Search

Проповеди

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 10-1] តើអ្នកដឹងពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ទេ? (វិវរណៈ ១០:១-១១)

តើអ្នកដឹងពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ទេ?
(វិវរណៈ ១០:១-១១)
«ខ្ញុំក៏ឃើញទេវតាដ៏ពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧ កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទ សេចក្តីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្តីទាំងនោះឡើយ រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ នោះខ្ញុំយកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន»
 


ការកាត់ស្រាយ


ការសង្ខេបនៃជំពូកនេះ មាននៅក្នុងខ.៧៖ «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ នៅក្នុងន័យផ្សេង ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅពេលនេះ។ 
ខ.១៖ ខ្ញុំក៏ឃើញទេវតាដ៏ពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង។ 
ទេវតាដ៏ពូកែ ដែលលេចមកនៅក្នុងជំពូក១០ គឺជាអ្នកប្រតិបត្តិរបស់ព្រះ ដែលធ្វើបន្ទាល់ពីកិច្ចការរបស់ទ្រង់ដែលនឹងមកដល់។ ការលេចមកនៃទេវតានេះ គឺដើម្បីបង្ហាញពីភាពខ្លាំងពូកែនៃអំណាចព្រះចេស្តានៃព្រះ និងដើម្បីបង្ហាញថា ព្រះនឹងបំផ្លាញសមុទ្រទាំងអស់នៃផែនដីនេះ ប្រោសពួកបរិសុទ្ធឲ្យរស់ពីស្លាប់ឡើងវិញ និងលើកពួកគេឡើងទៅស្ថានសួគ៌។ 

ខ.២-៣៖ មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើ សមុទ្រ ហើយជើងឆ្វេងទៅលើដីគោក រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧។ 
ព្រះធ្វើគ្រប់ទាំងកិច្ចការស្របតាមផែនការរបស់ទ្រង់។ ទ្រង់នឹងបំផ្លាញទាំងដីគោក និងទាំងសមុទ្រ កាលណាថ្ងៃចុងក្រោយមកដល់។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់របស់យើងនឹងបំផ្លាញសមុទ្រចាស់ និងដីគោកចាស់។ បទគម្ពីរនេះបង្ហាញពីបំណងព្រះហឫទ័យដ៏ខ្លាំងក្លារបស់ព្រះ ក្នុងការបំពេញសម្រេចកិច្ចការទាំងអស់ តាមដែលទ្រង់បានរៀបចំគម្រោង និងការរួចជាស្រេចនៃកិច្ចការរបស់ទ្រង់។ នៅក្នុងព្រះគម្ពីរ លេខ៧មានន័យថា ការចប់សព្វគ្រប់។ ព្រះបានប្រើលេខនេះ នៅពេលទ្រង់បានសម្រេចកិច្ចការទាំងអស់របស់ទ្រង់ ហើយបានឈប់សម្រាក។ ដូចគ្នាដែរ បទគម្ពីរនេះប្រាប់យើងថា នៅថ្ងៃក្រោយ ព្រះនឹងសង្រ្គោះមនុស្សជាច្រើនចេញពីសេចក្តីវិនាស ប៉ុន្តែទ្រង់នឹងបំផ្លាញផែនដីនេះជាពិត។

