅលើឈើឆ្កាងហើយ តើអ្នកអាចបដិសេធអំណោយទានឥតគិតថ្លៃនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ហើយចាត់ទុកខ្លួនឯងជាមនុស្សមានបាបម្នាក់បានយ៉ាងដូចម្តេច?
មនុស្សបែបនេះ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង ពីព្រោះពួកគេស្ម័គ្រចិត្តធ្វើជាមនុស្សមានបាប ដែលឆ្ងាយពីព្រះបន្ទូលព្រះ។ អ្នកត្រូវតែស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីចៀសវាងលទ្ធិខុសឆ្គងនៅចំពោះព្រះ។
អ្នកណាដែលជឿព្រះយេស៊ូវ តែមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គង ពីព្រោះគាត់នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួននៅឡើយ។
ដោយសារព្រះបានដោះអំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបរបស់យើងផង យើងគឺជាបុគ្គលដែលមានជំនឿខុសឆ្គងនៅចំពោះព្រះ បើសិនយើងព្រងើយកន្តើយចំពោះព្រះពរនៃសេចក្តីសង្រ្គោះនេះ។ ហើយដោយសារព្រះគឺបរិសុទ្ធ យើងគឺជាបុគ្គលដែលមានជំនឿខុសឆ្គង បើសិនយើងមានបាបនៅក្នុងចិត្តរបស់យើង។ បើសិនយើងពិតជាចង់បានរាប់ជាសុចរិតមែន យើងត្រូវតែជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
 
 
ដើមកំណើតនៃលទ្ធិខុសឆ្គងនៅក្នុងព្រះគម្ពីរ
 
តើលក្ខណៈសម្បត្តិសំខាន់បំផុត របស់សង្ឃគឺជាអ្វី?
គាត់ត្រូវតែបានកើតជាថ្មី
 
ចូរយើងពិនិត្យមើល ១ពង្សាវតារក្សត្រ ១២:២៥-២៦។ «ក្រោយ​នោះ​មក យេរ៉ូបោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត យេរ៉ូបោម​ទ្រង់​ព្រះដំរិះ​ក្នុង​ព្រះទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជវង្ស​ដាវីឌ​វិញ។» យេរ៉ូបោម គឺជាមនុស្សនៅក្រោមបង្គាប់របស់ស្តេចសាឡូម៉ូន។ នៅពេលស្តេចសាឡូម៉ូនបានប្រព្រឹត្តអាក្រក់ នៅពេលទ្រង់មានព្រះជន្មចំណាស់ហើយ យេរ៉ូបោមបានបះបោរប្រឆាំងនឹងទ្រង់ ហើយក្រោយមក គាត់បានក្លាយទៅជាស្តេចនៃពូជអំបូរដប់នៅសម័យស្តេចរេហូបោម ដែលជាបុត្រានៃស្តេចសាឡូម៉ូន។
នៅពេលគាត់បានក្លាយជាស្តេចនៃអ៊ីស្រាអែល ការបារម្ភរបស់ស្តេចយេរ៉ូបោមគឺថា រាស្ត្ររបស់ទ្រង់អាចនឹងវិលត្រឡប់ទៅកាន់ យូដាវិញ ដែលជាកន្លែងមានព្រះវិហាររបស់ពួកគេ។
ដូច្នេះ ទ្រង់បានមានគំនិតមួយ ដើម្បីរារាំងការនេះមិនឲ្យកើតឡើងបាន។ ទ្រង់បានធ្វើរូបគោមាសពីរនៅក្រុងបេត-អែល និងក្រុងដាន់ ហើយបានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ថ្វាយបង្គំរូបគោមាសទាំងពីរនោះ។ ១ពង្សាវតារក្សត្រ ១២:២៨ និយាយថា «ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​ព្រះបន្ទូល​ថា ឱ​ អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ទ្រង់បានដាក់ រូបគោមាសមួយនៅបែតអែល ហើយមួយទៀតនៅដាន់ ហើយបានប្រាប់រាស្ត្ររបស់ទ្រង់ឲ្យថ្វាយបង្គំ ទោះបីជាការធ្វើដូច្នេះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរនៅចំពោះព្រះក៏ដោយ។ ហើយទ្រង់ក៏បានតែងតាំងពួកសង្ឃដោយអង្គឯង ដើម្បីដឹកនាំការថ្វាយបង្គំទៀតផង។
«ក្រោយ​ការ​នោះ​មក យេរ៉ូបោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តាជន​ទាំងឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ» (១ពង្សាវតារក្សត្រ ១៣:៣៣)។ នេះហើយគឺជាដើមកំណើតនៃលទ្ធិខុសឆ្គង។
សូម្បីតែឥឡូវនេះ បុគ្គលដែលមានជំនឿខុសឆ្គងតែងតាំងអ្នកដែលចង់ស្ម័គ្រចិត្តបម្រើការងារព្រះឲ្យធ្វើជាគ្រូគង្វាលផង។ អ្នកដែលបញ្ចប់ការសិក្សាពីសាលាព្រះគម្ពីរ អាចក្លាយជាដឹកនាំ អ្នកផ្សាយដំណឹងល្អ បេសកជន និងចាស់ទុំបាន ទោះបីជាគាត់មិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណក៏ដោយ។
តើមនុស្សម្នាក់ដែលមិនបានកើតជាថ្មី អាចក្លាយជាអ្នកបម្រើព្រះម្នាក់បានយ៉ាងដូចម្តេច? បើសិនមនុស្សបែបនេះត្រូវបានតែងតាំងធ្វើជាគ្រូគង្វាលម្នាក់ ពួកជំនុំដែលជ្រើសរើសគាត់ ក្លាយទៅជារោងចក្រផលិតលទ្ធិខុសឆ្គងហើយ។
ចូរយើងគិតម្តងទៀតអំពីលទ្ធិខុសឆ្គង។ ទីមួយ ស្តេចយេរ៉ូបោមបានធ្វើគោមាសពីរសម្រាប់ព្រះ ដើម្បីរក្សាអំណាចនយោបាយរបស់ខ្លួន។ ទីពីរ ទ្រង់បានតែងតាំងអ្នកដែលស្ម័គ្រចិត្តធ្វើជាសង្ឃ។ ក្នុងន័យផ្សេង គាត់បានតែងតាំងមនុស្សធម្មតាធ្វើជាសង្ឃ។ ហើយការអនុវត្តដូចគ្នានេះនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។
ប្រវត្តិសាស្ត្រនៃលទ្ធិខុសឆ្គង បានបន្តយ៉ាងរលូន បន្ទាប់ពីសម័យស្តេចយេរ៉ូបោម។ អ្នកដែលមិនទាន់បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ មិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកបម្រើព្រះទេ។
តើអ្នកដែលបានបញ្ចប់ការសិក្សាពីសាលាព្រះគម្ពីរ អាចក្លាយជាអ្នកបម្រើព្រះ ឬអ្នកផ្សាយដំណឹងល្អបានដែរឬទេ? វាគឺជាការត្រឹមត្រូវ ដែលពួកគេបម្រើព្រះ ប៉ុន្តែការសំខាន់នោះគឺថា ព្រះទទួលស្គាល់ពួកគេ ឬមិនទទួលស្គាល់ពួកគេ។ មានតែអ្នកដែលព្រះទទួលស្គាល់ទេ ទើបអាចក្លាយជាអ្នកបម្រើទ្រង់បាន។ ហើយអ្នកដែលព្រះទទួលស្គាល់ គឺជាអ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
១ពង្សាវតារក្សត្រ ១២:២៥-២៦ និង ១ពង្សាវតារក្សត្រ ១៣ កត់ត្រាថា អំពើបាបរបស់ស្តេចយេរ៉ូបោមបានបណ្តាលឲ្យមានសេចក្តីក្រោធរបស់ព្រះ។ យើងទាំងអស់គ្នា គួរតែដឹងពីរឿងនេះ ហើយបើសិនអ្នកណាម្នាក់មិនបានដឹងពីរឿងនេះទេ គាត់គួរតែត្រឡប់ទៅពិនិត្យមើលរឿងនេះនៅក្នុងព្រះគម្ពីរ។
ចូរគិតម្តងទៀត បើសិនអ្នកបានបង្កើតកូនគោមាសសម្រាប់ព្រះនៅក្នុងព័ន្ធកិច្ចរបស់អ្នក។ តើអ្នកបានសង្កត់ធ្ងន់លើព្រះពរខាងលោកិយនេះ ជាជាងនាំអ្នកដើរតាមរបស់អ្នកឲ្យត្រឡប់ទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរឬទេ?
តើអ្នកប្រាប់អ្នកដើរតាមរបស់អ្នកថា ពួកគេអាចជាពីជម្ងឺ បើសិនពួកគេជឿលើព្រះយេស៊ូវដែរឬទេ? តើអ្នកប្រាប់ពួកគេថា ពួកគេនឹងទទួលបានព្រះពរនៃទ្រព្យសម្បត្តិដែរឬទេ? ហើយតើអ្នកតែងតាំងអ្នកដែលមិនបានកើតជាថ្មី ធ្វើជាអ្នកបម្រើព្រះ ឬសមាជិកបុគ្គលិកនៃពួកជំនុំរបស់អ្នក ហើយអះអាងថា ​និកាយរបស់អ្នកគឺជាពួកជំនុំដែលមានគោលលទ្ធិត្រឹមត្រូវតែមួយគត់ដែរឬទេ? បើសិនដូច្នេះមែន អ្នកកំពុងតែប្រព្រឹត្តអំពើបាបរបស់ស្តេចយេរ៉ូបោមនៅចំពោះព្រះ ហើយបណ្តាលឲ្យមានសេចក្តីក្រោធរបស់ព្រះហើយ។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ថ្វាយបង្គំព្រះកូនគោមាស
 
សូម្បីតែនៅសព្វថ្ងៃនេះ មានបុគ្គលដែលមានជំនឿខុសឆ្គងជាច្រើន ដែលថ្វាយបង្គំកូនគោមាស។ ពួកគេនិយាយថា​ព្រះបានប្រទានពរដល់ស្តេចសាឡូម៉ូន នៅពេលទ្រង់បានថ្វាយតង្វាយដុតមួយពាន់ទៅចំពោះព្រះ។ ១ពង្សាវតារក្សត្រ ៣:៣-៥ និយាយថា «រីឯ​សាឡូម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះយេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ជា​ព្រះវរបិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញបូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ ស្តេច​សាឡូម៉ូន​ទូល​សូម​ប្រាជ្ញា​ពី​ព្រះជាម្ចាស់ ស្តេច​សាឡូម៉ូន ទ្រង់​ក៏​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញបូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាសនា​នៅ​ទី​នោះ ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះយេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​ព្រះបន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ»។
ពួកគេ បោកប្រាក់ពីអ្នកដើរតាមរបស់ខ្លួន ដោយការសន្យាក្លែងក្លាយអំពី «តង្វាយដុតមួយពាន់របស់ស្តេចសាឡូម៉ូន»។ ហើយអ្នកដើរតាមដ៏ភ្លីភ្លើទាំងនោះ ត្រូវបានគេបោកយកប្រាក់របស់ខ្លួន។ ហើយអ្នកដែលថ្វាយបង្គំកូនគោមាសជាព្រះរបស់ខ្លួន ត្រូវបាត់បង់ប្រាក់របស់ខ្លួន ដែលត្រូវបានប្រើជាវិភាគទានសម្រាប់ការសាងសង់អាគារព្រះវិហារធំៗ។ នេះមិនដោយសារអាគារព្រះវិហាររបស់ពួកគេតូចៗនោះទេ ប៉ុន្តែដោយសារពួកគេចង់បោកយកប្រាក់ពីអ្នកដើរតាមរបស់ខ្លួនតែប៉ុណ្ណោះ។
ការបង្កើតកូនគោមាសសម្រាប់ក្រុមជំនុំរបស់ខ្លួន ដើម្បីថ្វាយបង្គំ គឺគ្រាន់តែជាលេសមួយ ដែលបុគ្គលដែលមានជំនឿខុសឆ្គងមានគំនិតចង់បោកយកប្រាក់ពីអ្នកដើរតាមរបស់ខ្លួនប៉ុណ្ណោះ។ យើងដែលជឿលើព្រះ មិនគួរឆោតល្ងង់ឲ្យគេបោកបានដូច្នេះ ឡើយ។ បើសិនអ្នកថ្វាយប្រាក់របស់អ្នកនៅក្នុងការថ្វាយបង្គំកូនគោមាស នោះប្រាក់នោះមិនត្រូវបានថ្វាយទៅចំពោះព្រះឡើយ ប៉ុន្តែវានៅក្នុងហោប៉ៅរបស់គ្រូគង្វាលដែលប្រើនាមក្លែង ដែលពេញដោយសេចក្តីលោភ ដូចជាស្តេចយេរ៉ូបោមដែរ។ ដូច្នេះ អ្នកមិនគួរធ្លាក់ចូលទៅក្នុងអន្ទាក់របស់បុគ្គលដែលមានជំនឿខុសឆ្គងបែបនេះឡើយ។
ដូច្នេះ ហេតុអ្វីព្រះសព្វព្រះទ័យចំពោះតង្វាយដុតមួយពាន់របស់ស្តេចសាឡូម៉ូន? ពីព្រោះស្តេចសាឡូម៉ូនបានស្គាល់ពីអំពើបាបរបស់ទ្រង់ ដោយទទួលស្គាល់ថា ទ្រង់ត្រូវតែសុគតសម្រាប់អំពើបាបទាំងនោះ ហើយបានថ្វាយយញ្ញបូជាដែលស្របតាម ជំនឿ។ ទ្រង់បានថ្វាយតង្វាយដុតមួយពាន់ ទុកជាការដឹងព្រះគុណ សម្រាប់សេចក្តីសង្រ្គោះរបស់ព្រះ។ ហើយស្តេចសាឡូម៉ូម បានថ្វាយតង្វាយដុតមួយពាន់ជារៀងរាល់ថ្ងៃ ដោយគិតអំពីសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ។
ឥឡូវនេះ អ្នកគួរតែចងចាំអត្ថន័យពិតនៃលទ្ធិខុសឆ្គង ដើម្បីឲ្យអ្នកនឹងមិនត្រូវចាញ់បោកពួកគ្រូគង្វាលដែលប្រើនាមក្លែង។
 
 
អ្នកដែលបម្រើព្រះ ដោយមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គង
 
តើបុគ្គលដែលមានជំនឿខុសឆ្គង និយាយពីការកើតបានជាថ្មីយ៉ាងដូចម្តេច?
ពួកគេនិយាយថា ពួកគេបានកើតជាថ្មីដោយនិមិត្ត សុបិន្ត និងបទពិសោធន៍ខាងវិញ្ញាណផ្សេងៗ
 
មានអ្នកដែលបង្រៀនអ្នកដទៃឲ្យបានកើតជាថ្មី ខណៈដែលខ្លួនឯងមិនទាន់បានកើតជាថ្មីនៅក្នុងជំនឿផង។ ពួកគេទាំងអស់គ្នា គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ពួកគេប្រាប់អ្នកដទៃឲ្យបានកើតជាថ្មី ខណៈដែលខ្លួនឯងមិនអាចបានកើតជាថ្មីផង ពីព្រោះពួកគេមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ ដូច្នេះ ពួកគេគ្រាន់តែអាចសើចលេងប៉ុណ្ណោះ។
គ្រូគង្វាលដែលប្រើនាមក្លែង អធិប្បាយដំណឹងល្អក្លែងក្លាយ ដែលធ្វើឲ្យខូចដល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយពួកគេប្រាប់មនុស្សឲ្យលាងសម្អាតអំពើបាបរ​បស់ខ្លួនជារៀងរាល់ថ្ងៃ។
ពួកគេ ប្រាប់ថា «ចូរទៅអធិស្ឋាននៅឯភ្នំ ព្យាយាមអធិស្ឋានតម ថ្វាយជីវិតរបស់អ្នកទៅចំពោះការងារបស់ព្រះ អធិស្ឋានពេលមាន់រងាវ ស្តាប់បង្គាប់ ហើយថ្វាយប្រាក់ជាច្រើនសម្រាប់ការសាងសង់អាគារព្រះវិហារ ប៉ុន្តែចូរប្រយ័ត្នដោះស្រាយបញ្ហាអំពើបាបរបស់អ្នកដោយខ្លួនឯងផង»។
នៅពេលមួយ ខ្ញុំបានស្តាប់ឮថា មនុស្សម្នាក់ធ្វើបន្ទាល់ថា គាត់បានកើតជាថ្មី។ គាត់បាននិយាយថា នៅក្នុងសុបិន្តមួយ គាត់កំពុងតែឈរជាជួរ ហើយនៅពេលដល់វេនរបស់គាត់ ព្រះយេស៊ូវបានហៅឈ្មោះរបស់គាត់។ គាត់បានប្រាប់ថា នេះគឺជាសេចក្តីបន្ទាល់ពីការបានកើតជាថ្មីរបស់គាត់។ ប៉ុន្តែតើជំនឿនេះត្រឹមត្រូវដែរឬទេ?ព្រះយេស៊ូវមិនបានមានបន្ទូលដូច្នោះឡើយ។
ទ្រង់ មានបន្ទូលនៅក្នុង យ៉ូហាន ៣:៥ ថា «បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ»។ ព្រះមានបន្ទូលថា មានតែអ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ ទើបអាចក្លាយជាគ្រូគង្វាលពិតប្រាកដបាន។ ដូច្នេះ អ្នកដែលជឿថា ខ្លួនបានកើតជាថ្មី តាមរយៈសុបិន្ត គំនិតរវើរវាយ គំនិតអណ្តែតអណ្តូងខាងវិញ្ញាណ ឬការអធិស្ឋានលន់តួ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនមិនជឿលើព្រះបន្ទូលព្រះដែលបានកត់ត្រានៅក្នុងព្រះគម្ពីរទេ ហើយបែរជាលើកតម្កើងគោលលទ្ធិខាងនិកាយរបស់ខ្លួន ជំនួសឲ្យការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទៅវិញ។ អ្នកដែលបដិសេធមិនប្រកាសដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង និងគ្រីស្ទបរិស័ទដែលប្រើនាមក្លែង។
 
