Search

คำสอน

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-17] យើងត្រូវតែមានជំនឿ និងសង្ឃឹមនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ (រ៉ូម ៨:១៦-២៥)

(រ៉ូម ៨:១៦-២៥)
«ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយ បានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃ សេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់។»
 
 
ហេតុអ្វីមនុស្សសុចរិតមានសេចក្តីសង្ឃឹម នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ?
ពីព្រោះយើងដែលជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី នឹងទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មី ខណៈដែលអ្នកដែលមិនបានកើតជាថ្មី នឹងវិនាសជាមួយ ការធ្លាក់ចុះរបស់លោកិយនេះ
 
 
បច្ចុប្បន្ននេះគឺជាពេលវេលាឥតមានសង្ឃឹម
 
តើបច្ចុប្បន្ននេះមានសេចក្តីសង្ឃឹមពិតប្រាកដនៅក្នុងលោកិយនេះដែរឬទេ? ទេ មិនមានឡើយ។ សេចក្តីសង្ឃឹមពិតប្រាកដមានតែនៅជាមួយព្រះយេស៊ូវប៉ុណ្ណោះ។ ដូច្នេះ ឥឡូវនេះ គឺជាពេលវេលានៃភាពមិនច្បាស់លាស់ និងសេចក្តីអស់សង្ឃឹម។ គ្រប់យ៉ាងបន្តផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយមនុស្សកំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីដើរតាមការផ្លាស់ប្តូរដ៏ធំទាំងនេះ។ ពួកគេមិនស្វែងរកសេចក្តីពិតខាងវិញ្ញាណ ឬមានការយកចិត្តទុកដាក់ចំពោះសេចក្តីសុខសាន្តខាងវិញ្ញាណឡើយ។ ផ្ទុយទៅវិញ ពួកគេខិតខំគេចចេញពីកំហុសទំាងឡាយ ហើយរស់នៅជាអ្នកបម្រើរបស់លោកិយនេះ។
ការងារថ្មីៗលេចមក ហើយការងារចាស់ៗក៏រលុតបាត់អស់ទៅ។ ដូចគ្នាដែរ មនុស្សក៏កំពុងតែធន់នឹងការផ្លាស់ប្តូរដែលកាន់តែដុនដាបទៅៗ។ ដូច្នេះ ពួកគេរស់នៅក្នុងជីវិតដែលរវល់ និង ថប់បារម្ភ ហើយបន្តិចម្តងៗ សេចក្តីសង្ឃឹមរបស់ពួកគេសម្រាប់លោកិយនេះក៏រលុបបាត់ទៅ។ ហេតុផលមួយសម្រាប់ការនេះគឺថា ពួកគេកំពុងតែរស់នៅក្នុងជីវិត ដែលមិនមានការធានាច្បាស់លាស់សម្រាប់អនាគតទេ គឺពួកគេកំពុងតែរស់នៅក្នុងពិភពលោកដែលមិនមានស្ថេរភាពបែបនេះ។ 
 
