Search

คำสอน

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 6-2] គ្រានៃត្រែទាំង៧ (វិវរណៈ ៦:១-៧)

គ្រានៃត្រែទាំង៧
(វិវរណៈ ៦:១-៧)

យើងអាចបែងចែកផ្ទៃរឿងសម្រាប់ជំពូកនីមួយនៃកណ្ឌគម្ពីរវិវរណៈបានយ៉ាងច្បាស់លាស់ ដូចតទៅ៖
ជំពូក១៖ បុរេកថានៃកណ្ឌគម្ពីរវិវរណៈ
ជំពូក២-៣៖ សំបុត្រទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ី
ជំពូក៤៖ ព្រះយេស៊ូវដែលគង់នៅលើបល្ល័ង្កនៃព្រះ
ជំពូក៥៖ ព្រះយេស៊ូវដែលគង់នៅលើបល្ល័ង្ក ក្នុងនាមជាតំណាងនៃព្រះ វរបិតា
ជំពូក៦៖ គ្រាទាំង៧ ដែលព្រះបានបង្កើត
ជំពូក៧៖ អ្នកដែលនឹងបានសង្រ្គោះ ក្នុងកំឡុងគ្រាសេចក្តីទុក្ខវេទនាដ៏ធំ
ជំពូក៨៖ ត្រៃដែលផ្លុំគ្រោះកាចទាំង៧
ជំពូក៩៖ គ្រោះកាចនៃជម្ហុគដ៏ជ្រៅ
ជំពូក១០៖ តើការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងកើតឡើងនៅពេលណា?
ជំពូក១១៖ តើអ្នកណាគឺជា...និងហោរាទាំងពីរ?
ជំពូក១២៖ ពួកជំនុំនៃព្រះនឹងប្រឈមនឹងការរងទុក្ខដ៏ធំ
ជំពូក១៣៖ ការលេចមកនៃពួកអាទទឹងនឹងព្រះគ្រីស្ទ និងទុក្ករកម្មរបស់ពួកបរិសុទ្ធ
ជំពូក១៤៖ ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកបរិសុទ្ធ និងការសរសើរតម្កើងរបស់ពួកគេនៅលើអាកាស
ជំពូក១៥-១៦៖ ការចាប់ផ្តើមនៃគ្រោះកាចនៃចានទាំង៧
ជំពូក១៧៖ ការកាត់ទោសស្ត្រីពេស្យាដែលស្ថិតនៅលើទឹកច្រើន
ជំពូក១៨៖ ការធ្លាក់ចុះនៃបាប៊ីឡូន
ជំពូក១៩៖ នគរមួយ ដែលព្រះដ៏មានអំណាចព្រះចេស្តាគ្រប់គ្រង
ជំពូក២០៖ នគររាជ្យមួយពាន់ឆ្នាំ
ជំពូក២១៖ ទីក្រុងបរិសុទ្ធពីស្ថានសួគ៌
ជំពូក២២៖ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឺកជីវិតហូរ
 
ចាប់ពីជំពូក១ ជំពួកនីមួយៗនៃកណ្ឌគម្ពីរវិវរណៈមានផ្ទៃរឿងមួយ នៅពេលយើងលាតត្រដាង ជំពូកទាំងអស់ទាក់ទងគ្នាទៅវិញទៅមក រហូតដល់ជំពូកចុងក្រោយ។ ដូចជាកណ្ឌគម្ពីររ៉ូមដែរ ដែលជំពូក១គឺជាលំនាំសេចក្តី ជំពូក២គឺជាព្រះបន្ទូលព្រះទៅកាន់ពួកយូដា និងជំពូក៣គឺជាព្រះបន្ទូលទ្រង់ទៅកាន់ពួកសាសន៍ដទៃ កណ្ឌគម្ពីរវិវរណៈបន្តជាមួយនឹងផ្ទៃរឿងមួយ សម្រាប់ជំពូកនីមួយៗ។
មូលហេតុដែលខ្ញុំកំពុងតែពន្យល់ពីកណ្ឌគម្ពីរវិវរណៈ ដែលផ្ទែកលើព្រះបន្ទូលទាំងមូលគឺថា មនុស្សយ៉ាងច្រើនមានពិភាក្សាអំពីកណ្ឌគម្ពីរ វិវរណៈ ដោយសម្មតិកម្មគ្រប់ប្រភេទ ហើយបើសិនអ្នកអានកណ្ឌគម្ពីរ វិវរណៈ តាមរយៈការផ្តោតលើការសន្មត់ទាំងនេះ អ្នកនឹងមិនអាចគេចចេញពីការបង្កើតកំហុសយ៉ាងធ្ងន់ធ្ងរបានឡើយ។ 
ដោយសារព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលរាស្ត្ររបស់ព្រះ ឲ្យ សរសេរព្រះគម្ពីរឡើង យើងពិតជាមិនត្រូវការកែសម្រួលឡើយ។ ផ្ទុយទៅវិញ សៀវភៅដែលមិនទាក់ទងនឹងសាសនា មានកំហុសជាច្រើន និងទាមទារឲ្យមានការកែសម្រួល ទោះបើការសរសររបស់អ្នកនិពន្ធអាចល្អ និងគួរឲ្យយល់បានយ៉ាងណាក៏ដោយ។ ប៉ុន្តែព្រះបន្ទូលព្រះមិនបានប្រែប្រួលអ្វីទាំងអស់ ទោះបើយើងបានទទួលវា អស់រយៈពេលជាច្រើនពាន់ឆ្នាំហើយក៏ដោយ។ ទោះបីជាការបន្សល់ទុកព្រះគម្ពីរមានរយៈពេលជាច្រើនឆ្នាហើយក៏ដោយ ក៏ព្រះបន្ទូលព្រះនៅតែគ្មានកំហុសដដែល ពីព្រោះព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តរបស់អ្នកបម្រើព្រះឲ្យសរសេរឡើង។ 
ដោយសារអ្វីដែលព្រះចង់ប្រាប់យើង ត្រូវបានលាក់ទុកនៅក្នុងព្រះគម្ពីរ មនុស្សជាច្រើនក្នុងចំណោមយើងនៅតែមិនយល់ពីព្រះគម្ពីរ។ ប៉ុន្តែចាប់តាំងពីការបង្កបង្កើតមក ព្រះគម្ពីរមិនបានផ្លាស់ប្តូរម្តងណាឡើយ។ ប៉ុន្តែដោយសារមនុស្សជាច្រើនមានការយល់ដឹងមិនត្រឹមត្រូវ ពួកគេបានចាប់ផ្តើមកាត់ស្រាយបទគម្ពីរ តាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។
