Search

คำถามที่พบบ่อยเกี่ยวกับความเชื่อของคริสเตียน

เรื่องที่ 4: คำถามที่พบบ่อยจากผู้อ่านหนังสือของเรา

4-3. អ្នកបញ្ជាក់ថា បុណ្យជ្រមុជមានន័យថា «ផ្ទេរអំពើបាប»។ តើមានមូលដ្ឋានគ្រឹះចេញពីព្រះគម្ពីរសម្រាប់ការបញ្ជាក់នេះដែរទេ?

ព្រះយេស៊ូវបានមានបន្ទូលថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ នៅទីនេះ «គ្រប់ទាំងសេចក្តីសុចរិត» ជាភាសាក្រិកបុរាណគឺ «dikaiosune» ដែលមានន័យថា យុត្តិធម៌បំផុត។ នេះមានន័យថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សជាតិ តាមរបៀបដ៏ត្រឹមត្រូវបំផុត។ 
នៅទីនេះ យើងត្រូវគិតពីអ្វីដែលព្រះយេស៊ូវត្រូវធ្វើ ដើម្បីថ្វាយរូបកាយទ្រង់ជាតង្វាយលោះបាបមួយ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងក្រិត្យវិន័យ។ ទ្រង់មិនបានយាងមក ដើម្បីបំផ្លាញក្រិត្យវិន័យទេ ប៉ុន្តែដើម្បីបំពេញសម្រេចក្រិត្យវិន័យវិញ។ ទ្រង់បានមានបន្ទូលនៅក្នុង ម៉ាថាយ ៥:១៧ ដូច្នេះថា «កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ»។ 
ដូច្នេះ ព្រះយេស៊ូវចាំបាច់ត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស តាមរបៀបនៃការដាក់ដៃលើ និងទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ នៅលើអង្គទ្រង់ ដូចដែលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់នៅលើក្បាលពពែ និងផ្ទេរអំពើបាបប្រចាំឆ្នាំរបស់សាសន៍អ៊ីស្រាអែល នៅថ្ងៃធួននឹងបាបដែរ។ នេះគឺជាសម្ព័ន្ធមេត្រីដ៏អស់កល្បជានិច្ច (លេវីវិន័យ ១៦:៣៤)។ 
ដើម្បីរក្សាសម្ព័ន្ធមេត្រីដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតា ព្រះរាជបុត្រាយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាពូជពង្សម្នាក់របស់សម្តេចសង្ឃ និងជាមនុស្សដ៏អស្ចារ្យបំផុតនៅលើផែនដីនេះ (លូកា ១:៥; ម៉ាថាយ ១១:១១)។ លោកយ៉ូហានត្រូវតែផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ ដោយការដាក់ដៃលើព្រះសិរសារបស់ព្រះយេស៊ូវ ពីព្រោះគាត់គឺជាសម្តេចនៅលើផែនដីនេះ ដែលជាតំណាងនៃមនុស្សជាតិទាំងមូល។ 
ដូច្នេះហើយបានជា យ៉ូហាន ១:៦-៨ និយាយដូច្នេះថា «មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ»។ ហើយ អេសាយ ៥៣:៦ ក៏និយាយផងដែរថា «យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ដូច្នេះហើយបានជាព្រះបានបញ្ជូនលោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកនាំសាររបស់ទ្រង់ ប្រាំមួយខែមុនព្រះយេស៊ូវ។ នៅថ្ងៃបន្ទាប់ពីគាត់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ លោកយ៉ូហាន-បាទ្ទីសបាននិយាយថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវតែមានយញ្ញបូជាដ៏ឥតខ្ចោះមួយ និងការដាក់ដៃលើ និងការសម្លាប់វា ដើម្បីយកឈាមរបស់វា ដើម្បីធួននឹងបាបរបស់មនុស្សមានបាប។ ដូច្នេះ វាគឺជារបៀបដ៏ត្រឹមត្រូវបំផុតសម្រាប់ព្រះយេស៊ូវ ដែលបរិសុទ្ធ និងឥតមានបាប និងជាព្រះរាជបុត្រានៃព្រះ ក្នុងការទទួលបុណ្យជ្រមុជ តាមរបៀបដាក់ដៃលើ ពីលោកយ៉ូហាន-បាទ្ទីស និងសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដែលស្របតាមសម្ព័ន្ធមេត្រីរបស់ព្រះ។ 
ដោយសារបទគម្ពីរត្រូវបានសរសេរឡើង តាមការបណ្តាលរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងមិនអាចយល់បទគម្ពីរ តាមគំនិតខាងសាច់ឈាមរបស់យើងបានឡើយ។ ដូច្នេះ យើងត្រូវតែស្វែងរកអត្ថន័យដែលលាក់ទុក ដែលជាអត្ថន័យខាងវិញ្ញាណ តាមការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ សាវកប៉ុលបាននិយាយថា «ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ» (២កូរិនថូស ៣:៦) គាត់មានន័យថា យើងមិនគួរជឿតាមអក្សរទេ ប៉ុន្តែយល់ពីអត្ថន័យខាងវិញ្ញាណ ដែលលាក់ទុកនៅខាងក្រោយអក្សរទាំងនោះវិញ។ 
ហើយ អេសាយ ៣៤:១៦ ប្រាប់ថា «ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនឹងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ»។ 
ព្រះមិនបានមានបន្ទូលដូច្នេះថា «ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់» ទេ។ ប៉ុន្តែទ្រង់បានមានបន្ទួលពីសេចក្តីពិតដូចគ្នា តាមរយៈបទគម្ពីរទាំងអស់ និងបានលាក់កំបាំងវាពីភ្នែករបស់អ្នកខ្វាក់ ដែលមិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅខាងក្នុងខ្លួន។ នៅពេលយើងនិយាយថា «ម៉ាក់» យើងមានន័យថា គាត់បានផ្តល់កំណើតដល់យើង និងបានចិញ្ចឹមបីបាច់យើង រហូតមកដល់ពេលនេះ។ ពាក្យថា «ម៉ាក់» មានអត្ថន័យលាក់បាំងជាច្រើន ទោះបើវាគ្រាន់តែជាពាក្យមួយក៏ដោយ។ ដូច្នេះ «គ្រប់ទាំងសេចក្តីសុចរិត» មានអត្ថន័យខាងវិញ្ញាណថា ព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាប តាមរបៀបដ៏ត្រឹមត្រូវបំផុតតាមច្បាប់របស់ព្រះ។ ដូច្នេះ យើងត្រូវតែយល់ពីអត្ថន័យខាងវិញ្ញាណដែលលាក់ទុកនេះ។ 
បើសិនមនុស្សនិយាយថា ទ្រង់បានទទួលយកអំពើបាបទាំងអស់នៅលើឈើឆ្កាង តើមានខគម្ពីរណាមួយ ដែលនិយាយត្រង់ៗដូច្នេះដែរទេ? ខ្ញុំសង្ឃឹមថា ចម្លើយនេះនឹងមានប្រយោជន៍សម្រាប់អ្នក។