 
យើងត្រូវតែសង្ឃឹមសម្រាប់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ
 
តើយើងអាចទទួលសេចក្តីសង្ឃឹមពិតប្រាកដបានដោយរបៀបណា? យើងអាចទទួលបានសេចក្តីសង្ឃឹមពិតបាន ដោយការជឿតាមដំណឹងល្អអំពីទឺក និងព្រះវិញ្ញាណ។ សេចក្តីសង្ឃឹមរបស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ មិននៅលើផែនដីនេះទេ ប៉ុន្តែនៅលើស្ថានសួគ៌វិញ។ សាវកប៉ុលបាននិយាយអំពីសេចក្តីសង្ឃឹមពិតប្រាកដនៅស្ថានសួគ៌។ យើងដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធរួចហើយ មានសង្ឃឹមសម្រាប់កិច្ចការនៅស្ថានសួគ៌។ យើងមានសង្ឃឹមនេះ ពីព្រោះយើងជឿថា ព្រះយេស៊ូវបានយាងមក ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសង្រ្គោះយើងដែលជាមនុស្សមានបាប តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះអម្ចាស់បានប្រទានសេចក្តីសង្ឃឹមពីស្ថានសួគ៌ដល់អ្នកកដែលជឿតាមដំណឹងល្អអំពីសេចក្តីអត់ទោសអំពើបាប។
រ៉ូម ៨:១៩-២១ និយាយថា «ដ្បិតសេចក្តីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយ បានត្រូវចុះចូលនឹងសេចក្តីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ ស្នាព្រះហស្តទាំងអស់ទន្ទឹងចង់បានសង្រ្គោះចេញពីចំណងនៃសេចក្តីពុករលួយ និងសេចក្តីស្លាប់។
ដោយសារគ្រប់យ៉ាងនៅក្នុងលោកិយនេះ មិនគ្រប់លក្ខណ៍ឡើយ ទើបពួកវាថ្ងូរ និងរង់ចាំពួកកូនព្រះលេចមក។ លើសពីនេះ ពួកវាក៏ប្រាថ្នាចង់បានរួចពីចំណងនៃសេចក្តីពុករលួយ ហើយរស់នៅអស់កល្បជានិច្ចផងដែរ។ ស្នាព្រះហស្តទាំងអស់រង់ចាំថ្ងៃដែលខ្លួននឹងមិនពុករលួយ ឬស្រពោនក្រៀមស្វិត ហើយនឹងរស់នៅជារៀងរហូត។
នៅថ្ងៃមួយ ស្នាព្រះហស្តទាំងអស់ ដែលព្រះបានបង្កើត នឹងត្រូវបានបង្កើតជាថ្មី។ ទោះបីជាផ្កាស្វិតស្រពោន និងរលួយទៅនៅក្នុងលោកិយនេះក៏ដោយ ក៏វានឹងតែងតែរីកស្រស់បំព្រង និងរស់នៅជារៀងរហូតនៅក្នុងពិភពលោកថ្មីមួយែរ។ ហើយយើងដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏នឹងមើលឃើញពិភពលោកថ្មីនេះផងដែរ។
ព្រះយេស៊ូវគ្រីស្ទ បានសន្យាថា ទ្រង់នឹងយាងមកម្តងទៀត លើកអស់អ្នក ដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើង ប្រទានរូបកាយថ្មី ដែលមិនចេះពុករលួយ និងស្លាប់ ហើយប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ។ ហើយទ្រង់ក៏បានសន្យាជាមួយពួកគេផងដែរថា ពួកគេនឹងរស់នៅជាមួយព្រះនៅនគរស្ថានសួគ៌អស់កល្បជានិច្ច។ ស្នាព្រះហស្តទាំងអស់នៅក្នុងលោកិយនេះកំពុងតែរង់ចាំថ្ងៃនោះ។ នៅពេលថ្ងៃនោះមកដល់ ពួកគេក៏នឹងរស់នៅជាមួយយើង ដែលជាពួកកូនព្រះ ជារៀងរហូតផងដែរ។ 
 