ដោយសារព្រះមិនបើកសម្តែងអាថ៌កំបាំងទៅដល់មនុស្សទាំងអស់ អ្នកដែលមិនថ្វាយបង្គំទ្រង់ និងមិនជឿតាមព្រះបន្ទូល ហើយព្យាយាមចម្អែតតែក្រពះរបស់ខ្លួន ដោយការប្រើព្រះនាមព្រះជាអសារឥតការ មិនអាចមើលឃើញសេចក្តីពិតបានឡើយ។ នៅក្នុងន័យផ្សេង អ្នកដែលមានបាប មិនអាចយល់កណ្ឌគម្ពីរវិវរណៈបានឡើយ ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ ដោយសារពួកគេមិនមានសមត្ថភាព ដើម្បីយល់ពីព្រះបន្ទូល ពួកគេបានបង្កើតកំហុសគ្រប់ប្រភេទ។ ហើយអ្នកខ្លះជឿតាមមាយាការឥតប្រយោជន៍អំពីថ្ងៃចុងក្រោយ សិក្សាអំពីវា និងថែមទាំងប្រកាសពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវទៀតផង ហើយអ្នកខ្លះទៀតកាត់ស្រាយព្រះគម្ពីរ តាមគំនិតផ្ទាល់ខ្លួន ដែលទាំងអស់នេះបង្កើតកំហុសខាងបទគម្ពីរគ្រប់ប្រភេទ។ 
តំណាងរបស់ពួកគេនៅក្នុងចំណោមពួកទេវវិទូដែលយើងស្គាល់មានដូចជា លោក Abraham Kuyper និងលោក Louis Berkhos ដែលគាំទ្របដិសហស្សវត្សនិយម រួមទាំងលោក C. I. Scofield ផងដែរ ដែលបានបង្កើតទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីវេទនា។ ប៉ុន្តែសម្មតិកម្មរបស់ពួកអ្នកប្រាជ្ញទាំងនេះសុទ្ធតែជាសេចក្តីបង្រៀនខុសឆ្គង ដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេទាំងអស់។ 
ជាដំបូង គោលលទ្ធិនៃបដិសហស្សវត្ស ដែលពួកអភិរក្សនិយមគាំទ្រ អះអាងថា គ្មាននគររាជ្យមួយពាន់ឆ្នាំដាច់ដោយឡែកទេ និងថា នគរនេះត្រូវបានបំពេញសម្រេចនៅក្នុងចិត្តរបស់ពួកបរិសុទ្ធ ខណៈដែលពួកគេកំពុងតែរស់នៅលើផែនដីនេះរួចហើយ។ បដិសហស្សវត្សនិយមបដិសេធការបង្កើតនគររាជ្យមួយពាន់ឆ្នាំជាក់ស្តែង នៅពេលអនាគត។ «ទ្រឹស្តី» នេះកាត់ស្រាយនគររាជ្យមួយពាន់ឆ្នាំនៅក្នុងភាសានិមិត្តរូប ដែលចាត់ទុកគ្រាដែលពួកបរិសុទ្ធរស់នៅ រហូតដល់ពេលព្រះយេស៊ូវគ្រីស្ទយាងត្រឡប់មកវិញ ជាគ្រានៃការសោយរាជ្យមួយពាន់ឆ្នាំ។ ប៉ុន្តែការកាត់ស្រាយរបស់បដិសហស្សវត្សដែលថា នៅពេលនេះ នគររាជ្យមួយពាន់ឆ្នាំត្រូវបានបំពេញសម្រេចរួចហើយ នៅក្នុងចិត្តរបស់ពួកបរិសុទ្ធ ហើយនឹងគ្មាន សេចក្តីទុក្ខវេទនាដ៏ធំ គឺពិតជាខុសយ៉ាងខ្លាំង។ 
ទោះបីជាយ៉ាងណា ទ្រឹស្តីរបស់លោក Scofield អំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា មានការគំាទ្រកាន់តែទូលំទូលាយពាសពេញពិភពលោក ជាងបដិសហស្សវត្សនិយមទៅទៀត។ ព្រះបានរៀបចំផែនការនៃគ្រាទាំង៧ តាំងពីមុនកំណើតលោកិយនេះទៅទៀត ហើយពេលកំណត់មកដល់ ទ្រង់នឹងបំពេញសម្រេចគ្រប់យ៉ាង តាមផែនការរបស់ទ្រង់។ ប៉ុន្តែអ្នកដែលមិនស្គាល់ផែនការរបស់ព្រះ ដែលបានបើកសម្តែងនៅក្នុង វិវរណៈ ៦ បានបង្កើតទ្រឹស្តីខុសអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនានេះឡើង។ ពួកគេអះអាងថា អ្នកដែលបានកើតជាថ្មីក្នុងចំណោមពួកសាសន៍ដទៃ នឹងត្រូវបានលើកឡើងទៅក្នុងពពក មុនពេលការចាប់ផ្តើមសេចក្តីទុក្ខវេទនាដ៏ធំ និងថា ជនជាតិអ៊ីស្រាអែលមួយចំនួននឹងបានសង្រ្គោះ ក្នុងកំឡុងគ្រានៃសេចក្តីទុក្ខវេទនា រយៈពេលប្រាំពីរឆ្នាំ។ 
ទ្រឹស្តីនេះនៅតែជាគោលលទ្ធិមួយ ដែលបាននាំភាពច្របូកច្របល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន។ បើសិនការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកកើតឡើង មុនពេលសេចក្តីទុក្ខវេទនាដ៏ធំ ដូចដែលទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនា អះអាង នោះនឹងមិនមានការបៀតបៀន និងទុក្ករកម្មសម្រាប់ពួកបរិសុទ្ធ ដូចដែល វិវរណៈ ១៣ កត់ត្រាឡើយ។ ដូច្នេះ អ្នកជឿនៅក្នុងព្រះយេស៊ូវត្រូវតែចេញឲ្យឆ្ងាយពីគោលលទ្ធិនៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាដ៏ធំ និងត្រៀមសេចក្តីជំនឿរបស់ពួកគេជាស្រេច ដោយការជឿលើការពិតថា ការលើកឡើងទៅក្នុងពពករបស់ពួកគេនឹងកើតឡើងនៅពាក់កណ្តាលនៃគ្រារងទុក្ខវេទនាដ៏ធំ។