 
អ្នកកំណែទម្រង់ និងជំនឿគ្រីស្ទបរិស័ទដែលមានស្រាប់
 
នៅពេលណាដែលដំណឹងល្អ ពិតចាប់ផ្តើមត្រូវបានដាក់បញ្ចូលគ្នា ជាមួយសាសនាផ្សេងៗ ហើយបានខូច?
តាំងពីពេលអធិរាជចក្រភពរ៉ូម៉ាំង បានប្រកាស នៅឆ្នំា៣១៣ គ.ស
 
តើនិកាយនៃជំនឿគ្រីស្ទបរិស័ទ ត្រូវបានបង្កើតឡើងនៅពេលណា? ហើយតើនិកាយផ្សេងៗដូចជា ព្រីសបេធារាន មេតូឌីស បាប់ទ្ទីស លូធើរាន សេចក្តីបរិសុទ្ធ និងដំណឹងល្អពេញលេញ បានចាប់ផ្តើមនៅពេលណា? ការកំណែទម្រង់ បានកើតឡើងអស់រយៈពេលប្រហែលតែ៥០០ឆ្នាំកន្លងទៅប៉ុណ្ណោះ។
គ្រីស្ទបរិស័ទ គឺជាអ្នកដែលបានដើរតាមព្រះយេស៊ូវ នៅពេលទ្រង់នៅគង់នៅលើផែនដីនេះ។ ពាក្យថា «គ្រីស្ទបរិស័ទ» មានន័យថា «អ្នកដែលដើរតាមព្រះគ្រីស្ទ»។
គ្រីស្ទបរិស័ទដំបូង គឺជាពួកសាវក និងពួកសិស្សរបស់ពួកគេ។ ពួកសាវក និងពួកព្ធយុកោនៃពួកជំនុំ បានដើរតាមដំណឹងល្អពិត រហូតដល់ឆ្នាំ៣១៣គ.ស។ ទោះបីជាយ៉ាងណា បន្ទាប់ពីព្រះរាជបញ្ញត្តិមីឡាន (Milan Edict) របស់អធិរាជកង់ស្តង់ទីន គ្រីស្ទបរិស័ទ និងសាសន៍ដទៃបានចាប់ផ្តើមរួមបញ្ចូលគ្នា។ ជាលទ្ធផល គឺជាសម័យងងឹង (Dark Ages) ដែលអូសបន្លាយរហូតដល់រយៈពេលជាងមួយពាន់ឆ្នាំ។
ក្រោយមក នៅដើមសតវត្សទី១៦ លោក ម៉ាទីន លូធើរ បានប្រកាសការកំណែទម្រង់ ដោយនិយាយថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តី​ជំនឿ» (រ៉ូម ១:១៧)។ បន្តិចក្រោយមក ក្នុងរវាងឆ្នាំ១៥០០ ដល់ឆ្នាំ១៦០០ អ្នកកំណែទម្រង់ដូចជាលោក ចន កាល់វិន និងលោក ចន ណក្ស បានដឹកនាំចលនាមួយចេញពីសាសនាកាតូលិក។ នេះគឺជាលទ្ធផលទាំងអស់ ដែលការកំណែទម្រង់បានសម្រេចបាន។
ការកំណែទម្រង់ បានខិតខំបង្កើតពួកជំនុំថ្មីៗ ដែលដាច់ពីពួកជំនុំរ៉ូម៉ាំងកាតូលិក។ ហើយការកំណែទម្រង់ មិនបានប៉ុនប៉ងបដិសេធមូលដ្ឋានគ្រឹះនៃសាសនាកាតូលិកទេ។
គោលបំណងរបស់ពួកគេ គឺដើម្បីផ្សព្វផ្សាយពីសេចក្តីជំនឿលើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ប៉ុន្តែរំដោះខ្លួនឯងពីការកៀបសង្កត់ និងអំពើពុករលួយរបស់ពួកជំនុំរ៉ូម៉ាំងកាតូលិក។ ហើយពួកជំនុំរ៉ូម៉ាំងកាតូលិកបានហៅចលនានេះថា និកាយ ប្រូតេស្តង់ ដែលមានន័យថា អ្នកតវ៉ាប្រឆាំង។
នៅពេលនោះ ពួកជំនុំរ៉ូម៉ាំងកាតូលិកបានទទូចឲ្យមនុស្សទិញគ្រឿងលោះបាប ដោយនិយាយថា​ពួកគេអាចបញ្ជូនពួកព្ធយុកោដែលបានដែលស្លាប់របស់ពួកគេទៅស្ថានសួគ៌ នៅពេលពួកគេចំណាយប្រាក់ច្រើនទិញគ្រឿងលោះបាបនេះ។ លោក លូធើរ មិនបានដឹងថា សាសនាកាតូលិកមានមូលដ្ឋានគ្រឹះខុសឆ្គងទេ។ គាត់គ្រាន់តែបានព្យាយាមបញ្ឈប់ពួកជំនុំរ៉ូម៉ាំងកាតូលិក ពីការលក់គ្រឿងលោះបាប ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ការសាងសង់វិសាលវិហារ Saint Peter ប៉ុណ្ណោះ។
ជាលទ្ធផល យើងអាចមើលឃើញពួកជំនុំកាតូលិកនៅសម័យពួកជំនុំប្រូតេស្តង់សម័យទំនើប នៅសេសសល់ការអនុវត្តជាច្រើនដូចជា ការធ្វើបុណ្យជ្រមុជទឹកឲ្យកូនក្មេង ការអធិស្ឋានលន់តួអំពើបាប ដែលស្រដៀងគ្នានឹងការសារភាពអំពើបាបនៅក្នុងពួកជំនុំ រ៉ូម៉ាំងកាតូលិក ពិធីបុណ្យបរិសុទ្ធ ការទទួលស្គាល់អ្នកដែលបញ្ចប់ការសិក្សាពីសាលាព្រះគម្ពីរជាអ្នកបម្រើព្រះ និងព្រះវិហារធំស្កឹមស្កៃ។ ការអនុវត្តទាំងនេះ គឺនៅសល់ពីពួកជំនុំរ៉ូម៉ាំងកាតូលិក។
ដោយរាប់ចាប់ពីការកំណែទម្រង់ នៅដើមឆ្នំា១៥០០គ.ស ប្រវត្តិសាស្រ្តនៃគណៈប្រូតេស្តង់ ​មានអាយុកាលប្រហែលជា៥០០ឆ្នាំហើយ។ ហើយនៅឆ្នាំនេះ គឺជាខួបរំលឹកឆ្នាំទី៤៨១នៃការកំណែទម្រង់។ អ្នកអាចមិនបានដឹងថា លោក ម៉ាទីន លូធើរ បានតវ៉ាប្រឆាំងនឹងពួកជំនុំដើមនេះ អស់រយៈពេលតែ៤៨១ឆ្នាំកន្លងទៅទេ។ ជំនឿបែបប្រូតេស្តង់ មិនអាចមានការអះអាងស្របច្បាប់ក្នុងចំណោមយុវជនដែលមានការប្រៀបធៀបបានទេ។ ដូច្នេះ ការកំណែទម្រង់នៃជំនឿគ្រីស្ទបរិស័ទ នៅតែបន្តទៅមុខ ហើយគួរតែបន្តទៅមុខជារហូត។
ទោះបីជាយ៉ាងណា មានការមួយដែលយើងគួរតែចងចាំទុក។ យើងមិនគួរភ្លេចថា មានតែអ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ ទើបអាចចូលទៅនគរស្ថានសួគ៌បាន។ ចូរយើងអធិប្បាយដំណឹងល្អនេះ! តើអ្នកប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវ ដែលជាការបានកើតជាថ្មីដែរឬទេ? បើសិនមិន អ្នកមិនមែនជាអ្នកបម្រើព្រះទេ។ ព្រះចង់ឲ្យយើងជឿលើដំណឹងល្អអំពី «ការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ» ហើយនេះគឺជាអ្វីដែលព្រះយេស៊ូវបានបង្រៀនលោកនីកូនដេមនៅក្នុង យ៉ូហាន ៣។
តើព្រះគម្ពីរនិយាយតែអំពីអំណឹងល្អ អំពីការបានកើតជាថ្មីដោយ​ទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ឬនិយាយអំពីការផ្សេងៗទៀតដូចជា ការធ្វើការជាប្រយោជន៍សម្រាប់សង្គម និងការរស់នៅក្នុងជីវិតបរិសុទ្ធ? ពិតមែនហើយ ការទាំងនោះក៏មានសារៈសំខាន់ផងដែរ ប៉ុន្តែអ្នកអាចធ្វើការទាំងនោះបាន លុះត្រាតែអ្នកបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណជាមុនសិន។ ព្រះហឫទ័យព្រះគឺថា​យើងជឿលើដំណឹងល្អនេះ។
 
 
សេចក្តីបង្រៀនរបស់បុគ្គលដែលមានជំនឿខុសឆ្គង
 
តើអ្នកណាគឺជាបុគ្គលដែលមានជំនឿខុសឆ្គង?
អ្នកដែលនៅតែជាមនុស្សមានបាបម្នាក់​ ទោះបីជាគាត់ជឿព្រះយេស៊ូវហើយក៏ដោយ
 
តើគ្រីស្ទបរិស័ទដែលប្រើនាមក្លែង និងមានជំនឿខុសឆ្គងចាប់ផ្តើមរីករាលដាលនៅក្នុងពិភពលោកនៅពេលណា?
ប្រជាជនអ៊ីស្រាអែល បានថ្វាយបង្គំព្រះតែមួយ​ រហូតដល់ពួកគេត្រូវបានបំបែកជាអាណាចក្រពីរ នៅសម័យសម្តេចយរូបោម ដូចដែលបានកត់ត្រាទុកនៅក្នុង ១ពង្សាវតារក្សត ១២-១៣។ ចាប់ពីពេលនោះមក មុនពេលព្រះគ្រីស្ទយាងមកក្នុងលោកិយនេះ ជំនឿខុសឆ្គងបានចាប់ផ្តើមរីករាលដាល។ ហើយនៅសព្វថ្ងៃនេះ ក៏មានមនុស្សយ៉ាងច្រើន ដែលកំពុងអនុវត្តជំនឿខុសឆ្គងផងដែរ។
ព្រះគម្ពីរ និយាយអំពីសេចក្តីបង្រៀនរបស់គ្រីស្ទបរិស័ទដែលប្រើនាមក្លែងនៅក្នុង អេសាយ ២៨ និង ទីតុស ៣:១០-១១។ ព្រះគម្ពីរនិយាយថា បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកដែលជឿព្រះយេស៊ូវ ប៉ុន្តែនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ អ្នកណាដែលជឿដូចនេះ គឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។
ហើយពួកគេបង្រៀន ដូចដែលបានកត់ត្រានៅក្នុង អេសាយ ២៨:៩-១០ ថា «ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច»។
បុគ្គលដែលមានជំនឿខុសឆ្គង បន្ថែម ​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា «ចូរប្រយ័ត្ន ចូរប្រយ័ត្ន ហើយចូរប្រយ័ត្នដល់អ្នកដែលនិយាយថា ពួកគេបានកើតជាថ្មីដោយសារជំនឿលើព្រះយេស៊ូវ»។ ពួកគេគ្រាន់តែប្រាប់អ្នកឲ្យប្រយ័ត្ន មិនថាមានរឿងអ្វីកើតឡើងឡើយ។ ពួកគេប្រាប់អ្នកមិនឲ្យស្តាប់ និងមិនឲ្យទៅ ក្រែងលោអ្នកធ្លាក់ចូលទៅក្នុងលទ្ធិខុសឆ្គង។
ប៉ុន្តែបើសិនពួកគេពិតជាមានភាពច្បាស់លាស់ថា ជំនឿរបស់ខ្លួនគឺជាជំនឿត្រឹមត្រូវមែន ហេតុអ្វីពួកគេមិនអាចបដិសេធអ្នកដែលនិយាយថា ជំនឿរបស់ពួកគេខុសពីព្រះបន្ទូលព្រះ? គួរឲ្យសោកស្តាយណាស់។ ពួកគេអះអាងថា ពួកគេគឺជាគ្រីស្ទបរិស័ទដែលមានគោលលទ្ធិត្រឹមត្រូវ ប៉ុន្តែពួកគេមិនមានព្រះបន្ទូល ដើម្បីយកឈ្នះលើលទ្ធិខុសឆ្គងទេ។ គ្រីស្ទបរិស័ទពិតប្រាកដ អាចយកឈ្នះលើបុគ្គលដែលមានជំនឿខុសឆ្គងបាន ដោយព្រះបន្ទូលព្រះ។
នៅសព្វថ្ងៃនេះ អ្នកដែលតាំងខ្លួនជាគ្រីស្ទបរិស័ទដែលមានគោលលទ្ធិត្រឹមត្រូវ ប្រកាសថា អ្នកដែលកើតជាថ្មីគឺជា «បុគ្គលដែលមានជំនឿខុសឆ្គង» ពីព្រោះពួកគេមានជំនឿខុសគ្នា។ តើយើងដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចជាបុគ្គលដែលមានជំនឿខុសឆ្គងបានយ៉ាងដូចម្តេច?
បើសិនបុគ្គលដែលមានជំនឿខុសឆ្គង អធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នោះពួកគេគឺជាគ្រីស្ទបរិស័ទដែលមានគោលលទ្ធិត្រឹមត្រូវហើយ។ ដូចគ្នាដែរ បើសិនអ្នកដែលតាំងខ្លួនជា គ្រីស្ទបរិស័ទដែលមានគោលលទ្ធិត្រឹមត្រូវ មិនអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះពួកគេក៏ជាបុគ្គលដែលមានជំនឿខុសឆ្គងដែរ។
ភាពខុសគ្នារវាង «លទ្ធិត្រឹមត្រូវ» និង «លទ្ធិខុសឆ្គង» នៅត្រង់ថា​ពួកគេអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិន ហើយពួកគេជឿលើព្រះយេស៊ូវ ហើយមានបាបនៅក្នុងចិត្ត ឬមិន។ បើសិនពួកគេជឿលើព្រះបន្ទូលព្រះ ហើយបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ តើពួកគេគឺជាបុគ្គលដែលមានជំនឿខុសឆ្គងបានយ៉ាងដូចម្តេចទៅ?
តើការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ឈើឆ្កាង ហើយបានស្អាតទាំងស្រុងពីបាប គឺជាលទ្ធិខុសឆ្គងឬ? ហើយតើការមិនជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជា «លទ្ធិត្រឹមត្រូវ» ឬ?
មានអ្នកនិកាយនិយមយ៉ាងច្រើន ដែលបានឃ្លាតឆ្ងាយពីព្រះគម្ពីរ ហើយនៅតែប្រកាសខ្លួនឯងជាគ្រីស្ទបរិស័ទ «ដែលមានគោលលទ្ធិត្រឹមត្រូវ»។ ពួកគេឃ្លាតឆ្ងាយពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបញ្ជាក់នៅក្នុងព្រះគម្ពីរ ពីព្រោះពួកគេអធិប្បាយតែព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ ហើយបដិសេធបុណ្យជ្រមុជរបស់ព្រះយេស៊ូវវិញ (ទឹក)។ តើនៅសព្វថ្ងៃនេះ អ្វីគឺជាភាពខុសគ្នារវាងពួកជំនុំរ៉ូម៉ាំងកាតូលិក និងពួកជំនុំ ប្រូតេស្តង់? ដូចដែលអ្នកកំណែទម្រង់បានតវ៉ាប្រឆាំងនឹងពួកជំនុំ រ៉ូម៉ាំងកាតូលិក ហើយដូចដែលពួកគេបានចាកចេញពីពួកជំនុំរ៉ូម៉ាំងកាតូលិក ហើយបង្កើតជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់ យើងក៏គួរតែ​តវ៉ាប្រឆាំងនឹងគ្រីស្ទបរិស័ទដែលល្ងិតល្ងង់ និងគ្រូគង្វាលដែលប្រើនាមក្លែងផងដែរ។ បន្ទាប់ពីនោះ យើងអាចបើកភ្នែករបស់យើងមើលឃើញដំណឹងល្អពិត មានជំនឿពិត ហើយបានសង្រ្គោះទាំងស្រុង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
 
តើយើងត្រូវតែធ្វើយ៉ាងដូចម្តេច ដើម្បីកុំឲ្យក្លាយជាបុគ្គលដែលមានជំនឿខុសឆ្គង?
យើងត្រូវតែបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ
 
