Search

ដំណឹងល្អជាអ្វី?

តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាអ្វី?

សាវកប៉ុលបាននិយាយថា «ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទគម្ពីរ» (១កូរិនថូស ១៥:៣-៤)។ តើពាក្យថា «បទគម្ពីរ» នៅក្នុងឃ្លាថា «ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ» មានន័យយ៉ាងដូចម្តេច? ពាក្យនេះមានន័យថា ព្រះគម្ពីរសញ្ញាចាស់។ សាវកប៉ុលបាននិយាយថា ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបទាំងអស់របស់យើង តាមសម្ព័ន្ធមេត្រី និងការបើកសម្តែងរបស់ព្រះគម្ពីរសញ្ញាចាស់។ តើទ្រង់បានធួននឹងអំពើបាបទាំងអស់របស់យើងតាមរបៀបណា? ទ្រង់បានធួននឹងបាបរបស់យើង តាមរយៈទង្វើដ៏សុចរិតរបស់ទ្រង់៖ បុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។

នៅសម័យពួកជំនុំដំបូង មិនមានបុណ្យអូអែលទេ រហូតដល់ចុងបញ្ចប់នៃសតវត្សទី២។ គ្រីស្ទបរិស័ទដំបូង រួមជាមួយពួកសាវក គ្រាន់តែធ្វើពិធីរំឮកថ្ងៃទី៦ ខែមករា ដែលជា «ថ្ងៃនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ» ហើយវាគឺជាការរំឮកតែមួយគត់របស់ពួកជំនុំដំបូង។

ហេតុអ្វីពួកសាវកបានផ្តោតសំខាន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ? វាគឺជាអាថ៌កំបាំងនៃដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលពួកគេបានទទួលពីព្រះយេស៊ូវ និងបានប្រកាសទៅកាន់លោកិយ។ ព្រះយេស៊ូវបានមានបន្ទូលថា «បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះបានទេ» (យ៉ូហាន ៣:៥)។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានយាងមក ដោយទឹក និងឈាម ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង (១យ៉ូហាន ៥:៦)។ ឈាមមានន័យថា ឈើឆ្កាង។ អញ្ចឹង តើទឹកមានន័យយ៉ាងដូចម្តេច?

(ខ្ញុំសង្ឃឹមថា អ្នកមិនមានភាពច្របូកច្របល់អំពីបុណ្យជ្រមុជរបស់អ្នកជឿ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ។ សូមយកចិត្តទុកដាក់ចំពោះ អត្ថន័យច្បាស់លាស់នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ឥឡូវនេះ យើងមិនកំពុងតែផ្តោតលើបុណ្យជ្រមុជរបស់អ្នកជឿ ឬគោលលទ្ធិនៃការកើតជាថ្មីតាមបុណ្យជ្រមុជទេ។)

ហេតុអ្វីព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស? ហេតុអ្វីព្រះយេស៊ូវបានប្រកាសថា បុណ្យជ្រមុជរបស់ទ្រង់ «​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ» (ម៉ាថាយ ៣:១៥)។

ហេព្រើរ ១០:១ និយាយថា «ដ្បិត​ឯ​ក្រឹត្យវិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក...»។ ចូរយើងពិនិត្យមើលយញ្ញបូជាគំរូ ដែលព្រះបានប្រទានឲ្យរាស្ត្ររបស់សម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ នៅសម័យព្រះគម្ពីរសញ្ញាចាស់។ បើសិនអ្នកណាម្នាក់បានធ្វើបាប និងមានទោស មនុស្សមានបាបនោះត្រូវបានថ្វាយតង្វាយលោះបាបមួយ ដើម្បីធ្វើការធួននឹងបាបរបស់គាត់។ ចូរយើងពិនិត្យមើល លេវីវិន័យ ១:៣-៥ «បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះយេហូវ៉ា នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ ក៏​ត្រូវ​សំឡាប់​គោ​ស្ទាវ​នោះ នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាលជំនុំ»។ នៅទីនេះ យើងអាចមើលឃើញថា តង្វាយលោះបាបត្រូវតែបំពេញតាមលក្ខខណ្ឌបីខាងក្រោម ដើម្បីឲ្យបានស្របច្បាប់ នៅចំពោះព្រះ។