កណ្ឌគម្ពីរវិវរណៈបើកសម្តែងដល់យើងពីរបៀបដែលព្រះនឹងដឹកនាំលោកិយនេះ ស្របតាមគ្រាទាំង៧របស់ទ្រង់។ យើងត្រូវតែយល់ការផ្តោតនៃផែនការនៃគ្រាទាំង៧របស់ព្រះ ដែលបានការពិភាក្សាពេញក្នុង វិវរណៈ ៦។ មនុស្សមានភាពច្របូកច្របល់ ហើយសេចក្តីជំនឿរបស់ពួកគេរង្គោះរង្គើរ ពីព្រោះពួកគេមិនស្គាល់សេចក្តីពិតអំពីគ្រាទាំង៧នេះនៅក្នុងព្រះ គម្ពីរ។ ដូច្នេះ យើងត្រូវតែជឿលើអ្វីដែលត្រូវបានកត់ទុកនៅក្នុង វិវរណៈ ៦ តាមដែលវាប្រាប់យើង។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែជឿលើព្រះបន្ទូលអាថ៌កំបាំងនៃគ្រាទាំង៧ ដែលព្រះគម្ពីរទាំងមូលធ្វើបន្ទាល់ពី ជាជាងគិតអំពីវា ដោយផ្អែកលើផ្នែកតូចមួយនៃព្រះគម្ពីរ។ 
គ្រាទាំង៧ក៏ត្រូវបានលាក់កំបាំងពីមនុស្ស ដូចជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ ទោះបីជាពួកអ្នកប្រាជ្ញព្រះគម្ពីរបានព្យាយាមយល់ពីព្រះបន្ទូលនៃការបើកសម្តែង និងបានបង្កើតទ្រឹស្តីជាច្រើន ដោយផ្តោតលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏ព្រះបន្ទូលនៃការបើក សម្តែងនៅតែពិបាកយល់ដដែល។ នេះដូចជាការពិតថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានលាក់កំបាំង រហូតដល់ដល់ពេលនេះ។ ប៉ុន្តែទ្រឹស្តីរបស់ពួកអ្នកប្រាជ្ញកន្លងមក អំពីការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ឬនគររាជ្យមួយពាន់ឆ្នាំ ដែលសុទ្ធតែគ្មានប្រយោជន៍អ្វីទាំងអស់សម្រាប់អ្នកដែលជឿដល់ព្រះយេស៊ូវ។ 
យើងចាំបាច់ត្រូវតែយល់ជំពូក៦ ដើម្បីអាចយល់កណ្ឌគម្ពីរវិវរណៈបាន ពីព្រោះជំពូកនេះគឺជាគន្លឹះដោះស្រាយ និងយល់អស់ទាំងព្រះបន្ទូលនៃការបើកសម្តែង។ ប៉ុន្តែមុនពេលយើងព្យាយាមយល់កណ្ឌគម្ពីរវិវរណៈទាំងមូល យើងត្រូវរំឮកខ្លួនឯងអំពីការមួយ៖ យើងមិនអាចយល់កណ្ឌ វិវរណៈបានឡើយ បើសិនយើងមិនបានស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្នកត្រូវតែដឹងថា អ្នកអាចយល់ពីសេចក្តីពិតរបស់ព្រះបាន លុះត្រាតែអ្នកស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាមុនសិន។ 
វិវរណៈ ៨ កត់ត្រាថា «កាលកូនចៀមបកត្រាទី៧» ។ គ្រោះកាចនៃត្រែទាំង៧នឹងធ្លាក់មកលើផែនដីនេះ។ នេះពន្យល់ពីព្រឹត្តិការណ៍ទាំងឡាយ ដែលនឹងកើតឡើង ក្នុងកំឡុងគ្រាទីបួន ដែលបានកត់ទុកនៅក្នុង វិវរណៈ ៦ ដែលជាគ្រាសេះសម្បុរស្លាំង។ ដូច្នេះ បើសិនមិនយល់ពីគ្រាទាំង៧របស់ព្រះជាមុនទេ អ្នកមិនអាចយល់ពីគ្រោះកាចនៃត្រែទាំង៧បានឡើយ។ ដើម្បីយល់កណ្ឌគម្ពីរវិវរណៈទាំងស្រុង ជាដំបូង យើងត្រូវតែយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង។
ព្រះបន្ទូលព្រះនៅក្នុង វិវរណៈ៦ ផ្តល់ឲ្យយើងនូវគម្រោងនៃរចនាបថ ដែលព្រះបានគូរ នៅពេលទ្រង់បានបង្កើតមនុស្សជាតិ។ ព្រះបានបែងចែកដើមដំបូង និងចុងបញ្ចប់នៃមនុស្សជាតិទៅជាគ្រាទាំង៧។ 
គ្រាទាំង៧នេះគឺ៖ ទីមួយ គ្រាសេះស ទីពីរ គ្រាសេះក្រហម ទីបី គ្រាសេះខ្មៅ ទីបួន គ្រាសេះសម្បុរស្លាំង ទីប្រាំ គ្រានៃទុក្ករកម្ម និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ទីប្រាំមួយ គ្រានៃសេចក្តីវិនាសនៃពិភពលោក និងទីប្រាំពីរ គ្រានៃនគរាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ដូច្នេះ យើងជឿ និងស្តាប់តាមថា ព្រះបានបែងចែកផែនការរបស់ព្រះសម្រាប់មនុស្សជាតិ ទៅជាគ្រាទាំង៧នេះ។ នៅបច្ចុប្បន្នេះ លោកិយនេះបានឆ្លងកាត់គ្រាសេះស និងគ្រាសេះក្រហមហើយ ហើយកំពុងតែស្ថិតនៅក្នុងគ្រាសេះខ្មៅ។ 
ព្រះគម្ពីរប្រាប់យើងថា គ្រាដែលយើងកំពុងតែរស់នៅឥឡូវនេះ គឺជាគ្រានៃគ្រោះទុរ្ភិក្ស។ ប៉ុន្តែគ្រាសេះសម្បុរស្លាំងក៏ជិតមកដល់យើងហើយ ដែរ។ កាលណាគ្រាសេះសម្បុរស្លាំងមកដល់ នឹងមានគ្រានៃទុក្ករកម្មរបស់ពួកបរិសុទ្ធ គឺឈានដល់គ្រានៃសេចក្តីទុក្ខវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំ។ គ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ និងគ្រានៃទុក្ករកម្មគឺជាគ្រាសេះសម្បុរស្លាំងនេះហើយ។ 
«លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា [សេចក្តីស្លាប់] ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ និងសេចក្តីវេទនា ហើយដោយសត្វព្រៃ នៅផែនដីផង។» បទគម្ពីរថា «គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់...ដោយសត្វព្រៃនៅផែនដីផង» បញ្ជាក់ថា ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ក្នុងកំឡុងគ្រាសេះសម្បុរស្លាំង ហើយនឹងធ្វើ ទុក្ករកម្មដល់ពួកបរិសុទ្ធ។
ព្រឹត្តិការណ៍ដែលនឹងកើតឡើង ក្នុងកំឡុងគ្រាសេះសម្បុរស្លាំង ត្រូវបានកត់ទុកក្នុង វិវរណៈ ៨:១-៧៖ «កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះក៏មានត្រែ៧បានប្រគល់ទៅឲ្យ មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និងកក្រើកដី រួចទេវតាទាំង៧ដែលកាន់ត្រែ៧នោះ ក៏រៀបនឹងផ្លុំឡើង ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង»។
ការពិភាក្សាខាងលើ អំពីគ្រោះកាចនៃត្រែទាំង៧នៅក្នុងវិវរណៈ ៨ ផ្តល់នូវការបញ្ជាក់លម្អិតឡើងវិញ ពីសេចក្តីពិតអំពីគ្រាសេះសម្បុរស្លាំង ដែលត្រូវបានកត់ទុកនៅក្នុង វិវរណៈ ៦។ ព្រះបន្ទូលនេះកត់ត្រាលម្អិត អំពីការលេចមកនៃពួកអាទទឹងនឹងព្រះគ្រីស្ទ និងគ្រោះកាចនៃត្រែទាំង៧ និងចានទាំង៧ ដែលនឹងកើតឡើង ក្នុងកំឡុងគ្រាសេះសម្បុរស្លាំង។
ម៉្យាងវិញទៀត ជំពូក៤ និង៥ ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទនឹងសោយរាជ្យលើផែនដីនេះ និងគ្រប់យ៉ាង ក្នុងនាមជាព្រះ និងថា ផែនការទាំងមូលរបស់ព្រះវរបិតានឹងត្រូវបានបំពេញសម្រេច ដោយព្រះយេស៊ូវ គ្រីស្ទ ក្នុងនាមជាព្រះ។ ដូច្នេះ តាមរយៈជំពូក៤ និង៥ យើងពិតជាមើលឃើញពីអំណាចព្រះចេស្តា និងលក្ខណៈដ៏ឧត្តមរបស់ព្រះយេស៊ូវគ្រីស្ទ។
វិវរណៈ ៨ ប្រាប់យើងថា «ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង»។ ពេលគ្រាសេះសម្បុរស្លាំងមកដល់ មួយភាគបីនៃព្រៃឈើនៅលើផែនដីនឹងត្រូវឆេះអស់ ហើយបន្ទាប់មក នឹងមានគ្រោះកាចកាន់តែច្រើន។
គ្រោះកាចនៃត្រែទីមួយ គឺជាគ្រោះកាចមួយ ដែលនឹងដុតមួយភាគបីនៃឈើដើម និងស្មៅទាំងអស់។ កាលណាគ្រោះកាចនេះវាយប្រហារផែនដី ព្រៃឈើដែលនៅសេសសល់ក៏នឹងត្រូវរងឥទ្ធិពលផ្សែងពុលនៃភ្លើងឆេះដ៏សន្ធោសន្ធៅ នៅពាសពេញមួយភាគបីនៃផែនដីនេះផងដែរ ហើយផ្សែងរបស់វានឹងបាំងព្រះអាទិត្យ។ ភោគផលនឹងត្រូវខូចអស់ ហើយពិភពលោកទាំងមូលនឹងធ្លាក់ទៅក្នុងគ្រោះទុរ្ភិក្ស និងសេចក្តីអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។ 
នៅគ្រានៃសេចក្តីទុរ្ភិក្សនេះ ថ្លៃឈ្នួលនៃការងារមួយថ្ងៃនឹងទិញបានអាហារមិនគ្រប់នឹងបរិភោគផង។ ហើយឥឡូវនេះ ពិភពលោកនេះកំពុងតែប្រឈមនឹងការជិតមកដល់នៃគ្រោះទុរ្ភិក្ស និងសេចក្តីអត់ឃ្លានដ៏ធ្ងន់ធ្ងរនេះហើយ។ គ្រោះទុរ្ភិក្សនឹងមកដល់ ហើយវាយប្រហារទាំងខាងសាច់ឈាម និងខាងវិញ្ញាណ។ ហើយគ្រោះទុរ្ភិក្សខាងវិញ្ញាណកំពុងតែកើតមាននៅក្នុងពិភពលោកសព្វថ្ងៃនេះរួចទៅហើយ។ 
ពួកជំនុំសព្វថ្ងៃនេះមានពេញដោយគ្រីស្ទបរិស័ទក្លែងក្លាយ ដែលមិនអាចចែកចាយនំប៉័ងខាងវិញ្ញាណ និងជីវិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់លោកិយនេះបានទេ។ មនុស្សទាំងអស់នៅទូទាំងពិភពលោក ចាប់ពីអឺរ៉ុប ដល់អាស៊ី និងទ្វីបអាមេរិក កំពុងតែរស់នៅក្នុងគ្រានៃសេចក្តីវិនាសរបស់ខ្លួនហើយ។ នៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានមនុស្សតែបន្តិចបន្តួចប៉ុណ្ណោះ ដែលអាចចម្អែតព្រលឹងស្រេកឃ្លាន ដោយនំប៉័ងខាងវិញ្ញាណបាន។ 
យើងហៅគ្រាសេះសម្បុរស្លាំងជាគ្រានៃការលេចមករបស់ពួកអាទទឹងងនឹងព្រះគ្រីស្ទ។ ក្នុងកំឡុងគ្រានេះ គ្រោះធម្មជាតិនឹងផ្លាស់ប្តូរនំប៉័ង និងទឹកឲ្យទៅជាទំនិញដ៏កម្រ ដែលមនុស្សនឹងពិបាករស់រាននៅក្នុងគ្រានៃគ្រោះទុរ្ភិក្សនេះ។ ទោះបីជាពិភពលោកនេះនឹងបន្តមានការរីកចម្រើនខាងវិទ្យាសាស្ត្រក៏ដោយ ក៏ជីវភាពរស់នៅនឹងធ្លាក់ទៅដល់ភាពក្រីក្រយ៉ាងខ្លាំង ដែលយើងមិនធ្លាប់បានឆ្លងកាត់ពីមុនមក។ ដូច្នេះ តើមនុស្សដែលកំពុងតែរស់នៅលើផែនដីដូច្នេះ នៅតែមានបំណងចិត្តចង់បន្តរស់នៅលើផែនដីនេះទៀតដែរឬទេ?
នៅគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ យើងទាំងអស់គ្នាត្រូវតែប្រឈមនឹងទុក្ករកម្មរបស់យើង ហើយថ្វាយសិរីល្អដល់ព្រះ ដោយការជឿតាមព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ពួកបរិសុទ្ធដែលជឿតាមដំណឹងល្អនេះ នឹងថ្វាយសិរីល្អទាំងអស់ទៅចំពោះព្រះ ដោយសារទុក្ករកម្មរបស់ពួកគេ។ ហើយព្រះនឹងលើកអ្នកដែលបានប្រឈមនឹង ទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ ឡើងទៅក្នុងស្ថានសួគ៌ ហើយអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីមង្គលការរបស់កូនចៀម។ 
សាវកប៉ុលបាននិយាយថា គាត់បានធ្វើជាអ្នកបម្រើរបស់ទ្រង់ សម្រាប់នគរព្រះ។ ពួកសាវកបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យមនុស្សជាច្រើនអាចចូលទៅនគររាជ្យមួយពាន់ឆ្នាំបាន។ 
ក្នុងកំឡុងគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ នឹងមានមនុស្សនៅក្នុងចំណោមសាសន៍អ៊ីស្រាអែល ដែលនឹងត្រូវប្រឈមនឹងទុក្ករកម្ម និងត្រូវបានលើកឡើងទៅក្នុងពពកផងដែរ ដោយសារសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវ។ ដូច្នេះ ពួកបរិសុទ្ធនឹងត្រូវឆ្លងកាត់គ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ ក្នុងកំឡុងគ្រាសេះសម្បុរស្លាំង។ កាលណាសេចក្តីទុក្ខវេទនាដ៏ធំមកដល់ មនុស្សទាំងអស់នៅលើផែនដីនេះនឹងស្វែងរកម្នាក់ដែលអាចធ្វើឲ្យផែនដីដែលពេញដោយគ្រោះមហន្តរាយនេះ មានសណ្តាប់ធ្នាប់ឡើង វិញ។ ពួកគេនឹងទន្ទឹងដល់ម្នាក់ដែលអាចដោះស្រាយបញ្ហាគ្រោះធម្មជាតិទាំងអស់ និងដែលអាចដោះស្រាយបញ្ហាយ៉ាងច្រើនខាងសាសនា ខាងសេដ្ឋកិច្ច និងខាងនយោបាយ។ ការនេះនឹងកើតឡើង នៅពេលពួកអាទទឹងនឹងព្រះគ្រីស្ទលេចមក។ 
ថ្មីៗនេះ អ្នកនិពន្ធជនជាតិជប៉ុនម្នាក់បានសរសេរសៀវភៅជាស៊េរីមួយ ដែលមានចំណងជើងថា រឿងរបស់ពួករ៉ូម៉ាំង ដែលនិយាយអំពីការសរសើរតម្កើងពួកអធិរាជរ៉ូម៉ាំង។ គំនិតចម្បងរបស់អ្នកនិពន្ធគឺថា ក្នុងពេលដ៏ឆាប់ ពិភពលោកនឹងនឹងត្រូវការអ្នកដឹកនាំម្នាក់ ដែលអាចប្រើអំណាចផ្តាច់ការបាន។ មនុស្សជាច្រើនក៏បានយល់ស្របជាមួយគាត់ដែរ។ ក្នុងកំឡុងគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ មនុស្សនឹងចង់បានអ្នកដឹកនាំដ៏មានអំណាចម្នាក់ ដែលអាចគ្រប់គ្រងពិភពលោក ដោយកណ្តាប់ដៃដែក។ ពួកគេត្រូវការអ្នកដឹកនាំតែម្នាក់គត់ ដើម្បីគ្រប់គ្រងពិភពលោកនេះ មិនមែនអ្នកដឹកនាំច្រើន នៅតាមដែនគ្រប់គ្រងរៀងៗខ្លួននោះឡើយ។ 
នៅពេលប្ចុប្បន្ន ពិភពលោកនេះមានជាតិសាសន៍ជាច្រើន ដែលមានអ្នកដឹកនាំរៀងៗខ្លួន។ ប៉ុន្តែនៅថ្ងៃចុងក្រោយ មនុស្សនឹងចង់បានអ្នកដឹកនាំពិភពលោកដ៏ឆ្នើមម្នាក់ ដែលអាចដោះស្រាយបញ្ហាទាំងអស់របស់ពួកគេបាន។ ឥឡូវនេះ ពិភពលោកកំពុងតែរង់ចាំអ្នកដឹកនាំនេះ ដែលជាពួកអាទទឹងនឹងព្រះគ្រីស្ទ ដែលនឹងសោយរាជ្យលើពិភពលោកទាំងមូល។ 
ព្រះគម្ពីរប្រាប់យើងថា កាលណាគ្រាសេះសម្បុរស្លាំងមកដល់ ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ជាមួយនឹងអំណាចដ៏ខ្លាំង និងដាក់មនុស្សទាំងអស់នៅលើផែនដីនេះនៅក្រោមការគ្រប់គ្រងរបស់វា។ ហើយព្រះគម្ពីរក៏ប្រាប់យើងផងដែរថា កាលណាគ្រាសេះសម្បុរស្លាំងនេះមកដល់ ភ្លើងនឹងធា្លក់មកលើផែនដីនេះ ហើយដុតមួយភាគបីនៃព្រៃឈើទាំង អស់។ ហើយកាលណាគ្រានេះមកដល់ ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងគ្រប់គ្រងលើផែនដីនេះ ហើយគ្មានអ្នកណាម្នាក់អាចទិញ ឬលក់អ្វី ដោយមិនមានសញ្ញារបស់វាបានឡើយ។ នៅគ្រានេះ ពួកបរិសុទ្ធនឹងត្រូវប្រឈមនឹងទុក្ករកម្ម ដោយសារតែពួកគេបដិសេធមិនទទួលសញ្ញា និងថ្វាយបង្គំរូបព្រះ ហើយបន្ទាប់មក ពួកគេនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅក្នុងពពក។ ដូច្នេះ កាលណាគ្រាសេះសម្បុរស្លាំងនេះចប់ទៅ គ្រានៃនគររាជ្យមួយពាន់ឆ្នាំនឹងមកដល់។ 