 
យើងសម្លឹងមើលលោកិយនេះ ដោយសេចក្តីសង្ឃឹម 
 
តើនៅពេលណាក្តីសុបិន្តនេះក្លាយជាការពិតសម្រាប់មនុស្សសុចរិត? វាក្លាយជាការពិត នៅពេលព្រះអម្ចាស់របស់យើងយាង ត្រឡប់មកវិញ។ យើងត្រូវតែមានសង្ឃឹម នៅពេលយើងសម្លឹងមើលលោកិយនេះ។ ព្រះយេស៊ូវមានបន្ទូលថា នឹងកើតមានអំណត់ អសន្នរោគ កក្រើកដី និងសង្រ្គាមនៅគ្រប់ទីកន្លែង (ម៉ាថាយ ២៤:៧)។ ប៉ុន្តែទីបញ្ចប់នៅមិនទាន់មកដល់ឡើយ។ នៅថ្ងៃចុងក្រោយនៃលោកិយនេះ ព្រះអម្ចាស់របស់យើងនឹងយាងត្រឡប់មកវិញ បង្កើតរបស់សព្វសារពើរនៅក្នុងលោកិយនេះឡើងជាថ្មី ហើយប្រទានរូបកាយខាងវិញ្ញាណដែលមិនចេះស្លាប់ដល់យើង។ នេះមានន័យថា រុក្ខជាតិ និងសត្វ ក៏នឹងទទួលបានភាពមិនចេះស្លាប់ផងដែរ។ ដោយការជឿតាមសេចក្តីនេះ យើងត្រូវតែសម្លឹងមើលលោកិយនេះ ដោយសេចក្តីសង្ឃឹមថ្មី។ 
នៅក្នុងលោកិយនេះ សូម្បីតែអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណក៏ថ្ងូរជាមួយស្នាព្រះហស្តទាំងអស់ ហើយទន្ទឹងរង់ចាំសិរីល្អនៃសេចក្តីប្រោសលោះរូបកាយរបស់យើងអ្វើជាកូនរបស់ព្រះផងដែរ។ យើងសម្លឹងមើលលោកិយនេះ ដោយសេចក្តីសង្ឃឹម ពីព្រោះព្រះអម្ចាស់នឹងយកយើងធ្វើជាកូនរបស់ទ្រង់ ដែលនឹងមិនពុករលួយ ឬស្លាប់ទៀតទេ នៅពេលទ្រង់យាងត្រឡប់មកវិញ។
ទោះបីជាលោកិយនេះនឹងត្រូវបានបំផ្លាញចោលនៅថ្ងៃណាមួយក៏ដោយ ក៏របស់សព្វសារពើរនឹងត្រូវបានកែជាថ្មីឡើងវិញ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញដែរ។ ដោយការជឿដូច្នេះ យើងត្រូវតែរស់នៅ ដោយសេចក្តីសង្ឃឹម។ ផែនដីថ្មីនឹងពេញទៅដោយអំណរ និងភាពអស្ចារ្យ ដូចជាពិភពលោកយ៉ាងអស្ចារ្យ ដែលអ្នកធ្លាប់បានអាននៅក្នុងរឿងនិទានផងដែរ។ ចូរគិតអំពីការរស់នៅក្នុងពិភពលោកបែបនេះអស់រយៈពេលមួយពាន់ឆ្នាំ។ ហើយយើងក៏នឹងមានជីវិតអស់កល្បជានិច្ច ក្នុងនាមជាកូនព្រះផងដែរ នៅពេលយើងចូលទៅក្នុងនគរស្ថានសួគ៌។ ដូច្នេះ យើងត្រូវតែរស់នៅជាមួយនឹងសេចក្តីសង្ឃឹមបែបនេះ។ 