ព្រះគម្ពីរ ប្រាប់យើងថា មានតែអ្នកដែលជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងទេ ទើបអាចដើរតាមជំនឿពិតបាន។ ព្រះយេស៊ូវ បានមានបន្ទូលដូច្នេះទៅកាន់លោកនីកូដេមនៅក្នុង យ៉ូហាន ៣:១-១២។
បុគ្គលដែលមានជំនឿខុសឆ្គង តែងតែទទូចឲ្យអ្នកដើរតាមរបស់ខ្លួនជឿស៊ប់នៅក្នុងជំនឿរបស់ពួកគេ។ ពួកគេទទូចឲ្យអ្នកដើរតាមអធិស្ឋាននៅពេលមាន់រងាវ ហើយធ្វើការងារកាន់ខ្លាំង គឺដូចជាទទូចឲ្យមនុស្សខ្វាក់រត់ទៅមុខអញ្ចឹង។
មិនថាអ្នកអធិស្ឋានច្រើនយ៉ាងណាទេ វាគ្មានប្រយោជន៍អ្វីឡើយ បើសិនអ្នកមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ នៅពេលអ្នកនិយាយថា អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាមនុស្សសុចរិត បុគ្គលដែលមានជំនឿខុសឆ្គងដកស្រង់ រ៉ូម ៣:១០ ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង»។ តាមរយៈខគម្ពីរនេះ ពួកគេដាក់ឈ្មោះឲ្យអ្នកជឿថា បុគ្គលដែលមានជំនឿខុសឆ្គង។
ប៉ុន្តែតាមការពិត គឺជាពួកគេទេ ដែលជាបុគ្គលដែលមានជំនឿខុសឆ្គង។ អត្ថន័យពិតនៃខគម្ពីរនេះ មិនសាមញ្ញដូចជាយើងអាននោះទេ។ បុគ្គលដែលមានជំនឿខុសឆ្គងទាំងនេះ មិនបានអានព្រះគម្ពីរទំាងមូលទេ។ សាវកប៉ុល បាននិយាយថា មិនមានមនុស្សសុចរិតណាម្នាក់នៅក្នុងលោកិយនេះទេ គឺគាត់គ្រាន់តែដកស្រង់ខគម្ពីរចេញពីព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ ដែលនិយាយថា មិនមានមនុស្សសុចរិតណាម្នាក់នៅក្នុងលោកិយនេះទេ មុនពេលព្រះគ្រីស្ទបានយាងមក ហើយសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ ដោយសេចក្តីសង្រ្គោះរបស់ព្រះ។ ប៉ុន្តែអ្នកដែលបានសង្រ្គោះដោយព្រះយេស៊ូវ បានរាប់ជាសុចរិត។
យើង អាចមើលឃើញសេចក្តីពិត បើសិនយើងអានជំពូកនេះទាំងមូល។ បុគ្គលដែលមានជំនឿខុសឆ្គង គ្រាន់តែព្រមានអ្នកដើរតាមខ្លួន ឲ្យប្រយ័ត្នចំពោះអ្នកដែលមានជំនឿខុសពីជំនឿរបស់ពួកគេប៉ុណ្ណោះ។ ពួកគេហាមអ្នកដើរតាមខ្លួនមិនឲ្យថ្វាយបង្គំនៅកន្លែងណាផ្សេងទៀត លើកលែងតែពួកជំនុំ​ដែលពួកគេចាត់ទុកជាពួកជំនុំដែលមានគោលលទ្ធិត្រឹមត្រូវប៉ុណ្ណោះ។ ដូច្នេះ ក្រុមជំនុំរបស់ពួកគេមិនហ៊ានទៅពួកជំនុំផ្សេង ដែលអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។
ពួកគេ ត្រឡប់ទៅជាថ្លង់ចំពោះដំណឹងល្អពិត ហើយមិនអាចបានកើតជាថ្មីឡើយ។ ទាំងនេះគឺជាសេចក្តីបង្រៀនរបស់អ្នកដឹកនាំខុសឆ្គង ដែលកំពុងចិញ្ចឹមកូនប្រុសកូនស្រីសម្រាប់ស្ថាននរក។ ព្រះនឹងជំនុំជម្រះទង្វើររបស់ពួកគេ។ ដូច្នេះ បុគ្គលដែលមានជំនឿខុសឆ្គងគួរតែបែរត្រឡប់ទៅឯព្រះវិញ។
តើអ្នកណាគឺជាបុគ្គលដែលមានជំនឿខុសឆ្គង? ហើយតើពួកគេគឺជាអ្នកដែលបានសង្រ្គោះ ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬអ្នកដែលអះអាងថា ខ្លួនជឿលើព្រះយេស៊ូវ តែមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ?
ទីតុស ៣:១១ និយាយថា អ្នកដែលជឿលើព្រះយេស៊ូវ ប៉ុន្តែនៅតែ «កាត់ទោសខ្លួនឯង» គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
ពួកគេ បង្រៀនអ្នកដើរតាមខ្លួនមិនឲ្យទៅចូលរួមការជួបជុំគ្នាសម្រាប់ការរស់ឡើងវិញខាងវិញ្ញាណ ដែលមានការអធិប្បាយដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដោយប្រាប់ពួកគេថា វាមានគ្រោះថ្នាក់ណាស់។ តើអ្នកដែលមានលទ្ធិត្រឹមត្រូវអាចខ្លាចជំនឿដែលប្រឆាំងនឹងខ្លួនឯងបានយ៉ាងដូចម្តេច? ពួកគេខ្លាច ពីព្រោះពួកគេមិនមានសេចក្តីពិតនៅខាងពួកគេទេ។ «ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ។» សេចក្តីបង្រៀនរបស់បុគ្គលដែលមានជំនឿខុសឆ្គង គឺដូច្នេះឯង។
គ្រូគង្វាលដែលមានជំនឿខុសឆ្គង ដកស្រង់ពីសៀវភៅនេះបន្តិច ពីសៀវភៅនោះបន្តិច ពីពាក្យរបស់ទស្សនៈវិទូ និងពី អក្សរសាស្ត្រ ហើយដាក់ទាំងអស់បញ្ចូលគ្នាទៅតាមគំនិតផ្ទាល់ខ្លួន ហើយធ្វើឲ្យគ្រប់យ៉ាងមើលទៅគួរតែទាក់ទាញខ្លាំងណាស់។
ពួកគេ ចង់ឲ្យអ្នកដើរតាមខ្លួននៅល្ងង់ខ្លៅ ហើយពួកគេព្យាយាមហ្វឹកហ្វឺនអ្នកដើរតាមទាំងនោះ ដោយសេចក្តីបង្រៀនខាងលោកិយនេះ។ ប៉ុន្តែពួកជំនុំពិតអធិប្បាយព្រះបន្ទូលព្រះ ហើយហ្វឹកហ្វឺនអ្នកជឿដោយព្រះបន្ទូលព្រះវិញ។ មនុស្សមិនមកពួកជំនុំ ដើម្បីទទួលការហ្វឹកហ្វឺនតាមរបៀបខាងលោកិយនេះទេ ប៉ុន្តែដើម្បីស្តាប់ឮពីសេចក្តីពីស្ថានសួគ៌ ដែលពួកគេមិនអាចស្តាប់ឮនៅក្នុងលោកិយនេះបានវិញ គឺដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ។
មនុស្ស ចូលទៅក្នុងពួកជំនុំរបស់ខ្លួន ក្នុងនាមជាមនុស្សមានបាប ប៉ុន្តែពួកគេចង់ចេញពីពួកជំនុំវិញ ក្នុងនាមជាអ្នកជឿសុចរិត ដែលមិនមានបាប។ តើគ្រូគង្វាលដែលមានជំនឿខុសឆ្គង ប្រាប់ពួកគេអ្វីខ្លះ? ពួកគេប្រាប់អ្នកដើរតាមខ្លួនមិនឲ្យទៅចូលរួមការជួបជុំសម្រាប់ការរស់ឡើងវិញខាងវិញ្ញាណ ដែលមានអ្នកបម្រើព្រះអធិប្បាយដំណឹងល្អពិត។ ហើយពួកគេការពារមិនឲ្យអ្នកដើរតាមខ្លួនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណឡើយ។
នេះគឺជាសេចក្តីចំកួតទទេ។ ពួកគេអាចបោកបញ្ឆោតអ្នកដើរតាមខ្លួនបាន ប៉ុន្តែពួកគេមិនអាចបោកបញ្ឆោតព្រះបានឡើយ។
 
តើគ្រូគង្វាលដែលប្រើនាមក្លែង អាចធ្វើឲ្យអ្នកដើរតាមរបស់ខ្លួនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណទេ?
ទេ។ មានតែអ្នកដែលបានកើតជាថ្មីទេ ទើបអាចធ្វើឲ្យអ្នកដទៃបានកើតជាថ្មីបាន
 
បុគ្គលដែលមានជំនឿខុសឆ្គង បើសិនអ្នកពិតជាអ្នកបម្រើព្រះពិតមែន តើអ្នកមិនអាចស្តាប់ឮព្រះវិញ្ញាណស្តីបន្ទោសអ្នកទេឬ? អ្នកត្រូវតែបែរត្រឡប់មកវិញ។ ហើយអ្នកគួរតែឈប់ហាមឃាត់អ្នកដើរតាមខ្លួនមិនឲ្យចូលរួមការជួបជុំ សម្រាប់ការរស់ឡើងវិញខាងវិញ្ញាណ ដែលអ្នកបម្រើព្រះពិតអធិប្បាយដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទៀតទៅ។
បុគ្គលដែលមានជំនឿខុសឆ្គង ហ្វឹកហ្វឺនអ្នកដើរតាមខ្លួន ដោយទេវសាស្ត្រតែមួយមុខគត់ ហើយនៅពេលពួកគេជួបប្រទះនឹងទ្រឹស្តីផ្សេងៗ ពួកគេត្រូវចាញ់។ គួរឲ្យអាណិតណាស់។ គ្រូគង្វាលដែលប្រើនាមក្លែង ពូកែដឹកនាំ ដោយមិនមានព្រះបន្ទូលព្រះ។ ពួកគេអធិប្បាយ ផ្តល់ប្រឹក្សាយោបល់ និងដឹកនាំ ដោយផ្អែកលើជំនឿដែលខុសរបស់ខ្លួន។ អ្នកដែលបម្រើ និងអធិប្បាយដោយមិនមានព្រះបន្ទូលព្រះ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង និងអ្នកស៊ីឈ្នួល (យ៉ូហាន ១០:១៣)។
អ្នកដឹកនំាដែលប្រើនាមក្លែង គឺជាបុគ្គលដែលមានជំនឿខុសឆ្គង ពីព្រោះខ្លួនខាងក្នុង និងខាងក្រៅរបស់ពួកគេគឺខុសគ្នា។ មនុស្សមួយចំនួន ចាត់ទុកពួកជំនុំដែលមិនស៊ីគ្នាជាមួយនិកាយដែលបានបង្កើតឡើង ជាពួកជំនុំដែលមានជំនឿខុសឆ្គង។ ទោះជាយ៉ាងណា ពួកជំនុំខ្លះទាំងនោះមិនចង់នៅក្រោមនិកាយណាមួយទេ ពីព្រោះពួកជំនុំភាគច្រើនកំពុងតែប្រតិបត្តិការ យ៉ាងឆ្ងាយពីសេចក្តីបង្រៀនពិតរបស់ព្រះគម្ពីរ។
បុគ្គលដែលមានជំនឿខុសឆ្គង ប្រាប់អ្នកដើរតាមខ្លួនឲ្យបានសង្រ្គោះ ទាំងដែលខ្លួន​ឯងមិនទាន់បានដោះស្រាយបញ្ហាអំពើបាបផង។ ពួកគេកំពុងតែប្រព្រឹត្តអំពើបាបរបស់ស្តេចយេរ៉ូបោមហើយ។ បើសិនអ្នកណាម្នាក់ដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន ព្យាយាម​ធ្វើការងារបស់ព្រះ គាត់ត្រូវតែដឹងថា អំពើបាបរបស់គាត់ និងភាពបរិសុទ្ធរបស់ព្រះពិតជាមិនអាចនៅជាមួយគ្នាបានឡើយ។ ហើយគាត់ត្រូវតែដឹងថា គាត់គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
ដូច្នេះ បើសិនអ្នកណាម្នាក់ដែលអធិប្បាយ ឬមានតួនាទីនៅក្នុងពួកជំនុំ នៅតែជាមនុស្សមានបាបម្នាក់ គាត់គួរតែដឹងថា គាត់គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ គាត់គឺជាបុគ្គលដែលមានជំនឿខុសឆ្គង ពីព្រោះគាត់មិនស្គាល់ដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះគ្រីស្ទ ដែលជាដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណឡើយ។ បើសិនមនុស្សរៀនព្រះគម្ពីរពីបុគ្គលដែលមានជំនឿខុសឆ្គង ហើយបង្រៀនអ្នកដទៃតាមរបៀបដូចគ្នា គាត់ក៏ក្លាយជាបុគ្គលដែលមានជំនឿឆ្គងផងដែរ។
យើង អាចស្គាល់ដើមឈើ តាមផ្លែរបស់វា។ អ្នកដែលបានរាប់ជាសុចរិត ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង បង្កើតតែផ្លែនៃសេចក្តីសុចរិត ខណៈដែលអ្នកដែលនៅតែជាមនុស្សមានបាប គឺបង្កើតតែផ្លែនៃមនុស្សមានបាប។ «ដូចេ្នះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ» (ម៉ាថាយ ៧:១៧)។
 
 
តើគ្រូគង្វាលដែលមានជំនឿខុសឆ្គងអធិប្បាយអ្វី នៅក្នុងសេចក្តីអធិប្បាយរបស់ខ្លួន?
 
តើគ្រូគង្វាលដែលមានជំនឿខុសឆ្គង អធិប្បាយអ្វីនៅក្នុងសេចក្តីអធិប្បាយរបស់ខ្លួន?
ទេវសាស្ត្រខាងលោកិយ និងគំនិតរបស់មនុស្ស
 
គ្រូគង្វាលក្លែងក្លាយ ប្រយ័ត្នពីនេះ និងពីនោះ។ ហេតុអ្វីពួកគេប្រយ័ត្នយ៉ាងដូច្នេះ? ពួកគេត្រូវតែប្រយ័ត្ន ក្រែងលោសេចក្តីភូតភររបស់ខ្លួនត្រូវបានបើកសម្តែង ពីព្រោះពួកគេមិនមានជំនឿត្រឹមត្រូវនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។
បុគ្គលដែលមានជំនឿខុសឆ្គង ចាប់យកពីនេះបន្តិច ពីនោះបន្តិច ហើយបោកបញ្ឆោតមនុស្ស និងបង្រៀនដោយមិនដឹងពី អត្ថន័យពិតនៃដំណឹងល្អ ដែលត្រូវបានពន្យល់ដោយពាក្យច្បាស់​លាស់នោះឡើយ។
«ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច» (អេសាយ ២៨:១៣)។
ឃ្លាមួយម្តងៗ ពួកគេនិយាយថា «ពាក្យនេះមានន័យដូច្នេះ ហើយជាភាសាក្រិក មានន័យដូច្នេះ ហើយភាសាហេព្រើរ មានន័យដូច្នេះ។ ហើយមានទ្រឹស្តីបែបនេះ និងបែបនោះ»។ ពួកគេក៏ព្រមានមនុស្សឲ្យប្រយ័ត្នផងដែរ បើសិនពួកគេជួបប្រទះទ្រឹស្តីអំពីសេចក្តីសង្រ្គោះ។ ពួកគេនិយាយថា «លោក ម៉ាទីន លូធើរ បាននិយាយដូច្នេះ ហើយលោក ចន កាលវិន បាននិយាយដូច្នេះ ខណៈដែលលោក ចន ណក្ស បាននិយាយដូច្នេះ ហើយយើងគិតថា ពួកគេសមហេតុសមផលតាមរបៀបរៀងៗខ្លួន»។
ពួកគេ មិនដឹងពីអ្វីដែលពួកគេកំពុងតែនិយាយ ហើយក៏ពីអ្វីដែលពួកគេជឿដែរ។ អ្នកដែលមានជំនឿពិត អាចពន្យល់ពីសេចក្តីពិតដោយពាក្យច្បាស់លាស់បាន។ អ្នកជឿពិតប្រាកដ អាចប្រាប់ពីភាពខុសគ្នារវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មីបានយ៉ាងច្បាស់លាស់។ យើងអធិប្បាយយ៉ាងច្បាស់លាស់ពីដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
ប៉ុន្តែបុគ្គលដែលមានជំនឿខុសឆ្គង ស្ថិតនៅក្នុងពិភពនៃភាព វឹកវរ។ ជំនឿរបស់ពួកគេ គឺដូចជាសត្វប្រចៀវ ដែលចូលចិត្តនៅខាងក្រៅរូងភ្នំនៅពេលថ្ងៃ ហើយនៅពិភពខាងក្រៅនៅពេលយប់។ បុគ្គលដែលមានជំនឿខុសឆ្គង ចូលចិត្តទ្រឹស្តីនេះ និងទ្រឹស្តីនោះ ហើយជឿនេះ និងជឿនោះ ប៉ុន្តែពួកគេមិនដែលដឹងពីអ្វីជាសេចក្តីពិតឡើយ។ នៅពេលគ្រូគង្វាលដែលមានជំនឿខុសឆ្គងទៅស្ថាននរក អ្នកដើរតាមខ្លួនអមដំណើរពួកគេទៅដែរ។ មនុស្សជាច្រើន នឹងធ្លាក់ទៅស្ថាននរក ពីព្រោះពួកគេជឿលើហោរាក្លែងក្លាយ។
តើអ្នកដឹកនាំរបស់អ្នកបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដែរឬទេ? ហើយតើគាត់អធិប្បាយព្រះបន្ទូលនៃដំណឹងល្អអំពីការបានកើតជាថ្មី ដូចដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរដែរឬទេ? បើសិនគាត់ធ្វើដូច្នេះ អ្នកពិតជាមានពរហើយ ហើយបើសិនគាត់មិនធ្វើដូច្នេះ អ្នកនឹងត្រូវវិនាសហើយ។ បើសិនអ្នកមិនបានកើតជាថ្មីទេ អ្នកត្រូវតែស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អានសៀវភៅដែលពន្យល់ពីដំណឹងល្អនេះ ហើយបានកើតជាថ្មីចុះ។
បុគ្គលដែលមានជំនឿខុសឆ្គង មិនចូលចិត្តដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ ពួកគេអធិប្បាយថា «ព្រះយេស៊ូវគ្រីស្ទបានយាងមកលុបបំបាត់អំពើបាបរបស់យើង ហើយទ្រង់គ្រាន់តែបានធ្វើដូច្នេះ។ ទ្រង់នៅតែកំពុងលាងសម្អាតអំពើបាបរបស់យើងនៅថ្ងៃនេះ ហើយនឹងបន្តធ្វើដូច្នេះនៅថ្ងៃមុខទៀត»។ តើនេះគឺជាសេចក្តីពិតដែរឬទេ? ពួកគេនិយាយថា ពួកគេសុចរិត ប៉ុន្តែពួកគេបែរជាមិនមានបញ្ហាអ្វីជាមួយការបន្តធ្វើបាបសោះ។ ពួកគេសុចរិតបានមួយពេល ហើយជាមនុស្សមានបាបនៅពេលបន្ទាប់។
ទេវសាស្ត្ររបស់ពួកគេ គឺជាទេវសាស្ត្រក្លែងក្លាយមួយ និងមិនពិតសោះ។ អ្នកដែលបានរាប់ជាសុចរិតនៅពេលនេះ ហើយជាមនុស្សមានបាបនៅពេលក្រោយមកទៀត គឺជាបុគ្គលដែលមានជំនឿខុសឆ្គង និងហោរាក្លែងក្លាយ។ អ្នកដែលថ្កោលទោសខ្លួនឯង និងធ្វើឲ្យខ្លួនឯងខូច ក៏ជាបុគ្គលដែលមានជំនឿខុសឆ្គងផងដែរ។
 