ព្រះអម្ចាស់បានប្រាប់យើងថា សេចក្តីវិនាសនៃលោកិយនេះ និង សេចក្តីទុក្ខវេទនាដ៏ធំនឹងមកដល់ ដូចជាចោរ។ ដូច្នេះ ឥឡូវនេះ យើងត្រូវតែត្រៀមសេចក្តីជំនឿ ដែលអាចយកឈ្នះលើការល្បងលនៃសេចក្តីទុក្ខវេទនាដ៏ធំ និងសេចក្តីវិនាសបាន។ យើងអាចត្រៀមខ្លួនជាស្រេចបាន លុះត្រាតែយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែគ្រោះកាច និងសេចក្តីវិនាសទាំងអស់នឹងធ្លាក់មកលើអស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដូច្នេះ យើងត្រូវតែយល់យ៉ាងច្បាស់លាស់ និងជឿថា គ្រាសព្វថ្ងៃនេះគឺជាគ្រាសេះខ្មៅ។ មុនពេលថ្ងៃចុងក្រោយមកដល់ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។ 
ឥឡូវនេះ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងត្រូវបានលើកឡើងទៅក្នុងពពក បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ។ អ្នកដែលមានទ្រព្យសម្បត្តិច្រើន នឹងមិនបន្តរស់នៅក្នុងសេចក្តីសុខសាន្តទៀតទេ ហើយអ្នកដែលក្រ ក៏នឹងមិនបន្តរស់នៅក្នុងភាពក្រីក្រទៀតដែរ។ ដូច្នេះ យើងមិនត្រូវពិបាកចិត្ត ឬមានអំណួតចំពោះការទាំងឡាយ ដែលកំពុងតែកើតឡើងចំពោះយើងនៅពេលនេះឡើយ ពីព្រោះយើងជឿថា គ្រាសេះសម្បុរស្លាំងជិតមកដល់យើង និងថា ពួកបរិសុទ្ធទាំងអស់នឹងត្រូវប្រឈមនឹងទុក្ករកម្ម។ 
ពីពេលមួយទៅពេលមួយ យើងមើលឃើញមនុស្សមួយចំនួននៅជុំវិញយើង ដែលបង្កភាពច្របូកច្របល់យ៉ាងខ្លាំង ដោយការវិភាគពីពេលវេលានៃការយាងមកវិញរបស់ព្រះគ្រីស្ទ តាមគំនិតរបស់ពួកគេ ការប្រកាសពីថ្ងៃ និងម៉ោងសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងការដឹកនាំអ្នកដទៃជាច្រើនឲ្យវង្វេង ដោយសារការអះអាងខុសរបស់ពួកគេ។ ប៉ុន្តែយោងតាមព្រះគម្ពីរ ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទនឹងមិនកើតឡើងឡើយ រហូតដល់ត្រែទីប្រាំពីរត្រូវបានផ្លុំ។ ដូច្នេះ យើងមិនត្រូវធ្វើកំហុស ដោយកាត់ស្រាយព្រះបន្ទូលក្នុងព្រះគម្ពីរ ហើយបង្កើតជាកាលបរិច្ឆេទផ្ទាល់ខ្លួនសម្រាប់ការយាងមករបស់ព្រះអម្ចាស់ឡើយ។ 
យើងក៏ត្រូវតែប្រយ័ត្នចំពោះអ្នកដែលអះអាងថា ពួកគេមានមើលឃើញកាលបរិច្ឆេទនៃការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ នៅក្នុងនិមិត្ត ឬសុបិន្តរបស់ពួកគេផងដែរ។ សុបិន្តរបស់ពួកគេគ្រាន់តែជាសុបិន្តប៉ុណ្ណោះ។ ប៉ុន្តែដោយសារព្រះប្រាប់យើង អំពីពេលវេលានៃការលើកឡើងទៅក្នុងពពក តាមរយៈព្រះបន្ទូលទ្រង់ យើងត្រូវតែជឿតាមព្រះបន្ទូលទ្រង់។ 
កាលណាគ្រាសេះសម្បុរស្លាំង ដែលជាគ្រាទីបួននៅក្នុង វិវរណៈ ៦ មកដល់ ទុក្ករកម្មនឹងកើតឡើង ជាមួយនឹងគ្រោះកាចនៃត្រែទាំង៧ ហើយបន្ទាប់មក ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកបរិសុទ្ធនឹងមកដល់។ 
យើងត្រូវតែដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងគ្រាទីបីនៃគ្រាទាំង៧របស់ព្រះ។ ហើយយើងត្រូវតែដឹងថា គ្រាសព្វថ្ងៃនេះគឹជាគ្រាសេះខ្មៅ។ នៅពេលយើងធ្វើដូច្នេះ យើងអាចព្រោះគ្រាប់ពូជនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះបាន ហើយដោយការព្រោះគ្រាប់ពូជនេះ យើងនឹងអាចច្រូតបាន នៅពេលគ្រាសេះសម្បុរស្លាំងមកដល់។
នៅក្នុងធម្មជាតិ ដែលព្រះបានបង្កើតមក មានរុក្ខជាតិមួយចំនួន ដែលអាចដុះ និងមានផ្លែផ្កានៅក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ ដូចជារុក្ខជាតិទាំងនេះនៅក្នុងវាលរហោស្ថានដែរ កាលណាគ្រាសេះសម្បុរស្លាំងមកដល់ អ្នកដែលបានសង្រ្គោះ ដោយសារសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងកំពុងតែប្រកាសនៅពេលនេះ នឹងត្រូវប្រឈមនឹងទុក្ករកម្ម ហើយចូលរួមជាមួយយើងនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពក។ នៅគ្រានៃសេចក្តីទុក្ខវេទនា