តើអ្នកមើលឃើញសេចក្តីសង្ឃឹមណាមួយនៅក្នុងលោកិយនេះដែរឬទេ? ទេ។ មនុស្សរស់នៅក្នុងរបៀបវាសនា ប៉ុន្តែពួកគេមិនមានសេចក្តីសង្ឃឹមសម្រាប់លោកិយនេះឡើយ។ ប៉ុន្តែព្រះអម្ចាស់របស់យើងបានប្រទានសេចក្តីសង្ឃឹមពីស្ថានសួគ៌ដល់អ្នកដែលត្រូវបានអត់ទោស និងបានរាប់ជាសុចរិត។ «ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់។» នេះមានន័យថា យើងត្រូវតែអត់ធ្មត់រង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ពីព្រោះយើងបានសង្រ្គោះ ដោយជំនឿរបស់យើងតាមព្រះបន្ទូលព្រះហើយ។ 
យើង មានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រលឹងរបស់យើង ពីព្រោះយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើងហើយ។ អ្នកដែលព្រះយេស៊ូវបានអត់ទោសអំពើបាបឲ្យហើយ មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត មិនមែនអំពើបាបទេ។ ហើយតើរូបកាយរបស់យើងយ៉ាងដូចម្តេចដែរ? រូបកាយដែលខ្សោយរបស់យើង ក៏នឹងបានរស់ឡើងវិញផងដែរ ហើយទទួលបានជីវិតថ្មី និងភាពមិនចេះស្លាប់។ យើងនឹងរស់នៅជារៀងរហូតជាមួយព្រះ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ មានតែអ្នកដែលបានកើតជាថ្មីទេ ទើបមានឯកសិទ្ធិធ្វើដូច្នេះដោយសេចក្តីសង្ឃឹមបាន ហើយវិញ្ញាណ និងសាច់ឈាមរបស់យើងនឹងបានគ្រប់លក្ខណ៍។ សាច់ឈាមរបស់យើងនឹងត្រឡប់ជាអស់កល្បជានិច្ច ហើយយើងនឹងមិនឈឺទៀតឡើយ។ ដោយសាររូបកាយខាងលោកិយរបស់យើងគឺខ្សោយ ទើបយើងមិនអាចរស់នៅក្នុងជីវិតគ្រប់លក្ខណ៍បាន។ ប៉ុន្តែបន្តិចទៀត យើងនឹងមានជីវិតគ្រប់លក្ខណ៍មួយ។ ដូច្នេះ ចូរយើងទន្ទឹងរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ មានតែអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ទើបអាចមានជីវិត និងសេចក្តីសង្ឃឹមបែបនេះបាន។ 
សេចក្តីសង្ឃឹមរបស់មនុស្សសុចរិត មិនគ្រាន់តែនៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាការពិតនៅក្នុងលោកិយនេះផងដែរ។ ព្រះគម្ពីរនិយាយថា ព្រះអម្ចាស់របស់យើងនឹងយាងមកម្តងទៀត នៅពេលលោកិយនេះត្រូវបានធ្លាក់ចុះ បន្ទាប់ពីការកើតទុក្ខវេទនាដ៏ធំ។ ទ្រង់ពិតជានឹងយាងមកវិញ។ នៅពេលទ្រង់បានយាងមកជាលើកទីមួយ ទ្រង់បានទទួលបុណ្យជ្រមុជសម្រាប់ជាប្រយោជន៍ដល់មនុស្សមានបាប បានសុគតនៅលើឈើឆ្កាង ដើម្បីរាប់ពួកគេជាសុចរិត ហើយជាចុងក្រោយ ទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌ វិញ។ ប៉ុន្តែឥឡូវនេះ គឺជាពេលដែលព្រះអម្ចាស់ហៀបនឹងយាង ត្រឡប់មកវិញម្តងទៀតហើយ។