 
បណ្តាសារបស់ព្រះធ្លាក់មកលើអ្នកដើរតាមបុគ្គលដែលមានជំនឿខុសឆ្គង
 
តើបុគ្គលដែលមានជំនឿខុសឆ្គង សង្កត់ធ្ងន់បំផុតលើអ្វី?
លើការប្រព្រឹត្ត
 
បុគ្គលដែលមានជំនឿខុសឆ្គង គឺមិនមានស្ថេរភាពទេ។ ដូច្នេះ ពួកគេមិនអាចដឹកនាំអ្នកដើរតាមខ្លួនឲ្យបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ នៅពេលអ្នកដើរតាមខ្លួនទៅឯពួកគេ ហើយសួរពីរបៀបបានកើតជាថ្មី។ ប៉ុន្តែពួកគេផ្តល់គំនិតអាក្រក់ដល់អ្នកដើរតាមខ្លួនថា មនុស្សអាចបានកើតជាថ្មីដោយគំនិតរវើរវាយ ហើយថា ពួកគេមិនដឹងថា ពេលណាពួកគេបានកើតជាថ្មីទេ។ គំនិតនេះអាក្រក់ខ្លំាងណាស់។
ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង យ៉ូហាន ៣ ថា «បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ»។ ប៉ុន្តែនៅសព្វថ្ងៃនេះ មនុស្សសុចរិតដែលបានកើតជាថ្មី ត្រូវបានគេចាត់ទុកជាបុគ្គលដែលមានជំនឿខុសឆ្គងនិងមិនកោតក្រែងអ្នកដទៃទៅវិញ។
គ្រូគង្វាលដែលមានជំនឿខុសឆ្គង និយាយថា ពួកគេមិនអាចចាត់ទុកខ្លួនឯងជាសុចរិតទេ ពីព្រោះពួកគេចង់បន្ទាបខ្លួន។ ពួកគេប្រាប់អ្នកដើរតាមខ្លួនថា «កុំចូលរួមការជួបជុំសម្រាប់ការរស់ឡើងវិញខាងវិញ្ញាណណាមួយ ដែលអ្នកអធិប្បាយគ្រោងនឹងនិយាយអំពីព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណឲ្យសោះ។ បើសិនអ្នកបានកើតជាថ្មី នោះអ្នកនឹងក្លាយជាបុគ្គលដែលមានជំនឿខុសឆ្គង ហើយនឹងត្រូវបានពួកជំនុំបដិសេធផងដែរ។ ប៉ុន្តែបើសិនអ្នកចង់នៅជាមួយយើង នៅជាមនុស្សមានបាប ហើយព្រះនឹងរាប់អ្នកជាសុចរិត កាលណាពេលវេលាមកដល់»។ នេះគឺជាអ្វីដែលពួកគេនិយាយ។ អ្វីដែលពួកគេពិតជាចង់មានន័យគឺថា វាអាស្រ័យលើអ្នកថា អ្នកចង់បានកើតជាថ្មី ឬយ៉ាងណា។
បុគ្គលដែលមានជំនឿខុសឆ្គង ប្រាប់អ្នកដើរតាមខ្លួនថា «អ្នកត្រូវតែនៅជាមួយយើង ប៉ុន្តែការបានកើតជាថ្មីគឺជាការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះ ចូរព្យាយាមដោយខ្លួនឯង។ ចូរនៅជាអ្នកដូចឥឡូវនេះ ហើយចូលទៅចំពោះព្រះ កាលណាពេលវេលាមកដល់ ហើយបន្ទាប់មក អ្នកនឹងស្វែងរកសេចក្តីពិតឃើញហើយ។ ខ្ញុំមិនដឹងថា អ្វីនឹងកើតឡើង បន្ទាប់ពីនោះទេ។ ប៉ុន្តែនេះគឺជាពួកជំនុំដែលមានគោលលទ្ធិត្រឹមត្រូវមួយ។ ដូច្នេះ អ្នកត្រូវតែនៅជាមួយយើង»។ តើអ្នកគិតថា នេះគឺជាសេចក្តីពិតដែរឬទេ?
គ្រូគង្វាលដែលមានជំនឿខុសឆ្គងទាំងនេះ ចាប់យកពីនេះបន្តិច និងពីនោះបន្តិច ដើម្បីបង្កើតជាទ្រឹស្តីផ្ទាល់ខ្លួន។ បន្ទាប់មក វាក្លាយជាសេចក្តីពិតសម្រាប់តែពួកគេប៉ុណ្ណោះ។ ពួកគេមិនស្គាល់ពីព្រះបន្ទូលព្រះ ដែលប្រាប់យើងអំពីទឹក និងព្រះវិញ្ញាណទេ។
បុគ្គលដែលមានជំនឿខុសឆ្គង កាត់ស្រាយព្រះគម្ពីរ ដោយយោងទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែយើងត្រូវតែកាត់ស្រាយព្រះគម្ពីរ ដោយយោងទៅតាមព្រះបន្ទូលខ្លួនឯង ប៉ុន្តែពួកគេកាត់ស្រាយ ដោយយោងទៅតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេវិញ។ នេះហើយជាមូលហេតុដែលមានទេវវិទូ និងនិកាយយ៉ាងច្រើននៅក្នុងជំនឿគ្រីស្ទបរិស័ទដូច្នេះ។
ដោយសារតែមានទេវវិទូ និងនិកាយដែលមានជំនឿខុសឆ្គងយ៉ាងច្រើន ក៏មានសៀវភៅដែលមានលទ្ធិខុសឆ្គងច្រើនរាប់មិនអស់ផងដែរ។ នៅពេលអធិប្បាយ គ្រូគង្វាលដែលប្រើនាមក្លែង ចាប់យកពីសៀវភៅនេះបន្តិច និងពីសៀវភៅនោះបន្តិច។ ប៉ុន្តែគ្រូគង្វាលពិតប្រាកដអធិប្បាយចេញពីព្រះគម្ពីរតែមួយគត់។
បុគ្គលដែលមានជំនឿខុសឆ្គង បោកបញ្ឆោតប្រាក់ពីអ្នកដើរតាមខ្លួន តាមល្បិចជាច្រើន។ ពួកគេបរិភោគ និងរស់នៅយ៉ាងសុខស្រួលនៅក្នុងលោកិយនេះ ប៉ុន្តែត្រូវបញ្ចប់នៅក្នុងស្ថាននរក ពីព្រោះពួកគេមិនបានកើតជាថ្មី។ នេះហើយគឺជាចុងបញ្ចប់​ ដែលព្រះបានរៀបចំសម្រាប់ពួកគេ។
ព្រះ ទ្រាំទ្រនឹងពួកគេនៅពេលដំបូង។ ប៉ុន្តែអ្នកដែលនៅតែបន្តបដិសេធមិនទទូលយកព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ នឹងត្រូវបានបញ្ជូនទៅស្ថាននរក។
ព្រះ នឹងវិនិច្ឆ័យបុគ្គលដែលមានជំនឿខុសឆ្គង។ ពីដំបូង បុគ្គលដែលមានជំនឿខុសឆ្គង ជឿលើព្រះយ៉ាងឧស្សាហ៍ ហើយប្រើសៀវភៅអត្ថាធិប្បាយព្រះគម្ពីរ និងសៀវភៅទេវសាស្ត្រទាំង ភាគៗ។ ប៉ុន្តែបន្តិចម្តងៗ ពួកគេចាប់ផ្តើមអធិប្បាយចេញពីគំនិតរបស់មនុស្ស ដែលធ្វើឲ្យអ្នកដើរតាមខ្លួនមិនអាចបានកើតជាថ្មី។
បុគ្គលដែលមានជំនឿខុសឆ្គង ចូលចិត្តសង្កត់យ៉ាងធ្ងន់លើការងារខាងលោកិយរបស់ខ្លួន។ អ្នកបម្រើព្រះណាដែលមិនអធិប្បាយដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាបុគ្គលដែលមានជំនឿខុសឆ្គងនៅចំពោះព្រះហើយ។
ពួកគេ ដាក់សម្ពាធលើអ្នកដើរតាមខ្លួនឥតឈប់ឥតឈរ។ ពួកគេបង្ខំឲ្យអ្នកដើរតាមរបស់ខ្លួន ចូលរួមការអធិស្ឋានមួយយប់ពេញ រយៈពេល៤០ថ្ងៃ ការអធិស្ឋានមួយថ្ងៃពេញរយៈពេល១០០ថ្ងៃ ការអធិស្ឋានៅភ្នំ តមជាទៀងទាត់ ផ្តល់វិភាគទានសម្រាប់ការសាងសង់អាគារព្រះវិហារ តង្វាយដុតមួយពាន់ វិភាគទានសម្រាប់ការជួបជុំសម្រាប់ការរស់ឡើងវិញខាងវិញ្ញាណ...។ល។ ពួកគេថែមទាំងគូរក្រាហ្វិច ដើម្បីបង្ហាញពីតម្លៃ ដែលអ្នកជឿម្នាក់ៗបានផ្តល់ជាវិភាគទានផងដែរ។ ដោយគ្រាន់តែសំឡឹងមើលផលផ្លែនៃការងាររបស់ពួកគេ យើងអាចមើលឃើញថា ពួកគេគឺជាបុគ្គលដែលមានជំនឿខុសឆ្គងបាត់ទៅហើយ។
បណ្តាសារបស់ព្រះ ក៏ធ្លាក់មកលើអ្នកដើរតាមរបស់ពួកគេផងដែរ។ អ្នកបម្រើព្រះ ដែលអធិប្បាយដោយមិនមានការបានកើតជាថ្មី និងអ្នកដើរតាមខ្លួនទាំងអស់នឹងត្រូវរងបណ្តាសារបស់ព្រះ។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ព្យាយាមអានគំនិតរបស់អ្នកដើរតាមរបស់ខ្លួន
 
ហេតុអ្វីបុគ្គលដែលមានជំនឿខុសឆ្គង ព្យាយាមអានគំនិតរបស់អ្នកដើរតាមខ្លួន?
ពីព្រោះពួកគេមិនបានកើតជាថ្មី ប៉ុន្តែជាអ្នកបម្រើព្រះកំពុត និងគ្មានព្រះវិញ្ញាណ នៅក្នុងចិត្តរបស់ខ្លួន
 
គ្រូគង្វាលដែលមានជំនឿខុសឆ្គង យំជារៀងរាល់ថ្ងៃ។ ពួកគេត្រូវតែប្រាកដថា បានផ្គាប់ចិត្តគ្រូជំនួយប្រុសស្រីជាន់ខ្ពស់ ចាស់ទុំ គ្រូជំនួយធម្មតា និងគ្រហស្ថ។ នេះគឺជារបៀបដែលពួកគេធ្វើជារៀងរាល់ថ្ងៃ។
ពួកគេ ប្រព្រឹត្តបែបកំពុតជារៀងរាល់ថ្ងៃ។ «បរិសុទ្ធ និងពេញដោយមេត្តាករុណា...»។ ពួកគេមានពេញដោយបាប ប៉ុន្តែពួកគេត្រូវតែនិយាយអំពីកិច្ចការបរិសុទ្ធ។ ដូច្នេះ ពួកគេកាន់តែកំពុតជារៀងរាល់ថ្ងៃ។
មានពេលមួយ គ្រូអធិប្បាយម្នាក់បាននិយាយថា «បណ្តាសាដល់អ្នកដែលបម្រើព្រះ ដោយមិនមានព្រះវិញ្ញាណគង់នៅពីខាងក្នុងចិត្ត»។ នេះមានន័យថា វាគឺជាជំនឿខុសឆ្គង ដែលធ្វើការងាររបស់ព្រះ ដោយមិនបានសង្រ្គោះ គឺវាជាជីវិតដែលត្រូវបណ្តាសា។ បើសិនអ្នកជាមនុស្សម្នាក់ ក្នុងចំណោមបុគ្គលដែលមានជំនឿខុសឆ្គងទាំងនេះ អ្នកត្រូវតែបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
អ្នកណាដែលជឿព្រះយេស៊ូវ ប៉ុន្តែមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ លើសពីនេះ គ្រប់គ្នាត្រូវតែបែរមកឯដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណវិញ។ មានតែមនុស្សសុចរិតដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ ទើបអាអចធិប្បាយដំណឹងល្អទៅកាន់អ្នកដទៃបាន។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ស្រែកចង់បានតែសន្តិភាពប៉ុណ្ណោះ
 
តើគ្រូគង្វាលដែលមានជំនឿខុសឆ្គង ធ្វើឲ្យអ្នកដើរតាមរបស់ខ្លួនស្កប់យ៉ាងដូចម្តេច?
ពួកគេតែងតែស្រែកចង់បានសន្តិភាព និងថា អ្នកដើរតាមខ្លួនអាចចូលទៅស្ថានសួគ៌បាន ទោះបីជាពួកគេគឺជាមនុស្សមានបាប
 