នឹងមានមនុស្សច្រើនជាងពេលនេះ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង នឹងមានមនុស្សកាន់តែច្រើន ដែលនឹងត្រូវប្រឈមនឹងទុក្ករកម្ម សម្រាប់សេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះបន្ទូលនៃការបើកសម្តែងមិនគ្រាន់តែនិយាយអំពីសេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ។ បើសិនអ្នកណាម្នាក់ជឿថា គ្រានៃការបើកសម្តែងគ្រាន់តែសម្រាប់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះ គាត់កំពុងតែធ្វើកំហុសដ៏ធំមួយហើយ។ ហេតុអ្វី? ពីព្រោះកាលណាគ្រានៃការបើក សម្តែងមកដល់ ពួកសាសន៍ដទៃជាច្រើននឹងបានសង្រ្គោះ ដោយសារ សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនឹងត្រូវប្រឈមនឹងទុក្ករកម្ម ដើម្បីការពារសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះ ទោះបីជាការយល់ដឹងរបស់អ្នកអំពីព្រះបន្ទូលនៃការបើកសម្តែងត្រឹមត្រូវ ឬខុសក៏ដោយ ក៏វានឹងអាចបង្កើតភាពខុសគ្នាយ៉ាងខ្លាំងក្នុងសេចក្តីជំនឿរបស់អ្នកដែរ។ 
ដូច្នេះ អ្នកត្រូវតែដឹងថា គ្រីស្ទបរិស័ទសព្វ្ថថ្ងៃនេះជឿយ៉ាងខុសតាមគោលលទ្ធិនៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាដ៏ធំ។ ព្រះគម្ពីរប្រាប់យើងថា ទុក្ករកម្មរបស់ពួកបរិសុទ្ធនឹងមកដល់នៅពាក់កណ្តាលនៃគ្រានៃសេចក្តីទុក្ខវេទនាដ៏ធំ និងថា ការលើកឡើងទៅក្នុងពពករបស់ពួកគេនឹងកើតឡើងភ្លាមៗ បន្ទាប់ពីនោះ។ យើងត្រូវតែជឿតាមព្រះបន្ទូលនៃការបើកសម្តែង តាមដែលវាត្រូវបានកត់ទុក គឺមួយជំពូកម្តងៗ និងមួយខម្តងៗ និងនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយធ្វើដូច្នេះ យើងអាចមានការយល់ដឹងត្រឹមត្រូវអំពីព្រះបន្ទូលនៃការបើកសម្តែងបាន។ 
វិវរណៈ ៧ ប្រាប់យើងថា មនុស្សច្រើនរាប់មិនអស់ នៅក្នុងចំណោមពួកសាសន៍ដទៃ ក៏នឹងទទួលបានសេចក្តីសង្រ្គោះ ដោយសារសេចក្តីជំនឿ និងត្រូវប្រឈមនឹងទុក្ករកម្ម ដោយសារសេចក្តីជំនឿរបស់ពួកគេផងដែរ។ យើងត្រូវតែជឿតាមព្រះគម្ពីរ ដែលត្រូវបានកត់ទុកព្រះបន្ទូល។ ហើយយើងមិនត្រូវជឿតាមទ្រឹស្តីអំពីការលើកឡើងទៅក្នុងពពកមុនពេលសេចក្តីទុក្ខវេទនាដ៏ធំ ឬការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកបន្ទាប់ពីសេចក្តីទុក្ខវេទនាដ៏ធំ ឬបដិសហស្សវត្សនិយមឡើយ ប៉ុន្តែជឿលើគ្រាទាំង៧ដែលព្រះបានបង្កើតវិញ។
ជំពូក១នៃកណ្ឌគម្ពីរវិវរណៈគឺជាលំនាំសេចក្តី ជំពូក២ និង៣ និយាយអំពីទុក្ករកម្មរបស់ពួកបរិសុទ្ធ ហើយជំពូក៤ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ និងថា ទ្រង់គង់នៅលើបល្ល័ង្កនៃព្រះ។ ជំពូក៥បង្ហាញយើងពីរបៀបដែលព្រះយេស៊ូវនឹងបំពេញសម្រេចផែនការទាំងអស់របស់ព្រះវរបិតា ហើយជំពូក៦ផ្តល់នូវប្លង់ទាំងមូលនៃគ្រាទាំង៧របស់ព្រះ។ ផែនការទាំងអស់នេះត្រូវបានបំពេញសម្រេច នៅក្នុងព្រះបន្ទូលនៃការបើកសម្តែង។ 
ដូចដែលកណ្ឌគម្ពីរវិវរណៈប្រាប់យើងថា «ចាប់ពីពេលនេះទៅ មានពរហើយ អ្នកណាដែលស្លាប់នៅក្នុងព្រះអម្ចាស់» ចាប់ពីពេលនេះតទៅ ពួកបរិសុទ្ធរស់នៅក្នុងសេចក្តីសង្ឃឹមសម្រាប់ការរស់ពីស្លាប់ឡើងវិញ និងនគររាជ្យមួយពាន់ឆ្នាំ។
វិវរណៈ ៨:១០-១១ និយាយអំពីគ្រោះកាចមួយទៀតថា៖ «ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក ១១ ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣ បាន ត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ»។ នៅទីនេះ និយាយថា ផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ធ្លាក់មកលើទន្លេ និងរន្ធទឹកទាំង អស់។ ផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ សំដៅទៅលើផ្កាយដុះកន្ទុយ។ នៅក្នុងន័យផ្សេង ដោយសារមេឃរង្គោះរង្គើរ ផ្កាយទាំងអស់ប៉ះទង្គិចគ្នាទៅវិញទៅមក ហើយបំណែកតូចរបស់ពួកវានឹងធ្លាក់មកដល់ផែនដី។ 