ខ.៤៖ កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្តីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្តីទាំងនោះឡើយ។ 
ព្រះបានបង្គាប់មិនឲ្យសាវកយ៉ូហានកត់ត្រាអ្វីដែលផ្គរលាន់ទាំង៧បានបញ្ចេញសម្លេង ដើម្បីលាក់បាំងការលើកពួកបរិសុទ្ធឡើងទៅលើអាកាសពីមនុស្សដែលមិនបានសង្រ្គោះ។ ពេលខ្លះ ព្រះលាក់បាំងកិច្ចការរបស់ទ្រង់ពីមនុស្សដែលមិនបានសង្រ្គោះ ពីព្រោះក្នុងនាមជាពួកខ្មាំងសត្រូវរបស់ព្រះ ពួកគេស្អប់ និងបៀតបៀនពួកបរិសុទ្ធរបស់ទ្រង់។ 
នៅសម័យលោកណូអេ នៅពេលព្រះបានបំផ្លាញផែនដីនេះ ដោយទឹក ទ្រង់បានបើកសម្តែងពីទឹកជំនន់ដែលនឹងមកដល់ ទៅកាន់លោក ណូអេតែប៉ុណ្ណោះ។ ហើយសូម្បីតែឥឡូវនេះ ព្រះប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល ហើយប្រទាននគរស្ថានសួគ៌ដល់អស់អ្នកដែលជឿតាមដំណឹងល្អនេះ។ ប៉ុន្តែក្រៅពីអស់អ្នកដែលមានជំនឿដូចគ្នា ទ្រង់មិនបានបើកសម្តែងពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅលើអាកាសដល់អ្នកណាផ្សេងទៀតឡើយ។ ព្រះបានបង្កើតពិភពលោកថ្មីមួយនៅក្នុងនគររបស់ទ្រង់ សម្រាប់មនុស្សសុចរិត ហើយទ្រង់សព្វព្រះទ័យនឹងរស់នៅទីនោះជាមួយពួកគេ។ 

ខ.៥-៦៖ រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្ប ជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ។ 
គ្រប់ការទាំងនេះត្រូវបានស្បថ ដោយនូវព្រះនាមនៃព្រះ ពីព្រោះសម្បថចុងក្រោយសម្រាប់គ្រប់យ៉ាង មិនដោយឈ្មោះរបស់មនុស្សម្នាក់ផ្ទាល់ទេ ប៉ុន្តែដោយឈ្មោះរបស់ម្នាក់ដែលធំជាងវិញ។ ដូច្នេះ ព្រះគឺជាអ្នកធានាចុងក្រោយបង្អស់ សម្រាប់ទាំងពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ និងទាំងអស់អ្នកដែលបានធ្វើជាពួកបរិសុទ្ធរបស់ទ្រង់រួចហើយ។ 
នៅទីនេះ ទេវតាដ៏ពូកែស្បថនឹងព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តាថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើតឡើងជាពិតប្រាកដ។ សម្បថនេះប្រាប់យើងថា ព្រះនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយគង់នៅជាមួយពួកបរិសុទ្ធរបស់ទ្រង់នៅក្នុងពិភពលោកថ្មីនេះ។ វាបង្ហាញថា ព្រះមិនពន្យាពេលបង្កើតពិភពលោកថ្មីនេះឡើយ ប៉ុន្តែទ្រង់នឹងសម្រេចវាសម្រាប់ពួកបរិសុទ្ធរបស់ទ្រង់យ៉ាងឆាប់រហ័ស។ 