នៅពេលនោះ ទ្រង់នឹងដាស់ពួកបរិសុទ្ធដែលកំពុងដេក ដែលបានជឿព្រះយេស៊ូវ ហើយបានទទួលការគង់សណ្ឋិតរបស់ព្រះ វិញ្ញាណបរិសុទ្ធ ហើយនឹងរំដោះពួកគេចេញពីចំណងនៃសេចក្តីពុករលួយ។ ទ្រង់នឹងប្រទានដល់ពួកគេនូវរូបកាយថ្មីនៅស្ថានសួគ៌ ដែលមិនចេះពុកផុយ ឬឈឺឡើយ។ លើសពីនេះ ពួកគេនឹងត្រូវបានលើកឡើងទៅលើពពក ដើម្បីជួបជាមួយទ្រង់ នៅលើអាកាស ហើយទ្រង់នឹងកែគ្រប់យ៉ាងជាថ្មីឡើងវិញ។
បន្ទាប់ពីនោះ យើងនឹងរស់នៅ ហើយសោយរាជ្យជាមួយព្រះអម្ចាស់យេស៊ូវរបស់យើងនៅក្នុងពិភពលោកថ្មីមួយ អស់រយៈពេលមួយពាន់ឆ្នាំ សម្រាប់ការបម្រើដំណឹងល្អ។ នេះគឺជាការសមស្របមួយសម្រាប់អ្នកដែលនឹងត្រូវទៅស្ថានសួគ៌។ នេះគឺជាសេចក្តីសង្ឃឹមពីស្ថានសួគ៌ និងសេចក្តីពិត។ នៅពេលនោះ គ្រប់យ៉ាងដែលមិនគ្រប់លក្ខណ៍ នឹងត្រឡប់ទៅជាគ្រប់លក្ខណ៍ទាំងអស់ ហើយគ្រប់យ៉ាងដែលពុកផុយ នឹងមិនចេះពុកផុយទៀតឡើយ។ នៅពេលនោះ ពាក្យថា «គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ» (១កូរិនថូស ១៥:៤២) នឹងត្រូវបានបំពេញសម្រេច តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 
ចូរឲ្យយើងដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ មានសង្ឃឹមឡើង! អ្នកគួរតែចងចាំថា ទោះបីជាគ្រប់យ៉ាងខ្សោយ និងវិនាសបាត់ទៅក៏ពិតមែន នេះមិនមែនជាចុងបញ្ចប់ឡើយ។ យើងត្រូវតែមានជំនឿនៃសេចក្តីសង្ឃឹមថា ព្រះអម្ចាស់របស់យើងនឹងកែពិភពលោកនេះទាំងមូលជាថ្មីម្តងទៀត។ យើងត្រូវតែរស់នៅ ដោយសេចក្តីសង្ឃឹមសម្រាប់ផ្ទៃមេឃថ្មី និងផែនដីថ្មី។ ហើយដោយមានសង្ឃឹមបែបនេះ យើងអាចប្រកាសដំណឹងល្អបាន។
យើង មានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះយើងបានសង្រ្គោះចេញពីអំពើបាបរបស់លោកិយនេះហើយ។ ដូចគ្នាដែរ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង កំពុងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ទ្រង់ទូលអង្វរដល់ព្រះវរបិតាជំនួសយើង ដើម្បីឲ្យយើងបានរស់នៅ ដោយសេចក្តីសង្ឃឹម និងជំនឿ ហើយមិនមានការខកចិត្តនៅក្នុងចិត្តរបស់យើងឡើយ។ 
 