វិវរណៈ ៨:១២-១៣ បន្តជាមួយគ្រោះកាចមួយទៀត៖ «ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត»។ នេះប្រាប់យើងថា មួយភាគបីនៃផែនដីនឹងត្រូវងងឹត ពីព្រោះថ្ងៃនឹងប្រែទៅជាយប់។ 
ដូច្នេះ កាលណាគ្រោះកាចនៃត្រែទាំង៧ចាប់ផ្តើម អ្នក និងខ្ញុំពិតជានឹងបានឆ្លងកាត់ហើយ។ ប៉ុន្តែពួកបរិសុទ្ធដែលនៅរស់នៅ នឹងត្រូវប្រឈមនឹងទុក្ករកម្ម ក្នុងពេលដ៏ឆាប់ ហើយពួកគេនឹងយកឈ្នះសាតាំង ដោយសារសេចក្តីជំនឿរបស់ពួកគេ។ 
ប្រសិនបើអ្នកយល់យ៉ាងច្បាស់លាស់ ពីគ្រាទាំង៧នេះ ដែលត្រូវបានបើកសម្តែងនៅក្នុង វិវរណៈ ៦ អ្នកក៏នឹងមានការយល់ដឹងច្បាស់លាស់អំពីអ្វីដែលអ្នកត្រូវតែធ្វើ និងសេចក្តីជំនឿបែបណាដែលអ្នកត្រូវការ នៅក្នុងសម័យសព្វថ្ងៃនេះផងដែរ។ ដោយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែប្រឈមនឹងទុក្ករកម្មនៅក្នុងគ្រានៃការបើកសម្តែង ពួកគេត្រូវមានសេចក្តីសង្ឃឹមសម្រាប់នគរព្រះ នៅក្នុងគ្រានេះ។ ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ ពួកបរិសុទ្ធត្រូវតែត្រៀមខ្លួនជាស្រេចដោយសេចក្តីជំនឿ សម្រាប់ទុក្ករកម្មរបស់ពួកគេនៅថ្ងៃចុងក្រោយ ហើយពួកគេត្រូវតែខិតខំធ្វើការ ដើម្បីពង្រីកនគរព្រះ ដោយការប្រកាសពីសេចក្តីជំនឿនេះ។ 
តើអ្នកយល់ និងជឿលើគ្រាទាំង៧ដែលព្រះបានបង្កើតដែរទេ? ហើយតើអ្នកអាចដឹងថា ឥឡូវនេះ យើងកំពុងតែរស់នៅគ្រាសេះខ្មៅដែរទេ? បើសិនឥឡូវនេះ អ្នកមិនស្គាល់ ឬជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អ្នកនឹងមិនអាចបានរួចពីសេចក្តីទុក្ខវេទនា ដែលនឹងកើតឡើងនៅលើផែនដីនេះបានឡើយ។ ដូច្នេះ ឥឡូវនេះ អ្នកត្រូវតែត្រៀមខ្លួនជាស្រេច។ ដើម្បីមានសេចក្តីជំនឿដែលអាចយកឈ្នះលើសេចក្តីទុក្ខវេទនាបាន ជាដំបូង អ្នកត្រូវតែបានធួននឹងអំពើបាបទាំងអស់របស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាមុនសិន ហើយត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅ និងរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ ដោយការទទួលបានព្រះវិញ្ញាណបរិសុទ្ធទុកជាអំណោយទានរបស់អ្នក។ 
ចូរត្រៀមខ្លួនជាស្រេច ឥឡូវនេះចុះ។ បើសិនអ្នកចង់ពន្យាពេល និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់គ្រោះកាចនៃត្រែទាំង៧មកដល់ អ្នកនឹងប្រឈមនឹងសេចក្តីទុក្ខវេទនាហើយ។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកនឹងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅវេលានេះ ដើម្បីបានកើតជាថ្មី និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត ក្នុងនាមជាកូនរបស់ព្រះ។
 
គ្រាទាំង៧ ដែលព្រះបានបង្កើត៖
១. សេះស៖ គ្រានៃការចាប់ផ្តើម និងការបន្តនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
២. សេះក្រហម៖ ការបាត់បង់សេចក្តីសុខសាន្ត និងការមកដល់នៃគ្រារបស់សាតាំង។
៣. សេះខ្មៅ៖ គ្រានៃគ្រោះភុរ្ភិក្សខាងសាច់ឈាម និងខាងវិញ្ញាណ។ គ្រាបច្ចុប្បន្ន។
៤. សេះសម្បុរស្លាំង៖ គ្រានៃទុក្ករកម្មរបស់ពួកបរិសុទ្ធ និងការលេចមកនៃពួកអាទទឹងនឹងព្រះគ្រីស្ទ។
៥. គ្រានៃការស់នៅស្លាប់ឡើងវិញ និងការលើកឡើងទៅក្នុងពពករបស់ពួកបរិសុទ្ធ និងគ្រានៃពិធីមង្គលការរបស់កូនចៀម។
៦. គ្រានៃសេចក្តីវិនាសនៃផែនដីទីមួយ។
៧. គ្រានៃនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។
ទាំងនេះគឺជាគ្រាទាំង៧ ដែលព្រះបានបង្កើតឡើង។ អ្នកដែលស្គាល់គ្រាទាំងនេះយ៉ាងច្បាស់លាស់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលបានត្រៀមសេចក្តីជំនឿរបស់ខ្លួនជាស្រេច ដើម្បីរស់នៅក្នុងថ្ងៃចុងក្រោយ។ ដូច្នេះ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកក៏នឹងអាចស្គាល់គ្រានៃសេចក្តីជំនឿពិតទាំងនេះ ដែលព្រះបានបង្កើតផងដែរ។