ខ.៧៖ តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។ 
ខនេះប្រាប់យើងថា កាលណាត្រែទី៧ចុងក្រោយបន្លឺឡើងនៅក្នុងសេចក្តីវេទនាចុងក្រោយ ពួកបរិសុទ្ធទាំងអស់នឹងត្រូវបានលើកឡើងទៅលើអាកាស។ អ្វីដែលមនុស្សនៅលើផែនដីចង់ដឹងបំផុត គឺជាពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនេះហើយ។ 
ខនេះប្រាប់ថា «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ តើឃ្លាថា «សេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ» មានន័យយ៉ាងដូចម្តេច? វាមានន័យថា ដូចដែលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិតប្រាកដ ហើយដូចដែលអ្នកណាដែលជឿតាមដំណឹងល្អនេះ ទទួលបានការធួននឹងបាប និងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ខ្លួន ការលើកពួកបរិសុទ្ធឡើងទៅលើអាកាសក៏នឹងកើតឡើងដែរ កាលណាត្រែទី៧បន្លឺសម្លេងឡើង។ 
បន្ទាប់ពីគ្រោះកាចទី៦របស់ទេវតាទី៦បញ្ចប់ទៅ ពួកបរិសុទ្ធនឹងត្រូវធ្វើទុក្ករកម្ម ពីព្រោះអាទទឹងនឹងព្រះគ្រីស្ទដែលលេចមកនៅលើផែនដីនេះ និងបានបង្កើតអំណាចគ្រប់គ្រងលើផែនដី បង្ខំឲ្យមនុស្សគ្រប់គ្នាទទួលសញ្ញានៃសត្វសាហាវ។ ភ្លាមៗបន្ទាប់មក កាលណាទេវតាទី៧ផ្លុំត្រែរបស់ខ្លួន ទាំងទុក្ករបុគ្គល និងទាំងពួកបរិសុទ្ធដែលបានរួចខ្លួន និងការពារជំនឿរបស់ពួកគេ នឹងត្រូវបានប្រោសឲ្យរស់នៅពីស្លាប់ឡើងវិញ និងលើកឡើងទៅលើអាកាសក្នុងពេលជាមូយគ្នា។ បន្ទាប់មក គ្រោះកាចនៃចានទាំង៧ ដែលជាគ្រោះកាចចុងក្រោយមកលើមនុស្សជាតិ នឹងចាប់ផ្តើម។ នៅពេលនេះ ពួកបរិសុទ្ធលែងនៅលើផែនដីនេះទៀតហើយ ប៉ុន្តែនៅស្ថានសួគ៌ជាមួយព្រះអម្ចាស់ បន្ទាប់ពីទ្រង់បានលើកពួកគេឡើងទៅ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែដឹងថា ការលើកពួកគេឡើងទៅលើអាកាសនឹងកើតឡើង កាលណាទេវតាទី៧ផ្លុំត្រែចុងក្រោយ។ 
សាវកប៉ុលក៏ប្រាប់យើងនៅក្នុង ១ថែស្សាឡូនីច ៤ ផងដែរថា ព្រះ អម្ចាស់នឹងយាងចុះពីស្ថានសួគ៌មក ជាមួយត្រែរបស់ទេវតា។ គ្រីស្ទបរិស័ទជាច្រើនគិតថា ព្រះអម្ចាស់នឹងយាងមកផែនដីនេះ កាលណាការលើកពួកបរិសុទ្ធឡើងទៅលើអាកាសកើតឡើង ប៉ុន្តែនេះមិនត្រឹមត្រូវទេ។ កាលណាការលើកពួកបរិសុទ្ធឡើងទៅលើអាកាសកើតឡើង ព្រះអម្ចាស់របស់យើងមិនយាងមកផែនដីនេះទេ ប៉ុន្តែទ្រង់គង់នៅក្នុងពពក។ នៅក្នុងន័យផ្សេង ទ្រង់បញ្ចប់ការលើកពួកបរិសុទ្ធឡើងទៅលើអាកាស ដោយលើកពួកបរិសុទ្ធឡើង និងទទួលពួកគេនៅលើអាកាស។