 
យើងគួរតែរស់នៅ ដោយសេចក្តីសង្ឃឹមនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ
 
តើកន្លែងរបស់មនុស្សសុចរិតនៅទីណា? វានឹងនៅក្នុង [1]រាជ្យមួយពាន់ឆ្នាំ ដែលព្រះអម្ចាស់នឹងកែផែនដីនេះជាថ្មីឡើង នៅពេលទ្រង់យាងមកម្តងទៀត ហើយក៏នៅក្នុងនគរស្ថានសួគ៌ផងដែរ។ ដូច្នេះ យើងគួរតែអត់ធ្មត់រង់ចាំថ្ងៃនោះមកដល់។ យើងត្រូវតែជឿថា ព្រះអម្ចាស់របស់យើងនឹងប្រោសរូបកាយរបស់យើង ឲ្យបានគ្រប់លក្ខណ៍ នៅពេលលោកិយនេះបានធ្លាក់ចុះ។ យើងត្រូវតែមានសង្ឃឹម សម្រាប់សិរីល្អនៅថ្ងៃស្អែក។
 
[1]នៅពេលព្រះអម្ចាស់យេស៊ូវយាងចុះមកក្នុងលោកិយនេះជាលើកទីពីរ តាមសេចក្តីសន្យារបស់ទ្រង់ ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ហើយប្រោសមនុស្សស្លាប់នៅក្នុងព្រះគ្រីស្ទឲ្យរស់ឡើងវិញមុនគេ។ បន្ទាប់មក ទ្រង់នឹងបំផ្លាស់បម្រែពួកបរិសុទ្ធទាំងអស់ ទាំងអ្នកនៅរស់ និងអ្នកបានរស់ឡើងវិញ ឲ្យមានរូបកាយអស់កល្បជានិច្ច ដែលមិនចេះពុករលួយ និងស្លាប់ ហើយទ្រង់នឹងលើកពួកបរិសុទ្ធទាំងអស់ឡើងទៅលើពពក ដើម្បីជួបនឹងព្រះអម្ចាស់នៅលើអាកាស (១ថែស្សាឡូនីច ៤:១៦-១៧; ១កូរិនថូស ១៥:៥១-៥៣)។ បន្ទាប់មក ទ្រង់នឹងកែគ្រប់យ៉ាងជាថ្មីឡើងវិញ បន្ទាប់ចាក់សេចក្តីក្រោធរបស់ទ្រង់ចំនួនប្រាំពីរចានទៅលើមនុស្សមានបាបដែលនៅសេសសល់។ ទ្រង់នឹងបង្កើតនគររបស់ទ្រង់នៅលើផែនដីថ្មី ហើយនឹងសោយរាជ្យអស់រយៈពេលមួយពាន់ឆ្នាំ ជាមួយអ្នកដែលមានចំណែកនៅក្នុងការរស់ឡើងវិញលើកទីមួយ (វិវរណៈ ២០:៤-៥)។ បន្ទាប់ពីរាជ្យមួយពាន់ឆ្នាំ ទ្រង់នឹងកាត់ទោសមនុស្សស្លាប់ទាំងអស់ ហើយបោះពួកគេចូលទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១១-១៥)។ បន្ទាប់មក ទ្រង់នឹងដឹកនាំរាស្ត្រទាំងអស់របស់ទ្រង់ចូលទៅក្នុងទីក្រុងស្ថានសួគ៌ ក្រុងយេរូសាឡិមថ្មី ហើយនឹងគង់នៅជាមួយពួកគេអស់កល្បជានិច្ច (វិវរណៈ ២១:១-៤)។
 
ដោយមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ សាវក ប៉ុលមានសេចក្តីសង្ឃឹមដូចជាយើងដែរ។ យើងរស់នៅក្នុងសេចក្តីសង្ឃឹមតែមួយនៅក្នុងគំនិតរបស់យើង ហើយរង់ចាំរាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌។ អ្នកដែលមិនបានកើតជាថ្មី នឹងវិនាសជាមួយការធ្លាក់ចុះនៃលោកិយនេះ ប៉ុន្តែយើងដែលជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី នឹងទទួលបានផ្ទៃមេឃថ្មី និងផែនដីថ្មី។ សេចក្តីសង្ឃឹមនេះពិតជានឹងក្លាយជាការពិតមិនខាន។ រូបកាយរបស់យើងនឹងត្រឡប់ជាគ្រប់លក្ខណ៍ ហើយយើងនឹងរស់នៅ និងសោយរាជ្យជាមួយព្រះយេស៊ូវរយៈពេលមួយពាន់ឆ្នាំនៅក្នុងពិភពលោកថ្មី។ ដោយទន្ទឹងរង់ចាំថ្ងៃនោះ យើងអាចមានសង្ឃឹម និងរស់នៅ ដោយឥតមានសេចក្តីភ័យខ្លាចនៅក្នុងលោកិយនេះឡើយ។
ចូរយើងអត់ធ្មត់ និងរង់ចាំ។ ទោះបីជាជីវិតរបស់យើងមានការនឿយហត់យ៉ាងខ្លាំងក៏ដោយ សេចក្តីសង្ឃឹមរបស់យើងនឹងក្លាយជាការពិត ពីព្រោះយើងជឿលើព្រះ។ អ្នកដែលឥតមានសង្ឃឹម គឺជាមនុស្សស្លាប់រួចទៅហើយ។ ដូច្នេះ ចូរមានសង្ឃឹម ហើយរក្សាក្តីសុបិន្តរបស់អ្នក ដោយការជឿតាមព្រះបន្ទូលព្រះចុះ។
ដូចដែលសេចក្តីអត់ទោសអំពើបាបរបស់យើងពិតប្រាកដ ការផ្លាស់ប្រែរូបកាយរបស់យើងក៏នឹងពិតប្រាកដដែរ ហើយក៏នឹងពិតប្រាកដសម្រាប់ស្នាព្រះហស្តទាំងអស់ ក្នុងការទទួលបានជីវិតអស់កល្បជានិច្ចផងដែរ។ សេចក្តីសង្ឃឹមរបស់យើងក៏ពិតប្រាកដដែរ។ ដូច្នេះ ចូរមានជំនឿលើអ្វីដែលអ្នកជឿចុះ។ មនុស្សត្រឡប់ជាមិនសប្បាយចិត្ត បើសិនពួកគេមិនមានសង្ឃឹម។ អ្នកដែលឥតមានក្តីសុបិន្តណាមួយសោះ មិនមានសេចក្តីសុខសាន្តឡើយ។ យើងអាចមានជីវិតអរសប្បាយបាន ពីព្រោះយើងមានសង្ឃឹមសម្រាប់រាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ ដែលជាផ្ទៃមេឃថ្មី និងផែនដីថ្មី។
អ្នកដែលមានសង្ឃឹម គឺស្មោះត្រង់ចំពោះការងារប្រកាសដំណឹងល្អពិតនេះ។ យើងត្រូវតែមានសង្ឃឹមសម្រាប់ដំណឹងល្អនេះ ក្នុងការរីកចម្រើននៅក្នុងសម័យដែលឥតសង្ឃឹមនេះ។ យើងត្រូវតែប្រកាសដំណឹងល្អពិតនេះទៅកាន់មនុស្សក្រីក្រនិងបន្ទាបខ្លួន អស់កំឡាំង និងអស់សង្ឃឹម។ យើងត្រូវតែរំដោះពួកគេចេញពីសេចក្តីងងឹត ដោយការប្រកាសពីសេចក្តីសង្ឃឹមនៃនគរស្ថានសួគ៌ ដែលជាកន្លែងសម្រាប់តែអ្នក ដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ ហើយយើងត្រូវតែជម្រុញទឹកចិត្តពួកគេ ឲ្យមានសេចក្តីសង្ឃឹមថា នគររបស់ព្រះនឹងលេចមកដូចជាចោរ បន្ទាប់ពីពេលវេលាទុក្ខលំបាកនេះ។ 
អ្នកបម្រើ និងពួកបរិសុទ្ធដែលបានកើតជាថ្មី សូមប្រកាសដំណឹងល្អនេះទៅកាន់ចុងបំផុតនៃផែនដី ហើយរក្សាសេចក្តីសង្ឃឹមរបស់អ្នកឲ្យបានរឹងមាំសម្រាប់នគរស្ថានសួគ៌។ មិនថាលោកិយនេះធ្លាក់ចុះរហ័សយ៉ាងណាទេ អ្នកដែលមានសង្ឃឹមនឹងមិនវិនាសឡើយ ពីព្រោះពួកគេមានទ្រព្យសម្បត្តិអស់កល្បជានិច្ចលើសពីជីវិតនៅលើផែនដីនេះទៅទៀត។ ហើយពួកគេប្រាកដជាមានជីវិតទីពីរ ដែលព្រះអម្ចាស់ប្រទានឲ្យពួកគេជាមិនខាន។