«ដូច្នេះ ឱ​ពួក​ចំអក​ឡកឡឺយ ដែល​គ្រង​លើ​បណ្តាជន​ នៅ​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្តី​ស្លាប់ ក៏​ព្រមព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្តី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​ បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​ បាន​ពឹងពាក់​ដល់​សេចក្តី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្តី​ភូតភរ» (អេសាយ ២៨:១៤-១៥)។
តើអ្នកណាគឺជាពួកចំអកឡកឡឺយនៅទីនេះ? ពួកគេគឺជាអ្នកដែលអធិប្បាយព្រះបន្ទូលព្រះ ដោយដាក់បញ្ចូលជាមួយសេចក្តីជំនឿខុសផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាគំនិតរបស់គ្រូអធិប្បាយគឺជាអ្វី ហើយមិនថាទេវសាស្ត្រនិយាយអំពីអ្វីទេ គាត់ត្រូវតែផ្តល់ការកាត់ស្រាយព្រះគម្ពីរត្រឹមត្រូវមួយ។ ប៉ុន្តែបុគ្គលដែលមានជំនឿខុសឆ្គងអធិប្បាយព្រះគម្ពីរ តាមរបៀបដែលពួកគេយល់ថា ត្រឹមត្រូវ។ ពួកគេទំាងនេះហើយគឺជាពួកចំអកឡើកឡឺយ។
«យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្តី​ស្លាប់ ក៏​ព្រមព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្តី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ។»
បុគ្គលដែលមានជំនឿខុសឆ្គង និយាយថា សេចក្តីភ័យអន្តរាយនឹងមិនហូរកាត់ពួកគេទេ។ ដូច្នេះ ពួកគេប្រាប់មនុស្សមិនឲ្យបារម្ភ។ ប៉ុន្តែតាមការពិត សេចក្តីវិនាស និងស្ថាននរកកំពុងតែរង់ចាំពួកគេ បែរជាពួកគេនិយាយប្រាប់មិនឲ្យបារម្ភទៅវិញ។ ដូច្នេះ បើសិនអ្នកចង់រស់នៅ អ្នកត្រូវតែនៅឲ្យឆ្ងាយពីបុគ្គលដែលមានជំនឿខុសឆ្គងទាំងនោះ។
បុគ្គលដែលមានជំនឿខុសឆ្គង និយាយថា អ្នកមិនចាំបាច់បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ តើពិតទេ? ទេ ពិតជាមិនពិតទេ។ អ្នកមិនអាចចូលទៅនគរស្ថានសួគ៌បានឡើយ លុះត្រាតែអ្នកបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
តើវាមិនជាបញ្ហាអ្វីទេ ដែលមិនបានចូលទៅនគរស្ថានសួគ៌ឬ? នេះគឺជាសំណួរដូចគ្នានឹងសំណួរថា តើវាមិនជាបញ្ហាអ្វីទេ ដែលត្រូវឆេះនៅក្នុងស្ថាននរកឬ? យើងមិនបាច់និយាយទេ ចម្លើយសម្រាប់សំណួរទំាងពីរនេះគឺ ទេ។ ដូច្នេះ ចូរយើងទាំងអស់គ្នាជឿលើដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ​ហើយចូលទៅនគរស្ថានសួគ៌ជាមួយគ្នា។
គ្រូគង្វាលដែលមានជំនឿខុសឆ្គង លួងលោមមនុស្សថា ដោយសារពួកគេជឿលើព្រះយេស៊ូវហើយ នោះវាមិនជាបញ្ហាអ្វីទេ ដែលពួកគេនៅតែជាមនុស្សមានបាប ពីព្រោះពួកគេនឹងមិនទៅស្ថាននរកឡើយ។
តើព្រះយេស៊ូវយកព្រះទ័យទុកដាក់សូម្បីតែអ្នកដែលជាមនុស្សមានបាបដែរឬទេ? តើមនុស្សមានបាបអាចទៅស្ថានសួគ៌បានដែរឬទេ? បើសិនអ្នកគឺជាមនុស្សមានបាប តើអ្នកអាចគេចពីស្ថាននរកបានដែរឬទេ? ហើយតើព្រះគម្ពីរនិយាយថា អ្នកមិនត្រូវទៅស្ថាននរកទេ នៅពេលអ្នកជឿព្រះយេស៊ូវហើយ ទោះបីជាអ្នកនៅមានបាបនៅក្នុងចិត្តក៏ដោយឬ?
បុគ្គលដែលមានជំនឿខុសឆ្គង និយាយថា ពួកគេបានចុះ សេចក្តីសញ្ញានឹងសេចក្តីស្លាប់ ដើម្បីកុំឲ្យសេចក្តីស្លាប់នឹងមកឯពួកគេ។ ពួកគេនិយាយថា អ្នកជឿម្នាក់អាចចៀសផុតពីការកាត់ទោសទម្លាក់ទៅស្ថាននរកបាន សូម្បីតែគាត់នៅមានបាបនៅចិត្តរបស់ខ្លួនក៏ដោយ។ តើអ្នកគិតថា វាពិតជាកើតឡើងតាមរបៀបនេះឬ?
បុគ្គលដែលមានជំនឿខុសឆ្គង ជម្រុញទឹកចិត្តមនុស្សដោយទំនុកចិត្ត ដោយនិយាយថា សេចក្តីស្លាប់ និងស្ថាននរកមិនរង់ចំាពួកគេឡើយ។ គ្រូគង្វាលដែលមានជំនឿខុសឆ្គង តែងតាំងអ្នកដែលមិនបានកើតជាថ្មី ឲ្យធ្វើជាគ្រូជំនួយ ចាស់ទុំ និងអ្នកបម្រើព្រះ។ ប៉ុន្តែពួកគេត្រូវតែដឹងថា ពួកគេនឹងបញ្ចប់នៅក្នុងស្ថាននរក ពីព្រោះពួកគេមិនជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយអ្វីដែលពួកគេត្រូវតែធ្វើនោះ គឺត្រូវតែបណ្តុះនៅក្នុងអ្នកដើរតាមខ្លួននូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។
តើអ្នកជឿដែលជាមនុស្សមានបាប មានសិទ្ធិចូលស្ថានសួគ៌ដែរឬទេ? តើមនុស្សមានបាបម្នាក់អាចទៅស្ថានសួគ៌បានដែរឬទេ? តើព្រះគម្ពីរនិយាយថា មនុស្សមានបាបអាចចូលទៅស្ថានសួគ៌បានឬ? ទេ។ ហើយតើមនុស្សសុចរិតអាចមានបាបដែរឬទេ? ទេ។ ទាំងនេះគឺជាសេចក្តីបង្រៀនអំពីលទ្ធិខុសឆ្គង និងទេវសាស្ត្រដែលប្រើនាមក្លែង។
ព្រះគម្ពីរ និយាយថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ ហើយនេះគឺជាច្បាប់របស់ព្រះ។ ដូច្នេះ ទ្រង់បញ្ជូនមនុស្សមានបាបទាំងអស់នៅស្ថាននរកដោយផ្ទាល់។ ទោះបីជាយ៉ាងណា ផ្ទុយពីវាសនាដ៏អាក្រក់នេះ អស់អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ទទួលបានការស្វាគមន៍ឲ្យចូលទៅក្នុងនគរស្ថានសួគ៌។
«កាល​ណា​សេចក្តី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​ បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹងពាក់​ដល់ ​សេចក្តី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្តី​ភូតភរ។» គ្រូគង្វាលដែលមានជំនឿខុសឆ្គង និយាយពាក្យសម្តីសម្រាប់ផលប៉ះពាល់នោះ ហើយជឿយ៉ាងមុតមាំថា ពួកគេនឹងមិនទៅស្ថាននរកឡើយ ទោះបីជាពួកគេមានបាបនៅចិត្តក៏ដោយ។ ដោយសារពួកគេពួននៅខាងក្រោយទេវសាស្ត្រក្លែងក្លាយ ព្រះមិនអាចធ្វើអ្វីមួយ ដើម្បីជួយពួកគេបានឡើយ។ ពួកគេជឿលើទេវសាស្ត្ររបស់ខ្លួនតែមួយគត់។ ហើយដោយសារពួកគេជឿលើទេវសាស្ត្ររបស់ខ្លួន ជាជាងព្រះបន្ទូលព្រះ ពួកគេគឺជាបុគ្គលដែលមានជំនឿខុសឆ្គង និងជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ គួរឲ្យសោក ស្តាយណាស់ ដែលពួកគេមានគ្នាយ៉ាងច្រើនបែបនេះ។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ចាប់អារម្មណ៍លើប្រាក់តែប៉ុណ្ណោះ
 
តើអ្វីគឺជាការប៉ុនប៉ងរបស់ គ្រូគង្វាលដែលមានជំនឿខុសឆ្គង?
បោកបញ្ឆោតប្រាក់ពីអ្នកដើរតាមខ្លួន ឲ្យបានច្រើនតាមដែលអាចធ្វើបាន
 
គ្រូគង្វាលដែលមានជំនឿខុសគ្នា និងប្រើនាមក្លែង ចាប់អារម្មណ៍លើតែប្រាក់ប៉ុណ្ណោះ ពីព្រោះពួកគេគឺជាមនុស្សលោភ។ «តើមនុស្សម្នាក់នេះនឹងថ្វាយប្រាក់ប៉ុន្មាន បើសិនគាត់មកព្រះវិហាររបស់ខ្ញុំ?» ពួកគេគិតអំពីតង្វាយមួយភាគដប់ ដែលគាត់នឹងថ្វាយ។ នេះគឺដូចជាការថ្វាយបង្គំកូនគោលមាសអញ្ចឹង។ ហើយគ្រូគង្វាលដែលប្រើនាមក្លែង បង្រៀនមនុស្សឲ្យអធិស្ឋានថា «ឱព្រះអម្ចាស់អើយ! សូមជួយឲ្យទូលបង្គំបានជោគជ័យ ហើយសូមជួយឲ្យទូលបង្គំរកប្រាក់បានច្រើន»។
ពួកគេ និយាយថា «បើសិនអ្នកជឿព្រះយេស៊ូវ អ្នកនឹងរកប្រាក់បានយ៉ាងច្រើន អ្នកនឹងមានកូន ទោះបីជាអ្នកមិនអាចមានកូនក៏ដោយ ហើយអ្នកនឹងជោគជ័យនៅក្នុងជំនួញរបស់អ្នក»។
មានមនុស្សយ៉ាងច្រើន បានចាញ់បោកគ្រូគង្វាលដែលប្រើនាមក្លែងទាំងនេះ ហើយពួកគេបាត់បង់ប្រាក់របស់ខ្លួន និងទៅស្ថាននរកសម្រាប់បញ្ហារបស់ខ្លួន។ នេះពិតជាមិនយុត្តិធម៌ទេ! បើសិនមនុស្សម្នាក់បានដឹងខ្លួន គាត់នឹងភ្ញាក់ផ្អើលចំពោះចំនួនប្រាក់ដែលគាត់បានបរិច្ចាគដល់អ្នកដែលបោកខ្លួន។ គាត់នឹងបន្ទោសខ្លួនឯង សម្រាប់សេចក្តីចំកួតរបស់ខ្លួន ដែលដើរតាម និងធ្វើការយ៉ាងខ្លាំងសម្រាប់ពួកគេ។
បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកអនុវត្តយ៉ាងឧស្សាហ៍នូវអ្វីដែលពួកគេហៅថា សាសនាស្របច្បាប់។ ហើយអ្នកដើរតាមរបស់ពួកគេ ប្រគល់ខ្លួនទៅចំពោះការអធិស្ឋានពេលមាន់រងាវ​ ការអធិស្ឋាននៅភ្នំ វិភាគទានពិសេស តង្វាយមួយភាគដប់ និងតង្វាយប្រចាំសប្តាហ៍។ ហើយពួកគេមានហេតុផលជាច្រើនក្នុងការយកប្រាក់ពីអ្នកដើរតាមរបស់ខ្លួន។
អ្នកដើរតាមរបស់ពួកគេ ធ្វើការយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ពីព្រោះមិនមានអ្នកណាម្នាក់បង្រៀនពួកគេអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ អ្នកខ្លះសួរពួកគេអំពីដំណឹងល្អនេះ ប៉ុន្តែពួកគេមិនដែលផ្តល់ចម្លើយត្រង់ៗ ឡើយ។ ដូច្នេះ អ្នកដែលមិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង និងអ្នកដើរតាមរបស់ពួកគេ ដែលគួរឲ្យអាណិត
 
តើអ្នកណាដែលគួរឲ្យអាណិតជាងគេ នៅក្នុងលោកិយនេះ?
អ្នកដែលបម្រើដោយមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ
 
«ឱបុគ្គលដែលមានជំនឿខុសឆ្គង ដែលគួរឲ្យអាណិតអើយ! អ្នកគួរតែដោះស្រាយបញ្ហានៃសេចក្តីប្រោសលោះរបស់អ្នកជាមុនសិន!» សញ្ញាច្បាស់លាស់នៃជំនឿខុសឆ្គង គឺត្រូវថ្វាយបង្គំកូនគោមាសរបស់ស្តេចយេរ៉ូបោម។ កិច្ចការទីមួយ ដែលបុគ្គលដែលមានជំនឿខុសឆ្គងបានធ្វើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺសាងសង់ព្រះវិហារមួយ ដាក់កូនគោមាស (១ពង្សាវតារក្សត្រ ១២:២៥-៣៣)។
នៅសព្វថ្ងៃនេះ ពួកគេសាងសង់ព្រះវិហារធំៗ ហើយបោកយកប្រាក់ពីអ្នកដើរតាមខ្លួន។ ពួកគេប្រាប់ឲ្យអ្នកដើរតាមខ្លួនខ្ចីប្រាក់ពីធនាគារ ដើម្បីបរិច្ចាគសម្រាប់ការសាងសង់ព្រះវិហារធំៗ។ ពួកគេបញ្ចុះបញ្ចូលក្រុមជំនុំ ហើយហុចចានតង្វាយទៅកាន់ពួកគេ។ បន្ទាប់មក ចានតង្វាយបានពេញដោយប្រាក់ ចិញ្ចៀន និងនាឡិកាមាស។ នេះគឺជារបៀបដែលពួកគេធ្វើការ ហើយដូចគ្នានៅក្នុងពួកជំនុំដែលមានជំនឿខុសឆ្គងទាំងអស់ផងដែរ។
ពីខាងក្រៅ ពួកគេហាក់ដូចជាចាប់អារម្មណ៍លើកិច្ចការខាងវិញ្ញាណណាស់ ប៉ុន្តែតាមការពិត ពួកគេចាប់អារម្មណ៍លើតែប្រាក់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំសូមទូន្មានដល់អ្នកឲ្យនៅឲ្យឆ្ងាយពីពួកជំនុំ ដែលគិតតែអំពីប្រាក់។ សូមកុំទៅពួកជំនុំ ដែលរាក់ទាក់យ៉ាងកក់ក្តៅដល់តែអ្នកមានប៉ុណ្ណោះ។ វាគឺជាការខុស ដែលប្រកាសចំនួនប្រាក់តង្វាយរបស់សមាជិកម្នាក់ៗ ដោយព្រោះពួកគេធ្វើដូច្នេះ ដោយសង្ឃឹមថា នឹងទាក់ទាញប្រាក់ច្រើនបន្ថែមទៀត។
បុគ្គលដែលមានជំនឿខុសឆ្គង និយាយពាក្យលួងលោមទៅកាន់អ្នកដើរតាមខ្លួន។
«បើសិនអ្នកជឿព្រះយេស៊ូវ អ្នកនឹងទទួលបានព្រះពរ។»
«ថ្វាយខ្លួនរបស់អ្នកទៅចំពោះការងារបស់ព្រះ។ អ្នកធ្វើការងារកាន់តែច្រើន អ្នកនឹងទទួលបានព្រះពរកាន់តែច្រើន។»
«បើសិនអ្នកបម្រើជាចាស់ទុំម្នាក់ អ្នកនឹងទទួលបានព្រះពរជាទ្រព្យសម្បត្តិ។»
ជាលទ្ធផល អ្នកដើរតាមរបស់ពួកគេប្រជែងគ្នាធ្វើជាចាស់ទុំ។ បើសិនមិនមានការទូទាត់សងណាមួយទេ តើអ្នកនឹងចង់បម្រើជាចាស់ទុំម្នាក់ដែរឬទេ? ហើយចាស់ទុំក៏ត្រូវបានពួកគេរំពឹងឲ្យបង់វិភាគទានផងដែរ។
តើពួកគេត្រូវបានជ្រើសរើស ដោយផ្អែកលើជំនឿជ្រាលជ្រៅលើគោលលទ្ធិរបស់និកាយ ភាពមានមុខមានមាត់នៅក្នុងសង្គម និងចំនួនប្រាក់ដែលពួកគេអាចបរិច្ចាគដល់ពួកជំនុំឬ? ពិតហើយ។
បុគ្គលដែលមានជំនឿខុសឆ្គង ខ្វល់តែពីប្រាក់ប៉ុណ្ណោះ។ ពួកគេចាប់អារម្មណ៍លើការសាងសង់ព្រះវិហារធំៗ ប៉ុន្តែមិនខ្វល់ថា អ្នកដើរតាមខ្លួនទៅស្ថាននរកឡើយ ឲ្យតែពួកគេថ្វាយប្រាក់ច្រើន។
បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកដែលធ្វើការសម្រាប់តែអាហារ។ ពួកគេដាក់អន្ទាក់ ដោយការផ្តល់តំណែងល្អៗ។ ពួកគេ ផ្តល់តំណែងដល់អ្នកដើរតាមរបស់ខ្លួនដោយព្រាវៗ (អេសេគាល ១៣:១៧-១៩)។ នេះគឺជាគោលបំណងដើម្បីចងពួកគេឲ្យជាប់នឹងពួកជំនុំ ហើយបង្កើនទ្រព្យសម្បត្តិ។ បុគ្គលដែលមានជំនឿខុសឆ្គង មិនអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ប៉ុន្តែពួកគេគ្រាន់តែខិតខំឲ្យខ្លួនមានទ្រព្យសម្បត្តិកាន់តែច្រើនវិញ។
សូម្បីតែអ្នកដែលទើបតែបានចូលរួមក្នុងពួកជំនុំបានរយៈពេលតែពីរបីខែ ក៏អាចក្លាយជាគ្រូជំនួយបានដែរ។ លើសពីនេះ បើសិនគាត់ស្គាល់គោលលទ្ធិច្បាស់លាស់ និងមានប្រវត្តិហិរញ្ញវត្ថុប្រសើរទៀត ពួកគេនឹងលើកគាត់ឡើងធ្វើជាចាស់ទុំភ្លាម។ ទាំងនេះគឺជាប្រពៃណីបាបដ៏គួរឲ្យខ្មាស់របស់ស្តេចយេរ៉ូបោម ដែលបានយកកូនគោមាសមកជំនួសព្រះ។
បុគ្គលដែលមានជំនឿខុសឆ្គង ថ្វាយបង្គំកូនគោមាស។ ពួកគេមិនជួយឲ្យមនុស្សរបស់ពួកគេបានកើតជាថ្មីទេ ប៉ុន្តែពួកគេគ្រាន់តែយកប្រាក់ពីអ្នកដើរខ្លួន ដោយការលួងលោមពួកគេ ជាមួយការសន្យាអំពីព្រះពរខាងលោកិយនេះ។ ពួកគេក៏មិនខ្វល់ថា អ្នកដើរតាមខ្លួនត្រូវទៅស្ថាននរកទេ ឲ្យតែពួកជំនុំរបស់ពួកគេមានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុល្អប្រសើរ។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ខ្វះចិត្តជឿជាក់នៅក្នុងសេចក្តីអធិប្បាយរបស់ខ្លួន
 