ពួកគេត្រូវតែ
  • (១) រៀបចំសត្វយញ្ញបូជាឥតខ្ចោះមួយ (ខ.៣)។
  • (២) ដាក់ដៃរបស់ពួកគេលើក្បាលតង្វាយដុត (ខ.៤)។
  • (៣) សម្លាប់ (បង្ហូរឈាម) យញ្ញបូជា ដើម្បីធួននឹងបាបរបស់គេ (ខ.៥)។
នៅពេលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើក្បាលសត្វពពែ អំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែល ត្រូវបានផ្ទេរទៅលើក្បាលសត្វ ពពែ។

នៅក្នុងខគម្ពីរទាំងអស់ខាងលើ យើងត្រូវតែបញ្ជាក់ពីច្បាប់របស់ព្រះថា បាបត្រូវតែផ្ទេរទៅលើក្បាលសត្វយញ្ញបូជា តាមរបៀបដាក់ដៃលើ មុនពេលសត្វយញ្ញបូជាត្រូវគេសម្លាប់។ នេះគឺជាសេចក្តីពិតសំខាន់មួយ។ អ្នកអាចមើលឃើញសំនួនសេចក្តីថា «ការដាក់ដៃលើក្បាលតង្វាយលោះបាប» នៅក្នុងជំពូកបន្ទាប់ៗនៅក្នុងកណ្ឌគម្ពីរលេវីវិន័យបាន។ លេវីវិន័យ ១៦:២១ និយាយថា «រួចដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន»។

នៅពេលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើក្បាលសត្វពពែ អំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែល ត្រូវបានផ្ទេរទៅលើក្បាលសត្វ ពពែ។ ហើយនៅពេលមនុស្សមានបាបម្នាក់បានដាក់ដៃរបស់គាត់លើក្បាលយញ្ញបូជា អំពើបាបរបស់គាត់ត្រូវបានផ្ទេរទៅលើក្បាលរបស់សត្វនោះ។ តាមរបៀបដូចគ្នានេះ នៅពេលមនុស្សម្នាក់ត្រូវបានតែងតាំងជាសង្ឃ អ្នកដឹកនាំដាក់ដៃលើក្បាលរបស់គាត់ ដើម្បីផ្ទេរការងារជាសង្ឃទៅលើគាត់។ ដូច្នេះ «ការដាក់ដៃលើ» គឺជាសកម្មភាពនៃការផ្ទេរអំពើបាបទៅលើយញ្ញបូជា។ វាមានន័យថា «ផ្ទេរទៅលើ»។

ហើយបន្ទាប់មក គេត្រូវតែសម្លាប់សត្វនោះ ដោយការបង្ហូរឈាមរបស់វា ពីព្រោះ «ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយ...ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)។

ទោះបីជាយ៉ាងណា សាសន៍អ៊ីស្រាអែលខ្សោយខ្លាំងណាស់ ដើម្បីដោះអំពើបាបទាំងអស់របស់ពួកគេចេញ ពីព្រោះពួកគេនៅតែបន្តធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់ពួកគេស្លាប់ ទោះបើពួកគេបានថ្វាយតង្វាយលោះបាប គ្រប់ពេលដែលពួកគេបានធ្វើបាបក៏ដោយ។ ដូច្នេះ ព្រះបានបើក ឱកាសមួយទៀតសម្រាប់ពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំឆ្នាំម្តង។ នេះគឺជាពិធីបុណ្យថ្ងៃធួននឹងបាប។ នៅថ្ងៃធួននឹងបាប សម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់ លើក្បាលពពែដែលត្រូវបំបរបង់ ដើម្បីផ្ទេរអំពើបាបប្រចាំឆ្នាំរបស់សាសន៍អ៊ីស្រាអែលទៅលើវា តែម្តងជា សម្រេច (លេវីវិន័យ ១៦:២១)។