ដូច្នេះ គ្រីស្ទបរិស័ទទាំងនេះ ដែលគិតខុសថា ព្រះអម្ចាស់នឹងយាងចុះមកផែនដីនេះ កាលណាការលើកពួកបរិសុទ្ធឡើងទៅលើអាកាសកើតឡើង គួរតែបោះបង់ការយល់ខុសរបស់ខ្លួនចោលទៅ ហើយពួកគេគួរតែដឹងពីសេចក្តីពិត និងជឿតាមសេចក្តីពិតឲ្យបានត្រឹមត្រូវ ដោយចងចាំថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើតឡើង កាលណាទេវតាទី៧ផ្លុំត្រែរបស់ខ្លួន។ 
«សេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។» អ្នកត្រូវតែដឹងថា សេចក្តីអាថ៌កំបាំងនៃព្រះនៅទីនេះ សំដៅទៅលើការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាស ដែលនឹងកើតឡើង កាលណាមានសម្លេងត្រែរបស់ទេវតាទី៧។ សរុបមក ឥឡូវនេះ ព្រះបំផ្លាញផែនដីចាស់ ហើយបង្កើតផែនដីថ្មី។ ផែនដីថ្មីនេះទុកសម្រាប់ព្រះគង់នៅជាមួយអស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ កាលពួកគេនៅរស់នៅលើផែនដីនេះ ហើយសម្រាប់ទ្រង់បំពេញសម្រេចសេចក្តីសន្យាទាំងអស់យ៉ាងស្មោះត្រង់ ដែលទ្រង់មានជាមួយរាស្ត្ររបស់ទ្រង់។ នេះហើយគឹជាបំណងព្រះហឫទ័យព្រះដ៏ជាព្រះអាទិករនៃសកលលោកទាំងមូល សម្រាប់ពួកបរិសុទ្ធ។
កាលណាទេវតាផ្លុំត្រែទី៧ គ្រោះកចានៃត្រែទាំង៧នឹងត្រូវបញ្ចប់ ហើយគ្រោះកាចចុងក្រោយនៃចានទាំង៧នឹងមកដល់។ ព្រះបន្ទូលប្រាប់យើងថា «តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ»។ សេចក្តី អាថ៌កំបាំងនៃព្រះនៅទីនេះគឺថា ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅលើងអាកាស កាលណាមានសម្លេងត្រែរបស់ទេវតាទី៧។
ឥឡូវនេះ ពួកបរិសុទ្ធកំពុងតែរស់នៅលើផែនដីនេះ ប៉ុន្តែដើម្បីឲ្យពួកគេរស់នៅក្នុងពិភពលោកថ្មី និងប្រសើរជាងមួយ ពួកគេត្រូវតែធ្វើទុក្ករកម្ម ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងត្រូវបានលើកឡើងទៅលើ អាកាស។ បន្ទាប់មក ពួកគេនឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីមង្គលការរបស់កូនចៀម ជាមួយព្រះអម្ចាស់ ហើយសោយរាជ្យជាមួយទ្រង់សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ បន្ទាប់ពីនគររាជ្យមួយពាន់ឆ្នាំនេះ អាទទឹងនឹងព្រះគ្រីស្ទ សាតាំង និងអ្នកដើរតាមទាំងអស់របស់វានឹងទទួលការជំនុំជម្រះអស់កល្បជានិច្ចរបស់ព្រះ។ ហើយចាប់ពីពេលនោះតទៅ ពួកបរិសុទ្ធនឹងរស់នៅជាមួយព្រះអម្ចាស់នៅក្នុងនគរនៃព្រះពរដ៏អស់កល្បជានិច្ចរបស់ទ្រង់។ នេះហើយគឺជាសេចក្តីអាថ៌កំបាំងនៃព្រះ។ យើងគ្រាន់តែអាចអរព្រះគុណដល់ព្រះ ដែលបានបើកសម្តែងសេចក្តីអាថ៌កំបាំងនេះដល់យើងទាំងអស់គ្នាដែលមានជំនឿពិតប្រាកដ។ ព្រះប្រាប់យើងថា ទ្រង់នឹងបំពេញសម្រេចសេចក្តីសន្យាទាំងអស់នេះ កាលណាទេវតាទី៧ផ្លុំត្រែរបស់ខ្លួន។ 