បុគ្គលដែលមានជំនឿខុសឆ្គង ចូលចិត្តនិយាយថា «ប្រហែល» ឬ «អាចជា» ជារឿយៗ ពីព្រោះពួកគេខ្វះចិត្តជឿជាក់លើអ្វីដែលពួកគេកំពុងតែនិយាយ។ ពួកគេមិនមានជំនឿលើព្រះបន្ទូលព្រះ ហើយពួកគេពិតជាមិនជឿលើអ្វីដែលពួកគេអធិប្បាយឡើយ។ ប្រព័ន្ធជំនឿរបស់ពួកគេ មិនមាននៅក្នុងជំនឿលើព្រះបន្ទូលព្រះឡើយ។ ពួកគេនិយាយថា «យើងអាចនិយាយបានថា...»។ ពួកគេមិនដែលនិយាយឲ្យបានច្បាស់លាស់ និងមានចិត្តជឿជាក់ឡើយ។ បើសិនពួកគេមិនបង្រៀនអ្នកដើរតាមខ្លួនពីអ្វីទាំងអស់ វាប្រសើរជាង ដែលពួកគេបង្រៀនសេចក្តីភូតភរ។
បុគ្គលដែលមានជំនឿខុសឆ្គង មិនអាចដឹកនាំមនុស្សឲ្យបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណបានឡើយ ប៉ុន្តែពួកគេគ្រាន់តែកាត់ទោសមនុស្សកាន់តែច្រើនឲ្យទៅស្ថាននរកវិញប៉ុណ្ណោះ។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ដើរតួនាទីរបស់ហោរាខុសឆ្គង
 
តើអ្វីបង្កើតឲ្យមានការប្រមាថ ដល់ព្រះវិញ្ញាណ?
ជឿព្រះយេស៊ូវ តែរស់នៅជាមនុស្សមានបាបម្នាក់ ដែលមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់
 
ម៉ាថាយ ៧ ប្រាប់យើងអំពីអ្នកដែលជឿលើព្រះយេស៊ូវ ប៉ុន្តែនឹងបញ្ចប់នៅក្នុងស្ថាននរក។ នៅថ្ងៃចុងក្រោយ បុគ្គលដែលមានជំនឿខុសឆ្គង នឹងតវ៉ានៅចំពោះព្រះ។ ព្រះគម្ពីរសរសេរថា «នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ» (ម៉ាថាយ ៧:២២-២៣)។
ពួកគេ មិនជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សទេ គឺពួកគេមិនជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។
ពួកគេ អនុវត្តសេចក្តីទទឹងច្បាប់។ តើនេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ពួកគេប្រាប់មនុស្សឲ្យជឿព្រះយេស៊ូវ នៅពេលពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ អ្នកអាចឆ្ងល់ថា មានបញ្ហាអ្វីជាមួយការជឿបែបនេះ ប៉ុន្តែវាគឺជាអំពើបាបធ្ងន់ធ្ងរមួយនៅចំពោះព្រះ។
នៅពេលមនុស្សមានបាបម្នាក់អធិប្បាយទៅកាន់អ្នកដទៃ អំពីភាពចាំបាច់នៃការជឿលើព្រះយេស៊ូវ គាត់មិនអាចដឹកនាំពួកគេឲ្យបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណបានឡើយ ពីព្រោះគាត់ខ្លួនឯងក៏មិនបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណផង។ ដូច្នេះ បុគ្គលដែលមានជំនឿខុសឆ្គង បង្កើតតែមនុស្សមានបាបដែលជឿលើព្រះយេស៊ូវប៉ុណ្ណោះ។ ការប្រព្រឹត្តសេចក្តីទទឹងច្បាប់ គឺជាអំពើបាបមួយនៅចំពោះព្រះ។
បុគ្គលដែលមានជំនឿខុសឆ្គង មិនជឿតាមព្រះបន្ទូលព្រះ ហើយក៏មិនអធិប្បាយដំណឹងល្អដែលមានកត់ត្រាទុកនៅក្នុងព្រះគម្ពីរដែរ។ ហើយពួកគេគ្រាន់តែបោកយកប្រាក់ពីអ្នកដើរតាមខ្លួនប៉ុណ្ណោះ។ ពួកគេគឺជាមនុស្សមានបាប ទោះបីជាពួកគេជឿព្រះយេស៊ូវក៏ដោយចុះ។ ពួកគេព្យាយាមដឹកនាំអ្នកដទៃ ខណៈដែលពួកគេខ្លួនឯងមិនបានកើតជាថ្មីឡើយ។ ដូច្នេះ នេះគឺជារបៀបដែលពួកគេអនុវត្តសេចក្តីទទឹងច្បាប់។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ក្លែងតាមមនុស្សសុចរិត
 
តើយើងបែងចែករវាងអ្នកដែលបានកើតជាថ្មី និង អ្នកមិនបានកើតជាថ្មីយ៉ាងដូចម្តេច?
យើងអាចបែងចែកដោយល្បងលថា ពួកគេមានបាប ឬមិនមាន
 
កុំចាញ់បោកគ្រូអធិប្បាយក្លែងក្លាយទំាងនោះ ដែលជាមនុស្សមានបាបឲ្យសោះ ហើយកុំបរិច្ចាគប្រាក់របស់អ្នក ដែលពិបាករកបាន ដល់ពួកគេឲ្យសោះ។
ហេតុអ្វីអ្នកត្រូវបរិច្ចាគប្រាក់របស់អ្នកដល់គ្រូអធិប្បាយទាំងនោះ ដែលមិនអាចជួយដោះស្រាយអំពើបាបរបស់អ្នកបាន? បើសិនអ្នកចង់ថ្វាយប្រាក់របស់អ្នកនៅកាន់ពួកជំនុំមួយ យ៉ាងហោចណាស់ រង់ចាំរហូតដល់អំពើបាបរបស់អ្នកត្រូវបានដោះចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាមុនសិន។
មានការលំនាំតាមនៅក្នុងសិល្បៈ ហើយក៏មានការលំនាំតាមនៅក្នុងជីវិតផងដែរ។ ជាឧទាហរណ៍ សាសនាដែលលំនាំតាមគេ ដែលមិនអាចលាងសម្អាតអំពើបាបទាំងអស់នៅក្នុងចិត្តបាន។ តើអ្នកស្គាល់សាសនាដែលលំនាំតាមគេបានដោយរបៀបណា? ការលំនាំតាម គឺជាអ្វីមួយដែលមើលពីខាងក្រៅដូចជាពិត ប៉ុន្តែតាមការពិត វាខុសគ្នានឹងរបស់ពិត។
អ្នក ត្រូវតែសម្រេចចិត្តសម្រាប់ខ្លួនឯងថា តើអ្នកណាគឺជាគ្រូអធិប្បាយពិតប្រាកដ? តើអ្នកណាគឺជាបុគ្គលដែលមានជំនឿខុសឆ្គង? ហើយតើជំនឿតាមគោលលទ្ធិត្រឹមត្រូវគឺជាអ្វី? អ្នកមានគោលលទ្ធិត្រឹមត្រូវ ជឿលើព្រះយេស៊ូវ និងអំណាចប្រោសលោះរបស់ទ្រង់ ហើយមិនមានបាបនៅក្នុងចិត្តរបស់ពួកគេឡើយ។ ប៉ុន្តែបុគ្គលដែលមានជំនឿខុសឆ្គងមានបាបនៅក្នុងចិត្តរបស់ខ្លួនវិញ។
តើមនុស្សទាំងអស់សុទ្ធតែជាបុគ្គលដែលមានជំនឿខុសឆ្គងឬ? វាអាចដូច្នេះមែន។ ប៉ុន្តែចូរយើងត្រឡប់ទៅឯព្រះគម្ពីរវិញ។ អ្នកណាដែលជឿលើព្រះយេស៊ូវ ហើយមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ ដូច្នេះ អ្នកដែលមិនបានកើតជាថ្មី គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ បុគ្គលដែលមានជំនឿខុសឆ្គង គឺជាអ្នកដែលជឿព្រះយេស៊ូវហើយ តែនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។
បុគ្គលដែលមានជំនឿខុសឆ្គង ក្លែងតាមមនុស្សសុចរិត។ ពួកគេអាចដឹងថា ផ្លូវដែលអាចជួយឲ្យបានញែកជាបរិសុទ្ធ គឺការជឿលើព្រះយេស៊ូវ ប៉ុន្តែគួរឲ្យសោកស្តាយ ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ពួកគេជឿថា ខ្លួនរបស់ពួកគេនៅតែជាមនុស្សមានបាបដដែល។ ហើយពួកគេអះអាងថា ពួកគេនៅតែអាចទៅស្ថានសួគ៌បាន ហើយពួកគេថ្វាយបង្គំព្រះ។ វាមើលទៅដូចជាពួកគេសុចរិតខ្លាំងណាស់ ប៉ុន្តែចូរយើងកុំចាញ់បោកការក្លែងតាមរបស់ពួកគេឲ្យសោះ។
 
 
ការវិនិច្ឆ័យរបស់ព្រះរង់ចាំបុគ្គលដែលមានជំនឿខុសឆ្គង
 
ហេតុអ្វីបានជាដំណឹងល្អពិត ត្រូវបានកែប្រែ?
ពីព្រោះគ្រូគង្វាលក្លែងក្លាយ និងបុគ្គលដែលមានជំនឿខុសឆ្គង បានដាក់បញ្ចូលជំនឿខុសរបស់មនុស្ស ទៅក្នុងដំណឹងល្អពិត
 
«ហេតុ​នោះ​បាន​ជា​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា អា៎ អញ​នឹង​ដោះ​ពួក​ត​តាំង​នឹង​អញ​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ អញ​នឹង​សងសឹក​ចំពោះ​ពួក​ខ្មាំងសត្រូវ អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​នឹង​សំអាត​មន្ទិល​សៅហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង រួច​អញ​នឹង​តាំង​ពួក​ចៅក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា ទី​ក្រុង​មាន​សេចក្តី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះត្រង់វិញ ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយសារ​សេចក្តី​យុត្តិធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយសារ​សេចក្តី​សុចរិត តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះបង់​ចោល​ព្រះយេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ ដ្បិត​គេ​នឹង​មាន​សេចក្តី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ដែល​ឯង​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីករាយ​ចិត្ត ហើយ​ឯង​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួនច្បារ​ដែល​ឯង​រាល់​គ្នា​បាន​រើស​យក​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួនច្បារ​ឥត​មាន​ទឹក នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ» (អេសាយ ១:២៤-៣១)។
ព្រះ ប្រាប់យើងថា បើសិនយើងជឿលើមនុស្សជាតិ យើងនឹងត្រូវខ្មាស់ដោយព្រោះមនុស្សជាតិ។ ហើយទ្រង់ប្រាប់យើងថា យើងនឹងត្រូវខ្មាស់ដោយព្រោះពួកជំនុំ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយសេចក្តីខ្មាស់នេះនឹងដូចជាដើមឈើដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារដែលមិនមានទឹក។
ទ្រង់ ប្រាប់យើងថា គ្រូគង្វាលក្លែងក្លាយ និងអ្នកដើរតាមរបស់ពួកគេ ដែលជឿលើច្បាប់របស់មនុស្សជាតិ ជាជាងព្រះបន្ទូលព្រះ នឹងក្លាយជាអាចម៍បន្ទោះ ហើយការងាររបស់ពួកគេក្លាយជាផ្កា ភ្លើង។ ហើយទាំងពីរនឹងត្រូវឆេះនៅក្នុងស្ថាននរក។ គ្រូអធិប្បាយក្លែងក្លាយ និងបុគ្គលដែលមានជំនឿខុសឆ្គងដែលមិនបានសង្រ្គោះ និងមនុស្សមានបាប និងសត្រូវរបស់មនុស្សសុចរិត នឹងទទួលរងការវិនិច្ឆ័យ ដោយអណ្តាតភ្លើងរបស់ព្រះ។
ពួកជំនុំដែលត្រូវបានបង្កើតឡើង ដោយទេវសាស្ត្រតែមួយមុខ អាចមើលទៅគួរឲ្យសរសើរពីខាងក្រៅ ប៉ុន្តែពីខាងក្នុងវិញ ពួកគេនៅទទេសុទ្ធ។ ពួកជំនុំណាដែលមិនត្រូវបានសាងសង់ឡើងនៅលើជំនឿលើព្រះបន្ទូលព្រះ និងដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ គឺដូចជាសួនច្បារដែលមិនមានទឹក។
វាអាចជាដើមឈើមួយដើម ប៉ុន្តែវាគឺជាដើមឈើដែលងាប់​ ហើយមិនអាចបង្កើតផលផ្លែបាន។ នៅពេលអណ្តូងមួយមិនមានទឹក វាមិនមែនជាអណ្តូងទៀតទេ។
«នោះ​ពួក​មនុស្ស​មាន​កំឡាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។» អ្នកដែលមិនមានព្រះវិញ្ញាណ អាចមើលទៅដូចជាខ្លាំងសម្រាប់អ្នកដទៃ ប៉ុន្តែសម្រាប់ព្រះវិញ ពួកគេគ្រាន់តែជាអាចម៍បន្ទោះសម្រាប់ភ្លើងស្ថាននរកប៉ុណ្ណោះ។
ព្រះអម្ចាស់ សួរថា «អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ?» (អេសាយ ២១:១១)។ មនុស្សសុចរិតដែលមានជីវិតអស់កល្បជានិច្ច គួរតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅពេលយប់ងងឹត។
ព្រះ គឺជាពន្លឺ ហើយសាតាំងគឺជាភាពងងឹត។ ព្រះដឹកនាំមនុស្សទៅឯសេចក្តីសុចរិត ហើយសាតាំងដឹកនាំមនុស្សទៅឯព្រះវិហារក្លែងក្លាយនៃភាពវឹកវរ និងទេវសាស្ត្រខុសឆ្គង។
នៅសម័យហោរាអេសាយ ជំនឿរបស់មនុស្សមានភាពវឹកវរ ដូចជាសព្វថ្ងៃនេះដែរ។ ពួកគេបានដាក់បញ្ចូលគ្នានូវព្រះបន្ទូលព្រះ និងច្បាប់របស់មនុស្ស។ ពួកគេបានដឹកនាំប្រជាជនអ៊ីស្រាអែលឲ្យវង្វេង ជាមួយនឹងច្បាប់ដ៏វឹកវររបស់មនុស្ស រហូតដល់ព្រះបានសម្រេចព្រះទ័យបោះបង់ពួកគេទាំងអស់គ្នាចោល។
«ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង រួច​អញ​នឹង​តាំង​ពួក​ចៅក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ។» តង្វាយដែលព្រះនឹងមិនទទួលយក គឺដូចជាគ្រឿងលាយ ដែលជាការដាក់បញ្ចូលគ្នានូវសេចក្តីពិតរបស់ព្រះ និងទឹ្រស្តីរបស់មនុស្ស។
ព្រះ មិនដែលទទួលយកតង្វាយដែលលាយគ្នាឡើយ។ វាអាចមើលទៅដូចជាសុទ្ធនៅចំពោះភ្នែកមនុស្ស ប៉ុន្តែបើសិនវាត្រូវបានលាយជាមួយជំនឿខុសឆ្គងរបស់មនុស្ស គឺវាលាយជាមួយភាពមិនសុទ្ធ ហើយព្រះមិនអាចទទួលយកវាបានឡើយ។
ព្រះ ស្តីបន្ទោសអ៊ីស្រាអែល ជាពិសេសបុគ្គលដែលមានជំនឿខុសឆ្គង គ្រូអធិប្បាយដែលប្រើនាមក្លែង និងមនុស្សមានបាប។
បើសិនយើងអានកណ្ឌនិក្ខមនំ ឬជនគណនា យើងអាចមើលឃើញថា ព្រះមិនបានស្តីបន្ទោសពួកគេពីដំបូងទេ។ ព្រះបានជួយប្រជាជនអ៊ីស្រាអែល ហើយបានព្រះពរដល់ពួកគេ។ ប៉ុន្តែបន្ទាប់ពីមរណៈភាពរបស់យ៉ូស្វេ ចាប់ពីកណ្ឌចៅហ្វាយមក ពួកអ៊ីស្រាអែលត្រូវបានគេឈ្លានពាន។
ទោះបីជាយ៉ាងណា ពួកគេបានជ្រើសរើសដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយព្រះបានបញ្ជូនហោរាយេរេមាឲ្យប្រាប់ពួក អ៊ីស្រាអែលឲ្យចុះចូលចំពោះបាប៊ីឡូន។
ដូច្នេះ ហោរាយេរេមាបានប្រាប់អ៊ីស្រាអែលឲ្យចុះចូលចំពោះ បាប៊ីឡូន។ នេះគឺមានអត្ថន័យខាងវិញ្ញាណ ដែលបង្ហាញពីសេចក្តីពិតថា មនុស្សសុចរិតប្រាប់អ្នកដែលដើរតាមបុគ្គលដែលមានជំនឿខុសឆ្គង ឲ្យចុះចូលចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
 