នៅពេលនោះ អើរ៉ុនគឺជាតំណាងនៃសាសន៍អ៊ីស្រាអែល ពីព្រោះគាត់បានដាក់ដៃរបស់គាត់លើក្បាលសត្វពពែ ជំនួសសាសន៍អ៊ីស្រាអែលទាំង មូល។ នៅពេលគាត់បានដាក់ដៃលើក្បាលសត្វពពែ អំពើបាបប្រចាំឆ្នាំរបស់សាសន៍អ៊ីស្រាអែល (ប្រហែលពីរបីលាននាក់ នៅពេលនោះ) ត្រូវបានផ្ទេរទៅលើក្បាលពពែដែលត្រូវបំបរបង់ តាមរយៈសកម្មភាពស្របច្បាប់របស់គាត់។ ហើយនេះគឺជាច្បាប់សម្រាប់មនុស្សជាតិទាំងមូលជារៀងដរាបតទៅ (លេវីវិន័យ ១៦:២៩)។

នេះគឺជា «ស្រមោលពីសេចក្តីល្អដែលត្រូវមក» (ហេព្រើរ ១០:១)។ ឥឡូវនេះ ព្រះបានបំពេញសម្រេច «សេចក្តីល្អដែលត្រូវមក» តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ចូរយើងពិនិត្យមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសម័្ពន្ធមេត្រីរបស់ទ្រង់។

ទីមួយ ព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវឲ្យយាងមក នៅក្នុងរូបភាពជាមនុស្សគ្រប់លក្ខណ៍ ដើម្បីធ្វើជាកូនចៀមនៃព្រះដែលទ្រង់បានសន្យា។ ទ្រង់គឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះ ហើយក៏ជាព្រះផងដែរ។ ដូច្នេះ ទ្រង់សាកសមធ្វើជាយញ្ញបូជាឥតខ្ចោះសម្រាប់មនុស្សជាតិទាំងអស់។

ទីពីរ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ នៅទីនេះ យើងត្រូវស្គាល់ថា លោកយ៉ូហាន-បាទ្ទីសគឺជាអ្នកណា ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ លោកយ៉ូហាន-បាទ្ទីសគឺជាពូជពង្សរបស់ស្តេចសង្ឃអើរ៉ុន។ សង្ឃសាការី ដែលជាឪពុករបស់លោកយ៉ូហាន បានកើតមកនៅក្នុងពូជពង្សរបស់អ័ប៊ីយ៉ា ដែលជាចៅប្រុសរបស់អើរ៉ុន (លូកា ១:៥; ១របាក្សត្រ ២៤:១០)។ ដូច្នេះ លោក យ៉ូហាន-បាទ្ទីសគឺជាពូជពង្សរបស់សម្តេចសង្ឃអ៊រ៉ុន។ នេះមានន័យថា គាត់មានសិទ្ធិធ្វើជាសម្តេចសង្ឃ។ លើសពីនេះ ព្រះយេស៊ូវបានទទួលបានស្គាល់ថា លោកយ៉ូហានគឺជាមនុស្សដ៏អស្ចារ្យជាងគេនៅក្នុងចំណោមមនុស្សជាតិ។ «ខ្ញុំប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហានទេ...» (ម៉ាថាយ ១១:១១, ១៤)។ នេះមានន័យថា លោកយ៉ូហានគឺជាសម្តេចសង្ឃចុងក្រោមបង្អស់នៅលើផែនដីនេះ និងជាតំណាងស្របច្បាប់នៃមនុស្សជាតិ ដែលព្រះបានសន្យា និងរៀបចំ។