ខ.៨៖ ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ។ 
ព្រះប្រាប់យើងថា ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះត្រូវតែបន្តប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ថ្ងៃចុងក្រោយមក ដល់។ ដំណឹងល្អនេះគឺអំពីសេចក្តីពិតនៃការអត់ទោសអំពើបាប ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ ការលើកពួកបរិសុទ្ធឡើងទៅលើអាកាស និងពិធីមង្គលការរបស់កូនចៀម។ ដើម្បីពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះប្រកាសដំណឹងល្អ រហូតដល់ចុងបំផុត ពួកគេត្រូវតែបរិភោគព្រះបន្ទូលនៃព្រះ ដោយជំនឿជាមុនសិន មុនពេលវេលានៃការរងទុក្ខវេទនាដ៏ធំមក ដល់។ ព្រះតម្រូវឲ្យយើងមានជំនឿពីរប្រភេទ។ ទីមួយគឺជាជំនឿដែលបានកើតជាថ្មី និងទីពីរគឺជាជំនឿដែលទទួលយកទុក្ករកម្ម ដើម្បីការពារជំនឿពិតរបស់យើង។ 

ខ.៩៖ ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ។ 
ជាដំបូង ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះត្រូវតែបរិភោគព្រះបន្ទូលនៃព្រះ ហើយបន្ទាប់មក ប្រកាសវាទៅកាន់មនុស្សជាច្រើនទៀត។ ខនេះបង្រៀនយើងថា ទោះបីជាចិត្តរបស់អ្នកដែលជឿតាមព្រះបន្ទូលនៃព្រះត្រូវបានត្រឡប់ទៅជាផ្អែមក៏ដោយ ក៏ការប្រកាសព្រះបន្ទូលនៃជំនឿនេះទៅកាន់ព្រលឹងដែលបាត់បង់ តម្រូវឲ្យមានការលះបង់ដែរ គឺវាមិនមែនជាកាតព្វកិច្ចងាយស្រួលមួយទេ។ នេះហើយគឺជាអ្វីដែលព្រះកំពុងតែប្រាប់យើងនៅទីនេះ។ 

ខ.១០៖ នោះខ្ញុំយកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ។ 
នៅពេលសាវកយ៉ូហានបានបរិភោគព្រះបន្ទូលនៃព្រះ ដោយជំនឿ ចិត្តរបស់គាត់បានពេញដោយសេចក្តីអំណរ។ ប៉ុន្តែការប្រកាសសេចក្តីពិត ដែលព្រះបន្ទូលនៃព្រះបានធ្វើបន្ទាល់ ទៅកាន់អស់អ្នកដែលមិនជឿតាមសេចក្តីពិតនេះ សាវកយ៉ូហានបានប្រឈមនឹងទុក្ខលំបាកជាច្រើន។ 

ខ.១១៖ រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។
ពួកបរិសុទ្ធត្រូវតែទាយម្តងទៀត ដើម្បីប្រាប់មនុស្សគ្រប់គ្នាថា ព្រះពររបស់ព្រះមកតាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេត្រូវតែទាយម្តងទៀតថា គោលបំណងរបស់ព្រះអម្ចាស់របស់យើងសម្រាប់ពិភពលោកនេះនៅថ្ងៃចុងក្រោយ គឺដើម្បីឲ្យមនុស្សគ្រប់គ្នាចូលមកក្នុងព្រះពររបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អ្វីដែលព្រះបានបង្គាប់ឲ្យសាវកយ៉ូហានទាយ គឺប្រកាសព្រះបន្ទូលនៃសេចក្តីពិតថា ព្រះកំពុងតែនាំពិភពលោកថ្មីមួយមកដល់ក្នុងពេលដ៏ឆាប់ ហើយថា អ្នកណាដែលចង់ចូលទៅក្នុងពិភពលោកថ្មីនេះ ត្រូវតែបានសុចរិត ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សម្រាប់កិច្ចការនេះ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះត្រូវតែប្រកាសព្រះបន្ទូលនៃព្រះ ចាប់ពីដំបូងឡើងវិញ ដើម្បីឲ្យមនុស្សគ្រប់គ្នានៅក្នុងលោកិយនេះនឹងមានសេចក្តីជំនឿ ដែលអនុញ្ញាតឲ្យពួកគេចូលទៅរស់នៅក្នុងនគររបស់ព្រះអម្ចាស់របស់យើង។