 
ព្រះស្តីបន្ទោសបុគ្គលដែលមានជំនឿខុសឆ្គង
 
ហេតុអ្វីព្រះស្តីបន្ទោស បុគ្គលដែលមានជំនឿខុសឆ្គង?
ពីព្រោះពួកគេបម្រើរូបព្រះ ជាជាងព្រះ
 
ហេតុអ្វីអ្នកបម្រើព្រះស្តីបន្ទោសប្រជាជនអ៊ីស្រាអែល?​ពីព្រោះពួកគេបានកែប្រែប្រព័ន្ធថ្វាយយញ្ញបូជា តែងតាំងមនុស្សធម្មតាធ្វើជាសង្ឃ និងផ្លាស់ប្តូរកាលបរិច្ឆេទនៃយញ្ញបូជា។
ពួកគេ បានផ្លាស់ប្តូរថ្ងៃធួននឹងបាប ពីថ្ងៃទីដប់ ខែប្រាំពីរ ទៅថ្ងៃទីដប់ប្រាំ ខែប្រាំបី ហើយតែងតាំងមនុស្សដែលមិនមែនជាកូនចៅរបស់លេវីធ្វើជាពួកសង្ឃ។ ដូច្នេះ ពួកគេបានបិទផ្លូវនៃការបានកើតជាថ្មី។
ព្រះ ស្តីបន្ទោសគ្រូអធិប្បាយក្លែងក្លាយ។ អ្នកដែលបានបម្រើកូនគោមាស ជាជាងព្រះ បានក្លាយជាពួកសង្ឃដែលមានជំនឿខុសឆ្គង។
តាមការពិត ព្រះមិនបានស្តីបន្ទោសពួកគេសម្រប់ការថ្វាយបង្គំរូបព្រះទេ។ តើពេលខ្លះ អ្នក និងខ្ញុំមិនថ្វាយបង្គំរូបព្រះទេឬ? ជាញឹកញាប់ យើងធ្វើបាប ប៉ុន្តែសេចក្តីរំលងទាំងអស់មិនត្រូវបានចាត់ទុកជាអំពើបាបយ៉ាងធ្ងន់ធ្ងរទេ ពីព្រោះយើងស្ថិតនៅក្នុងព្រះគុណព្រះ។ ប៉ុន្តែអំពើបាបនៃការយកកូនគោមាសមកជំនួសព្រះគឺជាអំពើបាបដែលមិនអាចអត់ទោសឲ្យបានឡើយ។ ហើយក៏ដូចគ្នាជាមួយនឹងការកែប្រែប្រព័ន្ធថ្វាយយញ្ញបូជា និងការតែងតាំងមនុស្សធម្មតាធ្វើជាសង្ឃផងដែរ។
ទំាងនេះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរណាស់! តើយើងអាចទទួលបានការអត់ទោសសម្រាប់ការប្តូរព្រះជាមួយនឹងកូនគោមាសបានយ៉ាងដូចម្តេច? ព្រះគម្ពីរសរសេរថា អំពើបាបរបស់ស្តេចយេរ៉ូបោមបានធ្វើសេចក្តីក្រោធរបស់ព្រះផ្ទុះឡើង។
ព្រះ បានបង្ហាញសេចក្តីក្រោធរបស់ទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយឥឡូវនេះ ទ្រង់ក៏បំផ្លាញមនុស្សមានបាបដែលប្រឆាំងនឹងទ្រង់ផងដែរ។ ព្រះបានប្រាប់ពួកអ៊ីស្រាអែលថា ទ្រង់នឹងដាក់ បណ្តាសាដល់អ្នកដែលមិនបែរចេញពីការថ្វាយបង្គំរូបគោមាស។
 
 
បុគ្គលដែលមានជំនឿខុសឆ្គង ថ្វាយយញ្ញបូជានៅខាងក្រៅច្បាប់
 
តើយើងត្រូវតែធ្វើអ្វី មុនពេលយើងអាចបម្រើព្រះបាន?
ឲ្យអំពើបាបទាំងអស់របស់យើង ត្រូវបានលាងសម្អាត
 
ស្តេច និងសង្ឃដែលមានជំនឿខុសឆ្គង បានប្រឆាំងនឹងព្រះ ហើយបានតែងតំាងអ្នកដែលមើលងាយប្រព័ន្ធថ្វាយយញ្ញបូជា ធ្វើជា​សង្ឃ។ ស្តេចយេរ៉ូបោមដែលមានគំនិតអាក្រក់ បានតែងតាំងអ្នកដែលមិនមែនជាកូនចៅរបស់លេវី ធ្វើជាសង្ឃ។
មានតែអ្នកដែលជាកូនចៅរបស់លេវីទេ ទើបអាចធ្វើជាសង្ឃ និងធ្វើការងារនៅក្នុងរោងឧបោសថបាន។ ច្បាស់លាស់ជាងនេះទៅទៀត ពួកសង្ឃត្រូវតែជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន ដែលជាច្បាប់ដ៏នៅអស់កល្បជានិច្ចរបស់ព្រះ។ ប៉ុន្តែស្តេចយេរ៉ូបោមបានតែងតាំងពួកអ្នកដែលមិនមានជាកូនចៅរបស់លេវី ធ្វើជាពួកសង្ឃ ហើយឲ្យពួកគេថ្វាយយញ្ញបូជាទៅចំពោះកូនគោមាស។ យើងគួរតែដឹងថា ទង្វើរនេះបាននាំមកនូវសេចក្តក្រោធរបស់ព្រះ។
សូម្បីតែនៅសព្វថ្ងៃនេះ អ្នកដែលមិនបានកើតជាថ្មី ក៏អាចក្លាយជាគ្រូគង្វាល ចាស់ទុំ និងគ្រូជំនួយនៅក្នុងពួកជំនុំដែរ។ ការនេះប្រឆាំងនឹងច្បាប់របស់ព្រះ ហើយបណ្តាលឲ្យមានសេចក្តីក្រោធរបស់ព្រះ។ តើព្រះសព្វព្រះទ័យចំពោះយញ្ញបូជាមិនស្របច្បាប់ដែរឬទេ? ដូច្នេះ បុគ្គលដែលមានជំនឿខុសឆ្គង ត្រូវតែបំផ្លាញកូនគោមាសរបស់ខ្លួន ហើយបែរមកឯព្រះ និងបានកើតជាថ្មីវិញ។
អេសាយ ១:១០-១៧ និយាយថា «ឱ​ពួក​គ្រប់គ្រង​លើ​ក្រុង​ សូដុំម​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យវិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យញ្ញបូជា​ដ៏​មាន​ច្រើន​ម៉្លេះ របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុតមាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្តី​យុត្តិធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ»។
បើសិនយើងអានបទគម្ពីរនេះ ដោយយកចិត្តទុកដក់ យើងអាចមើលឃើញថា​ពួកអ្នកដឹកនាំសាសនារបស់អ៊ីស្រាអែលមានជំនឿស៊ប់ខ្លាំងណាស់។ ប៉ុន្តែទោះបីជាពួកគេមានជំនឿស៊ប់បែបនេះក៏ដោយ ក៏ពួកគេត្រូវវិនាសដែរ ពីព្រោះពួកគេបានថ្វាយយញ្ញបូជាដែលខុស ហើយមិនបានធ្វើតាមច្បាប់របស់ព្រះ។
យើង អាចមើលឃើញថា ពួកគេមិនបានដើរតាមច្បាប់របស់ព្រះ នៅពេលពួកគេថ្វាយយញ្ញបូជា ហើយក៏មិនស្តាប់តាមព្រះបន្ទូលព្រះផងដែរ។ ពួកអ្នកដឹកនាំទាំងនេះ មានជំនឿស៊ប់យ៉ាងខ្លាំង រហូតដល់ពួកគេថ្វាយយញ្ញបូជាយ៉ាងច្រើនរាប់មិនអស់ទៅចំពោះព្រះ។ ហើយព្រះគម្ពីរនិយាយថា ឈាមបានហូរដូចជាទន្លេនៅក្នុងរោងឧបោសថ។
ទោះបីជាយ៉ាងណា នៅពេលព្រះទតមើលអ្វីដែលពួកគេបានធ្វើ ទ្រង់បានមានបន្ទូលថា វាដូចជាអំពើបាបរបស់កូម៉ូរ៉ាអញ្ចឹង។ ទ្រង់បានទតឃើញថា ពួកគេបានថ្វាយយញ្ញបូជាទៅចំពោះព្រះមែន ប៉ុន្តែតាមការពិត ពួកគេបានធ្វើបាបសោះ។ ហើយទ្រង់បានមានបន្ទូលថា បើសិនពួកគេមិនថ្វាយយញ្ញបូជា នោះប្រសើរជាង ពីព្រោះទ្រង់មិនចង់ទទួលយកយញ្ញបូជារបស់ពួកគេឡើយ។
នៅពេលពួកគេថ្វាយយញ្ញបូជាទៅចំពោះកូនគោមាស ព្រះមិនអាចអត់ទោសអំពើបាបរបស់ពួកគេបានឡើយ គឺទ្រង់មិនអាចទ្រាំទ្រនឹងអំពើបាបបែបនេះបានទៀតឡើយ។ ទ្រង់បានប្រាប់ពួកគេថា ពួកគេគួរតែថ្វាយយញ្ញបូជា តាមរបៀបដែលទ្រង់បានបង្គាប់មក។ បើសិនមិនដូច្នោះទេ ពួកគេមិនចាំបាច់ថ្វាយយញ្ញបូជាអ្វីទេ។
យញ្ញបូជារបស់ពួកគេ ត្រូវបានថ្វាយទៅចំពោះព្រះ តាមរបៀបខុស ហើយជាលទ្ធផល ពួកសង្ឃបានធ្វើបាបប្រឆាំងនឹងព្រះ។ អ្នកគួរតែដឹងថា ការបម្រើព្រះ និងការធ្វើការងាររបស់ទ្រង់ ដោយមិនបានលាងសម្អាតអំពើបាបរបស់ខ្លួន គឺជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុតនៅចំពោះទ្រង់។​
 
 
បុគ្គលដែលមានជំនឿខុសឆ្គង គឺដូចជាគ្រូបង្រៀន
 
តើបុគ្គលដែលមានជំនឿខុសឆ្គង បង្រៀនពីអ្វី?
ពួកគេបង្រៀនពីសីលធម៌ មិនមែនរបៀបបានកើតជាថ្មីទេ
 
បុគ្គលដែលមានជំនឿខុសឆ្គង មើលពីខាងក្រៅដូចជាបរិសុទ្ធ ហើយនៅពេលពួកគេនៅអាសនា ពួកគេមើលទៅដូចជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមនុស្សជាច្រើនបានចាញ់បោករូបរាងពីក្រៅរបស់ពួកគេ។ ពួកគេនិយាយយ៉ាងសមហេតុសមផល ហើយពួកគេតែងតែធ្វើការសន្និដ្ឋានសេចក្តីអធិប្បាយរបស់ខ្លួន ដោយការដាស់តឿនឲ្យមនុស្សធ្វើល្អ។ តើនេះគឺជាសេចក្តីអធិប្បាយប្រភេទអ្វី? តើអ្វីជាភាពខុសគ្នារវាងសេចក្តីអធិប្បាយរបស់ពួកគេ និងមេរៀនរបស់គ្រូបង្រៀន?
ពួកជំនុំរបស់ព្រះ គឺជាកន្លែងដែលអ្នកដែលបានកើតជាថ្មី មកជួបជុំគ្នា ដើម្បីថ្វាយបង្គំព្រះ។ មានតែពួកជំនុំប្រភេទនេះទេ ទើបជាពួកជំនុំពិតប្រាកដ ពីព្រោះមិនព្យាយាមបង្រៀនអំពីរបៀបប្រព្រឹត្តល្អនៅចំពោះព្រះទេ ប៉ុន្តែគ្រូអធិប្បាយអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ មិនថាអ្នកខ្សោយយ៉ាងណាទេ ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នករួចរាល់ហើយ។
គ្រូអធិប្បាយដែលមានជំនឿខុសឆ្គង ប្រាប់អ្នកដើរតាមខ្លួនថា «ចូរធ្វើនេះ និងធ្វើនោះ» ដោយដាក់បន្ទុកធ្ងន់លើពួកគេ ប៉ុន្តែពួកគេមិនព្រមទាំងកម្រើកជួយដោះបន្ទុករបស់អ្នកដើរតាមខ្លួនផង។
គ្រូអធិប្បាយដែលមានជំនឿខុសឆ្គង ទិញវីយូឡុងដែលមានតម្លៃថ្លៃម្រាប់កូនរបស់ខ្លួន ហើយបញ្ជូនកូនរបស់ខ្លួនទៅរៀននៅឯបរទេស។ តើគាត់អាចចំណាយលើការទាំងនេះបានយ៉ាងដូចម្តេច? ហើយតើគាត់មានប្រាក់ពីណាធ្វើដូច្នេះ? បើសិនគាត់មិនប្រាក់ធ្វើដូច្នេះមែន តើគាត់មិនគួរតែចំណាយប្រាក់នោះសម្រាប់ការអធិប្បាយដំណឹងល្អឬ? ហើយតើគ្រូអធិប្បាយត្រូវតែមានឡានដែលមានតម្លៃថ្លៃ ដើម្បីមើលទៅថ្លៃថ្នូរឬ? គ្រូអធិប្បាយដែលមានឡានដែលមានតម្លៃថ្លៃ គឺជាចោរម្នាក់។ នៅពេលអ្នកដើរតាមខ្លួន មិនអាចទាំងទិញឡានដែលបានប៉ះទង្គិចគ្នាហើយផង តើវាសមឲ្យគាត់មានឡានស៊េរីទំនើបដែរឬទេ? យើងអាចស្គាល់គ្រូអធិប្បាយដែលមានជំនឿខុសឆ្គងបាន ដោយការពិនិត្យទៅលើការប្រព្រឹត្តរបស់ពួកគេ។
គ្រូអធិប្បាយដែលមានជំនឿខុសឆ្គង ចង់បានប្រាក់ខែខ្ពស់។ ពួកជំនុំខ្លះ ផ្តល់ប្រាក់ខែ១០០០០ដុល្លារដល់គ្រូអធិប្បាយរបស់ ខ្លួន។ នេះគឺគ្រាន់តែប្រាក់ខែជាផ្លូវការប៉ុណ្ណោះ។ ពួកគេផ្គត់ផ្គង់ប្រាក់ឧបត្ថមសម្រាប់ការសិក្សា សម្រាប់សៀវភៅ ស្រាប់កូនៗ និងសម្រាប់ការសួរសុខទុក្ខ...។ល។
ហើយនៅតែមានគ្រូអធិប្បាយមួយចំនួន ត្អូញត្អែរថា ពួកគេទទួលបានប្រាក់មិនគ្រប់គ្រាន់។ ពួកគេទទួលបាន១០០០០ដុល្លារក្នុងមួយខែ ហើយចង់បានប្រាក់បន្ថែមទៀត។ តើ១០០០០ដុល្លារជាប្រាក់ខែទាបឬ? គ្រូអធិប្បាយ អាចស្កប់ចិត្តចំពោះការទទួលបានគ្រប់គ្រាន់ ពេលគាត់អធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
គ្រូអធិប្បាយពិតប្រាកដ ទទួលយកការលើកទឹកចិត្ត និង សន្តិភាពពីព្រះ ប៉ុន្តែគ្រូអធិប្បាយដែលមានជំនឿខុសឆ្គងដែលមិនមានសន្តិភាព ទាមទារប្រាក់ឈ្នួលវិញ។ តាមការពិត គ្រូអធិប្បាយបែបនេះកំពុងតែថ្វាយបង្គំកូនគោមាសហើយ។
ពេលខ្លះ ពួកជំនុំរបស់ព្រះ ត្រូវបានហៅថា ស៊ីយ៉ូន។ មិនមានពួកជំនុំណាស្អាតដូចជាស៊ីយ៉ូនឡើយ។ ពួកជំនុំរបស់ព្រះ គឺជាកន្លែងដែលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានអធិប្បាយ។
អេសាយ ១:២១ និយាយថា «ទី​ក្រុង​ស្មោះត្រង់​បាន​ក្បត់​ជា​ សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្តី​យុត្តិធម៌ ហើយ​មាន​សេចក្តី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ»។
ព្រះ គឺសុចរិត និងយុត្តិធម៌។ ដោយសារយើងមិនពេញលេញ ហើយដោយសារយើងគឺជាពូជរបស់អ័ដាម ដែលបានកើតមកក្នុងបាប ព្រះយេស៊ូវបានយាងមកលោកិយនេះ ដើម្បីលាងសម្អាតអំពើបាបរបស់យើង ដោយទឹក និងព្រះវិញ្ញាណ។​ នេះបានបង្ហាញពីយុត្តិធម៌របស់ព្រះហើយ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលមនុស្សបានដឹងថា ពួកគេមិនពេញលេញ ពួកគេមកឯព្រះ ហើយថ្វាយយញ្ញបូជា។ «ទូលបង្គំបានធ្វើខុសបែបនេះ និងបែបនោះ ហើយវាគឺជាកំហុសរបស់ទូលបង្គំ»។ បន្ទាប់មក ពួកគេបានទទួលការអត់ទោសអំពើបាបប្រចាំថ្ងៃរបស់ខ្លួន ហើយក៏អាចទទួលបានការអត់ទោសអំពើបាបប្រចាំឆ្នាំនៅថ្ងៃធួននឹងបាបបានផងដែរ។
ស្រដៀងគ្នាដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយទទួលបុណ្យជ្រមុជ និងសុគត ដើម្បីលាងសម្អាតអំពើបាបរបស់មនុស្សជាតិចេញ តែម្តងជាសម្រេច។
ប៉ុន្តែនៅពេលថ្វាយបង្គំនៅឆ្នាំថ្មី មនុស្សជាច្រើនយំ ហើយលន់តួថា «ឱព្រះជាម្ចាស់អើយ! សូមអត់ទោសដល់ទូលបង្គំសម្រាប់អំពើបាប ដែលទូលបង្គំបានប្រព្រឹត្តកាលពីឆ្នាំទៅ។ ហើយសូមប្រទានពរដល់ទូលបង្គំនៅក្នុងឆ្នាំថ្មីផង»។ មនុស្សទាំងនេះ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។
ដូច្នេះ តើអ្វីគឺជាសេចក្តីពិតនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ? ព្រះយេស៊ូវ បានយាងមកលោកិយនេះ កាលពីជាង២០០០ឆ្នាំមុន ហើយបានលាងសម្អាតអំពើបាបរបស់មនុស្សជាតិចេញ តែម្តងជាសម្រេច ហើយបានសង្រ្គោះយើងចេញពីអំពើបាបជារៀងរហូត។ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ ដោយទឹក​ និងព្រះលោហិត។ ប៉ុន្តែបើសិនយើងទូលសូមការអត់ទោសអំពើបាបជារៀងរាល់ថ្ងៃ តើទ្រង់នឹងមានបន្ទូលយ៉ាងដូចម្តេច?
«ទី​ក្រុង​ស្មោះត្រង់​បាន​ក្បត់​ជា​ សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្តី​យុត្តិធម៌ ហើយ​មាន​សេចក្តី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់ ​សំឡាប់​វិញ។» អ្នកណាដែលចាត់ទុកខ្លួនឯងជាមនុស្សមានបាប គឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។
 