ព្រះគម្ពីរសញ្ញាចាស់បានទាយពីគាត់។ «មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ (ម៉ាឡាគី ៣:១)។ «ចូរ​នឹក​ចាំ​ពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​អញ ដែល​អញ​បាន​បង្គាប់​ដល់​លោក នៅ​លើ​ភ្នំ​ហោរែប​សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យក្រម និង​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នោះ មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែងអញមកវាយផែនដីដោយសារសេចក្តីបណ្តាសា» (ម៉ាឡាគី ៤:៤-៦)។ យើងព្រះយេស៊ូវបានមានបន្ទូលថា «បើសិនអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក» (ម៉ាថាយ ១១:១៤)។

លោកយ៉ូហាន-បាទ្ទីស គឺជាអេលីយ៉ា ដែលត្រូវមក និងបង្វែរមនុស្សទាំងអស់ត្រឡប់ទៅឯព្រះយេស៊ូវគ្រីស្ទ ដោយជួយឲ្យពួកគេរៀបចំខ្លួនទទួល ទ្រង់។ គាត់បានកើតមកមុនព្រះយេស៊ូវ រយៈពេលប្រាំមួយខែ។ គាត់បានធ្វើបុណ្យជ្រមុជនៃការប្រែចិត្តដល់មនុស្សនៅក្នុងវាលរហោស្ថាន ដើម្បីរៀបចំផ្លូវសម្រាប់ព្រះអម្ចាស់។ ហើយគាត់ត្រូវដឹកនាំមនុស្សឲ្យនឹកចាំពីច្បាប់ និងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយឲ្យពួកគេរៀបចំខ្លួនទទួលព្រះអង្គសង្គោះយេស៊ូវគ្រីស្ទរបស់ពួកគេ។ ដូច្នេះ គាត់បានធ្វើបុណ្យជ្រមុជដល់មនុស្ស ហើយធ្វើឲ្យពួកគេបានដឹងថា ព្រះអង្គសង្រ្គោះនឹងយាងមកក្នុងពេលដ៏ឆាប់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរបៀបដាក់ដៃលើ។ បុណ្យជ្រមុជរបស់លោកយ៉ូហានបានហៅមនុស្សឲ្យបែរមកឯព្រះវិញ។ មនុស្សយ៉ាងច្រើនបាន ស្តាប់ឮព្រះបន្ទូលព្រះ តាមរយៈលោកយ៉ូហាន ហើយបានបោះបង់រូបព្រះរបស់ពួកគេចោល ដើម្បីបែរមកឯព្រះវិញ ដោយការសារភាពអំពើបាបរបស់ពួកគេ។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស គឺត្រូវលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ។

បន្ទាប់មក ព្រះយេស៊ូវបានយាងពីស្រុកកាលីឡេ មកឯលោកយ៉ូហាន នៅទន្លេយ័រដាន់ ដើម្បីទទួលបុណ្យជ្រមុជពីគាត់។ ព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតគួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិតយ៉ាងដូច្នេះ»។ គ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ នៅទីនេះ ជាភាសាក្រិកគឺ «dikaiosune» ហើយវាមានន័យថា «ភាពត្រឹមត្រូវ និង យុត្តិធម៌»។ នេះមានន័យថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបទាំងអស់ ចេញពីអំពើបាបរបស់ពួកគេ តាមរបៀបត្រឹមត្រូវ និងសុចរិត ព្រះយេស៊ូវត្រូវតែដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈ «ការដាក់ដៃលើ» ដែលស្របតាមសម្ព័ន្ធមេត្រី ដែលព្រះបានបង្កើតឡើង ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដោយសារព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នៅថ្ងៃបន្ទាប់ លោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ថា «នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១:២៩)។ លោកយ៉ូហានបានមក ដើម្បីធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដោយការដាក់ដៃលើ។ នៅវេលាដែលលោកយ៉ូហានដាក់ដៃរបស់គាត់លើព្រះសិរសារបស់ព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់ ស្របតាមច្បាប់របស់ព្រះ។

ទីបី ទ្រង់បានសុគតនៅលើឈើឆ្កាង សម្រាប់ការអត់ទោសដល់អំពើបាបរបស់យើង។ មុនពេលទ្រង់សុគត ទ្រង់បានមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ ទ្រង់បានបង្ហូរព្រះលោហិតទាំងអស់របស់ទ្រង់ សម្រាប់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងបិញ នៅថ្ងៃទីបី និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ដូច្នេះ ទ្រង់ពិតជាបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងរួចហើយមែន។

សាវកប៉ុលបាននិយាយថា «គឺ​ថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ» (១កូរិនថូស ១៥:៣)។ ឥឡូវនេះ តើអ្នកយល់ពីរបៀបដែលសត្វយញ្ញបូជាត្រូវបានថ្វាយ សម្រាប់ការអត់ទោសបាប នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងមូលហេតុដែលវាគឺជាស្រមោលនៃសេចក្តីល្អដែលត្រូវមកដែរទេ?

មុនពេលសម្លាប់សត្វយញ្ញបូជា ត្រូវតែមាន «ការដាក់ដៃលើ»។ បើសិនយើងលុបបំបាត់ «ការដាក់ដៃលើយញ្ញបូជា» នៅពេលយើងថ្វាយតង្វាយលោះបាប យើងមិនអាចទទួលបានការអត់ទោសបាបបានឡើយ ដោយសារតែការល្មើសច្បាប់របស់ព្រះ ហើយព្រះក៏មិនដែលទទួលយកយញ្ញបូជាខុសច្បាប់បែបនេះដែរ។ ដូច្នេះ វាគឺជាការបំពានច្បាប់របស់ព្រះ ដែលថ្វាយយញ្ញបូជា ដោយមិនមានការដាក់ដៃលើវា។

ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយអំពើដ៏សុចរិតរបស់ទ្រង់ (រ៉ូម ៥:១៨)។ អំពើដ៏សុចរិតរបស់ទ្រង់គឺថា ទ្រង់បានទទួលបុណ្យជញរមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានសុកតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប។ ដូច្នេះ ទ្រង់បានយាងមក ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រីស្ទបរិស័ទភាគច្រើនស្គាល់អំពីដ៏សុចរិតរបស់ទ្រង់តែពាក់កណ្តាលប៉ុណ្ណោះ។ តាមការពិត យើងគួរតែស្គាល់ផ្នែកទាំងមូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការជឿដល់ទ្រង់ ដោយលុបបំបាត់ផ្នែកសំខាន់នៃដំណឹងល្អរបស់ទ្រង់ គឺខុសច្បាប់ និងឥតប្រយោជន៍។

នៅក្នុងសំបុត្រទីមួយរបស់សាវកយ៉ូហាន គាត់បានបញ្ជាក់ច្បាស់អំពីផ្នែកទាំងមូលនៃដំណឹងល្អរបស់ទ្រង់។ «គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង» (១យ៉ូហាន ៥:៦)។

យើងបានកើតមក នៅក្នុងនិស្ស័យបាប ហើយធ្វើបាប រហូតដល់យើងស្លាប់ទៅវិញ។ យើងនៅតែបន្តធ្វើបាបជានិច្ច ហើយមិនអាចគេចចេញពីការជំនុំជម្រះរបស់ព្រះបានឡើយ គឺយើងត្រូវធ្លាក់ទៅក្នុងស្ថាននរក «ត្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ ប៉ុន្តែកន្លែងណាមានបាបកាន់តែច្រើន ព្រះគុណក៏ចម្រើនឡើងកាន់តែខ្លាំងដែរ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦; រ៉ូម ៥:២០)។

ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ធ្វើជាកូនចៀមនៃព្រះ។ ទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ ក្នុងនាមជាតំណាងនៃមនុស្សជាតិទាំងមូល លោកយ៉ូហានបានដាក់ដៃរបស់គាត់លើព្រះសិរសារបស់ព្រះយេស៊ូវ ហើយបន្ទាប់មក អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ដូច្នេះ ព្រះយេស៊ូវទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង តាម រយៈបុណ្យជ្រមុជ ហើយបាននាំអំពើបាបទាំងនោះទៅឯឈើឆ្កាង។ ទ្រង់បានបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ធ្វើជាថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយបានធួននឹងអំពើបាបទាំងអស់របស់លោកិយនេះទាំងស្រុង។

ដូច្នេះ មុនពេលទ្រង់សុគតនៅលើឈើឆ្កាង ទ្រង់បានស្រែកយ៉ាងខ្លាំងថា «ការស្រេចហើយ!»។ តើការអ្វីដែលព្រះយេស៊ូវបានសម្រេច? អំពើបាបទាំងអស់ និងការជំនុំជម្រះត្រូវបានបញ្ចប់ ដោយសារអំពើដ៏សុចរិតរបស់ទ្រង់ហើយ។ នៅក្នុងន័យផ្សេង យើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយសារបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងហើយ។ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ កាលពីជាង២០០០ឆ្នាំមុន ហើយបានបង្កើតរបៀបរស់នៅថ្មីមួយ (ហេព្រើរ ១០:២០)។ ពេលនេះគឺជាពេលវេលានៃព្រះគុណទ្រង់ហើយ។ អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង អាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួនបាន ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ (កិច្ចការ ២:៣៨)។ ហាលេលូយ៉ា!

តើយើងគួរតែនិយាយអំពីអ្វីផ្សេងទៀត! មានខគម្ពីរយ៉ាងច្រើននៅក្នុងព្រះគម្ពីរ ដែលបញ្ជាក់ថា បុណ្យជ្រមុជរបស់ទ្រង់គឺជាអំពើដ៏សុចរិតរបស់ព្រះយេស៊ូវដ៏មិនអាចខ្វះបាន សម្រាប់សេចក្តីសង្រ្គោះរបស់យើង (ម៉ាថាយ ៣:១៣-១៧; ១ពេត្រុស ៣:២១; យ៉ូហាន ៦:៥៣-៥៥; អេភេសូត ៤:៥; កាឡាទី ៣:២៧; កិច្ចការ ១០:៣៧...)។

តើអ្នកជឿលើសេចក្តីពិតនេះដែរទេ? តើអ្នកមិនមានបាបនៅក្នុងចិត្តរបស់អ្នកទេឬ? តើព្រះបានដោះអំពើបាបរបស់អ្នក ចាប់ពីកំណើតរបស់អ្នក រហូតដល់ពេលនេះឬ? តើទ្រង់បានដោះអំពើបាបទាំងអស់របស់អ្នក ចាប់ពីពេលនេះ រហូតដល់នាទីចុងក្រោយនៃជីវិតរបស់អ្នក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ កាលពីជាង២០០០ឆ្នាំមុនឬ? ហើយដូច្នេះ តើអ្នកពិតជាបានញែកជាបរិសុទ្ធ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ហើយឬ?

ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ គួរតែស្តាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើងវិញ។ អ្នកណាដែលចង់ស្គាល់យ៉ាងលម្អិតបន្ថែមទៀតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់ អង្គការ The New Life Mission។ អ្នកអាចទទួលបានសៀវភៅ និងសៀវភៅអេឡិចត្រូនិករបស់លោកគ្រូ Paul C. Jong ដោយឥតគិតថ្លៃ។

The New Life Mission

ចូលរួមក្នុងការស្ទង់មតិរបស់យើង

តើអ្នកបានដឹងអំពីយើងដោយរបៀបណា?