 
គ្រូគង្វាលដែលមានជំនឿខុសឆ្គង មិនអាចអធិប្បាយដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ
 
តើព្រះស្តាប់ការអធិស្ឋាន របស់មនុស្សមានបាបទេ?
ទេ។ ទ្រង់មិនអាចស្តាប់ពួកគេទេ ពីព្រោះអំពើបាបរបស់ពួកគេ បំបែកពួកគេចេញពីព្រះ
 
ព្រះរបស់យើង ចាត់ទុកអ្នកដែលជឿទ្រង់ ហើយទូលសុំការអត់ទោសអំពើបាបពីទ្រង ជាឃាតករ។ ដោយសារពួកគេទូលសុំការអត់ទោស ហើយក៏និយាយផងដែរថា ពួកគេគឺជាមនុស្សមានបាប តើពួកគេរំពឹងចង់ឲ្យព្រះយេស៊ូវយាងត្រឡប់មកវិញ និងសុគតសម្រាប់អំពើបាបរ​បស់ពួកគេជាលើកទីពីរឬ? បុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ គឺជាការពិតនៃសេចក្តីសង្រ្គោះហើយ។
១ពេត្រុស ២:២១ និយាយថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូពីសេចក្តីសង្រ្គោះរបស់យើង។ ព្រះយេស៊ូវ បានសុគតតែម្តង ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាប។ ទ្រង់បានលាងសម្អាតអំពើបាបរបស់មនុស្សជាតិ តែម្តងជាសម្រេច ហើយបានមានព្រះជន្មរស់ឡើងវិញ នៅបីថ្ងៃបន្ទាប់មក។ ឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះហស្តរបស់ព្រះជាម្ចាស់។
ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជតែម្តង ហើយបានសុគតតែម្តង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបជារៀងរហូត។ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា។ ទ្រង់បានសុគតតែម្តង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ តើនេះមិនមានន័យថា ការវិនិច្ឆ័យត្រូវបានផ្តល់មកសម្រាប់គ្រប់ពេលវេលាទេឬ?
បើសិនបុគ្គលដែលមានជំនឿខុសឆ្គង និយាយថា​ ពួកគេនៅតែជាមនុស្សមានបាប ពួកគេកំពុងតែសុំទ្រង់ឲ្យយាងចុះមកជាលើកទីពីរ ដើម្បីជាប់ឈើឆ្កាងម្តងទៀតហើយ។ បើសិនដូច្នេះមែន នោះទ្រង់នឹងត្រូវតែបន្តធ្វើដូច្នេះ គ្រប់ពេលដែលពួកគេទូលសុំការអត់ទោសហើយ។
អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្ត បានសង្រ្គោះចេញពីអំពើបាបជារៀងរហូត បានរាប់ជាសុចរិត ទៅស្ថានសួគ៌ ទទួលព្រះពររបស់ព្រះ និងជីវិតអស់កល្បជានិច្ច។ អ្នកណាដែលមានសេចក្តីសុចរិត អាចបានសង្រ្គោះ តាមរយៈទឹក និងព្រះវិញ្ញាណ ហើយក្លាយជារាស្ត្រមានពររបស់ព្រះ។ ហើយអ្នកណាដែលទូលសូមសេចក្តីសង្រ្គោះដ៏សុចរិតនៅចំពោះព្រះ នឹងទទួលបានព្រះពរ។
ចូរយើងអាន អេសាយ ១:១៨-២០។ «ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ បើសិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់​នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះបោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះឱស្ឋ​នៃ​ព្រះយេហូវ៉ា បាន​មាន​ព្រះបន្ទូល​ស្រេច​ហើយ។»
ព្រះ កំពុងតែប្រាប់យើងថា បើសិនយើងស្តាប់តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងនឹងបរិភោគផលល្អពីស្រុក ប៉ុន្តែបើសិនយើងបដិសេធ និងប្រឆាំង យើងនឹងត្រូវបានលេបត្របាក់ដោយមុខដាវហើយ។
ព្រះរបស់យើង បានមានបន្ទូលថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា។ ចូរយើងនិយាយគ្នា។ តើឯងមិនពេញលេញឬ? តើឯងមិនសុចរិតឫ? តើឯងស្រឡាញ់ខ្លួនឯងខ្លាំងពេកឫ? តើឯងមិនអាចរស់នៅតាមក្រិត្យវិន័យបានឬ? តើឯងមិនអាចធ្វើតាមច្បាប់ឬ? តើឯងដឹង ប៉ុន្តែមិនអាចអនុវត្តបានឬ? អញ្ចឹង មកឯយើង។ ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ»។ នេះមានន័យថា ព្រះបានសង្រ្គោះមនុស្សមានបាប ហើយរាប់ពួកគេជាសុចរិត ដោយយុត្តិធម៌របស់ទ្រង់។
នៅពេលព្រះបានបង្កើតអ័ដាម និងអេវ៉ា មិនមានបាបទេ។ ប៉ុន្តែភ្លាមនោះ ស្រាប់តែសាតាំងបានបង្ហាញខ្លួន ហើយបានល្បួងពួកគេឲ្យមិនស្តាប់បង្គាប់ព្រះ ហើយបានធ្វើឲ្យមនុស្សជាតិក្លាយជាមនុស្សមានបាប ដោយការធ្វើឲ្យពួកគេធ្វើបាប។ សាតាំងបានធ្វើមនុស្សជាតិធ្លាក់ចុះ។ ពីដំបូង ពួកគេបានរស់នៅជាមួយព្រះ នៅក្នុងសួនច្បារអេដែន ប៉ុន្តែក្រោយមក ពួកគេបានក្លាយជាមនុស្សមានបាប។ ដូច្នេះឥឡូវនេះ ព្រះកំពុងតែហៅយើងថា «មកចុះ យើងនឹងពិភាក្សាជាមួយគ្នា គឺយើងនឹងពិភាក្សាជាមួយគ្នា!»។
«តើឯងបានប្រព្រឹត្តអំពើបាបច្រើនប៉ុណ្ណានៅក្នុងលោកិយនេះ? ហើយតើឯងនឹងប្រព្រឹត្តអំពើបាបច្រើនប៉ុណ្ណានៅមុនឯងស្លាប់?
«ឱព្រះអង្គអើយ! ទូលបង្គំមិនអាចបញ្ឈប់ការធ្វើបាបបាន ឡើយ។ មិនថាទូលបង្គំព្យាយាមយ៉ាងណាទេ ទូលបង្គំ​មិនអាចបានញែកជាបរិសុទ្ធបានឡើយ។»
«អញ្ចឹង តើឯងបានប្រព្រឹត្តអំពើបាបច្រើនប៉ុណ្ណាហើយ រហូតមកដល់ពេលនេះ?»
«ឱព្រះអង្គអើយ! ទូលបង្គំមិនអាចចងចាំបានទេ ប៉ុន្តែមានអំពើបាបពីរបីដែលទូលបង្គំនៅចងចាំ។ ទ្រង់នៅចងចំាពេលនោះ? ទ្រង់ដឹងថា ទូលបង្គំកំពុងតែនិយាយពីអ្វីហើយ...ហើយមានពេលមួយទៀត ទ្រង់ដឹង...។»
ដូច្នេះ ព្រះមានបន្ទូលថា «ដូច្នេះ ចូរបន្តប្រាប់យើងមក។ តើឯងគិតថា អំពើបាបប៉ុណ្ណឹងទាំងអស់ហើយ? តើឯងដឹងពីអំពើបាប ផ្សេងៗទៀតដែរទេ? ទោះបីជាយ៉ាងណា យើងបានលាងសម្អាតចេញជារៀងរហូតនូវអំពើបាបទាំងអស់ដែលឯងចងចំា និងអំពើបាបទាំងអស់ដែលឯងបានភ្លេច ហើយសូម្បីតែអំពើបាបទាំងអស់ដែលឯងនឹងប្រព្រឹត្តនៅពេលអនាគតផង។ ប៉ុន្តែមិនគ្រាន់តែអំពើបាបរបស់ឯងទេ ប៉ុន្តែទាំងអំពើបាបរបស់កូនចៅរបស់ឯង និងកូនចៅរបស់ពួកគេ និងពូជពង្សទាំងអស់របស់ឯងផងដែរ។ យើងគឺជាព្រះដ៏សុចរិត។ យើងបានលាងសម្អាតអំពើបាបរបស់ឯង តែម្តងជាសម្រេច។
ព្រះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ចាប់ពីអំពើបាបរបស់អ័ដាម ដល់អំពើបាបរបស់មនុស្សចុងក្រោយបង្អស់នៅលើផែនដីនេះ គឺជាអាល់ហ្វា និងអូមេហ្គា គឺជាដើម និងជាចុង។
«ខ្ញុំគឺជាព្រះអង្គសង្រ្គោះ និងជាព្រះដ៏មានព្រះចេស្តា។»
«ខ្ញុំគឺជាព្រះយេហូវ៉ា ដ៏ជាព្រះពេញទៅដោយសេចក្តីមេត្តា ករុណា។»
«ខ្ញុំនឹងប្រទានសេចក្តីមេត្តាករុណាដល់អ្នកដែលសមនឹងទទួលបានសេចក្តីមេត្តាករុណា ហើយសេចក្តីអាណិតអាសូរដល់អ្នកដែលសមនឹងទទួលបានសេចក្តីអាណិតអាសូរ។»
បើសិនយើងស្មោះត្រង់ ហើយទូលសូមសេចក្តីមេត្តាករុណាពីទ្រង់ យើងអាចទទួលបានសេចក្តីអាណិតអាសូរពីទ្រង់បាន។ ព្រះវរបិតារបស់យើង ចង់ប្រទានពរដល់យើងទាំងអស់គ្នា ហើយចង់ឲ្យយើងទាំងអស់គ្នាបានរាប់ជាសុចរិត។ នៅក្នុងសេចក្តីស្រឡាញ់ និងសេចក្តអាណិតអាសូររបស់ទ្រង់ ទ្រង់ចង់យកយើងទាំងអស់គ្នាធ្វើជាកូនសុចរិតរបស់ទ្រង់។
 
បន្ទាប់ពីយើងបានកើតជាថ្មី តើព្រះចង់ឲ្យយើងធ្វើអ្វី?
ទ្រង់ចង់ឲ្យយើងប្រកាសដំណឹងល្អ ទៅកាន់លោកិយទាំងមូល
 
ទ្រង់ ចង់ឲ្យយើងបានសដូចជាព្រិល។ ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបរបស់មនុស្សជាតិ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ បើសិនពួកជំនុំមួយមិនអាចដោះស្រាយបញ្ហាអំពើបាប និងជីវិតសម្រាប់អ្នកជឿទាំងអស់បានទេ ពួកជំនុំនោះមិនមែនជាពួកជំនុំពិតរបស់ព្រះឡើយ។
មនុស្ស មកឯគ្រូគង្វាល ហើយសូរថា «ខ្ញុំមានបាប។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ខ្ញុំលន់តួ ហើយបានលន់តួអស់ជាច្រើនដងហើយ ប៉ុន្តែបាបរបស់ខ្ញុំមិនទៅណាឆ្ងាយពីខ្ញុំឡើយ។ ខ្ញុំមិនអាចទ្រាំបានទៀតទេ។ ខ្ញុំគិតថា ខ្ញុំមិនអាចអនុវត្តជីវិតខាងសាសនារបស់ខ្លួនបានទៀតឡើយ»។ បើសិនគ្រូគង្វាលមិនអាចផ្តល់ចម្លើយត្រឹមត្រូវដល់មនុស្សម្នាក់នោះទេ គាត់គឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ គាត់អាចនិយាយថា «វាអាស្រ័យលើអ្នក។ ដូច្នេះ ចូរទៅអធិស្ឋាននៅឯភ្នំ ហើយព្យាយាមតមចំនួន៤០ថ្ងៃទៅ»។
គ្រូគង្វាលដែលមានជំនឿខុសឆ្គង ឬអ្នកដឹកនាំសាសនាមានពេញទៅដោយសេចក្តីមិនបរិសុទ្ធ ហើយពួកគេមិនទាំងស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផង។ ហើយក៏មិនដឹងផងដែរថា ព្រលឹងរបស់ខ្លួននឹងត្រូវបញ្ចប់នៅក្នុងស្ថាននរក ឬស្ថានសួគ៌។
អ្នកដឹកនាំទាំងនោះ មានបញ្ហានៅចំពោះព្រះ ពីព្រោះពួកគេគឺជាបុគ្គលដែលមានជំនឿខុសឆ្គង និងគ្រីស្ទបរិស័ទដែលប្រើនាម ក្លែង។ ពួកគេមើលពីខាងក្រៅដូចជាជឿព្រះយេស៊ូវ ប៉ុន្តែចិត្តរបស់ពួកគេវិញ មានពេញដោយបាប។ អំពើបាបរបស់ពួកគេ មិនទាន់ត្រូវបានលាងសម្អាតនៅឡើយទេ ហើយពួកគេក៏មិនអាចអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចលាងសម្អាតអំពើបាបទាំងអស់បានដែរ។ ដូច្នេះ ចូរយើងកុំចាញ់បោកពួកគេឲ្យសោះ។
ទីតុស ៣:១០-១១ និយាយអំពីបុគ្គលដែលមានជំនឿខុសឆ្គងថា «ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្សពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង»។ ដោយសារពួកគេជឿព្រះយេស៊ូវ ប៉ុន្តែមិនបានកើតជាថ្មី ពួកគេថ្កោលទោសខ្លួនឯងជាមនុស្សមានបាប។ ពួកគេព្រងើយកន្តើយ និងជាន់ឈ្លីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនិយាយថា ពួកគេគឺជាមនុស្សមានបាប ដែលពិតជាត្រូវទៅស្ថាននរក។
ពួកគេ គឺជាបុគ្គលដែលមានជំនឿខុសឆ្គង នៅក្នុងជំនឿគ្រីស្ទបរិស័ទ។ អ្នកណាដែលជឿព្រះយេស៊ូវ ហើយនៅមានបាប គឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ បុគ្គលដែលមានជំនឿខុសឆ្គង ខុសគ្នាពីព្រះ គឺព្រះបរិសុទ្ធ តែពួកគេមិនបរិសុទ្ធទេ។ ប៉ុន្តែអស់អ្នកដែលជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានស្អាតពីអំពើបាបទាំងអស់របស់ខ្លួនហើយ។ ដូច្នេះ អ្នកណាដែលជឿព្រះយេស៊ូវ តែនៅមានបាប គឺជាបុគ្គលដែលមានជំនឿខុសឆ្គង។ ហើយយើងត្រូវតែនៅឲ្យឆ្ងាយពីអ្នកដែលនិយាយថា ពួកគេជឿលើព្រះ ប៉ុន្តែពួកគេនៅតែជាមនុស្សមានបាប។
ចូរយើងប្រកាសដំណឹងល្អ ទៅកាន់អស់អ្នកដែលមិនទាន់បានស្តាប់ឮ និងអស់អ្នកដែលចង់ជឿ ប៉ុន្តែមិនអាច ពីព្រោះពួកគេមិនយល់ពីដំណឹងល្អ។ ចូរយើងជួយពួកគេឲ្យបានកើតជាថ្មី។ ហើយចូរយើងច្រានចេញនូវអស់អ្នកដែលបិទផ្លូវនៃដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។

យើង ត្រូវតែប្រកាសដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូល។ អាម៉ែន!